មេរៀនទី៩៖ ២៤ កុម្ភៈ-២ មីនា ២០១៨

ការអរព្រះគុណដល់ព្រះជាមួយនឹងដង្វាយរបស់យើង

Jeans
ថ្ងៃសៅរ៍ ទី២៤ កុម្ភៈ ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាថាយ៦:១៩-២១, អេភេសូរ២:៨, ពេត្រុសទី១ ៤:១០, លូកា៧:៣៧-៤៧, កូរិនថូសទី២ ៨:៨-១៥។

ខចងចាំ៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច​វិញ» (យ៉ូហាន៣:១៦)។

ព្រះជាម្ចាស់នៃយើងរាល់គ្នាទ្រង់សព្វព្រះទ័យនឹងប្រទានឲ្យជានិច្ច។ សេចក្តីពិតដ៏ធំនេះត្រូវបានបង្ហាញក្នុងអំណោយទានជាសេចក្តីសុគតរបស់ព្រះយេស៊ូវ។ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​បាន​ជា​ទ្រង់ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច​វិញ» (យ៉ូហាន៣:១៦)។ សេចក្តីពិតនេះក៏ត្រូវបានបង្ហាញឲ្យឃើញនៅក្នុងលូកា១១:១៣ដែរ។

ព្រះទ្រង់ប្រទានហើយប្រទានទៀត។ ព្រះអង្គប្រទានពីព្រោះព្រះអង្គទ្រង់សប្បុរស ហើយមិនអាត្មានិយម។ ដូច្នេះហើយបានជាយើងក៏ត្រូវតែថ្វាយទៅព្រះ ឬចែករំលែកទៅអ្នកដទៃដែរ។ យើងចង់មានសេចក្តីសប្បុរស និងមិនអាត្មានិយមដូចជាព្រះអង្គ។ រួមសេចក្តីមក តើអ្នកណាខ្លះធ្លាប់ឮអំពីពាក្យថា «គ្រីស្ទានបែបអាត្មានិយម»? គ្រីស្ទានដ៏ពិតប្រាកដមិនធ្វើដូច្នោះឡើយ។

គ្រីស្ទានដ៏ពិតតែងតែថ្វាយទៅព្រះជាម្ចាស់វិញពីអំណោយទានដែលព្រះទ្រង់ប្រទានដល់ពួកគេ។ តើអ្វីទៅដែលយើងអាចថ្វាយទៅព្រះជាម្ចាស់? យើងថ្វាយទៅព្រះអង្គនូវប្រាក់ដង្វាយដ៏ពិសេសរបស់​យើង។ ដង្វាយទាំងនេះផ្តល់ឲ្យយើងនូវឱកាសដ៏អស្ចារ្យដើម្បីបង្ហាញទៅព្រះអំពីសេចក្តីស្រឡាញ់និងអំណរគុណរបស់យើង។ ឥឡូវនេះ សាកល្បងគិតអំពីថ្ងៃដែលព្រះយេស៊ូវស្វាគមន៍យើងទាំងអស់គ្នានៅឯឋានសួគ៌ម្តងមើល៍។ យើងនឹងឃើញមនុស្សជាច្រើននៅទីនោះ គឺជាអ្នកបានឮដំណឹងល្អហើយជឿដោយសារតែប្រាក់ដង្វាយ១០ហូត១ដែលយើងបានថ្វាយទៅព្រះ។ ដង្វាយរបស់យើងជួយឲ្យដំណឹងល្អបានផ្សាយដល់មនុស្សទាំងនេះ។ ហើយពួកគេបានទទួលយកសេចក្តីពិត ហើយនឹងបានទៅនគរឋានសួគ៌ពីព្រោះដង្វាយដែលយើងបានថ្វាយទៅព្រះបានជួយផ្សព្វផ្សាយសារដំណឹងល្អទៅដល់ពួកគេ។ ឱ គំនិតអ្វីក៏ប្រសើរម៉្លេះ!

សប្តាហ៍នេះ យើងនឹងក្រឡេកមើលទៅលើអត្ថន័យនៃការថ្វាយដង្វាយ។ យើងអាចថ្វាយប្រាក់កាស ពេលវេលា និងទេពកោសល្យរបស់យើងទៅព្រះជាម្ចាស់បាន។ ការថ្វាយគឺជាមធ្យោបាយដ៏អស្ចារ្យដើម្បីរស់នៅប្រកបដោយសេចក្តីជំនឿ និងបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះ។

ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ ឆ្នាំ២០១៨

​ទ្រព្យសម្បត្តិរបស់លោកអ្នកនៅឯណា

សូមអាន ម៉ាថាយ៦:១៩-២១។ ដូចដែលបានបង្ហាញក្នុងខទាំងនេះ ទ្រព្យសម្បត្តិនៅលើផែនដីព្យាយាមគ្រប់គ្រងជីវិតរបស់យើង។ តើយើងអាចរត់គេចពីការគ្រប់គ្រងនេះដោយរបៀបណា?

«សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ» (ម៉ាថាយ៦:២១)។ នៅក្នុងខនេះ ព្រះយេស៊ូវទ្រង់សូមឲ្យយើងចេះប្រើលុយកាក់និងទ្រព្យសម្បត្តិដោយភាពឆ្លាតវៃ។ យើងអាចជ្រើសរើសយកទ្រព្យសម្បត្តិខាងលោកិយនេះបាន ឬអាចជ្រើសរើសយកទ្រព្យសម្បត្តិខាងឋានសួគ៌ក៏បាន។ ព្រះយេស៊ូវបានប្រាប់ថា មានបីយ៉ាងដែលអាចបំផ្លាញទ្រព្យសម្បត្តិរបស់យើងនៅលើផែនដីនេះ។ បីយ៉ាងនោះគឺ៖ «ខ្មូត», «ច្រែះ» និង «ចោរ» (សូមអានម៉ាថាយ៦:១៩)។ ទាំងបីយ៉ាងនេះបង្ហាញអំពីរបៀបដែលទ្រព្យសម្បត្តិនៅលើផែនដីមិនឋិតថេរ។ យើងទាំងអស់គ្នាសុទ្ធតែបានដឹងអំពីរបៀបដែលរបស់ទាំងអស់នៅលើផែនដីនេះនឹងត្រូវសឹករេចរឹល និងខូចបាត់បង់ទៅវិញយ៉ាងណានោះហើយ។ «របស់គ្រប់យ៉ាងនៅលើផែនដីនេះប្រែប្រួលងាយណាស់។ គ្មានអ្វីដែលឋិនថេរគង់វង្សរហូតទេ។ គ្រប់យ៉ាងនឹងត្រូវសឹករេចរឹលបាក់បែកជាបន្តបន្ទាប់។ ពុំនោះទេ វាអាចនឹងត្រូវបានគេបំផ្លាញ លួច ឬក៏បាត់ក៏ថាបាន។ ប៉ុន្តែឋានសួគ៌គឺផ្ទុយពីនេះ។ គ្រប់យ៉ាងក្នុងនគរឋានសួគ៌នឹងគង់វង្សជារៀងរហូត។ គ្មានអ្វីដែលប្រែប្រួលនោះទេ។ ហើយក៏គ្មានអ្វីដែលបាត់បង់ក្នុងឋានសួគ៌ដែរ»។ ដកស្រង់ពី -C. Adelina Alexe, “Where Your Heart Belongs,” in Beyond Blessings, edited by Nikoluas Satelmajer (Nampa, ID: Pacific Press®Publishing Association, 2013), page 22, adapted ។

សូមគិតអំពីរបស់គ្រប់យ៉ាងដែលលោកអ្នកមាន។ ប្រហែលជាលោកអ្នកមានអ្វីច្រើនទេ។ ប៉ុន្តែមិនយូរទេ ភាគច្រើននៃរបស់ទាំងនោះនឹងត្រូវបោះបង់ចោលមិនខាន។ ដូច្នេះ អ្នកមើលការខុសត្រូវដ៏ឆ្លាតរបស់ព្រះនឹងទុកដាក់ទ្រព្យសម្បត្តិរបស់ខ្លួនក្នុងនគរឋានសួគ៌វិញ។ គ្មានអ្វីដែលនឹងបាត់បង់តំលៃនៅទីនោះទេ។ ទ្រព្យសម្បត្តិរបស់យើងក៏នឹងមានសុវត្ថិភាពនៅទីនោះដែរ។ យើងមិនបាច់ខ្វាយខ្វល់ថាមានចោរចូលលួចទ្រព្យសម្បត្តិរបស់លោកអ្នកនៅទីនោះឡើយ។

ក្នុងខគម្ពីរម៉ាថាយ៦:១៩-២១ យើងបានរៀនគោលគំនិតដ៏សំខាន់បំផុតស្តីអំពីការធ្វើជាអ្នកមើលការខុសត្រូវដ៏ល្អលើរបស់គ្រប់យ៉ាងដែលព្រះបានប្រទានមកយើង។ ទ្រព្យសម្បត្តិរបស់លោកអ្នកចង់គ្រប់គ្រងចិត្តរបស់លោកអ្នក។ ហើយចិត្តរបស់លោកអ្នករត់តាមទ្រព្យសម្បត្តិរបស់លោកអ្នក។ យើងត្រូវតែប្រយ័ត្ន មិនត្រូវបណ្តោយឲ្យគំនិតរបស់យើងគិតតែពីអ្វីដែលយើងត្រូវការនិងចង់បានតែប៉ុណ្ណឹងទេ។ របស់ទាំងនោះអាចធ្វើឲ្យយើងពិបាកនឹងនឹកគិតអំពីឋានសួគ៌កាន់តែខ្លាំងឡើង។

ចុះប្រសិនបើយើងថា យើងជឿព្រះដែរ ប៉ុន្តែយើងទុកដាក់ទ្រព្យសម្បត្តិរបស់យើងនៅផែនដីវិញយ៉ាងម៉េចដែរ? បើអ៊ីចឹង យើងមិនមែនជាគ្រីស្ទានដ៏ស្មោះត្រង់ឡើយ។ អ្វីដែលយើងធ្វើត្រូវតែត្រូវគ្នានឹងអ្វីដែលយើងនិយាយ។ ដូច្នេះ យើងត្រូវតែមានសេចក្តីជំនឿដើម្បីជឿថាដង្វាយទាំងអស់ដែលយើងថ្វាយទៅព្រះគឺត្រូវបានរក្សាទុកជាទ្រព្យសម្បត្តិក្នុងឋានសួគ៌ (កូរិនថូសទី២ ៥:៧)។

ដូចដែលបានបង្ហាញក្នុងហេព្រើរ១០:៣៤ តើរវាងទ្រព្យសម្បត្តិនៅផែនដី និងទ្រព្យសម្បត្តិនៅឋានសួគ៌ខុសគ្នាត្រង់ណាខ្លះ?

ថ្ងៃច័ន្ទ ទី២៦ កុម្ភៈ ឆ្នាំ២០១៨

ចែកចាយព្រះគុណរបស់ព្រះជាមួយមនុស្សលោក

ដូចដែលបានបង្ហាញក្នុងអេភេសូរ ២:៨ តើព្រះបានប្រទានអំណោយទានដ៏ធំអ្វីដល់យើងរាល់គ្នា?

អំណោយទានដ៏ធំរបស់ព្រះដល់យើងរាល់គ្នាគឺជាព្រះគុណ។ ព្រះគុណគឺជាសេចក្តីសន្តោសប្រណីរបស់ព្រះជាម្ចាស់។ យើងពុំបានធ្វើអ្វីដើម្បីឲ្យបានទទួលនូវអំណោយទាននេះទេ។ ហើយយើងក៏មិនសក្តិសមនឹងទទួលបានអំណោយទាននេះដែរ។ ប៉ុន្តែព្រះទ្រង់បានចាក់បង្អុរសេចក្តីសន្តោសប្រណីរបស់ព្រះអង្គមកលើភពផែនដីនេះទៅវិញ។ ព្រះគុណរបស់ព្រះនឹងផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។ ដូច្នេះហើយយើងមិនត្រូវបដិសេធអំណោយទានដ៏វិសេសនេះទេ។ អំណោយទានដ៏ធំសំរាប់យើងរាប់បញ្ចូលទាំងទ្រព្យសម្បត្តិនិងអំណាចនៃឋានសួគ៌ផង (កូរិនថូសទី២ ៨:៩)។ សូម្បីតែពពួកទេវតាក៏ភ្ញាក់ផ្អើលនឹងអំណោយទានដ៏អស្ចារ្យនេះដែរ (ពេត្រុសទី១ ១:១២)។

ព្រះទ្រង់ប្រទានអំណោយទានជាច្រើនដល់យើងរាល់គ្នា។ ប៉ុន្តែព្រះគុណគឺជាអំណោយទានដ៏ពិសេសបំផុត។ បើគ្មានសេចក្តីសន្យាអំពីព្រះគុណនេះទេ នោះយើងនឹងពុំមានសេចក្តីសង្ឃឹមនឹងបានរួចពីអំពើបាបរបស់យើងឡើយ។ អំពើបាបមានអំណាចយ៉ាងខ្លាំងក្លា។ មនុស្សលោកមិនអាចមានសង្ឃឹមថានឹងរំដោះខ្លួនឲ្យរួចពីអំពើបាបដោយ កំឡាំងផ្ទាល់ខ្លួនបានឡើយ។ ការគោរពតាមក្រឹត្យវិន័យរបស់ព្រះមិនអាចរំដោះយើងឲ្យរួចពីអំពើបាប ឬអាចផ្តល់ជីវិតដល់យើងបានឡើយ។ «តើ​ក្រឹត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្តី​សន្យា​នៃ​ព្រះ​ឬ​អី មិន​មែន​ទេ ដ្បិត​បើ​សិន​ជា​មាន​ក្រឹត្យ‌វិន័យ​ណា​ប្រទាន​មក ដែល​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្តី​សុចរិត​នឹង​មក ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ​ហើយ» (កាឡាទី៣:២១)។ ក្រឹត្យវិន័យរបស់ព្រះគឺគ្រប់លក្ខណ៍។ ប៉ុន្តែ សូម្បីតែក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍របស់ព្រះក៏មិនអាចសង្គ្រោះយើងរាល់គ្នាបានដែរ។ មានតែព្រះគុណរបស់ព្រះប៉ុណ្ណោះទើបអាចជួយសង្គ្រោះយើងរាល់គ្នាបាន។

សូមអាន ពេត្រុសទី១ ៤:១០។ តើការថែរក្សាអំណោយទានរបស់ព្រះដោយឆ្លាតវៃមានអ្វីទាក់ទងជាមួយនឹងព្រះគុណរបស់ព្រះ? បន្ទាប់មក សូមពន្យល់ថាតើរបៀបនៃការថ្វាយទៅព្រះ និងចែកចាយដល់អ្នកដទៃបង្ហាញពីព្រះគុណរបស់ព្រះយ៉ាងណាដែរ?

លោកពេត្រុសមានប្រសាសន៍ថា យើងត្រូវចែកចាយអំណោយទានដែលព្រះប្រទានមកយើងទៅដល់អ្នកដទៃ។ «គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ‌គុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ» (ពេត្រុសទី១ ៤:១០)។ មែនហើយ ព្រះទ្រង់ប្រទានអំណោយទានជាច្រើនដល់យើងរាល់គ្នា។ ព្រះអង្គប្រទានអំណោយទានទាំងនេះដោយសារតែយើងមានសេចក្តីជំនឿលើព្រះអង្គ។ ព្រះអង្គពុំបានប្រទានវាមកយើងដើម្បីឲ្យយើងប្រើវាសំរាប់ការកំសាន្តសប្បាយផ្ទាល់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ ព្រះទ្រង់បានប្រទានអំណោយទានទាំងនេះសំរាប់ជួយផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូវប្រាប់ទៅអ្នកដទៃទៀត។ ហើយព្រះទ្រង់ក៏ចង់ឲ្យមានអំណោយទានទាំងនោះដែរ។ ដូច្នេះហើយយើងត្រូវតែចែកបន្តទៅឲ្យអ្នកដទៃទៀតតាមមធ្យោបាយណាក៏ដោយដែលយើងអាចធ្វើទៅបាន។ ការចែកចាយអំណោយទានទៅអ្នកដទៃបង្ហាញទៅពួកគេឲ្យឃើញព្រះគុណរបស់ព្រះ។

សូមគិតអំពីអំណោយទានទាំងអស់របស់ព្រះដែលលោកអ្នកបានទទួលរួចហើយ។ តើលោកអ្នកអាចធ្វើជាអ្នកចាត់ចែងដ៏ល្អលើព្រះគុណដែលព្រះទ្រង់ប្រទានដល់លោកអ្នកដោយរបៀបណា?

ថ្ងៃអង្គារ ទី២៧ កុម្ភៈ ឆ្នាំ២០១៨

អំណោយទានដ៏ល្អបំផុតរបស់យើង

សូមអានលូកា៧:៣៧-៤៧។ តើសាច់រឿងដែលរកឃើញក្នុងខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីហេតុផលត្រឹមត្រូវនៃការថ្វាយដង្វាយទៅព្រះជាម្ចាស់?

លោកលូកាមានប្រសាសន៍ថា ម៉ារីបានចូលទៅក្នុងបន្ទប់ ហើយបានឃើញព្រះយេស៊ូវគង់នៅឯតុ។ នាងបានបើកដបថ្មកែវដាក់ប្រេងក្រអូបដ៏មានតំលៃរបស់នាង។ បន្ទាប់មកនាងចាក់វាទៅលើព្រះបាទរបស់ព្រះយេស៊ូវ។ បណ្តាជនដែលនៅក្នុងបន្ទប់នោះបានគិតថាអ្វីដែលនាងបានធ្វើគឺមិនត្រឹមត្រូវទេ។ អ្វីដែលកាន់តែអាក្រក់នោះគឺ ម៉ារីគឺជាមនុស្សមានបាបដ៏គួរឲ្យខ្ពើមម្នាក់។

ប៉ុន្តែ ព្រះយេស៊ូវបានរំដោះនាងពីអារក្សដែលបានគ្រប់គ្រងលើនាង (លូកា៨:២)។ ក្រោយមក ព្រះយេស៊ូវបានប្រោសប្អូនប្រុសរបស់នាងឲ្យរស់ពីស្លាប់ឡើងវិញ។ ហើយទឹកចិត្តរបស់ម៉ារីពោរពេញទៅដោយអំណរគុណចំពោះព្រះ។ ប្រេងក្រអូបរបស់ម៉ារីមានតំលៃលើសអ្វីៗទាំងអស់ដែលនាងមាន។ ម៉ារីបានបង្ហាញសេចក្តីថ្លែងអំណរគុណរបស់នាងដល់ព្រះយេស៊ូវដោយបានចាក់ប្រេងក្រអូបរបស់នាងទៅលើជើងរបស់ព្រះយេស៊ូវ។

រឿងនេះបង្ហាញមូលហេតុដែលយើងគួរថ្វាយដង្វាយទៅព្រះជាម្ចាស់។ យើងគួរតែថ្វាយដោយសារតែយើងអរព្រះគុណដល់ព្រះសំរាប់គ្រប់យ៉ាងដែលព្រះអង្គប្រទានដល់យើង។ ហើយយើងគួរតែមានអារម្មណ៍អរគុណដល់ព្រះជាម្ចាស់សំរាប់ការប្រទានព្រះគុណដែលជាអំណោយទានដ៏វិសេសដល់យើង។ អំណោយទានដែលព្រះប្រទានដល់យើងគួរតែបណ្តាលឲ្យយើងចង់ថ្វាយផងដែរ។ ដង្វាយដែលយើងថ្វាយទៅព្រះចេញពីចិត្តដ៏កតញ្ញូរបស់យើងធ្វើឲ្យដង្វាយរបស់យើងមានតំលៃសក្តិសមក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ដង្វាយទាំងនេះមិនមានត្រឹមតែប្រាក់កាសតែម្យ៉ាងប៉ុណ្ណោះទេ។ ដង្វាយទាំងនេះរួមមាន ពេលវេលា ទេពកោសល្យ ជំនាញ ទ្រព្យសម្បត្តិ និងកំឡាំងកាយផងដែរ។

សូមអាននិក្ខមនំ៣៤:២៦, លេវីវិន័យ២២:១៩-២៤, និងជនគណនា១៨:២៩។ ខទាំងនេះនិយាយអំពីការនាំយកដង្វាយមកថ្វាយព្រះ។ ប្រហែលជាយើងមិនគួរនាំយកដង្វាយដែលមានរៀបរាប់ក្នុងខទាំងនេះមកថ្វាយព្រះទេមើលទៅ។ ប៉ុន្តែ តើអ្វីទៅដែលជាក្បួនច្បាប់ដ៏សំខាន់ដែលយើងអាចរៀនចេញពីខទាំងនេះអំពីមូលហេតុដែលយើងគួរនាំយកដង្វាយមកថ្វាយដល់ព្រះជាម្ចាស់?

ដង្វាយដ៏ប្រសើរបំផុតរបស់យើងមើលទៅទំនងដូចជាតូចណាស់ក្នុងភ្នែករបស់យើង។ ប៉ុន្តែ ដង្វាយទាំងនេះមានតំលៃណាស់ចំពោះព្រះនេត្ររបស់ព្រះ។ យើងបង្ហាញថា យើងបានយកព្រះធ្វើជាទីមួយក្នុងជីវិតរបស់យើងពេលដែលយើងថ្វាយព្រះអង្គនូវដង្វាយដ៏ល្អបំផុតដែលយើងមាន។ យើងមិនមែនថ្វាយដង្វាយដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យដល់យើងនោះទេ។ ផ្ទុយទៅវិញ យើងថ្វាយដង្វាយទៅព្រះអង្គដោយសារតែយើងអរគុណព្រះអង្គដែលបានប្រទានព្រះយេស៊ូវដល់យើងនោះឯង។

«យើងត្រូវតែនាំយកដង្វាយថ្វាយដល់ព្រះដោយចិត្តកតញ្ញូរបស់យើង។ នោះដង្វាយយ៉ាងតូចបំផុតដែលយើងថ្វាយទៅព្រះអង្គនឹងពោរពេញដោយប្រេងក្រអូបនៃនគរឋានសួគ៌។ ហើយដង្វាយទាំងនេះនឹងមានតំលៃជាងអ្វីដែលយើងធ្លាប់ដឹងទៅទៀត។ សាកក្រឡេកមើលរបស់ទាំងអស់ដែលយើងជំពាក់ព្រះទៅមើល! ដង្វាយទាំងអស់របស់យើងមើលទៅតូចជាងអំណោយទានដែលព្រះប្រទានដល់យើងឆ្ងាយណាស់។ ដង្វាយរបស់យើងវាតិចណាស់សំរាប់យើង។ ប៉ុន្តែពពួកទេវតាបាននាំយកដង្វាយទាំងនេះទៅព្រះជាម្ចាស់ ហើយព្រះអង្គទទួលយកដង្វាយទាំងនោះ»។ ដកស្រង់ពី (Ellen G. White, Testimonies for the Church, volume 3, page 397, adapted)។

ថ្ងៃពុធ ទី២៨ កុម្ភៈ ឆ្នាំ២០១៨

ហេតុផលពិតប្រាកដសំរាប់ការថ្វាយដង្វាយ

លោកលូកាបានថ្លែងអំពីស្ត្រីមេម៉ាយម្នាក់ដែលបានថ្វាយដង្វាយដ៏ធំដល់ព្រះជាម្ចាស់ (លូកា២១:១-៤)។ អ្នកមានទ្រព្យសម្បត្តិច្រើនពិតប្រាកដបានថ្វាយប្រាក់ច្រើនជាងនាង។ ប៉ុន្តែដង្វាយរបស់នាងប្រែជាធំក្នុងព្រះនេត្ររបស់ព្រះទៅវិញ។ រឿងនេះបង្ហាញពីអ្វីដែលមានក្នុងចិត្តរបស់នាង។ ដង្វាយរបស់នាងបានបណ្តាលឲ្យព្រះយេស៊ូវមានបន្ទូលថា «ស្រី​មេម៉ាយ​ទ័ល‌ក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់» (លូកា២១:៣)។

មានតែព្រះជាម្ចាស់ទេដែលទ្រង់ជ្រាបហេតុផលពិតប្រាកដសំរាប់គ្រប់ការទាំងអស់ (យ៉ាកុប៤:១២, សុភាសិត១៦:២, កូរិនថូសទី១ ៤:៥)។ យើងអាចនឹងធ្វើរឿងត្រឹមត្រូវ ប៉ុន្តែក្រោមហេតុផលដែលមិនត្រឹមត្រូវក៏មាន។ ពេលណាដែលយើងមានរបស់ជាច្រើនពីព្រះហើយ យើងមិនត្រូវរង់ចាំទាល់តែមានសេចក្តីជំនឿច្រើនសិនចាំថ្វាយដង្វាយនោះទេ។ ប៉ុន្តែ មានអ្វីកើតឡើងប្រសិនបើយើងថ្វាយតាំងតែពីមិនទាន់មានច្រើនសំរាប់ចាប់ផ្តើមទេនោះ? នេះទើបបង្ហាញថាយើងមានសេចក្តីស្រឡាញ់ក្នុងចិត្តរបស់យើង។

សូមអានកូរិនថូសទី២ ៨:៨-១៥។ តើលោកប៉ុលមានប្រសាសន៍ដូចម្ដេចខ្លះក្នុងខទាំងនេះអំពីការថ្វាយដង្វាយនិងមូលហេតុនៃការថ្វាយនោះ? តើអ្វីទៅជាក្បួនច្បាប់ដែលយើងអាចរៀនចេញពីខទាំងនេះអំពីការធ្វើជាអ្នកមើលការខុសត្រូវដ៏ឆ្លាតវៃលើរបស់គ្រប់យ៉ាងដែលព្រះប្រទានដល់យើងរាល់គ្នា?

មានហេតុផលផ្សេងគ្នាជាច្រើនដែលបញ្ជាក់ពីមូលហេតុដែលត្រូវថ្វាយដង្វាយ។ ហេតុផលទាំងនេះខ្លះអាត្មានិយមខ្លាំងណាស់។ ហេតុផលខ្លះទៀតដោយសារតែយើងចង់ជួយមនុស្សទាំងឡាយ។ មានការប្រទាញប្រទង់គ្នានៅក្នុងខ្លួនយើងរវាងភាពអាត្មានិយមនិងបំណងប្រាថ្នារបស់យើងដែលចង់ថ្វាយ។ សង្គ្រាមព្រលឹងវិញ្ញាណនេះកើតឡើងក្នុងចិត្តនិងគំនិតរបស់យើងច្រើនជាងការប្រយុទ្ធខាងព្រលឹងវិញ្ញាណណាៗទាំងអស់។ ភាពអាត្មានិយមនឹងធ្វើឲ្យចិត្តប្រែក្លាយជាស្ពឹកស្រពន់ក្រោយពេលដែលបាត់ភាពឆេះឆួលជាមួយព្រះ។ បញ្ហាផ្តើមឡើងពេលដែលយើងបណ្តោយឲ្យភាពអាត្មានិយមចូលមកក្នុងជីវិតរបស់យើង។ បន្ទាប់យើងចេះតែព្យាយាមរកលេសធ្វើយ៉ាងណាឲ្យភាពអាត្មានិយមរបស់យើងកាន់តែល្អឡើងៗ។ ភាពអាត្មានិយមនឹងធ្វើចិត្តដែលឆេះឆួលរបស់យើងប្រែក្លាយជាត្រជាក់ល្ហឹម។

ប៉ុន្តែ ហេតុផលពិតប្រាកដសំរាប់ការថ្វាយដង្វាយត្រូវបានរកឃើញក្នុងពាក្យមួយគឺ៖ សេចក្តីស្រឡាញ់។ យើងមិនអាចបង្ហាញសេចក្តីស្រឡាញ់បានឡើយប្រសិនបើយើងមិនមានឆន្ទៈនិយាយថា «ទេ» ទៅកាន់ការផ្គាប់ចិត្តដល់ខ្លួនឯងទេនោះ។ ហើយយើងត្រូវតែមានឆន្ទៈចែកចាយទៅអ្នកដទៃផងដែរ។ ជួនកាលការថ្វាយ ឬការចែករំលែក មានន័យថា យើងត្រូវការបោះបង់អ្វីដែលយើងចង់បានដើម្បីឲ្យយើងអាចជួយដល់អ្នកផ្សេងទៀតបាន។

យើងត្រូវបង្ហាញសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងជីវិតរបស់យើង។ នោះការថ្វាយដង្វាយរបស់យើងនឹងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ។ ចិត្តដ៏អាត្មានិយមស្រឡាញ់តែខ្លួនឯងប៉ុណ្ណោះ។ ដូច្នេះហើយ យើងត្រូវទូលសូមឲ្យព្រះជួយយើងឲ្យ «កាត់ស្បែកចិត្តចេញ ហើយកុំឲ្យនៅក្បាលរឹងទៀតឡើយ» (ចោទិយកថា១០:១៦)។ នោះទើបយើងអាចស្រឡាញ់មនុស្សដទៃទៀតដូចព្រះទ្រង់ស្រឡាញ់យើងដែរ។

សេចក្តីស្រឡាញ់គឺជាហេតុផលពិតប្រាកដសំរាប់ការថ្វាយដង្វាយនិងការជួយពិតប្រាកដដល់អ្នកក្រ។ សេចក្តីស្រឡាញ់របស់ព្រះសំរាប់យើងនាំយើងទៅឯសេចក្តីស្រឡាញ់របស់ព្រះអង្គវិញ។

តើគោលគំនិតដែលថា ការថ្វាយដង្វាយទៅព្រះជាម្ចាស់ដោយសារតែយើងមានអារម្មណ៍ថាជាកាតព្វកិច្ចដែលត្រូវថ្វាយមិនមែនដោយសារយើងស្រឡាញ់ព្រះអង្គ នេះខុសត្រង់ណា?

ថ្ងៃព្រហស្បតិ៍ ទី១ មីនា ឆ្នាំ២០១៨

សេចក្តីល្អដែលកើតចេញពីការថ្វាយដង្វាយ

ព្រះយេស៊ូវបានយាងមកដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះដល់យើងរាល់គ្នា។ ដូច្នេះ យើងគួរយល់អំពីរឿង១ឲ្យបានច្បាស់ឥឡូវនេះតែម្តងថា៖ ព្រះទ្រង់ស្រឡាញ់យើងរាល់គ្នា។ ព្រះអង្គចង់ឲ្យរបស់ដ៏ល្អបំផុតសំរាប់យើងរាល់គ្នា។ ព្រះអង្គសូមឲ្យយើងធ្វើតែអ្វីដែលល្អសំរាប់យើងប៉ុណ្ណោះ។ ព្រះអង្គមិនដែលសូមឲ្យយើងធ្វើអ្វីមួយដែលនាំឲ្យយើងឈឺចាប់ឡើយ។ ព្រះទ្រង់សូមយើងឲ្យចេះថ្វាយ។ ព្រះអង្គចង់ឲ្យយើងធ្វើជាអ្នកថ្វាយដ៏រីករាយ។ ដូច្នេះ យើងគួរតែរីករាយពេលដែលយើងនាំយកដង្វាយជាប្រាក់កាសថ្វាយព្រះអង្គ។ នោះដង្វាយទាំងនោះនឹងប្រទានពរដល់យើងច្រើនដូចដែលដង្វាយនោះប្រទានពរដល់អ្នកដែលទទួលដែរ។ មានតែអស់អ្នកដែលថ្វាយដង្វាយដោយចិត្តរីករាយប៉ុណ្ណោះទើបដឹងថាការថ្វាយប្រសើរជាងការទទួល។

សូមអានកូរិនថូសទី២​ ៩:៦, ៧។ តើខទាំងនេះបង្ហាញយើងអំពីការថ្វាយដង្វាយតាមរបៀបត្រឹមត្រូវយ៉ាងដូចម្តេច?

ការថ្វាយប្រាក់ដង្វាយចំនួនច្រើនទៅព្រះអាចជាបទពិសោធន៍ខាងព្រលឹងវិញ្ញាណមួយ។ ការថ្វាយដង្វាយបង្ហាញអំពីសេចក្តីជំនឿរបស់យើង។ ហើយការថ្វាយរបស់យើងក៏បង្ហាញអំពីការអរគុណដល់ព្រះសំរាប់គ្រប់យ៉ាងដែលព្រះអង្គបានប្រទានដល់យើងក្នុងព្រះយេស៊ូវតាមរបៀបណាដែរ។

ការថ្វាយជួយឲ្យសេចក្តីជំនឿរបស់យើងកាន់តែរឹងមាំឡើងៗ។ ព្រះគម្ពីរប្រាប់យើងថា «សេចក្ដី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ» (យ៉ាកុប២:២០)។ ដូច្នេះ យើងត្រូវតែបង្ហាញសេចក្តីជំនឿរបស់យើងតាមរយៈអ្វីដែលយើងធ្វើ។ ពុំមានមធ្យោបាយណាដែលប្រសើរជាងនេះដែលធ្វើឲ្យសេចក្តីជំនឿរឹងមាំជាងនេះឡើយ។ កាលណាយើងថ្វាយ យើងបង្ហាញសេចក្តីស្រឡាញ់និងសប្បុរសរបស់ព្រះ។ តើលោកអ្នកមិនដឹងទេឬថា ពេលលោកអ្នកថ្វាយ លោកអ្នកក៏បានរៀនថែមទៀតអំពីព្រះជាអ្នកណា? វាជាការពិត! យើងទទួលបទពិសោធន៍សេចក្តីល្អរបស់ព្រះពេលណាយើងចែកចាយទៅអ្នកដទៃ។ ដូច្នេះ ការថ្វាយដង្វាយជួយស្ថាបនាការជឿទុកចិត្តលើព្រះរបស់យើងបន្ថែមទៀត។ ការថ្វាយជួយឲ្យយើង «ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះមាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់» (ទំនុកដំកើង៣៤:៩)។

«ព្រះភក្ត្ររបស់ព្រះយេស៊ូវភ្លឺចែងចាំងដោយសម្រស់ដ៏ត្រកាល។ សម្រស់ដ៏ត្រកាលនោះកើតឡើងពីសេចក្តីស្រឡាញ់ដែលគ្មាន​ភាពអាត្មានិយមរបស់ព្រះអង្គ។ ឈើឆ្កាងបង្ហាញយើងថា ក្រឹត្យវិន័យនៃសេចក្តីស្រឡាញ់គឺជាច្បាប់ជីវិតសំរាប់ឋានសួគ៌និងផែនដី។ សេចក្តីស្រឡាញ់ដែលមិនព្យាយាមផ្គាប់ចិត្តខ្លួនឯងចាប់ផ្តើមក្នុងព្រះហឫទ័យរបស់ព្រះ។ យើងឃើញសេចក្តីស្រឡាញ់នោះក្នុងអង្គព្រះយេស៊ូវ។ នោះគឺជាសេចក្តីស្រឡាញ់ដែលមកពីព្រះវរបិតា»។ ដកស្រង់ពី (Ellen G. White, The Desire of Ages, page 20, adapted)។

តើការថ្វាយដោយស្មោះពីរបស់ទាំងអស់ដែលព្រះទ្រង់ប្រទានដល់លោកអ្នកធ្វើឲ្យសេចក្ដីជំនឿរបស់លោកអ្នកលូតលាស់បែបណាខ្លះ?

ថ្ងៃសុក្រ ទី២ មីនា ឆ្នាំ២០១៨

សិក្សាបន្ថែម

«ព្រះទ្រង់មានព្រះហឫទ័យដែលមិនអាត្មានិយម។ ប៉ុន្តែភាពអាត្មានិយមគឺជាអំពើរបស់សាតាំង។ ព្រះយេស៊ូវបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គសំរាប់យើងរាល់គ្នាពេលដែលព្រះអង្គសុគតនៅលើឈើឆ្កាងនោះ។ ព្រះអង្គបានលះបង់គ្រប់យ៉ាងរួមទាំងព្រះជន្មរបស់ព្រះអង្គដើម្បីសង្គ្រោះយើងរាល់គ្នា។ តើមានអ្វីកើតឡើងនៅពេលដែលពួកអ្នកជឿព្រះយេស៊ូវសំឡឹងមើលទៅឯឈើឆ្កាង? នោះចិត្តរបស់ពួកគេនឹងពោរពេញដោយបំណងប្រាថ្នាចង់ថ្វាយ​ហើយ ថ្វាយទៀត។ នោះហើយគឺជាច្បាប់នៃឈើឆ្កាង។ យើងរាល់គ្នាត្រូវតែអនុវត្តតាមច្បាប់នេះក្នុងជីវិតរបស់យើងដោយការចែកចាយនិងធ្វើការល្អ។ ការទាំងនេះបង្ហាញឲ្យឃើញនូវជីវិតគ្រីស្ទានដ៏ពិត។ ច្បាប់របស់លោកិយនេះគឺបានហើយ ចង់បានទៀត។ ហើយមនុស្សដែលរស់នៅដើម្បីតែបានប៉ុណ្ណោះ តែងមានអារម្មណ៍ថាការមានបានទ្រព្យសម្បត្តិគឺជារឿងដែលធ្វើឲ្យគេសប្បាយចិត្ត។ ប៉ុន្តែមនុស្សទាំងនេះនឹងបានបទពិសោធន៍ជាទុក្ខវេទនានិងសេចក្តីស្លាប់ប៉ុណ្ណោះ»។ ដកស្រង់ពី (Ellen G. White, in Advent Review and Sabbath Herald, October 17, 1882, adapted)។

សំនួរពិភាក្សា៖
  1. ហេតុអ្វីបានជាភាពអាត្មានិយមរបស់យើងខុសគ្នាពីព្រះហឫទ័យដ៏មិនអាត្មានិយមរបស់ព្រះខ្លាំងម៉្លេះ? តើមានការអ្វីខ្លះដែលយើងអាចធ្វើឡើងដើម្បីទប់ស្កាត់អំពើបែបអាត្មានិយមមិនឲ្យកើតឡើងបាន?

  2. «ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ» (កូរិនថូសទី២ ៩:៧)។ ពាក្យថា «ដោយអំណរ» ក្នុងភាសាក្រិកឃើញមានតែម្តងគត់ក្នុងគម្ពីរសញ្ញាថ្មី។ ពាក្យក្រិកនេះក៏អាចមានន័យថា «បង្ហាញឲ្យឃើញសេចក្តីអំណរខ្លាំងក្រៃ» ដែរ។ តើអត្ថន័យនេះប្រាប់យើងថា យើងគួរមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលយើងថ្វាយដង្វាយ?

  3. ចូរសរសេរបញ្ជីពីរបស់ទាំងប៉ុន្មានដែលព្រះគ្រីស្ទបានប្រទានដល់លោកអ្នក។ តើបញ្ជីនេះបង្រៀនលោកអ្នកពីមូលហេតុដែលយើងត្រូវថ្វាយដង្វាយដូចម្ដេចខ្លះ? ស្របពេលជាមួយគ្នានេះ តើបញ្ជីនេះបង្រៀនយើងថាដង្វាយដ៏ពិសេសបំផុតរបស់យើងតាមពិតមានសភាពតូចណាស់បើប្រៀបទៅនឹងអំណោយទានដែលព្រះប្រទានដល់យើងដែរទេ?

  4. ហេតុអ្វីបានជាភាពអាត្មានិយមគឺជាតួអង្គដ៏អាក្រក់ដែលនាំឲ្យលោកអ្នកមានអារម្មណ៍មិនសប្បាយចិត្ត?

  5. ចូរគិតមើលថា តើមានសមាជិកពួកជំនុំណាខ្លះដែលកំពុងខ្វះខាតដែរឬទេ? លោកអ្នកអាចនឹងលះបង់អ្វីមួយដែលលោកអ្នកត្រូវការដើម្បីអាចជួយដល់អ្នកនោះបាន។ ប៉ុន្តែ សូមនឹកចាំថា ព្រះយេស៊ូវបានលះបង់គ្រប់យ៉ាងដើម្បីសង្គ្រោះលោកអ្នក។ ដូច្នេះហើយ តើលោកអ្នកអាចធ្វើអ្វីបានខ្លះដើម្បីជួយអ្នកនោះនាពេលឥឡូវនេះតែម្តង?
Powered by CAM