មេរៀនទី៩​៖ ២៦ ឧសភា-១ មិថុនា ២០១៨

ការកុហក និងល្បិចរបស់សាតាំងនៅថ្ងៃចុងក្រោយ

Jeans
ថ្ងៃសៅរ៍ ទី២៦ ឧសភា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ២:១៣, ២៤, កូរិនថូសទី២ ១១:១៣-១៥, ទំនុកដំកើង១៤៦:៤, វិវរណៈ១៣:១-១៧។

ខចងចាំ៖ «នោះ​នាគ​ធំ ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ៍​ទាំង​មូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង» (វិវរណៈ១២:៩)។

សាតាំងបានខំប្រឹងធ្វើការបោកបញ្ឆោតពពួកទេវតាក្នុងឋានសួគ៌យ៉ាងខ្លាំងមុនពេលដែលព្រះទ្រង់បោះវាចេញទៅខាងក្រៅ។ «មានពេលមួយនោះ លុយស៊ីហ្វ័របានលាក់ផែនការពិតរបស់ខ្លួននៅខាងក្រោម «ក្បាំងមុខ» នៃសេចក្តីស្រឡាញ់ និងការគោរពចំពោះព្រះ។ លុយស៊ីហ្វ័រធ្វើជាសរសើរដំកើងព្រះ។ ប៉ុន្តែ តាមពិតទៅវាកំពុងតែអូសទាញពពួកទេវតាឲ្យមានអារម្មណ៍មិនសប្បាយចិត្តនឹងក្រឹត្យវិន័យរបស់ព្រះនោះឯង»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 495, adapted ។

សាតាំងបានបន្លំខ្លួនក្នុងសត្វពស់ដ៏ស្រស់ស្អាតក្នុងសួនអេដែន។ វាបានប្រើសត្វពស់ដ៏ស្រស់ស្អាតនោះបោកប្រាស់អេវ៉ា។ ប្រវត្តិសាស្ត្របង្ហាញប្រាប់យើងថា ចាប់តាំងពីជំនាន់សួនអេដែនរហូតដល់គ្រាឥឡូវនេះ សាតាំងតែងតែប្រើល្បិច និងការកុហកដើម្បីបានអ្វីមួយតាមចិត្តវាចង់បាន (វិវរណៈ២០:៨)។

បើប្រៀបធៀបជាមួយមនុស្សលោក សាតាំងឆ្លាតជាង មានអំណាចជាង និងមានល្បិចកិច្ចកលច្រើនជាង។ នោះហើយជាមូលហេតុដែលយើងត្រូវនៅឲ្យជាប់ជាមួយនឹងព្រះយេស៊ូវ និងរក្សាសេចក្តីពិតរបស់ព្រះអង្គ។ «តែ​ពួក​ឯង​រាល់​គ្នា ដែល​បាន​នៅ​ជាប់​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នោះ​បាន​រស់​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​វិញ» (ចោទិយកថា២០:៨)។ ក្បួនច្បាប់នេះក៏ពិតសំរាប់យើងរាល់គ្នានៅជំនាន់នេះដែរ។

សប្តាហ៍នេះ យើងនឹងក្រឡេកមើលការកុហក និងល្បិចកិច្ចកលដ៏ខ្លាំងក្លាបំផុតខ្លះៗរបស់អារក្ស។ យើងនឹងរៀនអំពីអ្វីដែលយើងអាចធ្វើបានដើម្បីការពារខ្លួនឲ្យរួចផុតពីល្បិចទាំងនោះ។

ថ្ងៃអាទិត្យ ទី២៧ ឧសភា ឆ្នាំ២០១៨

​ផែនការដ៏ធំបំផុតរបស់សាតាំង

នៅក្នុងមេរៀនទីមួយ យើងបានសិក្សាជាមួយគ្នាអំពីមហាវិវាទរវាងព្រះ និងសាតាំង។ ជាការគួរឲ្យសោកស្តាយ សង្គ្រាមនេះបានចេញផុតពីឋានសួគ៌ ប៉ុន្តែបែរជាមកបន្តនៅផែនដីនេះទៅវិញ។

បញ្ហានៅត្រង់ថា មានមនុស្សជាច្រើនមិនជឿថាមានសង្គ្រាមដ៏ធំនេះទេ។ ហេតុអ្វី? ពីព្រោះពួកគេមិនជឿថាមានសាតាំង។ ជាការគួរឲ្យសោកស្តាយ ក្រុមមនុស្សដែលមិនជឿថាមានសាតាំងនេះក៏រួមមានគ្រីស្ទានខ្លះផងដែរ។ តើពួកគេគិតយ៉ាងដូចម្តេចអំពីខព្រះគម្ពីរដែលរៀបរាប់ឈ្មោះរបស់សាតាំង ឬអារក្សនោះ? មនុស្សទាំងនេះនិយាយថា អារក្សគ្រាន់តែជារូបស័ព្ទមួយដែលព្រះគម្ពីរប្រើសំរាប់ពន្យល់ពីភាវៈអាក្រក់ ឬទុក្ខវេទនាប៉ុណ្ណោះ។ ប៉ុន្តែមនុស្សទាំងនេះពិតជាមិនជឿថា ព្រះគម្ពីរចង់មានន័យថាមានអារក្សពិតមែននោះទេ។ គោលគំនិតអំពីទេវតាអាក្រក់ដ៏មានអំណាចដែលចង់បំផ្លាញមនុស្សជាតិគឺគ្រាន់តែជារឿងប្រឌិតដូចគ្នានឹងតួអង្គ ដាតហ៍ វ៉ាដឺរ (Darth Vader) ក្នុងភាពយន្តរឿង «សង្គ្រាមផ្កាយ» (Star Wars) ដែលគេតែងឡើងតែប៉ុណ្ណោះ។

សូមអានខគម្ពីរទាំងនេះ៖វិវរណៈ២:១៣, ២៤, វិវរណៈ១២:៣, ៧-៩,​ ១២, ១៧, និងវិវរណៈ២០:២, ៧, ១០។ តើខគម្ពីរទាំងនេះបង្ហាញថាពិតជាមានសាតាំងពិតប្រាកដមែនដែរឬទេ? តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីចំណែករបស់សាតាំងក្នុងព្រឹត្តិការណ៍ដែលនឹងកើតឡើងក្នុងថ្ងៃចុងក្រោយ?

កណ្ឌគម្ពីរវិវរណៈបង្ហាញយើងត្រឹមតែអំណាចកំរិតប៉ុនណាដែលសាតាំងមានទៅលើមនុស្សលោកនៅថ្ងៃចុងក្រោយ។ សាតាំងក៏នឹងអូសទាញពួកមនុស្សទាំងនេះឲ្យងាកចេញពីផែនការនៃសេចក្តីសង្គ្រោះ។ សាតាំងក៏នឹងដឹកនាំពួកមនុស្សទាំងនេះឲ្យវាយប្រហារទៅលើមនុស្សគ្រប់គ្នាដែលរក្សាភក្តីភាពចំពោះព្រះយេស៊ូវផងដែរ។

សាតាំងមាន «ផែនការ» អាក្រក់ៗជាច្រើន (កូរិនថូសទី២ ២:១១)។ ពាក្យថា «ផែនការ» មកពីពាក្យភាសាក្រិកថា ណូអេម៉ាតា មានន័យថា «ចិត្ត»។ ប្រហែលជា «ផែនការ» ដ៏មានអំណាចបំផុតរបស់សាតាំងគឺត្រូវបោកបញ្ឆោតមនុស្សលោកឲ្យជឿថាពុំមានវានោះទេ។ តើលោកអ្នកចង់ចំណាយពេលឥតប្រយោជន៍ទៅខំការពារខ្លួនពីសត្រូវដែលលោកអ្នកមិនជឿថាមានពិតប្រាកដដែរឬទេ? ពិតណាស់ គឺមិនចង់ទេ។ ប៉ុន្តែ វាជាការចំឡែកណាស់ដែលឃើញមានគ្រីស្ទានជាច្រើនបែរជាមិនជឿថាមានអារក្សសាតាំងពិតប្រាកដទៅវិញ។ មានវិធីគិតតែមួយគត់ដែលពួកគ្រីស្ទានទាំងនេះយកមកប្រើគឺពួកគេលើកយកខគម្ពីរដែលនិយាយអំពីអារក្ស ហើយបកស្រាយថាខទាំងនោះមានន័យផ្សេង។ ប៉ុន្តែ ព្រះគម្ពីរបានចែងច្បាស់ណាស់ហើយ។ គឺមានអារក្សពិតប្រាកដណាស់។ ការពិតដែលមានគ្រីស្ទានជាច្រើនធ្វើព្រងើយនឹងសេចក្តីពិតនេះគឺជាការដាស់តឿនដល់យើងថា៖ យើងត្រូវតែយល់ឲ្យច្បាស់ពីការពិតដែលព្រះគម្ពីរបង្រៀនពិតប្រាកដ។

កណ្ឌគម្ពីរវិវរណៈបានចែងអំពីផែនការអាក្រក់របស់សាតាំងនៅថ្ងៃចុងក្រោយ។ ប៉ុន្តែ តើយើងអាចរកឃើញក្តីសង្ឃឹមដ៏អស្ចារ្យអ្វីខ្លះនៅក្នុងខគម្ពីរវិវរណៈ១២:១១? តើអំណាចប្រឆាំងទៅនឹងអារក្សដែលយើងមានបានមកពីណា?

ថ្ងៃច័ន្ទ ទី២៨ ឧសភា ឆ្នាំ២០១៨

ការកុហកធំបំផុតពីររបស់សាតាំង

សូមអានខគម្ពីរខាងក្រោម។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីអំណាចរបស់សាតាំងក្នុងការបោកប្រាស់យើង?

-កូរិនថូសទី២ ១១:១៣-១៥ ----------------------

-ថែស្សាឡូនីចទី២ ២:៩, ១០ ----------------------

-វិវរណៈ១២:៩ -------------------------------------

-វិវរណៈ២០:១០ ----------------------------------

យើងបានរៀនរួចហើយថា ព្រះយេស៊ូវបានប្រាប់ពួកអ្នកដើរតាមព្រះអង្គឲ្យចេះចាំយាមឃ្លាំមើលអ្នកដឹកនាំ និងអ្នកនាំសារក្លែងក្លាយ។ អ្នកនាំសារក្លែងក្លាយទាំងនេះនឹង «នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ(លេងល្បិចបញ្ឆោត)» (ម៉ាថាយ២៤:៥)។

សាតាំងមិនមែនប្រើត្រឹមតែអ្នកដឹកនាំក្លែងក្លាយ និងអ្នកនាំសារក្លែងក្លាយសំរាប់បោកប្រាស់នៅថ្ងៃចុងក្រោយប៉ុណ្ណឹងទេ។ សាតាំងក៏មានល្បិចផ្សេងច្រើនទៀតដើម្បីបោកប្រាស់មនុស្សជាច្រើនដែលវាអាចបោកបាន។ ក្នុងនាមយើងជាគ្រីស្ទាន យើងត្រូវតែដឹងអំពីល្បិចដែលវាប្រើ។ តើយើងដឹងបានយ៉ាងដូចម្តេច? យើងដឹងបានដោយសារការស្គាល់សេចក្តីពិតរបស់ព្រះគម្ពីរ ហើយដើរតាមការបង្រៀននោះ។

អ្នកស្រីអែល្លិន ជី វ៉ៃត៍បានពន្យល់អំពីការកុហកដ៏ធំបំផុតពីររបស់អារក្ស៖ «សាតាំងនឹងប្រើការកុហកដ៏ខ្លាំងក្លា និងដ៏ធំពីរដើម្បីបោកប្រាស់មនុស្សលោកនៅថ្ងៃចុងក្រោយ។ តើការកុហកទាំងពីរនេះគឺជាអ្វីទៅវិញ? ការកុហកនោះគឺជាការបង្រៀនក្លែងក្លាយដែលថា ១) ព្រលឹងមនុស្សមិនស្លាប់ទេ និង ២) ថ្ងៃអាទិត្យគឺជាថ្ងៃបរិសុទ្ធ។ មនុស្សដែលជឿថា ព្រលឹងមនុស្សមិនចេះស្លាប់នេះជាញឹកញាប់តែងជឿលើការកុហកមួយទៀតដែលកាន់តែមានគ្រោះថ្នាក់ជាងនោះទៅទៀត។ ការកុហកនេះគឺជាជំនឿដែលថា វិញ្ញាណរបស់មនុស្សស្លាប់ទៅហើយអាចទាក់ទងជាមួយនឹងមនុស្សរស់បាន។ ការកុហកទីពីរដែលថាថ្ងៃអាទិត្យគឺជាថ្ងៃបរិសុទ្ធបានដឹកនាំមនុស្សឲ្យតំកើងអំណាចព្រះវិហាររ៉ូម៉ាំងកាតូលិក។ មានការខុសប្លែកគ្នាដ៏ធំដែលញែកសាសនាព្រះគម្ពីរចេញពីជំនឿក្លែងក្លាយដែលថា វិញ្ញាណរបស់មនុស្សដែលស្លាប់ទៅហើយអាចនិយាយជាមួយនឹងមនុស្សដែលកំពុងរស់បាន។ ប៉ុន្តែ ពួកគ្រីស្ទានប្រូតេស្តង់ត៍ក្នុងប្រទេសអាមេរិកគឺជាក្រុមមនុស្សដំបូងដែលឈោងទៅទទួលយកការបង្រៀនក្លែងក្លាយអំពីវិញ្ញាណនេះ។ ពួកប្រូតេស្តង់ត៍ក៏នឹងចូលរួមជាមួយនឹងអំណាចព្រះវិហាររ៉ូម៉ាំងកាតូលិកនេះដែរ។ ទាំងបីក្រុមនេះគឺ ១) ពួកប្រូតេស្តង់ត៍ ២) ពួកជំនុំរ៉ូម៉ាំងកាតូលិក និង ៣) មនុស្សដែលជឿថាមនុស្សស្លាប់ហើយអាចនិយាយជាមនុស្សរស់ នឹងរួមកំឡាំងគ្នាដើម្បីប្រើប្រាស់រដ្ឋាភិបាលប្រទេសអាមេរិកឲ្យធ្វើអ្វីតាមតែពួកគេចង់បាន។ បន្ទាប់មកប្រទេសមួយនេះនឹងធ្វើតាមលំអានរបស់ពួកព្រះវិហាររ៉ូមដែលបានធ្វើកាលពីអតីតកាលដែរ។ ប្រទេសអាមេរិកនឹងយកសិទ្ធិសេរីភាពក្នុងថ្វាយបង្គំព្រះចេញពីមនុស្សលោក ហើយបង្ខំមនុស្សទាំងនោះឲ្យធ្វើតាមរបៀបដែលពួកគេចង់បាន»។ ដកស្រង់ពី The Great Controversy Between God and Satan, page 588, adapted ។

ថ្ងៃអង្គារ ទី២៩ ឧសភា ឆ្នាំ២០១៨

ការកុហកដំបូងរបស់សាតាំង៖ ព្រលឹងមិនចេះស្លាប់ទេ

សូមអានខគម្ពីរសាស្តា៩:៥,​ ៦, ១០, ទំនុកដំកើង១១៥:១៧, ទំនុកដំកើង១៤៥:៤, កូរិនថូសទី១ ១៥:១៦-១៨, និងដានីយ៉ែល១២:២។ តើខទាំងនេះបង្រៀនយើងថាពេលមនុស្សស្លាប់ទៅនឹងទៅជាយ៉ាងណា? តើខទាំងនេះអាចផ្តល់អំណះអំណាងអ្វីខ្លះដែលអាចយកមកការពារជំនឿរបស់យើងប្រឆាំងនឹងការកុហករបស់សាតាំងដែលថាព្រលឹងមនុស្សនៅរស់នៅឡើយបន្ទាប់ពីបានចាកចេញពីរាងកាយមនុស្សដែលស្លាប់ហើយ?

ក្នុងរយៈកាលសាមសែសិបឆ្នាំចុងក្រោយនេះ ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ជាច្រើនបានចំណាយពេលជាច្រើនចុះផ្សាយរឿងជាច្រើនអំពីមនុស្សដែល «ស្លាប់ទៅហើយ» ប៉ុន្តែបែរជារស់ឡើងវិញ។ តើមានអ្វីកើតឡើងពេលដែលមនុស្សទាំងនេះ «ស្លាប់ទៅហើយ»? បេះដូងរបស់ពួកគេលែងដើរទៀតហើយ។ មនុស្សទាំងនេះលែងដកដង្ហើមទៀតហើយ។ ប៉ុន្តែក្រោយមកទៀត ពួកគេរស់ឡើងវិញ។ មានច្រើនករណីណាស់ដែលមនុស្ស «ស្លាប់ទៅហើយ» ទាំងនេះបានប្រាប់អំពីបទពិសោធន៍ដ៏អស្ចារ្យថាព្រលឹងរបស់គេនៅរស់បន្ទាប់ពីពួកគេ «ស្លាប់ទៅហើយ»។ មនុស្សខ្លះដែលធ្លាប់បាន «ស្លាប់ទៅហើយ» និយាយថា ពួកគេបានអណ្តែតលើអាកាសសំកាំងនៅពីលើសាកសពរបស់ខ្លួន។ ពួកគេអាចមើលមកក្រោម និងឃើញសាកសពរបស់ពួកគេផងដែរ។ មនុស្សខ្លះទៀតនិយាយថា ពួកគេបានអណ្តែតចេញពីរាងកាយរបស់ខ្លួន ហើយបានជួបមនុស្សដ៏អស្ចារ្យណាម្នាក់ដែលមានពេញដោយពន្លឺ និងថាមពល។ មនុស្សដ៏អស្ចារ្យនេះបាននិយាយអំពីសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់។ មនុស្សដែលធ្លាប់ «ស្លាប់ទៅហើយ» ខ្លះទៀតនិយាយថា ពួកគេបានជួបនិយាយជាមួយនឹងសាច់ញាតិដែលបានស្លាប់ពីមុនថែមទៀតផង។

មនុស្សជាច្រើនក៏ចាប់ផ្តើមមានបទពិសោធន៍ដូចគ្នានេះ។ ដោយសារតែមានមនុស្សជាច្រើនចាប់ផ្តើមមានបទពិសោធន៍អំពីរឿងនេះ គេក៏បានឲ្យឈ្មោះបទពិសោធន៍នេះតាមបែបវិទ្យាសាស្ត្រថា បទពិសោធន៍ជិតស្លាប់ (Near Death Experience)។ មានគ្រីស្ទានជាច្រើនបានប្រើបទពិសោធន៍ជិតស្លាប់នេះយកមកអះអាងថា ព្រលឹងមនុស្សនៅតែបន្តរស់នៅតទៅទៀតបន្ទាប់រូបកាយនេះស្លាប់។ ពួកគ្រីស្ទានទាំងនេះនិយាយថា បទពិសោធន៍ជិតស្លាប់បង្ហាញថា ព្រលឹងចេញទៅកន្លែងណាផ្សេងទៀត ហើយអាចរស់នៅ ចេះគិត និងមានអារម្មណ៍ផងដែរ។

ប៉ុន្តែ បទពិសោធន៍ជិតស្លាប់នេះហើយគឺជាការកុហកដ៏ធំបំផុតរបស់សាតាំងក្នុងថ្ងៃចុងក្រោយ។ មនុស្សដែលជឿថា ព្រលឹងអាចបន្តរស់នៅបន្ទាប់ពីរូបកាយស្លាប់ កំពុងតែជួបគ្រោះថ្នាក់ធ្ងន់ជាងមុនទៅទៀតដែលនាំឲ្យពួកគេជឿលើការកុហកមួយទៀតថា យើងអាចនិយាយជាមួយនឹងវិញ្ញាណដែលស្លាប់ទៅហើយបាន។ ការកុហកដ៏គ្រោះថ្នាក់មួយទៀតនោះគឺថា យើងមិនត្រូវការព្រះយេស៊ូវទេ។ មែនហើយ មនុស្សដែលជឿលើបទពិសោធន៍ជិតស្លាប់នេះនិយាយថា វិញ្ញាណនិងសាច់ញាតិដែលពួកគេបានជួបបានកម្សាន្តចិត្តគេដោយពាក្យនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត។ ប៉ុន្តែវិញ្ញាណ និងសាច់ញាតិដែលស្លាប់ទៅហើយទាំងនេះមិនដែលនិយាយអ្វីទាក់ទងនឹងការបានសង្គ្រោះដោយសារព្រះយេស៊ូវទាល់តែសោះ។ ជាការចំឡែកណាស់ដែលពួកវិញ្ញាណ និងសាច់ញាតិទាំងនេះមិននិយាយអំពីការបង្រៀនរបស់ព្រះគម្ពីរទាល់តែសោះ មែនទេ?

ក្នុងនាមជាគ្រីស្ទាន ហេតុអ្វីបានជាយើងត្រូវជឿទុកចិត្តលើការពិតនៃព្រះគម្ពីរ បើសូម្បីតែបទពិសោធន៍របស់យើងជួនកាលហាក់ដូចជាប្រឆាំងទៅនឹងការពិតទាំងនោះក្តី?

ថ្ងៃពុធ ទី៣០ ឧសភា ឆ្នាំ២០១៨

ថ្ងៃសប្បាតហ៍ និងការកុហករបស់សាតាំងអំពីកំណើតផែនដី

សាតាំងបានទទួលជោគជ័យយ៉ាងច្រើនក្នុងការបោកបញ្ឆោតមនុស្សលោកដែលរស់នៅលើផែនដីនេះ។ សាតាំងបានបណ្តាលឲ្យមនុស្សលោកជាច្រើនជឿលើការកុហកថា បន្ទាប់ពីរូបកាយស្លាប់ទៅព្រលឹងនៅតែបន្តរស់តទៅទៀត។ សាតាំងក៏កាន់តែមានជោគជ័យជាងនោះទៅទៀតក្នុងការផ្លាស់ប្តូរថ្ងៃសប្បាតហ៍ទៅជាថ្ងៃអាទិត្យវិញ។

ប៉ុន្តែ អារក្សវានឹងមកជាមួយនឹងល្បិចមួយទៀតនៅថ្ងៃចុងក្រោយ។ ល្បិចកលដ៏ប៉ិនប្រសប់នេះក៏អាចនឹងធ្វើឲ្យមនុស្សដែលមានជំនឿលើថ្ងៃសប្បាតហ៍ (ថ្ងៃទីប្រាំពីរ) ខ្សោយជំនឿកាន់តែខ្លាំងផងដែរ។ តើល្បិចនោះគឺជាអ្វីទៅ? នោះគឺជាគោលគំនិតខុសឆ្គងស្តីអំពីការចាប់កំណើតនៃជីវិត។

សូមអានខគម្ពីរលោកុប្បត្តិ១-២:៣។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់បានបង្កើតផែនដីរបស់យើងនេះ? តើព្រះអម្ចាស់ទ្រង់បានចំណាយពេលយូរប៉ុនណាក្នុងការបង្កើតរបស់សព្វសារពើនៅលើភពផែនដីយើងនេះ?

ខគម្ពីរលោកុប្បត្តិ១-២:៣ ទាំងនេះបង្ហាញយើងការពិតដ៏សំខាន់ចំនួនពីរស្តីអំពីរបៀបដែលផែនដីរបស់យើងនេះបានកកើតឡើង។ ទីមួយ ព្រះទ្រង់បានរៀបផែនការគ្រប់យ៉ាងទាំងអស់មុនពេលដែលព្រះអង្គបានចាប់ផ្តើម។ គ្មានអ្វីណាមួយកើតឡើងដោយសាររឿងចៃដន្យនោះឡើយ។ ព្រះគម្ពីរពុំបានបន្សល់ទុកភស្តុតាងណាមួយដែលបញ្ជាក់ថាការកកើតជីវិតនៅលើផែនដីនេះគឺជារឿងចៃដន្យនោះឡើយ។

ទីពីរ ព្រះគម្ពីរបង្ហាញយើងយ៉ាងច្បាស់ថា ព្រះទ្រង់បានបង្កើតសត្វនីមួយៗឲ្យខុសប្លែកពីគ្នា។ ព្រះគម្ពីរពុំបានបង្រៀនយើងអំពីគោលគំនិតក្លែងក្លាយដែលថា គ្រប់ជីវិតទាំងអស់នៅលើផែនដីនេះកើតចេញមកពីកោសិកាតែមួយនោះឡើយ។

ព្រះគម្ពីរបានពន្យល់អំពីការពិតទាំងពីរនេះយ៉ាងច្បាស់ណាស់៖ ១) ជីវិតមិនមែនកើតឡើងដោយចៃដន្យ ឡើយ និង ២) ជីវិតមិនមែនចាប់ផ្តើមឡើងពីកោសិកាតែមួយនោះឡើយ។ ប៉ុន្តែចំណុចទាំងពីរនេះពិតណាស់វាកើតចេញពីការបង្រៀនរបស់ពួកវិវត្តនិយម។ វិវត្តនិយមគឺជាជំនឿដែលថា មានកោសិកាមួយបានផ្លាស់ប្រែសណ្ឋានរបស់ខ្លួនយ៉ាងយឺតៗទៅជាសត្វផ្សេងៗ និងរុក្ខជាតិទាំងឡាយដែលយើងឃើញនាពេលឥឡូវនេះដោយចៃដន្យដោយប្រើរយៈយ៉ាងយូរលង់។ វិវត្តនិយមគឺជាការវាយប្រហារមកលើថ្ងៃសប្បាតហ៍។ ថ្ងៃសប្បាតហ៍គឺជា​ ភស្តុតាងរំឭកថា ព្រះទ្រង់បានបង្កើតផែនដីនេះក្នុងរវាងប្រាំមួយថ្ងៃ និងបានសំរាកនៅថ្ងៃទីប្រាំពីរ។ ប៉ុន្តែវិវត្តនិយមនិយាយថា ផែនដីនេះកកើតឡើងដោយត្រូវចំណាយពេលអស់បួនពាន់ប្រាំរយលានឆ្នាំឯណោះ។ វិវត្តនិយមបានបង្វែររឿងដែលព្រះទ្រង់បានបង្កើតផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃថាជារឿងនិទានទៅវិញ។ ហេតុនោះហើយ តើមនុស្សដែលជឿលើវិវត្តនិយមពិតជានឹងប្រថុយយកជីវិតរបស់ខ្លួនមកជឿលើសេចក្តីពិតនៃថ្ងៃ សប្បាតហ៍នៅថ្ងៃចុងក្រោយដែរឬទេ? ហេតុអ្វីបានជាមនុស្សខ្លះមិនចង់ប្រឈមនឹងការវាយប្រហារ ឬសម្លាប់ដោយសារតែសេចក្តីពិតដែលពួកគេមិនទាំងជឿផងនោះ? ចម្លើយទៅនឹងសំណួរនោះជួយយើងឲ្យយល់អំពីមូលហេតុដែលថា ហេតុអ្វីបានជាវិវត្តនិយមគឺជាការវាយប្រហារដ៏គ្រោះថ្នាក់មកលើថ្ងៃសប្បាតហ៍នៅថ្ងៃចុងក្រោយនោះ។

ថ្ងៃព្រហស្បតិ៍ ទី៣១ ឧសភា ឆ្នាំ២០១៨

ព្រះបីអង្គរួមមកតែមួយក្លែងក្លាយ

ព្រះគម្ពីរទាំងមូលបង្រៀនថា ព្រះមានបីអង្គ ប៉ុន្តែរួមមកតែមួយ។ កណ្ឌគម្ពីរវិវរណៈបង្ហាញយើងថា មានព្រះបីអង្គរួមមកតែមួយផងដែរប៉ុន្តែក្លែងក្លាយ។ តើព្រះក្លែងក្លាយនោះជាអ្នកណា? កណ្ឌគម្ពីរវិវរណៈ ជំពូក១៣ បង្ហាញយើងថា វានោះគឺជានាគ សត្វសាហាវដែលចេញពីសមុទ្រ និងសត្វសាហាវពណ៌ក្រហមដែលឡើងពីផែនដី។ សត្វសាហាវទាំងពីរនេះគឺជារូបស័ព្ទសំរាប់អំណាចដែលគ្រប់គ្រងលើផែនដីនៅគ្រាចុងបំផុត។

សូមអានខគម្ពីរវិវរណៈ១២:១៧ និងវិវរណៈ១៣:១,​ ២។ តើខទាំងនេះពណ៌នាអំពីអ្វីខ្លះ?

សត្វនាគ ឬ សាតាំង ច្បាស់ណាស់គឺជាតួអង្គមួយដែលមានអំណាចលើសត្វសាហាវទាំងពីរដែលរួមគ្នាមកតែមួយធ្វើជាព្រះក្លែងក្លាយ។ សត្វនាគព្យាយាមដើរតួធ្វើជាព្រះជំនួសព្រះវរបិតា។ សត្វនាគក៏បានប្រគល់អំណាច និងបល្ល័ង្កដល់សត្វសាហាវដែលចេញពីសមុទ្រមក។ សត្វសាហាវដែលចេញពីសមុទ្រគឺជាព្រះយេស៊ូវក្លែងក្លាយ​។ ហេតុអ្វីបានជាអំណាចទីពីរនេះគឺជាព្រះយេស៊ូវក្លែងក្លាយ?

សូមអានគម្ពីរវិវរណៈ ១៣:២៥។ តើខទាំងនេះពណ៌នាអំណាចសត្វសាហាវដែលចេញពីសមុទ្រយ៉ាងដូចម្តេចខ្លះ? តើសត្វនោះវាធ្វើអ្វីខ្លះ?

ព្រះជាម្ចាស់បានប្រទានអំណាចដល់ព្រះយេស៊ូវ (សូមអានម៉ាថាយ២៨:១៨)។ សត្វនាគក៏បានប្រគល់អំណាចដល់សត្វសាហាវដែលឡើងពីសមុទ្រនោះមកដែរ។ ព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ។ អំណាចសត្វសាហាវដែលឡើងពីសមុទ្រក៏បានប្រឈមនឹងសេចក្តីស្លាប់ ប៉ុន្តែបែរជារស់ឡើងវិញដែរ (វិវរណៈ១៣:៣)។

សូមអានគម្ពីរវិវរណៈ ១៣:១១-១៧។ តើខទាំងនេះពណ៌នាអំពីអំណាចសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោកយ៉ាងដូចម្តេចខ្លះ?

ព្រះវិញ្ញាណបរិសុទ្ធបានទម្លាក់ «ភ្លើង» ពីលើមេឃ (កិច្ចការ២:៣)។ អំណាចសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោគក៏ «ធ្វើ​ឲ្យ​ធ្លាក់​ទាំង​ភ្លើង ពី​លើ​មេឃ​មក​លើ​ផែនដី» ផងដែរ (វិវរណៈ១៣:១៣)។

«នៅថ្ងៃចុងក្រោយ អំណាចសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោកនឹងធ្វើឲ្យបុណ្យថ្ងៃទីហាសិបក្លែងក្លាយកើតឡើងម្តងទៀត។ (ថ្ងៃបុណ្យថ្ងៃទីហាសិបគឺជាពេលដែលព្រះទ្រង់បានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកអ្នកដើរតាមព្រះយេស៊ូវបន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ និងបានយាងទៅឋានសួគ៌រួចមក)។ ហេតុអ្វីបានជាសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោកធ្វើការនោះឡើង? គឺដើម្បីអះអាងប្រាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះថា ព្រះបីអង្គរួមមកតែមួយក្លែងក្លាយគឹជាព្រះពិត»។ ដកស្រង់ពី Jan Paulien, What the Bible Says About the End-Time (Hagerstown, MD: Review and Herald®Publishing Association, 1998), page 111, adapted ។

នៅថ្ងៃចុងក្រោយតើសាតាំងមានល្បិចអ្វីផ្សេងទៀត? តើយើងអាចការពារខ្លួនពីល្បិចកលទាំងនោះ និងជួយអ្នកដទៃទៀតឲ្យចេះការពារខ្លួនដែរដោយរបៀបណា?

ថ្ងៃសុក្រ ទី១ មិថុនា ឆ្នាំ២០១៨

សិក្សាបន្ថែម

ចូរយើងពិភាក្សាគ្នាបន្តិចទៀតអំពីថ្ងៃសប្បាតហ៍ និងវិវត្តនិយម។ វិវត្តនិយមគឺជាគោលគំនិតមិនច្បាស់លាស់ដែលថា ជីវិតនៅលើផែនដីនេះគឺចាប់ផ្តើមឡើងកោសិកាតែមួយដែលប្រែប្រួលសណ្ឋានយ៉ាងយឺតៗអស់រយៈកាលយ៉ាងយូរទម្រាំតែអាចក្លាយទៅជាសត្វ និងរុក្ខជាតិផ្សេងៗគ្នាដែលយើងឃើញនាពេលឥឡូវនេះ។ លោកឆាល ដារវិន គឺជាបិតានៃគោលគំនិតខុសឆ្គងនេះ។ លោកមានការពិបាកនឹងយល់ណាស់ថាតើព្រះដ៏ពោរពេញដោយក្តីស្រឡាញ់ទ្រង់អាចបណ្តោយឲ្យមានអំពើអាក្រក់ និងទុក្ខវេទនាកើតឡើងលើលោកនេះយ៉ាងដូចម្តេចនឹងកើតទៅ។

លោកដារវិនបានសិក្សាកាន់តែស៊ីជម្រៅថែមទៀតទៅលើគោលគំនិតរបស់គាត់ស្តីអំពីវិវត្តនិយមនៅកំឡុងពាក់កណ្តាលសតវត្សទី១៩។ នៅក្នុងកំឡុងពេលនោះព្រះទ្រង់ក៏បានចាប់ផ្តើមឲ្យមានពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទឡើងដែរ ដូចជាមិនចៃដន្យទេមើលទៅ។ ពួកជំនុំនេះបានក្រោកឈរប្រឆាំងយ៉ាងខ្លាំងក្លានឹងទ្រឹស្តីដែលលោកដារវិនបានជឿលើវិវត្តនិយមនេះ។ ជាការគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទបានចាប់ផ្តើមចំរើនលូតលាស់ឡើងដំណាលគ្នានឹងគោលគំនិតក្លែងក្លាយរបស់លោកដារវិនស្តីអំពីការចាប់កំណើតរបស់ជីវិតនៅលើផែនដីនេះ។ គ្មាននរណានឹងដឹងថាមានអ្វីកើតឡើងទេប្រសិនបើលោកដារវិនបានអានប្រយោគបួនប្រាំជួររបស់អ្នកស្រីអែល្លិន ជី វ៉ៃត៍នោះ៖ «វាជាការពិតណាស់ដែលថា ផែនដីនេះឋិតនៅក្រោមបណ្តាសា។ បើទោះបីជាយ៉ាងនោះក៏ដោយ ក៏ធម្មជាតិនៅតែជាក្រាំងមេរៀនសំរាប់មនុស្សលោកដែរ។ ធម្មជាតិមិនត្រឹមតែបង្ហាញប្រាប់យើងអំពីសេចក្តីល្អ និងសេចក្តីស្រឡាញ់របស់ព្រះប៉ុណ្ណោះទេ។ រួមសេចក្តីមក យើងឃើញសេចក្តីអាក្រក់កើតឡើងគ្រប់ទីកន្លែង។ សេចក្តីអាក្រក់បានធ្វើឲ្យសោភ័ណភាពដ៏ឥតខ្ចោះនៅលើផែនដី នៅក្នុងសមុទ្រ និងនៅលើអាកាសខូចអស់។ មុនពេលមានអំពើបាប ធម្មជាតិបង្ហាញឲ្យឃើញថាសេចក្តីស្រឡាញ់ និង​អ្វីៗគ្រប់យ៉ាងសុទ្ធតែល្អតែប៉ុណ្ណោះ។ ឥឡូវនេះធម្មជាតិបង្ហាញសម្អប់របស់សាតាំងចំពោះព្រះនិងសេចក្ដីអាក្រក់។ ធម្មជាតិឥឡូវមានតែការព្រមានដល់មនុស្សលោកថានឹងមានអ្វីកើតឡើងប្រសិនបើពួកគេធ្វើបាប»។ ដកស្រង់ពី Education, page 26, adapted ។

គោលគំនិតរបស់លោកដារវិនស្តីអំពីវិវត្តនិយមកើតចេញមកអំពីការយល់ខុសអំពីព្រះ និងរឿងអាក្រក់ៗដែលអំពើបាបបានបង្កឡើងដល់ផែនដីនេះ។ មានហេតុផលច្រើនណាស់ដែលបង្ហាញថា វិវត្តនិយមគឺជារឿងដ៏គ្រោះថ្នាក់ខ្លាំងណាស់។ ហេតុផលមួយនោះគឺ ដោយសារតែវាបណ្តាលឲ្យមនុស្សលោកជឿលើការកុហករបស់សាតាំងកាន់តែច្រើនឡើងៗនៅថ្ងៃចុងក្រោយនោះឯង។

សំនួរពិភាក្សា៖
  1. ហេតុអ្វីបានជាមានគ្រីស្ទានច្រើនម៉្លេះនាំគ្នាជឿថាលើលោកនេះគ្មានអារក្យទេ? តើទស្សនៈនេះបង្រៀនយើងអ្វីខ្លះអំពីគ្រោះថ្នាក់នៃការបែរចេញពីការបង្រៀនដ៏ច្បាស់ៗរបស់ព្រះគម្ពីរនោះ?

  2. តើលោកអ្នកនឹងនិយាយដូចម្តេចប្រាប់ទៅនរណាម្នាក់ដែលប្រាប់លោកអ្នកថា រូបគាត់មានបទពិសោធន៍ពាក់ព័ន្ធនឹងករណីជិតស្លាប់? តើលោកអ្នកនឹងនិយាយដូចម្តេចដើម្បីជួយរូបគាត់ឲ្យយល់ថា យើងនឹងមិនមានព្រលឹងនៅរស់នៅខាងក្រៅរូបកាយដែលស្លាប់ទៅហើយទេ? តើមានខគម្ពីរណាខ្លះដែលលោកអ្នកលើកយកមកចែកចាយប្រាប់ដល់គាត់នោះ?

  3. តើលោកអ្នកគិតថាមានហេតុផលអ្វីផ្សេងទៀតដែលថា ការជឿលើវិវត្តនិយមនាំឲ្យមានគ្រោះថ្នាក់ខ្លាំងនៅថ្ងៃចុងក្រោយនេះ?
Powered by CAM