ថ្ងៃសៅរ៍ ទី២៥ សីហា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ១៦, រ៉ូម ៣:២៨, កាឡាទី ២:១៦, កិច្ចការ ១៧, កូរិនថូសទី១ ១:២៣, កិច្ចការ ១៨:១-១0។
ខចងចាំ៖ «កុំខ្លាចអ្វី ចូរសំដែងទៅ កុំនៅស្ងៀមឡើយ ដ្បិតខ្ញុំនៅជាមួយនឹងអ្នកហើយ គ្មានអ្នកណានឹងប្រទូស្តដល់អ្នកបានទេ ខ្ញុំក៏មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះដែរ» (កិច្ចការ ១៨:៩, ១០)។
លោកប៉ុល និងលោកបាណាបាស បានជួយឲ្យពួកជំនុំនៅអាន់ទីយ៉ូកចំរើនលូតលាស់ឡើង។ ពួកលោកបានផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រប់ទីកន្លែង។ ប្រហែលជាពេលនេះគឺជាលើកចុងក្រោយហើយដែលលោកទាំងពីរធ្វើការជាមួយគ្នា។ បន្ទាប់ពីនោះមកពួកលោកក៏បានបែកចេញពីគ្នា។ ហេតុអ្វីបានជាពួកលោកបែកចេញពីគ្នា? គឺដោយសារតែលោកយ៉ូហានម៉ាកុស ដែលត្រូវជាប្អូនជីដូនមួយរបស់លោកបាណាបាសនោះឯង (កូល៉ុស ៤:១១)។ លោកប៉ុលបានអញ្ជើញលោកបាណាបាសឲ្យទៅជាមួយនឹងគាត់ដើម្បីធ្វើដំណើរទៅកាន់កន្លែងផ្សេងៗដែលពួកគេធ្លាប់បានផ្សាយដំណឹងល្អកាលពីដំណើរលើកទីមួយកន្លងមក។ រីឯលោកបាណាបាស គាត់ចង់ឲ្យលោកយ៉ូហានម៉ាកុសទៅជាមួយដែរ។ ប៉ុន្តែលោកប៉ុលមិនចង់ឲ្យលោកយ៉ូហានម៉ាកុសទៅទេដោយសារតែទង្វើដែលគាត់បានប្រព្រឹត្តក្នុងអតីតកាល (កិច្ចការ ១៣:១៣)។
ព្រះទ្រង់បានធ្វើឲ្យការបែកចេញពីគ្នារបស់លោកប៉ុលនិងលោកបាណាបាសប្រែជាក្លាយល្អទៅវិញ។ ម្នាក់ៗបានចេញទៅតាមផ្លូវរៀងៗខ្លួន។ ហេតុនោះហើយ លោកទាំងពីរក៏បានធ្វើដំណើរទៅកាន់ទីកន្លែងកាន់តែច្រើនឡើងលើសពីផែនការដែលមានពីដំបូងទៅទៀត។ លោកបាណាបាសបានយកលោកយ៉ូហានម៉ាកុសធ្វើដំណើរត្រឡប់ទៅកោះគីប្រុស ដែលជាស្រុកកំណើតគាត់វិញ (កិច្ចការ ៤:៣៦)។ លោកប៉ុលក៏បានអញ្ជើញលោកស៊ីឡាសឲ្យទៅជាមួយនឹងលោក។ លោកទាំងពីរក៏បានធ្វើដំណើរទៅកាន់ស្រុកស៊ីរី និងគីលីគា ហើយបានធ្វើឲ្យក្រុមជំនុំរបស់ពួកលោកបានកាន់តែរឹងមាំខ្លាំងឡើង។ លោកបានស្នាក់នៅក្នុងក្រុងតើសុសជាច្រើនឆ្នាំមុនត្រឡប់ទៅទីក្រុងអាន់ទីយ៉ូកជាលើកដំបូង (កិច្ចការ ៩:៣០, កិច្ចការ ១១:២៥, ២៦)។ ឥឡូវនេះ លោកប៉ុលមានឱកាសទៅសួរសុខទុក្ខពួកជំនុំដែលគាត់ចាប់ផ្តើមឡើងម្តងទៀតនៅទីនោះ។ លោក ប៉ុលពុំធ្លាប់នឹកគិតថា ព្រះទ្រង់មានផែនការដ៏ធំសំរាប់រូបលោកឡើយ។
ថ្ងៃអាទិត្យ ទី២៦ សីហា ឆ្នាំ២០១៨
ត្រឡប់ទៅទីក្រុងលីស្ត្រាវិញ (កិច្ចការ ១៥:៤១)
លោកលូកាបានប្រាប់យើងថា លោកប៉ុលបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឌើបេ និងទីក្រុងលីស្ត្រា។ លោកប៉ុលបានធ្វើដំណើរទៅស្រុកស៊ីរី និងស្រុកគីលីគាផងដែរ ព្រមទាំងបានធ្វើឲ្យពួកជំនុំនៅទីនោះកាន់តែរឹងមាំឡើង (កិច្ចការ ១៥:៤១)។
សូមអានខគម្ពីរកិច្ចការ ១៦:១-១៣។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីសេចក្តីស្រឡាញ់ដ៏ ជ្រាលជ្រៅរបស់លោកប៉ុលក្នុងការថ្លែងប្រាប់មនុស្សម្នាទាំងឡាយអំពីដំណឹងល្អថា ព្រះយេស៊ូវសង្គ្រោះ យើងរាល់គ្នាពីអំពើបាបនោះ?
ឪពុករបស់លោកធីម៉ូថេពុំមែនជាសាសន៍យូដាទេ។ ប៉ុន្តែម្តាយរបស់លោកធីម៉ូថេឈ្មោះ អ៊ើនីស គឺជាគ្រីស្ទានសាសន៍យូដា។ លោកធីម៉ូថេបានដឹងអំពីការបង្រៀនរបស់ព្រះគម្ពីរតាំងពីកុមារភាពមកម៉្លេះ។ ចំណេះដឹងព្រះគម្ពីររបស់គាត់បង្ហាញយើងថាគាត់គឺជាមនុស្សដែលគោរពស្រឡាញ់សាសនាខ្លាំងណាស់។ ក្នុងនាមជាគ្រីស្ទាន លោកធីម៉ូថេបានទទួលការគោរពនិងឲ្យតម្លៃពីអ្នកជឿទាំងអស់នៅក្នុងពួកជំនុំរបស់គាត់រួចទៅហើយ។
នៅក្នុងសតវត្សទីមួយនៃគ្រិស្តសករាជ ការរាប់ថានរណាម្នាក់គឺជាសាសន៍យូដាលុះត្រាតែមានឪពុកជាសាសន៍យូដា។ ប៉ុន្តែដោយសារតែលោកធីម៉ូថេមានតែម្តាយជាសាសន៍យូដា គេពុំបានរាប់លោកថាជាសាសន៍យូដាឡើយ ហើយលោកក៏មិនបានទទួលពិធីកាត់ស្បែកដែរ។ ការកាត់ស្បែកមានន័យថា ស្បែកនៅខាងចុងនៃអង្គជាតិរបស់បុរសត្រូវកាត់ចេញ។ តាមទម្លាប់ ទារកសាសន៍យូដាត្រូវទទួលពិធីកាត់ស្បែកនៅថ្ងៃទីប្រាំបីបន្ទាប់ពីកើតមក។
លោកប៉ុលចង់ឲ្យលោកធីម៉ូថេធ្វើការជាមួយគាត់នៅក្នុងសាលាប្រជុំ។ សាលាប្រជុំគឺជា «ព្រះវិហារ» ឬ កន្លែងសំរាប់ថ្វាយបង្គំរបស់សាសន៍យូដា។ ប៉ុន្តែ លោកប៉ុលដឹងថា លោកធីម៉ូថេត្រូវទទួលកាត់ស្បែកជាមុនសិន ទើបពួកសាសន៍យូដាអនុញ្ញាតឲ្យគាត់ចូលទៅធ្វើការនៅក្នុងសាលាប្រជុំបាន។ ហេតុនោះហើយ លោកប៉ុលក៏សូមឲ្យលោកធីម៉ូថេទទួលកាត់ស្បែក។ តើនឹងមានអ្វីកើតឡើង ប្រសិនបើលោកធីម៉ូថេមិនព្រមកាត់ស្បែកវិញ? បើដូច្នោះមែន ពួកយូដានឹងមិនអនុញ្ញាតឲ្យលោកចូលទៅក្នុងសាលាប្រជុំឡើយពីព្រោះពួកគេជឿថាគាត់មិនទាន់គោរពចំពោះព្រះជាម្ចាស់នៅឡើយ។ ប៉ុន្តែ ការដែលលោកធីម៉ូថេទទួលពិធីកាត់ស្បែកនេះពុំបានផ្លាស់ប្តូរសាររបស់លោកប៉ុលដែលថា ព្រះទ្រង់សង្គ្រោះ យើងរាល់គ្នាដោយសារសេចក្តីជំនឿ មិនមែនដោយសារការប្រព្រឹត្តនោះឡើយ។
តមកទៀត លោកប៉ុលបានសំរេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងអេភេសូរ។ ប៉ុន្តែ ស្រាប់តែព្រះ វិញ្ញាណបរិសុទ្ធបានបពា្ឈប់គាត់មិនឲ្យទៅកាន់ទីនោះទេ។ ហេតុនោះហើយ លោកប៉ុលក៏បានចេញដំណើរទៅទិសខាងជើងវិញ។ លោកបានព្យាយាមធ្វើដំណើរទៅកាន់ស្រុកប៊ីធូនា។ ប៉ុន្តែ ជាថ្មីទៀតព្រះវិញ្ញាណបរិសុទ្ធបានឃាត់លោកមិនឲ្យទៅទីនោះឡើយ។ ហេតុនោះលោកប៉ុលក៏ធ្វើដំណើរទៅទ្រអាស ដែលឋិតនៅជិត សមុទ្រវិញ។ ព្រះទ្រង់បានប្រាប់លោកប៉ុលនៅក្នុងសុបិននិមិត្តនាពេលយប់ឲ្យធ្វើដំណើរកាត់សមុទ្រអ៊ីហ្គិន ទៅកាន់ម៉ាសេដូន។ លោកប៉ុលបានប្រាប់មិត្តភក្តិរបស់គាត់អំពីសុបិននិមិត្តនោះ។ ពួកគេមានអារម្មណ៍ថា ព្រះទ្រង់ចង់ឲ្យពួកគេចែកចាយដំណឹងល្អជាមួយនឹងពួកម៉ាសេដូនវិញ។
ចូរគិតអំពីមូលហេតុដែលលោកប៉ុលឲ្យលោកធីម៉ូថេទទួលកាត់ស្បែក។ តើការសំរេចចិត្តនេះបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលជួនកាលយើងត្រូវធ្វើកិច្ចការដែលមិនសូវជាសំខាន់ទេ ប៉ុន្តែវាអាចនឹងជួយយើងឲ្យធ្វើកិច្ចការរបស់ព្រះបានកាន់តែច្រើនឡើងទៅវិញ?
ថ្ងៃច័ន្ទ ទី២៧ សីហា ឆ្នាំ២០១៨
ក្រុងភីលីព (កិច្ចការ ១៦:១១-២៤)
លោកប៉ុល និងមិត្តភក្តិរបស់គាត់បានធ្វើដំណើរពីស្រុកម៉ាសេដូនឆ្ពោះទៅកាន់ទីក្រុងភីលីព។ នៅទីនោះ ពួកគេបានចាប់ផ្តើមពួកជំនុំគ្រីស្ទានដំបូងនៅអឺរ៉ុប។
សូមអានខគម្ពីរ កិច្ចការ ១៦:១១-២៤ អំពីទីកន្លែងដែលលោកប៉ុល និងមិត្តភក្តិបានធ្វើដំណើរទៅនៅថ្ងៃសប្បាតហ៍។ ហេតុអ្វីបានជាពួកគេទៅទីនោះ? តើមានអ្វីកើតឡើងចំពោះពួកគាត់នៅទីនោះ?
រាល់ពេលដែលលោកប៉ុលបានទៅដល់ទីក្រុងណាមួយ លោកតែងតែទៅសាលាប្រជុំនៅថ្ងៃសប្បាតហ៍។ សាលាប្រជុំគឺជា «ព្រះវិហារ» របស់សាសន៍យូដា ឬ ជាកន្លែងសំរាប់ថ្វាយបង្គំព្រះ។ លោកប៉ុលបានទៅទីនោះដើម្បីធ្វើជាសាក្សីប្រាប់ដល់ពួកសាសន៍យូដា (កិច្ចការ ១៣:១៤, ៤២, ៤៤, កិច្ច ការ ១៧:១, ២, កិច្ចការ ១៨:៤)។ ប៉ុន្តែ នៅពេលលោកបានទៅដល់ទីក្រុងភីលីព លោកនិងក្រុមរបស់លោកបានទៅឯមាត់ទន្លេដើម្បីអធិដ្ឋាន។ មានស្ត្រីខ្លះ និងពួកអ្នកជឿសាសន៍យូដា និងសាសន៍ដទៃខ្លះ ចូលរួមជាមួយលោកប៉ុលនិងក្រុមរបស់គាត់នៅឯទន្លេនោះដែរ។ ការនោះប្រាប់យើងថា ពុំមានសាលា ប្រជុំនៅទីក្រុងនោះទេ។ ការពិតនេះសំខាន់ណាស់។ វាបង្រៀនយើងថា លោកប៉ុលពុំមែនទៅកាន់សាលាប្រជុំសាសន៍យូដានៅថ្ងៃសប្បាតហ៍ដើម្បីតែធ្វើទីបន្ទាល់ប៉ុណ្ណោះទេ គឺគាត់ទៅសាលាប្រជុំនៅថ្ងៃសប្បាតហ៍ពីព្រោះលោកថ្វាយបង្គំព្រះនៅថ្ងៃសប្បាតហ៍ដែរ។
សូមអានរឿងនៅក្នុងកិច្ចការ ១៦:២៥-៣៤ អំពីអ្នកយាមគុក ដែលបានក្លាយជាគ្រីស្ទាន។ តើអ្នកយាមគុករូបនោះត្រូវធ្វើអ្វីខ្លះដើម្បីឲ្យបានសង្គ្រោះ?
លោកប៉ុល និងលោកស៊ីឡាសបានឆ្លើយតបទៅនឹងសំណួររបស់អ្នកយាមគុក។ លោកប៉ុល និងលោកស៊ីឡាសប្រាប់ដំណឹងល្អដល់ឆ្មាំគុករូបនោះថា យើងបានសង្គ្រោះដោយសារសេចក្តីជំនឿលើអង្គព្រះយេស៊ូវតែមួយប៉ុណ្ណោះ (រ៉ូម ២:២៨, កាឡាទី ២:១៦)។ ប៉ុន្តែយើងក៏មិនអាចអានរឿងនេះហើយនិយាយថា យើងត្រូវការត្រឹមតែជឿលើព្រះយេស៊ូវហើយទទួលបុណ្យជ្រមុជទឹកប៉ុណ្ណោះទេ។ អ្នកជឿគ្រប់រូបដែលចង់ទទួលពិធីបុណ្យជ្រមុជទឹកត្រូវតែរៀនអំពីសេចក្តីពិតនៃព្រះគម្ពីរជាមុនសិន។
តើយើងដឹងអ្វីខ្លះអំពីឆ្មាំគុករូបនោះ? តើគាត់គឺជាសាសន៍យូដា ឬក៏ជានរណាម្នាក់ផ្សេងទៀតដែលចង់ចូលរួមជាមួយនឹងសាសនាយូដា? មិនថាគាត់ជាសាសន៍យូដា ឬសាសន៍ដទៃនោះទេ ឆ្មាំគុកត្រូវតែជឿលើព្រះយេស៊ូវជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ។ ចុះប្រសិនបើគាត់ជាសាសន៍ដទៃដែលស្គាល់ព្រះ និងថ្វាយបង្គំព្រះអង្គដូចជាលោកកូនេលាស លីឌា (កិច្ចការ ១៦:១៤) និងអ្នកដទៃផ្សេងៗទៀតក្នុងកណ្ឌគម្ពីរកិច្ចការវិញ យ៉ាងម៉េចដែរ? ចុះប្រសិនបើគាត់បានទៅចូលរួមស្តាប់លោកប៉ុលនៅទីប្រជុំទាំងឡាយនៅក្នុងទីក្រុង ហើយបានឮដំណឹងល្អអំពីព្រះយេស៊ូវរួចហើយ យ៉ាងម៉េចវិញ? យើងមិនដឹងពីការពិតឲ្យអស់សេចក្តីអំពីឆ្មាំគុករូបនេះឡើយ។ ហេតុនោះ គ្មាននរណាម្នាក់គួរប្រើរឿងរបស់គាត់ ធ្វើជាហេតុផល ឬលេសដើម្បីលើកយកមកធ្វើពិធីបុណ្យជ្រមុជទឹកដល់មនុស្សទាំងឡាយភ្លាមៗទាំង ដែលពួកគេមិនទាន់បានរៀនព្រះគម្ពីរជាមុនផងនោះឡើយ។
ថ្ងៃអង្គារ ទី២៨ សីហា ឆ្នាំ២០១៨
លោកប៉ុលធ្វើដំណើរទៅទីក្រុងថែស្សាឡូនីច និងទីក្រុងបេរា (កិច្ចការ ១៧:១-៩)
លោកប៉ុល និងលោកស៊ីឡាសត្រូវបានដោះលែងចេញពីគុក។ បន្ទាប់មកពួកគេបានចាក ចេញពីទីក្រុងភីលីព (កិច្ចការ ១៦:៣៥-៤០) ហើយបានបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងថែស្សាឡូនីច ដែលជារដ្ឋធានីនៃស្រុកម៉ាសេដូន។
សូមអានកិច្ចការ ១៧:១-៩។ ដូចដែលបានបង្ហាញក្នុងខទាំងនេះ តើពួកយូដានៅទីក្រុងថែស្សាឡូនីចមានប្រតិកម្មយ៉ាងដូចម្តេចដែរពេលដែលពួកគេបានដឹងថា ការអធិប្បាយរបស់លោកប៉ុល នៅក្នុងចំណោមសាសន៍ដទៃបានទទួលជោគជ័យយ៉ាងធំនោះ?
ជាថ្មីទៀត យើងឃើញថាលោកប៉ុលកំពុងសំឡឹងរកកន្លែងថ្វាយបង្គំព្រះ ដែលអាចឲ្យគាត់ចែកចាយដំណឹងល្អអំពីព្រះយេស៊ូវបាន។ មានពួកសាសន៍ក្រេកដែលស្រឡាញ់ព្រះយ៉ាងជ្រាលជ្រៅ និងពួកស្ត្រីអ្នកមុខជាក្រែលដែរបានជឿលើសាររបស់លោកប៉ុល។ ពួកអ្នកជឿទាំងនេះបានសំរេចចិត្តចូលរួមថ្វាយបង្គំព្រះជាមួយនឹងលោក ប៉ុល និងលោកស៊ីឡាសដែរ (កិច្ចការ ១៧:៤)។ ការចូលរួមជាមួយនឹងលោកប៉ុល និងលោកស៊ីឡាសនេះមើលទៅទំនងដូចជាពួកគេចាប់ផ្តើមក្រុមថ្មីមួយ។ ពួកគេបានជួបជុំគ្នានៅផ្ទះនរណាមួយ។ ផ្ទះនោះអាចជាកម្មសិទ្ធិរបស់អ្នកជឿថ្មីណាម្នាក់ដែលមានឈ្មោះថា យ៉ាសុន។
ពួកសាសន៍យូដានៅទីក្រុងថែស្សាឡូនីចមានពេញដោយកំហឹងច្រណែនពីព្រោះតែក្រុមថ្មីនេះ។ ពួកគេក៏បានចាប់ផ្តើមវាយប្រហារនៅក្នុងទីក្រុង។ ពួកគេចង់នាំយកលោកប៉ុល និងលោកស៊ីឡាសទៅដាក់នៅពីមុខមេដឹកនាំក្រុង និងបន្ទោសពួកគាត់ពីបទឧក្រិដ្ឋ។ ប៉ុន្តែ ពួកយូដារកលោកប៉ុល និងលោកស៊ីឡាសមិនឃើញឡើយ។ ពួកយូដាក្នុងទីក្រុងបានចាប់យ៉ាសុន និងអ្នកជឿថ្មីបួនដប់ទៀតទៅដាក់នៅពីមុខចៅហ្វាយក្រុង។ ពួកយូដាបានចោទយ៉ាសុន និងពួកអ្នកជឿថ្មីៗថា បានការពារមនុស្ស ដែលបង្កបញ្ហា។ ពួកយូដានិយាយថា យ៉ាសុន និងពួកអ្នកជឿថ្មីៗទាំងនេះចង់បង្កការបះបោរប្រឆាំង នឹងរដ្ឋាភិបាល។
សូមអានអំពីពួកសាសន៍យូដានៅទីក្រុងបេរាក្នុងគម្ពីរកិច្ចការ ១៧:១០-១៥។ តើពួកយូដានៅទីក្រុងបេរាមានប្រតិកម្មយ៉ាងដូចម្តេចដែរ? តើពួកគេប្រព្រឹត្តដូចគ្នា ឬក៏ខុសគ្នាពីពួកយូដានៅទីក្រុងថែស្សាឡូនីច?
ពាក្យក្រេក eugenes (កិច្ចការ ១៧:១១) មានន័យថា «នរណាម្នាក់ដែលមានកំណើតខ្ពង់ខ្ពស់»។ ប៉ុន្តែ ក្រោយមកពាក្យនេះត្រូវបានប្តូរអត្ថន័យទៅវិញ។ ឥឡូវនេះពាក្យនេះមានន័យថា នរណាម្នាក់ដែលមាន «ចិត្តគំនិតបើកទូលាយ»។ ខគម្ពីរកិច្ចការ ១៧:១០-១៥ បានប្រើពាក្យនេះក្នុងអត្ថន័យទីពីរ។ ពួកយូដាពីទីក្រុងបេរាទទួលបានការកោតសរសើរដោយសារតែពួកគេបានសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃដើម្បីឲ្យបានដឹងថា តើលោកប៉ុល និងក្រុមរបស់គាត់បានបង្រៀនសេចក្តីពិតដែរឬទេ។ វាជាការងាយនឹងរំភើបចិត្តណាស់ក្នុងការស្តាប់ដំណឹងល្អពេលដែលយើងបានឮវានៅគ្រាដំបូងៗនោះ។ ប៉ុន្តែ ប្រសិនបើយើងមិនបានសិក្សាព្រះគម្ពីរឲ្យបានយល់ពីសេចក្តីពិតទេ នោះបទពិសោធន៍របស់យើងក្នុងការជឿលើសេចក្តីពិតនឹងមិនរីកចំរើនឡើយ។
តើពេលណាដែលជាពេលចុងក្រោយបង្អស់ដែលលោកអ្នកបានសិក្សាព្រះគម្ពីរតាមរបៀប របស់ពួកអ្នកក្រុងបេរានោះ?
ថ្ងៃពុធ ទី២៩ សីហា ឆ្នាំ២០១៨
លោកប៉ុលនៅក្នុងទីក្រុងអាថែន (កិច្ចការ ១៧:២២-៣១)
ទីក្រុងអាថែនគឺជាមជ្ឈមណ្ឌលនៃការសិក្សារៀនសូត្រក្នុងប្រទេសក្រេកក្នុងកំឡុងសម័យកាលគម្ពីរសញ្ញាថ្មី។ ទីក្រុងទាំងមូលសំបូរទៅដោយរូបព្រះក្លែងក្លាយ។ រូបសំណាកនៃបុគ្គល និងព្រះក្លែងក្លាយដែលធ្វើពីថ្មម៉ាបឃើញមានគ្រប់ទីកន្លែង។ រូបសំណាកទាំងនេះជាច្រើនត្រូវបានគេដាក់តាំងនៅតាមផ្លូវចូលទៅកាន់វេទិកាសាធារណៈ។ វេទិកាគឺជាកន្លែងសាធារណៈដែលឋិតនៅកណ្តាលទីក្រុង។ លោកប៉ុលមិនសប្បាយចិត្តឡើយដែលបានឃើញរូបសំណាកនៅគ្រប់ទីកន្លែងយ៉ាងដូច្នេះ។ ហេតុនោះ ហើយ លោកបានប្តូរទម្លាប់ដែលធ្លាប់តែទៅធ្វើពេលណាទៅដល់ទីក្រុងណាមួយនោះ។ គឺគាត់ពុំបានទៅសាលាប្រជុំជាមុនដូចសព្វមួយដងឡើយ។ សាលាប្រជុំគឺជា «ព្រះវិហារ» ឬជាកន្លែងសំរាប់ថ្វាយ បង្គំព្រះរបស់សាសន៍យូដា។ លើកនេះលោកប៉ុលបានធ្វើរឿងពីរយ៉ាង៖ លោកបានជជែកពន្យល់ ជាមួយនឹងពួកយូដា និងពួកអ្នកជឿសាសន៍ដទៃក្នុងសាលាប្រជុំ។ ហើយរាល់ថ្ងៃលោកប៉ុលបានជជែកវែកញែកគ្នានៅទីសាធារណៈជាមួយនឹងពួកសាសន៍ក្រេកក្នុងទីក្រុងអាថែនវិញ (សូមអាន កិច្ចការ ១៧:១៥-២២)។
ពួកអ្នកក្រុងអាថែនតែងតែចង់ដឹងចង់ឮអំពីរឿងថ្មីៗជានិច្ច។ ពួកអ្នកដែលមានចំណូលចិត្តនឹង ការគិតពិចារណាជាច្រើនរូបក្នុងទីក្រុងចូលចិត្តការបង្រៀនរបស់លោកប៉ុល។ ពួកគេបានអញ្ជើញលោកប៉ុលឲ្យអធិប្បាយទៅកាន់ក្រុមប្រឹក្សានៅទួលអើរីយ៉ូស។ ក្រុមប្រឹក្សាអើរីយ៉ូសគឺជាក្រុមមនុស្ស ដែល គ្រប់គ្រងទីក្រុងអាថែន។ នៅក្នុងសេចក្តីអធិប្បាយនោះ លោកប៉ុលពុំបានចែកចាយខព្រះគម្ពីរ ឬថ្លែង ប្រាប់ពួកអ្នកដឹកនាំក្រុងទាំងនោះអំពីប្រវត្តិសាស្ត្រស្តីអំពីសេចក្តីល្អរបស់ព្រះចំពោះសាសន៍អ៊ីស្រាអែលឡើយ។ លោកប៉ុលមានទម្លាប់លើកឡើងពីរឿងទាំងនោះរាល់ពេលដែលលោកអធិប្បាយទៅកាន់ពួកសាសន៍យូដា (សូមអានកិច្ចការ ១៣:១៦-៤១)។ ប៉ុន្តែ ការអធិប្បាយបែបនេះពុំមានន័យសំរាប់ក្រុម សាសន៍ដទៃនេះទេ។ ហេតុនោះហើយ លោកបានសំរេចចិត្តចែកចាយការពិតសំខាន់ៗខ្លះនៃព្រះគម្ពីរប្រាប់ទៅពួកសាសន៍ក្រេកវិញ។ លោកប៉ុលបានប្រើពាក្យពេចន៍ក្នុងសេចក្តីអធិប្បាយរបស់លោកតាម របៀបសាមញ្ញដែលពួកក្រេកអាចយល់បាន។
សូមអានសេចក្តីអធិប្បាយរបស់លោកប៉ុលទៅកាន់ក្រុមប្រឹក្សាអើរីយ៉ូសក្នុង កិច្ចការ១៧:២២-៣១។ តើមានការពិតសំខាន់ៗអ្វីខ្លះអំពីព្រះជាម្ចាស់ សេចក្តីសង្គ្រោះ ប្រវត្តិសាស្ត្រ និងមនុស្សលោក ដែលលោកប៉ុលអធិប្បាយប្រាប់ទៅពួកសាសន៍ក្រេក?
ពាក្យពេចន៍របស់លោកប៉ុលស្តាប់ទៅទំនងដូចជារឿងឆ្កួតៗសំរាប់ក្រុមមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយទាំងនេះ។ គោលគំនិតរបស់គេអំពីព្រះជាម្ចាស់ត្រូវបានបំភ័ន្ត និងយល់ខុស។ យើងពុំដឹងថា តើលោកប៉ុលបានរៀបផែនការបញ្ចប់សាររបស់គាត់ដោយរបៀបណានោះទេ។ គាត់អាចនឹងធ្វើ សេចក្តីបញ្ចប់ភ្លាមៗបន្ទាប់ពីបានមានប្រសាសន៍ថា ព្រះទ្រង់នឹងជំនុំជំរះមនុស្សលោកនៅលើផែនដីនេះ (កិច្ចការ ១៧:៣១)។ សេចក្តីបង្រៀននេះពុំស៊ីគ្នាទៅនឹងគោលជំនឿពីរយ៉ាងរបស់សាសន៍ក្រេកឡើយ៖ ១) ជំនឿរបស់ក្រេកជឿថា ព្រះជាម្ចាស់គ្មានអ្វីមកពាក់ព័ន្ធនឹងរឿងរ៉ាវដែលកើតឡើងទាំងអំបាលម៉ាននៅលើផែនដីនេះឡើយ និង ២) ជំនឿរបស់ក្រេកជឿថា មនុស្សដែលស្លាប់ទៅហើយមិនអាចភ្ញាក់ឡើងពីសេចក្តីស្លាប់បានទេ។ គោលជំនឿទាំងពីរនេះជួយពន្យល់អំពីមូលហេតុដែលពួកក្រេកនិយាយថា ដំណឹងល្អអំពីព្រះយេស៊ូវគឺជារឿងចំកួតនោះ (កូរិនថូសទី១ ១:២៣)។ ហេតុនោះ បានជាមិនសូវ មានមនុស្សច្រើនទេនៅក្រុងអាថែនដែលបានក្លាយជាគ្រីស្ទាននោះ។ ប៉ុន្តែ មានអ្នកធំមួយចំនួនក៏បាន ជឿដែរ រាប់ទាំងលោកឌេវនីស និងអ្នកស្រីដាម៉ារីសផង (កិច្ចការ ១៧:៣៤)។
ថ្ងៃព្រហស្បតិ៍ ទី៣០ សីហា ឆ្នាំ២០១៨
លោកប៉ុលក្នុងទីក្រុងកូរិនថូស (កិច្ចការ ១៨:៤-១៧)
ខគម្ពីរកិច្ចការ ១៨:១-១១ ប្រាប់យើងអំពីបទពិសោធន៍របស់លោកប៉ុលក្នុងទីក្រុងកូរិនថូស។ លោកបានស្នាក់នៅទីនោះអស់រយៈពេលមួយឆ្នាំកន្លះ។ នៅទីនោះលោកបានជួបអ័គីឡា និងព្រីស៊ីល។ ពួកគេបានក្លាយជាមិត្តភក្តិរបស់លោកប៉ុលអស់មួយជីវិត (រ៉ូម ១៦:៣, ធីម៉ូថេទី២ ៤:១៩)។ សាច់ រឿងបង្ហាញប្រាប់យើងថា អ័គីឡា និងព្រីស៊ីលគឺជាគ្រីស្ទានរួចទៅហើយមុនពេលដែលពួកគាត់បានមករស់នៅទីក្រុងកូរិនថូស។ សាសន៍យូដាជាច្រើនត្រូវបានបញ្ជូនឲ្យទៅទីនោះដោយស្តេចក្លូឌាសដែលជា មហារាជនៃចក្រភពរ៉ូម។ អ្នកនិពន្ធសាសន៍រ៉ូមម្នាក់ឈ្មោះ ស៊ូតូនាស (Suetonius) បានផ្តល់តំរុយក្នុងសៀវភៅរបស់គាត់ថា ពួកសាសន៍យូដាត្រូវបានបញ្ជូនចេញពីទីក្រុងរ៉ូមដោយសារតែបញ្ហាទាំងឡាយដែលបានកើតឡើងក្នុងសហគមន៍យូដាក្នុងទីក្រុងនោះ (ដកស្រង់ពី Claudius 25.4)។ បញ្ហាដែលកើតឡើងគឺដោយសារតែពួកគ្រីស្ទានសាសន៍យូដាបានអធិប្បាយអំពីដំណឹងល្អរបស់ព្រះយេស៊ូវប្រាប់ទៅ ពួកសាសន៍យូដានៅទីក្រុងរ៉ូម។ ប្រហែលជាអ័គីឡា និងព្រីស៊ីលមានចំណែកក្នុងការអធិប្បាយដំណឹងល្អនៅក្នុងទីក្រុងរ៉ូមនេះដែរហើយមើលទៅ។ ទោះជាយ៉ាងណា លោកប៉ុល អ័គីឡា និងព្រីស៊ីល មាន ជំនឿដូចគ្នា។ ហើយលោកទាំងបីគឺសុទ្ធតែជាសាសន៍យូដាដូចគ្នា។ លោកប៉ុល និងមិត្តថ្មីរបស់គាត់នេះក៏ជាអ្នកប្រកបរបរដេរតង់លក់ដូចគ្នាដែរ។
សូមអានអំពីកិច្ចការបម្រើព្រះរបស់លោកប៉ុលនៅក្នុងខគម្ពីរកិច្ចការ ១៨:៤-១៧។ តើមានអ្វីកើតឡើងដោយសារតែកិច្ចការដែលលោកប៉ុលបានធ្វើថ្វាយព្រះនៅក្នុងទីក្រុងកូរិនថូស?
លោកស៊ីឡាស និងលោកធីម៉ូថេបានចេញពីស្រុកម៉ាសេដូនហើយក៏បានមកដល់។ ពួកគេបាននាំយកប្រាក់មួយចំនួនដើម្បីជួយឧបត្ថម្ភដល់ពួកជំនុំនៅទីនោះ (កូរិនថូសទី២ ១១:៨, ៩)។ ប្រាក់ នេះបានជួយដល់លោកប៉ុលឲ្យអធិប្បាយព្រះបន្ទូលដោយមិនចាំបាច់រកប្រាក់ក្នុងពេលដំណាលគ្នានោះទេ។ លោកប៉ុលចង់ចំណាយប្រាក់ផ្ទាល់ខ្លួនសំរាប់កន្លែងគេង និងម្ហូបអាហារនៅពេលណាគាត់ អធិប្បាយដំណឹងល្អនៅកន្លែងថ្មីៗ។ ប៉ុន្តែគាត់ក៏បង្រៀនផងដែរថា «ឲ្យពួកអ្នកដែលផ្សាយដំណឹងល្អ បានរស់ដោយសារដំណឹងល្អដូច្នោះដែរ» (កូរិនថូសទី១ ៩:១៤)។
មានសាសន៍យូដាជាច្រើនមិនចូលចិត្តសាររបស់លោកប៉ុលឡើយ។ ប៉ុន្តែពួកអ្នកថ្វាយបង្គំព្រះ ដែលជាសាសន៍យូដា និងសាសន៍ដទៃខ្លះបានជឿវិញ។ គ្រីសប៉ុសគឺជាម្នាក់ក្នុងចំណោមអ្នកជឿថ្មីៗទាំង នោះ។ គ្រីសប៉ុសគឺជាមេលើសាលាប្រជុំ។ សាលាប្រជុំគឺជា «ព្រះវិហារ» ឬ កន្លែងថ្វាយបង្គំព្រះរបស់ពួកសាសន៍យូដា។ គ្រប់គ្នាដែលរស់នៅ និងធ្វើការនៅក្នុងផ្ទះរបស់គ្រីសប៉ុសក៏បានជឿលើដំណឹងល្អ អំពីព្រះយេស៊ូវនេះដែរ។ មានពួកអ្នកក្រុងកូរិនថូសជាច្រើនបានជឿ និងទទួលបុណ្យជ្រមុជទឹក។ រឿងនោះធ្វើឲ្យពួកសាសន៍យូដាដែលនៅក្រុងកូរិនថូសមិនសប្បាយចិត្តឡើយ។ ប៉ុន្តែ បន្ទាប់មកព្រះទ្រង់ក៏បានប្រទានការជាក់ស្តែងនាពេលយប់ដល់លោកប៉ុល។ ក្នុងការជាក់ស្តែងនោះ ព្រះទ្រង់បានប្រាប់លោកប៉ុលឲ្យស្នាក់នៅទីនោះតទៅទៀត (កិច្ចការ ១៨:៩-១១)។
លោកប៉ុលមានអារម្មណ៍ថាគ្មានសង្ឃឹមនឹងមានឱកាសដើម្បីចែកចាយដំណឹងល្អជាមួយនឹងពួកសាសន៍យូដានៅទីក្រុងកូរិនថូសឡើយ។ លោកប៉ុលត្រូវការព្រះអម្ចាស់ឲ្យជួយគាំទ្រដល់រូបគាត់។ តើព្រះបន្ទូលព្រះអម្ចាស់ទៅកាន់លោកប៉ុលក្នុងកិច្ចការ ១៨:១០ ជួយផ្តល់ក្តីសង្ឃឹមអ្វីខ្លះដល់យើងដែរ ពេលដែលយើងត្រូវការបន្ទូលទាំងនោះបំផុតនោះ?
ថ្ងៃសុក្រ ទី៣១ សីហា ឆ្នាំ២០១៨
សិក្សាបន្ថែម
«ចូរកុំអស់សង្ឃឹមនៅពេលដែលលោកអ្នកបង្រៀនអំពីការពិតដែលមនុស្សទាំងឡាយគេមិនចូលចិត្ត។ ជួនកាលលោកអ្នកអាចនឹងជួបមនុស្សខ្លះដែលមិនទទួលយកការពិតទាំងនេះផងក៏មាន។ មនុស្សខ្លះដែលថាពួកគេជាគ្រីស្ទានក៏អាចនឹងបែរចេញពីការពិតទាំងនេះផងដែរ។ រឿងនេះក៏ បានកើតឡើងចំពោះលោកប៉ុល និងមិត្តភក្តិរបស់គាត់យ៉ាងដូច្នោះដែរ។ មនុស្សខ្លះដែលពួកគាត់បានចែកចាយសេចក្តីពិតឲ្យ ពុំបានទទួលយកវាទេ។ អ្នកបម្រើទាំងឡាយរបស់ព្រះយេស៊ូវត្រូវតែមានស្មារតីប្រុងប្រយ័ត្នជានិច្ច។ ពួកគេតោងតែអធិដ្ឋាន។ ការទាំងនេះអាចជួយឲ្យពួកគេមានសុវត្ថិភាពបាន។ ពួកគេត្រូវបន្តកិច្ចការរបស់ពួកគេតទៅទៀត។ ពួកគេត្រូវតែមានសេចក្តីជំនឿ និងមានសេចក្តីក្លាហាន។ ពួក គេត្រូវតែធ្វើការក្នុងព្រះនាមនៃព្រះយេស៊ូវជានិច្ច» (ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 230, adapted)។
«ប្រវត្តិសាស្ត្រនៃផែនដីនេះនឹងដល់ទីបញ្ចប់ឆាប់ៗនេះ។ សេចក្តីពិតសំរាប់ជំនាន់នេះនឹងសាកល្បងយើងរាល់គ្នា។ មនុស្សទាំងឡាយដែលឮសេចក្តីពិតត្រូវតែមានឥរិយាបថដូចជាពួកអ្នកក្រុងបេរា។ ពួកអ្នកក្រុងបេរាសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ។ ពួកគេចង់ដឹងថា តើសារដែលពួកគេបានឮវាពិតប្រាកដដែរឬទេ។ ចុះប្រសិនបើនៅថ្ងៃនេះយើងធ្វើដូចពួកគេដែរតើយ៉ាងដូចម្តេចវិញ? បើដូច្នេះមែន នោះមនុស្សជាច្រើននឹងមានភាពស្មោះត្រង់នឹងក្រឹត្យវិន័យរបស់ព្រះជាមិនខាន។ ប៉ុន្តែ យើងឃើញមានមនុស្សចំនួនតិចណាស់ដែលនៅស្មោះត្រង់សព្វថ្ងៃនេះ......
«ព្រះទ្រង់នឹងជំនុំជំរះមនុស្សម្នាក់ៗដោយសេចក្តីពិតដែលគេម្នាក់ៗបានដឹង។ ព្រះអម្ចាស់បានប្រទានសារនៃសេចក្តីសង្គ្រោះដល់ពួកអ្នកបម្រើព្រះអង្គ។ ព្រះអង្គបានប្រទានសារនេះទៅពួកគេដើម្បីឲ្យពួកគេចែកចាយបន្តទៅមនុស្សដទៃទៀត។ តើពួកគេទាំងនេះទទួលយកសារនេះ ឬក៏បែរចេញ ពីវា? ព្រះទ្រង់នឹងចាប់ឲ្យពួកគេទទួលខុសត្រូវចំពោះជំរើសរបស់ខ្លួនមិនខាន។ អស់អ្នកណាដែលចង់បានសេចក្តីពិតនឹងសិក្សាការបង្រៀនរបស់ព្រះបន្ទូលដែលព្រះទ្រង់បានប្រទានដល់ពួកគេយ៉ាងប្រុងប្រយ័ត្ន។ ពួកគេទាំងនោះនឹងពិនិត្យថា ការបង្រៀននេះត្រូវគ្នានឹងព្រះគម្ពីរជាមុនសិន ទើបព្រមទទួលយក»។ ដកស្រង់ពីប្រភពដដែល (Page 232, adapted)។
សំនួរពិភាក្សា៖
- មនុស្សទាំងឡាយត្រូវសិក្សាការបង្រៀនរបស់ព្រះគម្ពីរឲ្យបានច្បាស់សិនមុននឹងទទួលពិធីបុណ្យជ្រមុជទឹក។ មានការបង្រៀន និងក្បួនច្បាប់សំខាន់ៗអំពីរបៀបរស់នៅជាគ្រីស្ទាន។ ការបង្រៀន និង ក្បួនច្បាប់សំខាន់ៗទាំងនេះតោងតែត្រូវបានបញ្ជាក់ឲ្យច្បាស់ចំពោះអ្នកជឿទាំងឡាយដែលទើបតែមានសេចក្តីជំនឿ» (ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 6, pages 91, 92)។ តើប្រសាសន៍ទាំងនេះ អ្នកស្រី អែល្លិន ជី វ៉ៃត៍ចង់មានន័យថាដូចម្តេចដែរ?
- តើយើងម្នាក់ៗ ក៏ដូចជាពួកជំនុំទាំងមូល អាចបង្ហាញយ៉ាងដូចម្តេចនូវការយល់ដឹងឲ្យបានដូចគ្នានឹងលោកប៉ុលដែរដែលលោកយល់អំពីរបៀបរស់នៅផ្សេងៗគ្នារបស់មនុស្សទាំងឡាយ? ហេតុអ្វីបានជាយើងតោងតែមានឆន្ទៈក្នុងការចង់ជួបមនុស្សទាំងឡាយនៅកន្លែងរបស់ពួកគេនោះ? ជាមួយគ្នានេះ តើយើងត្រូវធ្វើ និងបន្តរក្សាភាពស្មោះត្រង់ចំពោះព្រះ និងគោលជំនឿរបស់យើងដោយរបៀបណាដែរ?