ថ្ងៃសៅរ៍ ទី២៤ វិច្ឆិកា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ យ៉ូហាន ១១:៥១, ៥២ កូរិនថូសទី២ ៥:១៧-២១, អេភេសូរ ៤:២៥-៥:២, រ៉ូម ១៤:១-៦, លូកា ២២:២៤។
ខចងចាំ៖ «តែលោកមិននិយាយសេចក្តីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ» (យ៉ូហាន ១១:៥១, ៥២)។
កាលពីសប្តាហ៍មុន យើងបានឃើញថា ព្រះទ្រង់បានប្រទានសារដ៏សំខាន់ដល់ព្រះវិហាររបស់យើងដើម្បីចែកចាយដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ សារនេះក៏បង្ហាញអំពីការរួបរួមគ្នារបស់យើងរាល់គ្នាផងដែរ។ ការរួបរួមគ្នាគឺជាការព្រមព្រៀងគ្នា។ ក្នុងនាមជាពួកជំនុំ យើងបង្ហាញឲ្យឃើញថា យើងមានការព្រមព្រៀងគ្នានៅពេលដែលយើងមានចិត្តតែមួយ គំនិតតែមួយ និងគោលជំនឿតែមួយ។ ព្រះយេស៊ូវ និងព្រះគម្ពីរគឺស្នូលនៃគោលជំនឿ និងសាររបស់យើង។ យើងរាល់គ្នាខុសពីគេគឺដោយសារតែសារនេះឯង។
សប្តាហ៍នេះ យើងនឹងក្រឡេកមើលអត្ថន័យនៃបទពិសោធន៍ដែលបានមកពីការរួបរួមគ្នាក្នុងជីវិតប្រចាំថ្ងៃរបស់ពួកជំនុំយើង។ ព្រះយេស៊ូវទ្រង់បានប្រាប់យើងថា ពួកជំនុំត្រូវតែធ្វើឲ្យច្រើនជាងគ្រាន់តែនិយាយអំពីសេចក្តីពិត។ ពួកជំនុំខ្លួនឯងត្រូវតែរស់នៅតាមសេចក្តីពិតផងដែរ។ នោះទើបមនុស្សគ្រប់គ្នានៅលើផែនដីនេះនឹងមើលឃើញ និងព្រមទទួលជឿដោយសារកិច្ចការនិងអំណាចរបស់ព្រះយេស៊ូវដែលសង្គ្រោះពួកគេ។ ប៉ុន្តែប្រសិនបើពួកជំនុំគ្មានការព្រមព្រៀងគ្នាទេ នោះគ្មាននរណាម្នាក់នៅលើផែនដីមើលឃើញអំណាចនៃឈើឆ្កាងដែលសង្គ្រោះពួកគេនោះទេ។ «ការដែលយើងបានរួមគ្នាមកតែមួយក្នុងព្រះយេស៊ូវក៏ជួយឲ្យ យើងរួបរួមគ្នាជាមួយនឹងអ្នកដទៃទៀតដែរ។ ការព្រមព្រៀងគ្នា ឬការរួបរួមគ្នានេះគឺជាភស្តុតាងដ៏មានអានុភាពបំផុតនៃអំណាចរបស់ព្រះយេស៊ូវដែលដកយកអំពើបាបចេញ»។ ដកស្រង់ពី Ellen G. White Comments, The SDA Bible Commentary, volume 5, page 1148, adapted ។
ថ្ងៃអាទិត្យ ទី២៥ វិច្ឆិកា ឆ្នាំ២០១៨
នៅក្រោមឈើឆ្កាងរបស់ព្រះយេស៊ូវ
ព្រះទ្រង់បានប្រទានពរដល់ពួកជំនុំរបស់ព្រះអង្គជាអំណោយទានជាច្រើន។ ក្នុងចំណោមអំណោយទានទាំងនោះមានមួយនោះគឺជាការរួបរួមគ្នានៃពួកជំនុំ។ ចូរនឹកចាំថា ការរួបរួមគ្នាគឺជាការ ព្រមព្រៀងគ្នា។ ក្នុងនាមជាពួកជំនុំ យើងបង្ហាញថាយើងមានការព្រមព្រៀងគ្នានៅពេលណាដែលយើងបានរួមគ្នាមានចិត្តតែមួយ គំនិតតែមួយ និងគោលជំនឿតែមួយ។ ការរួបរួមគ្នាមិនមែនកើតឡើង ដោយ សារមនុស្សយើងទេ។ ការរួបរួមគ្នាពុំមែនកើតឡើងក្នុងពួកជំនុំដោយសារតែអំពើល្អដែលយើងធ្វើ ឬ អាកប្បកិរិយាល្អផ្ទាល់ខ្លួនណាមួយរបស់យើងឡើយ។ ព្រះយេស៊ូវប្រទានការរួបរួមដល់យើងនៅពេលដែលយើងទទួលសេចក្តីសុគត និងការអត់ទោសបាបដល់យើងតាមរយៈពិធីបុណ្យជមុជទឹក។ បន្ទាប់មកយើងបានចូលរួមប្រកបគ្នាជាមួយនឹងគ្រីស្ទានដទៃទៀតដើម្បីចែកចាយសាររបស់ទេវតាទាំងបីដល់មនុស្សគ្រប់គ្នាលើផែនដីនេះ។ ការចែកចាយសារនេះជួយយើងឲ្យបានរួមមកតែមួយជាមួយនឹងព្រះ ក៏ដូចជារួមគ្នាមកដូចជាគ្រួសារតែមួយដែរ។
ខគម្ពីរ យ៉ូហាន ១១:៥១, ៥២ និងអេភេសូរ ១:៧-១០ ប្រាប់យើងអំពីមូលហេតុសំរាប់ការរួបរួមគ្នារបស់យើងក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ។ តើព្រះយេស៊ូវទ្រង់បានធ្វើអ្វីខ្លះនៅលើផែនដីនេះដើម្បីបង្រួបបង្រួមយើងរាល់គ្នាឲ្យរួមមកតែមួយ?
«តែលោកមិននិយាយសេចក្តីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ» (យ៉ូហាន ១១:៥១, ៥២)។ វាជាការចំឡែកណាស់ដែលព្រះទ្រង់បានប្រើលោកកៃផាឲ្យពន្យល់អំពីអត្ថន័យនៃការសុគតរបស់ព្រះយេស៊ូវ។ លោកកៃផាពុំបានយល់អំពីអ្វីដែលបានធ្វើឡើយពេលដែលលោកជំនុំជំរះថា ព្រះយេស៊ូវគួរតែសុគតនោះ។ លោកកៃផាពុំយល់ថា ហេតុអ្វីបានជាពាក្យរបស់លោកអំពីព្រះយេស៊ូវត្រូវតែសម្រេចកើតឡើងយ៉ាងពិតប្រាកដនោះទេ។ ប៉ុន្តែ ព្រះគម្ពីរបានប្រើពាក្យទាំងនោះដើម្បីបង្ហាញសេចក្តីពិតដែលមានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅអំពីរបៀបដែលការសុគតរបស់ព្រះយេស៊ូវអាចជួយដល់រាស្ត្រដ៏ស្មោះត្រង់របស់ព្រះទាំងអស់ដែលនៅគ្រប់ទីកន្លែងវិញ។
ក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ យើងជឿដោយសារតែការសុគតរបស់ព្រះយេស៊ូវធ្វើឲ្យយើងមានការព្រមព្រៀងគ្នា។ យើងចាប់ផ្តើមមានបទពិសោធន៍លើការព្រមព្រៀងគ្នានេះនៅពេលដែលយើងជឿលើព្រះយេស៊ូវ ហើយទទួលបុណ្យជ្រមុជទឹក (កាឡាទី ៣:២៦, ២៧)។ បុណ្យជ្រមុជទឹកបង្ហាញថាយើងមានសេចក្តីជំនឿលើព្រះយេស៊ូវ។ បុណ្យជ្រមុជទឹកជួយយើងឲ្យមានទំនាក់ទំនងជាមួយនឹងបងប្អូនអាត់វេនទីស្ទដទៃទៀត។ យើងទាំងអស់គ្នាមានព្រះវរបិតាតែមួយដែលគង់នៅនគរឋានសួគ៌។ យើងទាំងអស់គ្នាគឺជាកូនប្រុសស្រីរបស់ព្រះជាម្ចាស់។ យើងមានព្រះអង្គសង្គ្រោះតែមួយ។ យើងទទួលបុណ្យជ្រមុជទឹក ដោយមានជំនឿដូចគ្នា។ ដោយសារសេចក្តីជំនឿពេលដែលយើងទទួលបុណ្យជ្រមុជទឹក យើងបានចូលរួមស្លាប់ក្នុងសេចក្តីសុគតរបស់ព្រះអង្គ និងចូលរួមរស់ក្នុងសេចក្តីរស់ឡើងវិញរបស់ព្រះអង្គ។
ក្នុងចំណោមពួកអ្នកសេវេនដេយ៍អាត់វេនទីស្ទ អាចនឹងមានភាពខុសប្លែកគ្នាខ្លះៗមិនខាន។ ប៉ុន្តែ ហេតុអ្វីបានជាសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវមានអំណាចខ្លាំងជាងអ្វីផ្សេងទៀតដែលធ្វើឲ្យយើងបែកបាក់នោះទៅវិញ?
ថ្ងៃច័ន្ទ ទី២៦ វិច្ឆិកា ឆ្នាំ២០១៨
កិច្ចការរបស់ព្រះយេស៊ូវគឺត្រូវនាំយើងត្រឡប់ទៅរកព្រះជាម្ចាស់វិញ
ប្រវត្តិសាស្ត្រមនុស្សជាតិនៅលើភពផែនដីនេះគឺពោរពេញដោយសង្គ្រាម និងបញ្ហា។ ជួនកាល មើលទៅទំនងដូចជាបញ្ហា និងការវាយប្រយុទ្ធគ្នាទាំងអស់នោះហាក់ដូចជាមិនដល់ទីបញ្ចប់សោះ។ ប៉ុន្តែ ការទាស់ទែងខ្វែងគំនិតគ្នា និងសង្គ្រាមទាំងអស់នឹងមិនចេះតែបន្តរហូតនោះឡើយ។ ព្រះទ្រង់បានធ្វើការជាមួយនឹងរាស្ត្ររបស់ព្រះអង្គដើម្បីបញ្ចប់ការខ្វែងគំនិតគ្នា និងការប្រយុទ្ធគ្នា ហើយនាំមកនូវការរួបរួមគ្នាឡើងវិញដល់ឋានសួគ៌ និងផែនដី។ យើងដឹងហើយថា ការរួបរួមគ្នាគឺជាការព្រមព្រៀងគ្នា។ ព្រះទ្រង់ចង់រួបរួមជាមួយមនុស្សគ្រប់ៗគ្នា ទាំងនៅលើឋានសួគ៌ ក៏ដូចជានៅលើផែនដី ឲ្យមានចិត្តតែមួយ គំនិតតែមួយ និងគោលជំនឿលើព្រះយេស៊ូវតែមួយ។
ក្នុងខគម្ពីរ អេភេសូរ ២:១៣-១៦ លោកប៉ុលលើកឡើងអំពីអ្វីដែលព្រះយេស៊ូវបានធ្វើដើម្បីនាំមកនូវសេចក្តីសុខសាន្តដល់ពួកអ្នកជឿ។ គឺព្រះយេស៊ូវសុខចិត្តសុគតនៅលើឈើឆ្កាង។ ការសុគតរបស់ព្រះអង្គធ្វើឲ្យទាំងសាសន៍យូដា និងសាសន៍ដទៃក្លាយមកជាសាសន៍តែមួយ។ ការសុគតរបស់ ព្រះយេស៊ូវបានផ្តួលរំលំ «រនាំង» នៃជាតិសាសន៍ និងសាសនាដែលបំបែកពួកគេចេញពីគ្នា។ ព្រះយេស៊ូវទ្រង់បានធ្វើកិច្ចការនោះសំរាប់ទាំងសាសន៍យូដា និងសាសន៍ដទៃក្នុងអំឡុងសតវត្សទី១នៃគ្រិស្តសករាជ (ឆ្នាំទី១ ដល់១០០)។ សាកគិតលមើល តើព្រះអង្គអាចធ្វើអ្វីសំរាប់យើងនៅជំនាន់របស់យើងនេះ! ព្រះអង្គ ក៏អាចដកយករាល់ «រនាំង» នៃពូជសាសន៍ ឬមាគ៌ាជីវិតទាំងអស់ដែលបំបែករាស្ត្ររបស់ព្រះអង្គក្នុងពួកជំនុំផ្ទាល់របស់យើងនាសម័យសព្វថ្ងៃនេះបានដែរ។ ដូច្នេះ ទើបយើងអាចនាំយកសេចក្តីពិតអំពីសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវដល់មនុស្សគ្រប់គ្នានៅលើផែនដីឲ្យពួកគេរួចពីបាបបាន។
ក្នុងខគម្ពីរ កូរិនថូសទី២ ៥:១៧-២១ លោកប៉ុលមានប្រសាសន៍ថា ព្រះយេស៊ូវទ្រង់ធ្វើឲ្យយើងរាល់គ្នាបានត្រឡប់ជាថ្មីក្នុងព្រះអង្គ និងនាំយើងត្រឡប់ទៅឯព្រះជាម្ចាស់វិញ។ តើសេចក្តីពិតនេះបង្ហាញប្រាប់យើងយ៉ាងដូចម្តេចពីកិច្ចការដែលព្រះទ្រង់ចង់ឲ្យយើងធ្វើសំរាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះ? នៅពេលដែលយើងបានរួមគ្នាមកតែមួយក្នុងសេចក្តីពិត តើពួកជំនុំរបស់យើងអាចជួយឲ្យជីវិតរបស់មនុស្សដទៃទៀតមានការផ្លាស់ប្តូរអ្វីខ្លះ?
នៅពេលដែលព្រះយេស៊ូវទ្រង់បានធ្វើឲ្យយើងត្រឡប់ជាមនុស្សថ្មី ព្រះទ្រង់បានប្រទានកិច្ចការពិសេសមួយឲ្យយើងធ្វើថ្វាយព្រះអង្គ។ កិច្ចការនេះមានបីផ្នែកសំខាន់ៗ៖ ១) ព្រះទ្រង់ចង់ឲ្យយើងអញ្ជើញមនុស្សទាំងឡាយគ្រប់ទីកន្លែងឲ្យត្រឡប់មកព្រះអង្គ និងចូលរួមជាមួយនឹងយើងដើម្បីធ្វើការថ្វាយបង្គំព្រះអង្គ។ យើងរាល់គ្នាក៏ធ្លាប់បែកចេញពីព្រះជាម្ចាស់ដែរ។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធបាននាំយើងឲ្យត្រូវគ្នានឹងព្រះដោយសារសេចក្តីជំនឿលើការសុគតរបស់ព្រះយេស៊ូវសំរាប់យើងរាល់គ្នា។ ឥឡូវនេះយើងបានក្លាយជារាស្ត្រជំនាន់ចុងក្រោយរបស់ព្រះ។ ព្រះអង្គបានជ្រើសរើសយើងឲ្យប្រកាសផ្សាយសារចុងក្រោយរបស់ព្រះអង្គយកទៅដាស់តឿនដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះមុនពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ។ ២) ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គបង្ហាញប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះថា ព្រះ យេស៊ូវគឺជាព្រះអង្គសង្គ្រោះ នោះយើងនឹងអាចរួបរួមគ្នាមកតែមួយជាមួយនឹងពួកអ្នកជឿដទៃទៀតក្នុងសេចក្តីស្រឡាញ់នៃពួកគ្រីស្ទាន (យ៉ូហាន ១៣:៣៥)។ ៣) នៅពេលដែលយើងរួមគ្នាមកតែមួយក្នុង សេចក្តីស្រឡាញ់ និងសេចក្តីពិត នោះយើងបង្ហាញទៅទេពនិករគ្រប់អង្គនៅឋានសួគ៌ និងមនុស្សគ្រប់គ្នានៅលើផែនដីនេះថា ផែនការរបស់ព្រះដើម្បីសង្គ្រោះយើងគឺពិតប្រាកដ និងមានពេញដោយព្រះចេស្តា។ នោះទើបគ្រប់គ្នាទាំងនៅឋានសួគ៌និងផែនដីនឹងឃើញថា ផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះគឺពេោរពេញដោយប្រាជ្ញា និងសេចក្តីស្រឡាញ់។
ថ្ងៃអង្គារ ទី២៧ វិច្ឆិកា ឆ្នាំ២០១៨
អំណាចសំរាប់សេចក្តីល្អ
ក្នុងឆ្នាំ ១៩០២ អ្នកស្រីអែល្លិន ជី វ៉ៃត៍បានសរសេរថា «គ្រីស្ទានគ្រប់រូបត្រូវយកគំរូតាមព្រះយេស៊ូវក្នុងកាលដែលព្រះអង្គមានព្រះជន្មនៅលើផែនដីនេះ។ ព្រះអង្គគឺជាគំរូរបស់យើង។ ពិតមែនហើយ ព្រះអង្គពុំបានធ្វើអំពើអាក្រក់ណាមួយឡើយ។ ប៉ុន្តែព្រះអង្គទ្រង់អត់ធ្មត់ ហើយសុភាព។ មនុស្សទាំងឡាយមានការស្រឡាញ់ចូលចិត្តអាកប្បកិរិយារបស់ព្រះអង្គ»។ ដកស្រង់ពី Signs of the Times, July 16, 1902, adapted ។ ពាក្យពេចន៍ទាំងនេះជួយយើងឲ្យនឹកឃើញដល់ពាក្យសម្តីរបស់លោកក្នុងសំបុត្រ របស់លោកទៅកាន់ពួកជំនុំនៅទីក្រុងភីលីពយ៉ាងដូច្នេះថា៖ «លោកអ្នកត្រូវគិត និងប្រព្រឹត្តដូចជាព្រះយេស៊ូវក្នុងការរស់នៅរបស់លោកអ្នកចុះ» (ភីលីព ២:៥, បកប្រែថ្មីពី ICB)។
សូមអានខគម្ពីរ អេភេសូរ ៤:២៥-៥:២ និងកូល៉ុស ៣:១-១៧ ហើយបន្ទាប់មកសូមឆ្លើយនឹងសំណួរទាំងពីរនេះ៖ ១) តើយើងអាចបង្ហាញថាយើងស្មោះត្រង់ចំពោះព្រះយេស៊ូវក្នុងផ្នែកណាខ្លះនៃជីវិតរបស់យើង? ២) តើយើងអាចចែកចាយដំណឹងល្អអំពីព្រះយេស៊ូវជាមួយនឹងមនុស្សដែលយើងជួបជារៀងរាល់ថ្ងៃដោយរបៀបណា?
មានខជាច្រើនក្នុងព្រះគម្ពីរបានលើកទឹកចិត្តពួកគ្រីស្ទានឲ្យដើរតាមគំរូរបស់ព្រះយេស៊ូវ និងបង្ហាញពីក្តីមេត្តាករុណារបស់ព្រះទៅដល់មនុស្សដទៃទៀត។ ព្រះគម្ពីរក៏បានបង្រៀនយើងឲ្យធ្វើល្អដល់អ្នកដទៃ (ម៉ាថាយ ៧:១២), ឲ្យជួយសម្រាលបន្ទុករបស់ពួកគេ (កាឡាទី ៦:២), ឲ្យរស់នៅមានលក្ខណៈព្រលឹងវិញ្ញាណ មិនមែនឥតល្អសោះនោះឡើយ (ម៉ាថាយ ១៦:២៤-២៦, ពេត្រុសទី១ ៣:៣, ៤) និង ឲ្យរស់នៅតាមក្បួនច្បាប់សុខភាពល្អផងដែរ (កូរិនថូសទី១ ១០:៣១)។
«ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។» (ពេត្រុសទី១ ២:១១, ១២)។ ជាញឹកញាប់ យើងមិនយល់ថាហេតុអ្វីបានជាជីវិតរបស់យើងមានអំណាចផ្លាស់ប្តូរជីវិតរបស់មនុស្សដែលនៅជុំវិញយើងនោះឡើយ។ នៅពេលដែលមនុស្សនៅជុំវិញព្រះយេស៊ូវមិនសប្បាយចិត្ត ឬ ខឹងសម្បា ព្រះយេស៊ូវតែងតែរក្សាបាននូវភាពស្ងប់ស្ងាត់ និងអត់ធ្មត់។ ព្រះយេស៊ូវមិនដែលឈប់ខាននឹងបំពេញតាមករណីយកិច្ចរបស់ព្រះអង្គឡើយបើទោះបីជាជីវិតជួបការលំបាកនិងឧបសគ្គរាំងស្ទះយ៉ាងណាក្តី។ នៅពេលដែលមនុស្សនៅជុំវិញព្រះអង្គកាចឃោរឃៅ ព្រះអង្គមានចរិតសុភាពរាបសា ទៅវិញ។ ព្រះគម្ពីរអញ្ជើញយើងរាល់គ្នាឲ្យបង្ហាញទៅមនុស្សគ្រប់គ្នានូវវិញ្ញាណដដែលដែលព្រះយេស៊ូវទ្រង់បានបង្ហាញទៅកាន់មនុស្សទាំងឡាយដែលមិនទាន់ស្គាល់ព្រះ។ នោះយើងនឹងត្រឡប់ជាមានអំណាចសំរាប់សេចក្តីល្អ និងសំរាប់សិរីល្អរបស់ព្រះ។ យើងក៏ត្រូវបង្ហាញមនុស្សទាំងឡាយផងដែរថា យើងយកចិត្តទុកដាក់ដល់ពួកគេ។ នៅពេលដែលពួកអ្នកសេវេនដេយ៍អាត់វេនទីស្ទរួមគ្នាមកតែមួយធ្វើកិច្ចការនេះ នោះយើងនឹងក្លាយជាស្មរបន្ទាល់ដ៏មានអំណាចមិនខាន។
តើលោកអ្នកអាចបង្ហាញព្រះយេស៊ូវទៅកាន់មនុស្សដែលនៅជុំវិញលោកអ្នកដោយរបៀបណា?
ថ្ងៃពុធ ទី២៨ វិច្ឆិកា ឆ្នាំ២០១៨
ព្រះយេស៊ូវបង្រួបបង្រួមយើងមកតែមួយបើទោះបីជាយើងមានការខ្វែងគំនិតគ្នាក្តី
នៅក្នុងកណ្ឌគម្ពីររ៉ូម ជំពូក១៤ និង១៥ លោកប៉ុលរៀបរាប់អំពីបញ្ហាដែលធ្វើឲ្យពួកជំនុំនៅ ទីក្រុងរ៉ូមបែកបាក់គ្នា។ លោកប៉ុលបានសូមឲ្យពួកជំនុំនៅទីក្រុងរ៉ូមមានការអត់ធ្មត់ដល់គ្នាទៅវិញទៅមក និងមិនត្រូវអនុញ្ញាតឲ្យការខ្វែងគំនិតគ្នារបស់ពួកគេបង្កជាការបែកបាក់គ្នានោះឡើយ។ តើយើងអាចរៀន អ្វីខ្លះពីឱវាទរបស់លោកប៉ុលសំរាប់ពួកជំនុំ?
ក្នុងខគម្ពីរ រ៉ូម ១៤:១៦ លោកប៉ុលបានរ៉ាយរ៉ាប់ប្រាប់អំពីការខ្វែងគំនិតគ្នាខ្លះក្នុងពួកជំនុំនៅទីក្រុងរ៉ូម។ ការខ្វែងមតិគ្នាទាំងនេះនាំឲ្យសមាជិកថ្កោលទោសគ្នាទៅវិញទៅមក។ តើអ្វីទៅជាការខ្វែងគំនិតគ្នាទាំងនេះ?
មិនបាច់សង្ស័យឡើយ បញ្ហាក្នុងពួកជំនុំនៅទីក្រុងរ៉ូមគឺពាក់ព័ន្ធនឹងរឿងក្បួនច្បាប់ និងក្រឹត្យវិន័យរបស់ពួកសាសន៍យូដានេះឯង។ លោកប៉ុលពណ៌នាក្នុងគម្ពីររ៉ូម១៤:១ ប្រាប់យើងថា ការខំប្រឹង យកឈ្នះគ្នាលើបញ្ហាទាំងនេះគឺមិនត្រឹមត្រូវទេ។ ពួកគេគ្មានសិទ្ធិអ្វីមកជជែកគ្នាអំពីករណីថាតើនរណានឹងត្រូវបានសង្គ្រោះនោះឡើយ។ លោកប៉ុលមានអារម្មណ៍ថា អ្នកជឿគ្រប់រូបគួរតែសម្រេចចិត្តថា តើ ព្រះទ្រង់ចង់ឲ្យរូបគេម្នាក់ៗធ្វើអ្វី។ ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបង្ខិតបង្ខំជំនឿ ឬជំរើសតាមការបង្ខំរបស់នរណាម្នាក់ឡើយ។
ការខ្វែងគំនិតគ្នាទាំងនេះ ដំបូងឡើយចាប់ផ្តើមពីការញាំុអាហារ។ សូមយើងយល់ពីរឿងនេះឲ្យបានច្បាស់បន្តិច។ លោកប៉ុលពុំបានមានប្រសាសន៍អំពីច្បាប់អាហារស្អាត ឬមិនស្អាតនៅក្នុងគម្ពីរ លេវីវិន័យ១១នោះឡើយ។ ពុំមានភស្តុតាងណាបញ្ជាក់ថា ពួកគ្រីស្ទាននៅជំនាន់លោកប៉ុលចាប់ផ្តើមបរិភោគសាច់ជ្រូក ឬសត្វដែលមិនស្អាតដទៃទៀតឡើយ។ យើងក៏ដឹងផងដែរថា លោកពេត្រុសក៏ពុំបានបរិភោគអាហារដែលមិនស្អាតដែរ (សូមអានកិច្ចការ ១០:១៤)។ លោកប៉ុលកំពុងមានប្រសាសន៍អំពីអ្នកជឿខ្លះក្នុងពួកជំនុំនៅទីក្រុងរ៉ូមដែលពុំព្រមបរិភោគនៅពេលមានការប្រកបអាហារគ្នា។ ប្រហែលជា អ្នកខ្លះមានអារម្មណ៍ថា អាហារដែលប្រកបគ្នានោះចំអិនតាមរបៀបមិនត្រឹមត្រូវ។ ឬមួយក៏ប្រហែលជាពួកគេបដិសេធមិនបរិភោគអាហារប្រកបគ្នានោះដោយសារតែពួកគេគិតថា អាហារនោះត្រូវបានគេឧទ្ទិស ថ្វាយដល់រូបព្រះរួចទៅហើយ។
មានការខ្វែងគំនិតគ្នាមួយទៀតក្នុងពួកជំនុំអំពីអ្វីដែលគួរធ្វើនៅថ្ងៃខ្លះ។ យើងដឹងថា ការខ្វែងគំនិតគ្នានេះមិនទាក់ទងទៅនឹងការរក្សាថ្ងៃសប្បាតហ៍ឡើយ។ យើងដឹងថា លោកប៉ុលតែងតែរក្សាថ្ងៃសប្បាតហ៍ជាបរិសុទ្ធជានិច្ច (កិច្ចការ ១៣:១៤, កិច្ចការ ១៦:១៣, កិច្ចការ ១៧:២)។ ហេតុនោះហើយ ការខ្វែងគំនិតគ្នានេះតាមពិតទៅទំនងជាទាក់ទងនឹងថ្ងៃបុណ្យរបស់សាសន៍យូដាផ្សេងទៀត ឬថ្ងៃតម អត់ទៅវិញទេ។ លោកប៉ុលចង់ឲ្យពួកអ្នកជឿទទួលយកភាពខុសប្លែកគ្នាខ្លះ និងមិនត្រូវព្យាយាមបង្ខិតបង្ខំនរណាម្នាក់ឲ្យជឿដូចខ្លួនឡើយ។ ពួកគេដឹងរួចទៅហើយថា ការរក្សាថ្ងៃបុណ្យណាមួយនឹងមិនអាច សង្គ្រោះពួកគេបានឡើយ។ ហេតុនោះ លោកប៉ុលមានអារម្មណ៍ថា មិនជាទាស់ខុសអ្វីទេដែលអនុញ្ញាតឲ្យមនុស្សទាំងនោះប្រារព្ធពិធីនៅថ្ងៃទាំងនោះ។ តើយើងអាចរៀនបានអ្វីខ្លះពីរឿងនេះ? យើងត្រូវតែខំ ប្រឹងអត់ធ្មត់ និងរៀនចុះសម្រុងនឹងគ្នា បើទោះបីជានៅមានការខ្វែងគំនិតគ្នាខ្លះក្តី។
ថ្ងៃព្រហស្បតិ៍ ទី២៩ វិច្ឆិកា ឆ្នាំ២០១៨
ព្រះយេស៊ូវបង្រួបបង្រួមយើងមកតែមួយក្នុងកិច្ចការថ្វាយព្រះរបស់យើង
ក្នុងខគម្ពីរលូកា ២២:២៤ យើងឃើញសណ្ឋានដែលពួកអ្នកដើរតាមព្រះយេស៊ូវមានអាកប្បកិរិយា និងអារម្មណ៍ចំពោះគ្នាទៅវិញទៅមកជាយ៉ាងណាហើយ។ នៅក្នុងខគម្ពីរ កិច្ចការ ១:១៤ និងកិច្ចការ ២:១, ៤៦ យើងបានអានអំពីអាកប្បកិរិយារបស់ពួកអ្នកដើរតាមព្រះយេស៊ូវមុនពេលដែលព្រះ ទ្រង់បានចាក់បង្អុរព្រះវិញ្ញាណរបស់ព្រះអង្គមកលើពួកគេបន្តិច។ អីក៏ខុសប្លែកគ្នាខ្លាំងម៉្លេះ! តើអ្វីទៅដែលផ្លាស់ប្តូរជីវិតរបស់ពួកគេ?
ពាក្យថា «ពួកទាំងនេះមានចិត្តព្រមព្រៀងគ្នា» ក្នុងខគម្ពីរកិច្ចការ ១:១៤ និង ពាក្យថា «គេ... មានចិត្តព្រមព្រៀងគ្នា» ក្នុង កិច្ចការ ២:៤៦ ក៏មានន័យថា «មិនព្រមចុះចាញ់ ប៉ុន្តែបន្តទៅមុខដោយមានចិត្តតែមួយ» ផងដែរ។ ពួកអ្នកដើរតាមព្រះយេស៊ូវទាំងអស់គ្នាមានចិត្តព្រមព្រៀងគ្នាពីព្រោះពួកគេបាននៅកន្លែងតែមួយជាមួយគ្នាដើម្បីអធិដ្ឋានសូមឲ្យព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ។
ខណៈដែលពួកអ្នកដើរតាមព្រះយេស៊ូវរង់ចាំនោះ ពួកគេពុំបានបន្ទោសគ្នា ឬចោទប្រកាន់គ្នាអំពីកំហុសណាមួយនៅក្នុងអតីតកាលឡើយ។ គ្មាននរណាម្នាក់ចោទលោកពេត្រុសថា លោកជាមនុស្សអាក្រក់ដោយសារតែប្រកែកមិនស្គាល់ព្រះយេស៊ូវនោះឡើយ (យ៉ូហាន ១៨:១៥-១៨, យ៉ូហាន ១៨:២៥-២៧)។ គ្មាននរណាម្នាក់បន្ទោសថូម៉ាសដោយព្រោះតែសង្ស័យថាព្រះយេស៊ូវពិតមានព្រះជន្មរស់ឡើងវិញឬអត់នោះទេ (យ៉ូហាន ២០:២៥)។ គ្មាននរណាម្នាក់បន្ទោសយ៉ូហាន និងយ៉ាកុបដោយសារពួកគាត់សូមឲ្យព្រះយេស៊ូវប្រទានអំណាចនិងកិត្តិយសដល់ខ្លួនក្នុងនគររបស់ព្រះយេស៊ូវជាងអ្នកផ្សេងទៀតនោះឡើយ (ម៉ាកុស ១០:៣៥‑៤១)។ ក៏គ្មាននរណាម្នាក់និយាយអំពីរបៀបដែលលោកម៉ាថាយកេងបន្លំលើពន្ធក្នុងអតីតកាលដែរ (ម៉ាថាយ ៩:៩)។
ពួកអ្នកដើរតាមព្រះយេស៊ូវពុំបានបន្ទោសគ្នាលើរឿងទាំងអស់នោះទៀតឡើយ។ មិត្តភាពដែលពួកគេមាន និងសេចក្តីអធិដ្ឋានរួមគ្នារបស់ពួកគេបានជួយឲ្យពួកគេត្រៀមខ្លួនជាស្រេចដើម្បីទទួលយកព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេកាន់តែខិតជិតស្និទ្ធជាមួយនឹងព្រះ។ ពួកគេទុកចំណង់ចំណូលចិត្តផ្ទាល់ខ្លួនមួយឡែក។ ព្រះវិញ្ញាណបរិសុទ្ធបានជួយពួកគេឲ្យប្រែក្លាយជាស្មរបន្ទាល់ដ៏ក្លាហានសំរាប់ព្រះយេស៊ូវ។ ពួកអ្នកដើរតាមព្រះយេស៊ូវដឹងថា ព្រះយេស៊ូវបានអត់ទោសដល់កំហុសរបស់ពួកគេ។ ការអត់ទោសរបស់ព្រះអង្គធ្វើឲ្យពួកគេមានអារម្មណ៍ក្លាហានដើម្បីធ្វើកិច្ចការថ្វាយព្រះ។ ពួកអ្នកដើរតាមព្រះយេស៊ូវដឹងថា ព្រះយេស៊ូវបានធ្វើអ្វីខ្លះសំរាប់ជីវិតរបស់ពួកគេ។ ពួកគេបានជឿទុកចិត្តលើសេចក្តីសន្យាដែលថាព្រះយេស៊ូវបានសង្គ្រោះពួកគេ។ «ពួកគេមានចិត្តចង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះខ្លាំងជាងអ្វីទាំងអស់។ ពួកគេក៏ចង់បង្កើតនគររបស់ព្រះយេស៊ូវឡើងដែរ»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 49, adapted ។ មិនបាច់ឆ្ងល់ឡើយ ព្រះអម្ចាស់អាចប្រើមនុស្សទាំងនេះឲ្យធ្វើកិច្ចការដ៏មានអំណាចក្នុងព្រះនាមរបស់ព្រះអង្គបាន! តើមេរៀនអ្វីក៏អស្ចារ្យម៉្លេះសំរាប់យើងជាពួកជំនុំនាសម័យសព្វថ្ងៃនេះ!
វាជាការងាយណាស់ក្នុងការចាំចាប់កំហុសក្នុងជីវិតរបស់អ្នកដទៃ។ តើយើងអាចរៀនអត់ទោសកំហុសរបស់អ្នកដទៃដោយរបៀបណាដើម្បីឲ្យយើងក្នុងនាមជាពួកជំនុំអាចរួបរួមគ្នាមកតែមួយក្នុងព្រះយេស៊ូវដើម្បីធ្វើកិច្ចការថ្វាយព្រះ?
ថ្ងៃសុក្រ ទី៣០ វិច្ឆិកា ឆ្នាំ២០១៨
សិក្សាបន្ថែម
សូមអាន Ellen G. White, “Unity in Diversity,”pages 98-103, in Evangelism.
ពួកជំនុំគ្រីស្ទានក្នុងជំនាន់គម្ពីរសញ្ញាថ្មីបានរួបរួមគ្នាមកតែមួយក្នុងព្រះយេស៊ូវ។ មានភាពខុសប្លែកគ្នាច្រើននៅក្នុងពួកជំនុំ។ ប៉ុន្តែ ពួកជំនុំនៅតែជាស្មរបន្ទាល់ដ៏មានអំណាចចំពោះមនុស្សដែលនៅរស់នៅជុំវិញពួកគេ។ ហេតុនោះ តើពួកជំនុំបានរក្សាការរួបរួមគ្នាមកតែមួយក្នុងព្រះយេស៊ូវដោយរបៀបណា? «ព្រះគម្ពីរបង្ហាញប្រាប់យើងថា ព្រះវិញ្ញាណបរិសុទ្ធទ្រង់បានដឹកនាំលើការសម្រេចចិត្តរបស់ពួកជំនុំគម្ពីរសញ្ញាថ្មី។ ព្រះវិញ្ញាណដឹកនាំការសម្រេចចិត្តរបស់ពួកជំនុំតាមវិធីបីយ៉ាង៖ ១) ព្រះវិញ្ញាណប្រាប់ មនុស្សអំពីអ្វីដែលធ្វើ។ (ឧទាហរណ៍ ដូចជាក្នុងរឿងរបស់លោកកូនេលាស លោកអាន្ន៉ានាស និង លោក ភីលីពជាដើម)។ ២) ព្រះវិញ្ញាណបរិសុទ្ធដឹកនាំពួកជំនុំឲ្យប្រើព្រះគម្ពីរដើម្បីធ្វើការសម្រេចចិត្ត។ និង ៣) ព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឲ្យពួកជំនុំជួបប្រជុំគ្នា និងរួមគ្នាដើម្បីធ្វើការសម្រេចចិត្តលើករណីធំៗមួយចំនួន។ (ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំពួកជំនុំឲ្យពិភាក្សាបញ្ហារបស់ពួកគេជាមួយគ្នា សិក្សាព្រះគម្ពីរដើម្បីស្វែងរកចម្លើយ ហើយបន្ទាប់មកព្រមព្រៀងគ្នាធ្វើសេចក្តីសម្រេចចិត្តលើរឿងត្រឹមត្រូវ)។ ព្រះវិញ្ញាណ បាននាំពួកជំនុំឲ្យប្រជុំពិភាក្សាគ្នាលើបញ្ហានៅពេលណាដែលពួកគេមានការខ្វែងគំនិតគ្នាអំពីការបង្រៀន និងរបៀបរបបរស់នៅជាដើម។ កិច្ចប្រជុំទាំងេនះបង្ហាញយើងថា ពួកមេដឹកនាំ និងពួកអ្នកជឿត្រូវតែ ព្រមព្រៀងមកចូលរួមប្រជុំដើម្បីពិភាក្សាបញ្ហារបស់ពួកគេ និងអធិដ្ឋានសំរាប់បញ្ហាទាំងនោះ។ គំរូទាំងនេះបង្ហាញយើងយ៉ាងច្បាស់ថា ព្រះវិញ្ញាណបរិសុទ្ធទ្រង់បានដឹកនាំពួកជំនុំ»។ ដកស្រង់ពី Denis Fortin, “The Holy Spirit and the Church,” in Angel Manuel Rodriguez, editor, Message, Mission and Unity of the Church, pages 321, 322, adapted ។
សំនួរពិភាក្សា៖
- ក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ តើមានអ្វីខ្លះដែលយើងជឿ និងប្រព្រឹត្តតាម រីឯអ្នកសេវេនដេយ៍អាត់វេនទីស្ទដទៃទៀតមានអ្វីខ្លះដែលពួកគេមិនជឿ និងមិនធ្វើតាម? ប្រសិនបើមានមែន តើមានអ្វីខ្លះ? ក្នុងនាមជាពួកជំនុំ តើយើងត្រូវសម្រេចចិត្តយ៉ាងដូចម្តេចដើម្បីឲ្យដឹងថាការបង្រៀនណាមួយ និងរបៀបរស់នៅណាមួយដែលត្រូវប្រកាន់យក? តើយើងត្រូវសម្រេចចិត្តយ៉ាងណាដើម្បីឲ្យដឹងថាសេចក្តីបង្រៀន និងរបៀបរបបរស់នៅបែបណាដែលយើងមិនត្រឹមត្រូវ?
- ក្នុងនាមជាពួកជំនុំ យើងជឿលើសេចក្តីសុគតរបស់ព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ។ ការរស់ឡើងវិញគឺជាការបង្រៀនថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសំរាប់អំពើបាបរបស់យើង ហើយព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ។ តើគោលជំនឿនេះអាចជួយយើងមានភាពជិតស្និទ្ធជាមួយនឹងគ្រីស្ទានដទៃទៀតកាន់តែខ្លាំងឡើងថែមទៀតដោយរបៀបណា?