ថ្ងៃសៅរ៍ ទី២ មីនា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ១៤:៦, ៧, និក្ខមនំ ២០:២‑១១, វិវរណៈ ១៤:១០, ១១, អេសាយ ៣៤:៨‑១០, យូដាស ៩។
ខចងចាំ៖ «នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ» (វិវរណៈ ១៤:១២)។
កណ្ឌគម្ពីរវិវរណៈ បង្ហាញប្រាប់យើងថា ការកុហករបស់សាតាំងនាគ្រាចុងក្រោយនឹងបានទទួលជោគជ័យយ៉ាងធំ។ វានឹងបណ្តាលឲ្យមនុស្សជាច្រើនជ្រើសរើសថ្វាយបង្គំអំណាចសត្វសាហាវដែលឡើងពីសមុទ្រ និងទទួលទីសំគាល់របស់វា។ ប៉ុន្តែ ខគម្ពីរវិវរណៈ ១៤:១‑៥ ប្រាប់យើងថា ព្រះទ្រង់នឹងមាន មនុស្សមួយក្រុមតូចនៅលើផែនដីដែលនៅតែស្មោះត្រង់នឹងព្រះអង្គនៅគ្រាចុងក្រោយ។ ទីបំផុត មនុស្សលោកត្រូវតែជ្រើសរើសថាតើពួកគេត្រូវថ្វាយបង្គំអ្នកណា។ មនុស្សទាំងឡាយណាដែលថ្វាយបង្គំអំណាចសត្វសាហាវដែលឡើងពីសមុទ្រនឹងទទួលទីសំគាល់នៅលើថ្ងាស ឬដៃស្តាំរបស់ពួកគេ។ ទីសំគាល់នេះពុំមែនជាសញ្ញាអ្វីមួយដែលយើងអាចមើលឃើញនឹងភ្នែកនោះទេ។ វាគឺជារូបស័ព្ទមួយតំណាងឲ្យជម្រើសដែលមនុស្សទាំងឡាយសម្រេចចិត្តថាត្រូវបម្រើរដ្ឋាភិបាលសាសនានេះ។
ព្រមពេលជាមួយគ្នានោះដែរ មនុស្សលោកនៅលើផែនដីក៏នឹងឃើញដំណឹងល្អដែលបានត្រូវ ផ្សព្វផ្សាយដោយអំណាចដ៏ខ្លាំងក្លាដែរ។ គ្រាមួយដែលពួកសិស្សរបស់ព្រះយេស៊ូវបានផ្សព្វផ្សាយដំណឹងល្អដោយអំណាចដ៏ខ្លាំងក្លាបែបនេះ គឺធ្លាប់កើតមាននៅគ្រាដែលព្រះទ្រង់បានចាក់បង្អុរព្រះវិញ្ញាណរបស់ព្រះអង្គមកលើពួកជំនុំគម្ពីរសញ្ញាថ្មី។ បន្ទាប់ពីរាស្ត្ររបស់ព្រះផ្សព្វផ្សាយដំណឹងល្អដល់មនុស្សលោកគ្រប់ទីកន្លែងហើយ ព្រះទ្រង់នឹងចាក់សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរមកលើមនុស្សអាក្រក់នៅលើផែនដី។ ប៉ុន្តែ ព្រះទ្រង់បានផ្តល់សេចក្តីព្រមានប្រាប់ដល់មនុស្សគ្រប់គ្នាជាមុនសិន។ ល្បិចរបស់សាតាំងកើតឡើង គ្រប់ទីកន្លែង។ ហេតុនោះ បានជារាស្ត្ររបស់ព្រះត្រូវផ្សាយដំណឹងល្អទៅគ្រប់ទីកន្លែងផងដែរ។ ពួកគេប្រកាសផ្សាយដំណឹងល្អដែលថា ព្រះយេស៊ូវបានសុគតជួសបាបមនុស្សគ្រប់គ្នា។ ព្រះទ្រង់ចង់ឲ្យមនុស្សគ្រប់គ្នាបានសង្គ្រោះ។ សំណួរនៅត្រង់ថា៖ តើអ្នកណាខ្លះនឹងទទួលយកអំណោយសេចក្តីសង្គ្រោះរបស់ ព្រះ ហើយអ្នកណាខ្លះដែលនឹងមិនព្រមទទួល?
ថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ២០១៩
សារទេវតាទាំងបី
នៅមុនពេលបញ្ចប់ប្រវត្តិសាស្ត្ររបស់ផែនដីនេះបន្តិច ព្រះទ្រង់នឹងផ្តល់សារព្រមានដាស់តឿនប្រាប់មនុស្សលោកគ្រប់គ្នានៅលើផែនដី។ ព្រះគម្ពីរបង្ហាញប្រាប់យើងថា សេចក្តីព្រមានទាំងនេះគឺប្រៀបដូចជាទេវតាបីអង្គដែលកំពុងហោះនៅលើមេឃ។ ទេវតាដែលកំពុងហោះទាំងបីនឹងស្រែកដាស់តឿន ប្រាប់មនុស្សគ្រប់គ្នានៅលើផែនដី។ ពាក្យភាសាក្រេកសំរាប់ទេវតាគឺ អែងហ្គេឡស់ (aggelos)។ ពាក្យ នេះមានន័យថា «អ្នកនាំសារ»។ ទេវតាទាំងបីគឺជារូបស័ព្ទដែលបង្ហាញប្រាប់យើងអំពីរាស្ត្ររបស់ព្រះ និងសារចុងក្រោយដែលព្រះទ្រង់បានប្រទានដល់ពួកគេឲ្យចែកចាយផ្សព្វផ្សាយដល់មនុស្សលោកគ្រប់គ្នានៅលើផែនដី។
សូមអានខគម្ពីរវិវរណៈ ១៤:៦ បន្ទាប់មកសូមអានម៉ាថាយ ២៤:១៤។ លោកយ៉ូហានបាន ដាក់ឈ្មោះសាររបស់ទេវតាទីមួយថា «ដំណឹងល្អដ៏នៅអស់កល្បជានិច្ច» (វិវរណៈ ១៤:៦)។ តើចំណងជើងនេះបង្ហាញប្រាប់យើងអ្វីខ្លះដែលថា សារនៃទេវតាទី១គឺព្រះទ្រង់មានគោលបំណងប្រាប់ និងសំរាប់មនុស្សគ្រប់គ្នានៅលើភពផែនដីនេះ? ហេតុអ្វីបានជាសារនេះមានសារៈសំខាន់ដល់គោលជំនឿដែលយើងជឿខ្លាំងម៉្លេះ?
សារទេវតាទី១ គឺជាសារសំរាប់គ្រាចុងក្រោយ។ សារនេះគឺជាដំណឹងល្អអំពីព្រះ ដែលទ្រង់សង្គ្រោះមនុស្សជាតិដោយសារអ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសំរាប់ពួកគេ។ សាររបស់ទេវតាទី១ គឺជា ដំណឹងល្អដែលបន្តជារៀងរហូតពីព្រោះព្រះទ្រង់មិនដែលឈប់ព្យាយាមសង្គ្រោះមនុស្សលោកនោះឡើយ។ ព្រះទ្រង់បានរៀបផែនការនេះដើម្បីសង្គ្រោះយើងមុនពេលដែលព្រះអង្គបង្កើតយើងទៅទៀត (ធីម៉ូថេទី២ ១:៩,ទីតុស ១:២)។
មនុស្សគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ចំពោះសារទេវតាទាំងបីពីព្រោះសារទាំងនោះគឺនិយាយអំពីជីវិតអស់កល្ប។ ហេតុនោះហើយបានជាព្រះទ្រង់បង្គាប់ឲ្យរាស្ត្ររបស់ព្រះចេញទៅផ្សព្វផ្សាយសារទាំងនេះដល់មនុស្សទាំងអស់ដែលកំពុងរស់នៅលើផែនដី។ ក្នុងពេលដំណាលគ្នានេះ សត្វសាហាវដែលឡើងពីសមុទ្រក៏ប្រើអំណាចដែលវាបានទទួលពីសាតាំងយកមកត្រួតត្រាលើមនុស្សលោកដែលកំពុងរស់នៅផែនដីនេះដែរ (វិវរណៈ ១៣:៧)។ ល្បិចកិច្ចកល និងការកុហករបស់សាតាំងនៅគ្រាចុងក្រោយកើតឡើងនៅទូទាំងពិភពលោក។ ប៉ុន្តែ សារចុងក្រោយរបស់ព្រះក៏ត្រូវបានផ្សាយសព្វពេញផែនដីដែរ។
រាស្ត្ររបស់ព្រះផ្សព្វផ្សាយសារទេវតាទាំងបីដើម្បីបពា្ឈប់កិច្ចការរបស់សាតាំង និងបក្ខពួករបស់វានៅគ្រាចុងក្រោយដែលចងក្រងពីអំណាចអាក្រក់ទាំងបី៖ ១) នាគ (ជានិមិត្តរូបតំណាងឲ្យគោលជំនឿដែលថា មនុស្សស្លាប់ហើយអាចទាក់ទងនឹងមនុស្សរស់បាន),២) អំណាចសត្វសាហាវដែលឡើងពីសមុទ្រ (ជានិមិត្តរូបតំណាងឲ្យពួកជំនុំរ៉ូមុាំងកាតូលិក) និង ៣) ហោរាក្លែងក្លាយ ដែលមើលទៅដូចជាកូនចៀម (ជានិមិត្តរូបតំណាងឲ្យពួកជំនុំប្រូតេស្តង់ត៍ទាំងឡាយដែលបែរចេញពីសេចក្តីពិតរបស់ព្រះគម្ពីរ)។ អំណាចទាំងបីនេះនឹងធ្វើការជាមួយសាតាំងរហូតដល់គ្រានៃសេចក្តីវេទនាទី៦បញ្ចប់។ មុនពេលដែលព្រះទ្រង់ចាក់បង្អុរសេចក្តីវេទនាទីប្រាំពីរចុងក្រោយបង្អស់ មនុស្សគ្រប់គ្នានៅលើផែនដីនឹងបានដឹងអំពីភាពខុសប្លែកគ្នាពីសារទាំងពីរនេះ។ ព្រះទ្រង់នឹងប្រើសារមួយបែប ឯសាតាំងនឹងប្រើសារមួយបែបផ្សេងទៀតដើម្បីទាក់ទាញចិត្តគំនិតរបស់មនុស្សលោក។
ថ្ងៃច័ន្ទ ទី៤ មីនា ឆ្នាំ២០១៩
សារទេវតាទី១៖ ភាគ១
សូមអានខគម្ពីរ វិវរណៈ ១៤:៧ និងសាស្តា ១២:១៣, ១៤។ ខទាំងនេះប្រាប់អំពីអត្ថន័យនៃពាក្យថា «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ» (វិវរណៈ ១៤:៧)។ តើពាក្យថា «កោតខ្លាចដល់ព្រះ» មានអត្ថន័យដូចម្តេច? តើគោលគំនិតស្តីអំពីការកោតខ្លាចនេះ មានជាប់ទាក់ទិននឹងដំណឹងល្អស្តីអំពីព្រះយេស៊ូវយ៉ាងដូចម្តេចខ្លះ? តើដំណឹងល្អ និងការស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ ព្រះមានទំនាក់ទំនងគ្នាអ្វីខ្លះដែរ? (សូមអានរ៉ូម ៧:១‑១៣ សំរាប់ជាតម្រុយបន្ថែម)។ តើការលើកតម្កើង ព្រះ និងសរសើរសិរីល្អរបស់ព្រះមានទាក់ទិននឹងគ្នាអ្វីខ្លះ?
ទេវតាទី១ ប្រកាសប្រាប់មនុស្សគ្រប់គ្នានៅលើផែនដីថា «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ»។ ទេវតាដែលចេញសេចក្តីប្រកាសនេះ ក៏មានដំណឹងល្អមកជាមួយដែរ។ រូបស័ព្ទដែលស្តីអំពីទេវតាមានកាន់ដំណឹងល្អមកជាមួយនេះបង្ហាញប្រាប់យើងអំពីរឿងដ៏សំខាន់។ នៅពេលដែលយើងយល់អំពីអ្វីដែលព្រះយេស៊ូវទ្រង់បានធ្វើដើម្បីសង្គ្រោះយើង នោះយើងនឹងលើកតម្កើងព្រះដោយក្តីស្រឡាញ់ និងកោតខ្លាចដល់ព្រះអង្គ។
លោកយ៉ូហានបង្ហាញប្រាប់យើងថា ការសរសើរសិរីល្អដល់ព្រះមានទំនាក់ទំនងគ្នានឹងការកោតខ្លាចដល់ព្រះ (ទំនុកតម្កើង ២២:២៣, វិវរណៈ ១៥:៤)។ នៅពេលណាយើងកោតខ្លាចដល់ព្រះ នោះយើងនឹងបង្ហាញថា យើងស្តាប់បង្គាប់ព្រះអង្គ និងលើកតម្កើងក្រឹត្យវិន័យរបស់ព្រះអង្គ (យ៉ូប ១:៨)។ នៅពេលណាយើងសរសើរសិរីល្អដល់ព្រះ យើងបង្ហាញថា យើងអរគុណព្រះអង្គដែលបានសង្គ្រោះយើង និងធ្វើឲ្យយើងបានជាមេត្រីនឹងព្រះអង្គឡើងវិញ។
តើពាក្យថា កោតខ្លាចព្រះ មានអត្ថន័យដូចម្តេចដែរ? តើវាមានន័យថា យើងត្រូវតែខ្លាចព្រះអង្គឬ? ទេ មិនមែនឡើយ។ វាមានន័យថា យើងត្រូវទុកចិត្តព្រះអង្គ និងយកព្រះអង្គជាទីមួយក្នុងជីវិតរបស់យើង។ រាស្ត្ររបស់ព្រះនាគ្រាចុងក្រោយត្រូវកោតខ្លាចព្រះ (វិវរណៈ ១១:១៨, ១៩:៥)។ អ្នកណាដែលកោតខ្លាចដល់ព្រះនឹងលើកតម្កើងព្រះអង្គដោយការស្តាប់បង្គាប់តាមព្រះអង្គ (ចោទិយកថា ៥:២៩, សាស្តា ១២:១៣, លោកុប្បត្តិ ២២:១២)។
ហេតុអ្វីបានជាយើងត្រូវលើកតម្កើងព្រះ សរសើរសិរីល្អដល់ព្រះអង្គ? ពីព្រោះដល់ពេលដែលព្រះទ្រង់ត្រូវបំពេញកិច្ចការរបស់ព្រះអង្គជាចៅក្រមហើយ (វិវរណៈ ១៤:៧)។ ព្រះទ្រង់នឹងជំនុំជំរះរាស្ត្ររបស់ព្រះអង្គមុនពេលព្រះអង្គយាងមកវិញលើកទីពីរដើម្បីធ្វើឲ្យប្រាកដដល់មនុស្សនៅផែនដី និងគ្រប់គ្នាដែលនៅឋានសួគ៌ដឹងថា យើងបានជ្រើសរើសបម្រើព្រះ។ អំពើនិងកិច្ចការរបស់យើងបង្ហាញឲ្យឃើញពីជម្រើសរបស់យើង។ នៅពេលដែលព្រះអង្គជំនុំជំរះចប់សព្វគ្រប់ នោះនឹងឃើញថា នរណាខ្លះបាន សម្រេចចិត្តនៅខាងព្រះ (វិវរណៈ ២២:១១)។ បន្ទាប់មក ព្រះយេស៊ូវនឹងយាងមកផ្តល់រង្វាន់សំរាប់អំពើល្អ ឬអំពើអាក្រក់ដែលមនុស្សលោកបានធ្វើនៅលើផែនដីនេះ (វិវរណៈ ២២:១២)។
បទគម្ពីរវិវរណៈជំពូក១៤ បង្រៀនយើងថា កិច្ចការរបស់ព្រះក្នុងនាមជាចៅក្រមរបស់យើងគឺជាផ្នែកមួយនៃដំណឹងល្អ។ កិច្ចការរបស់ព្រះក្នុងនាមជាចៅក្រមគឺជាដំណឹងល្អដល់អស់អ្នកណាដែលទទួលអំណោយរបស់ព្រះដើម្បីជួយសង្គ្រោះពួកគេ។ ប៉ុន្តែ កិច្ចការរបស់ព្រះក្នុងនាមជាចៅក្រមគឺជាដំណឹងអាក្រក់សំរាប់អស់អ្នកណាដែលមិនស្តាប់បង្គាប់ព្រះទៅវិញ។ សាររបស់ទេវតាទី១ត្រូវបានប្រកាសផ្សាយប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដីថា ដល់ពេលដែលពួកគេត្រូវបែរចេញពីអំពើបាប ហើយត្រឡប់មករកព្រះវិញហើយ។ ព្រះទ្រង់ផ្ញើសារនេះដល់មនុស្សគ្រប់គ្នានៅលើផែនដីពីព្រោះព្រះអង្គមិនចង់ឲ្យនរណាម្នាក់ខកខានមិនបានរស់នៅជាមួយព្រះអង្គជារៀងរហូតនោះឡើយ។
ថ្ងៃអង្គារ ទី៥ មីនា ឆ្នាំ២០១៩
សារទេវតាទី១៖ ភាគ២
កណ្ឌគម្ពីរវិវរណៈបង្ហាញប្រាប់យើងថា ការថ្វាយបង្គំ និងការស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះនឹងក្លាយជាការសាកពិសោធន៍ដ៏សំខាន់បំផុតចំនួនពីរ នៅគ្រាចុងក្រោយ (វិវរណៈ ១៤:១២)។ មនុស្សលោក នៅលើផែនដីនឹងជ្រើសរើសចូលទៅក្នុងក្រុមណាមួយនៃក្រុមទាំងពីរ៖ ១) ក្រុមដែលថ្វាយ បង្គំព្រះ និងស្តាប់បង្គាប់តាមក្រឹត្យវិន័យ ឬ ២) ក្រុមដែលកោតខ្លាចអំណាចសត្វសាហាវដែលឡើងពីសមុទ្រ និងថ្វាយបង្គំវា។
សូមអានបញ្ញត្តិទី១ដល់ទី៤ របស់ក្រឹត្យវិន័យរបស់ព្រះ (និក្ខមនំ ២០:២‑១១)។ បន្ទាប់មកសូមអានអំពីអ្វីដែលអំណាចសត្វដែលឡើងពីសមុទ្រ និងអំណាចសត្វដែលឡើងពីដីគោកធ្វើនៅក្នុងបទគម្ពីរវិវរណៈ ជំពូក១៣ គឺមានបួនចំណុច៖ ១) ក្នុងអំឡុងយុគកណ្ដាល អំណាចសត្វសាហាវដែលឡើងពីសមុទ្របានបង្ខំមនុស្សឲ្យថ្វាយបង្គំដល់វា (វិវរណៈ ១៣:៧, ៨)។ ២) នៅគ្រាចុងក្រោយ អំណាចសត្វសាហាវដែលឡើងពីដីគោកបង្ខំមនុស្សគ្រប់គ្នាឲ្យគោរពតាមច្បាប់ដែលលើកតម្កើងអំណាចសត្វសាហាវ ដែលឡើងពីសមុទ្រមក (វិវរណៈ ១៣:១៤, ១៥)។ ៣) សត្វសាហាវដែលឡើងពីសមុទ្រពោលពាក្យទាស់នឹងព្រះ និងព្រះនាមរបស់ព្រះអង្គ (វិវរណៈ ១៣:៥, ៦)។ ៤) អំណាចរបស់សត្វសាហាវដែលឡើងពីដីគោក បង្ខំមនុស្សឲ្យទទួលទីសំគាល់របស់សត្វសាហាវដែលឡើងពីសមុទ្រ។ ទីសំគាល់នេះគឺជាភស្តុតាងយ៉ាងពិសេសសំរាប់សំគាល់អំណាចរបស់វា (វិវរណៈ ១៣:១៦, ១៧)។ តើសកម្មភាពទាំងបួននេះបង្ហាញប្រាប់យើងអំពីការវាយប្រហាររបស់សាតាំងមកលើបញ្ញត្តិទី១ដល់ទី៤នៃក្រឹត្យវិន័យរបស់ព្រះយ៉ាងដូចម្តេចខ្លះ?
បញ្ញត្តិទី១ដល់ទី៤ នៃក្រឹត្យវិន័យរបស់ព្រះគឺស្តីអំពីការថ្វាយបង្គំ។ កណ្ឌគម្ពីរវិវរណៈបង្ហាញប្រាប់យើងថា បញ្ញត្តិទាំងបួននេះនឹងក្លាយជាការសាកពិសោធន៍រកមើលភាពស្មោះត្រង់ចំពោះព្រះនៅ គ្រាចុងក្រោយ។ សង្គ្រាមចុងក្រោយរវាងព្រះយេស៊ូវនិងសាតាំង គឺប្រយុទ្ធគ្នានៅលើការថ្វាយបង្គំ និងបញ្ញត្តិ ទាំងបួនដំបូងនេះឯង។
សាររបស់ទេវតាទីមួួយបែងចែកជាពីរផ្នែក។ ផ្នែកទីពីរបង្ហាញប្រាប់យើងអំពីការសាកពិសោធន៍ដ៏សំខាន់បំផុតសំរាប់មនុស្សរស់នៅលើផែនដីនៅគ្រាចុងក្រោយ។ ទេវតាបានសូមឲ្យមនុស្សគ្រប់គ្នា «ក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មាន» (វិវរណៈ ១៤:៧)។ បទបញ្ជានេះបានប្រើពាក្យពេចន៍ដូចគ្នាដែលប្រើនៅក្នុងបញ្ញត្តិទី៤ (និក្ខមនំ ២០:១១)។ ពាក្យពេចន៍ដូចគ្នានៅក្នុងខទាំងពីរនេះបង្ហាញប្រាប់យើងថា ការរក្សាថ្ងៃសប្បាតហ៍ និងការថ្វាយបង្គំព្រះអាទិករគឺ មានទំនាក់ទំនងនឹងគ្នា។
ក្រឹត្យវិន័យរបស់ព្រះ និងព្រះគម្ពីរសុទ្ធតែបានបង្ហាញប្រាប់យើងថា ការថ្វាយបង្គំពិតប្រាកដគឺត្រូវរាប់បញ្ចូលការលើកតម្កើងព្រះនៅថ្ងៃសប្បាតហ៍ផងដែរ។ ថ្ងៃសប្បាតហ៍ដែលត្រូវនឹងថ្ងៃទីប្រាំពីរគឺជាភស្តុតាងយ៉ាងពិសេស ដែលបញ្ជាក់អំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ (និក្ខមនំ ៣១:១៣, អេសេគាល ២០:១២)។ សារទេវតាទី១បង្ហាញប្រាប់យើងថា ព្រះទ្រង់នឹងបង្គាប់មនុស្សលោកនៅគ្រាចុងក្រោយឲ្យថ្វាយបង្គំព្រះអាទិករ និងយកព្រះអង្គជាទីមួយក្នុងជីវិតរបស់ពួកគេ។ ការរក្សាថ្ងៃសប្បាតហ៍ នឹងក្លាយជាផ្នែកដ៏ធំមួយនៃសារនោះ។
ថ្ងៃពុធ ទី៦ មីនា ឆ្នាំ២០១៩
សាររបស់ទេវតាទី២
សារទេវតាទី១ ប្រាប់មនុស្សលោកឲ្យថ្វាយបង្គំព្រះដ៏ពិត។ សារទេវតាទី២ ប្រកាសប្រាប់អំពី ការដួលរលំចុះរបស់បាប៊ីឡូន។ បាប៊ីឡូនគឺជាទីក្រុងមួយក្នុងគម្ពីរសញ្ញាចាស់។ ក្នុងវិវរណៈ បាប៊ីឡូនគឺជា រូបស័ព្ទតំណាងឲ្យអត្ថន័យបីយ៉ាង៖ ១) បាប៊ីឡូនគឺជារូបស័ព្ទតំណាងឲ្យសាសនាក្លែងក្លាយ ២) ក្នុងវិវរណៈ ជំពូក១៤ បាប៊ីឡូនគឺជារូបស័ព្ទតំណាងឲ្យពួកជំនុំប្រូតេស្តង់ត៍នាគ្រាចុងក្រោយដែលបែរចេញពីសេចក្តីពិតរបស់ព្រះគម្ពីរតាមរបៀបដូចគ្នានឹងពួកជំនុំរ៉ូមុាំងកាតូលិកបានធ្វើកាលពីយុគកណ្តាលដែរ។ ៣) ក្នុង វិវរណៈ ១៧ បាប៊ីឡូនគឺជារូបស័ព្ទតំណាងឲ្យពួកជំនុំរ៉ូមុាំងកាតូលិកខ្លួនឯងផ្ទាល់តែម្តង។ ខគម្ពីរវិវរណៈ ១៧:៥ ចែងថា «បាប៊ីឡូនគឺជាម្តាយនៃស្រីសំផឹង។ ដោយការប្រើឧទាហរណ៍នេះ យើងឃើញថា កូនស្រីរបស់បាប៊ីឡូនគឺជារូបស័ព្ទតំណាងឲ្យពួកជំនុំដែលប្រព្រឹត្តខ្លួនដូចជាបាប៊ីឡូន (ពួកជំនុំរ៉ូមុាំងកាតូលិក) ដែរ។ ពួកជំនុំប្រូតេស្តង់ត៍ទាំងនេះមិនព្រមឈប់ជឿតាមការ បង្រៀនក្លែងក្លាយរបស់ បាប៊ីឡូនឡើយ។ ពួកគេនៅតែដើរតាមគំរូរបស់បាប៊ីឡូន៖ ពួកគេបោះបង់សេចក្តីពិតរបស់ព្រះគម្ពីរដើម្បីឲ្យពួកគេអាចធ្វើ ជំនួញជាមួយស្តេចនៅលើផែនដីនេះ» (ដកស្រង់ពី Ellen G. White, The Great Controversy, page 382, 383, adapted)។
ក្នុងខគម្ពីរវិវរណៈ ១៤:៨ លោកយ៉ូហានបានសរសេរពាក្យថា «បានរលំហើយ» ចំនួនពីរដង។ ពាក្យថា «បានរលំហើយ» ប្រាប់យើងថា បាប៊ីឡូនបានចេញពីសេចក្តីពិតរបស់ព្រះគម្ពីរទាំងស្រុង។ នាង បានបណ្តាលប្រទេសទាំងអស់នៅលើផែនដីឲ្យបែរចេញពីព្រះ ដោយសារការផឹក «ស្រា» របស់នាង។ ស្រារបស់បាប៊ីឡូន គឺជារូបស័ព្ទតំណាងឲ្យសេចក្តីបង្រៀនក្លែងក្លាយ។ ប៉ុន្តែហេតុអ្វីបានជាលោកយ៉ូហានមានប្រសាសន៍ថា ឥឡូវនេះបាប៊ីឡូនបានរំលំហើយនៅពេលដែលការរលំនោះមិនអាចកើតឡើងទាំងស្រុងនៅឡើយ រហូតទាល់តែបាប៊ីឡូនធ្វើឲ្យប្រទេសទាំងអស់នៅលើផែនដីផឹក «ស្រា» របស់នាងជាមុនសិន?
លោកយ៉ូហានមានប្រសាសន៍ថា បាប៊ីឡូនបានរលំហើយនាពេលឥឡូវនេះ ដើម្បីបង្ហាញយើង ថា យើងអាចជឿទុកចិត្តលើការដាស់តឿនរបស់ទេវតាដែលប្រាប់ថា ពួកជំនុំប្រូតេស្តង់ត៍ទាំងឡាយនឹងបែរចេញពីព្រះទាំងស្រុងនៅគ្រាអនាគត។ ប៉ុន្តែពេលណា? អ្នកស្រីអែល្លិន ជី វ៉ៃត៍ មានប្រសាសន៍នៅក្នុងសៀវភៅមហាវិវាទថា កាលណា «ពួកជំនុំប្រូតេស្តង់ត៍ទាំងឡាយ (បាប៊ីឡូន) បានរួបរួមគ្នាទាំងស្រុង ជាមួយ នឹងមេដឹកនាំនៅផែនដីនេះ នោះទើបការដួលរលំរបស់នាងនឹងកើតឡើង» (The Great Controversy, page 390, adapted )។
ខគម្ពីរវិវរណៈ ១៧:២ និង ១៨:៣ បង្ហាញយើងថា ពួកជំនុំប្រូតេស្តង់ត៍ជាច្រើននឹងផឹក «ស្រា» របស់បាប៊ីឡូន ហើយបែរចេញពីសេចក្តីពិតរបស់ព្រះគម្ពីរនៅគ្រាចុងក្រោយ។ យើងឃើញថា រឿងនោះ កំពុងតែកើតឡើងសព្វថ្ងៃនេះហើយ ខណៈដែលពួកជំនុំប្រូតេស្តង់ត៍ជាច្រើនបានបែរចេញពី គោលជំនឿដែលខុសប្លែកពីពួកជំនុំរ៉ូមុាំងកាតូលិក។ ពួកជំនុំរ៉ូមុាំងកាតូលិកបានធ្វើឲ្យមនុស្សលោក «ស្រវឹង» នឹងសេចក្តីបង្រៀនក្លែងក្លាយរបស់នាងដើម្បីឲ្យពួកគេថ្វាយបង្គំដល់អំណាចរបស់នាង ជំនួសព្រះទៅវិញ។
ថ្ងៃព្រហស្បតិ៍ ទី៧ មីនា ឆ្នាំ២០១៩
សារទេវតាទី៣
តើខគម្ពីរវិវរណៈ ១៤:១២ ប្រាប់យើងអ្វីខ្លះអំពីរាស្ត្រដ៏ស្មោះត្រង់របស់ព្រះ?
មនុស្សដែលស្ថិតនៅក្នុងខគម្ពីរវិវរណៈ ១៤:១២ គឺខុសគ្នាទាំងស្រុងពីមនុស្សនៅក្នុងខគម្ពីរវិវរណៈ ១៤:៩, ១០ ដែលដើរតាមអំណាចសត្វសាហាវដែលឡើងពីសមុទ្រមក។ លោកយ៉ូហានដាស់តឿនប្រាប់យើងអំពីអ្វីដែលកើតឡើងចំពោះមនុស្សដែលចាកចេញពីព្រះ។ ពួកគេនឹងទទួលរងសេចក្តីក្រោធទាំងស្រុងរបស់ព្រះ។ គម្ពីរសញ្ញាចាស់បានប្រើរូបស័ព្ទពែងស្រាដែលត្រូវចាក់ចេញ ដើម្បីបង្ហាញយើងពីពេលវេលាដែលព្រះទ្រង់នឹងជំនុំជំរះ។ នៅគ្រានោះ សេចក្តីក្រោធដ៏ពេោរពេញរបស់ព្រះនឹងត្រូវចាក់ទៅលើមនុស្សអាក្រក់នៅលើផែនដី គឺជាពួកអ្នកដែលជ្រើសរើសថ្វាយបង្គំសត្វសាហាវដែលឡើងពីសមុទ្រមក។ ព្រះទ្រង់នឹង «ចាក់» សេចក្តីក្រោធ ដែលប្រៀបដូចជាស្រាឥតលាយ ទៅលើពួកគេ។ នៅក្នុងជំនាន់ព្រះគម្ពីរ ជាញឹកញាប់គេនិយមលាយស្រាជាមួយនឹងទឹកដើម្បីកាត់បន្ថយរសជាតិស្រាឲ្យខ្សោយចុះជាងមុន។ ស្រានៅក្នុងវិវរណៈ ១៤:១២ ដែលជាស្រាឥតលាយគឺជារូបស័ព្ទមួយ។ វាបង្ហាញប្រាប់អំពីសេចក្តីក្រោធដ៏ពោរពេញរបស់ព្រះទាស់នឹងអំពើបាប ដែលមិនលាយឡំនឹងសេចក្តីមេត្តាករុណា ឡើយ (ទំនុកតម្កើង ៧៥:៨)។
ក្នុងខគម្ពីរវិវរណៈ ១៤:១០, ១១ លោកយ៉ូហានពន្យល់អំពីអ្វីដែលនឹងកើតឡើងចំពោះពួកអ្នកដើរតាមសត្វសាហាវដែលឡើងពីសមុទ្រ។ ខ១១ចែងថា «ឯផ្សែងនៃសេចក្ដីទុក្ខលំបាករបស់គេ និង ហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ»។ តើខគម្ពីរអេសាយ ៣៤:៨‑១០ និងយូដាសខ៧ ជួយយើង ឲ្យយល់ពីអត្ថន័យក្នុងខគម្ពីរវិវរណៈ ១៤:១១ យ៉ាងដូចម្តេចដែរ?
លោកយ៉ូហានប្រាប់យើងថា ព្រះទ្រង់នឹងបញ្ឆេះពួកអ្នកដែលដើរតាមសត្វសាហាវដែលឡើងពីសមុទ្រនៅក្នុងបឹងភ្លើង។ រូបស័ព្ទនេះបង្ហាញយើងថា មនុស្សទាំងនេះនឹងមិនមានជីវិតរស់នៅទៀតឡើយ។ ពួកគេនឹងត្រូវដុតរហូតទាល់តែឆេះសុសខ្ទេចខ្ទីអស់។ ព្រះទ្រង់ប្រើភ្លើងយកមកដាក់ទោសនៅពេលដែលព្រះអង្គជំនុំជំរះមនុស្សលោកដែលបានប្រព្រឹត្តអាក្រក់ (លោកុប្បត្តិ ១៩:២៤, អេសាយ ៣៤:៨‑ ១០)។ ផ្សែងក៏ជារូបស័ព្ទមួយដែលគេស្គាល់ច្បាស់នៅក្នុងព្រះគម្ពីរដែរ។ ទាំងលោកអេសាយ និងលោកយូដាសសុទ្ធតែបានប្រើផ្សែងជារូបស័ព្ទដើម្បីបង្ហាញថា ទីក្រុងអេដំម និងសូដុំម ត្រូវបានបំផ្លាញទាំងស្រុង។ ទីក្រុងទាំងនេះមិនកំពុងឆេះទេសព្វថ្ងៃនេះ។ ការពិតនេះបង្ហាញយើងថា ចុងបំផុតនៃទីក្រុងទាំងពីរនេះគឺជារៀងរហូត។ តាមរបៀបដូចគ្នានេះ ផ្សែងដែលហុយឡើងជារៀងរហូតពីសាកសពរបស់ពួកអ្នកដើរតាមសត្វសាហាវដែលឡើងពីសមុទ្រដែលឆេះនោះគឺជារូបស័ព្ទមួយ។ ផ្សែងដែលហុយឡើង នោះពុំមែនមានន័យថា សាកសពរបស់សត្រូវរបស់ព្រះនឹងត្រូវឆេះជារៀងរហូតនោះឡើយ។ វាមានន័យថា កាលណារូបកាយពួកគេឆេះខ្ទេចខ្ទីអស់ហើយ ពួកគេនឹងត្រូវស្លាប់ជារៀងរហូត មិនត្រឡប់មករស់វិញទៀតឡើយ។ ពួកគេនឹងត្រូវឆេះយូរល្មមដើម្បីបញ្ជាក់ថានឹងគ្មានអ្វីសេសសល់ទៀតឡើយ។
ថ្ងៃសុក្រ ទី៨ មីនា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Final Warning,” pages 603-612, in The Great Controversy.
កណ្ឌគម្ពីរវិវរណៈបង្ហាញយើងថា ព្រះទ្រង់បង្គាប់រាស្ត្ររបស់ព្រះអង្គឲ្យចេញទៅប្រកាសផ្សាយដំណឹងល្អអំពីព្រះយេស៊ូវប្រាប់មនុស្សគ្រប់គ្នានៅលើផែនដីសំរាប់គ្រាចុងក្រោយ។ កិច្ចការនេះហាក់ដូចជាពិបាកធ្វើខ្លាំងណាស់។ ប្រហែលជាដល់ថ្នាក់មិនអាចធ្វើកើតផងសំរាប់យើង។ ប៉ុន្តែ យើងមានសេចក្តីសន្យារបស់ព្រះដែលប្រាប់ថា ព្រះអង្គនឹងប្រទានអំណាចដល់យើងដើម្បីជួយយើង។
ព្រះទ្រង់ប្រទានកិច្ចការផ្សាយដំណឹងល្អដល់ពួកអ្នកដើរតាមព្រះអង្គឲ្យផ្សាយប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះ។ «អំណាចរបស់ព្រះនឹងនៅតែខ្លាំងក្លានៅពេលបញ្ចប់កិច្ចការនេះដូចគ្នានឹងពេលដែលបានចាប់ផ្តើមដែរ...
«រាស្ត្ររបស់ព្រះនឹងជួយឲ្យមនុស្សដទៃៗទៀតបានទទួលយកដំណឹងល្អ។ តើជោគជ័យរបស់ ពួកគេបានមកពីណា? តើរាស្ត្ររបស់ព្រះបានជោគជ័យដោយសារតែពួកគេមានវោហារល្អឬ? មិនមែនទេ។ ជោគជ័យរបស់ពួកគេបានមកពីព្រះវិញ្ញាណបរិសុទ្ធវិញទេ។ អំណាចរបស់ព្រះអង្គបានពាំនាំសារនោះទៅក្នុងចិត្តរបស់មនុស្សលោក។ ព្រះវិញ្ញាណជួយឲ្យពួកគេបានយល់សារនោះថាពិតប្រាកដមែន។ រាស្ត្ររបស់ព្រះបង្ហាញប្រាប់មនុស្សលោកដទៃទៀតអំពីមូឡហេតុដែលដំណឹងល្អរបស់ព្រះយេស៊ូវពិត ប្រាកដ។ ពួកគេបានដាំគ្រាប់ពូជនៃសេចក្តីពិតក្នុងដួងចិត្តរបស់មនុស្សដទៃទៀត។ គ្រាប់ពូជនោះនឹងដុះឡើងជា ដើមឈើ ដែលនឹងបង្កើតផលផ្លែឡើង»។ ដកស្រង់ពី (Ellen G. White, The Great Controversy, pages 611, 612, adapted)។
រាស្ត្ររបស់ព្រះនឹងប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដីអំពីសារចុងក្រោយរបស់ព្រះ។ សារនោះនឹងនាំមកនូវការបែងចែកដ៏ធំមួយដែលនឹងញែកមនុស្សដែលកំពុងរស់នៅលើផែនដីទៅជាពីរក្រុម៖ ១) មនុស្សដែលដើរតាមព្រះជាម្ចាស់ និង ២) មនុស្សដែលជ្រើសរើសដើរតាមសត្វសាហាវដែលឡើងពីសមុទ្រ។ ព្រះគម្ពីររូបស័ព្ទស្តីអំពីចម្រូតចំនួនពីរករណី។ ចម្រូតគឺជាគ្រាដែលកសិករប្រមូលផលដំណាំដែលដុះក្នុងស្រែចម្ការរបស់ខ្លួន។ រូបស័ព្ទស្តីអំពីចម្រូតបង្ហាញប្រាប់យើងអំពីការបែងចែកដែលបណ្តាលឡើងដោយសារសារចុងក្រោយរបស់ព្រះ៖ ១) ស្រូវសាឡី (រាស្ត្ររបស់ព្រះ) ត្រូវបានប្រមូលទៅទុកក្នុងជម្រុក (វិវរណៈ ១៤:១៤‑១៦) និង ២) ផ្លែទំពាំងបាយជូរ (ពួកអ្នកដើរតាមសាតាំង) ត្រូវបានប្រមូលយកទៅដាក់ក្នុងធុងសំរាប់គាបទំពាំងបាយជូរ ដែលជាកន្លែងដែលពួកគេត្រូវគាប (វិវរណៈ ១៤:១៧‑ ២០)។ បទគម្ពីរវិវរណៈ ១៧‑១៨ ប្រាប់យើងអំពីរឿងទាំងនេះ។
សំនួរពិភាក្សា៖
- មានតែពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទតែមួយគត់ដែលកំពុងផ្សព្វផ្សាយអំពីសាររបស់ទេវតាទាំងបី។ ហេតុអ្វីបានជាការពិតនេះប្រាប់យើងថា កិច្ចការរបស់យើងសំខាន់?
- ហេតុអ្វីបានជាលោកអ្នកគិតថា គ្រីស្ទានជាច្រើនខ្លាចព្រះជំនុំជំរះលើពួកគេ? តើលោកអ្នកអាចជួយឲ្យបងប្អូនគ្រីស្ទានទាំងប្រុសទាំងស្រីយល់កាន់តែប្រសើរឡើងអំពីអ្វីដែលនឹងកើតឡើងនៅពេលដែល ព្រះទ្រង់ជំនុំជំរះយើង?
- តើថ្ងៃសប្បាតហ៍មានអ្វីសំខាន់ខ្លះនៅគ្រាចុងក្រោយ? និងហេតុអ្វី?