ថ្ងៃសៅរ៍ ទី១ មិថុនា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាថាយ ៧:៥, អេភេសូរ ១:៧, ៤:២៦, ២៧, យ៉ូហានទី១ ៤:៧, ៨, ម៉ាថាយ ៧:១២។
ខចងចាំ៖ «ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ» (អេភេសូរ ៤:២៦)។
គ្រប់គ្រួសារទាំងអស់ សុទ្ធតែមានបញ្ហា។ ដោយសារតែអំពើបាបធ្វើឲ្យជីវិតរបស់យើងជួបបញ្ហាជាច្រើន។ បញ្ហាមួយចំនួនងាយស្រួលដោះស្រាយទេ។ ឧទាហរណ៍៖ ដល់វេននរណាត្រូវរើសសំរាមយកទៅចោល? តើកូនស្រីពៅរបស់លោកពិតជាធ្វើកិច្ចការផ្ទះរួចហើយមែនទេ? តើកូនប្រុសរបស់លោកបានបោសសំរាមនៅជុំវិញផ្ទះហើយឬនៅ? លោកអ្នកអាចដោះស្រាយបញ្ហានេះយ៉ាងងាយស្រួលជាងមែនទេ?ពីព្រោះវាមិនប៉ះពាល់ដល់ជីវិតគ្រួសារខ្លាំងទេ។ ប៉ុន្តែ បញ្ហាដទៃផ្សេងទៀតអាចបង្កផលប៉ះពាល់ដល់សេចក្តីសុខសាន្តក្នុងគ្រួសារ។ ចុះម្តាយក្មេកដែលរករឿងកូនប្រសាស្រីនោះយ៉ាងដូចម្តេចដែរ? ម្តាយខ្លះព្យាយាម បំបែកកូនប្រុសរបស់ខ្លួនចេញពីកូនប្រសាស្រី។ ពេលខ្លះអាចដល់កំរិតដែលធ្វើឲ្យកូនប្រសាស្រីនោះព្រួយចិត្តរីងរៃផងក៏មាន! ចុះឪពុកខ្លះដែលឆេវឆាវវាយដំកូនយ៉ាងដូចម្តេចដែរ? ចុះកូនៗដែលបែរចេញពីព្រះ ហើយទៅប្រឡូកប្រឡាក់ក្នុងអំពើបាបវិញយ៉ាងដូចម្តេចដែរ? ចុះកូនស្រីដែលមិនអាចបោះបង់ទម្លាប់អាក្រក់វិញយ៉ាងដូចម្តេចដែរ?
ព្រះគម្ពីរប្រាប់យើងថា យើងគួរតែស្រឡាញ់គ្នាទៅវិញទៅមក (យ៉ូហាន ១៣:៣៤, រ៉ូម ១២:១០)។ យើងគួររស់នៅដោយសេចក្តីសុខសាន្ត (រ៉ូម ១៥:៥, ហេព្រើរ ១២:១៤)។ យើងគួរតែចេះអត់ធ្មត់ សប្បុរស និងយកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមក (កូរិនថូសទី១ ១៣:៤)។ យើងគួរតែយកចិត្តទុកដាក់នឹងមនុស្សជាទីស្រឡាញ់របស់យើងឲ្យលើសពីខ្លួនឯង (ភីលីព ២:៣)។ យើងគួរជួយគ្នាទៅវិញទៅមក (អេភេសូរ ៤:២)។ ជាការពិតណាស់ ការគ្រាន់តែនិយាយវាងាយស្រួលណាស់ រីឯការអនុវត្តទើបជារឿងដែលពិបាកធ្វើ។ ប៉ុន្តែការមានឥរិយាបថល្អអាចជួយយើងក្នុងអំឡុងពេលដែលមានបញ្ហានៅក្នុងគ្រួសារ។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលវិធីដោះស្រាយបញ្ហាខ្លះៗដែលយើងអាចធ្វើបាននៅក្នុងគ្រួសារ។
ថ្ងៃអាទិត្យ ទី២ មិថុនា ឆ្នាំ២០១៩
ជម្លោះ និងការខ្វែងគំនិតគ្នា
សូមអានខគម្ពីរម៉ាថាយ ៧:៥ និងសុភាសិត ១៩:១១។ តើក្បួនច្បាប់ចំនួនពីរដែលខទាំងនេះ បង្រៀនយើងមានអ្វីខ្លះ? តើក្បួនច្បាប់ទាំងនេះអាចជួយយើងដូចម្តេចខ្លះកុំឲ្យប្រកែក ឬតបតនឹងអ្នកដទៃ?
កណ្ឌគម្ពីរសុភាសិតផ្តល់ឲ្យយើងនូវឱវាទដ៏ប្រសើរថា៖ «ការចាប់ផ្តើមប្រកាន់គ្នា នោះប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរលើកការទាស់គ្នាចេញ មុនដែលកើតមានការប្រឈ្លោះគ្នាផង។» (សុភាសិត ១៧:១៤)។ បន្ទាប់ពីរឿងរ៉ាវចាប់ផ្តើមហើយវាអាចជាការលំបាកសម្រាប់យើងក្នុងការឈប់តតាំងគ្នា។ ខគម្ពីររ៉ូម ១៤:១៩ ប្រាប់យើងថា យើងអាចធ្វើរឿងពីរដើម្បីបពា្ឈប់កុំឲ្យមានជម្លោះតទៅទៀត។ ១) យើងអាចធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរស់នៅដោយសេចក្តីសុខសាន្ត។ ២) យើងអាចព្យាយាមធ្វើតែរឿងមួយចំនួនប៉ុណ្ណោះដើម្បីកុំឲ្យអ្នកដទៃទៀតទាស់ចិត្ត។ យើងគួរតែអនុវត្តតាមក្បួនច្បាប់ទាំងនេះក្នុងជីវិតរបស់យើងប្រសិនបើយើងចង់រស់នៅដោយសេចក្តីសុខសាន្តជាមួយអ្នកដទៃ។ ប៉ុន្តែ វាកាន់តែសំខាន់ឡើងថែមទៀត ប្រសិនបើយើងអនុវត្តក្បួនច្បាប់ទាំងនេះក្នុងគ្រួសាររបស់យើង។
តើលោកអ្នកអាចធ្វើអ្វីផ្សេងទៀតដើម្បីបពា្ឈប់កុំឲ្យមានជម្លោះ? សូមសួរសំណួរនេះដល់ខ្លួនឯងថា៖ តើខ្ញុំខុសអ្វី? ប្រសិនបើលោកអ្នកខុសមែន សូមទទួលស្គាល់ថាខុសចុះ។ ភាពស្មោះត្រង់ជួយបន្ទន់ចិត្តរបស់មនុស្សដែលកំពុងខឹងនឹងលោកអ្នក។ សូមថយមួយជំហានចេញពីការប្រកែកគ្នា ហើយសួរខ្លួនឯងថា៖ តើជម្លោះនេះផ្តល់ប្រយោជន៍អ្វីដល់ខ្ញុំខ្លះ? កណ្ឌគម្ពីរសុភាសិតក៏បានចែងផងដែរថា៖ «មនុស្សមានសុភវិនិច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុសចំពោះខ្លួនឡើយ។» (សុភាសិត ១៩:១១, គខប)។ ចូរសាកល្បងអនុវត្តវិធីរបៀបនេះក្នុងជីវិតរបស់លោកអ្នកក្នុង រវាងបីថ្ងៃលមើល។ ដើម្បីឲ្យកាន់តែប្រសើរថែមទៀតសូមសួរខ្លួនឯងថា៖ «ចុះប្រសិនបើខ្ញុំអនុវត្តឲ្យបាន៥ ទៅ១០ឆ្នាំទៀត តើលទ្ធផលចេញមកនឹងល្អប៉ុនណាទៅ?»។ តើមានអាពាហ៍ពិពាហ៍ប៉ុន្មានករណីហើយដែលបានជួបនឹងគ្រាលំបាកក្នុងអតីតកាលដោយសារតែបញ្ហាដែលឥឡូវនេះមើលទៅតូចតាច និងកំបិុកកំប៉ុកសោះនោះ?
សូមកុំទុកឲ្យជម្លោះអូសបន្លាយពេលយូរតទៅទៀតឡើយ។ នេះគឺជាវិធីដ៏មានសារៈសំខាន់មួយទៀតដែលអាចជួយដល់លោកអ្នក៖ សូមប្រាប់ទៅមនុស្សដែលធ្វើឲ្យលោកអ្នកមិនសប្បាយចិត្តអំពីបញ្ហា ពិតប្រាកដ។ សូមនិយាយដោយត្រង់ទៅត្រង់មក និងមិនបែកចេញពីប្រធានបទ។ សូមកុំនិយាយនូវពាក្យគ្រោតគ្រាត។ ហើយក៏មិនត្រូវរំលើកបើកកកាយរឿងពីអតីតកាលដែរ។ សូមចាប់ផ្តើមដោយប្រាប់ទៅកាន់មិត្តភក្តិ អ្នកធ្វើការជាមួយ កូនៗ ឬប្តី ឬប្រពន្ធរបស់លោកអ្នកថា លោកអ្នកយកចិត្តទុកដាក់នឹងបុគ្គលនោះខ្លាំងណាស់។ បន្ទាប់មក លោកអ្នកអាចចាប់ផ្តើមលើកឡើងអំពីបញ្ហានោះតែម្តង។ ចូរប្រយ័ត្ន មិនត្រូវប្រើពាក្យថា «ប៉ុន្តែ» ដាច់ខាត។ ពាក្យថា «ប៉ុន្តែ» នេះនឹងលុបរឿងដ៏ល្អៗទាំងឡាយដែលលោកអ្នកបានលើកឡើង។ សូមសំដែងអារម្មណ៍ស្មោះត្រង់របស់លោកអ្នកឲ្យគេបានឃើញ។ បន្ទាប់មកចូរស្តាប់ភាគីម្ខាងទៀតលើកឡើងវិញម្តង។ ចូរចំណាយពេលដើម្បីគិតអំពីពាក្យពេចន៍របស់គាត់។ ហើយបន្ទាប់មកទៀត ចូររួមគ្នាគិតដើម្បីរកដំណោះស្រាយដ៏ប្រសើរបំផុតសំរាប់មនុស្សគ្រប់គ្នា (ភីលីព ២:៤, ៥)។
ចូរគិតអំពីជម្លោះដែលលោកអ្នកធ្លាប់ជួបកាលពីអតីតកាល ដែលឥឡូវនេះមើលទៅដូចជាឆ្កួតៗសោះ។ តើលោកអ្នកបានរៀនអ្វីខ្លះពីបទពិសោធន៍នេះ? តើវាជួយទប់ស្កាត់កុំឲ្យរឿងនោះកើតឡើងម្តងទៀត ដោយរបៀបណា?
ថ្ងៃច័ន្ទ ទី៣ មិថុនា ឆ្នាំ២០១៩
ក្បួនច្បាប់ដ៏សំខាន់មួយចំនួនសម្រាប់អាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍ និងថ្ងៃសប្បាតហ៍គឺជាអំណោយទានមកពីព្រះ។ ព្រះអង្គបានប្រទានវាដល់មនុស្សលោកកាលនៅក្នុងសួនអេដែន។ ក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ យើងដឹងអំពីអ្វីដែលសាតាំងបានធ្វើ និងកំពុងធ្វើដើម្បីព្យាយាមបំផ្លាញថ្ងៃសប្បាតហ៍ និងអាពាហ៍ពិពាហ៍។ ហេតុនោះ យើង ក៏ដឹងផងដែរថា សូម្បីតែអាពាហ៍ពិពាហ៍ដ៏ប្រសើរបំផុតគ្រប់សម័យកាលទាំងអស់ក៏ជួបបញ្ហាដែរ។
នោះគឺជាមូលហេតុដ៏សំខាន់សំរាប់យើងក្នុងការក្រឡេកមើលក្បួនច្បាប់ក្នុងព្រះគម្ពីរមួយចំនួន។ ក្បួនច្បាប់ទាំងនេះអាចជួយគូស្វាមីភរិយាឲ្យដោះស្រាយបញ្ហាក្នុងអាពាហ៍ពិពាហ៍របស់ពួកគេបាន។
សូមអានអេភេសូរ ១:៧។ តើក្បួនច្បាប់ដ៏សំខាន់អ្វីដែលលោកអ្នកអាចរៀនពីខនេះ? ហេតុអ្វីបានជាក្បួនច្បាប់នេះត្រូវតែជាផ្នែកមួយនៃអាពាហ៍ពិពាហ៍ដ៏ល្អ?
យើងតោងតែរៀនអត់ទោសដល់គ្នាទៅវិញទៅមក។ យើងតោងតែអត់ទោសដល់ប្តី ឬប្រពន្ធរបស់យើងមុនពេលដែលពួកគេយល់ច្បាស់ថាគាត់បានធ្វើឲ្យយើងឈឺចាប់ប៉ុនណានោះទៅទៀត។ វាជាការងាយស្រួលនឹងអត់ទោសដល់នរណាម្នាក់ ដែលបានធ្វើអ្វីមួយដើម្បីទទួលបានការអត់ទោស។ ប៉ុន្តែ តើរឿងនោះជាការអត់ទោសពិតប្រាកដឬ? អត់ទេ។ ការអត់ទោសពិតប្រាកដមានន័យថា យើងអត់ទោសដល់មនុស្សដែលពុំបានធ្វើអ្វីមួយដើម្បីបានទទួលការអត់ទោសឡើយ។ នោះហើយគឺជារបៀបដែល ព្រះទ្រង់អត់ទោសដល់យើងក្នុងអង្គព្រះយេស៊ូវ។ ហេតុនោះ យើងតោងតែអត់ទោសដល់មនុស្សដទៃដូចជាព្រះទ្រង់អត់ទោសដល់យើងដែរ។ ប្រសិនបើយើងមិនព្រមអត់ទោសទេ នោះអាពាហ៍ពិពាហ៍របស់យើងនឹងប្រែក្លាយជាសុបិនអាក្រក់ដែលយើងធ្លាប់ជួបរៀងរាល់រាត្រីនោះមិនខាន។
សូមអានរ៉ូម ៣:២៣។ តើខនេះបង្រៀនក្បួនច្បាប់ដ៏សំខាន់អ្វីដល់យើង?
លោកអ្នកតោងតែទទួលស្គាល់ដំណឹងមិនល្អខ្លះថា៖ លោកអ្នកបានរៀបការជាមួយនឹងមនុស្សមានបាប។ ចូរស៊ាំនឹងពាក្យនេះចុះ។ ចិត្ត គំនិត រូបកាយ និងវិញ្ញាណរបស់គាត់ ឬរបស់នាង ប្រាកដជារងផលប៉ះពាល់ខ្លះដោយសារអំពើបាបមិនខានឡើយ។ ហេតុនោះ ចូរទទួលភាពកម្សោយ និងកំហុស របស់មនុស្សជាទីស្រឡាញ់របស់លោកអ្នកចុះ។ លោកអ្នកចាំបាច់ត្រូវរស់នៅជាមួយភាពកម្សោយរបស់គាត់ ឬរបស់នាង។ ប៉ុន្តែ លោកអ្នកមិនត្រូវគិតអំពីវារាល់ពេលវេលាដែរ ទោះជាយប់ ឬថ្ងៃក្តី។ ប្រសិនបើលោកអ្នកនៅតែគិត វានឹងធ្វើបាបលោកអ្នកទាំងរស់! ព្រះទ្រង់ក៏ទទួលស្គាល់យើងតាមភាពបរិសុទ្ធ និងភាពគ្រប់លក្ខណ៍ដែលយើងមានដែរ។ លោកអ្នកផ្ទាល់ក៏ពិបាកនឹងមានជីវិតបរិសុទ្ធ និងគ្រប់លក្ខណ៍ទៅហើយ។ ហេតុនោះ លោកអ្នកតោងតែទទួលស្គាល់ស្វាមីឬភរិយារបស់លោកអ្នក ដូចជាព្រះទ្រង់ ទទួលស្គាល់លោកអ្នកក្នុងអង្គព្រះយេស៊ូវយ៉ាងនោះដែរ។
សូមអានភីលីព ២:៤‑៨។ តើខនេះបង្រៀនយើងអំពីក្បួនច្បាប់ដ៏សំខាន់អ្វីដែរ? តើក្បួនច្បាប់នេះអាចជួយយើងឲ្យដោះស្រាយបញ្ហាអាពាហ៍ពិពាហ៍យ៉ាងដូចម្តេចខ្លះ? តើវាអាចជួយយើងឲ្យមានទំនាក់ ទំនង និងមិត្តភាពដ៏ល្អជាមួយនឹងមនុស្សដទៃទៀតដោយរបៀបណាដែរ?
ថ្ងៃអង្គារ ទី៤ មិថុនា ឆ្នាំ២០១៩
កំហឹង និងការឈ្លោះប្រកែកគ្នា
យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ខឹងនឹងនរណាម្នាក់។ ពេលដែលខឹង យើងពុំមានអារម្មណ៍ល្អទេ មែនទេ? ប៉ុន្តែ យើងមានអារម្មណ៍កាន់តែមិនល្អថែមទៀតពេលដែលមនុស្សដែលធ្វើឲ្យយើងខឹងគឺជាសមាជិកនៃគ្រួសារផ្ទាល់របស់យើងនោះ។ ការដែលយើងមិនព្រមអត់ទោសឲ្យគាត់ឬនាង ធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។ ពេលដែលយើងខឹង វាអាចធ្វើឲ្យយើងមានអារម្មណ៍ហាក់ដូចជាកំពុងតែផឹកថ្នាំពុលដែរ។ កំហឹងក៏អាចបង្កឲ្យមានការឈឺចាប់ និងទុក្ខវេទនានៅក្នុងផ្ទះរបស់យើង និងក្នុងគ្រួសាររបស់យើងផងដែរ។
សូមអានអេភេសូរ ៤:២៦, ២៧ និងសាស្តា ៧:៩។ ខទាំងនេះបង្រៀនយើងថា កំហឹងគឺជាអារម្មណ៍ពុះកញ្ជ្រោលមួយបែប។ ទន្ទឹមគ្នានោះដែរ កំហឹងក៏អាចប្រែក្លាយជាអំពើបាបបានដែរ។ ហេតុនោះ តើពេលណាដែលកំហឹងប្រែក្លាយជាអំពើបាប? ហើយពេលណាដែលកំហឹងមិនមែនជាអំពើបាប? តើទាំងពីរយ៉ាងនេះខុសគ្នាយ៉ាងដូចម្តេចខ្លះ?
តើលោកយ៉ាកុបមានប្រសាសន៍អំពីអ្វីខ្លះនៅក្នុងខគម្ពីរយ៉ាកុប ១:១៩, ២០? ហេតុដូចម្តេចបានជាយើងគួរអនុវត្តតាមក្បួនច្បាប់ដ៏សំខាន់នេះគ្រប់ពេលទាំងអស់? តើវាអាចជួយយើងដូចម្តេចខ្លះក្នុងការដោះស្រាយបញ្ហាជាមួយនឹងសមាជិកគ្រួសារដែលធ្វើឲ្យយើងខឹងសម្បា?
តើលោកអ្នកគួរធ្វើអ្វីខ្លះកាលណាលោកអ្នកខឹងនឹងអ្វីមួយ? សូមកុំបណ្តោយឲ្យកំហឹងរបស់លោកអ្នកផ្ទុះចេញដូចជាដុំពពកខ្មៅលើជីវិតរបស់លោកអ្នកឲ្យសោះ។ សូមបង្វែរកំហឹងរបស់លោកអ្នកទៅរឿងដែលល្អៗជំនួសវិញ។ សូមងាកមកអធិដ្ឋានឲ្យមនុស្សដែលធ្វើឲ្យលោកអ្នកឈឺចាប់ និងធ្វើមិនល្អចំពោះលោកអ្នកវិញ។ សូមអត់ទោសដល់ពួកគេ។ សូមធ្វើល្អដាក់ពួកគេចុះ។ ដំបូងឡើយវាមិនងាយនឹងធ្វើបានទេ។ ប៉ុន្តែសូមសម្រេចចិត្តថា ត្រូវតែមានចិត្តសប្បុរស និងអត់ទោសដល់គេ។ បន្ទាប់មក ចូរព្យាយាមអនុវត្តការសម្រេចចិត្តនេះឲ្យបាន។ ព្រះទ្រង់នឹងជួយបំពេញបន្ថែម។
ជួនកាល ដល់យើងធំឡើង យើងបែរជានឹកខឹងឪពុកម្តាយរបស់យើងដែលមានចិត្តមិនល្អដាក់យើងកាលយើងនៅក្មេងទៅវិញ។ មនុស្សដែលឆាប់ខឹងច្រើនតែចេញពីគ្រួសារដែលពូកែខឹង។ កូនៗ ច្រើនតែប្រព្រឹត្តតាមគ្រួសាររបស់ពួកគេ។ ពួកគេសំដែងចេញនូវឥរិយាបថដដែលនេះនៅពេលដែលពួកគេធំឡើង។ ឪពុកម្តាយបានចែកទម្លាប់មិនល្អនេះដល់កូនៗរបស់ខ្លួន។ ជួនកាលអ្នកខ្លះខឹងដោយសារតែគ្មាននរណាម្នាក់ក្នុងជីវិតនេះអាចផ្តល់នូវអ្វីដែលពួកគេត្រូវការបំផុតបាន។ ឧទាហរណ៍ដូចជាកាអ៊ីន កំហឹងរបស់គាត់បានលេចចេញមកដោយសារតែគាត់ច្រណែននឹងអេបិលដែលជាប្អូនប្រុសរបស់គាត់។ ការច្រណែនរបស់កាអ៊ីនធ្វើឲ្យគាត់មានកំហឹងយ៉ាងខ្លាំង។ គឺកំហឹងនេះហើយដែលបណ្តាលឲ្យគាត់ សម្លាប់អេបិលចោលនោះ។
ប្រហែលជាលោកអ្នកមានហេតុផលដ៏ល្អសម្រាប់ការពារកំហឹងរបស់លោកអ្នកហើយ។ ប៉ុន្តែសូមកុំប្រើប្រាស់ហេតុផលនោះធ្វើជាលេសដើម្បីរក្សាទុកកំហឹងនោះឲ្យសោះ។ សូមកុំប្រព្រឹត្តធ្វើហាក់ដូចជាលោកអ្នកកំពុងខឹងដែរ។ សូមកុំព្យាយាមបង្ហាញថា ហេតុអ្វីបានជាលោកអ្នកត្រូវ ហើយអ្នកដែលធ្វើឲ្យលោកអ្នកខឹងគឺជាអ្នកខុសឡើយ។ សូមទូលទៅព្រះជាម្ចាស់ឲ្យជួយលោកអ្នកឲ្យបែរចេញពីកំហឹង ហើយងាកទៅប្រព្រឹត្តរឿងល្អៗវិញ។ លោកប៉ុលបានផ្តល់ឱវាទដ៏ល្អដល់យើងថា៖ «កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ។» (រ៉ូម ១២:២១)។
តើព្រះជាម្ចាស់អាចជួយយើងឲ្យចេះគ្រប់គ្រងលើកំហឹងរបស់លោកអ្នកដូចម្តេចខ្លះ?
ថ្ងៃពុធ ទី៥ មិថុនា ឆ្នាំ២០១៩
ជម្លោះ ហិង្សា អំណាច និងការត្រួតត្រា
ជួនកាលយើងមិនអាចដោះស្រាយបញ្ហា និងការខ្វែងគំនិតគ្នារបស់យើងជាមួយនឹងមនុស្សដទៃទេ។ បន្ទាប់មក កំហឹងរបស់យើងក៏អាចក្លាយទៅជារឿងដ៏គ្រោះថ្នាក់ណាស់។ កំហឹងអាចបណ្តាលឲ្យយើងបង្កផលប៉ះពាល់ និងការឈឺចាប់ដល់អ្នកដទៃតាមរូបភាពដ៏អាក្រក់មួយចំនួន។ ពួកគេអាចនឹងស្រែកជំទាល ឬស្រែកគំហកដាក់ភាគីម្ខាងទៀត។ ពួកគេអាចនិយាយពាក្យគំរោះគំរើយធ្វើឲ្យអ្នកដទៃឈឺចាប់។ ពួកគេអាចប៉ះពាល់រាងកាយដោយខុសទំនងដល់ភាគីជម្លោះ។ ពួកគេអាចនឹងចាប់បង្ខំឲ្យមានការរួមភេទ។ ពួកគេអាចទះ ឬទាត់ធាក់ដាក់ម្នាក់ទៀត។ ឥរិយាបថអាក្រក់នេះគេហៅថា ហិង្សា។ ហិង្សាគឺជាសណ្ឋាន ឬទម្រង់ដែលទាស់ទទឹងនឹងសេចក្តីស្រឡាញ់ ដែលជាច្បាប់របស់នគរព្រះ។
តើក្បួនច្បាប់មួយចំនួនដែលលោកអ្នករៀនសូត្រពីខគម្ពីរយ៉ូហានទី១ ៤:៧, ៨ និង កូល៉ុស ៣:១៩ មានអ្វីខ្លះ? តើក្បួនច្បាប់ទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលមានមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រសើរជាមួយនឹងមនុស្សដទៃ?
«ពួកប្រុសៗអើយ ចូរស្រឡាញ់ប្រពន្ធចុះ កុំឲ្យមានចិត្តជិនឆ្អន់ឡើយ» (កូល៉ុស ៣:១៩)។ តើលោកអ្នកឃើញពាក្យ «ជិនឆ្អន់» ឬទេ? ក្នុងភាសាក្រេក ពាក្យថា «ជិនឆ្អន់» មានន័យថា «ខឹងនឹងនរណាម្នាក់»។ វាក៏មានន័យថា »បណ្តាលឲ្យនរណាម្នាក់មានអារម្មណ៍ឈឺចាប់គ្រប់ពេលវេលា» និង «បង្ហាញឫកពាស្អប់ខ្ពើមដាក់នរណាម្នាក់» ផងដែរ។ លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថា៖ យើងតោងស្រឡាញ់ស្វាមី និងភរិយារបស់ខ្លួន។ យើងមិនត្រូវប្រើពាក្យគ្រោតគ្រាត ឬកាយវិការឆ្គាំឆ្គងដាក់ពួកគេទេ។ អំពើហិង្សាគឺមិនមែនជាឥរិយាបថត្រឹមត្រូវសំរាប់គ្រីស្ទានឡើយ។ ប៉ុន្តែសេចក្តីស្រឡាញ់ទើបជាឥរិយាបថដ៏ត្រឹមត្រូវ។ លោកប៉ុលមានប្រសាសន៍ថា សេចក្តីស្រឡាញ់គឺត្រូវអត់ធ្មត់ និងសប្បុរស។ សេចក្តីស្រឡាញ់គឺមិន ច្រណែនឈ្នានីសទេ។ សេចក្តីស្រឡាញ់ក៏មិនចេះអួតខ្លួន។ សេចក្តីស្រឡាញ់ក៏មិនដែលមានចិត្តធំ។ សេចក្តីស្រឡាញ់មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង ក៏មិន ប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្តីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្តីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ និយាយរួម សេចក្តី ស្រឡាញ់ខុសពីហិង្សាទាំងស្រុងតែម្តង។
នៅក្នុងអាពាហ៍ពិពាហ៍ដ៏ប្រពៃពិត គូស្វាមីភរិយាមានអារម្មណ៍ថាពួកគេមានសេចក្តីសុខ និងសុវត្ថិភាពណាស់។ ពួកគេអាចរក្សាសេចក្តីសុខសាន្តរបស់ពួកគេមិនឲ្យមានកំហឹងចេញមករំខានជីវិតពួកគេឡើយ។ ប៉ុន្តែ សម្រាប់អ្នកដែលត្រូវគេវាយធ្វើបាប ឬស្រែកគំហកដាក់ ជាញឹកញាប់តែងគិតថា ពួកគេបានធ្វើអ្វីមួយខុសហើយបានជាទទួលការដាក់ទោសបែបនេះ។ រឿងនោះមិនពិតទេ! ជនដែលបង្កការឈឺចាប់ដល់អ្នកដទៃគេចង់ត្រួតត្រាលើជនរងគ្រោះទៅវិញទេ។ ពួកគេឆ្លាតណាស់ក្នុងការបង្វែរអារម្មណ៍ជនរងគ្រោះឲ្យគិតថាខ្លួនជាអ្នកខុសទៅវិញ។ ប៉ុន្តែជនបង្កហិង្សាទាំងនេះត្រូវតែទទួលខុសត្រូវសំរាប់អំពើដែលពួកគេបានជ្រើសរើសយកមកប្រព្រឹត្ត។ ដំណឹងល្អនោះគឺថា ព្រះគម្ពីរបានផ្តល់ការកំសាន្តចិត្តដល់មនុស្សដែលរងគ្រោះដោយអំពើហិង្សាដែរ។
ថ្ងៃព្រហស្បតិ៍ ទី៦ មិថុនា ឆ្នាំ២០១៩
ការអត់ឱនទោស និងសេចក្តីសុខសាន្ត
«ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រឹត្យវិន័យ ហើយជាសេចក្ដីទំនាយរបស់ពួកហោរា» (ម៉ាថាយ ៧:១២)។ តើលោកអ្នកត្រូវអនុវត្តក្បួនច្បាប់នេះក្នុងជីវិតរបស់លោកអ្នកតាមវិធីណា? តើលោកអ្នកអាចធ្វើវាបានដល់កំរិតណា?
លោកប៉ុលមានប្រសាសន៍ថា៖ «ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានវិសុទ្ធទៀតផង បើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤, គខប)។ ជួនកាល យើងអាចនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យបានសុខនឹងនរណាម្នាក់។ ប៉ុន្តែចុះប្រសិនបើបុគ្គលនោះមិនស្តាប់យើង ឬមិនព្រមកែប្រែវិញ យ៉ាងដូចម្តេចដែរ? តើយើងត្រូវធ្វើយ៉ាងដូចម្តេចទៀត? យើងតោងតែបន្តអត់ទោសដល់បុគ្គលរូបនេះតទៅទៀត។
ការអត់ឱនទោសគឺជាផ្នែកដ៏សំខាន់ណាស់ដែលអាចជួយដោះស្រាយបញ្ហាខ្វែងគំនិតគ្នារបស់លោកអ្នក។ តើមានអ្វីកើតឡើងកាលណានរណាម្នាក់ធ្វើបាបទាស់នឹងលោកអ្នក? គឺសាតាំងដាក់រនាំង រវាងបុគ្គលនោះនិងលោកអ្នកហើយ។ រនាំងនេះនឹងរារាំងលោកអ្នកមិនឲ្យស្រឡាញ់ដល់មនុស្សដែលធ្វើឲ្យលោកអ្នកឈឺចាប់។ ការអត់ឱនទោសគឺជាជម្រើសមួយដែលអាចជួយលោកអ្នកឈ្នះលើរនាំងនោះ។
«ព្រះទ្រង់អត់ទោសដល់យើងកាលណាយើងចេះអត់ទោសដល់អ្នកដទៃ។ ការអត់ឱនទោសទាំងអស់ចាប់ផ្តើមពីសេចក្តីស្រឡាញ់របស់ព្រះ។ យើងមិនអាចរកសេចក្តីស្រឡាញ់នេះបានឡើយ។ ប៉ុន្តែឥរិយាបថរបស់យើងបង្ហាញប្រាប់ទៅអ្នកដទៃអំពីសេចក្តីស្រឡាញ់ដែលមាននៅក្នុងដួងចិត្តរបស់យើង»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 251។ «ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង» (ម៉ាថាយ ៧:២)។
ក្នុងពេលទន្ទឹមគ្នានោះដែរ កាលណាយើងធ្វើអ្វីមួយខុស យើងតោងតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីព្យាបាលទំនាក់ទំនងបាក់បែករវាងយើង និងជនរងគ្រោះ។ យើងត្រូវប្រាប់ដល់គាត់ ឬនាងថា យើងសូមទោស។ បន្ទាប់មក យើងត្រូវសូមឲ្យគាត់ ឬនាងអភ័យទោសដល់យើង។ នោះហើយគឺជាអ្វីដែលព្រះយេស៊ូវប្រាប់យើងឲ្យធ្វើ៖ «ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ» (ម៉ាថាយ ៥:២៣, ២៤)។វាជាការប្រពៃណាស់កាលណាមនុស្សដែលធ្វើឲ្យលោកអ្នកឈឺចាប់និយាយមកកាន់លោកអ្នកថា «ខ្ញុំសូមទោស» ហើយសូមការអភ័យទោសពីយើង។ វាក៏ជាការប្រពៃដែរកាលណាយើងធ្វើរឿងដូចគ្នានេះដល់មនុស្សដទៃទៀត។
ចូរនឹកគិតអំពីកំហុសទាំងអស់ ដែលលោកអ្នកត្រូវការឲ្យព្រះ និងមនុស្សដែលលោកអ្នកស្គាល់ ព្រមអត់ទោសដល់លោកអ្នក។ តើការនោះជួយឲ្យលោកអ្នករៀនអត់ទោសដល់អ្នកដទៃយ៉ាងដូចម្តេចខ្លះ?
ថ្ងៃសុក្រ ទី៧ មិថុនា ឆ្នាំ២០១៩
សិក្សាបន្ថែម
មានឪពុកម្តាយជាច្រើនកំពុងមានបញ្ហាអំពីរបៀបចិញ្ចឹមកូនរបស់ខ្លួន។ ឪពុកខ្លះពុំបានចំណាយពេលច្រើនជាមួយកូនៗរបស់ខ្លួនឡើយ។ គាត់ពុំបានដឹងថាតើកូនៗរបស់គាត់មានឥរិយាបថ យ៉ាងដូចម្តេចទេ។ គាត់ពុំបានយល់អំពីចំណុចខ្សោយរបស់ពួកគេទេ។ ឪពុកខ្លះខំប្រឹងប្រដៅកូនៗរបស់គាត់ទាំងកំហឹង។ ពួកគាត់មិនចេះទប់កំហឹងរបស់ខ្លួនទេ។ កូនៗក៏មើលឃើញចំណុចខ្សោយនេះពីឪពុក ដែរ។ ហេតុនោះ កាលណាឪពុកដាក់ទោសកូនៗ វាពុំបានជួយកែប្រែឥរិយាបថមិនល្អរបស់ពួកគេទេ។ វាបានត្រឹមតែធ្វើឲ្យកូនៗខឹងតែប៉ុណ្ណោះ។ បន្ទាប់មកពួកគេក៏ក្រោកតតាំងនឹងអ្វីដែលត្រឹមត្រូវ។ ជួនកាល ម្តាយខ្លះបណ្តោយឲ្យមានកំហុសកើតឡើងក្នុងពេលដាក់ទោសកូនៗរបស់ខ្លួន។ កូនៗខ្លះមិនដឹងថាពួកគេខុសអ្វី ហើយគួរធ្វើអ្វីដែលត្រឹមត្រូវឡើយ។ ហេតុនោះ តើឲ្យកូនៗទាំងនោះធ្វើអ្វីវិញ? ពួកគេបានត្រឹមតែព្យាយាមចេញពីទង្វើណាដែលប្រឈមនឹងការដាក់ទោសតែប៉ុណ្ណោះ។ ដោយសារការអនុវត្តបែបនេះ គឺឪពុកម្តាយកំពុងតែបណ្តុះគ្រាប់ពូជអាក្រក់ក្នុងចិត្តរបស់កូនៗហើយ។ គ្រាប់ពូជទាំងនេះនឹងដុះដាលឡើងចេញជារុក្ខជាតិ ដែលមានផលផ្លែស្អុយរលួយ»។ ដកស្រង់ពី Ellen G. White, The Adventist Home, pages 314, 315, adapted ។
«ផ្ទះរបស់យើងគួរតែជាកន្លែងដែលមានសេចក្តីស្រឡាញ់។ យើងគួរតែស្វាគមន៍សេចក្តីសុខ សាន្ត សេចក្តីស្រឡាញ់ និងអំណរចូលមកក្នុងផ្ទះរបស់យើងជារៀងរាល់ថ្ងៃ។ នោះទើបអំណោយទានដ៏វិសេសទាំងនេះគង់វង្សក្នុងដួងចិត្តរបស់សមាជិកគ្រួសារគ្រប់រូបរបស់យើងបាន។ សេចក្តីស្រឡាញ់ ប្រៀបបាននឹងរុក្ខជាតិ។ យើងតោងតែមើលថែវាជារៀងរាល់ថ្ងៃ។ បើពុំដូច្នោះទេវានឹងងាប់បាត់។ ដូចគ្នា ដែរ យើងតោងតែស្តាប់បង្គាប់គ្រប់ទាំងសេចក្តីពិតពីព្រះគម្ពីរដើម្បីឲ្យវាមានជីវិតនៅក្នុងយើងរាល់គ្នា។ សាតាំងគឺជាអ្នកដែលដាំបណ្តុះស្រងែនៅក្នុងចិត្តរបស់យើង។ ស្រងែទាំងនេះគឺជាគំនិតអាក្រក់ និង អារម្មណ៍មិនល្អទាំងឡាយ។ វាធ្វើឲ្យយើងចេះច្រណែន ឆេវឆាវ អាត្មានិយម និងលោភលន់។ វាធ្វើឲ្យ យើងគិតអាក្រក់ និងនិយាយមិនល្អអំពីអ្នកដទៃ។ វាធ្វើឲ្យយើងគិតថា ខ្លួនយើងហ្នឹងវិសេសខ្លាំងណាស់ ប៉ុន្តែតាមពិតមិនមែនទាល់តែសោះ។ យើងតោងតែដកស្រងែទាំងនេះចេញពីចិត្តរបស់យើង។ ប្រសិន បើយើងទុកវានៅតទៅទៀត វានឹងបង្កើតផលផ្លែរបស់វាជាមិនខាន។ ផលផ្លែរបស់វានឹងស្អុយរលួយ។ វានឹងធ្វើឲ្យវិញ្ញាណរបស់យើងខូចផងដែរ។ មានមនុស្សច្រើននាក់ណាស់ដែលកំពុងរក្សាទុកស្រងែទាំង នេះ។ វាប្រៀបដូចជាថ្នាំពុលយ៉ាងអ៊ីចឹង។ ស្រងែទាំងនេះនឹងបំផ្លាញដល់ផលផ្លែនៃសេចក្តីស្រឡាញ់។ វាធ្វើឲ្យវិញ្ញាណរបស់យើងអាក្រក់ និងស្មោកគ្រោក» (ដកស្រង់ពីប្រភពដដែល pages 195, 196)។
សំនួរពិភាក្សា៖
- ព្រះយេស៊ូវដែលជា «សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ» (ហេព្រើរ ៤:១៥)។ ព្រះអង្គបានយាងមករកយើង ហើយបានរស់នៅជាមួយយើងដើម្បីឲ្យព្រះអង្គអាចយល់កាន់តែប្រសើរឡើង។ យើងក៏គួរតែធ្វើដូចគ្នាជាមួយនឹងប្តី ឬប្រពន្ធរបស់យើងដែរ។ ចូរព្យាយាមស្វែងយល់តាមទស្សនៈរបស់ដៃគូរបស់លោកអ្នកផង។ តើគាត់ ឬនាងមានអារម្មណ៍ដូចម្តេចអំពីបញ្ហារបស់លោកអ្នក? ហេតុដូចម្តេចបានជាគាត់ ឬនាងមានអារម្មណ៍បែបនេះ? កាលណាលោកអ្នកយល់ពីចំណុចនេះហើយ នោះលោកអ្នកអាចនឹងដោះស្រាយបញ្ហានោះបានកាន់តែស្រួលឡើង។ តើក្បួនច្បាប់ដ៏សំខាន់នេះអាចជួយលោកអ្នកឲ្យដោះស្រាយបញ្ហាដទៃៗទៀតក្នុងជីវិតរបស់លោកអ្នកបានដោយរបៀបណា?
- ចូរពិភាក្សាសំណួរនេះក្នុងថ្នាក់ជាមួយគ្នា៖ «តើកំហឹងសុទ្ធតែជាអំពើបាបរហូតឬ?» ចូរពន្យល់ចម្លើយ របស់លោកអ្នក។