មេរៀនទី១០​៖ ៣១ សីហា‑៦ កញ្ញា ២០១៩

រស់នៅជាមួយដំណឹងល្អ

Jeans
ថ្ងៃសៅរ៍ ទី៣១ សីហា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ យ៉ូហាន ៣:១៦, ម៉ាថាយ ៩:៣៦, អេភេសូរ ២:៨‑១០, ម៉ាឡាគី ២:១០, វិវរណៈ ១៤:៦, ៧។

ខចងចាំ៖ «ដ្បិត​គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយ‌សារ​សេចក្ដី​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប‌ចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម» (អេភេសូរ ៤:២៦)។

យើងតោងតែប្រុងប្រយ័ត្ន កាលណានិយាយគ្នាអំពីសេចក្តីបញ្ញត្តិរបស់ព្រះ។ យើងមិនត្រូវគិត​ថា យើងអាចធ្វើអ្វីណាមួយដើម្បីសង្គ្រោះខ្លួនឯងបានឡើយ។ ហើយយើងក៏មិនត្រូវគិតថា យើងអាចធ្វើបុណ្យដើម្បីប្តូរយកព្រះគុណរបស់ព្រះបានដែរ។ អំពើល្អរបស់យើងនឹងមិនអាចសង្គ្រោះយើងបានឡើយ។ ព្រះគម្ពីរប្រាប់យើងម្តងហើយម្តងទៀតថា យើងបានសង្គ្រោះដោយសារតែព្រះគុណរបស់ព្រះ។ មានតែសេចក្តីជំនឿរបស់យើងលើសេចក្តីសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងប៉ុណ្ណោះទើបអាចសង្គ្រោះយើងបាន។ តើយើងអាចសង្ឃឹមថាការបន្ថែមអំពើល្អទៅលើសេចក្តីសុគតរបស់ព្រះយេស៊ូវអាចសង្គ្រោះយើងបានដែរឬទេ? ទេ មិនអាចឡើយ! អ្នកស្រីអែល្លិន ជី វ៉ៃត៍កត់ត្រាទុកថា «ចូរយើងសាកបង្កើតបញ្ជីអំពើ​ល្អ បរិសុទ្ធ និងសេចក្តីល្អគួរឲ្យស្រឡាញ់របស់មនុស្សណាមួយ ហើយបង្ហាញបញ្ជីនោះទៅទេវតារបស់ព្រះ។ លោកអ្នកប្រាប់ទៅទេវតាថា អំពើទាំងនេះមានចំណែកជួយសង្គ្រោះមនុស្ស។ តើទេវតានឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច? ទេវតានឹងប្រាប់មកថា ពាក្យសំដីរបស់លោកអ្នកមិនស្មោះត្រង់ចំពោះព្រះទេ។ ពួក​ទេវតា​នឹងបែរចេញពីបញ្ជីនោះ»។ ដកស្រង់ពី Faith and Works, page 24, adapted ។

ដូចគ្នាដែរ ការជួយដល់អ្នកក្ររបស់យើងមិនអាចជួយសង្គ្រោះយើងបានទេ។ ប៉ុន្តែ កាលណា​យើងជួយដល់មនុស្សទ័លក្រ យើងបានរៀនថែមទៀតអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង។ យើងក៏យល់កាន់តែច្បាស់ថែមទៀតអំពីអ្វីដែលព្រះទ្រង់បានធ្វើដើម្បីសង្គ្រោះយើង។ យើងក៏កាន់តែយល់ច្បាស់អំពីសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងផងដែរ។

ថ្ងៃអាទិត្យ ទី១ កញ្ញា ឆ្នាំ២០១៩

«ព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ»

ខគម្ពីរយ៉ូហាន ៣:១៦ ចែងថា «ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច​វិញ»។ ពាក្យថា មនុស្សលោក បកប្រែពីភាសាក្រេក «ខស់ម៉ស់» មានន័យ​ថា «ពិភពលោក រួមបញ្ចូលជីវិតទាំងអស់ដែលព្រះទ្រង់បានបង្កើតផង» (ដកស្រង់ពី The SDA Bible Commentary, volume 5, page 929, adapted)។ ខគម្ពីរយ៉ូហាន ៣:១៦ និយាយអំពីផែនការរបស់ព្រះដើម្បីសង្គ្រោះមនុស្សលោក។ ប៉ុន្តែ ផែនការនេះក៏រាប់បញ្ចូលផែនដីនេះផងដែរ។ ព្រះទ្រង់នឹងធ្វើឲ្យផែនដីនេះបានថ្មីឡើងវិញ។

សូមអានខគម្ពីររ៉ូម ៨:២០‑២៣។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីផែនការធំរបស់ព្រះដើម្បីសង្គ្រោះមនុស្សលោក?

ផែនការរបស់ព្រះដើម្បីសង្គ្រោះយើងគឺធំធេងជាងសេចក្តីអត់ទោសដល់អំពើបាបរបស់យើងទៅទៀត។ ព្រះអង្គធ្វើឲ្យយើងថ្មីឡើងវិញ។ ព្រះអង្គអញ្ជើញយើងឲ្យចូលរួមជាផ្នែកមួយនៃគ្រួសាររបស់​ព្រះអង្គ។ ក្នុងនាមជាផ្នែកមួយនៃគ្រួសាររបស់ព្រះអង្គ យើងគប្បីត្រូវបង្ហាញសេចក្តីស្រឡាញ់របស់ព្រះដល់មនុស្សដទៃតាមរយៈអំពើល្អរបស់យើង។

សូមអានខគម្ពីរយ៉ូហាន ៣:១៦, ១៧។ តើខ១៧ ជួយយើងឲ្យយល់ខ១៦ យ៉ាងដូចម្តេចដែរ?

យើងដឹងថា ព្រះទ្រង់ស្រឡាញ់មនុស្សដទៃទៀតដូចជាព្រះអង្គស្រឡាញ់យើងដែរ។ ព្រះទ្រង់​ស្រឡាញ់មនុស្សដែលយើងស្រឡាញ់ដែរ។ នោះហើយដែលធ្វើឲ្យយើងសប្បាយចិត្ត។ ព្រះទ្រង់ក៏ស្រឡាញ់មនុស្សដែលយើងជួយដែរ។ ប៉ុន្តែ ព្រះអង្គក៏ស្រឡាញ់មនុស្សដែលធ្វើបាបយើងដែរ។ ព្រះអង្គស្រឡាញ់មនុស្សដែលធ្វើឲ្យយើងភ័យខ្លាច។ ព្រះទ្រង់ស្រឡាញ់មនុស្សគ្រប់គ្នា គ្រប់ទីកន្លែង។ សូម្បីតែមនុស្សដែលយើងមិនសូវចូលចិត្តក៏ព្រះអង្គស្រឡាញ់គេដែរ។

ព្រះគម្ពីរចែងថា ធម្មជាតិបង្ហាញប្រាប់យើងថា ព្រះទ្រង់សែនល្អ៖ «ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ទ្រង់​​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង» (ម៉ាថាយ ៥:៤៥)។ ជីវិតគឺជា​អំណោយទានមកពីព្រះ។​ មនុស្សខ្លះអាចជ្រើសរើសបែរចេញពីព្រះ។ ពួកគេអាចជ្រើសរើសមិនស្រឡាញ់ព្រះអង្គ។ ប៉ុន្តែ ព្រះទ្រង់ស្រឡាញ់មនុស្សគ្រប់គ្នា សូម្បីតែមនុស្សដែលមិនស្រឡាញ់ព្រះអង្គវិញក៏ដោយ។

ព្រះទ្រង់ស្រឡាញ់មនុស្សគ្រប់ៗគ្នា។ ព្រះអង្គបានបង្កើតមនុស្សគ្រប់ៗគ្នា។ តើសេចក្តីពិតនេះផ្លាស់ប្តូរគំនិតនិងអារម្មណ៍របស់លោកអ្នកអំពីមនុស្សដទៃទៀតយ៉ាងដូចម្តេចដែរ?

ថ្ងៃច័ន្ទ ទី២ កញ្ញា ឆ្នាំ២០១៩

ចូរស្រឡាញ់ព្រះ ហើយបែរចេញពីអំពើបាប

យើងរាល់គ្នាគឺជាបាបជន។ ពិភពលោករបស់យើងគឺមានពោរពេញដោយអំពើបាប។ ជីវិតនៅលើផែនដីនេះបានប្រាសចាកពីគោលបំណងដើមរបស់ព្រះក្នុងការបង្កើតមនុស្ស។ ព្រះអង្គបានបង្កើតមនុស្សលោកឲ្យមានភាពដូចជាព្រះ។ ព្រះអង្គបានបង្កើតយើងមកឲ្យដូចជាព្រះអង្គច្រើនអន្លើណាស់។ ហើយសូម្បីតែឥឡូវនេះក៏យើងអាចមើលបានដែរ។ ប៉ុន្តែយើងរស់នៅក្នុងពិភពលោកមួយដែលកំពុង រងគ្រោះដោយសារអំពើបាប។ អំពើបាបនេះវាដក់ជាប់នឹងយើង និងជីវិតរបស់យើង។ អំពើបាបនេះហើយដែលបណ្តាលឲ្យមានការឈឺចាប់វេទនាយ៉ាងច្រើននៅលើផែនដីនេះ។

មិនបាច់សង្ស័យឡើយ យើងប្រាកដជាមានអារម្មណ៍ឈឺចាប់ និងទុក្ខព្រួយគ្រប់ពេលដែលមានរឿងអកុសលកើតឡើង។ ការមានអារម្មណ៍បែបនេះពុំមែនជារឿងខុសឆ្គងឡើយ។ ចូរក្រឡេកមើលបទទំនុកតម្កើងទុក្ខព្រួយក្នុងព្រះគម្ពីរមើល៍។ ចូរក្រឡេកមើលសំណេររបស់លោកយេរេមាមើល៍។ ចូរ ក្រឡេកមើលទឹកភ្នែកដែលព្រះយេស៊ូវទ្រង់ព្រះកន្សែងមើល៍។ ក្រឡេកមើលសេចក្តីស្រឡាញ់របស់ព្រះអង្គមើល៍។ លោកអ្នកនឹងឃើញថា ព្រះយេស៊ូវ និងមនុស្សដទៃទៀតមានអារម្មណ៍សោកសៅកាលណាពួកគេបានឃើញសេចក្តីអាក្រក់បានកើតឡើងនៅលើផែនដីនេះ។ តើអ្វីទៅដែលធ្វើឲ្យពួកគេឈឺចាប់បំផុតនោះ?​ គឺសេចក្តីអាក្រក់ដែលបានធ្វើឲ្យមនុស្សលោករងការឈឺចាប់។

សូមអានអំពីព្រះយេស៊ូវនៅក្នុងខគម្ពីរម៉ាថាយ ៩:៣៦, ម៉ាថាយ ១៤:១៤, លូកា ១៩:៤១, ៤២ និងយ៉ូហាន ១១:៣៥។ ព្រះយេស៊ូវទ្រង់យល់ពីការឈឺចាប់របស់មនុស្សលោកច្បាស់ណាស់។ ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងពួកគេ។ តើអ្វីទៅដែលបានបណ្តាលឲ្យព្រះអង្គមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដល់មនុស្សដទៃទៀតបែបនេះ? តើយើងធ្វើដូចម្តេចទើបអាចមានសេចក្តីស្រឡាញ់ដល់មនុស្សដទៃទៀតដូចព្រះយេស៊ូវបាន?

យើងត្រូវនឹកចាំរឿងខ្លះអំពីអំពើបាប និងអំពើអាក្រក់។ អំពើបាប និងអំពើអាក្រក់មិនមែនមានតែមនុស្សអាក្រក់ប៉ុណ្ណោះទេដែលជាអ្នកប្រព្រឹត្តនោះ។ គឺមនុស្សគ្រប់គ្នាសុទ្ធតែបានធ្វើបាប។ អំពើបាបរបស់យើងបានធ្វើឲ្យមនុស្សលោកឈឺចាប់។ «បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ» (យ៉ូហានទី១ ១:៨)។ ព្រះគម្ពីរបាន​បង្រៀនយើងថា អំពើបាបគឺអាក្រក់ខ្លាំងណាស់ ពីព្រោះវាបានរំលងក្រឹត្យវិន័យរបស់ព្រះ។ ប៉ុន្តែក្រៅពី​នោះ អំពើបាបបានធ្វើឲ្យព្រះខូចព្រះទ័យថែមទៀត។ វាបានធ្វើឲ្យខូចដល់ទំនាក់ទំនងរបស់យើង​ជាមួយ​នឹង​ព្រះ។ ហេតុនោះហើយបានជាអំពើបាបវាអាក្រក់ខ្លាំងណាស់។

តើហេតុដូចម្តេចបានជាមានសេចក្តីអាក្រក់កើតឡើងក្នុងជីវិត?​ ហេតុដូចម្តេចបានជាមានមនុស្សទ័លក្រ? ហេតុដូចម្តេចបានជាអ្នកដឹកនាំខ្លះពុំមានភាពយុត្តិធម៌? ចម្លើយគឺដោយសារតែ​អំពើបាប។ ហេតុនោះហើយបានជាមនុស្សលោកមានភាពអាត្មានិយម លោភលន់ កាចសាហាវ និងពេញដោយ​សេចក្តីស្អប់ខ្ពើមគ្នា។ ហេតុនោះហើយបានជាពួកគេពុំយកចិត្តទុកដាក់នឹងមនុស្សដទៃទៀត។ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីបពា្ឈប់អំពើអាក្រក់នេះ? យើងអាចសារភាពអំពើបាបរបស់យើងចំពោះព្រះ (យ៉ូហានទី១ ១:៩)។ យើងអាចអនុញ្ញាតឲ្យសេចក្តីស្រឡាញ់របស់ព្រះគ្រប់គ្រងចិត្តរបស់យើង។

តើអំពើបាបបានធ្វើឲ្យលោកអ្នកឈឺចាប់ដូចម្តេចដែរ? តើអំពើបាបរបស់លោកអ្នកបានធ្វើឲ្យអ្នកដទៃឈឺចាប់យ៉ាងដូចម្តេចដែរ?​ តើអ្វីទៅដែលជាវិធីតែមួយគត់សម្រាប់ព្យាបាលអំពើបាបនេះ?

ថ្ងៃអង្គារ ទី៣ កញ្ញា ឆ្នាំ២០១៩

ព្រះគុណ និងការប្រព្រឹត្តល្អ

តើខគម្ពីរអេភេសូរ ២:៨‑១០ មានអត្ថន័យយ៉ាងដូចម្តេចដែរ (ចូរពន្យល់តាមការយល់ឃើញផ្ទាល់ខ្លួនរបស់លោកអ្នក)។ តើទាំងនេះបង្ហាញប្រាប់យើងអំពីទំនាក់ទំនងរវាងព្រះគុណរបស់ព្រះ និង​ការប្រព្រឹត្តល្អអ្វីខ្លះ?

ព្រះគម្ពីរចែងថា ព្រះទ្រង់បានបង្កើតយើងរាល់គ្នាមកដើម្បីឲ្យយើងបានថ្វាយបង្គំព្រះអង្គ។ ព្រះអង្គក៏បានបង្កើតយើងដើម្បីឲ្យបម្រើដល់អ្នកដទៃដែរ។ វាជាការពិបាកណាស់ក្នុងការស្រមៃគិត​អំពីរូបភាពនៃការរស់នៅដោយគ្មានបាបរបស់យើងនៅលើផែនដីនេះ មែនទេ? យើងបានត្រឹមតែនឹកស្ងើចអស្ចារ្យតែប៉ុណ្ណោះប្រសិនបើមានមែន។

សម្រាប់ឥឡូវនេះ យើងដឹងបានត្រឹមតែថា ជីវិតមនុស្សពោរពេញដោយអំពើបាបតែប៉ុណ្ណោះ។ ដំណាលគ្នានេះដែរ សេចក្តីសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងកំពុងតែព្យាបាល និងអត់ទោស​ដល់​អំពើបាបនេះហើយ។ មែនហើយ អំពើបាបបានធ្វើឲ្យជីវិតនៅលើផែនដីរងការឈឺចាប់។ ប៉ុន្តែ ដោយ​ពឹងលើជំនួយរបស់ព្រះអង្គ យើងអាចធ្វើការជាមួយព្រះជាម្ចាស់ក្នុងការព្យាបាលការឈឺចាប់ដែលយើងឃើញក្នុងជីវិតរបស់មនុស្សដទៃ (អេភេសូរ ២:១០)។ «ព្រះទ្រង់បានប្រទានដល់យើងដើម្បីឲ្យយើងអាចជួយដល់អ្នកដទៃបាន។ មនុស្សនៅគ្រប់ទីកន្លែងកំពុងត្រូវការជំនួយ។ ព្រះទ្រង់បានសូមឲ្យយើង​ជួយដល់មនុស្សទាំងឡាយដែលកំពុងត្រូវការជំនួយដោយអំណរ»។ ដកស្រង់ពី Ellen G. White, The Ministry of Healing, page 103, adapted ។

ចូរយើងនឹកចាំឲ្យបានច្បាស់ថា ព្រះទ្រង់បានសូមឲ្យយើងយកចិត្តទុកដាក់ដល់មនុស្សទ័លក្រ។ ព្រះអង្គបានសូមឲ្យយើងផ្តល់អាហារដល់អ្នកស្រេកឃ្លាន។ យើងពុំមែនធ្វើកិច្ចការទាំងនេះដើម្បីដូរយកព្រះគុណរបស់ព្រះទេ។ យើងពុំអាចនឹង «ទិញ» សេចក្តីស្រឡាញ់របស់ព្រះដោយការប្រព្រឹត្តល្អ​របស់យើងឡើយ។ ព្រះអង្គសង្គ្រោះយើងដោយសារតែព្រះយេស៊ូវ។ នៅក្នុងព្រះយេស៊ូវ យើងមានអ្វីៗគ្រប់យ៉ាងដែលអាចឲ្យព្រះសង្គ្រោះយើងបាន។ យើងឃើញថា យើងគឺជាមនុស្សមានបាប។ យើង​ឃើញ​ថា យើងរងការឈឺចាប់ដោយសារអំពើបាប។ ប៉ុន្តែ ព្រះទ្រង់នៅតែស្រឡាញ់យើង។ ព្រះអង្គបានសង្គ្រោះ​​​យើង។ មែនហើយ យើងនឹងបន្តប្រយុទ្ធនឹងអំពើបាបតទៅទៀត។ យើងតោងតែប្រយុទ្ធនឹងការ​លោភ​លន់ និងភាពអាត្មានិយម។ ប៉ុន្តែ ព្រះទ្រង់បានប្រទានជីវិតថ្មីដល់យើងរាល់គ្នា។ សេចក្តីស្រឡាញ់របស់​ព្រះអង្គនឹងផ្លាស់ប្តូរជីវិតរបស់យើង។

កាលណាយើងសម្លឹងមើលទៅឯឈើឆ្កាង តើយើងឃើញអ្វីខ្លះ?​ យើងឃើញអំណោយទានដ៏គ្រប់លក្ខណ៍របស់ព្រះយេស៊ូវលោះបាបរបស់យើង។ យើងពុំអាចបន្ថែមអ្វីទៀតទៅលើអ្វីដែលព្រះយេស៊ូវបានផ្តល់ដល់យើងហើយនោះទេ។ ហេតុនោះ តើយើងគួរឆ្លើយតបទៅនឹងអ្វីដែលព្រះទ្រង់បានប្រទានដល់យើងដើម្បីសង្គ្រោះយើងដោយរបៀបណា? តើការនោះមានន័យថាយើងមិនត្រូវធ្វើអ្វីសោះមែនទេ? មិនមែនឡើយ! ពិតមែនហើយ យើងមិនអាចសង្គ្រោះខ្លួនឯងបាន។ ប៉ុន្តែ យើងតោងតែទទួលយកអ្វីដែលព្រះទ្រង់បានធ្វើដើម្បីសង្គ្រោះយើង។ តើអ្វីទៅដែលជាវិធីដ៏ប្រសើរបំផុតដើម្បីឆ្លើយតបទៅនឹងរឿងនេះ? គឺមានតែការបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃតែប៉ុណ្ណោះ។

សូមអានយ៉ូហានទី១ ៣:១៦, ១៧។ តើយើងគួរឆ្លើយតបទៅនឹងឈើឆ្កាងយ៉ាងដូចម្តេចដែរ?

ថ្ងៃពុធ ទី៤ កញ្ញា ឆ្នាំ២០១៩

តើមនុស្សលោកទាំងអស់ដូចគ្នាយ៉ាងដូចម្តេចខ្លះ?

ព្រះយេស៊ូវបានបង្រៀនថា យើងគួរតែជួយមនុស្សគ្រប់គ្នាដែលកំពុងត្រូវការជំនួយ។ ព្រះអង្គពុំបានបែរចេញពីអ្នកដែលមកឯព្រះអង្គឡើយ។ មនុស្សជាច្រើនដែលត្រូវគេមើលងាយបានមកឯព្រះយេស៊ូវ។ ស្ត្រីដែលមានបាបបានមកឯព្រះយេស៊ូវ។ រីឯពួកអ្នកយកពន្ធបានធ្វើដូច្នោះដែរ។ ហើយអ្នកជំងឺ​ធ្ងន់ៗក៏បានមក​ដែរ។ គ្មាននរណាម្នាក់ចង់ប៉ះពាល់ដល់ពួកគេឡើយ។ ពួកទាហានរ៉ូមក៏បានមកព្រះយេស៊ូវដែរ។ ពួកមេដឹកនាំខាងសាសនា និងក្មេងតូចៗក៏បានមកដែរ។ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ?​ ព្រះអង្គបានស្វាគមន៍ពួកគេគ្រប់គ្នា។ ពួកជំនុំគម្ពីរសញ្ញាថ្មីបានដឹងថា ព្រះយេស៊ូវចង់ឲ្យពួកអ្នកជឿស្វាគមន៍ដល់មនុស្សទាំងឡាយផងដែរ។ ព្រះយេស៊ូវចង់ឲ្យពួកជំនុំរបស់ព្រះអង្គស្វាគមន៍មនុស្សដទៃទៀតឲ្យទទួលយកអំណោយទានជាជីវិតអស់កល្បរបស់ព្រះអង្គ។

ពួកគ្រីស្ទានដំបូងៗចាប់ផ្តើមដឹងយ៉ាងយឺតៗថា ដំណឹងល្អគឺសម្រាប់មនុស្សគ្រប់គ្នា។ កិច្ចការ របស់ព្រះយេស៊ូវលើផែនដី ព្រះជន្មរបស់ព្រះអង្គ និងសេចក្តីសុគតរបស់ព្រះអង្គបានបង្ហាញនូវរឿងដ៏សំខាន់មួយចំនួនដល់ពួកអ្នកដើរតាមព្រះអង្គ។ ព្រះអង្គចង់ឲ្យពួកគេប្រព្រឹត្តល្អ។ ព្រះអង្គចង់ឲ្យពួកគេជួយដល់មនុស្សដទៃទៀត។ ដំបូងឡើយ ពួកអ្នកដើរតាមព្រះអង្គមិនសូវយល់អំពីអ្វីដែលព្រះយេស៊ូវចង់ឲ្យពួកគេធ្វើឡើយ។ ចូរក្រឡេកមើលលោកប៉ុល និងលោកពេត្រុសចុះ (កិច្ចការ ១០:៩‑១០)។​ ពួកជំនុំគម្ពីរសញ្ញាថ្មីក៏ពុំសូវយល់សេចក្តីពិតនេះដែរ (កិច្ចការ ១៥)។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេក៏បានយល់ថា ព្រះយេស៊ូវចង់ឲ្យពួកគេចែកចាយសេចក្តីស្រឡាញ់ និងដំណឹងល្អរបស់ព្រះអង្គដល់មនុស្សគ្រប់គ្នា។

ម៉ាឡាគី ២:១០----------------------------------------------

កិច្ចការ ១៧:២៦--------------------------------------------

រ៉ូម ៣:២៣--------------------------------------------------

កាឡាទី ៣:២៦---------------------------------------------

ខគម្ពីរកាឡាទី ៣:២៨ បង្រៀនមេរៀនដូចគ្នានឹងរឿងសាសន៍សាម៉ារីចិត្តល្អដែលព្រះយេស៊ូវបានបង្រៀនដែរ។ តើមានចំណុចសំខាន់អ្វីខ្លះសម្រាប់យើង? ព្រះយេស៊ូវពុំចង់ឲ្យយើងចំណាយពេលឥតប្រយោជន៍ក្នុងការជជែកគ្នាអំពីនរណាដែលយើងត្រូវជួយនោះទេ។ ព្រះអង្គគ្រាន់តែចង់ឲ្យយើងចេញទៅជួយមនុស្សលោកទាំងឡាយប៉ុណ្ណោះ។ ហើយយើងក៏ត្រូវទទួលជំនួយពីអ្នកដទៃដែរ។ យើងពុំរំពឹងថានឹងបានអ្វីត្រឡប់មកវិញពេលយើងជួយដល់ពួកគេទេ។ ប៉ុន្តែ ការជួយគ្នាទៅវិញទៅមកគឺជា​ផែនការធំរបស់ព្រះដើម្បីសង្គ្រោះមនុស្សលោក។ សេចក្តីស្រឡាញ់របស់ព្រះ និងដំណឹងល្អរបស់ព្រះអង្គធ្វើឲ្យមនុស្សគ្រប់គ្នាមានសម្ព័ន្ធភាពនឹងគ្នា។ សេចក្តីស្រឡាញ់របស់ព្រះអង្គធ្វើឲ្យយើងរួមគ្នាមកតែមួយនឹងមនុស្សដទៃទៀត។

ថ្ងៃព្រហស្បតិ៍ ទី៥ កញ្ញា ឆ្នាំ២០១៩

ដំណឹងល្អដ៏នៅអស់កល្បជានិច្ច

ព្រះយេស៊ូវទ្រង់បង្គាប់ដល់ពួកអ្នកដើរតាមព្រះអង្គឲ្យចែកចាយដំណឹងល្អដល់ «គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ» (វិវរណៈ ១៤:៦, ៧)។ កណ្ឌគម្ពីរវិវរណៈប្រាប់យើងអំពីលទ្ធផលដែលនឹងកើតឡើងកាលណារាស្ត្ររបស់ព្រះនឹងចែកសារនេះនៅថ្ងៃចុងក្រោយ។

សូមអានសារទេវតាទីមួយ នៅក្នុងវិវរណៈ ១៤:៦, ៧។ តើសារអ្វីស្តីអំពីដំណឹងល្អដែលយើងរកឃើញនៅក្នុងខ៧? តើសារនេះដូចគ្នានឹងខគម្ពីរយ៉ូហាន ៣:១៦ត្រង់ណាខ្លះ?

ខ៧ខាងលើ និយាយអំពីប្រធានបទសំខាន់ៗចំនួនបីដែលព្រះទ្រង់យកព្រះទ័យទុកដាក់៖

ព្រះទ្រង់នឹងជំនុំជំរះមនុស្សស្លាប់ និងមនុស្សរស់។ គ្រប់ជំនាន់ទាំងអស់ក្នុងប្រវត្តិសាស្ត្រ រាស្ត្ររបស់ព្រះបានដង្ហោយហៅរកព្រះឲ្យកាត់ទោសដល់មនុស្សអាក្រក់ដែលបានធ្វើបាបលើពួកគេ។ ព្រះគម្ពីរ បង្ហាញប្រាប់យើងថា ព្រះទ្រង់បានឮសម្រែករបស់មនុស្សដែលរងទុក្ខវេទនា។ តើបទគម្ពីរទំនុកតម្កើង ជាញឹកញាប់ប្រាប់យើងអ្វីខ្លះ? កិច្ចការរបស់ព្រះក្នុងនាមជាចៅក្រមគឺជាដំណឹងល្អសម្រាប់មនុស្សដែល រងទុក្ខវេទនា។

ព្រះទ្រង់គឺជាព្រះអាទិករ។ ព្រះទ្រង់បានបង្កើតមនុស្សមកឲ្យដូចជាអង្គទ្រង់។ ហេតុនោះ យើងទាំងអស់គ្នាគឺជាគ្រួសារតែមួយ។ ព្រះទ្រង់ស្រឡាញ់មនុស្សយើងស្មើៗគ្នា។ ម៉្លោះហើយ យើង​តោងតែមានចិត្តយុត្តិធម៌ និងសន្តានចិត្តល្អចំពោះគ្នាទៅវិញទៅមក។ យើងទាំងអស់គ្នាសុទ្ធតែមានតម្លៃក្នុងព្រះនេត្ររបស់ព្រះ។ យើងមិនគួរកេងកម្លាំងនរណាម្នាក់ដើម្បីឲ្យខ្លួនឯងមានបានឡើយ។ យើងគួរតែប្រព្រឹត្តនឹងមនុស្សគ្រប់គ្នាដោយស្មើភាពគ្នា។ យើងមិនគួរលោភលន់ទេ។ យើងក៏មិនគួរយករបស់​អ្នកដទៃដែរ។ រាស្ត្ររបស់ព្រះនឹងឈរឡើងក្នុងផ្លូវត្រឹមត្រូវនៅគ្រាចុងក្រោយ។ ដោយសារតែសេចក្តី​ ប្រកាសគ្រាចុងក្រោយរបស់ដំណឹងល្អក្នុងខគម្ពីរវិវរណៈ ១៤:៦, ៧ ធ្វើឲ្យជីវិតរបស់ពួកគេផ្លាស់ប្តូរឡើង។ សាររបស់ទេវតាទី១បានសូមឲ្យយើងទទួលយកផែនការរបស់ព្រះដើម្បីសង្គ្រោះយើង និងធ្វើ​ឲ្យយើងផ្លាស់ប្រែជាថ្មី។ រាស្ត្ររបស់ព្រះនៅគ្រាចុងក្រោយនឹងរក្សាបញ្ញត្តិរបស់ព្រះអង្គ។ ពួកគេនឹងមានសេចក្តីជំនឿរបស់ព្រះយេស៊ូវ បើទោះបីជាមនុស្សផ្សេងទៀតនៅលើផែនដីថ្វាយបង្គំព្រះក្លែងក្លាយ​និងសាសនាក្លែងក្លាយក្តី។

តើមានវិធីអ្វីខ្លះដែលយើងអាចជួយមនុស្សទាំងឡាយដែលកំពុងត្រូវការជំនួយ? ដំណាលគ្នា​នេះ តើយើងអាចចែកចាយសេចក្តីសង្ឃឹម និងសេចក្តីដាស់តឿនដែលរកឃើញក្នុងសារទេវតាទាំងបី​ដល់មនុស្សទាំងឡាយដោយរបៀបណាដែរ?

ថ្ងៃសុក្រ ទី៦ កញ្ញា ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “ ‘God With Us,’ “ pages 19-26, in The Desire of Ages; “Saved to Serve,” pages 95-107, in The Ministry of Healing.

«ព្រះទ្រង់ប្រកាសថា ផែនដីទាំងមូលគឺប្រៀបដូចជាចម្ការទំពាំងបាយជូររបស់ព្រះអង្គ។ សាតាំង និយាយថា វាគឺជាអ្នកគ្រប់គ្រងចម្ការទំពាំងបាយជូររបស់ព្រះ។ ប៉ុន្តែ ចម្ការទំពាំងបាយជូរជារបស់ព្រះជាម្ចាស់ ពីព្រោះព្រះអង្គបានបង្កើតវាមក។ ព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកសុគតដើម្បីវា និងសង្គ្រោះវា។ សេចក្តីសុគតរបស់ព្រះយេស៊ូវគឺសម្រាប់មនុស្សគ្រប់គ្នា។ ‘ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់ព្រះ‌រាជ‌ បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច​វិញ ‘ (យ៉ូហាន ៣:១៦)។ ដោយសារអំណោយទានមួយនោះធ្វើឲ្យអំណោយទានដទៃផ្សេងទៀតដែលព្រះទ្រង់ប្រទានដល់យើងប្រែក្លាយជាពិតប្រាកដបាន។ ព្រះទ្រង់ប្រទានព្រះពរជាច្រើនដល់យើងជារៀងរាល់ថ្ងៃ។ គ្រប់ទាំងតំណក់ទឹកភ្លៀងសុទ្ធតែជាព្រះពរមកពីព្រះ។ រីឯពន្លឺថ្ងៃក៏ដូចគ្នាដែរ។ ស្លឹកឈើគ្រប់ស្លឹក ផ្កាភ្ញីគ្រប់ស្រទាប់ និងផ្លែឈើគ្រប់ផ្លែសុទ្ធសឹងបង្ហាញឲ្យយើងឃើញនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះសម្រាប់យើង។ អំណោយ ទានទាំងនេះបង្ហាញប្រាប់យើងថា ព្រះទ្រង់មានព្រះទ័យអត់ធ្មត់នឹងយើងខ្លាំងណាស់ បើទោះបីក្នុងពេលដែលយើងមិនដឹងគុណសម្រាប់ព្រះពរដែលព្រះអង្គប្រទានដល់យើងក្តី»។ ដកស្រង់ពី Ellen G. Whtie, Christ’s Object Lessons, pages 301, 302។

«‘គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ‘» (កាឡាទី ៣:២៨, អេភេសូរ ២:​១៣)។

«ប្រសិនបើនរណាម្នាក់ស្នើសូមឲ្យជួយ លោកអ្នកគួរតែជួយពួកគេ បើទោះបីជាអ្នកនោះជឿលើសាសនាខុសគ្នាក្តី...

«មានមនុស្សទ័លក្រនៅជុំវិញយើង។ ពួកគេកំពុងតែជួបគ្រាលំបាក។ ពួកគេត្រូវការសន្តាន​ចិត្ត​ល្អ និងជំនួយពីអ្នកដទៃ។ មានស្ត្រីមេម៉ាយជាច្រើនកំពុងត្រូវការការអាណិតអាសូរ និងជំនួយ។ ហើយ​ ក៏មានក្មេងកំព្រាជាច្រើនដែរ។ ព្រះយេស៊ូវបានសូមឲ្យពួកអ្នកដើរតាមព្រះអង្គទទួលយកក្មេងទាំងនេះមកចិញ្ចឹម។ ប៉ុន្តែ ភាគច្រើនយើងពុំបានជួយដល់អ្នកក្រ ស្ត្រីមេម៉ាយ ឬក្មេងកំព្រាទេ។ មនុស្សទាំងនេះមើលទៅហាក់ដូចជាសោះកក្រោះ និងមិនសូវទាក់ទាញឡើយ។ ប៉ុន្តែពួកគេជាកូនរបស់ព្រះដែរ។ ព្រះទ្រង់បានទិញពួកគេដោយតម្លៃមួយ។ ហេតុនោះ​ ពួកគេក៏វិសេសនៅក្នុងព្រះនេត្ររបស់ព្រះដូចជាយើងដែរ។ មនុស្សក្រីក្រទាំងនេះគឺជាសមាជិកគ្រួសាររបស់ព្រះ។ ក្នុងនាមជាគ្រីស្ទាន យើងតោងតែយកចិត្តទុកដាក់ចំពោះពួកគេ»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, pages 386, 387, adapted ។

សំនួរពិភាក្សា៖
  1. វាជាការងាយណាស់ក្នុងការធ្លាក់ចូលទៅក្នុងអន្ទាក់ដែលនាំឲ្យយើងគិតថា ការប្រព្រឹត្តល្អរបស់​យើង​ អាចសង្គ្រោះយើងបាន។ តើយើងត្រូវធ្វើដូចម្តេចដើម្បីបពា្ឈប់យើងកុំឲ្យគិតបែបនេះ?

  2. តើពួកជំនុំរបស់លោកអ្នកធ្វើដូចម្តេចខ្លះដើម្បីឲ្យគ្រប់គ្នាមានអារម្មណ៍ថា ពួកគេទាំងអស់គ្នារួមមកតែមួយក្នុងព្រះយេស៊ូវ? តើពួកជំនុំរបស់លោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយមនុស្សដទៃទៀតឲ្យមានអារម្មណ៍បែបដូចគ្នានេះដែរ?
Powered by CAM