មេរៀនទី១០​៖ ៣០ វិច្ឆិកា‑៦ ធ្នូ ២០១៩

ចូរថ្វាយបង្គំព្រះអម្ចាស់ចុះ!

Jeans
ថ្ងៃសៅរ៍ ទី៣០ វិច្ឆិកា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ នេហេមា ១២:២៧‑២៩, របាក្សត្រទី១ ២៥:៦‑៨, យ៉ូហានទី១ ១:៧‑៩, នេហេមា ១២:៣១‑៤២, ហេព្រើរ ៩:១‑១១។

ខចងចាំ៖ «ពួក​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែលស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជានិច្ច!» (អែសរ៉ា ៣:១១)។

ខចងចាំប្រចាំសប្តាហ៍នេះ ជួយយើងឲ្យយល់អំពីរបៀបដែលពួកយូដាថ្វាយបង្គំព្រះក្នុងជំនាន់អែសរ៉ា។ យើងឃើញអំពីរបៀបដែលពួកគេអរព្រះគុណ និងសរសើរតម្កើងដល់ព្រះជាម្ចាស់។ ក្នុងឆ្នាំ៥១៥​មុនគ្រិស្តសករាជ ពួកយូដាបានបញ្ចប់ការសាងសង់អគារព្រះវិហារ (អែសរ៉ា ៦:១៥‑១៨)។ បន្ទាប់មក​ពួក​គេ «នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់» (អែសរ៉ា ៦:១៦)។ ប្រហែល៦០ឆ្នាំ​ក្រោយទៀត ពួកបណ្តាជនក៏បានបញ្ចប់ការសាងសង់កំផែងទីក្រុងព្រះវិហារ។ ពួកយូដាក៏បានប្រារព្ធពិធីសម្ពោធកំផែងក្រុងដល់ព្រះជាម្ចាស់ដែរ (នេហេមា ៦:១៥‑៧:៣, នេហេមា ១២:២៧‑៤៣)។

ក្នុងជំនាន់នោះ ជាញឹកញាប់រាស្ត្ររបស់ព្រះតែងតែងថ្វាយអគារ ឬសំណង់ដែលពួកគេបានសាងសង់រួចថ្វាយទៅព្រះអង្គ។ ទម្លាប់នេះបានក្លាយជាផ្នែកមួយក្នុងជីវិតរស់នៅរបស់ពួកគេទៅហើយ។ តើពួកយូដាបានថ្វាយអ្វីខ្លះទៀតដល់ព្រះជាម្ចាស់។ ពួកគេក៏បានថ្វាយគេហដ្ឋាន និងសំណង់អគារសាធារណៈដល់ព្រះអង្គផងដែរ។ ពួកគេបានប្រារព្ធពិធីទាំងនេះដោយបទចម្រៀង បទភ្លេង ពិធីបុណ្យ និងសេចក្តី​អំណរ។ ពួកសង្ឃក៏បានសម្អាតរាស្ត្ររបស់ព្រះឲ្យបានស្អាតក្នុងអំឡុងពិធីទាំងនោះដែរ។ ក្នុងអតីតកាល ស្តេចដាវីឌបានថ្វាយសត្វធ្វើជាយញ្ញបូជាដល់ព្រះជាម្ចាស់ក្នុងអំឡុងពិធីប្រារព្ធណាមួយ។ សត្វត្រូវបាន​សម្លាប់។ ហេតុនោះ បន្ទាប់ពីនោះមក ពួកមេដឹកនាំអ៊ីស្រាអែលតែងតែយកគំរូតាមអ្វីដែលស្តេចដាវីឌបានធ្វើ។ ស្តេចសាឡូម៉ូនក៏បានថ្វាយសត្វជាយញ្ញបូជាដែរ។ បន្ទាប់មកព្រះអង្គក៏បាននាំយកហិបរបស់ព្រះ​ត្រឡប់មកព្រះវិហារវិញ (ពង្សាវតារក្សត្រទី១ ៨:៥)។

សប្តាហ៍នេះ យើងនឹងក្រឡេកមើលអំពីរបៀបដែលសាសន៍យូដាថ្វាយបង្គំព្រះជាម្ចាស់ក្នុងជំនាន់នេហេមា។ តើយើងអាចរៀនអ្វីខ្លះពីការថ្វាយបង្គំរបស់ពួកគេ?

ថ្ងៃអាទិត្យ ទី១ ធ្នូ ឆ្នាំ២០១៩

បទចម្រៀងអំពីព្រះអម្ចាស់

ពួកលេវីបានជួយការងារដល់ពួកសង្ឃក្នុងព្រះវិហាររបស់ព្រះ។ ក្រុមលេវីពិសេសមួយក្រុមត្រូវទទួលខុសត្រូវលើផ្នែកចម្រៀង និងភ្លេង។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យការថ្វាយបង្គំព្រះអង្គក្នុងព្រះវិហារមានភាពស្រស់បំព្រង។ ហេតុនោះ ព្រះជាម្ចាស់បានប្រទានក្បួនច្បាប់ពិសេសដល់ពួកលេវីដើម្បីអនុវត្តតាមកាលណាពួកគេច្រៀង និងលេងភ្លេងក្នុងព្រះវិហារ។

ស្តេចដាវីឌបានជ្រើសរើសលោកអេសាភឲ្យធ្វើជាមេភ្លេង (អ្នកសម្រួលតន្ត្រី) ក្នុងព្រះវិហារ។ ហេតុនោះ កូនៗរបស់លោកអេសាភក្រោយមកសុទ្ធតែជាអ្នកចម្រៀង។ ពួកគេ «ពួក​ចម្រៀង (ក្រុមតន្រ្តី, គខប) ជា​អ្នក​ត្រួត‌ត្រា​លើ​កិច្ច‌ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ» (នេហេមា ១១:២២)។

នៅក្នុងខគម្ពីររបាក្សត្រទី១ ២៥:៦‑៨ យើងបានអានអំពីពួកអ្នកចម្រៀងក្នុងព្រះវិហារ។ ពួកគេបានលេងភ្លេងសម្រាប់ដំណាក់របស់ព្រះអម្ចាស់ (របាក្សត្រទី១ ២៥:៦)។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសារៈសំខាន់របស់ភ្លេងក្នុងការថ្វាយបង្គំព្រះរបស់ពួកគេ?

ពួកអ្នកចម្រៀងគឺជាមនុស្សមកពីអំបូរលេវី។ ក្នុងនាមជាពួកលេវី ពួកគេមានតួនាទីធ្វើការក្នុង ព្រះវិហាររួចស្រេចទៅហើយ។ ហេតុនោះ ការងារមួយចំណែករបស់ពួកគេគឺត្រូវទទួលខុសត្រូវលើផ្នែក​ភ្លេង​ក្នុងអំឡុងពេលថ្វាយបង្គំក្នុងព្រះវិហារ។ ក្នុងជំនាន់ស្តេចដាវីឌ សាលាភ្លេងមួយត្រូវបានចាប់ផ្តើម​ឡើង។ ស្តេចដាវីឌគឺជាអ្នកទទួលខុសត្រូវលើសាលានេះ។ សាលានេះមានគ្រូបង្រៀន និងសិស្ស។ សិស្សមាន​ទាំងមនុស្សវ័យចំណាស់ និងវ័យក្មេង។ ពួកគេបានដាក់វេនគ្នាធ្វើការនៅក្នុងព្រះវិហារ។ ពួកគេជាអ្នកទទួលបន្ទុកខាងភ្លេងសម្រាប់ការថ្វាយបង្គំ។ ពួកលេវីខ្លះគឺជាតន្រ្តីករ ខ្លះទៀតគឺជាអ្នកចម្រៀង។ រីឯពួកលេវីខ្លះទៀតត្រូវទទួលខុសត្រូវលើឧបករណ៍តូរ្យតន្ត្រី និងសម្លៀកបំពាក់របស់ពួកអ្នកភ្លេង និងពួកអ្នកចម្រៀង។ ហេតុអ្វីបានជាព្រះវិហារជំនាន់ស្តេចដាវីឌមានតន្ត្រីករ និងអ្នកចម្រៀងច្រើនម៉្លេះ? ព្រះជាម្ចាស់សព្វព្រះទ័យឲ្យរាស្ត្ររបស់ព្រះមានការរីកចម្រើនខាងផ្នែកភ្លេងនិងចម្រៀង។ ព្រះអង្គចង់ឲ្យពួកគេរីកចម្រើនឡើងជាលំដាប់ ដើម្បីឲ្យការថ្វាយបង្គំរបស់ពួកគេមានភាពប្រសើរឡើងដែរ។ ព្រះជាម្ចាស់ចង់ឲ្យបទភ្លេង និងបទចម្រៀងឡើងដល់កម្រិតពីរោះបំផុត។

តើយើងអាចរៀនមេរៀនអ្វីខ្លះទៀតចេញពីសាលាតូរ្យតន្ត្រីក្នុងជំនាន់ស្តេចដាវីឌ? កាលណា​យើង​សរសើរតម្កើងព្រះ យើងតោងតែសរសើរតម្កើងព្រះអង្គដោយអស់អំពីចិត្តរបស់យើង។ នោះការសរសើរតម្កើងរបស់យើងនឹងលើកមនុស្សដទៃៗទៀតថ្វាយទៅព្រះជាម្ចាស់ដែរ។

តើបទភ្លេង និងបទចម្រៀងក្នុងព្រះវិហាររបស់លោកអ្នកផ្តល់សេចក្តីអំណរដល់លោកអ្នកដូចម្តេចដែរ? តើលោកអ្នកមានបទពិសោធន៍អ្វីខ្លះពាក់ព័ន្ធនឹងភ្លេងនិងចម្រៀងនេះ?

ថ្ងៃច័ន្ទ ទី២ ធ្នូ ឆ្នាំ២០១៩

ចិត្តគំនិតស្អាតល្អ

ព្រះគម្ពីរប្រាប់យើងថា បណ្តាជនបានប្រារព្ធពិធីសម្ពោធកំផែងក្រុងថ្វាយព្រះ។ បន្ទាប់មក ពួកអ្នកចម្រៀងធ្វើដំណើរមកកាន់ទីក្រុងយេរូសាឡិម។ រួចហើយ «ពួក​សង្ឃ និង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តា‌ជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន និង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ» (នេហេមា ១២:​៣០)។ ពាក្យថា «ញែកជាបរិសុទ្ធ» ភាសាហេព្រើរថា «តាហារ» មានន័យថា «ធ្វើឲ្យស្អាត»។ ពាក្យនេះត្រូវបានប្រើក្នុងផ្នែកជាច្រើនក្នុងគម្ពីរសញ្ញាចាស់។ ពាក្យនេះចង់បង្ហាញប្រាប់ថា ព្រះជាម្ចាស់ជាអ្នកធ្វើឲ្យយើងបានស្អាត។ ព្រះអង្គបានសម្អាតចិត្តគំនិតរបស់យើងឲ្យរួចពីបាប។

«តែ​បើ​យើង​រាល់​គ្នា​ដើរឃក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្ដី​ប្រកប​​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ក៏​សម្អាត​យើង​‑រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់ បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ បើ​យើង​លន់‌តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សម្អាត​យើង ពី​គ្រប់​អំពើទុច្ចរិត ​ទាំង​អស់​ផង» (យ៉ូហានទី១ ១:៧‑៩)។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះចេស្តារបស់ព្រះក្នុងជីវិតរបស់យើង? ហេតុអ្វីបានជាយើងត្រូវការសេចក្តីអត់ឱនទោសរបស់ព្រះជាម្ចាស់?

ព្រះវិហារគឺជាផ្នែកដ៏សំខាន់មួយនៃសាសនាយូដាក្នុងជំនាន់ព្រះគម្ពីរ។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យការថ្វាយបង្គំនៅក្នុងព្រះវិហារនាំមនុស្សទាំងឡាយឲ្យបានទទួលសេចក្តីសង្គ្រោះ។ រីឯដង្វាយ‑យញ្ញបូជាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការថ្វាយបង្គំដែរ។ ទាំងពីរយ៉ាងនេះសុទ្ធតែជារូបស័ព្ទ។ ពួកគេបានជួយរាស្ត្ររបស់ព្រះឲ្យមើលឃើញថា ឈាមរបស់ព្រះយេស៊ូវសម្អាតពួកគេឲ្យរួចពីបាប។ តាមរបៀបដូច​គ្នានេះ យើងតោងតែយល់អំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងរាល់គ្នា។ នោះយើងរៀនស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងថែមទៀត។ ហេតុនោះហើយ បានជាពួកអ៊ីស្រាអែលតែងតែរំឭកអំពីអ្វីដែល ព្រះទ្រង់បានធ្វើសម្រាប់ពួកគេកាលពីអតីតកាលជាញឹកញាប់នោះ។ ពីព្រោះវាជួយឲ្យពួកគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះ។ វាជួយពួកគេឲ្យមើលឃើញថា ព្រះជាម្ចាស់ទ្រង់ល្អ។ កាលណាយើង​ដឹង​អំពីសេចក្តីស្រឡាញ់របស់ព្រះ យើងនឹងថ្វាយបង្គំព្រះអង្គដោយសេចក្តីអំណរ។

សព្វថ្ងៃនេះ យើងគួរតែមានអំណរក្នុងព្រះអម្ចាស់ផងដែរ។ យើងគួរតែអរព្រះគុណសម្រាប់សេចក្តីអត់ទោសរបស់ព្រះអង្គ។ ចិត្តកតញ្ញូជួយយើងឲ្យមានសេចក្តីសង្ឃឹម ហើយក៏ជួយយើងឲ្យអាចសរសើរព្រះអម្ចាស់បានផងដែរ។ យើងនឹងមើលឃើញថា សេចក្តីស្រឡាញ់របស់ព្រះគឺល្អអស្ចារ្យណាស់។ តើអ្វីទៅដែលជារូបភាពដ៏អស្ចារ្យបំផុតនៃសេចក្តីស្រឡាញ់ืរបស់ព្រះ? គឺជាសេចក្តីសុគតរបស់ព្រះយេស៊ូវសម្រាប់យើងរាល់គ្នានៅលើឈើឆ្កាងនោះឯង។

យើងទាំងអស់គ្នាសុទ្ធតែបានធ្វើបាបក្នុងអតីតកាល។ យើងម្នាក់ៗសុទ្ធតែកំពុងប្រយុទ្ធប្រឆាំងនឹងអំពើបាបជារៀងរាល់ថ្ងៃ។ ប៉ុន្តែ មានសេចក្តីសង្ឃឹមនៅត្រង់ឈើឆ្កាង។ នៅទីនោះ ព្រះយេស៊ូវអភ័យទោសបាបដល់យើងទាំងស្រុង។ ហេតុអ្វីបានជាយើងមិនទូលសូមឲ្យព្រះយេស៊ូវប្រទានការអភ័យទោសបាបនេះដល់យើងឥឡូវទៅ?

ថ្ងៃអង្គារ ទី៣ ធ្នូ ឆ្នាំ២០១៩

អ្នកចម្រៀងពីរក្រុមធំ

សូមអានអំពីការប្រារព្ធពិធីសម្ពោធនៅក្នុងខគម្ពីរនេហេមា ១២:៣១‑៤២។ ហេតុអ្វីបានជាភ្លេងគឺជាផ្នែកមួយដ៏សំខាន់នៃពិធីថ្វាយបង្គំនៅក្នុងព្រះវិហារ?

ក្នុងជំនាន់លោកនេហេមា ពួកសង្ឃចាប់ផ្តើមឲ្យមានអ្នកចម្រៀងពីរក្រុមធំៗ។ ក្រុមអ្នកចម្រៀងធំៗទាំងពីរក្រុមនេះបានដើរជុំវិញទីក្រុងយេរូសាឡិម។ ពួកគេបានសរសើរតម្កើងដល់ព្រះជាម្ចាស់។ ពួកគេបានអរគុណដល់ព្រះសម្រាប់អ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានធ្វើសម្រាប់ពួកគេ។ អ្នកខ្លះនៅក្នុងក្រុមជាអ្នកលេងភ្លេង ឯអ្នកផ្សេងទៀតជាអ្នកច្រៀង។ លោកអែសរ៉ាបានឈរនៅពីមុខក្រុមចម្រៀងមួយក្រុម។ លោកបានដឹកនាំក្រុមភ្លេងដើរកាត់ទីក្រុង។ រីឯលោកនេហេមាឈរនៅពីក្រោយក្រុមចម្រៀងទីពីរ។ លោក បានដើរតាមក្រុមអ្នកភ្លេងពីខាងក្រោយ។ ក្រុមចម្រៀងទាំងពីរចាប់ផ្តើមនៅកន្លែងតែមួយ។ បន្ទាប់មក​ពួកគេក៏បំបែកជាក្រុម។ ក្រុមចម្រៀងទី១បានដើរជុំវិញកំផែងទីក្រុង។ រីឯក្រុមទី២ក៏ដើរជុំវិញកំផែងក្រុងផងដែរ។ ប៉ុន្តែ ពួកគេចេញទៅទិសផ្សេងគ្នា។ ក្រុមចម្រៀងទាំងពីរបានជួបគ្នាម្តងទៀតនៅត្រង់ទ្វារគុក (ទ្វារនគរបាល, គខប)។ បន្ទាប់មក ពួកគេក៏ចូលទៅក្នុងព្រះវិហារទាំងអស់គ្នា។ រីឯពួកសង្ឃក៏ផ្លុំត្រែនៅ​ខាងក្រៅ។ បន្ទាប់មកទៀត ក្រុមចម្រៀងក៏បានចូលទៅខាងក្នុង។ ក្រុមចម្រៀងទាំងពីរបានឈរទល់មុខគ្នានៅក្នុងព្រះវិហារ។

ចូរយើងឆ្លើយសំណួរដែលបានចោទសួរនៅខាងលើនេះ៖ ហេតុអ្វីបានជាភ្លេងគឺជាផ្នែកមួយដ៏សំខាន់នៃការថ្វាយបង្គំនៅក្នុងព្រះវិហារ? ដើម្បីបានចម្លើយ យើងតោងតែយល់ថា តើមានអ្វីខ្លះនៅក្នុងការថ្វាយបង្គំក្នុងព្រះវិហារ? ភ្លេងនៅក្នុងព្រះវិហារពុំមែនជាការប្រគំតន្ត្រីខ្នាតធំគ្រឹកគ្រេងនោះទេ! បណ្តា ជនពុំមែនមកព្រះវិហារដើម្បីត្រេកអរនឹងតូរ្យតន្ត្រីនោះឡើយ។ ប៉ុន្តែភ្លេងគឺជាផ្នែកមួយនៃការថ្វាយបង្គំដែរ។ ខណៈដែលក្រុមតន្ត្រីករលេងភ្លេង ហើយក្រុមអ្នកចម្រៀងបន្លឺឡើង បណ្តាជនក៏បានឱនក្បាល​ចុះ​អធិដ្ឋាន។ បទភ្លេងជួយពួកគេឲ្យតម្កើងព្រះជាម្ចាស់ក្នុងព្រះវិហារ។

យញ្ញបូជាគឺជាផ្នែកដ៏សំខាន់បំផុតនៃការថ្វាយបង្គំនៅព្រះវិហារ។ សត្វត្រូវបានសម្លាប់។ ពិត​មែនហើយ ការស្លាប់របស់សត្វនីមួយៗគឺជារឿងដ៏ក្រៀមក្រំណាស់។ ប៉ុន្តែ វាគឺជាផ្នែកមួយចាំបាច់ក្នុង​ការ​ថ្វាយបង្គំនៅក្នុងព្រះវិហារ។ សត្វដែលត្រូវបានសម្លាប់បង្ហាញប្រាប់ដល់បណ្តាជនឲ្យឃើញសេចក្តីសុគតរបស់ព្រះយេស៊ូវនៅគ្រាអនាគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់ពួកគេ។ ពិតមែនហើយ ការសម្លឹងមើលសត្វដែលស្លាប់ជាការលំបាកណាស់សម្រាប់ពួកបណ្តាជន។ ហេតុនោះ បទភ្លេងដ៏ពីរោះក៏មានចំណែកជួយលើកគំនិតរបស់ពួកបណ្តាជនឲ្យផ្តោតទៅលើស្ថានសួគ៌។ បទភ្លេងជួយឲ្យការថ្វាយបង្គំទាំងមូលមានភាពប្រសើរឡើង។ វាជួយឲ្យពួកគេមានអារម្មណ៍កាន់តែល្អឡើងផងដែរ។

សូមស្វែងរកឧទាហរណ៍ផ្សេងទៀតក្នុងព្រះគម្ពីរដែលបង្ហាញថា ភ្លេងគឺជាផ្នែកដ៏សំខាន់នៃការថ្វាយបង្គំ។ សូមអានខគម្ពីរនិក្ខមនំ ១៥:១, ២, របាក្សត្រទី២ ២០:២១, ២២, និង វិវរណៈ ១៥:២‑៤។ តើការច្រៀងទាំងអស់នោះនិយាយអំពីអ្វីទៅ?

ទាំងនៅលើផែនដី និងលើស្ថានសួគ៌ ភ្លេងគឺជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំ។ ក្នុងបណ្តា​ខខាងលើ មនុស្សទាំងឡាយច្រៀងរៀបរាប់អំពីអ្វីៗទាំងអស់ដែលព្រះទ្រង់បានធ្វើសម្រាប់ពួកគេ។ នោះ​ហើយជាមូលហេតុដែលពួកគេសរសើរតម្កើងព្រះអង្គ។

ថ្ងៃពុធ ទី៤ ធ្នូ ឆ្នាំ២០១៩

យញ្ញបូជា

សូមអានអំពីការប្រារព្ធការថ្វាយបង្គំនៅក្នុងខគម្ពីរនេហេមា ១២:៤៣។ ហេតុដូចម្តេចបានជាពួកសង្ឃថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ច្រើនម៉្លេះ? ហេតុអ្វីបានយញ្ញបូជាទាំងនេះគឺជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំ?

ដូចដែលយើងបានឃើញពីម្សិលមិញរួចហើយ យញ្ញបូជាគឺជាផ្នែកដ៏សំខាន់បំផុតនៃការថ្វាយបង្គំនៅព្រះវិហារ។ យញ្ញបូជានេះបង្ហាញប្រាប់យើងចំណុចសំខាន់ៗចំនួនពីរ។ សត្វត្រូវបានសម្លាប់។ ហើយការស្លាប់របស់សត្វទាំងនោះគឺជារូបស័ព្ទមួយ ដែលបង្ហាញដល់ពួកសាសន៍យូដាអំពីសេចក្តីសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងដើម្បីលោះបាប។ នៅជំនាន់គម្ពីរសញ្ញាចាស់ មានយញ្ញបូជាច្រើនបែប​ណាស់។ សត្វខ្លះដែលគេយកមកធ្វើយញ្ញបូជាគឺដើម្បីបង្ហាញឲ្យឃើញការអត់ទោសរបស់ព្រះទៅលើអំពើបាប។ បណ្តាជនក៏នាំយកសត្វមកថ្វាយដល់ព្រះវិហារដើម្បីអរគុណព្រះសម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។ យញ្ញបូជាជួយបណ្តាជនឲ្យនឹកចាំសេចក្តីពិតអំពីព្រះ។ ទ្រង់​បរិសុទ្ធ។ ព្រះអង្គគឺជា​ព្រះនៃសេចក្តីស្រឡាញ់។ យញ្ញបូជាក៏ជួយបណ្តាជនឲ្យនឹកចាំពីសេចក្តីសន្យារបស់ព្រះដែរ។ ព្រះទ្រង់​សន្យាថា នឹងចាត់ព្រះអង្គសង្គ្រោះមួយអង្គមកកាន់រាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គសង្គ្រោះនឹងសុគតជំនួសពួកគេ។ ហេតុនោះហើយបានជាព្រះអង្គសង្គ្រោះមានឈ្មោះថា កូនចៀម។

សូមអានខគម្ពីរនេហេមា ១២:៤៣ ម្តងទៀត។ បន្ទាប់មក សូមអានខគម្ពីរយ៉ូហាន ១:២៩, ៣៦, កូរិនថូសទី១ ៥:៧, និងវិវរណៈ ៥:៦, ១២,​ ១៣។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីយញ្ញបូជា? តើយញ្ញបូជាបង្ហាញសេចក្តីពិតអ្វីខ្លះ?

តើលោកអ្នកឃើញទេថា លោកនេហេមាបានប្រើពាក្យ «សប្បាយ» ប៉ុន្មានដងនៅក្នុងខគម្ពីរ នេហេមា ១២:៤៣? បួនដង! តើរឿងនោះបង្ហាញអ្វីដល់យើង? បណ្តាជនមានភាពសប្បាយរីករាយ​ណាស់។ ពិតមែនហើយ ពួកគេក៏មានការគោរពស្ញប់ស្ញែងដល់ព្រះជាម្ចាស់ផងដែរ។ ពួកគេបានសរសើរ​តម្កើងព្រះអង្គ និងមានការកោតខ្លាចយ៉ាងបរិសុទ្ធចំពោះព្រះអង្គផងដែរ។ ដំណាលគ្នានេះ ចូរក្រឡេកមើលសេចក្តីអំណរទាំងអស់ដែលពួកគេមានចុះ! នៅពេលដែលពួកគេថ្វាយបង្គំព្រះ ពួកគេមានអារម្មណ៍​ថាសប្បាយចិត្ត។ កាលណាយើងថ្វាយបង្គំព្រះ យើងតោងតែគោរពដល់ព្រះអង្គ។ យើងក៏ត្រូវតែមានការកោតខ្លាចយ៉ាងបរិសុទ្ធដល់ព្រះអង្គនៅក្នុងចិត្តរបស់យើង។ ប៉ុន្តែ យើងក៏តោងតែនឹកចាំអារម្មណ៍​អរ​សប្បាយផងដែរ។ បទគម្ពីរទំនុកតម្កើង៩៥ បង្ហាញប្រាប់យើងអំពីរបៀបថ្វាយបង្គំព្រះដោយទឹកចិត្តពេញដោយសេចក្តីអំណរ៖ «មក​ចុះ យើង​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​យើង​ឡើង​សំឡេង​ដោយ​អំណរដល់​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង» (ទំនុកតម្កើង ៩៥:១)។ យើងក៏តោងតែនឹកចាំពីការឱនចុះ និងលុតជង្គង់នៅចំពោះព្រះអម្ចាស់ដែរ (ទំនុកតម្កើង ៩៥:៦)។ ហេតុនោះ យើងតោងតែមានចិត្តសប្បាយកាលណាយើងថ្វាយបង្គំព្រះ។ យើងតោងតែថ្វាយបង្គំព្រះអង្គដោយចិត្តអំណរ។ ដំណាលគ្នានោះ យើងក៏តោងតែនឹកចាំពីការគោរពតម្កើងដល់ព្រះអង្គផងដែរ។

ចូរនឹកស្រមៃក្នុងគំនិតរបស់លោកអ្នកអំពីព្រះយេស៊ូវនៅលើឈើឆ្កាងមើល៍។ តើលោកអ្នកមានអារម្មណ៍ដូចម្តេចដែរ? តើយើងអាចរកសេចក្តីអំណរនៅក្នុងឈើឆ្កាងបានដោយរបៀបណាដែរ?

ថ្ងៃព្រហស្បតិ៍ ទី៥ ធ្នូ ឆ្នាំ២០១៩

ពួកសង្ឃ និងពួកលេវី

សូមអានអំពី​ដង្វាយដែលបណ្តាជននាំមកជូនដល់ពួកសង្ឃ និងពួកលេវីនៅក្នុងខគម្ពីរនេហេមា ១២:៤៤‑៤៧។ ហេតុអ្វីបានជាពួកសាសន៍យូដាសប្បាយចិត្តនឹងឃើញពួកសង្ឃ និងពួកលេវីបម្រើព្រះខ្លាំងម៉្លេះ?

តើកិច្ចការរបស់ពួកលេវីគឺជារូបស័ព្ទតំណាងឲ្យអ្វីដែរ? ដើម្បីរកចម្លើយ សូមអានហេព្រើរ ៩:​១‑១១។

«ឥឡូវនេះ ព្រះយេស៊ូវទ្រង់កំពុងតែធ្វើការសម្រាប់យើងនៅនគរស្ថានសួគ៌។ កិច្ចការនេះគឺជា ផ្នែកដ៏សំខាន់បំផុតនៃផែនការរបស់ព្រះសម្រាប់សង្គ្រោះមនុស្សលោកយើង។ វាក៏សំខាន់ដូចជាសេចក្តី សុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងដែរ។ ព្រះយេស៊ូវបានចាប់ផ្តើមកិច្ចការរបស់ព្រះអង្គសម្រាប់យើងរាល់គ្នានៅលើឈើឆ្កាង។ បន្ទាប់មក ព្រះអង្គបានយាងទៅបញ្ចប់កិច្ចការនោះនៅនគរស្ថានសួគ៌។ យើងតោងតែចូលរួមជាមួយនឹងព្រះអង្គក្នុងនគរស្ថានសួគ៌ដោយសារសេចក្តីជំនឿ។ ព្រះអង្គកំពុងតែគង់នៅក្នុងទីបរិសុទ្ធបំផុតរបស់ព្រះវិហារក្នុងនគរស្ថានសួគ៌។ ‘ជា​កន្លែង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បាន​យាង​ចូល​ទៅ ជំនួស​យើង​រាល់​គ្នា ទុក​ដូច​ជា​អ្នក​នាំ​មុខ ដោយ​ទ្រង់​បាន​ត្រឡប់​ជា​សម្ដេច​សង្ឃ នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក’ (ហេព្រើរ ៦:២០)»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 489, adapted ។

មនុស្សជំនាន់អតីតកាលពុំបានយល់អំពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះដូចជាពួកយើងយល់នៅសម័យសព្វថ្ងៃនេះទេ។ ប៉ុន្តែ ពួកគេយល់ច្បាស់ល្មមនឹងដឹងថា កិច្ចការរបស់ពួកលេវីក៏​សំខាន់​ដែរ។ ពួកលេវីបានជួយបម្រើនៅក្នុងព្រះវិហារ។ ហេតុនោះ ពួកបណ្តាជនមានចិត្តត្រេកអរនឹងជួយដល់ពួកលេវី។ សូមនឹកចាំថា ពួកយូដាបានចំណាយពេលជាមួយព្រះច្រើនណាស់។ ពួកគេបានអានព្រះគម្ពីរ។ ពួកគេបានអធិដ្ឋាន។ ពួកគេបានថ្វាយបង្គំ។ ពួកគេបានថ្វាយខ្លួនដល់ព្រះជាបន្តបន្ទាប់។ ខណៈដែល​ពួក​គេបានធ្វើរឿងទាំងនេះ ព្រះជាម្ចាស់ក៏បានជួយរាស្ត្ររបស់ព្រះអង្គឲ្យយល់អំពីចំណុចដ៏សំខាន់មួយ។ ពួកគេត្រូវចាប់ផ្តើមការពារថែរក្សាដំណាក់របស់ព្រះ។ កិច្ចការដ៏ពិសេសនេះត្រូវបានអាក់ខានជាយូរយារណាស់មកហើយ។ ហេតុនោះ ដល់ពេលដែលពួកគេត្រូវចាប់ផ្តើមជាថ្មីឡើងវិញហើយ។ នោះហើយជាមូលហេតុដែលពួកគេសប្បាយចិត្តនឹងជួយជ្រោមជ្រែងកិច្ចការបម្រើព្រះរបស់ពួកលេវីនោះ។

ថ្ងៃសុក្រ ទី៦ ធ្នូ ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “Growing Up Into Christ,” pages 67-75, in Steps to Christ.

«ព្រះជាម្ចាស់ទ្រង់នឹងនាំយករាស្ត្រដែលព្រះអង្គបានសង្គ្រោះទៅនគរស្ថានសួគ៌។​ នៅទីនោះ ពួកគេនឹងរៀនថែមទៀតអំពីឈើឆ្កាង។ ពួកគេនឹងច្រៀងអំពីឈើឆ្កាងជារៀងរហូត។ យើងនឹងឃើញព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះរបស់យើង។ យើងនឹងតែងតែនឹកចាំជានិច្ចថា ព្រះចេស្តារបស់ព្រះយេស៊ូវបានបង្កើតភពទាំងឡាយនៅក្នុងច្រកវាឡដ៏ធំធេងយើងនេះ។ ព្រះអង្គគឺជាព្រះរាជបុត្រស្ងួនភ្ងារបស់​ ព្រះជាម្ចាស់។ ព្រះអង្គគឺជាមហាក្សត្រនៃនគរស្ថានសួគ៌។​ ពពួកទេវតាពេញចិត្តនឹងថ្វាយការសរសើរតម្កើងដល់ព្រះអង្គ។ ព្រះយេស៊ូវអង្គដដែលនេះបានបន្ទាបអង្គទ្រង់ទាបជាងពពួកទេវតា។ ព្រះអង្គបាន សុខចិត្តទទួលទោស និងភាពអាម៉ាសដោយសារអំពើបាបរបស់យើង។ រីឯព្រះវរបិតាបានលាក់ព្រះភ័ក្ត្រចេញពីព្រះយេស៊ូវ។ ព្រះហឫទ័យរបស់ព្រះយេស៊ូវត្រូវខ្ទេចខ្ទាំ និងពោរពេញដោយទុក្ខព្រួយដោយសារតែពិភពលោកបាត់បង់មួយនេះ។ ភាពទុក្ខព្រួយនោះបានធ្វើឲ្យព្រះជន្មរបស់ព្រះអង្គនៅលើឈើឆ្កាងប៉ះ ទង្គិចយ៉ាងខ្លាំង។ ព្រះយេស៊ូវដដែលនេះធ្លាប់បានបង្កើតភពទាំងឡាយនៅខាងក្រៅចក្រវាឡរបស់យើង ហើយព្រះអង្គក៏នឹងជំនុំជំរះមនុស្សគ្រប់ៗរូបផងដែរ។ ប៉ុន្តែព្រះអង្គបានលះចោលសិរីល្អរបស់ព្រះអង្គ និងបានយាងចុះមកកាន់ផែនដីនេះដើម្បីសង្គ្រោះយើងរាល់គ្នា។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់។ សេចក្តីពិតនៃព្រះគម្ពីរនេះនឹងចាក់បំពេញចិត្តគំនិតគ្រប់ៗរូបនៅនគរស្ថានសួគ៌ ដោយការការស្ងើចសរសើរជានិច្ចនិរន្តរ៍។ ពួកគេនឹងមានចិត្តរំភើបត្រេកអរជារៀងរហូត។ រាស្ត្រដែលព្រះអង្គបានសង្គ្រោះនឹងសម្លឹង មើលទៅកាន់ព្រះអង្គសង្គ្រោះរបស់ពួកគេដោយការងឿងឆ្ងល់។ ពួកគេនឹងឃើញសិរីល្អរបស់ព្រះវរបិតារះចែងចាំងលើព្រះភ័ក្ត្រព្រះយេស៊ូវ។ ពួកគេក៏នឹងសម្លឹងមើលទៅកាន់បល្ល័ង្ករបស់ព្រះយេស៊ូវផងដែរ ដែលនឹងគង់វង្សស្ថិតស្ថេរជារៀងរហូត។ កាលណារាស្ត្ររបស់ព្រះគិតអំពីការនោះ ពួកគេនឹងចាប់ផ្តើម ច្រៀងថា៖ កូន​ចៀម​ដែល​គេ​បាន​សម្លាប់ នោះ​គួរ​នឹង​បាន​ព្រះ‌ចេស្តា។ ព្រះអង្គបានសង្គ្រោះយើងថ្វាយដល់ព្រះជាម្ចាស់ដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះអង្គ!»។ ដកស្រង់ពី Ellen G. White, The Great Controversy, pages 651, 652។

សំនួរពិភាក្សា៖
  1. ចូរពិភាក្សាគ្នាក្នុងថ្នាក់រៀន។ ហេតុអ្វីបានជាយើងត្រូវថ្វាយបង្គំព្រះដោយក្តីអំណរ និងការគោរព?

  2. ពួកយូដាបានបញ្ចប់ការសាងសង់កំផែងក្រុងរបស់ពួកគេ។ បន្ទាប់មកពួកគេបានធ្វើពិធីសម្ពោធថ្វាយកំផែងដល់ព្រះ។ ពួកគេបានសូមឲ្យព្រះអង្គការពារកំផែងរបស់ពួកគេ។ ពួកគេយល់ថា កំផែងនេះនឹងមិនអាចមានសុវត្ថិភាពដោយខ្លួនឯងបានទេ។ «បើ​គ្មាន​ព្រះ‌យេហូវ៉ា​សង់​ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​​សង់ គេ​ ​​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ បើ​គ្មាន​ព្រះ‌យេហូវ៉ា​ថែ​រក្សា​ទី​ក្រុង នោះ​ពួក​យាម​ល្បាត​គេ​ចាំ​យាម​ជា​ឥត​ប្រយោជន៍​ដែរ» (ទំនុកតម្កើង ១២៧:១)។ តើគតិបណ្ឌិតរបស់ស្តេចសាឡូម៉ូននៅទីនេះបង្ហាញប្រាប់យើងអំពីអ្វីខ្លះដែលយើងគួរធ្វើមុនគេបង្អស់មុននឹងចាប់ផ្តើមធ្វើកិច្ចការណាមួយថ្វាយព្រះអម្ចាស់នោះ? ​
Powered by CAM