មេរៀនទី១១​៖ ៩-១៥ មីនា ២០១៩

សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរ

Jeans
ថ្ងៃសៅរ៍ ទី៩ មីនា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ១៥‑១៦។

ខចងចាំ៖ «‌ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​សរសើរ‌ដំកើង​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​មាន​តែ​ទ្រង់​១​ដែល​បរិសុទ្ធ គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ ដ្បិត​ការ​សុចរិត​របស់​ទ្រង់ បាន​សំដែង​មក​ឲ្យ​ឃើញ​ហើយ» (វិវរណៈ ១៥:៤)។

តើមានអ្វីខ្លះនៅក្នុងចិត្តរបស់មនុស្សលោក មុនពេលដែលពួកគេប្រយុទ្ធក្នុងសង្គ្រាមចុងក្រោយប្រឆាំងនឹងរាស្ត្ររបស់ព្រះជាម្ចាស់នោះ? ខគម្ពីរវិវរណៈ ១១:១៨ បង្ហាញប្រាប់យើងនូវចម្លើយទាំងនេះ។ មនុស្សលោកនៅលើផែនដីនេះ «បាន​មាន​សេចក្ដី​កំហឹង»។ ពាក្យពេចន៍ទាំងនេះត្រូវគ្នានឹងព្រះបន្ទូល​របស់​ព្រះយេស៊ូវនៅក្នុងលូកា ២១:២៥, ២៦ ស្តីអំពីគ្រាចុងក្រោយ។ មនុស្សលោកនៅលើផែនដីនឹងបែរចេញពីព្រះ។​ ពួកគេនឹងគាំទ្របាប៊ីឡូន និងផឹក «ស្រា» របស់នាង។ បាប៊ីឡូនគឺជានិមិត្តរូបនៃសេចក្តីក្លែងក្លាយ។ ស្រារបស់បាប៊ីឡូនគឺជារូបស័ព្ទតំណាងឲ្យសេចក្តីបង្រៀនក្លែងក្លាយ។ កាលណាមនុស្សលោកបែរ​ចេញពី​សេចក្តីពិត និងទទួលយកសេចក្តីកុហករបស់បាប៊ីឡូនទាំងស្រុងហើយ នោះពួកគេនឹងពេញទៅដោយ​ស្រា ឬសេចក្តីបង្រៀនក្លែងក្លាយរបស់បាប៊ីឡូន។ បាប៊ីឡូននឹងធ្វើឲ្យមនុស្សគ្រប់គ្នាដែលមិនស្តាប់បង្គាប់​ព្រះ​ផឹកស្រារបស់នាង។ បន្ទាប់ពីរឿងនោះកើតឡើងហើយ ព្រះទ្រង់នឹងចាក់បង្អុរសេចក្តីក្រោធរបស់ទ្រង់ទាំងអស់ទាស់នឹងអំពើបាប។ សេចក្តីក្រោធរបស់ព្រះគឺត្រូវបានបង្ហាញនៅក្នុងសេចក្តីវេទនាចុងក្រោយទាំង ប្រាំពីរដែលនឹងធ្លាក់មកលើផែនដីទាំងនោះឯង។

បទគម្ពីរវិវរណៈ ១៥ ចាប់ផ្តើមពីទេវតាទាំងប្រាំពីរ។ ទេវតានីមួយៗមានចានមួយដែលពេញដោយសេចក្តីក្រោធរបស់ព្រះ។ ប៉ុន្តែមុនពេលដែលទេវតាចាក់សេចក្តីក្រោធរបស់ព្រះមកលើផែនដី យើងឃើញរូបភាពរបស់រាស្ត្រដ៏ស្មោះត្រង់របស់ព្រះឈរនៅសមុទ្រកែវនៅឋានសួគ៌ (វិវរណៈ ១៥:១‑៤)។ ពួកគេបានបដិសេធមិនទទួលយកទីសំគាល់របស់អំណាចនៃសត្វសាហាវដែលឡើងពីសមុទ្រមកឡើយ។​ ហេតុនោះហើយបានជាព្រះទ្រង់ការពារពួកគេនៅលើផែនដីនេះឲ្យរួចផុតពីសេចក្តីវេទនាចុងក្រោយទាំង ប្រាំពីរ។

ថ្ងៃអាទិត្យ ទី១០ មីនា ឆ្នាំ២០១៩

តើសេចក្តីវេទនាចុងក្រោយទាំងប្រាំពីរមានន័យដូចម្តេច?

នឹងមានពេលមកដល់ ដែលមនុស្សគ្រប់គ្នានៅលើផែនដីនឹងសម្រេចចិត្តថាត្រូវបម្រើព្រះ ឬ​បាប៊ីឡូន។ បាប៊ីឡូន ដូចដែលបានសិក្សាមកហើយ គឺជារូបស័ព្ទតំណាងឲ្យសាសនាក្លែងក្លាយ។ បន្ទាប់ពីមនុស្សគ្រប់គ្នាសម្រេចចិត្តរួចរាល់ហើយ នោះព្រះយេស៊ូវក៏នឹងត្រៀមខ្លួនយាងត្រឡប់មកវិញរួចរាល់ហើយដែរ។ ប៉ុន្តែ មុនពេលព្រះអង្គយាងមកវិញ ពួកទេវតាក៏លែងទប់ខ្យល់ទាំងបួនទិសដែលត្រូវបក់ មកលើផែនដីដែរ (វិវរណៈ ៧:១‑៣)។

សូមអានអំពីសេចក្តីវេទនាចុងក្រោយទាំងប្រាំពីរ ក្នុងខគម្ពីរវិវរណៈ ១៥:១។ តើសេចក្តីវេទនាដែលកើតឡើងនៅប្រទេសអេស៊ីព្ទ (និក្ខមនំ ៧‑១១) ជួយយើងឲ្យយល់ពីហេតុផលសំរាប់សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរយ៉ាងដូចម្តេចដែរ?

ហេតុអ្វីបានជាព្រះគម្ពីរចែងថា សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរគឺជាសេចក្តីវេទនាចុងក្រោយបង្អស់ដែលកើតឡើងនៅលើផែនដី?​ សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរកើតឡើងបន្ទាប់ពីសេចក្តីវេទនា ផ្សេងទៀតត្រូវបានបង្ហាញជាមួយនឹងត្រែទាំងប្រាំពីរ។ យើងបានរៀនរួចមកហើយថា ត្រែទាំងប្រាំពីរបង្ហាញប្រាប់យើងអំពីហេតុការណ៍ដែលបានកើតឡើង ឬនឹងកើតឡើង ចាប់តាំងពីជំនាន់ពួកជំនុំដំបូងរហូតដល់​គ្រា​ដែលព្រះយេស៊ូវទ្រង់យាងមកវិញ។ ហេតុនោះ រឿងនោះមានន័យថា ត្រែទាំងប្រាំពីរពន្យល់ប្រាប់អំពីសេចក្តីវេទនាទាំងនោះថាកើតឡើងក្នុងពេលដែលរាស្ត្ររបស់ព្រះផ្សព្វផ្សាយដំណឹងល្អនៅឡើយ (វិវរណៈ ១០:៨‑១១:១៤) គឺក្នុងអំឡុងពេលដែលព្រះយេស៊ូវទ្រង់កំពុងធ្វើកិច្ចការសំរាប់បាបជននៅក្នុងឋានសួគ៌ (វិវរណៈ ៨:១‑៥)។ ព្រះទ្រង់យកសេចក្តីស្រឡាញ់របស់ព្រះអង្គលាយឡំនឹងសេចក្តីវេទនាចេញពីត្រែទាំងប្រាំពីរក្នុងអំឡុងពេលនោះ។ ព្រះទ្រង់ចាក់សេចក្តីវេទនាទាំងនេះដើម្បីជួយឲ្យសត្រូវរបស់ព្រះអង្គបែរមករកព្រះអង្គវិញ។ ដោយឡែក មុនពេលព្រះយេស៊ូវយាងមកវិញបន្តិច ព្រះទ្រង់នឹងចាក់សេចក្តីវេទនាចុង ក្រោយទាំងប្រាំពីរមកលើមនុស្សលោកនៅលើផែនដីដែលបានតាំងចិត្ត «រឹងចចេស» ទាស់នឹងព្រះអង្គ (វិវរណៈ ១៦:១១, រ៉ូម ១:២៦‑២៨)។ គ្រានេះ ព្រះទ្រង់នឹងមិនយកសេចក្តីវេទនាទាំងនោះលាយនឹងសេចក្តីមេត្តាទៀតឡើយ។ មនុស្សទាំងឡាយណាដែលបានបែរចេញពីព្រះឥឡូវនេះនឹងរងទុក្ខលំបាកដោយព្រោះការសម្រេចចិត្តរបស់ពួកគេ។

ខគម្ពីរវិវរណៈ ១៥:៥‑៨ បង្ហាញប្រាប់យើងអំពីទេវតាទាំងប្រាំពីរដែលនឹងចាក់សេចក្តីវេទនា ចុងក្រោយទាំងប្រាំពីរ។ ខ៨ចែងថា «គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បាន​ទេ»។ តើពាក្យពេចន៍ទាំងនេះប្រាប់យើងអ្វីខ្លះអំពីពេលដែលសេចក្តីវេទនាចុងក្រោយទាំងប្រាំពីរនឹងកើតឡើងនោះ?

ប្រយោគដែលថា «គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បាន​ទេ» បង្ហាញប្រាប់យើងអំពីពេលដែលកិច្ចការរបស់ព្រះយេស៊ូវនៅឋានសួគ៌សំរាប់បាបជននឹងត្រូវបញ្ចប់។ នៅពេលកិច្ចការរបស់ព្រះអង្គចប់សព្វគ្រប់ ឱកាសសំរាប់មនុស្សលោកដើម្បីបែរចេញពីអំពើបាបនឹងពុំមានទៀតឡើយ។ បន្ទាប់មក ព្រះទ្រង់នឹងចាក់សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរមកលើផែនដី។ ហេតុនោះ សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរនឹងមិនជួយអ្នកណាម្នាក់ឲ្យបែរត្រឡប់មកព្រះវិញឡើយ។ សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរនឹងបង្ហាញតែសេចក្តីសម្អប់ដែលមាននៅក្នុងចិត្តរបស់ពួកអ្នកដើរតាមបាប៊ីឡូនប៉ុណ្ណោះ។ សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរនឹងបណ្តាលឲ្យពួកអ្នកដើរតាមបាប៊ីឡូនស្អប់ព្រះកាន់តែខ្លាំងឡើង។

ថ្ងៃច័ន្ទ ទី១១ មីនា ឆ្នាំ២០១៩

ព្រះទ្រង់ចាក់សេចក្តីក្រោធមកលើផែនដី

នៅពេលដែលព្រះយេស៊ូវទ្រង់បញ្ចប់កិច្ចការសំរាប់បាបជនទាំងស្រុងនៅឋានសួគ៌រួចហើយ ពេលវេលាសំរាប់មនុស្សនៅលើផែនដីក្នុងការទទួលយកព្រះអង្គក៏ត្រូវបញ្ចប់ដែរ។ នៅគ្រានេះ មនុស្សគ្រប់គ្នាបានធ្វើការសម្រេចចិត្តសព្វគ្រប់ហើយថាត្រូវថ្វាយបង្គំព្រះ ឬថ្វាយបង្គំអំណាចសត្វសាហាវដែលឡើងពីសមុទ្រមក។ ការសម្រេចចិត្តនីមួយៗឥឡូវនេះគឺចុងក្រោយហើយ។ ឥឡូវនេះដល់ពេលដែលមនុស្សដែលស្អប់ព្រះនៅលើផែនដីត្រូវទទួលសេចក្តីក្រោធដ៏ពោរពេញរបស់ព្រះប្រឆាំងទាស់នឹងអំពើបាបហើយ ពីព្រោះពួកគេបដិសេធមិនជឿដំណឹងល្អ។

សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរមានលក្ខណៈស្រដៀងគ្នានឹងគ្រោះកាចទាំង១០ ដែលព្រះ បានចាក់មកលើប្រទេសអេស៊ីព្ទដែរ (និក្ខមនំ ៧‑១១)។ គ្រោះកាចដែលកើតឡើងក្នុងប្រទេសអេស៊ីព្ទបានធ្វើទុក្ខតែលើជនជាតិអេស៊ីព្ទប៉ុណ្ណោះ ប៉ុន្តែពុំបានប៉ះពាល់ដល់រាស្ត្ររបស់ព្រះឡើយ។ ដូចគ្នាដែរ រាស្ត្ររបស់ព្រះក៏នឹងមានសុវត្ថិភាពក្នុងអំឡុងគ្រាវេទនា (ទំនុកតម្កើង ៩១:៣‑១០, សូមអាន The Great Controversy, pages 629, 630 ផងដែរ)។ គ្រោះកាចនៅអេស៊ីព្ទបង្ហាញឲ្យឃើញអំពីសេចក្តីសង្ស័យនៅក្នុងចិត្តដ៏រឹងចចេសរបស់ស្តេចផារ៉ោន។ ព្រះទ្រង់បានចាត់គ្រោះកាចឲ្យមកដើម្បីបង្ហាញប្រាប់ពួកសាសន៍អេស៊ីព្ទថា ព្រះរបស់គេពុំមានអំណាចដើម្បីសង្គ្រោះពួកគេឡើយ។ ដូចគ្នានេះដែរ សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរក៏នឹងបង្ហាញប្រាប់ទៅមនុស្សគ្រប់គ្នាអំពីចិត្តដ៏រឹងចចេសរបស់ពួកអ្នកដើរតាមសត្វសាហាវដែលឡើងពីសមុទ្រមកដែរ។ សេចក្តីវេទនាចុងក្រោយទាំងប្រាំពីរក៏បង្ហាញប្រាប់ទៅសត្រូវរបស់ព្រះថា បាប៊ីឡូនមិនអាចសង្គ្រោះពួកគេពីសេចក្តីក្រោធរបស់ព្រះបានឡើយ។

តើមានអ្វីខ្លះកើតឡើងនៅក្នុងខគម្ពីរវិវរណៈ​១៦:១‑១១? តើកណ្ឌគម្ពីរវិវរណៈបានប្រើរូបស័ព្ទអ្វីខ្លះដើម្បីបង្ហាញប្រាប់យើងអំពីហេតុការណ៍ទាំងឡាយដែលនឹងកើតឡើង?

អ្នកស្រីអែល្លិន ជី វ៉ៃត៍ប្រាប់យើងថា សេចក្តីវេទនាទាំងបួនដំបូង «មិនមានទ្រង់ទ្រាយធំកំរិត​ពិភព​​លោក ឬធ្វើឲ្យមនុស្សគ្រប់គ្នាត្រូវស្លាប់» នោះទេ (ដកស្រង់ពី The Great Controversy, page 628, adapted)។ សេចក្តីវេទនាទី១គឺជាដំបៅដ៏អាក្រក់ដែលលេចឡើងនៅលើរាងកាយរបស់មនុស្សលោក ដែលថ្វាយបង្គំអំណាចសត្វសាហាវដែលឡើងពីសមុទ្រ។ សេចក្តីវេទនាទី២ និងទី៣ ធ្វើឲ្យទឹក​នៅលើ ផែនដីក្លាយជាឈាម។ សេចក្តីវេទនាទី៤បណ្តាលឲ្យព្រះអាទិត្យក្តៅយ៉ាងខ្លាំងដែលធ្វើឲ្យមនុស្សលោក ត្រូវក្តៅខ្លោច និងធ្វើឲ្យពួកគេឈឺចាប់យ៉ាងខ្លាំង។ ប៉ុន្តែ សេចក្តីវេទនាទាំងបួនដំបូងនេះពុំបានធ្វើឲ្យមនុស្សលោកដែលស្អប់ព្រះបែរត្រឡប់មករកព្រះអង្គវិញ ឬធ្វើឲ្យពួកគេផ្លាស់ប្តូរចិត្តរបស់ពួកគេឡើយ។

ក្នុងខគម្ពីរវិវរណៈ ១៦:១០, ១១ (សូមអាននិក្ខមនំ ១០:២១‑២៣ផងដែរ) យើងឃើញថា សេចក្តីវេទនាទី៥ វាយប្រហារទៅបល្ល័ង្ករបស់សត្វសាហាវដែលឡើងពីសមុទ្រ។ សាតាំងគឺជាអ្នកដែល​បានប្រគល់បល្ល័ង្ករបស់វាដល់សត្វនោះដោយផ្ទាល់ (វិវរណៈ ១៣:២)។ បល្ល័ង្កនេះគឺជានិមិត្តរូបនៃអំណាច របស់សាតាំង។ ខណៈដែលមនុស្សលោករងការឈឺចាប់ ទើបពួកគេបានដឹងថា បាប៊ីឡូនមិនអាចការពារ​ ពួកគេបានទេ។ ប៉ុន្តែ បើទោះបីជាពួកគេភ័យខ្លាចចំពោះសេចក្តីវេទនាចុងក្រោយទាំងប្រាំពីរក្តី ក៏ពួកគេ នៅតែមិនព្រមផ្លាស់ប្តូរចិត្តអាក្រក់ដ៏រឹងរូសរបស់ពួកគេដែរ។

ថ្ងៃអង្គារ ទី១២ មីនា ឆ្នាំ២០១៩

ទន្លេអើប្រាតរីង

សូមអានអំពីទន្លេអើប្រាតនៅក្នុងខគម្ពីរវិវរណៈ ១៦:១២ និង ១៧:១, ១៥)។ តើទន្លេអើប្រាតគឺជារូបស័ព្ទតំណាងឲ្យអ្វី? តើពាក្យថា ទន្លេអើប្រាតរីងមានអត្ថន័យអ្វីខ្លះនៅក្នុងកណ្ឌគម្ពីរវិវរណៈ? តើទន្លេដែលរីងស្ងួតនេះមានជាប់ទាក់ទិននឹងសេចក្តីវេទនាចុងក្រោយទាំងប្រាំពីរយ៉ាងដូចម្តេចខ្លះ?

ក្នុងគម្ពីរសញ្ញាចាស់ យើងឃើញថា ទន្លេអើប្រាតសំខាន់ខ្លាំងណាស់សំរាប់ពួកបាប៊ីឡូន និងអាសស៊ើរដែលជាសត្រូវរបស់សាសន៍អ៊ីស្រាអែល (អេសាយ ៧:២០, យេរេមា ៤៦:១០)។ ទន្លេនេះហូរកាត់ចំកណ្តាលទីក្រុងបាប៊ីឡូនតែម្តង។ ទន្លេនេះសំខាន់ណាស់សំរាប់ទីក្រុងពីព្រោះវាជួយស្រោចស្រពដំណាំ និងផ្គត់ផ្គង់ទឹកដល់ប្រជាជនទាំងឡាយ។ ទីក្រុងបាប៊ីឡូនមិនអាចរស់នៅបានឡើយបើគ្មានទន្លេអើប្រាត។

ខគម្ពីរវិវរណៈ ១៧:១ បង្ហាញប្រាប់យើងថា បាប៊ីឡូននៅគ្រាចុងក្រោយគឺជាស្ត្រីម្នាក់។ នាងមានទីលំនៅរបស់ខ្លួននៅលើទឹកច្រើន។ ទឹកច្រើននេះក៏អាចបកស្រាយថាជាទន្លេអើប្រាតផងដែរ (សូម អានយេរេមា ៥១:១៣)។ ខគម្ពីរវិវរណៈ ១៧:១៥ ពន្យល់ថា ទឹកដែលមានបាប៊ីឡូននៅពីលើគឺជារូបស័ព្ទតំណាងឲ្យមនុស្សលោកដែលគាំទ្របាប៊ីឡូន។ មនុស្សទាំងនេះគឺជារដ្ឋាភិបាល និងអំណាចដែលមានជាប់ទាក់ទិននឹងបាប៊ីឡូន។ ប៉ុន្តែនៅទីបំផុត អំណាចទាំងនេះនឹងបែកបែរចេញពីនាង និងលែង​គាំទ្រនាងតទៀតហើយ។

សេចក្តីវេទនាទី៦ជួយយើងឲ្យនឹកឃើញអំពីរឿងក្នុងគម្ពីរសញ្ញាចាស់អំពីគ្រាដែលស្តេចស៊ីរូសនៃនគរពើស៊ី (សូមអានដានីយ៉ែល ៥) និងកងទ័ពរបស់ព្រះអង្គបានមកដល់ទីក្រុងបាប៊ីឡូន។ អ្នកជំនាញខាងប្រវត្តិសាស្ត្រមួយរូបឈ្មោះ ហេរ៉ូដូទុស បានកត់ត្រាអំពីអ្វីដែលស្តេចស៊ីរូសបានធ្វើ។ លោកហេរ៉ូដូទុស ធ្លាប់រស់នៅក្នុងជំនាន់គម្ពីរសញ្ញាចាស់។ លោកហេរ៉ូដូទុសមានប្រសាសន៍ថា ស្តេចបេលសាសារនៃនគរបាប៊ីឡូនទ្រង់បានរៀបចំពិធីជប់លៀងដ៏ធំមួយ។ នៅយប់ដដែលនោះ ពួកកងទ័ពពើស៊ីបានបង្វែរទឹក របស់ទន្លេអើប្រាតហូរទៅទិសដៅផ្សេងទៀត។ បន្ទាប់មក ពួកទ័ពនគរពើស៊ីក៏បានចូលទៅទីក្រុងដោយការដើរតាមបាតទន្លេដែលគោកគ្មានទឹក និងធ្វើឲ្យមនុស្សគ្រប់គ្នានៅទីក្រុងបាប៊ីឡូនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

ខគម្ពីរវិវរណៈ ១៦:១២ បានចែងថា ទន្លេអើប្រាតនឹងរីងស្ងួត។ ទន្លេដែលរីងស្ងួតនេះគឺជា រូបស័ព្ទមួយដែលបង្ហាញយើងថា ព្រះទ្រង់នឹងបញ្ចប់អំណាចរបស់បាប៊ីឡូន។ សូមនឹកចាំថា អើប្រាតគឺជារូបស័ព្ទតំណាងឲ្យការគាំទ្រដែលអំណាចទាំងឡាយនៅទូទាំងពិភពលោកផ្តល់ដល់បាប៊ីឡូន។ ហេតុ នោះ នៅពេលដែលអើប្រាតរីងស្ងួត វាបង្ហាញប្រាប់យើងថា អំណាចទាំងនេះឈប់គាំទ្របាប៊ីឡូនទៀតហើយ។ ខណៈដែលមនុស្សលោកនៅលើផែនដីបានឃើញហេតុការណ៍ដ៏អាក្រក់ៗដែលកំពុងកើតឡើងនៅក្នុងធម្មជាតិ (វិវរណៈ ១៦:៣‑៩) ពួកគេបែរទៅរកបាប៊ីឡូនដើម្បីឲ្យជួយការពារពួកគេ។ ប៉ុន្តែ បន្ទាប់ មកទៀត សេចក្តីវេទនាទី៥ក៏បានវាយប្រហារមកលើបេះដូងនៃអំណាចបាប៊ីឡូនតែម្តង (វិវរណៈ ១៦:១០, ១១)។ អំណាចទាំងឡាយដែលគាំទ្របាប៊ីឡូនក៏ឃើញថា នាងមិនអាចការពារពួកគេបានឡើយ។ ប៉ុន្តែ ការស្អប់ខ្ពើមរបស់ពួកគេចំពោះព្រះបានធ្វើឲ្យពួកគេងងឹតងងល់អស់។ ពួកគេក៏បែរមកវាយប្រហារលើ​បាប៊ីឡូន និងធ្វើឲ្យនាងបាត់បង់អំណាច។ ប៉ុន្តែចិត្តរបស់ពួកគេមិនទាន់ផ្លាស់ប្តូរនៅឡើយទេ។ ហេតុនោះហើយបានជាសាតាំងអាចប្រើល្បិចបោកពួកគេឲ្យចូលរួមក្នុងសង្គ្រាមពិភពលោកចុងក្រោយប្រឆាំងនឹងព្រះជាម្ចាស់បន្តទៀត។

ថ្ងៃពុធ ទី១៣ មីនា ឆ្នាំ២០១៩

សេចក្តីកុហកដ៏ធំចុងក្រោយរបស់សាតាំង

ខគម្ពីរវិវរណៈ ១៦:១២ ប្រាប់យើងថា មូលហេតុដែលទន្លេអើប្រាតរីងគឺដើម្បី «ឲ្យ​បាន​រៀប ‌ចំ​ផ្លូវ​របស់​ពួក​ស្តេច​ពី​ទិស​ខាង​ថ្ងៃ​រះ»។ នៅក្នុងគម្ពីរសញ្ញាចាស់ «ស្តេចពីទិសខាងកើត» គឺជាស្តេចស៊ីរូស និងកងទ័ពរបស់ព្រះអង្គដែលឡើងចេញពីទិសខាងជើង ហើយបានបែរទៅទិសខាងកើតដើម្បីវាយប្រយុទ្ធនឹងបាប៊ីឡូន (អេសាយ ៤១:២៥)។ ស្តេចស៊ីរូស និងកងទ័ពរបស់ព្រះអង្គក៏បានយកឈ្នះលើទីក្រុងបាប៊ីឡូន។ ជ័យជម្នះរបស់ពួកគេបានជួយឲ្យរាស្ត្ររបស់ព្រះអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេនៅក្នុងយេរូសាឡិម (អេសាយ ៤៤:២៧, ២៨)។ តាមរបៀបដូចគ្នានេះ រូបស័ព្ទដែលថាទន្លេអើប្រាតរីងស្ងួតនេះបង្ហាញប្រាប់យើងថា ពួកស្តេចដែលមកពីទិសខាងកើតកំពុងតែមកសង្គ្រោះរាស្ត្ររបស់ព្រះចេញពីគ្រោះថ្នាក់នៅគ្រាចុងក្រោយ។

ពួកស្តេចពីទិសខាងកើតក្នុងខគម្ពីរវិវរណៈ ១៦:១២ គឺជាព្រះយេស៊ូវ និងពួកទេវតារបស់​ព្រះអង្គ។ ព្រះយេស៊ូវទ្រង់នឹងយាងមកជាមួយនឹងទេវតារបស់ព្រះអង្គក្នុងការយាងមកលើកទីពីរ (វិវរណៈ ១៥:៦, ១៩:៨)។ ខគម្ពីរវិវរណៈ ១៧:១៤ បង្ហាញប្រាប់យើងថា ព្រះយេស៊ូវនិងកងទ័ពទេវតារបស់ ព្រះអង្គនឹងយកឈ្នះលើសាតាំងនិងបរិវាររបស់វាដែលធ្វើបាបលើរាស្ត្ររបស់ព្រះនៅក្នុងសង្គ្រាម អើម៉ា​គេដូន។

ខគម្ពីរវិវរណៈ ១៦:១៣, ១៤ បង្ហាញប្រាប់អំពីអារក្សដែលមើលទៅដូចជាសត្វកង្កែប។ តើពួកអារក្សទាំងនោះមានចំណែកអ្វីខ្លះក្នុងផែនការរបស់សាតាំង សំរាប់ធ្វើសង្គ្រាមចុងក្រោយបង្អស់នៃ ប្រវត្តិ​សាស្ត្រផែនដីនេះ?

នៅពេលដែលទន្លេអើប្រាត «រីង» សាតាំងនិងសម្ព័ន្ធមិត្រអំណាចអាក្រក់លំដាប់ពិភពលោករបស់វានឹងបាត់បង់កម្លាំងគាំទ្ររបស់ពួកគេ។​ គ្រានោះហើយដែលលោកយ៉ូហានបានឃើញអារក្ស​ដែល​មើលទៅដូចជាហ្វូងកង្កែបចេញពីមាត់របស់ពួកគេ។ នៅក្នុងគ្រោះកាចនៅស្រុកអេស៊ីព្ទ ហ្វូងសត្វកង្កែបគឺជាគ្រោះកាចចុងក្រោយដែលព្រះទ្រង់ចាត់ឲ្យទៅទាស់នឹងប្រទេសអេស៊ីព្ទ ដែលពួកគ្រូមន្តអាគមរបស់​ស្តេចផារ៉ោនអាចធ្វើត្រាប់តាមបាន (និក្ខមនំ ៨:១‑១៥)។ ហេតុនោះ អារក្សទាំងបីដែលមើលទៅដូច​ជា​សត្វ​កង្កែបបង្ហាញប្រាប់យើងថា កិច្ចការចុងក្រោយដែលសាតាំងនឹងធ្វើគឺត្រូវចម្លងតាមកិច្ចការរបស់ព្រះ។

តើកិច្ចការនោះគឺជាអ្វីទៅ? សាតាំងប្រគល់អំណាចដល់បក្សពួកអាក្រក់របស់វាឲ្យអាចធ្វើការ អស្ចារ្យដូចជាព្រះយេស៊ូវបានធ្វើកាលព្រះអង្គគង់នៅផែនដីដែរ។ លោកអ្នកនឹងចាំបានថា បក្សពួកអារក្ស​​​ របស់សាតាំងរួមមាន៖ ១) សត្វនាគ (គោលជំនឿស្តីអំពីមនុស្សស្លាប់ទៅហើយអាចទាក់ទងមកមនុស្សរស់បាន) ២) សត្វសាហាវដែលឡើងពីសមុទ្រមក (ពួកជំនុំរ៉ូមុាំងកាតូលិក) និង ៣) ពួកអ្នកនាំសារក្លែង​​ ក្លាយ (ពួកជំនុំប្រូតេស្តង់ត៍ទាំងឡាយ ដែលបែរចេញពីសេចក្តីពិតរបស់ព្រះគម្ពីរ)។ ការអស្ចារ្យទាំងឡាយ​​ ដែល​អំណាចទាំងបីនេះធ្វើគឺជាផ្នែកមួយនៃផែនការបោកបញ្ឆោតមនុស្សលោកនៅលើផែនដីនៅគ្រាចុងក្រោយ ដើម្បីឲ្យពួកគេចូលរួមជាមួយវាប្រឆាំងទាស់នឹងរាស្ត្ររបស់ព្រះ។ ពិតមែនហើយ ពួកមេដឹកនាំនៅផែនដីដឹងថាជាល្បិចកិច្ចកលដែរ តែចាញ់ការពង្វក់ស្មារតី។ ម៉្លោះហើយ បានជាពួកគេចូលរួមនឹង​សាតាំងដោយគ្មានការរារែក។ នៅពេលរឿងនោះកើតឡើង អ្វីៗគ្រប់យ៉ាងគឺបានត្រៀមជាស្រេចហើយសំរាប់សង្គ្រាមចុងក្រោយដែលនឹងបញ្ចប់ប្រវត្តិសាស្ត្រផែនដីនេះ។ សង្គ្រាមចុងក្រោយនេះត្រូវបានគេដាក់ឈ្មោះថា សង្គ្រាមអើម៉ាគេដូន។

ថ្ងៃព្រហស្បតិ៍ ទី១៤ មីនា ឆ្នាំ២០១៩

សង្គ្រាមអើម៉ាគេដូន

ខគម្ពីរវិវរណៈ ១៦:១៦បង្ហាញប្រាប់យើងថា វិញ្ញាណអាក្រក់ទាំងឡាយបោកបញ្ឆោតស្តេចទាំងឡាយនៅផែនដីឲ្យចូលរួមធ្វើសង្រ្គាមអើម៉ាគេដូន។ តើសាតាំងអាចបោកមនុស្សអាក្រក់ទាំងអស់នៅលើផែនដីឲ្យចូលរួមក្នុងសង្គ្រាមចុងក្រោយមុនព្រះយេស៊ូវយាងមកវិញនេះដោយរបៀបណា?

អារក្សទាំងឡាយនឹងធ្វើការអស្ចារ្យដើម្បីបោកមនុស្សលោកនៅលើផែនដីទាំងមូល ឲ្យពួកគេចូលរួមធ្វើជាកងទ័ពរបស់សាតាំង។ ការអស្ចារ្យទាំងនេះនឹងទទួលបានជោគជ័យទូទាំងពិភពលោក។ តើសាតាំងអាចបោកមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះបានដោយរបៀបណា? គឺដោយសារតែពួកគេបានបែរចេញពីដំណឹងល្អរបស់ព្រះយេស៊ូវរួចទៅហើយ។ រឿងនោះធ្វើឲ្យពួកគេងាយនឹងជឿលើសេចក្តីកុហករបស់សាតាំង។ ពួកអារក្សរបស់សាតាំងសំដែងការអស្ចារ្យក្លែងក្លាយជាច្រើនដើម្បីធ្វើឲ្យការកុហករបស់វាមើលទៅដូចជាពិតប្រាកដ (សូមអានថែស្សាឡូនីចទី២ ២:៩‑១២)។ សេចក្តីកុហកទាំងនេះ បណ្តាលឲ្យមនុស្សអាក្រក់នៅលើផែនដីចូលរួមក្នុងសង្គ្រាមរបស់សាតាំង។

ឈ្មោះទីកន្លែងដែលសង្គ្រាមចុងក្រោយនឹងកើតឡើងគឺមានឈ្មោះថា អើម៉ាគេដូន។ នៅក្នុង​ភាសាហេព្រើរ អើម៉ាគេដូន មានន័យថា «ភ្នំម៉ាគេដូន»។ ឥឡូវនេះ ការយល់ថា អើម៉ាគេដូនគឺជារូបស័ព្ទនៅក្នុងគម្ពីរវិវរណៈគឺជារឿងសំខាន់ណាស់។ ប៉ុន្តែនៅក្នុងជំនាន់គម្ពីរសញ្ញាចាស់ ក៏មានទីក្រុងមួយឈ្មោះថាម៉ាគេដូនដែរ។ ទីក្រុងនេះមានសភាពរឹងមាំខ្លាំងណាស់។ វាស្ថិតនៅក្នុងជ្រលងយេសរាល​នៅលើវាល​ ទំនាបអេសដ្រាលេអនដែលឋិតនៅតាមជើងភ្នំកើមែល។ ម៉ាគេដូនគឺជាកន្លែងដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។ លោកយ៉ូហានបានប្រើអើម៉ាគេដូនជារូបស័ព្ទដើម្បីបង្ហាញប្រាប់យើងថា មនុស្សលោកនៅលើផែនដីនេះនឹងចូលរួមជាមួយនឹងសាតាំងប្រឆាំងនឹងព្រះ។

លោកយ៉ូហានប្រើឈ្មោះម៉ាគេដូនជារូបស័ព្ទតំណាងឲ្យភ្នំកើមែលផងដែរ។ កើមែលគឺជាទីតាំងមួយដែលអ៊ីស្រាអែលធ្លាប់ប្រយុទ្ធគ្នាក្នុងសមរភូមិដ៏សំខាន់មួយដែរ។ នៅទីនោះ អ្នកនាំសាររបស់ព្រះគឺលោកអេលីយ៉ាបានប្រយុទ្ធប្រឆាំងទាស់នឹងពួកមេដឹកនាំសាសនារបស់ព្រះបាល (ពង្សាវតាក្សត្រទី១ ជំពូក១៨)។ ពួកគេប្រយុទ្ធគ្នាដើម្បីឲ្យដឹងថាព្រះណាមួយជាព្រះពិត។ ភ្លើងបានធ្លាក់ពីលើមេឃមកបញ្ឆេះដង្វាយនៅលើអាសនារបស់លោកអេលីយ៉ាដើម្បីបង្ហាញប្រាប់មនុស្សគ្រប់គ្នាថា ព្រះអម្ចាស់គឺជាព្រះតែ មួយអង្គគត់ដែលពិតប្រាកដ។ ភ្លើងបង្ហាញប្រាប់ថា មនុស្សលោកគួរថ្វាយបង្គំព្រះជាម្ចាស់តែមួយប៉ុណ្ណោះ។ ខគម្ពីរវិវរណៈ ១៣:១៣, ១៤ បង្ហាញប្រាប់យើងថា មុនពេលដែលសេចក្តីវេទនាចុងក្រោយទាំងប្រាំពីរធ្លាក់មកលើផែនដី អំណាចសត្វសាហាវដែលឡើងពីដីគោកនឹងធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃដើម្បីចម្លងតាមអ្វីដែលព្រះទ្រង់បានធ្វើនៅលើភ្នំកើមែល។ ការអស្ចារ្យនេះនឹងបោកមនុស្សនៅលើផែនដីដើម្បីឲ្យ​ពួកគេបង្កើតច្បាប់មួយដែលតម្រូវឲ្យរក្សាថ្ងៃអាទិត្យជាបរិសុទ្ធ។

សូមនឹកចាំថា អើម៉ាគេដូនពុំមែនជាសង្គ្រាមពិតប្រាកដដែលមនុស្សលោកនឹងចេញមកប្រយុទ្ធ​ គ្នានៅកន្លែងណាមួយនៅមជ្ឈិមបូព៌ានោះទេ។ វាគឺជាសង្គ្រាមខាងឯវិញ្ញាណរវាងកងទ័ពព្រះយេស៊ូវ និង​​ កងទ័ពរបស់សាតាំងទៅវិញទេ (សូមអាន កូរិនថូសទី២ ១០:៤) សង្គ្រាមនេះនឹងបង្ហាញដល់មនុស្សគ្រប់គ្នាថា អ្នកណាគឺជាមេដឹកនាំពិតប្រាកដនៅឋានសួគ៌ និងនៅផែនដី និងនៅលើសាកលលោកទាំងមូល​ជារៀងរហូត។ យើងតោងតែក្រឡេកមើលអ្វីដែលបានកើតឡើងនៅលើភ្នំកើមែលដើម្បីឲ្យដឹងពីរបៀបដែលសង្គ្រាមនេះនឹងត្រូវបញ្ចប់ដោយរបៀបណា៖ គឺព្រះយេស៊ូវឈ្នះ ឯសាតាំងចាញ់។

ថ្ងៃសុក្រ ទី១៥ មីនា ឆ្នាំ២០១៩

សិក្សាបន្ថែម

«មនុស្សទាំងឡាយណាដែលតាំងចិត្តជឿយ៉ាងរឹងមាំលើសេចក្តីពិតរបស់ព្រះគម្ពីរ នឹងនៅតែអាចរក្សាភាពស្មោះត្រង់នឹងព្រះនៅគ្រាចុងក្រោយបាន... លោកប៉ុលបានព្រមានប្រាប់យើងអំពីរបៀបដែលរឿងរ៉ាវទាំងឡាយនឹងកើតឡើងនៅគ្រាចុងក្រោយ៖ ‘នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំ​ទ្រ​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើងមកបង្រៀន​ ​ឲ្យ​ត្រូវ​ចិត្ត’ (ធីម៉ូថេទី២ ៤:៣)។ គ្រានោះគឺជាពេលឥឡូវនេះហើយ។ មនុស្សនៅលើផែនដីពុំចង់បានសេចក្តីពិតរបស់ព្រះគម្ពីរទេ។ ហេតុអ្វី? ពីព្រោះសេចក្តីពិតរបស់ព្រះគម្ពីរធ្វើឲ្យពួកគេមានអារម្មណ៍ថា មាន​ទោស ដោយសារតែការស្រឡាញ់ចូលចិត្តអំពើបាប និងរបស់របរនៅលើផែនដីនេះ។ សាតាំងក៏​បាន​​ឲ្យសេចក្តី កុហកដែលពួកគេចូលចិត្ត ដើម្បីឲ្យពួកគេជឿ។

«ប៉ុន្តែព្រះក៏នឹងនៅមានមនុស្សដែលស្មោះត្រង់ចំពោះព្រះអង្គនៅលើផែនដីនេះដែលដើរតាមសេចក្តីពិតរបស់ព្រះគម្ពីរតែប៉ុណ្ណោះដែរ។ ពួកគេជឿថា ព្រះគម្ពីរមានអំណាចខ្ពស់បំផុតចំពោះគោលជំនឿ និងការដែលពួកគេត្រូវប្រព្រឹត្ត...

«សាតាំងធ្លាប់មានប្រវត្តិបោកបញ្ឆោតមនុស្សលោកជាយូរយារណាស់មកហើយ។ ប៉ុន្តែ តើអ្វីទៅដែលជាល្បិចបោកចុងក្រោយបង្អស់របស់វានោះ? គឺសាតាំងនឹងបន្លំខ្លួនធ្វើជាព្រះយេស៊ូវខ្លួនឯងតែម្តង។ គ្រីស្ទានទាំងឡាយគ្រប់ទីកន្លែងបានជឿជាក់ជាយូរលង់ណាស់មកហើយថា ការយាងមកវិញ​របស់ព្រះយេស៊ូវគឺជាសេចក្តីសង្ឃឹមដ៏ធំបំផុតរបស់ពួកគេ។ ពួកគេជឿថា អ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូវបានសន្យាជាមួយពួកគេនឹងកើតឡើងនៅគ្រានៃការយាងមកលើកទីពីរ។ សាតាំងគឺជាអ្នកកុហកដ៏ធំ។ វានឹងធ្វើខ្លួនវាឲ្យដូចជាព្រះយេស៊ូវ។ សាតាំងនឹងបង្ហាញវត្តមានរបស់វាដល់មនុស្សលោកនៅតាម​ទីកន្លែង ផ្សេងៗ។ វានឹងធ្វើខ្លួនឲ្យដូចជាស្តេចដ៏មានសិរីរុងរឿង។ វានឹងធ្វើខ្លួនឲ្យដូចជាតួអង្គព្រះយេស៊ូវ​ដែល​លោក​យ៉ូហាន​បានប្រាប់យើងនៅក្នុងខគម្ពីរវិវរណៈ ១:១៣‑១៥។ ភ្នែករបស់មនុស្សលោកពុំធ្លាប់ដែលឃើញសិរីល្អដែលសាតាំងយកប្រើដើម្បីបន្លំខ្លួនជាព្រះយេស៊ូវនោះឡើយ។ នឹងមានសម្រែកជ័យឃោស​ ឡើងថា៖ ‘ ព្រះយេស៊ូវយាងមកហើយ! ព្រះយេស៊ូវយាងមកហើយ!’។ មនុស្សម្នាទាំងឡាយនឹងឱនកាយថ្វាយបង្គំនៅចំពោះមុខសាតាំងពីព្រោះពួកគេគិតថាវាគឺជាព្រះយេស៊ូវ... សាតាំងនឹងនិយាយជាសម្លេង​ដ៏ពីរោះគួរឲ្យស្រឡាញ់ចូលចិត្ត។ វានឹងនិយាយពាក្យពេចន៍ខ្លះដែលដូចគ្នានឹងអ្វីដែលព្រះយេស៊ូវ​ធ្លាប់​មានបន្ទូល។ សាតាំងនឹងព្យាបាលមនុស្សលោកឲ្យជាពីជំងឺទាំងឡាយ។ ខណៈដែលវាកំពុងបន្លំខ្លួនជាព្រះយេស៊ូវនោះ សាតាំងក៏នឹងប្រាប់ទៅមនុស្សលោកថា វាបានប្តូរថ្ងៃសប្បាតហ៍ទៅថ្ងៃអាទិត្យហើយ។ វាក៏បង្គាប់ដល់មនុស្សគ្រប់គ្នានៅលើផែនដីឲ្យរក្សាថ្ងៃដែលវាបានប្រទានពរ៖ គឺជាថ្ងៃអាទិត្យ។ វានឹង​ប្រកាសថា មនុស្សទាំងឡាយណាដែលនៅតែបន្តរក្សាថ្ងៃទីប្រាំពីរជាបរិសុទ្ធគឺពុំបានគោរពនាមឈ្មោះ របស់វាឡើយ។ សាតាំងនឹងបន្ទោសមនុស្សទាំងនេះថាជាមូលហេតុដែលនាំឲ្យមានសេចក្តីវេទនា​ដែល​កំពុងកើតឡើងនៅផែនដី។ ហេតុអ្វី? ពីព្រោះក្រុមនេះបដិសេធមិនស្តាប់បង្គាប់តាមទេវតារបស់វា (មិនជឿលើសារក្លែងក្លាយរបស់ពួកគេ)។ នោះគឺជាសេចក្តីកុហកដ៏ធំរបស់សាតាំងដែលមានអានុភាពយ៉ាងខ្លាំងក្លាណាស់»។ ដកស្រង់ The Great Controversy, pages 593-624, adapted ។

សំនួរពិភាក្សា៖
  1. សូមអានវិវរណៈ ១៦:១៥ អំពីសេចក្តីដាស់តឿនរបស់ព្រះយេស៊ូវដែលប្រាប់ថា រាស្ត្ររបស់ព្រះត្រូវ ត្រៀមខ្លួនជាស្រេចសំរាប់សង្គ្រាមអើម៉ាគេដូន។ តើលោកអ្នកមិនឃើញថា សេចក្តីព្រមាននេះដូចគ្នានឹងសេចក្តីព្រមានដល់ពួកជំនុំឡៅឌីសេទេឬ (វិវរណៈ ៣:១៨)? ហេតុអ្វីបានសារទាំងនេះសំខាន់ដល់យើងម៉្លេះ? តើសារទាំងនេះជួយយើងឲ្យត្រៀមខ្លួនជាស្រេចសំរាប់សង្គ្រាមចុងក្រោយដោយរបៀបណា?

  2. អាវសស្អាតតំណាងឲ្យសេចក្តីសុចរិតរបស់ព្រះយេស៊ូវ (វិវរណៈ ៣:៤, ៥, ១៩:៧‑៩)។ មានតែអស់អ្នកដែលពាក់អាវនៃសេចក្តីសុចរិតរបស់ព្រះគ្រិស្តប៉ុណ្ណោះទើបអាចឈររឹងមាំនៅគ្រាវិបត្តិចុងក្រោយ។ តើអ្នកជឿម្នាក់ៗត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឲ្យអាវរបស់ខ្លួនមានសភាពសស្អាតក្នុងឈាមរបស់កូនចៀម (វិវរណៈ ៧:១៤)?
Powered by CAM