មេរៀនទី១១​៖ ៨-១៤ មិថុនា ២០១៩

គ្រួសារដែលមានសេចក្តីជំនឿ

Jeans
ថ្ងៃសៅរ៍ ទី៨ មិថុនា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ១០:១‑២៨, ៣៤, ៣៥, លោកុប្បត្តិ ១៨:១៩, លោកុប្បត្តិ ១២:១‑៥, ពួកចៅហ្វាយ ២:៧‑១៣, យ៉ូហាន ៣:១៦

ខចងចាំ៖ «ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​១​ហ្វូង​ធំ​ម៉្លេះ នៅ​ព័ទ្ធ​ជុំ‌វិញ​យើង នោះ​ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំ‌វិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​រំពឹង​មើល​ដល់​ព្រះ‌យេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​ យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល‌ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ» (ហេព្រើរ ១២:១, ២)។

គ្រួសារទាំងឡាយ មានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃដោយសារតែគោលជំនឿ និងរបៀបរបបរស់នៅក្នុងសហគមន៍មានលក្ខណៈផ្សេងៗពីគ្នា។ ជួនកាលរបៀបរបបរស់នៅខ្លះក៏ល្អត្រឹមត្រូវ ឯខ្លះទៀតក៏​មិនល្អដែរ។ មានខ្លះទៀតក៏មានថាមពលខ្លាំងក្លាណាស់ដែរ។ សូម្បីតែព្រះវិហារក៏គេអាចផ្លាស់ប្តូរបានដែរ។ ចូរសាកធ្វើដំណើរកាត់ព្រះវិហារណាមួយ លោកអ្នកនឹងឃើញសញ្ញាជាសេចក្តីអញ្ជើញឲ្យចូលរួមថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យមិនខាន។ សញ្ញាសំរាប់ការថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យនោះបង្ហាញប្រាប់លោកអ្នកអំពីគោលគំនិត និងរបៀបរបបរស់នៅមានលក្ខណៈអស្ចារ្យប៉ុនណា។

របៀបរបបរស់នៅជុំវិញយើងធ្វើឲ្យយើងមានបញ្ហា និងសំណួរជាច្រើន។ ប៉ុន្តែ ដំណឹងល្អ​នោះ​គឺថា ព្រះគម្ពីរបានផ្តល់ឲ្យយើងនូវចម្លើយសំរាប់សំណួរទាំងនេះ។ សប្តាហ៍នេះ យើងនឹងរៀនអំពី​របៀប​ដែលអាចធ្វើឲ្យយើងក្លាយជា «គ្រួសារដែលមានសេចក្តីជំនឿ» នៅក្នុងសហគមន៍របស់យើង។ «ដើម្បី​ឲ្យ​បងប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀច‌វេរ និង​ខិល‌ខូច​នៅ​ជំនាន់​នេះ បងប្អូន​ភ្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភព‌លោក» (ភីលីព ២:១៥, គខប)។

ថ្ងៃអាទិត្យ ទី៩ មិថុនា ឆ្នាំ២០១៩

ចូរប្រកាន់ខ្ជាប់តាមអំពើល្អជានិ

គ្រីស្ទានជាច្រើនត្រូវពាំនាំយកដំណឹងល្អស្តីអំពីព្រះយេស៊ូវយកទៅចែកចាយដល់មនុស្សនៅគ្រប់ទីកន្លែងទាំងអស់នៅលើផែនដីនេះ។ ខណៈដែលយើងធ្វើកិច្ចការនេះ យើងនឹងជួបមនុស្សដែលមាន​​គោល​ជំនឿ និងឥរិយាបថផ្សេងៗពីគ្នា។ របៀបរបបរស់នៅរបស់ពួកគេអាចមានលក្ខណៈចម្លែកដល់យើង។ សំណួរដ៏ធំមួយដែលអ្នកបម្រើព្រះតោងសួរនោះគឺ៖ តើខ្ញុំគួរមានឥរិយាបថបែបណានៅក្នុងដែនដីដែលមានវប្បធម៌ខុសគ្នា? របៀបរបបរស់នៅថ្មីៗខ្លះធ្វើឲ្យយើងមិនស្រណុកស្រួលខាងផ្លូវចិត្តឡើយ។

សូមអានខគម្ពីរកិច្ចការ ១០:១‑២៨, ៣៤, ៣៥។ តើយើងអាចប្រើក្បួនច្បាប់ដ៏សំខាន់អ្វីដែល យើងរៀនពីខទាំងនេះ? តើក្បួនច្បាប់នេះអាចជួយយើងដូចម្តេចខ្លះកុំឲ្យថ្កោលទោសមនុស្សដែលមានរបៀបរបបរស់នៅខុសពីយើង?

ព្រះយេស៊ូវបានសុគតសម្រាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ប៉ុន្តែមនុស្សភាគច្រើនពុំបានដឹងអំពីសេចក្តីពិតដ៏អស្ចារ្យនេះឡើយ។ ហេតុនោះ យើងតោងតែទៅប្រាប់ពួកគេអំពីសេចក្តីពិតនេះ។ យើង​តោងនឹកចាំថា ព្រះទ្រង់ស្រឡាញ់មនុស្សគ្រប់គ្នាស្មើៗគ្នា។ ហេតុនោះ យើងជាគ្រីស្ទានតោងចេះគោរពគ្នាទៅវិញទៅមក។

សូមអានខគម្ពីរកិច្ចការ ១៥:១៩, ២០, ២៨, ២៩, កូរិនថូសទី១ ២:២ និង ថែស្សាឡូនីចទី១ ៥:២១, ២២។ តើខទាំងនេះបង្រៀនយើងអំពីក្បួនច្បាប់ដ៏សំខាន់អ្វីខ្លះ? តើពួកគ្រីស្ទានគម្ពីរសញ្ញាថ្មីបាន​សម្រេចចិត្តដូចម្តេចអំពីការការផ្សព្វផ្សាយដំណឹល្អដល់មនុស្សដែលមានរបៀបរបបរស់នៅផ្សេងពីពួកគេ?

សហគមន៍ និងរបៀបរបបរស់នៅជាច្រើនបង្ហាញប្រាប់យើងថា មនុស្សនៅលើផែនដីនេះមាន ភាពកម្សោយ និងពោរពេញដោយអំពើបាប។ ប៉ុន្តែក៏មានរបៀបរបបរស់ខ្លះដែលមានលក្ខណៈស្របគ្នានឹង ព្រះគម្ពីរដែរ។ តើលោកអ្នកអាចរកនឹកឧទាហរណ៍ខ្លះបានទេ? រឿងគ្រួសារវិញយ៉ាងដូចម្តេចដែរ? មានមនុស្សជាច្រើនបានឲ្យតម្លៃទៅលើរឿងគ្រួសារ និងសហគមន៍ខ្លាំងណាស់។ ពួកអ្នកបម្រើព្រះទាំងឡាយអាចទទួលយកគោលជំនឿល្អៗនៅក្នុងសហគមន៍បាន។ ពួកគេក៏អាចជួយឲ្យគោលជំនឿទាំងនេះកាន់តែប្រសើរឡើងក្នុងសហគមន៍ផងដែរ។

ទន្ទឹមគ្នានោះដែរ យើងមិនត្រូវលើកវាឲ្យខ្ពស់ជាងសេចក្តីពិតរបស់ព្រះជាម្ចាស់ឡើយ។ ប្រវត្តិសាស្ត្រពួកជំនុំបង្ហាញប្រាប់យើងអំពីអ្វីដែលបានកើតឡើងកាលណាមនុស្សលោកបានយកគោលជំនឿ និងរបៀបរស់នៅរបស់ពួកគេឲ្យសំខាន់ជាងសេចក្តីពិតនៃព្រះគម្ពីរនោះ។ សាតាំងបានអួតខ្លួនថា វាគឺជា ព្រះនៃផែនដីទាំងមូលនេះ។ វាសប្បាយចិត្តណាស់កាលណាវាអាចបំភ័ន្ទមនុស្ស និងយកសេចក្តីក្លែងក្លាយលាយនឹងសេចក្តីពិតយកមកបោកប្រាស់មនុស្សបាន។ ប៉ុន្តែព្រះយេស៊ូវទ្រង់បានទិញយើងដោយលោហិតរបស់ព្រះអង្គ។​ ព្រះអង្គបានយាងមកដើម្បីសង្គ្រោះយើងចេញពីអំពើបាប និងការកុហករបស់សាតាំង។ ព្រះវិញ្ញាណរបស់ព្រះទ្រង់ដឹកនាំពួកអ្នកដើរតាមព្រះអង្គឲ្យចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតទាំងអស់ (យ៉ូហាន ១៦:១៣)។

តើសេចក្តីជំនឿរបស់លោកអ្នកខុសគ្នាពីគោលជំនឿ និងរបៀបរស់នៅរបស់មនុស្សដែលនៅជំុំវិញលោកអ្នកដូចម្តេចខ្លះ? តើមានចំណុចណាខ្លះដែលដូចគ្នា?

ថ្ងៃច័ន្ទ ទី១០ មិថុនា ឆ្នាំ២០១៩

របៀបរបបរស់នៅដែលនៅជុំវិញគ្រួសាររបស់លោកអ្នក

«ដ្បិត​យើង​បាន​ជ្រើស‌រើស​គាត់ ដើម្បី​ណែ‌នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អ័ប្រាហាំ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក​អំពី​គាត់» (លោកុប្បត្តិ ១៨:១៩, គខប)។

គ្រួសារទាំងឡាយប្រៀបដូចជាដុំឥដ្ឋដែលកជាជញ្ជាំងរបស់សហគមន៍។ ហេតុនោះ វាពុំ​មែន​ជារឿងចម្លែកទេដែលដឹងថា មានគោលជំនឿ និងរបៀបរស់នៅជាច្រើនបានផ្សារភ្ជាប់នឹងគ្រួសារ។ ត​ទៅនេះគឺជាឧទាហរណ៍អំពីវប្បធម៌មួយចំនួនក្នុងអតីតកាល។ មិនបាច់ឆ្ងល់ទេ សព្វថ្ងៃនេះឧទាហរណ៍ទាំងនេះស្តាប់ទៅហាក់ដូចជាចម្លែកណាស់។ នៅក្នុងសហគមន៍មួយ កូនៗត្រូវបរិភោគសាច់របស់ឪពុកម្តាយដែលបានស្លាប់ទៅ។ នៅក្នុងសហគមន៍មួយទៀត កូនកម្លោះត្រូវទៅកាត់ក្បាលពួកសត្រូវមកជូនឪពុកក្មេកទុកជាថ្លៃបណ្ណាការ។ បន្ទាប់មកទើបបុរសជាឪពុកព្រមលើកកូនស្រីឲ្យរៀបការនឹងកម្លោះនោះបាន។ វប្បធម៌ទាំងនេះប្រហែលជាខុសពីវប្បធម៌បច្ចុប្បន្នរបស់យើង។ ប៉ុន្តែ យើងក៏មានគោលគំនិត និង​គោលជំនឿផ្ទាល់របស់យើងស្តីអំពី កូនចៅ ការចែចូវ ការលែងលះ អាពាហ៍ពិពាហ៍ និងឪពុកម្តាយដែរ។ គោលគំនិតរបស់លោកអ្នកអាចខុសពីគោលគំនិតរបស់អ្នកផ្សេងទៀត។ យើងតោងតែនឹកចាំអំពីការពិតនេះខណៈដែលយើងកំពុងផ្សព្វផ្សាយដំណឹងល្អជាមួយមនុស្សនៅដែនដីឆ្ងាយពីភូមិឋានរបស់យើង។ យើងតោងតែស្វែងយល់អំពីមនុស្ស និងរបៀបរស់នៅរបស់ពួកគេ។ ទន្ទឹមគ្នានោះដែរ យើងមិនត្រូវបណ្តោយឲ្យរបៀបរស់នៅផ្សេងគ្នារបស់ពួកគេផ្លាស់ប្តូរគោលជំនឿរបស់យើងឡើយ។ យើងក៏តោងតែយល់អំពីរបៀបដែលវប្បធម៌ទាំងនេះអាចផ្លាស់ប្តូរគ្រួសាររបស់យើងផងដែរ។

សូមអានអំពីមនុស្សនៅក្នុងខគម្ពីរខាងក្រោម។ តើវប្បធម៌នៅជុំវិញមនុស្សទាំងនេះបានផ្លាស់ប្តូរគ្រួសាររបស់ពួកយ៉ាងដូចម្តេចខ្លះ? តើខទាំងនេះបង្រៀនយើងអំពីក្បួនច្បាប់សំខាន់ៗអ្វីខ្លះ?

លោកុប្បត្តិ ១៦:១‑៣---------------------------------------------

លោកុប្បត្តិ ៣៥:២‑៤---------------------------------------------

អែសរ៉ា ១០-------------------------------------------------------

ពង្សាវតារក្សត្រទី១ ១១:១---------------------------------------

ក្នុងនាមជាគ្រីស្ទាន យើងតោងតែរស់នៅដោយសេចក្តីសុខសាន្តឲ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមួយនឹងវប្បធម៌ដែលនៅជុំវិញយើង។ យើងអាចរើសយកវប្បធម៌ណាដែលល្អៗ។ ប៉ុន្តែ យើងក៏ត្រូវតែចេញឲ្យឆ្ងាយពីវប្បធម៌ទាំងឡាយណាដែលធ្វើឲ្យសេចក្តីជំនឿរបស់យើងខ្សោយចុះដែរ។

ថ្ងៃអង្គារ ទី១១ មិថុនា ឆ្នាំ២០១៩

ការទប់ស្កាត់គ្រួសារកុំឲ្យដួលចុះខាងសេចក្តីជំនឿ

ការផ្លាស់ប្តូរគឺជាផ្នែកមួយនៃជីវិត។ វាក៏ជាផ្នែកមួយនៃជីវិតគ្រួសារផងដែរ។ យើងមិនអាចគេច​ចេញពីវាបានទេ។ ការផ្លាស់ប្តូរខ្លះកើតឡើងដោយគ្មានឲ្យសញ្ញាដឹងមុនឡើយ ដូចជា៖ សេចក្តីស្លាប់ ទុក្ខលំបាក សង្គ្រាម ជំងឺដំកាត់ ការផ្លាស់ប្តូរទីលំនៅ ឬការបាត់បង់ការងារជាដើម។ ការផ្លាស់ប្តូរខ្លះ​កើត​ឡើងដោយសារតែការដូររបបដឹកនាំ។ ប៉ុន្តែការផ្លាស់ប្តូរដទៃទៀតកើតឡើយដោយសារតែសហគមន៍​របស់លោកអ្នក និងវប្បធម៌ដែលមាននៅនឹងមូលដ្ឋាននោះឯង។

ខាងក្រោមនេះគឺជាគំរូខ្លះៗស្តីអំពីគ្រាលំបាកៗ និងការផ្លាស់ប្តូរដ៏ពិបាកដែលបានកើតឡើងចំពោះមនុស្សនៅក្នុងព្រះគម្ពីរ។ តើរឿងរ៉ាវដែលបានកើតឡើងផ្លាស់ប្តូរជីវិតរបស់ពួកគេដូចម្តេចខ្លះ? តើក្នុងអំឡុងពេលនេះពួកគេបានអ្វីជាទីពឹងអាង? ប្រសិនបើលោកអ្នកជាតួអង្គក្នុងរឿងនេះវិញ តើលោកអ្នកគួរប្រព្រឹត្តឲ្យខុសពួកគេទេ? បើមែន តើគួរប្រព្រឹត្តយ៉ាងដូចម្តេចខ្លះ?

អ័ប្រាហាំ សារ៉ា និងឡុត (លោកុប្បត្តិ ១២:១‑៥------------------

ហាដាសា (នាងអែសធើរ ២:៧‑៩) -------------------------------

ដានីយ៉ែល ហាណានា មីសាអែល អ័សារា (ដានីយ៉ែល ១)-------

ការផ្លាស់ប្តូរនាំមកនូវការបាត់បង់។ បន្ទាប់មកយើងបារម្ភអំពីអ្វីដែលនឹងកើតឡើងនៅគ្រា អនាគត។ គ្រួសារខ្លះមានភាពរឹងមាំជាងគ្រួសារខ្លះទៀត។ ការផ្លាស់ប្តូរធ្វើឲ្យគ្រួសាររបស់ពួកគេចម្រុង​ចម្រើន​ទៅវិញ។ ពួកគេកាន់តែរឹងមាំខាងព្រលឹងវិញ្ញាណឡើងថែមទៀត។ ប៉ុន្តែការផ្លាស់ប្តូរអាចធ្វើឲ្យ​គ្រួសារដែលទន់ខ្សោយបែកបាក់ទៅវិញ។ សាតាំងវាយប្រហារមកលើយើងក្នុងអំឡុងពេលដែល​មាន​ការផ្លាស់ប្តូរ និងទុក្ខលំបាក ជាពេលដែលយើងមានអារម្មណ៍មិនល្ង និងភ័យខ្លាចនោះឯង។ វាសង្ឃឹម​ថា នឹងធ្វើឲ្យយើងសង្ស័យអំពីព្រះ និងលែងជឿទុកចិត្តលើព្រះអង្គ។ ប់ូន្តែសាច់រឿងដែលយើងអានទាំងនេះអាចជួយបង្រៀនយើងអំពីរបៀបទប់ទល់ក្នុងអំឡុងពេលដែលមានការផ្លាស់ប្តូរ និងទុក្ខលំបាកមក​ដល់។

តើលោកអ្នកស្គាល់នរណាម្នាក់ (ឬគ្រួសារណា) ដែលកំពុងជួបបញ្ហាដោយសារតែការផ្លាស់ប្តូរក្នុងជីវិតដែរឬទេ? តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយ និងកំសាន្តចិត្តដល់ពួកគេ?

ថ្ងៃពុធ ទី១២ មិថុនា ឆ្នាំ២០១៩

សេចក្តីជំនឿរបស់បុព្វបុរស

តើមានអ្វីកើតឡើងចំពោះសេចក្តីជំនឿរបស់សាសន៍អ៊ីស្រាអែលបន្ទាប់ពីយ៉ូស្វេ និងពួកមេដឹកនាំជំនាន់គាត់បានស្លាប់អស់? សូមអានយ៉ូស្វេ ២:៧‑១៣ ដើម្បីរកចម្លើយ។

ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលចាប់ផ្តើមឲ្យមានពួកជំនុំ ឬសាសនា មានគោលជំហររឹងមាំលើគោលជំនឿរបស់ពួកគេខ្លាំងណាស់។ មនុស្សទាំងនេះគឺជាក្រុមមនុស្សដំបូងដែលបាន ក្រោកឈរលើកស្ទួយសេចក្តីពិតទាំងនេះ។ ប៉ុន្តែ ពេលដែលកូនចៅរបស់ពួកគេធំឡើង ការប្រែប្រួល​ក៏​កើតមានឡើងដែរ។​ ពួកកូនចៅអាចនឹងដើរខុសគន្លងទំនៀមទម្លាប់របស់ពួកគេ។ ប៉ុន្តែ ជាញឹកញាប់​ពួក​កូនចៅពុំមាន «ចិត្តឆេះឆួល» ដោយសេចក្តីពិតក្នុងចិត្តរបស់ពួកគេឡើយ។

មនុស្សម្នាក់បានមានប្រសាសន៍ថា៖ «ព្រះជាម្ចាស់ពុំមានចៅឡើយ គឺមានតែកូនតែប៉ុណ្ណោះ»។ ហេតុអ្វីបានជាប្រយោគនេះត្រឹមត្រូវ? ដើម្បីរកចម្លើយ សូមអានយ៉ូហាន ១:១២, ១៣, យ៉ូហាន ៣:៧, យ៉ូហានទី១ ៥:១ ផងដែរ។

តើអ្វីទៅដែលជាវិធីសាស្ត្រដ៏ប្រសើរបំផុតដែលពួកគ្រីស្ទានពីជំនាន់មុនប្រើសម្រាប់បង្រៀន គ្រីស្ទានជំនាន់ក្រោយអំពីសេចក្តីពិត? គឺពួកគេថ្លែងប្រាប់ពួកគ្រីស្ទានស្រករក្រោយអំពីអ្វីដែលពួកគេជឿ។ ប៉ុន្តែ ការរៀនសូត្រពីអ្វីដែលឪពុកម្តាយជឿមិនដុចគ្នានឹងការជឿលើសេចក្តីពិតរបស់យើងទេ។ ពួកកូនចៅជំនាន់ក្រោយតោងតែសិក្សា និងទទួលយកសេចក្តីពិតផងដែរ។ តើការធ្វើជាគ្រីស្ទានគ្រាន់តែជាសមាជិករបស់ព្រះវិហារតែប៉ុណ្ណឹងទេឬ?​ ទេ មិនមែនទេ។ វាលើសហ្នឹងច្រើនទៀត។ សេចក្តីជំនឿពិតប្រាកដពុំមែនមានមកពីកំណើតឡើយ។ វាក៏ពុំមែនបានមកពីការចែកបន្តពីឪពុកម្តាយដែរ។ មនុស្សម្នាក់ៗត្រូវតែស្គាល់ព្រះយេស៊ូវដោយខ្លួនឯង។ ឪពុកម្តាយបានត្រឹមតែបង្ហាត់បង្រៀនកូនៗរបស់ខ្លួនឲ្យបានច្រើនតែប៉ុណ្ណោះ។ បន្ទាប់មកទៀត កូនៗត្រូវសម្រេចចិត្តដោយខ្លួនឯង។ ពួកជំនុំ និងឪពុកម្តាយត្រូវធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើបានដើម្បីជួយកូនៗរបស់ពួកគេដែលចង់ធ្វើការសម្រេចចិត្តត្រឹមត្រូវ។ ប៉ុន្តែ ទីបំផុត យើងម្នាក់ៗត្រូវតែសម្រេចចិត្តសម្រាប់ខ្លួនឯងថាសុខចិត្តទទួលយកសេចក្តីសង្គ្រោះឬក៏អត់។

លោកចូ បានធំឡើងទាំងមិនបានជឿលើព្រះជាម្ចាស់ទេ។ បន្ទាប់គាត់ក៏មានបទពិសោធន៍ដ៏អស្ចារ្យមួយជាមួយនឹងព្រះយេស៊ូវ។ លោកចូក៏បានថ្វាយខ្លួនទៅព្រះអម្ចាស់ និងបានចូលរួមជាមួយពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទ។ លោកបានរៀបការនឹងស្ត្រីអាត់វេនទីស្ទម្នាក់។ ពួកគេក៏មានកូនបីបួន​នាក់។ លោកចូ និងភរិយាក៏បាននាំកូនៗទៅព្រះវិហារ និងបានបង្រៀនពួកគេអំពីព្រះយេស៊ូវ។ ប៉ុន្តែ កូនៗរបស់ពួកពុំចាប់អារម្មណ៍អំពីសេចក្តីជំនឿរបស់ឪពុកម្តាយពួកគេទេ។ រឿងនោះបានធ្វើឲ្យ​លោកចូ​ខូចចិត្ត។ លោកមានប្រសាសន៍ថា «ឱ ប្រសិនបើកូនៗរបស់ខ្ញុំមានបទពិសោធន៍ដូចខ្ញុំទៅអេះ!» ប្រសិន បើលោកអ្នកនៅទីនោះ ហើយបានឮដូច្នេះ តើលោកអ្នកនឹងប្រាប់ទៅគាត់ថាដូចម្តេចដែរ?

ថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា ឆ្នាំ២០១៩

ដំណឹងល្អសំរាប់សតវត្សរ៍ទី២១

លោកយូជិន ភិតធើសឹន (Eugene Peterson) មានបំណងកែសម្រួលព្រះគម្ពីរឲ្យមានលក្ខណៈសាមញ្ញ និងស្រួលអាន។ ហេតុនោះ លោកក៏បានចងក្រងវាឡើងហើយដាក់ឈ្មោះថា ព្រះគម្ពីរនៃសារ (The Message Bible)។ នៅក្នុងព្រះគម្ពីរនៃសារ លោកភិតធើសឹនបានប្រើពាក្យ «សារ» ជំនួសឲ្យ​ពាក្យ «ដំណឹងល្អ»។ សព្វថ្ងៃនេះយើងក៏នៅតែត្រូវការដំណឹងល្អដែរ ពីព្រោះវាគឺជាសារដែលយើងត្រូវការបំផុត។ ព្រះជាម្ចាស់ទ្រង់បង្គាប់គ្រួសារគ្រីស្ទានឲ្យរស់នៅតាមដំណឹងល្អ និងចែកចាយវាដល់មនុស្សទាំងឡាយដែលយើងអាច។

សូមអាន យ៉ូហាន ៣:១៦, ម៉ាថាយ ២៨:៥‑៧, រ៉ូម ១:១៦, ១៧, កូរិនថូសទី១ ២:២, កូរិនថូសទី២ ៥:១៨‑២១។ តើនៅក្នុងខទាំងនេះមាន «សារ» អ្វីសំរាប់យើង?

តើអ្វីទៅដែលជាដំណឹងដំបូងបង្អស់ដែលពួកអ្នកដើរតាមព្រះយេស៊ូវបានចែកចាយប្រាប់ដល់មនុស្សគ្រប់គ្នានៅលើផែនដី? ពួកគេបានផ្សាយប្រាប់អំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ។ គ្រួសារ គ្រីស្ទានសព្វថ្ងៃក៏បានចែកចាយដំណឹងល្អនេះដែរ។ «រួច​ទៅ​ឲ្យ​ឆាប់ ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ» (ម៉ាថាយ ៨:៧)។ ការមានព្រះជន្មរស់ឡើងវិញរបស់​ព្រះយេស៊ូវ​គឺជាភស្តុតាងដែលបញ្ជាក់ថា អ្វីៗដែលព្រះយេស៊ូវបានមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់សុទ្ធតែពិតទាំងអស់។ យើងអាចជឿលើអ្វីដែលព្រះអង្គមានបន្ទូលអំពីព្រះ សេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះបាបជន និង​ការអត់ទោស។ យើងក៏អាចជឿទុកចិត្តលើសេចក្តីសន្យារបស់ព្រះអង្គចំពោះយើងអំពីជីវិតអស់កល្ប​ផងដែរ។

គម្ពិរសញ្ញាថ្មីបង្ហាញប្រាប់យើងអំពីរបៀបដែលដំណឹងល្អបានផ្លាស់ប្តូរជិវិតរបស់ពួកសិស្ស ដំបូងៗរបស់ព្រះយេស៊ូវ។ ពួកគេបានបើកផ្ទះរបស់ខ្លួនដល់គ្នាទៅវិញទៅមក។ ពួកគេបានសិក្សាព្រះគម្ពីរជាមួយគ្នា។ ពួកគេបានអធិដ្ឋាន និងបរិភោគជាមួយគ្នា។ ពួកគេបានយកប្រាក់កាស និងដីធ្លីមកដាក់​រួមគ្នា។ ពួកគេមើលថែគ្នាទៅវិញទៅមក។ តើមានរឿងអ្វីកើតឡើង? គ្រួសារទាំងមូលបានថ្វាយជីវិត​របស់ខ្លួនដល់ព្រះយេស៊ូវ! តើរឿងនោះកើតឡើងដោយសារតែពួកសិស្សរបស់ព្រះយេស៊ូវគ្រប់លក្ខណ៍​ឬ? ទេ មិនមែនទេ! តើពួកគេមានការខ្វែងគំនិតគ្នា និងឈ្លោះទាស់ទែងគ្នាឬទេ? ពិតមែនហើយ។ ប៉ុន្តែពួកអ្នកដើរតាមព្រះយេស៊ូវបានយល់ពីជម្រៅនៃសេចក្តីត្រូវការព្រះ និងការរួបរួមគ្នា។ ពួកបានខិតខំរក្សា​សេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នានៅក្នុងពួកជំនុំ។ ពួកគេចង់ឃើញសេចក្តីអធិដ្ឋានរបស់ព្រះយេស៊ូវនៅក្នុងសួនច្បារគេតសេម៉ានីបានសម្រេចឡើង (យ៉ូហាន ១៧:២០‑២៣)។ ហេតុនោះ ពួកគេក៏បានចែកចាយសេចក្តីជំនឿដល់គ្នាទៅវិញទៅមក។ ពួកគេបានធ្វើបន្ទាល់ប្រាប់ដល់មនុស្សដែលពុំទាន់បានជឿលើសេចក្តីពិតនៅឡើយ។ ពួកគេសុខចិត្តប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតដោយសារតែជំនឿរបស់ខ្លួន។

យើងតោងតែមានចិត្តចង់បានសេចក្តីដូចគ្នានេះដែរ។ យើងតោងតែយកគំរូតាមពួកគេ។ ពិតមែនហើយ យើងរស់នៅលើផែនដីនេះត្រង់កន្លែងដែលមនុស្សជាច្រើនមើលទៅហាក់ដូចជាពុំបានយកចិត្តទុកដាក់នឹងរឿងព្រះ ឬព្រះគម្ពីរឡើយ។ ប៉ុន្តែព្រះវិញ្ញាណចង់បំពេញសេចក្តីស្រឡាញ់ក្នុងចិត្ត របស់ពួកគេសំរាប់ដំណឹងល្អខ្លាំងណាស់។ កាលណាចិត្តរបស់យើងពេញដោយក្តីស្រឡាញ់ យើងនឹង​ចង់ចែកចាយដល់មនុស្សដទៃទៀត។ គ្មានអ្វីអាចមករារាំងយើងបានឡើយ!

ថ្ងៃសុក្រ ទី១៤ មិថុនា ឆ្នាំ២០១៩

សិក្សាបន្ថែម

Ellen G. White, “In the Court of Babylon,” pages 479-490, in Prophets and Kings; “Words of Caution,” pages 324, 329; “No respect of Persons With God,” pages 330, 331, in Gospel; “Rejoicing in the Lord,” pages 115-126, in Steps to Christ.

«សាសនារបស់ព្រះយេស៊ូវធ្វើឲ្យយើងក្លាយជាមនុស្សដែលប្រសើរជាងមុន។ វាបានជួយឲ្យគំនិតនិងសកម្មភាពរបស់យើងកាន់តែល្អឡើង។ ទន្ទឹមគ្នានោះដែរ សាសនារបស់ព្រះយេស៊ូវក៏បង្ហាញ ប្រាប់យើងថា ព្រះទ្រង់ស្រឡាញ់យើងខ្លាំងណាស់ដែរ។ ព្រះទ្រង់បានទិញយើងដោយលោហិតដ៏វិសេសរបស់ព្រះបុត្រាព្រះអង្គ ដែលបានសុគតជំនួសយើងរាល់គ្នា។ យើងទាំងអស់គ្នានឹងជួបជុំគ្នានៅត្រង់ព្រះបាទារបស់ព្រះយេស៊ូវ។ អ្នកក្របានជួយជុំគ្នានឹងអ្នកមាន។ មនុស្សសាមញ្ញបានជួបជុំគ្នានឹងពួកអ្នកប្រាជ្ញ។ ខណៈដែលយើងជួបគ្នានៅត្រង់ព្រះបាទារបស់ព្រះយេស៊ូវ យើងបានភ្លេចពីបំណងចង់ធ្វើជាលេខមួយទៀតហើយ។ កាលណាយើងក្រឡេកមើលព្រះអង្គ យើងលែងគិតថាខ្លួនឯងប្រសើរជាងមនុស្សដទៃទៀតហើយ។ អំពើបាបរបស់យើងបានធ្វើឲ្យរាងកាយរបស់ព្រះអង្គរបួស។ ព្រះអង្គបានយាងពីឋានសួគ៌មកដើម្បីសង្គ្រោះយើងរាល់គ្នា។ ព្រះជន្មដ៏ប្រកបដោយក្តីស្រឡាញ់របស់ព្រះអង្គបានធ្វើឲ្យភាពអាត្មានិយមក្នុងចិត្តរបស់យើងអាម៉ាស! យើងមានអារម្មណ៍ខ្មាសអៀនដោយសារតែអំនួតរបស់យើង។ យើងខ្មាសដោយសារតែចង់ធ្វើជាអ្នកលេខមួយ។ សាសនារបស់ព្រះយេស៊ូវបានធ្វើឲ្យយើងស្អាត និងបរិសុទ្ធ។ វាបានញែកយើងចេញពីអំពើបាប។ វាបានបង្រួមយើងទាំងអស់គ្នាមកតែមួយនៅក្នុងសេចក្តីពិត។ យើងទាំងអស់គ្នាសុទ្ធតែពឹងលើព្រះយេស៊ូវ ដែលបានទិញយើងដោយលោហិតរបស់ព្រះអង្គ។ ព្រះយេស៊ូវធ្វើឲ្យយើងបានជាមេត្រីជាមួយនឹងព្រះម្តងទៀត»។ ដកស្រង់ពី Ellen G. White, Gospel Workers, page 330, adapted។

សំនួរពិភាក្សា៖
  1. ចូរពិភាក្សាគ្នាអំពីចម្លើយរបស់លោកអ្នកទៅនឹងសំណួរក្នុងមេរៀនថ្ងៃអាទិត្យ។

  2. សូមអានសំណេររបស់អ្នកស្រីអែល្លិន ជី វ៉ៃត៍ម្តងទៀត។ តើលោកអ្នកឃើញមានក្បួនច្បាប់ដ៏សំខាន់អ្វីខ្លះនៅក្នុងប្រសាសន៍របស់អ្នកស្រី? តើការអនុវត្តតាមក្បួនច្បាប់ទាំងនេះនាំមកនូវការផ្លាស់ប្តូរដល់ជីវិតគ្រួសាររបស់យើងយ៉ាងធំដោយរបៀបណា? ​

  3. តើពួកជំនុំមូលដ្ឋានរបស់លោកអ្នកជួយឲ្យយុវជនក្នុងព្រះវិហារទទួលជឿព្រះយេស៊ូវដោយរបៀបដូចម្តេចដែរ? ក្នុងនាមលោកអ្នកជាពួកអ្នកសិក្សាសប្បាតហ៍ស្គូល តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយពួកជំនុំក្នុងកិច្ចការដ៏សំខាន់នេះ? ​

  4. តើសហគមន៍ និងវប្បធម៌របស់លោកអ្នកជួយឲ្យគ្រួសាររបស់លោកអ្នករីកចម្រើនឡើងដោយប្រការណាខ្លះ? តើទាំងពីរយ៉ាងនេះជួយឲ្យសេចក្តីជំនឿក្នុងគ្រួសាររបស់លោកអ្នកចុះខ្សោយដោយរបៀបណា? ​
Powered by CAM