ថ្ងៃសៅរ៍ ទីទី៧ កញ្ញា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ សាការី ១:១២, ម៉ាថាយ ២៤, ម៉ាថាយ ២៥, កូរិនថូសទី១ ១៥:១២‑១៩, សាស្តា ៨:១៤, វិវរណៈ ២១:១‑៥។
ខចងចាំ៖ «បងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរ ជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ» (កូរិនថូសទី១ ១៥:៥៨)។
ព្រះយេស៊ូវ មានបន្ទូលថា នគររបស់ព្រះគឺមានពិតប្រាកដមែន។ យើងអាចចូលរួមចំណែកក្នុងនគរនេះនាពេលឥឡូវនេះបាន។ ព្រះអង្គបានចាត់ពួកអ្នកដើរតាមព្រះអង្គឲ្យប្រកាសដំណឹងនេះដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ព្រះយេស៊ូវបានបង្គាប់ដល់ពួកអ្នកដើរតាមព្រះអង្គឲ្យផ្សព្វផ្សាយដំណឹងល្អ។ ព្រះអង្គបានប្រាប់ពួកគេឲ្យបម្រើដល់មនុស្សដទៃ។ ព្រះអង្គចង់ឲ្យពួកគេផ្តល់ដល់អ្នកដទៃដូចដែលព្រះអង្គបានប្រទានដល់ពួកគេដោយឥតគិតថ្លៃដែរ (ម៉ាថាយ ១០:៥‑៦)។
ប៉ុន្តែព្រះយេស៊ូវក៏មានបន្ទូលថា នគររបស់ព្រះអង្គខុសពីនគរនៅលោកិយនេះដែរ។ នគរនេះ «មិនមែនត្រូវខាងលោកីយ៍នេះទេ» (យ៉ូហាន ១៨:៣៦)។ ព្រះយេស៊ូវក៏បានមើលឃើញគ្រាមួយដែលនគររបស់ព្រះអង្គនឹងជំនួសនគរទាំងអស់នៅលើផែនដីនេះ។ នោះទើបនគរព្រះនឹងបានសម្រេចសព្វគ្រប់។
ក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ យើងទន្ទឹងរង់ចាំនគរនេះមកដល់។ យើងគឺជាមនុស្សដែលមានសង្ឃឹម។ សេចក្តីសង្ឃឹមរបស់យើងគឺមិនមែនត្រឹមតែអនាគតនគរ និងផែនដីថ្មីប៉ុណ្ណឹងទេ ប៉ុន្តែសេចក្តីសង្ឃឹមនេះវានឹងផ្លាស់ប្តូរជីវិតរបស់យើងនាពេលឥឡូវនេះផងដែរ។ ដោយសារសេចក្តីសង្ឃឹមនេះ ឥឡូវនេះយើងកំពុងរស់នៅហាក់ដូចជានៅគ្រាអនាគតដែរ។ ឥឡូវនេះយើងធ្វើការផ្លាស់ប្តូរជីវិតរស់នៅរបស់យើងដើម្បីបង្ហាញឲ្យឃើញនូវសេចក្តីសង្ឃឹមរបស់យើងទៅលើជីវិតដែលនឹងមកដល់។
ថ្ងៃអាទិត្យ ទី៨ កញ្ញា ឆ្នាំ២០១៩
«ព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណា?»
ម្តងហើយម្តងទៀត ព្រះគម្ពីរបង្ហាញថា រាស្ត្ររបស់ព្រះបានស្រែកយំរកព្រះអង្គឲ្យជួយ។ ពួកគេបានយំស្រែកឲ្យព្រះអង្គជួយពួកគេឲ្យរួចពីទាសភាព ពីគ្រោះថ្នាក់ ឬរួចពីភាពក្រីក្រ។ ពួកគេបានស្រែកអំពាវនាវរកព្រះអង្គឲ្យសង្គ្រោះពួកគេពីមនុស្សដែលអយុត្តិធម៌។ ទាសករសាសន៍ហេព្រើរបាន យំស្រែកសូមឲ្យព្រះទតឃើញ និងឮអំពីសេចក្តីវេទនារបស់ពួកគេ។ រីឯសាសន៍អ៊ីស្រាអែលនៅបាប៊ីឡូនក៏ដូចគ្នាដែរ។ ពួកគេបានទូលសូមឲ្យព្រះជួយអន្តរាគមន៍ឲ្យបានត្រឹមត្រូវឡើងវិញ។ ព្រះគម្ពីរបានផ្តល់នូវឧទាហរណ៍ជាច្រើនអំពីការដែលព្រះទ្រង់បានសង្គ្រោះរាស្ត្ររបស់ព្រះអង្គឲ្យរួចពីគ្រោះថ្នាក់។ ព្រះទ្រង់ក៏បានវាយប្រហារសត្រូវរបស់យើងដែរ។
ព្រះគម្ពីរប្រាប់យើងអំពីគ្រាមួយដែលព្រះទ្រង់នឹងធ្វើឲ្យលែងមានអំពើអាក្រក់ទាំងអស់ទៀតហើយ។ ព្រះអង្គនឹងលើករាស្ត្ររបស់ព្រះអង្គដែលរងការឈឺចាប់ ហើយនឹងបន្ទាបមនុស្សដទៃវិញ។ ដំណាលគ្នានេះដែរ ហោរាព្រះគម្ពីរក៏បានបន្តទូលសួរថា ព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណា? ពួកគេចង់ដឹងថា តើរាស្ត្ររបស់ព្រះត្រូវរង់ចាំយូរប៉ុនណាទើបព្រះទ្រង់ជួយពួកគេឲ្យរួចពី បញ្ហារបស់ពួកគេនាពេលឥឡូវនេះ។ យើងឃើញឧទាហរណ៍មួយនៅក្នុងកណ្ឌគម្ពីរសាការី។ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានទ្រង់អាណិត មេត្តាដល់ក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន?» (សាការី ១:១២)។
បទទំនុកតម្កើងមានពេញដោយបទចំរៀងទុក្ខព្រួយ។ បទចំរៀងទាំងនេះរៀបរាប់អំពីមនុស្សអាក្រក់មានលុយកាក់ច្រើន។ ប៉ុន្តែ មនុស្សល្អបែរជាក្រីក្រទៅវិញ។ មនុស្សអាក្រក់បានធ្វើបាបអ្នកក្រ និងប្រើប្រាស់ពួកគេ។ កវីនិពន្ធក៍នៃបទទំនុកតម្កើងជាច្រើនរូបបានទូលសូមដល់ព្រះម្តងហើយម្តងទៀតដើម្បីកែប្រែស្ថានការណ៍ឲ្យប្រសើរឡើង។ កវីនិពន្ធក៍ទាំងនេះជឿថា រឿងរ៉ាវទាំងឡាយនៅលើលោកនេះវាមិនយុត្តិធម៌ ឬកើតឡើងទៅតាមផែនការរបស់ព្រះទេ។ ហេតុនោះ ពួកគេបានដង្ហោយហៅរកព្រះឲ្យសំដែងសេចក្តីមេត្តាដល់ពួកគេ (ទំនុកតម្កើង ៩៤:៣‑៧)។
វាជាការពិបាកនឹងជឿថា ព្រះទ្រង់យុត្តិធម៌ណាស់ ដោយសារតែយើងឃើញមនុស្សជាច្រើនដែលមិនយុត្តិធម៌។ យើងចង់បញ្ចប់អំពើអាក្រក់។ កាលណាយើងពុំឃើញព្រះធ្វើអ្វីដើម្បីបពា្ឈប់អំពើ អាក្រក់ភ្លាមៗ យើងតែងតែមិនសប្បាយចិត្ត។ ស្មេរព្រះគម្ពីរជាច្រើនរូបក៏មានអារម្មណ៍បែបនេះដែរ។ ហេតុនោះហើយបានជាហោរាហាបាគុកលើកឡើងថា «ឱព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវ ដល់កាលណាទៀត ទ្រង់ឥតឆ្លើយតបសោះដូច្នេះ ទូលបង្គំស្រែកដល់ទ្រង់អំពីការច្រឡោត តែទ្រង់មិនជួយសង្គ្រោះឡើយ» (ហាបាគុក ១:២)។ [«ស្មេរ» មានន័យថា «អ្នកសរសេរ»]។
ស្មេរគម្ពីរសញ្ញាថ្មីជាច្រើនរូបក៏មានអារម្មណ៍ដូចគ្នានេះដែរ។ ក្នុងខគម្ពីររ៉ូម ៨:១៩‑២២ យើងឃើញធម្មជាតិស្រែកហៅឲ្យព្រះសង្គ្រោះផែនដី និងធ្វើឲ្យថ្មីឡើងវិញ។ ខគម្ពីរវិវរណៈ ៦:១០ បានកត់ត្រាអំពីមនុស្សមួយចំនួនដែលត្រូវគេសម្លាប់ដោយសារសេចក្តីជំនឿរបស់ពួកគេ។ ពួកគេបានស្រែកហៅឲ្យព្រះបពា្ឈប់ការវាយប្រហារមកលើរាស្ត្ររបស់ព្រះ។
សូមអានលូកា ១៨:១‑៨។ នៅក្នុងខទាំងនេះ ព្រះយេស៊ូវបានពន្យល់ថា ពួកអ្នកដើរតាម ព្រះអង្គគួរតែអធិដ្ឋានជានិច្ច និងមិនបោះបង់សេចក្តីសង្ឃឹមឡើយ។ ព្រះទ្រង់នឹងឆ្លើយតបនឹងសេចក្តី អធិដ្ឋាន និងការអង្វរករនៃរាស្ត្ររបស់ព្រះអង្គ។ តើសេចក្តីសន្យានេះបានផ្តល់ក្តីសង្ឃឹមអ្វីខ្លះដល់លោកអ្នក? ទន្ទឹមគ្នានេះដែរ ហេតុដូចម្តេចបានជាយើងត្រូវការសេចក្តីជំនឿខណៈដែលយើងកំពុងរង់ចាំនោះ?
ថ្ងៃច័ន្ទ ទី៩ កញ្ញា ឆ្នាំ២០១៩
សេចក្តីសង្ឃឹមដ៏វិេសស
មនុស្សខ្លះស្តីបន្ទោសទៅលើសាសនាថាបានធ្វើឲ្យគ្រីស្ទានក្លាយជាឥតប្រយោជន៍ក្នុងជីវិតនេះ។ ពួកគេលើកឡើងថា សាសនាបានបណ្តាលឲ្យពួកអ្នកជឿខ្វាយខ្វល់អំពីជីវិតអនាគត ជាជាងជីវិតនៅពេលបច្ចុប្បន្ននេះ។ ពួកអ្នកជឿទាំងនេះបានប្រើសាសនាជាលេសដើម្បីគេចវេសពីការប្រឈមនឹងរឿងអាក្រក់ៗដែលបានកើតឡើងក្នុងជីវិត។ គ្រីស្ទានខ្លះមានអារម្មណ៍ថាមានពិរុទ្ធដោយសារតែការប្រព្រឹត្តបែបនេះ។ ពួកគេពុំបានធ្វើអ្វីដើម្បីជួយមនុស្សដែលនៅជុំវិញពួកគេទេ។ ពួកគេបានប្រើសាសនាជាលេសដើម្បីមិនជួយអ្នកដទៃ។
យើងក៏មានមេដឹកនាំមួយចំនួនដែលប្រាប់មនុស្សទាំងឡាយថា មិនបាច់ធ្វើអ្វីដើម្បីឆ្លើយតបទៅនឹងអំពើអាក្រក់ដែលកំពុងកើតឡើងជុំវិញពួកគេទេ។ ចាំព្រះយេស៊ូវមកវិញ ព្រះអង្គនឹងចាត់ការធ្វើឲ្យអ្វីៗថ្មីទាំងអស់ឡើងវិញហើយ។
ពិតមែនហើយ ផែនដីនេះមានពេញដោយអំពើបាប។ ហេតុនោះ ការដែលចង់ឲ្យព្រះកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងវិញវាមិនមែនជារឿងខុសឆ្គងទេ។ ព្រះអង្គនឹងបពា្ឈប់មិនឲ្យមានការឈឺចាប់ និងទុក្ខសោក។ ព្រះអង្គនឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងមានយុត្តិធម៌ និងត្រឹមត្រូវ។ ព្រះអង្គនឹងតាំងនគររបស់ព្រះអង្គឡើង។ សេចក្តីសន្យានេះបានផ្តល់ក្តីសង្ឃឹមដល់យើង។ ប្រសិនបើគ្មានសេចក្តីនេះ យើងពិតជាគ្មានក្តីសង្ឃឹមអ្វីទាំងអស់។
ព្រះយេស៊ូវអធិប្បាយអំពីចុងបញ្ចប់នៃផែនដី (ម៉ាថាយ ២៤, ២៥)។ ពាក់កណ្តាលនៃសេចក្តីអធិប្បាយរបស់ព្រះអង្គនិយាយអំពីការដាស់តឿនឲ្យរាស្ត្ររបស់ព្រះគេចចេញពីរឿងអាក្រក់ ដែលនឹងកើតឡើងនាពេលខាងមុខ។ បន្ទាប់មកព្រះអង្គមានបន្ទូលថា «បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង» (ម៉ាថាយ ២៤:២២)។ ពិតមែនហើយ ព្រះយេស៊ូវបានមានបន្ទូលអំពីការគេចចេញ។ ប៉ុន្តែ ការគេចចេញពុំមែនជាប្រធានបទដែលព្រះអង្គចង់មានបន្ទូលនោះទេ។ ក្នុងនាមជាគ្រីស្ទាន សេចក្តីសង្ឃឹមរបស់យើងសម្រាប់គ្រាអនាគត ពុំមែនត្រឹមតែការគេចចេញពីបញ្ហាដែលកើតមានឡើងក្នុងជីវិតនេះ ប៉ុណ្ណោះនោះទេ។
សូមអានម៉ាថាយ ២៤ និង ២៥។ តើអ្វីខ្លះទៅដែលជាគោលគំនិតសំខាន់ៗដែលលោកអ្នកឃើញក្នុងសេចក្តីអធិប្បាយរបស់ព្រះយេស៊ូវ? តើព្រះយេស៊ូវចង់ឲ្យយើងរស់នៅយ៉ាងដូចម្តេចខណៈដែលយើងកំពុងរង់ចាំព្រះអង្គយាងមកវិញ?
អ្វីដែលយើងជឿអំពីអនាគតវាអាចផ្លាស់ប្តូររបៀបរបបរស់នៅរបស់យើងនាពេលឥឡូវនេះបាន។ យើងតោងតែជឿទុកចិត្តលើសេចក្តីសន្យារបស់ព្រះ។ សេចក្តីសន្យាទាំងនេះនឹងជួយយើងឲ្យអាចជួយអ្នកដទៃទៀតឲ្យមានជីវិតប្រសើរឡើងដែរ។
តើសេចក្តីសង្ឃឹមរបស់លោកអ្នកលើការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវផ្លាស់ប្តូរជីវិតរបស់លោកអ្នកដូចម្តេចខ្លះនាពេលឥឡូវនេះ? តើសេចក្តីសង្ឃឹមរបស់លោកអ្នកលើសេចក្តីសន្យានោះបណ្តាលឲ្យលោកអ្នកចង់ជួយដល់អ្នកខ្វះខាតដែរឬទេ? ប្រសិនបើមែន តើត្រូវជួយយ៉ាងដូចម្តេចដែរ?
ថ្ងៃអង្គារ ទី ១០ កញ្ញា ឆ្នាំ២០១៩
សេចក្តីសង្ឃឹមរបស់យើងថា ព្រះទ្រង់នឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ
ក្នុងនាមគ្រីស្ទាន យើងរង់ចាំការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ។ សេចក្តីសង្ឃឹមរបស់យើងគឺមិនមែនត្រឹមតែចង់បានអនាគតដែលប្រសើរឡើងប៉ុណ្ណោះទេ។ សម្រាប់ពួកគ្រីស្ទានគម្ពីរសញ្ញាថ្មី ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញរបស់ព្រះយេស៊ូវគឺជាសេចក្តីសន្យាមួយ។ ព្រះអង្គបានរស់ពីការ សុគតឡើងវិញ។ ហេតុនោះ មានន័យថា ព្រះអង្គនឹងយាងមកវិញម្តងទៀត។ បន្ទាប់មក ព្រះអង្គនឹងដកហូតយកអំពើបាបចេញជារៀងរហូត។ ព្រះអង្គនឹងធ្វើឲ្យផែនដីនេះថ្មីឡើងវិញម្តងទៀត (កូរិនថូសទី១ ១៥:២២, ២៣)។
លោកប៉ុលយល់ថា ការរស់ឡើងវិញរបស់ព្រះយេស៊ូវមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គោលជំនឿរបស់គ្រីស្ទាន។ លោកមានប្រសាសន៍ថា «ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះ សេចក្ដីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ» (កូរិនថូសទី១ ១៥:១៧)។ ចូរគិតអំពីពាក្យពេចន៍របស់លោកបន្តិចមើល៍។ តើការរស់ឡើងវិញរបស់ព្រះយេស៊ូវមានសារៈសំខាន់ចំពោះគោលជំនឿរបស់យើងប៉ុនណាដែរ? ពិតមែនគឺសំខាន់ខ្លាំងណាស់។ នោះហើយជាមូលហេតុនៃសេចក្តីសង្ឃឹមទាំងអស់របស់យើង។
សូមអានខគម្ពីរកូរិនថូសទី១ ១៥:១២‑១៩។ ដូចដែលបានបង្ហាញនៅក្នុងខទាំងនេះ ហេតុដូចម្តេចបានជាសេចក្តីពិតស្តីអំពីមនុស្សស្លាប់នឹងរស់ឡើងវិញមានសារៈសំខាន់ខ្លាំងម៉្លេះចំពោះសេចក្តីសង្ឃឹមរបស់យើងដែលជាអ្នកគ្រីស្ទាន? ចុះប្រសិនបើមានអ្នកខ្លះសូមឲ្យលោកអ្នកពន្យល់អំពីគោលជំនឿនេះ តើលោកអ្នកនឹងពន្យល់ប្រាប់គេយ៉ាងដូចម្តេចដែរ?
ព្រះយេស៊ូវបានចាត់ឲ្យពួកសិស្សរបស់ព្រះអង្គ ឲ្យចេញទៅប្រកាសប្រាប់អំពីនគររបស់ព្រះ (សូមអានម៉ាថាយ ១០:៥‑៨)។ ប៉ុន្តែ សេចក្តីសុគតរបស់ព្រះយេស៊ូវធ្វើឲ្យសេចក្តីសង្ឃឹម និងទឹកចិត្តពុះកញ្ជ្រោលរបស់ពួកគេត្រូវរលាយខ្សុល។ បន្ទាប់មកស្រាប់តែ ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ។ ពេលដែលពួកសិស្សរបស់ព្រះអង្គបានឃើញព្រះអង្គ ព្រះអង្គក៏បានជួយឲ្យពួកគេយល់ច្បាស់ជារៀងរហូត។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គអំពីអ្វីដែលព្រះអង្គចង់ឲ្យពួកគេធ្វើ (ម៉ាថាយ ២៨:១៨‑២០)។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណាចដល់ពួកគេ (សូមអានកិច្ចការ ២:១‑៤)។ បន្ទាប់មក ពួកសិស្សរបស់ព្រះយេស៊ូវក៏បានចេញទៅបំផ្លាស់បំប្រែជីវិតមនុស្សជាច្រើន។ នគររបស់ព្រះយេស៊ូវបានគ្រប់គ្រងលើដួងចិត្តរបស់ពួកគេ។
ចាប់តាំងពីពេលនោះមក ពួកសិស្សរបស់ព្រះយេស៊ូវមិនខ្លាចអំណាចនៃសេចក្តីស្លាប់ទៀតឡើយ។ ពួកគេបានចែកចាយអ្វីៗគ្រប់យ៉ាងដែលពួកគេមានដល់គ្នាទៅវិញទៅមក។ ពួកគេរស់នៅដោយភាពក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូវ (កូរិនថូសទី១ ១៥:៣០, ៣១)។ សេចក្តីស្លាប់បណ្តាលឲ្យមានរឿងអាក្រក់ៗកើតឡើង។ សេចក្តីអាក្រក់ដ៏អាក្រក់ទាំងនេះក៏បានបណ្តាលឲ្យមនុស្សទាំងឡាយយកមកប្រើ និងធ្វើឲ្យអ្នកដទៃឈឺចាប់ដែរ។ ហេតុនោះហើយបានជាមានវណ្ណៈទាសករ និងមានភាពមិនស្មើគ្នានោះ។ ព្រះយេស៊ូវបានឈ្នះលើសង្គ្រាមប្រឆាំងនឹងសេចក្តីស្លាប់។ ហេតុនោះ សេចក្តីអាក្រក់ទាំងអស់ដែលកើតឡើងនៅលើផែនដីនេះនឹងត្រូវបញ្ចប់នៅគ្រាអនាគតនេះមិនខាន។ «ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់» (កូរិនថូសទី១ ១៥:២៦)។
ថ្ងៃពុធ ទី១១ កញ្ញា ឆ្នាំ២០១៩
ព្រះជាម្ចាស់ទ្រង់ជាចៅក្រមរបស់យើង
សូមអានសាស្តា ៨:១៤។ តើខគម្ពីរនេះបង្ហាញប្រាប់អំពីសេចក្តីពិតដ៏មានអានុភាពអ្វីខ្លះដល់យើង?
វាជាការអាក្រក់គ្រប់គ្រាន់ហើយដែលមានរឿងអាក្រក់ៗកើតឡើងចំពោះយើង។ ប៉ុន្តែអ្វីដែលកាន់តែអាក្រក់ថែមទៀតនោះគឺកាលណាគ្មាននរណាម្នាក់បានដឹងអំពីវា។ វាបានធ្វើឲ្យការឈឺចាប់របស់យើងហាក់ដូចជាគ្មានន័យខ្លឹមសារទាល់តែសោះ។ ចុះប្រសិនបើយើងរស់នៅលើផែនដីនេះដោយគ្មានសេចក្តីសន្យាដែលថា ព្រះទ្រង់នឹងកែប្រែអ្វីៗគ្រប់យ៉ាងឲ្យត្រឹមត្រូវឡើងិវញទេនោះ តើវាយ៉ាងដូចម្តេចដែរ? បើបែបនោះមែនវាអាក្រក់ណាស់មែនទេ? សូម្បីតែស្តេចសាឡូម៉ូនក៏បានរអ៊ូរទាំអំពីរឿងនេះនៅក្នុងសាស្តា ៨:១៤ដែរ។ ព្រះអង្គមានបន្ទូលថា ជីវិតមិនយុត្តិធម៌ទេ។
ប៉ុន្តែ យើងអាចអរគុណដល់ស្តេចសាឡូម៉ូនដែលព្រះអង្គពុំបានឈប់ត្រឹមនេះ។ ពិតមែនហើយ ជីវិតមិនយុត្តិធម៌ទេ។ ប៉ុន្តែ ព្រះទ្រង់នឹងជំនុំជំរះគ្រប់យ៉ាងទាំងអស់។ ហេតុនោះ អ្វីៗទាំងអស់ពុំមែនឥតប្រយោជន៍ទាំងអស់នោះទេ។ ឥឡូវនេះ អ្វីៗគ្រប់យ៉ាង និងមនុស្សគ្រប់គ្នាមានមូលហេតុមួយសម្រាប់ការមានវត្តមាននៅទីនេះ។
សូមអានខគម្ពីរសាស្តា ១២:១៣, ១៤។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីរបៀបដែលអ្វីៗដែលយើងធ្វើក្នុងជីវិតមានសារៈសំខាន់នោះ?
ក្នុងនាមជាគ្រីស្ទាន យើងជឿថា ព្រះទ្រង់គឺជាចៅក្រមរបស់យើង។ គោលជំនឿនេះផ្តល់ឲ្យយើងនូវសេចក្តីសង្ឃឹម។ ព្រះគម្ពីរបង្រៀនយើងថា យើងរស់នៅលើផែនដីដែលព្រះទ្រង់បានបង្កើត។ ព្រះអង្គទ្រង់ស្រឡាញ់យើងគ្រប់គ្នា។ ប៉ុន្តែ អំពើបាបបានបង្កើតសេចក្តីអាក្រក់ឡើង។ មានតែព្រះទ្រង់ ប៉ុណ្ណោះទើបអាចសម្អាតវាបាន។ ព្រះយេស៊ូវគឺជាផ្នែកមួយនៃផែនការរបស់ព្រះក្នុងការសម្អាតអំពើបាប និងកែប្រែឲ្យថ្មីឡើងវិញផងដែរ។ នោះហើយគឺជាមូលហេតុដែលកិច្ចការរបស់ព្រះជាចៅក្រមរបស់យើងគឺជាដំណឹងដ៏អស្ចារ្យនោះ។ ដំណឹងនោះគឺជាសេចក្តីសន្យាថា ព្រះទ្រង់នឹងធ្វើឲ្យអ្វីៗត្រឹមត្រូវឡើងវិញ។
តើការដែលដឹងថា ព្រះទ្រង់នឹងធ្វើឲ្យអ្វីៗថ្មីឡើងវិញមានអត្ថន័យដូចម្តេចចំពោះលោកអ្នក? តើសេចក្តីសន្យានេះបានផ្តល់ក្តីសង្ឃឹមអ្វីខ្លះដល់លោកអ្នក?
ថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញា ឆ្នាំ២០១៩
នឹងគ្មានទឹកភ្នែក ឬការឈឺចាប់ទៀតឡើយ
សូមអានខគម្ពីរវិវរណៈ ២១:១‑៥ និងវិវរណៈ ២២:១‑៥។ ខទាំងនេះនិយាយអំពីជីវិតអនាគតបន្ទាប់ពីព្រះយេស៊ូវយាងមកវិញ។ នឹងគ្មានអំពើបាប សេចក្តីស្លាប់ ការឈឺចាប់ ឬទឹកភ្នែកទៀតឡើយ! ចូរស្រមៃនឹកគិតអំពីរូបភាពជីវិតបែបនោះក្នុងគំនិតរបស់លោកអ្នកមើល៍។ វាហាក់ដូចជាពិបាកនឹងកើតឡើងណាស់មែនទេ? ហេតុដូចម្តេចបានជាលោកអ្នកគិតថា រឿងនោះពិបាកនឹងកើតឡើងនៅក្នុងគំនិតរបស់លោកអ្នក?
ព្រះគម្ពីរបង្ហាញប្រាប់អំពីជីវិតបន្ទាប់ពីអំពើបាបដល់ទីបញ្ចប់។ ទាំងនេះសុទ្ធសឹងជារូបភាពដ៏ស្រស់ត្រកាលខ្លាំងណាស់! ព្រះគម្ពីរប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងនៅទីនោះ។ ប៉ុន្តែ តើលោកអ្នកបានឃើញអំពីរបៀបដែលព្រះគម្ពីររៀបរាប់អំពីអ្វីដែលនឹងពុំមាននៅទីនោះឬទេ? ជីវិតនេះគឺជាអ្វីទាំងអស់ដែលយើងដឹង។ ហេតុនោះហើយ វាជាការពិបាកក្នុងការនឹកស្រមៃអំពីជីវិតដែលគ្មានការឈឺចាប់ ទុក្ខវេទនា សេចក្តីភ័យខ្លាច ឬសេចក្តីស្លាប់នោះ។ គ្មាននរណានឹងក្លាយជាអ្នកក្រទៀតឡើយ។ គ្រប់ៗគ្នា និងគ្រប់យ៉ាងទាំងអស់នឹងមានភាពស្មើៗគ្នា។
ព្រះជាម្ចាស់ទ្រង់ក៏បានសន្យាថានឹងធ្វើរឿងផ្សេងទៀតដែរ៖ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ» (វិវរណៈ ២១:៤)។ ព្រះអង្គមិនត្រឹមតែបពា្ឈប់លែងឲ្យមានទុក្ខវេទនាទេ ប៉ុន្តែថែមទាំងជូតទឹកភ្នែកពីរាស្ត្ររបស់ព្រះអង្គដោយព្រះហស្តផ្ទាល់ព្រះអង្គផងដែរ។
កណ្ឌគម្ពីរវិវរណៈបានសន្យានឹងយើងថា ព្រះទ្រង់នឹងព្យាបាលមនុស្សគ្រប់គ្នាដែលបានរងគ្រោះដោយអំពើបាប។ ព្រះទ្រង់នឹងប្រើស្លឹកពីដើមជីវិតដើម្បីព្យាបាលយើង។ លោកយ៉ូហានបានពន្យល់ថា «ស្លឹកឈើនោះ ក៏សម្រាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា» (វិវរណៈ ២២:២)។ អំណោយទាននេះបង្ហាញប្រាប់យើងអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះមនុស្សលោក។ ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះទុក្ខវេទនារបស់យើង។ ផែនការរបស់ព្រះអង្គសម្រាប់ផែនដីថ្មីគឺមានរាប់បញ្ចូលទាំងការព្យាបាល និងការកែប្រែជាថ្មីឡើងវិញផង។
ចាប់ពីពេលនោះតទៅ យើងគួរតែចង់ឲ្យព្រះយេស៊ូវច្នៃយើងឲ្យក្លាយជាមនុស្សដែលប្រសើរបំផុត។ យើងតោងតែបំពេញចំណែកកិច្ចការរបស់យើងដើម្បីជួយមនុស្សដែលនៅជុំវិញយើង ដែលកំពុងត្រូវការជំនួយពីយើង។ តើយើងត្រូវឲ្យអ្វីទៅពួកគេ? ប្រហែលជាពាក្យល្អៗ ឬជាអាហារ ឬជាថ្នាំពេទ្យ ឬជាសម្លៀកបំពាក់ ឬក៏ជាដៃដែលជួយដោយផ្ទាល់ ឬក៏ជាឱវាទក៏ថាបាន។ អ្វីក៏ដោយដែលយើងអាចធ្វើបាន យើងគួរតែធ្វើវាដោយសេចក្តីស្រឡាញ់ដូចដែលព្រះយេស៊ូវបានបង្ហាញកាលដែលព្រះអង្គគង់នៅលើផែនដីនេះ។
ពិតមែនហើយ ជីវិតនៅលើផែនដីនេះមានតែអាក្រក់ទៅៗតែប៉ុណ្ណោះ។ ព្រះយេស៊ូវទ្រង់ជ្រាបពីរឿងនោះហើយ។ ប៉ុន្តែ រឿងនោះពុំបានរារាំងព្រះអង្គមិនឲ្យជួយដល់មនុស្សដទៃឡើយ។ ហើយវាក៏ពុំគួររារាំងយើងមិនឲ្យជួយដល់អ្នកដទៃដូចគ្នាដែរ។
ថ្ងៃសុក្រ ទី១៣ កញ្ញា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “Called to Reach a Higher Standard,” pages 309‑322, in The Acts of the Apostles; “Desolation of the Earth,” pages 653-661, in The Great Controversy.
«ព្រះទ្រង់នឹងប្រណីសន្តោសដល់រាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គនឹងរំដោះពួកគេ។ នៅគ្រានោះ មនុស្សជាច្រើនដែលបាត់បង់ជីវិតអស់កល្បនឹងយល់អំពីអ្វីដែលពួកគេបានបាត់បង់។ ក្នុងអំឡុងពេលដែលពួកគេនៅមានឱកាសនឹងទទួលបានសេចក្តីសង្គ្រោះ ពួកគេបែរជាជឿលើសេចក្តីកុហករបស់សាតាំងទៅវិញ។ ពួកគេបានធ្វើបាបហើយប្រឹងដោះសា។ ពួកអ្នកមានគេទុកចិត្តលើទ្រព្យសម្បត្តិរបស់គេ។ ពួក គេគិតថា ខ្លួនគេប្រសើរជាងមនុស្សដទៃទៀតដែលពុំមានប្រាក់ច្រើនដូចពួកគេ។ ប៉ុន្តែ ពួកអ្នកមានទាំងនេះគេមានបានដោយសារបំពានក្រឹត្យវិន័យរបស់ព្រះ។ ពួកគេពុំបានផ្តល់អាហារដល់មនុស្សស្រេកឃ្លានទេ។ ពួកគេពុំបានផ្តល់សម្លៀកបំពាក់ដល់អ្នកក្រខ្សត់ទេ។ ពួកគេពុំមានចិត្តយុត្តិធម៌ទេ។ ពួកគេក៏គ្មានសេចក្តីមេត្តាដែរ។ ពួកគេបានលក់ព្រលឹងរបស់ខ្លួនដើម្បីឲ្យបានទ្រព្យសម្បត្តិ និងការសប្បាយភ្លើតភ្លើន។ ពួកគេពុំបានយកចិត្តទុកដាក់អំពីទ្រព្យសម្បត្តិសួគ៌ដែលព្រះទ្រង់ត្រៀមសម្រាប់រាស្ត្ររបស់ព្រះអង្គទេ។ ជីវិតរបស់ពួកគេក៏បរាជ័យ។ អ្វីៗទាំងអស់ដែលពួកគេមាន រួមទាំងទ្រព្យសម្បត្តិរបស់ពួកគេផងសុទ្ធតែឥតប្រយោជន៍»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 654, adapted ។
«សង្គ្រាមពិភពលោករវាងព្រះ និងសាតាំងត្រូវបានដល់ទីបញ្ចប់។ អំពើបាប និងមនុស្សមានបាបលែងមានទៀតហើយ។ ស្ថានសួគ៌ និងផែនដីថ្មីក៏បានស្អាត។ សេចក្តីសុខសាន្ត និងអំណរគឺមានគ្រប់ទីកន្លែង។ ជីវិត ពន្លឺ និងសេចក្តីអំណរហូរចេញពីព្រះជាម្ចាស់ទៅកាន់លំហដ៏ជ្រៅបំផុត និងទៅកាន់អាតូមតូចបំផុត ឬផ្នែកនៃវត្ថុមានជីវិត។ អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែស្រស់បំព្រងទាំងអស់។ គ្រប់យ៉ាងដែលព្រះទ្រង់បានបង្កើតមកបន្លឺឡើងថា ព្រះទ្រង់គឺជាសេចក្តីស្រឡាញ់ ដោយសេចក្តីអំណរដ៏គ្រប់លក្ខណ៍»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 678, adapted ។
សំនួរពិភាក្សា៖
- ចូរគិតអំពីចំណុចមួយចំនួនដែលយើងបានសិក្សាក្នុងសប្តាហ៍នេះ។ តើចំណុចទាំងនេោះបង្ហាញថា ជីវិតនៅលើផែនដីនេះ និងឥឡូវនេះ សំខាន់យ៉ាងដូចម្តេចដែរ? មនុស្សខ្លះជឿថា យើងពុំចាំបាច់ត្រូវបារម្ភនឹងធ្វើឲ្យជីវិតនេះកាន់តែប្រសើរឡើងទេ។ ព្រះទ្រង់នឹងយាងមកវិញ និងបំផ្លាញផែនដីនេះ។ បន្ទាប់មក ព្រះអង្គនឹងចាប់ផ្តើមម្តងទៀត។ ពិតមែនហើយ ព្រះទ្រង់នឹងធ្វើឲ្យអ្វីៗកែប្រែជាថ្មីឡើងវិញ។ ប៉ុន្តែ ហេតុដូចម្តេចបានជាយើងត្រូវប្រុងប្រយ័ត្នមិនប្រើសេចក្តីសន្យាអំពីផែនដីថ្មីនេះមកដោះសាមិនជួយមនុស្សដែលត្រូវការជំនួយ?
- ក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ យើងជឿលើព្រះគម្ពីរដែលបង្រៀនថា សេចក្តីអាក្រក់ បញ្ហា និងទុក្ខវេទនា នឹងកាន់តែអាក្រក់ទៅៗមុនពេលដែលព្រះយេស៊ូវយាងមកវិញ។ បទគម្ពីរម៉ាថាយ ២៤ បង្ហាញប្រាប់យើងថា សេចក្តីទាំងនេះនឹងកើតឡើង។ តើបទគម្ពីរម៉ាថាយ ២៥ ផ្តល់ក្តីសង្ឃឹមអ្វីខ្លះដល់យើងក្នុងគ្រាដ៏លំបាកទាំងនេះ?