មេរៀនទី១១​៖ ៧-១៣ ធ្នូ ២០១៩

មនុស្សដែលបែរចេញពីអំពើបាប

Jeans
ថ្ងៃសៅរ៍ ទី៧ ធ្នូ ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ នេហេមា ១៣:១‑៩, នេហេមា ១៣:១០‑១៤, ជនគណនា ១៨:២១‑២៤, នេហេមា ១៣:១៥, ១៦។

ខចងចាំ៖ «ខ្ញុំ​ក៏​បង្គាប់​ដល់​ពួក​លេវី ឲ្យ​គេ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាម នៅ​អស់​​ទាំង​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​ឈប់​សម្រាក​ចេញ​ជា​បរិសុទ្ធ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ ដោយ​សេចក្ដី​សប្បុរស​ទ្រង់​ដ៏​ធំ» (នេហេមា ១៣:២២)។

ពេលវេលាកន្លងផុតទៅ រវាងបទគម្ពីរនេហេមា ជំពូក១២ និង ១៣។ ក្នុងអំឡុងពេលនេះ លោក នេហេមាបានវិលត្រឡប់ទៅបាប៊ីឡូនវិញ។ យើងពុំដឹងថា លោកបានត្រឡប់ទៅវិញនោះយូរប៉ុនណាឡើយ។ បន្ទាប់មក លោកក៏បានវិលត្រឡប់មកទីក្រុងយេរូសាឡិមវិញ។ យើងគិតថា លោកត្រឡប់មកវិញនៅ​ម្តុំឆ្នាំ ៤៣០‑៤២៥ មុនគ្រិស្តសករាជ។ នៅពេលដែលលោកនេហេមាត្រឡប់មកដល់ផ្ទះវិញ លោកបានជ្រាប​ថា មានបណ្តាជនជាច្រើនកំពុងតែធ្វើបាប។ ពួកគេបានធ្វើអំពើជាច្រើនដែលពួកគេបានសន្យាថានឹងមិនធ្វើវាឡើយ! ទីមួយ ពួកគេបានសន្យាថា នឹងមិនរៀបការជាមួយនឹងមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយឡើយ។ ទីពីរ រាស្ត្ររបស់ព្រះសន្យាថា នឹងរក្សាថ្ងៃសប្បាតហ៍ឲ្យបានបរិសុទ្ធ។ ទីបី ពួកគេបានសន្យាថា នឹងថែរក្សាព្រះវិហារ និងផ្គត់ផ្គង់ដល់ពួកសង្ឃ។ ពួកបណ្តាជនបានសន្យាថា នឹងឧបត្ថម្ភពួកអ្នកបម្រើព្រះដោយអំណោយ និងដង្វាយផ្សេងៗ (នេហេមា​១០)។ ឥឡូវនេះ បណ្តាជនពុំបានធ្វើតាមអ្វីដែលពួកគេបានសន្យានឹងព្រះជាម្ចាស់ឡើយ!

នៅគ្រាដែលលោកនេហេមាបានត្រឡប់មកដល់ផ្ទះវិញ លោកយល់ឃើញថា បណ្តាជនមានភាពខ្ជីខ្ជានឹងការបម្រើព្រះខ្លាំងណាស់។ អ្នកដែលគួររងការបន្ទោសជាងគេនោះគឺពួកសង្ឃតែម្តង។ ពួកសង្ឃបានបណ្តាលឲ្យបណ្តាជនមានភាពខ្ជិលច្រអូស។ ហេតុនោះ វាមិនមែនជាការចម្លែកទេដែលលោក​នេហេមាមិនសប្បាយចិត្តនោះ។ ប៉ុន្តែ លោកនេហេមាពុំអាចទទួលយកហេតុការណ៍ដែលបានកើតឡើងនេះឡើយ។ លោកបានតស៊ូដើម្បីឲ្យមានការផ្លាស់ប្តូរឡើង។ លោកបានជួយដល់ពួកបណ្តាជនឲ្យនឹកចាំថា ត្រូវយកព្រះទុកជាទីមួយក្នុងជីវិតរបស់ពួកគេ និងត្រូវគោរពតម្កើងដល់ព្រះអង្គឡើងវិញ។

ថ្ងៃអាទិត្យ ទី៨ ធ្នូ ឆ្នាំ២០១៩

អ្នកដឹកនាំព្រះវិហារមិនល្អ

បទគម្ពីរនេហេមា ជំពូក១៣ ចាប់ផ្តើមរៀបរាប់អំពីបញ្ហារបស់បណ្តាជនដែលមកពីអាំម៉ូន និង​ម៉ូអាប់ (នេហេមា ១៣:១‑៣)។ មនុស្សទាំងនេះបានថ្វាយបង្គំរូបចម្លាក់។ ជំពូក១៣នេះពុំបានប្រាប់ថា លោកនេហេមាបានបញ្ជូនពួកអាំម៉ូន និងពួកម៉ូអាប់ឲ្យចេញក្រៅស្រុកយូដាវិញឡើយ។ ប៉ុន្តែ ច្បាស់ណាស់​ពួកអាំម៉ូន និងម៉ូអាប់ត្រូវតែចាកចេញពីព្រោះពួកគេថ្វាយបង្គំព្រះក្លែងក្លាយ (ចោទិយកថា ២៣:៣‑៦)។

សូមអានខគម្ពីរនេហេមា ១៣:១‑៩។ ដូចដែលខទាំងនេះបង្ហាញប្រាប់យើង តើអេលីយ៉ាស៊ីប និងថូប៊ីយ៉ាជាអ្នកណា? តើពួកគេបានធ្វើអ្វីខុសខ្លះ? ហេតុអ្វីបានជាខុស? ដើម្បីរកចម្លើយ សូមអានខគម្ពីរ នេហេមា ២:១០, ១៩, នេហេមា ៣:១, នេហេមា ១២:១០, ២២ និង នេហេមា ១៣:២៨ ផងដែរ។

យើងឃើញតួអង្គអេលីយ៉ាស៊ីប និងថូប៊ីយ៉ានេះច្រើនដងណាស់នៅក្នុងកណ្ឌគម្ពីរនេហេមា។ អេលីយ៉ាស៊ីបគឺជាសម្តេចសង្ឃសម្រាប់សាសន៍យូដា។ អេលីយ៉ាស៊ីបក៏មានតួនាទីទទួលខុសត្រូវលើព្រះវិហារដែរ។ ថូប៊ីយ៉ាគឺជាសាសន៍អាំម៉ូន។ លោកគឺជាសត្រូវរបស់លោកនេហេមា។ កាលពីមុន លោកបានព្យាយាមរារាំងលោកនេហេមាមិនឲ្យធ្វើកិច្ចការនៅទីក្រុងយេរូសាឡិម។ មិត្តភាពរវាងលោក​អេលី​‑យ៉ាស៊ីប និងថូប៊ីយ៉ា បង្ហាញយើងឲ្យឃើញថា ពួកគេប្រាកដជាមានទំនាក់ទំនងនឹងគ្នាតាមរយៈចំណងអាពាហ៍ពិពាហ៍។ ថូប៊ីយ៉ាប្រាកដជារៀបការជាមួយស្ត្រីមួយរូបពីគ្រួសាររបស់អេលីយ៉ាស៊ីប។

យើងពុំមានកំណត់ហេតុអំពីអាពាហ៍ពិពាហ៍របស់លោកថូប៊ីយ៉ានិងភរិយាសាសន៍យូដារបស់លោកទេ។ ប៉ុន្តែយើងដឹងច្បាស់ថា លោកថូប៊ីយ៉ាមានឈ្មោះជាភាសារបស់សាសន៍យូដា។ ឈ្មោះ​ថូប៊ីយ៉ា មានន័យថា «ព្រះអម្ចាស់ទ្រង់ល្អ»។ ហេតុនោះ ឈ្មោះនេះគឺជាតម្រុយមួយប្រាប់ថា លោកថូប៊ីយ៉ាមានប្រវត្តិចេញពីសាសន៍យូដា។ រីឯគ្រួសារខាងភរិយារបស់លោកមានជាប់ទាក់ទិននឹងគ្រួសាររបស់លោកអេលីយ៉ាស៊ីប។ ប៉ុន្តែ យើងក៏មិនប្រាកដទាំងស្រុងដែរ។ មួយជ្រុងទៀតនោះ លោកសានបាឡាត ដែល​ជាសាសន៍ហូរ៉ូណែម ក៏មានកូនស្រីដែរ។ នាងបានរៀបការជាមួយនឹងចៅប្រុសរបស់អេលីយ៉ាស៊ីប។ លោកអ្នកនឹងនឹកចាំថា សានបាឡាតក៏ជាសត្រូវមួយរូបទៀតរបស់លោកនេហេមាដែរ។ ហេតុនោះ យើងឃើញថាមេដឹកនាំប្រទេសយូដាបែរជាមានទំនាក់ទំនងនឹងខ្មាំងសត្រូវរបស់លោកនេហេមាតាម​រយៈចំណងអាពាហ៍ពិពាហ៍ទៅវិញ។ ហើយពួកគេទាំងអស់គ្នាហ្នឹងហើយដែលប្រឆាំងទាស់នឹងលោកនេហេមានោះ។

ខណៈពេលដែលលោកនេហេមាមិននៅ សម្តេចសង្ឃអេលីយ៉ាស៊ីបបានផ្តល់បន្ទប់មួយនៅក្នុងព្រះវិហារឲ្យដល់លោកថូប៊ីយ៉ា។ បន្ទប់នេះទុកសម្រាប់ដាក់អំណោយ និងដង្វាយផ្សេងៗ។ លោកអេលីយ៉ាស៊ីបបានអនុញ្ញាតឲ្យលោកថូប៊ីយ៉ារស់នៅក្នុងព្រះវិហារ។ បន្ទប់នេះបង្ហាញប្រាប់ទៅមនុស្សគ្រប់គ្នាថា លោកថូប៊ីយ៉ាឥឡូវនេះគឺជាម្នាក់ក្នុងចំណោមមេដឹកនាំកំពូលៗរបស់សាសន៍យូដាហើយ។ បក្សពួកសត្រូវរបស់លោកនេហេមាទាំងអស់សុទ្ធតែចង់កម្ចាត់លោកនេហេមាចេញពីតំណែង។ ពួកគេចង់​កាន់កាប់អំណាចតែគ្នាគេ។ ឥឡូវនេះពួកគេគិតថា ពួកគេឈ្នះហើយ! ប៉ុន្តែ ពួកគេឈ្នះលុះត្រាតែលោកនេហេមាមិនតបតអ្វីទាំងអស់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោកនេហេមាមាននៅស្ងៀមឯណា។

ថ្ងៃច័ន្ទ ទី៩ ធ្នូ ឆ្នាំ២០១៩

ពួកលេវីបែរទៅធ្វើការនៅស្រែចម្ការ

សូមអានខគម្ពីរនេហេមា ១៣:១០‑១៤។ ដូចដែលខទាំងនេះបានបង្ហាញប្រាប់ តើលោកនេហេមាចង់ផ្លាស់ប្តូរអ្វីខ្លះ?

ពួកបណ្តាជនបានឈប់ឧបត្ថម្ភដល់កិច្ចការក្នុងព្រះវិហារ។ ដោយខ្វះការឧបត្ថម្ភ តើឲ្យពួក​អ្នកចម្រៀង អ្នកយាមទ្វារ និងអ្នកបម្រើការក្នុងព្រះវិហារផ្សេងៗទៀតបានអ្វីយកមកចិញ្ចឹមគ្រួសាររបស់ពួកគេទៅ? ពួកគេបានវិលត្រឡប់ទៅធ្វើការនៅស្រែចម្ការរបស់ខ្លួនវិញ។ លោកនេហេមាពុំសប្បាយចិត្តឡើយពេលដែលឮដំណឹងនេះ។ អ្វីៗដែលលោកបានធ្វើដើម្បីរក្សាការថ្វាយបង្គំឲ្យបន្តមាននៅក្នុងព្រះវិហារត្រូវបានគេរារាំង។ ហេតុនោះ លោកនេហេមាត្រូវចាប់ផ្តើមជាថ្មីឡើងវិញ។ លោកត្រូវបញ្ចុះបញ្ចូលបណ្តា ជនឲ្យឧបត្ថម្ភគាំទ្រដល់ព្រះវិហារឡើងវិញ។ លោកក៏ត្រូវបញ្ចុះបញ្ចូលឲ្យពួកអ្នកបម្រើការនៅក្នុងព្រះ‑ វិហារឲ្យត្រឡប់មកធ្វើការក្នុងព្រះវិហារឡើងវិញដែរ។ មិនបាច់សង្ស័យឡើយ លោកនេហេមាបានរើអីវ៉ាន់របស់លោកថូប៊ីយ៉ាចោលទៅក្រៅបន្ទប់ព្រះវិហារទាំងអស់។

«ព្រះវិហារត្រូវបានប្រឡាក់ស្មោកគ្រោកដោយអំពើបាប។ សម្តេចសង្ឃពុំបានចាត់ចែងអំណោយទាំងឡាយពីបណ្តាជនឲ្យបានត្រឹមត្រូវឡើយ។ ហេតុនោះ ពួកបណ្តាជនក៏បានលែងចង់ផ្តល់អំណោយដល់ព្រះវិហារតទៅទៀត។ ម៉្លោះហើយ បានជាពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ឧបត្ថម្ភដល់កិច្ចការព្រះ‑ វិហារ។ ពួកអ្នកចម្រៀង និងអ្នកបម្រើការព្រះវិហារជាច្រើនក៏បានឈប់ធ្វើកិច្ចការរបស់ព្រះ។ ពួកគេបានចេញទៅធ្វើការនៅកន្លែងផ្សេងវិញ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 670. adapted។

ប៉ុន្តែ សូមក្រឡេកមើលអ្វីដែលបានកើតឡើងបន្ទាប់ពីលោកនេហេមាត្រឡប់មកវិញ។ មនុស្សគ្រប់គ្នានៅក្នុងប្រទេសក៏បានមកប្រជុំគ្នា។ ពួកគេបានជួយគ្នាកសាងឡើងវិញនូវអ្វីៗដែលពួកមេដឹកនាំបាន​បំផ្លាញ។ បណ្តាជនក៏នាំគ្នានៅខាងលោកនេហេមាប្រឆាំងនឹងលោកថូប៊ីយ៉ា និងលោកអេលីយ៉ាស៊ីប។ បណ្តាជនស្គាល់ច្បាស់នូវទឹកចិត្តរបស់លោកនេហេមា។ ពួកគេដឹងថា លោកស្រឡាញ់ពួកគេ ហើយលោកក៏មិនមែនជាមនុស្សអាត្មានិយមដែរ។ លោកបានជួយពួកគេកាលពីអតីតកាល។ លោកបានធ្វើឲ្យជីវិតរបស់ពួកគេប្រសើរឡើង។ ហេតុនោះ ពួកគេបានជឿទុកចិត្តលើលោក។ លោកនេហេមាបានជ្រើសរើសមនុស្សថ្មីៗឲ្យចូលបម្រើកិច្ចការព្រះវិហារ។ លោកជ្រើសរើសមនុស្សដែលលោកអាចទុកចិត្តបាន។ លោកនេហេមាបានប្រគល់កិច្ចការប្រមូលប្រាក់ដង្វាយ និងអំណោយផ្សេងៗដល់មនុស្ស​ទាំង​នេះ។ លោកនេហេមាគឺជាមនុស្សដែលសកម្មខ្លាំងណាស់។ លោកពុំដែលចំណាយពេលឥតប្រយោជន៍ម្តងណាឡើយ។ លោកបានកម្ចាត់សេចក្តីអាក្រក់ចេញពីព្រះវិហារភ្លាមៗក្រោយពីលោកត្រឡប់​មកវិញ។

លោកនេហេមាបានដាក់មនុស្សល្អឲ្យទទួលខុសត្រូវលើកិច្ចការព្រះវិហារ។ ប៉ុន្តែ លោកអេ‑លីយ៉ាស៊ីបមិនត្រូវបានដកចេញពីតំណែងឡើយ។ លោកនៅបន្តធ្វើជាសម្តេចសង្ឃតទៅទៀត។ លោក​មិនអាចបាត់បង់តំណែងនេះបានឡើយ ពីព្រោះលោកចេញមកពីអំបូររបស់លោកអើរ៉ុន។ ហេតុនោះ រឿងនោះមានន័យថា លោកត្រូវធ្វើជាសម្តេចសង្ឃអស់មួយជីវិតបើទោះបីជាលោកជាមនុស្សអាក្រក់ក្តី។ ដំណឹងល្អនោះគឺ លោកនេហេមាបានប្រគល់កិច្ចការខ្លះរបស់លោកអេលីយ៉ាស៊ីបដល់មនុស្សល្អ និង​ស្មោះត្រង់មួយចំនួនវិញ។ ហេតុនោះ រឿងនោះអាចរារាំងអំពើអាក្រក់ដែលលោកអេលីយ៉ាស៊ីបធ្វើក្នុងព្រះវិហារបានច្រើន។

ថ្ងៃអង្គារ ទី១០ ធ្នូ ឆ្នាំ២០១៩

ដង្វាយ និងអំណោយផ្សេងៗសម្រាប់ព្រះវិហារ

លោកនេហេមាបានផ្លាស់ប្តូរកិច្ចការជាច្រើនក្នុងព្រះវិហារ។ លោកបានធ្វើឲ្យការថ្វាយបង្គំក្នុងព្រះវិហារកាន់តែប្រសើរឡើង។ បណ្តាជនបានឈប់ថ្វាយដង្វាយ១០ហូត១ទៅហើយ។ ហេតុនោះបានជា​លោកនេហេមាលើកទឹកចិត្តបណ្តាជនឲ្យចាប់ផ្តើមថ្វាយដង្វាយ១០ហូត១ និងដង្វាយសទ្ធាឡើង​វិញ។

សូមអានអំពីដង្វាយ១០ហូត១ និងដង្វាយសទ្ធា នៅក្នុងខគម្ពីរជនគណនា ១៨:២១‑២៤, ម៉ាឡាគី ៣:១០, ម៉ាថាយ ២៣:២៣, កូរិនថូសទី១ ៩:៧‑១៤, កូរិនថូសទី២ ៩:៦‑៨ និងហេព្រើរ ៧:​១, ២។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលយើងគួរថ្វាយដង្វាយ១០ហូត១ និងសទ្ធា?

ដូចដែលយើងឃើញរួចមកហើយ កាលណាបណ្តាជនឈប់ថ្វាយដង្វាយ១០ហូត១ និងដង្វាយ​សទ្ធា ធ្វើឲ្យព្រះវិហារចាប់ផ្តើមមានបញ្ហា។ អ្នកបម្រើការជាច្រើនក៏បានចាកចេញពីព្រះវិហារ។ ពួកគេបានបែរទៅរកការងារផ្សេងៗដែលអាចចិញ្ចឹមគ្រួសាររបស់ពួកគេបាន។ ហេតុនោះ បណ្តាជនទាំងឡាយក៏លែងមកព្រះវិហារដើម្បីថ្វាយបង្គំព្រះទៅ។

«ព្រះជាម្ចាស់បានប្រទានផែនការសម្រាប់ដង្វាយ១០ហូត១ និងដង្វាយសទ្ធាដល់រាស្ត្ររបស់ព្រះអង្គ។ ផែនការនេះល្អប្រពៃណាស់។ ផែនការនេះបង្ហាញឲ្យឃើញថា ព្រះជាម្ចាស់ទ្រង់យុត្តិធម៌។ ទាំងអ្នកមាន និងអ្នកក្រសុទ្ធតែអាចមានចំណែកធ្វើបានដូចគ្នា។ ព្រះជាម្ចាស់ទ្រង់បានសូមឲ្យយើងទាំងអស់គ្នាថ្វាយដង្វាយ១០ហូត១ដល់ព្រះអង្គ។

«យើងបានអានអំពីផែនការស្តីអំពីដង្វាយ១០ហូត១របស់ព្រះនៅក្នុងខគម្ពីរម៉ាឡាគី ៣:១០​ដែរ។ តើលោកអ្នកឃើញទេថា ព្រះជាម្ចាស់មិនបានសូមឲ្យយើងថ្វាយដង្វាយ១០ហូត១ដោយសារតែអារម្មណ៍ចង់ថ្វាយ ឬដោយសារតែយើងមានចិត្តល្អទេឬ? ពិតមែនហើយ ហេតុផលទាំងពីរនេះក៏ជាហេតុផលល្អសម្រាប់ការថ្វាយដង្វាយដែរ។ ប៉ុន្តែ ទាំងនេះមិនមែនជាហេតុផលដែលយើងត្រូវថ្វាយដង្វាយ​១០​ហូត១ទេ។ យើងថ្វាយដង្វាយ១០ហូត១ដោយសារតែព្រះជាម្ចាស់បានបង្គាប់យើងឲ្យថ្វាយវិញទេតើ។ ដង្វាយ១០ហូត១គឺជារបស់ផងព្រះ។ ព្រះអង្គបានសូមឲ្យយើងថ្វាយទៅព្រះអង្គវិញ»។ ដកស្រង់​ពី Seventh-day Adventist Believe... 2nd edition, page 304, adapted។

តើមានអ្វីកើតឡើងប្រសិនបើពួកជំនុំរបស់យើងឈប់ថ្វាយដង្វាយ១០ហូត១?​ រឿងនោះក៏បានកើតឡើងចំពោះព្រះវិហាររបស់សាសន៍អ៊ីស្រាអែលដែរ។ ពួកជំនុំរបស់យើងនឹងដួលរលំជាមិនខាន។ យើងទាំងអស់គ្នាត្រូវឧបត្ថម្ភគាំទ្រដល់ពួកជំនុំរបស់ព្រះ។ ទើបយើងអាចផ្គត់ផ្គង់ដល់អ្នកដែលធ្វើកិច្ចការរបស់ព្រះបាន។ ហើយយើងក៏អាចមានអំណរនឹងថ្វាយបង្គំព្រះក្នុងពួកជំនុំរបស់យើងដែរ។ ប្រសិនបើយើងមិនថ្វាយដង្វាយ១០ហូត១ទេ យើងក៏មិនអាចចែកចាយដំណឹងល្អអំពីព្រះយេស៊ូវប្រាប់ដល់មនុស្សដទៃទៀតបានដែរ។ ហេតុនោះ ការថ្វាយដង្វាយ១០ហូត១ និងដង្វាយសទ្ធាមានសារៈសំខាន់ខ្លាំងណាស់។

យើងថ្វាយដង្វាយ១០ហូត១ដោយសារតែការនេះគឺជាផ្នែកមួយនៃផែនការរបស់ព្រះសម្រាប់យើងរាល់គ្នា។ យើងអាចអានអំពីផែនការនេះក្នុងព្រះគម្ពីរបាន។ ព្រះជាម្ចាស់រំពឹងចង់ឲ្យយើងជឿទុកចិត្តលើព្រះតម្រិះរបស់ព្រះអង្គ។ ព្រះអង្គគ្រប់គ្រងអ្វីៗទាំងអស់។ ហេតុនោះ យើងអាចជឿទុកចិត្តលើព្រះអង្គបានកាលណាយើងថ្វាយដង្វាយ១០ហូត១ ទៅក្នុងព្រះហស្តរបស់ព្រះអង្គ។

ហេតុអ្វីបានជាការថ្វាយដង្វាយ១០ហូត១សំខាន់ម៉្លេះសម្រាប់ជីវិតព្រលឹងវិញ្ញាណរបស់យើង នោះ?

ថ្ងៃពុធ ទី១១ ធ្នូ ឆ្នាំ២០១៩

ការរំលងថ្ងៃសប្បាតហ៍

សូមអានខគម្ពីរនេហេមា ១៣:១៥, ១៦។ ដូចដែលខទាំងនេះបង្ហាញប្រាប់យើង តើលោកនេហេមាចង់ដោះស្រាយបញ្ហាអ្វីទៅ?

វាជាការមិនងាយស្រួលនឹងក្រោកឈរសម្រាប់ព្រះជាម្ចាស់ឡើយក្នុងពេលដែលមនុស្សភាគច្រើនមិនឈរនៅខាងលោកអ្នកនោះ។ ប៉ុន្តែលោកនេហេមានៅតែមានសេចក្តីក្លាហានជានិច្ច។ លោកចង់​ឈរការពារថ្ងៃសប្បាតហ៍។ ព្រះជាម្ចាស់ប្រាប់យើងថា ថ្ងៃសប្បាតហ៍គឺជាថ្ងៃបរិសុទ្ធ។ មិនគួរណាធ្វើការនៅថ្ងៃសប្បាតហ៍ឡើយ។ ហេតុនោះ លោកនេហេមាចង់ឲ្យបណ្តាជនក្នុងក្រុងយេរូសាឡិមចេះស្តាប់បង្គាប់ព្រះឲ្យបានច្បាស់ប្រាកដ។

ពិតមែនហើយ ថ្ងៃសប្បាតហ៍គឺជាថ្ងៃពិសេសមួយ។ ថ្ងៃនេះជួយយើងឲ្យនឹកចាំថា ព្រះជាម្ចាស់​បាន​បង្កើតយើងមក។ ព្រះទ្រង់ចង់ឲ្យយើងចំណាយពេលជាមួយព្រះអង្គ។ ថ្ងៃសប្បាតហ៍ក៏ជាពេលដែលព្រះជាម្ចាស់បានធ្វើឲ្យជីវិតរបស់យើងថ្មីឡើងវិញដែរ។ ប៉ុន្តែ រឿងនោះមិនមែនកើតឡើងតែនៅថ្ងៃបរិសុទ្ធដែលយើងចំណាយពេលជាមួយព្រះអង្គឡើយ។

ថ្ងៃសប្បាតហ៍គឺជាថ្ងៃដ៏មានអំណាច។ វាជួយឲ្យយើងរក្សាសេចក្តីជំនឿរបស់យើងឲ្យរស់រវើកកាលណាយើងរក្សាវា។ ថ្ងៃសប្បាតហ៍គឺជាអំណោយរបស់ព្រះដល់យើងរាល់គ្នា។ ថ្ងៃនេះបាននាំមកនូវ​ព្រះពរ ការសម្រាក និងសេចក្តីសុខសាន្តដល់យើងរាល់គ្នា។

សូមអានខគម្ពីរនេហេមា ១៣:១៧‑២២។ ដូចដែលខទាំងនេះបង្ហាញប្រាប់យើង តើលោកនេហេមាបានធ្វើអ្វីខ្លះដើម្បីរារាំងបណ្តាជនកុំឲ្យទិញលក់នៅថ្ងៃសប្បាតហ៍?

ក្នុងនាមជាចៅហ្វាយលើស្រុកយូដា លោកនេហេមាត្រូវជួយដល់បណ្តាជនឲ្យអនុវត្តតាមក្បួនច្បាប់ទាំងឡាយ។ ក្បួនច្បាប់របស់សាសន៍យូដាកើតចេញពីក្រឹត្យវិន័យរបស់ព្រះ។ ហេតុនោះ បានជាលោកនេហេមាត្រូវការពារក្រឹត្យវិន័យ រួមទាំងសេចក្តីបញ្ញត្តិថ្ងៃសប្បាតហ៍ផង។ កាលដែលលោកនេហេមា​​បានចាកចេញពីទីក្រុងយេរូសាឡិម ពួកមេដឹកនាំបានបណ្តោយឲ្យអេលីយ៉ាស៊ីប និងថូប៊ីយ៉ាធ្វើអ្វីៗតាមទំនើងចិត្ត។ ប្រហែលជាពួកមេដឹកនាំខឹងសម្បានឹងលោកនេហេមាសម្រាប់អ្វីៗដែលបានកើតឡើងពីលើកមុនទេដឹង។ សូមនឹកចាំថា លោកនេហេមាធ្លាប់បានបង្គាប់ឲ្យពួកមេដឹកនាំសងប្រាក់ត្រឡប់ទៅពួកមនុស្សទ័លក្រវិញ។

រឿងដំបូងដែលលោកនេហេមាបានធ្វើគឺបន្ទោសពួកមេដឹកនាំ។​ បន្ទាប់មក លោកបានបង្គាប់បណ្តាជនឲ្យបិទទ្វារក្រុង។ លោកបានដាក់មនុស្សឲ្យយាមនៅមាត់ទ្វារ។ តើមានអ្វីកើតឡើងបន្ទាប់? បណ្តាជនបានប្តូរទីផ្សារពីខាងក្នុងក្រុងទៅខាងក្រៅក្រុងដើម្បីបំពានច្បាប់របស់លោកនេហេមា! លោក​នេហេមាក៏ចាត់វិធានការឡើង។ លោកបានប្រាប់ទៅអ្នកលក់ដូរទាំងឡាយថា ពួកគេនឹងត្រូវទទួលទណ្ឌ‑កម្មប្រសិនបើនៅតែមកលក់នៅក្រៅក្រុងនៅថ្ងៃសប្បាតហ៍បន្ទាប់ទៀត។ ពួកអ្នកលក់ដូរយល់ឃើញថា លោកនេហេមាជាមនុស្សម៉ឺងម៉ាត់ណាស់។ ហេតុនោះ ពួកគេក៏លែងត្រឡប់មកលក់ដូរតាំងពីនោះមក។

ថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូ ឆ្នាំ២០១៩

តើអយ្យកោរបស់អ្នករាល់គ្នាបានធ្វើអ្វីខ្លះ?

លោកនេហេមាស្រឡាញ់ថ្ងៃសប្បាតហ៍របស់ព្រះជាម្ចាស់ខ្លាំងណាស់។ យើងសូមកោតសរសើរចំពោះសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់លោក។ ម្សិលមិញយើងបានឃើញរួចហើយថា លោកនេហេមាស្រឡាញ់ថ្ងៃសប្បាតហ៍របស់ព្រះខ្លាំងប៉ុនណា។ លោកសន្យាថា នឹងដាក់ទោសលើពួកអ្នកលក់ដូរដែលមកពីប្រទេសជិតខាងប្រសិនបើពួកគេមិនឈប់លក់ដូរទំនិញរបស់ខ្លួននៅថ្ងៃសប្បាតហ៍នោះ។ ក្នុងនាម​ជាចៅហ្វាយស្រុក កិច្ចការរបស់លោកនេហេមាគឺត្រូវធានាឲ្យបានថាបណ្តាជនទាំងឡាយត្រូវគោរពតាមច្បាប់នេះ។

លោកនេហេមាក៏មិនខ្លាចនឹងប្រាប់ទៅពួកមេដឹកនាំអំពីកំហុសរបស់ពួកគេផងដែរ។ ពួកគេពុំបានបំពេញតាមតួនាទីរបស់ខ្លួនទេ។ «នោះ​ខ្ញុំ​តវ៉ា​ដល់​ពួក​អ្នក​ធំ​នៃ​សាសន៍​យូដា​ថា ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​បង្អាប់​ដល់​ថ្ងៃ​ឈប់​សម្រាក ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​នេះ​ធ្វើ​អី ឯ​ពួក​អយ្យកោ​របស់​អ្នក​រាល់​គ្នា តើ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ឬ​អី ហេតុ​នោះ​បាន​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​នេះ មក​លើ​យើង និង​លើ​ទី​ក្រុង​នេះ​ផង ប៉ុន្តែ អ្នក​រាល់​គ្នា​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ មក​លើ​ពួក​‑​អ៊ីស្រា‌អែល​ថែម​ទៀត ដោយ​បង្អាប់​ដល់​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ» (នេហេមា ១៣:១៧, ១៨)។

បន្ទាប់មកលោកនេហេមាបានមានប្រសាសន៍បន្តទៀតថា «ក្រោយ​នោះ​មក កាល​ណា​អស់​ទាំង​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម​ចាប់​តាំង​ងងឹត ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សម្រាក​ហើយ នោះ​ខ្ញុំ​ក៏​បង្គាប់​ឲ្យ​បិទ​ទ្វារ ហើយ​ហាម​មិន​ឲ្យ​បើក​ដរាប​ដល់​ផុត​ថ្ងៃ​ឈប់​សម្រាក​នោះ ខ្ញុំ​ក៏​ដាក់​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ខ្លះ ឲ្យ​ត្រួត​លើ​ទ្វារ​ទាំង​ប៉ុន្មាន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​យក​បន្ទុក​អ្វី ចូល​មក​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ» (នេហេមា ១៣:១៩)។

លោកនេហេមាបានដាស់តឿនបណ្តាជនកុំឲ្យរំលងថ្ងៃសប្បាតហ៍។ ពាក្យពេចន៍របស់លោកបានជួយពួកគេឲ្យមើលឃើញកំហុសដែលពួកគេបានធ្វើខុស។ បន្ទាប់ពីនោះមក ពួកសាសន៍យូដាបានកាន់ច្បាប់រក្សាថ្ងៃសប្បាតហ៍នេះយ៉ាងតឹងរ៉ឹងណាស់។ នៅជំនាន់ព្រះយេស៊ូវ ពួកសាសន៍យូដាកាន់ច្បាប់នេះតឹងរ៉ឹងខ្លាំងណាស់។ ជាញឹកញាប់ ព្រះយេស៊ូវពុំបានយល់ស្របជាមួយនឹងពួកមេដឹកនាំសាសនាអំពី​របៀបនៃការរក្សាថ្ងៃសប្បាតហ៍បែបនោះឡើយ។

សូមអានខគម្ពីរម៉ាថាយ ១២:១‑៨, ម៉ាកុស ៣:១‑៦, លូកា ៦:៦‑១១ និង យ៉ូហាន ៥:៥‑​១៦។ តើមានអ្វីកើតឡើងក្នុងខទាំងនេះ? តើបទពិសោធន៍របស់សាសន៍យូដាជាមួយនឹងថ្ងៃសប្បាតហ៍ក្នុងជំនាន់លោកនេហេមាជួយពន្យល់អំពីមូលហេតុដែលបញ្ហានេះនៅតែបន្តកើតឡើងយ៉ាងដូចម្តេចខ្លះ?

ពួកមេដឹកនាំសាសនាបានចោទប្រកាន់ព្រះយេស៊ូវថាបានរំលងក្រឹត្យវិន័យ។ ព្រះយេស៊ូវគឺជាព្រះអម្ចាស់លើថ្ងៃសប្បាតហ៍ (លូកា ៦:៥)។ តើព្រះដែលបានបង្កើតថ្ងៃសប្បាតហ៍មានទោសដោយសាររំលងថ្ងៃនេះដូចម្តេចនឹងកើតទៅ? ចូរសាកគិតអំពីចំណុចល្អៗបន្តិចមើល៍! ពិតមែនហើយ ពួកមេដឹកនាំ ត្រឹមត្រូវហើយដែលខំតម្កើងថ្ងៃសប្បាតហ៍។ ប៉ុន្តែ ពួកគេតឹងរ៉ឹងពេក។ មែនហើយ ក្រឹត្យវិន័យក៏សំខាន់​ដែរ។ ប៉ុន្តែពួកមេដឹកនាំបានភ្លេចសេចក្តីយុត្តិធម៌ សេចក្តីមេត្តា និងសេចក្តីជំនឿដែលសំខាន់ជាងច្បាប់​របស់ពួកគេដែលមនុស្សបង្កើតនេះទៅវិញ (ម៉ាថាយ ២៣:២៣)។

ថ្ងៃសុក្រ ទី១៣ ធ្នូ ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “Rejoicing in the Lord,” pages 115-126, in Steps to Christ.

«លោកនេហេមាបានពន្យល់អំពីសេចក្តីបញ្ញត្តិរបស់ព្រះ។ ព្រះទ្រង់ពុំសព្វព្រះទ័យឲ្យរាស្ត្ររបស់ព្រះអង្គរៀបការជាមួយនឹងមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយឡើយ។ លោកនេហេមាបានបង្ហាញលទ្ធផលអាក្រក់ដែលនឹងកើតឡើងដល់បណ្តាជនប្រសិនបើពួកគេរំលងច្បាប់ដ៏សំខាន់នេះ។ រឿងរ៉ាវដដែលនេះក៏បានកើតឡើងនឹងមនុស្សជំនាន់មុនដែរ។ ពួកសាសន៍យូដាក៏បានភ្ញាក់រឭកឡើង។ ពួកគេ​បានមើលឃើញអំពើបាបរបស់ខ្លួន។ ពួកគេចាប់ផ្តើមកែប្រែឲ្យល្អឡើងវិញ។ ពួកគេបានចាប់ផ្តើមធ្វើកិច្ចការដែលនឹងបង្វែរសេចក្តីក្រោធរបស់ព្រះចេញវិញ។ ការផ្លាស់ប្តូរនេះនាំមកនូវព្រះពរ និងសេចក្តីសន្តោសប្រណីមកពីព្រះជាម្ចាស់ដល់ពួកគេ។

«ពួកមេដឹកនាំខ្លះមានប្រពន្ធជាអ្នកថ្វាយបង្គំព្រះក្លែងក្លាយ។ ពួកមេដឹកនាំទាំងនេះប្រកាស​ថា ពួកគេមិនអាចលែងពួកនាងឲ្យទៅវិញទេ។ ប៉ុន្តែ លោកនេហេមាពុំបានយោគយល់ដល់ពួកគេឡើយ។ លោកមិនខ្វល់ថាអ្នកនោះធំប៉ុនណាឡើយ។ ប្រសិនបើពួកគេមិនព្រមញែកខ្លួនចេញពីប្រពន្ធដែលមិនជឿលើព្រះអម្ចាស់របស់ពួកគេ ពួកគេមិនអាចបម្រើព្រះនៅក្នុងព្រះវិហារបានឡើយ។ ឧទាហរណ៍ដូចជាចៅប្រុសរបស់មេដឹកនាំកំពូលម្នាក់។ ចៅប្រុសម្នាក់នេះបានរៀបការជាមួយនឹងកូនស្រីរបស់សានបាឡាត ដែលជាមនុស្សអាក្រក់ម្នាក់។ ពេលដែលចៅប្រុសម្នាក់នេះបដិសេធមិនព្រមបោះបង់ប្រពន្ធរបស់គាត់ លោកនេហេមាក៏បានដកគាត់ចេញពីតំណែង។ បន្ទាប់មក លោកបានឲ្យគាត់ចាកចេញពីប្រទេសអ៊ីស្រាអែលជារៀងរហូត! លោកនេហេមាបានអធិដ្ឋានថា ‘ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​គេ ពី​ព្រោះ​គេ​បាន​បង្អាប់​ការ‌ងារ​ជា​សង្ឃ និង​សេចក្ដី​សញ្ញា​នៃ​ការ‌ងារ​នោះ និង​ពួក​លេវី​ដែរ’ (នេហេមា ១៣:២៩)»។​ ដកស្រង់ពី Ellen G. White, Prophets and Kings, pages 673, 674, adapted។

សំនួរពិភាក្សា៖
  1. សូមអានប្រសាសន៍របស់អ្នកស្រីអែល្លិន ជី វ៉ៃត៍ខាងលើនៅក្នុងថ្នាក់រៀន។ តើលោកគិតដូចម្តេចអំពីប្រតិកម្មរបស់លោកនេហេមា? តើលោកអ្នកគិតថា លោកនេហេមាម៉ឺងម៉ាត់ខ្លាំងណាស់មែនទេ? ឬមួយ​ក៏​លោកអ្នកគិតថា ការដែលលោកញែកមនុស្សបរិសុទ្ធចេញពីប្រពន្ធដែលពួកគេស្រឡាញ់ជារឿង​ត្រឹម​ត្រូវ? សូមផ្តល់ហេតុផលរបស់លោកអ្នក។ ហេតុអ្វីបានជាពួកមេដឹកនាំពួកជំនុំត្រូវបង្ហាញសេចក្តីស្រឡាញ់ និងការយល់ដឹងច្បាស់លាស់ពេលដែលពួកគេដាក់ទោសសមាជិកពួកជំនុំរូបណាដែលបានប្រព្រឹត្តអំពើ​បាប?

  2. ក្នុងជំនាន់លោកនេហេមា ពួកបណ្តាជនបានចាប់ផ្តើមធ្វើអាក្រក់។ ពួកគេក៏បានរអិលចូលទៅក្នុងអំពើបាបបន្តិចម្តងៗ។ ហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្នមិនដើរតាមគំរូទាំងនេះ? តើយើងអាចការពារខ្លួនយើងកុំឲ្យធ្លាក់ទៅក្នុងគ្រោះថ្នាក់នេះដោយរបៀបណា? ​
Powered by CAM