មេរៀនទី១២​៖ ១៦-២២ មីនា ២០១៩

ព្រះទ្រង់ជំនុំជំរះបាប៊ីឡូន

Jeans
ថ្ងៃសៅរ៍ ទី១៦ មីនា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ជំពូក ១៦‑១៨។

ខចងចាំ៖ «‌ខ្ញុំ​ក៏​ឮ​សំឡេង​១​ទៀត​ពី​លើ​មេឃ ពោល​ថា រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា» (វិវរណៈ ១៨:៤, ៥)។

បាប៊ីឡូន គឺជារូបស័ព្ទតំណាងឲ្យសាសនាក្លែងក្លាយ។ ព្រះគម្ពីរបង្ហាញប្រាប់ថា បាប៊ីឡូននៅគ្រាចុងក្រោយគឺជាទីក្រុងមួយ។ ការគាំទ្ររបស់មនុស្សដល់ទីក្រុងនេះក៏បាន «រីង» ប្រៀបដូចទន្លេអើប្រាតដែលបានបង្ហាញក្នុងសេចក្តីវេទនាទី៦ដែរ។ កាលណាបាប៊ីឡូនបាត់បង់អំណាចរបស់ខ្លួន ពួកអារក្សក៏សំដែងការអស្ចារ្យជាច្រើន (វិវរណៈ ១៦:១៣, ១៤) ដើម្បីបោកមនុស្សលោកឲ្យចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងរាស្ត្ររបស់ព្រះ។ នៅគ្រាចាប់ផ្តើមនៃសង្គ្រាមនោះ ក៏មានកក្រើកផែនដីដ៏ធំមួយ។ ការកក្រើកផែនដី​នេះ​គឺជា​ផ្នែកមួយនៃសេចក្តីវេទនាទី៧។ ការកក្រើកដីនេះបណ្តាលឲ្យក្រុងបាប៊ីឡូនបាក់បែកជា​បីចំណែក (វិវរណៈ ១៦:១៨, ១៩)។ ផ្នែកទាំងបីនេះគឺជាអំណាចពិភពដែលប្រមូលផ្តុំគ្នាទាស់នឹងរាស្ត្ររបស់ព្រះគឺ៖ នាគ សត្វសាហាវដែលឡើងពីសមុទ្រ និងអ្នកនាំសារក្លែងក្លាយ។ ប៉ុន្តែការចងសម្ព័ន្ធរបស់ពួកគេក៏ដល់ពេលបាក់បែក។ រឿងនោះធ្វើឲ្យអំណាចរបស់បាប៊ីឡូនដល់ទីបញ្ចប់។

បទគម្ពីរវិវរណៈ ១៧‑១៨ ប្រាប់យើងអំពីរបៀបដែលក្រុងបាប៊ីឡូនដល់ទីបញ្ចប់។ ដំបូង លោកយ៉ូហានបង្ហាញប្រាប់យើងអំពីបាប៊ីឡូនម្តងទៀត។ ប៉ុន្តែ បាប៊ីឡូនឥឡូវនេះគឺជាស្រីសំផឹងម្នាក់ទៅវិញ។ ស្រីសំផឹងនេះជិះលើសត្វសាហាវសម្បុរក្រហម។ អំណាចរបស់សត្វសាហាវពណ៌ក្រហមនេះធ្វើការជាមួយនឹង «កូនស្រី» របស់ស្រីអាក្រក់រូបនេះ ដែលជារូបស័ព្ទតំណាងឲ្យសាសនា និងពួកជំនុំក្លែងក្លាយទាំង​ឡាយ ដែលឈប់ស្តាប់បង្គាប់តាមសេចក្តីពិតរបស់ព្រះ។ ពួកគេរួមគ្នាព្យាយាមអូសទាញមនុស្សលោកឲ្យបែរចេញពីព្រះ (វិវរណៈ ១៧:១‑១១)។

ថ្ងៃអាទិត្យ ទី១៧ មីនា ឆ្នាំ២០១៩

បាប៊ីឡូនគឺជាស្រីសំផឹង

ខគម្ពីរវិវរណៈ ១៧:១ បង្ហាញប្រាប់យើងថា បាប៊ីឡូនគឺជាស្រីម្នាក់ ដែលអង្គុយលើទឹកច្រើន។ តើទឹកនៅក្នុងខគម្ពីរវិវរណៈ ១៧:៥ បង្ហាញប្រាប់យើងអំពីអ្វីខ្លះ?

ជាញឹកញាប់ ស្ត្រីក្នុងព្រះគម្ពីរគឺជារូបស័ព្ទតំណាងឲ្យរាស្ត្ររបស់ព្រះ។ កណ្ឌគម្ពីរវិវរណៈបង្ហាញប្រាប់យើងអំពីពួកជំនុំដ៏ពិតប្រាកដរបស់ព្រះថាជាស្រ្តីបរិសុទ្ធ (វិវរណៈ ១២:១, ២២:១៧)។ ប៉ុន្តែ តើលោកយ៉ូហានបានប្រើរូបស័ព្ទអ្វីដើម្បីបង្ហាញប្រាប់យើងអំពីពួកជំនុំដែលបែរចេញពីព្រះ? ចម្លើយគឺ ស្រី សំផឹង។ ស្រីពេស្យានឹងរួមភេទជាមួយនឹងអស់អ្នកណាដែលឲ្យលុយដល់នាង។ នោះហើយជាមូលហេតុ ដែលខគម្ពីរវិវរណៈ ១៧:៥ បង្ហាញប្រាប់យើងថា បាប៊ីឡូនគឺជាស្រីសំផឹង។ ក្នុងជំនាន់ព្រះគម្ពីរ ទីក្រុងបាប៊ីឡូនគឺត្រូវពឹងអាស្រ័យលើទន្លេអើប្រាតដើម្បីបានទឹកមកផ្គត់ផ្គង់ជីវិត។ តាមរបៀបដូចគ្នានេះ បាប៊ីឡូននៅគ្រាចុងក្រោយគឺត្រូវពឹងផ្អែកលើពួកស្តេចនិងមនុស្សលោកដើម្បីជួយគាំទ្រដល់អ្វីដែលនាងចង់ធ្វើ។

ខគម្ពីរវិវរណៈ ១៧:២, ១៤:៨ និង ១៨:២, ៣។ នៅក្នុងខគម្ពីរទាំងនេះ តើក្រុមទាំងពីរដែលធ្វើការជាមួយនឹងបាប៊ីឡូននៅគ្រាចុងក្រោយជាអ្នកណាខ្លះ?

ក្រុមទី១ ដែលធ្វើការជាមួយបាប៊ីឡូនគឺជាពួកមេដឹកនាំនៅលើផែនដីនេះ។ ព្រះគម្ពីរបង្ហាញ​ប្រាប់ថា ពួកមេដឹកនាំទាំងនេះ «បញ្ឆោត» ព្រះ ដោយសារការមានភេទសម្ព័ន្ធជាមួយស្រីសំផឹងដែលមានឈ្មោះថា បាប៊ីឡូន។ ជាញឹកញាប់ អ្នកនិពន្ធគម្ពីរសញ្ញាចាស់បានប្រើគោលគំនិតនៃការបញ្ឆោត ឬការ​មានសាហាយ ជារូបស័ព្ទបង្ហាញប្រាប់យើងថា រាស្ត្រអ៊ីស្រាអែលបានបែរចេញពីព្រះអម្ចាស់ ហើយ​បែរ​ទៅរកប្រទេសដទៃ និងព្រះផ្សេងៗទៀតឲ្យជួយការពារ (អេសាយ ១:២១, យេរេមា ៣:១‑១០)។ ការសាហាយស្មន់រវាងពួកស្តេចនៅលើផែនដីជាមួយស្រីសំផឹងបាប៊ីឡូនក្នុងគម្ពីរវិវរណៈបង្ហាញប្រាប់យើងថា ទំនាក់ទំនងខុសច្បាប់នេះនឹងកើតឡើងរវាងបាប៊ីឡូនគ្រាចុងក្រោយនិងរដ្ឋាភិបាលទាំងឡាយដែលគាំទ្រនាងនៅលើផែនដីនេះ។

ក្រុមទី២ ដែលគាំទ្រស្រីសំផឹងបាប៊ីឡូនគឺជាមនុស្សលោកនៅលើផែនដី។ បាប៊ីឡូនបានធ្វើឲ្យ​មនុស្សលោក «ស្រវឹង» ស្រារបស់នាង។ ស្រារបស់បាប៊ីឡូនគឺជារូបស័ព្ទតំណាងឲ្យសេចក្តីបង្រៀន​ក្លែង​ក្លាយទាំងឡាយ។ កាលណាមនុស្សលោកទទួល «ស្រា» របស់បាប៊ីឡូន ពួកគេសំដែងអាការៈចេញមកដូចជាមនុស្សស្រវឹងស្រាដូច្នោះដែរ។ មនុស្សលោកជឿថា សេចក្តីបង្រៀនរបស់បាប៊ីឡូនអាចជួយការពារពួកគេបាន។ កាលណាមនុស្សលោកស្រវឹង ពួកគេពុំបានគិតឲ្យច្បាស់លាស់ឡើយ។ ពួកគេក៏ងាយនឹងត្រូវគេគ្រប់គ្រងបានផងដែរ (សូមអានអេសាយ ២៦:៧)។ មនុស្សលោកគ្រប់គ្នានឹងត្រូវគេបោកបញ្ឆោត។ ម៉្លោះហើយបានជាពួកគេមិនមានចំណែកក្នុងពួករាស្ត្រដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់នោះ។

នៅគ្រាចុងក្រោយ មនុស្សលោកស្ទើរគ្រប់គ្នានឹងត្រូវបាប៊ីឡូនបោកបញ្ឆោត។ តើរឿងនោះ បង្ហាញប្រាប់យើងអំពីគ្រោះថ្នាក់អ្វីខ្លះក្នុងការដែលយើងចូលរួមនឹងក្រុមមនុស្សភាគច្រើនដែលគិតថា មតិរបស់ពួកគេត្រឹមត្រូវនោះ?

ថ្ងៃច័ន្ទ ទី១៨ មីនា ឆ្នាំ២០១៩

បាប៊ីឡូនជិះលើសត្វសម្បុរក្រហម

សូមអានអំពីស្រីសំផឹងក្នុងខគម្ពីរវិវរណៈ ១៧:៣។ ទេវតាមួយអង្គបានប្រាប់លោកយ៉ូហានថា ស្រីសំផឹងឈ្មោះថាបាប៊ីឡូននេះអង្គុយនៅលើទឹកច្រើន និងថាព្រះទ្រង់នឹងជំនុំជំរះនាង។ នៅពេល ដែលលោកយ៉ូហានឃើញនាង នាងជិះ «សត្វសម្បុរក្រហម»។ ទឹក និងសត្វសម្បុរក្រហមគឺជានិមិត្តរូបតំណាងឲ្យមនុស្សលោកដែលគាំទ្របាប៊ីឡូន។ តើនិមិត្តរូបទាំងនេះជួយយើងឲ្យឃើញថា មនុស្សទាំងនេះគឺជាអ្នកណាឲ្យប្រាកដទៅ?

លោកយ៉ូហានពិនិត្យមើលទីរហោឋានក្នុងការជាក់ស្តែង ហើយបានឃើញស្រីអាក្រក់មួយរូបអង្គុយលើសត្វសម្បុរក្រហម។ ស្រីសំផឹងនេះគឺជារូបស័ព្ទតំណាងឲ្យអំណាចសាសនាដែលបានបែរទៅទាស់នឹងព្រះជាម្ចាស់។ សត្វសម្បុរក្រហមគឺជារូបស័ព្ទតំណាងឲ្យអំណាចអាណាចក្រមួយ។ រូបភាព «សាសនា» ដែលជិះលើខ្នង «អាណាចក្រ» បង្ហាញប្រាប់យើងថា ស្រី និងសត្វគឺជាអំណាចពីរខុស​ពី​គ្នា។ ក្នុងជំពូកមុនៗ គម្ពីរវិវរណៈបង្ហាញប្រាប់យើងថា សាសនា និងអាណាចក្រគឺនៅជាមួយគ្នាជានិច្ច។ ឥឡូវនេះយើងឃើញថាអំណាចទាំងពីរកំពុងតែញែកចេញពីគ្នា។ ប៉ុន្តែ អំណាចទាំងពីរនេះនឹងរួមគ្នាវិញនៅគ្រាចុងក្រោយ។ នោះហើយជាមូលហេតុដែលស្រីនោះជិះលើសត្វសម្បុរក្រហម៖ គឺដើម្បីបង្ហាញ​ថា អំណាចសាសនាគ្រាចុងក្រោយនេះនឹងគ្រប់គ្រងលើអាណាចក្រទាំងអស់នៅលើលោកនេះ។

តើស្រ្តីរូបនេះបង្ហាញប្រាប់យើងដូចម្តេចខ្លះអំពីនាគ សត្វសាហាវដែលឡើងពីសមុទ្រ និង​សត្វសាហាវដែលឡើងពីដីគោក ក្នុងបទគម្ពីរវិវរណៈ ១២ និង ១៣?

ស្រីសំផឹងបាប៊ីឡូនស្លៀកសំលៀកបំពាក់យ៉ាងថ្លៃខ្លាំងណាស់។ សំលៀកបំពាក់របស់នាងគឺ​​ មានពណ៌ស្វាយ និងក្រហម។ ហើយនាងក៏មានពាក់គ្រឿងអលង្ការដែលធ្វើពីមាស ពីត្បូង និងកែវមុក្តា​ ដែរ។ ក្នុងជំនាន់ព្រះគម្ពីរ ជាញឹកញាប់ពួកស្រីសំផឹងតែងតែស្លៀកសំលៀកបំពាក់ និងពាក់គ្រឿងអលង្ការដ៏មានតម្លៃដើម្បីទាក់ទាញប្រុសៗឲ្យមករួមភេទជាមួយពួកនាង (យេរេមា ៤:៣០)។

សំលៀកបំពាក់របស់បាប៊ីឡូនជួយយើងឲ្យនឹកចាំពីសំលៀកបំពាក់ដែលមេដឹកនាំកំពូលរបស់សាសន៍អ៊ីស្រាអែលធ្លាប់បានស្លៀកពាក់ក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ មេដឹកនាំរូបនេះគឺជាសម្តេចសង្ឃ។ សំលៀកបំពាក់របស់លោកមានពណ៌ដូចគ្នានឹងរបស់ស្រីសំផឹងដែរ៖ គឺពណ៌ស្វាយ ក្រហម និងមាស (និក្ខមនំ ២៨:៥, ៦)។ ពណ៌របស់សំលៀកបំពាក់ទាំងនេះប្រាប់យើងថា ស្រីនេះគឺជារូបស័ព្ទតំណាងឲ្យអំណាចខាងសាសនានៅគ្រាចុងក្រោយដែលសាតាំងប្រើដើម្បីបង្វែរមនុស្សលោកនៅផែនដីឲ្យបែរចេញពីព្រះ។ នាង«ស្រវឹង» នឹងឈាមរបស់រាស្ត្ររបស់ព្រះ ដែលបានស្លាប់ដោយសារសេចក្តីជំនឿរបស់ពួកគេ។ រឿងនោះមានជាប់ទាក់ទិនគ្នារវាងបាប៊ីឡូននៅគ្រាចុងក្រោយនិងពួកជំនុំរ៉ូមុាំងកាតូលិកនៅយុគកណ្តាល។ ពួកជំនុំនោះបានសម្លាប់គ្រីស្ទានអស់រាប់លាននាក់ដោយសារតែពួកគេជឿលើដំណឹងល្អអំពីព្រះយេស៊ូវ។

ថ្ងៃអង្គារ ទី១៩ មីនា ឆ្នាំ២០១៩

តើសត្វសម្បុរក្រហមគឺជាអ្នកណា?

ក្នុងខគម្ពីរវិវរណៈ ១៧:៦, ៧ លោកយ៉ូហានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលលោកឃើញស្រីសំផឹង។ ប្រហែលជាលោកភ្ញាក់ផ្អើលដោយសារស្រីសំផឹងធ្វើឲ្យលោកនឹកគិតដល់អំណាចសត្វសាហាវដែលឡើងពីសមុទ្រក្នុងវិវរណៈជំពូក១៣ហើយមើលទៅ។ អំណាចសត្វសាហាវដែលឡើងពីសមុទ្របានធ្វើសង្គ្រាមជាមួយនឹងស្ត្រីដែលស្លៀកពាក់ស និងបានវាយប្រហារនាងផងដែរ (វិវរណៈ ១៣:៥‑៧)។ ស្រ្តីដែលស្លៀកពាក់សគឺជារូបស័ព្ទតំណាងឲ្យពួកជំនុំដ៏ពិតប្រាកដរបស់ព្រះ។ ស្ត្រីនេះបានរត់ទៅកាន់ដីគោកដើម្បីគេចចេញពីការវាយប្រហាររបស់នាង។ នាងបានស្នាក់នៅទីនោះអស់រយៈ​ពេល ១២៦០ថ្ងៃ ឬឆ្នាំ (វិវរណៈ ១២:១៣, ១៤)។ គ្រានោះក្នុងប្រវត្តិសាស្ត្រ (ឆ្នាំ៥៣៨ ដល់ឆ្នាំ១៧៩៨ គស) គឺត្រូវបានគេស្គាល់ថាជាយុគកណ្តាល។

សូមប្រៀបធៀបពាក្យពេចន៍នៃខគម្ពីរវិវរណៈ ១៧:៨, ជាមួយនឹង វិវរណៈ ១៣:៨,​ និង ១៣:៣។ តើមានពាក្យអ្វីខ្លះដែលដូចគ្នា។ តើខគម្ពីរវិវរណៈ ១៣:៣ ជួយយើងឲ្យយល់អំពីកិច្ចការទាំងបីផ្នែករបស់សត្វសម្បុរក្រហមក្នុងពេលផ្សេងៗពីគ្នាក្នុងប្រវត្តិសាស្ត្រយ៉ាងដូចម្តេចខ្លះ?

លោកយ៉ូហានបានបង្ហាញប្រាប់យើងអំពីសត្វសម្បុរក្រហម ដែល «ពី​ដើម​វា​នៅ ឥឡូវ​នេះ​បាត់​ទៅ​ហើយ ក៏​រៀប​នឹង​ឡើង​...មក​វិញ» ពីជង្ហុកជ្រៅ (វិវរណៈ ១៧:៨)។ បន្ទាប់មកទៀត វានឹងត្រូវ វិនាសទៅ។ តើលោកអ្នកឃើញទេថា អំណាចនេះចង់ចម្លងព្រះនាមរបស់ព្រះយកទៅប្រើ? ព្រះនាម របស់ព្រះ «យ៉ាហ៍វេហ៍» មានន័យថា «គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត» (វិវរណៈ ១:៤, ៤:៨)។ ការពណ៌នារបស់លោកយ៉ូហានអំពីសត្វសម្បុរក្រហមក៏ជួួយយើងឲ្យយល់អំពីផ្នែកទាំង បីនៃកិច្ចការរបស់វានៅក្នុងប្រវត្តិសាស្ត្រដែរ។

១) ពាក្យថា «ពីដើមវានៅ» បង្ហាញប្រាប់យើងអំពីអ្វីដែលកើតឡើងក្នុងអំឡុងពេល ១២៦០ឆ្នាំ ពេលដែលសត្វសាហាវដែលឡើងពីសមុទ្របានវាយប្រហារមកលើរាស្ត្ររបស់ព្រះ (វិវរណៈ ១៣:៥)។

២) ពាក្យថា «ឥឡូវនេះបាត់ទៅហើយ» ជួយយើងឲ្យនឹកចាំថា សត្វសាហាវដែលឡើងពីសមុទ្រវាធ្លាប់រងរបួសដល់ស្លាប់។ សត្វនេះ ឬពួកជំនុំរ៉ូមុាំងកាតូលិក បានរង «របួស» នៅឆ្នាំ ១៧៩៨។ របួស​នេះបង្ហាញប្រាប់ថា ពួកជំនុំហាក់ដូចជាពុំមានអំណាចពិតប្រាកដនៅលើផែនដីនេះតទៅទៀតទេ។

៣) ពាក្យថា «ក៏រៀបនឹងឡើងមកវិញ» បង្ហាញប្រាប់យើងថា របួសរបស់ពួកជំនុំរ៉ូមុាំងកាតូលិកនឹងសះជាឡើងវិញ។ បន្ទាប់មក ពួកជំនុំនេះនឹង «រស់ឡើងវិញ» និងមានអំណាចខ្លាំងក្លាឡើងវិញ។ សត្វនេះនឹងពោរពេញដោយកំហឹងរបស់សាតាំង។ បទគម្ពីរវិវរណៈ ១៧ បង្ហាញប្រាប់យើងអំពីពួកជំនុំរ៉ូមុាំងកាតូលិកនៃវិវរណៈ ១៣:១‑៨ នៅគ្រាដែលរបួសដល់ស្លាប់របស់វាបានជាសះស្បើយឡើងវិញ។ បន្ទាប់មកទៀត ស្រីសំផឹងបាប៊ីឡូនក៏នឹងជិះលើខ្នងសត្វសម្បុរក្រហម។ កាលណានាងជិះលើខ្នងវា នោះគឺជាសញ្ញាប្រាប់ថា​ សាសនា និងអាណាចក្រនឹងរួមគ្នាវាយប្រហារមកលើរាស្ត្ររបស់ព្រះម្តងទៀត ដូចដែលពួកគេធ្លាប់បានធ្វើក្នុងយុគកណ្តាលដែរ។

ថ្ងៃពុធ ទី២០ មីនា ឆ្នាំ២០១៩

ក្បាលទាំងប្រាំពីររបស់សត្វសម្បុរក្រហម

សូមអានពាក្យពេចន៍របស់លោកយ៉ូហានស្តីអំពីក្បាលទាំងប្រាំពីររបស់សត្វសម្បុរក្រហមក្នុង ខគម្ពីរវិវរណៈ ១៧:៩‑១១។ បន្ទាប់មកសូមអានវិវរណៈ ១៣:១៨ ផងដែរ។ យើងតោងតែមានចិត្តគំនិតដែលពោរពេញដោយប្រាជ្ញាដើម្បីយល់អំពីក្បាលទាំងប្រាំពីរនេះ។ តើលោកយ៉ូហានកំពុងមានប្រសាសន៍អំពីប្រាជ្ញាអ្វីទៅ? តើយើងត្រូវធ្វើយ៉ាងដូចម្តេចទើបអាចទទួលប្រាជ្ញានេះបាន (សូមអាន យ៉ាកុប ១:៥)?

ទេវតាបានពន្យល់ប្រាប់លោកយ៉ូហានថា ក្បាលទាំងប្រាំពីរគឺជាភ្នំទាំងប្រាំពីរ។ អ្នកជំនាញ​ខាង​ព្រះគម្ពីរខ្លះគិតថា ក្បាលទាំងប្រាំពីរនេះគឺជានិមិត្តរូបតំណាងឲ្យកូនភ្នំទាំងប្រាំពីរដែលជាទីតាំង​របស់​ទីក្រុងរ៉ូម។ ម៉្លោះហើយបានជាអ្នកជំនាញទាំងនេះបកប្រែពាក្យក្រេក «ភ្នំ» ថាជា «កូនភ្នំ»។ ភ្នំទាំងប្រាំពីរក៏អាចបកស្រាយថាជាស្តេចទាំងប្រាំពីរដែរ។ ព្រះគម្ពីរបង្រៀនយើងថា «ស្តេច» មានន័យថា «អាណាចក្រ» ដែរ (ដានីយ៉ែល ២:៣៧‑៣៩, ដានីយ៉ែល ៧:១៧)។ ការបកស្រាយនេះអាចស្តាប់បាន ពីព្រោះគម្ពីរវិវរណៈពុំបានបង្ហាញយើងអំពីបុគ្គលណាមួយឡើយ ប៉ុន្តែបានបង្ហាញអំពីអំណាចអាណាចក្រដែលគ្រប់គ្រងលើផែនដីនេះវិញ។

ក្នុងព្រះគម្ពីរ ជាញឹកញាប់ ពាក្យថា «ភ្នំ» ចង់បង្ហាញអំពីអំណាចពិភពលោក ឬ អាណាចក្រ (យេរេមា ៥១:២៥, អេសេគាល ៣៥:២, ៣)។ តើលោកអ្នកឃើញទេថា ភ្នំទាំងនេះមិនបានលេចចេញមកក្នុងពេលតែមួយទេឬអី? អ្នកជំនាញខាងព្រះគម្ពីរជាច្រើនរូបជឿថា ភ្នំទាំងប្រាំពីរបង្ហាញយើងអំពី អាណាចក្រទាំងប្រាំពីរដែលមានអំណាចទូទាំងពិភពលោកដែលគ្រប់គ្រងលើផែនដីជាបន្តបន្ទាប់ គឺ៖ អេស៊ីព្ទ, អាសស៊ើរ, បាប៊ីឡូន, មេដូ‑ពើស៊ី, ក្រេក, រ៉ូម, និងបន្តមកទៀតគឺពួកជំនុំរ៉ូមុាំងកាតូលិកក្នុងអំឡុងយុគកណ្តាល។ សាតាំងបានប្រើអាណាចក្រទាំងនោះឲ្យវាយប្រហារទាស់នឹងព្រះ និងធ្វើបាបលើរាស្ត្ររបស់ព្រះជាច្រើនដង។ នៅគ្រាដែលលោកយ៉ូហានសរសេរកណ្ឌគម្ពីរវិវរណៈ មានអាណាចក្រចំនួនប្រាំ​បាន​​បាត់បង់អំណាចរបស់ខ្លួនទៅហើយ៖ អេស៊ីព្ទ, អាសស៊ើរ, បាប៊ីឡូន, មេដូ‑ពើស៊ី,​និងក្រេក។ រីឯរ៉ូមវិញ គឺជាអាណាចក្រទី៦ ដែលកំពុងគ្រប់គ្រងអំណាចនៅជំនាន់លោកយ៉ូហាន។

នៅពេលដែលលោកយ៉ូហានទទួលការបើកសំដែងនេះ អាណាចក្រទី៧ មិនទាន់ចាប់ផ្តើមគ្រប់គ្រងផែនដីនៅឡើយទេ។ អាណាចក្រទី៧គឺជាអំណាចសត្វសាហាវដែលឡើងពីសមុទ្រក្នុងបទគម្ពីរ​វិវរណៈ​ជំពូកទី១៣ គឺ៖ ពួកជំនុំរ៉ូមុាំងកាតូលិកនោះឯង។ អំណាចនេះបានគ្រប់គ្រងទ្វីបអឺរ៉ុបស្ទើរតែទាំងស្រុងនៅយុគកណ្តាល ហើយមានអំណាចលើរាស្ត្ររបស់ព្រះ និងធ្វើបាបពួកគេផងដែរ។ ពួកជំនុំនេះចាប់ផ្តើមមានអំណាចឡើងបន្ទាប់ពីអាណាចក្ររ៉ូមដល់ទីបញ្ចប់។ ប្រវត្តិសាស្ត្របង្ហាញប្រាប់យើងតាម របៀបដ៏អស្ចារ្យថា បទទំនាយនេះដែលមកពីព្រះ បានសម្រេចឡើងហើយ។ ព្រះយេស៊ូវបានប្រទាន បទទំនាយនេះដល់លោកយ៉ូហានរាប់រយឆ្នាំមុននឹងបទទំនាយនេះបានសម្រេចឡើង។

លោកអ្នកនៅចាំទេថា ក្បាលទី៧បានរងរបួសដល់ស្លាប់។ រីឯក្បាលទី៨ គឺជាអំណាចដដែលដូចគ្នាទៅនឹងក្បាលទី៧បន្ទាប់ពីរបួសនោះបានជាសះស្បើយ។ សព្វថ្ងៃនេះ យើងរស់ក្នុងជំនាន់ដែល របួសនោះកំពុងជាសះស្បើយ។ ក្នុងអំឡុងពេលនោះ ស្ត្រីឈ្មោះបាប៊ីឡូននឹងជិះលើខ្នងសត្វសម្បុរ ក្រហម។ អាណាចក្រ ឬក្បាលទី៨ នឹងមានអំណាចទូទាំងពិភពលោកម្តងទៀតមុនពេលដល់ទីបញ្ចប់នៃពិភពលោកនេះ។ បន្ទាប់មកទៀតវានឹងត្រូវវិនាសបាត់។

ថ្ងៃព្រហស្បតិ៍ ទី២១ មីនា ឆ្នាំ២០១៩

ទីបញ្ចប់របស់បាប៊ីឡូន

សូមអានខគម្ពីរ វិវរណៈ ១៧:១២‑១៥ និងវិវរណៈ ១៦:១២‑១៦។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីស្តេចទាំង១០?

មានគំនិតខុសគ្នាជាច្រើនដែលគេយកមកបកស្រាយថា តើស្តេចទាំង១០គឺជាអ្នកណាខ្លះ? ប៉ុន្តែ យើងមានតម្រុយថា តើពួកគេគឺជាអ្នកណា ចេញពីអំណាចសត្វសម្បុរក្រហមដែលចូលរួមជាមួយនឹងស្តេចទាំងឡាយ។ តើលោកអ្នកឃើញទេថា អំណាចសត្វសម្បុរក្រហមប្រព្រឹត្តដូចជាអំណាចសត្វសាហាវដែលឡើងពីសមុទ្រក្នុងវិវរណៈ ១៣? រឿងនោះជួយឲ្យយល់ថា សត្វទាំងពីរគឺជាអំណាចដដែល។ វាក៏ជួយយើងឲ្យយល់ថា ស្តេចដែលចូលរួមជាមួយនឹងអំណាចសត្វសម្បុរក្រហមក៏ជាអំណាចដដែលដែលយើងឃើញក្នុងវិវរណៈ ១៣ ដែរ។ ស្តេចទាំងដប់លេចឡើងមុនគ្រាចុងក្រោយមកដល់។ លេខដប់គឺជារូបស័ព្ទដែលបង្ហាញប្រាប់យើងថា អាណាចក្រទាំងឡាយនៅលើផែនដីនឹងគាំទ្របាប៊ីឡូនទាំង​ស្រុង​នៅគ្រាចុងក្រោយ។

ខគម្ពីរវិវរណៈ ១៧:១៣, ១៤ បង្ហាញប្រាប់យើងអំពីសង្គ្រាមអើម៉ាគេដូនម្តងទៀត។ លើក​មុន យើងបានរៀនអំពីសង្គ្រាមចុងក្រោយក្នុងវិវរណៈ ១៦:១២‑១៦ ម្តងហើយ។ តួអង្គទាំងបីនេះគឺ៖ ១) នាគ, ២) អំណាចសត្វសាហាវដែលឡើងពីសមុទ្រ និង ៣) អំណាចសត្វសាហាវដែលឡើងពីដី​គោក នឹងបណ្តាលឲ្យស្តេចទាំងដប់នៅលើផែនដីធ្វើសង្គ្រាមទាស់នឹងកូនចៀម ដែលជាព្រះយេស៊ូវ។ រឿង​នោះ ប្រាប់យើងថា សង្គ្រាមចុងក្រោយគឺពុំមែនជាសង្គ្រាមពិតៗដែលនឹងកើតឡើងនៅមជ្ឈិមបូព៌ានោះឡើយ។ ទេ មិនមែនទេ។ វាគឺជាសង្គ្រាមរវាងសាតាំង និងបក្សពួករបស់វា ប្រយុទ្ធប្រឆាំងនឹងព្រះយេស៊ូវ និង ពួក ពលទេវតារបស់ព្រះអង្គ។

ស្តេចទាំងដប់ក៏ឈប់គាំទ្រដល់បាប៊ីឡូន (វិវរណៈ ១៧:១៦‑១៨)។ តើមានអ្វីធ្វើឲ្យរឿង​នោះ​ កើតឡើង (វិវរណៈ ១៦:២‑១២)? តើអ្នកណាជាអ្នកធ្វើឲ្យបាប៊ីឡូនដល់ទីបញ្ចប់?

សេចក្តីវេទនាចុងក្រោយបណ្តាលឲ្យស្តេចទាំងដប់ឈប់គាំទ្របាប៊ីឡូនតទៅទៀត។ ស្នែង ឬ ស្តេចទាំងដប់ ពោរពេញដោយសេចក្តីសំអប់ចំពោះបាប៊ីឡូន។ លោកយ៉ូហានមានប្រសាសន៍ថា ពួកគេ បានហែកសំលៀកបំពាក់របស់នាង។ បន្ទាប់មកទៀត ពួកគេបរិភោគសាច់របស់នាង និងបានដុតនាង​នឹង​ភ្លើង។ រូបស័ព្ទទាំងនេះបានប្រើពាក្យពេចន៍ក្នុងគម្ពីរសញ្ញាចាស់យកមកពន្យល់កិច្ចការរបស់ព្រះក្នុងឋានៈជាចៅក្រមទាស់នឹងក្រុងយេរូសាឡិម (យេរេមា ៤:៣០)។ ក្នុងគម្ពីរសញ្ញាចាស់ ប្រសិនបើកូនស្រីរបស់មេដឹកនាំដ៏បរិសុទ្ធបំផុតក្នុងប្រទេសអ៊ីស្រាអែលត្រូវបានរកឃើញថាបានរកស៊ីលក់ខ្លួន នាងនឹងត្រូវ គេដុតនឹងភ្លើងជាការដាក់ទោស (លេវីវិន័យ ២១:៩)។ ខគម្ពីរវិវរណៈ ១៦:១០‑១២ បង្ហាញប្រាប់យើង​ថា អំណាចទាំងឡាយទូទាំងពិភពលោកដែលគាំទ្របាប៊ីឡូនដឹងថា បាប៊ីឡូនបានបោកប្រាស់ពួកគេ។ ស្តេចទាំងនេះជឿថា បាប៊ីឡូនអាចការពារពួកគេពីសេចក្តីក្រោធរបស់ព្រះបាន។ នៅពេលដែលពួកគេ​ដឹង​ថា នាងមិនអាចការពារពួកគេពីសេចក្តីវេទនាទាំងប្រាំពីរ ពួកស្តេចទាំងនោះក៏វាយប្រហារនាងវិញ។ នៅទីបំផុត ព្រះទ្រង់ក៏ជំនុំជំរះបាប៊ីឡូន និងពួកអ្នកគាំទ្ររបស់នាង។ ពួកគេក៏ទទួលនូវសេចក្តីក្រោធទាំងស្រុងរបស់ព្រះទាស់នឹងពួកគេសំរាប់ការប្រព្រឹត្តអាក្រក់របស់ខ្លួន។

ថ្ងៃសុក្រ ទី២២ មីនា ឆ្នាំ២០១៩

សិក្សាបន្ថែម

មុនពេលដែលព្រះទ្រង់បំផ្លាញបាប៊ីឡូន មានសំឡេងមួយពីឋានសួគ៌ដាស់តឿនប្រាប់រាស្ត្ររបស់ព្រះដែលបន្តនៅក្នុងក្រុងបាប៊ីឡូន។ សំឡេងនោះប្រាប់ពួកគេឲ្យចាកចេញពីក្រុងបាប៊ីឡូនភ្លាម (វិវរណៈ ១៨:៤)។ ខនេះប្រាប់យើងថា ព្រះទ្រង់មានមនុស្សដែលស្មោះត្រង់ជាច្រើនដែលបន្តធ្វើជាផ្នែកខ្លះនៃបាប៊ីឡូនដោយសារហេតុផលជាច្រើន។ ព្រះទ្រង់ប្រើពួកជំនុំគ្រាចុងក្រោយរបស់ព្រះអង្គឲ្យអង្វរមនុស្សទាំងនេះឲ្យញែកខ្លួនចេញពីអំណាចសាសនាអាក្រក់ ដើម្បីកុំឲ្យចូលរួមធ្វើខុស ឬធ្វើបាប​ជាមួយនឹងនាង​ឡើយ។ រាស្ត្ររបស់ព្រះក្នុងក្រុងបាប៊ីឡូនតោងតែចេញពីក្រុងបាប៊ីឡូនដើម្បីឲ្យពួកគេ​អាចគេច​ចេញពី​សេចក្តីក្រោធរបស់ព្រះទាស់នឹងនាង។ ព្រះទ្រង់ពុំចង់ឲ្យនរណាម្នាក់ក្នុងក្រុងបាប៊ីឡូនត្រូវស្លាប់ឡើយ (ពេត្រុសទី២ ៣:៩)។ ខគម្ពីរវិវរណៈ ១៩:១‑១០ បង្ហាញយើងថា មានមនុស្សជាច្រើន​ក្នុងក្រុង​បាប៊ីឡូន​ដែល​ស្រឡាញ់ និងស្តាប់បង្គាប់ព្រះជាម្ចាស់។ ពួកអ្នកដើរតាមដ៏ស្មោះត្រង់ទាំងនេះនឹងស្តាប់បង្គាប់ការព្រមានរបស់ព្រះដើម្បីញែកខ្លួនគេពីបាប៊ីឡូន។ ពួកជំនុំគ្រាចុងក្រោយរបស់ព្រះមានកិច្ចការត្រូវធ្វើច្រើនទៀត។ ពួកគេត្រូវដាស់តឿនរាស្ត្ររបស់ព្រះដែលកំពុងស្នាក់នៅក្នុងក្រុងបាប៊ីឡូនឲ្យ ចាកចេញជាបន្ទាន់។ តើរឿងនោះប្រាប់យើងអ្វីខ្លះអំពីសេចក្តីត្រូវការព្រះចេស្តារបស់ព្រះក្នុងជីវិតរបស់​យើង?

សំនួរពិភាក្សា៖
  1. ខគម្ពីរវិវរណៈ ១៨:៤ បង្ហាញប្រាប់យើងថា ព្រះទ្រង់មានមនុស្សដែលស្មោះត្រង់ជាច្រើននៅក្នុងក្រុងបាប៊ីឡូន។ សូមគិតអំពីប្រសាសន៍ទាំងនេះរបស់អ្នកស្រីអែល្លិន ជី វ៉ៃត៍៖ យើងតោងតែចែកចាយសេចក្តី ព្រមានរបស់ព្រះជាមួយនឹងរាស្ត្ររបស់ព្រះដែលស្នាក់នៅក្នុងក្រុងបាប៊ីឡូន។ ប៉ុន្តែយើងតោងតែប្រុង ប្រយ័ត្ន មិនត្រូវជំរុញ ឬកាត់ទោសនរណាម្នាក់ដែលពុំទាន់យល់សេចក្តីពិតដែលយើងមាននោះឡើយ។ យើងមិនគួរចេញទៅប្រកូកប្រកាសសេចក្តីទាំងឡាយដែលធ្វើឲ្យពួកជំនុំកាតូលិកមានអារម្មណ៍ថារងការវាយប្រហារឡើយ។ មានពួកជំនុំកាតូលិកជាច្រើនដែលជាគ្រីស្ទានដ៏ស្មោះត្រង់។ ពួកគេកំពុងប្រតិបត្តិតាមពន្លឺដែលព្រះបំភ្លឺដល់ពួកគេ។ ព្រះទ្រង់នឹងជួយពួកគេបន្តទៀត។ ព្រះទ្រង់ប្រទានឱកាសជាច្រើនដល់ពួកជំនុំគ្រាចុងក្រោយរបស់ព្រះអង្គឲ្យស្អាងជីវិត ចិត្តគំនិត និងរាងកាយរបស់ខ្លួន។ ប៉ុន្តែ ពួកគេបែរជាខកខានពុំបានអនុវត្តតាមឡើយ។ ក្នុងព្រះនេត្ររបស់ព្រះ មនុស្សទាំងនេះគួរត្រូវដាក់ទោស និងមាន គ្រោះថ្នាក់ជាងពួកជំនុំកាតូលិកដែលជឿលើសេចក្តីបង្រៀនខុសឆ្គងអំពីព្រះគម្ពីរទៅទៀត។ ពិតមែន​ហើយ ពួកគេកំពុងជឿលើគោលជំនឿខុសឆ្គង ប៉ុន្តែពួកគេរស់នៅធ្វើល្អជាងមនុស្សដទៃទៀតទៅវិញ»។ ដកស្រង់ពី Ellen G. White, Evangelism, page 575, adapted។

  2. បទគម្ពីរវិវរណៈជំពូកទី១៧ បង្ហាញប្រាប់យើងអំពីស្ត្រីម្នាក់ ដែលកំពុងជិះលើសត្វសម្បុរក្រហម។ យើងដឹងថា ស្ត្រីក្នុងជំពូកទី១២ គឺជាពួកជំនុំស្មោះត្រង់របស់ព្រះ។ ប៉ុន្តែស្ត្រីក្នុងជំពូក១៧នេះវិញ បែរជា តំណាងឲ្យពួកជំនុំអាក្រក់ដែលព្យាយាមបង្វែរមនុស្សលោកនៅលើផែនដីឲ្យបែរចេញពីព្រះទៅវិញ។ តើស្ត្រីទាំងពីរមានអ្វីខ្លះដែលដូចគ្នា? តើមានអ្វីខ្លះដែលខុសគ្នា? ពិសេសជាងទៅទៀតនោះ តើលោកអ្នកបានរៀនអ្វីខ្លះកាលណាលោកអ្នកក្រឡេកមើលស្ត្រីទាំងពីរនាក់នេះ?
Powered by CAM