ថ្ងៃសៅរ៍ ទី១៥ មិថុនា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ របាក្សត្រទី២ ៣២:២៥, ៣១, នាងរស់ ១:១៤‑១៨, កូរិនថូសទី១ ៧:១២‑១៥, កូរិនថូសទី១ ៤:១៦។
ខចងចាំ៖ «តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់» (ពេត្រុសទី១ ២:៩)។
កាលណាមាននរណាម្នាក់មកលេងផ្ទះរបស់លោកអ្នក តើពួកគេបានឃើញអ្វីខ្លះ? មានមនុស្សមួយក្រុមបានធ្វើដំណើរពីនគរបាប៊ីឡូនដើម្បីមកសួរសុខទុក្ខស្តេចហេសេគា។ ក្រោយមក ហោរាអេសាយ បានទូលសួរដល់ស្តេចថា «គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង (ផ្ទះ)?» តើលោកអ្នកនឹងឆ្លើយទៅនឹងសំណួរដូចគ្នានេះ ថាយ៉ាងដូចម្តេចប្រសិនបើមានអ្នកខ្លះមកលេងផ្ទះរបស់លោកអ្នកនោះ?
តើគេបានឃើញអ្វីខ្លះនៅក្នុងផ្ទះរបស់លោកអ្នក? តើពពួកទេវតាបានឃើញអ្វីខ្លះពីឋានសួគ៌? តើមានវិញ្ញាណអ្វីដែលកំពុងតែឃុំគ្រងផ្ទះរបស់យើង? តើមិនមែនជាវិញ្ញាណនៃសេចក្តីស្រឡាញ់ទេឬអី? តើផ្ទះលោកអ្នកមិនមែនជាដំណាក់សំរាប់អធិដ្ឋានទេឬ? ឬមួយក៏មានកំហឹង សំអប់ និងការទាស់ទែងគ្នា នៅទីនោះ? តើភ្ញៀវពន្លឺនឹងឃើញព្រះយេស៊ូវនៅក្នុងសមាជិកគ្រួសាររបស់លោកអ្នកដែរឬទេ?
សំណួរទាំងនេះសំខាន់ណាស់ដែលយើងទាំងអស់គ្នាត្រូវសួរខ្លួនឯង។ សប្តាហ៍នេះ យើងនឹង ក្រឡេកមើលចំណុចខ្លះៗដែលអាចធ្វើឲ្យជីវិតនៅក្នុងផ្ទះរបស់យើងស្រស់បំព្រងឡើង។ យើងដឹងថា គ្មានគ្រួសារណាមួយគ្រប់លក្ខណ៍ទេ។ យើងទាំងអស់គ្នាសុទ្ធតែប្រឈមនឹងបញ្ហា។ ប៉ុន្តែ តើយើងអាចធ្វើអ្វីខ្លះដើម្បីឲ្យផ្ទះរបស់យើងក្លាយជាកន្លែងដ៏ស្រស់បំព្រងបាន?
ថ្ងៃអាទិត្យ ទី១៦ មិថុនា ឆ្នាំ២០១៩
កំហុសរបស់ស្តេចហេសេគា
សូមអានសាច់រឿងស្តីអំពីពួកភ្ញៀវមួយចំនួនពីនគរបាប៊ីឡូន ដែលបានមកសួរសុខទុក្ខស្តេចហេសេគាបន្ទាប់ពីព្រះអង្គបានជាពីប្រឈួន។ លោកអ្នកអាចអានសាច់រឿងនេះនៅក្នុងរបាក្សត្រទី២ ៣២:២៥, ៣១, អេសាយ ៣៨, និងអេសាយ ៣៩។ ហេតុដូចម្តេចបានជាមនុស្សទាំងនេះមកសួរសុខទុក្ខស្តេច? តើមានអ្វីកើតឡើងនៅពេលដែលពួកគេបានមកជួបព្រះអង្គ?
ព្រះគម្ពីរប្រាប់យើងថា ស្តេចហេសេគាទ្រង់ប្រឈួនយ៉ាងធ្ងន់។ ប៉ុន្តែព្រះទ្រង់បានព្យាបាល ព្រះអង្គ។ បន្ទាប់មក មានមេដឹកនាំនៃគរបាប៊ីឡូនខ្លះបានមកសួរសុខទុក្ខស្តេចហេសេគា។ ពួកគេចង់ដឹងអំពីរបៀបដែលព្រះអង្គបានជាពីប្រឈួន។ ស្តេចហេសេគាទំនងជាពុំបានប្រាប់មនុស្សដែលមកពី នគរបាប៊ីឡូនអំពីរបៀបដែលព្រះទ្រង់បានព្យាបាលព្រះអង្គនោះទេ។ នោះគឺមិនសមរម្យទាល់តែសោះ។ ហេតុអ្វី? បទគម្ពីរអេសាយជំពូក៣៨ ប្រាប់ថា ស្តេចហេសេគាបានដឹងគុណដល់ព្រះជាម្ចាស់ខ្លាំងណាស់ដែលបានព្យាបាលព្រះអង្គ។ ប៉ុន្តែ នៅជំពូកបន្ទាប់ ស្តេចហេសេគាពុំបានមានបន្ទូលអ្វីអំពីការដែលព្រះទ្រង់បានធ្វើចំពោះព្រះអង្គទាល់តែសោះ!
«ព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិត ដែលមាននៅក្នុងព្រះទ័យទ្រង់» (របាក្សត្រទី២ ៣២:៣១)។ ការសួរសុខទុក្ខពីមនុស្សដែលមកពីនគរបាប៊ីឡូនមានសារៈសំខាន់ខ្លាំងណាស់។ ប៉ុន្តែស្តេចហេសេគាពុំបានទូលសូមព្រះឲ្យជួយទ្រង់ធ្វើជាស្មរបន្ទាល់ដ៏ល្អឡើយ។ ស្តេចក៏ពុំបានសូមឱវាទពីហោរារបស់មេដឹកនាំសាសនារបស់អ៊ីស្រាអែលក៏ទេដែរ។
យើងគួរតែបង្ហាញសេចក្តីជំនឿរបស់យើងលើព្រះ បើទោះបីជានៅក្នុងផ្ទះរបស់យើងក៏ដោយ គឺពេលដែលយើងគិតថាគ្មាននរណាម្នាក់កំពុងមើលមកយើងទេនោះ។ សាច់រឿងរបស់ស្តេចហេសេគាបង្រៀន យើងអំពីមេរៀនដ៏សំខាន់មួយ។ តើមានមេរៀនអ្វីខ្លះទៀតដែលយើងអាចរៀនចេញពីរឿងរបស់ស្តេចអង្គនេះ?
មនុស្សដែលមកលេងផ្ទះអ្នកគ្រីស្ទាននឹងមានឱកាសបានជួបនឹងពួកអ្នកដើរតាមព្រះយេស៊ូវ។ នោះហើយបានជារៀងរាល់ការសួរសុខទុក្ខទៅកាន់ផ្ទះរបស់លោកអ្នកសុទ្ធតែសំខាន់នោះ។ មានមនុស្ស តិចណាស់ ដែលមកលេងផ្ទះរបស់លោកអ្នក នឹងចាប់ផ្តើមសន្ទនាជាមួយលោកអ្នកអំពីប្រធានបទខាងព្រលឹងវិញ្ញាណ។ ហេតុនោះ គ្រីស្ទានទាំងឡាយត្រូវតែរកមធ្យោបាយឲ្យបានច្រើនដើម្បីចែកចាយដំណឹងល្អតាមលក្ខណៈទន់ភ្លន់ដែលពួកគេអាចទទួលយកបាន។
ព្រះទ្រង់ពុំចង់ឲ្យលោកអ្នកបង្អួតផ្ទះ ឬទ្រព្យសម្បត្តិរបស់លោកអ្នកដល់ពួកភ្ញៀវឡើយ។ ពិតមែនហើយ ទ្រព្យសម្បត្តិទាំងនេះគឺជាអំណោយទានមកពីព្រះ។ ជួនកាលទ្រព្យសម្បត្តិទាំងនេះអាចបណ្តាលឲ្យពួកភ្ញៀវរបស់លោកអ្នកថ្លែងសរសើរដល់ព្រះសំរាប់ការល្អដែលព្រះអង្គមានចំពោះលោកអ្នកក៏ថាបាន។ មែនហើយ ព្រះទ្រង់ចង់ឲ្យពួកភ្ញៀវរបស់លោកអ្នក «ប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ» ដែរ (ពេត្រុសទី១ ២:៩, គខប)។ ប៉ុន្តែសំខាន់ជាងនោះ ព្រះទ្រង់ចង់ឲ្យភ្ញៀវរបស់លោកអ្នកបានឃើញថា តើពួកគេត្រូវការព្រះយេស៊ូវច្រើនប៉ុនណា។ ដូចជាករណីរបស់ស្តេចហេសេគាក្នុងកាលដែលទ្រង់ ប្រឈួនដែរ។ ព្រះទ្រង់បានព្យាបាលស្តេចអង្គនេះ។ ការអស្ចារ្យនេះបង្ហាញយើងអំពីអ្វីដែលព្រះយេស៊ូវទ្រង់នឹងធ្វើសំរាប់យើង (អេភេសូរ ២:៤‑៦)។ អំពើបាបបានធ្វើឲ្យយើងឈឺ។ ប៉ុន្តែព្រះយេស៊ូវបានយាងមកដើម្បីព្យាបាលយើង និង «ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ» (អេភេសូរ ២:៦)។
ថ្ងៃច័ន្ទ ទី១៧ មិថុនា ឆ្នាំ២០១៩
ត្រូវគិតអំពីគ្រួសារមុនគេបង្អស់
តើអ្នកណាខ្លះដែលជាក្រុមមនុស្សដំបូងដែលយើងត្រូវចែកចាយដំណឹងល្អប្រាប់ទៅពួកគាត់? គឺក្រុមគ្រួសាររបស់យើង។ ក្នុងនាមជាគ្រីស្ទាន កន្លែងដ៏សំខាន់បំផុតមួយដែលយើងអាចបម្រើព្រះយេស៊ូវបានគឺជាផ្ទះរបស់យើងនេះឯង។
តើខគម្ពីរយ៉ូហាន ១:៤០‑៤២ បង្រៀនយើងអ្វីខ្លះអំពីការចែកចាយសេចក្តីជំនឿរបស់យើងនៅឯផ្ទះ? សូមអានចោទិយកថា ៦:៦, ៧ និង នាងរស់ ១:១៤‑១៨ ដើម្បីឆ្លើយនឹងសំណួរនេះ។
តើអនទ្រេបានធ្វើអ្វីខ្លះ? គាត់មិនត្រឹមតែបានថ្លែងប្រាប់អំពីព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែគាត់បានជួយស៊ីម៉ូន ដែលជាបងប្រុស ឲ្យបានជួបព្រះយេស៊ូវផងដែរ។ ចាប់តាំងពីពេលនោះមក ពេត្រុស និងព្រះយេស៊ូវក៏មានមិត្តភាពផ្ទាល់ខ្លួននឹងគ្នា។ យើងអាចយកគំរូតាមអនទ្រេបានផងដែរ។ យើងអាចប្រាប់សមាជិកគ្រួសាររបស់យើងអំពីព្រះយេស៊ូវដែរ។ បន្ទាប់មកយើងអាចជួយពួកគាត់ឲ្យបានដឹងថាព្រះយេស៊ូវជាអ្នកណា។
សូមកុំភ្លេចពីកូនៗដែលនៅក្នុងគ្រួសាររបស់លោកអ្នក។ ពួកគេត្រូវការស្គាល់ព្រះយេស៊ូវដែរ។ ជាញឹកញាប់ណាស់ ដែលគ្រីស្ទានជាច្រើនខកខានក្នុងការចែកចាយដំណឹងល្អដល់កូនៗរបស់ខ្លួន។ ឪពុកម្តាយខ្លះគិតថា កូនៗនឹងចុះសម្រុងគ្នានឹងរឿងសាសនាពីព្រោះឪពុកម្តាយគឺជាអ្នកជឿព្រះយេស៊ូវស្រាប់ហើយ។ ប៉ុន្តែករណីខ្លះវាមិនដូចជាការរំពឹងទុករបស់យើងទេ។ ពិតមែនហើយ កូនៗ និងក្មេងៗរៀនអំពីព្រះយេស៊ូវតាមរយៈការប្រតិបត្តិរបស់គ្រីស្ទានដែលមានវ័យចាស់ជាងខ្លួន។ ប៉ុន្តែពួកគេក៏ត្រូវការយកចិត្តទុកដាក់មើលថែយ៉ាងដិតដល់ផងដែរ។ បទគម្ពីរចោទិយកថាជំពូក៦ បានចែងយ៉ាងច្បាស់ថា៖ យើងតោងតែជួយកូនៗរបស់យើងឲ្យរៀនអំពីព្រះយេស៊ូវ។ យើងគួរតែបង្កើតទម្លាប់ថ្វាយបង្គំព្រះជាលក្ខណៈគ្រួសារនៅតាមផ្ទះរបស់យើង។ ត្រូវចំណាយពេលខ្លះដើម្បីពន្យល់កូនៗរបស់យើងស្គាល់ព្រះឲ្យកាន់តែច្បាស់ឡើង។ ចូរខិតខំពន្យល់ពួកគេឲ្យដឹងថា ព្រះយេស៊ូវទ្រង់ស្រឡាញ់ពួកគេ និងសុគតជំនួសអំពើបាបរបស់ពួកគេ។
តើនាងន៉ាអូមីបានធ្វើអ្វីខ្លះដើម្បីជួយកូនប្រសាស្រីរបស់គាត់ឲ្យបានរៀនអំពីព្រះយេស៊ូវ? តើយើងអាចរៀនសូត្រអ្វីបានខ្លះពីនាងន៉ាអូមីដើម្បីជួយយើងធ្វើជាស្មរបន្ទាល់ដល់ក្រុមគ្រួសាររបស់យើង? សូមអាននាងរស់ ១:៨‑២២ ដើម្បីរកចម្លើយ។
នាងរស់បានយល់អំពីនាងន៉ាអូមីកាន់តែច្បាស់នៅគ្រាដ៏លំបាកបំផុតក្នុងជីវិតរបស់នាង។ នាងន៉ាអូមីបានបាត់បង់ប្តីនិងកូនៗទាំងពីររបស់នាង។ បន្ទាប់មក នាងបានព្យាយាមប្រាប់ឲ្យនាងរស់ចាកចេញពីនាង។ ក្រោយមក នាងន៉ាអូមីបានសារភាពប្រាប់ព្រះថា មូលហេតុដែលនាងខឹង និងឈឺចាប់ដោយសារតែនាងបានបាត់បង់អ្វីៗទាំងអស់ហើយ (នាងរស់ ១:១៥, ២០, ២១)។ ប៉ុន្តែតើនាងរស់មានប្រតិកម្មយ៉ាងដូចម្តេចដែរ? នាងបានបង្ហាញសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅទៅកាន់ម្តាយក្មេករបស់នាង។ នាងរស់ក៏បានបង្ហាញប្រាប់ថា នាងក៏ស្រឡាញ់ព្រះជាម្ចាស់ខ្លាំងណាស់ដែរ។ នាងន៉ាអូមីមិនពូកែបញ្ចុះ បញ្ចូលនាងរស់មែន ប៉ុន្តែគាត់បានជួយនាងរស់ឲ្យស្គាល់ព្រះ។ នាងរស់បានបង្ហាញប្រាប់យើងថា មនុស្សវ័យក្មេងក៏អាចថ្វាយខ្លួនទាំងស្រុងដល់ព្រះដ៏គ្រប់លក្ខណ៍បានដែរ បើទោះបីជាឪពុក ឬម្តាយមិនសូវចេះបង្រៀនឲ្យស្គាល់ព្រះជាម្ចាស់ឲ្យបានច្បាស់ក៏ដោយ។
ថ្ងៃអង្គារ ទី១៨ មិថុនា ឆ្នាំ២០១៩
សេចក្តីសុខសាន្តក្នុងគ្រួសារ
តើគម្ពីរសញ្ញាថ្មីបានផ្តល់ឱវាទអ្វីខ្លះដល់គ្រីស្ទានដែលរៀបការនឹងអ្នកដែលមិនជឿលើព្រះជាម្ចាស់? សូមអាន កូរិនថូសទី១ ៧:១២‑១៥ និងពេត្រុសទី២ ៣:១, ២ ដើម្បីរកចម្លើយ៖
ក្នុងកណ្ឌគម្ពីរកូរិនថូសទី១នេះ លោកប៉ុលបានឆ្លើយទៅនឹងសំណួរដែលគ្រីស្ទានជាច្រើនមានពាក់ព័ន្ធនឹងរឿងអាពាហ៍ពិពាហ៍។ ពួកអ្នកជឿជាច្រើនបារម្ភថា ព្រះទ្រង់ប្រហែលជាមិនសព្វព្រះទ័យនឹងពួកគេទេដោយសារតែពួកគេបានរៀបការនឹងមនុស្សដែលមិនជឿលើព្រះអង្គ។ ប៉ុន្តែ លោកប៉ុលមានប្រសាសន៍ថា ព្រះទ្រង់ពុំបានអន់អាក់ព្រះទ័យនឹងពួកគេដោយសារតែការរៀបការនឹងមនុស្សដែលមិនទាន់ជឿព្រះនោះឡើយ។ អាពាហ៍ពិពាហ៍គឺជាប្រធានបទបរិសុទ្ធខ្លាំងណាស់។ បើទោះបីជាមានតែប្តី ឬប្រពន្ធនៅជឿលើព្រះយេស៊ូវក៏អាពាហ៍ពិពាហ៍នៅតែបរិសុទ្ធដែរ។ ប្តីឬប្រពន្ធដែលជាអ្នកគ្រីស្ទានមានតួនាទីពន្យល់ណែនាំអំពីព្រះយេស៊ូវដល់ដៃគូរបស់ខ្លួន។ គាត់ ឬនាងគឺជាអ្នកនាំព្រះពររបស់ព្រះមកចែករំលែកដល់ប្តី ឬប្រពន្ធ និងកូនៗរបស់ពួកគេផងដែរ។
ភាគច្រើន ប្តី ឬប្រពន្ធដែលមិនជឿលើព្រះយេស៊ូវបានសម្រេចចិត្តលែងលះគ្នា។ ព្រះទ្រង់ តែងតែគោរពការសម្រេចចិត្តរបស់យើងជានិច្ច។ យើងមានសិទ្ធិសេរីភាពក្នុងការសម្រេចចិត្ត។ ព្រះអង្គបានបង្កើតយើងមក ហើយក៏បានប្រទានសិទ្ធិសេរីភាពដល់យើងដែរ។ នោះហើយបានជាលោកប៉ុលមានប្រសាសន៍ថា៖ «បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ត» (កូរិនថូសទី១ ៧:១៥, គខប)។
តើអ្វីទៅដែលជាវិធីដ៏ប្រសើរបំផុតក្នុងការជួយឲ្យស្វាមី ឬភរិយារបស់លោកអ្នកបានទទួលជឿលើព្រះយេស៊ូវ? ចូរបង្ហាញទៅគាត់ ឬនាងថា លោកអ្នកស្មោះត្រង់នឹងអាពាហ៍ពិពាហ៍ ហើយក៏ស្មោះត្រង់នឹងព្រះជាម្ចាស់ដែរ។ ចូរបម្រើដៃគូរបស់លោកអ្នកដោយក្តីស្រឡាញ់។ ប៉ុន្តែលោកអ្នកតោងតែយកព្រះយេស៊ូវធំជាងគេបង្អស់សិន (សូមអានអេភេសូរ ៥:២១)។ ក្នុងនាមជាគ្រីស្ទាន យើងតោងតែមានភក្តីភាពជាមួយនឹងព្រះមុនគេបង្អស់។ ព្រះទ្រង់ចង់ឲ្យយើងលើកតម្កើងអាពាហ៍ពិពាហ៍របស់យើង និងរស់នៅដោយសុខសាន្តជាមួយគ្នា បើទោះបីជាដៃគូរបស់យើងមិនទាន់ទទួលជឿលើព្រះយេស៊ូវក្តី។ ប៉ុន្តែ ព្រះទ្រង់ក៏ពុំសព្វព្រះទ័យឲ្យលោកអ្នកទ្រាំរស់នៅជាមួយនឹងប្តី ឬប្រពន្ធដែលវាយធ្វើបាប លោកអ្នកដោយសារតែជំនឿរបស់លោកអ្នកដែរ។
តើលោកអ្នកមានស្គាល់នរណាម្នាក់ក្នុងពួកជំនុំរបស់យើងដែលមានប្តីឬប្រពន្ធដែលមិនទាន់ជឿព្រះយេស៊ូវដែរឬទេ? តើគាត់ឬនាងកំពុងមានការលំបាកក្នុងអាពាហ៍ពិពាហ៍មែនទេ? តើលោកអ្នកអាចជួយអ្វីខ្លះ?
ថ្ងៃពុធ ទី១៩ មិថុនា ឆ្នាំ២០១៩
ជីវិតគ្រួសារគឺសំរាប់ធ្វើជាគំរូល្អ
សូមក្រឡេកមើលដំបូន្មានរបស់អ្នកនិពន្ធគម្ពីរសញ្ញាថ្មីដែលបានប្រាប់ដល់យើង៖ «ខ្ញុំទូន្មានដល់អ្នករាល់គ្នា ឲ្យយកដំរាប់តាមខ្ញុំចុះ» (កូរិនថូសទី១ ៤:១៦, ថែស្សាឡូនីចទី១ ១:៦)។ «ចូរត្រាប់តាមព្រះ» (អេភេសូរ ៥:១)។ «គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្ដីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ» (ហេព្រើរ ៦:១២)។ «ត្រូវតែត្រាប់តាមសេចក្ដីជំនឿរបស់ពួកអ្នកនាំមុខ» (ហេព្រើរ ១៣:៧)។ «ចូរត្រាប់តាមសេចក្តីល្អ» (យ៉ូហានទី៣ ខ១១)។ ខទាំងនេះបង្ហាញប្រាប់យើងថា ការត្រាប់តាម និងការធ្វើជាគំរូល្អមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។ តើការយកគំរូតាមគ្រីស្ទានដទៃៗទៀតរបស់យើងជួយយើងយ៉ាងដូចម្តេចខ្លះឲ្យក្លាយជាស្មរបន្ទាល់ដ៏ប្រសើរឡើងនោះ?
កូនៗតែងតែយកគំរូតាមឪពុកម្តាយ និងបងប្អូនរបស់ពួកគេ។ មនុស្សពេញវ័យដែលរៀបការហើយក៏យកគំរូពីគ្នាទៅវិញទៅមកដែរ។ ម៉្លោះហើយបានជារបៀបរបបរស់នៅរបស់ពួកយើងស្រដៀងៗគ្នា។ កាលណាមានភ្ញៀវមកលេងយើង ពួកគេក៏អាចយកគំរូតាមយើងដែរ។ ហើយពួកគេក៏មានឱកាសចែករំលែកបទពិសោធន៍ដល់យើងដែរ។ មានមនុស្សច្រើនណាស់ដែលមិនសូវបានឃើញគំរូល្អៗ អំពី អាពាហ៍ពិពាហ៍ ឬគ្រួសារឡើយ។ ហេតុនោះហើយបានជាពួកគេពុំមានគំរូល្អសំរាប់ធ្វើតាម។ យើងតោងតែបង្ហាញឲ្យឃើញនូវវិញ្ញាណរបស់ព្រះយេស៊ូវដែលធ្វើឲ្យផ្ទះរបស់យើងមានភាពខុសប្លែកពីគេ។ «យើងអាចផ្លាស់ប្តូរជីវិតរបស់មនុស្សដទៃទៀតដោយសាររបៀបដែលយើងរស់នៅ។ អំណាចនៃការផ្លាស់ប្តូរដល់ជីវិតអ្នកដទៃនេះអស្ចារ្យខ្លាំងណាស់។ យើងអាចប្រើអំណាចនេះដើម្បីជួយដល់មនុស្សដែលរស់នៅជុំវិញយើង» (ដកស្រង់ពី Ellen G. White, The Ministry of Healing, page 354, adapted)។
តើខគម្ពីរយេរេមា ១៧:៩, យ៉ូហាន ២:២៥, និងរ៉ូម ៣:២៣ ប្រាប់យើងអ្វីខ្លះ? តើយើងត្រូវប្រុងប្រយ័ត្នអ្វីខ្លះកាលណាយើងព្យាយាមធ្វើជាគំរូដល់អ្នកដទៃនោះ?
គ្រប់គ្នាសុទ្ធតែជាមនុស្សមានបាប។ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ថ្លោះធ្លោយ និងមានកំហុស។ ហេតុនោះ យើងគ្រប់គ្នាមិនអាចធ្វើជាគំរូដ៏គ្រប់លក្ខណ៍បានឡើយ។ យើងតោងតែនឹកចាំពីរឿងនេះ។ គម្ពីរសញ្ញាថ្មីបង្គាប់យើងឲ្យយកគំរូតាមពួកអ្នកជឿលើព្រះយេស៊ូវ។ ផែនការរបស់ព្រះគឺឲ្យមនុស្សទាំងឡាយមើលទៅព្រះអង្គដោយសេចក្តីជំនឿតាមរយៈសេចក្តីជំនឿដែលពួកគេឃើញក្នុងជីវិតពួកគ្រីស្ទាន។ ពួកយើងដែលជាគ្រីស្ទានគ្រាន់តែជាមនុស្ស ដែលចេះធ្វើខុស ក្នុងពេលដែលធ្វើបន្ទាល់ប្រាប់អ្នកដទៃដែរតែប៉ុណ្ណោះ។
តើលោកអ្នកអាចធ្វើឲ្យផ្ទះរបស់លោកអ្នកក្លាយជាគំរូល្អស្តីអំពីសេចក្តីស្រឡាញ់របស់ព្រះបានដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី២០ មិថុនា ឆ្នាំ២០១៩
មិត្តភាព
ព្រះគម្ពីរប្រាប់យើងថា យើងគួរតែមានចិត្តល្អចំពោះមនុស្សលោក ដើម្បីជួយពួកគេ និងស្វាគមន៍ពួកគេឲ្យមកផ្ទះរបស់យើង។ សូមអានសាច់រឿងមួយចំនួនខាងក្រោម។ តើរឿងទាំងនេះបង្ហាញប្រាប់យើងដូចម្តេចខ្លះអំពីក្បួនច្បាប់ដ៏សំខាន់មួយចំនួនក្នុងខគម្ពីរអេសាយ ៥៨:៦, ៧, ១០‑១២, និងរ៉ូម ១២:១៣, ពេត្រុសទី១ ៤:៩?
អ័ប្រាហាំ និងសារ៉ា (លោកុប្បត្តិ ១៨:១‑៨) --------------------
រេបិកា និងគ្រួសាររបស់នាង (លោកុប្បត្តិ ២៤:១៥‑២០, លោកុប្បត្តិ ៣១‑៣៣)-------------------------------------------------
សាខេ (លូកា ១៩:១‑៩)-------------------------------------------
មនុស្សគ្រប់គ្នាត្រូវការសម្រាក ម្ហូបអាហារ និងមិត្តភាព។ ពេលណាដែលយើងផ្តល់របស់ទាំងនេះដល់មនុស្សដទៃ មានន័យថាយើងបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដល់ពួកគេ។ ព្រះយេស៊ូវបង្រៀនថា ការផ្តល់អាហារដល់មនុស្សដែលស្រេកឃ្លានគឺសំខាន់ខ្លាំងណាស់។ ហើយការផ្តល់ទឹកដល់មនុស្សដែលកំពុងស្រេកក៏សំខាន់ដូចគ្នាដែរ។ កាលណាយើងធ្វើរឿងទាំងនេះដល់មនុស្សលោក មានន័យថា យើងបានថ្វាយរបស់ទាំងនោះដល់ព្រះយេស៊ូវហើយ (ម៉ាថាយ ២៥:៣៤‑៤០)។ យើងអាចប្រើផ្ទះរបស់យើងសម្រាប់បម្រើព្រះយេស៊ូវផងដែរ។ ហេតុអ្វីបានជាមិនអញ្ជើញអ្នកជិតខាងមកឲ្យបរិភោគជាមួយនឹងគ្រួសាររបស់លោកអ្នកមួយពេលទៅ? ឬមួយក៏អនុញ្ញាតឲ្យអ្នកដែលមានបញ្ហាខាងអាពាហ៍ពិពាហ៍បានស្នាក់អាស្រ័យនៅផ្ទះរបស់លោកអ្នកផងទៅ? ប្រហែលជាលោកអ្នកអាចអញ្ជើញនរណាម្នាក់ ឲ្យមកចូលរួមអធិដ្ឋាន ឬសិក្សាព្រះគម្ពីរជាមួយក៏បាន។ កាលណាសេចក្តីស្រឡាញ់របស់ព្រះបានប៉ះពាល់ដួងចិត្តរបស់យើង យើងនឹងចង់ចែកចាយសេចក្តីស្រឡាញ់របស់ព្រះអង្គដល់មនុស្សដទៃទៀតជាមិនខាន។
គ្រួសារខ្លះមានអារម្មណ៍ថា ពួកគេមិនអាចអញ្ជើញមនុស្សឲ្យមកលេងផ្ទះរបស់ខ្លួនបានឡើយ។ ពួកគេមានលេសសំរាប់ដោះសាជាច្រើន។ ពួកគេបារម្ភអំពីបញ្ហាដែលអាចនឹងកើតឡើងប្រសិនបើពួកគេអញ្ជើញអ្នកជិតខាងឲ្យមកលេងផ្ទះរបស់ពួកគេ។ ឬមួយក៏ពួកគេមានអារម្មណ៍ថា ពួកគេពុំមានពេល ឬអាហារគ្រប់គ្រាន់សំរាប់ទទួលភ្ញៀវទេ។ អ្នកខ្លះមានអារម្មណ៍ថាខ្មាសអៀន។ ពួកគេពុំដឹងថាត្រូវអញ្ជើញគេឲ្យមកលេងផ្ទះរបស់ខ្លួនដោយរបៀបណាទេ។ ពួកគេនិយាយថា ផ្ទះរបស់ខ្លួនវាតូចចង្អៀតពេក។ ប៉ុន្តែ យើងមិនគួរគិតថា ការបង្ហាញពីសេចក្តីស្រឡាញ់បែបគ្រីស្ទានដល់មនុស្សទាំងឡាយនៅក្នុងផ្ទះរបស់យើងពុំមែនជាការបង្អួតនោះឡើយ។ យើងពុំចាំបាច់ទាល់តែមានពិធីជប់លៀងធំដុំសំរាប់ភ្ញៀវឡើយ។ គ្រាន់តែអាហារសាមញ្ញធម្មតាមួយពេលវាល្មមគ្រប់គ្រាន់សម្រាប់បង្ហាញព្រះយេស៊ូវដល់គេបានហើយ។
តើផ្ទះរបស់លោកអ្នកបង្ហាញសេចក្តីស្រឡាញ់ដល់ព្រះយេស៊ូវដោយរបៀបយ៉ាងដូចម្តេចដែរ?
ថ្ងៃសុក្រ ទី២១ មិថុនា ឆ្នាំ២០១៩
សិក្សាបន្ថែម
Ellen G. White, “A Powerful Christian Witness,” pages 35-39; “Attitude Toward an Unbelieving Companion,” pages 348-352, in the Adventist Home; “Ministry of the Home,” pp. 349-355, in The Ministry of Healing; “The ambassadors From Babylon,”pages 340-348, in Prophets and Kings.
«ផ្ទះដែលស្មោះត្រង់ចំពោះព្រះយេស៊ូវអាចផ្លាស់ប្តូរចិត្តរបស់មនុស្ស និងអាចជាកន្លែងសម្រាប់រស់នៅដ៏ប្រសើរ។ អំណាចនេះគឺខ្លាំងក្លាជាងសេចក្តីអធិប្បាយព្រះគម្ពីរទៅទៀត...
«ជួនកាលហាក់ដូចជាយើងមិនអាចផ្លាស់ប្តូរជីវិតមនុស្សជាច្រើនឲ្យប្រសើរឡើងទេ។ យើង អាចគិតថា យើងមិនសូវមានជំនាញច្រើនទេ។ យើងក៏អាចជឿដែរថា យើងពុំសូវមានឱកាសច្រើនទេ។ ប៉ុន្តែ យើងអាចប្រើផ្ទះរបស់យើងយកមកផ្សារភ្ជាប់នឹងជីវិតមនុស្សដែលយើងអញ្ជើញបាន។ ហើយ ប្រសិនបើយើងធ្វើតាមនេះបាន ព្រះទ្រង់អាចនឹងធ្វើឲ្យមានរឿងដ៏ស្រស់បំព្រងជាច្រើនកើតឡើងក្នុងជីវិតរបស់មនុស្សដែលយើងស្វាគមន៍ចូលមកក្នុងគ្រួសាររបស់យើង»។ (ដកស្រង់ពី Ellen G. White, The Ministry of Healing, pages 352, 355, adapted)។
សំនួរពិភាក្សា៖
- តើមាននរណាម្នាក់ក្នុងថ្នាក់របស់លោកអ្នកបានក្លាយជាគ្រីស្ទានដោយសារតែការអញ្ជើញពីគ្រួសារ គ្រីស្ទាន និងបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដល់គាត់ឬនាងដែរឬទេ? តើសមាជិកថ្នាក់ របស់លោកអ្នកចង់ឲ្យផ្ទះគ្រីស្ទានមានលក្ខណៈយ៉ាងដូចម្តេចដែរ? តើផ្ទះបែបណាទៅដែលអាចជួយដឹកនាំភ្ញៀវឲ្យទទួលជឿលើព្រះយេស៊ូវបាន? តើថ្នាក់រៀនរបស់លោកអ្នករៀនបានបទពិសោធន៍អ្វីខ្លះ?
- តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយដល់គ្រួសារដែលមានឪពុក ឬម្តាយដែលមិនជឿលើព្រះយេស៊ូវ?
- ចូរពិភាក្សាអំពីឧបសគ្គទាំងឡាយដែលរំខានដល់សេចក្តីជំនឿរបស់លោកអ្នក។ សូមរៀបរាប់អំពីបញ្ហាទាំងនេះ។ បន្ទាប់មក សូមផ្តល់ដំណោះស្រាយទៅនឹងបញ្ហានីមួយៗ។
- នៅក្នុងផ្ទះរបស់យើង យើងជាអ្នកធ្វើគំរូល្អដល់កូនៗរបស់យើង និងដល់ស្វាមី ឬភរិយារបស់យើងដែលមិនជឿលើព្រះយេស៊ូវ និងដល់សមាជិកគ្រួសារ និងភ្ញៀវដទៃៗទៀត។ ការធ្វើបន្ទាល់ ឬធ្វើគំរូនៅក្នុងផ្ទះរបស់យើងគឺមិនងាយស្រួលឡើយ។ យើងទាំងអស់គ្នាមិនមែនជាមនុស្សគ្រប់លក្ខណ៍ទេ។ ប៉ុន្តែយើងខំបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះដ៏គ្រប់លក្ខណ៍។ វិធីម្យ៉ាងដែលយើងអាចធ្វើបាននោះគឺ អញ្ជើញមនុស្សឲ្យមកជួបព្រះយេស៊ូវនៅក្នុងផ្ទះរបស់លោកអ្នក។ តើអ្នកផងគេនឹងឃើញអ្វីខ្លះកាលណាពួកគាត់មកលេងផ្ទះរបស់លោកអ្នក? តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យផ្ទះរបស់លោកអ្នកក្លាយជាកន្លែងដ៏ប្រសើរសម្រាប់ភ្ញៀវទាំងឡាយ? តើលោកអ្នកអាចជួយពួកគេឲ្យឃើញព្រះយេស៊ូវបានដោយរបៀបណា?