ថ្ងៃសៅរ៍ ទី១៤ កញ្ញា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាថាយ ៦:២៥‑៣៣, យ៉ាកុប ១:៥‑៨, លេវីវិន័យ ២៥:៣៥‑៣៧, ម៉ាថាយ ៥:៩, អេសាយ ៥៨:១‑១០។
ខចងចាំ៖ «មានពន្លឺភ្លឺឡើង ក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ គេជាអ្នកមានចិត្តប្រកបដោយមេត្តាករុណា អាណិតអាសូរ ហើយសុចរិត អ្នកណាដែលមានចិត្តមេត្តាឲ្យគេខ្ចី នោះបានសប្បាយហើយអ្នកនោះនឹងរក្សាទុកនូវកិច្ចការខ្លួន តាមសេចក្ដីយុត្តិធម៌» (ទំនុកតម្កើង ១១២:៤, ៥)។
ព្រះគម្ពីរបង្ហាញប្រាប់យើង អំពីគំរូនៃសេចក្តីស្រឡាញ់របស់ព្រះច្រើនបែបច្រើនយ៉ាងចំពោះមនុស្សទ័លក្រ។ ព្រះអង្គបានយកព្រះទ័យទុកដាក់ដល់មនុស្សទាំងឡាយដែលត្រូវគេធ្វើបាបយ៉ាងអាក្រក់ពីសំណាក់ចៅហ្វាយនាយរបស់ពួកគេ។ ព្រះអង្គបានសូមឲ្យរាស្ត្ររបស់ព្រះអង្គជួយដល់មនុស្សដែលកំពុងរងទុក្ខវេទនាទាំងនេះ។ បទបញ្ជារបស់ព្រះចំពោះយើងឲ្យយកចិត្តទុកដាក់ចំពោះមនុស្សទ័លក្រ និងមនុស្សដែលកំពុងរងទុក្ខវេទនា នឹងមិនចប់ឡើយ រហូតដល់ព្រះយេស៊ូវយាងមកវិញ។ បន្ទាប់មកព្រះអង្គនឹងកែប្រែឲ្យថ្មីឡើងវិញ។
សេចក្តីអាក្រក់មានគ្រប់ទីកន្លែងរហូតដល់ទីបញ្ចប់។ សាតាំង និងពួកទេវតារបស់វាខិតខំយ៉ាងខ្លាំងធ្វើឲ្យសេចក្តីអាក្រក់កើតឡើង។ ពួកវាបណ្តាលឲ្យមនុស្សក្លាយជាក្រ។ ពួកវាបណ្តាលឲ្យចៅហ្វាយនាយធ្វើបាបដល់កូនចៅរបស់ខ្លួន។ អារក្សបណ្តាលឲ្យមានទាសភាព ភាពអាត្មានិយម និងភាពលោភលន់។ ដរាបណាយើងនៅរស់នៅឡើយ សហគមន៍របស់យើង ពួកជំនុំរបស់យើង និងគ្រួសាររបស់យើងត្រូវឈរយ៉ាងរឹងមាំប្រឆាំងនឹងសេចក្តីអាក្រក់ទាំងនេះ។ ការធ្វើបែបនេះពុំមែនជាការងាយស្រួលធ្វើឡើយ។ ប៉ុន្តែ យើងត្រូវតែធ្វើឲ្យខាងតែបាន។ យើងតោងតែបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សទាំងឡាយ។ យើង ត្រូវមានសេចក្តីក្លាហាននឹង «ប្រព្រឹត្តដោយសុចរិត ស្រឡាញ់សេចក្ដីសប្បុរស ហើយដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាប» (មីកា ៦:៨)។
ថ្ងៃអាទិត្យ ទី១៥ កញ្ញា ឆ្នាំ២០១៩
ក្បួនច្បាប់នៃនគររបស់ព្រះ
ព្រះគម្ពីរសញ្ញាថ្មី និងព្រះយេស៊ូវផ្ទាល់សុទ្ធតែបានបង្រៀនយើងអំពីក្បួនច្បាប់នៃនគរព្រះ។ រាស្ត្រនៃនគរព្រះតោងតែរស់នៅក្រោមក្បួនច្បាប់ផ្សេងពីច្បាប់របស់មនុស្សដទៃទៀតនៅលើផែនដីនេះ។
សូមអានម៉ាថាយ ៦:២៥‑៣៣។ តើព្រះយេស៊ូវបានសន្យានឹងយើងអ្វីខ្លះនៅក្នុងខទាំងនេះ? តើសេចក្តីសន្យានោះផ្លាស់ប្តូរអ្វីខ្លះដល់ជីវិតរបស់យើង?
ព្រះយេស៊ូវទ្រង់បានបង្រៀនថា «ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត» (ម៉ាថាយ ៦:២៥, គខប)។ ពិតមែនហើយ អាហារ និងសម្លៀកបំពាក់ សុទ្ធតែសំខាន់។ ប៉ុន្តែ យើងតោងតែយល់ថា ទាំងនេះពុំមែនជារបស់ដែលសំខាន់បំផុតក្នុងជីវិតឡើយ។ ចុះអ្វីទៅវិញ? គឺការជួយដល់មនុស្សដទៃ។ ព្រះគម្ពីរបានសូមឲ្យយើងយកចិត្តទុកដាក់ចំពោះមនុស្សដែលកំពុងត្រួវការជំនួយ។ កិច្ចការនេះគួរតែក្លាយជាកិច្ចដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ នោះយើងនឹងគិតអំពីខ្លួនឯងកាន់តែតិចទៅៗ ហើយគិតអំពីការជួយដល់អ្នកដទៃកាន់តែខ្លាំងឡើង។
របៀបគិតបែបនេះនឹងផ្លាស់ប្តូរអារម្មណ៍របស់យើង ដែលមានចំពោះអ្នកដឹកនាំរបស់យើង។ ព្រះគម្ពីរប្រាប់ឲ្យគ្រីស្ទានទាំងឡាយគោរព និងធ្វើតាមរដ្ឋាភិបាលរបស់ខ្លួន (សូមអានរ៉ូម ១៣:១‑៧)។ ប៉ុន្តែក្នុងករណីខ្លះ យើងក៏ត្រូវធ្វើតាមដូចលោកពេត្រុស និងមេដឹកនាំគ្រីស្ទានមួយចំនួនទៀតដែរដែលមាន ប្រសាសន៍ថា៖ យើង «ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស» (កិច្ចការ ៥:២៩)។ ព្រះយេស៊ូវមាន បន្ទូលថា យើងគួរតែលើកតម្កើងព្រះ និងគាំទ្ររដ្ឋាភិបាលរបស់យើង៖ «ចូរថ្វាយរបស់សេសារទៅសេសារ ទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ» (ម៉ាថាយ ២២:២១)។
មេដឹកនាំភាគច្រើនបានប្រើកម្លាំងដើម្បីគ្រប់គ្រង និងរក្សាអំណាច។ ប៉ុន្តែជួនកាលយើងក៏ត្រូវតែតតាំងនឹងអំពើអាក្រក់ដែលពួកគេធ្វើដែរ។ ឧទាហរណ៍ដូចជាករណីទាសភាពជាដើម។ អ្នកស្រីអែល្លិន ជី វ៉ៃត៍ ក៏បានកត់ត្រាអំពីទាសភាពនៅប្រទេសអាមេរិកដែរ។ «ជួនកាលច្បាប់នៃប្រទេសមួយអាចនឹងខុសគ្នាពីច្បាប់របស់ព្រះ។ កាលណារឿងនេះកើតឡើង យើងតោងតែគោរពតាមច្បាប់របស់ព្រះ បើទោះបីជាត្រូវគេដាក់ទោសក្តី។ ច្បាប់របស់ប្រទេសអាមេរិកបានចែងថា យើងត្រូវប្រគល់ទាសករដែលរត់ចេញទៅចៅហ្វាយរបស់គេវិញ។ យើងពុំចាំបាច់ត្រូវធ្វើតាមច្បាប់នេះទេ។ យើងសុខចិត្តទទួលទោសពីការរំលងច្បាប់នេះវិញ។ ទាសករនេះពុំមែនជាកម្មសិទ្ធិរបស់អ្នកណាមួយឡើយ។ មានតែព្រះទេទើបជាម្ចាស់ពិត ប្រាកដ។ ព្រះអង្គបានបង្កើតគាត់មក។ ហេតុនោះ គ្មាននរណាម្នាក់អាចនិយាយថា គាត់ជាកម្មសិទ្ធិរបស់ នរណាម្នាក់បានឡើយ»។ ដកស្រង់ពី Testimonies for the Church, volume 1, pages 201, 202។
យើងតោងតែគោរពតាមមេដឹកនាំរបស់យើង។ ដំណាលគ្នានេះដែរ យើងក៏ត្រូវតែជួយដល់មនុស្សដែលកំពុងត្រូវមេដឹកនាំរបស់យើងធ្វើបាបដែរ។ តើយើងធ្វើដូចម្តេចទើបដឹងថា ពេលណាទើបជាពេលដែលត្រឹមត្រូវត្រូវជួយដល់មនុស្សដែលកំពុងរងទុក្ខលំបាកដោយសាររដ្ឋាភិបាលរបស់យើង?
ថ្ងៃច័ន្ទ ទី១៦ កញ្ញា ឆ្នាំ២០១៩
នឿយណាយក្នុងការជួយ
គ្រីស្ទានជាច្រើនចង់តែជួយមនុស្សទាំងឡាយឲ្យបានកាន់តែច្រើនឡើងៗ។ ពួកគ្រីស្ទានទាំងនេះតែងតែចិញ្ចឹមចិត្តគិតចង់ឲ្យជីវិតរបស់មនុស្សទាំងឡាយមានភាពប្រសើរឡើង។ មានកត្តា៤យ៉ាង ដែលជួយជម្រុញទឹកចិត្តដល់ពួកគេ៖
១) សេចក្តីស្រឡាញ់។ រឿងដំបូងដែលយើងអាចធ្វើគឺត្រូវសម្តែងនូវសមានចិត្តអាណិត ស្រឡាញ់ដល់ពួកអ្នកដែលកំពុងរងទុក្ខវេទនាទាំងឡាយថា យើងយល់ពីការឈឺចាប់របស់ពួកគេហើយ។ សព្វថ្ងៃនេះ មនុស្សខ្លះបានត្អូញត្អែរអំពីការនឿយណាយក្នុងការជួយ។ ពាក្យពេចន៍ទាំងនេះមានន័យថា មនុស្សទាំងឡាយស្គាល់ហើយទុក្ខសោក និងរឿងអាក្រក់ទាំងឡាយដែលបានកើតឡើងក្នុងជីវិត។ ដូច្នេះ ហើយបានជាពួកគេមានអារម្មណ៍ថា នឿយណាយលែងចង់ជួយដល់មនុស្សដែលកំពុងត្រូវការជំនួយតទៅទៀត។ ព្រះយេស៊ូវទតឃើញសេចក្តីអាក្រក់ និងការឈឺចាប់ទាំងអស់ដែលនៅជុំវិញព្រះអង្គ។ ប៉ុន្តែ ព្រះអង្គនៅតែបន្តស្រឡាញ់ដល់ពួកគេ។ រីឯយើងក៏ត្រូវធ្វើដូចគ្នានេះដែរ។
២) ការអប់រំ។ វាជាការសំខាន់ណាស់សម្រាប់យើងក្នុងការរៀនសូត្រអំពីមនុស្សដែលយើងចង់ជួយពួកគេឲ្យបានច្បាស់តាមដែលយើងអាចធ្វើទៅបាន។ អ្នកខ្លះព្យាយាមបានជួយដល់មនុស្សដទៃទៀតហើយ។ ប៉ុន្តែពួកគេពុំបានចំណាយពេលរៀនអំពីសេចក្តីត្រូវការពិតប្រាកដរបស់មនុស្សដែលពួកគេបានជួយនោះឡើយ។ ម៉្លោះហើយ ពួកគ្រីស្ទានបានបង្កបញ្ហាច្រើនឡើងថែមទៀត។ យើងគួរតែរៀនអំពី មនុស្សដែលយើងចង់ជួយឲ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមុនសិន។ យើងគួរតែរៀនអំពីជីវិតរបស់ពួកគេ និងសេចក្តីត្រូវការរបស់ពួកគេ។ ដូច្នេះ ទើបយើងអាចជួយពួកគេបានកាន់តែប្រសើរឡើង។
៣) សេចក្តីអធិដ្ឋាន។ កាលណាយើងជួបបញ្ហាអ្វីមួយ រឿងដំបូងដែលយើងធ្វើគឺដោះស្រាយវា។ ប៉ុន្តែ ព្រះគម្ពីរប្រាប់យើងថា យើងគួរចាប់ផ្តើមដោយអធិដ្ឋានជាមុនសិន។ សេចក្តីអធិដ្ឋានរបស់យើងអាចផ្លាស់ប្តូរជីវិតរបស់មនុស្សទ័លក្រ និងមនុស្សដែលកំពុងរងទុក្ខវេទនាទាំងនោះបាន។ យើងក៏អាចអធិដ្ឋានឲ្យមេដឹកនាំដែលមានអំណាចលើអ្នកក្រ និងអ្នកវេទនាទាំងនោះដែរ (សូមអានធីម៉ូថេទី១ ២:១, ២)។ យើងត្រូវតែទូលសូមទៅព្រះដើម្បីបង្ហាញប្រាប់យើងអំពីវិធីដ៏ប្រសើរបំផុតដើម្បីឲ្យយើងអាចជួយដល់ពួកមេដឹកនាំទាំងនេះបាន (សូមអានសុភាសិត ២:៧, ៨)។
៤) ជម្រើស។ យើងតោងតែមានការអត់ធ្មត់ពេលដែលយើងជួយដល់អ្នកដទៃ។ យើងសង្ឃឹម ថា អ្វីៗដែលយើងធ្វើសម្រាប់ពួកគេនឹងជួយពួកគេឲ្យមានជម្រើសត្រឹមត្រូវ។ ប៉ុន្តែរឿងនោះមិនមែនកើតឡើងតាមការរំពឹងទុករហូតទេ។ ជួនកាលមនុស្សដែលយើងជួយបែរទៅសម្រេចចិត្តខុសវិញក៏ថាបាន។ យើងត្រូវគោរពការសម្រេចចិត្តរបស់ពួកគេ។ ព្រះយេស៊ូវមានបន្ទូលថា «អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ» (ម៉ាថាយ ៧:១២)។ យើងតោងតែអនុញ្ញាតឲ្យក្បួនច្បាប់នេះដឹកនាំអ្វីៗក៏ដោយដែលយើងធ្វើក្នុងការជួយដល់មនុស្សដទៃទៀត។
សូមអានយ៉ាកុប ១:៥‑៨។ ខទាំងនេះនិយាយអំពីសេចក្តីអធិដ្ឋាន។ តើសេចក្តីអធិដ្ឋានមានសារៈសំខាន់ដូចម្តេចខ្លះពាក់ព័ន្ធនឹងទង្វើគ្រប់យ៉ាងរបស់យើងក្នុងនាមជាអ្នកគ្រីស្ទាន? តើខគម្ពីរយ៉ាកុប ២:១៥, ១៦ និយាយអំពីអ្វីខ្លះ ដែលយើងអាចធ្វើដើម្បីឲ្យព្រះឆ្លើយតបតាមសេចក្តីអធិដ្ឋានរបស់អ្នកដទៃផ្សេងទៀត?
ថ្ងៃអង្គារ ទី១៧ កញ្ញា ឆ្នាំ២០១៩
ទឹកចិត្តសប្បុរស
«ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ» (កូរិនថូសទី២ ៩:៧)។ ទឹកចិត្តសប្បុរសគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតជាគ្រីស្ទានទាំងឡាយ។ ទឹកចិត្តសប្បុរសគឺសំខាន់ជាងអំណោយជាលុយកាក់ទៅទៀត។ យើងក៏អាចមានអ្វីផ្សេងទៀតដែលយើងអាចថ្វាយទៅព្រះផងដែរ។ ព្រះគម្ពីរបានចែងថា «អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនឲ្យគេខ្ចី ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ» (ទំនុកតម្កើង ១១២:៥, គខប)។
តើខគម្ពីរខាងក្រោមនេះប្រាប់យើងអ្វីខ្លះអំពីមូលហេតុដែលយើងគួរតែឲ្យទៅមនុស្សដែលកំពុងត្រួវការជំនួយ?
លេវីវិន័យ ២៥:៣៥‑៣៧---------------------------------
ទំនុកតម្កើង ១១៩:៣៦ ---------------------------------
កូរិនថូសទី២ ៨:១២‑១៥---------------------------------
យ៉ូហានទី១ ៣:១៦‑១៨-----------------------------------
ធីម៉ូថេទី១ ៦:១៧‑១៨-----------------------------------
លោកប៉ុលមានប្រសាសន៍ជាញឹកញាប់អំពីព្រះទ្រង់ ដែលសព្វព្រះទ័យប្រោសប្រទានដល់ មនុស្សលោកយ៉ាងច្រើនក្រៃលែង។ ព្រះអង្គបានប្រទានព្រះបុត្រារបស់ព្រះអង្គឲ្យមកសុគតសម្រាប់អំពើបាបរបស់យើង។ អំណោយទាននេះនាំមកនូវក្តីសង្ឃឹមដល់យើងក្នុងនាមជាគ្រីស្ទាន។ សេចក្តីជំនឿរបស់យើងលើសេចក្តីសុគតរបស់ព្រះយេស៊ូវគឺជាហេតុផលដែលយើងត្រូវចែករំលែកឲ្យដល់មនុស្សដទៃទៀត៖ «ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ» (ភីលីព ១:៦)។
មានកិច្ចការច្រើនណាស់ក្នុងជីវិតរបស់យើងដែលនាំយើងឲ្យធ្វើអ្វីៗសម្រាប់តែខ្លួនឯង។ មនុស្សភាគច្រើនសព្វថ្ងៃនេះរស់នៅសម្រាប់តែ «ខ្លួនឯង ខ្លួនឯង ខ្លួនឯង»។ ប៉ុន្តែ សេចក្តីជំនឿរបស់យើងនឹងបណ្តាលឲ្យយើងរស់នៅសម្រាប់មនុស្សដទៃទៀតកាន់តែច្រើនឡើង។ សេចក្តីជំនឿរបស់យើងជួយយើងឲ្យមើលទៅមនុស្សលោក ដូចជាព្រះទ្រង់ទតមើលទៅពួកគេដែរ។ ព្រះទ្រង់ទតឃើញទាំងអំពើល្អ និងអំពើអាក្រក់របស់ពួកគេ។ ប៉ុន្តែព្រះអង្គនៅតែស្រឡាញ់ពួកគេ។ សេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នកដទៃបណ្តាលឲ្យយើងចង់ជួយពួកគេ បើទោះបីការជួយនោះលំបាកយ៉ាងណាក្តី។
ការជួយផ្តល់ប្រាក់ដល់មនុស្សទ័លក្ររបស់យើងគឺជាការល្អហើយ។ ប៉ុន្តែការជួយជាលុយកាក់នេះពុំមែនមានន័យថា យើងមិនអាត្មានិយមជានិច្ចនោះទេ (ម៉ាកុស ១២:៤១‑៤៤)។ ទឹកចិត្តសប្បុរសពិតប្រាកដគឺលើសពីលុយកាក់ដែលយើងមាននោះទៅទៀត។ គឺវាត្រូវកើតចេញពីចិត្តរបស់យើង។ ទឹកចិត្តសប្បុរសជួយឲ្យមានការផ្លាស់ប្តូរជីវិតរបស់យើងពីខាងក្នុង។ មនុស្សភាគច្រើនពុំមែនកើតមកមានចិត្តសទ្ធាពីកំណើតទេ។ យើងត្រូវការសេចក្តីស្រឡាញ់របស់ព្រះមកផ្លាស់ប្តូរចិត្តរបស់យើងជាមុន។
ថ្ងៃពុធ ទី១៨ កញ្ញា ឆ្នាំ២០១៩
អ្នកផ្សះផ្សាគេ
សូមអានខគម្ពីរម៉ាថាយ ៥:៩។ តើព្រះយេស៊ូវមានបន្ទូលប្រាប់ឲ្យយើងធ្វើអ្វីខ្លះនៅក្នុងខនេះ? សព្វថ្ងៃនេះ តើយើងអាចរស់នៅតាមសេចក្តីពិតនេះបានយ៉ាងដូចម្តេចដែរ?
សង្គ្រាម និងជម្លោះទាស់ទែងគ្នានាំមកនូវទុក្ខវេទនាច្រើនណាស់។ សង្គ្រាមបានបំផ្លិចបំផ្លាញជីវិតមនុស្សជាច្រើន។ សង្គ្រាមក៏បានបណ្តាលឲ្យខាតបង់លុយកាក់ជាច្រើនដែរ។ ប្រសិនបើយើងយកលុយកាក់ទាំងនោះទៅជួយដល់មនុស្សដែលកំពុងខ្វះខាតវិញយ៉ាងដូចម្តេចដែរ! ប៉ុន្តែ មេដឹកនាំរបស់យើងបានចំណាយវាទៅលើសព្វាវុធទៅវិញ។ សង្គ្រាមទាំងនេះកើតឡើងរវាងប្រទេសមួយនិងប្រទេសមួយ ឬក៏ជាសង្គ្រាមផ្ទៃក្នុង។ ប៉ុន្តែ ក៏មាន «សង្គ្រាមជាច្រើន» ដែលកំពុងកើតឡើងនៅក្នុងគ្រួសារ និងសហគមន៍ទាំងឡាយផងដែរ។ ហេតុនោះហើយបានជាយើងដែលជាគ្រីស្ទាន មិនត្រូវធ្វើត្រឹមតែត្រឹមត្រូវនោះឡើយ។ យើងត្រូវតែនឹកចាំពីកិច្ចការផ្សះផ្សាឲ្យមានសេចក្តីសុខសន្តិភាពផងដែរ។
ដំណឹងល្អអំពីព្រះយេស៊ូវគឺជាសារស្តីអំពីសន្តិភាព។ ដំណឹងល្អគឺជាសកម្មភាពរបស់ព្រះយេស៊ូវនាំឲ្យព្រះ និងមនុស្សលោកបានជាមេត្រីនឹងគ្នាឡើងវិញ (កូរិនថូសទី២ ៥:១៨‑២១។ ព្រះយេស៊ូវធ្វើឲ្យមនុស្សលោកបានត្រូវរ៉ូវគ្នានឹងព្រះឡើងវិញ។ យើងក៏អាចធ្វើការជាមួយនឹងព្រះយេស៊ូវដើម្បីជួយមនុស្សដទៃទៀតរួមគ្នាមកតែមួយនឹងព្រះដែរ។
តើយើងរស់នៅតាមសេចក្តីពិតក្នុងខគម្ពីរអេសាយ ៥២:៧ ដោយរបៀបណា?
ពិតមែនហើយ ដំណឹងល្អផ្តល់ឲ្យយើងនូវសេចក្តីសុខសាន្ត។ សេចក្តីសុខសាន្តនោះបណ្តាលឲ្យយើងចង់នាំយកសុខសន្តិភាពឲ្យដល់ផែនដីនេះ។ «ចិត្តដែលមានសេចក្តីសុខសាន្តជាមួយព្រះគឺដោយសារតែសេចក្តីសុខសាន្តមកពីឋានសួគ៌។ មនុស្សណាដែលមានសេចក្តីសុខសាន្តជាមួយព្រះរមែងចង់ចែករំលែកព្រះពរនេះដល់មនុស្សគ្រប់ទីកន្លែង។ នោះវិញ្ញាណនៃសេចក្តីសុខសាន្តក៏នឹងសណ្ឋិតនៅក្នុងដួងចិត្តទាំងឡាយដែលកំពុងហត់នឿយដោយសារតែបញ្ហាទាំងអស់ដែលកំពុងកើតឡើងក្នុងជីវិតនេះ»។ ដកស្រង់ពី Ellen G. White, Thoughts From the Mount of Blessings, page 28, adapted ។
ព្រះយេស៊ូវមានបន្ទូលនៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំថា «អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ» (ម៉ាថាយ ៥:៩)។ តើបន្ទូលរបស់ព្រះយេស៊ូវអំពីសេចក្តីសុខសាន្តមានអត្ថន័យពិតប្រាកដយ៉ាងដូចម្តេចដែរ? ដើម្បីបានចម្លើយ សូមយើងចាប់ផ្តើមក្រឡេកមើលខគម្ពីរម៉ាថាយ ៥:២១‑២៦។ ព្រះយេស៊ូវបានបញ្ជាយើងកុំឲ្យសម្លាប់មនុស្ស។ ព្រះអង្គក៏មានបន្ទូលថាយើងពុំគួរខឹងដែរ។ យើងគួរតែចេះអភ័យទោស។ យើងក៏ត្រូវតែស្រឡាញ់ខ្មាំងសត្រូវរបស់យើងដែរ។ យើងគួរតែអធិដ្ឋានសម្រាប់មនុស្សទាំងឡាយដែលធ្វើបាបយើង (សូមអានម៉ាថាយ ៥:៤៣‑៤៨)។ យើងគួរតែធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចដើម្បីជួយដល់ពួកគេ។ នោះហើយជាអត្ថន័យនៃការផ្សះផ្សាគ្នាជាមួយនឹងអ្នកដទៃទៀត។
តើពួកជំនុំមូលដ្ឋានរបស់លោកអ្នកអាចធ្វើអ្វីបានខ្លះដើម្បីនាំមកនូវសេចក្តីសុខសាន្តក្នុង សហគមន៍របស់លោកអ្នក?
ថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ឆ្នាំ២០១៩
អវយវៈ (ដៃជើង) របស់ព្រះយេស៊ូវ
ហ្លួងសាឡូម៉ូនបានកត់ត្រាថា «មានពេលដែលគួរនៅស្ងៀម ហើយពេលសម្រាប់និយាយ» (សាស្តា ៣:៧)។ បន្ទូលរបស់ស្តេចសាឡូម៉ូនពិតជាត្រឹមត្រូវណាស់។ សម្រាប់យើងវិញ ពិបាកនឹងដឹងថាពេលណាជាពេលដែលត្រឹមត្រូវត្រូវធ្វើអ្វីដែលត្រូវណាស់។ តើវាអាចទេ ជួនកាលក្នុងនាមយើងជាពួកជំនុំ ដល់ពេលត្រូវជួយដល់មនុស្សដែលកំពុងត្រូវការជំនួយ យើងបែរជាពុំបានជួយទៅវិញនោះ?
មានគ្រីស្ទានជាច្រើនបានលើកឡើងអំពីអវយវៈ ឬដៃជើងរបស់ព្រះយេស៊ូវ។ រឿងនោះមានន័យថា យើងតោងតែស្តាប់តាមបទបញ្ជារបស់ព្រះយេស៊ូវដែលបង្គាប់ឲ្យជួយដល់មនុស្សទាំងឡាយ។ ប៉ុន្តែ ព្រះទ្រង់បានសូមឲ្យយើងការពារមនុស្សទាំងឡាយ។ យើងត្រូវតែពុះពារដើម្បីមនុស្សដែលព្រះទ្រង់ចង់ជួយការពារ (ទំនុកតម្កើង ១៤៦:៦‑១០)។
សូមអានខគម្ពីរអេសាយ ៥៨:១‑១០។ តើមានសារអ្វីនៅក្នុងខទាំងនេះ? តើសារនេះនិយាយអ្វីខ្លះប្រាប់យើងសព្វថ្ងៃនេះ? តើមានអ្វីខ្លះប្រែប្រួលខុសគ្នារវាងពេលដែលលោកអេសាយបានសរសេរសារនេះ និងពេលសព្វថ្ងៃនេះ?
លោកអេសាយគឺជាហោរាម្នាក់។ ហោរាគឺជាអ្នកនាំសារពិសេសរបស់ព្រះ។ ជាញឹកញាប់ ព្រះទ្រង់បានចាត់ហោរារបស់ព្រះអង្គឲ្យទៅដាស់តឿនប្រាប់រាស្ត្ររបស់ព្រះអង្គឲ្យកែប្រែជីវិតឲ្យបានត្រឹមត្រូវឡើងវិញ។ មនុស្សជាច្រើននាក់ពុំចង់ឮសារទាំងនេះទេ។ ប៉ុន្តែពួកហោរាយល់ថា ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គរស់នៅដោយយុត្តិធម៌។ ហេតុនោះហើយបានជាពួកហោរាជួយដល់មនុស្សទ័លក្រ។ ពួកគេបានព្យាយាមជួយជីវិតរបស់មនុស្សទ័លក្រទាំងនោះឲ្យប្រសើរឡើង។ កិច្ចការរបស់ពួកហោរាក្នុងការជួយដល់មនុស្សទាំងឡាយអាចធ្វើឲ្យពួកលោកប្រឈមនឹងគ្រោះថ្នាក់ជាញឹកញាប់ដែរ (ពេត្រុសទី១ ៣:១៧)។ ពួកមេដឹកនាំមិនសប្បាយចិត្តនឹងពួកហោរាឡើយ។ ពួកមេដឹកនាំដ៏មានអំណាចទាំងនេះពុំចង់ផ្លាស់ប្តូរទេ។
ក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ យើងមានមេរៀនល្អៗជាច្រើនសម្រាប់ផ្តល់ជូនដល់មនុស្សទាំងឡាយ។ ព្រះទ្រង់បានប្រទានពរជាច្រើនដល់យើង។ ព្រះអង្គបានប្រទានដំណឹងល្អដល់យើង។ ព្រះអង្គបានសូមឲ្យយើងបង្ហាញព្រះយេស៊ូវទៅដល់ជីវិតទាំងឡាយ។ អំណោយទានរបស់ព្រះចំពោះយើងអាចជួយដោះស្រាយបញ្ហាខ្លះនៅលើផែនដីនេះ។ បញ្ហាមួយក្នុងចំណោមបញ្ហាទាំងឡាយនោះគឺការជួយដល់អ្នកក្រ។
«ក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ យើងជឿថា ព្រះទ្រង់បានសូមឲ្យយើងជួយដល់ មនុស្សទ័លក្រ។ ការជួយដល់អ្នកក្ររបស់យើងគឺជាផ្នែកដ៏សំខាន់នៃកិច្ចការរបស់យើងក្នុងនាមជាគ្រីស្ទាន។ ព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ថា ព្រះទ្រង់យកព្រះទ័យទុកដាក់នឹងអ្នកក្រខ្លាំងណាស់។ ព្រះអង្គរំពឹងចង់ឲ្យពួកអ្នកដើរតាមព្រះអង្គយកចិត្តទុកដាក់នឹងមនុស្សដែលកំពុងត្រូវការជំនួយដែរ។ មនុស្សទាំងអស់សុទ្ធតែមានភាពដូចជាព្រះអង្គ។ ព្រះអង្គបានប្រទានពររបស់ព្រះអង្គដល់មនុស្សគ្រប់គ្នា (លូកា ៦:២០)។ យើងដើរតាមគំរូ និងសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ ពេលដែលយើងជួយដល់អ្នកក្រ (ម៉ាថាយ ២៥: ៣៥, ៣៦)។ អ្នកសេវេនដេយ៍អាត់វេនទីស្ទ ត្រូវ «បើកមាត់និយាយជំនួសមនុស្សគ (យើងត្រូវការពារ ពួកគេនៅចំពោះមុខច្បាប់» (សុភាសិត ៣១:៨)។ ដកស្រង់ពី Seventh-day Adventist Official Statement on Global Poverty, June 24, 2010 ។
ថ្ងៃសុក្រ ទី២០ កញ្ញា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “A Higher Experience,“ pages 503-516, in The Ministry of Healing; “Duty to the Unfortunate” and “Man’s Duty to His Fellow Men,” pages 511- 526, in Testimonies for the Church, volume 3; “Doing for Christ,”pages 24-37, in Testimonies for the Church, volume 2.
«យើងតោងតែសម្តែងសេចក្តីមេត្តាដល់មនុស្សដែលត្រូវការជំនួយពីយើង។ កិច្ចការនៃសេចក្តីមេត្តាទាំងនេះបង្ហាញឲ្យឃើញនូវសេចក្តីពិតដ៏មានអានុភាព។ នោះគឺជាសេចក្តីពិតស្តីអំពីព្រះយេស៊ូវនោះ ឯង។ ពុំមានសេចក្តីពិតឯណាទៀតដែលត្រូវបានបង្ហាញនៅស្ថានសួគ៌ និងផែនដីដែលមានអានុភាពជាង នេះឡើយ។ វាគឺជាផ្នែកមួយនៃក្បួនច្បាប់មាស។ ព្រះទ្រង់បានសូមឲ្យយើងប្រព្រឹត្តចំពោះមនុស្សដទៃទៀតនូវអ្វីដែលយើងចង់ឲ្យពួកគេប្រព្រឹត្តចំពោះយើងដែរ។ គ្រីស្ទានជាច្រើនតោងតែបង្ហាញសេចក្តីពិតនេះក្នុងជីវិតរបស់ខ្លួន។ កាលណាពួកគេធ្វើការនេះ ព្រះទ្រង់នឹងប្រទានអំណាចដល់ពួកជំនុំឲ្យអាចនឹងអធិប្បាយដំណឹងល្អបាន។ អំណាចនោះគឺដូចគ្នានឹងអំណាចដែលព្រះអង្គបានប្រទានដល់ពួកជំនុំក្នុងជំនាន់គម្ពីរសញ្ញាថ្មីដែរ»។ ដកស្រង់ពី Thoughts From the Mount of Blessings, page 137, adapted ។
«យើងតោងតែស្រឡាញ់ព្រះឲ្យលើសពីអ្វីៗទាំងអស់ដែលយើងស្រឡាញ់។ យើងក៏ត្រូវតែ ស្រឡាញ់ដល់គ្នាទៅវិញទៅមកដោយស្មោះអស់ពីចិត្តដែរ។ សេចក្តីស្រឡាញ់នេះគឺមកពីព្រះវរបិតាសួគ៌។ វាគឺជាអំណោយទានដ៏វិេសសបំផុតដែលព្រះអង្គអាចប្រទានដល់យើង។ សេចក្តីស្រឡាញ់នេះគឺធំធេងជាងអារម្មណ៍ទៅទៀត។ វាគឺជាអំណាចរបស់ព្រះផ្ទាល់តែម្តង។ វាគឺជាច្បាប់របស់ព្រះអង្គ។ ចិត្តដែលមិនទាន់ត្រូវបានសង្គ្រោះមិនអាចមានសេចក្តីស្រឡាញ់បែបនេះបានឡើយ។ សេចក្តីស្រឡាញ់នេះបានមកតែពីដួងចិត្តរបស់ព្រះយេស៊ូវប៉ុណ្ណោះ... យើងតោងតែទទួលយកសេចក្តីស្រឡាញ់នេះយកមកដាក់ក្នុងជម្រៅដួងចិត្តរបស់យើង។ នោះទើបជីវិតរបស់យើងមានរសផ្អែមត្រជាក់។ យើងនឹងមានអំណាចក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកដទៃទៀតដែលនៅជុំវិញយើង»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 551 ។
សំនួរពិភាក្សា៖
- តាមការរៀនសូត្រក្នុងសប្តាហ៍នេះ យើងឃើញថា ដំណឹងល្អអំពីព្រះយេស៊ូវនៅតែបន្តធ្វើជាគំរូមួយសម្រាប់ពួកគ្រីស្ទានទាំងឡាយ។ ដំណឹងល្អនេះបង្រៀនយើងអំពីរបៀបរស់នៅ និងជួយអ្នកដទៃទៀត។ តើដំណឹងល្អបានជួយឲ្យលោកអ្នកយល់ដឹងយ៉ាងច្បាស់ដោយរបៀបដូចម្តេចអំពីការដែលព្រះទ្រង់សម្តែងសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងនោះ? តើដំណឹងល្អបានជួយលោកអ្នកឲ្យមានការដឹងគុណចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះទ្រង់បានធ្វើសម្រាប់យើងដោយរបៀបណា?
- ជួនកាលពេលដែលយើងធ្វើការផ្សះផ្សា និងជួយដល់មនុស្សទ័លក្រ ទាមទារឲ្យយើងពុះពារនឹងឧបសគ្គទាំងឡាយដើម្បីនាំមកនូវយុត្តិធម៌ឡើងវិញ។ តើពេលណាដែលយើងមិនត្រូវធ្វើវាជាសាធារណៈ? តើពេលណាដែលយើងត្រូវធ្វើវាជាសាធារណៈ? តើមានអ្វីខុសគ្នាខ្លះដែរ?