មេរៀនទី១២​៖ ១៤-២០ ធ្នូ ២០១៩

គួរធ្វើអ្វីខ្លះពេលដែលជួបការសម្រេចចិត្តមិនល្អ

Jeans
ថ្ងៃសៅរ៍ ទី១៤ ធ្នូ ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ នេហេមា ១៣:២៣‑២៥, នេហេមា ១៣:២៦, ២៧, អែសរ៉ា ១០, ម៉ាថាយ ២៨:១៨‑២០។

ខចងចាំ៖ «‌ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​មាន​សេចក្ដី​ខ្មាស ហើយ​ក៏​ក្រហម​មុខ និង​ងើប​មើល​ទៅ​ទ្រង់ ជា​ព្រះ​នៃ​ទូល‌បង្គំ​ផង ពី​ព្រោះ​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ចម្រើន​ជា​ច្រើន​ឡើង​ដល់​លិច​ក្បាល​យើង​ខ្ញុំ ហើយ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង ដល់​ផ្ទៃ​មេឃ​ដែរ» (អែសរ៉ា ៩:៦)។

លោកអែសរ៉ា និងលោកនេហេមា បានក្លាយជាមេដឹកនាំនៅក្នុងសហគមន៍ដែលមានមនុស្សជាច្រើនរៀបការជាមួយនឹងមនុស្សចម្រុះជាតិសាសន៍។ មិនយូរប៉ុន្មាន ការប្រព្រឹត្តនេះក៏បានក្លាយជា​ទម្លាប់​ធម្មតាក្នុងចំណោមសាសន៍យូដា។ លោកអែសរ៉ា និងលោកនេហេមាមិនសប្បាយចិត្តនឹងការប្រព្រឹត្តនេះ​ឡើយ។ ពួកលោកចង់ដឹកនាំសាសន៍យូដាឲ្យត្រឡប់មកព្រះជាម្ចាស់ឡើងវិញ។ លោកអែសរ៉ា និងលោកនេហេមាដឹងអំពីលទ្ធផលដែលនឹងកើតឡើងកាលណាសាសន៍យូដារៀបការនឹងសាសន៍ដទៃដែលថ្វាយ​បង្គំព្រះក្លែងក្លាយ។ ព្រះក្លែងក្លាយទាំងនេះអាចដឹកនាំរាស្ត្ររបស់ព្រះឲ្យបែរចេញពីព្រះអង្គបាន។ ចូរក្រឡេកមើលប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលចុះ។ បន្ទាប់មកលោកអ្នកនឹងឃើញថា លោកអែសរ៉ា និងលោកនេហេមា​ត្រឹមត្រូវ។ រឿងអាក្រក់ៗបានកើតឡើងក្នុងអតីតកាលពេលដែលពួកអ៊ីស្រាអែលបានរៀបការនឹងមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយ។ បន្ទាប់មក ពួករាស្ត្ររបស់ព្រះបានចាប់ផ្តើមជឿតាមសាសនាកាណានដែលប្តី និងប្រពន្ធរបស់ពួកគេកំពុងជឿនោះ។ មិនយូរប៉ុន្មាន រាស្ត្ររបស់ព្រះក៏ចាប់ផ្តើមថ្វាយបង្គំព្រះបាល និងព្រះអាសេរ៉ានៅលើទីទួលខ្ពស់ក្នុងអ៊ីស្រាអែល។ ប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេ។ ការថ្វាយបង្គំព្រះក្លែងក្លាយ​បានធ្វើឲ្យគ្រួសារសាសន៍យូដា និងកូនចៅរបស់ពួកគេទទួលការឈឺចាប់ផងដែរ។ ហោរាបាឡាមបាន ប្រាប់ពួកសាសន៍ម៉ូអាប់ឲ្យបញ្ជូនស្រីៗរបស់ពួកគេដល់ពួកបុរសៗអ៊ីស្រាអែលដើម្បីដឹកនាំពួកគេចេញពីព្រះ។ ផែនការនេះក៏បានទទួលជោគជ័យ។

តើលោកអែសរ៉ា និងលោកនេហេមានឹងធ្វើអ្វីខ្លះចំពោះបញ្ហាអាពាហ៍ពិពាហ៍នេះ? តើពួកលោក​នៅសម្ងំស្ងៀមមែនទេ? ឬមួយក៏ពួកលោកត្រូវក្រោកឈរឡើងការពារសេចក្តីពិតរបស់ព្រះ? សប្តាហ៍នេះយើងនឹងក្រឡេកមើលបុរសទាំងពីរដោះស្រាយបញ្ហានេះ។

ថ្ងៃអាទិត្យ ទី១៥ ធ្នូ ឆ្នាំ២០១៩

តើលោកនេហេមាបានធ្វើអ្វីខ្លះ?

សូមអានខគម្ពីរនេហេមា ១៣:២៣‑២៥។ តើមានអ្វីកើតឡើងនៅក្នុងខទាំងនេះ? តើលោក​នេហេមាបានធ្វើអ្វីខ្លះ? តើលោកអ្នកពន្យល់អំពីប្រតិកម្មរបស់លោកយ៉ាងដូចម្តេចដែរ?

នៅក្នុងរឿងនេះ យើងបានអានអំពីក្មេងៗមួយក្រុម។ ក្មេងៗទាំងនេះមានឪពុកជាសាសន៍យូដា។ ឪពុករបស់ពួកគេនិយាយភាសាអារ៉ាម។ អារ៉ាមគឺជាភាសាដែលពួកយូដានិយាយកាលដែលពួកគេរស់​នៅ​ស្រុកបាប៊ីឡូន។ ប៉ុន្តែកូនៗរបស់ពួកគេមិនចេះនិយាយភាសាអារ៉ាមទេ ហើយក៏មិនចេះនិយាយភាសា​ហេព្រើរដែរ។ ហេតុនោះ នេះគឺជាបញ្ហាដ៏ធំមួយ។ ហេតុអ្វី? គឺដោយសារតែពួកគ្រូក្រឹត្យវិន័យទាំងឡាយភាគច្រើនបង្រៀនជាភាសាអារ៉ាម។ នោះគឺជាភាសាដ៏ងាយស្រួលបំផុតសម្រាប់ឲ្យពួកយូដាយល់បាន។ ហេតុអ្វីបានជាកូនក្មេងទាំងនេះមិនចេះនិយាយភាសាហេព្រើរ ឬអារ៉ាម? ឪពុករបស់ពួកគេបានរៀបការជាមួយនឹងស្ត្រីសាសន៍ដទៃ ដូចជាអាំម៉ូន អាសដូឌ និងម៉ូអាប់ជាដើម។ ម្តាយទាំងឡាយមើលថែកូនៗ​របស់ពួកគេពេញមួយថ្ងៃ ហើយនិយាយដាក់កូនៗទាំងនោះជាភាសាកំណើតរបស់ពួកគេ។ ហេតុនោះ ក្មេងៗទាំងនោះមិនអាចនិយាយភាសាហេព្រើរ ឬអារ៉ាមបានទេ។ ភាសាសំខាន់ខ្លាំងណាស់។ យើងប្រើភាសាដើម្បីទាក់ទងគ្នាក្នុងជីវិតរស់នៅ។ ហេតុនោះភាសាជួយយើងឲ្យមានគំនិត និងយោបល់ឡើង។ ក្មេងៗមិនអាចនិយាយភាសារបស់ព្រះគម្ពីរបានទេ។ ហេតុនោះ ពួកគេមិនយល់ថា ក្នុងនាមជាជាតិសាសន៍យូដាមានអត្ថន័យប៉ុនណាឡើយ។ នេះគឺជាបញ្ហាដ៏ធំមួយសម្រាប់លោកនេហេមា។ លោកមិនសប្បាយ​ចិត្តឡើយ ដែលឃើញគ្រួសារយូដាទាំងឡាយមិនយល់ពីភាសាក្នុងព្រះគម្ពីរ។ ពួកគេនឹងបាត់បង់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះដ៏មានព្រះជន្មរស់។

លោកនេហេមាបានដាក់ទោសពួកបណ្តាជនជាសាធារណៈ។ ពួកអ្នកសិក្សាខាងព្រះគម្ពីរយល់​ថា ប្រតិកម្មរបស់លោកនេហេមាគឺជារឿងធម្មតាសម្រាប់ជំនាន់របស់លោក។ នោះគឺជារបៀបដែលមេដឹកនាំដាក់ទោសប្រជាជនរបស់ពួកគេនៅជំនាន់នោះ។ ព្រះគម្ពីរកត់ត្រាថា លោកនេហេមាបានដាក់បណ្តាសាពួកបុរសៗទាំងនោះ។ យើងមិនគួរគិតថា លោកនេហេមាប្រើពាក្យអសុរោះនោះឡើយ! អត់ទេ។ លោកនេហេមាបានអានបណ្តាសាពីសេចក្តីសញ្ញារបស់ព្រះនៅក្នុងចោទិយកថា ២៨ ឲ្យពួកគេស្តាប់។ លោកនេហេមាបានព្រមានប្រាប់បណ្តាជនពីលទ្ធផលមិនល្អកាលណាពួកគេរំលងសេចក្តីសញ្ញា។ ច្បាស់ណាស់ លោកនេហេមាចង់ជួយបណ្តាជនឲ្យយល់ពីកំហុសឆ្គង និងជម្រើសមិនល្អរបស់ពួកគេ។ អំពើបាបរបស់ពួកគេនាំមកនូវបណ្តាសារបស់ព្រះ។

ឥឡូវនេះ ចូរយើងក្រឡេកមើលអ្វីដែលលោកនេហេមាបានធ្វើបន្ទាប់ពីនោះ។ លោកនេហេមា​មានប្រសាសន៍ថា ខ្ញុំបាន «វាយ​គេ​ខ្លះ ហើយ​បោច​សក់​គេ​ផង» (នេហេមា ១៣:២៥)។ ការវាយគឺជា​ទម្រង់ធម្មតានៃការដាក់ទោសក្នុងជំនាន់លោកនេហេមា។ តើលោកអ្នកឃើញទេថា លោកនេហេមាបានវាយតែ «គេខ្លះ» ឬទេ? មិនមែនគ្រប់ៗគ្នាទេ។ លោកនេហេមាបានដាក់ទោសតែលើពួកមេដឹកនាំដែលបានបណ្តាលឲ្យមានឥរិយាបថខុសឆ្គង ឬចាំតែហៃអើប៉ុណ្ណោះ។ ហេតុអ្វីបានជាលោកនេហេមាដាក់ទោសបណ្តាជន? លោកនេហេមាចង់ធ្វើឲ្យប្រាកដថា ពួកគេយល់អំពីរឿងដែលសំខាន់ៗមួយចំនួន។ ពួកគេត្រូវតែចេះជ្រើសរើសយកការប្រព្រឹត្តល្អ បើមិនដូច្នោះទេពួកគេនឹងជួបរឿងអាក្រក់ៗជាមិនខាន។

ថ្ងៃច័ន្ទ ទី១៦ ធ្នូ ឆ្នាំ២០១៩

លោកនេហេមាបង្ហាញឲ្យបណ្តាជនឃើញអំពើបាបរបស់ខ្លួន

សូមអានខគម្ពីរនេហេមា ១៣:២៦, ២៧។ តើខទាំងនេះបង្ហាញប្រាប់យើងអ្វីខ្លះថា ហេតុអ្វីបានជាការយល់ដឹងអំពីប្រវត្តិសាស្ត្រព្រះគម្ពីរមានសារៈសំខាន់នោះ?​​ តើការនេះអាចជួយយើងឲ្យនៅឆ្ងាយពីគ្រោះថ្នាក់យ៉ាងដូចម្តេចដែរ? តើការនេះអាចជួយយើងឲ្យដើរតាមផ្លូវដែលត្រឹមត្រូវរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេចដែរ?

លោកនេហេមាបានប្រាប់បណ្តាជនឲ្យនឹកចាំអំពីអ្វីដែលបានកើតឡើងចំពោះស្តេចសាឡូម៉ូន។ ស្តេចសាឡូម៉ូនពុំបានស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ។ ព្រះអង្គបានអភិសេកជាមួយមហេសីជាច្រើនអង្គ។ ព្រះអង្គក៏បានជ្រើសរើសរៀបអភិសេកជាមួយនឹងស្ត្រីដែលមិនថ្វាយបង្គំព្រះជា‑ម្ចាស់ដែរ។ ក្រឹត្យវិន័យរបស់ព្រះបានព្រមានយើងថា៖ «ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្ដេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់» (ចោទិយកថា ១៧:១៧, គខប)។ ស្តេចសាឡូម៉ូនបានធ្វើការសម្រេចចិត្តយ៉ាងអាក្រក់ ដែលនាំឲ្យព្រះអង្គធ្លាក់ទៅក្នុងអំពើបាបកាន់តែជ្រៅទៅៗ។ ព្រះអង្គជាអ្នកបង្កឲ្យមានសេចក្តីអន្តរាយដោយអង្គឯង។ ព្រះជន្មរបស់ស្តេចសាឡូម៉ូនគឺជាគំរូអាក្រក់មួយដែលរាស្ត្ររបស់ព្រះមិនគួរធ្វើតាមឡើយ។

លោកនេហេមាបានប្រាប់ដល់សាសន៍យូដាថា ការដែលពួកគេរៀបការនឹងមនុស្សដែលមិនថ្វាយបង្គំព្រះគឺជាអំពើបាបមួយ។ ហេតុអ្វីបានជាលោកនេហេមាត្រឹមត្រូវ? ដើម្បីរកចម្លើយ សូមអាន​លោកុប្បត្តិ ៦:១‑៤, លោកុប្បត្តិ ២៤:៣, ៤, លោកុប្បត្តិ ២៨:១, ២, ចោទិយកថា ៧:៣, ៤, និង កូរិនថូសទី២ ៦:១៤។

ហេតុអ្វីបានជាព្រះជាម្ចាស់ប្រាប់រាស្ត្ររបស់ព្រះអង្គកុំឲ្យរៀបការនឹងមនុស្សសាសន៍ដទៃ? ពីព្រោះព្រះជាម្ចាស់ពុំចង់ឲ្យរាស្ត្ររបស់ព្រះអង្គចាប់ផ្តើមថ្វាយបង្គំព្រះក្លែងក្លាយឡើយ។ ពិតមែនហើយ រាស្ត្ររបស់ព្រះក្នុងព្រះគម្ពីរបានរៀបការជាមួយនឹងសាសន៍ដទៃដែរ។ លោកម៉ូសេបានរៀបការនឹង​នាង​​សេផូរ៉ា ដែលជាសាសន៍ម៉ាឌាន។ លោកបូអាសបានរៀបការនឹងនាងរស់ ដែលជាសាសន៍ម៉ូអាប់។ ហេតុ​នោះ សេចក្តីបញ្ញត្តិរបស់ព្រះមិនប្រឆាំងនឹងការរៀបការជាមួយនឹងមនុស្សពីប្រទេសផ្សេងឡើយ។ សេចក្តី​បញ្ញត្តិ​របស់ព្រះគឺប្រឆាំងនឹងការរៀបការជាមួយនឹងមនុស្សដែលមានសេចក្តីជំនឿផ្សេងគ្នា ឬគ្មានជំនឿ​ទាល់​តែសោះតែម្តង។ បញ្ហានោះក៏បានកើតឡើងយ៉ាងជាក់ស្តែងក្នុងជំនាន់លោកអែសរ៉ា និងលោក​នេ​ហេមា​ដែរ។ ពួកសាសន៍យូដាបានជ្រើសរើសរៀបការជាមួយស្ត្រីដែលមិនជឿលើព្រះជាម្ចាស់។ ស្ត្រីទាំងនេះពុំបានបោះបង់ព្រះក្លែងក្លាយរបស់ខ្លួនឡើយ។ ហេតុនោះបានជាលោកនេហេមាព្រួយចិត្តដែលឃើញបុរសៗយូដារៀបការបែបនេះ។ ពួកគេធ្វើបែបនេះបង្ហាញឲ្យឃើញពីការសម្រេចចិត្តរបស់ពួកគេថា ពួកគេពុំបានខ្វល់ខ្វាយនឹងរឿងបម្រើព្រះជាម្ចាស់ឡើយ។

ព្រះគម្ពីរបានផ្តល់នូវក្បួនច្បាប់ទាំងឡាយឲ្យយើងអនុវត្តតាម។ ក្បួនច្បាប់ទាំងនេះជួយយើងឲ្យនៅជិតព្រះ និងជួយឲ្យយើងបានសប្បាយចិត្តផងដែរ។ តាមរបៀបដូចគ្នានេះ ព្រះទ្រង់ក៏បានប្រទានក្បួនច្បាប់កុំឲ្យរៀបការនឹងមនុស្សដែលមិនជឿលើព្រះអង្គគ្រប់សម័យកាលដែរ។ យើងគួរតែរៀបការជាមួយនឹងមនុស្សដែលស្រឡាញ់ព្រះអង្គ និងមានសេចក្តីជំនឿដូចគ្នាតែប៉ុណ្ណោះ។ នោះទើបយើងមាន​ជីវិតដ៏ប្រសើរឡើង ដែលនឹងជួយយើងឲ្យជិតស្និទ្ធនឹងព្រះជាម្ចាស់កាន់តែខ្លាំងឡើង។

តើយើងអាចរៀនអ្វីបានខ្លះពីមេរៀនថ្ងៃនេះដែលអាចជួយយើងឲ្យការពារសេចក្តីជំនឿរបស់​​យើង និងគ្រួសាររបស់យើង?

ថ្ងៃអង្គារ ទី១៧ ធ្នូ ឆ្នាំ២០១៩

តើលោកអែសរ៉ាបានធ្វើអ្វីខ្លះ?

សូមអានបទគម្ពីរអែសរ៉ាជំពូក៩។ លោកអែសរ៉ាបានដឹងអំពីការដែលពួកយូដាបានរៀបការនឹងមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយដែរ។ តើលោកអែសរ៉ាមានប្រតិកម្មយ៉ាងដូចម្តេចពេលដែលលោកបានឮដំណឹងនេះ? ខគម្ពីរអែសរ៉ា ៩:១, ២ ប្រាប់យើងថា ពួកអ៊ីស្រាអែលដែល «មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​នានា (គខប)» កំពុងរស់នៅជុំវិញពួកគេ។ ដូចដែលលោកអ្នកឃើញ ពាក្យថា «ញែក» ជួនកាល មានន័យថា «បែងចែក (គខប)», «ប្រាប់សញ្ញាសំគាល់», «ខាំង» ឬ «ខ័ណ្ឌ (គខប)»៖ លេវីវិន័យ ១០:១០, លេវីវិន័យ ១១:៤៧, និក្ខមនំ ២៦:៣៣, លោកុប្បត្តិ ១:៤, ៦, ៧, ១៤, ១៨។ ហេតុអ្វីបានជាព្រះគម្ពីរ ព្រមានយើងកុំឲ្យរៀបការនឹងមនុស្សដែលមិនជឿលើព្រះជាម្ចាស់?

ពួកមេដឹកនាំនៃរាស្ត្ររបស់ព្រះបានមកជួបលោកអែសរ៉ា។ ពួកគេបានប្រាប់លោកអំពីបញ្ហាដែលមាននៅក្នុងស្រុកទេស។​ រាស្ត្ររបស់ព្រះបានរៀបការនឹងស្ត្រីសាសន៍ដទៃ ដែលថ្វាយបង្គំព្រះក្លែង ក្លាយ។ បញ្ហានេះធំណាស់។ ពួកសង្ឃមានទោសហើយ។ ឯពួកលេវីក៏មានទោសដែរ។ ហេតុនេះ មនុស្សទាំងនេះមិនបានមកជម្រាបលោកអែសរ៉ាអំពីបញ្ហានេះឡើយ។ ពួកអ្នកជាប្រធានលើសាសន៍យូដាបានចូលមកជម្រាបដល់លោកអែសរ៉ាអំពីអ្វីដែលកំពុងកើតឡើង។

ពាក្យថា «ញែក» បង្ហាញប្រាប់យើងអំពីចំណុច ឬគោលគំនិតពីរផ្សេងគ្នា។ វាបង្ហាញប្រាប់ យើងថា ពួកមេដឹកនាំមានការយល់ដឹងអំពីក្រឹត្យវិន័យរបស់ព្រះរួចហើយ។ ពួកគេដឹងថា ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គនៅឲ្យឆ្ងាយពីសាសនាក្លែងក្លាយ។ ពួកគេយល់អំពីគ្រោះថ្នាក់នៃការរៀបការជាមួយមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយ។ ពីព្រោះមនុស្សទាំងនោះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតព្រលឹងវិញ្ញាណនៃគ្រួសាររបស់ពួកគេ។

«លោកអែសរ៉ាបានសិក្សាអំពីប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។ លោកបានក្រឡេកមើលអំពើបាបដែលបាននាំរាស្ត្ររបស់ព្រះឲ្យធ្លាក់ក្នុងសេចក្តីអន្តរាយរហូតដល់សត្រូវរបស់ពួកគេចាប់យកពួកគេទៅកាន់ទឹកដីបាប៊ីឡូន។ លោកអែសរ៉ាបានរៀនអំពីមូលហេតុនៃសេចក្តីអន្តរាយរបស់អ៊ីស្រាអែល។ រាស្ត្ររបស់ព្រះបានរៀបការប្តីប្រពន្ធនឹងមនុស្សដែលជឿលើសាសនាផ្សេង។ លោកអែសរ៉ាក៏បានឃើញមានចំណុចផ្សេងទៀតផងដែរ។ លោកបានឃើញថា រាស្ត្ររបស់ព្រះពុំបានស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ ព្រះដែលបង្គាប់ឲ្យញែកខ្លួនចេញពីមនុស្សដែលនៅជុំវិញពួកគេនោះឡើយ។ បន្ទាប់មក ពួកគេក៏មានបទពិសោធន៍ដ៏ក្រៀមក្រំយ៉ាងច្រើនដែលបណ្តាលឲ្យពួកគេមានភាពអាម៉ាស់។ ឥឡូវនេះ លោកអែសរ៉ា បាន​ដឹងថា រាស្ត្ររបស់ព្រះកំពុងតែធ្វើរឿងដដែលដែលធ្វើឲ្យពួកយូដាជួបបញ្ហាកាលពីអតីតកាលនោះ ដែរ។ ពួកគេពុំបានរៀនពីមេរៀនរបស់ពួកគេពីប្រវត្តិសាស្ត្រនៅឡើយ។ ពួកមេដឹកនាំសាសន៍យូដាខ្លះបានរំលងក្រឹត្យវិន័យរបស់ព្រះដែលប្រឆាំងនឹងអាពាហ៍ពិពាហ៍ខុសឆ្គង។ ព្រះទ្រង់ប្រទានច្បាប់នេះដល់រាស្ត្ររបស់ព្រះអង្គដើម្បីការពារពួកគេកុំឲ្យបែរចេញពីព្រះអង្គ។ ពួកមេដឹកនាំបានរៀបការជាមួយនឹងមនុស្សដែលមិនជឿលើព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យលោកអែសរ៉ាមិនសប្បាយចិត្តឡើយ។ ព្រះជា‑ម្ចាស់បានផ្តល់ឱកាសលើកទីពីរដល់រាស្ត្ររបស់ព្រះអង្គ។ ប៉ុន្តែពួកបណ្តាជននៅតែមិនដឹងគុណដល់ព្រះជាម្ចាស់នៅឡើយ។ ហេតុនោះហើយបានជាលោកអែសរ៉ាខឹង។ លោកព្រួយចិត្តណាស់ដែលពួកយូដាមិនយកចិត្តទុកដាក់អំពីសេចក្តីល្អដែលព្រះជាម្ចាស់បានធ្វើសម្រាប់ពួកគេ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 620, adapted។

ថ្ងៃពុធ ទី១៨ ធ្នូ ឆ្នាំ២០១៩

ការសម្រេចចិត្តរបស់លោកអែសរ៉ា

លលោកនេហេមាបានធ្វើគឺបន្ទោសពួកមេដឹកនាំ។​ បន្ទាប់មក លោកបានបង្គាប់បណ្តាជនឲ្យបិទទ្វារក្រុង។ លោកបានដាក់មនុស្សឲ្យយាមនៅមាត់ទ្វារ។ តើមានអ្វីកើតឡើងបន្ទាប់? បណ្តាជនបានប្តូរទីផ្សារពីខាងក្នុងក្រុងទៅខាងក្រៅក្រុងដើម្បីបំពានច្បាប់របស់លោកនេហេមា! លោក​នេហេមាក៏ចាត់វិធានការឡើង។ លោកបានប្រាប់ទៅអ្នកលក់ដូរទាំងឡាយថា ពួកគេនឹងត្រូវទទួលទណ្ឌកម្មប្រសិនបើនៅតែមកលក់នៅក្រៅក្រុងនៅថ្ងៃសប្បាតហ៍បន្ទាប់ទៀត។ ពួកអ្នកលក់ដូរយល់ឃើញថា លោកនេហេមាជាមនុស្សម៉ឺងម៉ាត់ណាស់។ ហេតុនោះ ពួកគេក៏លែងត្រឡប់មកលក់ដូរតាំងពីនោះមក។

ពួកមេដឹកនាំក៏បានសម្រេចកិច្ចព្រមព្រៀងគ្នា។ ពួកគេបានសម្រេចចិត្តថានឹងបញ្ជូនប្រពន្ធដែលជាសាសន៍ដទៃឲ្យទៅប្រទេសក្រៅវិញ។ តើលោកអ្នកដឹងរឿងដ៏គួរឲ្យភ្ញាក់ផ្អើលទេ? ពួកបុរសៗ ដែលបានរៀបការនឹងស្ត្រីបរទេសទាំងនោះក៏យល់ស្របតាមផែនការនេះដែរ! គឺទាំងអស់គ្នាលើកលែងបុរស៤នាក់ប៉ុណ្ណោះ។ លោកអ្នកអាចអានអំពីពួកគេនៅក្នុងខគម្ពីរអែសរ៉ា ១០:១៥។ ហេតុនោះ ពួកបណ្តាជនក៏បានសន្យាថានឹងបញ្ជូនប្រពន្ធរបស់ពួកគេឲ្យត្រឡប់ទៅស្រុករបស់ពួកនាងវិញ។ ផែនការនេះត្រូវចំណាយពេល៣ខែទើបចប់សព្វគ្រប់។ ទីបំផុត មានបុរសយូដា១១៣នាក់ដែលបានបញ្ជូនប្រពន្ធ​របស់​ពួកគេ​ឲ្យ​ត្រឡប់​ទៅស្រុករបស់ពួកនាងវិញ (អែសរ៉ា ១០:១៨‑៤៣)។ ខគម្ពីរអែសរ៉ា ១០:៤៤ បង្ហាញ​ប្រាប់យើងថា បុរសទាំងនេះ និងប្រពន្ធបរទេសរបស់ពួកគេខ្លះមានកូនរួចទៅហើយ។ ពិតមែនហើយ វាជាការលំបាកសម្រាប់យើងនឹងយល់ពីការសម្រេចចិត្តនេះផងដែរ។ តើបុរសទាំងនេះអាចស្នើសូមឲ្យប្រពន្ធរបស់ពួកគេចាកចោលកូនពួកគេបានយ៉ាងដូចម្តេចទៅ, មែនទេ? វាហាក់ដូចជាមិនសូវសម​ទាល់​តែសោះសម្រាប់យើង។ ប៉ុន្តែ យើងតោងតែនឹកចាំពីរឿងមួយ។ គ្រានេះគឺពិសេសខ្លាំងណាស់សម្រាប់​ប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ព្រះជាម្ចាស់សព្វព្រះទ័យគង់ជិតជាមួយនឹងរាស្ត្ររបស់ព្រះអង្គម្តងទៀត។ ព្រះអង្គចង់ប្រទានចិត្តថ្មីដល់ពួកគេ។ ពួកបណ្តាជនធ្លាប់បានបែរចេញពីព្រះអង្គក្នុងអតីតកាល។ បន្ទាប់​មក​ទៀត ពួកសត្រូវរបស់ពួកគេក៏បានចាប់ពួកគេទៅស្រុកបាប៊ីឡូន។ ហេតុនោះ ឥឡូវនេះពួកសាសន៍យូដាតោងតែដើរតាមព្រះជាម្ចាស់ដោយប្រុងប្រយ័ត្ន បើទោះបីជាវាពិបាកក្នុងការស្តាប់បង្គាប់តាមព្រះអង្គក្តី។

ក្នុងខគម្ពីរអែសរ៉ា ១០:១១, ១៩, យើងឃើញពាក្យថា «ញែកខ្លួន» ដែលបកប្រែពីពាក្យ​ហេព្រើរ «បាដាល» មានន័យថា «ញែកចេញ ឬដកចេញ»។ ពាក្យនេះមានប្រភពពីពាក្យហេព្រើរថា «យ៉ាតសា»។ ពាក្យថា «បាដាល»​ និង «យ៉ាតសា» មិនធ្លាប់ប្រែថា «លែងលះ» ក្នុងព្រះគម្ពីរឡើយ។ តើករណីនេះប្រាប់យើងអ្វីខ្លះ? វាបង្ហាញប្រាប់យើងថា លោកអែសរ៉ាជឿថា អាពាហ៍ពិពាហ៍ទាំងនេះ​មិន​ស្របច្បាប់ឡើយ។ ហេតុអ្វី? ពីព្រោះពួកគេបានរំលងក្រឹត្យវិន័យរបស់ព្រះ។ ហេតុនោះ លោកអែសរ៉ាបាន​ប្រកាសថា អាពាហ៍ពិពាហ៍របស់ពួកគេគឺមិនពិតប្រាកដទេពីព្រោះពួកគេមិនបានធ្វើតាម​ក្រឹត្យវិន័យ​របស់​ព្រះ។ យើងពុំដឹងថាមានអ្វីកើតឡើងចំពោះប្រពន្ធ និងកូនៗពីអាពាហ៍ពិពាហ៍ទាំងនេះឡើយ។ យើងពុំដឹងថាការចាកចេញរបស់ពួកគេប៉ះពាល់ដល់សហគមន៍យូដាយ៉ាងដូចម្តេចទេ។ យើងក៏មិនដឹងថា​ ពួកបុរសជាប្តីត្រូវទទួលខុសត្រូវក្នុងការបញ្ជូនប្រពន្ធកូនរបស់ពួកគេត្រឡប់ទៅវិញតាមរបៀបណាឡើយ។ តើ​ពួកប្រពន្ធរបស់ពួកគេទៅឯណាដែរ? គឺត្រូវត្រឡប់ទៅផ្ទះឪពុករបស់ពួកនាងវិញ។

មួួយរយៈកាលក្រោយមកទៀត បុរសយូដាខ្លះបានសម្រេចចិត្តរៀបការជាមួយនឹងស្ត្រីបរទេសជាថ្មីទៀត។ ប្រហែលជាពួកគេត្រឡប់ទៅរកប្រពន្ធដែលពួកគេបានបញ្ជូនទៅវិញក៏មិនដឹង។ ការដែលកាត់ទោសមនុស្សទាំងនេះពីជំនាន់របស់យើងស្រួលថាណាស់មែនទេ? ប៉ុន្តែយើងតោងនឹកចាំថា យើងទាំងអស់គ្នាសុទ្ធតែជាមនុស្សទេ។ យើងរាល់គ្នាសុទ្ធតែពិបាកនឹងធ្វើល្អ ហើយចេះតែផ្តេកផ្តួលក្នុងសេចក្តីអាក្រក់។ យើងតោងតែសូមជំនួយ និងព្រះចេស្តារបស់ព្រះដើម្បីឲ្យយើងបានរឹងមាំ។ សូម្បីតែមនុស្សដែលមានជំនឿរឹងមាំក៏បានអះអាងថា ពួកគេក៏ពុំបានដើរជាមួយព្រះឲ្យបានខ្ជាប់ខ្ជួនរហូតនោះឡើយ។ គួរឲ្យព្រួយខ្លាំងណាស់។ ក្នុងនាមជាមនុស្សលោក យើងតោងតែខំប្រឹងយកព្រះអង្គជាទីមួយក្នុងជីវិតរបស់យើង។

ថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូ ឆ្នាំ២០១៩

អាពាហ៍ពិពាហ៍សម័យសព្វថ្ងៃ

កណ្ឌគម្ពីរអែសរ៉ា និងនេហេមាបង្ហាញប្រាប់យើងនូវចំណុចសំខាន់ៗមួយចំនួនស្តីអំពីអាពាហ៍‑ពិពាហ៍។ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់នឹងមនុស្សដែលយើងរៀបការជាមួយយ៉ាងខ្លាំង។ ហេតុនោះ យើងក៏គួរយកចិត្តទុកដាក់នឹងរឿងនេះឲ្យខ្លាំងផងដែរ។ យើងគួរតែអធិដ្ឋានដោយប្រុងប្រយ័ត្នអំពីមនុស្សដែលយើងចង់រៀបការជាមួយ។ យើងក៏គួរតែសូមឲ្យព្រះជួយដល់ការសម្រេចចិត្តទាំងអស់របស់យើងដែរ។ យើងតោងតែស្មោះត្រង់នឹងក្បួនច្បាប់របស់ព្រះនៅក្នុងព្រះគម្ពីរ។ ក្បួនច្បាប់ព្រះគម្ពីរទាំងនេះនឹងជួយការពារយើងពីជម្រើសមិនល្អ និងទុក្ខវេទនាដែលកើតចេញពីជម្រើសមិនល្អទាំងនោះ។

តើលោកប៉ុលបានផ្តល់ឱវាទអ្វីខ្លះដល់អ្នកដែលមានប្តី ឬប្រពន្ធដែលមិនមែនជាគ្រីស្ទាន? ដើម្បី​រកចម្លើយ សូមសិក្សាខគម្ពីរកូរិនថូសទី១ ៧:១០‑១៧ ដោយប្រុងប្រយ័ត្ន។ តើលោកអ្នកគួរធ្វើអ្វីខ្លះអំពីអាពាហ៍ពិពាហ៍របស់លោកអ្នកកាលណាប្តី ឬប្រពន្ធរបស់លោកអ្នកមិនមែនជាអ្នកជឿលើព្រះយេស៊ូវទេ​នោះ?

វាជាការមិនសូវសមទេ ប្រសិនបើលោកអ្នកគិតថា ចម្លើយរបស់លោកអែសរ៉ាគឺជារឿងត្រឹមត្រូវ ដែលតម្រូវឲ្យប្តីឬប្រពន្ធលែងលះគ្នាក្នុងសម័យនេះ។ សូមនឹកចាំថា លោកអែសរ៉ា និងលោកនេហេមាបានរស់នៅក្នុងជំនាន់ពិសេសមួយ។ ព្រះទ្រង់ចង់គង់នៅជិតជាមួយនឹងរាស្ត្ររបស់ព្រះអង្គម្តងទៀតបន្ទាប់ពីបានឃ្លាតចេញពីពួកគេជាច្រើនឆ្នាំមក។ ហេតុនោះ ព្រះជាម្ចាស់បានបង្ហាញផែនការរបស់ព្រះអង្គដល់លោកអែសរ៉ា និងលោកនេហេមាអំពីអាពាហ៍ពិពាហ៍សម្រាប់រាស្ត្ររបស់ព្រះអង្គ (អែសរ៉ា ១០:១១)។ បណ្តាជនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ ប្រពន្ធរបស់ពួកគេពុំបានជឿលើព្រះជាម្ចាស់ឡើយ។ ហេតុនោះ ពួកសាសន៍យូដាត្រូវតែបញ្ជូនប្រពន្ធរបស់ពួកគេឲ្យត្រឡប់ទៅស្រុករបស់ពួកនាងវិញ។

យើងដឹងអំពីអ្វីដែលបានកើតឡើងក្នុងសហគមន៍យូដាក្នុងប្រទេសអេស៊ីព្ទ។ សហគមន៍នេះបានរស់នៅក្នុងជំនាន់លោកអែសរ៉ា និងលោកនេហេមាដែរ។ ពួកមេដឹកនាំយូដាក្នុងសហគមន៍អេស៊ីព្ទបានអនុញ្ញាតឲ្យបណ្តាជនបានរៀបការនឹងប្រពន្ធបរទេសដែលថ្វាយបង្គំព្រះក្លែងក្លាយ។ មិនយូរប៉ុន្មាន ពួកយូដាក៏បានលាយចម្រុះសាសនារបស់ពួកគេជាមួយនឹងសាសនារបស់ប្រពន្ធរបស់ពួកគេ។ ប្រពន្ធរបស់ពួកគេបានថ្វាយបង្គំព្រះនាងអាណាត។ ហេតុនោះ ពួកគេបានបង្កើតសាសនាថ្មីមួយដោយលាយជាមួយនឹងសាសនាយូដា។ ពួកគេក៏បានសន្មតថាព្រះនាងរបស់ពួកគេគឺជា «មហេសី» របស់ព្រះជាម្ចាស់! ហេតុនោះ យើងអាចឃើញមូលហេតុដែលត្រូវការរក្សាសេចក្តីជំនឿរបស់ពួកយូដាឲ្យបានបរិសុទ្ធយ៉ាងពិតប្រាកដ។ ហើយយើងមិនគួរប្រើអ្វីដែលលោកអែសរ៉ា និងនេហេមាធ្វើយកមកបំបែកបំបាក់អាពាហ៍ពិពាហ៍ និងគ្រួសារសម័យសព្វថ្ងៃ ដែលមានគ្រីស្ទានខ្លះបានរៀបការនឹងមនុស្សដែលមិនទាន់ជឿព្រះ‑យេស៊ូវនោះឡើយ។ ដំណាលគ្នានេះ លោកអែសរ៉ា និងលោកនេហេមាក៏បានបង្ហាញប្រាប់យើងថា ព្រះទ្រង់បានយកព្រះទ័យទុកដាក់នឹងមនុស្សដែលយើងរៀបការជាមួយនេះខ្លាំងណាស់។ អាពាហ៍ពិពាហ៍​គឺជារឿងសំខាន់ណាស់ចំពោះព្រះជាម្ចាស់។ សាតាំងសប្បាយចិត្តខ្លាំងណាស់កាលណាយើងរៀបការ​នឹងមនុស្សណាម្នាក់ដែលមិនចេះលើកទឹកចិត្តយើងឲ្យបាននៅជិតព្រះ។ វាដឹងថា នឹងមានអ្វីកើតឡើងកាលណាប្តីនិងប្រពន្ធរស់នៅជិតជាមួយព្រះ និងមានសេចក្តីជំនឿដូចគ្នា។ ពួកគេនឹងរឹងមាំនឹងកិច្ចការបម្រើព្រះជាមួយគ្នា។ យើងអាចធ្វើកិច្ចការបានកាន់តែច្រើនថ្វាយព្រះជាមួយគ្នាជាជាងដែលយើងធ្វើការ​តែ​ម្នាក់ឯង។

ថ្ងៃសុក្រ ទី២០ ធ្នូ ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “Reformation,” pages 669-678, in Prophets and Kings.

«ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងខំប្រឹងធ្វើការដែលព្រះអង្គប្រទានដល់យើង។ ការខំប្រឹងធ្វើការគឺជាផ្នែកដ៏សំខាន់មួយនៃសាសនាដ៏ពិត។ វាជាការសំខាន់ណាស់សម្រាប់យើងក្នុងការធ្វើអំពើល្អ ត្រូវពេល (ចំពេល)។ ហេតុនោះ យើងគួរតែខំរកវិធីដែលល្អបំផុត និងពេលដែលល្អបំផុតសម្រាប់ធ្វើកិច្ចការរបស់ព្រះជាម្ចាស់។ យើងតោងតែមានការសម្រេចចិត្តឲ្យបានល្អ។ នោះយើងនឹងទទួលបានជោគជ័យ។ ប៉ុន្តែ ប្រសិនបើយើងចេះតែរង់ចាំ ហើយមិនព្រមធ្វើអ្វីសោះ នោះយើងនឹងបរាជ័យមិនខាន។ ការនេះមានន័យថាយើងពុំបានតម្កើងដល់ព្រះជាម្ចាស់ឡើយ។ មេដឹកនាំរបស់យើងតោងតែបង្ហាញថា ពួកគេបានយកចិត្តទុកដាក់ធ្វើកិច្ចការរបស់ព្រះយ៉ាងខ្លាំងណាស់។ ប្រសិនបើពួកមេដឹកនាំមិនសូវខ្វល់ទេ នោះពួកជំនុំទាំងមូលក៏មិនសូវខ្វល់ដូចតែគ្នាដែរ។ ពួកគេនឹងចូលចិត្តនឹងការសប្បាយ ហើយខ្ជិលច្រអូស។ ហេតុនោះ ពួកជំនុំត្រូវតែមានពេញដោយសេចក្តីស្រឡាញ់ដ៏បរិសុទ្ធសម្រាប់ព្រះជាម្ចាស់វិញ។ ពួកជំនុំតោងតែមានចិត្តចង់បម្រើព្រះជាម្ចាស់តែម្យ៉ាងប៉ុណ្ណោះ។ នោះទើបយើងមានចិត្តព្រមព្រៀងគ្នានឹងធ្វើការជាមួយគ្នាកើត។ នោះយើងនឹងមានសង្ឃឹមឡើង។

«ព្រះគម្ពីរមានរឿងជាច្រើន។ រឿងខ្លះបង្ហាញប្រាប់យើងអំពីអំពើបាបរបស់បណ្តាជន។ រឿងខ្លះទៀតបង្ហាញប្រាប់យើងអំពីបុរសស្ត្រីបរិសុទ្ធទាំងឡាយ។ ព្រះជាម្ចាស់បានដាក់រឿងទាំងឡាយក្នុងព្រះគម្ពីរឲ្យយើងមើល។ ព្រះអង្គសព្វព្រះទ័យឲ្យយើងបែរចេញពីអំពើបាប ហើយងាកមកទទួលជីវិតបរិសុទ្ធ វិញ។ រឿងទាំងឡាយជួយយើងឲ្យមានជម្រើសត្រឹមត្រូវ។ ក្នុងព្រះគម្ពីរយើងបានអានអំពីសានបាឡាត និងថូប៊ីយ៉ា។ មនុស្សទាំងពីរនាក់នេះពេញដោយសេចក្តីសម្អប់។ ពួកគេបាននិយាយកុហក។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន។ ព្រះគម្ពីរក៏បានបង្ហាញប្រាប់យើងអំពីរឿងរបស់លោកអែសរ៉ា និងលោក នេហេមាដែរ។ បុរសទាំងពីររូបនេះបានគោរពដល់ព្រះជាម្ចាស់។ ពួកលោកក៏ទទួលបានកិត្តិយសដែរ។ ពួកលោកពុំមានចិត្តអាត្មានិយមឡើយ។ ព្រះជាម្ចាស់បានប្រទានសេរីភាពដល់យើងឲ្យយកគំរូតាមសានបាឡាតនិងថូប៊ីយ៉ា ឬយកគំរូតាមលោកអែសរ៉ា និងលោកនេហេមា។ យើងជាអ្នកសម្រេចចិត្ត។ ព្រះគម្ពីរបង្ហាញប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងប្រសិនបើយើងរំលងក្រឹត្យវិន័យរបស់ព្រះ។ ហើយយើងក៏ឃើញអំពីរបៀបដែលព្រះប្រទានពរដល់យើងដែរប្រសិនបើយើងស្តាប់បង្គាប់ព្រះអង្គនោះ។ យើងតោងតែសម្រេចចិត្តសម្រាប់ខ្លួនឯងប្រសិនបើយើងចង់ភ្លក់បណ្តាសារបស់ព្រះ ឬមួយក៏រីករាយនឹង​ព្រះពររបស់ព្រះអង្គនោះ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 676។

សំនួរពិភាក្សា៖
  1. ខណៈដែលយើងអានកណ្ឌគម្ពីរអែសរ៉ា និងនេហេមា យើងឃើញថាមានមនុស្សជាច្រើនដែលពុំបានយកព្រះជាទីមួយឡើយ។ ពួកគេបានរៀបការនឹងប្រពន្ធបរទេស។ លោកអែសរ៉ាក៏បានកែតម្រង់ដល់​ពួកគេ។ មែនហើយ ពួកគេបានបញ្ជូនប្រពន្ធរបស់ខ្លួនឲ្យត្រឡប់ទៅស្រុករបស់នាងវិញ។ ប៉ុន្តែតើពួកគេបានផ្លាស់ប្តូរចិត្តដែរមែនទេ? តើសេចក្តីស្រឡាញ់ចំពោះព្រះរបស់ពួកគេបានរីកចម្រើនដែរឬទេ? តើមានអំណះអំណាងអ្វីខ្លះដែលយើងមានដែលបញ្ជាក់ប្រាប់ថាពួកគេបានផ្លាស់ប្តូរ? តើយើងអាចរៀនអ្វីខ្លះអំពីកំហុសរបស់ពួកគេ? តើការផ្លាស់ប្តូរចិត្តមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះ?

  2. តើមានមនុស្សប៉ុន្មាននាក់ក្នុងពួកជំនុំរបស់លោកអ្នកដែលមានជីវិតអាពាហ៍ពិពាហ៍មិនសូវល្អ? តើ​ពួកគេកំពុងមានបញ្ហាអ្វីខ្លះ? តើក្នុងនាមជាពួកជំនុំយើងអាចធ្វើអ្វីបានខ្លះដើម្បីជួយពួកគេ? ​
Powered by CAM