មេរៀនទី១៣​៖ ២៣-២៩ មីនា ២០១៩

ព្រះយេស៊ូវធ្វើទាំងអស់ឡើងជាថ្មី

Jeans
ថ្ងៃសៅរ៍ ទី២៣ មីនា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ១៩:៦‑៩, យ៉ូហាន ១៤:១‑៣, ១១‑១៦, វិវរណៈ ២០:១‑៣, យេរេមា ៤:២៣‑២៦, វិវរណៈ ២០:៤‑១៥, វិវរណៈ ២១:២‑៨។

ខចងចាំ៖ «‌ឯ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ » (វិវរណៈ ២១:៥)។

ទីក្រុងបាប៊ីឡូននឹងត្រូវបំផ្លាញចោល។ នោះគឺជាដំណឹងដ៏អាក្រក់សំរាប់មនុស្សទាំងឡាយណា ដែលគាំទ្រអំណាចសាសនាអាក្រក់នេះ។ ប៉ុន្តែទីបញ្ចប់នៃទីក្រុងបាប៊ីឡូនគឺជាដំណឹងល្អសំរាប់រាស្ត្ររបស់ព្រះទៅវិញ (វិវរណៈ ១៩:១‑៧)។ ទីក្រុងបាប៊ីឡូនបានបណ្តាលឲ្យអាណាចក្រទាំងឡាយនៅលើផែនដីធ្វើបាបមកលើរាស្ត្ររបស់ព្រះ (វិវរណៈ ១៨:២៤)។ ហេតុនោះ ទីបញ្ចប់នៃទីក្រុងបាប៊ីឡូនបង្ហាញប្រាប់យើងថា ព្រះទ្រង់នឹងរំដោះរាស្ត្ររបស់ព្រះអង្គ និងសង្គ្រោះពួកគេ។

កាលណាទីក្រុងបាប៊ីឡូនត្រូវបំផ្លាញចោល មានន័យថាសេចក្តីអធិដ្ឋានរបស់ពួកអ្នកជឿព្រះនៅក្នុងត្រាទី៥ ត្រូវបានឆ្លើយតបហើយ។ ពួកគេបានស្រែកឡើងថា «តើ​ទ្រង់‌ចាំ​ដល់​កាល​ណា​ទៀត​បាន ​ជំនុំ​ជំរះ ហើយ​សង‌សឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​យើង​ខ្ញុំ​រាល់​គ្នា» (វិវរណៈ ៦:​១០)។ សម្រែករបស់ពួកគេគឺជានិមិត្តរូបតំណាងឲ្យសម្រែកមនុស្សទាំងអស់ ដែលរងទុក្ខ និងត្រូវគេធ្វើបាបចាប់តាំងពីជំនាន់លោកអេបិលរហូតដល់គ្រាចុងក្រោយ។ ទីបំផុត ព្រះទ្រង់នឹងប្រទានសេចក្តីសុខសាន្តដល់រាស្ត្ររបស់ព្រះអង្គ ហើយនឹងដាក់ទោសមនុស្សទាំងឡាយណាដែលធ្វើបាប ឬសម្លាប់ពួកគេ (ទំនុកតម្កើង ៧៩:៥, ហាបាគុក ១:២, ដានីយ៉ែល ១២:៦, ៧)។ កណ្ឌគម្ពីរវិវរណៈបង្ហាញប្រាប់យើងថា ព្រះទ្រង់នឹងបញ្ចប់អំពើអាក្រក់ និងទុក្ខវេទនាមិនឲ្យមានតទៅទៀតឡើយ។

ឥឡូវនេះដល់ពេលសំរាប់ព្រះយេស៊ូវធ្វើជាស្តេចរបស់យើងហើយ។ ជំពូកចុងក្រោយនៃគម្ពីរ វិវរណៈបង្ហាញប្រាប់យើងអំពីទីបញ្ចប់នៃទីក្រុងបាប៊ីឡូន សាតាំង និងមនុស្សអាក្រក់។ យើងក៏ឃើញផងដែរ​ថា ព្រះទ្រង់នឹងធ្វើឲ្យផែនដីនេះថ្មីឡើងវិញ ព្រមទាំងនាំមកនូវនគររបស់ព្រះអង្គដល់ផែនដីនេះជារៀងរហូតតទៅ។

ថ្ងៃអាទិត្យ ទី២៤ មីនា ឆ្នាំ២០១៩

ពិធីបរិភោគការរបស់កូនចៀម

ខគម្ពីរវិវរណៈ ១៩:៦‑៩ បានកត់ត្រាអំពីពិធីរៀបការរបស់កូនចៀម (ខ ៧) និងពិធីបរិភោគ ការរបស់ព្រះអង្គ (ខ ៩)។ សូមអានខគម្ពីរយ៉ូហាន ១៤:១‑៣ ផងដែរ។ តើពិធីបរិភោគការបង្ហាញប្រាប់យើងដូចម្តេចខ្លះថា ព្រះទ្រង់ចង់ឲ្យយើងនៅជិតព្រះអង្គជានិច្ច ប្រៀបដូចជាមិត្តសំឡាញ់ និងក្រុមគ្រួសារ នោះ?

ព្រះយេស៊ូវបានចាកចេញពីដំណាក់របស់ព្រះអង្គនៅឋានសួគ៌កាលពីជាង២០០០ឆ្នាំមុន ដើម្បីមកអញ្ជើញពួកអ្នកដើរតាមព្រះអង្គឲ្យទៅចូលរួមបរិភោគការ (ម៉ាថាយ ២២)។ ពិធីបរិភោគការនេះកើតឡើងបន្ទាប់ពីព្រះអង្គរៀបការជាមួយនឹងកូនក្រមុំរបស់ព្រះអង្គ។ មានច្រើនកន្លែងនៅក្នុងព្រះគម្ពីរ និងសំណេរ​​ របស់អ្នកស្រីអែល្លិន ជី វ៉ៃត៍ ដែលប្រាប់ថា «កូនក្រមុំ» គឺជារូបស័ព្ទតំណាងឲ្យពួកជំនុំ។ ប៉ុន្តែពាក្យថា «កូន​ក្រមុំ» នៅក្នុងគម្ពីរវិវរណៈមានអត្ថន័យផ្សេងទៅវិញ (សូមអានវិវរណៈ ២១:៩)។ អ្នកស្រីអែល្លិន វ៉ៃត៍​ពន្យល់ ថា៖ «ទីក្រុងបរិសុទ្ធមានឈ្មោះថា យេរូសាឡិមថ្មី។ ទីក្រុងយេរូសាឡិមថ្មីនេះគឺជា ‘កូនក្រមុំ គឺជាភរិយា​របស់កូនចៀម’ ... គម្ពីរវិវរណៈបង្ហាញប្រាប់យើងថា រាស្ត្ររបស់ព្រះគឺជាភ្ញៀវនៅឯពិធីបរិភោគការ​របស់​កូនចៀម (វិវរណៈ ១៩:៩)។ ហេតុនោះ ប្រសិនបើរាស្ត្ររបស់ព្រះគឺជាភ្ញៀវ ពួកគេមិនអាចធ្វើជាកូនក្រមុំផងបានទេ»។ ដកស្រង់ពី The Great Controversy, pages 426, 427, adapted។ បន្ទាប់ពីព្រះយេស៊ូវបានបង់ថ្លៃលោះសំរាប់អំពើបាបរបស់យើងនៅកាល់វ៉ារីដើម្បីបង្ហាញថា ព្រះអង្គមានតម្លៃស័ក្តិសមសំរាប់កូនក្រមុំរបស់ព្រះអង្គ ដែលជាទីក្រុងយេរូសាឡិម (វិវរណៈ ២១:២) ព្រះអង្គក៏បានយាងទៅដំណាក់របស់ព្រះបិតាដើម្បីរៀបចំកន្លែងសំរាប់ពួកអ្នកដើរតាមព្រះអង្គ (យូ៉ហាន ១៤:២, ៣) ដែលត្រូវជាភ្ញៀវក្នុងមង្គលការរបស់ព្រះអង្គ។ ពួកភ្ញៀវទាំងនោះត្រៀមខ្លួនជាស្រេចនៅផែនដីនេះសំរាប់ការយាងត្រឡប់មកវិញរបស់ ព្រះអង្គ។ នៅចុង​បញ្ចប់នៃពិភពលោក ព្រះអង្គនឹងយាងមកវិញហើយយកពួកគេទៅកាន់ដំណាក់របស់ ព្រះបិតា។

ខគម្ពីរវិវរណៈ ១៩:៨ ចែងថា ព្រះយេស៊ូវបានប្រទានសំពត់ទេសឯកយ៉ាងម៉ដ្ឋស្អាតដល់កូន​ក្រមុំរបស់ព្រះអង្គ។ សំពត់ទេសឯកយ៉ាងស្អាតគឺជារូបស័ព្ទតំណាងឲ្យជីវិតបរិសុទ្ធរបស់ព្រះយេស៊ូវ។ រឿងនោះបង្ហាញប្រាប់យើងនូវចំណុចដ៏សំខាន់អំពីភ្ញៀវដែលរស់នៅក្នុងទីក្រុង។ វាបង្ហាញប្រាប់យើងថា ពួកគេត្រូវស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ។ វាក៏បង្ហាញប្រាប់យើងផងដែរថា សេចក្តីល្អដែលពួកគេធ្វើគឺបានមកតែពីព្រះ ដែលគង់នៅក្នុងពួកគេតែប៉ុណ្ណោះ (វិវរណៈ ១៤:១២)។

កាលព្រះយេស៊ូវទ្រង់គង់នៅផែនដីនេះ ព្រះអង្គបានថ្លែងប្រាប់រឿងប្រៀបធៀបមួយស្តីអំពីពិធីបរិភោគការ (ម៉ាថាយ ២២:១‑១៤)។ មានភ្ញៀវម្នាក់បានសម្រេចចិត្តថា គាត់ត្រូវស្លៀកសម្លៀក​បំពាក់​ផ្ទាល់ខ្លួន ដោយមិនស្លៀកសម្លៀកបំពាក់ដែលស្តេចទ្រង់ប្រទានដល់គាត់ឡើយ។ នៅពេលដែល​ស្តេចទត​ឃើញបុរសនោះ ស្តេចទ្រង់ក៏បញ្ជាអ្នកបម្រើព្រះអង្គឲ្យចាប់បុរសនោះបោះចោលទៅខាងក្រៅ។ ខគម្ពីរ​វិវរណៈ ៣:១៨ បង្ហាញប្រាប់យើងថា រាស្ត្ររបស់ព្រះដែលកំពុងរស់នៅគ្រាចុងក្រោយត្រូវការសម្លៀក​បំពាក់​ដែលព្រះអង្គប្រទានដល់ពួកគេ។ ព្រះយេស៊ូវប្រាប់ទៅរាស្ត្ររបស់ព្រះអង្គនៅគ្រាចុងក្រោយឲ្យ «ទិញ» សម្លៀកបំពាក់នេះពីព្រះអង្គ។ រឿងនោះបង្ហាញប្រាប់យើងថា ព្រះអង្គចង់ឲ្យយើងបោះបង់អំពើបាបដើម្បីបានទទួលសម្លៀកបំពាក់នោះ។ ព្រះអង្គចង់ឲ្យយើងបោះបង់ការជឿទុកចិត្តលើខ្លួនឯង ហើយបែរមកជឿទុកចិត្តលើព្រះអង្គវិញ។ ការជឿទុកចិត្តលើព្រះគឺជាវិធីតែមួយគត់ដែលនឹងសង្គ្រោះយើងរាល់គ្នា។

ថ្ងៃច័ន្ទ ទី២៥ មីនា ឆ្នាំ២០១៩

សង្គ្រាមអើម៉ាគេដូនដល់ទីបញ្ចប់

ខគម្ពីរវិវរណៈ ១៩:១១‑១៦ ប្រាប់យើងថា ព្រះយេស៊ូវទ្រង់មានព្រះនាមមួយទៀតគឺ «ព្រះ​បន្ទូល​របស់ព្រះ» (ខ១៣)។ ខ១៥ បានចែងថា «មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់»។ តើរឿងទាំងនេះប្រាប់យើងអ្វីខ្លះអំពីសង្គ្រាមអើម៉ាគេដូនរវាងព្រះ និងសាតាំង?

ខទាំងនេះបានប្រើរូបស័ព្ទមួយចំនួនដើម្បីបង្ហាញប្រាប់យើងថា ព្រះយេស៊ូវនឹងឈ្នះ។ ព្រះ‑យេស៊ូវបានឈ្នះសាតាំងនៅឋានសួគ៌។ ព្រះយេស៊ូវបានឈ្នះសាតាំងនៅវាលរហោឋាន។ ព្រះយេស៊ូវបានឈ្នះសាតាំងនៅលើឈើឆ្កាង។ ហើយព្រះយេស៊ូវក៏នឹងឈ្នះសាតាំងនៅគ្រាដែលព្រះអង្គយាងមក វិញលើកទីពីរផងដែរ។

«មិនយូរប៉ុន្មាន មានពពកខ្មៅមួយដុំតូចលេចឡើងពីទិសខាងកើត។ វាមានទំហំប៉ុនពាក់ កណ្តាលបាតដៃរបស់មនុស្ស។​ នោះគឺជាពពកដែលហ៊ុំព័ទ្ធព្រះអង្គសង្គ្រោះ។ ពពកដុំនេះកាលដែលឋិតនៅឆ្ងាយនៅឡើយមើលទៅហាក់ដូចជាពណ៌ខ្មៅ។ រាស្ត្ររបស់ព្រះដឹងថា ដុំពពកនេះគឺជាការយាងមកវិញរបស់ព្រះយេស៊ូវ។ ពួកគេគន់មើលទៅផ្ទាំងពពកដែលកំពុងតែខិតមកជិតផែនដីយ៉ាងស្ងៀមស្ងាត់។ ដុំពពកនេះបានប្រែក្លាយពីខ្មៅមកជាសភ្លឺចិញ្ចាច។​ នៅពីក្រោមផ្ទាំងពពកមានភ្លើងដែលកំពុងឆេះ។​ នៅពីលើពពកមានឥន្ទធនូ។ ឥន្ទធនូនេះបង្ហាញប្រាប់អំពីសេចក្តីសញ្ញារបស់ព្រះជាមួយនឹងរាស្ត្ររបស់ព្រះអង្គ។ ព្រះយេស៊ូវគឺជាកំពូលអ្នកចម្បាំងដ៏ក្លាហាន ដែលពុំធ្លាប់បរាជ័យក្នុងសមរភូមិម្តងណាឡើយ។ ព្រះអង្គពុំមែនជា ‘មនុស្ស​ទូទុក្ខ’ ដែលបានយាងមកកាន់ផែនដីនេះដើម្បីទទួលពែងនៃសេចក្តីអាម៉ាស់ និងសេចក្តីវេទនាទៀតឡើយ (អេសាយ ៥៣:៣)។ ឥឡូវនេះ ព្រះអង្គយាងមកក្នុងនាមជាអ្នកឈ្នះទាំងនៅលើឋានសួគ៌ និងផែនដី។ ព្រះអង្គយាងមកដើម្បីជំនុំជំរះមនុស្សគ្រប់គ្នា៖ ទាំងមនុស្សរស់ និងមនុស្ស ដែលស្លាប់ទៅហើយ។ ព្រះអង្គគឺជាព្រះដ៏ស្មោះត្រង់ និងពិតប្រាកដ។ ‘ទ្រង់​ជំនុំ‌ជំរះ ហើយ​ច្បាំង​ដោយ​សុចរិត’។ ពពួកទេវតាដ៏បរិសុទ្ធដែលនៅឋានសួគ៌ក៏ហែហមទ្រង់យាងមក (វិវរណៈ ១៩:១១, ១៤)។ ពពួកទេវតាដ៏បរិសុទ្ធច្រៀងទំនុកដ៏ពីរោះពេកណាស់...គ្មានពាក្យពេចន៍មនុស្សលោកណាអាចពណ៌នា ទិដ្ឋភាពនោះឲ្យអស់សេចក្តីបានឡើយ»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 641, adapted ។

ក្នុងខគម្ពីរថែស្សាឡូនីចទី២ ១:៨‑១០ លោកប៉ុលក៏បានកត់ត្រាអំពីការយាងមកលើកទីពីរ របស់ព្រះយេស៊ូវផងដែរ។ នៅគ្រានោះ អាណាចក្រ និងអំណាចសាសនាទាំងអស់នៅលើផែនដីដែលបានបែរទាស់នឹងព្រះយេស៊ូវនឹងត្រូវបំផ្លាញ។ រាស្ត្ររបស់ព្រះនឹងត្រូវបានសង្គ្រោះជារៀងរហូត។

ខគម្ពីរវិវរណៈ ១៩:៩, ១៧, ១៨ បានចែងអំពីពិធីជប់លៀងពីរប្រភេទ។ ប្រសិនបើលោកអ្នកជាភ្ញៀវនៅពិធីជប់លៀងទី១ លោកអ្នកនឹងបានបរិភោគ។ ប្រសិនបើលោកអ្នកជាភ្ញៀវនៅពិធីជប់លៀងទី២វិញ លោកអ្នកនឹងក្លាយជាអាហារមិនខាន! ភាពខុសគ្នារវាងពិធីជប់លៀងទាំងពីរបង្ហាញ​ប្រាប់យើងអំពីលទ្ធផលនៃសង្គ្រាមរវាងព្រះនិងសាតាំង ដែលប៉ះពាល់ដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ តើពិធីជប់លៀងទាំងពីរបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលយើងត្រូវស្មោះត្រង់នឹងសេចក្តីពិតរបស់ ព្រះគម្ពីរ និងធ្វើការដែលព្រះទ្រង់ប្រទានឲ្យយើងធ្វើនៅគ្រាចុងក្រោយ?

ថ្ងៃអង្គារ ទី២៦ មីនា ឆ្នាំ២០១៩

១០០០ឆ្នាំនៅឋានសួគ៌

ខគម្ពីរវិវរណៈ ២០:១‑៣ និង យេរេមា ៤:២៣‑២៦ បង្ហាញប្រាប់យើងអំពីអ្វីដែលកើតឡើងក្នុងអំឡុង១០០០ឆ្នាំបន្ទាប់ពីព្រះយេស៊ូវលើកយករាស្ត្ររបស់ព្រះអង្គទៅឋានសួគ៌។ តើមានអ្វីខ្លះកើតឡើងនៅផែនដីគ្រានោះ? តើលោកយ៉ូហានកំពុងប្រាប់យើងអំពីអ្វីឲ្យពិតប្រាកដពេលដែលលោកមាន ប្រសាសន៍ថា សាតាំងត្រូវបាន «ចងទុក១០០០ឆ្នាំ» (វិវរណៈ ២០:២)?

១០០០ឆ្នាំ គឺស្មើនឹងពាក្យថា «សហស្សវត្ស»។ វាចាប់ផ្តើមនៅគ្រានៃការយាងមកលើកទីពីរ។ នៅគ្រានោះ សាតាំង និងបរិវាររបស់វាត្រូវចាប់ «ចងទុក... ដោយច្រវាក់»។ រូបកាយជាវិញ្ញាណមិនអាចយកច្រវាក់ពិតប្រាកដទៅដាក់បានទេ មែនទេ? ហេតុនោះ ច្រវាក់នេះគឺជានិមិត្តរូបមួយ។ វាបង្ហាញប្រាប់​ យើង ​ថា សាតាំងត្រូវបាន «ចងទុក» និងជាប់អន្ទាក់ព្រឹត្តិការណ៍ដែលបានកើតឡើងដោយសារជម្រើសដ៏អាក្រក់​របស់វា។ សេចក្តីវេទនាទាំងប្រាំពីរបានធ្វើឲ្យផែនដីខ្ទេចខ្ទី និងបានសម្លាប់មនុស្សអាក្រក់ដែលកំពុងរស់នៅលើផែនដីស្លាប់អស់។ ឥឡូវនេះ ផែនដីគឺប្រៀបដូចជាផែនដីមុនពេលដែលព្រះអង្គបានបង្កបង្កើតរបស់សព្វសារពើនោះឯង (លោកុប្បត្តិ ១:២)។​ ផែនដីបានក្លាយជាគុករបស់សាតាំងក្នុងអំឡុង១០០០ឆ្នាំ ដែលរាស្ត្ររបស់ព្រះនៅឋានសួគ៌។ ពុំមានមនុស្សលោកណាទៀតនៅលើផែនដីនេះទុកឲ្យសាតាំងដឹកនាំឲ្យធ្វើបាបទៀតឡើយ។ ហេតុនោះ អ្វីៗដែលសាតាំង និងពួកអារក្សអាចធ្វើបានក្នុងអំឡុងគ្រានោះគឺមានតែគិតអំពីព្រឹត្តិការណ៍អាក្រក់ៗទាំងឡាយ ដែលបានកើតឡើងដោយសារតែការដែល ពួកវាបានបែរទៅប្រឆាំងព្រះនោះឯង។

ខគម្ពីរវិវរណៈ ២០:៤‑៦ កត់ត្រាអំពីរាស្ត្រដ៏បរិសុទ្ធរបស់ព្រះក្នុងអំឡុង១០០០ឆ្នាំ។ តើពួក​គេកំពុងនៅឯណាដែរនៅគ្រានោះ?

ក្នុងអំឡុង១០០០ឆ្នាំនោះ រាស្ត្ររបស់ព្រះរស់នៅក្នុងកន្លែងដែលព្រះយេស៊ូវបានរៀបចំទុកសំរាប់ពួកគេ។ ពួកគេអង្គុយលើបល្ល័ង្កដូចជាស្តេច និងពួកសង្ឃ ឬអ្នកដឹកនាំដ៏បរិសុទ្ធ។ ពួកគេជំនុំជំរះមនុស្សលោកដែលបានរស់នៅលើផែនដីនេះ។ ព្រះយេស៊ូវទ្រង់បានសន្យានឹងពួកអ្នកដើរតាមព្រះអង្គថា «អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រា‌​អែល​ទាំង​១២» (ម៉ាថាយ ១៩:២៨)។ លោកប៉ុលមានប្រសាសន៍ថា ពួកបរិសុទ្ធនឹងកាត់ទោសមនុស្សលោកដែលធ្លាប់បានរស់នៅលើផែនដី (កូរិនថូសទី១ ៦:២, ៣)។

នៅគ្រានោះ រាស្ត្ររបស់ព្រះនឹងក្រឡេកមើលសេចក្តីសម្រេចរបស់ព្រះ។ ជាយូរយារណាស់​មកហើយ សាតាំងបានបណ្តាលឲ្យមនុស្សលោកសង្ស័យថា ព្រះទ្រង់មិនយុត្តិធម៌ឡើយ។ ក្នុងអំឡុង​ពេល១០០០ឆ្នាំនោះ ព្រះទ្រង់អនុញ្ញាតឲ្យរាស្ត្ររបស់ព្រះអង្គសិក្សាអំពីកំណត់ត្រាទាំងឡាយនៃប្រវត្តិសាស្ត្រផែនដី។ ពួកគេនឹងរកឃើញចម្លើយទៅនឹងសំណួរទាំងអស់របស់ពួកគេអំពីមូលហេតុដែលមនុស្សខ្លះមិនបានសង្គ្រោះ។ ពួកគេក៏នឹងមានចម្លើយទៅនឹងសំណួរអំពីជីវិតផ្ទាល់របស់ពួកគេផងដែរ។ នៅ​ចុងបំផុតនៃរយៈពេល១០០០ឆ្នាំ សំណួរទាំងអស់របស់ពួកគេស្តីអំពីសេចក្តីសម្រេចដ៏យុត្តិធម៌របស់ព្រះក៏ត្រូវបានឆ្លើយប្រាប់ទុកជារៀងរហូត។ រាស្ត្ររបស់ព្រះនឹងឃើញថា អ្វីៗគ្រប់យ៉ាងដែលសាតាំងនិយាយអំពីព្រះសុទ្ធតែកុហកទាំងអស់។ បន្ទាប់មកទៀត ពួកគេក៏បានត្រៀមខ្លួនជាស្រេចធ្វើជាស្មរបន្ទាល់អំពីអ្វីដែលព្រះទ្រង់នឹងធ្វើចំពោះសាតាំង និងបរិវាររបស់វានៅក្រោយពេល១០០០ឆ្នាំនោះ។

ថ្ងៃពុធ ទី២៧ មីនា ឆ្នាំ២០១៩

ផ្ទៃមេឃថ្មី និងផែនដីថ្មី

ក្រោយពីរយៈពេល១០០០ឆ្នាំចប់ទៅ ព្រះទ្រង់នឹងបំផ្លាញអំពើបាបចោលទាំងស្រុង។ បន្ទាប់​មក ព្រះអង្គនឹងធ្វើឲ្យផែនដីនេះបានថ្មីឡើងវិញ។ ផែនដីថ្មីនឹងក្លាយជាលំនៅឋានដល់រាស្ត្ររបស់ព្រះ។ តើផែនដីថ្មីមានរូបភាពយ៉ាងដូចម្តេចដែរ?

ក្នុងខគម្ពីរវិវរណៈ ២១:១ លោកយ៉ូហានបានឃើញ «ផ្ទៃមេឃថ្មី និងផែនដីថ្មី»។ ពួកសាសន៍​យូដាជឿថា ស្ថានសួគ៌មានបីជាន់គឺ៖ ផ្ទៃមេឃ ក្រៅផ្ទៃមេឃ និងកន្លែងដែលព្រះទ្រង់គង់នៅ (សូមអាន​កូរិនថូសទី២ ១២:២)។ ក្នុងខគម្ពីរវិវរណៈ ២១:១ លោកយ៉ូហានចង់សំដៅដល់ស្ថានសួគ៌ជាន់ទី១ គឺ​ផ្ទៃមេឃ៖ ព្រះទ្រង់ធ្វើឲ្យមានផ្ទៃមេឃថ្មី ឬខ្យល់អាកាសឲ្យយើងដកដង្ហើម។ ពាក្យថា «ថ្មី» ក្នុងភាសាក្រេក​​ហៅថា «ខាយណស់»។ «ខាយណស់» មានន័យថា អ្វីៗដែលត្រូវបានកែលំអឲ្យប្រសើរឡើងជាងមុន។ «ខាយណស់» ពុំមែនមានន័យថា ព្រះទ្រង់បង្កើតអ្វីមួយឲ្យថ្មីដែលពុំធ្លាប់មានពីមុននោះឡើយ។ ទេ មិន​មែនទេ។ ព្រះទ្រង់នឹងសំអាតភពផែនដីនេះដោយភ្លើង។ បន្ទាប់មកទៀត ព្រះអង្គទ្រង់នឹងធ្វើវាឲ្យមានលក្ខណៈដើមដូចគ្រាមុនអំពើបាប ប៉ុន្តែល្អជាងនោះទៅទៀត។

រឿងដ៏គួរឲ្យចាប់អារម្មណ៍ដំបូងបង្អស់ដែលលោកយ៉ូហានមានប្រសាសន៍អំពីផែនដីថ្មីនោះគឺពុំមានសមុទ្រទៀតឡើយ។​ ពេលដែលលោកយ៉ូហានមានប្រសាសន៍ថា «គ្មានសមុទ្រទៀតឡើយ» (វិវរណៈ ២១:១) គឺលោកចង់សំដៅទៅលើសមុទ្រពិតៗ ដែលហ៊ុំព័ទ្ធរូបលោកនៅលើកោះប៉ាត់ម៉ុសនោះច្បាស់ណាស់។ កោះនេះគឺជារូបស័ព្ទតំណាងឲ្យអ្វីមួយដែលដក់ជាប់ក្នុងអារម្មណ៍របស់លោកក្នុងកាលដែលលោករស់នៅជាអ្នកទោសនៅទីនោះ។ លោកមានអារម្មណ៍ថា រស់នៅម្នាក់ឯង និងកើតទុក្ខ​ព្រួយ។ ហេតុនោះ សំរាប់លោកយ៉ូហាន ផែនដីថ្មីដែលគ្មានសមុទ្រមានន័យថា យើងនឹងមិនរស់នៅតែ​ម្នាក់ឯង និងមិនមានទុក្ខព្រួយទៀតឡើយ។

សូមអានអំពីផែនដីថ្មីនៅក្នុងខគម្ពីរវិវរណៈ ២១:២‑៨ និង វិវរណៈ ៧:១៥‑១៧។ តើផែនដីថ្មីដូចគ្នានឹងសួនអេដែនក្នុងលោកុប្បត្តិជំពូក២ដូចម្តេចខ្លះ?

បន្ទាប់ពីព្រះទ្រង់បានធ្វើឲ្យផែនដីថ្មីឡើងវិញហើយ រាស្ត្ររបស់ព្រះនឹងរស់នៅដោយគ្មានភ័យព្រួយនឹងរឿងទុក្ខវេទនា និងសេចក្តីស្លាប់ទៀតហើយ។ ព្រះទ្រង់នឹងគង់នៅជាមួយនឹងរាស្ត្ររបស់ព្រះអង្គជារៀងរហូត។ ការដែលព្រះទ្រង់គង់នៅជាមួយនឹងរាស្ត្ររបស់ព្រះអង្គជួយយើងឲ្យយល់ថា​ នឹងពុំមាន សេចក្តីវេទនា ឬសេចក្តីស្លាប់កើតឡើងទៀតឡើយ។ ការគង់នៅរបស់ព្រះជាមួយនឹងយើងនៅលើផែន​ដីថ្មីនឹងធ្វើឲ្យផែនដីប្រៀបបីដូចជាព្រះវិហារយ៉ាងដូច្នោះដែរ។

នឹងពុំមានទឹកភ្នែក សេចក្តីស្លាប់ ទុក្ខសោក យំយែក ឬការឈឺចាប់ទៀតឡើយ។ រឿងទាំងអស់នេះកើតឡើងដោយសារអំពើបាប។ កាលណាព្រះទ្រង់បញ្ចប់អំពើបាបលែងឲ្យកើតមានជារៀង​រហូត​ហើយ នោះ «សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​» (វិវរណៈ ២១:៤)។

ម៉ារា និងម៉ាថាយល់ថា ព្រះទ្រង់មានអំណាចដើម្បីធ្វើឲ្យទាំងអស់ត្រឡប់ជាថ្មីឡើងវិញ។ នៅ​ ពេល​ឡា​សារ ដែលត្រូវជាប្អូនប្រុសរបស់ពួកនាងបានស្លាប់ ម៉ាថាទូលទៅព្រះយេស៊ូវថា «ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ» (យ៉ូហាន ១១:២១)។ ពួកនាង​​ ដឹងថា សេចក្តីស្លាប់គ្មានអំណាចទេកាលណាព្រះយេស៊ូវគង់នៅទីនោះ។ ដូចគ្នានេះដែរ ព្រះទ្រង់នឹងគង់នៅជាមួយនឹងយើងរាល់គ្នានៅផែនដីថ្មី និងធានាដល់យើងរាល់គ្នាឲ្យរួចផុតពីការឈឺចាប់ និងទុក្ខវេទនា ដែលយើងកំពុងជួបប្រទះក្នុងជីវិតនេះ។ ព្រះយេស៊ូវទ្រង់បានសន្យាប្រទានក្តីសង្ឃឹមនេះឯង។

ថ្ងៃព្រហស្បតិ៍ ទី២៨ មីនា ឆ្នាំ២០១៩

ទីក្រុងយេរូសាឡិម

ក្នុងខគម្ពីរវិវរណៈ ២១:៩‑២១ លោកយ៉ូហានបានបង្ហាញឲ្យឃើញនូវរូបភាពរាជធានីនៃផែនដីថ្មីគឺ៖ ទីក្រុងយេរូសាឡិម។ តើរូបភាពខាងក្រៅនៃទីក្រុងមានទិដ្ឋភាពយ៉ាងដូចម្តេចដែរ?

ទីក្រុងយេរូសាឡិមថ្មីគឺជាឈ្មោះភរិយារបស់កូនចៀម។ លោកយ៉ូហានប្រើរូបស័ព្ទកូនក្រមុំនេះដើម្បីបង្ហាញប្រាប់យើងថា ទីក្រុងគឺជាភរិយារបស់កូនចៀម។ ទីក្រុងយេរូសាឡិមក៏ជាកន្លែង ដែលព្រះយេស៊ូវនឹងគង់នៅជាមួយនឹងរាស្ត្ររបស់ព្រះអង្គដែរ។ ទីក្រុងនេះមានកំផែងយ៉ាងខ្ពស់ព័ទ្ធជុំវិញ។ កំផែងនោះមានទ្វារចំនួន១២។ មានទ្វារចំនួន៣ តាមកំផែងប្រចាំទិសនីមួយៗពីក្នុងចំណោមទាំងបួន​ទិស។ រឿងនោះមានន័យថា លោកអ្នកអាចចូលទៅក្នុងក្រុងពីទិសខាងណាក៏បានដែរ។ វាបង្ហាញប្រាប់​យើងថា នៅក្នុងទីក្រុងយេរូសាឡិម គ្រប់គ្នាអាចចូលមករកព្រះបានគ្រប់ពេលវេលា។

ទីក្រុងក៏ត្រូវបានសាងសង់ឡើងតាមរចនាបទបួនជ្រុង(គូប) ដែលមានទទឹងបណ្តោយ និង​កំពស់ស្មើគ្នាទាំងអស់ គឺប្រៀបដូចជាប្រអប់មួយ។ នៅពេលដែលទទឹងបណ្តោយនិងកំពស់ស្មើគ្នាដូច្នេះ មានន័យថាវាគ្រប់លក្ខណ៍ល្អណាស់៖ «ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទី​ក្រុង ឃើញ​មាន​១២​ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កំពស់​ក៏​ស្មើ​គ្នា​ទាំង​អស់» (វិវរណៈ ២១:១៦)។ ១២ពាន់ស្តាដមានប្រវែងប្រមាណ២៤១៤គីឡូម៉ែត្រ។ តើមានអ្វីកើតឡើងប្រសិនបើយើងយកចំនួនជ្រុងទាំង១២ នៃទីក្រុងរាងគូបដ៏គ្រប់លក្ខណ៍ទៅគុណនឹងប្រវែង ១២ពាន់ស្តាដ? ដូច្នេះនាំឲ្យយើងបាន៖ ១២ជ្រុង គុណនឹង ១២០០០ស្តាដ ស្មើនឹង ១៤៤០០០ស្តាដ។ តួលេខ ១៤០០០ គឺជារូបស័ព្ទតំណាងឲ្យពួកបរិសុទ្ធ ១៤៤០០០នាក់​នៅ​ក្នុងខគម្ពីរវិវរណៈ ១៤:១‑៥ ដែលកំពុងរស់នៅលើផែនដីនៅពេលនៃការយាងមកវិញលើកទីពីរ។ យើង​តោងនឹកចាំថា​ទីបរិសុទ្ធបំផុតនៅក្នុងព្រះវិហារគម្ពីរសញ្ញាចាស់ក៏មានរាងបួនជ្រុងគូបដែរ៖ មានបណ្តោយ ២០ហត្ថ ទទឹង២០ហត្ថ និងកំពស់២០ហត្ថ (ពង្សាវតារក្សត្រទី១ ៦:២០)។ រាងបួនជ្រុងគូប​នៃទីក្រុងយេរូសាឡិមជួយយើងឲ្យឃើញថា ទីក្រុងបរិសុទ្ធក៏មានអត្ថន័យដូចជាទីបរិសុទ្ធបំផុតដែរ។ ហេតុនោះ ទីក្រុងយេរូសាឡិមនឹងក្លាយជាមជ្ឈមណ្ឌលនៃការថ្វាយបង្គំព្រះរបស់យើង។

តើទិដ្ឋភាពខាងក្នុងទីក្រុងយេរូសាឡិមថ្មី ក្នុងខគម្ពីរវិវរណៈ ២១:២១‑២២:៥ ដូចគ្នានឹង​សួន​អេដែនយ៉ាងណាដែរ? តើខគម្ពីរដែលចែងថា «គ្រា​នោះ​នឹង​គ្មាន​សេចក្ដី​បណ្តាសា​ទៀត​ឡើយ» មានអត្ថន័យដូចម្តេចដែរ (វិវរណៈ ២២:៣)?

មានទន្លេជីវិតក៏ហូរចេញពីបល្ល័ង្ករបស់ព្រះចុះទៅដល់កណ្តាលទីក្រុង (វិវរណៈ ២២:១,​ ២, កាឡាទី ២:១០)។ ដើមជីវិតក៏ដុះនៅតាមសងខាងទន្លេនោះដែរ។ រាស្ត្ររបស់ព្រះប្រើស្លឹករបស់ដើម​ជីវិត​សំរាប់ព្យាបាល (វិវរណៈ ២២:២)។ ពុំមានជម្ងឺរោគាកើតឡើងនៅលើផែនដីថ្មីទេ។ ប៉ុន្តែរាស្ត្ររបស់ព្រះប្រើស្លឹកឈើជីវិតដើម្បីព្យាបាលការឈឺចាប់ដែលអំពើបាបបានបង្កឡើងដល់ពួកគេក្នុងអតីតកាល។

ថ្ងៃសុក្រ ទី២៩ មីនា ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “Without a wedding garment,” pages 307-319; “Desolation of the Earth,” pages 653-661; “The Controversy Ended,” pages 662-678 in The Great Controversy.

កណ្ឌគម្ពីរវិវរណៈបញ្ចប់ជាមួយនឹងសេចក្តីសន្យាដដែល ដូចដែលបានចាប់ផ្តើមដែរ៖ សេចក្តីសន្យានៃការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ និងនគររបស់ព្រះអង្គដែលឋិតថេរជារៀងរហូត។ ការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវគឺជាផ្នែកដ៏សំខាន់បំផុតនៃគម្ពីរនេះ។

ព្រះយេស៊ូវនឹងយាងមកឆាប់ៗ។ យើងបន្តរង់ចាំព្រះអង្គយាងមកវិញ។ ខណៈដែលយើងកំពុង​រង់ចាំ យើងតោងយល់ឲ្យបានច្បាស់អំពីសារនៅក្នុងគម្ពីរវិវរណៈ។ យើងអាចយល់ដឹងបានដោយសារការអានកណ្ឌគម្ពីរនេះម្តងហើយម្តងទៀត រហូតទាល់តែប្រវត្តិសាស្ត្រនៃផែនដីនេះដល់ទីបញ្ចប់។ ក្នុងខណៈ​ដែលយើងកំពុងរង់ចាំ សារទាំងឡាយនៅក្នុងគម្ពីរវិវរណៈក៏ជួយយើងឲ្យនឹកចាំពីចំណុចសំខាន់ៗ​មួយ​ចំនួនផងដែរ៖ ១) យើងតោងទន្ទឹងរង់ចាំព្រះយេស៊ូវ ដែលជាក្តីសង្ឃឹមតែមួយរបស់យើង។ ២) ព្រះយេស៊ូវគឺជាចម្្លើយទៅនឹងអ្វីៗគ្រប់យ៉ាងដែលចិត្តរបស់យើងប្រាថ្នាចង់បានក្នុងជីវិត។ និង ៣) ព្រះយេស៊ូវមាន​អនាគតនៃផែនដីនេះ និង អនាគតផ្ទាល់របស់យើងនៅក្នុងព្រះហស្តរបស់ព្រះអង្គ។

កណ្ឌគម្ពីរវិវរណៈជួយយើងឲ្យនឹកចាំរឿងសំខាន់ៗមួយចំនួនទៀតដែលយើងត្រូវធ្វើនៅមុនពេលដែលប្រវត្តិសាស្ត្រផែនដីត្រូវចប់។ ព្រះទ្រង់បានប្រទានកិច្ចការផ្សព្វផ្សាយសារដំណឹងល្អដែលប្រាប់ថា ព្រះអង្គនឹងយាងមកឆាប់ៗនេះហើយ ដល់មនុស្សទាំងអស់នៅលើផែនដីនេះ។ យើងមិនត្រូវរង់ចាំដោយមិនធ្វើអ្វីសោះរហូតដល់គ្រានោះឡើយ។ យើងត្រូវតែចែកចាយសារដ៏ពិសេសរបស់ព្រះសំរាប់គ្រា ឥឡូវនេះ។ «ព្រះ‌វិញ្ញាណ និង​ប្រពន្ធ​ថ្មោង‌ថ្មី​ពោល​ថា អញ្ជើញ​មក» (វិវរណៈ ២២:១៧)។ យើងត្រូវតែចូលរួមជាមួយនឹងព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ក្នុងការចែកចាយសេចក្តីអញ្ជើញរបស់ព្រះដល់មនុស្សដទៃទៀត។ ព្រះគម្ពីរបានហៅសេចក្តីអញ្ជើញនេះថា ដំណឹងល្អអំពីព្រះយេស៊ូវ។ យើងត្រូវប្រកាស ដំណឹងល្អនេះប្រាប់ទៅមនុស្សទាំងអស់នៅលើផែនដី។

សំនួរពិភាក្សា៖
  1. សូមគិតអំពីរយៈពេល១០០០ឆ្នាំ និងការជំនុំជំរះដែលកើតឡើងបន្ទាប់ពីរយៈពេល១០០០ឆ្នាំនោះចប់។ ព្រះទ្រង់បានប្រទានពេល១០០០ឆ្នាំដល់អស់អ្នកដែលត្រូវបានសង្គ្រោះ ឲ្យសួរដេញដោលមុនពេលព្រះអង្គដាក់ទោសមនុស្សដែលបានបែរចេញពីព្រះអង្គ។ តើរឿងនោះប្រាប់យើងអ្វីខ្លះអំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះដល់យើងរាល់គ្នា?

  2. ខគម្ពីរវិវរណៈ ១:៣ បានសន្យាប្រទានពរដល់អ្នកណាដែលស្តាប់ អាន ធ្វើតាម និងស្តាប់បង្គាប់​តាមការដាស់តឿន និងសារទាំងឡាយនៅក្នុងគម្ពីរវិវរណៈ។ តើលោកអ្នកបានរៀនអ្វីខ្លះពីគម្ពីរវិវរណៈដើម្បីឲ្យលោកអ្នកយកមកអនុវត្តតាម និងស្តាប់បង្គាប់តាមនោះ?
Powered by CAM