ថ្ងៃសៅរ៍ ទី២១ កញ្ញា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កូរិនថូសទី២ ២:១៦, វិវរណៈ ១២:១៧, ពេត្រុសទី១ ២:១២, អេភេសូរ ២:១៩, ហេព្រើរ ១០:២៣‑២៥។
ខចងចាំ៖ «ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់» (ហេព្រើរ ១០:២៣)។
ព្រះយេស៊ូវទ្រង់បានប្រទានកិច្ចការឲ្យយើងធ្វើ មុនពេលដែលព្រះអង្គយាងមកវិញ។ ហេតុនោះ វាជាការសំខាន់ណាស់សម្រាប់យើងក្នុងការធ្វើការជាមួយនឹងមនុស្សដទៃទៀតក្នុងពួកជំនុំ។ ដោយសារការសហការគ្នាធ្វើកិច្ចការរបស់យើងសម្រេចបានកាន់តែងាយស្រួលឡើង។ យើងបានរៀនរួចមកហើយអំពីបញ្ហាដែលយើងត្រូវដោះស្រាយកាលណាយើងជួយដល់មនុស្សទ័លក្រ និងខ្វះខាត។ ប៉ុន្តែ កាលណាយើងធ្វើការជាអ្នកជឿព្រះដូចគ្នា យើងអាជធ្វើឲ្យកិច្ចការរបស់យើងកាន់តែប្រសើរឡើង។ ដូច្នេះ យើងនឹងក្លាយជាព្រះពរកាន់តែធំឡើងដើម្បីជួយដល់មនុស្សដែលនៅជុំវិញយើង។
យើងតោងតែប្រុងប្រយ័ត្ន។ កាលណាយើងជួបជុំគ្នាជាពួកជំនុំ ជួនកាលយើងងាយនឹងភ្លេចពីមូលហេតុដែលព្រះទ្រង់បង្កើតពួកជំនុំឡើងមក។ ហេតុផលដែលព្រះទ្រង់បង្កើតពួកជំនុំឡើងពីព្រោះព្រះអង្គចង់ឲ្យពួកជំនុំបម្រើមនុស្សលោកក្នុងសហគមន៍របស់យើង។ ក្នុងនាមជាពួកជំនុំ យើងតោងតែយកចិត្តទុកដាក់ចំពោះមនុស្សដែលកំពុងរងទុក្ខវេទនាដែលនៅជុំវិញយើង។ យើងតោងតែធ្វើនូវអ្វីដែលព្រះយេស៊ូវបានសូមឲ្យយើងធ្វើ។ យើងតោងតែចែកចាយដំណឹងល្អអំពីព្រះអង្គដល់មនុស្សដទៃទៀត។ ក្នុងពេលដំណាលគ្នានេះ យើងក៏ត្រូវតែជួយដល់មនុស្សដែលស្រេកឃ្លាន តែលតោល និងក្រីក្រផងដែរ។
ពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទទាំងឡាយគឺជារូបកាយរបស់ព្រះយេស៊ូវ (កូរិនថូសទី១ ១២:១២‑២០)។ ហេតុនោះ យើងគួរធ្វើកិច្ចការដូចជាព្រះអង្គបានធ្វើ។ យើងតោងតែធ្វើជាដៃ ជាជើង និងជាចិត្តរបស់ព្រះយេស៊ូវនៅលើផែនដីសព្វថ្ងៃនេះ។
ថ្ងៃអាទិត្យ ទី២២ កញ្ញា ឆ្នាំ២០១៩
ក្លិនក្រអូបនៃជីវិត
យើងបានអានអំពីពួកគ្រីស្ទានដំបូងៗនៅក្នុងកណ្ឌគម្ពីរកិច្ចការ។ ពួកគេបានចាប់ផ្តើមសហគមន៍ថ្មីមួយ។ សហគមន៍នេះមានលក្ខណៈខុសប្លែកពីសហគមន៍ដទៃទៀតនៅលើផែនដីនេះ។ សហគមន៍គ្រីស្ទានបានយកចិត្តទុកដាក់ថែរក្សាដល់សមាជិកដែលរងការខ្វះខាតនៅក្នុងពួកជំនុំរបស់ពួកគេ។ ពួកគ្រីស្ទានទាំងឡាយក៏បានជួយដល់មនុស្សដែលពុំមែនជាសមាជិកនៃពួកជំនុំរបស់គេដែរ។ ពួកគេគ្រីស្ទានទាំងឡាយបានអញ្ជើញមនុស្សទាំងឡាយដែលពួកគេបានជួយឲ្យចូលរួមក្នុងពួកជំនុំរបស់ពួកគេ។
លោកប៉ុលបានប្រើរូបស័ព្ទជាច្រើនដើម្បីបង្ហាញប្រាប់យើងអំពីរបៀបដែលពួកអ្នកជឿគម្ពីរសញ្ញាថ្មីបានធ្វើឲ្យសហគមន៍របស់ពួកគេកាន់តែប្រសើរឡើង។ លោកប៉ុលមានប្រសាសន៍ថា ពួកអ្នកជឿគម្ពីរសញ្ញាថ្មីគឺជា «យញ្ញបូជាដ៏រស់ និងបរិសុទ្ធ» (រ៉ូម ១២:១)។ ពួកអ្នកជឿទាំងនេះគឺជាយញ្ញបូជាដែលបានថ្វាយទៅព្រះជាម្ចាស់។ លោកប៉ុលក៏មានប្រសាសន៍ផងដែរថា រាស្ត្ររបស់ព្រះគឺជារូបកាយរបស់ព្រះយេស៊ូវ (កូរិនថូសទី១ ១២:១២‑២០)។ រាស្ត្ររបស់ព្រះគឺជាអ្នកនាំសាររបស់ព្រះអង្គ (កូរិនថូសទី២ ៥:១៨‑២០)។ ពួកគេប្រៀបដូចជាទឹកអប់ដែលមានក្លិនក្រអូប (កូរិនថូសទី២ ២:១៤‑១៦)។ រូបស័ព្ទទាំងនេះបង្ហាញប្រាប់យើងថា ពួកគ្រីស្ទានទាំងឡាយគឺជាឧទាហរណ៍អំពីនគររបស់ព្រះ។
ចូរគិតអំពីរូបស័ព្ទទាំងឡាយរបស់លោកប៉ុលដែលតំណាងឲ្យគ្រីស្ទាន។ តើលោកអ្នកចូលចិត្តរូបស័ព្ទណាមួយ? ហេតុអ្វី? តើរូបស័ព្ទណាមួយដែលបង្ហាញប្រាប់អំពីរូបភាពរបស់ព្រះបានល្អជាងគេបំផុត ដែលលោកអ្នកប្រាថ្នាចង់បង្ហាញប្រាប់ដល់សហគមន៍របស់លោកអ្នក?
តើលោកអ្នកឃើញទេថា រូបស័ព្ទទាំងឡាយរបស់លោកប៉ុលនីមួយៗបង្ហាញប្រាប់យើងពីរចំណុច។ រូបស័ព្ទនីមួយៗបង្ហាញប្រាប់យើងថា រាស្ត្ររបស់ព្រះគឺជាអ្នកណា និងអ្វីដែលពួកគេត្រូវធ្វើថ្វាយព្រះ។ សូមនឹកចាំថា យើងមិនអាចធ្វើអ្វីមួយដើម្បីដូរយកសេចក្តីអាណិតអាសូររបស់ព្រះបានឡើយ។ ព្រះទ្រង់សង្គ្រោះយើងដោយសារតែយើងមានសេចក្តីជំនឿលើសេចក្តីសុគតរបស់ព្រះយេស៊ូវសម្រាប់អំពើបាបរបស់យើង។ យើងបម្រើព្រះដោយសារតែព្រះអង្គសង្គ្រោះយើង។
រូបស័ព្ទរបស់លោកប៉ុលបង្ហាញប្រាប់យើងថា នគរព្រះគឺប្រៀបដូចជារបស់ទាំងអស់នោះហើយ។ នគរព្រះគឺជានគរនៃសេចក្តីស្រឡាញ់ និងព្រះគុណ។ ព្រះគុណគឺជាសេចក្តីមេត្តា សេចក្តីអត់ឱនទោស និងអំណាចឈ្នះលើអំពើបាបរបស់ព្រះសម្រាប់យើង។ តើនឹងមានអ្វីកើតឡើងកាលណាយើងបង្ហាញព្រះគុណរបស់ព្រះដល់មនុស្សដទៃទៀត? យើងបង្ហាញថា ឥឡូវនេះយើងគឺជាផ្នែកមួយនៃនគររបស់ព្រះ។ យើងក៏បង្ហាញដល់មនុស្សទាំងឡាយផងដែរអំពីគំរូមួយនៃនគរឋានសួគ៌។ គំរូបរបស់យើងជួយមនុស្សទាំងឡាយឲ្យឃើញថា ព្រះទ្រង់នឹងបំផ្លាញសេចក្តីអាក្រក់នៅទីបញ្ចប់។ ក្នុងនាមជាអ្នកនាំសាររបស់ព្រះយេស៊ូវ យើងអាចរស់នៅតាមសេចក្តីពិត ដោយមានសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងពួកជំនុំរបស់យើងផ្ទាល់។ យើងអាចបង្ហាញប្រាប់ថា ព្រះទ្រង់យុត្តិធម៌។ យើងអាចបង្ហាញសេចក្តីពិតនេះដល់មនុស្សទាំងឡាយដែលយើងបម្រើនៅក្នុងជីវិតនេះបាន។
សូមអានកូរិនថូសទី២ ២:១៦។ តើក្លិនទាំងពីរនៅក្នុងខនេះខុសគ្នាត្រង់ណាខ្លះ? តើយើងអាចដឹងថា ជាក្លិនណាមួយដោយរបៀបណា?
ថ្ងៃច័ន្ទ ទី២៣ កញ្ញា ឆ្នាំ២០១៩
រាស្ត្រពិសេសរបស់ព្រះនាគ្រាចុងក្រោយ
ពួកជំនុំពិសេសរបស់ព្រះនាគ្រាចុងក្រោយមានឈ្មោះថា រាស្ត្រសំណល់។ រាស្ត្រសំណល់គឺជារូបស័ព្ទតំណាងឲ្យសំណល់ក្រណាត់មួយចំណែកដែលសល់ពីដុំក្រណាត់ធំ។ ខគម្ពីរវិវរណៈ ១២:១៧ បង្ហាញប្រាប់យើងថា រាស្ត្រសំណល់របស់ព្រះជាអ្នកណា៖ ពួកគេ «ជាពួកអ្នកដែលកាន់តាមបញ្ញាត្តិព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ» (វិវរណៈ ១២:១៧)។ រឿងព្រះគម្ពីរជាច្រើនបង្ហាញប្រាប់យើងអំពីសកម្មភាពរបស់រាស្ត្រសំណល់របស់ព្រះ។ រឿងទាំងនេះក៏បង្ហាញប្រាប់យើងផងដែរអំពីរបៀបដែលរាស្ត្រសំណល់របស់ព្រះបម្រើដល់មនុស្សដទៃទៀត។
ម៉ូសេគឺជាគំរូដ៏មានអំណាចម្យ៉ាង។ លោកបានបង្ហាញប្រាប់យើងអំពីរបៀបដែលរាស្ត្រសំណល់ចុងក្រោយគួរប្រព្រឹត្ត។ សូមអានអំពីលោកម៉ូសេនៅក្នុងខគម្ពីរនិក្ខមនំ ៣២:១‑១៤។ តើលោកម៉ូសេមានលក្ខណៈដូចគ្នានឹងរាស្ត្រសំណល់របស់ព្រះនៅក្នុងវិវរណៈ ១២:១៧ យ៉ាងដូចម្តេចខ្លះ?
ព្រះទ្រង់ខឹងសម្បានឹងសាសន៍អ៊ីស្រាអែលយ៉ាងខ្លាំង។ ព្រះអង្គចង់បំផ្លាញពួកគេចោល។ បន្ទាប់មកព្រះអង្គចង់ប្រទាននូវអ្វីៗគ្រប់យ៉ាងដែលព្រះអង្គសន្យានឹងលោកអ័ប្រាហាំឲ្យដល់លោកម៉ូសេ និងក្រុមគ្រួសាររបស់លោកវិញ។ ព្រះទ្រង់បានសន្យាថា នឹងធ្វើឲ្យពូជពង្សរបស់លោកអ័ប្រាហាំជារាស្ត្រដ៏មានអំណាចយ៉ាងខ្លាំងក្លា (និក្ខមនំ ៣២:១០)។
ប៉ុន្តែ លោកម៉ូសេបានបដិសេធ។ លោកម៉ូសេបានទូលប្រាប់ព្រះជាម្ចាស់សូមកុំឲ្យបំផ្លាញរាស្ត្ររបស់ព្រះអង្គ។ ប្រសិនបើព្រះអង្គធ្វើយ៉ាងដូច្នោះ នោះមនុស្សទាំងឡាយដែលពុំស្គាល់ព្រះនឹងមើលមកព្រះអង្គថាជាព្រះអាក្រក់ (និក្ខមនំ ៣២:១១‑១៣)។ ប៉ុន្តែ លោកម៉ូសេពុំឈប់ពណ៌នាត្រឹមប៉ុណ្ណឹងទេ។ ប្រសិនបើបន្តអានតមកទៀត លោកអ្នកនឹងឃើញថា លោកម៉ូសេបានដឹឹកនាំរាស្ត្ររបស់ព្រះអង្គចេញពីស្រុកអេស៊ីព្ទ។ កិច្ចការរបស់លោកម៉ូសេគឺពុំមែនងាយស្រួលទេ។ មិនយូរប៉ុន្មានក្រោយពេលដែលលោកម៉ូសេបាននាំរាស្ត្ររបស់ព្រះឲ្យមានសេរីភាព តើមានអ្វីកើតឡើងខ្លះ? ពួកគេបានចាប់ផ្តើមរអ៊ូរទាំ។ ប៉ុន្តែតើលោកម៉ូសេបានធ្វើអ្វីខ្លះ? តើលោកបានរអ៊ូរទាំដាក់ពួកគេទេ? អត់ទេ។ តើលោកបានទូលប្រាប់ទៅ ព្រះជាម្ចាស់ឲ្យបំផ្លាញរាស្ត្ររបស់ព្រះឬ? អត់ទេ។ លោកម៉ូសេមានប្រសាសន៍ថា «តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះអំពើបាបរបស់គេផង ពុំនោះសោត សូមលុបឈ្មោះទូលបង្គំពីបញ្ជីដែលទ្រង់បានកត់ទុកចេញដែរ» (និក្ខមនំ ៣២:៣២)។ អីក៏អស្ចារ្យម៉្លេះ! លោកម៉ូសេសុខចិត្តថ្វាយជីវិតដ៏នៅអស់កល្បរបស់លោកដើម្បីសង្គ្រោះរាស្ត្ររបស់ព្រះ! លោកម៉ូសេគឺជាគំរូអំពីសេចក្តីស្រឡាញ់ដ៏មានអំណាចមួយសម្រាប់រាស្ត្រដែលមិនស័ក្តិសមនឹងសេចក្តីស្រឡាញ់នោះ។ លោកម៉ូសេក៏ជារូបស័ព្ទដ៏មានអំណាចមួយតំណាងឲ្យផែនការរបស់ព្រះដើម្បីសង្គ្រោះយើងដែរ!
«លោកម៉ូសេបានសូមឲ្យព្រះជាម្ចាស់សង្គ្រោះសាសន៍អ៊ីស្រាអែល។ សេចក្តីស្រឡាញ់របស់លោកម៉ូសេសម្រាប់រាស្ត្ររបស់ព្រះគឺខ្លាំងក្លាណាស់ ដែលធ្វើឲ្យលោកមានសេចក្តីក្លាហាន។ លោកបានខ្វល់ខ្វាយនឹងរាស្ត្ររបស់ព្រះខ្លាំងណាស់។ លោកម៉ូសេបានធ្វើរឿងជាច្រើនដើម្បីសង្គ្រោះពួកគេ។ ព្រះអម្ចាស់ក៏បានស្តាប់តាមសេចក្តីអធិដ្ឋានដ៏មិនអាត្មានិយមរបស់លោកម៉ូសេ។ ព្រះអម្ចាស់បានឆ្លើយតបការទូលសូមរបស់លោក។ ព្រះទ្រង់បានសាកល្បងដល់លោកម៉ូសេ។ ការសាកល្បងនេះបង្ហាញឲ្យឃើញ នូវទឹកចិត្តពិតប្រាកដរបស់លោកម៉ូសេ ដែលពោរពេញដោយសេចក្តីជំនឿលើព្រះ និងលើសេចក្តីស្រឡាញ់សម្រាប់រាស្ត្ររបស់ព្រះអង្គ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 319, adapted ។
ថ្ងៃអង្គារ ទី២៤ កញ្ញា ឆ្នាំ២០១៩
ការនាំមនុស្សទាំងឡាយមកឯព្រះយេស៊ូវ
ជួនកាល ពួកជំនុំជាច្រើនបានជជែកគ្នាអំពីកិច្ចការដែលពួកគេគួរធ្វើ។ តើពួកគេតែចែកចាយដំណឹងល្អឬទេ? ឬ តើពួកគេគួរជួយមនុស្សនៅក្នុងសហគមន៍របស់ពួកគេដែរឬទេ? ដើម្បីបានចម្លើយដែលត្រឹមត្រូវ យើងតោងតែយល់អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើនៅលើផែនដីនេះសិន។ កិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដីបង្ហាញប្រាប់យើងថា ការផ្សព្វផ្សាយដំណឹងល្អ និងការជួយដល់មនុស្សដទៃទៀតគឺជាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។
អ្នកស្រីអែល្លិន ជី វ៉ៃត៍ បានមានប្រសាសន៍យ៉ាងច្បាស់ពន្យល់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធនេះ។ «ផែនការរបស់ព្រះយេស៊ូវនឹងផ្តល់ឲ្យយើងនូវជោគជ័យពិតប្រាកដ។ វាគឺជាផែនការតែមួយគត់ដែលនឹងជួយយើងឲ្យសង្គ្រោះមនុស្សលោក។ ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះរបស់យើង។ ព្រះអង្គបានចំណាយពេលជាមួយមនុស្សទាំងឡាយ។ ព្រះអង្គចង់ដឹងអំពីសេចក្តីត្រូវការរបស់ពួកគេ។ ព្រះអង្គបានបង្ហាញទៅពួកគេថា ព្រះអង្គយកព្រះទ័យទុកដាក់នឹងពួកគេ។ ព្រះអង្គបានបម្រើដល់ពួកគេ និងបានឆ្លើយតបតាមសេចក្តីត្រូវការរបស់ពួកគេ។ ពួកគេបានជឿទុកចិត្តលើព្រះអង្គ។ បន្ទាប់មក ព្រះអង្គបានប្រាប់ពួកគេថា ‘ចូរមកតាមខ្ញុំចុះ’...។
«យើងតោងតែជួយដល់មនុស្សទ័លក្រដែលកំពុងខ្វះខាត។ យើងតោងតែមើលថែដល់អ្នកជម្ងឺ។ យើងតោងតែកម្សាន្តចិត្តដល់អស់អ្នកដែលមានទុក្ខព្រួយ និងអ្នកដែលសោកសង្រេងដោយសារបាត់បង់មនុស្សជាទីស្រឡាញ់។ យើងតោងតែបង្រៀនដល់មនុស្សដែលពុំទាន់ស្គាល់ និងយល់ពីសេចក្តីពិតនៅមួយឡើយ។ យើងតោងតែផ្តល់ឱវាទល្អៗដល់មនុស្សដែលកំពុងត្រូវការ។ យើងតោងតែយំជាមួយមនុស្សដែលកំពុងស្រក់ទឹកភ្នែក។ យើងតោងតែមានចិត្តពេញដោយសេចក្តីអំណរនឹងមនុស្សដែលកំពុងមានសេចក្តីអំណរ»។ ដកស្រង់ពី Ellen g. White, The Ministry of Healing, page 143, adapted ។
យើងបានឃើញរួចមកហើយថា ការចែកចាយដំណឹងល្អ និងការជួយដល់មនុស្សទាំងឡាយគឺជាផ្នែកដ៏សំខាន់នៃកិច្ចការរបស់ព្រះយេស៊ូវ និងនគររបស់ព្រះអង្គ។ ព្រះយេស៊ូវបានធ្វើឲ្យក្បួនច្បាប់នៃនគរព្រះអង្គដ៏សំខាន់ទាំងពីរនេះជាផ្នែកមួយនៃកិច្ចការដែលព្រះអង្គបានប្រគល់ដល់ពួកអ្នកដើរតាមព្រះអង្គ។ «ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ» (ម៉ាថាយ ១០:៧)។ បន្ទាប់មកព្រះយេស៊ូវបានប្រាប់ទៅពួកគេថា «ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ» (ម៉ាថាយ ១០:៨)។ ហេតុនោះ តើអ្វីទៅដែលជាវិធីដ៏វិេសសបំផុតមួយក្នុងការផ្សាយដំណឹងល្អដល់មនុស្សដទៃនោះ? ចម្លើយគឺ ការយកចិត្តទុកដាក់ដល់សេចក្តីត្រូវការរបស់ពួកគេ។
សូមអានខគម្ពីរ ពេត្រុសទី១ ២:១២ និងភីលីព ២:១៥។ ក្នុងខទាំងនេះ លោកពេត្រុស និងលោកប៉ុលប្រាប់យើងថា ការប្រព្រឹត្តល្អរបស់យើងមានអំណាចក្នុងការធ្វើបន្ទាល់អំពីព្រះប្រាប់ដល់មនុស្សទាំងឡាយ? តើដោយរបៀបណា?
បំណងរបស់យើងយើងដែលចង់បានសេចក្តីយុត្តិធម៌ និងចង់ចែកចាយដំណឹងល្អគឺចាប់ផ្តើមចេញពីការយល់ដឹងរបស់យើងដែលថា ព្រះទ្រង់ស្រឡាញ់មនុស្សមានបាប។ បន្ទាប់មក យើងធ្វើការជាមួយនឹងព្រះជាម្ចាស់ដើម្បីជួយដល់មនុស្សដទៃទៀតដោយប្រើអំណោយទានទាំងឡាយដែលព្រះអង្គប្រទានដល់យើង។
ថ្ងៃពុធ ទី២៥ កញ្ញា ឆ្នាំ២០១៩
សេចក្តីមេត្តា និងសេចក្តីអត់ឱនទោសគ្នាក្នុងពួកជំនុំ
សូមក្រឡេកមើលខគម្ពីរយ៉ូប ១:៨។ នៅក្នុងខនេះ ព្រះទ្រង់មានបន្ទូលថា លោកយ៉ូបគឺជាមនុស្សដែលមានសេចក្តីជំនឿ និងស្តាប់បង្គាប់។ ភាពស្មោះត្រង់របស់លោកយ៉ូបចំពោះព្រះជាម្ចាស់បង្ហាញឲ្យឃើញថា វិធីទាំងឡាយរបស់ព្រះគឺជាល្អត្រឹមត្រូវ។ ព្រះទ្រង់បានប្រព្រឹត្តដោយយុត្តិធម៌ចំពោះបាបជន។ លោកប៉ុលបានប្រាប់យើងថា ពួកជំនុំក៏ជាគំរូមួយដែលត្រូវបង្ហាញប្រាប់ទៅមនុស្សទាំងឡាយថាព្រះទ្រង់ជាអ្នកណា៖ «ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ» (អេភេសូរ ៣:១០)។
សូមអានអេភេសុរ ២:១៩។ នៅក្នុងខនេះ លោកប៉ុលមានប្រសាសន៍អំពី «ពួកដំណាក់ព្រះ (គ្រួសាររបស់ព្រះ)»។ «ពួកដំណាក់ព្រះ» គឺជារូបស័ព្ទតំណាងឲ្យពួកជំនុំរបស់ព្រះ។ តើរូបស័ព្ទនេះជួយយើងឲ្យយល់ដូចម្តេចខ្លះថា ពួកជំនុំរបស់ព្រះគឺជាអ្វី និងគួរប្រព្រឹត្តបែបណាខ្លះនោះ?
ប្រសិនបើលោកអ្នកចង់ដឹងអំពីសហគមន៍ណាមួយ ចូរក្រឡេកមើលមនុស្សដែលរស់នៅក្នុងសហគមន៍នោះចុះ។ តើសហគមន៍មានសន្តានចិត្តល្អចំពោះមនុស្សដែលរស់នៅក្នុងនោះដែរឬអត់? ចម្លើយទៅនឹងសំណួរនេះនឹងប្រាប់យើងអំពីគោលជំនឿរបស់សហគមន៍នោះ។ យើងគឺជាពួកដំណាក់ព្រះ ឬគ្រួសាររបស់ព្រះ។ យើងគឺជារូបកាយរបស់ព្រះយេស៊ូវ។ យើងគឺជាសហគមន៍នៃពួកអ្នកជឿដែលស្ថិតនៅក្រោមអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះទ្រង់រំពឹងចង់ឃើញពួកជំនុំរបស់ព្រះអង្គបានប្រព្រឹត្តនូវរឿងដ៏ប្រពៃទាំងឡាយ។ ហេតុនោះ ក្នុងនាមជាពួកជំនុំ យើងត្រូវរស់នៅជាគំរូអំពីសេចក្តីស្រឡាញ់របស់ព្រះ។
យើងគួរតែធ្វើអ្វីៗទាំងអស់ទៅតាមក្បួនច្បាប់នៃនគររបស់ព្រះ។ ព្រះទ្រង់យុត្តិធម៌។ យើងក៏ត្រូវតែមានសេចក្តីយុត្តិធម៌ដូចព្រះអង្គដែរ។ ព្រះអង្គគឺជាព្រះនៃសេចក្តីមេត្តា និងសេចក្តីអត់ឱនទោស។ ព្រះអង្គគឺជាព្រះនៃសេចក្តីស្រឡាញ់។ យើងក៏គួរតែបង្ហាញសេចក្តីមេត្តា និងសេចក្តីអត់ឱនទោសដែរ។ ហើយយើងក៏គួរតែស្រឡាញ់ដល់មនុស្សដទៃទៀតដែរ។ ពួកមេដឹកនាំនៃពួកជំនុំទាំងឡាយគួរតែអនុវត្តតាមក្បួនច្បាប់នៃនគររបស់ព្រះលើរាល់ការសម្រេចចិត្តទាំងអស់។ យើងក៏គួរតែយកក្បួនច្បាប់នៃនគររបស់ព្រះមកដោះស្រាយបញ្ហាទាំងឡាយដែលកើតឡើងរវាងពួកជំនុំដែរ។ យើងតោងតែមានចិត្តល្អចំពោះគ្នាទៅវិញទៅមក។ ប្រសិនបើយើងធ្វើមិនបាន តើយើងអាចធ្វើល្អដាក់អ្នកដទៃទៀតដែលមិនទាន់ជាសមាជិកពួកជំនុំដូចម្តេចនឹងកើតទៅ?
ពួកជំនុំក៏គួរតែមានសន្តានចិត្តល្អចំពោះពួកអ្នកបម្រើព្រះដែរ។ យើងតោងតែប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយស្មើភាពគ្នា។ ព្រះវិហារទាំងឡាយគួរតែជាកន្លែងដែលផ្តល់នូវសុវត្ថិភាព។ សមាជិកពួកជំនុំគួរតែធ្វើអ្វីៗដែលពួកគេអាចដើម្បីការពារដល់សមាជិករបស់ខ្លួនឲ្យរួចពីគ្រោះថ្នាក់ទាំងឡាយ។ សូមនឹកចាំថា នៅក្នុងពួកជំនុំគម្ពីរសញ្ញាថ្មី សមាជិកទាំងឡាយបានជួយគ្នាឧបត្ថម្ភគាំទ្រដល់សមាជិកគ្រួសារដទៃផ្សេងទៀតដែលកំពុងរងការខ្វះខាត។ ព្រះយេស៊ូវបានបញ្ជាយើងឲ្យធ្វើរឿងដូចគ្នានេះដែរ។ សេចក្តីស្រឡាញ់នេះនឹងបង្ហាញប្រាប់ទៅមនុស្សដទៃទៀតអំពីសេចក្តីជំនឿរបស់យើងដែលមានចំពោះព្រះជាម្ចាស់៖ «ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក» (យ៉ូហាន ១៣:៣៤, ៣៥)។
ថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញា ឆ្នាំ២០១៩
ត្រូវលើកទឹកចិត្តគ្នាឲ្យប្រព្រឹត្តការល្អ
ជួនកាល ការធ្វើការថ្វាយព្រះអាចជាការលំបាកសម្រាប់យើង។ យើងអាចមានបំណងល្អចង់ជួយដល់មនុស្សទាំងឡាយហើយ។ យើងអាចមានសេចក្តីជំនឿច្រើនហើយ។ យើងអាចជឿថា យើងកំពុងឋិតនៅខាងព្រះហើយ។ ប៉ុន្តែផែនដីរបស់យើងនៅពោរពេញដោយអំពើបាបនៅឡើយ។ អំពើបាបធ្វើឲ្យជីវិតជួបការលំបាក។ នោះហើយជាមូលហេតុដែលយើងត្រូវសហគមន៍ពួកជំនុំ។ ព្រះយេស៊ូវ និងពួកអ្នកដើរតាមព្រះអង្គបង្ហាញប្រាប់យើងនូវគំរូមួយស្តីអំពីអ្វីសហគមន៍ពួកជំនុំគួរធ្វើ។ ជាញឹកញាប់ ព្រះយេស៊ូវពុំបានបញ្ជូនមនុស្សឲ្យចេញទៅធ្វើការតែម្នាក់ឯងឡើយ។ ជួនកាលព្រះអង្គបានចេញទៅមួយអង្គឯងមែន ប៉ុន្តែមិនយូរប៉ុន្មានពួកសិស្សរបស់ព្រះអង្គបានត្រឡប់មកជុំគ្នាវិញម្តងទៀត។ ពួកគេបានចែកចាយរឿងទាំងឡាយដល់គ្នា។ ពេលវេលាដែលពួកជួបជុំគ្នាបានជួយឲ្យពួកគេបានរឹងមាំ និងមានសេចក្តីសង្ឃឹមកាន់តែខ្លាំងឡើង។
សូមអានខគម្ពីរហេព្រើរ ១០:២៣‑២៥។ តើខ២៣ និង២៤ ជួយយើងឲ្យយល់អំពីអត្ថន័យនៃខ២៥ ដូចម្តេចខ្លះ? តើយើងអាចធ្វើអ្វីខ្លះដើម្បី «លើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យរឹតតែខ្លាំងឡើង» (ហេព្រើរ ១០:២៥, គខប) ដើម្បីបង្ហាញឲ្យឃើញសេចក្តីស្រឡាញ់ និងធ្វើល្អបានច្រើនឡើងថែមទៀតនោះ?
ការធ្វើការជាក្រុមអាចសម្រេចបានច្រើនជាងធ្វើការម្នាក់ឯង។ ចូរនឹកចាំថា យើងគឺជារូបកាយរបស់ព្រះយេស៊ូវ (រ៉ូម ១២:៣‑៦)។ យើងទាំងអស់គ្នាគឺជាផ្នែកផ្សេងៗពីគ្នានៃរូបកាយ។ ប៉ុន្តែយើងតោងតែធ្វើការជាមួយគ្នា។ នៅពេលដែលយើងម្នាក់ៗខំប្រឹងធ្វើកិច្ចការរបស់ខ្លួនឲ្យអស់ពីចិត្ត យើងនឹងជួយដល់គ្នាទៅវិញទៅមកឲ្យមានជីវិតកាន់ប្រសើរឡើងទាំងក្នុងជីវិតនេះ និងជីវិតខាងមុខ។
ជួនកាលលទ្ធផលចេញមកវាមិនដូចជាអ្វីដែលយើងបានរំពឹងទុកទេ។ ហេតុនោះ តើយើងត្រូវធ្វើដូចម្តេចវិញ? យើងតោងតែជឿទុកចិត្តលើព្រះ។ ភាគច្រើន យើងនឹងឃើញថា មានការប្រែប្រួលតិចតួចណាស់។ មើលទៅហាក់ដូចជាអ្វីដែលយើងបានធ្វើមិនខុសប្លែកគ្នាទេ។ ប៉ុន្តែយើងមិនត្រូវអស់សង្ឃឹមឡើយ។ លោកប៉ុលមានប្រសាសន៍ថា «» (កាឡាទី ៦:៩, ១០ និង ហេព្រើរ ១៣:១៦)។
ព្រះទ្រង់បានសូមឲ្យយើងផ្តល់ក្តីសង្ឃឹម និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ មែនហើយ ជីវិតនៃសេចក្តីជំនឿមិនមែនងាយស្រួលទេ។ ប៉ុន្តែ វាក៏ពោរពេញដោយសេចក្តីអំណរដែរ។ ព្រះជាម្ចាស់ និងសហគមន៍របស់យើងនឹងឧបត្ថម្ភគាំទ្រដល់យើងក្នុងពេលលំបាកៗមកដល់។ សេចក្តីស្រឡាញ់ និងការជួយគាំទ្រនេះនឹងបណ្តាលឲ្យយើងអញ្ជើញមនុស្សដទៃផ្សេងទៀតឲ្យចូលរួមជាមួយនឹងសហគមន៍នៃសេចក្តីជំនឿរបស់យើងដែរ។
តើលោកអ្នកស្គាល់នរណាម្នាក់ដែលខំប្រឹងជួយដល់មនុស្សដែលកំពុងរងទុក្ខវេទនាដែរឬទេ? តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តដល់មនុស្សបែបនេះឲ្យខំបម្រើព្រះតទៅទៀត?
ថ្ងៃសុក្រ ទី២៧ កញ្ញា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “A Faithful Witness,” pages 546-556, in The Acts of the Apostles; “Kindness the Key to Hearts,” pages 81-86, in Welfare Ministry.
«យើងត្រូវធ្វើកិច្ចការដដែលដែលពួកសិស្សរបស់ព្រះយេស៊ូវបានធ្វើ។ គ្រីស្ទានគ្រប់រូបគួរធ្វើខ្លួនជាអ្នកនាំសារ និងអ្នកបម្រើរបស់ព្រះ។ យើងតោងតែមានចិត្តល្អ និងមានសេចក្តីស្រឡាញ់។ យើងតោងតែជួយដល់មនុស្សទាំងឡាយដែលកំពុងត្រូវការជំនួយ។ យើងគួរព្យាយាមជួយដល់មនុស្សដែលកំពុងរងទុក្ខវេទនាដោយចិត្តដែលមិនអាត្មានិយម...
«យើងត្រូវផ្តល់អាហារដល់មនុស្សដែលស្រេកឃ្លាន។ យើងត្រូវផ្តល់សម្លៀកបំពាក់ដល់មនុស្សដែលខ្វះខាត។ យើងត្រូវកម្សាន្តចិត្តដល់មនុស្សដែលកំពុងរងទុក្ខវេទនា។ យើងតោងជួយដល់មនុស្សណាដែលមានទុក្ខព្រួយ។ យើងត្រូវជួយដល់មនុស្សដែលពុំមានសង្ឃឹម។ យើងតោងតែជួយពួកគេឲ្យសង្ឃឹមឡើងវិញ។
«យើងតោងតែបង្ហាញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវតាមរយៈទង្វើដែលមិនអាត្មានិយមរបស់យើងចំពោះមនុស្សដទៃទៀត។ អំពើដ៏សប្បុរសរបស់យើងមានអំណាចនឹងបំផ្លាស់បំប្រែមនុស្សអាក្រក់ជាងការដាក់ទោសពីតុលាការទៅទៀត... ជាញឹកញាប់ ចិត្តរបស់មនុស្សជាច្រើនកាន់តែរឹងចចេសឡើងកាលណាយើងស្តីឲ្យ ឬបន្ទោសពួកគេចំពោះកំហុសដែលពួកគេបានប្រព្រឹត្ត។ ប៉ុន្តែ ចិត្តដដែលនេះ នឹងប្រែជា «ទន់ជ្រាយ» មកវិញកាលណាយើងសម្តែងសេចក្តីស្រឡាញ់របស់ព្រះដាក់ពួកគេ»។ ដកស្រង់ ពី Ellen G. White, The Ministry Of Healing, pages 104, 106, adapted។
សំនួរពិភាក្សា៖
- មានមនុស្សជាច្រើន និងក្រុមជាច្រើន ដែលខំប្រឹងជួយដល់មនុស្សទ័លក្រ និងស្រេកឃ្លាននៅលើផែនដីនេះ។ ក្នុងនាមយើងជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ តើយើងអាចជួយអ្វីបានខ្លះ?
- តើលោកអ្នកនឹកឃើញដល់គ្រាមួយដែលសហគមន៍ក្រុមជំនុំរបស់លោកអ្នកបានជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់លោកអ្នកដែរឬទេ? តើរឿងនោះធ្វើឲ្យលោកអ្នកមានអារម្មណ៍ដូចម្តេចដែរ? តើលោកអ្នកអាចរៀនបានអ្វីខ្លះពីបទពិសោធន៍នោះ? តើលោកអ្នកអាចផ្តល់ការគាំទ្រ និងបទពិសោធន៍៍បែបដូចគ្នានោះដល់មនុស្សដទៃទៀតដោយរបៀបណា?
- ការឧបត្ថម្ភគាំទ្រពីសំណាក់សហគមន៍ពួកជំនុំរបស់យើងអាចជួយយើងមានសេចក្តីសង្ឃឹម។ តើមានអ្វីផ្សេងទៀតដែលអាចជួយយើងកុំឲ្យ «នឿយណាយនឹងធ្វើល្អ» ដែរឬទេ? (កាឡាទី ៦:៩)។
- តើពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទកំពុងធ្វើកិច្ចការអ្វីខ្លះជួយដល់អ្នកដែលខ្វះខាត? ក្នុងនាមជាពួកជំនុំ តើយើងកំពុងធ្វើអ្វីខ្លះដើម្បីនាំមកនូវយុត្តិធម៌ដល់មនុស្សទាំងឡាយក្នុងជិវិតនេះ? តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីរួមចំណែកក្នុងកិច្ចការរបស់ពួកជំនុំ?