ថ្ងៃសៅរ៍ ទី២១ ធ្នូ ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ចោទិយកថា ៤:១‑១៦, ពង្សាវតារក្សត្រទី១ ១៥:២៦, ៣៤, នេហេមា ៤:៧‑២៣, អែសរ៉ា ៧:៨‑១០, អែសរ៉ា ៨:២១‑២៣, ៣១, ៣២។
ខចងចាំ៖ «ដូច្នេះ ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្ដីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន» (នេហេមា ៨:១២)។
ទាំងលោកអែសរ៉ា ក៏ដូចជាលោកនេហេមា សុទ្ធសឹងតែជាគំរូនៃមេដឹកនាំដ៏ល្អ។ ពួកលោកបានបម្រើព្រះដោយអស់ពីចិត្ត។ ពួកលោកបានបំពេញកិច្ចការដែលព្រះជាម្ចាស់បានប្រទានឲ្យពួកលោកធ្វើ។ សេចក្តីស្រឡាញ់របស់ពួកលោកបានជួយឲ្យពួកលោកក្លាយជាអ្នកបម្រើដ៏ស្មោះត្រង់។
សប្តាហ៍នេះ យើងនឹងក្រឡេកមើលគំរូរបស់មេដឹកនាំមួយចំនួននៅក្នុងព្រះគម្ពីរ។ តើជីវិតរបស់ពួកគាត់អាចបង្រៀនមេរៀនអ្វីខ្លះដល់យើងរាល់គ្នា? ពិតណាស់ យើងនឹងក្រឡេកមើលគំរូរបស់លោកអែសរ៉ា និង លោក នេហេមា។ ប៉ុន្តែ យើងក៏នឹងក្រឡេកមើលគំរូរបស់មេដឹកនាំដទៃទៀតដែរ។ យើងនឹងក្រឡេកគំរូល្អៗជាច្រើនដែលធ្វើឲ្យពួកគាត់ក្លាយជាមេដឹកនាំល្អ។ ទង្វើដ៏ល្អទាំងនេះក៏អាចធ្វើឲ្យមនុស្សជាច្រើនក្លាយជាមេដឹកនាំនាពេលសព្វថ្ងៃនេះដែរ។ ឥឡូវនេះប្រហែលជាលោកអ្នកពុំបានគិតថាលោកអ្នកអាចជាមេដឹកនាំម្នាក់ទេមើល៍ទៅ។ ប៉ុន្តែចូរនឹកចាំថា យើងទាំងអស់គ្នាសុទ្ធតែមានទំនាក់ទំនងជាមួយនឹងមនុស្សទាំងឡាយ។ យើងក៏មានអំណាចក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេឲ្យប្រសើរឡើងដែរ។ ហេតុនោះ មេរៀនដែលពួកគេមានក៏អាចជាមេរៀនសម្រាប់មនុស្សគ្រប់គ្នាដែរ។
ព្រះគម្ពីរមានសារៈសំខាន់ខ្លាំងណាស់ក្នុងជីវិតរបស់មេដឹកនាំមួយចំនួនដែលយើងនឹងសិក្សានាសប្តាហ៍ នេះ។ ព្រះគម្ពីរបានផ្លាស់ប្តូរការគិត និងជីវិតរបស់ពួកគាត់។ ព្រះគម្ពីរក៏បានជួយនាំមកនូវជីវិតថ្មីខាងឯវិញ្ញាណ និងការផ្លាស់ប្តូរដល់ជីវិតរាស្ត្ររបស់ព្រះផងដែរ។ មេដឹកនាំទាំងឡាយបានអរគុណព្រះសម្រាប់ប្រាជ្ញាដែលពួកគាត់ រកឃើញក្នុងព្រះគម្ពីរ។ ឯយើងវិញក៏ត្រូវតែយកសេចក្តីបង្រៀនរបស់ព្រះគម្ពីរមកធ្វើជាផ្នែកដ៏សំខាន់មួយក្នុងជីវិតរបស់យើងតាមរបៀបដូចគ្នានេះដែរ។
ថ្ងៃអាទិត្យ ទី២២ ធ្នូ ឆ្នាំ២០១៩
ឥទ្ធិពលរបស់មេដឹកនាំ
ព្រះគម្ពីរបង្ហាញប្រាប់យើងអំពីគំរូទាំងឡាយរបស់មេដឹកនាំ។ ខ្លះក៏ល្អ ហើយខ្លះទៀតក៏មិនល្អដែរ។ ជួនកាលមេដឹកនាំខ្លះល្អបានមួយរយៈពេល ក្រោយមកក៏ប្រែជាអាក្រក់វិញក៏មាន។ មេដឹកនាំអាក្រក់មួយចំនួន ជួនកាលក៏បានធ្វើរឿងល្អៗខ្លះដែរ។ រីឯមេដឹកនាំល្អៗខ្លះ ជួនកាលក៏បានធ្វើរឿងអាក្រក់ខ្លះដែរ។ សូមនឹកចាំថា មេដឹកនាំទាំងអស់សុទ្ធតែជាមនុស្សលោកដូចយើងដែរ។ ពួកគាត់អាចជ្រើសរើសធ្វើល្អ ឬអាក្រក់បានគ្រប់ពេលវេលា។ បញ្ហានៅត្រង់ថា មេដឹកនាំខ្លះកាលណាមានអំណាច ពួកគាត់អាចនឹងលំអៀងទៅរកអំពើអាក្រក់។ ហេតុនោះហើយ វាជាការសំខាន់ណាស់ដែលមេដឹកនាំទាំងឡាយត្រូវប្រតិបត្តិតាមសេចក្តីពិតនៃព្រះគម្ពីរក្នុងជីវិតផ្ទាល់របស់ខ្លួននោះ។ សូមក្រឡេកមើលខគម្ពីរខាងក្រោម។ តើមានគំរូអ្វីខ្លះរបស់មេដឹកនាំដែលខទាំងនេះបង្ហាញប្រាប់យើង? តើគំរូទាំងនោះល្អ ឬអាក្រក់? សូមបញ្ចេញយោបល់របស់លោកអ្នក។
-ស្តេចរេហូបោម (ពង្សាវតារក្សត្រទី១ ១២:១-១៦)---------
-លោកពេត្រុស (កិច្ចការ ១៥:៧-១១)------------------------
-ស្តេចយ៉ូសៀស (ពង្សាវតារក្សត្រទី២ ២៣:១-១០) --------
-អ្នកស្រីដេបូរ៉ា (ពួកចៅហ្វាយ ៤:១-១៦)--------------------
-ស្តេចអ័ហាប់ (ពង្សាវតារក្សត្រទី១ ២១:១-១៦)-----------
មេរៀនទាំងនេះគ្រាន់តែជាគំរូបន្តិចបន្តួចរបស់មេដឹកនាំមួយចំនួនក្នុងព្រះគម្ពីរប៉ុណ្ណោះ។ តើលោកអ្នកអាចរៀនមេរៀនអ្វីខ្លះពីជីវិតរបស់មេដឹកនាំទាំងនេះអំពីទង្វើទាំងឡាយដែលធ្វើឲ្យពួកគាត់ក្លាយជាមេដឹកនាំល្អ ឬអាក្រក់នោះ? តើមេរៀនទាំងនេះអាចជួយយើងយ៉ាងដូចម្តេចខ្លះឲ្យប្រព្រឹត្តត្រឹមត្រូវក្នុងជីវិតរបស់យើង?
ថ្ងៃច័ន្ទ ទី២៣ ធ្នូ ឆ្នាំ២០១៩
មេដឹកនាំដែលបានប្រព្រឹត្តអាក្រក់ក្នុងព្រះនេត្ររបស់ព្រះ
សូមអានខគម្ពីរខាងក្រោម។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីមេដឹកនាំ? តើមេដឹកនាំទាំងនេះធ្វើអ្វីដើម្បីជួយផ្លាស់ប្តូរជីវិតបណ្តាជនរបស់ពួកលោក?
-ពង្សាវតារក្សត្រទី១ ១៥:២៦, ៣៤----------------
-ពង្សាវតារក្សត្រទី២ ១៣:១-៣--------------------
-យ៉ូហាន ១១:៤៦-៥៣-----------------------------
មេដឹកនាំទាំងឡាយសុទ្ធតែមានឥទ្ធិពលក្នុងការផ្លាស់ប្តូរជីវិតខាងឯវិញ្ញាណរបស់បណ្តាជន។ មេដឹកនាំអាចលើកស្ទួយបណ្តាជនឲ្យមានជំនឿរឹងមាំ ឬមួយក៏អាចធ្វើឲ្យពួកគេបាក់ទឹកចិត្តបាន។ ដូច ដែលយើងបានអាន យើងឃើញថាមេដឹកនាំមួយចំនួនបានដឹកនាំបណ្តាជនឲ្យធ្លាក់ចុះក្នុងអំពើបាប។ បន្ទាប់មករឿងអាក្រក់ៗក៏បានកើតឡើង។
សេចក្តីស្រឡាញ់របស់យើងដែលមានចំពោះព្រះយេស៊ូវអាចធ្វើឲ្យជីវិតរបស់មនុស្សដែលយើងជួបមានការផ្លាស់ប្តូរបាន។ មេដឹកនាំខាងឯវិញ្ញាណអាចដឹកនាំបណ្តាជនឲ្យមករកព្រះ ឬងាកបែរចេញ ពីព្រះអង្គបាន។
សូមប្រៀបធៀបមេដឹកនាំមួយចំនួន ដែលយើងបានអាននៅថ្ងៃនេះជាមួយនឹងលោកអែសរ៉ា និងលោកនេហេមា។ លោកអែសរ៉ា និងលោកនេហេមាមានទំនាក់ទំនងរឹងមាំជាមួយនឹងព្រះជាម្ចាស់។ ពួកលោកបានអធិដ្ឋាន ហើយក៏បានតមអត់ច្រើនជាងមេដឹកនាំដទៃទៀតក្នុងព្រះគម្ពីរ។ ពេលដែលលោក អែសរ៉ា និងលោកនេហេមាដឹកនាំប្រទេស បណ្តាជនក៏បានដើរជាមួយព្រះជាម្ចាស់។ ពិតមែនហើយ នៅ គ្រានោះគ្រប់យ៉ាងមិនទាន់គ្រប់លក្ខណ៍នៅឡើយទេ។ ប៉ុន្តែមេដឹកនាំទាំងនេះប្រាប់បណ្តាជនឲ្យយកព្រះទុកជាទីមួយ។ ពិតមែនហើយ មានមនុស្សខ្លះក្នុងជំនាន់លោកអែសរ៉ា និងលោកនេហេមាពុំបានកែប្រែជីវិតរបស់ពួកគេទេ។ ប៉ុន្តែរឿងនោះគ្រាន់តែប្រាប់យើងថា សេចក្តីជំនឿរបស់អ្នកដទៃមិនអាចជួយផ្លាស់ប្តូរយើងបានឡើយ។ យើងត្រូវតែសម្រេចចិត្តដើរតាមព្រះដោយខ្លួនឯង។ សូមនឹកចាំថា មនុស្សជាច្រើនសុទ្ធតែមានឱកាសនឹងបានជួបព្រះយេស៊ូវ។ ពួកគេបានឮព្រះអង្គបង្រៀន។ ពួកគេបានឃើញបាដិហារ្យរបស់ព្រះអង្គ។ ប៉ុន្តែទីបំផុត ពួកគេនៅតែបែរចេញពីព្រះអង្គ។ ពិតមែនហើយ យើងរាល់គ្នាសុទ្ធតែមានឥទ្ធិពលក្នុងការផ្លាស់ប្តូរជីវិតឲ្យល្អ ឬអាក្រក់បាន។ ប៉ុន្តែទីបំផុត មនុស្សម្នាក់ៗត្រូវឆ្លើយប្រាប់ពីជម្រើសរបស់ខ្លួននៅចំពោះព្រះជាម្ចាស់។
ថ្ងៃអង្គារ ទី២៤ ធ្នូ ឆ្នាំ២០១៩
សេចក្តីក្លាហាន និងអំណាចក្នុងការធ្វើល្អ
តើលោកនេហេមាបង្ហាញសេចក្តីក្លាហានតាមរបៀបណានៅក្នុងខគម្ពីរនេហេមា ៤:៧-២៣? តើអ្វីទៅដែលបានផ្តល់ឲ្យលោកមានសេចក្តីក្លាហាននេះ?
លោកនេហេមាបានឈរឡើងទាស់នឹងពួកខ្មាំងសត្រូវរបស់បណ្តាជន។ ពួកបណ្តាជនបានព្យាយាមធ្វើឲ្យពួកយូដាមានការភ័យខ្លាច។ លោកនេហេមាក៏បានចូលមកធ្វើអន្តរាគមន៍។ លោកបានជួយឲ្យបណ្តាជនត្រៀមខ្លួនសម្រាប់ច្បាំង។ លោកនេហេមាពុំបានគ្រាន់តែទូលថា «ឱព្រះជាម្ចាស់អើយ សូមព្រះអង្គចាត់ការរឿងទាំងអស់នេះមួយអង្គឯងចុះ» នោះឡើយ។ អត់ទេ។ លោកនេហេមាបានប្រាប់បណ្តាជនឲ្យធ្វើកិច្ចការរបស់ពួកគេដែរ។ បណ្តាជនបានចាប់កាន់ដាវ និងអាវុធផ្សេងទៀត។ ពួកគេចាប់កាន់អាវុធទាំងនេះបណ្តើរធ្វើការបណ្តើរ។ ពួកគេបានសាងសង់កំផែងឡើងវិញ។ លោកនេហេមាគឺជាមេដឹកនាំដ៏ល្អម្នាក់។ ហេតុនោះ ពួកយូដាក៏បានជឿទុកចិត្តលើព្រះ។ ពួកគេមិនភ័យខ្លាចទៀតទេ។ លោកនេហេមាបានលើកទឹកចិត្តដល់បណ្តាជនឲ្យចេះការពារទីក្រុងរបស់ពួកគេ។ លោកនេហេមាមានការជឿជាក់លើបណ្តាជនរបស់លោក។ លោកបានជួយពួកគេ។ លោកបានធ្វើការជាមួយពួកគេ និងបង្ហាញប្រាប់ពួកគេអំពីអ្វីដែលត្រូវធ្វើក្នុងគ្រាលំបាកៗ។ លោកបានផ្តល់អំណាចដែលពួកគេត្រូវការដើម្បីធ្វើកិច្ចការរបស់ពួកគេឲ្យបានល្អឡើង។ ប៉ុន្តែលោកនេហេមាពុំបានប្រាប់បណ្តាជនអំពីអ្វីដែលត្រូវធ្វើ ហើយរូបលោកទៅពួនសម្ងំក្នុងបន្ទប់របស់ខ្លួនឡើយ។ លោកបានចូលរួមជាមួយបណ្តាជនក្នុងការសាងសង់កំផែងនោះផងដែរ។ លោកបានខំប្រឹងប្រែងធ្វើការដើម្បីឲ្យបានឆាប់រួចរាល់។
ព្រះគម្ពីរក៏បានកត់ត្រាអំពីពេលដែលព្រះទ្រង់បានប្រាប់រាស្ត្ររបស់ព្រះអង្គថាទុកឲ្យព្រះអង្គច្បាំងជំនួសពួកគេជាច្រើនដងដែរ។ មានច្រើនដងណាស់ដែលព្រះទ្រង់មានបន្ទូលថា «ចូរត្រៀមខ្លួនជាស្រេចដើម្បីចេញច្បាំង។ អញនឹងជួយឯងឲ្យឈ្នះ!» យើងត្រូវតែធ្វើកិច្ចការរបស់យើងប្រសិនបើយើងចង់ឃើញព្រះពររបស់ព្រះ។
«លោកនេហេមាបានបំពេញកិច្ចការរបស់ព្រះយ៉ាងយកចិត្តទុកដាក់ខ្លាំងណាស់។ លោកមានចិត្តស្រឡាញ់ និងស្មោះត្រង់នឹងកិច្ចការនោះយ៉ាងខ្លាំង។ ហើយលោកក៏ពឹងពាក់ទាំងស្រុងលើព្រះជាម្ចាស់សម្រាប់គ្រប់ករណីទាំងអស់ដែរ។ ហេតុនោះហើយបានជាពួកខ្មាំងសត្រូវមិនអាចដាក់អន្ទាក់ចាប់លោកបានឡើយ។ មនុស្សដែលខ្ជិលច្រអូសនឹងដួលចុះក្នុងអំពើបាប។ ប៉ុន្តែមិនមែនមនុស្សទាំងឡាយសុទ្ធតែបម្រើព្រះដោយអស់ពីចិត្តឡើយ។ សេចក្តីអាក្រក់ក៏មិនអាចយកឈ្នះលើមនុស្សទាំងនេះដែរ។ ហេតុនោះ យើងត្រូវតែបន្តលូតលាស់ក្នុងសេចក្តីជំនឿតទៅទៀត ទើបសេចក្តីជំនឿរបស់យើងនឹងមិនទន់ខ្សោយ។ យើងនឹងឃើញសេចក្តីស្រឡាញ់របស់ព្រះធ្វើការដើម្បីសេចក្តីល្អក្នុងអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញយើង។ អ្នកបម្រើព្រះដ៏ពិតប្រាកដរបស់ព្រះនឹងធ្វើការដោយទឹកចិត្តរឹងមាំ។ ពួកគេនឹងមិនបរាជ័យឡើយ ពីព្រោះពួកគេតែងតែពឹងពាក់លើបល្ល័ង្ករបស់ព្រះជានិច្ច»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 660, adapted ។
ទីបំផុត លោកនេហេមាបានជឿទុកចិត្តលើព្រះចេស្តារបស់ព្រះ ដែលនាំឲ្យលោកមានសេចក្តីក្លាហាន។ ទន្ទឹមគ្នានោះដែរ ចំណេះដឹងអំពីព្រះរបស់លោកក៏បានជួយលោកឲ្យអនុវត្តសេចក្តីជំនឿរបស់លោកចេញមកដែរ។
សូមអានយ៉ាកុប ២:១៨។ តើជីវិតរបស់លោកនេហេមាបង្ហាញយើងដូចម្តេចខ្លះអំពីសេចក្តីពិតនៅក្នុងខនេះ?
ថ្ងៃពុធ ទី២៥ ធ្នូ ឆ្នាំ២០១៩
ចិត្តឆេះឆួលក្នុងការបម្រើព្រះ
សូមអានខគម្ពីរនេហេមា ២:១-១០ និងអែសរ៉ា ៧:៨-១០។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីអ្នកដឹកនាំទាំងពីររូប? តើអ្វីទៅដែលជាមូលហេតុឲ្យលោកទាំងពីរធ្វើរឿងទាំងអស់នេះ?
លោកអែសរ៉ា និងលោកនេហេមាចង់ធ្វើតាមផែនការរបស់ព្រះ។ ពួកលោកក៏ចង់ឲ្យពួកសាសន៍យូដាធ្វើតាមផែនការរបស់ព្រះសម្រាប់ជីវិតរបស់ពួកគេដែរ។ ពិតមែនហើយ រាស្ត្ររបស់ព្រះបានជួបការលំបាកច្រើនលើកច្រើនសាកន្លងមកហើយ។ មែនហើយ ព្រះទ្រង់បានដាក់ទោសដល់ពួកគេដោយសារពួកគេបានធ្វើខុស។ ប៉ុន្តែ ព្រះទ្រង់តែងរក្សាសេចក្តីសន្យារបស់ព្រះអង្គជានិច្ច។ ព្រះអង្គប្រទានជីវិតថ្មីដល់រាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានបើកផ្លូវសម្រាប់រាស្ត្ររបស់ព្រះអង្គឲ្យត្រឡប់មកកាន់ទឹកដីសន្យាឡើងវិញ។ ព្រះអង្គក៏សព្វព្រះទ័យឲ្យពួកគេធ្វើនូវចំណែករបស់ខ្លួនក្នុងផែនការរបស់ព្រះអង្គសម្រាប់ជីវិតរបស់ពួកគេដែរ។ ព្រះអង្គចង់ឲ្យពួកគេធ្វើជាពន្លឺបំភ្លឺដល់មនុស្សទាំងឡាយពីគ្រប់សាសន៍ ដើម្បីឲ្យពួកគេបានថ្វាយបង្គំព្រះអង្គផងដែរ។ ដោយសារមូលហេតុនេះ តើព្រះជាម្ចាស់ធ្វើអ្វីខ្លះដើម្បីឲ្យសម្រេចតាមផែនការនេះបាន? ព្រះអង្គបានជ្រើសរើសមនុស្សបរិសុទ្ធចំនួនពីររូប៖គឺលោកអែសរ៉ា និងលោកនេហេមា។ លោកទាំងពីរមានលក្ខណៈដូចគ្នានឹងលោកម៉ូសេខ្លាំងណាស់។ ព្រះទ្រង់បានប្រទានភារកិច្ចយ៉ាងធំក្នុងផែនការរបស់ព្រះអង្គដល់លោកទាំងពីរដើម្បីធ្វើឲ្យរាស្ត្ររបស់ព្រះអង្គមានជីវិតថ្មីឡើងវិញ។ ព្រះជាម្ចាស់ក៏បានប្រទានកិច្ចការដូចគ្នានេះដល់លោកម៉ូសេដែរកាលពីរាប់រយឆ្នាំមុន។
មេដឹកនាំដ៏ល្អទាំងឡាយក៏មានហេតុផលដ៏សំខាន់មួយទៀតសម្រាប់កិច្ចការដែលពួកលោកបំពេញដែរ។ ហេតុផលនេះគឺជាផ្នែកមួយនៃអ្វីៗទាំងអស់ដែលពួកលោកធ្វើ។ លោកអែសរ៉ា និងលោកនេហេមាដឹងអំពីអ្វីដែលពួកលោកចង់បានសម្រាប់រាស្ត្ររបស់ព្រះ។ ពួកលោកមានផែនការមួយ ពោលគឺជាផែនការរបស់ព្រះនេះឯង។ លោកអែសរ៉ា និងលោកនេហេមាបានថ្វាយអ្វីៗគ្រប់យ៉ាងដល់ព្រះ ដើម្បីឲ្យសម្រេចទៅតាមផែនការរបស់ព្រះអង្គ។
លោកអែសរ៉ាបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យសម្រេចតាមផែនការនេះ។ លោកបានខំប្រឹងសិក្សាព្រះគម្ពីរ។ លោកបង្រៀនបណ្តាជនអំពីព្រះ និងសេចក្តីពិតនៃព្រះគម្ពីរ។ លោកនេហេមាក៏បានធ្វើតាមចំណែករបស់លោកដែរ។ លោកបានលើកទឹកចិត្តដល់បណ្តាជនឲ្យធ្វើនូវទង្វើដែលត្រឹមត្រូវ។ លោកទាំងពីរចង់ឃើញបណ្តាជនសាងសង់ក្រុងយេរូសាឡិមឡើងវិញ ហើយក៏ចង់ឲ្យពួកគេមានជីវិតថ្មីខាងសេចក្តីជំនឿឡើងវិញផងដែរ។ នោះហើយជាមូលហេតុដែលលោកអែសរ៉ា និងលោកនេហេមាខំប្រឹងធ្វើការទាំងនោះ។ ពួកលោកកែតម្រង់រាស្ត្ររបស់ព្រះពេលណាពួកគេធ្វើខុស។ ជួនកាលលោកអែសរ៉ា និងលោកនេហេមាបានបង្គាប់ឲ្យរាស្ត្ររបស់ព្រះផ្លាស់ប្តូរជីវិតរបស់ពួកគេ។ លោកទាំងពីរជឿជាក់លើព្រះនៃសេចក្តីស្រឡាញ់ដ៏មានសព្វព្រះចេស្តាមួយអង្គ។ ពួកលោកជឿលើព្រះមួយអង្គដែលអាចធ្វើបាដិហារ្យបាន។ រួមសេចក្តីមក ពួកលោកចង់ឲ្យគ្រប់គ្នាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងព្រះ។ នោះហើយគឺជាបាដិហារ្យដ៏វិសេសបំផុត។
ក្នុងបទគម្ពីរនេហេមាជំពូក១ យើងឃើញសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលលោកនេហេមាមានចំពោះព្រះ។ លោកនេហេមាពុំសប្បាយចិត្តឡើយពេលដែលឃើញថា មនុស្សអាក្រក់បានធ្វើបាបមកលើរាស្ត្ររបស់ព្រះ។ ក្នុងជំពូក១នេះ លោកនេហេមាបានយំសោកដោយសារតែសេចក្តីវេទនារបស់អ៊ីស្រាអែល។ លោកនេហេមាបានអធិដ្ឋានសូមជំនួយពីព្រះ។ លោកនេហេមាបានសន្យានឹងព្រះថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះទ្រង់សូមឲ្យលោកធ្វើដើម្បីជួយដល់ពួកសាសន៍យូដា។ លោកគឺជាមនុស្សដែលមានពេញដោយសេចក្តីជំនឿ។ សេចក្តីជំនឿរបស់លោកបណ្តាលឲ្យលោកសម្តែងចេញជាសកម្មភាពឡើង។ លោកចង់ឲ្យផែនដីនេះក្លាយជាកន្លែងដ៏ប្រសើរសម្រាប់រស់នៅ។
ថ្ងៃព្រហស្បតិ៍ ទី២៦ ធ្នូ ឆ្នាំ២០១៩
ចិត្តដែលគ្មានអំនួត
សូមអានអំពីការសម្រេចចិត្តរបស់លោកអែសរ៉ាក្នុងខគម្ពីរអែសរ៉ា ៨:២១-២៣, ៣១, ៣២។ តើលោកអែសរ៉ាបានធ្វើការសម្រេចចិត្តលើរឿងអ្វីខ្លះ? តើលោកអ្នកគិតថា ការសម្រេចចិត្តបែបនេះជារឿងល្ងង់ខ្លៅ ឬក៏ជាសេចក្តីក្លាហាន? តើលោកអែសរ៉ា និងបណ្តាជនបានសម្តែងចេញនូវកាយវិការដូចម្តេចខ្លះដែលបង្ហាញថា ពួកលោកពុំមានអំនួតនៅក្នុងចិត្ត?
ចំណេរកាលក្រោយមកទៀត លោកនេហេមាបានទទួលជំនួយពីស្តេច។ ស្តេចបានប្រទានកងការពារដល់លោកនេហេមា។ ប៉ុន្តែករណីលោកអែសរ៉ាវិញ យើងដឹងថាលោកអែសរ៉ាជឿថា ព្រះទ្រង់អាច ការពារលោក និងបណ្តាជនបាន។ ហេតុនោះ លោកអែសរ៉ាពុំបានទូលសូមឲ្យស្តេចប្រទានកងការពារដល់ពួកលោកពេលធ្វើដំណើរត្រឡប់មកស្រុកវិញទេ។ បន្ទាប់មក លោកអែសរ៉ា និងបណ្តាជនក៏បានមកដល់ស្រុកយូដាដោយសុវត្ថិភាព។ គ្រប់គ្នាបានសរសើរតម្កើងដល់ព្រះ។ ប្រហែលជាយើងពឹងពាក់លើមនុស្សដទៃឲ្យជួយដល់យើងច្រើនពេកទេដឹង បានជាយើងពុំបានទុកឲ្យព្រះបង្ហាញអង្គទ្រង់ដល់យើងនោះ។ យើងពុំបានផ្តល់ឱកាសដល់ព្រះអង្គឲ្យជួយយើង។ លោកអែសរ៉ាបានសម្រេចចិត្តឲ្យព្រះជាអ្នកសម្រេច។ ហើយព្រះអង្គក៏បានការពារលោកអែសរ៉ា និងបណ្តាជន។ ព្រះអង្គបានការពារពួកគេឲ្យមានសុវត្ថិភាពនៅតាមផ្លូវមកស្រុកកំណើតរបស់ពួកគេ។ ការនេះធ្វើឲ្យស្តេចនៃនគរពើស៊ីយល់ឃើញថា ព្រះជាម្ចាស់គឺ ជាព្រះខ្លាំងពូកែ និងមានឥទ្ធិឫទ្ធិ ដែលបានថែរក្សាការពារដល់រាស្ត្ររបស់ព្រះអង្គ។
លោកអែសរ៉ាបានអនុវត្តតាមសេចក្តីជំនឿរបស់លោក។ លោកពុំគ្រាន់តែរំពឹងឲ្យព្រះជួយការពារលោកប៉ុណ្ណឹងទេ។ មុននឹងចេញដំណើរ លោកនិងបណ្តាជនបានជួបជុំគ្នា ហើយបានតមអត់មួយ‑ រយៈកាលខ្លី។ ពួកលោកបានអធិដ្ឋានអំពីបញ្ហាដែលកំពុងប្រឈម។ ពួកលោកបានចំណាយពេលយ៉ាងច្រើនជាមួយព្រះ។ ពួកលោកបានមកនៅចំពោះព្រះដោយគ្មានចិត្តអំនួតឡើយ។ ពួកលោកបានសូមឲ្យព្រះការពារដល់ពួកលោកនៅតាមផ្លូវត្រឡប់មកស្រុកកំណើតវិញ។ ពួកលោកចង់ឃើញជំនួយពីព្រះជាសញ្ញាមួយប្រាប់ដល់ស្តេចនៃនគរពើស៊ី។ ពួកលោកចង់បង្ហាញប្រាប់ស្តេចថា ព្រះជាម្ចាស់ទ្រង់មានឥទ្ធិឫទ្ធិ និង ព្រះចេស្តាខ្លាំងក្លា។ ហើយព្រះក៏បានឆ្លើយតបសេចក្តីអធិដ្ឋានរបស់លោក។
សូមអានខគម្ពីរនេហេមា ៥:១៤-១៩។ តើលោកនេហេមាធ្វើដូចម្តេចខ្លះដែលបង្ហាញថា លោកគ្មានអំនួតនៅក្នុងចិត្តរបស់លោកនោះ?
មេដឹកនាំពិតប្រាកដតោងតែមានចិត្តធ្វើជាអ្នកបម្រើ។ មេដឹកនាំល្អពុំត្រូវការឋានៈ ឬកិត្តិយស ឲ្យគេគោរពឡើយ។ ពួកលោកជឿថា កិត្តិយសពិតប្រាកដកើតចេញពីការបម្រើព្រះ។ លោកនេហេមាបាន បង្ហាញឲ្យឃើញថា លោកពុំមានអំនួតនៅក្នុងចិត្តរបស់លោកឡើយ។ លោកបានចែកអំណោយជាច្រើនដល់បណ្តាជន។ វិញ្ញាណដែលមិនអាត្មានិយមរបស់លោកគឺជាគំរូមួយដល់បណ្តាជន។ ពិតមែនហើយ លោកនេហេមាគឺជាបុរសខ្លាំងមួយរូប។ លោកពុំបានផ្តេកផ្តួលតាមអំពើបាបឡើយ។ ទន្ទឹមគ្នានេះ លោកក៏ពុំបានអួតខ្លួនថាគ្រាន់បើជាងអ្នកដទៃដែរ។ លោកនេហេមាគឺជាមេដឹកនាំកំពូលមួយរូបក្នុងស្រុកយូដានៅជំនាន់នោះ។ ប៉ុន្តែ តើលោកប្រព្រឹត្តខ្លួនហាក់ដូចជាស្តេចឬទេ? តើលោកអួតអាងអំពីអំណាចរបស់ខ្លួនទេ? អត់ទេ។ លោកបានដាក់ខ្លួនធ្វើដូចជាអ្នកបម្រើម្នាក់វិញ។ ជីវិតរបស់លោកនេហេមាក៏បានបង្ហាញប្រាប់យើងអំពីព្រះជន្ម និងសេចក្តីបង្រៀនរបស់ព្រះយេស៊ូវតាមរបៀបដូចគ្នានេះដែរ។ ព្រះយេស៊ូវបង្រៀនយើង ថា វិធីដ៏ប្រសើរបំផុតក្នុងការដឹកនាំមនុស្សទាំងឡាយគឺជាការបម្រើដល់ពួកគេនោះឯង។ ព្រះយេស៊ូវបានធ្វើការនោះពេញមួយព្រះជន្មព្រះអង្គកាលទ្រង់គង់នៅលើផែនដី។ រីឯយើងរាល់គ្នាសព្វថ្ងៃនេះវិញ ក៏ត្រូវតែធ្វើតាមរបៀបដូចគ្នានេះដែរ។
ថ្ងៃសុក្រ ទី២៧ ធ្នូ ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Privilege of Prayer,” pages 93–104, in Steps to Christ.
«ព្រះជាម្ចាស់បានជ្រើសរើសលោកសេរ៉ូបាបិល លោកអែសរ៉ា និងលោកនេហេមាឲ្យបំពេញកិច្ចការយ៉ាងពិសេស។ មេដឹកនាំទាំងនេះបានជួយកសាងយេរូសាឡិមឡើងវិញ។ ពួកលោកបានជួយ រាស្ត្ររបស់ព្រះឲ្យមានជីវិតកាន់តែប្រសើរឡើង។ កិច្ចការដែលមេដឹកនាំទាំងនេះធ្វើគឺជារូបស័ព្ទមួយដែល បង្ហាញប្រាប់យើងអំពីកិច្ចការខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះទ័យនឹងធ្វើក្នុងយើងរាល់គ្នានាគ្រាចុងក្រោយ។ ព្រះអង្គសព្វព្រះទ័យធ្វើឲ្យយើងបានថ្មីឡើងវិញ។ ពួកសាសន៍យូដាដែលត្រឡប់ទៅស្រុក យូដាវិញមានភាពទន់ខ្សោយ។ សត្រូវរបស់ពួកគេបានធ្វើបាបពួកគេ។ ប៉ុន្តែព្រះអង្គមានផែនការមួយសម្រាប់រាស្ត្ររបស់ព្រះអង្គ។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យពួកយូដារក្សាចំណេះដឹងអំពីព្រះ និងក្រឹត្យវិន័យរបស់ព្រះអង្គឲ្យបានគង់វង្សនៅលើផែនដីនេះ។ ព្រះទ្រង់បានប្រទានកិច្ចការការពារក្រឹត្យវិន័យរបស់ព្រះអង្គនេះដល់រាស្ត្ររបស់ព្រះអង្គ។ ពួកគេក៏នឹងការពារការថ្វាយបង្គំដ៏ពិតប្រាកដនៅលើផែនដីនេះដែរ។ រាស្ត្ររបស់ព្រះបានឆ្លងកាត់បទពិសោធន៍យ៉ាងច្រើនខណៈដែលពួកគេបានកសាងព្រះវិហារ និងកំផែងទីក្រុង ឡើងវិញនោះ។ ពួកខ្មាំងសត្រូវបានព្យាយាមរារាំងដល់កិច្ចការរបស់ពួកគេ។ ប៉ុន្តែ ពួកមេដឹកនាំនៅតែខំប្រឹងពុះពារទៅមុខដើម្បីបំពេញកិច្ចការដែលព្រះបានប្រទានដល់ពួកគេ។ ពួកគេបានជឿទុកចិត្តលើព្រះជាម្ចាស់។ ពួកគេមានចិត្តដែលគ្មានអំនួត។ ពួកគេបានយកព្រះជាទីពឹងអាងយ៉ាងរឹងមាំ។ ពួកគេ ជឿជាក់ថា ព្រះទ្រង់នឹងបណ្តាលឲ្យសេចក្តីពិតរបស់ព្រះអង្គមានជ័យជំនះ។ លោកនេហេមាបានធ្វើការដូចគ្នានឹងអ្វីដែលស្តេចហេសេគាធ្លាប់ធ្វើកាលពីមុនដែរ។ «ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលះ បង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ ព្រះយេហូវ៉ាក៏គង់ជាមួយនឹងទ្រង់ដែរ ហើយកន្លែងណាដែលទ្រង់យាងទៅ នោះក៏បានកើតការ... ទ្រង់បះបោរលែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ» (ពង្សាវតារក្សត្រទី២ ១៨:៦, ៧)។ ដកស្រង់ពី Ellen G. White, Prophets and King, page 677, adapted។
សំនួរពិភាក្សា៖
- ហេតុដូចម្តេចបានជាយើងត្រូវធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដោយពឹងលើជំនួយរបស់ព្រះក្នុងការជួយគាំទ្រដល់មេដឹកនាំរបស់យើង?
- ហេតុដូចម្តេចបានជាមេដឹកនាំពិបាកដាក់ខ្លួនធ្វើជាអ្នកបម្រើម៉្លេះ? តើមានឧបសគ្គអ្វីខ្លះ? ទន្ទឹមគ្នានេះ ហេតុអ្វីបានជាការធ្វើជាអ្នកដឹកនាំបែបអ្នកបម្រើនេះទទួលបានការគាំទ្រពីព្រះខ្លាំងម៉្លេះ? ហេតុអ្វីបានជាការដែលមេដឹកនាំគ្រីស្ទានចេះដាក់ខ្លួនធ្វើជាអ្នកបម្រើសំខាន់ខ្លាំងម៉្លេះ?
- ទាំងលោកអែសរ៉ា និងលោកនេហេមាសុទ្ធតែជាកំពូលអ្នកអធិដ្ឋាន។ ចូររាប់មើលពាក្យថា «សេចក្តី អធិដ្ឋាន» និង «បានអធិដ្ឋាន» តើមានប៉ុន្មានដងនៅក្នុងកណ្ឌគម្ពីរអែសរ៉ា និងនេហេមា។ លោកអ្នកនឹង ឃើញថា លោកទាំងពីរបានអធិដ្ឋានច្រើនខ្លាំងណាស់! តើការនេះប្រាប់យើងអ្វីខ្លះថា តើយើងត្រូវការអធិដ្ឋានច្រើនប៉ុនណាដែរ?
- «ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលះបង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រឹត្យ ក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ» (ពង្សាវតារក្សត្រទី២ ១៨:៦)។ តើយើងរក្សាភាពស្មោះត្រង់របស់យើងចំពោះព្រះអម្ចាស់យ៉ាងដូចម្តេចដែរ? តើខនេះផ្តល់ចម្លើយអ្វីខ្លះដល់យើង?