មេរៀនទី១​៖ ២៩ ធ្នូ‑៤ មករា មេសា ២០១៩

ដំណឹងល្អរបស់លោកយ៉ូហានពីកោះប៉ាត់ម៉ុស

Jeans
ថ្ងៃសៅរ៍ ទី២៩ ធ្នូ ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ១:១-២ យ៉ូហាន ១៤:១-៣ ចោទិយកថា ២៩:២៩ ដានីយ៉ែល ៧:១-៣ វិវរណៈ ១:៤-៥។

ខចងចាំ៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ» (វិវរណៈ ១:៣)។

ព្រះជាម្ចាស់ប្រទានសារពិសេសៗទៅកាន់បាវបម្រើរបស់ទ្រង់យ៉ូហានកាលពីជាង១៩០០ឆ្នាំមុន។ នៅគ្រានោះលោកយ៉ូហានរស់នៅលើកោះមួយឈ្មោះថា ប៉ាត់ម៉ុស។ ប៉ាត់ម៉ុសនេះគឺជាកោះតូចមួយដែលសម្បូរដោយថ្មនាសមុទ្រអេជៀន(Aegean sea) (វិវរណៈ ១:៩)។ ព្រះចៅនៃអាណាចក្ររ៉ូមបាននិរទេសលោកយ៉ូហានឲ្យទៅនៅលើកោះនេះទុកជាការដាក់ទោសលើគាត់ដែលមិនព្រមឈប់ផ្សាយដំណឹងពីព្រះយេស៊ូវ។ នៅលើកោះប៉ាត់ម៉ុសនេះហើយដែលលោកយ៉ូហានបានសរសេរក្រាំងមួយស្ដីអំពីសារឬការបើកសម្ដែងដែលព្រះប្រទានឲ្យលោកឃើញ។ ហើយក្រាំងនោះឯងគេឲ្យឈ្មោះថាគម្ពីរវិវរណៈ។

គម្ពីរវិវរណៈ១:៣ សម្ដែងឲ្យយើងដឹងថាព្រះជាម្ចាស់ចង់ឲ្យរាស្ត្ររបស់ទ្រង់អានគម្ពីរវិវរណៈឲ្យពួកជំនុំស្ដាប់។ ព្រះជាម្ចាស់នឹងប្រទានពរយ៉ាងពិសេសដល់អស់អ្នកណាដែលបានអានគម្ពីរវិវរណៈឲ្យពួកជំនុំស្ដាប់។ ព្រះក៏សន្យាថានឹងប្រទានពរដល់អស់អ្នកស្ដាប់ហើយកាន់តាមសេចក្ដីទាំងនោះដែរ (វិវរណៈ ២២:៧)។

សារនៅក្នុងគម្ពីរវិវរណៈបង្ហាញពីក្ដីស្រឡាញ់របស់ព្រះឲ្យយើងដឹង។ បង្ហាញឲ្យយើងដឹងពីព្រះយេស៊ូវនិងព្រះរាជកិច្ចរបស់ព្រះអង្គនៅនគរស្ថានសួគ៌ជាសម្ដេចសង្ឃរបស់យើងឬជាមេដឹកនាំបរិសុទ្ធ ជាមហាក្សត្រ។ ហើយក៏ប្រាប់យើងឲ្យដឹងថាព្រះចង់ឲ្យយើងផ្សាយដំណឹងល្អទៅកាន់មនុស្សដទៃទៀត។

ព្រះប្រទានបទទំនាយដល់យើងនៅក្នុងគម្ពីរវិវរណៈដើម្បីឲ្យដឹកនាំជីវិតយើងនាពេលបច្ចុប្បន្ននេះ។ ហើយក៏ផ្ដល់ក្ដីសង្ឃឹមដល់យើងសម្រាប់ថ្ងៃអនាគតស្របពេលដែលយើងកំពុងរង់ចាំការយាងមកវិញរបស់ព្រះយេស៊ូវដែរ។

ថ្ងៃអាទិត្យ ទី៣០ ធ្នូ ឆ្នាំ២០១៩

ឈ្មោះគម្ពីរ

គម្ពីរវិវរណៈ ១:១ បរិយាយអំពីអត្ថន័យរបស់គម្ពីរវិវរណៈ។ តើឈ្មោះនេះមានអត្ថន័យបែបណា? តើឈ្មោះនេះបង្ហាញយើងថាគម្ពីរនេះសរសេរអំពីនរណា?

គម្ពីរវិវរណៈ ១:១ ចែងថាឈ្មោះគម្ពីរចុងក្រោយគឺជា «សេចក្ដីដែលព្រះយេស៊ូវគ្រីស្ទបានបើកឲ្យឃើញ»។ គម្ពីរវិវរណៈបង្ហាញយើងឲ្យស្គាល់ព្រះយេស៊ូវ។ គម្ពីរវិវរណៈបានមកពីព្រះយេស៊ូវហើយក៏បរិយាយអំពីព្រះយេស៊ូវដែរ (វិវរណៈ ២២:១៦)។ ព្រះយេស៊ូវគឺជាប្រធានបទចម្បងគេបង្អស់នៅក្នុងគម្ពីរវិវរណៈនេះ។ គម្ពីរវិវរណៈគឺជាផ្ទាំងគំនូរព្រះយេស៊ូវមួយដែលព្រះអង្គបានប្រទានទៅរាស្ត្ររបស់ទ្រង់ដើម្បីបង្ហាញឲ្យគេដឹងថាព្រះអង្គស្រឡាញ់ពួកគេ។

គម្ពីរវិវរណៈផ្ដើមពីព្រះយេស៊ូវ (វិវរណៈ ១:៥-៨) ហើយបញ្ចប់ដោយទ្រង់វិញដែរ (វិវរណៈ ១:១២-១៦)។ «ចូរយើងសិក្សាពីគម្ពីរដានីយ៉ែលនិងគម្ពីរវិវរណៈ។ ប៉ុន្តែមិនថាយើងលើកយកផ្នែកណាមួយនៃគម្ពីរទាំងពីរនេះមកបង្រៀនទេ យើងត្រូវបង្ហាញដល់មនុស្សគ្រប់គ្នាថាព្រះយេស៊ូវគឺជាក្ដីសង្ឃឹមរបស់យើងតែមួយគត់។» ដកស្រង់ពី Ellen G. White, Testimonies to Monisters and Gospel Workers, page 118។

ព្រះយេស៊ូវនៅក្នុងគម្ពីរវិវរណៈនោះគឺជាព្រះយេស៊ូវនៅក្នុងគម្ពីរដំណឹងល្អទាំង៤ដែរ។ គម្ពីរដំណឹងល្អមាន៤រួមមាន៖ ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ សាច់រឿងរបស់ព្រះយេស៊ូវផ្ដើមចេញ ពីគម្ពីរដំណឹងល្អ។ ប៉ុន្តែរឿងមិនចប់ត្រឹមនោះទេ។ គម្ពីរដំណឹងល្អត្រឹមតែរ៉ាយរ៉ាប់ពីកិច្ចការដែលព្រះយេស៊ូវ ធ្វើដើម្បីសង្គ្រោះមនុស្សលោកកាលដែលព្រះអង្គមានព្រះជន្មរស់នៅលើផែនដីប៉ុណ្ណោះ។ គម្ពីរវិវរណៈបន្តសាច់រឿងរបស់ព្រះយេស៊ូវបន្ទាប់ពីព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ។ គម្ពីរវិវរណៈបង្ហាញដល់យើងពីកិច្ចការផ្សេងៗរបស់ព្រះយេស៊ូវក្នុងការសង្គ្រោះមនុស្សលោក។ គឺចាប់ផ្ដើមពីការដែលព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតវិញហើយយាងត្រឡប់ទៅឯនគរស្ថានសួគ៌វិញ។

គម្ពីរវិវរណៈប្រាប់យើងឲ្យដឹងថាពេលនេះព្រះយេស៊ូវកំពុងធ្វើអ្វីសម្រាប់យើងនៅឯនគរស្ថានសួគ៌។ បើគ្មានគម្ពីរនេះទេ ម៉្លេះយើងមិនអាចយល់ជាក់ច្បាស់បានថាព្រះយេស៊ូវទ្រង់ធ្វើអ្វីខ្លះសម្រាប់យើងនៅនគរស្ថានសួគ៌បានឡើយ។ សូមអរគុណសម្រាប់គម្ពីរវិវរណៈនិងហេព្រើរដែលធ្វើឲ្យកិច្ចការរបស់ព្រះយេស៊ូវសម្រាប់យើងនៅឯនគរស្ថានសួគ៌នាពេលបច្ចុប្បន្ននេះពុំមែនជាអាថ៌កំបាំងឡើយ។

អានសេចក្ដីសន្យានៅក្នុងគម្ពីរ យ៉ូហាន ១៤:១-៣។ តើខសន្យានេះជួយឲ្យយើងកាន់តែយល់ច្បាស់ពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវដែលកំពុងបំពេញសម្រាប់យើងនៅលើនគរស្ថានសួគ៌ឥឡូវនេះដូចម្ដេចខ្លះ? តើខសន្យានេះផ្ដល់ក្ដីសង្ឃឹមដល់យើងដែរឬទេ?

ថ្ងៃច័ន្ទ ទី៣១ ធ្នូ ឆ្នាំ២០១៩

មូលហេតុដែលព្រះប្រទានគម្ពីរវិវរណៈដល់យើង

គម្ពីរវិវរណៈ ១:១ ប្រាប់យើងឲ្យដឹងពីមូលហេតុដែលព្រះបង្គាប់ឲ្យលោកយ៉ូហានសរសេរគម្ពីរវិវរណៈឡើង។ ព្រះចង់បង្ហាញអនាគតកាលឲ្យរាស្ត្ររបស់ទ្រង់បានឃើញ។ ព្រឹត្តិការណ៍ពីអនាគតកាលខ្លះដែលលោកយ៉ូហានបានឃើញនៅក្នុងការជាក់ស្ដែងចាប់ផ្ដើមសម្រេចភ្លាមៗបន្ទាប់ពីលោកយ៉ូហានបានកត់ត្រានូវការជាក់ស្ដែងទាំងនោះនៅក្នុងគម្ពីរវិវរណៈចប់សព្វគ្រប់ហើយ។ អស់អ្នកដែលបានអានគម្ពីរវិវរណៈនឹងបានដឹងថាគម្ពីរនេះភាគច្រើនបរិយាយអំពីសេចក្ដីដែលលោកយ៉ូហានថានឹងកើតឡើងនាពេលអនាគត។ ព្រឹត្តិការណ៍ខ្លះបានកើតឡើងរួចមកហើយ។

តើមូលហេតុសំខាន់ចម្បងអ្វីដែលព្រះប្រទានបទទំនាយទាំងនេះឲ្យមកយើង? ដូចដែលលោកអ្នកដឹងរួចមកហើយថាបទទំនាយគឺជាសារពិសេសៗមកពីព្រះដើម្បីបង្ហាញយើងឲ្យដឹងពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនាពេលអនាគត។ ព្រះប្រទានបទទំនាយមកយើងដើម្បីបង្ហាញឲ្យយើងដឹងថាព្រះអង្គជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់។ សារពិសេសស្ដីពីអនាគតកាលនៅក្នុងគម្ពីរវិវរណៈបង្ហាញយើងថាព្រះយេស៊ូវបាននៅជាមួយនឹងរាស្ត្ររបស់ព្រះអង្គគ្រប់ព្រឹត្តិការទាំងអម្បាលម៉ានដែលបានកើតឡើងពីអតីតកាលមក។ ព្រះអង្គក៏នឹងបន្តគង់នៅជាមួយពួកគេនៅគ្រប់គ្រាលំបាកទាំងប៉ុន្មានដែលគម្ពីរវិវរណៈចែងថានឹងកើតមាន នាពេលអនាគត។

បទទំនាយនៅក្នុងគម្ពីរវិវរណៈជួយយើងពីផ្នែកសំខាន់ៗ៖ (១) សារទាំងនេះបង្រៀនយើងឲ្យចេះរស់នៅក្នុងសម័យបច្ចុប្បន្ន។ (២) សារទាំងនេះជួយយើងឲ្យត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ដែលនឹង កើតឡើងនាថ្ងៃអនាគត។

គម្ពីរចោទិយកថា ២៩:២៩ ប្រាប់យើងឲ្យដឹងពីមូលហេតុដែលព្រះមិនបង្ហាញយើងពីហេតុការណ៍ សព្វបែបយ៉ាងដែលនឹងកើតឡើងនាពេលអនាគត។ តើខនេះផ្ដល់មូលហេតុអ្វីដល់យើងពីការដែលព្រះមិនព្រមប្រាប់រឿងគ្រប់យ៉ាងឲ្យយើងដឹងជាមុន? ហើយខនេះក៏ប្រាប់យើងពីមូលហេតុដែលព្រះបង្ហាញព្រឹត្តិការណ៍នាថ្ងៃអនាគតឲ្យយើងដឹងដែរ។ ហេតុដូចម្ដេចបានជាព្រះធ្វើយ៉ាងដូច្នេះ? (អានគម្ពីរ វិវរណៈ ២២:៧)។

បទទំនាយអំពីគ្រាចុងក្រោយនៅក្នុងគម្ពីរវិវរណៈពុំបានរៀបរាប់ប្រាប់យើងនូវរឿងគ្រប់យ៉ាងដែលនឹងកើតឡើងនាពេលអនាគតនោះទេ។ ព្រះជាម្ចាស់បង្ហាញយើងតែផ្នែកខ្លះនៃថ្ងៃអនាគតដែលយើងត្រូវដឹងប៉ុណ្ណោះ។ ព្រះអង្គចង់ឲ្យយើងដឹងពីសេចក្ដីទាំងនេះដើម្បីឲ្យយើងបានយល់ថាយើងត្រូវការព្រះអង្គប៉ុនណា។ ពេលនោះយើងនឹងរឹតតែចង់ស្ដាប់បង្គាប់ទ្រង់កាន់តែខ្លាំងថែមទៀត។

នៅក្នុងគម្ពីរយ៉ូហាន ១៤:២៩ យើងបានសិក្សាអំពីក្រឹត្យក្រមដ៏សំខាន់មួយ។ តើក្រឹត្យក្រមទាំងនោះជួយឲ្យយើងយល់ពីមូលហេតុដែលព្រះប្រទានបទទំនាយរបស់ព្រះអង្គដើម្បីព្រមានយើងពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនាថ្ងៃអនាគតដែរឬទេ?

ថ្ងៃអង្គារ ទី១ មករា ឆ្នាំ២០១៩

រូបស័ព្ទនៅក្នុងគម្ពីរវិវរណៈ

អានពីការជាក់ស្ដែងដែលព្រះប្រទានឲ្យលោកយ៉ូហាននៅក្នុងគម្ពីរវិវរណៈ ១៣:១ និងដានីយ៉ែល ៧:១-៣ ព្រមទាំង អេសេគាល ១:១-១៤។ តើមានចំណុចអ្វីខ្លះដូចគ្នានៅក្នុងការបើកសម្ដែងទាំងនេះ?

គម្ពីរវិវរណៈ ១:១ ចែងថា៖ «នេះ​ជា​សេចក្តី ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​បើក​ឲ្យ​ឃើញ ជា​សេចក្តី​ដែល​ព្រះ​បាន​ប្រទាន​មក​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ដល់​ពួក​បាវ​បំរើ​ទ្រង់ ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន​មក ទ្រង់​ក៏​បាន​សំដែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​ទ្រង់​មក​ឯ​យ៉ូហាន ជា​បាវ​បំរើ​ទ្រង់»។ តើលោកអ្នកឃើញពាក្យដែលសរសេរថា «បង្ហាញ» ដែរឬទេ? ពាក្យមួយនេះមានសារៈ សំខាន់ណាស់។ ពាក្យថាបង្ហាញនៅត្រង់នេះបានមកពីពាក្យដើមជាភាសា ក្រិកថា «semaino សាមីណូ»។ ពាក្យជាភាសាក្រិកនេះមានអត្ថន័យថា «ការប្រើរូបស័ព្ទឬនិមិត្តសញ្ញាផ្សេងៗដើម្បីពន្យល់ពីអត្ថន័យនៃសេចក្ដីផ្សេងៗ»។ ពាក្យ «samaino» មានប្រើនៅក្នុងគម្ពីរសញ្ញា ចាស់ភាសាក្រិក។ នៅក្នុងគម្ពីរសញ្ញាចាស់ ហោរាដានីយ៉ែលពន្យល់ស្ដេចនេប៊ូក្នេសាពីអត្ថន័យនៃរូបបដិមាដែលព្រះរាជាសុបិននិមិត្តឃើញ។ រូបបដិមានោះធ្វើពីមាស ប្រាក់ លង្ហិន និងដែក។ ព្រះជាម្ចាស់ប្រើរូបបដិមានោះដើម្បីបង្ហាញពី «ព្រឹត្តិការណ៍ដែលនឹងកើតឡើងនាថ្ងៃអនាគត» ដល់ព្រះរាជា (ដានីយ៉ែល ២:៤៥)។ នៅគ្រាដែលលោកយ៉ូហានសរសេរពាក្យ «semaion» នៅក្នុងគម្ពីរវិវរណៈដូចដែលហោរាដានីយ៉ែលបានប្រើដែរនោះ លោកយ៉ូហានប្រាប់យើងថាសេចក្ដីទាំងប៉ុន្មានដែលព្រះបើកសម្ដែងឲ្យគាត់ឃើញសុទ្ធតែជានិមិត្តសញ្ញានិងរូបស័ព្ទស្ដីពីព្រឹត្តិការណ៍ទាំងអម្បាលម៉ានដែលនឹងកើតឡើងនាពេលអនាគត។

យើងឃើញថាលោកយ៉ូហាននិងហោរាដានីយ៉ែលប្រើពាក្យ «semaino» ដូចគ្នាដើម្បីពន្យល់ពីសេចក្ដីដែលពួកគេឃើញនៅក្នុងការបើកសម្ដែងរបស់ព្រះ។ ដូច្នេះនៅពេលដែលលោកយ៉ូហានប្រើពាក្យក្រិកនេះនៅក្នុងគម្ពីរវិវរណៈ ១:១ យើងដឹងថារូបស័ព្ទភាគច្រើននៅក្នុងគម្ពីរវិវរណៈសុទ្ធតែជានិមិត្តសញ្ញាពុំមែនជារបស់ពិតទេ។ មែនហើយរូបស័ព្ទទាំងនេះបង្ហាញយើងពីព្រឹត្តិការណ៍ពិតៗដែលនឹងកើតឡើងនាពេលអនាគត។ ប៉ុន្តែយើងក៏ត្រូវយល់ដែរថារូបស័ព្ទទាំងនោះពុំមែនជារបស់ពិតឡើយ។ តទៅនេះគឺជាក្បួនមួយដែលលោកអ្នកត្រូវចាំពេលអានគម្ពីរវិវរណៈ។ នៅពេលដែលលោកអ្នកអានប៉ះពាក្យដែលជារូបស័ព្ទ លោកអ្នកត្រូវយល់ថាពាក្យនោះគ្រាន់តែជានិមិត្តរូបសំដៅទៅលើអ្វីមួយផ្សេងប៉ុណ្ណោះ។ ប៉ុន្តែចុះបើលោកយ៉ូហានប្រើរូបស័ព្ទដែលពុំមែនជានិមិត្តសញ្ញាវិញ? បើរូបស័ព្ទពុំមែនជានិមិត្តសញ្ញាវិញ យើងអាចទុកចិត្តថាពាក្យនោះគឺសំដៅលើសេចក្ដីនោះមែនដោយពុំមែនមានអត្ថន័យអ្វីផ្សេងទៀតឡើយ។

ក្បួននេះនឹងជួយយើងឲ្យយល់ពីបទទំនាយនៅក្នុងគម្ពីរវិវរណៈ។ រូបស័ព្ទភាគច្រើននៅក្នុងគម្ពីរវិវរណៈមានប្រភពមកពីរូបស័ព្ទនៅក្នុងគម្ពីរសញ្ញាចាស់។ ដូច្នេះយើងត្រូវឲ្យរូបស័ព្ទនៅក្នុងគម្ពីរសញ្ញាចាស់ជួយពន្យល់យើងពីអត្ថន័យរបស់រូបស័ព្ទនៅក្នុងគម្ពីរវិវរណៈ។

ថ្ងៃពុធ ទី២ មករា ឆ្នាំ២០១៩

ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ

សូមពិនិត្យមើលពាក្យស្វាគមន៍នៅក្នុងគម្ពីរវិវរណៈ ១:៤, ៥ និងរូ៉ម ១:៧។ តើពាក្យស្វាគមន៍ពីខទាំងពីរនេះមានលក្ខណៈដូចគ្នាត្រង់ណាខ្លះ? តើនរណាជាអ្នកថ្លែងនូវពាក្យស្វាគមន៍ទាំងនេះនៅក្នុងគម្ពីរនីមួយៗ?

ខទាំង២ប្រើប្រាស់ពាក្យស្វាគមន៍ដែលមនុស្សជំនាន់នោះនិយមប្រើពេលគេសរសេរសំបុត្រ៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​គង់​នៅ» (វិវរណៈ ១:៤)។ ពាក្យស្វាគមន៍នេះគឺជាពាក្យស្វាគមន៍ពីរដាច់ដោយឡែកពីគ្នារវាងភាសាក្រិកនិងភាសា ហេព្រើរ។ ទាំងលោកយ៉ូហាននិងលោកប៉ុលបង្រួមពាក្យស្វាគមន៍ជាភាសាក្រិកថា «[charis ខារីស]» ដែលមានន័យថា «ព្រះគុណ» ជាមួយនឹងពាក្យស្វាគមន៍ជាភាសាហេព្រើរថា «[shalom ហ្សាឡុម] ដែលមានន័យថា «សេចក្ដីសុខសាន្ត»។ យើងឃើញនៅក្នុងសេចក្ដីសំបុត្ររបស់លោកយ៉ូហានទៅកាន់ពួកជំនុំនិងនៅក្នុងសេចក្ដីសំបុត្ររបស់លោកប៉ុលដែរថា អ្នកផ្ដល់ «ព្រះគុណ» និង «សេចក្ដីសុខសាន្ត» គឺជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។

លោកយ៉ូហានប្រាប់យើងថាព្រះវរបិតាគឺជា «ព្រះដែល​ទ្រង់​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត» (វិវរណៈ ១:៨)។ រូបភាពរបស់ព្រះមួយនេះជួយឲ្យយើងចងចាំពីព្រះនាមរបស់ព្រះអង្គ យ៉ាវ៉េ ដែលមានន័យថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» (និក្ខមនំ ៣:១៤)។ ព្រះនាមនេះបង្ហាញឲ្យឃើញថាព្រះអង្គនេះពុំមែនជាព្រះដែលបង្កើតឡើងដោយអ្វីឬនរណាទៀតសោះ។ ព្រះអង្គមានព្រះជន្មគង់នៅជារៀងរហូតមក។ ហើយព្រះអង្គក៏នឹងបន្តគង់នៅជានិរន្តរដែរ។

នៅក្នុងគម្ពីរវិវរណៈ ១:៥ លោកយ៉ូហានរៀបរាប់ប្រាប់យើងពីព្រះយេស៊ូវដោយវិធីពិសេសៗបីយ៉ាង។ សេចក្ដីនីមួយៗស្ដីអំពីព្រះយេស៊ូវនេះបង្ហាញយើងពីកិច្ចការផ្សេងៗគ្នារបស់ព្រះយេស៊ូវសម្រាប់យើងម្នាក់ៗរួមមាន៖ ការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ការមានព្រះជន្មពីសុគតឡើងវិញរបស់ ព្រះអង្គ និងព្រះរាជកិច្ចរបស់ព្រះអង្គនៅលើស្ថានសួគ៌។ រួចលោកយ៉ូហានប្រាប់យើងថាព្រះយេស៊ូវទ្រង់សុគតលើឈើឆ្កាងដោយព្រោះទ្រង់ «ស្រឡាញ់យើងរាល់គ្នា» (វិវរណៈ ១:៥, ៦)។

ពាក្យពេចន៍ដែលសរសេរមកថាព្រះយេស៊ូវ «ស្រឡាញ់យើងរាល់គ្នា» មានអត្ថន័យពិសេស នៅក្នុងភាសាក្រិក។ ពាក្យដើមជាភាសាក្រិកបង្ហាញថាក្ដីស្រឡាញ់របស់ព្រះយេស៊ូវនោះធំធេងណាស់ គឺរហូតបានជាទ្រង់អាចស្រឡាញ់មនុស្សទាំងពីជំនាន់មុនៗ មនុស្សនាសម័យនេះ និងមនុស្សទៅ ជំនាន់ក្រោយៗទៀត។ ដោយព្រោះព្រះយេស៊ូវស្រឡាញ់យើងនេះហើយបានជាទ្រង់រំដោះយើងឲ្យមានសេរីពីអំពើបាបដោយព្រះលោហិតរបស់ទ្រង់។ ពាក្យជាភាសាក្រិកបង្ហាញយើងថាការសុគតរបស់ ព្រះយេស៊ូវគឺជាការប្រព្រឹត្តដ៏បរិសុទ្ធមួយ៖ ការសុគតរបស់ព្រះអង្គរំដោះយើងពីបាបរបស់យើងជានិរន្តរ ។

តើសេចក្ដីដែលថាព្រះយេស៊ូវសម្អាតយើងឲ្យធ្វើជាពួកសង្ឃបរិសុទ្ធថ្វាយព្រះដ៏ជាព្រះវរបិតាទ្រង់មានអត្ថន័យបែបណា? តើសេចក្ដីនេះគួរផ្លាស់ប្ដូរការរស់នៅរបស់យើងដែរឬទេ?

ថ្ងៃព្រហស្បតិ៍ ទី៣ មករា ឆ្នាំ២០១៩

គំនិតសំខាន់នៃគម្ពីរវិវរណៈ

លោកយ៉ូហានសរសេរសេចក្ដីផ្ដើមរបស់គាត់នៅក្នុងគម្ពីរវិវរណៈពីជំពូក១ ខ ១-៨។ នៅចុងបញ្ចប់នៃសេចក្ដីផ្ដើមរបស់គាត់ លោកយ៉ូហានបង្ហាញពីគំនិតសំខាន់ចម្បងគេបង្អស់នៅក្នុងគម្ពីរវិវរណៈទាំង មូលថា៖ ការយាងមកជាលើកទី២របស់ព្រះយេស៊ូវ។ ព្រះយេស៊ូវនឹងយាងមកទាំងមានអំណាចព្រះចេស្ដានិងសិរីល្អ។ ព្រះយេស៊ូវមានបន្ទូលជាពាក្យសន្យានេះបីដងទៀតនៅឯចុងបញ្ចប់នៃគម្ពីរនេះ (វិវរណៈ ២២:៧, ១២, ២០)។

នៅវេលាដែលលោកយ៉ូហានសរសេរគម្ពីរវិវរណៈ ១:៧, ៨ លោកប្រើពាក្យពេចន៍មកពីគម្ពីរដទៃទៀត៖ ដានីយ៉ែល ៧:១៣, ១៤ សាការី ១២:១០ និងម៉ាថាយ ២៤:៣០។ តើខនេះប្រាប់យើងពីមូលហេតុអ្វីខ្លះដែលធ្វើឲ្យយើងអាចទុកចិត្តបានថាការយាងមកជាលើកទី២ពិតជានឹងកើតឡើងមែន?

នៅក្នុងគម្ពីរវិវរណៈ លោកយ៉ូហានបង្ហាញយើងថាការយាងមកជាលើកទីពីរនឹងបញ្ចប់ប្រវត្តិសាស្ត្រនៃពិភពលោកនេះ។ ហើយនគរដ៏នៅអស់កល្បរបស់ព្រះក៏នឹងចាប់ផ្ដើមឡើងនៅគ្រាយាងមកជាលើកទីពីរនោះដែរ។ ការយាងមកជាលើកទីពីរនឹងរំដោះរាស្ត្ររបស់ព្រះពីសេចក្ដីអាក្រក់ សេចក្ដីទុក្ខសោក ការឈឺចាប់ និងសេចក្ដីស្លាប់បង់។

វិវរណៈ ១:៧ និងគម្ពីរដំណឹងល្អបង្រៀនយើងថាការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគឺជារឿងពិត។ ព្រះអង្គនឹងយាងមកយ៉ាងជាក់ច្បាស់។ ព្រះអង្គនឹងយាងមកដោយអំណាចព្រះចេស្ដានិងសិរីរុងរឿងរបស់ព្រះ។ មនុស្សគ្រប់រូបនឹងបានឃើញការយាងមករបស់ព្រះយេស៊ូវ សូម្បីតែពួកអ្នកដែលបានចាក់ទ្រង់ក៏នឹងឃើញដែរ (វិវរណៈ ១:៧)។ ពាក្យពេចន៍ទាំងនេះបង្ហាញថាព្រះជាម្ចាស់នឹងប្រោសមនុស្សមួយក្រុមជាពិសេសឲ្យរស់ពីស្លាប់មុនការយាងមកជាលើកទីពីរ។ ហើយក្រុមនេះគឺរួមមានទាំងពួកអ្នកដែលបានចាក់សម្លាប់ព្រះយេស៊ូវនៅលើឈើឆ្កាងផង។ ពួកគេនឹងរស់ឡើងវិញដើម្បីមើលការយាងមករបស់ព្រះយេស៊ូវ។ នៅវេលានោះ ព្រះយេស៊ូវនឹងរំដោះរាស្ត្ររបស់ទ្រង់។ ប៉ុន្តែព្រះអង្គនឹងជំនុំជម្រះអស់អ្នកដែលបានបែរចេញពីសេចក្ដីស្រឡាញ់របស់ទ្រង់។

លោកយ៉ូហានប្រើពាក្យពេចន៍ពីរម៉ាត់មកបង្ហាញយើងដើម្បីឲ្យយើងអាចជឿជាក់ថាព្រះយេស៊ូវពិតជាយាងមកវិញមែន។ «អើ មែន​ហើយ អាម៉ែន» (វិវរណៈ ១:៧)។ ពាក្យដើមដែលប្រែមកថា «អើ» នៅត្រង់នេះជាភាសាក្រិកគឺ «nai [នី]។ «អាម៉ែន» គឺជាភាសាហេព្រើរដែលយើងប្រើសម្រាប់បញ្ជាក់ថាអ្វីមួយគឺពិតជាយ៉ាងដូច្នោះមែន។ ពាក្យទាំងពីរម៉ាត់នេះរួមជាមួយគ្នាបង្ហាញថាយើងពិតជា អាចជឿជាក់បានថាព្រះយេស៊ូវពិតជានឹងយាងមកមែន។ លោកយ៉ូហានក៏បានប្រើពាក្រទាំងពីរម៉ាត់នេះទៀតនៅចុងសៀវភៅរបស់គាត់ដើម្បីបង្ហាញថាយើងពិតជាអាចជឿជាក់លើសេចក្ដីសន្យារបស់ព្រះយេស៊ូវដែលថាទ្រង់នឹងយាងមកវិញមែន (វិវរណៈ ២២:២០)។

សេចក្ដីសន្យារឹងមាំនិងមានតម្លៃអាស្រ័យលើអ្នកបង្កើតវាប៉ុណ្ណោះ។ ព្រះជាម្ចាស់ប្រទានសេចក្ដីសន្យាមួយមកយើងថាព្រះយេស៊ូវនឹងយាងមកវិញ។ ព្រះជាម្ចាស់មិនដែលល្មើសនឹងសេចក្ដីសន្យាណាដែលទ្រង់បានដាក់មកឡើយ។ តើសេចក្ដីនេះជួយឲ្យយើងទុកចិត្តបានថាព្រះយេស៊ូវនឹងយាងមកវិញដូចដែលព្រះជាម្ចាស់សន្យាដែរឬទេ?

ថ្ងៃសុក្រ ទី៤ មករា ឆ្នាំ២០១៩

សិក្សាបន្ថែម

«ព្រះជាម្ចាស់ប្រទានសារនៅក្នុងគម្ពីវិវរណៈទៅដល់រាស្ត្ររបស់ទ្រង់ទុកជាក្បួនដឹកនាំនិងជាទីកម្សាន្តចិត្តដល់ពួកគេចាប់តាំងពីសម័យពួកជំនុំដំបូងរហូតដល់គ្រាចុងក្រោយ.... វិវរណៈ ការ​បើក​ចំហ ការ​សម្ងាច​ឲ្យ​គេ​ឃើញ​ច្បាស់ ការពិព័រណ៍។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទផ្ទាល់ជាអ្នកបង្ហាញឲ្យបាវបម្រើទ្រង់យ៉ូហានឃើញពីអាថ៌កំបាំងដែលយើងបានអាននៅក្នុងគម្ពីរវិវរណៈ។ ព្រះយេស៊ូវចង់ឲ្យមនុស្សគ្រប់គ្នាមានឱកាសបានរៀនពីសេចក្ដីពិតទាំងនេះ។ មិនមែនសម្រាប់តែមនុស្សដែលរស់នៅនាសម័យលោកយ៉ូហានប៉ុណ្ណោះទេ។ ប៉ុន្តែព្រះជាម្ចាស់ក៏ប្រទានសេចក្ដីនេះឲ្យដល់មនុស្សដែលនឹងរស់នៅៗវេលាចុងក្រោយនៃផែនដីនេះផង។ ព្រឹត្តិការណ៍ខ្លះនៅក្នុងគម្ពីរវិវរណៈបង្ហាញយើងពីអតីតកាល។ ប៉ុន្តែសេចក្ដីខ្លះទៀតនៅក្នុងគម្ពីរនេះបង្ហាញយើងពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។ ព្រឹត្តិការណ៍ខ្លះទៀតជួយឲ្យយើងមើលឃើញពីមហាវិវាទរវាងអំណាចនៃសេចក្ដីអាក្រក់និងព្រះយេស៊ូវដ៏ជាព្រះអម្ចាស់នឹងត្រូវបញ្ចប់នាពេលអនាគត។ ឯព្រឹត្តិការណ៍ខ្លះទៀតនៅក្នុងគម្ពីរវិវរណៈបង្ហាញយើងថារាស្ត្ររបស់ព្រះនឹងទទួលជ័យជម្នះលើអំពើបាប។ យើងក៏បានឃើញពីសេចក្ដីអំណររបស់ពួកគេនៅផែនដីថ្មីដែរ។

«មនុស្សជាច្រើនដែលសិក្សាពីគម្ពីរវិវរណៈមិនអាចពន្យល់ពីអត្ថន័យរបស់រូបស័ព្ទនិងនិមិត្តសញ្ញាទាំងអស់ក្នុងនោះបានឡើយ។ តែពួកគេក៏មិនត្រូវឈប់បន្តសិក្សាគម្ពីរនេះទៀតដែរ។ កុំភ្លេចថាព្រះដែលបានបង្ហាញអាថ៌កំបាំងទាំងអស់នេះដល់លោកយ៉ូហានដដែលនេះឯងក៏នឹងប្រទានការយល់ដឹងដល់អស់អ្នកណាដែលព្យាយាមស្វែងយល់ពីសេចក្ដីពិតនោះដែរ។ មនុស្សត្រូវតែបើកចិត្តទទួលយកសេចក្ដីពិត។ ពេលនោះព្រះជាម្ចាស់នឹងជួយពួកគេឲ្យយល់ពីការបង្រៀនរបស់គម្ពីរវិវរណៈ។ ព្រះអង្គនឹងប្រទានសេចក្ដីដូចគ្នាដែលព្រះអង្គបានសន្យាទៅអស់អ្នកណាដែល «ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ» (វិវរណៈ ១:២)។ ដកស្រង់ពីសៀវភៅ The Act of the Apostles, page 583-585 របស់អ្នកស្រី អែល្លិនជីវ៉ៃត៍។

សំនួរពិភាក្សា៖
  1. តើគ្រីស្ទានគណនិកាយផ្សេងយល់ឃើញបែបណាទាក់ទិនទៅនឹងសារនៅក្នុងគម្ពីរវិវរណៈ? ហេតុអ្វីបានជាមានគណនិកាយគ្រីស្ទានជាច្រើនភ័យខ្លាចចំពោះសារទាំងនេះ?

  2. សូមសញ្ជឹងគិតពីមនុស្សកាលពី២០ឆ្នាំមុនដែលបានលើកឡើងថានឹងមានព្រឹត្តិការណ៍មួយចំនួនកើតឡើងនាពេលអនាគត។ ប៉ុន្តែសេចក្ដីដែលពួកគេថាទាំងប៉ុន្មានមិនបានកើតឡើងជាពិតទេ។ តើលោកអ្នកគិតថាអស់អ្នកដែលបានជឿពាក្យទាំងនោះមានអារម្មណ៍បែបណានៅពេលដែលអ្វីដែលគេទស្សទាយថានឹងកើតឡើងនោះបែរជាមិនបានកើតឡើងទៅវិញ? ក្នុងនាមជាអ្នកសេវេនដេយអាត់វេនទីស្ទ យើងជឿទៅលើបទទំនាយដែលមាននៅក្នុងព្រះគម្ពីរ។ ដូច្នេះតើមានវិធីមួយណាដែលល្អជាងគេសម្រាប់បង្រៀនសេចក្ដីពិតទាំងនេះដល់មនុស្សដទៃទៀត? ​
Powered by CAM