មេរៀនទី១​៖ ៣០ មីនា‑៥ មេសា ២០១៩

មានពេលវេលាត្រឹមត្រូវសម្រាប់គ្រប់យ៉ាង

Jeans
ថ្ងៃសៅរ៍ ទី៣០ មីនា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ១:១ សាស្ដា ៣:២ យ៉ូប ១:១៣-១៩ កាឡាទី ១:១៥-១៧ រ៉ូម ១៥:៧។

ខចងចាំ៖ «មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ» (សាស្ដា ៣:១)។

ស្ដេចសាឡូម៉ូនបាននិពន្ធកំណាព្យយ៉ាងពីរោះៗមួយចំនួន។ ព្រះអង្គបានសរសេរថា «មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ មាន​ពេល​សំរាប់​កើត​មក នឹង​ពេល​សំរាប់​ស្លាប់​ទៅ មាន​ពេល​សំរាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ មាន​ពេល​សំរាប់​សំឡាប់ ហើយ​ពេល​សំរាប់​មើល​ឲ្យ​ជា មាន​ពេល​សំរាប់​រំលំ​រំលាយ ហើយ​ពេល​សង់​ឡើង មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយសោក និង​ពេល​សំរាប់​លោតកព្ឆោង មាន​ពេល​សំរាប់​បោះ​ថ្ម​ចោល និង​ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប មាន​ពេល​សំរាប់​ស្វែង​រក ហើយ​ពេល​សំរាប់​បាត់បង់​ទៅ មាន​ពេល​សំរាប់​រក្សា​ទុក ហើយ​ពេល​សំរាប់​បោះបង់​ចោល មាន​ពេល​សំរាប់​ហែក​ចោល ហើយ​ពេល​សំរាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ មាន​ពេល​សំរាប់​ស្រឡាញ់ ហើយ​ពេល​សំរាប់​ស្អប់ មាន​ពេល​សំរាប់​ចំបាំង ហើយ​ពេល​សំរាប់​សេចក្តី​សុខ» (សាស្ដា ៣:១-៨)។

ពាក្យពេចន៍របស់ស្ដេចសាឡូម៉ូនបង្ហាញយើងថាអត្ថន័យរួមនៃជីវិតគឺ៖ ការផ្លាស់ប្ដូរ។ មែនហើយ យើងឆ្លងកាត់ការផ្លាស់ប្ដូរចាប់តាំងពីថ្ងៃយើងកកើតមកម៉្លេះ។ ជួនកាលការផ្លាស់ប្ដូរខ្លះជារឿងល្អ តែជួនកាលទៀតការផ្លាស់ប្ដូរខ្លះជារឿងអាក្រក់។ ជួន យើងអាចគ្រប់គ្រងអ្វីៗដែលកើតឡើងមកលើខ្លួនយើង តែជួនក៏ពុំអាចគ្រប់គ្រងបានដែរ។ សប្ដាហ៍នេះយើងនឹងក្រឡេកមើលពីពេលការប្រែប្រួលនៃជីវិតរបស់មនុស្សព្រមទាំងពីការដែលការទាំងនោះផ្លាស់ប្ដូរយើងនិងក្រុមគ្រួសាររបស់យើង។

ថ្ងៃអាទិត្យ ទី៣១ មីនា ឆ្នាំ២០១៩

កាលពីដំបូង

ព្រះគម្ពីរផ្ដើមពីវេលាដែលព្រះបង្កើតផែនដី។ មូលហេតុនេះហើយបានជាគម្ពីរលោកុប្បត្តិ ១:១ ផ្ដើមដោយពាក្យមួយម៉ាត់ដែលអាចមានន័យថា «កាលដើមដំបូងឡើយ»។ គម្ពីរលោកុប្បត្តិជំពូកមួយប្រាប់យើងថាផែនដីពុំមាន «រូបរាង ហើយនៅទទេ» (លោកុប្បត្តិ ១:២)។ ព្រះជាម្ចាស់បំពេញកិច្ចការប្រាំមួយថ្ងៃ។ ព្រះអង្គបំពេញផែនដីដោយរុក្ខជាតិ សត្វ ព្រមទាំងអ្វីៗផ្សេងទៀតដែលទ្រទ្រង់ជីវិត។ នៅថ្ងៃទី៦ «រួច​ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ» (លោកុប្បត្តិ ១:៣១)។ ដូច្នេះគម្ពីរលោកុប្បត្តិបង្ហាញយើងពីចំណុចផ្ដើមនៃជីវិតរបស់យើងនៅលើផែនដីនេះ។

មានព្រឹត្តិការណ៍ច្រើនណាស់កើតឡើងនៅក្នុងគម្ពីរលោកុប្បត្តិជំពូក១! សូមអានជំពូកនេះហើយ សួរខ្លួនឯងថា៖ តើព្រះជាម្ចាស់បង្កើតរបស់សព្វសារពើមកត្រូវកន្លែងនិងត្រូវពេលដែរឬទេ? ឬមួយព្រះអង្គអនុញ្ញាតិឲ្យរបស់ខ្លះកើតឡើងដោយចៃដន្យ? តើចម្លើយរបស់លោកអ្នកបង្ហាញអ្នកថាព្រះជាព្រះបែបណាហើយព្រះអង្គមានព្រះហឫទ័យបែបណា?

អ្នកស្រីអែល្លិនជីវ៉ៃត៍មានប្រសាសន៍ថា «ច្បាប់ទីមួយរបស់ព្រះគឺធានាឲ្យបានថាអ្វីៗគ្រប់យ៉ាងនៅនគរស្ថានសួគ៌មានរបៀបរៀបរយ» ដកស្រង់ពីសៀវភៅ Signs and Times, June 8, 1908។ ព្រះជាម្ចាស់ក៏ចង់ឲ្យអ្វីៗនៅលើផែនដីមានរបៀបរៀបរយដែរ។ មែនហើយ អំពើបាបបានធ្វើឲ្យផែនដីនេះច្របូកច្របល់ជាខ្លាំង។ ប៉ុន្តែចូរក្រឡេកមើលការផ្លាស់ប្ដូរនិងដំណើរនៃជីវិតទៅមើល។ តើយើងនឹង ឃើញអ្វី? យើងនឹងឃើញពីភស្តុតាងពីរបៀបដែលព្រះរៀបចំអ្វីៗសព្វសារពើនៅលើផែនដីមិនខាន។

តើព្រះមានផែនការបែបណាសម្រាប់យើងនៅលើផែនដីនេះបើយោងតាមគម្ពីរលោកុប្បត្តិ ៨:២២? តើផែនការរបស់ព្រះនៅបន្តរហូតដល់ពេលណា?

មែនហើយ អំពើបាបកែប្រែពិភពលោក។ ក៏ប៉ុន្តែបើទោះជាបែបនោះក្ដី តើលោកអ្នកមានសង្កេតឃើញទេថារដូវកាលកើតឡើងត្រូវពេលវេលារបស់វា? រដូវក្ដៅនិងរដូវរងារ យប់និងថ្ងៃ ព្រមទាំងរដូវផ្សេងៗសុទ្ធជាផ្នែកនៃជីវិតលើផែនដីនេះ (លោកុប្បត្តិ ១:១៤)។ ព្រះជាម្ចាស់បង្កើតវាមកបែបនេះ។ តើផែនដីនិងផ្ទៃមេឃថ្មីនឹងមានសម្រស់ស្រស់ស្អាតប៉ុនណាទៅហ្ន៎? គម្ពីរអេសាយ ៦៦:២៣ ផ្ដល់ជាគន្លឹះដល់យើង។ ពិតហើយ ព្រះគម្ពីរបង្ហាញយើងតែបន្តិចប៉ុណ្ណោះ។ ប៉ុន្តែនឹងមានពេលវេលាសម្រាប់ឲ្យអ្វីៗគ្រប់យ៉ាងកើតឡើងនៅលើផែនដីថ្មីដែរ។

ព្រះជាម្ចាស់តម្រូវឲ្យយើងរក្សាថ្ងៃបរិសុទ្ធរបស់ទ្រង់រៀងរាល់សប្ដាហ៍ឲ្យបានបរិសុទ្ធ។ តើការរក្សាថ្ងៃបរិសុទ្ធរបស់អ្នកបានជួយផ្លាស់ប្ដូរជីវិតអ្នកនិងគ្រូសាររបស់អ្នកយ៉ាងដូចម្ដេចខ្លះ?

ថ្ងៃច័ន្ទ ទី១ មេសា ឆ្នាំ២០១៩

ពេលវេលាសម្រាប់រឿងគ្រប់យ៉ាង

អ្នកវិទ្យាសាស្ត្រគេនិយាយអំពីសេចក្ដីមួយដែលគេឲ្យឈ្មោះថា «នាឡិកាក្នុងរាងកាយ»។ នាឡិកាក្នុងរាងកាយគឺជារូបស័ព្ទដែលសំដៅទៅលើដំណើរការពិសេសមួយនៅក្នុងរាងកាយរបស់មនុស្ស។ នាឡិការទាំងនេះជួយឲ្យប្រព័ន្ធរាងកាយទាំងឡាយដំណើរការបានត្រឹមត្រូវតាមពេលវេលា។ នាឡិកានៅក្នុងរាងកាយរបស់យើងជួយឲ្យយើងក្រោកពីដំណេកនិងចូលសម្រាន្តទាន់ពេលវេលា។ នាឡិការក្នុងរាងកាយបង្ហាញយើងថាមានពេលវេលាពិសេសៗសម្រាប់ឲ្យអ្វីផ្សេងៗដំណើរការក្នុងជីវិត។

ព្រះគម្ពីរមានចែងអំពីវេលាពិសេសៗនៅក្នុងជីវិត ឬរដូវសម្រាប់ការណ៍ផ្សេងៗដែលត្រូវកើតឡើង។ តើមានរដូវអ្វីខ្លះ? សូមសរសេរចម្លើយរបស់លោកអ្នកនៅលើបន្ទាត់ខាងក្រោមក្រោយខនីមួយៗ។ តើរដូវនៃជីវិតរបស់យើងទាំងនេះមានទំនាក់ទំនងអ្វីទៅនឹងគ្រួសាររបស់យើង?

សាស្ដា ៣:២--------------------------------------------------------

លោកុប្បត្តិ ២១:៨ ពួកចៅហ្វាយ ១៣:២៤----------------------

ទំនុកតម្កើង ៧១:៥ សុភាសិត ៥:១៨----------------------------

លោកុប្បត្តិ ១៥:១៥ ពួកចៅហ្វាយ ៨:៣២-----------------------

ទំនុកតម្កើង ៩០:១០----------------------------------------------

នៅចន្លោះរវាងពេលដែលយើងកើតនិងស្លាប់ទៅវិញ មានការផ្លាស់ប្ដូរជាច្រើននៅក្នុងអំឡុងពេលនេះ។ មនុស្សម្នាក់ៗឆ្លងកាត់បទពិសោធន៍ជីវិតខុសៗគ្នា។ ក្មេងខ្លះកើតមកមិនបានយូរប៉ុន្មានផងក៏ស្លាប់ទៅវិញ។ ឯក្មេងខ្លះទៀតចម្រើនវ័យឡើងរហូតមានវ័យកាន់តែចំណាស់។ ក្មេងៗមិនលូតលាស់និងចម្រើនវ័យឡើងតាមបែបដូចៗគ្នាឡើយ។ ក្មេងខ្លះបានចូលសាលាហើយធំឡើងក៏មានជំនាញ។ ឯក្មេងខ្លះទៀតពុំបានចូលសាលាដូចគេឡើយ។ អ្នកខ្លះធំឡើងក៏មានគូស្រករបង្កើតកូនពូនជាចៅ។ ឯខ្លះទៀតមួយជីវិតមិនដែលបានរៀបការឬមានកូននឹងគេឡើយ។

នៅលើផែនដីយើងនេះមានមនុស្សរាប់លាននាក់។ មនុស្សយើងមានលក្ខណៈស្រដៀងគ្នាជាច្រើនសណ្ឋានដែរ (កិច្ចការ ១៧:២៦)។ យើងម្នាក់ៗសុទ្ធតែមានតម្លៃវិសេសវិសាល។ ដូច្នេះយើងនឹងមានលក្ខណៈពិសេសខុសប្លែកពីគ្នាដែរ។

សេចក្ដីទាំងឡាយដែលធ្វើឲ្យយើងខុសប្លែកពីគេសុទ្ធតែមានសារៈសំខាន់។ ហេតុអ្វី? ពីព្រោះថាមនុស្សយើងម្នាក់ៗមានអ្វីម្យ៉ាងដែលអ្នកដទៃទៀតគ្មាន។ ភាពខុសប្លែករបស់យើងបណ្ដាលឲ្យយើងអាចប្រទានពរ ដល់អ្នកដទៃទៀត (សុភាសិត ២០:២៩)។ មិនថាយើងស្ថិតនៅក្នុងវ័យណាទេ យើងសុទ្ធតែមានអ្វីម្យ៉ាងសម្រាប់ថ្វាយដល់ព្រះនិងដល់មនុស្សដទៃទៀតដែរ។

តើអ្នកអាចធ្វើអ្វីដែលជាព្រះពរដល់អ្នកដទៃទៀត?

ថ្ងៃអង្គារ ទី២ មេសា ឆ្នាំ២០១៩

​​​នៅវេលាដែលការណ៍មិនបានរំពឹងទុកកើតឡើងមក

សូមអានគម្ពីរយ៉ូប ១:១៣-១៩ និងយ៉ូប ២:៧-៩។ តើមានរឿងអ្វីកើតឡើងចំពោះលោកយ៉ូបនៅក្នុងខទាំងនេះ? តើសេចក្ដីឈឺចាប់ដ៏ឥតគណនារបស់លោកយ៉ូបនេះដូចគ្នាទៅនឹងសេចក្ដីលំបាកដែលមនុស្សគ្រប់រូបជួបប្រទះនៅវេលាណាមួយក្នុងឆាកជីវិតដែរឬទេ?

អ្នកប្រាជ្ញក្រិក លោកហើគ្លីតតុសបានលើកឡើងថា «សេចក្ដីម្យ៉ាងដែលមិនប្រែប្រួលនៅក្នុងជីវិតមនុស្សគឺថាជីវិតតែងមានការប្រែប្រួលជានិច្ច»។ ពេលខ្លះជីវិតយើងមើលទៅហាក់ល្អគ្រប់យ៉ាង។ ស្រាប់តែមានរឿងអ្វីមួយកើតឡើងមកដោយយើងមិនបានរំពឹងទុក។ អាចជាការបាត់បង់ការងារ។ ឬដាច់ជើងឬដៃ។ ឬយើងកើតជំងឺហើយស្លាប់ទាំងវ័យក្មេង។ ឬភ្លើងឆេះផ្ទះយើង។ ឬជួបគ្រោះថ្នាក់ចរាចរណ៍ ឬក៏ដួលពេលកំពុងបណ្ដើរឆ្កែជាដើម។ល។

ជាការពិតហើយដែលថាការប្រែប្រួលទាំងអស់ពុំមែនសុទ្ធតែអាក្រក់នោះទេ។ ជួនកាលអាចថាយើងមានការងារថ្មីដែលផ្ដល់ប្រាក់កម្រៃច្រើនជាងមុនក៏ថាបាន។ ឬបានជួបនឹងមនុស្សដែលយើងត្រូវរៀបការជាមួយជាដើម។ ទាំងនេះគឺជាការប្រែប្រួលល្អដែលមនុស្សភាគច្រើនសប្បាយចិត្តនឹងជួប។

យ៉ាងណាមិញ អ្វីៗគ្រប់យ៉ាងអាចប្រែប្រួលត្រឹមមួយវិនាទីដូចដែលសាច់រឿងរបស់លោកយ៉ូបបង្ហាញយើងស្រាប់។

លោកយ៉ូបច្បាស់ជាមិនបានរំពឹងទុកថានឹងមានរឿងអាក្រក់ដែលបានកើតឡើងមកលើរូបលោកនោះទេ។ ព្រះគម្ពីរចែងពីលោកយ៉ូបថា «ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោតខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់» (យ៉ូប ១:១)។ យើងដឹងថាគាត់មានប្រពន្ធមួយ ជាអ្នកមាន ស្ដុកស្ដម្ភ មានកូនប្រុស៧នាក់និងកូនស្រី៣នាក់ (យ៉ូប ១:២ , ៣)។ មកដល់ត្រឹមពាក់កណ្ដាលនៃសាច់រឿងរបស់គាត់ យើងដឹងថាលោកយ៉ូបបាត់បង់របស់ធំៗយ៉ាងហោចណាស់ប្រាំមួយយ៉ាងរួមមាន៖ ដីធ្លី កម្មករ កូនប្រុសស្រី សុខភាពរបស់គាត់ផ្ទាល់ ការគាំទ្រពីសំណាក់ប្រពន្ធរបស់គាត់ ព្រមទាំងការគាំទ្រពីសំណាក់មិត្តភក្ដិរបស់គាត់ផង។ ជីវិតរបស់គាត់ទាំងមូលត្រឡប់ទៅជាក្រឡាប់ ចាក់អស់។ គ្រួសាររបស់គាត់ត្រូវបែកបាក់ខ្ទេចខ្ទីគ្មានសល់។

ពិតមែនហើយសេចក្ដីអាក្រក់ដែលកើតឡើងចំពោះលោកយ៉ូបពុំមែនកើតចំពោះមនុស្សគ្រប់គ្នានោះទេ។ ប៉ុន្តែមាននរណាម្នាក់ដែលមិនធ្លាប់ជួបរឿងដែលមិនបានរំពឹងទុកដូចជាលោកយ៉ូបនោះ?ជួនកាលជីវិតរស់នៅសុខសាន្តប្រពៃធម្មតា ស្រាប់តែត្រូវប្រែប្រួលជាមួយរំពេចដោយគ្មានបានដឹងអ្វី ជាមុន។ ចាប់ពីពេលនោះមកជីវិតរបស់យើងព្រមទាំងជីវិតរបស់ក្រុមគ្រួសារយើងលែងមានសភាព ដូចមុនទៀត។

គួរឲ្យសោកស្ដាយដែរដែលរឿងអាក្រក់ៗដែលកើតឡើងក្នុងជីវិតមនុស្សគ្មានអ្វីថ្មីឬប្លែកនោះទេ។ មើលរឿងដែលកើតឡើងចំពោះអេបិលទៅមើល។ តើលោកអ្នកគិតថាអេបិលដឹងមុនថាបងប្រុសឯងនឹងសម្លាប់រូបគាត់ដែរឬទេ? រួចចុះរឿងលោកយ៉ូសែបវិញ? តើលោកអ្នកគិតថាយ៉ូសែបដែលរំពឹងទុកមុនថាបងៗរបស់ខ្លួននឹងលក់រូបគាត់ឲ្យទៅធ្វើជាទាសករនៅស្រុកអេស៊ីព្ទដែរទេ? នៅក្នុងសាច់រឿង ទាំងពីរនេះ សមាជិកគ្រួសារបានធ្វើរឿងដ៏អាក្រក់បំផុតហើយបណ្ដាលឲ្យគ្រួសារមានការឈឺចាប់ជាខ្លាំង។ ព្រះគម្ពីរមានឧទាហរណ៍ជាច្រើនពីតួអង្គនិងក្រុមគ្រួសារដែលប្រែប្រួលជាអនេកដោយព្រឹត្តិការណ៍ផ្សេងៗដែលពួកគេមិនបានរំពឹងទុក។

តើជំនឿរបស់លោកអ្នកបានជួយលោកអ្នកដូចម្ដេចខ្លះនៅគ្រាដែលមានរឿងអាក្រក់ៗកើតឡើងដោយគ្មានដំណឹងជាមុននៅក្នុងជីវិត?

ថ្ងៃពុធ ទី៣ មេសា ឆ្នាំ២០១៩

ការផ្លាស់ប្ដូរដ៏ធំធេង

មនុស្សចូលចិត្តធ្វើរឿងដដែលៗ។ ពេលវ័យកាន់តែចាស់ យើងកាន់តែពិបាកក្នុងការកែប្រែទម្លាប់។

មនុស្សយើងពិបាកនឹងកែប្រែ។ ប៉ុន្តែអ្វីដែលយើងមិនអាចធ្វើសម្រាប់ខ្លួនឯងបាន ព្រះអាចធ្វើ ឲ្យយើងបាន។ ព្រះអង្គចង់បំផ្លាស់ចិត្តរបស់យើង។ ផែនការសង្គ្រោះយើងរបស់ព្រះគឺបែបនេះឯង ពោលគឺ៖ ព្រះចង់ឲ្យយើងក្លាយជាមនុស្សថ្មី!

តើមានការផ្លាស់ប្ដូរធំធេងអ្វីដែលកើតឡើងចំពោះសូលមកពីស្រុកតើសុស? តើការផ្លាស់ប្ដូរនោះកើតឡើងដោយរបៀបណា? អានគម្ពីរកិច្ចការ ៨:១, ៣ កិច្ចការ ៩:១-២២ និងកាឡាទី ១:១៥-១៧ សម្រាប់ស្វែងរកចម្លើយ។

«សូលប្រគល់ខ្លួនទៅឯព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង។ ពេលនោះគាត់ក៏បានយល់ពីកំហុសដែលខ្លួនបានសាងមក។ គាត់ក៏បានយល់ថាច្បាប់បញ្ញត្តិរបស់ព្រះគឺតម្រូវឲ្យយើងស្ដាប់បង្គាប់តាមទ្រង់ ទាំងស្រុង។ សូលធ្លាប់តែជាមនុស្សដែលពោរពេញដោយក្ដីអំនួត។ មូលហេតុអ្វី? ពីព្រោះគាត់ធ្លាប់គិតថាគាត់ជាពួកផារិស៊ីដែលល្អ។ កាលពីនៅជាផារិស៊ី សូលធ្លាប់គិតថាការប្រព្រឹត្តល្អរបស់គាត់អាចជួយសង្គ្រោះគាត់បាន។ ប៉ុន្តែពេលនេះសូលលុតជង្គង់ចុះហើយអធិដ្ឋាន។ ពេលនេះសូលមានចិត្តស្អាតដូចជាកូនក្មេងម្នាក់។ គាត់បានលន់តួបាបនៅចំពោះព្រះ។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់សូលដែរ។ ដូច្នេះសូលក៏ទូលអង្វរសុំក្ដីមេត្តាពីព្រះ។ គាត់ចង់នៅខាងព្រះវរបិតានិងព្រះ រាជបុត្រាជាងអ្វីៗទាំងអស់...។

«ព្រះជាម្ចាស់ឮសេចក្ដីអធិដ្ឋានរបស់សូល។ សេចក្ដីមេត្តាករុណានិងអភ័យរបស់ព្រះបានកែប្រែចិត្តគំនិតរបស់គាត់។ គំនិតនិងអារម្មណ៍ល្អបំផុតរបស់សូលរួមមកតែមួយជាមួយនឹងផែនការរបស់ព្រះសម្រាប់ជីវិតរបស់គាត់។ ពេលនោះសូលចាប់ផ្ដើមស្រឡាញ់ព្រះយេស៊ូវនិងឈើឆ្កាងជាងអ្វីៗទាំងអស់នៅក្នុងជីវិតរបស់គាត់» ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិនជីវ៉ៃត៍ The Acts of the Apostles, pages 119, 120.

ដំណើររឿងនៃការថ្វាយជីវិតរបស់យើងទៅឯព្រះយេស៊ូវអាចថាមិនសូវអស្ចារ្យដូចជាដំណើររឿងលោកប៉ុល។ ប៉ុន្តែយើងនៅតែអាចប្រាប់អ្នកដទៃទៀតពីសេចក្ដីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ ហើយយើងក៏អាចប្រាប់គេពីការដែលព្រះយេស៊ូវកំពុងធ្វើឥឡូវនេះដើម្បីបំផ្លាស់បំប្រែយើងដែរ។ យើងអាចប្រាប់មនុស្សទូទៅថាព្រះយេស៊ូវធ្វើឲ្យជីវិតយើងល្អប្រសើរឡើង។ មែនហើយការដែល ព្រះយេស៊ូវធ្វើការនៅក្នុងជីវិតយើងអាចចំណាយពេលយូរ។ ជួនកាលយើងងាយនឹងបាក់ទឹកចិត្តហើយជឿថាយើងនឹងមិនអាចកែប្រែបានឡើយ។ ប្រសិនបើមានអារម្មណ៍បែបនេះកើតឡើង មានក្ដីសង្ឃឹមមួយដែលយើងអាចអាងបាននៅក្នុងគម្ពីរ៖ ភីលីព ១:៦ និង រ៉ូម ៨:១។

អានភីលីព ១:៦ និង រ៉ូម ៨:១។ តើយើងឃើញសេចក្ដីសន្យាដ៏ពិសិដ្ឋអ្វីនៅក្នុងខទាំងនេះ?

ថ្ងៃព្រហស្បតិ៍ ទី៤ មេសា ឆ្នាំ២០១៩

មិត្តភាព

ព្រះគម្ពីរគឺជាសៀវភៅមួយស្ដីពីមិត្តភាព។ ព្រះជាម្ចាស់បង្កើតយើងមកឲ្យបង្កើតមិត្តភាពជាមួយមនុស្សដទៃ។ មនុស្សយើងតិចណាស់ដែលរស់នៅដាច់ដោយឡែកតែឯង។ មូលហេតុមួយនោះគឺថា យើងម្នាក់ៗកើតមកដោយសារឪពុកម្ដាយរបស់យើង។ សូម្បីតែបន្ទាប់ពីយើងកើតហើយ ក៏យើងត្រូវមានអ្នកមើលថែរហូតដល់វ័យមួយចាស់ល្មមអាចមើលថែខ្លួនឯងបានដែរ។ សូម្បីតែដល់វ័យដែលយើងអាចរស់នៅដោយខ្លួនឯងហើយក្ដី តើនឹងមាននរណាចង់រស់នៅតែម្នាក់ឯងនោះ? មនុស្សយើងភាគច្រើនត្រូវការនិងចង់បានមិត្តភាពជាមួយមនុស្សដទៃទៀត។ សត្វចិញ្ចឹមក៏ជារឿងល្អ។ ប៉ុន្តែចុងបញ្ចប់ មិត្តភាពដែល ជិតស្និទ្ធបំផុតគឺមានតែរវាងយើងនិងមនុស្សដទៃទៀតប៉ុណ្ណោះ មិនមែនជាមួយសត្វឡើយ។ មូលហេតុនេះហើយបានជាក្រុមគ្រួសារមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតយើងម្នាក់ៗ។

មិត្តភាពរបស់យើងជាមួយមនុស្សដទៃអាចផ្លាស់ប្ដូរជីវិតរបស់យើង។ ការផ្លាស់ប្ដូរនេះមានទាំង វិជ្ជមាននិងអវិជ្ជមាន គឺថាទំនាក់ទំនងមិត្តភាពរបស់យើងអាចកែប្រែជីវិតយើងនិងមិត្តភក្ដិរបស់យើងទៅជាល្អឬទៅជាអាក្រក់។ ដូច្នេះយើងត្រូវខិតខំធ្វើជាគំរូល្អដល់មនុស្សដទៃទៀតឲ្យបានគ្រប់ពេលវេលា។

សូមខានគម្ពីរខាងក្រោម។ តើខទាំងនេះបង្រៀនយើងឲ្យសម្ដែងអាកប្បកិរិយាបែបណាទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើង?

រ៉ូម ១៥:៧--------------------------------------------

អេភេសូរ ៤:២, ៣២ -------------------------------

ថែស្សាឡូនីចទី១ ៣:១២---------------------------

យ៉ាកុប ៥:១៦ -------------------------------------

តាមពិតក្បួនខ្នាតគឺសាមញ្ញៗទេ។ យើងត្រូវតែចិត្តល្អព្រមទាំងស្លូតបូតទៅកាន់មនុស្សឯទៀត។ ពេលនោះយើងអាចជួយផ្លាស់ប្ដូរជីវិតគេក្នុងផ្លូវល្អ។ ព្រះយេស៊ូវក៏បំផ្លាស់បំប្រែជីវិតមនុស្សក្នុងផ្លូវល្អដែរ។ ព្រះយេស៊ូវធ្វើឲ្យជីវិតរបស់ពួកគេល្អប្រសើរឡើង។ កាលបើយើងធ្វើរឿងដដែលនេះទៅកាន់មនុស្សដទៃ ទៀត ពិតជារឿងដែលល្អខ្លាំងណាស់។ ជាថ្មីម្ដងទៀត យើងត្រូវចងចាំរឿងសំខាន់មួយ។ យើងម្នាក់ៗសុទ្ធ តែមានឥទ្ធិពល (ទោះតិចតួចក្ដី) អាចកែប្រែមនុស្សដទៃបាន មិនថាផ្លូវល្អឬផ្លូវអាក្រក់។ តើយើងអាចធ្វើ បែបនេះបានដោយរបៀបណា? គឺតាមរយៈការនិយាយស្ដីរបស់យើងទៅកាន់ពួកគេ ក៏ដូចជាតាមរយៈ ទង្វើរបស់យើងដែលប៉ះពាល់អារម្មណ៍របស់គេដែរ។ អ្នកដែលជិតស្និទ្ធនឹងយើងបំផុតនោះហើយជាក្រុមគ្រួសាររបស់យើង។ ពួកគេនេះហើយដែលយើងអាចមានឥទ្ធិពលកែប្រែបំផុត។ ដូច្នេះយើងចាំបាច់ត្រូវតែប្រុងប្រយ័ត្ន ដោយបង្ហាញក្ដីស្រឡាញ់ដល់ក្រុមគ្រួសារយើងជានិច្ច។

ចូរក្រឡេកមើលព្រះបន្ទូលព្រះយេស៊ូវនៅក្នុងលូកា ១១:៣៤ និងម៉ាកុស ៤:២៤, ២៥។ តើព្រះយេស៊ូវបង្គាប់ឲ្យយើងធ្វើអ្វី?

ថ្ងៃសុក្រ ទី៥ មេសា ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមសញ្ជឹងគិតអំពីការផ្លាស់ប្ដូរដែលកើតមាននៅក្នុងជីវិតរបស់ពួកអ្នកដើរតាមព្រះយេស៊ូវបន្ទាប់ពីពួកគេចំណាយពេលនៅជាមួយនឹងទ្រង់។ អ្នកដើរតាមព្រះយេស៊ូវពុំសូវមានចំណេះវិជ្ជាជ្រៅជ្រះអ្វីនោះទេ។ ពួកគេសុទ្ធសឹងតែជាសាមញ្ញជន។ ពួកគេចេះតែសេចក្ដីបង្រៀនតាមបែបសាសន៍យូដានិងរស់នៅតែតាមបែបយូដាប៉ុណ្ណោះ។ ប៉ុន្តែពេលនេះលោកគ្រូដែលមកពីស្រុកកាលីឡេតម្រូវឲ្យពួកគេផ្លាស់ប្ដូរជីវិតរបស់គេ។ ព្រះយេស៊ូវឲ្យពួកគេសញ្ជឹងគិតពីជីវិតរបស់ពួកគេតាមផ្លូវមួយថ្មី។ ការផ្លាស់ប្ដូរពុំ បានកើតឡើងដោយងាយស្រួលឡើយ។ អ្នកដើរតាមព្រះយេស៊ូវក៏មានអារម្មណ៍ច្រណែននឹងគ្នាដែរ (ម៉ាថាយ ២០:២០-២៤)។ ជួន មើលទៅពួកគេហាក់មានជំនឿតិចតួចបំផុត (ម៉ាថាយ ៩:២៨, ២៩)។ ពួកគេថែមទាំងបោះបង់ព្រះយេស៊ូវឲ្យគង់តែម្នាក់ឯងក្នុងគ្រាដែលព្រះអង្គត្រូវការពួកគេបំផុតផង (ម៉ាថាយ ២៦:៥៦)។ ពួកគេបែរចេញពីព្រះអង្គ (ម៉ាថាយ ២៦:៦៩-៧៤)។ ស្របពេលជាមួយគ្នានេះ ក៏មានរឿង ល្អកើតឡើងដែរ។ គឺថាពួកគេរៀនពីកំហុសរបស់ខ្លួន។ ពួកគេកាន់តែមានជំនឿមុតមាំឡើងដែលបានមកពីការនៅជាមួយនឹងព្រះយេស៊ូវ។ មនុស្សម្នាដឹងថាលោកពេត្រុសបាននៅជាមួយព្រះយេស៊ូវ (ម៉ាថាយ ២៦:៧៣)។ សូម្បីតែមេដឹកនាំសាសនាយូដាក៏មានការអស្ចារ្យក្នុងចិត្តទៅនឹងពាក្យពេចន៍ដែលលោកពេត្រុសនិងយ៉ូហាននិយាយដែរ។ ពួកមេដឹកនាំសាសនា​ដឹង​ថា «គេ​ជា​មនុស្ស​មិនសូវ​ចេះ​ជ្រៅជ្រះ ហើយ​ឥត​បាន​រៀនសូត្រ​ប៉ុន្មាន​ផង» តែពួកលោកដឹងថា «គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះយេស៊ូវ» (កិច្ចការ ៤:១៣)។

ជារឿងពិសេសខ្លាំងណាស់ប្រសិនបើក្រុមគ្រួសាររបស់យើងមើលឃើញថាយើងបាន «នៅជាមួយនឹង ព្រះយេស៊ូវ»! ពេលនោះយើងក៏នឹងអាចកែប្រែជីវិតរបស់ពួកគេដែរ។

តើប្រសាសន៍របស់អ្នកស្រីអែល្លិនជីវ៉ៃត៍តទៅទៀតនេះបង្ហាញថាយើងគួរមានអាកប្បកិរិយាបែបណានៅផ្ទះ? «ផ្ទះរបស់អ្នកអាចជាផ្ទះសាមញ្ញមិនទំនើប តែយ៉ាងណាក្ដីក៏អាចជាកន្លែងដែលសមាជិកគ្រប់រូបប្រើពាក្យសម្ដីពីរោះពិសាព្រមទាំងប្រព្រឹត្តល្អដាក់គ្នាទៅវិញទៅមកបានដែរ។ ពេលនោះក្ដីស្រឡាញ់នឹងចូលមកនៅក្នុងផ្ទះរបស់អ្នកជាមិនខាន។ ក្ដីស្រឡាញ់ប្រៀបបាននឹងភ្ញៀវដែលមិនចាកចេញពីផ្ទះសោះ» Adventist Home, page 18, adapted.

សំនួរពិភាក្សា៖
  1. តើគម្ពីរសាស្ដា ៣:១-៣ បង្រៀនគោលការណ៍សំខាន់អ្វីដល់អ្នក? តើលោកអ្នកអាចយកគោលការណ៍នេះទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបៀបណា?

  2. សូមរៀបរាប់ពីបទពិសោធន៍ជីវិតខ្លះដែលកែប្រែជីវិតលោកអ្នកនៅក្នុងថ្នាក់។ តើលោកអ្នកបានរៀនសូត្រអ្វីខ្លះពីបទពិសោធន៍ទាំងនោះ? តើលោកអ្នករៀនសូត្រអ្វីខ្លះពីមេរៀនដែលមិនធ្លាប់បានដឹងពីមុនមក? តើបទពិសោធន៍កែប្រែជីវិតទាំងនេះផ្លាស់ប្ដូរគ្រួសាររបស់លោកអ្នកដូចម្ដេចខ្លះ? ​

  3. តើព្រះយេស៊ូបានផ្លាស់ប្ដូរជីវិតលោកអ្នកដូចម្ដេចខ្លះ? តើលោកអ្នកលះចោលអ្វីខ្លះនៅពេលដែលលោកអ្នកថ្វាយជីវិតទៅឯព្រះអង្គហើយ? តើសព្វថ្ងៃនេះលោកអ្នកធ្វើអ្វីខ្លះដែលខុសប្លែកពីកាលមុន? តើសេចក្ដីទាំងនេះបង្ហាញអ្នកយ៉ាងដូចម្ដេចអំពីអំណាចរបស់ព្រះក្នុងការកែប្រែចិត្តមនុស្ស?
Powered by CAM