មេរៀនទី១​៖ ២៩ មិថុនា‑៥ កក្កដា ២០១៩

ព្រះបង្កើតផែនដី

Jeans
ថ្ងៃសៅរ៍ ទី២៩ មិថុនា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ១:២៦-៣១, ២:១៥, ៣:១៦-១៩, ៤:៩, សុភាសិត ២២:២។

ខចងចាំ៖ «អ្នក​ណា​ដែល​សង្កត់សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដ៏បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កំសត់​ទុគ៌ត នោះ​ជា​អ្នក​លើក​ដំកើង​ទ្រង់​វិញ» (សុភាសិត ១៤:៣១)។

តើលោកអ្នកធ្លាប់ផ្ចិតផ្ចង់ធ្វើរបស់អ្វីមួយឲ្យមានសោភ័ណដែរទេ? អាចថាលោកអ្នកផាត់រូប ឬចម្អិន ម្ហូបពិសេសណាមួយ។ រួចហើយលោកអ្នកក៏យកផ្ទាំងគំនូរ ឬម្ហូបចំណីនោះទៅឲ្យមនុស្សម្នាក់ដែលលោកអ្នកស្រឡាញ់។ ប៉ុន្តែតើបុគ្គលនោះគេធ្វើបែបណា? តើគាត់ឬនាងចង់បានកាដូនោះទេ? ទេ! អ្នកនោះបែរជាយកអាហារនោះទៅចោលក្នុងធុងសំរាមទៅវិញ! ឬម្នាក់នោះបែរជាហែករូបនោះចោលទៅវិញ! តើលោកអ្នកដែលធ្លាប់ជួបប្រទះរឿងនេះផ្ទាល់ដែរឬទេ? ប្រសិនបើធ្លាប់ បានសេចក្ដីថាលោកអ្នកអាចយល់​បាន​ខ្លះពីសេចក្ដីមួយចំនួនដែលកើតឡើងចំពោះព្រះ។ ព្រះជាម្ចាស់បង្កើតផែនដីមកយ៉ាងស្អាតប្រណីត។ ប៉ុន្តែក្រោយមកបាបបានហែកគ្រប់យ៉ាងដែលព្រះអង្គបង្កើតមកឲ្យខូចខ្ទេចគ្មានសល់។

ព្រះគម្ពីរចែងថាព្រះបង្កើតរបស់សព្វសារពើ។ ព្រះអង្គទតឃើញថារបស់គ្រប់យ៉ាងដែលទ្រង់បង្កើតមកសុទ្ធតែ «ល្អ» (លោកុប្បត្តិ ១:៣១)។ ព្រះគម្ពីរក៏បានបង្ហាញយើងឲ្យដឹងពីដួងហឫទ័យរបស់ព្រះចំពោះរបស់សព្វសារពើដែលទ្រង់បានបង្កើតនោះដែរ។ យើងអាចអានពីដួងហឫទ័យ(អារម្មណ៍) របស់ព្រះនៅក្នុងគម្ពីរលោកុប្បត្តិជំពូក១ និង២។ ពេលនោះយើងនឹងបានយល់ថាមូលហេតុអ្វីបានជាព្រះទ្រង់មានព្រះហឫទ័យសោកសង្រេងម្លេ៉ះនៅពេលដែលព្រះអង្គមានព្រះបន្ទូលទៅកាន់អ័ដាមនិងនាងអេវ៉ាបន្ទាប់ពីពួកគាត់ទាំងពីរនាក់បានធ្វើបាបហើយ។

ចាប់តាំងពីពេលនោះមក មនុស្សចេះតែបន្តធ្វើបាប។ ពួកគេលែងមានចិត្តល្អនិងយុត្តិធម៌តទៅទៀត។ ពួកគេប្រឆាំងទាស់នឹងព្រះ។ ប៉ុន្តែព្រះទ្រង់មិនដែលឈប់ស្រឡាញ់មនុស្សលោកឡើយ។ ព្រះអង្គរៀបចំ​ផែនការ​សង្គ្រោះ​យើង។ ព្រះអង្គក៏មានចំណែកឲ្យយើងចូលរួមក្នុងការសង្គ្រោះមនុស្សដែរ។ អស្ចារ្យ! យើង​បម្រើ​ព្រះ​ដ៏ល្អក្រៃលែង!

ថ្ងៃអាទិត្យ ទី៣០ មិថុនា ឆ្នាំ២០១៩

ព្រះដែលបង្កើតយើងមក

គ្រប់ទាំងជីវិតផ្ដើមចេញពីព្រះ។ ក្នុងនោះជីវិតរបស់លោកអ្នកក៏ដូចគ្នាដែរ។ ហើយជីវិតមនុស្សដទៃទៀតក៏ដូច្នោះដែរ។ ផែនដីនេះនិងរបស់សព្វសារពើដែលមាននៅលើផែនដីនេះក៏ផ្ដើមចេញពីព្រះដែរ។ ព្រះ​គម្ពីរចែងថា៖ «ដ្បិត​គឺ​ដោយសារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង» (កិច្ច​ការ ១៧:២៨)។

រឿងនៅក្នុងព្រះគម្ពីរស្ដីអំពីជីវិតផ្ដើមឡើងដោយពាក្យទាំងនេះថា៖ «កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី» (លោកុប្បត្តិ ១:១)។ តើព្រះធ្វើរឿងនេះយ៉ាងដូចម្ដេច? ព្រះអង្គគ្រាន់តែមានព្រះរាជបន្ទូលប៉ុណ្ណោះ! ព្រះអង្គបង្កើតជីវិតសព្វសារពើដោយគ្រាន់តែមានបន្ទូលប៉ុណ្ណោះ។ មែនហើយព្រះអង្គបង្កើតនាងអេវ៉ាពីឆ្អឹងរបស់អ័ដាម។ ហើយមុននោះ ព្រះអង្គបង្កើតលោកអ័ដាមមកពីធូលីដី។ ប៉ុន្តែតើព្រះបង្កើតធូលីដីមកពីណា? ព្រះបង្កើតដីដោយព្រះបន្ទូលដែរមែនទេ? មែនហើយគឺព្រះអង្គ​មាន​ព្រះឱស្ឋ។ រួចរបស់ដែលព្រះអង្គមានបន្ទូលក៏លេចឡើងពីភាពទទេ! សាកស្រមៃទិដ្ឋភាពនេះឲ្យចេញនៅ​ក្នុង​ក្ដីស្រមៃទៅមើលប្រសិនបើអាច!

អានសាច់រឿងនៅក្នុងលោកុប្បត្តិ ១:២៦-៣១ ពីការដែលព្រះបង្កើតលោកអ័ដាមនិងនាងអេវ៉ា។ តើមានសេចក្ដីសំខាន់អ្វីដែលសាច់រឿងនេះសម្ដែងឲ្យយើងដឹងពីព្រះ? ហើយតើមានសេចក្ដីសំខាន់អ្វីដែលរឿងនេះស្ដែងឲ្យយើងដឹងពីមនុស្សលោក?

យើងត្រូវចំណាយពេលនៅជាមួយធម្មជាតិ។ ធម្មជាតិអាចបង្រៀនយើងអំពីព្រះជាច្រើនយ៉ាង។ ប៉ុន្តែ តើលោកអ្នកមានជ្រាបទេថាចំណេះដឹងអំពីព្រះរបស់យើងក៏អាចបង្រៀនយើងពីវិធីដែលព្រះបង្កើតផែនដីនេះដែរ? ឧទាហរណ៍ យើងដឹងថាព្រះសព្វព្រះទ័យឲ្យអ្វីៗមានរបៀបរៀបរយនិងសណ្ដាប់ធ្នាប់ល្អ។ ដូច្នេះយើងអាចទុកចិត្តបានថាយើងនឹងអាចរកឃើញការរៀបចំដែលមានសណ្ដាប់ធ្នាប់ល្អនៅក្នុងធម្មជាតិមិនខាន។ យើងជឿថាព្រះស្រឡាញ់សម្រស់ស្រស់ស្អាត។ ដូច្នេះពេលដែលយើងឃើញអ្វីដែលមានសម្រស់ស្រស់ស្អាតនៅលើផែនដីដែលទ្រង់បង្កើតមកនេះ យើងមិនគួរភ្ញាក់ផ្អើលនោះទេ។

ដូច្នេះ យើងជឿថាព្រះស្រឡាញ់មនុស្សលោក។ ព្រះបង្កើតមនុស្សលោកមកដើម្បីឲ្យប្រស្រ័យទាក់ទងគ្នា។ ដូច្នេះយើងអាចរកឃើញឧទាហរណ៍នៃបណ្ដាញទំនាក់ទំនងនៅក្នុងធម្មជាតិ។ គ្រប់យ៉ាងដែលព្រះបង្កើតលើលោកនេះសុទ្ធតែមានទំនាក់ទំនងជាមួយគ្នា។ ព្រះអង្គបង្កើតសត្វមកឲ្យត្រូវគ្នា។ ព្រះអង្គបង្កើតមនុស្សមកឲ្យប្រស្រ័យទាក់ទងជាមួយនឹងទ្រង់ រវាងគ្នានិងគ្នា ព្រមទាំងទៅកាន់ធម្មជាតិទាំងឡាយឯទៀត។

យើងមិនអាចយល់ពីព្រះបានគ្រប់ទាំងអស់ទេ។ ប៉ុន្តែអ្វីៗដែលយើងមើលឃើញសមល្មមនឹងអាចជួយឲ្យយើងសញ្ជឹងគិតបន្ថែមទៀតពីគោលបំណងរបស់ព្រះចំពោះជីវិត។

ផែនដីនិងរបស់សព្វសារពើដែលព្រះបង្កើតមកសុទ្ធតែស្ដែងឲ្យយើងស្គាល់ពីព្រះ។ មែនហើយយើងរស់នៅលើផែនដីដែលខ្ទេចខ្ទាំដោយអំពើបាប។ ប៉ុន្តែតើការស្គាល់ព្រះរបស់អ្នកអាចជួយឲ្យអ្នកកាន់តែយល់ពីជីវិតលើផែនដីនេះដែរឬទេ?

ថ្ងៃច័ន្ទ ទី១ កក្កដា ឆ្នាំ២០១៩

ផែនដីដ៏ល្អឥតខ្ចោះ

តើអ្នកធ្លាប់ប្រាថ្នាចង់រស់នៅក្នុងសួនអេដែនឬទេ? យើងងាយនឹងមានអារម្មណ៍បែបនោះណាស់។ សូម​អានអំពីសួនអេដែនពីព្រះគម្ពីរ។ មែនហើយព្រះគម្ពីររៀបរាប់ពីសួនអេដែនខ្លីខ្លាំងណាស់។ ប៉ុន្តែព្រះគម្ពីររៀបរាប់ច្រើនល្មមសមនឹងឲ្យយើងចង់រស់នៅទីនោះ។

ព្រះជាម្ចាស់មានព្រះទ័យសោមនស្សចំពោះគ្រប់ទាំងរបស់ដែលទ្រង់បានបង្កើតមក។ «រួច​ព្រះ​ទ្រង់​​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ» (លោកុប្បត្តិ ១:៣១)។ កាលដើមឡើយផែនដីនេះមិនត្រឹមតែស្រស់ស្អាតទេ គឺថែមទាំងមានប្រយោជន៍ទៀតផង។ ផែនដីមានពេញទៅដោយជីវិតរស់រវើកនិងសម្រស់ល្អឆើត។ ប៉ុន្តែព្រះក៏បានបំពេញផែនដីនេះនូវរបស់ទាំងឡាយណាដែលទុកសម្រាប់ទ្រទ្រង់ជីវិតផងដែរ។ មូលហេតុនេះហើយបានជាព្រះអង្គឈប់នៅចុងថ្ងៃនីមួយៗកាលដែលព្រះអង្គបង្កើតផែនដីនេះដើម្បីឈ្វេងយល់ពីភាពល្អសព្វបែបយ៉ាងពីរបស់ដែលទ្រង់បង្កើតមក!

សូមអានលោកុប្បត្តិជំពូក១។ នៅក្នុងជំពូកនេះ ព្រះគម្ពីរចែងប្រាប់យើងថាព្រះទ្រង់យល់ថាអ្វីគ្រប់យ៉ាងដែលទ្រង់បង្កើតមកសុទ្ធតែ «ល្អ»។ តើលោកអ្នកដឹងថាព្រះគម្ពីរប្រើពាក្យបែបនេះប៉ុន្មានដងទេ? (អាន​លោកុប្បត្តិ ១:៤, ១០, ១២, ១៨, ២៥, និង៣១)។ តើលោកអ្នកយល់ថាការសរសេរពាក្យដដែលៗ​ ច្រើនយ៉ាងនេះមានអត្ថន័យយ៉ាងដូចម្ដេច?​

ព្រះគម្ពីរសរសេរឡើងបន្ទាប់ពីមនុស្សលោកមានបាបហើយ។ ប៉ុន្តែនៅតែអាចបង្ហាញយើងពីភាពអច្ឆរិយរបស់ធម្មជាតិដែរ។ យ៉ូប ៣៨-៤១ និងទំនុកតម្កើង ១៤៨ គឺជាឧទាហរណ៍ដែលបង្ហាញយើងពីភាពស្រស់ត្រកាលនៃធម្មជាតិ។ យ៉ាងណាមិញយើងក៏ត្រូវនឹកចាំដែរថា ជំពូកទាំងនេះពុំមែនសរសេរឡើងអំពីផែនដីមុនដែលមានបាបនោះទេ។ ជំពូកទាំងនេះបង្ហាញយើងពីសម្រស់ធម្មជាតិដែលមាននៅផែនដីនេះនាពេលបច្ចុប្បន្ននេះ។

ព្រះយេស៊ូវបានផ្ដល់ជាឧទាហរណ៍តាមរយៈធម្មជាតិដែលបង្ហាញយើងពីសេចក្ដីស្រឡាញ់របស់ព្រះ (ម៉ាថាយ ៦:២៦, ២៨-៣០)។ ឧទាហរណ៍ពីធម្មជាតិទាំងនេះបង្រៀនយើងឲ្យទុកចិត្តលើព្រះ។ ហើយក៏ធ្វើឲ្យយើងមានអារម្មណ៍ស្ងើចសរសើរផងដែរ។ ចូរបើកចិត្តនិងគំនិតរបស់លោកអ្នកទទួលយកសម្រស់ធម្មជាតិដែលនៅព័ទ្ធជុំវិញលោកអ្នក។ ពេលនោះលោកអ្នកនឹងបានឃើញថាព្រះបានប្រទានឲ្យយើងច្រើនប៉ុនណា។ យើងត្រូវអរព្រះគុណព្រះរៀងរាល់ថ្ងៃសម្រាប់រាល់អំណោយរបស់ទ្រង់ទាំងប៉ុន្មានតាមរយៈធម្មជាតិសម្រាប់យើង។ នៅពេលដែលយើងធ្វើដូច្នោះ នោះយើងនឹងចង់ថ្វាយចិត្តយើងទៅឯទ្រង់។ ហើយយើងនឹងចង់បម្រើទ្រង់ជានិរន្តរតទៅ។

ក្នុងនាមជាអ្នកសេវេនដេយអាត់វេនទីស្ទ យើងជឿថាព្រះជាអ្នកបង្កើតយើងហើយសង្គ្រោះយើង។ យើង​រង់ចាំអាណាចក្ររបស់ទ្រង់។ ខណៈដែលយើងកំពុងរង់ចាំ យើងត្រូវយល់ចំណុចខ្លះពីសម្រស់ សេចក្ដីអំណរ និងសេចក្ដីល្អៗដែលយើងមើលឃើញ។ សម្រស់ទាំងនេះបង្ហាញយើងថាផែនដីរបស់យើងមានសម្រស់ស្រស់ស្អាតណាស់មុនពេលមានបាប។ សម្រស់ដែលយើងឃើញគឺជាសេចក្ដីសន្យាថាព្រះនឹងធ្វើឲ្យផែនដីនេះស្រស់ល្អឡើងវិញ។

តើលោកអ្នកចូលចិត្តអ្វីជាងគេនៅក្នុងធម្មជាតិ? តើសម្រស់នៅក្នុងធម្មជាតិបង្ហាញយើងពីព្រះជាម្ចាស់យ៉ាងដូចម្ដេចខ្លះ?

ថ្ងៃអង្គារ ទី២ កក្កដា ឆ្នាំ២០១៩

អ្នកគ្រងផែនដី

តើព្រះគម្ពីរប្រាប់យើងយ៉ាងដូចម្ដេចខ្លះអំពីសួនអេដែននិងផែនដីនេះបន្ទាប់ពីព្រះអង្គបានបង្កើតមក? ព្រះគម្ពីរចែងថា ព្រះបានបំពេញសួនអេដែននិងផែនដីនេះដោយភាវៈរស់។ ព្រះអង្គបំពេញសត្វមានជីវិតស្អាតៗជាច្រើនដើម្បីធ្វើឲ្យមនុស្សលោកសប្បាយចិត្ត។

ព្រះក៏បានប្រទានកិច្ចការពិសេសមួយទៅដល់បុរសនិងស្ត្រីដំបូងដែរ។ ហើយកិច្ចការនេះក៏សម្រាប់ពូជមនុស្សលោកទាំងអស់ដែរ។ ព្រះជាម្ចាស់តាំងឲ្យអ័ដាមនិងអេវ៉ាគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងលើផែន ដីនេះ។

ទីមួយ ព្រះផ្ដល់ការងារឲ្យអ័ដាមដាក់ឈ្មោះសត្វនិងបក្សីទាំងអស់ (លោកុប្បត្តិ ២:១៩)។ បន្ទាប់មកព្រះឲ្យការងារមួយមុខទៀតដល់អ័ដាម។ ការងារនោះគឺជាអំណោយហើយក៏ជាព្រះពរមកពីព្រះផ្ទាល់។ «ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​ព្រះបន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផងទាំង ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង» (លោកុប្បត្តិ ១:២៨)។

សូមអានលោកុប្បត្តិ ១:២៨ និងលោកុប្បត្តិ ២:១៥។ តើខទាំង២នេះមានសេចក្ដីអ្វីដូចគ្នាខ្លះ? តើព្រះផ្ដល់ការងារអ្វីដល់មនុស្សលោក? ចូរសរសេរភារកិច្ចការងាររបស់លោកអ័ដាមនិងនាងអេវ៉ាខាង ក្រោមនេះឲ្យបានមួយ ឬពីរប្រយោគ។

គួរឲ្យស្ដាយដែរ គ្រីស្ទានពីអតីតកាលជាច្រើនបានយកលោកុប្បត្តិ ១:២៨ ទៅប្រើក្នុងផ្លូវខុស។ គេប្រើខនេះទុកជាលេសដើម្បីយកអ្វីដែលគេចង់បានពីផែនដីនេះ។ អ្នកទាំងនោះខ្លះមិនខ្វល់ទោះបើគេ បំផ្លាញផែនដីក្ដី។ ពួកគេខ្វល់តែពីចង់មានចង់បាន។ ពិតហើយដែលថាព្រះបង្កើតផែនដីមកសម្រាប់មនុស្ស។ ប៉ុន្តែ «ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួនច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា» (លោកុប្បត្តិ ២:១៥)។

ព្រះតាំងឲ្យយើងធ្វើជាអ្នកគ្រប់គ្រងលើអ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមក។ តើលោកអ្នកនឹកឃើញអ្វីមុនគេនៅពេលមាននរណាម្នាក់សួរលោកអ្នកថា «តើអ្នកគ្រប់គ្រងល្អធ្វើអ្វីខ្លះ?» ភាគច្រើនយើង​​ ច្បាស់ជានឹកទៅដល់លុយកាក់។ ប៉ុន្តែជាអ្នកដឹកនាំល្អពុំមែនទាក់ទិនតែទៅនឹងរឿងលុយកាក់នោះទេ។ តើព្រះផ្ដល់បទបញ្ជាអ្វីមុនគេសម្រាប់យើងក្នុងនាមជាអ្នកគ្រប់គ្រង? គឺព្រះអង្គបង្គាប់ឲ្យយើងថែរក្សាផែនដីព្រមទាំងរបស់សព្វបែបយ៉ាងដែលព្រះអង្គបង្កើតមក។ ក្នុងនោះព្រះអង្គក៏សំដៅតទៅដល់កូនចៅពូជពង្សរបស់អ័ដាមនិងនាងអេវ៉ាតទៅទៀតដែរ។ ផែនការដំបូងរបស់ព្រះសម្រាប់ផែនដីនេះគឺព្រះអង្គចង់បំពេញដោយភាពរស់រវើក សម្រស់ត្រកាល ព្រមទាំងសេចក្ដីល្អៗជាច្រើនទៀតសម្រាប់មនុស្សលោក។ អ័ដាមនិងនាងអេវ៉ាមានតួនាទីធំធេងណាស់ក្នុងការថែរក្សាអ្វីៗគ្រប់យ៉ាងនោះដែរ។

ផែនដីជារបស់ព្រះ (ទំនុកតម្កើង ២៤:១)។ ព្រះអង្គនៅតែបន្តសូមឲ្យយើងថែរក្សាអ្វីៗគ្រប់យ៉ាងដែលទ្រង់បានប្រទានដល់យើង។ ប៉ុន្តែយើងរស់នៅក្នុងលោកមួយដែលរងការខូចខាតដោយអំពើបាប។ ដូច្នេះតម្រូវការឲ្យយើងធ្វើជាអ្នកគ្រប់គ្រងល្អរឹតតែសំខាន់ជាងមុនទៅទៀត។

ថ្ងៃពុធ ទី៣ កក្កដា ឆ្នាំ២០១៩

ផែនដីដែលខ្ទេចខ្ទាំ

តើអ្វីមួយដែលព្រះប្រទានឲ្យតែអ័ដាមនិងនាងអេវ៉ា ប៉ុន្តែអ្វីផ្សេងៗទៀតមិនទទួលបាន? គឺព្រះបានប្រទានសេរីភាពឲ្យមនុស្សធ្វើការសម្រេចចិត្តដោយខ្លួនឯង។ ប៉ុន្តែឯរុក្ខជាតិ សត្វ និងដើមឈើវិញមិនអាចសម្រេចចិត្តបានដូចមនុស្សលោកឡើយ។ ព្រះជាម្ចាស់ទ្រង់ឈ្វេងយល់ថាសេរីភាពក្នុងការជ្រើសរើសមានសារៈសំខាន់ណាស់។ មូលហេតុនេះហើយបានជាព្រះអង្គអនុញ្ញាតឲ្យមនុស្សមានសិទ្ធិក្នុងការសម្រេចចិត្តមិនស្ដាប់បង្គាប់តាមទ្រង់។ ព្រះជាម្ចាស់ទ្រង់ប្រថុយខ្លាំងណាស់ពេលដែលព្រះអង្គផ្ដល់សិទ្ធិឲ្យយើងជ្រើសរើសដោយខ្លួនឯង។ ប៉ុន្តែព្រះអង្គចង់ឲ្យមនុស្សស្ដាប់បង្គាប់តាមទ្រង់ដោយឯកឯង ពុំចាំ​បាច់មានការបង្ខំឡើយ។ បើព្រះអង្គបង្ខំនោះឈ្មោះថាយើងនឹងបម្រើទ្រង់ដោយការភ័យខ្លាច ពុំ​មែន​ដោយ​ចិត្តស្រឡាញ់ទេ។

ព្រះជាម្ចាស់ក៏បង្កើតទេវតាមកហើយផ្ដល់ឲ្យមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសយកផ្លូវត្រូវឬខុសដែរ។ ទេវតាមួយរូបបានសម្រេចចិត្តធ្វើរឿងដែលមិនត្រឹមត្រូវ។ ទេវតានោះមានឈ្មោះថាលុយស៊ីហ្វ័រ។ បន្ទាប់ពីលុយស៊ីហ្វ័រធ្វើបាបមក ឈ្មោះវាក៏ត្រូវប្ដូរទៅជាសាតាំងវិញ។ ឈ្មោះនេះបញ្ជាក់ថាសាតាំងគឺជាសត្រូវរបស់ព្រះ។ សាតាំងចង់បំផ្លាញរបស់ល្អៗដែលព្រះបង្កើតមកលើផែនដីយើងនេះ។ ដូច្នេះសាតាំងក៏ប្រើសត្វពស់ឲ្យមកបោកនាងអេវ៉ា។ សាតាំងនាំឲ្យនាងអេវ៉ាមានមន្ទិលចំពោះបន្ទូលរបស់ព្រះជាម្ចាស់​និងអំណោយទានដែលព្រះអង្គប្រទានឲ្យ។ សាតាំងបណ្ដាលឲ្យអេវ៉ាយល់ថាអ្វីៗដែលទ្រង់ប្រទានឲ្យ​នោះ​ មិនទាន់គ្រប់គ្រាន់នឹងអាចធ្វើឲ្យមនុស្សលោកមានសេចក្ដីសប្បាយរីករាយនោះទេ (លោកុប្បត្តិ ៣:១-៥)។ តើល្បិចកលធំជាងគេរបស់សាតាំងជាអ្វី? គឺវានាំឲ្យមនុស្សមានចិត្តលោភចង់បានលើសពីអ្វីដែលព្រះប្រទានឲ្យ។ សាតាំងក៏បាននាំឲ្យអ័ដាមនិងអេវ៉ាមានមន្ទិលលែងជឿថាព្រះទ្រង់ល្អដែរ។ អាក្រក់​ជាងនេះទៅទៀតនោះ សាតាំងនាំឲ្យមនុស្សទុកចិត្តលើខ្លួនគេជាជាងលើព្រះ។

អ័ដាមនិងអេវ៉ាបានសម្រេចចិត្តធ្វើបាប។ ជម្រើសនោះបានបង្ខូចទំនាក់ទំនងរបស់ពួកគាត់ជាមួយនឹងព្រះ (លោកុប្បត្តិ ៣:៨-១០)។ ពេលនោះអ័ដាមនិងអេវ៉ាក៏ដឹងថាខ្លួនពួកគេអាក្រាត។ ពួកគាត់មានការភ័យខ្លាចព្រមទាំងខ្មាសអៀន។ ចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ក៏រងការខូចខាតជាច្រើនដែរ។ ទំនាក់ទំនងរបស់ពួកគាត់ទៅនឹងអ្វីៗផ្សេងទៀតលើផែនដីនេះក៏ខូចខាតយ៉ាងអាក្រក់ណាស់ដែរ។

សូមអានលោកុប្បត្តិ ៣:១៦-១៩ រួចឆ្លើយនឹងសំណួរ។ តើទំនាក់ទំនងរបស់មនុស្សលោកទៅនឹងធម្មជាតិផ្លាស់ប្ដូរដូចម្ដេចខ្លះបន្ទាប់ពីមានបាបហើយ?

អំពើបាបផ្លាស់ប្ដូរគ្រប់យ៉ាង។ ជីវិតកាន់តែលំបាករស់នៅសម្រាប់អ័ដាម អេវ៉ា និងភាវៈរស់ទាំងអម្បាលម៉ាននៅលើផែនដី។ អំពើបាបពិតជាមានមែន។ បាបធ្វើឲ្យខូចខាត។ បាបពង្រាត់យើងពីព្រះ។ វាបំបែក​បំបាក់ក្រុមគ្រួសារយើង។ ហើយក៏ធ្វើឲ្យយើងពិបាករស់នៅលើផែនដីនេះ។ រាល់បញ្ហានៅក្នុងជីវិតក៏​ដូច​ជា​នៅលើលោកនេះបង្ហាញថាអំពើបាបអាក្រក់ខ្លាំងណាស់។

ប៉ុន្តែព្រះបង្កើតផែនដីមកដើម្បីឲ្យមានសម្រស់ស្រស់ស្អាត។ នៅក្នុងលោកុប្បត្តិ ៣ ព្រះសន្យាថានឹងបំផ្លាស់ជីវិតយើងនិងផែនដីឲ្យត្រឡប់ទៅជាថ្មីវិញ។ ស្របពេលដែលយើងរង់ចាំឲ្យការនោះមកដល់ ព្រះតម្រូវឲ្យយើងធ្វើការមួយ។ ព្រះអង្គឲ្យយើងធ្វើតាមផែនការដំបូងរបស់ព្រះអង្គសម្រាប់ផែនដីនេះ។

ថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ឆ្នាំ២០១៩

គ្រួសារមនុស្សជាតិ

អ័ដាមនិងអេវ៉ាសម្រេចចិត្តធ្វើបាប។ ក្រោយនោះមិនយូរប៉ុន្មាន បាបក៏ចាប់ផ្ដើមបង្ខូចអ្វីៗនៅលើ​ផែន​ដី​តាមបែបមួយថ្មីហើយយ៉ាងអាក្រក់។ កាអ៊ីនកើតចិត្តច្រណែននឹងអេបិលដែលជាប្អូនប្រុសខ្លួន។ ចិត្តរបស់កាអ៊ីនពោរពេញដោយកំហឹងនិងសម្អប់ទៅលើប្អូនប្រុសរបស់ខ្លួន។ ដូច្នេះកាអ៊ីនក៏សម្លាប់ប្អូនប្រុសខ្លួនទៅ។ ក្រោយមកព្រះមានបន្ទូលសួរកាអ៊ីនថា៖ «អេបិល​ប្អូន​ឯង​នៅ​ឯ​ណា» (លោកុប្បត្តិ ៤:៩)។ កាអ៊ីនតបថា «ទូលបង្គំ​មិន​ដឹង​ទេ តើ​ទូលបង្គំ​ជា​អ្នក​ថែ​រក្សា​ប្អូន​ឬ​អី?» (លោកុប្បត្តិ ៤:៩)។ សំណួររបស់ព្រះជាម្ចាស់បង្ហាញពីចម្លើយដែលព្រះអង្គទ្រង់ចង់បាន។ «មែនហើយកាអ៊ីន ឯងមានតួនាទីមើលថែ​ប្អូន​ឯង​មែន»។

សូមអានសុភាសិត ២២:២។ តើខដ៏សាមញ្ញនេះបង្រៀនយើងអំពីអ្វី? តើខនេះមានប្រាប់យើងអ្វីខ្លះទៀតអំពីទំនាក់ទំនងរបស់យើងជាមួយមនុស្សលោកដទៃទៀត?

ព្រះជាម្ចាស់បង្កើតរាល់មនុស្សដែលយើងជួប។ ព្រះបង្កើតមនុស្សមកឲ្យមានសណ្ឋានដូចព្រះអង្គហើយឲ្យមានលក្ខណៈដូចជាអង្គទ្រង់ជាច្រើនចំណែក។ មនុស្សម្នាក់ៗមានទំនាក់ទំនងជាមួយមនុស្សដទៃទៀត។ យើងម្នាក់ៗសុទ្ធតែជាផ្នែកមួយនៃគ្រួសារមនុស្សជាតិ។ មែនហើយ គ្រួសារនេះត្រូវខ្ទេចខ្ទាំហើយរងការឈឺចាប់ច្រើនបែបច្រើនយ៉ាង។ ប៉ុន្តែ «យើងម្នាក់ៗសុទ្ធតែមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក។ យើងសុទ្ធតែជាចំណែកមួយនៃគ្រួសារមនុស្សលោក។ សេចក្ដីអាក្រក់ដែលកើតឡើងចំពោះផ្នែកណាមួយនៃគ្រួសារមនុស្សលោកនេះនឹងនាំការឈឺចាប់មកដល់យើងគ្រប់គ្នា» ដកស្រង់ពី The Ministry of Healing, page 345, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។ ច្បាស់ណាស់យើងម្នាក់ៗសុទ្ធតែជាប់​ទាក់​ទង​នឹងគ្នា។ ដោយព្រោះតំណនេះហើយ បានជាព្រះចង់ឲ្យយើងថែរក្សាគ្នាទៅវិញទៅមករួមទាំង​អ្វីៗ​គ្រប់យ៉ាងដែលទ្រង់បានប្រទានមកឲ្យយើង (សូមអានម៉ាថាយ ២២:៣៧-៣៩)។

ព្រះគម្ពីរបង្រៀនយើងម្ដងហើយម្ដងទៀតថាព្រះជាអ្នកបង្កើតយើង។ ហើយនេះជាមូលហេតុមួយដែលព្រះបង្គាប់ឲ្យយើងរក្សាថ្ងៃបរិសុទ្ធឲ្យបានបរិសុទ្ធ (និក្ខមនំ ២០:១១)។ ហើយក៏ជាមូលហេតុដែលយើងត្រូវថ្វាយបង្គំព្រះនៅគ្រាចុងក្រោយដែរ (វិវរណៈ ១៤:៧)។ ហើយក៏ជាមូលហេតុដែលយើងត្រូវថែរក្សាមនុស្សលោកដទៃទៀតនិងអ្នកក្រីក្រផងដែរ។

ព្រះជាអ្នកបង្កើតយើង សេចក្ដីនេះផ្សារភ្ជាប់មនុស្សលោកទៅវិញទៅមក។ «អ្នក​ណា​ដែល​សង្កត់​សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដើម្បី​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កំសត់​ទុគ៌ត នោះ​ជា​អ្នក​លើក​ដំកើង​ទ្រង់​វិញ» (សុភាសិត ១៤:៣១)។ ខនេះបានបញ្ជាក់យ៉ាងច្បាស់។ យើងម្នាក់ៗសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។

ព្រះជាអ្នកបង្កើតយើងមក។ មូលហេតុនេះហើយបានជាព្រះអង្គឲ្យយើងថ្វាយចិត្តនិងជីវិតទៅឯទ្រង់។ ព្រះអង្គក៏តម្រូវឲ្យយើងថ្វាយបង្គំទ្រង់ បម្រើការថ្វាយព្រះអង្គ ហើយថែរក្សាមនុស្សដទៃទៀត។ ជួនកាលយើងពិបាកស្រឡាញ់មនុស្សខ្លះ។ ប៉ុន្តែ ទោះជាយ៉ាងនោះក្ដី ក៏ភារកិច្ចរបស់យើងនៅតែ «ជា​អ្នក​ថែ​រក្សា​បង​ប្អូន» ដដែលដែរ (លោកុប្បត្តិ ៤:៩)។

ថ្ងៃសុក្រ ទី៥ កក្កដា ឆ្នាំ២០១៩

សិក្សាបន្ថែម

« ‘ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់’ [យ៉ូហានទី១ ៤:៨]... ព្រះហឫទ័យរបស់ព្រះមានពេញទៅដោយសេចក្ដីស្រឡាញ់។ ឯបញ្ញត្តិរបស់ទ្រង់ក៏យ៉ាងនោះដែរ។ គឺរបៀបនោះតាំងតែពីដើមរៀងមក។ ហើយក៏នឹងនៅតែរបៀបនេះជាដរាបតទៅដែរ។ ‘ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត​ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះនាម​ទ្រង់​ជា​នាម​បរិសុទ្ធ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា អញ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់​ ហើយ​បរិសុទ្ធ‘» [អេសាយ ៥៧:១៥]។ ‘ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក‘ [ហាបាគុក ៣:៦]។ ‘ទ្រង់​មិន​ចេះ​ប្រែប្រួល‘ [យ៉ាកុប ១:១៧]។

«អ្វីគ្រប់យ៉ាងដែលព្រះបង្កើតមកស្ដែងឲ្យយើងឃើញពីសេចក្ដីស្រឡាញ់របស់ព្រះ។ ព្រះចេស្ដារបស់ព្រះចាក់បង្អុរព្រះពរមកលើអ្វីៗគ្រប់យ៉ាងដែលទ្រង់បង្កើតមក» ដកស្រង់ពីសៀវភៅ Patrachs and Prophets, page 33, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

«តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើមនុស្សលោកនឹងបំពេញភារកិច្ចជាអ្នកគ្រប់គ្រងស្មោះត្រង់លើអំណោយរបស់ព្រះ? គឺតទៅនេះជាលទ្ធផល។ នឹងលែងមានអ្នកស្រេកឃ្លាន លែងមានអ្នកក្រ​ ឬ​ខ្វះខាត លែងមានអ្នកអាក្រាតដោយខ្វះសម្លៀកបំពាក់ទៀត។ តើអ្វីជាកត្តាបណ្ដាលឲ្យមានការទាំងអស់នេះ? គឺបណ្ដាលមកពីភាពអាត្មានិយមដែលមាននៅក្នុងចិត្តមនុស្ស.... ព្រះបង្កើតមនុស្សមកឲ្យធ្វើជាអ្នកគ្រប់គ្រងថ្វាយទ្រង់។ ដូច្នេះយើងមិនត្រូវបន្ទោសព្រះនៅពេលមានការឈឺចាប់ រងទុក្ខ និងស្រេកឃ្លានដែលយើងឃើញនៅក្នុងជីវិតនោះទេ»។ ដកស្រង់ពីសៀវភៅ Welfare Ministry, page 16, របស់ អ្នកស្រីអែល្លិនជីវ៉ៃត៍។

សំនួរពិភាក្សា៖
  1. សូមក្រឡេកមើលអត្ថបទដកស្រង់ទីពីររបស់អ្នកស្រីអែល្លិនជីវ៉ៃត៍ម្ដងទៀត។ តើអ្នកស្រីមានប្រសាសន៍យ៉ាងដូចម្ដេច? តើអ្នកស្រីថាកត្តាអ្វីដែលបណ្ដាលឲ្យមនុស្សក្រីក្រ? តើចម្លើយទៅនឹងសំណួរនេះផ្ដល់ជាមូលហេតុថាហេតុអ្វីបានជាការធ្វើជាអ្នកគ្រប់គ្រងអំណោយទានល្អរបស់ព្រះមានសារៈសំខាន់ខ្លាំងដែរ ​ឬទេ?

  2. ពេលវេលាកន្លងហួសរាប់ពាន់ឆ្នាំមកហើយចាប់តាំងពីអ័ដាមនិងអេវ៉ាធ្វើបាប។ តើយើងនៅអាចមើលឃើញសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងធម្មជាតិដែរទេមកទល់ពេលនេះ? ប្រសិនបើអាច តើយើងមើល​ឃើញតាមសណ្ឋានបែបណាខ្លះ? ក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ យើងជឿថាព្រះជាអ្នកបង្កើតផែនដីនិងធម្មជាតិទាំងអស់។ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីជួយអ្នកដទៃឲ្យឃើញសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងធម្មជាតិដែរ? ​

  3. តើការធ្វើជាអ្នកគ្រប់គ្រងអំណោយទានល្អរបស់ព្រះជាម្ចាស់មានអត្ថន័យបែបណាសម្រាប់អ្នក? តើមេរៀនសប្ដាហ៍នេះបានផ្ដល់គំនិតថ្មីៗសម្រាប់អ្នកទាក់ទិនទៅនឹងការធ្វើជាអ្នកគ្រប់គ្រងល្អដូចម្ដេចខ្លះ?

  4. ចុះបើមនុស្សគ្រប់គ្នាដែលយើងជួបពាក់ស្លាកដែលសរសេរថា: «ព្រះបង្កើតខ្ញុំហើយស្រឡាញ់ខ្ញុំ» តើស្លាកសញ្ញានោះផ្លាស់ប្ដូរអាកប្បកិរិយាយើងចំពោះអ្នកដទៃបែបណាខ្លះ? តើស្លាកសញ្ញានោះអាចជួយយើងឲ្យបង្ហាញក្ដីស្រឡាញ់ទៅកាន់អ្នកដទៃទៀតដែរឬទេ?
Powered by CAM