ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ យេរេមា ២៥:១១, ១២, អែសរ៉ា ៤:១‑៧, អែសរ៉ា ៧:១‑១០, អែសរ៉ា ៧:១១‑២៨, អែសរ៉ា ៧:៦, ១០។
ខចងចាំ៖ «ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា» (អែសរ៉ា ១:២)។
យេរេមា គឺជាហោរាមួយរូបនៅជំនាន់គម្ពីរសញ្ញាចាស់។ ហោរាគឺជាអ្នកនាំសារពិសេសរបស់ព្រះប្រាប់ដល់រាស្ត្ររបស់ព្រះអង្គ។ លោកយេរេមាបានកត់ត្រាអំពីសេចក្តីសន្យាពិេសសរបស់ព្រះចំពោះរាស្ត្ររបស់ព្រះអង្គ ដែលថា ពួកគេនឹងវិលត្រឡប់ទៅកាន់ស្រុករបស់ខ្លួនវិញបន្ទាប់ពីរស់នៅក្នុងចក្រភពបាប៊ីឡូនអស់រយៈពេល៧០ឆ្នាំ។ ព្រះទ្រង់បានជ្រើសស្តេចស៊ីរូសឲ្យជួយដល់រាស្ត្ររបស់ព្រះអង្គ (អេសាយ ៤៥:១)។ ស៊ីរូសគឺជាស្តេចសាសន៍ពើស៊ី។ ក្នុងឆ្នាំ៥៣៨ មុនគ្រិស្តសករាជ ស្តេចស៊ីរូសបានបង្កើតច្បាប់ពិសេសមួយ។ ច្បាប់នេះបានផ្តល់សិទ្ធិសេរីភាពដល់រាស្ត្ររបស់ព្រះ។ ឥឡូវនេះពួកគេអាចវិលត្រឡប់ទៅកាន់ស្រុកទេសរបស់ខ្លួនបានវិញហើយ។ នៅទីនោះ ពួកគេនឹងសាងសង់ព្រះវិហាររបស់ព្រះឡើងវិញ។
ព្រះទ្រង់បានបណ្តាលឲ្យស្តេចស៊ីរូសមានព្រះទ័យចង់ជួយដល់រាស្ត្ររបស់ព្រះកសាងព្រះវិហារយេរូសាឡិមឡើងវិញ។ «ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ និងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ» (អេសាយ ៤៤:២៨)។ ព្រះទ្រង់បានសន្យានឹងរាស្ត្ររបស់ព្រះអង្គថា រឿងទាំងនេះនឹងកើតឡើង។
យើងបានទទួលការលើកទឹកចិត្តពេលណាយើងឃើញរាស្ត្ររបស់ព្រះបានជឿទុកចិត្តលើសេចក្តីសន្យារបស់ព្រះអង្គ (អែសរ៉ា ១:៥)។ ខគម្ពីរអែសរ៉ា ១:៥ បង្ហាញប្រាប់យើងនូវគំរូដ៏អស្ចារ្យមួយស្តីអំពីការជឿទុកចិត្តរបស់ពួកគេទៅលើព្រះ។ យើងនឹងខំធ្វើកិច្ចការរបស់ខ្លួនឲ្យអស់ពីសមត្ថភាពកាលណាយើងយល់ថា ព្រះទ្រង់ជាអ្នកណា និងអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងនោះ។ យើងតោងតែនឹកចាំជានិច្ច អំពីអ្វីដែលព្រះទ្រង់បានជួយដល់រាស្ត្ររបស់ព្រះអង្គក្នុងពេលដែលពួកគេត្រូវការជំនួយ។
ថ្ងៃអាទិត្យ ទី២៩ កញ្ញា ឆ្នាំ២០១៩
ការធ្វើមាតុភូមិនិវត្តន៍លើកទី១
សូមអានខគម្ពីរយេរេមា ២៥:១១, ១២, ២៩:១០ និង ដានីយ៉ែល ៩:១, ២។ ខទាំងនេះ ប្រាប់យើងអំពីដំណើរមាតុភូមិនិវត្តន៍លើកទី១ ដែលរាស្ត្ររបស់ព្រះត្រឡប់មកស្រុកទេសរបស់ខ្លួនវិញ។ តើរឿងកើតឡើងនៅពេលណាដែរ? តើហោរាណាមួយដែលបានទាយអំពីដំណើរមាតុភូមិនិវត្តន៍នេះជាច្រើនឆ្នាំមុនដែលរឿងនោះកើតឡើង?
លោកយេរេមាគឺជាហោរាមួយរូបរបស់ព្រះ។ លោកបានកត់ត្រាសារពិសេស ឬបទទំនាយ។ បទទំនាយនេះបានផ្តល់ក្តីសង្ឃឹមដល់រាស្ត្ររបស់ព្រះនៅក្នុងស្រុកបាប៊ីឡូន។ ព្រះទ្រង់បានសន្យានឹងរាស្ត្ររបស់ព្រះអង្គថា ពួកគេនឹងត្រឡប់មកស្រុកយូដាវិញបន្ទាប់ពីពួកគេរស់នៅក្នុងស្រុកបាប៊ីឡូនអស់ពេល៧០ឆ្នាំ។ លោកយេរេមាក៏មានប្រសាសន៍ផងដែរថា ស្រុកយូដានឹងនៅទំនេរក្នុងអំឡុងពេល៧០ឆ្នាំនោះ។ ការណ៍នោះបានកើតឡើងពីឆ្នាំ៦០៦ ឬ៦០៥ មុនគ្រិស្តសករាជ ដល់ឆ្នាំ ៥៣៧ ឬ៥៣៦ មុនគ្រិស្តសករាជ។ បន្ទាប់ពីគ្រានោះមក ព្រះទ្រង់នឹងជួយរាស្ត្ររបស់ព្រះអង្គឲ្យត្រឡប់មកស្រុករបស់ពួកគេវិញ។ នៅចុងបញ្ចប់នៃឆ្នាំ៧០ ហោរាដានីយ៉ែលបានសិក្សាសំណេររបស់លោកយេរេមា។ លោកដានីយ៉ែលបានយល់ឃើញថា ដល់ពេលដែលព្រះធ្វើតាមសេចក្តីសន្យារបស់ព្រះអង្គហើយ។
ក្នុងបទគម្ពីរដានីយ៉ែល ៩ យើងឃើញថា លោកដានីយ៉ែលមានទុក្ខព្រួយណាស់។ ហេតុអ្វី? ពីព្រោះជិតផុតកំណត់៧០ឆ្នាំទៅហើយ។ ប៉ុន្តែ លោកដានីយ៉ែលមិនអាចឃើញទំនងដែលធ្វើឲ្យរាស្ត្ររបស់ ព្រះត្រឡប់ទៅស្រុកវិញសោះ។ ស្តេចពើស៊ីថ្មីទើបនឹងឡើងកាន់អំណាច។ មើលទៅមានសង្ឃឹមតិចណាស់ដែលថាសេចក្តីសន្យារបស់ព្រះនឹងសម្រេចឡើងនោះ។ ហេតុនោះ លោកដានីយ៉ែលក៏បានយំសោក។ បន្ទាប់មក លោកក៏បានបែរទៅរកព្រះជាម្ចាស់។ លោកដានីយ៉ែលបានទូលសូមដល់ព្រះឲ្យបង្ហាញសេចក្តីមេត្តាដល់រាស្ត្ររបស់ព្រះអង្គ និងធ្វើតាមសេចក្តីសន្យារបស់ព្រះអង្គ។ ក្នុងខគម្ពីរដានីយ៉ែល ៩:២៤‑២៧ ព្រះទ្រង់បានប្រាប់លោកដានីយ៉ែលថា ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះទ្រង់ក៏មានផែនការសម្រាប់អនាគតផងដែរ។ ព្រះអង្គនឹងចាត់ព្រះអង្គសង្គ្រោះមួយអង្គឲ្យមកកាន់រាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គសង្គ្រោះនឹងសុគតជំនួសរាស្ត្ររបស់ព្រះអង្គដើម្បីធ្វើឲ្យពួកគេបានរួចពីបាប។ ព្រះទ្រង់បានប្រាប់លោកដានីយ៉ែលថា កុំបារម្ភធ្វើអ្វី។ ព្រះទ្រង់នឹងចាត់ព្រះអង្គសង្គ្រោះមួយអង្គដល់រាស្ត្ររបស់ព្រះនៅគ្រាអនាគត។ ព្រះអង្គក៏នឹងចាត់ឲ្យមានអ្នកខ្លះជួយដល់ពួកគេនាគ្រាឥឡូវនេះដែរ។ មិនយូរប៉ុន្មាន ព្រះទ្រង់ក៏បានបណ្តាលឲ្យស្តេចស៊ីរូស នៃនគរពើស៊ី ចេញព្រះរាជបញ្ជាឲ្យរាស្ត្ររបស់ព្រះមានសិទ្ធិសេរីភាពដើម្បីឲ្យពួកគេបានវិលត្រឡប់មកស្រុកទេសវិញ។ ព្រះទ្រង់រក្សាសេចក្តីសន្យារបស់ព្រះអង្គជានិច្ច! (សូមអានដានីយ៉ែល១០ ដើម្បីរកមើលឧទាហរណ៍មួយផ្សេងទៀត)។
ក្នុងបទគម្ពីរអែសរ៉ា ១ យើងឃើញមានកត់ត្រាអំពីព្រះរាជបញ្ជារបស់ស្តេចស៊ីរូស។ ស្តេចស៊ីរូសបានចេញរាជបញ្ជានេះនៅម្តុំឆ្នាំ ៥៣៩‑៥៣៧ មុនគ្រិស្តសករាជ។ ពិតមែនហើយ ស្តេចស៊ីរូសបានផ្តល់សិទ្ធិសេរីភាពដល់រាស្ត្ររបស់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គបានធ្វើលើសពីនោះទៅទៀត! ព្រះអង្គបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅដោយបានប្រទានអំណោយជាច្រើនដល់ពួកគេ។ ព្រះអង្គក៏បានប្រទានទ្រព្យសម្បត្តិដែលស្តេចនេប៊ូក្នេសាបានលួចពីព្រះវិហាររបស់ព្រះដល់រាស្ត្ររបស់ព្រះវិញផងដែរ។ តើលោកអ្នកនឹកចាំ គ្រាមួយផ្សេងទៀតក្នុងព្រះគម្ពីរដែលមានរឿងបែបនោះកើតឡើងឬទេ? វាបានកើតឡើងពេលដែលពួកសាសន៍អ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីព្ទកាលពីរាប់រយឆ្នាំមុន។ ព្រះទ្រង់បានបណ្តាលឲ្យពួកអេស៊ីព្ទផ្តល់អំណោយជាច្រើនដល់រាស្ត្ររបស់ព្រះអង្គពេលដែលពួកគេចេញពីស្រុកអេស៊ីព្ទ។ ក្រុមទី១ដែលត្រឡប់ពីស្រុកបាប៊ីឡូនមានគ្នាប្រមាណ៥០០០០នាក់រាប់ទាំងក្មេងៗ និងពួកស្រ្តីផង។
ថ្ងៃច័ន្ទ ទី៣០ កញ្ញា ឆ្នាំ២០១៩
ស្តេចនៃនគរពើស៊ី
សាសន៍យូដាក្រុមដំបូងបានធ្វើដំណើរមកដល់ប្រទេសរបស់ខ្លួនវិញហើយ។ កិច្ចការរបស់ពួកគេគឺត្រូវសាងសង់ព្រះវិហាររបស់ព្រះឡើងវិញ។ យើងនឹងសិក្សានៅក្នុងមេរៀនបន្ទាប់មកទៀតអំពីពួកអ្នកដែលព្យាយាមរារាំងកិច្ចការរបស់ពួកគេ។ ឥឡូវនេះផ្តោតអារម្មណ៍ទៅលើស្តេចនៃនគរពើស៊ីក្នុងគ្រាដែលរាស្ត្ររបស់ព្រះសាងសង់ព្រះវិហារ និងទីក្រុងឡើងវិញ។ វាជាការសំខាន់ណាស់ក្នុងការសិក្សាអំពីប្រវត្តិសាស្ត្រក្នុងជំនាន់លោកអែសរ៉ា និងលោកនេហេមា។ ប្រវត្តិសាស្ត្រនឹងធ្វើឲ្យយើងមានការយល់ដឹងអំពីសាររបស់លោកអែសរ៉ា និងលោកនេហេមាកាន់តែច្បាស់ឡើងថែមទៀត។
សូមអានខគម្ពីរ អែសរ៉ា ៤:១‑៧។ ខទាំងនេះបានកត់ត្រាអំពីស្តេចផ្សេងគ្នានៃនគរពើស៊ី។ ស្តេចទាំងនោះសោយរាជ្យក្នុងគ្រាដែលមនុស្សខ្លះបានព្យាយាមរារាំងពួកយូដាមិនឲ្យសាងសង់ព្រះ‑ វិហាររបស់ព្រះឡើងវិញ។ តើស្តេចនៃនគរពើស៊ីទាំងនេះមានព្រះនាមអ្វីខ្លះ
តទៅនេះគឺជាបញ្ជីរាយនាមស្តេចនគរពើស៊ីដែលសោយរាជ្យក្នុងជំនាន់លោកអែសរ៉ា និងលោកនេហេមា។ បញ្ជីនេះក៏មានកត់ត្រាអំពីរជ្ជកាលនៃស្តេចនីមួួយៗផងដែរ។ បញ្ជីនេះចាប់ផ្តើមពីស្តេចស៊ីរូសមុនគេបង្អស់។ ព្រះអង្គជាអ្នកបញ្ចប់នគរបាប៊ីឡូន និងចាប់ផ្តើមនគរពើស៊ីនៅឆ្នាំ៥៣៩ មុនគ្រិស្តសករាជ៖
-ស្តេចស៊ីរូសទី២ ក៏មានគោរមងារថា «មហារាជ» ដែរ (៥៣៩‑៥៣០ មុនគស)
-ស្តេចកាំប៊ីសេសទី២ (៥៣០‑៥២២ មុនគស)
-ស្តេចដារីយ៉ុសទី១ (៥២២‑៤៨៦ មុនគស)
-ស្តេចស៊ើកសេសទី១ (៤៨៥‑៤៦៥ មុនគស) ស្តេចអង្គនេះមានមហេសីព្រះនាមអេសធើរ
-ស្តេចអើថាស៊ើកសេសទី១ (៤៦៥‑៤២៤ មុនគស)
ក្នុងពេលដែលយើងសិក្សាកណ្ឌគម្ពីរអែសរ៉ា និងនេហេមា យើងត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួន។ ក្នុងបទគម្ពីរអែសរ៉ា ៤ ស្តេចអើថាស៊ើកសេសទី១ទ្រង់សោយរាជ្យ។ ក្នុងអែសរ៉ា ៥, និង ៦ យើងឃើញថា ស្តេចដារីយ៉ុសទី១ សោយរាជ្យវិញ។ ប៉ុន្តែ ប្រសិនបើលោកអ្នកពិនិត្យមើលបញ្ជីខាងលើ តើលោកអ្នកឃើញមានអ្វីដែលគួរកត់សំគាល់ឬទេ? លោកអ្នកឃើញថា ស្តេចដារីយ៉ុសទី១ គឺជាស្តេចដែលសោយរាជ្យមុនស្តេចអើថាស៊ើកសេស។ ករណីនេះមានន័យថា រឿងរ៉ាវដែលបានកត់ត្រាទុកក្នុងអែសរ៉ា ៤:៦‑២៤ កើតឡើងក្រោយរឿងរ៉ាវដែលបានកត់ត្រាទុកក្នុងជំពូកទី៥ និងទី៦ បើទោះបីជាជំពូកទី៤ មានមុនក្តី។ ប្រសិនបើលោកអ្នកចាំអំពីករណីនេះ វានឹងជួយឲ្យលោកអ្នកមិនច្រឡំឡើយកាលណាលោកអ្នកអានអំពីស្តេចនៃនគរពើស៊ី។ នោះនឹងធ្វើឲ្យលោកអ្នកកាន់តែយល់អំពីសាររបស់លោកអែសរ៉ា និងលោកនេហេមាកាន់តែប្រសើរឡើង។
តើលោកអ្នកធ្លាប់យល់ច្រឡំញឹកញាប់ប៉ុនណាដែរពេលដែលអានព្រះគម្ពីរម្តងៗ? ហេតុដូចម្តេចបានជាលោកអ្នកគួរទុកចិត្តលើព្រះ និងព្រះគម្ពីរ បើទោះបីជាពេលខ្លះលោកអ្នកមិនទាន់យល់អំពីសេចក្តីដែលយើងបានអានក្តី? (សូមអានអេសាយ ៥៥:៨, ៩)។
ថ្ងៃអង្គារ ទី១ តុលា ឆ្នាំ២០១៩
ការធ្វើមាតុភូមិនិវត្តន៍លើកទី២
ក្នុងខគម្ពីរអែសរ៉ា ៧:១‑១០ និងអែសរ៉ា ៨:១‑១៤ យើងឃើញថា ស្តេចអើថាស៊ើកសេសទី១ បានរាជានុញ្ញាតឲ្យលោកអែសរ៉ាវិលត្រឡប់មកទីក្រុងយេរូសាឡិមវិញ។ រឿងនោះបានកើតឡើងនៅក្នុងឆ្នាំ ៤៥៧ មុនគ្រិស្តសករាជ។ លោកអែសរ៉ាអាចនាំមនុស្សទាំងឡាយណាដែលស្ម័គ្រចិត្តឲ្យទៅជាមួយលោកបាន។ យើងពុំដឹងថា តើមិត្តភាពរវាងលោកអែសរ៉ា និងស្តេចមានភាពជិតស្និទ្ធនឹងគ្នាប៉ុនណាទេ។ យើងក៏ពុំដឹងថា លោកអែសរ៉ាធ្វើការផ្នែកតុលាការឬក៏អត់នោះទេ។ បទគម្ពីរអែសរ៉ា ៨ ប្រាប់យើងអំពីឈ្មោះរបស់មេគ្រួសារមួយចំនួនដែលបានធ្វើដំណើរជាមួយលោកអែសរ៉ាទៅទីក្រុងយេរូសាឡិម។ បញ្ជីនោះរៀបរាប់ឈ្មោះរបស់ពួកសង្ឃមុនដំបូងគេ។ បន្ទាប់មកទើបរៀបរាប់នាមឈ្មោះរបស់គ្រួសារស្តេច។ បញ្ជីនោះក៏បានបញ្ចប់នៅត្រឹមឈ្មោះមេដឹកនាំនៃបណ្តាជន។ មានគ្រួសារចំនួនដប់ពីរត្រូវបានបង្ហាញឈ្មោះ។ ចំនួនលេខនេះជួយយើងឲ្យនឹកឃើញដល់អំបូរទាំង១២នៃសាសន៍អ៊ីស្រាអែល។
បញ្ជីនៅក្នុងអែសរ៉ា ៨ មានឈ្មោះមនុស្សប្រហែលជា១៥០០នាក់។ ប្រសិនបើលោកអ្នកបន្ថែមស្ត្រី និងកូនក្មេង ចំនួនមនុស្សសរុបអាចនឹងកើនឡើងដល់ទៅ ៥០០០ ឬ៦០០០នាក់។ ក្រុមនេះមានចំនួនតូចជាងក្រុមទី១ ដែលបានត្រឡប់មកវិញជាមួយនឹងលោកសេរ៉ូបាបិល និងលោកយ៉ូស្វេ។
សូមអានខគម្ពីរអែសរ៉ា ៧:១‑១០។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីលោកអែសរ៉ា?
លោកអែសរ៉ាគឺជាស្មៀន។ ស្មៀនគឺជាមនុស្សដែលបានសិក្សា និងចម្លងច្បាប់ក្នុងជំនាន់ព្រះគម្ពីរ។ លោកអែសរ៉ាក៏ចេញមកពីសែស្រឡាយសង្ឃដែរ។ លោកអែសរ៉ាកើតចេញពីពូជពង្សវង្សត្រកូលលោកអើរ៉ុន។ លោកអើរ៉ុនគឺជាបងប្រុសរបស់លោកម៉ូសេ។ លោកអើរ៉ុនគឺជាសង្ឃដំបូងបង្អស់របស់សាសន៍ អ៊ីស្រាអែល។ តើលោកអែសរ៉ាធ្វើការជាស្មៀនរបស់ស្តេចអើថាស៊ើកសេសមែនទេ? យើងពុំដឹងទេ។ ប៉ុន្តែ យើងជឿថា លោកអែសរ៉ាធ្វើការយ៉ាងជិតស្និទ្ធនឹងស្តេចអើថាស៊ើកសេស។ ហេតុអ្វី? ពីព្រោះស្តេចបានជ្រើសរើសលោកអែសរ៉ាឲ្យដឹកនាំក្រុមសាសន៍យូដាត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ។
ក្នុងខគម្ពីរអែសរ៉ា ៧:៦ យើងឃើញថា លោកអែសរ៉ា ចេះ «ស្ទាត់ជំនាញខាងក្រឹត្យវិន័យលោកម៉ូសេ»។ លោកអែសរ៉ាគឺជាគ្រូបង្រៀនដ៏ល្អម្នាក់។ លោកបានចំណាយពេលមួយជីវិតរបស់លោកដើម្បីសិក្សាក្រឹត្យវិន័យ (អែសរ៉ា ៧:១០)។ ពាក្យថា «ចេះស្ទាត់» មកពីពាក្យភាសាហេព្រើរដែលមានន័យថា «ចេះលឿន» ឬ «ឆាប់ចេះ»។ តើពាក្យនេះប្រាប់យើងអ្វីខ្លះ? វាបង្ហាញប្រាប់យើងថា លោកអែសរ៉ាឆ្លាតខ្លាំងណាស់។ លោកគឺជាសិស្សពូកែម្នាក់។ លោកល្បីឈ្មោះខាងមានចំណេះដឹង និងប្រាជ្ញាអំពី ក្រឹត្យវិន័យរបស់ព្រះ។ ម៉្លោះហើយបានជាស្តេចជ្រើសរើសលោកអែសរ៉ាធ្វើជាមេដឹកនាំនោះ! ជម្រើស របស់ស្តេចក៏បង្ហាញប្រាប់យើងថាលោកក្លាហាន និងជាមេដឹកនាំដ៏ល្អម្នាក់។
តើលោកអ្នកឃើញទេថា លោកអែសរ៉ា «បានតាំងចិត្តស្វែងរកក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម» (អែសរ៉ា ៧:១០)? តើយើងបានធ្វើតាមក្បួនច្បាប់ដ៏សំខាន់នេះក្នុងជីវិតផ្ទាល់ របស់យើងសព្វថ្ងៃនេះដោយរបៀបដូចម្តេចដែរ?
ថ្ងៃពុធ ទី២ តុលា ឆ្នាំ២០១៩
បទបញ្ជារបស់ស្តេចអើថាស៊ើកសេស
ស្តេចអើថាស៊ើកសេសបានចេញព្រះរាជបញ្ជាក្នុងខគម្ពីរអែសរ៉ា ៧:១១‑២៨។ តើស្តេចអង្គនេះបានប្រាប់ឲ្យរាស្ត្ររបស់ព្រះធ្វើអ្វីខ្លះ? ហេតុដូចម្តេចបានជាព្រះរាជបញ្ជារបស់ស្តេចសំខាន់ខ្លាំងម៉្លេះសម្រាប់រាស្ត្ររបស់ព្រះ?
ព្រះរាជបញ្ជាពិសេសរបស់ស្តេចអើថាស៊ើកសេសមានលក្ខណៈដូចគ្នានឹងព្រះរាជបញ្ជារបស់ស្តេចស៊ីរូសទី១ដែរ។ ស្តេចអើថាស៊ើកសេសបានប្រាប់សាសន៍យូដាថា ពួកគេទាំងអស់គ្នាអាចត្រឡប់ទៅផ្ទះនៅស្រុកកំណើតបានហើយ។ ស្តេចក៏បានលើកទឹកចិត្តដល់ពួកសង្ឃ ឲ្យត្រឡប់ទៅទីក្រុងយេរូសាឡិមដែរ។ តើមានពួកសាសន៍យូដាប៉ុន្មាននាក់ដែលបានវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។ យើងអាចរកចម្លើយបានពីកំណត់ត្រារបស់លោកមូរាស៊ូ។ ទាំងនេះគឺជាកំណត់ត្រាយ៉ាងពិសេសរបស់ប្រវត្តិសាស្ត្រ ដែលបានបង្ហាញប្រាប់យើងថា ពួកសាសន៍យូដាភាគច្រើនបំផុតបានស្នាក់នៅក្នុងនគរពើស៊ី។ (យើងឃើញថា នេះគឺជារឿងពិតប្រាកដពីសាច់រឿងរបស់ព្រះនាងអេសធើរ)។
ប៉ុន្តែក៏មានពួកយូដាខ្លះចង់ទៅចាប់ផ្តើមមករស់នៅក្នុងទីក្រុងយេរូសាឡិមឡើងវិញដែរ។ ហេតុនោះ ស្តេចអើថាស៊ើកសេសក៏បានសរសេរទៅកាន់ពួកអ្នកកាន់ឃ្លាំងរបស់ព្រះអង្គដែលនៅឯនាយទន្លេអ៊ើប្រាតក្នុងអាណាចក្ររបស់ព្រះអង្គ ឲ្យជួយផ្គត់ផ្គង់គ្រប់យ៉ាងដែលលោកអែសរ៉ាត្រូវការដើម្បីយកទៅកសាងព្រះវិហារយេរូសាឡិមឡើងវិញ។ ព្រះទ្រង់បានิิបណ្តាល «ព្រះទ័យស្តេចឲ្យសំរេចនឹងតាក់តែងព្រះវិហារនៃព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិមឲ្យល្អឡើង» វិញ (អែសរ៉ា ៧:២៧)។ រាស្ត្ររបស់ព្រះក៏ត្រូវការស្ថាប័នច្បាប់ផងដែរ។ ច្បាប់ដែលល្អនឹងធ្វើឲ្យប្រទេសជាតិមានសុវត្ថិភាពសម្រាប់ពលរដ្ឋ។ ព្រះទ្រង់ បានប្រទានច្បាប់របស់ព្រះអង្គដែលជាផែនការដ៏ពិសេសសម្រាប់ឲ្យមានស្ថាប័នច្បាប់ និងចៅក្រមក្នុងទឹកដីរបស់ពួកគេ។ ស្តេចទ្រង់ប្រាប់ទៅលោកអែសរ៉ាឲ្យអនុវត្តតាមច្បាប់របស់ព្រះឲ្យបានខ្ជាប់ខ្ជួន។ ស្តេចទ្រង់បានបង្កភាពងាយស្រួលដល់លោកអែសរ៉ា និងពួកសាសន៍យូដាក្នុងការកសាងប្រទេសជាតិរបស់ពួកគេឡើងវិញ។
យើងឃើញថា ស្តេចអើថាស៊ើកសេសបានយកព្រះទ័យទុកដាក់នឹងការសង់ក្រុងយេរូសាឡិម និងព្រះវិហាររបស់ព្រះខ្លាំងណាស់។ តើរឿងនោះមានន័យថា ស្តេចបានក្លាយជាអ្នកជឿមួយអង្គដែរមែនទេ? ស្តេចទ្រង់មានបន្ទូលថា ព្រះជាម្ចាស់គឺជា «ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម» (អែសរ៉ា ៧:១៥)។ តើព័ត៌មាននោះប្រាប់អ្វីដល់យើងខ្លះ? វាបង្ហាញប្រាប់យើងថា ស្តេចទ្រង់យល់ឃើញថា ព្រះយេហូវ៉ាគ្រាន់តែជាព្រះមួយរបស់ប្រទេសណាមួយតែប៉ុណ្ណោះ។ ស្តេចទ្រង់ពុំចង់ឲ្យព្រះនៃប្រទេសមួយនេះ ក្រោធខឹងនឹងព្រះអង្គ និងព្រះរាជបុត្ររបស់ព្រះអង្គឡើយ (អែសរ៉ា ៧:២៣)។ ក៏មានហេតុផលផ្សេងទៀតដែលស្តេចមានព្រះទ័យល្អចំពោះសាសន៍យូដាដែរ។ នៅគ្រានោះ ស្តេចនៃនគរពើស៊ីកំពុងត្រួតត្រាប្រទេសអេស៊ីព្ទនៅឡើយ។ ប៉ុន្តែនៅឆ្នាំ ៤៥៧ មុនគ្រិស្តសករាជ ពួកទ័ពសាសន៍អេស៊ីព្ទក៏បានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលនគរពើស៊ី។ ហេតុនោះ មើលទៅទំនងជាស្តេចចង់ឲ្យសាសន៍យូដាបន្តភាពស្មោះត្រង់ជាមួយព្រះអង្គតទៅទៀតដែរ។ នោះក៏អាចជាមូលហេតុដែលព្រះអង្គជួយពួកសាសន៍យូដាកសាងទីក្រុង និងព្រះវិហាររបស់ព្រះឡើងវិញ។ ប៉ុន្តែពុំមានភស្តុតាងក្នុងព្រះគម្ពីរប្រាប់ថា ស្តេចអង្គនេះបានក្លាយជាអ្នកជឿព្រះនោះឡើយ។ បើទោះបីជាយ៉ាងដូច្នេះក្តី ស្តេចអើថាស៊ើកសេសគឺជាគំរូមួយអំពីអំណាចរបស់ព្រះ។ ព្រះអង្គបានបង្ហាញប្រាប់យើងថា ព្រះទ្រង់អាចប្រើមនុស្សទាំងឡាយដែលមិនជឿព្រះអង្គឲ្យធ្វើកិច្ចការរបស់ព្រះអង្គនៅលើផែនដីនេះបាន។
ថ្ងៃព្រហស្បតិ៍ ទី៣ តុលា ឆ្នាំ២០១៩
ការអប់រំរបស់លោកអែសរ៉ា
សូមអានខគម្ពីរអែសរ៉ា ៧:៦, ១០។ តើខទាំងនេះក្នុងកណ្ឌគម្ពីរអែសរ៉ាបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលការអប់រំបែបសាសនាមានសារៈសំខាន់?
លោកអែសរ៉ាបានចំណាយពេលមួយជីវិតរបស់លោកថ្វាយព្រះជាម្ចាស់។ លោកបានបម្រើ ព្រះអង្គយ៉ាងអស់ពីចិត្ត។ លោកអែសរ៉ាបានសម្រេចចិត្តសិក្សា និងបង្រៀនសេចក្តីពិតរបស់ព្រះ (អែសរ៉ា ៧:៦, ១០)។ លោកអែសរ៉ាក៏បានប្រតិបត្តិតាមសេចក្តីពិតនេះដែរ។ ព្រះគម្ពីរបង្ហាញប្រាប់យើងថា លោក អែសរ៉ាចំណាយពេលវេលាពេញមួយជីវិតចំពោះការសិក្សា ការអនុវត្ត និងការបង្រៀនក្រឹត្យវិន័យរបស់ព្រះ។ ការសម្រេចចិត្តរបស់លោកបានធ្វើឲ្យលោកត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចការដ៏សំខាន់ដែលព្រះទ្រង់បានប្រទានឲ្យលោកធ្វើក្នុងប្រទេសអ៊ីស្រាអែល។
អ្នកស្រីអែល្លិន ជី វ៉ៃត៍ បានកត់ត្រាថា «លោកអែសរ៉ាកើតក្នុងអំបូរអើរ៉ុន។ លោកអែសរ៉ាបានទទួលការបណ្តុះបណ្តាលឲ្យធ្វើជាសង្ឃ។ លោកអែសរ៉ាក៏បានរៀនសូត្រអំពីការបង្រៀនរបស់ពួកគ្រូ មន្តអាគម ព្រមទាំងរៀនសូត្រអំពីសេចក្តីរបស់ពួកតារាសាស្ត្រផងដែរ។ លោកអែសរ៉ារៀនអំពីសំណេររបស់ពួកអ្នកប្រាជ្ញនៃនគរមេដូពើស៊ីថែមទៀត។ ប៉ុន្តែលោកអែសរ៉ានៅតែមិនស្កប់ចិត្តនឹងមេរៀនទាំងនោះឡើយ។ លោកចង់បានសេចក្តីសុខសាន្តទាំងស្រុងជាមួយនឹងព្រះជាម្ចាស់។ លោកប្រាថ្នាចង់បានប្រាជ្ញាដើម្បីនឹងធ្វើតាមផែនការរបស់ព្រះផងដែរ។ ហេតុនោះហើយបានជាលោក ‘តាំងចិត្តស្វែងរកក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម’ (អែសរ៉ា ៧:១០)។ លោកបានសិក្សាប្រវត្តិសាស្ត្រអំពីរាស្ត្ររបស់ព្រះ និងហោរារបស់ព្រះផងដែរ។ លោកក៏បានសិក្សាអំពីពង្សាវតារក្សត្រដែរ។ លោកបានសិក្សាស្វែងយល់អំពីបទកំណាព្យ និងសៀវភៅប្រវត្តិសាស្ត្រផ្សេងៗក្នុងព្រះគម្ពីរ។ លោកចង់ដឹងថា ហេតុអ្វីបានជាព្រះយេហូវ៉ាបណ្តោយឲ្យក្រុងយេរូសាឡិមត្រូវបំផ្លាញ។ លោកអែសរ៉ាចង់ដឹងថា៖ ហេតុអ្វីបានជារាស្ត្ររបស់ព្រះត្រូវគេចាប់យកទៅជាឈ្លើយនៅប្រទេសដទៃ?» (ដកស្រង់ពី Prophets and Kings, page 608, adapted)។
«លោកអែសរ៉ាក៏ចង់ឲ្យរាស្ត្ររបស់ព្រះបានសិក្សាព្រះគម្ពីរផងដែរ។ ហេតុនោះ លោកក៏បានចម្លងព្រះគម្ពីរជាច្រើនច្បាប់។ លោកក៏បានប្រមែប្រមូលចងក្រងច្បាប់ជាច្រើនតាមដែលលោកអាចរកបាន។ លោកបានចម្លងកាន់តែច្រើនឡើង ហើយបានចែកផ្សាយទៅគ្រប់ទីកន្លែង។ ដោយសារតែលោកអែសរ៉ា មនុស្សជាច្រើនបានរៀនអំពីសេចក្តីពិតនៃព្រះគម្ពីរ» (page 609)។
ពិតមែនហើយ លោកអែសរ៉ាបានរៀនអំពីវិធីជាច្រើនរបស់ពួកអ្នកប្រាជ្ញដែលមិនជឿព្រះ។ ប៉ុន្តែ តើលោកអ្នកឃើញទេថា លោកអែសរ៉ាយល់ថាសេចក្តីបង្រៀនទាំងនេះមិនត្រឹមត្រូវដែរឬទេ? លោកចង់ចេះ ចង់ដឹង និងចង់ស្គាល់សេចក្តីពិតខ្លាំងណាស់។ លោកបានស្វែងរកវានៅក្នុងក្រឹត្យវិន័យរបស់ព្រះ។ មិនបាច់សង្ស័យឡើយ លោកអែសរ៉ាប្រាកដជា «បោះបង់» អ្វីដែលលោកបានរៀនពីពួកគ្រូមន្តអាគម និងពួកអ្នកប្រាជ្ញទាំងនោះជាច្រើនចោលមិនខាន។ អ្វីដែលពួកគេបង្រៀនភាគច្រើនគឺមិនត្រឹមត្រូវឡើយ។ តើពួកគេអាចបង្រៀនអ្វីដល់លោកឲ្យពិតប្រាកដទៅ?
តើយើងបានរៀនអ្វីខ្លះពីពួកអ្នកប្រាជ្ញបណ្ឌិតសម័យសព្វថ្ងៃនេះដែលយើងអាច «បោះបង់» ចោលដែរនោះ?
ថ្ងៃសុក្រ ទី៤ តុលា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “Ezra, the Priest and Scribe,”pages 607-617 in Prophets and Kings.
សូមក្រឡេកមើលកិច្ចការរបស់លោកអែសរ៉ា៖ «លោកអែសរ៉ាបានក្លាយជាព្រះសូរសៀងរបស់ព្រះ ឬជាអ្នកនាំសាររបស់ព្រះអង្គ។ លោកបង្រៀនបណ្តាជននៅជុំវិញលោកអំពីក្បួនច្បាប់នៃនគរឋានសួគ៌។ ក្នុងអំឡុងឆ្នាំចុងក្រោយនៃអាយុរបស់លោក លោកអែសរ៉ាបានធ្វើការនៅជិតដំណាក់ច្បាប់នៃនគរស្តេចមេដូពើស៊ី និងនៅទីក្រុងយេរូសាឡិមផងដែរ។ លោកគឺជាគ្រូបង្រៀននៅក្នុងទីកន្លែងទាំងពីរ។ នោះហើយគឺជាកិច្ចការដ៏សំខាន់បំផុតរបស់លោក។ លោកអែសរ៉ាបានចែកចាយសេចក្តីពិតដទៃៗទៀតដែលលោកបានដឹងប្រាប់ដល់មនុស្សទាំងឡាយ។ ខណៈដែលលោកចែកចាយសេចក្តីពិតរបស់ព្រះ ព្រះទ្រង់បានប្រទានអំណាចថែមទៀតដល់លោកដើម្បីឲ្យលោកអាចធ្វើការបាន។ លោកអែសរ៉ាបានប្រែក្លាយជាមនុស្សដ៏បរិសុទ្ធម្នាក់។ ទឹកចិត្តរបស់លោកពោរពេញដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះ។ លោកអែសរ៉ាគឺជាស្មរបន្ទាល់ដល់មនុស្សទាំងឡាយនៅលើផែនដីនេះ។ លោកបង្ហាញប្រាប់ដល់ពួកគេអំពីអំណាចនៃសេចក្តីពិតរបស់ព្រះគម្ពីរ។ លោកក៏បង្ហាញប្រាប់ពួកគេអំពីរបៀបដែលសេចក្តីពិតនៃព្រះគម្ពីរអាចបំផ្លាស់បំប្រែជីវិតរបស់ពួកគេឲ្យប្រសើរឡើងផងដែរ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 609, adapted ។
«ព្រះទ្រង់ចង់ឲ្យយើងផ្លាស់ប្តូរជីវិតឲ្យបានប្រសើរឡើង។ ព្រះអង្គត្រូវការមនុស្សទាំងឡាយឲ្យធ្វើកិច្ចការដែលលោកអែសរ៉ា និងលោកនេហេមាបានធ្វើដែរ។ មនុស្សទាំងនេះពុំបានដោះសាអំពីអំពើបាបឡើយ។ ពួកគេបានលើកតម្កើងព្រះនាមព្រះ។ ព្រះទ្រង់ត្រូវការអ្នកបម្រើព្រះអង្គឲ្យក្រោកឈរឡើងតតាំងនឹងសេចក្តីខុសឆ្គង និងមិនស៊ុំគ្រលំនឹងអំពើអាក្រក់សោះឡើយ។ ពួកគេនឹងនឹកចាំថា ព្រះទ្រង់ស្រឡាញ់មនុស្សទាំងអស់ស្មើគ្នា។ ព្រះអង្គពុំរើសមុខអ្នកណាឡើយ។ ពួកអ្នកបម្រើព្រះក៏នឹងនឹកចាំថា ពួកគេក៏ត្រូវតែមានវិញ្ញាណរបស់ព្រះគ្រិស្តនៅក្នុងចិត្តរបស់ពួកគេដែរ។ ដូច្នេះទើបពួកគេអាចនឹងបង្ហាញទៅមនុស្សដទៃទៀតឲ្យស្គាល់ពីអំពើបាបរបស់ពួកគេ និងកែតម្រង់ពួកគេពេលដែលពួកគេធ្វើខុសបាន» (ដកស្រង់ពីប្រភពដដែលខាងលើ page 675, adapted)។
សំនួរពិភាក្សា៖
- ព្រះទ្រង់បានប្រទានសេចក្តីសន្យាដ៏អស្ចារ្យជាច្រើនដល់យើង។ ទន្ទឹមគ្នានេះ ព្រះអង្គក៏ពុំបានបង្ខំយើងឲ្យទទួលយកសេចក្តីស្រឡាញ់ និងសេចក្តីអត់ឱនទោសរបស់ព្រះអង្គឡើយ។ តើយើងកំពុងធ្វើ អ្វីខ្លះដែលរារាំមិនឲ្យសេចក្តីសន្យារបស់ព្រះសម្រេចឡើងក្នុងជីវិតរបស់យើងម្នាក់ៗនោះ?
- សូមអានសេចក្តីអធិដ្ឋានរបស់លោកដានីយ៉ែលនៅក្នុងខគម្ពីរដានីយ៉ែល ៩:១‑២៣។ តើលោកអ្នកឃើញក្បួនច្បាប់អ្វីខ្លះនៅទីនោះដែលអាចជួយលោកអ្នកឲ្យមានបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងព្រះ? តើលោកដានីយ៉ែលបានទូលសូមអ្វីខ្លះពីព្រះ? តើលោកដានីយ៉ែលមានទឹកចិត្តដូចម្តេចដែរ?
- ក្នុងមេរៀនថ្ងៃព្រហស្បតិ៍ យើងបានអានសំណេររបស់អ្នកស្រីអែល្លិន ជី វ៉ៃត៍ ស្តីអំពីសេចក្តីនៃព្រះគម្ពីរគឺសំខាន់ណាស់ចំពោះកិច្ចការបម្រើព្រះរបស់ពួកសាសន៍អ៊ីស្រាអែល។ យើងក៏ដឹងផងដែរថា លោកអែសរ៉ាបានធ្វើការយ៉ាងខ្លាំងដើម្បីបង្ហាត់បង្រៀនសេចក្តីពិតដល់មនុស្សទាំងឡាយ។ តើរឿងរបស់លោកអែសរ៉ាបង្រៀនយើងអ្វីខ្លះអំពីសារៈសំខាន់នៃព្រះគម្ពីរចំពោះពួកជំនុំ និងជីវិតរបស់យើងសព្វថ្ងៃនេះ?