ថ្ងៃសៅរ៍ ទី៥ តុលា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ១:៩-២:៥។
ខចងចាំ៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ» (វិវរណៈ ២:៧)។
កវីនិពន្ធគម្ពីរទំនុកតម្កើងជំពូក ៧៣ ហាក់គិតមិនយល់ពីសេចក្ដីដែលលោកឃើញក្នុងជីវិត ពោលគឺ៖ មនុស្សដែលមិនស្ដាប់បង្គាប់ព្រះមានទ្រព្យស្ដុកស្ដម្ភលើសពីសេចក្ដីត្រូវការ ឯអ្នកកាន់តាមព្រះពិតប្រាកដវិញបែរជារងទុក្ខវេទនារកពណ៌នាមិនត្រូវទៅវិញ។ រឿងទាំងនេះហើយដែលធ្វើឲ្យអ្នកនិពន្ធសោកសៅក្នុងចិត្ត (ទំនុកតម្កើង ៧៣:២-៦)។ ជីវិតលើលោកនេះគ្មានយុត្តិធម៌ទាល់តែសោះ! អ្នកនិពន្ធគាត់ចង់បានចម្លើយពីចម្ងល់១នេះ។ ដូច្នេះគាត់ក៏ទៅរកចម្លើយទាំងនោះនៅក្នុងរោងឧបោសថរបស់ព្រះ (ទំនុកតម្កើង ៧៣:១៦, ១៧)។ រោងឧបោសថរបស់ព្រះគឺជាទីដ្ឋានដែលព្រះគង់នៅលើផែនដីយើងនេះជាមួយនឹងរាស្ត្ររបស់ទ្រង់មុនដែលស្ដេចសាឡូម៉ូនសង់ព្រះវិហារថ្វាយទ្រង់។
បីបួនរយឆ្នាំក្រោយមកសាវករបស់ព្រះយេស៊ូវយ៉ូហានត្រូវគេបញ្ជូនខ្លួនទៅកាន់កោះតូចមួយឈ្មោះថា ប៉ាត់ម៉ុស។ នៅលើគុកដែលសម្បូរដោយថ្មនេះ លោកយ៉ូហានទទួលបានដំណឹងដ៏អាក្រក់ខ្លះ។ មានមនុស្សខ្លះដែលមិនស្រឡាញ់ព្រះឬមិនជឿព្រះបានធ្វើទុក្ខបុកម្នេញដល់ពួកជំនុំដែលលោកយ៉ូហានធ្លាប់មើលការខុសត្រូវ។ រួចព្រះក៏ប្រទានការជាក់ស្ដែងមួយឲ្យគាត់ឃើញដើម្បីឲ្យគាត់បានយល់ពីព្រឹត្តិការណ៍កាន់តែច្បាស់។ លោកយ៉ូហានឃើញព្រះយេស៊ូវនៅក្នុងរោងឧបោសថនៅឯនគរស្ថានសួគ៌។ ព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចនៅក្នុងរោងឧបោសថនៃស្ថានសួគ៌ដើម្បីសង្គ្រោះនិងជួយដល់រាស្ត្រទ្រង់។ ការជាក់ស្ដែងដែលលោកយ៉ូហានបានឃើញជួយឲ្យលោកទុកចិត្តបានថាព្រះយេស៊ូវយកព្រះទ័យទុកដាក់ចំពោះខ្លួន។ ព្រះយេស៊ូវក៏បានប្រទានសារដូចគ្នានេះទៅដល់កវីនិពន្ធទំនុកតម្កើង ជំពូក៧៣រាប់រយឆ្នាំមុន ដែរ។ ព្រះយេស៊ូវចង់ឲ្យលោកយ៉ូហានផ្សាយពីសារស្ដីពីសេចក្ដីស្រឡាញ់របស់ព្រះអង្គទៅកាន់មនុស្សដែលរស់នៅក្នុងជំនាន់របស់គាត់ក៏ដូចជាមកកាន់គ្រីស្ទាននាសម័យយើងនេះដែរ។ សប្ដាហ៍នេះយើងនឹង ក្រឡេកមើល (១)ព្រះរាជកិច្ចរបស់ព្រះយេស៊ូវដែលកំពុងបំពេញសម្រាប់យើងនៅលើស្ថានសួគ៌នាពេលនេះ (២) សារពិសេសរបស់ព្រះអង្គដំបូងគេទៅកាន់ពួកជំនុំមួយក្នុងចំណោមពួក ជំនុំទាំង៧នៅទ្វីបអាស៊ី។
ថ្ងៃអាទិត្យ ទី៦ មករា ឆ្នាំ២០១៩
លោកយ៉ូហាននៅលើកោះប៉ាត់ម៉ុស
នៅក្នុងគម្ពីវិវរណៈ ១:៩ លោកយ៉ូហានប្រាប់ពីមូលហេតុដែលគាត់ត្រូវគេបញ្ជូនមកកោះប៉ាត់ម៉ុស។ មូលហេតុអ្វីបានជាគាត់នៅទីនោះ?
ប៉ាត់ម៉ុសគឺជាកោះមួយសម្បូរដោយថ្មនៃសមុទ្រអេជៀន។ នៅលើកោះនេះពុំសូវមានរុក្ខជាតិដុះទេ។ កោះនេះមានបណ្ដោយប្រមាណ១៦គីឡូម៉ែត្រនិងទទឹងប្រមាណ៦,៥គីឡូម៉ែត្រ។ អាណាចក្ររ៉ូម ប្រើប្រាស់កោះប៉ាត់ម៉ុសនិងកោះមួយចំនួនទៀតដែលនៅជុំវិញនោះធ្វើជាគុក។ ពួកគេបញ្ជូនអ្នកទោសទៅកាន់កោះទាំងនេះ។ មានអ្នកនិពន្ធជាគ្រីស្ទានខ្លះនៅរស់នៅឡើយនៅសម័យដែលលោកយ៉ូហានសរសេរគម្ពីរវិវរណៈនៅលើកោះប៉ាត់ម៉ុសនោះ។ អ្នកនិពន្ធទាំងនោះយល់ស្របថាមូលហេតុដែលពួករ៉ូមបញ្ជូនលោកយ៉ូហានទៅកោះប៉ាត់ម៉ុសគឺមកពីលោកស្មោះស្ម័គ្រនឹងដំណឹងល្អអំពីព្រះយេស៊ូវ។ ពេលគេចាប់គាត់បញ្ជូនទៅកោះប៉ាត់ម៉ុសនោះលោកយ៉ូហានមានវ័យចំណាស់ហើយ។ លោកច្បាស់ជារងទុក្ខវេទនាជាច្រើនអនេកក្នុងនាមជាអ្នកទោសរបស់សាសន៍រ៉ូម។ ច្បាស់ណាស់ថាឆ្មាំអ្នកទោសច្បាស់ជាមិនចិត្តល្អ ជាមួយនឹងលោកឡើយ។ លោកយ៉ូហានច្បាស់ជាត្រូវគេដាក់ច្រវ៉ាក់ ហើយពុំបានទទួលអាហារគ្រប់គ្រាន់ ព្រមទាំងត្រូវគេបង្ខំឲ្យធ្វើការធ្ងន់ឬត្រូវគេវាយដំបើគាត់ពុំធ្វើការនោះ។
«ប៉ាត់ម៉ុសគឺជាកោះទទេសម្បូរដោយថ្មនៅសមុទ្រអេជៀន។ អាណាចក្ររ៉ូមជ្រើសរើសកោះប៉ាត់ម៉ុសទុកជាកន្លែងបញ្ជូនអ្នកទោស។ ប៉ុន្តែសម្រាប់លោកយ៉ូហានដែលជាបាវបម្រើរបស់ព្រះវិញ គុកដ៏ខ្មៅងងឹតនិងសោកសៅមួយនេះក្លាយជាទ្វារទៅកាន់ស្ថានសួគ៌ទៅវិញ។ នៅលើកោះនេះលោកយ៉ូហានត្រូវគេផ្ដាច់ខ្លួនពីជីវិតដ៏មមាញឹកនិងរាល់កិច្ចការទាំងប៉ុន្មានដែលគាត់ធ្លាប់ធ្វើពីមុន។ នៅលើកោះនេះ ព្រះជាម្ចាស់និងព្រះយេស៊ូវផ្ទាល់គឺជាមិត្តសម្លាញ់របស់លោកយ៉ូហាន។ ទេវតាពីស្ថានសួគ៌ក៏ជាមិត្តរបស់លោកដែរ។ ព្រះហើយនិងទេវតារបស់ទ្រង់ប្រទានសារមកកាន់លោកយ៉ូហានដែលពួកជំនុំនាសម័យនោះក៏ដូចជាសម័យក្រោយៗមកទៀតត្រូវការ»។ Ellen G. White, The Acts of the Apostles, pages 570, 571.
តើមានតួអង្គណាខ្លះទៀតនៅក្នុងព្រះគម្ពីរដែលរងទុក្ខវេទនា? តើពួកគាត់រងទុក្ខវេទនាដោយព្រោះស្មោះត្រង់នឹងព្រះមែនទេ? ជាឧទាហរណ៍ សូមមើលសាច់រឿងវិរៈបុរសប្រចាំព្រះគម្ពីរទាំងឡាយដែលមាននៅក្នុងគម្ពីរដានីយ៉ែល ៣:១៦-២៣ និង កិច្ចការ ៧:៥៤-៦០។
អ្នកដើរតាមព្រះយេស៊ូវត្រូវចងចាំជានិច្ចថាព្រះមិនដែលបោះបង់ពួកគេចោលទេ ទោះបើក្នុងស្ថានភាពដែលអាក្រក់ផុតលេខក៏ដោយ។ គួរចាំថាព្រះបានមកឯលោកយ៉ូហានដោយបន្ទូលនៃក្ដីសង្ឃឹមនិងគាំពារកាលលោកយ៉ូហានជាអ្នកទោសនៅឯកោះប៉ាត់ម៉ុស។ ព្រះយេស៊ូវដដែលនេះឯងនឹងបន្តនៅជាមួយនឹងរាស្ត្ររបស់ទ្រង់ក៏ដូចជាផ្ដល់ក្ដីសង្ឃឹមនិងទីពំនាក់នៅគ្រាលំបាកៗ។
តើយើងត្រូវធ្វើបែបណាទើបអាចរៀនទុកចិត្តលើព្រះយេស៊ូវគ្រប់កាលៈទេសៈបាន?
ថ្ងៃច័ន្ទ ទី៧ មករា ឆ្នាំ២០១៩
នៅថ្ងៃនៃព្រះអម្ចាស់
សូមអានវិវរណៈ ១:១០។ រួចអាននិក្ខមនំ ៣១:១៣ អេសាយ ៥៨:១៣ និងម៉ាថាយ ១២:៨។ ខទាំងនេះសុទ្ធតែហៅឈ្មោះថ្ងៃមួយដែលជារបស់ព្រះជាម្ចាស់។ តើថ្ងៃណាមួយក្នុងសប្ដាហ៍ដែលជារបស់ព្រះ? ព្រះជាម្ចាស់បង្ហាញការជាក់ស្ដែងមួយដល់លោកយ៉ូហានអំពីថ្ងៃនៃព្រះអម្ចាស់កាលដែលលោកយ៉ូហានជាអ្នកទោសនៅកោះប៉ាត់ម៉ុស។ តើលោកអ្នកគិតថាថ្ងៃនៃព្រះអម្ចាស់ផ្ដល់សេចក្ដីកក់ក្ដៅដល់លោកយ៉ូហានប៉ុនណាកាលដែលលោកកំពុងរងទុក្ខបែបនោះ?
«ព្រះជាម្ចាស់បង្ហាញអង្គទ្រង់ក្នុងសិរីរុងរឿងភ្លឺចែងចាំងឲ្យលោកយ៉ូហានដ៏ជាសាវកឃើញនៅថ្ងៃបរិសុទ្ធ។ គេចាប់បញ្ជូនលោកយ៉ូហានទុកជាអ្នកទោសទៅឯកោះប៉ាត់ម៉ុស។ នៅទីនោះក្ដីក៏លោកយ៉ូហាននៅតែរក្សាថ្ងៃបរិសុទ្ធដូចកាលដែលលោកបង្រៀនពួកបណ្ដាជននៅឯក្រុងនិងស្រុកយូដាដែរ។ ព្រះជាម្ចាស់ប្រទានសេចក្ដីសន្យាពិសេសៗជាច្រើនដល់រាស្ត្ររបស់ព្រះអង្គទាក់ទិននឹងថ្ងៃបរិសុទ្ធ។ លោកយ៉ូហានទុកចិត្តលើសេចក្ដីសន្យាទាំងនោះ» ដកស្រង់ពីសៀវភៅ The Acts of the Apostles, page 581.
លោកយ៉ូហានពុំបានសរសេរនៅក្នុងខទី១នៃគម្ពីររបស់លោកថាសារដែលព្រះជាម្ចាស់ប្រទានឲ្យលោកកើតឡើងនៅថ្ងៃបរិសុទ្ធ។ ប៉ុន្តែគម្ពីរវិវរណៈ ១:១០ ប្រើពាក្យ «នៅថ្ងៃនៃព្រះអម្ចាស់» ផ្ដល់ជាតម្រុយសម្រាប់យើងឲ្យដឹងថាព្រះជាម្ចាស់ប្រទានសាររបស់ព្រះអង្គមកកាន់លោកយ៉ូហាននៅថ្ងៃទី៧ គឺថ្ងៃបរិសុទ្ធ។ អ្នកខ្លះយល់ថា «ថ្ងៃរបស់ព្រះអម្ចាស់» ដែលលោកយ៉ូហានលើកឡើងនៅក្នុងគម្ពីរវិវរណៈ ១:១០ គឺដូចគ្នាទៅនឹង «ថ្ងៃរបស់ព្រះអម្ចាស់» ដែលហោរាអេសាយនិងលោកពេត្រុសប្រើ (អេសាយ ១៣:៦-១៣ ពេត្រុសទី២ ៣:១០)។ ប៉ុន្តែថ្ងៃទាំងពីរនេះមិនដូចគ្នាទេ។ ថ្ងៃរបស់ព្រះអម្ចាស់គឺជាថ្ងៃបរិសុទ្ធ គឺថ្ងៃទី៧។ ប៉ុន្តែ «ថ្ងៃរបស់ព្រះអម្ចាស់» ដែលហោរាអេសាយនិងលោកពេត្រុសនិយាយនោះគឺសម្ដៅលើការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ។ លោកយ៉ូហានទន្ទឹងរង់ចាំថ្ងៃនោះយ៉ាងអស់ពីចិត្ត។ ប៉ុន្តែថ្ងៃនោះមិនដូចគ្នាទៅនឹងថ្ងៃដែលលោកយ៉ូហានមានប្រសាសន៍នៅក្នុងវិវរណៈ ១:១០ ពេលដែលលោកមានប្រសាសន៍ថាព្រះជាម្ចាស់ប្រទានសារពីព្រឹត្តិការណ៍នាថ្ងៃអនាគតនៅថ្ងៃនៃព្រះអម្ចាស់។ ព្រះជាម្ចាស់ប្រទានសារដល់លោកយ៉ូហាននៅ «ថ្ងៃនៃព្រះអម្ចាស់» គឺថ្ងៃបរិសុទ្ធ។
ច្បាស់ណាស់ថាសារដែលព្រះប្រទានដល់លោកយ៉ូហាននៅថ្ងៃបរិសុទ្ធធ្វើឲ្យគាត់មានអារម្មណ៍ធូរស្បើយឡើងវិញ។ នៅពេលដែលលោកយ៉ូហានទទួលបានសារនោះ ទំនងជាគាត់យល់ថាវាមានរស់ជាតិដូចគ្នាទៅនឹងដើមជីវិតដែលនៅឯស្ថានសួគ៌ដែរ! ដូចគ្នានេះដែរ សាសន៍យូដាបង្រៀនថាថ្ងៃបរិសុទ្ធផ្ដល់ «រសជាតិ» នៃសេចក្ដីល្អវិសេសបន្តិចបន្តួច។ នៅក្នុងភាសាហេព្រើរ សេចក្ដីនេះត្រូវគេឲ្យឈ្មោះថា «Olam haba [អូឡាម ហាបា]» ពាក្យនេះមានន័យថា «ជីវិតខាងមុខ»។
តើថ្ងៃបរិសុទ្ធជួយឲ្យយើងចងចាំថាព្រះបង្កើតយើងមកហើយសង្គ្រោះយើងដែរឬទេ? មូលហេតុអ្វីបានជាយើងត្រូវចងចាំសេចក្ដីពិតនេះជានិច្ច?
ថ្ងៃអង្គារ ទី៨ មករា ឆ្នាំ២០១៩
ព្រះយេស៊ូវនិងជើងទៀនទាំង៧
នៅគម្ពីរវិវរណៈ ១:១២-១៨ លោកយ៉ូហានបង្ហាញរូបព្រះយេស៊ូវមួយផ្ទាំងឲ្យយើងឃើញ។ តើរូបព្រះយេស៊ូវរបស់លោកយ៉ូហានដូចឬខុសពីរូបដែលហោរាដានីយ៉ែលបង្ហាញយើងនៅក្នុងគម្ពីរដានីយ៉ែល ១០:៥, ៦ដូចម្ដេចខ្លះ? តើព្រះយេស៊ូវលេចឡើងនៅក្នុងការជាក់ស្ដែងរបស់លោកយ៉ូហានយ៉ាងដូចម្ដេច? តើព្រះយេស៊ូវធ្វើអ្វី?
លោកយ៉ូហានឃើញព្រះយេស៊ូវនៅស្ថានសួគ៌។ ព្រះយេស៊ូវស្លៀកពាក់សម្លៀកបំពាក់ជាសម្ដេចសង្ឃ។ សម្ដេចសង្ឃគឺជាមេដឹកនាំបរិសុទ្ធដែលខិតខំសង្គ្រោះរាស្ត្ររបស់ខ្លួន។ ព្រះយេស៊ូវគឺជាសម្ដេចសង្ឃរបស់យើងនៅលើស្ថានសួគ៌។ ព្រះយេស៊ូវពាក់រ៉ូបរបស់សម្ដេចសង្ឃពេលព្រះអង្គយាងជុំវិញជើងចង្កៀងមាសទាំងប្រាំពីរ។ ព្រះវិហាររបស់សាសន៍យូដាមានជើងចង្កៀងដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងជើងចង្កៀងនៅឋានសួគ៌ដែរ។ ជើងចង្កៀងទាំងនេះផ្ដល់ពន្លឺឲ្យព្រះវិហារសាសន៍យូដា(ពង្សាវតាក្សត្រទី១ ៧:៤៩)។
នៅក្នុងសារមកពីព្រះរបស់លោកយ៉ូហាន លោកយ៉ូហានមើលព្រះយេស៊ូវកំពុង «យាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ» (វិវរណៈ ២:១)។ កិច្ចការដែលព្រះយេស៊ូវធ្វើត្រង់ខនេះគ្រាន់តែជារូបស័ព្ទប៉ុណ្ណោះ។ វាជួយឲ្យរាស្ត្ររបស់ព្រះចងចាំពីសេចក្ដីសន្យារបស់ទ្រង់ចំពោះគេ។ ព្រះសន្យាថានឹងយាងជាមួយនឹងរាស្ត្ររបស់ទ្រង់ដោយធ្វើជាព្រះដល់គេ (វិវរណៈ ២៦:១២)។ នៅក្នុង គម្ពីរវិវរណៈ ជើងចង្កៀងទាំង៧គឺតំណាងឲ្យពួកជំនុំទាំង៧នៅអាស៊ី (វិវរណៈ ១:២០)។ (ជើងចង្កៀងក៏ជារូបស័ព្ទសម្រាប់ពួកជំនុំរបស់ព្រះតាំងពីសម័យលោកយ៉ូហានរហូតដល់គ្រាចុងក្រោយដែរ)។ ព្រះយេស៊ូវបង្គាប់ឲ្យលោកយ៉ូហានផ្ញើគម្ពីរវិវរណៈទៅកាន់ពួកជំនុំទាំងប្រាំពីរនៅអាស៊ី (វិវរណៈ ១:២០)។ ព្រះយេស៊ូវយាងនៅចន្លោះជើងចង្កៀងដើម្បីបង្ហាញថាព្រះអង្គនឹងរក្សាសេចក្ដីសន្យារបស់ទ្រង់ចំពោះ រាស្ត្រអ៊ីស្រាអែល។ ព្រះអង្គនឹងនៅជាមួយរាស្ត្ររបស់ទ្រង់ជានិច្ចនិរន្តរ។
ទិដ្ឋភាពដែលព្រះយេស៊ូវយាងចន្លោះជើងចង្កៀងក្នុងនាមជាសម្ដេចសង្ឃរបស់យើងបង្ហាញយើងពីសេចក្ដីផ្សេងទៀតដែលព្រះយេស៊ូវធ្វើសម្រាប់យើង។ ជើងចង្កៀងនៅឯព្រះវិហារយេរូសាឡិមជួយឲ្យយើងកាន់តែយល់ច្បាស់ពីសេចក្ដីនោះ។ រៀងរាល់ថ្ងៃ សង្ឃមួយអង្គចាំមើលជើងចង្កៀងនៅក្នុងបន្ទប់បរិសុទ្ធបំផុតនៅក្នុងព្រះវិហារនៃក្រុងយេរូសាឡិមដើម្បីរក្សាឲ្យចង្កៀងនៅឆេះភ្លឺជាប្រចាំ។ សង្ឃចាក់ប្រេងថ្មីទៅក្នុងចង្កៀងនោះ។ លោកបញ្ឆេះចង្កៀងនោះឡើងវិញ។ សង្ឃនោះដឹងច្បាស់ពីរបៀបដែលរក្សាឲ្យចង្កៀងនៅឆេះបញ្ចេញរស្មីរហូត។ ដូចគ្នានេះដែរ ព្រះយេស៊ូវទ្រង់ជ្រាបពីតម្រូវការរបស់ពួកជំនុំនីមួយៗព្រមទាំងពីការដែលទ្រង់ត្រូវធ្វើដើម្បីថែរក្សារាស្ត្ររបស់ទ្រង់គ្រប់គ្នា។
អានវិវរណៈ ២:២, ៩, ១៣, ១៩ និងវិវរណៈ ៣:១, ៨, ១៥។ នៅក្នុងខទាំងនេះ ព្រះយេស៊ូវមានបន្ទូលថា «អញស្គាល់» នៅពេលដែលព្រះអង្គមានបន្ទូលអំពីសេចក្ដីត្រូវការរបស់រាស្ត្ររបស់ទ្រង់នៅក្នុងពួកជំនុំទាំង៧។ តើបន្ទូលទាំងនេះបង្ហាញថាព្រះអង្គជ្រាបពីរាស្ត្រទ្រង់និងយកព្រះទ័យទុកដាក់ចំពោះពួកគេប៉ុនណា?
ថ្ងៃពុធ ទី៩ មករា ឆ្នាំ២០១៩
ពួកជំនុំទាំងប្រាំពីរ
នៅក្នុងគម្ពីរវិវរណៈ ១:១១, ១៩, ២០ ព្រះយេស៊ូវបង្គាប់ឲ្យលោកយ៉ូហានផ្ញើសារទៅកាន់ពួកជំនុំទាំង៧នៅអាស៊ី។ តាមពិតមានពួកជំនុំច្រើនលើសពី៧នៅអាស៊ី ប៉ុន្តែព្រះយេស៊ូវតម្រូវឲ្យផ្ញើសារទៅកាន់ពួកជំនុំតែប្រាំពីរនេះទេ។ តើសេចក្ដីទាំងនេះអាចជួយឲ្យយើងយល់បានថាពួកជំនុំនៅក្នុងខទាំងនេះគ្រាន់តែជារូបស័ព្ទតំណាងឲ្យពួកជំនុំគ្រីស្ទាននៅជំនាន់ផ្សេងៗគ្នាដែរឬទេ? យើងដឹងថាពួកជំនុំទាំងប្រាំពីរគ្រាន់តែជានិមិត្តសញ្ញា។ តើសេចក្ដីនេះជួួយឲ្យយើងយល់បានថាសាររបស់ព្រះទៅកាន់ពួកជំនុំទាំងប្រាំពីរនោះក៏ជាសារសម្រាប់មនុស្សគ្រប់គ្នាបានដែរទេ?
ព្រះយេស៊ូវប្រទានសារមួយឲ្យលោកយ៉ូហានផ្ញើទៅកាន់ពួកជំនុំនៅអាស៊ី។ លោកយ៉ូហានសរសេរសារនេះនៅក្នុងវិវរណៈជំពូក២និង៣។ អត្ថន័យរបស់សារនីមួយៗអាចប្រើប្រាស់តាមវិធីបីយ៉ាងរួមមាន៖
ទីមួយ សារនោះជួយឲ្យយើងយល់ពីប្រវត្តិសាស្ត្រ។ ពួកជំនុំទាំងប្រាំពីរនៅក្នុងក្រុងអ្នកមានស្ដុកស្ដម្ភផ្សេងៗរងគ្រោះជាច្រើន។ មានទីក្រុងមួយចំនួនថ្វាយបង្គំព្រះចៅរ៉ូមនៅក្នុងព្រះវិហារ របស់ពួកគេ។ បណ្ដាជនថ្វាយបង្គំព្រះចៅរ៉ូមគឺដើម្បីបង្ហាញថាពួកគេស្មោះត្រង់ជាមួយសាសន៍រ៉ូម។ បន្ទាប់មកអាណាចក្ររ៉ូមក៏បង្កើតច្បាប់ដែលបង្ខំឲ្យប្រជាជនដែលរស់នៅក្នុងទីក្រុងរបស់រ៉ូមទាំងប៉ុន្មានថ្វាយបង្គំព្រះចៅក្រុងរ៉ូម។ ពលរដ្ឋដែលរស់នៅក្នុងទីក្រុងរ៉ូមទាំងនេះក៏ត្រូវចូលរួមក្នុងកម្មវិធីប្រារព្វពិធីសាសនាដទៃនិងទិវាជាតិដទៃៗទៀត។ «សាសនាដទៃ» នៅត្រង់នេះគឺសម្ដៅទៅលើក្រុមមនុស្សដែលថ្វាយបង្គំធម្មជាតិនិងព្រះជាច្រើន។ តើមានរឿងអ្វីកើតឡើងនៅពេលដែលក្រុមគ្រីស្ទានមិនព្រមកាន់តាមពិធីសាសនាដទៃនោះ? ពួកគេត្រូវឡើងក្ដីនៅតុលាការ។ ជួនត្រូវគេសម្លាប់ទៀតផង។ ព្រះយេស៊ូវប្រទានសារទាំងប្រាំពីរឲ្យទៅលោកយ៉ូហានដើម្បីជួយដល់រាស្ត្ររបស់ទ្រង់ដែលរងទុក្ខលំបាកនៅគ្រាទាំងនោះ។
ទីពីរ សារដំណឹងនេះជួយយើងឲ្យយល់ពីព្រឹត្តិការណ៍នាពេលអនាគត។ ស្ថានភាពជំនឿរបស់ពួកជំនុំនីមួយៗគឺជារូបស័ព្ទដែលបង្ហាញពីស្ថានភាពជំនឿរបស់ពួកជំនុំរបស់ព្រះនៅសម័យផ្សេងៗក្នុងប្រវត្តិសាស្ត្រ។ សារទាំងប្រាំពីរដែលលោកយ៉ូហានបានសរសេរឡើងជួយឲ្យយើងឃើញ ថាសាសនាគ្រីស្ទខ្លាំងឬខ្សោយប៉ុនណាចាប់តាំងពីសតវត្សទី១[ឆ្នាំ១-១០០រហូតដល់ពេលដែលព្រះយេស៊ូវយាងមក។
ទីបី សារទាំងនោះជួយយើងឲ្យយល់ពីគ្រីស្ទានពីសម័យកាលនិងតំបន់ផ្សេងៗគ្នា។ លោកយ៉ូហានផ្ញើសារទាំងប្រាំពីក្នុងសំបុត្រតែមួយទៅកាន់ពួកជំនុំទាំង៧ឲ្យអាន (វិវរណៈ ១:១១)។ សេចក្ដីនេះជួយឲ្យយើងដឹងថាសេចក្ដីណាដែលពិតសម្រាប់គ្រីស្ទានរស់នៅក្នុងសម័យមួយឬតំបន់មួយក៏អាចជាសេចក្ដីពិតសម្រាប់គ្រីស្ទានរស់នៅក្នុងសម័យនិងតំបន់ផ្សេងទៀតដែរ។
សាកស្រមៃបន្តិចថាព្រះផ្ញើសំបុត្រមួយច្បាប់មកកាន់ពួកជំនុំរបស់អ្នកទាក់ទងទៅនឹងបញ្ហាក៏ដូចជាស្ថានភាពជំនឿរបស់ពួកជំនុំរបស់អ្នក។ តើអ្នកគិតថាសំបុត្ររបស់ព្រះជាម្ចាស់នឹងមានបន្ទូលបែបណាមកកាន់ពួកជំនុំរបស់អ្នក?
ថ្ងៃព្រហស្បតិ៍ ទី១០ មករា ឆ្នាំ២០១៩
សាររបស់ព្រះទៅកាន់ពួកជំនុំអេភេសូរ
អេភេសូរគឺជាទីក្រុងធំជាងគេនៃទ្វីបអាស៊ីដែលគ្រប់គ្រងដោយអាណាចក្ររ៉ូម។ ទីក្រុងនេះគឺជាផែដឹកទំនិញសំខាន់ជាងគេនៅអាស៊ី។ ដោយហេតុនេះ ទើបធ្វើឲ្យទីក្រុងអេភេសូរជាតំបន់សំខាន់សម្រាប់ជំនួញនិងសាសនា។ នៅទីក្រុងនេះមានពេញទៅដោយវិហារ រោងមហោរស្រព កន្លែងហាត់ប្រាណ និងបន្ទប់ងូតទឹក (បន្ទប់ដែលងូតទឹកបានច្រើននាក់)ជាច្រើន។ ទីក្រុងនេះក៏ល្បីខាងបាបនៃការរួមភេទ ព្រមទាំងការជឿលើអបិយជំនឿផងដែរ។ ដូច្នេះលោកអ្នកទំនងជានឹងភ្ញាក់ផ្អើលជាមិនខាននៅពេលដែលដឹងថាពួកជំនុំដែលខ្លាំងក្លាជាងគេទូទាំងអាស៊ីគឺនៅក្រុងអេភេសូរ។
នៅក្នុងវិវរណៈ ២:១-៤ ព្រះយេស៊ូវបរិយាយពីអង្គទ្រង់ទៅកាន់ពួកជំនុំអេភេសូរ។ តើព្រះយេស៊ូវពិពណ៌នាពីអង្គទ្រង់ជាយ៉ាងណាទៅកាន់ពួកជំនុំ? ព្រះយេស៊ូវលើកសរសើរពួកជំនុំពីសេចក្ដីល្អខ្លះ។ តើសេចក្ដីល្អនោះមានអ្វីខ្លះ? តើព្រះយេស៊ូវមានសេចក្ដីទាស់អ្វីម្យ៉ាងទៅនឹងពួកជំនុំអេភេសូរ? (អានយេរេមា ២:២ ដើម្បីជាគន្លឹះ)។
គ្រាដែលពួកជំនុំអេភេសូរទើបតែផ្ដើមពីដំបូង ពួកជំនុំគ្រីស្ទានទាំងឡាយបានឮពីការដែលពួកជំនុំអេភេសូរនេះស្រឡាញ់គ្នាជាខ្លាំងហើយស្មោះស្ម័គ្រជាមួយនឹងព្រះ (អេភេសូរ ១:១៥)។ ពួកជំនុំអេភេសូររងទុក្ខលំបាកពីមនុស្សទាំងក្នុងនិងក្រៅពួកជំនុំ។ ប៉ុន្តែពួកពួកជំនុំអេភេសូរនៅតែស្មោះស្ម័គ្រជាមួយនឹងជំនឿរបស់ពួកគេ។ ពួកគេខិតខំប្រឹងប្រែង។ ពួកគេកាន់តាមសេចក្ដីពិតរបស់ព្រះគម្ពីរ។ ពួកគេមិនព្រមអនុញ្ញាតឲ្យមានគ្រូឬមេដឹកនាំក្លែងក្លាយក្នុងពួកជំនុំគេឡើយ។ ប៉ុន្តែក្រោយមកស្រាប់តែមានរឿងមួយកើតឡើង។ ពួកជំនុំអេភេសូរចាប់ផ្ដើមយកការបង្រៀនត្រឹមត្រូវនិងអាកប្បកិរិយាត្រឹមត្រូវទុកជាការសំខាន់ជាង ក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះទៅវិញ។ ពេលនោះក្ដីស្រឡាញ់របស់គេចំពោះព្រះនិងចំពោះគ្នានិងគ្នាចាប់ផ្ដើមចុះខ្សោយហើយក៏រលត់ទៅ។
នៅក្នុងវិវរណៈ ២:៥-៧ ព្រះយេស៊ូវបង្គាប់ឲ្យពួកជំនុំធ្វើរឿងបីយ៉ាងដើម្បីយកក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះនិងចំពោះគ្នានិងគ្នាមកវិញ។ តើសេចក្ដីបីយ៉ាងដែលព្រះយេស៊ូវតម្រូវឲ្យពួកគេធ្វើនោះមានអ្វីខ្លះ? តើសេចក្ដីទាំងបីយ៉ាងនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចខ្លះ?
សេចក្ដីដែលកើតឡើងនៅក្នុងពួកជំនុំអេភេសូរបង្ហាញយើងពីសេចក្ដីដែលកើតឡើងចំពោះសាសនាគ្រីស្ទាននៅសតវត្សទី១ ពីឆ្នាំ ៣១-១០០ គ.ស។ នៅគ្រាដែលពួកជំនុំគ្រីស្ទានចាប់ផ្ដើមកើតឡើង ពួកគេស្រឡាញ់និងស្មោះស្ម័គ្រចំពោះដំណឹងល្អ។ ប៉ុន្តែមកដល់ចុងឆ្នាំ១០០ ពួកជំនុំចាប់ផ្ដើមបាត់បង់ក្ដីស្រឡាញ់របស់គេចំពោះដំណឹងល្អនិងរវាងគ្នានិងគ្នា។ ហើយពួកគេក៏ឈប់កាន់តាមសេចក្ដីពិតដែលមាននៅក្នុងដំណឹងល្អទៅ។
តើដំបូន្មានរបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំអេភេសូរអាចជួយពួកជំនុំនាសម័យបច្ចុប្បន្ននេះដែលចុះខ្សោយទៅហើយបាត់បង់ក្ដីស្រឡាញ់ដំបូងរបស់គេចំពោះសេចក្ដីពិតបានដោយរបៀបណា?
ថ្ងៃសុក្រ ទី១១ មករា ឆ្នាំ២០១៩
សិក្សាបន្ថែម
«ព្រះជាម្ចាស់ប្រើប្រាស់ស្ថានភាពដ៏លំបាករបស់លោកយ៉ូហាននៅលើកោះប៉ាត់ម៉ុសដើម្បីបង្ហាញយើងរាល់គ្នាពីព្រះគុណរបស់ទ្រង់។ ព្រះយេស៊ូវយាងមកឯលោកយ៉ូហាននៅកោះប៉ាត់ម៉ុស។ សិរីរុងរឿងរបស់ព្រះយេស៊ូវធ្វើឲ្យកោះនោះភ្លឺចិញ្ចែងចិញ្ចាចនិងស្រស់ស្អាត។ ពីដើម លោកយ៉ូហានជួបព្រះយេស៊ូវក្នុងសភាពជាមនុស្ស។ លោកយ៉ូហានឃើញស្នាមរបួសពីការវាយដែកគោលដែលសះជានៅលើព្រះហស្តនិងព្រះបាទព្រះយេស៊ូវ។ ស្នាមសះជាទាំងនេះផ្ដល់ជាការសរសើរតម្កើងនិងព្រះកិត្តិនាមដល់ព្រះយេស៊ូវ។ ពេលនេះព្រះជាម្ចាស់បានជួបជាមួយនឹងព្រះជាម្ចាស់ដែលមានព្រះជន្មរស់ពីសុគតរបស់ខ្លួនជាថ្មីម្ដងទៀត។ សិរីល្អភ្លឺចែងចាំងគ្របបាំងព្រះយេស៊ូវ។ សិរីល្អគ្របបាំងព្រះកាយទ្រង់ប្រៀបបានដូចជាសម្លៀកបំពាក់។ លោកយ៉ូហានមើលឃើញសិរីល្អរបស់ព្រះយេស៊ូវនោះអស់ពីលទ្ធភាពជាមនុស្សតែពុំបានស្លាប់ដោយការមើលពន្លឺបរិសុទ្ធនោះទេ។
«ព្រះយេស៊ូវបង្ហាញអង្គទ្រង់ឲ្យលោកយ៉ូហានឃើញ។ ការដែលលោកយ៉ូហានបានឃើញគឺជាតឹកតាងបញ្ជាក់ទៅកាន់អ្នកជឿទាំងអស់ថាយើងមានព្រះសង្គ្រោះមួយអង្គដែលបានមានព្រះជន្មពីសុគតវិញ។ ភស្តុតាងនេះគួរណាស់តែផ្ដល់ជាអំណាចជីវិតដល់ពួកជំនុំឡើងវិញ។ ជួនកាល ពពកខ្មៅងងឹតតែងមកគ្របបាំងរាស្ត្ររបស់ព្រះ។ បន្ទុកដ៏ធ្ងន់ធ្ងរនិងការវាយប្រហារមកលើជីវិតរបស់ពួកគេហាក់កំពុងបំផ្លិចបំផ្លាញជីវិតរបស់ពួកគេ។ ប៉ុន្តែនៅវេលាដ៏វេទនាទាំងនេះ ព្រះជាម្ចាស់បង្រៀនពួកជំនុំនូវមេរៀនដ៏សំខាន់ៗខ្លះ។ នៅវេលាទាំងនេះ ព្រះយេស៊ូវតែងយាងទៅក្នុងគុកហើយសម្ដែងអង្គទ្រង់ឲ្យអស់អ្នកដែលព្រះអង្គរើសឲ្យធ្វើជាបាវបម្រើរបស់ទ្រង់ឃើញ។ ព្រះយេស៊ូវក៏នៅក្នុងភ្លើងជាមួយនឹងរាស្ត្ររបស់ទ្រង់ដែលត្រូវគេដុតសម្លាប់ដោយព្រោះជំនឿគេដែរ។ នៅវេលាយប់ដែលងងឹតខ្លាំងបំផុត ពេលនោះហើយដែលដួងតារាចែងចាំងខ្លាំងបំផុត។ ដូចគ្នានេះដែរ យើងអាចមើលឃើញសិរីល្អរបស់ព្រះបានច្បាស់បំផុតនៅវេលាដែលលំបាកវេទនាបំផុត»។ ដកស្រង់ពីសៀវភៅ The Youth’s Instructor, April 5, 1900, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។
សំនួរពិភាក្សា៖
- លោកយ៉ូហានសរសេរគម្ពីរវិវរណៈ។ លោកយ៉ូហានរ៉ាយរ៉ាប់ពីសេចក្ដីទាំងប៉ុន្មានដែលលោកបានឮនិងឃើញនៅក្នុងការបើកសម្ដែងរបស់ព្រះមកឯគាត់នៅលើកោះប៉ាត់ម៉ុស។ ពេលដែលលោកអ្នកអាន វិវរណៈ ១:១២-២០ តើលោកអ្នករៀនសូត្រឬទទួលបានអ្វីពីខនេះ? តើប្រសាសន៍របស់លោកយ៉ូហានជួយកម្សាន្តចិត្តលោកអ្នកដែរឬទេ?
- នៅក្នុងវិវរណៈ ១៤:៧ ទេវតាទីមួយប្រាប់មនុស្សលោកថាឲ្យថ្វាយបង្គំព្រះដែលបង្កើតផ្ទៃមេឃនិងផែនដី។ ពាក្យទាំងនេះបានមកពីនិក្ខមនំ ២០:១១។ តើសារពីទេវតាទី១ប្រាប់យើងយ៉ាងដូចម្ដេចអំពីថ្ងៃបរិសុទ្ធហើយថាតើថ្ងៃនោះមានសារសំខាន់ប៉ុនណានៅគ្រាចុងក្រោយ ដូចដែលបានបង្ហាញនៅក្នុងគម្ពីរវិវរណៈ?
- បងប្អូនគ្រីស្ទានខ្លះដែលជឿព្រះមកជាយូរកំពុងប្រឈមនឹងគ្រោះថ្នាក់យ៉ាងពិសេស។ ពួកគេតយុទ្ធជាខ្លាំងដើម្បីរក្សា «ភ្លើង» នៃជំនឿរបស់គេឲ្យនៅតែក្ដៅដោយមិនព្រមឲ្យចុះត្រជាក់។ តើធ្វើបែបណាទើបយើងអាចរក្សាឲ្យ «ភ្លើង» នៃជំនឿនេះនៅតែក្ដៅ? ធ្វើបែបណាទើបយើងអាចធ្វើឲ្យវាកាន់តែឆេះសន្ធោសន្ធៅជាងមុនបាន?