មេរៀនទី២​៖ ៦‑១២ មេសា មេសា ២០១៩

ជម្រើសរបស់យើងម្នាក់ៗ

Jeans
ថ្ងៃសៅរ៍ ទី៦ មេសា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេភេសូរ១:១-៤ ថែស្សាឡូនីចទី១ ៥:១៧ សុភាសិត ១២:២៦ ទំនុកតម្កើង ៣៧:២៧ សាស្ដា ២:១-១១។

ខចងចាំ៖ «តែ​បើសិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិបត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ» (វិវរណៈ ២:៧)។

ជីវិតពោរពេញដោយការសម្រេចចិត្ត។ យើងធ្វើការសម្រេចចិត្តពេញមួយថ្ងៃៗ ចាប់តាំងពីពេលភ្ញាក់ពីដំណេករហូតដល់ពេលសម្រាន្តលក់វិញ។ យើងធ្វើការសម្រេចចិត្តជាច្រើនរៀងរាល់ថ្ងៃ។ ច្រើនរហូតស្ទើរតែចាំមិនអស់ផង!

ការសម្រេចចិត្តខ្លះងាយនឹងធ្វើណាស់។ ព្រោះយើងសម្រេចម្ដងហើយម្ដងទៀតជាប្រចាំ។ ឯការសម្រេចចិត្តខ្លះទៀតជារឿងធំ។ ការសម្រេចចិត្តទាំងនោះអាចកែប្រែជីវិតរបស់យើងព្រមទាំង គ្រួសាររបស់យើងផង។ ដូច្នេះការត្រិះរិះពិចារណាឲ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្តគឺជារឿងសំខាន់។ ទោះជាការសម្រេចចិត្តនោះធំឬតូចក្ដី សុទ្ធតែកែប្រែជីវិតរបស់យើងជារៀងរហូត។

តើលោកអ្នកធ្លាប់សម្រេចចិត្តធ្វើអ្វីមួយហើយស្ដាយក្រោយថាមិនគួរសម្រេចចិត្តបែបនោះទេ? យើងម្នាក់ៗសុទ្ធតែធ្លាប់។ អ្នកខ្លះត្រូវរស់រងទុក្ខជាមួយនឹងលទ្ធផលអាក្រក់ជាយូរដែលបណ្ដាលមកពីការសម្រេចចិត្តខុស។ ប៉ុន្តែមានដំណឹងល្អ! គឺព្រះជាម្ចាស់អភ័យទោសឲ្យយើង។ ព្រះអង្គសង្គ្រោះយើង។ ព្រះអង្គព្យាបាលយើងបើទោះបីជាយើងបានធ្វើការសម្រេចចិត្តដ៏អាក្រក់បំផុតក្នុងជីវិតក្ដី។

សប្ដាហ៍នេះយើងនឹងក្រឡេកមើលទៅលើការសម្រេចចិត្តរបស់យើងម្នាក់ៗ។ តើធ្វើយ៉ាងណាទើបយើងអាចសម្រេចចិត្តបានល្អត្រឹមត្រូវ? តើការសម្រេចចិត្តរបស់យើងជះឥទ្ធិពលអ្វីខ្លះមកលើជីវិតរបស់យើងនិងជីវិតរបស់អ្នកដទៃ?

ថ្ងៃអាទិត្យ ទី៧ មេសា ឆ្នាំ២០១៩

ព្រះបង្កើតយើងមកឲ្យមានសេរីភាពក្នុងការជ្រើសរើស

មានបងប្អូនគ្រីស្ទានខ្លះជឿថាព្រះជាអ្នកកំណត់ថាអ្នកណាបានសង្គ្រោះនិងអ្នកណាមិនបានសង្គ្រោះតាំងពីមុនចាប់កំណើតមកម្លេ៉ះ។ បងប្អូនគ្រីស្ទានទាំងនេះយល់ឃើញថាគ្មាននរណាម្នាក់អាចធ្វើអ្វីដើម្បីឲ្យព្រះជាម្ចាស់ផ្លាស់ប្ដូរការសម្រេចព្រះទ័យរបស់ព្រះបានឡើយ។

គ្រីស្ទានសេវេនដេយអាត់វេនទីស្ទមិនយល់ស្របជាមួយនឹងទស្សនៈបែបនេះទេ។ យើងជឿថាព្រះចង់ឲ្យមនុស្សគ្រប់រូបបានសង្គ្រោះ។ មុនដែលព្រះអង្គសាងផែនដីនេះឡើង ព្រះបានរើសយើងគ្រប់គ្នាឲ្យមានជីវិតអស់កល្ប។

អេភេសូរ ១:១-៤ ទីតុស ១:១, ២ និងធីម៉ូថេទី២ ១:៨, ៩ បង្ហាញយើងថាព្រះទ្រង់សម្រេចព្រះទ័យសង្គ្រោះយើង។ តើយើងបានរៀនសូត្រពីការសម្រេចចិត្តដូចម្ដេចខ្លះពីខគម្ពីរទាំងនេះ? តើព្រះបានសម្រេចព្រះទ័យសង្គ្រោះយើងរាល់គ្នាពីពេលណាមក?

នេះពិតជាដំណឹងពិសេសមែន! ប៉ុន្តែគួរឲ្យស្ដាយដ្បិតនៅចុងបញ្ចប់គឺនឹងនៅមានមនុស្សខ្លះបាត់បង់ដដែល (ម៉ាថាយ ២៥:៤១)។ មូលហេតុអ្វី? ពីព្រោះព្រះបង្កើតយើងមកឲ្យមានសេរីភាពក្នុងការជ្រើសរើស។ ការសម្រេចចិត្តនេះហើយគឺជាអំណោយដែលព្រះប្រទានឲ្យមនុស្សលោក។

តើគម្ពីរម៉ាថាយ ២២:៣៥-៣៧បង្រៀនយើងយ៉ាងដូចម្ដេចអំពីអំណោយទានដែលព្រះប្រទានឲ្យយើងអាចសម្រេចចិត្តបានដោយខ្លួនឯង?

ព្រះជាម្ចាស់មិនបង្ខំមនុស្សឲ្យស្រឡាញ់ព្រះអង្គនោះទេ។ ស្នេហាឬក្ដីស្រឡាញ់គឺជាការសម្រេចចិត្ត។ យើងសម្រេចចិត្តថាត្រូវស្រឡាញ់ឬមិនស្រឡាញ់នរណាម្នាក់។ ប្រសិនបើមានគេបង្ខំយើងឲ្យស្រឡាញ់នរណាម្នាក់ តើនោះរាប់ថាជាការស្រឡាញ់ដែរទេ? បែបនោះមិនហៅថាជាស្នេហាឬក្ដីស្រឡាញ់ពិតទេ។ ព្រះគម្ពីរបង្ហាញយើងថាសេចក្ដីនេះគឺជាការពិត។ ព្រះគម្ពីរគឺប្រៀបបានទៅនឹងសៀវភៅរឿងដ៏ធំមួយអំពីព្រះ។ សាច់រឿងនោះគឺស្ដែងអំពីការដែលព្រះព្យាយាមយកឈ្នះចិត្តមនុស្សយើងដោយសេចក្ដីស្រឡាញ់ របស់ព្រះអង្គ។ ព្រះជន្មរបស់ព្រះយេស៊ូវផ្ទាល់បានបង្ហាញពីសេចក្ដីនេះ។ មនុស្សខ្លះសម្រេចចិត្តស្រឡាញ់ព្រះយេស៊ូវ។ ឯមនុស្សខ្លះទៀតចង់ធ្វើគត់ព្រះអង្គ។

មែនហើយព្រះជាម្ចាស់សម្រេចព្រះទ័យសង្គ្រោះយើង។ ព្រះអង្គចង់ឲ្យមនុស្សគ្រប់រូបបានសង្គ្រោះ។ ប៉ុន្តែទីបំផុត យើងម្នាក់ៗត្រូវធ្វើការសម្រេចចិត្តថាព្រមទទួលការផ្ដល់ឲ្យរបស់ព្រះនោះឬអត់។ ការសម្រេចចិត្តដ៏សំខាន់មួយដែលយើងអាចធ្វើបាន គឺការសម្រេចចិត្តបម្រើព្រះជាម្ចាស់។

ថ្ងៃច័ន្ទ ទី៨ មេសា ឆ្នាំ២០១៩

ធ្វើដូចម្ដេចទើបយើងអាចសម្រេចចិត្តបានត្រឹមត្រូវ?

យើងម្នាក់ៗសុទ្ធតែដឹងថាការសម្រេចចិត្តត្រូវជារឿងសំខាន់។ ហើយយើងក៏ដឹងទៀតថាការសម្រេចចិត្តខុសអាចនាំឲ្យយើងនិងអ្នកដទៃរងការឈឺចាប់។ ដូច្នេះតើធ្វើយ៉ាងណាទើបយើងអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ?

ខគម្ពីរខាងក្រោមផ្ដល់ជាក្រឹត្យក្រមសំខាន់ៗស្របតាមបទគម្ពីរ។ ក្រឹត្យក្រមទាំងនេះជួយឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ តើក្រឹត្យក្រមទាំងនេះមានអ្វីខ្លះ?

១) ថែស្សាឡូនីចទី១ ៥:១៧ យ៉ាកុប ១:៥-----------------------

២) អេសាយ ១:១៩ ម៉ាថាយ ៧:២៤, ២៥----------------------

៣) ទំនុកតម្កើង ១១៩:១០៥ ធីម៉ូថេទី២ ៣:១៦---------------

៤) សុភាសិត ៣:៥, ៦ អេសាយ ៥៨:១១-----------------------

៥) សុភាសិត ១៥:២២ និង ២៤:៦------------------------------

មុននឹងយើងធ្វើការសម្រេចចិត្ត យើងត្រូវអធិដ្ឋានជាមុន។ យើងត្រូវពឹងព្រះឲ្យជួយយើង។ ព្រះជាម្ចាស់នឹងជួយឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ព្រះនឹងជួយមិនឲ្យយើងប្រព្រឹត្តខុសនឹងក្រឹត្យវិន័យទ្រង់ឬខុសនឹងគម្ពីរឡើយ។ ដូច្នេះយើងត្រូវទុកចិត្តលើព្រះ។ យើងត្រូវអធិដ្ឋានសុំឲ្យការសម្រេចចិត្តរបស់យើងនឹងថ្វាយសិរីល្អដល់ទ្រង់។ រួចចុះបើបំណងប្រាថ្នារបស់យើងវាផ្ទុយពីផែនការរបស់ព្រះសម្រាប់ជីវិតយើង? បើដូច្នោះ យើងត្រូវហ៊ានលះបង់សេចក្ដីប្រាថ្នានោះ។ មនុស្សមានប្រាជ្ញាក៏អាចជួយយើងឲ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវដែរ។ ព្រះជាម្ចាស់ចង់ឲ្យយើងទទួលបានតែសេចក្ដីណាដែល្អបំផុតសម្រាប់យើង។ ដូច្នេះយើងត្រូវថ្វាយជីវិតរបស់យើងដល់ទ្រង់។ ពេលនោះទើបយើងអាចទុកចិត្តលើការសម្រេចចិត្តរបស់យើងបាន។

តើលោកអ្នកធ្វើការសម្រេចចិត្តធំៗដោយវិធីណា? តើសេចក្ដីអធិដ្ឋាននិងការទុកចិត្តលើសេចក្ដីសន្យារបស់ព្រះជួយឲ្យលោកអ្នកសម្រេចចិត្តបានល្អត្រឹមត្រូវដោយរបៀបណា?

ថ្ងៃអង្គារ ទី៩ មេសា ឆ្នាំ២០១៩

​​​ ធ្វើបែបណាទើបខ្ញុំរើសបានមិត្តល្អ?

ការសម្រេចចិត្តដ៏សំខាន់មួយនៅក្នុងឆាកជីវិតយើងម្នាក់ៗនោះគឺយើងនឹងភប់ប្រសព្វជាមួយនឹងមិត្តសម្លាញ់ណាខ្លះ។ ជានិច្ចជាកាលយើងពុំដែលមានផែនការថានឹងធ្វើជាមិត្តនរណាម្នាក់នោះទេ។ មិត្តភាពកើតឡើងនៅពេលដែលយើងចំណាយពេលវេលាជាមួយមនុស្សដែលមានចំណូលចិត្តដូច យើង។

សុភាសិត ១២:២៦, ១៧:១៧, ១៨:២៤, ២២:២៤-២៥ ផ្ដល់ជាដំបូន្មានសំខាន់ៗខ្លះដល់យើង។ ដំបូន្មានទាំងនេះបង្រៀនយើងពីរបៀបដែលយើងគួរជ្រើសរើសសេពគប់មិត្តភក្ដិ។ តើដំបូន្មានទាំងនោះមានអ្វីខ្លះ?

តើលោកអ្នកចង់មានមិត្តសម្លាញ់ដែរឬទេ? បើចង់មាន អ្នកត្រូវធ្វើជាមិត្តរបស់គេជាមុនសិន (សុភាសិត ១២:២៦)។ ជួនកាលមនុស្សខ្លះសោកសៅព្រោះតែគេឯកោ។ ប៉ុន្តែជានិច្ចជាកាលភាពសោកសៅរបស់គេជាអ្នកបណ្ដេញមនុស្សឯទៀតឲ្យចេញពីគេទៅវិញ។ «សូម្បីតែមនុស្សល្អបំផុតក៏មិនមែនល្អឥតខ្ចោះដែរ ដូច្នេះយើងត្រូវរើសយកមិត្តសម្លាញ់ណាដែលនៅតែស្រឡាញ់យើងបើទោះបីជាគេដឹងថាយើងជាមនុស្សមិនល្អគ្រប់ដប់ក្ដី។ យើងក៏ត្រូវស្រឡាញ់និងគោរពមិត្តភក្ដិរបស់យើងដដែលបើទោះជាពេលឃើញកំហុសគេក្ដី។ តែចិត្តរបស់យើងមិនត្រូវមានពេញទៅដោយចិត្តអំនួតនោះទេ។ យើងមិនត្រូវមានគំនិតថាយើងត្រូវជានិច្ចឯអ្នកដទៃខុសជានិច្ចនោះទេ។ យើងត្រូវអត់ធ្មត់ជាមួយមនុស្សដទៃ នៅពេលគេធ្វើអ្វីមួយខុស។ អាកប្បកិរិយាបែបនេះនឹងជួយឲ្យចិត្តរបស់យើងមិនអាត្មានិយម។ ពេលនោះយើងនឹងចង់ជួយមនុស្សដទៃទៀតយ៉ាងអស់ពីលទ្ធភាព» Ellen G. White, Pastoral Ministry, page 95, adapted.

យើងស្ទើរតែគ្រប់គ្នាសុទ្ធតែដឹងពីមិត្តភាពរវាងស្ដេចដាវីឌនិងយ៉ូណាថាន។ បិតារបស់យ៉ូណាថានគឺស្ដេចសូល។ ស្ដេចសូលមិនស្ដាប់បង្គាប់ព្រះ។ ដូច្នេះព្រះក៏ដកហូតនគរអ៊ីស្រាអែលពីស្ដេចសូលហើយរើសតាំងដាវីឌឲ្យធ្វើជាស្ដេចជំនួសវិញ។ សាច់រឿងនេះបង្ហាញយើងពីគំរូដ៏ធំ មួយអំពីការសម្រេចចិត្តខុសរបស់បុគ្គលម្នាក់ (ស្ដេចសូល) អាចធ្វើឲ្យបុគ្គលម្នាក់ទៀតរងការឈឺចាប់ (យ៉ូណាថាន)។

តើយ៉ូណាថានខ្ញាល់ឬមានព្រះទ័យច្រណែននឹងដាវីឌទេ? អត់ទេ។ ផ្ទូយទៅវិញយ៉ូណាថានសព្វព្រះទ័យជួយដាវីឌ។ យ៉ូណាថានជួយការពារដាវីឌពីសេចក្ដីក្រេវក្រោធរបស់បិតាខ្លួន។ «ចិត្ត​យ៉ូណា ថាន​ក៏​មូល​ជាប់​នឹង​ចិត្ត​គាត់ ហើយ​យ៉ូណាថាន​បាន​ស្រឡាញ់​ដាវីឌ​ទុក​ដូច​ជា​ខ្លួន​លោក​ដែរ» (សាំយូអែលទី១ ១៨:១)។ អស្ចារ្យមែន! នេះបានចំជាគំរូនៃមិត្តភាពដ៏វិសេសវិសាលមែន!

«កុំ​ឲ្យ​ច្រឡំ​ឡើយ ពី​ព្រោះ​ពួកម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ» (កូរិនថូសទី១ ១៥:៣៣)។ មូលហេតុអ្វីបានជាការលើកឡើងនេះពិតត្រូវ?

ថ្ងៃពុធ ទី១០ មេសា ឆ្នាំ២០១៩

ធ្វើម្ដេចទើបខ្ញុំអាចសម្រេចចិត្តត្រូវ?

លោកអ្នកត្រូវរើសមិត្តសម្លាញ់ដោយប្រុងប្រយ័ត្ន។ ប៉ុន្តែលោកអ្នករឹតតែត្រូវប្រុងប្រយ័ត្នខ្ពស់ថែមទៀតនៅពេលដែលលោកអ្នករើសយកប្ដីឬប្រពន្ធ។ ព្រះជាម្ចាស់បង្កើតប្រពន្ធឲ្យលោកអ័ដាមដោយព្រះហស្ដទ្រង់ផ្ទាល់។ ព្រះជាម្ចាស់បង្កើតនាងអេវ៉ាដោយយកមួយផ្នែកបីលោកអ័ដាម។ ការសម្រេចចិត្តយកនាងអេវ៉ាជារឿងងាយស្រួលព្រោះ (១) កាលណោះមានតែនាងអេវ៉ាម្នាក់គត់នៅលើផែនដីនេះ។ (២) នាងអេវ៉ាក៏ជានារីដ៏ល្អបរិសុទ្ធឥតខ្ចោះដែរ។ ចំណែកឯយើងរាល់គ្នាវិញទើបមានការលំបាកក្នុងការស្វែងរកដៃគូដែលល្អ។ យើងគ្រប់គ្នាមិនមែនជាមនុស្សល្អគ្រប់លក្ខណ៍នោះទេ។ ហើយយើងក៏មានមនុស្សច្រើនសម្រាប់ជ្រើសរើសមិនដូចជំនាន់លោកអ័ដាមទេ!

ការសម្រេចចិត្តរៀបការរបស់យើងគឺមានសារសំខាន់ខ្លាំងណាស់។ ដូច្នេះព្រះបានប្រទាននូវដំបូន្មានសំខាន់ៗមួយចំនួនដើម្បីឲ្យយើងអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ (យើងនឹងសិក្សាពិស្ដារទៅលើប្រធានបទអាពាហ៍ពិពាហ៍នៅក្នុងមេរៀនទី៦)។ មូលហេតុអ្វីបានជាព្រះផ្ដល់ដំបូន្មានទាំងនេះដល់យើង? ពីព្រោះថានេះគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតលំដាប់ទី២សម្រាប់មនុស្សយើង។ ការសម្រេចចិត្តដ៏សំខាន់បំផុតលំដាប់ទីមួយគឺការសម្រេចចិត្តរបស់យើងថានឹងបម្រើទ្រង់ឬអត់។​

តើព្រះបានផ្ដល់ដំបូន្មានអ្វីខ្លះទាក់ទិនទៅនឹងអាពាហ៍ពិពាហ៍នៅក្នុងគម្ពីរទំនុកតម្កើង ៣៧:២៧ ១១៩:៩៧ កូរិនថូសទី១ ១៥:៣៣ និង យ៉ាកុប ១:២៣-២៥?

តទៅនេះគឺជាដំបូន្មានដ៏ល្អមួយសម្រាប់អនុវត្តតាម៖ មុននឹងស្វែងរកដៃគូល្អដើម្បីរៀបការ ដំបូងយើងខ្លួនឯងត្រូវធ្វើជាមនុស្សល្អជាមុនសិន។ «ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ» (ម៉ាថាយ ៧:១២)។ ឧបមាថាលោកអ្នករកបានមនុស្សល្អម្នាក់ដើម្បីរៀបការ។ មនុស្សនេះត្រូវចិត្តអ្នកគ្រប់យ៉ាង ទាំងគួរឲ្យស្រឡាញ់ សុភាពរាបសា និងចេះចែករំលែក។ អ្នកក៏ត្រូវតែជាមនុស្សបែបនោះដែរ។ ប្រសិនបើលោកអ្នកមិនមែនជាមនុស្សបែបនោះដែរទេ ទៅថ្ងៃអនាគតអាពាហ៍ពិពាហ៍លោកអ្នកនឹងជួបបញ្ហា។

សេចក្ដីនេះពុំមែនជាសេចក្ដីអ្វីថ្មីនោះទេ។ ទាំងលោកប៉ុលនិងព្រះយេស៊ូវសុទ្ធតែមានបន្ទូលថា ការដែលយើងចោទប្រកាន់អ្នកដទៃដែលប្រព្រឹត្តសេចក្ដីអាក្រក់ដែលយើងខ្លួនឯងផ្ទាល់ក៏ប្រព្រឹត្តដែរនោះគឺជារឿងខុសឆ្គងទាំងស្រុង (ម៉ាថាយ ៧:៣ រ៉ូម ជំពូក២)។

យើងចង់ឲ្យមនុស្សលោកកាន់តែចេះជួយយកអាសាគ្នា។ ប៉ុន្តែបើយើងគិតតែចង់ឲ្យគេបង្ហាញក្ដីស្រឡាញ់មកលើយើង តែឯយើងវិញមិនដែលបង្ហាញក្ដីស្រឡាញ់ចំពោះគេសោះ តើយុត្តិធម៌ទេ បើធ្វើបែបនេះ?

ថ្ងៃព្រហស្បតិ៍ ទី១១មេសា ឆ្នាំ២០១៩

ធ្វើម្ដេចខ្ញុំអាចចាប់យកការងារល្អសម្រាប់ជីវិតបាន?

យើងម្នាក់ៗសុទ្ធតែត្រូវធ្វើការសម្រេចចិត្តជ្រើសរើសការងារដើម្បីបំពេញប្រចាំជីវិត។ អ្នកខ្លះកើតមកក្នុងត្រកូលអ្នកមានទ្រព្យ។ គេពុំចាំបាច់ខំធ្វើការឡើយ។ ប៉ុន្តែមនុស្សភាគច្រើនពុំមានវាសនាបែបនោះទេ។ ពួកគេត្រូវជ្រើសរើសរបរដើម្បីរកកម្រៃចិញ្ចឹមជីវិត។

ពិតណាស់ មានឧបសគ្គឬសេចក្ដីខ្លះដែលអាចជាកត្តាមកកំណត់ឬដាក់កម្រិតដល់ការសម្រេចចិត្ត របស់យើងក្នុងការជ្រើសរើសយកមុខរបរឬការងារប្រចាំជីវិត។ ទោះបើជាបែបនោះក្ដីក៏យើងនៅតែអាចធ្វើការសម្រេចចិត្តដែលអាចធ្វើឲ្យយើងសប្បាយចិត្តបាន។ ការងារឬមុខរបរដែលយើងជ្រើសរើសក៏អាចផ្ដល់ អត្ថន័យដល់ជីវិតយើងដែរ។ មិនថាយើងប្រកបកិច្ចការអ្វីនោះទេ យើងត្រូវធ្វើកិច្ចការនោះដើម្បីថ្វាយសិរីល្អដល់ព្រះ។

នៅក្នុងគម្ពីរសាស្ដា ២:១-១១ យើងអានអំពីកំហុសរបស់ស្ដេចសាឡូម៉ូន។ តើព្រះអង្គបានប្រព្រឹត្តកំហុសអ្វី? តើកំហុសរបស់ទ្រង់បង្រៀនអ្វីខ្លះដល់យើងរាល់គ្នា? ហេតុអ្វីយើងត្រូវប្រយ័ត្នមិនគួរប្រព្រឹត្តដូចព្រះអង្គ?

យើងភាគច្រើនគ្មាននរណាមានដល់ស្ដេចសាឡូម៉ូនឡើយ។ ប៉ុន្តែយើងសុទ្ធតែធ្លាក់ទៅក្នុងអន្ទាក់ដែលព្រះអង្គធ្លាប់ជាប់ហើយមិនខាន។ សាវកប៉ុលទូន្មានយើងថា៖ «ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង» (ធីម៉ូថេទី១ ៦:១០)។ ហើយនៅក្នុងខដដែលនោះ សាវកប៉ុលបន្តទៀតថា៖ «ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ»។ រួចពួកគេ «ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន»។ អ្នកក្រក៏ស្រឡាញ់លុយដូចជាអ្នកមានដែរ។

ពិតណាស់ យើងត្រូវរកចំណូលដើម្បីទ្រទ្រង់ខ្លួនឯងនិងក្រុមគ្រួសាររបស់យើង។ ប៉ុន្តែយើងមិនត្រូវយកលុយកាក់ធ្វើជាព្រះនោះទេ។ គ្រួសារជាច្រើនត្រូវរងទុក្ខដោយព្រោះតែឪពុកបារម្ភពីរឿងរកទ្រព្យជាងចំណាយពេលនៅជាមួយកូនៗ។ តើលោកអ្នកគិតថាកូនៗទាំងនោះនឹងជ្រើសរើសយកមួយណា រវាងឪពុកដែលរកលុយបានច្រើនតែមិនសូវនៅផ្ទះនិងឪពុកដែលមិនសូវមានទ្រព្យតែចំណាយពេលនៅជាមួយកូនៗ? កូនៗភាគច្រើនច្បាស់ជានឹងរើសយកឪពុកដែលនឹងចំណាយពេលជាមួយពួកគេមិនខាន។

ព្រះរៀបចំឲ្យមានការងារមកទុកជាផ្នែកមួយនៃជីវិតមនុស្ស (លោកុប្បត្តិ ២:១៥)។ ប៉ុន្តែយើងមិនត្រូវរស់ដើម្បីតែធ្វើការងារប៉ុណ្ណោះទេ។ ស្ដេចសាឡូម៉ូនបានសាងកំហុសនេះហើយ។

អ្នកខ្លះលើកឡើងថា៖ «តើមានមនុស្សប៉ុន្មាននាក់ដែលហៀបនឹងអស់ជីវិតទៅហើយ បែរនឹកស្ដាយមិនបានចំណាយពេលនៅកន្លែងធ្វើការឲ្យបានច្រើនជាងនៅជាមួយគ្រួសាររបស់ខ្លួន? តើចម្លើយទៅនឹងសំណួរមួយនេះបង្រៀនយើងថាយ៉ាងដូចម្ដេច?

ថ្ងៃសុក្រ ទី២៦ តុលា ឆ្នាំ២០១៩

សិក្សាបន្ថែម

ពេញមួយផ្ទៃព្រះគម្ពីរ យើងឃើញសេរីភាពក្នុងការសម្រេចចិត្ត។ សូម្បីតែលោកអ័ដាមនិងនាងអេវ៉ាក៏មានសេរីភាពក្នុងការសម្រេចចិត្តដែរ (លោកុប្បត្តិ ៣)។ គួរឲ្យសោកស្ដាយពួកគេសម្រេចចិត្តខុស។ ប្រសិនបើមនុស្សដែលល្អបរិសុទ្ធនៅតែធ្វើការសម្រេចចិត្តខុស ចុះទម្រាំតែយើងរាល់គ្នាដែលជាមនុស្សមានបាបទៀត?

ព្រះជាម្ចាស់បង្កើតយើងមកឲ្យមានសេរីភាពក្នុងការសម្រេចចិត្ត ទោះជាខុសក្ដី។ ប៉ុន្តែយើងមិនចាំបាច់ធ្វើការសម្រេចចិត្តដែលខុសដូចគេនោះទេ។ យើងមានសេរីភាពក្នុងការធ្វើសម្រេចចិត្តដែលត្រូវ។ បើមានអំណាចរបស់ព្រះនៅក្នុងយើង នោះយើងអាចសម្រេចចិត្តធ្វើសេចក្ដីណាដែលត្រឹមត្រូវបាន។ ដូច្នេះជាការសំខាន់ណាស់ដែលយើងត្រូវប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តរបស់យើងមុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ យើងត្រូវសួរខ្លួនឯងថា៖ តើការសម្រេចចិត្តរបស់ខ្ញុំនឹងនាំលទ្ធផលបែបណាដល់ក្រុមគ្រួសាររបស់ខ្ញុំ? កាអ៊ីនសម្រេចចិត្តសម្លាប់ប្អូនប្រុសរបស់ខ្លួន។ ការសម្រេចចិត្តនេះធ្វើឲ្យក្រុមគ្រួសារគាត់ឈឺចាប់ ឥតគណនា។ បងៗយ៉ូសែបសុខចិត្តលក់យ៉ូសែបឲ្យទៅធ្វើជាទាសករ។ ការសម្រេចចិត្តរបស់ពួកគេស្ទើរ តែបំផ្លាញជីវិតរបស់ឪពុកគេ។ «គាត់​ក៏​ចំណាំ​ស្គាល់​អាវ​នោះ ហើយ​និយាយ​ថា គឺ​ជា​អាវ​របស់​កូន​អញ​ពិត មុខ​ជា​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ យ៉ូសែប​បាន​ត្រូវ​ហែក​ខ្ទេចខ្ទី​ជា​ប្រាកដ នោះ​យ៉ាកុប​ក៏​ហែក​សំលៀកបំពាក់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​អស់​ក៏​ខំ​ជួយ​រំដោះ​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ទេ ដោយ​ថា អញ​នឹង​ចុះ​ទៅ​ឯ​កូន​អញ​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​កាន់​ទុក្ខ​ផង ហើយ​គាត់​ក៏​យំ​សោក​នឹង​កូន» (លោកុប្បត្តិ ៣៧:៣៣-៣៥)។

ពេញមួយផ្ទៃព្រះគម្ពីរ យើងឃើញឧទាហរណ៍ជាច្រើនស្ដីពីការដែលមនុស្សមានសិទ្ធិសេរីក្នុងការសម្រេចចិត្ត។ ការសម្រេចចិត្តខ្លះល្អ ឯការសម្រេចចិត្តខ្លះទៀតអាក្រក់។ (អានអំពីការសម្រេចចិត្តទាំងនេះនៅក្នុងគម្ពីរ ជនគណនា ១៦:១-៣២ ដានីយ៉ែល ៦:២៣, ២៤ លោកុប្បត្តិ ១៨:១៩)។

សំនួរពិភាក្សា៖
  1. តើថ្ងៃនេះលោកអ្នកបានធ្វើការសម្រេចចិត្តអ្វីខ្លះ? តើការសម្រេចចិត្តទាំងនោះបង្ហាញថាអ្នកជាមនុស្សបែបណា? តើវាបង្ហាញថាអ្នកនៅជិតព្រះឬអ្នកដទៃទៀតប៉ុនណា? តើមានសេចក្ដីសម្រេចចិត្តណាដែលលោកអ្នកយល់ថាមិនគួរណាធ្វើការសម្រេចចិត្តបែបនោះទេ? បើមាន តើមួយណា?

  2. តើមានតួអង្គណាខ្លះនៅក្នុងព្រះគម្ពីរដែលបានធ្វើការសម្រេចចិត្តខុស? តើយើងអាចរៀនសូត្របានអ្វីខ្លះពីកំហុសរបស់តួអង្គទាំងនោះ? តើការសម្រេចចិត្តខុសរបស់ពួកគេធ្វើឲ្យគ្រួសារឈឺចាប់បែបណាខ្លះ? ​

  3. មែនហើយ យើងនឹងស្ដាយក្រោយចំពោះការសម្រេចចិត្តខុសរបស់យើង។ បើដូច្នោះ ហេតុអ្វីបានជាដំណឹងល្អវិសេសម៉្លេះ? តើសេចក្ដីសន្យាពីព្រះគម្ពីរណាខ្លះដែលអាចជួយព្យាបាលអារម្មណ៍លោកអ្នកពីការសម្រេចចិត្តខុសរបស់លោកអ្នកកាលពីអតីតកាល?

  4. ចុះបើមាននរណាម្នាក់មកសុំដំបូន្មានពីអ្នកអំពីអាពាហ៍ពិពាហ៍? តើអ្នកនឹងផ្ដល់ដំបូន្មានអ្វីដល់គេ? ហេតុអ្វី? តើអ្នកមានដំបូន្មានពីព្រះគម្ពីរអ្វីដើម្បីចែកចាយដល់គាត់ឬនាង? តើដំបូន្មានទាំងនេះអាចជួយបុគ្គលនោះធ្វើការសម្រេចចិត្តត្រូវដែរឬទេ?
Powered by CAM