ថ្ងៃសៅរ៍ ទី៦ កក្កដា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ និក្ខមនំ ៣:៧, ២០:១-១៧, ២៣:៩ ចោទិយកថា ១៤:២២-២៩ លេវីវិន័យ ២៥:៨-២៣។
ខចងចាំ៖ «មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា» (លេវីវិន័យ ១៩:១៨)។
ព្រះតែងតែមានមនុស្សនៅលើផែនដីនេះស្រឡាញ់និងស្ដាប់បង្គាប់ទ្រង់ជានិច្ច។ អ្នកទាំងនោះដើរជាមួយនឹងព្រះតាមលក្ខណៈពិសេស។ ព្រះគម្ពីរបានចែងពីមនុស្សប្រភេទនោះមួយចំនួន។ ឧទាហរណ៍ដូច លោកអេណុក លោកណូអេ លោកអ័ប្រាហាំ អ៊ីសាក់ និងលោកយ៉ាកុបជាដើម។ ព្រះជាម្ចាស់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលទាំងនោះហើយប្រទានពរពួកគេ។ តាមរយៈសាច់រឿងរបស់ពួកគាត់ យើងឃើញថា ព្រះជាម្ចាស់ចង់ស្ដារទំនាក់ទំនងខ្ទេចខ្ទាំជាមួយមនុស្សឡើងវិញខ្លាំងណាស់។ ប៉ុន្តែព្រះជាម្ចាស់ចង់បានភាពជិតស្និទ្ធជាមួយមនុស្សជាច្រើនទៀតលើសពីបុគ្គលទាំងអម្បាលម៉ានដែលយើងបានអាននៅក្នុងព្រះគម្ពីរ។ ព្រះចង់ផ្សារភ្ជាប់ជាមួយមនុស្សគ្រប់រូប។ ផែនការធំមួយរបស់ព្រះគឺទ្រង់ចង់ស្ដារទំនាក់ទំនងដែលខូចបង់ជាមួយមនុស្សលោកឡើងវិញ។ តើផែនការធំរបស់ព្រះសម្រាប់សង្គ្រោះយើងមានអ្វីផ្សេងទៀត? គឺព្រះទ្រង់ ចង់ឲ្យរាស្ត្ររបស់ទ្រង់ផ្សាយពរដល់អ្នកដទៃទៀត។ ព្រះក៏មានបន្ទូលដូច្នេះនឹងលោកអ័ប្រាហាំដែរ (លោកុប្បត្តិ ១២:២, ៣)។
ព្រះជាម្ចាស់រើសតាំងរាស្ត្រអ៊ីស្រាអែលទុកសម្រាប់ផ្សាយព្រះពរដល់មនុស្សគ្រប់គ្នាលើលោក។ ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះបានប្រសូតនៅក្នុងសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់ប្រគល់ក្រឹត្យវិន័យពិសេស បុណ្យសាសនា និងទំនៀមទម្លាប់ផ្សេងៗ។ ជីវភាពបែបនេះជួយឲ្យរាស្ត្រអ៊ីស្រាអែលស្មោះស្ម័គ្រជាមួយនឹងព្រះ។ ហើយព្រះក៏ប្រទានពរដល់ពួកគេ ហើយពួកគេក៏ប្រទានពរដល់មនុស្សឯទៀត។ របៀបដដែលនេះក៏នៅតែពិតសម្រាប់សម័យបច្ចុប្បន្ននេះដែរ។ នៅពេលព្រះប្រទានពរដល់យើង យើងអាចចែករំលែកព្រះពរទាំងនោះដល់មនុស្សដទៃទៀតដែរ។
ថ្ងៃអាទិត្យ ទី៧ កក្កដា ឆ្នាំ២០១៩
ព្រះដែលឮការដង្ហោយហៅរបស់យើង
«រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឃើញសេចក្តីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្តីទុក្ខព្រួយរបស់គេ» (និក្ខមនំ ៣:៧)។
ការរង់ចាំរយៈពេល៤០០ឆ្នាំពិតជាយូរខ្លាំងណាស់! ជាពិសេសពេលដែលយើងជាទាសកររបស់គេទៀតផងនោះ។ ព្រះសន្យាថានឹងរំដោះរាស្ត្ររបស់ព្រះអង្គពីទាសភាពក្នុងប្រទេសអេស៊ីព្ទ។ មួយឆ្នាំហើយមួយឆ្នាំទៀតចេះតែកន្លងហួសទៅ តែគ្មានឃើញអ្វីកើតឡើងសោះ។ សាសន៍អេស៊ីព្ទបង្ខំឲ្យរាស្ត្រ របស់ព្រះសាងសង់សំណង់ផ្សេងៗ។ ហើយក៏បង្ខំពួកគេឲ្យធ្វើការដើម្បីឲ្យពួកគេក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរដែរ។ អស់ពេលជាយូរព្រះទ្រង់មិនបានធ្វើអ្វីសោះដើម្បីជួយរាស្ត្ររបស់ព្រះអង្គ។
រួចក៏មានរឿងអស្ចារ្យមួយកើតឡើង។ ព្រះក៏បង្ហាញអង្គទ្រង់ឲ្យលោកម៉ូសេឃើញនៅនឹងគុម្ពបន្លា។ នៅវេលានោះម៉ូសេគឺជាអ្នកឃ្វាលចៀម។ ហើយមុននោះគឺគាត់បានរត់ចេញពីប្រទេសអេស៊ីព្ទមក។ ពេលនេះព្រះជាម្ចាស់ផ្ដល់កិច្ចការមួយឲ្យលោកធ្វើ។ ព្រះបង្គាប់ឲ្យលោកម៉ូសេត្រឡប់ទៅប្រទេសអេស៊ីព្ទវិញ។ ព្រះចង់ឲ្យលោកផ្ញើសារមួយដល់រាស្ត្ររបស់ទ្រង់។ ព្រះអង្គឮសម្រែកដង្ហោយហៅរបស់ពួកគេ។ ព្រះអង្គទតឃើញទុក្ខលំបាករបស់ពួកគេ។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះពួកគេ។ ពេលនេះព្រះអង្គនឹងបង្ហាញឲ្យគេដឹងថាព្រះអង្គយកព្រះទ័យទុកដាក់នឹងគេរាល់គ្នាប៉ុនណា។ ព្រះអង្គនឹងធ្វើការខ្លះដែលនឹងកែប្រែជីវិតពួកគេយ៉ាងធំធេង។
ខគម្ពីរនិក្ខមនំ ៣:១៦, ១៧ បរិយាយអំពីផែនការរបស់ព្រះដើម្បីរំដោះរាស្ត្ររបស់ទ្រង់។ តើព្រះបង្គាប់ឲ្យលោកម៉ូសេនិយាយយ៉ាងដូចម្ដេចទៅកាន់អ្នកដឹកនាំសាសន៍អ៊ីស្រាអែល? តើលោកអ្នកគិតថាមូលហេតុអ្វីបានជាព្រះផ្ដល់សារពិសេសនេះទៅកាន់រាស្ត្ររបស់ទ្រង់?
ព្រះជាម្ចាស់ប្រាប់រាស្ត្រទ្រង់អំពីទឹកដីសន្យា។ ព្រះអង្គនឹងនាំពួកគេចេញពីស្រុកអេស៊ីព្ទទៅនៅលើទឹកដីនោះ។ ព្រះអង្គក៏បានប្រាប់រាស្ត្រទាំងនោះដែរថា ពួកគេនឹងមិនក្រឡើយពេលចាកចេញពីទឹកដីស្រុកអេស៊ីព្ទទៅ។ រាស្ត្ររបស់ព្រះបានខំធ្វើការដើម្បីឲ្យសាសន៍អេស៊ីព្ទក្លាយជាអ្នកមានរាប់រយឆ្នាំមកហើយ។ ឯសាសន៍អេស៊ីព្ទពុំបានផ្ដល់អ្វីជាសំណងដល់ការខិតខំធ្វើការដ៏លំបាកលំបិនរបស់ពួកគេនោះទេ។ ព្រះបានប្រាប់ទៅលោកម៉ូសេថាពួកសាសន៍អេស៊ីព្ទគេនឹងឲ្យអំណោយដល់រាស្ត្រអ៊ីស្រាអែលនៅពេលដែលពួកគេចាកចេញពីស្រុកអេស៊ីព្ទទៅ។ ព្រះប្រាប់ទៅលោកម៉ូសេថា «អញនឹងធ្វើឲ្យជនជាតិបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ហើយកាលណាចេញទៅ នោះឯងរាល់គ្នានឹងមិនទៅដោយដៃទទេឡើយ» (និក្ខមនំ ៣:២១)។
រាស្ត្ររបស់ព្រះធ្វើជាទាសកររបស់គេអស់រយៈកាលជាយូរលង់។ ពេលនេះព្រះជាម្ចាស់នឹងកែប្រែសេចក្ដីនេះ។ ព្រះអង្គប្រាប់ពីគម្រោងពិសេសរបស់ទ្រង់សម្រាប់រាស្ត្រទ្រង់ឲ្យលោកម៉ូសេដឹង។ ព្រះចង់ឲ្យរាស្ត្ររបស់ព្រះអង្គរស់នៅតាមបែបមួយផ្សេងពីរបៀបដែលពួកគេរស់នៅក្នុងស្រុកអេស៊ីព្ទ។ ព្រះអង្គនឹងជួយដល់ពួកគេក្នុងការផ្ដើមជីវិតថ្មីមួយនេះ។ ហើយជីវិតពួកគេនឹងក្លាយជាគំរូសម្រាប់មនុស្សគ្រប់គ្នាដែលនៅជិតខាងពួកគេត្រាប់តាម។ ពេលនោះសាសន៍ដទៃទៀតនឹងចាប់ផ្ដើមរស់នៅតាមបែបសាសន៍អ៊ីស្រាអែលដែរមិនខាន។ ព្រះនឹងប្រទានពរដល់រាស្ត្រអ៊ីស្រាអែលក្នុងកាលដែលគេរស់នៅជីវិតបែបថ្មីនេះ។ ហើយរាស្ត្រអ៊ីស្រាអែលនឹងប្រទានពរដល់សាសន៍ដទៃទៀតដែលនៅជុំវិញពួកគេ។
ថ្ងៃច័ន្ទ ទី៨ កក្កដា ឆ្នាំ២០១៩
ក្រឹត្យវិន័យ១០ប្រការ
សូមអានក្រឹត្យវិន័យ១០ប្រការនៅក្នុងគម្ពីរនិក្ខមនំ ២០:១-១៧។ ឥឡូវសូមអានបន្ទូលរបស់ព្រះយេស៊ូវទាក់ទិនទៅនឹងក្រឹត្យវិន័យ១០ប្រការនៅក្នុងគម្ពីរម៉ាថាយ ២២:៣៧-៤០។ តើបន្ទូលរបស់ព្រះយេស៊ូវជួយឲ្យលោកអ្នកកាន់តែយល់អំពីក្រឹត្យវិន័យ១០ប្រការបន្ថែមទៀតឬទេ?
ចូរយើងក្រឡេកមើលនិក្ខមនំ ២០:១-១៧។ តើលោកអ្នកមានសង្កេតឃើញទេថាមុនដែលលោកម៉ូសេប្រគល់ក្រឹត្យវិន័យទៅឲ្យរាស្ត្ររបស់ព្រះ គាត់ឲ្យអ្វីម្យ៉ាងដល់គេជាមុនដែរទេ? តើគាត់ឲ្យអ្វីដល់គេ? គឺគាត់បានផ្ដល់ការព្រមានមួយដល់ពួកគេ។ គាត់ព្រមានពួកគេមិនឲ្យភ្លេចថាព្រះជាអ្នករំដោះពួកគេពីស្រុកអេស៊ីព្ទ។ បន្ទាប់មកទើបលោកម៉ូសេប្រគល់ក្រឹត្យវិន័យ១០ប្រការសម្រាប់ជីវិតថ្មីរបស់ពួកគេ។ ក្រឹត្យវិន័យនេះបង្ហាញយើងថាមនុស្សលោកត្រូវស្រឡាញ់ព្រះនិងមនុស្សគ្នាឯងទៅវិញទៅមក។ មូលហេតុនេះហើយបានជាមានមេដឹកនាំជាច្រើនគេប្រើប្រាស់ក្រឹត្យវិន័យ១០ប្រការនេះធ្វើជាច្បាប់ក្នុងប្រទេស។
មែនហើយក្រឹត្យវិន័យ១០ប្រការភាគច្រើនខ្លីៗទេ។ ប៉ុន្តែវាមានចេស្ដាអាចកែប្រែជីវិតបាន។ ហើយនេះគឺជាមូលហេតុមួយដែលក្រឹត្យវិន័យ១០ប្រការត្រូវគេចាត់ទុកថាជាច្បាប់ជីវិត។ ក្រឹត្យវិន័យនីមួយៗបង្កប់អត្ថន័យក្រឹត្យក្រមជាច្រើនទៀតលើសពីពាក្យដែលយើងឃើញ។ តទៅនេះគឺជាឧទាហរណ៍១។ ក្រឹត្យវិន័យទី៦ចែងថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ» (និក្ខមនំ ២០:១៣)។ ក្រឹត្យវិន័យនេះរួមបញ្ចូលទាំង «រាល់ទង្វើនិងអាកប្បកិរិយាណាដែលអយុត្តិធម៌ហើយអាចបញ្ចប់អាយុជីវិតមនុស្សមុនកំណត់....ក្រឹត្យវិន័យទី៦ក៏រាប់បញ្ចូលទាំងការមិនជួយថែរក្សាអ្នកក្រនិងអ្នកកំពុងរងទុក្ខវេទនា។ អាកប្បកិរិយាអាក្រក់នេះគឺជាភាពអាត្មានិយម»។ ដកស្រង់ពីសៀវភៅ Patriachs and Prophets, page 308 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។ ឥឡូវនេះចូរយើងក្រឡេកមើលក្រឹត្យវិន័យទាក់ទិននឹងការលួចវិញម្ដង (និក្ខមនំ ២០:១៥)។ ខនេះក៏ប្រឆាំងនឹង «ទាសភាព ក៏ដូចជាសង្គ្រាមដណ្ដើមទឹកដីឬមនុស្ស» ដែរ។ ក្រឹត្យវិន័យទី៨ក៏បង្គាប់យើងឲ្យ «ផ្ដល់ប្រាក់ឈ្នួលដែលស័ក្ដិសមទៅនឹងកិច្ចការដែលគេបានធ្វើ»។ «យើងមិនត្រូវកេងប្រវ័ញ្ចនរណាឡើយ គឺត្រូវសងប្រាក់ដែលយើងជំពាក់គេ»។ ឯក្រឹត្យវិន័យទី៨វិញក៏បានហាមយើងមិនឲ្យ «បោកប្រាស់គេដើម្បីឲ្យខ្លួនឯងមានបានដោយការកេងប្រវ័ញ្ចពីអ្នកក្រ អ្នកទន់ខ្សោយ ឬអ្នកដែលរងទុក្ខដែរ»។ ដកស្រង់ពីសៀវភៅ Patriarchs and Prophets, page 309, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។
យើងងាយនឹងគិតថាខ្លួនឯងពុំមែនជាមនុស្សអាក្រក់ទេ។ លោកអ្នកពុំបានសម្លាប់នរណាម្នាក់ ឬលួចរបស់ទ្រព្យគេទេមែនទេ? ហេតុនោះហើយបានជាលោកអ្នកអាចនឹងគិតថា លោកអ្នកកំពុងធ្វើរឿងត្រឹមត្រូវហើយ។ ប៉ុន្តែ ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា ការរក្សាសេចក្តីបញ្ញត្តិមានអត្ថន័យលើសពីការដែលគ្រាន់តែប្រព្រឹត្តសេចក្តីអាក្រក់របស់យើងទៅទៀត។ គំនិតរបស់យើងក៏អាចរំលងក្រឹត្យវិន័យរបស់ព្រះដែរ។ រីឯការដែលយើងមិនបានធ្វើកិច្ចការដែលយើងដឹងថាគួរធ្វើក៏ជាអំពើបាបដែរ (សូមអានម៉ាថាយ ៥:២១-៣០)។ ឥឡូវនេះសាកស្រមៃគិតអំពីសហគមន៍ណាមួយដែលមិនដែលរំលងក្រឹត្យវិន័យព្រះមើល៍! តើសហគមន៍នោះមានលក្ខណៈយ៉ាងដូចម្តេចខ្លះទៅ? សហគមន៍នោះមើលទៅដូចជាក្រុមមនុស្សដែលពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះ។ សេចក្តីស្រឡាញ់ដែលពួកគេមានចំពោះព្រះនឹងបណ្តាលឲ្យពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមកដែរ។
ថ្ងៃអង្គារ ទី៩ កក្កដា ឆ្នាំ២០១៩
ទាសករ ស្ត្រីមេម៉ាយ កុមារកំព្រា និងមនុស្សសាសន៍ដទៃ
សូមអានខគម្ពីរនិក្ខមនំ ២៣:៩។ តើអ្វីទៅជាសាររបស់ព្រះទៅកាន់សាសន៍អ៊ីស្រាអែលនៅក្នុងខនេះ?
ព្រះទ្រង់បានរំដោះរាស្ត្ររបស់ព្រះអង្គឲ្យរួចពីទាសភាព។ ពួកសាសន៍អ៊ីស្រាអែលយល់ច្បាស់ណាស់អំពីជីវិតជាទាសករ។ ពួកសាសន៍អេស៊ីព្ទបានប្រើ និងវាយធ្វើបាបលើពួកសាសន៍អ៊ីស្រាអែល។ ពួកអេស៊ីព្ទបានធ្វើឲ្យរាស្ត្ររបស់ព្រះមានអារម្មណ៍ថា ជីវិតរបស់ពួកគេលែងមានសារៈសំខាន់ហើយ។ ហេតុនោះ ព្រះទ្រង់បានបារម្ភខ្វល់ខ្វាយអំពីពួកគេ។ ព្រះអង្គចង់ឲ្យពួកគេនឹកចាំថា តើពួកគេមកពីណា។ ព្រះអង្គចង់ឲ្យពួកគេនឹកចាំពីអារម្មណ៍របស់ពួកគេពេលដែលត្រូវពួកអេស៊ីព្ទប្រាប់ថា ពួកគេលែងសំខាន់ហើយនោះ។ ព្រះជាម្ចាស់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គនឹកចាំពីអ្វីដែលព្រះអង្គបានធ្វើដើម្បីសង្គ្រោះពួកគេ។ ហេតុនោះហើយ បានជាព្រះជាម្ចាស់ប្រទានសាសនពិធីពិេសសដល់រាស្ត្ររបស់ព្រះអង្គដើម្បីឲ្យពួកគេបាន ប្រារព្ធ។ ពិធីបុណ្យនេះបានផ្តល់នូវពេលវេលាពិសេសមួយដល់រាស្ត្ររបស់ព្រះដើម្បីឲ្យពួកគេបានរំឭកអំពីអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេ ‘ដោយព្រោះព្រះយេហូវ៉ាបាននាំយើងរាល់គ្នាចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដោយព្រះហស្តខ្លាំងពូកែ’ (និក្ខមនំ ១៣:១៤)។
សូមអានខគម្ពីរនិក្ខមនំ ២២:២១-២៣។ ហេតុដូចម្តេចបានជាការនឹកចាំអំពីអ្វីដែលបានកើតឡើងនៅស្រុកអេស៊ីព្ទសំខាន់ម៉្លេះ? តើជីវិតជាទាសកររបស់ពួកគេនៅស្រុកអេស៊ីព្ទជួយពួកគេឲ្យយល់អំពីរបៀបដែលគួរប្រព្រឹត្តនឹងមនុស្សទ័លក្រនៅដែនដីថ្មីរបស់ពួកគេយ៉ាងដូចម្តេចដែរ?
មិនយូរប៉ុន្មានក្រោយពីព្រះទ្រង់បានប្រទានក្រឹត្យវិន័យ១០ប្រការ ព្រះអង្គបានប្រទានក្បួនច្បាប់ផ្សេងៗមួយចំនួនទៀត។ ក្បួនច្បាប់ទាំងនេះបង្ហាញប្រាប់ដល់រាស្ត្ររបស់ព្រះអំពីរបៀបដែលពួកគួរអនុវត្តតាមក្រឹត្យវិន័យទាំង១០ប្រការនោះក្នុងជីវិតរបស់ពួកគេ។ ព្រះទ្រង់បានប្រទានច្បាប់ចំនួនបីប្រភេទ។ ច្បាប់ទាំងនេះនិយាយអំពីទាសករ។ ព្រះទ្រង់ពុំចង់ឲ្យរាស្ត្ររបស់ព្រះអង្គប្រព្រឹត្តដូចជាពួកសាសន៍អេស៊ីព្ទឡើយ។ ព្រះទ្រង់ក៏បានប្រទានច្បាប់ផ្សេងទៀតស្តីអំពីរបៀបដាក់ទោសដល់អំពើឧក្រឹដ្ឋកម្ម។ ក៏មានច្បាប់ផ្សេងៗទៀតស្តីអំពីភូមិបាល ជីវភាពប្រចាំថ្ងៃ និងក្បួនច្បាប់សម្រាប់ចៅក្រម និងតុលាការជាដើម (សូមអាននិក្ខមនំ ២១-២៣)។
មានច្បាប់ជាច្រើននិយាយអំពីរបៀបដែលរាស្ត្ររបស់ព្រះគួរប្រព្រឹត្តនៅក្នុងទឹកដីថ្មីរបស់ពួកគេ។ ក៏មានច្បាប់សម្រាប់មនុស្សសាសន៍ដទៃ និងមនុស្សទ័លក្រ និងមនុស្សទន់ខ្សោយដែរ។ ព្រះជាម្ចាស់បានបង្កើតច្បាប់ដែលអនុញ្ញាតឲ្យអ្នកក្រមានសិទ្ធិនឹងរើសដំណាំស្រូវដែលនៅសេសសល់នៅតាមស្រែចម្ការរបស់មនុស្សទាំងឡាយ។ ច្បាប់ទាំងឡាយបានជួយអ្នកក្រឲ្យមានសង្ឃឹម។ ច្បាប់ទាំងនេះពុំមែនជាផ្នែកនៃច្បាប់របស់ដែនដីភាគច្រើនបំផុតទេ។ សព្វថ្ងៃនេះ យើងតោងតែនឹកចាំអំពីក្បួនច្បាប់ដ៏សំខាន់ទាំងនេះស្តីអំពីយុត្តិធម៌ និងសប្បុរសចំពោះមនុស្សសាសន៍ដទៃ និងចំពោះអ្នកក្រ ក៏ដូចជាមនុស្សដែលខ្វះខាតនៅក្នុងដែនដីរបស់យើងដែរ។
តើអ្វីទៅដែលជួយលោកអ្នកឲ្យចេះខ្វាយខ្វល់អំពីមនុស្សដែលកំពុងរងទុក្ខវេទនា?
ថ្ងៃពុធ ទី១០ កក្កដា ឆ្នាំ២០១៩
ប្រាក់ដង្វាយដែលយើងថ្វាយទៅព្រះ
មានគ្រីស្ទានជាច្រើនបានថ្វាយប្រាក់ដង្វាយ១០ហូត១។ ដង្វាយ១០ហូត១គឺជាប្រាក់ដង្វាយ១០ភាគរយពីប្រាក់ចំណេញរបស់យើង។ ខគម្ពីរម៉ាឡាគី៣:១០បាននិយាយអំពីមូលហេតុដែលយើងគួរថ្វាយប្រាក់ដង្វាយ១០ហូត១។ ហេតុនោះហើយបានជាគ្រីស្ទានជាច្រើនថ្វាយប្រាក់ដង្វាយ១០ហូត១ពីប្រាក់ដែលពួកគេបានទទួលមក។ ព្រះវិហារបានប្រើប្រាក់នេះដើម្បីចែកចាយដំណឹងល្អអំពីព្រះយេស៊ូវនៅគ្រប់ទីកន្លែងនៅលើផែនដីនេះ។ ព្រះវិហារភាគច្រើនមានច្បាប់តឹងតែងណាស់ក្នុងការចាត់ចែងប្រាក់ដង្វាយនេះ។ ព្រះវិហារបានប្រើប្រាក់ដង្វាយ១០ហូត១ដើម្បីឧបត្ថម្ភដល់គ្រូគង្វាល និងអ្នកផ្សាយដំណឹងល្អ។ អ្នកផ្សាយដំណឹងល្អគឺជាមនុស្សដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ។
សូមអានខគម្ពីរចោទិយកថា ១៤:២២-២៩។ តើខទាំងនេះនិយាយអ្វីខ្លះអំពីមូលហេតុដែលយើងត្រូវថ្វាយដង្វាយ១០ហូត១នោះ?
ជាញឹកញាប់យើងគិតថា យើងថ្វាយដង្វាយ១០ហូត១ពេលណាយើងថ្វាយ១០ភាគរយពីប្រាក់ដែលយើងទទួលបានទាំងអស់។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលម្នាក់ដែលរស់នៅជំនាន់គម្ពីរសញ្ញាចាស់បានថ្វាយទៅព្រះស្ទើរតែ១ភាគ៤ ពីប្រាក់ទាំងអស់ដែលគាត់បានទទួលជារៀងរាល់ឆ្នាំ។ ចំនួននោះគឺច្រើន ជាង១០ហូត១ ឬ១០ភាគរយឆ្ងាយណាស់! ប្រាក់ពិសេសមួយចំនួនត្រូវបានប្រើសម្រាប់ឧបត្ថម្ភដល់ មេដឹកនាំសាសនា និងដំណាក់របស់ព្រះ។ ក្រៅពីនោះក៏សម្រាប់ជួយដល់មនុស្សទ័លក្រផងដែរ។
អ្នកសិក្សាព្រះគម្ពីរខ្លះគិតថា ប្រាក់ពិសេសនេះគឺជាប្រាក់ដង្វាយ១០ហូត១លើកទី២។ ហេតុ នោះ ពួកអ៊ីស្រាអែលបានថ្វាយដង្វាយ១០ហូត១ពីរដង។ ប្រាក់ដង្វាយ១០ហូត១លើកទី១សម្រាប់ ឧបត្ថម្ភដល់អ្នកដឹកនាំបរិសុទ្ធ ឬសង្ឃ និងដំណាក់របស់ព្រះសម្រាប់ថ្វាយបង្គំ។ ប្រាក់ដង្វាយ១០ហូត១លើកទីពីរគឺយកមកប្រើសម្រាប់ពិធីបុណ្យដ៏ធំមួយនៅដំណាក់របស់ព្រះ។ រាស្ត្ររបស់ព្រះបានអញ្ជើញពួកសាសន៍ដទៃ កុមារកំព្រា និងស្ត្រីមេម៉ាយក្នុងដែនដីឲ្យចូលរួមក្នុងពិធីបុណ្យនេះ។ ព្រះចង់ឲ្យរាស្ត្ររបស់ព្រះចេះជួយដល់មនុស្សក្រីក្រជាអាហារ ខោអាវ និងផ្ទះសម្បែងជាដើម។
នៅក្នុងឆ្នាំទី១ និងទី២ ពួកអ៊ីស្រាអែលបាននាំផលដំណាំរបស់ពួកគេ១០ភាគរយយកមកដាក់ដំណាក់របស់ព្រះ។ ប៉ុន្តែនៅរៀងរាល់ឆ្នាំទី៣ ពួកអ៊ីស្រាអែលបាននឹកចាំពីអ្នកភូមិផងរបងជាមួយក្នុងសហគមន៍របស់គេតាមបែបពិសេសមួយ។ ពួកគេបានធ្វើពិធីបុណ្យដាអបអរនឹងភោគផលដែលព្រះបានប្រទានដល់ពួកគេ។ ហើយពួកគេត្រូវតែធ្វើអ្វីមួយដើម្បីធានាឲ្យបានថា ពួកគេបានយកចិត្តទុកដាក់ដល់មនុស្សក្រីក្រ និងមនុស្សខ្វះខាតក្នុងដែនដីរបស់ខ្លួន។ «នៅឆ្នាំទី៣ គឺជាឆ្នាំដែលត្រូវថ្វាយ១ភាគក្នុង១០នោះរួចហើយ នោះត្រូវចែកឲ្យដល់ពួកលេវី និងពួកអ្នកដែលស្នាក់នៅ ព្រមទាំងពួកកូនកំព្រា ហើយនិងពួកស្រីមេម៉ាយផង ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគចំអែតគ្រប់គ្រាន់ នៅក្នុងទីក្រុងឯងដែរ» (ចោទិយកថា ២៦:១២»។
តើព្រះអម្ចាស់កំពុងមានបន្ទូលអំពីអ្វីទៅកាន់រាស្ត្ររបស់ព្រះអង្គនៅក្នុងខគម្ពីរចោទិយកថា ២៦:១-១១? តើខទាំងនេះអាចជួយផ្លាស់ប្តូរអារម្មណ៍របស់យើងចំពោះការជួយដល់មនុស្សខ្វះខាតដូចម្តេចដែរ?
ថ្ងៃព្រហស្បតិ៍ ទី១១កក្កដា ឆ្នាំ២០១៩
ឆ្នាំនៃសេរីភាព
ទីបំផុត រាស្ត្ររបស់ព្រះក៏បានឈានជើងចូលដល់ទឹកដីសន្យា។ ព្រះទ្រង់បានធ្វើការជាមួយនឹងអ្នកបម្រើព្រះអង្គគឺលោកយ៉ូស្វេដើម្បីជួយពួកគេឲ្យបែងចែកទឹកដីទៅតាមអំបូរផ្សេងៗរបស់ពួកគេ។ ព្រះទ្រង់ជ្រាបថា នឹងមានអ្វីកើតឡើង។ ខណៈដែលពេលវេលាកន្លងផុតទៅ រាស្ត្ររបស់ព្រះអង្គមួយចំនួនក៏បានលក់ដីរបស់ខ្លួនដើម្បីបានលុយកាក់យកមកប្រើប្រាស់។ ជួនកាល ប្រហែលជាពួកគេឈឺ ឬមានបញ្ហាក្នុងគ្រួសារដែលទាមទារឲ្យលក់ដីដើម្បីយកលុយមកដោះស្រាយ។ បន្ទាប់មក ដីនោះលែងជាកម្មសិទិ្ធរបស់គ្រួសារនោះទៀតហើយ។
ហេតុនោះ ព្រះទ្រង់បានបង្កើតផែនការដ៏ឆ្លាតមួយ។ ព្រះអង្គមានបន្ទូលថា មិនអនុញ្ញាតឲ្យលក់ដីជារៀងរហូតបានទេ។ គេអាចលក់ដីបានរហូតទៅទល់នឹងឆ្នាំសេរីភាពប៉ុណ្ណោះ។ ឆ្នាំនោះគឺជាពេលវេលាពិសេសមួយដែលគេបានប្រគល់ដីនោះត្រឡប់មកឲ្យម្ចាស់ដើមវិញ។ ព្រះជាម្ចាស់ក៏បានបង្កើតច្បាប់មួយផ្សេងទៀតដែរ។ ច្បាប់នេះអនុញ្ញាតឲ្យបុគ្គលណាម្នាក់លក់ដី ឬសមាជិកគ្រួសារណាម្នាក់ទិញដី ត្រឡប់មកវិញនៅពេលណាក៏បាន។ ម្តងទៀត ព្រះទ្រង់បានសូមឲ្យរាស្ត្ររបស់ព្រះអង្គនឹកចាំពីសេចក្តី ស្រឡាញ់របស់ពួកគេចំពោះព្រះអង្គ។ សេចក្តីស្រឡាញ់នោះគួរតែបានផ្លាស់ប្តូររបៀបរបបដែលពួកគេរស់នៅ។ ព្រះទ្រង់បានប្រាប់ដល់រាស្ត្ររបស់ព្រះអង្គថា «មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅ ជាមួយនឹងអញប៉ុណ្ណោះទេ» (លេវីវិន័យ ២៥:២៣)។
សូមអានខគម្ពីរលេវីវិន័យ ២៥:៨-២៣។ សូមយកចិត្តទុកដាក់នឹងពាក្យពេចន៍ទាំងនេះដោយប្រុងប្រយ័ត្ន: «មិនត្រូវបំបាត់គ្នាទៅវិញទៅមកឡើយ» (លេវីវិន័យ ២៥:១៤) និង «មិនត្រូវឲ្យឯងរាល់គ្នាបំបាត់គ្នាឡើយ» (លេវីវិន័យ ២៥:១៧)។ តើលោកអ្នកគិតថា ជីវិតរបស់យើងនឹងប្រែក្លាយទៅជាយ៉ាងដូចម្តេចប្រសិនបើយើងចេះគោរពក្បួនច្បាប់នៅក្នុងខទាំងនេះនោះ?
«ព្រះជាម្ចាស់បានបង្កើតក្បួនច្បាប់ទាំងឡាយដើម្បីជួយដល់រាស្ត្ររបស់ព្រះអង្គឲ្យនឹកចាំថា ពួកគេគ្រប់គ្នាស្មើគ្នាទាំងអស់។ គ្នាននរណាម្នាក់ប្រសើរជាងនរណាម្នាក់ទៀតឡើយ។ ព្រះទ្រង់បានប្រទានភោគផលដំណាំក្នុងអំឡុងឆ្នាំសប្បាតហ៍ និងឆ្នាំសេរីភាព។ ភោគផលទាំងនេះគឺជាអំណោយ។ ព្រះទ្រង់ប្រទានអំណោយទាំងនេះដល់រាស្ត្ររបស់ព្រះអង្គឲ្យជួយដោះស្រាយបញ្ហាដែលមានក្នុងសហគមន៍។ បញ្ហាទាំងនេះកើតឡើងកាលណាមេដឹកនាំចាយលុយខ្ជះខ្ជាយ ឬគ្រប់គ្រងដែនដីពុំបានត្រឹមត្រូវ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 534, adapted។
តើរាស្ត្ររបស់ព្រះត្រូវអនុវត្តតាមក្បួនច្បាប់ទាំងនេះយូរប៉ុនណា? (សូមអានរបាក្សត្រទី២ ៣៦: ២១)។ ពួកប្រាជ្ញខាងគម្ពីរក៏មិនច្បាស់ដែរ។ បើទោះបីជាយ៉ាងដូច្នេះក្តី ក្បួនច្បាប់ទាំងនេះបង្ហាញប្រាប់យើងអំពីរបៀបរស់នៅមួយបែបប្រសិនបើយើងស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះទាំងស្រុង។ ក្រឹត្យវិន័យរបស់ព្រះបង្ហាញប្រាប់យើងអំពីសេចក្តីស្រឡាញ់ចំពោះមនុស្សទ័លក្រ និងបង្ហាញថា ព្រះទ្រង់ចង់ឲ្យយើងមានសេចក្តីយុត្តិធម៌ចំពោះមនុស្សដទៃៗទៀតផងដែរ។
ថ្ងៃសុក្រ ទី១២ កក្កដា ឆ្នាំ២០១៩
សិក្សាបន្ធែម
សូមអាន Ellen G. White, “The Law Given to Israel,” pages 303-314; “God’s Care for the Poor,” pages 530-536, in Patriarchs and Prophets.
«ច្បាប់ដែលព្រះជាម្ចាស់បានប្រទានដល់លោកម៉ូសេគឺពិសេសខ្លាំងណាស់។ ដំបូង និងសំខាន់ បំផុតនោះ ច្បាប់ទាំងនោះជួយយើងឲ្យយល់ថា យើងជំពាក់ព្រះអ្វីៗគ្រប់យ៉ាងទាំងអស់។ បន្ទាប់មក យើងឃើញសេចក្តីស្រឡាញ់របស់ព្រះចំពោះមនុស្សទ័លក្រ។ ព្រះទ្រង់សន្យាថានឹងប្រទានពរដល់រាស្ត្ររបស់ព្រះអង្គ។ ប៉ុន្តែព្រះអង្គពុំដែលមានបន្ទូលថា នឹងលែងមានមនុស្សទ័លក្រក្នុងចំណោមសាសន៍អ៊ីស្រាអែលទៀតហើយនោះទេ។ ព្រះទ្រង់ប្រកាសថា អ្នកក្រនឹងមាននៅក្នុងស្រុកជានិច្ច។ ហេតុនោះ អ្នកក្រតែងតែមានក្នុងចំណោមយើងជានិច្ច។ យើងតោងតែបង្ហាញសេចក្តីស្រឡាញ់របស់ព្រះទៅកាន់មនុស្សទ័លក្រ។ យើងតោងតែមានសេចក្តីសប្បុរស និងជួយដល់ពួកគេ។ ក្នុងជំនាន់ព្រះគម្ពីរ មនុស្សជាច្រើនមានជំងឺ។ ពួកគេបាត់បង់ដីធ្លីស្រែចម្ការ។ មានរឿងអាក្រក់ៗកើតឡើងក្នុងជីវិតរបស់ពួកគេ។ រឿងទាំងអស់នេះក៏កំពុងតែកើតឡើងចំពោះរាស្ត្ររបស់ព្រះនៅសម័យសព្វថ្ងៃនេះដែរ។ ប៉ុន្តែ ដរាបណាសាសន៍អ៊ីស្រាអែលស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ នោះពុំមាននរណាម្នាក់សូមទានឲ្យគេផ្តល់អាហារ ឬលុយកាក់ឡើយ។ គ្រប់គ្នាមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, pages 530, 531, adapted។
«ក្បួនច្បាប់របស់ព្រះគឺជាព្រះពរ។ ព្រះជាម្ចាស់ប្រទានពរដល់អ្នកមាន និងអ្នកក្រតាមរយៈក្បួនច្បាប់របស់ព្រះអង្គ។ ក្បួនច្បាប់នេះជួយយើងកុំឲ្យមានចិត្តលោភលន់ និងអាត្មានិយម។ ក្រឹត្យវិន័យរបស់ព្រះក៏ជួយយើងកុំឲ្យមានអំនួតផងដែរ។ ក្រឹត្យវិន័យរបស់ព្រះលើកទឹកចិត្តយើងឲ្យចែករំលែក និងយកចិត្តទុកដាក់ចំពោះមនុស្សដទៃទៀត។ ច្បាប់របស់ព្រះជួយអ្នកមាន និងអ្នកក្រឲ្យជឿទុកចិត្តគ្នាទៅវិញទៅមក។ តើច្បាប់របស់ព្រះមានតួនាទីអ្វីខ្លះទៀត? ច្បាប់របស់ព្រះជួយយើងឲ្យមានសេចក្តីសុខសាន្ត នៅក្នុងសហគមន៍របស់យើង។ ច្បាប់ទាំងនោះជួយរដ្ឋាភិបាលទាំងឡាយឲ្យរឹងមាំ។ យើងទាំងអស់គ្នាផ្សារភ្ជាប់គ្នាទៅវិញទៅមកនៅលើផែនដីនេះ។ កាលណាយើងលើកតម្កើងនិងជួយដល់មនុស្សដទៃទៀត នោះព្រះទ្រង់ក៏ប្រទានពរដល់យើងដែរ»។ ដកស្រង់ពីប្រភពខាងលើដដែល pages 534, 535។
សំនួរពិភាក្សា៖
- ចូរសាកគិតអំពីផែនការដែលព្រះបានប្រទានដល់លោកម៉ូសេ។ ផែនការនេះគឺជាផ្លូវជីវិតថ្មីសម្រាប់សាសន៍អ៊ីស្រាអែល។ តើច្បាប់ណាមួយក្នុងផែនការរបស់ព្រះដែលលោកអ្នកចូលចិត្តបំផុត? ហេតុអ្វី?
- ព្រះទ្រង់បានប្រទានច្បាប់ស្តីអំពីក្មេងកំព្រា ស្ត្រីមេម៉ាយ ជនអន្តោប្រវេសន៍ និងមនុស្សទ័លក្រ។ ហេតុដូចម្តេចបានជាលោកអ្នកគិតថា ព្រះយកព្រះទ័យទុកដាក់នឹងក្រុមមនុស្សពិសេសទាំងនេះខ្លាំងម៉្លេះ?
- តើយើងគួរគិត និងយល់ដឹងអំពីក្រឹត្យវិន័យរបស់ព្រះយ៉ាងដូចម្តេចដែរសព្វថ្ងៃនេះ? តើយើងដឹងដូចម្តេចថា ច្បាប់ណាខ្លះដែលយើងគួរបន្តអនុវត្តនោះ? តើយើងអាចរៀនមេរៀនអ្វីដែលសំខាន់បំផុតចេញពីក្រឹត្យវិន័យរបស់ព្រះ? តើក្រឹត្យវិន័យទាំងនោះជួយយើងដូចម្តេចខ្លះឲ្យរស់នៅសម័យសព្វថ្ងៃនេះ?