ថ្ងៃសៅរ៍ ទី៥ តុលា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ នេហេមា ១:១‑៤, នេហេមា ១:៥‑១១, នេហេមា ២:១‑៨, នេហេមា ២:៩, ១០, និងនេហេមា ២:១១‑២០។
ខចងចាំ៖ «កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌ថា ឱព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រឹត្យក្រមរបស់ទ្រង់អើយ» (នេហេមា ១:៤, ៥)។
កាលពីសប្តាហ៍មុន យើងបានរៀនអំពីពួកសាសន៍យូដាពីរក្រុមដែលបានត្រឡប់មកស្រុកយូដាវិញ។
ប៉ុន្តែនៅមានសាសន៍យូដាមួយក្រុមទៀតដែលព្រះបានត្រៀមបញ្ជូនពួកគេឲ្យត្រឡប់មកវិញដែរ។ ព្រះជាម្ចាស់បានប្រទានកិច្ចការដ៏ពិសេសឲ្យក្រុមនេះធ្វើ។ ក្រុមទី១បានត្រឡប់មកវិញដើម្បីកសាងក្រុងយេរូសាឡិម និងបញ្ចប់ការសាងសង់អគារព្រះវិហារ។ ប៉ុន្តែពួកមេដឹកនាំពីប្រទេសនៅជុំវិញក្រុងយេរូសាឡិមបានព្យាយាមរារាំងពួកគេមិនឲ្យបញ្ចប់កិច្ចការរបស់ពួកគេបាន។ រាស្ត្ររបស់ព្រះក៏មានការភិតភ័យ ហើយក៏បានឈប់សង់អគារនោះទៅ។ ពួកមេដឹកនាំពីប្រទេសជិតខាងគេមិនចង់ឲ្យពួកអ៊ីស្រាអែលសង់ទីក្រុង និងកំផែងក្រុងទេ។ ពួកមេដឹកនាំទាំងនេះខ្លាចសាសន៍អ៊ីស្រាអែលប្រែក្លាយជាប្រទេសដែលមានអំណាចខ្លាំងម្តងទៀត (អែសរ៉ា ៤:៦‑២៤)។ ហេតុនោះហើយបានជាមេដឹកនាំដ៏អាក្រក់ទាំងនេះចង់រារាំងពួកអ៊ីស្រាអែល។ ប៉ុន្តែ ព្រះទ្រង់មិនដែលបោះបង់រាស្ត្ររបស់ព្រះអង្គឲ្យនៅជាប់គាំងក្នុងបញ្ហាឡើយ។ ព្រះអង្គតែងតែជួយដល់រាស្ត្ររបស់ព្រះអង្គឲ្យធ្វើកិច្ចការដែលទ្រង់ប្រទានដល់ពួកគេ។
ព្រះទ្រង់បានជ្រើសរើសមនុស្សម្នាក់ទៀតឲ្យបន្តផែនការរបស់ព្រះអង្គ។ បុរសម្នាក់នេះឈ្មោះថា នេហេមា។ សប្តាហ៍នេះ យើងនឹងរៀនអំពីលោកនេហេមា និងកិច្ចការដែលព្រះទ្រង់បានប្រទានឲ្យគាត់ធ្វើ។
ថ្ងៃអាទិត្យ ទី៦ តុលា ឆ្នាំ២០១៩
លោកនេហេមាបានឮដំណឹងមិនល្អមួយចំនួន
កណ្ឌគម្ពីរនេហេមាចាប់ផ្តើមឡើងដូចគ្នានឹងលំនាំរបស់កណ្ឌគម្ពីរដានីយ៉ែលដែរ (ដានីយ៉ែល ១:១, ២)។ កណ្ឌគម្ពីរនេះចាប់ផ្តើមពីដំណឹងអាក្រក់។ ពិតមែនហើយ មានមនុស្សជាច្រើនបានវិលត្រឡប់ទៅស្រុកយូដាវិញហើយ។ ប៉ុន្តែ អ្វីៗមិនដំណើរការយ៉ាងរលូនចំពោះរាស្ត្ររបស់ព្រះនៅទីនោះសោះ។
សូមអានខគម្ពីរនេហេមា ១:១‑៤។ ហេតុអ្វីបានជាលោកនេហេមាពិបាកចិត្តខ្លាំងម៉្លេះ? តើលោកបានធ្វើអ្វីខ្លះពេលដែលលោកបានទទួលដំណឹងអាក្រក់?
ពួកយូដាខ្លះបានមកដល់ស៊ូសាន។ ស៊ូសានគឺជាមជ្ឈមណ្ឌលនាំមុខគេមួយក្នុងនគរពើស៊ី។ លោកនេហេមាធ្វើការនៅស៊ូសានក្នុងព្រះរាជវាំង។ លោកគឺជាអ្នកថ្វាយពែងដល់ស្តេច។ អ្នកថ្វាយពែងគឺជាអ្នកដែលភ្លក់គ្រឿងផឹករបស់ស្តេចមុនពេលដែលស្តេចទ្រង់សោយ។ អ្នកថ្វាយពែងត្រូវពិនិត្យឲ្យដឹងថាគ្រឿងផឹកទាំងនេះល្អពុំមានថ្នាំពុល។ ពួកយូដាដែលបានចូលមកនៅក្នុងក្រុងស៊ូសានត្រូវបានគេចាប់ធ្វើជាអ្នកទោសកាលពីច្រើនឆ្នាំកន្លងផុតទៅ។ ជនជាតិយូដាម្នាក់នោះមានឈ្មោះថា ហាណានី។ លោកហាណានី និងលោកនេហេមាតែងតែជួបនិយាយគ្នា។ កិច្ចសន្ទនារបស់ពួកគេកើតឡើងនៅម្តុំពាក់កណ្តាលខែវិច្ឆិកា និងពាក់កណ្តាលខែធ្នូនៃឆ្នាំ៤៤៥ មុនគ្រិស្តសករាជ។ ពេលនោះមានរយៈ១៣ឆ្នាំបន្ទាប់ពីលោកអែសរ៉ាបានត្រឡប់មកដល់ក្រុងយេរូសាឡិម។ លោកហាណានីប្រាប់លោកនេហេមាថា អ្វីៗនៅក្រុងយេរូសាឡិមដំណើរការមិនសូវល្អទេ។ ពួកបណ្តាជនមិនអាចសាងសង់ទីក្រុងឡើងវិញបានឡើយ។ ពួកសាសន៍ដែលនៅក្បែរខាងបានចូលមកបំផ្លាញកំផែងក្រុងអស់ជាច្រើន។
កាលពីមុន លោកនេហេមាប្រាកដជាបានឮអំពីរឿងដែលពួកសាសន៍សាម៉ារីបំផ្លាញកំផែងក្រុងចោលហើយ។ ប៉ុន្តែ ឥឡូវនេះលោកនេហេមាបានដឹងថា រឿងនេះគឺពិតប្រាកដមែន។ កាន់តែអាក្រក់ជាងនេះទៅទៀតនោះ ស្តេចអើថាស៊ើកសេសផ្ទាល់បានបពា្ឈប់ការសាងសង់តែម្តងដោយសារតែមានមេដឹកនាំខ្លះបានរអ៊ូរទាំប្រាប់ស្តេចអំពីពួកសាសន៍យូដា (អែសរ៉ា ៤)។
ពិតមែនហើយ រាស្ត្ររបស់ព្រះក៏បានផ្អាកការសាងសង់ព្រះវិហារទៅ។ ប៉ុន្តែពួកបណ្តាជនពុំបានប្រើព្រះវិហារនេះសម្រាប់ថ្វាយបង្គំព្រះទាល់តែសោះ។ ហេតុអ្វី? ពីព្រោះមនុស្សដែលត្រូវធ្វើការក្នុងព្រះវិហារខ្លាចមិនហ៊ានរស់នៅក្នុងក្រុងយេរូសាឡិមឡើយ។ ដំណឹងនោះហើយដែលធ្វើឲ្យលោកនេហេមាពិបាកចិត្ត។ គោលបំណងដែលពួកយូដាត្រូវត្រឡប់ទៅស្រុកយូដាវិញគឺដើម្បីពួកគេអាចថ្វាយសិរីល្អដល់ព្រះ។ ប៉ុន្តែឥឡូវនេះពួកគេខ្លាចមិនហា៊នរស់នៅក្នុងទីក្រុងរបស់ពួកគេទេ។ ហេតុនោះហើយបានជាគ្មាននរណាម្នាក់មើលថែដល់ដំណាក់របស់ព្រះឡើយ។ រាស្ត្ររបស់ព្រះក៏មានការភ័យខ្លាចចំពោះមេដឹកនាំមកពីប្រទេសជិតខាងផងដែរ។
តើលោកនេហេមាបានធ្វើអ្វីខ្លះ? តើលោករអ៊ូរទាំអំពីពួកសាសន៍យូដាឬ? តើលោកបានបន្ទោសដល់ពួកគេដោយសារតែពួកគេមិនជឿទុកចិត្តព្រះ និងពុំមានសេចក្តីជំនឿឬ? អត់ទេ! លោកបានបែរទៅឯព្រះ។ លោកបានលុតជង្គង់ ហើយអធិដ្ឋាន។ លោកបានតមអត់អស់ពីរបីថ្ងៃ។
ពេលដែលលោកនេហេមាបានឮដំណឹងមិនល្អ ដំបូងឡើងលោកយំ។ បន្ទាប់មក លោកបាន តមអត់ និងអធិដ្ឋាន។ ពេលដែលជួបបញ្ហាក្នុងជីវិត តើយើងមិនគួរយកគំរូតាមលោកនេហេមាទេឬអី?
ថ្ងៃច័ន្ទ ទី៧ តុលា ឆ្នាំ២០១៩
សេចក្តីអធិដ្ឋានរបស់លោកនេហេមា
សូមអានសេចក្តីអធិដ្ឋានរបស់លោកនេហេមា ក្នុងខគម្ពីរនេហេមា ១:៥‑១១។ តើសេចក្តីអធិដ្ឋានរបស់លោកបែងចែកជាប៉ុន្មានផ្នែក? ហេតុដូចម្តេចបានជាលោកនេហេមាបានរាប់ខ្លួនលោកថាជាផ្នែកមួយនៃក្រុមមនុស្សដែលមានទោសកំហុសដែរ?
សេចក្តីអធិដ្ឋានរបស់លោកនេហេមាបែងចែកជា៧ផ្នែកដូចតទៅនេះ៖
១) ឱព្រះយេហូវ៉ាជាព្រះដ៏ធំ ដែលមានសេចក្ដីសប្បុរស (នេហេមា ១:៥)។
២) សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ (នេហេមា ១:៦)។
៣) លោកនេហេមាបានលន់តួអំពើបាបរបស់លោក និងរបស់បណ្តាជន (នេហេមា ១:៦, ៧)។
៤) សូមទ្រង់នឹកចាំពីព្រះបន្ទូលដែលទ្រង់បានសន្យា (នេហេមា ១:៨, ៩)។
៥) ព្រះអង្គបានសង្គ្រោះយើងខ្ញុំ (នេហេមា ១:១០)។
៦) សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ (នេហេមា ១:១១)។
៧) ព្រះជាម្ចាស់ សូមប្រទានពរ និងសម្តែងសេចក្តីមេត្តាដល់យើង (នេហេមា ១:១១)។
សេចក្តីអធិដ្ឋានរបស់លោកនេហេមាល្អប្រសើរខ្លាំងណាស់។ វាបង្ហាញប្រាប់យើងថា ព្រះទ្រង់អស្ចារ្យ។ វាបង្ហាញប្រាប់យើងថា លោកនេហេមាដឹងថា ខ្លួនលោក និងបណ្តាជនរបស់លោកគឺជាមនុស្សមានបាប។ សេចក្តីអធិដ្ឋានបានបញ្ចប់ដោយទំនួញរបស់លោកនេហេមាដែលបានស្រែកសូមឲ្យព្រះទ្រង់ជួយដល់ពួកលោក។ សេចក្តីអធិដ្ឋានរបស់លោកនេហេមាដូចគ្នានឹងសេចក្តីអធិដ្ឋានរបស់លោកដានីយ៉ែលច្រើនណាស់ (ដានីយ៉ែល ៩)។ តើលោកនេហេមាធ្លាប់ដឹងអំពីសេចក្តីអធិដ្ឋានរបស់លោកដានីយ៉ែលឬទេ? ពិតមែនហើយ លោកប្រាកដជាដឹង។ តើលោកអ្នកឃើញទេថា លោកនេហេមាពុំបានចាប់ផ្តើមសេចក្តីអធិដ្ឋានឡើងដោយស្រែកសូមឲ្យព្រះជួយតែម្តងទេឬ? ដំបូង លោកបានទូលថា ព្រះទ្រង់ធំឧត្តម និងមានសេចក្តីសប្បុរស។ បន្ទាប់មក លោកនេហេមាទូលថា ព្រះទ្រង់តែងតែរក្សាសេចក្តីសញ្ញានឹងរាស្ត្ររបស់ព្រះអង្គ។ ព្រះទ្រង់សម្តែងសេចក្តីសប្បុរសដល់អស់អ្នកណាដែលស្រឡាញ់ដល់ព្រះអង្គ។
សេចក្តីអធិដ្ឋានរបស់លោកនេហេមាមានទម្រង់ដ៏ពិេសសមួយបែប។ ចំណុចស្នូលនៃសេចក្តីអធិដ្ឋានរបស់លោកគឺនៅត្រង់ខ៨។ នៅក្នុងខនេះ លោកនេហេមាបានសូមឲ្យព្រះនឹកចាំពីសេចក្តីសន្យារបស់ព្រះអង្គ។ ពិតមែនហើយ ព្រះទ្រង់បានកំចាត់កំចាយរាស្ត្ររបស់ព្រះអង្គពេលដែលពួកគេលែងស្តាប់បង្គាប់ព្រះអង្គ។ ប៉ុន្តែ ព្រះទ្រង់ក៏បានសន្យាផងដែរថា នឹងនាំយករាស្ត្ររបស់ព្រះអង្គត្រឡប់មកភូមិដ្ឋានរបស់គេវិញ។ បន្ទាប់មកព្រះអង្គនឹងធ្វើឲ្យអ្វីៗថ្មីឡើងវិញ។ ហេតុនោះ ឥឡូវនេះដល់គ្រាដែលព្រះទ្រង់ត្រូវរក្សាសេចក្តីសន្យានេះហើយ។ លោកនេហេមាមិនខ្លាចនឹងទូលសូមព្រះឲ្យរក្សាសេចក្តីសន្យារបស់ព្រះអង្គចំពោះរាស្ត្ររបស់ព្រះអង្គឡើយ។ ពិតមែនហើយ ព្រះទ្រង់តែងតែនឹកចាំសេចក្តីសន្យារបស់ព្រះអង្គ។ ប៉ុន្តែ ពេលណាដែលយើងសូមឲ្យព្រះអង្គរក្សាសេចក្តីសន្យាទាំងនោះរឹតតែធ្វើឲ្យព្រះអង្គសព្វព្រះទ័យថែមទៀត។ ពេលណាដែលយើងសូមព្រះឲ្យរក្សាសេចក្តីសន្យារបស់ព្រះអង្គ នោះសេចក្តីជំនឿរបស់យើងនឹងកាន់តែរឹងមាំឡើងថែមទៀត។
តើលោកអ្នកនឹកឃើញដល់សេចក្តីសន្យាអ្វីខ្លះរបស់ព្រះដែលលោកអ្នកអាចទូលសូមឲ្យព្រះអង្គធ្វើតាមនាពេលឥឡូវនេះដែរឬទេ? តើការដែលមិនឈប់ខាននឹងទូលសូមព្រះឲ្យរក្សាសេចក្តីសន្យារបស់ព្រះអង្គមានសារៈសំខាន់ដូចម្តេចខ្លះ?
ថ្ងៃអង្គារ ទី៨ តុលា ឆ្នាំ២០១៩
លោកនេហេមាទូលប្រាប់ដល់ស្តេច
ខគម្ពីរនេហេមា ១:១១ បានកត់ត្រាថា លោកនេហេមាគឺជាអ្នកថ្វាយពែង។ យើងដឹងថា អ្នកថ្វាយពែងមានតួនាទីភ្លក់គ្រឿងផឹករបស់ស្តេចមុនពេលដែលព្រះអង្គទ្រង់សោយ។ យើងអាចនឹងគិតថា កិច្ចការនេះមិនសូវជាសំខាន់ទេមើលទៅ។ ប៉ុន្តែ អ្នកថ្វាយពែងភាគច្រើនមានអំណាចខ្លាំងក្លាណាស់។ នោះគឺដោយសារតែពួកគេនៅកៀកជិតនឹងស្តេចជាងគេ។ អ្នកថ្វាយពែងត្រូវពិនិត្យមើលថា គ្រឿងផឹកទាំងនោះល្អ គ្មានថ្នាំពុល។ អ្នកនិពន្ធមួយរូបឈ្មោះហេរ៉ូដូទុស បានប្រាប់យើងថា ពួកសាសន៍ពើស៊ីបានផ្តល់កិត្តិយសដល់ពួកអ្នកថ្វាយពែងខ្លាំងណាស់។ នៅក្នុងនគរពើស៊ី អ្នកថ្វាយពែងគឺជាមេដឹកនាំដ៏សំខាន់ណាស់។ អ្នកថ្វាយពែងរបស់ស្តេចអេសារាដុននៃពួកអាសស៊ើរក៏ជាមេដឹកនាំកំពូលក្នុងនគរនោះដែរ។ ហេតុនោះយើងអាចឃើញថា លោកនេហេមាមានការងារជាន់ខ្ពស់នៅក្នុងនគរពើស៊ី។ ការងាររបស់លោក នេហេមាធ្វើឲ្យលោកមានភាពជិតស្និទ្ធនឹងស្តេចកាន់តែខ្លាំងឡើង។ ហេតុនោះហើយ បានជាលោកទូល សូមព្រះឲ្យផ្តល់ឱកាសដើម្បីនឹងទូលប្រាប់ដល់ស្តេចអំពីអ្វីៗដែលកំពុងកើតឡើងនៅស្រុកយូដា។
សូមអានខគម្ពីរនេហេមា ២:១‑៨។ តើខទាំងនេះប្រាប់យើងថា មានអ្វីកើតឡើងខ្លះពេលដែលលោកនេហេមាអធិដ្ឋាន និងតមអត់នោះ? (ការតមអត់គឺជាជម្រើសមួយពេលណានរណាម្នាក់សម្រេចចិត្តថា អត់បរិភោគអាហារពីរបីថ្ងៃ)។
ព្រះទ្រង់បានឆ្លើយតបដល់សេចក្តីអធិដ្ឋានរបស់លោកនេហេមានៅខែចេត្រ។ ខែចេត្រត្រូវគ្នា នឹងខែមេសា។ រឿងនោះកើតឡើងនៅឆ្នាំ៤៤៤មុនគ្រិស្តសករាជ។ បួនខែបានកន្លងផុតទៅបន្ទាប់ពីហាណានី និងពួកយូដាបានប្រាប់ដំណឹងអាក្រក់អំពីក្រុងយេរូសាឡិមដល់លោកនេហេមា។ មានន័យថា លោកនេហេមាបានអធិដ្ឋាន និងតមអត់អស់ពេល៤ខែ។ ជារៀងរាល់ថ្ងៃ លោកនេហេមាប្រហែលជាគិតថា ព្រះទ្រង់ពុំបានស្តាប់ឮសេចក្តីអធិដ្ឋានរបស់លោកទេ។ ប៉ុន្តែ យើងតោងតែនឹកចាំថា ព្រះទ្រង់តែងតែឆ្លើយតបសេចក្តីអធិដ្ឋានរបស់យើងនៅវេលាណាដែលឱកាសល្អបានមកដល់។ ព្រះទ្រង់បានធ្វើឲ្យស្តេចត្រៀមខ្លួននឹងស្តាប់លោកនេហេមាជាមុនសិន។ បន្ទាប់មក ស្តេចបានប្រទានឲ្យគ្រប់យ៉ាងទាំងអស់តាមដែលលោកត្រូវការ។
ព្រះទ្រង់បានជួយលោកនេហេមាឲ្យទូលប្រាប់ដល់ស្តេចអើថាស៊ើកសេសទី១ នៃនគរពើស៊ី។ ស្តេចអើថាស៊ើកសេសបានតាំងលោកនេហេមាជាចៅហ្វាយលើស្រុកយូដា។ ព្រះគម្ពីរក៏បានកត់ត្រាថា មហេសីរបស់ស្តេចក៏ស្ថិតនៅក្នុងអង្គប្រជុំនេះដែរ។ តើរឿងនេះប្រាប់យើងអ្វីខ្លះ? យើងដឹងថា ការដែលមហេសីចូលរួមក្នុងពិធីដ៏ធំបែបនេះពុំមែនជាទម្លាប់ធម្មតាទេ។ ហេតុនោះស្តាប់ទៅទំនងជាការប្រជុំរបស់លោកនេហេមាជាមួយស្តេចកើតឡើងក្នុងពេលលៀងសោយភោជន៍នាពេលល្ងាចក្រៅផ្លូវការ។ លោកនេហេមាពុំបានលើកឡើងពីបញ្ហាក្នុងក្រុងយេរូសាឡិមភ្លាមៗទេ។ លោកនេហេមាចាប់ផ្តើមទូលប្រាប់ពីមូលហេតុដែលលោកកើតទុក្ខព្រួយ។ ក្រោយមក លោកបានទូលប្រាប់អំពីក្រុងយេរូសាឡិម។ នៅគ្រានោះ លោកនេហេមាក៏បានទទួលសេចក្តីសន្តោសប្រណីពីស្តេច។
ថ្ងៃពុធ ទី៩ តុលា ឆ្នាំ២០១៩
ស្តេចបានរាជានុញ្ញាតឲ្យលោកនេហេមាត្រឡប់ទៅស្រុកវិញ
ស្តេចទ្រង់បានប្រទានសំបុត្រដល់លោកនេហេមាឲ្យនាំយកទៅជូនលោកសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា សាសន៍អាំម៉ូន។ សានបាឡាត និងថូប៊ីយ៉ាគឺជាចៅហ្វាយស្រុកដែលគ្រប់គ្រងនៅឯនាយទន្លេ។ សំបុត្ររបស់ស្តេចបានប្រាប់ដល់លោកសានបាឡាត និងលោកថូប៊ីយ៉ាឲ្យអនុញ្ញាតឲ្យលោកនេហេមាធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ពួកគេឆ្ពោះទៅស្រុករបស់លោកដោយសុខសាន្ត។ បន្ទាប់មក ស្តេចក៏បានចេញរាជបញ្ជាដល់លោកអេសាប ដែលជាមេព្រៃ ឲ្យផ្តល់ឈើទាំងអស់តាមដែលលោកត្រូវការសម្រាប់កសាងទីក្រុង កំផែង និងក្លោងទ្វារព្រះវិហារ។
សូមអានខគម្ពីរនេហេមា ២:៩, ១០។ ខទាំងនេះប្រាប់យើងអំពីការវាយប្រហារដែលនឹងកើតឡើងឆាប់ៗចំពោះលោកនេហេមា និងពួកយូដា។ តើអ្នកណាជាអ្នកវាយប្រហារមកលើលោកនេហេមា និងពួកសាសន៍យូដា? តើពួកមេដឹកនាំទាំងនេះវាយប្រហារមកលើអ្នកបម្រើព្រះ និងរាស្ត្ររបស់ព្រះអង្គតាមវិធីអ្វីខ្លះ?
លោកនេហេមាបានមកដល់ក្រុងយេរូសាឡិមនៅម្តុំឆ្នាំ ៤៤៥ ឬ៤៤៤ មុនគ្រិស្តសករាជ។ សំបុត្ររបស់ស្តេចផ្ញើជូនចៅហ្វាយស្រុកទាំងពីរបានបង្កបញ្ហាដល់ពួកយូដា។ សានបាឡាត និងថូប៊ីយ៉ាបានព្យាយាមរារាំងលោកនេហេមាមុនពេលដែលលោកចាប់ផ្តើមធ្វើអ្វីទាំងអស់! ថូប៊ីយ៉ាគឺជាឈ្មោះតាមភាសាសាសន៍យូដា ដែលមានន័យថា «ព្រះអម្ចាស់ទ្រង់ល្អ»។ (កូនប្រុសរបស់ថូប៊ីយ៉ាឈ្មោះយេហូហាណានក៏មានឈ្មោះជាភាសាសាសន៍យូដាដែរ មានន័យថា «ព្រះអម្ចាស់បង្ហាញសេចក្តីសប្បុរស»)។ លោកថូប៊ីយ៉ាធ្វើការជាចៅហ្វាយលើពួកអាំម៉ូនដែលស្ថិតនៅដែនដីប៉ែកខាងកើតនៃស្រុកយូដា។ សានបាឡាតគឺជាចៅហ្វាយលើស្រុកសាម៉ារីដែលនៅប៉ែកខាងជើង។ កេសែម សាសន៍អារ៉ាប់ គ្រប់គ្រងដែនដីនៅប៉ែកខាងត្បូង។ កេសែមក៏គ្រប់គ្រងលើដែនដីរបស់អេដំម និងម៉ូអាប់ដែរ។ ហេតុនោះ យេរូសាឡិមមានសត្រូវនៅគ្រប់ទិស! ពួកមេដឹកនាំនៃប្រទេសដែលនៅជុំវិញក្រុងយេរូសាឡិមចង់តែកម្ចាត់លោកនេហេមាចោល។ ហេតុអ្វី? ពីព្រោះលោកបានបង្ហាញសេចក្តីសប្បុរសដល់មនុស្សទ័លក្រ និងមនុស្សដទៃទៀតដែលមេដឹកនាំអាក្រក់ទាំងនេះធ្វើបាប។
«លោកនេហេមាបានធ្វើដំណើរមកក្រុងយេរូសាឡិមជាមួយនឹងទាហានរបស់ស្តេច។ ស្តេចទ្រង់បានចាត់ទាហានឲ្យការពារលោកនេហេមា។ ពួកចៅហ្វាយស្រុកទាំងនោះកើតចិត្តច្រណែនពេលដែលពួកគេឃើញលោកនេហេមាមកដល់ជាមួយនឹងទាហានទាំងអស់នោះ។ ទាហានគឺជាសញ្ញានៃសេចក្តីសន្តោសប្រោសរបស់ស្តេច។ ពួកគេបង្ហាញប្រាប់ទៅពួកចៅហ្វាយស្រុកថា ស្តេចបានចាត់លោកនេហេមាឲ្យធ្វើកិច្ចការដ៏មានសារៈសំខាន់។ ពួកចៅហ្វាយស្រុកស្អប់ពួកសាសន៍យូដាខ្លាំងណាស់។ ជាញឹកញាប់ពួកគេបានធ្វើបាប និងប្រព្រឹត្តអាក្រក់មកលើពួកយូដា។ តួចិត្តអាក្រក់ធំៗមានសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ថូប៊ីយ៉ាជាសាសន៍អាំម៉ូន និងកេសែមជាសាសន៍អារ៉ាប់។ ពួកមេដឹកនាំទាំងបីឃ្លាំចាំមើលគ្រប់សកម្មភាពទាំងអស់របស់លោកនេហេមាតាំងពីដំបូងទី។ ពួកគេព្យាយាមចាប់កំហុសរបស់លោក។ មនុស្សទាំងនេះបានប្រើអំណាចរបស់ពួកគេទាំងអស់ដើម្បីរារាំងផែនការ និងកិច្ចការរបស់លោកនេហេមា»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 635, adapted។
ថ្ងៃព្រហស្បតិ៍ ទី១០ តុលា ឆ្នាំ២០១៩
លោកនេហេមាត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចការរបស់លោក
ច្បាស់ណាស់ យើងឃើញថាព្រះអម្ចាស់បានប្រទានកិច្ចការឲ្យលោកនេហេមាធ្វើ។ ព្រះទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងដែលលោកត្រូវការដើម្បីឲ្យលោកយកទៅធ្វើការនោះ។ លោកនេហេមាបានជឿទុកចិត្តលើសេចក្តីសន្យារបស់ព្រះ។ លោកនេហេមាដឹងថា ព្រះទ្រង់នឹងជួយដល់លោក ព្រមទាំងប្រទានកិច្ចការនេះឲ្យលោកធ្វើដែរ។ ហេតុនោះ លោកត្រូវតែធ្វើវា។ ប៉ុន្តែលោកនៅតែពុំមានឱកាស។ លោកបានខិតខំធ្វើកិច្ចការរបស់លោកដោយប្រុងប្រយ័ត្ន។ លោកអធិដ្ឋានសម្រាប់គ្រប់ករណីទាំងអស់។
ខគម្ពីរនេហេមា ២:១១‑២០ បង្ហាញប្រាប់យើងអំពីសកម្មភាពដែលលោកនេហេមាត្រៀមសម្រាប់កសាងកំផែងឡើងវិញ។ តើលោកនេហេមាបានធ្វើអ្វីខ្លះ?
យើងអាចរៀនបានច្រើនអំពីរបៀបក្លាយជាមេដឹកនាំល្អចេញពីសកម្មភាពរបស់លោកនេហេមាដែលបានត្រៀមខ្លួនសម្រាប់ធ្វើកិច្ចការរបស់លោក។
មេរៀនទី១៖ លោកនេហេមាពុំបានប្រាប់នរណាម្នាក់អំពីផែនការរបស់លោកឡើយ។ លោកមានប្រសាសន៍ថា «ខ្ញុំមិនបានប្រាប់ឲ្យអ្នកណាដឹង ពីការដែលព្រះនៃខ្ញុំ ទ្រង់បានបណ្តាលចិត្តខ្ញុំឲ្យធ្វើសម្រាប់ក្រុងយេរូសាឡិមឡើយ» (នេហេមា ២:១២)។ ខនេះបង្ហាញប្រាប់យើងអ្វីមួយផ្សេងទៀតដែលសំខាន់។ ដូចដែលយើងឃើញយ៉ាងច្បាស់ហើយថា លោកនេហេមាពុំបានប្រាប់ផែនការរបស់លោកដល់ពួកសត្រូវឡើយ។ ប៉ុន្តែ លោកក៏ពុំបានប្រាប់ដល់មេដឹកនាំសាសន៍យូដាផងដែរ។ លោកបានចេញទៅនៅពេលយប់ជាមួយនឹងមនុស្សបួនដប់នាក់។ ពួកគេបានក្រឡេកមើលទីក្រុងដើម្បីឲ្យដឹងថា តើពួកគេត្រូវធ្វើអ្វីខ្លះ។
មេរៀនទី២៖ មុនពេលដែលលោកចាប់ផ្តើមសកម្មភាពណាមួយ លោកបានធ្វើរឿងមួយដ៏សំខាន់ជាមុនសិន។ លោកបានរៀបផែនការអំពីកិច្ចការទាំងអស់ដែលនឹងត្រូវធ្វើ។
មេរៀនទី៣៖ ឥឡូវនេះដល់ពេលដែលត្រូវត្រៀមខ្លួនរួចរាល់ហើយដើម្បីលើកអំពីផែនការរបស់លោក។ ដំបូង លោកបានប្រាប់មេដឹកនាំនៃរាស្ត្ររបស់ព្រះអំពីអ្វីៗគ្រប់យ៉ាងដែលព្រះទ្រង់បានធ្វើដើម្បីនាំលោកមកទល់នឹងពេលនេះ។ បន្ទាប់មក លោកនេហេមាបានបន្ថែមបន្ទូល និងសេចក្តីសន្យារបស់ស្តេចថាព្រះអង្គចាំជួយជានិច្ច។ បន្ទាប់មក ការអស្ចារ្យក៏បានកើតឡើង។ ពិតមែនហើយ មេដឹកនាំដែលនៅឯនាយទន្លេបានព្យាយាមរារាំងពួកគេ។ ប៉ុន្តែ ពួកគេនៅតែខំប្រឹងពុះពារទៅមុខជានិច្ច។ ព្រះទ្រង់បានត្រៀមឲ្យស្តេចចាំជួយដល់លោកនេហេមាហើយ។ ឥឡូវនេះ ព្រះទ្រង់បង្ហាញប្រាប់លោកនេហេមាថា ព្រះអង្គក៏បានជួយឲ្យពួកគេត្រៀមខ្លួនជាស្រេចដែរ។ មេដឹកនាំនៃរាស្ត្ររបស់ព្រះបានយល់ព្រមជួយលោកនេហេមាយ៉ាងអស់ពីចិត្តរបស់ពួកគេ។ ពួកគេបានឆ្លើយតបដល់លោកដោយទឹកចិត្តក្លាហាន និងថាមពលខ្លាំងក្លា។
សូមអានខគម្ពីរនេហេមា ២:១៩, ២០។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីសេចក្តីជំនឿរបស់លោកនេហេមា?
លោកនេហេមាពុំខ្លាចនឹងរាប់បញ្ចូលព្រះទៅក្នុងគ្រប់ទាំងពាក្យសម្តី និងសកម្មភាពរបស់លោកឡើយ។ លោកនេហេមាបានលើកតម្កើងសិរីល្អរបស់ព្រះ បើទោះបីជាបណ្តាជនសើចចំអកឲ្យ និងមិនជឿលើព្រះជាម្ចាស់ក្តី។
ថ្ងៃសុក្រ ទី១១ តុលា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន “A Man of Opportunity,”pages 628-634, in Prophets and Kings.
លោកនេហេមាគឺជាមនុស្សដែលជឿជាក់លើសេចក្តីអធិដ្ឋាន។ «ជាញឹកញាប់លោកតែងស្រែករកព្រះឲ្យជួយបណ្តាជនរបស់លោក។ ប៉ុន្តែ ឥឡូវនេះ ខណៈដែលលោកនេហេមាបានអធិដ្ឋាន ផែនការដ៏បរិសុទ្ធមួយក៏បានលេចឡើងក្នុងគំនិតរបស់លោក។ លោកបានសម្រេចចិត្តថា នឹងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។ លោកនឹងជួយសាសន៍អ៊ីស្រាអែលឲ្យក្លាយជាប្រទេសរឹងមាំឡើងវិញម្តងទៀត។ ប៉ុន្តែដំបូង លោកត្រូវតែទទួលជំនួយពីស្តេចជាមុនសិន។ បន្ទាប់មក លោកនេហេមាត្រូវមានសម្ភារៈចាំបាច់គ្រប់គ្រាន់សម្រាប់សាងសង់។ ហេតុនោះ លោកនេហេមាក៏បានទូលសូមឲ្យព្រះអម្ចាស់ប្រទានពរដល់លោក។ លោកនេហេមាបានអធិដ្ឋានសូមឲ្យព្រះបណ្តាលចិត្តស្តេចឲ្យជួយដល់លោក។ បន្ទាប់មកលោកក៏អាចអនុវត្តផែនការរបស់ព្រះបាន។ លោកនេហេមាអធិដ្ឋានថា ‘សូមចម្រើនដល់ទូលបង្គំជាអ្នកបម្រើ ទ្រង់ ដោយប្រោសប្រទានឲ្យមនុស្សនេះមានចិត្តមេត្តាដល់ទូលបង្គំនៅថ្ងៃនេះ’ (នេហេមា ១:១១)។ លោកនេហេមាបានរង់ចាំអស់រយៈពេលបួនខែទម្រាំតែព្រះឆ្លើយតបទៅនឹងសេចក្តីអធិដ្ឋានរបស់លោក។ បន្ទាប់មក ពេលដ៏សមគួរក៏បានមកដល់ ព្រះទ្រង់ក៏បានប្រទានឱកាសមួយដល់លោកដើម្បីទូលសូមឲ្យស្តេចជួយ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, pages 629, 630, adapted។
សំនួរពិភាក្សា៖
- ព្រះគម្ពីរបង្ហាញប្រាប់យើងថា រាស្ត្ររបស់ព្រះបានឆ្លងកាត់បទពិសោធន៍យ៉ាងលំបាកជាច្រើនពេលដែលពួកគេធ្វើការថ្វាយព្រះអង្គ។ តើលោកអ្នកអាចរកឃើញគំរូណាមួយក្នុងអ្នកបម្រើព្រះណាម្នាក់ដែលពុំបានជួបគ្រាលំបាក ឬឆ្លងកាត់បទពិសោធន៍ដ៏អាក្រក់ដែរឬទេ? តើចម្លើយរបស់លោកអ្នកប្រាប់លោកអ្នកអំពីមូលហេតុដែលយើងមិនគួរពិបាកចិត្តអំពីបញ្ហា ឬឧបសគ្គដែលកើតឡើងខណៈដែលយើងកំពុងធ្វើកិច្ចការថ្វាយព្រះដែរឬទេ?
- សូមអាននេហេមា ២:១៨។ តើខនេះប្រាប់យើងអ្វីខ្លះអំពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងថ្វាយព្រះ? តើទីបន្ទាល់ទាំងនោះមានអានុភាពប៉ុនណាដែរ? តើការដែលមេដឹកនាំសាសន៍យូដាយល់ព្រមជួយដល់លោកនេហេមា និងគាំទ្រដល់កិច្ចការរបស់លោកមានសារៈសំខាន់ដូចម្តេចខ្លះ?
- លោកអែសរ៉ា និងលោកនេហេមាពុំអាចនឹងធ្វើអ្វីបានឡើយបើគ្មានជំនួយពីស្តេចនោះ។ មនុស្សទាំងនេះបានសហការជាមួយនឹងមេដឹកនាំដែលមិនជឿលើព្រះ។ ក្នុងនាមជាពួកជំនុំ តើយើងអាចសហការល្អជាមួយនឹងមេដឹកនាំក្នុងសហគមន៍របស់យើងយ៉ាងដូចម្តេចដែរ? ក្នុងពេលដំណាលគ្នានេះ តើហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្នខ្ពស់ពេលដែលធ្វើការជាមួយពួកគេ?
- សូមអានសេចក្តីអធិដ្ឋានរបស់លោកនេហេមានៅក្នុងថ្នាក់ (នេហេមា ១:១‑១១)។ តើសេចក្តីអធិដ្ឋាននេះបង្រៀនលោកអ្នកអ្វីខ្លះដែលជួយលោកអ្នកឲ្យកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់? តើសេចក្តីអធិដ្ឋាននេះបង្រៀនលោកអ្នកអ្វីខ្លះអំពីការជឿទុកចិត្តលើសេចក្តីសន្យារបស់ព្រះ? តើសេចក្តីអធិដ្ឋាននេះបង្រៀនលោកអ្នកអ្វីខ្លះអំពីការលន់តួអំពើបាបរបស់លោកអ្នក និងការថ្វាយខ្លួនរបស់លោកអ្នកទាំងស្រុងដល់ ព្រះជាម្ចាស់នោះ?