ថ្ងៃសៅរ៍ ទី១២ មករា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ២:៨-៣:១៧ ម៉ាថាយ ២៤:១៤-៤៤ ថែស្សាឡូនីចទី១ ៥:១-៨ ហូសេ ១២:៨។
ខចងចាំ៖ «ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ» (វិវរណៈ ៣:២១)។
នៅលើកោះប៉ាត់ម៉ុស ព្រះយេស៊ូវបង្គាប់ឲ្យលោកយ៉ូហានសរសេរសំបុត្រទៅកាន់រាស្ត្ររបស់ព្រះអង្គនៅក្នុងពួកជំនុំទាំង៧នៅអាស៊ី។ ពីដំបូងឡើយ លោកយ៉ូហានផ្ញើសំបុត្រនោះទៅកាន់តែពួកជំនុំទាំងប្រាំពីរនោះទេ។ ប៉ុន្តែលោកយ៉ូហានក៏បានសរសេរសំបុត្រនោះសម្រាប់គ្រីស្ទានគ្រប់ទិសទីដែរ ទោះបើ ឥឡូវឬកាលពីអតីតកាលក្ដី។
យើងឃើញថាសារនីមួយៗមាន៦ផ្នែកដូចគ្នា។ (១) ទីមួយ ព្រះយេស៊ូវហៅឈ្មោះពួកជំនុំនីមួយៗ។ (២) ទីពីរ សារនីមួយៗផ្ដើមដោយប្រយោគដូចគ្នាគឺ៖ «ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា»។ នៅក្នុងនេះក៏មានរូបស័ព្ទខ្លះដែលជួយឲ្យយើងដឹងថាព្រះអង្គប្រទានគ្រប់តាមសេចក្ដីត្រូវការរបស់ពួកជំនុំទាំងប្រាំពីរ។ (៣) បន្ទាប់មកព្រះយេស៊ូវប្រាប់ទៅពួកជំនុំនីមួយៗពីអ្វីដែលគេធ្វើត្រូវឬខុស។ (៤) បន្ទាប់មកព្រះយេស៊ូវប្រាប់ទៅពួកជំនុំពីការដែលគេត្រូវធ្វើដើម្បីកែប្រែពីខុសមកត្រូវវិញ។ (៥) ព្រះយេស៊ូវបង្គាប់ឲ្យពួកជំនុំនីមួយៗស្ដាប់បង្គាប់ព្រះវិញ្ញាណបរិសុទ្ធ។ (៦) ព្រះយេស៊ូវប្រទានសេចក្ដីសន្យាដល់រាស្ត្ររបស់ទ្រង់ណាដែលយកឈ្នះបាបបានជោគជ័យ។
កាលពីសប្ដាហ៍មុនយើងបានក្រឡេកមើលសាររបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំអេភេសូរ។ សប្ដាហ៍នេះយើងនឹងសិក្សាទៅលើសាររបស់ព្រះអង្គទៅកាន់ពួកជំនុំប្រាំមួយទៀត។ យើងនឹងឃើញថាព្រះអង្គបានបំពេញតាមសេចក្ដីត្រូវការរបស់ពួកជំនុំនីមួយៗកាលពីសម័យដើម។ ដូច្នេះយើងអាចទុកចិត្តបានថាព្រះយេស៊ូវនឹងបំពេញសេចក្ដីត្រូវការរបស់ពួកជំនុំយើងរាល់គ្នានាសម័យបច្ចុប្បន្នដែរ។
ថ្ងៃអាទិត្យ ទី១៣ មករា ឆ្នាំ២០១៩
សាររបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំស្មឺន៉ា និងពើកាម៉ុស
ទីក្រុងស្មឺន៉ា គឺជាទីក្រុងមួយដ៏ស្រស់ស្អាតព្រមទាំងជាទីក្រុងមានស្ដុកស្ដម្ភមួយនៅសម័យលោកយ៉ូហាន។ ប៉ុន្តែចៅហ្វាយក្រុងស្មឺន៉ាបានបង្កើតជាច្បាប់មួយដែលតម្រូវឲ្យប្រជាជនគ្រប់រូបថ្វាយបង្គំព្រះចៅអធិរាជក្រុងរ៉ូមទុកជាព្រះ។ អស់អ្នកណាដែលមិនព្រមកាន់តាមច្បាប់នេះអាចបាត់បង់សិទ្ធអំណាចស្របច្បាប់របស់ពួកគេ។ អំណាចស្របច្បាប់នេះអនុញ្ញាតឲ្យពួកគេអាចធ្វើរឿងផ្សេងៗក្នុងនាមជាប្រជាពលរដ្ឋម្នាក់។ ឯអស់អ្នកណាដែលប្រកែកមិនព្រមធ្វើតាមនឹងត្រូវរងការវាយប្រហារឬសម្លាប់ទៀតផង។
នៅក្នុងវិវរណៈ ២:៨-១១ ព្រះយេស៊ូវនិម្មិតអង្គទ្រង់ឲ្យពួកជំនុំស្មឺន៉ាឃើញ។ តើការបរិយាយពីអង្គទ្រង់របស់ព្រះយេស៊ូវជួយឲ្យយើងដឹងថាមានរឿងអ្វីចំពោះពួកជំនុំដែរឬទេ? តើព្រះយេស៊ូវព្រមានពួកជំនុំស្មឺន៉ាយ៉ាងដូចម្ដេចខ្លះអំពីសេចក្ដីវេទនាដែលនឹងកើតមាននាពេលអនាគត?
សារព្រះយេស៊ូវទៅកាន់ពួកជំនុំស្មឺន៉ាក៏សម្រាប់ពួកជំនុំទាំងអស់នៅជំនាន់២០០ឆ្នាំបន្ទាប់ពីការស្លាប់របស់លោកយ៉ូហាន។ អាណាចក្ររ៉ូមឃោរឃៅមកលើគ្រីស្ទានខ្លាំងណាស់។ ពួករ៉ូមធ្វើទុក្ខបុកម្នេញពួកគេដោយព្រោះជំនឿរបស់គេ។ រយៈកាល «១០ថ្ងៃ» ដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងវិវរណៈ ២:១០ គឺជារូបស័ព្ទ។ នៅក្នុងសារពិសេសៗស្ដីអំពីពេលវេលានៅក្នុងព្រះគម្ពីរ គេច្រើនប្រើពាក្យមួយថ្ងៃតំណាងឲ្យមួយឆ្នាំ។ ដូច្នេះ «១០ថ្ងៃ» នោះបង្ហាញយើងពីរយៈពេល១០ឆ្នាំដែលអាណាចក្ររ៉ូមធ្វើទុក្ខបុកម្នេញដល់គ្រីស្ទាន គឺពីឆ្នាំ ៣០៣ គ.ស ដល់ឆ្នាំ ៣១៣ គ.ស។ នៅឆ្នាំ៣១៣ អធិរាជកុងសង់ទីនបានផ្ដល់សេរីភាពខាងសាសនាដល់គ្រីស្ទានវិញ។
អានវិវរណៈ ២:១២-១៥។ តើព្រះយេស៊ូវបង្ហាញអង្គទ្រង់ជាយ៉ាងណាតាមរយៈខទាំងនេះទៅកាន់ពួកជំនុំពើកាម៉ុស? តើព្រះយេស៊ូវមានបន្ទូលថាពួកជំនុំនោះទាស់ខុសត្រង់ណា?
ព្រះក្លែងក្លាយនិងវិហាររបស់ពួកគេហ៊ុំព័ទ្ធគ្រីស្ទានគ្រប់ទីកន្លែងនៅក្រុងពើកាម៉ុស។ គ្រីស្ទានភាគច្រើននៅតែស្មោះស្ម័គ្រជាមួយនឹងព្រះ។ ប៉ុន្តែមានមួយក្រុមចាប់ផ្ដើមយល់ថាពួកជំនុំគួរតែបូកបញ្ចូលសេចក្ដីបង្រៀនរបស់ព្រះគម្ពីរជាមួយនឹងការថ្វាយបង្គំព្រះក្លែងក្លាយ។ ពួកគេជឿថាប្រសិនបើពួកជំនុំព្រមឲ្យមានការផ្លាស់ប្ដូរខ្លះ ពេលនោះការធ្វើទុក្ខបុកម្នេញរបស់រ៉ូមនឹងលែងមានតទៅទៀត។ ក្រុមនេះមានឈ្មោះថា នីកូឡាអេតែន (Nicolaitans [né-ko-la-é’tens])។
សារទៅកាន់ពួកជំនុំពើកាម៉ុសគឺជារូបស័ព្ទ។ ជាការបង្ហាញពីរឿងដែលកើតឡើងក្នុងពួកជំនុំ គ្រីស្ទានពីឆ្នាំ ៣១៣-៥៣៨ គ.ស។ នាសម័យនោះ ពួកគ្រីស្ទានទទួលបានសេរីភាពក្នុងការថ្វាយបង្គំព្រះ។ អ្នកជឿជាច្រើននៅជំនាន់នេះនៅតែស្មោះស្ម័គ្រជាមួយដំណឹងល្អអំពីព្រះយេស៊ូវ។ ប៉ុន្តែអ្នកជឿខ្លះទៀតបានបែរចេញពីសេចក្ដីពិត។ បន្ទាប់មកក្ដីជំនឿនិងសេចក្ដីស្រឡាញ់របស់ពួកជំនុំចំពោះសេចក្ដីពិតក៏ចាប់ផ្ដើមចុះខ្សោយ។
ថ្ងៃច័ន្ទ ទី១៤ មករា ឆ្នាំ២០១៩
សារព្រះយេស៊ូវទៅកាន់ពួកជំនុំធាទេរ៉ា
ទីក្រុងធាទេរ៉ាពុំមែនជាទីក្រុងសំខាន់នៅក្នុងអាណាចក្ររ៉ូមឡើយ។ ទីក្រុងនេះពុំមានឈ្មោះល្បីល្បាញរឿងជីវភាពរស់នៅ សិល្បៈ ម្ហូបចំណី ឬការរាំរែកដូចជាទីក្រុងនៃអាណាចក្ររ៉ូមដទៃទៀតនោះទេ។ ប៉ុន្តែធាទេរ៉ាល្បីរឿងមួយពោលគឺ៖ ជាទីក្រុងដែលមានជំនួញយ៉ាងធំ។ នៅទីក្រុងនេះ ប្រសិនបើលោកអ្នកចង់បើកអាជីវកម្មមួយឬធ្វើការណាមួយ លោកអ្នកត្រូវចូលរួមក្នុងក្លឹបជំនួញពិសេសមួយជាមុនសិន។ ក្លឹបទាំងនោះគេឲ្យឈ្មោះថា ហ្គីល (guilds)។ អ្នកដែលចង់ចូលក្រុមនេះត្រូវធ្វើរឿងពិសេសខ្លះដើម្បីបានចូលក្រុម។ ពួកគេត្រូវទៅចូលរួមពិធីជប់លៀងផ្សេងៗរបស់ហ្គីល។ សមាជិកហ្គីលក៏ថ្វាយបង្គំព្រះក្លែងក្លាយដែរ។ កិច្ចការខ្លះដែលសមាជិកហ្គីលទាំងនេះធ្វើនៅក្នុងវិហាររបស់ព្រះក្លែងក្លាយរបស់គេជារឿងដែលខុសឆ្គងហើយអាក្រក់ខ្លាំងណាស់។ ចុះអ្នកដែលមិនព្រមធ្វើតាមសេចក្ដីដែលក្រុមហ្គីលបង្គាប់ឲ្យគេធ្វើមានរឿងអ្វី? គេនឹងត្រូវគេកាត់ឈ្មោះចោលជាមិនខាន។ ពេលនោះនឹងមិនអាចទិញឬលក់អ្វីឡើយ។
អានវិវរណៈ ២:១៨-២៩។ នៅក្នុងខទាំងនេះ តើព្រះយេស៊ូវបង្ហាញទ្រង់ជាយ៉ាងណាទៅកាន់ពួកជំនុំធាទេរ៉ា? មូលហេតុអ្វីបានជាព្រះយេស៊ូវសរសើរពួកជំនុំនេះ? តើពួកជំនុំនេះមានបញ្ហាអ្វីដែរ?
គ្រោះថ្នាក់ដែលពួកជំនុំធាទេរ៉ាជួបប្រទះក៏ដូចគ្នាទៅនឹងពួកជំនុំពើកាម៉ុសដែរ។ ពួកជំនុំទាំងពីរកំពុងគ្រោះថ្នាក់ដោយការលះចោលសេចក្ដីពិតក្នុងព្រះគម្ពីរដោយព្រោះពួកគេចង់សម្របខ្លួនទៅតាមមនុស្សដែលនៅជុំវិញខ្លួនឲ្យបានកាន់តែច្រើន។ នៅក្នុងសាររបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំធាទេរ៉ា ព្រះយេស៊ូវ មានបន្ទូលអំពីព្រះនាង «យេសិបិល»។ នាងជាព្រះនាងអាក្រក់ដែលបានរៀបអភិសេកជាមួយស្ដេចអ័ហាប់។ ព្រះនាងយេសិបិលបាននាំរាស្ត្ររបស់ព្រះឲ្យធ្វើបាបជាខ្លាំងទាស់នឹងព្រះហើយបែរចេញពីព្រះអង្គ (ពង្សាវតាក្សត្រទី១ ១៦:៣១-៣៣)។ ព្រះនាងយេសិបិលនៅត្រង់នេះគឺព្រះយេស៊ូវប្រើជារូបស័ព្ទតំណាងឲ្យមនុស្សដែលមិនស្មោះត្រង់ជាមួយនឹងព្រះ។ តើនរណាជាអ្នកជួយព្រះនាងយេសិបិលឲ្យធ្វើកិច្ចការរបស់ព្រះនាងបាន? អស់អ្នកណាដែលទទួលយកការបង្រៀនរបស់ព្រះនាងយេសិបិលហើយបង្រៀនអ្នកដទៃទៀតឲ្យរស់នៅនិងប្រព្រឹត្តដូចជាព្រះនាងដែរ។
ពួកជំនុំធាទេរ៉ាគឺជារូបស័ព្ទតំណាងឲ្យពួកជំនុំគ្រីស្ទាននាយុគកណ្ដាល (៥៣៨-១៥៦៥គ.ស)។ គ្រោះថ្នាក់ធំបំផុតសម្រាប់ពួកជំនុំនាជំនាន់នោះគឺពុំមែនមកពីក្រៅទេតែគឺមកពីក្នុងពួកជំនុំវិញ។ នៅជំនាន់នោះ ទស្សនៈរបស់មនុស្សចាប់ផ្ដើមសំខាន់ជាងសេចក្ដីបង្រៀនរបស់ព្រះគម្ពីរ។ ពួកជំនុំក៏បង្រៀនអ្នកមានបាបថាគឺការប្រព្រឹត្តអាចជួយសង្គ្រោះពួកគេបានមិនមែនព្រះយេស៊ូវនោះទេ។ អស់អ្នកណាដែលមិនយល់ស្របជាមួយនឹងច្បាប់ថ្មីរបស់ពួកជំនុំនឹងត្រូវគេធ្វើទុក្ខឬសម្លាប់។ រាប់រយឆ្នាំនាជំនាន់នោះ ដំណឹងល្អអំពីព្រះយេស៊ូវត្រូវលាក់កំបាំងពីចិត្តនិងគំនិងរបស់មនុស្សដោយព្រោះការបង្រៀនក្លែងក្លាយទាំងនេះ។
ថ្ងៃអង្គារ ទី១៥ មករា ឆ្នាំ២០១៩
សារព្រះយេស៊ូវទៅកាន់ពួកជំនុំសើដេស
ទីក្រុងសើដេសមានប្រវត្តិយ៉ាងអស្ចារ្យ។ ប៉ុន្តែមកដល់សម័យដែលអាណាចក្ររ៉ូមគ្រងផែនដី ទីក្រុងនេះបានបាត់បង់កេរ្តិ៍ឈ្មោះទៅហើយ។ ទីក្រុងនេះនៅធូរធារផ្នែកទ្រព្យសម្បត្តិដដែលប៉ុន្តែភាពល្បីរន្ទឺទាំងប៉ុន្មានរបស់ទីក្រុងនេះរលាយបាត់អស់។ ទីក្រុងនេះសង់នៅលើភ្នំមួយខ្ពស់។ ការឡើងលើភ្នំនេះពុំមែនជាការងាយស្រួលទេ។ ដូច្នេះសត្រូវពិបាកនឹងវាយមកក្រុងសើដេសណាស់។ ប្រជាជនរស់នៅក្នុងក្រុងនេះមានអារម្មណ៍ថាមានសុវត្ថិភាពណាស់។ ពួកគេមិនបានយាមកាមកំពែងទីក្រុងដោយប្រុងប្រយ័ត្នទេ។
អានវិវរណៈ ៣:១-៦ រួមជាមួយនឹង ម៉ាថាយ ២៤:៤២-៤៤ និងថែស្សាឡូនីចទី១ ៥:១-៨។ នៅក្នុងវិវរណៈ ៣:១-៦ តើព្រះយេស៊ូវបង្គាប់ឲ្យបងប្អូនគ្រីស្ទាននៅក្រុងសើដេសធ្វើអ្វីបីយ៉ាងដើម្បីព្យាបាលជំងឺផ្នែកជំនឿរបស់គេ? ព្រះយេស៊ូវព្រមានរាស្ត្ររបស់ព្រះអង្គនៅក្រុងសើដេសឲ្យប្រុងប្រៀបសម្រាប់គ្រោះថ្នាក់។ ព្រះអង្គប្រាប់ឲ្យពួកគេ «ចូប្រយ័ត្ន» (វិវរណៈ ៣:២)។ តើការព្រមានរបស់ព្រះអង្គបង្ហាញថារាស្ត្ររបស់ទ្រង់កំពុងគ្រោះថ្នាក់ដែរទេ? ប្រវត្តិសាស្ត្រនិងការមិនយកចិត្តទុកដាក់យាមកំពែងទីក្រុងរបស់ប្រជាជននៃសើដេសគឺជារូបស័ព្ទ។ តើសេចក្ដីទាំង២នេះបង្រៀនយើងយ៉ាងដូចម្ដេចខ្លះអំពីការខុសឆ្គងខាងផ្នែកជំនឿរបស់រាស្ត្ររបស់ព្រះនៅក្នុងក្រុងសើដេស?
ព្រះយេស៊ូវទ្រង់ជ្រាបថាមានសមាជិកមួយចំនួននៅក្នុងពួកជំនុំសើដេសដែលនៅតែមានជំនឿស្មោះត្រង់មកលើព្រះ។ មើលពីក្រៅជំនឿពួកគេហាក់នៅក្ដៅគគុក តែពីក្នុងវិញជំនឿគេរលត់បាត់ទៅហើយ។ ព្រះយេស៊ូវពុំបានប្រាប់យើងថាពួកជំនុំនោះបានប្រព្រឹត្តបាបអ្វីនោះទេ។ ប៉ុន្តែពួកជំនុំខ្ជិលច្រអូសជាខ្លាំង។ សមាជិកពួកជំនុំពុំមានជំនឿមុតមាំឡើយ។
សាររបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំសើដេសគឺជារូបស័ព្ទតំណាងឲ្យស្ថានភាពជំនឿរបស់រាស្ត្ររបស់ព្រះចាប់ពីប្រមាណឆ្នាំ ១៥៦៥-១៧៥០គ.ស។ ពួកជំនុំសើដេសបង្ហាញពីលក្ខណៈរបស់ពួកជំនុំប្រូតេស្តង់បន្ទាប់ពីការកែទម្រង់។ ការកែទម្រង់គឺសំដៅទៅលើពេលវេលាមួយនៅទសវត្សឆ្នាំ ១៥០០ នៅពេលដែលពួកជំនុំនៅប៉ែកអ៊ឺរ៉ុបចាប់ផ្ដើមភ្ញាក់រឭករកសេចក្ដីពិតក្នុងព្រះគម្ពីរហើយធ្វើការផ្លាស់ប្ដូរជាច្រើន។ ប៉ុន្តែក្រោយមកពួកជំនុំក៏លែងលូតលាស់ខាងជំនឿដូចមុន។ ពួកគេលែងជឿថាព្រះយេស៊ូវសង្គ្រោះយើងដោយព្រះគុណរបស់ទ្រង់ទៀតហើយ។ ពួកគេយកគំនិតមនុស្សមកជំនួសសេចក្ដីពិតក្នុងព្រះគម្ពីរ។ មើលពីក្រៅពួកជំនុំហាក់មានកម្ដៅ តែពីក្នុងពួកគេរលត់សូន្យសុង។
សាររបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំសើដេសក៏ជាសារសម្រាប់គ្រីស្ទានគ្រប់ទីកន្លែងដែរ។ មានគ្រីស្ទានដែលចូលចិត្តនិយាយពីទំនាក់ទំនងល្អដែលគេមានជាមួយព្រះយេស៊ូវកាលពីអតីតកាល។ ប៉ុន្តែពួកគេគ្មានដំណឹងអ្វីមកប្រាប់អំពីទំនាក់ទំងរបស់គេជាមួយព្រះអង្គនាពេលបច្ចុប្បន្ននេះទេ។ ហេតុអ្វីបានជាយ៉ាងដូច្នេះ? ពីព្រោះសាសនារបស់គេមិនបានផ្ដើមចេញពីចិត្តឡើយ។ ពួកគេមិនជឿដំណឹងល្អ។
ថ្ងៃពុធ ទី១៦ មករា ឆ្នាំ២០១៩
សាររបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំភីឡាដិលភា
ព្រះយេស៊ូវប្រទានសារទីប្រាំមួួយទៅកាន់ពួកជំនុំនៅក្រុងភីឡាដិលភា។ ភីឡាដិលភា មានន័យថា «ក្ដីស្រឡាញ់បងប្អូន»។ ទីក្រុងឋិតនៅជាប់នឹងផ្លូវជំនួញ។ ព្រះយេស៊ូវឲ្យឈ្មោះទីក្រុង នេះថា «ទ្វារចំហ» ពីព្រោះវានាំមនុស្សឲ្យឆ្លងទៅកាន់ដីរាបស្មើដែលមានជីវជាតិល្អសម្រាប់ដាំដុះ។ នៅសម័យព្រះគម្ពីរ អ្នកជំងឺធ្វើដំណើរទៅក្រុងភីឡាដិលភាដើម្បីបានជាសះស្បើយ។
អានគម្ពីរវិវរណៈ ៣:៧-៩។ តើព្រះយេស៊ូវបង្ហាញអង្គទ្រង់បែបណាទៅពួកជំនុំភីឡាដិលភានៅក្នុងខទាំងនេះ? តើរូបភាពនេះជួយយើងឲ្យយល់ពីសេចក្ដីទុក្ខវេទនាដែលពួកជំនុំនេះរងទុក្ខបែបណាខ្លះ? បើបន្ទូលរបស់ព្រះយេស៊ូវដែលថា «ទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ» (វិវរណៈ ៣:៨) បង្ហាញយើងថាមានរឿងអ្វីកំពុងកើតឡើងនៅក្នុងពួកជំនុំនោះ?
សាររបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំភីឡាដិលភាបង្ហាញយើងពីហេតុការណ៍ដែលកំពុងកើតឡើងនៅក្នុងពួកជំនុំប្រូតេស្ដង់នៅអំឡុងគ្រាភ្ញាក់រឭកឡើងវិញទីមួយនិងទីពីរ គឺចាប់ពី ១៧៤០-១៨៤៤គ.ស។ នៅគ្រានោះ ពួកជំនុំប្រូតេស្តង់នៅចក្រភពអង់គ្លេសនិងអាមេរិកកាំងភ្ញាក់រឭកស្វែងរកសេចក្ដីពិតក្នុងព្រះគម្ពីរ។ នៅគ្រានេះ រាស្ត្ររបស់ព្រះបានដឹងថាការកាន់តាមក្រឹត្យវិន័យនិងការ រស់នៅក្នុងជីវិតបរិសុទ្ធគឺជារឿងសំខាន់។ «ទ្វារចំហ» នៅក្នុងវិវរណៈ ៣:៨ គឺជារូបស័ព្ទ។ វាពន្យល់ពីរបៀបចូលទៅក្នុងរោងឧបោសថនៅស្ថានសួគ៌។ រោងឧបោសថនៅស្ថានសួគ៌គឺជាកន្លែងដែលព្រះយេស៊ូវបំពេញព្រះរាជកិច្ចដើម្បីសង្គ្រោះរាស្ត្ររបស់ទ្រង់ពីអំពើបាប។ យើងដឹងថាពាក្យ «ទ្វារចំហ» គឺជារូបស័ព្ទតំណាងឲ្យរោងឧបោសថនៃនគរស្ថានសួគ៌ពីព្រោះលោកយ៉ូហានក៏បានមានប្រសាសន៍អំពីព្រះវិហាររបស់ព្រះនៅក្នុងវិវរណៈ ៣:១២ និងវិវរណៈ ៤:១,២) ដែរ។ ព្រះបានបិទទ្វារមួយនៃរោងឧបោសថនាស្ថានសួគ៌។ តែព្រះអង្គបើកទ្វារមួយផ្សេងទៀត។ ទ្វារទាំងនេះបង្ហាញយើងថានៅ ឆ្នាំ ១៨៤៤ ព្រះយេស៊ូវប្ដូរព្រះរាជកិច្ចរបស់ទ្រង់សម្រាប់យើងនៅនគរស្ថានសួគ៌។
តើវិវរណៈ ៣:១០-១៣ផ្ដល់គន្លឹះឲ្យយើងដឹងថាពេលវេលានៅខ្លីហើយការយាងមកជាលើកទី២របស់ព្រះយេស៊ូវក៏ជិតមកដល់ដែរឬទេ? តើការដែលថាព្រះនឹងចារឹកព្រះនាមរបស់ព្រះអង្គនៅលើរាស្ត្ររបស់ទ្រង់មានអត្ថន័យបែបណា (អានធីម៉ូថេទី២ ២:១៩)? នៅសម័យព្រះគម្ពីរ ឈ្មោះរបស់នរណាម្នាក់បង្ហាញពីចិត្តរបស់បុគ្គលនោះ។ តើនិក្ខមនំ ៣៤:៦ ប្រាប់យើងយ៉ាងដូចម្ដេចអំពី មនុស្សដែលមានព្រះនាមរបស់ព្រះចារឹកនៅលើគេ?
ព្រះនាមរបស់ព្រះគឺជារូបស័ព្ទតំណាងឲ្យក្ដីស្រឡាញ់និងក្រឹត្យវិន័យរបស់ទ្រង់។ ការសន្យារបស់ព្រះដែលថានឹងចារឹកព្រះនាមរបស់ទ្រង់នៅលើរាស្ត្ររបស់ទ្រង់បង្ហាញឲ្យយើងឃើញថាមនុស្សគ្រប់រូបនៅលើផែនដីនេះនឹងឃើញរាស្ត្ររបស់ព្រះស្ដាប់បង្គាប់ក្រឹត្យវិន័យរបស់ព្រះនិងបង្ហាញពីក្ដីស្រឡាញ់របស់ព្រះ។
ថ្ងៃព្រហស្បតិ៍ ទី១៧ មករា ឆ្នាំ២០១៩
គ្រីស្ទាននៅក្នុងព្រះវិហារនៃក្រុងឡៅឌីសេ
សារចុងក្រោយរបស់ព្រះយេស៊ូវគឺផ្ញើទៅកាន់ពួកជំនុំឡៅឌីសេ។ ឡៅឌីសេគឺជាទីក្រុងដែលមានស្ដុកស្ដម្ភ។ ជាក្រុងមួយដែលឋិតនៅលើផ្លូវជំនួញធំនៅក្នុងអាណាចក្ររ៉ូម។ ទីក្រុងនេះល្បីខាងរោមសត្វ ធនាគារ និងសាលាវេជ្ជសាស្ត្រដែលធ្វើឲ្យទីក្រុងនោះក្លាយជាកន្លែងពិសេសសម្រាប់ព្យាបាលភ្នែក។ ធនាគារប្រចាំក្រុងមានសុទ្ធតែមាស។ ទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់ទីក្រុងនេះធ្វើឲ្យចិត្តគំនិតរបស់ប្រជាពលរដ្ឋនៅទីនោះ «ក្រអើត» ដោយអំនួត។ អំឡុងឆ្នាំ៦០ គ្រោះរញ្ជួយដីបានបំផ្លាញទីក្រុងនេះ។ អាណាចក្ររ៉ូមចង់ជួយប្រជាជននៃក្រុងឡៅឌីសេឲ្យសង់ទីក្រុងរបស់ពួកគេឡើងវិញ។ ប៉ុន្តែប្រជាជននៅទីនោះបដិសេធមិនព្រមទទួលជំនួយដោយព្រោះពួកគេយល់ថាខ្លួនមានគ្រប់គ្រាន់សម្រាប់សាងសង់ទីក្រុងឡើងវិញដោយខ្លួនឯង។ ប្រជាជនឡៅឌីសេខ្វះតែទឹកម្យ៉ាងគត់។ ដូច្នេះពួកគេត្រូវតែនាំទុកមកក្រុងតាមរយៈទុយោកប់ក្រោមដី។ ទុយោទឹកទាំងនេះនាំទឹកមកពីទឹកផុស(ក្ដៅ)នៅហែរ៉ាប៉ូលីស (hierapolis)។ ដោយព្រោះតំបន់ហែរ៉ាប៉ូលីសនេះនៅឆ្ងាយ ដូច្នេះទម្រាំទឹកនោះមកដល់ទីក្រុងឡៅឌីសេ សីតុណ្ហភាពទឹកក៏ប្រែពីក្ដៅមកជាឧណ្ហៗ។ គឺថាមិនក្ដៅពេកឬត្រជាក់ពេកឡើយ គឺក្ដៅឧណ្ហៗ។
អានវិវរណៈ ៣:១៤-១៧ និងហូសេ ១២:៨។ នៅក្នុងវិវរណៈ ជំពូក៣ តើព្រះយេស៊ូវប្រាប់ថាពួកជំនុំឡៅឌីសេមានបញ្ហាអ្វី? តើសេចក្ដីដែលលោកអ្នកបានដឹងអំពីពួកជំនុំឡៅឌីសេជួយឲ្យលោកអ្នកយល់ពីមូលហេតុដែលព្រះយេស៊ូវបង្គាប់ឲ្យពួកជំនុំរបស់ទ្រង់នៅឡៅឌីសេធ្វើរឿងពិសេសមួយដើម្បីដោះស្រាយបញ្ហារបស់ពួកគេដែរឬទេ? តើចរិតក្រអើតក្រទមរបស់ប្រជាជននៅទីក្រុងនោះឆ្លងមកក្នុងពួកគ្រីស្ទាននៅទីក្រុងឡៅឌីសេយ៉ាងដូចម្ដេចខ្លះ?
គ្រីស្ទាននៅទីក្រុងឡៅឌីសេគឺប្រៀបបានទៅនឹងទឹកដែលទៅដល់ទីក្រុងរបស់ពួកគេ៖ ពួកគេមិនក្ដៅហើយក៏មិនត្រជាក់ គឺពួកគេបានត្រឹម «ឧណ្ហៗ»។ គេអួតអំពីទ្រព្យសម្បត្តិរបស់ពួកគេហើយអួតពីការដែលគេមិនត្រូវការជំនួយពីអ្នកដទៃ។ ប៉ុន្តែព្រះយេស៊ូវបង្ហាញពួកគេឲ្យដឹងថាពួកគេក្រខ្សត់ អាក្រាត ព្រមទាំងខ្វាក់ខាងឯជំនឿជំនឿប៉ុនណាវិញ។
ពួកជំនុំឡៅឌីសេនៅក្នុងជំនាន់របស់លោកយ៉ូហានគឺជារូបស័ព្ទ។ វាបង្ហាញយើងអំពីជំនឿរបស់ ពួកជំនុំគ្រីស្ទាននៅគ្រាចុងក្រោយនៃផែនដីនេះ។ នៅក្នុងវិវរណៈ ១៦:១៥ ព្រះយេស៊ូវព្រមានរាស្ត្ររបស់ទ្រង់ដែលរស់នៅសម័យចុងក្រោយឲ្យស្លៀកពាក់ដើម្បីកុំឲ្យអ្នកណាឃើញថាពួកគេនៅអាក្រាតកាយឡើយ។ ព្រះអង្គព្រមានរាស្ត្ររបស់ទ្រង់ឲ្យស្លៀក «សម្លៀកបំពាក់» ដែលព្រះអង្គប្រទានដល់ពួកជំនុំនៃក្រុងឡៅឌីសេនៅក្នុងវិវរណៈ ៣:១៧, ១៨។ ប៉ុន្តែពួកជំនុំរបស់ព្រះនៅគ្រាចុងក្រោយយល់ថាពួកគេមិនត្រូវការព្រះយេស៊ូវទេ។ ព្រះយេស៊ូវព្រមានពួកជំនុំរបស់ទ្រង់នៅសម័យចុងក្រោយពីលទ្ធផលដែលពួកគេនឹងទទួលបានប្រសិនបើពួកគេនៅតែអាក្រាតកាយថា៖ ពួកគេនឹងមិនបានសង្គ្រោះឡើយពេលព្រះអង្គយាងមក។
ថ្ងៃសុក្រ ទី២៦ តុលា ឆ្នាំ២០១៩
សិក្សាបន្ថែម
សាររបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំទាំងប្រាំពីរនៅអាស៊ីបង្ហាញពីជំនឿរបស់ពួកជំនុំធ្លាក់ចុះខ្សោយ។ ពួកជំនុំនៅអេភេសូរនៅតែស្មោះស្ម័គ្រជាមួយនឹងព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ។ ប៉ុន្តែពួកគេមិនបានស្រឡាញ់សេចក្ដីពិតនោះដូចដែលគេធ្លាប់ស្រឡាញ់កាលពីពួកគេទើបតែស្រឡាញ់ព្រះយេស៊ូវជាលើកដំបូងឡើយ។ សមាជិកនៃពួកជំនុំស្មឺន៉ានិងភីឡាដិលភាភាគច្រើននៅតែស្មោះស្ម័គ្រនឹងព្រះ។ ពួកជំនុំនៅក្រុងពើកាម៉ុសនិងធាទេរ៉ាត្រូវបែកជាពីររវាងចិត្តស្មោះស្ម័គ្រជាមួយព្រះយេស៊ូវនិងការចង់សម្របខ្លួនឲ្យចុះជាមួយមនុស្សនៅលើលោកិយនេះ។ ពួកគេទទួលការបង្រៀនមិនត្រឹមត្រូវកាន់តែច្រើនឡើងៗរហូតទាល់តែពួកគេបែរចេញពីសេចក្ដីពិតក្នុងព្រះគម្ពីរ។ ពួកជំនុំនៅក្រុងសើដេសត្រូវការជំនួយជាបន្ទាន់។ សមាជិកភាគច្រើនរស់នៅមិនស្របទៅនឹងដំណឹងល្អ។ ប៉ុន្តែមានមនុស្សមួយក្រុមតូចនៅក្រុងសើដេសនេះដែលនៅតែស្មោះស្ម័គ្រជាមួយនឹងព្រះ។ ពួកជំនុំនៅភីឡាដិលភាបង្ហាញយើងឲ្យឃើញពីពេលមួយដែលរាស្ត្ររបស់ព្រះនៅស្មោះស្ម័គ្រជាមួយនឹងទ្រង់ហើយកាន់តាមបញ្ញត្តិរបស់ទ្រង់ ប៉ុន្តែមានគ្នាតិច។ ជំនឿរបស់ពួកជំនុំឡៅឌីសេធ្លាក់ចុះជាខ្លាំងរហូតព្រះយេស៊ូវគ្មានបន្ទូលអ្វីល្អអំពីពួកជំនុំនោះទាល់តែសោះ។
នៅចុងបញ្ចប់នៃសាររបស់ព្រះអង្គទៅកាន់ពួកជំនុំនីមួយៗ ព្រះយេស៊ូវប្រទានសេចក្ដីសន្យាដល់ពួកជំនុំណាដែលធ្វើតាមដំបូន្មានរបស់ទ្រង់។ ឥឡូវនេះសូមយើងក្រឡេកមើលពីសេចក្ដីល្អក្រៃលែងពីសេចក្ដីសន្យាដែលព្រះយេស៊ូវបានសន្យាទៅកាន់ពួកជំនុំនីមួយៗ។ តើលោកអ្នកមើលឃើញទេថា កាលណាពួកជំនុំកាន់តែចុះខ្សោយ ព្រះយេស៊ូវកាន់តែជួយពួកគេហើយព្រះអង្គកាន់តែប្រទានសេចក្ដីសន្យាច្រើនថែមទៀតដល់គេ? សូមមើលតែពួកជំនុំនៅក្រុងអេភេសូរនោះនឹងឃើញជាមិនខាន។ ព្រះយេស៊ូវប្រទានសេចក្ដីសន្យាដល់ពួកគេតែមួយទេ។ ប៉ុន្តែគ្រាដែលជំនឿរបស់ពួកជំនុំបន្ទាប់ពីក្រុងអេភេសូរចេះតែចុះខ្សោយ ព្រះយេស៊ូវប្រទានសេចក្ដីសន្យាកាន់តែច្រើនដល់ពួកគេជាងពួកជំនុំមុនៗ។ ពួកជំនុំចុងក្រោយដែលត្រូវទទួលសេចក្ដីសន្យាគឺពួកជំនុំឡៅឌីសេ។ ពួកជំនុំឡៅឌីសេគឺទន់ខ្សោយជាងពួកជំនុំណាៗទាំងអស់។ សេចក្ដីដែលយើងគួរភ្ញាក់ផ្អើលនោះគឺថា ពួកជំនុំឡៅឌីសេទទួលបានសេចក្ដីសន្យាតែមួយប៉ុណ្ណោះ។ តែជាសេចក្ដីសន្យាដែលធំជាងគេបង្អស់គឺ៖ បានអង្គុយនៅលើបល្ល័ង្កជាមួយនឹងព្រះយេស៊ូវ (វិវរណៈ ៣:២១)!
សំនួរពិភាក្សា៖
- នៅពេលដែលពួកជំនុំនៅក្នុងគម្ពីរវិវរណៈចុះខ្សោយ ព្រះយេស៊ូវប្រទានសេចក្ដីសន្យាកាន់តែច្រើនដើម្បីជួយដល់ពួកគេ។ តើសេចក្ដីនេះជួយបង្ហាញយើងថាព្រះគុណរបស់ព្រះអង្គមានលក្ខណៈបែបណា?
- តើការរស់នៅក្នុងទីក្រុងហើយធ្វើជាគ្រីស្ទានពិបាកប៉ុនណា? យើងត្រូវរស់នៅលើផែនដីនេះ ប៉ុន្តែយើងមិនត្រូវឲ្យជីវិតលោកិយកែប្រែជំនឿរបស់យើងបានឡើយ។ តើក្បួនមួយនេះជួយបងប្អូនដែលរស់នៅក្នុងទីក្រុងឲ្យនៅតែស្មោះជាមួយនឹងព្រះបានដែរឬទេ?
- ការព្រមានរបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំឡៅឌីសេគឺសម្រាប់គ្រីស្ទានដែលរស់នៅសម័យចុងក្រោយ។ តើការព្រមានរបស់ព្រះយេស៊ូវមានអត្ថន័យបែបណាសម្រាប់យើងដែលជាអ្នកសេវេនដេយអាត់វេនទីស្ទ? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីផ្លាស់ប្ដូរជីវិតរបស់យើង?