ថ្ងៃសៅរ៍ ទី១៣ មេសា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កូរិនថូសទី១ ១០:១-១៣ កូរិនថូសទី១ ១៣:៤-៨សាំយូអែលទី១ ១:២៧ ទំនុកតម្កើង ៧១ ពង្សាវតាក្សត្រទី១ ២:១-៤។
ខចងចាំ៖ «សេចក្តីសុចរិតនឹងដើរនៅចំពោះទ្រង់ហើយនឹងដាក់យើងនៅក្នុងផ្លូវ តាមដានព្រះបាទទ្រង់» (ទំនុកតម្កើង ៨៥:១៣)។
ជីវិតពោរពេញដោយការផ្លាស់ប្ដូរ។ អ្វីៗផ្លាស់ប្ដូរគ្រប់ពេល។ សេចក្ដីតែមួយគត់ដែលមិនផ្លាស់ប្ដូរគឺការផ្លាស់ប្ដូរនោះឯង។ ការផ្លាស់ប្ដូរគឺជាផ្នែកមួយនៃជីវិត។ វិទ្យាសាស្ត្របង្រៀនយើងថាការផ្លាស់ប្ដូរគឺជាផ្នែកសំខាន់មួយនៃជីវិត។
ការផ្លាស់ប្ដូរជាច្រើនកើតឡើងដោយគ្មានដំណឹងជាមុន។ យើងរស់នៅសុខៗស្រាប់តែ អ្វីៗផ្លាស់ប្ដូរមួយរំពេច! ជួនកាលយើងមិនទាំងបានដឹងមុនផងថាការផ្លាស់ប្ដូរកំពុងកើតឡើងផង។
ប៉ុន្តែជួនកាលយើងដឹងមុនថាមានការផ្លាស់ប្ដូរ។ ដោយសេចក្ដីមេត្តាករុណា ព្រះជាម្ចាស់បានប្រទានការប្រមានថាអ្វីៗនៅក្នុងជីវិតនឹងផ្លាស់ប្ដូរជាឆាប់។ នៅពេលរឿងនេះមកដល់ យើងត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចអស់ពីលទ្ធភាព។ ការផ្លាស់ប្ដូរជាច្រើនមានលក្ខណៈធំ៖ ត្រូវរៀបការ មានកូន ឈានចូលវ័យចំណាស់ និងស្លាប់ជាដើម។
មនុស្សយើងភាគច្រើនមានមិត្តឬអ្នកស្គាល់គ្នាជាច្រើនប្រចាំជីវិត។ ដូច្នេះការផ្លាស់ប្ដូរធំៗនៅក្នុងជីវិតអាចធ្វើឲ្យជីវិតគ្រួសារយើងផ្លាស់ប្ដូរដែរ។ ហើយមិនមែនគ្រប់សមាជិកគ្រួសារសុទ្ធតែមានគំនិតនិងអារម្មណ៍ដូចគ្នាចំពោះការផ្លាស់ប្ដូរដែលកើតឡើងនោះទេ។
សប្ដាហ៍នេះយើងនឹងក្រឡេកមើលការផ្លាស់ប្ដូរធំៗខ្លះដែលជាផ្នែកនៃជីវិត។ មិនយូរមិនឆាប់ ការផ្លាស់ប្ដូរទាំងនេះនឹងកើតឡើងក្នុងជីវិតយើងភាគច្រើន។ យើងនឹងក្រឡេកមើលពីឥទ្ធិពលសំខាន់ៗដែលការផ្លាស់ប្ដូរទាំងនេះអាចកែប្រែជីវិតយើង។
ថ្ងៃអាទិត្យ ទី១៤ មេសា ឆ្នាំ២០១៩
តើអ្នកត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរដ៏ច្រើនប្រចាំជីវិតហើយឬនៅ?
ព្រះគម្ពីរពុំបានលាក់បាំងសេចក្ដីពិតអំពីជីវិតនោះទេ។ គម្ពីរបង្ហាញថាជួនកាលជីវិតជួបគ្រាលំបាក។ មែនហើយជីវិតអាចមានពោរពេញដោយក្ដីសោកសៅនិងការឈឺចាប់។ ជាការពិតប្រសិនបើ យើងគិតឲ្យមែនទែន សាច់រឿងនៅក្នុងព្រះគម្ពីរសម្បូរទៅដោយរឿងសោកសៅច្រើនជាងគេ។ មានតែទំព័រមួយចំនួននៅដើមនិងចុងគម្ពីរប៉ុណ្ណោះដែលបង្ហាញពីគ្រាដែលស្រាកស្រាន្តពីទុក្ខវេទនា។ ចំណែកទំព័រដទៃទៀតដែលនៅកណ្ដាលវិញបង្ហាញយើងថាមនុស្សលោកប្រព្រឹត្តក្នុងផ្លូវអាក្រក់។ លោកសាវកប៉ុលមានប្រសាសន៍ត្រូវដោយលោកលើកឡើងថា៖ «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ» (រ៉ូម ៣:២៣)។
អានកូរិនថូសទី១ ១០:១-១៣។ តើខទាំងនេះប្រៀនប្រដៅយើងជាមុនអំពីអ្វី? តើខទាំងនេះផ្ដល់ជាការធានាអ្វីសម្រាប់យើងដែរ?
ជាទូទៅ អាកប្បកិរិយារបសយើងស្ដែងឲ្យឃើញពីការសម្រេចចិត្តរបស់យើងនៅពេលណាដែល មានការផ្លាស់ប្ដូរកើតឡើង។ ការផ្លាស់ប្ដូរតែងតែកើតមានជានិច្ច។ ជាគ្រីស្ទាន យើងត្រូវជួបនឹងការផ្លាស់ប្ដូរក្នុងជីវិតដោយសេចក្ដីជំនឿ។ យើងត្រូវទុកចិត្តលើព្រះក្នុងការដែលមានការផ្លាស់ប្ដូរទាំងឡាយ។ យើងបង្ហាញពីជំនឿរបស់យើងដោយការស្ដាប់បង្គាប់ព្រះ។ យើងត្រូវទុកចិត្តព្រះអង្គទោះបើពេលនោះស្ថានភាពពិបាកនឹងទុកចិត្តក៏ដោយ។
«តើមនុស្សលើលោកនេះចាំបាច់ត្រូវឃើញអ្វីជាងគេ? គឺពួកគេត្រូវឃើញគំរូពីមនុស្សណាម្នាក់ដែលនៅតែធ្វើអ្វីដែលជាសេចក្ដីត្រឹមត្រូវនៅគ្រប់ទាំងកាលៈទេសៈទាំងអស់។ មនុស្សទាំងនេះនឹងមិនធ្វើអ្វីដែលខុសឆ្គងឡើយ ទោះបើមានគេហ៊ានចំណាយលុយជាច្រើនដើម្បីឲ្យគេធ្វើអាក្រក់ក្ដី។ អ្នកដែលមិនព្រមធ្វើអ្វីដែលខុសយើងឲ្យឈ្មោះថាជាមនុស្សស្មោះត្រង់និងសុចរិត។ ពួកគេមិនខ្លាចនឹងបង្ហាញដល់មនុស្សឯទៀតថាអំពើបាបគឺជាសេចក្ដីអាក្រក់។ ជីវិតរបស់មនុស្សសុចរិតតែងតម្រង់ទិសដៅយើងទៅកាន់ទិសដៅត្រឹមត្រូវ។ មនុស្សសុចរិតនឹងនៅតែធ្វើអ្វីដែលត្រឹមត្រូវបើទោះបីជាគ្មានអ្នកធ្វើក៏ដោយ» Ellen G. White, Education, page 57, adapted.
អានតួអង្គនៅក្នុងខគម្ពីរខាងក្រោម។ តើពួកគាត់បានធ្វើអ្វីខុស? តើយើងអាចរៀនសូត្រអ្វីខ្លះពីពួកគាត់?
កិច្ចការ ៥:១-១០-------------------------------------------------
លោកុប្បត្តិ ១៦:១, ២,៥, ៦-------------------------------------
ម៉ាថាយ ២០:២០-២២-------------------------------------------
ការផ្លាស់ប្ដូរអាចធ្វើឲ្យយើងមានការភ័យខ្លាច។ វាអាចនាំឲ្យយើងធ្វើការដែលខុសឆ្គង។ ដូច្នេះយើងត្រូវត្រៀមខ្លួនជាស្រេច។ យើងត្រូវពាក់គ្រឿងសឹករបស់ព្រះដើម្បីជួយឲ្យយើងរឹងមាំ (អេភេសូរ ៦:១១)។ ពេលនោះយើងនឹងអាចច្បាំងជាមួយកលល្បិចដ៏ពិសពុលរបស់សេចក្ដីអាក្រក់។
ថ្ងៃច័ន្ទ ទី១៥ មេសា ឆ្នាំ២០១៩
តើលោកអ្នកត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ហើយឬនៅ?
ការផ្លាស់ប្ដូរមួយដែលធំជាងគេប្រចាំជីវិតគឺការរៀបអាពាហ៍ពិពាហ៍។ ពិតណាស់ មិនមែនមនុស្សគ្រប់រូបសុទ្ធតែរៀបការនោះទេ។ ព្រះយេស៊ូវមិនដែលរៀបការទេ។ ហើយមានតួអង្គជាច្រើនទៀតនៅក្នុងព្រះគម្ពីរដែលមិនបានរៀបការដែរ។ ប៉ុន្តែមនុស្សភាគច្រើន រៀបការ។ ដូច្នេះព្រះគម្ពីរមានសេចក្ដីសំខាន់ខ្លះដែលទាក់ទងទៅនឹងអាពាហ៍ពិពាហ៍។
តើលោកអ្នកមានដឹងទេថាអាពាហ៍ពិពាហ៍គឺជាសេចក្ដីដំបូងមួយក្នុងចំណោមសេចក្ដីដទៃទៀតដែលព្រះគម្ពីរបានចែង? នេះក៏ព្រោះថាអាពាហ៍ពិពាហ៍ជារឿងសំខាន់សម្រាប់ព្រះ។ ព្រះជាម្ចាស់ប្រាប់អ័ដាមនិងនាងអេវ៉ាអំពីផែនការពិេសសរបស់ទ្រង់សម្រាប់អាពាហ៍ពិពាហ៍៖ «ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ» (លោកុប្បត្តិ ២:២៤)។ ផែនការអាពាហ៍ពិពាហ៍របស់ព្រះមានសារៈសំខាន់ដល់ម្លេ៉ះបានជាយើងឃើញមានការលើកឡើងអំពីរឿងនេះនៅបីកន្លែងផ្សេងទៀតក្នុងព្រះគម្ពីរ៖ ម៉ាថាយ ១៩:៥ ម៉ាកុស ១០:៧ និងអេភេសូរ ៥:៣១។ នៅពេលដែលលោកអ្នករៀបការហើយ ប្ដីឬប្រពន្ធរបស់លោកអ្នកត្រូវតែជាមនុស្សសំខាន់ជាងគេបំផុតនៅក្នុងជីវិតលោកអ្នក។ លោកអ្នកត្រូវស្រឡាញ់ប្ដី/ប្រពន្ធរបស់លោកអ្នកជាងឪពុកម្ដាយរបស់លោកអ្នកទៀត។ អាពាហ៍ពិពាហ៍បង្ហាញពីក្ដីស្រឡាញ់រវាងព្រះយេស៊ូវនិងពួកជំនុំរបស់ទ្រង់។ ពួកជំនុំគឺប្រៀបបានទៅនឹងកូនក្រមុំរបស់ព្រះយេស៊ូវ (អេភេសូរ ៥:៣២)។
មុនដែលលោកអ្នកសង់ផ្ទះ លោកអ្នកត្រូវប៉ាន់ស្មានជាមុនថាត្រូវចំណាយអស់ប៉ុន្មាន (លូកា ១៤:២៨-៣០)។ បើដូច្នេះតើលោកអ្នកត្រូវត្រិះរិះពិចារណាទៅលើការចំណាយច្រើនជាងអម្បាលម៉ានទៅទៀតបើចង់ផ្ដើមកសាងគ្រួសារមួយនោះ? យើងសង់ផ្ទះដោយប្រើឥដ្ឋ ឈើ ដែក ខ្សែលួស និងកញ្ចក់។ ប៉ុន្តែគេហដ្ឋានមិនមែនសុទ្ធតែកើតឡើងមកដោយរបស់ដែលយើងមើលឃើញឬប៉ះបានទាំងអស់នោះទេ។
តើមានសេចក្ដីអ្វីខ្លះដែលយើងត្រូវ «ស្ថាបនា» អាពាហ៍ពិពាហ៍មួយឲ្យបានល្អ? មូលហេតុអ្វីបានជាយើងត្រូវការសេចក្ដីដដែលនេះដើម្បីឲ្យជីវិតជោគជ័យ?
កូរិនថូសទី១ ១៣:៤-៨---------------------------------------
កាឡាទី ៥:២២, ២៣-----------------------------------------
ធ្វើបែបណាទើបលោកអ្នកអាចត្រៀមខ្លួនរួចរាល់សម្រាប់អាពាហ៍ពិពាហ៍? លោកអ្នកត្រូវចាប់ផ្ដើមពីខ្លួនឯងទៅ។ ស្របពេលជាមួយគ្នានេះ លោកអ្នកត្រូវពិនិត្យអនាគតប្ដីប្រពន្ធលោកអ្នកឲ្យបានហ្មត់ចត់។ តើគាត់ឬនាងអាចធ្វើជាដៃគូជីវិតល្អសម្រាប់យើងទៅថ្ងៃអនាគតដែរឬទេ? តើគាត់ឬនាងជាមនុស្សឧស្សាហ៍ឬទេ? (សុភាសិត ២៤:៣០-៣៤)។ តើគាត់ឬនាងជាមនុស្សឆេវឆាវឆាប់ខឹងទេ? (សុភាសិត ២២:២៤)។ តើអ្នកទាំងពីរមានគោលជំនឿដូចគ្នាទេ? តើគ្រួសារនិងមិត្តភក្ដិរបស់លោកអ្នកចូលចិត្តគាត់ឬនាងទេ? (សុភាសិត ១១:១៤)។ តើអ្វីជាអ្នកគ្រប់គ្រងជម្រើសរបស់អ្នក? តើជាជំនឿឬគ្រាន់តែជាអារម្មណ៍របស់លោកអ្នកទេ? (សុភាសិត ៣:៥, ៦)។ ចម្លើយទៅនឹងសំណួរទាំងនេះអាចជួយឲ្យលោកអ្នកទទួលបានចំណងអាពាហ៍ពិពាហ៍ដែលមានសុភមង្គល។
ថ្ងៃអង្គារ ទី១៦ មេសា ឆ្នាំ២០១៩
តើលោកអ្នកត្រៀមខ្លួនធ្វើជាឪពុកម្ដាយគេហើយឬនៅ?
មានរឿងមួយចំនួនដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងតាំងពីកូនង៉ែតមកម្លេ៉ះ។ គ្មានអ្វីនៅក្នុងគ្រួសារដែលនឹងនៅដដែលរហូតនោះទេ!
«កូនដែលឯងបង្កើតពីកាលនៅក្មេង នោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ សប្បាយហើយ អ្នកណាដែលមានបំពង់ព្រួញពេញដោយព្រួញយ៉ាងនោះ កាលណាត្រូវការនិយាយនឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុងនោះឯងមិនត្រូវខ្មាសឡើយ» (ទំនុកតម្កើង ១២៧:៤, ៥)។
កូនៗមិនបានកើតមកដោយយកសៀវភៅមកតាមដើម្បីបង្រៀនឪពុកម្ដាយឲ្យចេះថែទាំពួកគេនោះទេ។ សូម្បីតែឪពុកម្ដាយដែលមានបទពិសោធន៍ច្រើនជាមួយក្មេងៗក៏ជួនកាលមិនដឹងត្រូវធ្វើអ្វីដែរ។ មូលហេតុនេះហើយបានជាការត្រៀមខ្លួនធ្វើជាឪពុកម្ដាយល្អជារឿងសំខាន់។
ព្រះគម្ពីរមានចែងពីសាច់រឿងអំពីទារក។ តើយើងរៀនបានក្រឹត្យក្រមអ្វីខ្លះពីសាច់រឿងទាំងនេះអំពីរបៀបធ្វើជាឪពុកម្ដាយល្អ?
សាំយូអែលទី១ ១:២៧--------------------------------------
ពួកចៅហ្វាយ ១៣:៧ ---------------------------------------
លូកា ១:៦, ១៣:១៧, ៤៦-៥៥, ៧៦-៧៩ ----------------
ឪពុកម្ដាយនៅក្នុងសាច់រឿងទាំងនេះមានកិច្ចការច្រើនណាស់! កូនង៉ែត៣នាក់ក្នុងចំណោមកូនង៉ែតទាំងនេះនឹងក្លាយជាមេដឹកនាំគេហើយជាហោរា ឬអ្នកចាំសារពិសេសសម្រាប់រាស្ត្ររបស់ព្រះជាម្ចាស់។ កូនង៉ែតមួយនឹងធំឡើងដើម្បីនាំសាសន៍អ៊ីស្រាអែលឲ្យត្រៀមខ្លួនសម្រាប់ទទួលព្រះអង្គសង្គ្រោះ។ ហើយកូនង៉ែតមួយទៀតជាអង្គសង្គ្រោះផ្ទាល់តែម្ដង។ ចុះបើកូនៗយើងធំឡើងនឹងមិនក្លាយជាហោរាទេតើយើងគិតដូចម្ដេច? ទោះយ៉ាងណាឪពុកម្ដាយគ្រប់រូបត្រូវខិតខំឲ្យអស់លទ្ធភាពដើម្បីត្រៀមខ្លួនធ្វើជាឪពុកម្ដាយល្អ។
«ឪពុកម្ដាយត្រូវត្រៀមខ្លួនជាស្រេចតាំងពីមុនកូនកើតមកម៉្លេះ។ ពួកគេត្រូវប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីជួយឲ្យកូនរបស់គេច្បាំងនិងយកឈ្នះអំពើបាប។
«ប៉ុន្តែ តើមានរឿងអ្វីកើតឡើងបើម្ដាយជាមនុស្សអាត្មានិយម ក្រអើតក្រទម ព្រមទាំងមានចរិតកាចមុនដែលកូនកើតមក? អត្តចរិតនិងអារម្មណ៍ដូចគ្នានេះនឹងឆ្លងទៅដល់កូនជាមិនខាន។ ដោយហេតុនេះបានជាមានកូនៗជាច្រើនដែលកើតមកចង់ធ្វើតែរឿងអាក្រក់ៗ។ ពួកគេស្ទើរតែគ្មានសមត្ថភាពគ្រប់គ្រងលើគំនិតអាក្រក់ដែលមាននៅក្នុងចិត្តរបស់ពួកគេ» Ellen G. White, The Adventist Home, page 256, adapted.
ធ្វើបែបណាទើបយើងអាចជួយឲ្យកូនយើងធំឡើងក្លាយជាមនុស្សល្អ? តើយើងអាចធ្វើអ្វីបានខ្លះដើម្បីបង្ហាញពួកគេថាព្រះស្រឡាញ់ពួកគេប៉ុនណា?
ថ្ងៃពុធ ទី១៧ មេសា ឆ្នាំ២០១៩
តើលោកអ្នកត្រៀមខ្លួនទទួលវ័យចំណាស់ហើយឬនៅ?
«កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះគង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក និងសេចក្តីទុក្ខព្រួយទទេដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់» (ទំនុកតម្កើង ៩០:១០)។ លោកម៉ូសេជាអ្នកនិពន្ធទំនុកនេះ។ ពាក្យពេចន៍របស់លោកបង្ហាញយើងថាពេលវេលារំកិលទៅមុខ លឿនណាស់។ ស្របពេលដែលពី១ឆ្នាំទៅមួយឆ្នាំចេះតែកន្លងហួសទៅ យើងចាប់ផ្ដើមមើលឃើញនឹងទទួលបានអារម្មណ៍ថាមានការផ្លាស់ប្ដូរនៅក្នុងរាងកាយយើង។ សក់ឡើងស្កូវឬជ្រុះ។ ចលនារាងកាយចាប់ផ្ដើមយឺតយ៉ាវ។ យើងអាចនឹងមានការឈឺចាប់រៀងរាល់ថ្ងៃ។ តែយើងអាចបានរៀបការ ហើយៗមានកូន។ ហើយកូនរបស់យើងអាចនឹងមានកូនតទៅទៀតដែរ។ ពេលនោះយើងអាចលេងសប្បាយជាមួយនឹងចៅៗរបស់យើងនៅវេលានេះបាន។ រយៈកាលដែលយើងបានរស់នៅកន្លងមកជួយឲ្យយើងត្រៀមខ្លួនសម្រាប់ជីវិតចុងក្រោយ។
អានទំនុកតម្កើង ៧១។ តើទំនុកតម្កើងនេះបង្រៀនយើងឲ្យចេះត្រៀមខ្លួនសម្រាប់វ័យជរាយ៉ាងដូចម្ដេចខ្លះ? តើទំនុកតម្កើងនេះបង្រៀនយើងពីជីវិតយ៉ាងដូចម្ដេចខ្លះដែរ?
មនុស្សមានវ័យចំណាស់ម្នាក់ជាអ្នកនិពន្ធទំនុកតម្កើងជំពូក៧១។ លោកលើកឡើងអំពីការដែលឈានចូលដល់វ័យចំណាស់។ ប៉ុន្តែលោកក៏សប្បាយចិត្តដែរ។ មូលហេតុអ្វី? ពីព្រោះតាំងពីដើមមកលោកទុកចិត្តលើព្រះ។ វិធីល្អបំផុតក្នុងការឈានចូលវ័យចំណាស់គឺយើងត្រូវទុកចិត្តលើព្រះតាំងពីនៅវ័យក្មេង។ អ្នកនិពន្ធទំនុកតម្កើងផ្ដល់ជាមេរៀនសំខាន់ៗបី។ មេរៀនទាំងនេះជួយឲ្យលោកត្រៀមខ្លួនសម្រាប់វ័យចំណាស់។ ហើយមេរៀនទាំងនេះក៏អាចជួយយើងដែរ៖
១) រៀនស្គាល់ព្រះ។ រៀនទុកចិត្តលើព្រះតាំងពីអ្នកនៅវ័យក្មេង (ទំនុកតម្កើង ៧១:១៧)។ យកព្រះ ទុកជាទីជម្រក (ទំនុកតម្កើង ៧១:១, ៧)។ ទទួលយកព្រះទុកជាអង្គសង្គ្រោះ (ទំនុកតម្កើង ៧១:២)។ ព្រះជាថ្មដានិងជាបន្ទាយដ៏រឹងមាំ (ទំនុកតម្កើង ៧១:៣)។ ព្រះផ្ដល់ក្ដីសង្ឃឹមដល់យើង (ទំនុកតម្កើង ៧១:៥)។ ថ្លាថ្លែងប្រាប់ដល់អ្នកដទៃពីការល្អៗដែលព្រះបានធ្វើសម្រាប់អ្នក (ទំនុកតម្កើង ៧១:១៦, ១៧, ១៩)។ ទុកចិត្តលើអំណាចព្រះចេស្ដារបស់ព្រះ (ទំនុកតម្កើង ៧១:១៨)។ អ្នកនិពន្ធទំនុកតម្កើង៧១នេះស្រែកឡើងថា «ឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់?» (ទំនុកតម្កើង ៧១:១៩)។ អធិដ្ឋានរៀងរាល់ថ្ងៃ។ សិក្សាព្រះបន្ទូលព្រះ។ សញ្ជឹងគិតពីគ្រប់ទាំងការដែលព្រះបានធ្វើសម្រាប់អ្នក។ នោះក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់នឹងរឹតតែជ្រាលជ្រៅឡើង។
២) បង្កើតទម្លាប់ល្អៗ។ បរិភោគអាហារដែលល្អសម្រាប់សុខភាព។ ហាត់ប្រាណ។ ទទួលទានទឹកឲ្យ បានគ្រប់គ្រាន់។ នៅក្រោមពន្លឺថ្ងៃនិងសម្រាកឲ្យបានគ្រប់គ្រាន់។ សេចក្ដីទាំងនេះនឹងជួយឲ្យអ្នករស់នៅបានយូរ។ ទុកចិត្តលើព្រះ (ទំនុកតម្កើង ៧១:១៤)។
៣) បម្រើព្រះឲ្យអស់ពីចិត្ត។ បន្តបម្រើព្រះទោះបើដល់វ័យចំណាស់ក៏ដោយ។ បន្តសរសើរតម្កើងទ្រង់និងប្រាប់មនុស្សឯទៀតថាព្រះទ្រង់ល្អអស្ចារ្យ (ទំនុកតម្កើង ៧១:១៥-១៨)!
ថ្ងៃព្រហស្បតិ៍ ទី១៨ មេសា ឆ្នាំ២០១៩
សេចក្ដីស្លាប់
យើងទាំងអស់គ្នាសុទ្ធតែសង្ឃឹមថានឹងបាននៅរស់រហូតដល់ការយាងមកជាលើកទី២។ ប៉ុន្តែបើយើងមិនបានរស់ដល់ពេលនោះទេ នោះបានសេចក្ដីថាយើងនឹងត្រូវស្លាប់ជាមិនខាន។ សេចក្ដីស្លាប់គឺជាការផ្លាស់ប្ដូរដ៏ធំជាងគេបង្អស់។ គ្មានអ្វីដែលអាចផ្លាស់ប្ដូរក្នុងក្រុមគ្រួសារជាងការដែលមានសមាជិកណា ម្នាក់ក្នុងគ្រួសារស្លាប់នោះទេ។
អានកូរិនថូសទី១ ១៥:២៤-២៦។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសេចក្ដីស្លាប់?
មែនហើយ ភាគច្រើនសេចក្ដីស្លាប់កើតឡើងដោយមិនបានផ្ដល់ជាសញ្ញាឬដំណឹងអ្វីជាមុននោះទេ។ ដូច្នេះតើយើងអាចធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនពេលវេលានោះមកដល់? យើងត្រូវនៅជាប់ជាមួយនឹងព្រះជាម្ចាស់ដោយក្ដីជំនឿ។ យើងត្រូវទូលសូមឲ្យទ្រង់យកព្រះជន្មដ៏បរិសុទ្ធរបស់ទ្រង់មកហ៊ុំព័ទ្ធយើងរាល់វិនាទីនៃជីវិតរបស់យើង (រ៉ូម ៣:២២)។ ប៉ុន្តែ ជារួម យើងមិនអាចត្រៀមខ្លួនសម្រាប់សេចក្ដីស្លាប់បានទេ បើយើងមិនបានឃើញពីតម្រុយថាវានឹងមកដល់។
តើលោកអ្នកធ្វើអ្វីបានខ្លះប្រសិនបើអ្នកដឹងថាពីរបីខែទៀតអ្នកនឹងត្រូវស្លាប់? យើងអាចថាមិនដឹងជាប្រាកដថាសេចក្ដីស្លាប់នឹងមកដល់នៅពេលណា។ ប៉ុន្តែយើងអាចដឹងបានថាពេលណាយើងជិតដល់វេលាដែលត្រូវស្លាប់។ ដូច្នេះការត្រៀមខ្លួនឯងនិងក្រុមគ្រួសារទុកជាមុនជារឿងសំខាន់ហើយចាំបាច់ ណាស់។
ពង្សាវតាក្សត្រទី១ ២:១-៤ បង្ហាញយើងពីបន្ទូលចុងក្រោយខ្លះៗដែលស្ដេចដាវីឌមានបន្ទូលទៅកាន់សាឡូម៉ូនដែលជាបុត្រាទ្រង់។ តើបន្ទូលរបស់ស្ដេចដាវីឌផ្ដល់ជាមេរៀនអ្វីខ្លះដល់យើងទាក់ទិនទៅនឹងការត្រៀមខ្លួនសម្រាប់សេចក្ដីស្លាប់? តើយើងអាចធ្វើអ្វីដើម្បីឲ្យក្រុមគ្រួសាររបស់យើងត្រៀមខ្លួនដែរ?
ស្ដេចដាវីឌប្រាប់ទៅបុត្រារបស់ទ្រង់ឲ្យស្ដាប់បង្គាប់ព្រះ។ មែនហើយ ស្ដេចដាវីឌបានប្រព្រឹត្តខុសក្នុងជីវិត (សាំយូអែលទី១ ជំពូក១១)។ ព្រះអង្គមិនមែនស្ដាប់បង្គាប់ព្រះរហូតនោះទេ។ ប៉ុន្តែព្រះអង្គរៀនសូត្រពីលទ្ធផលអាក្រក់ទាំងនោះហើយដឹងថាយើងត្រូវទុកព្រះជាអាទិភាពចម្បងនៅគ្រប់កាលៈទេសៈទាំងអស់។ កំហុសនិងអំពើបាបរបស់ស្ដេចដាវីឌពីអតីតកាលធ្វើឲ្យបន្ទូលរបស់ទ្រង់ទៅកាន់បុត្រាសាឡូម៉ូន្មានឥទ្ធិពលជាខ្លាំង។ ស្ដេចដាវីឌចង់ទូន្មានបុត្រារបស់ព្រះអង្គមិនឲ្យដើរតាមគន្លងទ្រង់។ អំពើបាបរបស់ស្ដេចថាវីឌបានផ្ដល់នូវការឈឺចាប់និងទុក្ខសោកជាច្រើនដល់ទ្រង់។ ព្រះអង្គត្រូវបង់ថ្លៃអំពើបាបនោះយ៉ាងវេទនា។ មូលហេតុនេះហើយបានជាស្ដេចដាវីឌទូន្មានសាឡូម៉ូនដែលជាបុត្រាទ្រង់រៀនសូត្រពីកំហុសទ្រង់។
ថ្ងៃសុក្រ ទី១៩ មេសា ឆ្នាំ២០១៩
សិក្សាបន្ថែម
នៅពេលដែលលោកអ្នកអានអំពីគ្រាដែលសាសន៍អ៊ីស្រាអែលនៅឯទីរហោស្ថាន តើលោកអ្នកបានឃើញអ្វីខ្លះ? មានការផ្លាស់ប្ដូរជាច្រើនកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។ ពួកគេធ្វើកំហុសមួយហើយមួយទៀតមិនដាច់។ ទោះបើជាយ៉ាងនោះក្ដីក៏ព្រះជាម្ចាស់នៅតែបង្ហាញរាស្ត្រទ្រង់ថាព្រះអង្គស្រឡាញ់ពួកគេនៅរាល់ទាំងការផ្លាស់ប្ដូរធំៗនៅក្នុងជីវិតរបស់ពួកគេ។ តើលោកអ្នកនៅចាំបានទេថាមានរឿងអ្វីកើតឡើងមុនដែលរាស្ត្រអ៊ីស្រាអែលបានចូលទៅដល់ទឹកដីសន្យា? ពួកគេប្រឈមនឹងការផ្លាស់ប្ដូរដ៏ធំមួយទៀត។ លោកម៉ូសេប្រាប់ទៅបណ្ដាជនថា៖ «ភ្នែកឯងរាល់គ្នាបានឃើញការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបំផ្លាញគេពីពួកឯងចេញ តែពួកឯងរាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ា ជាព្រះនៃឯង នោះបានរស់នៅដរាបដល់សព្វថ្ងៃនេះវិញ មើល អញបានបង្រៀនច្បាប់ហើយនឹងបញ្ញត្តដល់ឯងរាល់គ្នា តាមដែលព្រះយេហូវ៉ាជាព្រះនៃអញ បានបង្គាប់មក ដើម្បីឲ្យឯងបានប្រព្រឹត្តតាមនៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក ដូច្នេះចូរឲ្យឯងរាល់គ្នាកាន់ ហើយប្រព្រឹត្តតាមចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា ហើយជាយោបល់ដល់ឯងរាល់គ្នា នៅភ្នែកនៃអស់ទាំងសាសន៍ ដែលនឹងឮថ្លែងពីបញ្ញត្តច្បាប់ទាំងប៉ុន្មាននេះ ហើយគេនឹងនិយាយថា ប្រាកដជាសាសន៍នេះមានប្រាជ្ញា និងយោបល់ពិត ដ្បិតតើមានសាសន៍ដ៏ធំណាមួយ ដែលមានព្រះគង់នៅជិតគេ ដូចជាព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់គង់នៅជិត ក្នុងកាលដែលយើងអំពាវនាវរកទ្រង់នោះ ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តដ៏ត្រឹមត្រូវ ឲ្យដូចជាក្រឹត្យវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ។ ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការ ដែលភ្នែកឯងបានឃើញ ហើយក្រែង នៅក្នុងជីវិតឯង ការទាំងនោះបានឃ្លាតចេញពីចិត្តឯងទៅ ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ» (ចោទិយកថា ៤:៣-៩)។ យើងមិនត្រូវភ្លេចសេចក្ដីទាំងអម្បាលម៉ានដែលព្រះបានធ្វើសម្រាប់យើងឡើយ។ តើមានវិធីអ្វីដើម្បីជួយមិនឲ្យភ្លេច? គឺយើងបង្រៀនអ្នកដទៃទៀតអំពី ព្រះ។ យើងអាចចែកចាយពីរឿងល្អៗអស្ចារ្យជាច្រើនដែលព្រះបានធ្វើសម្រាប់យើងដល់អ្នកដទៃ។ សូមផ្ទៀងមើលប្រសាសន៍លោកម៉ូសេម្ដងទៀត។ តើលោកអ្នកឃើញទេថាលោកម៉ូសេចាត់ទុកក្រុមគ្រួសារមានសារៈសំខាន់ប៉ុនណា? លោកម៉ូសេប្រាប់ទៅរាស្ត្រអ៊ីស្រាអែលថាពួកគេត្រូវតែបង្រៀនក្រឹត្យវិន័យរបស់ព្រះដល់កូនចៅរបស់គេ។ យើងក៏អាចឃើញដែរថាអំពើបាបនៅពេអរមានឥទ្ធិពលអាក្រក់ប៉ុនណាសម្រាប់គ្រួសារ។ «ព្រះជាម្ចាស់ដាក់ទណ្ឌកម្មរាស្ត្រអ៊ីស្រាអែលដោយព្រោះបាបដ៏អាក្រក់របស់ពួកគេ។ ខាងឯស្ត្រីៗគេក្លាហានណាស់។ ពួកគេប្រើប្រាស់ការរួមភេទដើម្បីទាក់យកប្រុសៗអ៊ីស្រាអែលឲ្យធ្លាក់ក្នុងអំពើបាប។ តែគួរឲ្យសោកស្ដាយព្រោះថាពេលនោះមិនមែនជាពេលចុងក្រោយដែលរាស្ត្ររបស់ព្រះធ្វើបាបទាស់នឹងទ្រង់តាមបែបនោះទេ។» Ellen G. White, The Adventist Home, page 326.
សំនួរពិភាក្សា៖
- ចែកចាយក្នុងថ្នាក់ពីកិច្ចការដែលអ្នកបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរធំៗនៅក្នុងជីវិត។ តើការទាំងនោះផ្លាស់ប្ដូរជីវិតក្រុមគ្រួសារអ្នកដូចម្ដេចខ្លះ? តើអ្នកបានរៀនសូត្រអ្វីពីការនេះដែលអាចជួយដល់អ្នកដទៃទៀត?
- សូមគិតម្ដងទៀតពីអំពើបាបដែលស្ដេចដាវីឌបានធ្វើទៅលើនាងបេតសេបា។ បាបនេះធ្វើឲ្យរាជវង្សរបស់ទ្រង់រងទុក្ខជាដំណំ។ ក្រោយមកមានរឿងអាក្រក់ៗជាច្រើនកើតឡើង។ តើបន្ទូលរបស់ស្ដេចដាវីឌទៅកាន់សាឡូម៉ូនបង្ហាញពីសេចក្ដីមេត្តាករុណារបស់ព្រះមកលើជីវិតស្ដេចដាវីឌយ៉ាងដូចម្ដេចខ្លះ?