មេរៀនទី៣​៖ ១៣‑១៩ កក្កដា ២០១៩

ថ្ងៃសប្បាតហ៍ជាថ្ងៃនៃសេរីភាព

Jeans
ថ្ងៃសៅរ៍ ទី២៨ ខែ១៣ កក្កដា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ និក្ខមនំ ១៦:១៦‑១៨, ចោទិយកថា ៥:១២‑១៥, និក្ខមនំ ២០:៨‑១១, ម៉ាថាយ ១២:៩‑១៣, និង លេវីវិន័យ ២៥:១‑៧។

ខចងចាំ៖ «រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ផារិស៊ី​ថា ថ្ងៃ​ឈប់​សម្រាក​បាន​តាំង​សម្រាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ទេ» (ម៉ាកុស ២:២៧)។

ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្បាតហ៍ (ថ្ងៃឈប់សម្រាក)។ ថ្ងៃនេះគឺជាសមិទ្ធផលចុងក្រោយពេលដែលព្រះអង្គបានបង្កើតផែនដីក្នុងរវាងមួយសប្តាហ៍។ បន្ទាប់មក ព្រះជាម្ចាស់បានឈប់សម្រាកនៅថ្ងៃសប្បាតហ៍។ នៅពេលដែលព្រះទ្រង់ឈប់សម្រាកនៅថ្ងៃសប្បាតហ៍ មានន័យថាព្រះអង្គចាត់ទុកការ​សម្រាក​ថាជាផ្នែកមួយនៃជីវិតរបស់យើង។ ថ្ងៃសប្បាតហ៍បង្ហាញប្រាប់យើងថា ព្រះចង់ឲ្យយើងខិតទៅ​ជិតព្រះអង្គ និងខិតជិតទៅរកគ្នាទៅវិញទៅមក។ ហេតុនោះ យើងមិនគួរភ្ញាក់ផ្អើលទេពេលដែលឃើញ ព្រះរាប់បញ្ចូលថ្ងៃសប្បាតហ៍ទៅក្នុងក្រឹត្យវិន័យ១០ប្រការនោះ។ ព្រះទ្រង់បានបង្កើតថ្ងៃសប្បាតហ៍ជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះអង្គសម្រាប់ជនជាតិហេព្រើរ។

ពេលណាដែលយើងនឹកគិតអំពីថ្ងៃសប្បាតហ៍ តើយើងគិតដល់អ្វីជាងគេ? តើយើងគួររក្សាវា​ដោយរបៀបណា មែនទេ? យើងតែងនិយាយគ្នាអំពីកិច្ចដែលគួរធ្វើ និងមិនគួរធ្វើ។ ពិតមែនហើយ ក្បួនច្បាប់នៃថ្ងៃសប្បាតហ៍មានសារៈសំខាន់ខ្លាំងណាស់។ ប៉ុន្តែ យើងក៏តោងតែយល់អំពីមូលហេតុដែលថ្ងៃសប្បាតហ៍ជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះសម្រាប់មនុស្សទាំងឡាយដែរ។ ថ្ងៃសប្បាតហ៍បង្ហាញឲ្យយើងឃើញនូវព្រះគុណរបស់ព្រះ។ ព្រះគុណរបស់ព្រះគឺជាសេចក្តីមេត្តា សេចក្តីអត់ឱនទោស និងអំណាច​យកឈ្នះលើអំពើបាប។

ព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គបានបង្កើតថ្ងៃទី៧ជាថ្ងៃសប្បាតហ៍សម្រាប់មនុស្សគ្រប់គ្នា។ កាលណាយើងរក្សាថ្ងៃសប្បាតហ៍ជាបរិសុទ្ធ ជីវិតរបស់យើងក៏ត្រូវបានផ្លាស់ប្តូរដែរ។ ថ្ងៃសប្បាតហ៍នឹងផ្លាស់ប្តូរយើងជារៀងរាល់ថ្ងៃ និងរៀងរាល់សប្តាហ៍។ បន្ទាប់មក យើងនឹងក្លាយជាព្រះពរសម្រាប់មនុស្ស គ្រប់គ្នាដែលនៅជុំវិញយើង។ ដូចដែលព្រះយេស៊ូវបានបង្ហាញប្រាប់យើងស្រាប់ ថ្ងៃសប្បាតហ៍អាចជា ព្រះពរសម្រាប់មនុស្សលោកទាំងអស់។

ថ្ងៃអាទិត្យ ទី១៤ កក្កដា ឆ្នាំ២០១៩

នំម៉ាណាយ៉ាងច្រើន

ព្រះជាម្ចាស់ចង់លើកស្ទួយរាស្ត្ររបស់ព្រះអង្គបន្ទាប់ពីព្រះអង្គរំដោះពួកគេឲ្យរួចពីទាសភាព។ ព្រះអង្គបង្ហាញប្រាប់ផ្លូវជីវិតថ្មី និងប្រសើរជាងមុនដល់ពួកគេ។ ព្រះអង្គបានប្រទានច្បាប់ទាំងឡាយសម្រាប់ទឹកដីថ្មី។ ព្រះទ្រង់បានប្រទានអំណោយពិសេសមួយដល់រាស្ត្ររបស់ព្រះអង្គដើម្បីជួយបង្រៀនពួកគេអំពីផ្លូវជីវិតថ្មីនេះ។ អំណោយពិសេសនេះឈ្មោះថា នំម៉ាណា ដែលជាអាហារវិសេស ដែលធ្លាក់ចុះមកក្បែរជំរំរបស់ពួកអ៊ីស្រាអែលរៀងរាល់ព្រឹក។ បាដិហារ្យនំម៉ាណានេះកើតឡើងអស់រយៈកាល៤០ឆ្នាំ។

ខគម្ពីរនិក្ខមនំ ១៦:១៦‑១៨។ តើលោកអ្នកឃើញក្នុងខទាំងនេះឬទេថា ព្រះទ្រង់បានផ្គត់ផ្គង់នំម៉ាណាល្មមគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាដែរឬទេ? តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលយើងត្រូវជឿទុកចិត្តលើព្រះថា ព្រះអង្គយកព្រះទ័យទុកដាក់លើយើងរាល់គ្នានោះ? តើខទាំងនេះបង្រៀនអ្វីផ្សេងទៀតដល់យើងដែរឬទេ?

នៅក្នុងខគម្ពីរកូរិនថូសទី២ ៨:១០‑១៥ លោកប៉ុលមានប្រសាសន៍អំពីរឿងនំម៉ាណាដែរ។ លោកបានប្រើរឿងនេះជាឧទាហរណ៍មួយដើម្បីបង្ហាញប្រាប់យើងអំពីរបៀបដែលគ្រីស្ទានគួរបរិច្ចាគ (ចែករំលែក)។ សូមក្រឡេកមើលប្រសាសន៍របស់លោកទៅកាន់គ្រីស្ទាននៅក្នុងទីក្រុងកូរិនថូស។ «ក្នុង​​កាលៈ‌ទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បងប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បងប្អូន​យក​ទៅ​ផ្គត់‌ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បងប្អូន​ខ្វះ​ខាត គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់‌ផ្គង់​បងប្អូន​វិញ» (កូរិនថូសទី២ ៨:១៤, គខប)។

មេរៀននៅទីនេះសម្រាប់រាស្ត្ររបស់ព្រះ និងសម្រាប់យើងរាល់គ្នា គឺច្បាស់ណាស់។ ព្រះទ្រង់បានផ្គត់ផ្គង់ម្ហូបអាហារគ្រប់គ្រាន់ដល់រាស្ត្ររបស់ព្រះអង្គ និងសម្រាប់សព្វសត្វទាំងអស់ដែលព្រះអង្គបានបង្កើត។ ហេតុនោះ យើងគួរទទួលយកត្រឹមតែត្រូវការប៉ុណ្ណោះ។ ក្រៅពីនោះ យើងគួរចែករំលែកអ្វីដែលយើងមានលើសពីសេចក្តីត្រូវការដល់មនុស្សដទៃទៀត។ រាស្ត្ររបស់ព្រះក៏ត្រូវរៀនទុកចិត្តលើព្រះថា ព្រះអង្គនឹងប្រទាននូវអ្វីដែលពួកគេត្រូវការនៅថ្ងៃបន្ទាប់ដែរ។ កាលណាមនុស្សលោកមានមិនច្រើនទេ ពួក​គេ​តែងតែមានការបារម្ភ។ ជារៀងរាល់ថ្ងៃពួកគេបារម្ភថា តើពួកគេនឹងបានអ្វីមកបរិភោគនៅថ្ងៃស្អែក។ ប៉ុន្តែ ព្រះទ្រង់បានប្រើនំម៉ាណាជារូបស័ព្ទមួយ ដែលបង្ហាញប្រាប់រាស្ត្ររបស់ព្រះថា កុំឲ្យបារម្ភអំពីថ្ងៃស្អែក​ឡើយ។ ព្រះអង្គចង់ឲ្យរាស្ត្ររបស់ព្រះអង្គជឿទុកចិត្តលើព្រះអង្គអំពីអ្វីៗគ្រប់យ៉ាងទាំងអស់។ ព្រះអង្គចង់ឲ្យពួកគេមានចិត្តសប្បុរស និងចេះបរិច្ចាគជួយដល់មនុស្សដទៃទៀត។

ប៉ុន្តែបាដិហារ្យរឿងនេះនៅមានផ្នែកដ៏សំខាន់អស្ចារ្យមួយផ្សេងទៀត។ រៀងរាល់ថ្ងៃសុក្រ ព្រះទ្រង់បានប្រទាននំម៉ាណាទ្វេមួយជាពីរ។ ព្រះជាម្ចាស់បានប្រាប់រាស្ត្ររបស់ព្រះអង្គឲ្យប្រមូលនំដែលលើសទុក។ ព្រះអង្គបានប្រទាននំម៉ាណាដែលលើសដល់ពួកគេដើម្បីឲ្យពួកគេបានត្រៀមខ្លួនសម្រាប់ថ្ងៃសប្បាតហ៍។ នំម៉ាណាដែលលើសបង្ហាញប្រាប់អំពីសេចក្តីសន្តោសប្រណីរបស់ព្រះដល់រាស្ត្ររបស់ ព្រះអង្គ។ បាដិហារ្យនេះក៏បង្ហាញប្រាប់រាស្ត្ររបស់ព្រះផងដែរថា ព្រះទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការ។ បាដិហារ្យនេះបង្រៀនរាស្ត្ររបស់ព្រះឲ្យជឿទុកចិត្តលើព្រះអង្គ។ ពួកគេពុំចាំបាច់ព្រួយបារម្ភថានឹងត្រូវបរិភោគអ្វីនៅថ្ងៃស្អែកឡើយ។ ឥឡូវនេះពួកគេអាចរីករាយនឹងសេចក្តីសម្រាករបស់ពួកគេទាំងស្រុងនៅថ្ងៃសប្បាតហ៍បានហើយ។

ថ្ងៃច័ន្ទ ទី១៥ កក្កដា ឆ្នាំ២០១៩

ហេតុផលពីរយ៉ាងក្នុងការលើកតម្កើងថ្ងៃសប្បាតហ៍

សូមអានខគម្ពីរនិក្ខមនំ ២០:៨‑១១ និងចោទិយកថា ៥:១២‑១៥។ ខទាំងនេះសុទ្ធតែនិយាយអំពីបញ្ញត្តិទី៤។ តើខទាំងនេះជួយយើងឲ្យយល់ពីថ្ងៃសប្បាតហ៍បានកាន់តែប្រសើរឡើងយ៉ាងដូចម្តេចដែរ?

ព្រះទ្រង់ចង់នៅជិតស្និទ្ធនឹងរាស្ត្ររបស់ព្រះអង្គ។ នោះហើយជាមូលហេតុដែលព្រះអង្គសូមយើងឲ្យនឹកចាំពីថ្ងៃសប្បាតហ៍។ វានឹងជួយនាំយើងឲ្យខិតជិតនឹងព្រះជាម្ចាស់ម្តងទៀត។ ថ្ងៃសប្បាតហ៍​​​ បង្រៀនយើងថា ព្រះទ្រង់បានបង្កើតយើង និងសង្គ្រោះយើងពីបាបមកវិញ។ យើងរកឃើញសេចក្តីពិតនៃព្រះគម្ពីរនៅក្នុងបញ្ញត្តិទី៤ នៅក្នុងខគម្ពីរនិក្ខមនំ ២០:៨‑១១ និងចោទិយកថា ៥:១២‑១៥ នេះឯង។

ជនជាតិហេព្រើរត្រូវការនឹកចាំថា ព្រះទ្រង់បានបង្កើតពួកគេ។ ថ្ងៃសប្បាតហ៍គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីបង្រៀនដល់ពួកគេអំពីសេចក្តីពិតនោះ។ ប៉ុន្តែជនជាតិហេព្រើរបានរស់នៅក្នុងស្រុកអេស៊ីព្ទអស់រយៈកាលយ៉ាងយូរ។ ក្នុងប្រទេសអេស៊ីព្ទ មានព្រះក្លែងក្លាយជាច្រើន។ ហេតុនោះ មនុស្សទាំងឡាយបានភ្លេចព្រះជាម្ចាស់ទៅហើយ។ ដូច្នេះហើយបានជាព្រះប្រទានអំណោយពិសេសមួយដើម្បីជួយដល់ពួកគេឲ្យយល់ថាព្រះអង្គជាអ្នកណា។ ដូចដែលយើងបានរៀនពីម្សិលមិញរួចហើយថា រៀងរាល់​ថ្ងៃសុក្រ ព្រះទ្រង់បានប្រទាននំម៉ាណាដែលលើសដល់រាស្ត្ររបស់ព្រះអង្គ។ បាដិហារ្យនេះគឺជាឧទាហរណ៍​​​ដ៏រឹងមាំមួយអំពីព្រះចេស្តារបស់ព្រះ។ វាក៏បង្ហាញប្រាប់ដល់រាស្ត្ររបស់ព្រះថា ថ្ងៃសប្បាតហ៍ជាថ្ងៃដ៏វិសេស វិសាលណាស់ដែរ។

បញ្ញត្តិទី៤ ក្នុងចោទិយកថា ៥ ប្រាប់យើងថា ព្រះទ្រង់បានសង្គ្រោះរាស្ត្ររបស់ព្រះអង្គពីស្រុកអេស៊ីព្ទឲ្យរួចពីទាសភាព។ ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គរំឮកប្រាប់គ្នាអំពីរឿងនេះម្តងហើយម្តងទៀត។ ថ្ងៃសប្បាតហ៍រៀងរាល់សប្តាហ៍បានជួយពួកគេឲ្យនឹកចាំថា ព្រះទ្រង់បានរំដោះពួកគេ។ ពិតមែនហើយ ព្រះទ្រង់បានរំដោះពួកគេចេញពីជនជាតិអេស៊ីព្ទ។ ប៉ុន្តែ ព្រះអង្គក៏បានរំដោះពួកគេចេញពីអំពើបាបដែរ។

ហេតុនោះ យើងអាចឃើញថា ព្រះទ្រង់បានប្រទានហេតុផលពីរសម្រាប់ថ្វាយបង្គំព្រះអង្គនៅថ្ងៃសប្បាតហ៍។ ១) ព្រះអង្គបានបង្កើតពួកគេ។ ២) ព្រះអង្គបានសង្គ្រោះពួកគេ។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់មានបន្ទូលថា «អញ​ក៏​តាំង​ថ្ងៃ​ឈប់​សម្រាក​របស់​អញ​ឲ្យ​គេ​ដែរ ទុក​សម្រាប់​ជា​ទី​សម្គាល់​ដល់​អញ ហើយ​និង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ» (អេសេគាល ២០:១២)។ ដូចដែលយើងបានដឹងមកហើយ​ថា សេចក្តីពិតស្តីអំពីថ្ងៃសប្បាតហ៍របស់ព្រះគឺសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែពួកសាសន៍អ៊ីស្រាអែលឡើយ។ ព្រះជាម្ចាស់ចង់ជួយរាស្ត្ររបស់ព្រះអង្គឲ្យរៀនរស់ក្នុងផ្លូវជីវិតថ្មី។​ ដូច្នេះហើយបានជាព្រះអង្គចង់ឲ្យពួកគេអញ្ជើញមនុស្សគ្រប់គ្នានៅលើផែនដីនេះឲ្យដើរក្នុងផ្លូវជីវិតថ្មីនេះដែរ។ ព្រះអង្គចង់ឲ្យរាស្ត្ររបស់ព្រះអង្គមានចិត្តសប្បុរសចំពោះជនអន្តោប្រវេសន៍។ ព្រះអង្គចង់ឲ្យរាស្ត្ររបស់ព្រះអង្គចែករំលែកព្រះពរដែលព្រះអង្គប្រទានដល់ពួកគេដល់មនុស្សលោកគ្រប់គ្នា។

«ហេតុ​ដូច្នេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ឲ្យ​ឯង​កាន់​ថ្ងៃ​ឈប់​សម្រាក​​នេះ» (ចោទិយកថា ៥:១៥)។ ថ្ងៃសប្បាតហ៍ជួយយើងឲ្យនឹកចាំថា ព្រះទ្រង់បានបង្កើតយើង និងសង្គ្រោះ​យើង។ ថ្ងៃសប្បាតហ៍ជួយយើងឲ្យខិតជិតស្និទ្ធនឹងព្រះ និងមនុស្សដែលនៅជុំវិញយើង។ ព្រះទ្រង់សប្បុរស​ចំពោះយើង។ ហេតុនោះ យើងក៏ត្រូវតែសប្បុរសចំពោះមនុស្សគ្រប់គ្នាដែរ។

ថ្ងៃអង្គារ ទី១៦ កក្កដា ឆ្នាំ២០១៩

ថ្ងៃដែលប្រាប់យើងថា យើងទាំងអស់គ្នាមានតម្លៃស្មើគ្នានៅចំពោះព្រះ

សូមក្រឡេកមើលបញ្ញត្តិដប់ប្រការម្តងទៀតនៅក្នុងនិក្ខមនំ ២០ និងចោទិយកថា ៥។ តើលោកអ្នកឃើញចំណុចអ្វីខ្លះដែលធ្វើឲ្យបញ្ញត្តិទី៤មានលក្ខណៈខុសប្លែកពីបទបញ្ញត្តិដទៃផ្សេងទៀត? បញ្ញត្តិទី៤គឺជាបទបញ្ញត្តិដ៏វែងជាងគេបំផុត។ បញ្ញត្តិខ្លះសរសេរត្រឹមតែបីបួនម៉ាត់ប៉ុណ្ណោះ (ក្នុងភាសាហេព្រើរមានតែពីរម៉ាត់ប៉ុណ្ណោះ)។ ហេតុដូចម្តេចបានជាបញ្ញត្តិទី៤នេះវែងជាងគេម៉្លេះ? ពីព្រោះវាពន្យល់ពីមូលហេតុដែលយើងត្រូវរក្សាថ្ងៃសប្បាតហ៍ឲ្យបានបរិសុទ្ធ។ វាក៏បានបង្ហាញប្រាប់យើងអំពីរបៀបរក្សាវាឲ្យ​បរិសុទ្ធ និងប្រាប់យើងឲ្យនឹកចាំព្រះជាម្ចាស់ដែលយើងថ្វាយបង្គំ។

សូមអានខគម្ពីរនិក្ខមនំ ២០:៨‑១១។ តើខទាំងនេះនិយាយអ្វីខ្លះអំពីអ្នកបម្រើ ជនអន្តោប្រវេសន៍ និងសត្វពាហនៈ? តើក្បួនច្បាប់ទាំងនេះបង្រៀនយើងអំពីសេចក្តីពិតដ៏សំខាន់អ្វីខ្លះ?

តើលោកអ្នកឃើញទេថា ថ្ងៃសប្បាតហ៍និយាយអំពីរបៀបដែលព្រះចង់ឲ្យយើងនឹកឃើញដល់មនុស្សដែលនៅជុំវិញយើង? បញ្ញត្តិថ្ងៃសប្បាតហ៍ពិសេសណាស់។ ថ្ងៃនេះក៏បានញែករាស្ត្ររបស់ព្រះជាបរិសុទ្ធ និងធ្វើឲ្យពួកគេពិសេសដែរ។ វាបានធ្វើឲ្យពួកគេខុសពីមនុស្សដទៃទៀតនៅលើផែនដីនេះ។ ថ្ងៃសប្បាតហ៍ប្រាប់យើងឲ្យនឹកគិតទៅដល់មនុស្សនៅក្នុងសហគមន៍ទាំងឡាយរបស់យើងដែលត្រូវគេមើលងាយ។ ពួកគេគឺជាមនុស្សដែលត្រូវការសម្រាកបំផុត។ តើព្រះគម្ពីររាប់បញ្ចូលអ្នកណាខ្លះនៅក្នុងក្រុមនេះ? ពួកទាសករ ជនបរទេសដែលរស់នៅក្នុងប្រទេសរបស់យើង ព្រមទាំងសត្វពាហនៈផងដែរ។

ព្រះជាម្ចាស់ចង់ឲ្យមនុស្សគ្រប់គ្នាមានអំណរនឹងថ្ងៃសប្បាតហ៍។ សេចក្តីពិតនៃថ្ងៃសប្បាតហ៍បង្រៀនយើងថា យើងទាំងអស់គ្នាគឺស្មើគ្នា ឬដូចគ្នា នៅក្នុងព្រះនេត្ររបស់ព្រះ។ ព្រះបានប្រទានថ្ងៃសប្បាតហ៍ដល់កម្មករ និងទាសករ។ ថ្ងៃសប្បាតហ៍រំឭកប្រាប់ទាសករថា ព្រះទ្រង់បានបង្កើតគេ និងសង្គ្រោះ​គេផងដែរ។ ព្រះទ្រង់បានអញ្ជើញទាសករទាំងឡាយឲ្យអបអរសាទរសេចក្តីពិតនេះនៅថ្ងៃសប្បាតហ៍។ «នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ... ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី» (និក្ខមនំ ២០:១០)។

ព្រះជាម្ចាស់សូមឲ្យពួកអ៊ីស្រាអែលគិតតាមបែបថ្មីៗដ៏គួរឲ្យភ្ញាក់ផ្អើល។ ពួកគេធ្លាប់ជាទាសករនៅស្រុកអេស៊ីព្ទ។ ឥឡូវនេះពួកគេបានរស់នៅលើទឹកដីថ្មីរបស់ខ្លួន។ ព្រះទ្រង់ពុំចង់ឲ្យពួកគេប្រព្រឹត្តដូចជាជនជាតិអេស៊ីព្ទឡើយ។ នោះហើយបានជាព្រះទ្រង់ប្រទានច្បាប់យ៉ាងច្បាស់ដល់រាស្ត្ររបស់ព្រះអង្គសម្រាប់ទឹកដីថ្មីរបស់ពួកគេ។ ព្រះអង្គក៏បានប្រទានថ្ងៃសប្បាតហ៍ដល់ពួកគេដែរ។ ថ្ងៃសប្បាតហ៍ជួយយើងឲ្យនឹកចាំតាមរបៀបដ៏អស្ចារ្យថា មនុស្សគ្រប់រូបមានតម្លៃស្មើគ្នានៅចំពោះព្រះនេត្ររបស់ព្រះ។ គ្មាននរណាម្នាក់ប្រសើរជាងម្នាក់ទៀតឡើយ។

ថ្ងៃពុធ ទី១៧ កក្កដា ឆ្នាំ២០១៩

ថ្ងៃសម្រាប់ព្យាបាល

ព្រះទ្រង់ចង់ឲ្យថ្ងៃសប្បាតហ៍ក្លាយជាថ្ងៃសម្រាកសម្រាប់មនុស្សគ្រប់ៗគ្នា មិនមែនសម្រាប់តែពួកសាសន៍យូដាប៉ុណ្ណោះឡើយ។ នៅគ្រាដែលព្រះយេស៊ូវបានយាងមកកាន់ផែនដីនេះ ពួកមេដឹកនាំសាសនាយូដាមានគោលគំនិតយល់ផ្សេងទៅលើថ្ងៃសប្បាតហ៍។ សម្រាប់ពួកគេ ថ្ងៃសប្បាតហ៍ពុំមែនជាថ្ងៃនៃសេរីភាពដែលបង្ហាញប្រាប់ថា មនុស្សគ្រប់គ្នាមានតម្លៃស្មើគ្នានៅក្នុងព្រះនេត្រព្រះឡើយ។ ពួក គេបែរជាបង្រៀនថា ថ្ងៃសប្បាតហ៍គឺជាថ្ងៃដែលត្រូវកាន់វិន័យតឹងតែង។ ហេតុនោះ ព្រះយេស៊ូវក៏បានបង្ហាញទៅពួកយូដាថា ការបង្រៀនទាំងនេះគឺមិនត្រឹមត្រូវទេ។

តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ? ព្រះយេស៊ូវបានព្យាបាលមនុស្សនៅថ្ងៃសប្បាតហ៍។ ព្រះអង្គចង់បង្ហាញមេរៀនដ៏សំខាន់ដល់ពួកយូដាអំពីថ្ងៃសប្បាតហ៍គួរធ្វើអ្វីខ្លះ។ ជាញឹកញាប់ ពេលណាព្រះយេស៊ូវព្យាបាលមនុស្សនៅថ្ងៃសប្បាតហ៍ ព្រះអង្គបានប្រាប់ពីមូលហេតុដែលព្រះអង្គបានធ្វើ។ ភាគច្រើន មេដឹកនាំសាសនាយូដាបានលើកយកបន្ទូលរបស់ព្រះយេស៊ូវមកចោទប្រកាន់ដើម្បីធ្វើគុតព្រះអង្គ។

សូមអានខគម្ពីរម៉ាថាយ ១២:៩‑១៣, ម៉ាកុស ១:២១‑២៦, ម៉ាកុស ៣:១‑៦ និងយ៉ូហាន ៩:១‑១៦។ ខទាំងនេះប្រាប់រឿងរ៉ាវជាច្រើនអំពីមនុស្សដែលព្រះយេស៊ូវបានព្យាបាលនៅថ្ងៃសប្បាតហ៍ដល់យើង។ តើរឿងទាំងនេះបង្រៀនយើងនូវមេរៀនដ៏សំខាន់អ្វីស្តីអំពីថ្ងៃសប្បាតហ៍?

ព្រះយេស៊ូវបង្រៀនថា ថ្ងៃសប្បាតហ៍មានសារៈសំខាន់ណាស់។ ហេតុនោះបានជាយើងត្រូវរក្សាថ្ងៃសប្បាតហ៍ជាថ្ងៃពិសេស។ យើងតោងតែចំណាយពេលថ្ងៃនេះជាមួយព្រះ។ នោះនឹងធ្វើឲ្យយើងបានខិតជិតស្និទ្ធនឹងព្រះខ្លាំងឡើង។ ពេលវេលារបស់យើងជាមួយព្រះនឹងធ្វើឲ្យគ្រួសាររបស់យើង និង សហគមន៍របស់យើងរឹងមាំ។ ថ្ងៃសប្បាតហ៍មិនមែនសម្រាប់តែយើងប៉ុណ្ណោះទេ។ វាពុំមែនជាពេលវេលា សម្រាប់យើងមានភាពអាត្មានិយមឡើយ។ ព្រះយេស៊ូវមានបន្ទូលថា «មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ» (ម៉ាថាយ ១២:១២)។

មានសមាជិកពួកជំនុំជាច្រើនបានយកចិត្តទុកដាក់ជួយដល់មនុស្សដទៃទៀតរួចទៅហើយ។ ប៉ុន្តែ ពួកយើងភាគច្រើនមានអារម្មណ៍ថា យើងគួរធ្វើល្អឲ្យបានច្រើនថែមទៀត។ យើងដឹងថា ព្រះទ្រង់បានយកព្រះទ័យទុកដាក់នឹងមនុស្សដែលកំពុងរងទុក្ខលំបាក។ ហេតុនោះ យើងគួរតែយកចិត្តទុកដាក់​ផងដែរ។ នោះហើយជាមូលហេតុដែលថ្ងៃសប្បាតហ៍គឺជាពេលដ៏ល្អសម្រាប់គិតរកវិធីជួយដល់មនុស្សដទៃទៀត។ ព្រះទ្រង់បានបង្គាប់យើងរួចហើយថា មិនឲ្យធ្វើការអ្វីនៅថ្ងៃនេះទេ។ ហេតុនោះហើយបានជាព្រះអង្គប្រទានពេលពិសេសនេះយកទៅជួយដល់មនុស្សដទៃទៀត។ «បញ្ញត្តិទី៤បង្រៀនយើង ថា ព្រះទ្រង់ចង់ឲ្យយើងសម្រាកនៅថ្ងៃទី៧ និងថ្វាយបង្គំព្រះអង្គ។ ព្រះអង្គបង្គាប់យើងឲ្យឈប់ប្រកបរបរ​ទទួលទាននៅថ្ងៃនេះ។ ប៉ុន្តែព្រះទ្រង់បង្គាប់យើងឲ្យជួយដល់អ្នកដទៃ។ អំពើសប្បុរស និងការប្រព្រឹត្ត ប្រកបដោយក្តីស្រឡាញ់របស់យើងលើកតម្កើងដល់ថ្ងៃបរិសុទ្ធរបស់ព្រះ»។ ដកស្រង់ពី Ellen G. White, Welfare Ministry, page 77, adapted។

តើលោកអ្នកធ្វើអ្វីខ្លះដើម្បីជួយដល់មនុស្សដទៃទៀតនៅថ្ងៃសប្បាតហ៍?

ថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា ឆ្នាំ២០១៩

ឆ្នាំសម្រាកសម្រាប់ដីធ្លី

ដូចដែលយើងបានរៀនរួចមកហើយថា ថ្ងៃឈប់សម្រាកគឺជាផ្នែកដ៏សំខាន់នៃផ្លូវជីវិតថ្មីរបស់អ៊ីស្រាអែល។ ប៉ុន្តែ ពេលឈប់សម្រាកពុំមែនមានតែរៀងរាល់សប្តាហ៍ប៉ុណ្ណឹងទេ។ ពេលឈប់សម្រាកក៏រាប់បញ្ចូលរៀងរាល់ឆ្នាំទី៧ដែលជាពេលឈប់សម្រាកពិសេសផងដែរ។ បន្ទាប់ពី៤៩ឆ្នាំ ក៏មានឆ្នាំឈប់សម្រាកពិសេសមួយទៀតដែរ។ ឆ្នាំឈប់សម្រាកនេះគឺមានឡើងនៅរៀងរាល់៥០ឆ្នាំម្តង ដែលគេឲ្យឈ្មោះ​​ថា ឆ្នាំសោមនស្ស (ឆ្នាំសេរីភាព)។

សូមអានសេចក្តីបង្រៀននៅក្នុងខគម្ពីរលេវីវិន័យ ២៥:១‑៧។ តើសេចក្តីបង្រៀនទាំងនេះមានអ្វីពិសេសខ្លះ? តើលោកអ្នកអាចយកក្បួនច្បាប់ទាំងនេះមកអនុវត្តក្នុងផ្នែកមួយនៃជីវិត និងកិច្ចការប្រចាំថ្ងៃរបស់លោកអ្នកដោយរបៀបណាខ្លះ?

ក្នុងអំឡុងឆ្នាំសម្រាក រាស្ត្ររបស់ព្រះមិនបានធ្វើស្រែចម្ការឡើយ។ ពួកគេត្រូវទុកឲ្យដីស្រែចម្ការ «ឈប់សម្រាក»។ មនុស្សជាច្រើនសព្វថ្ងៃនេះបានទទួលស្គាល់ថា ការអនុវត្តបែបនេះគឺជាទង្វើដ៏ឆ្លាតវៃ​មួយ។

ឆ្នាំទី៧ក៏មានសារៈសំខាន់សម្រាប់ទាសករដែរ (និក្ខមនំ ២១:១‑១១)។ ​ជនជាតិអ៊ីស្រាអែលជាច្រើនបានជំពាក់ប្រាក់គេយ៉ាងច្រើន។ ពួកគេក៏បានក្លាយជាទាសករដើម្បីបង់សងប្រាក់ដែលជំពាក់គេ។ ប៉ុន្តែនៅឆ្នាំទី៧ ព្រះទ្រង់បានបង្គាប់ដល់រាស្ត្ររបស់ព្រះអង្គឲ្យដោះលែងទាសករទាំងនេះវិញ។ ចុះ​ប្រាក់ដែលសេសសល់ដែលទាសករមិនទាន់បានសងយ៉ាងដូចម្តេចដែរ? ព្រះទ្រង់មានបន្ទូលថា ពួកទាសករដែលត្រូវបានដោះលែងទាំងនេះមិនចាំបាច់ត្រូវសងប្រាក់ដែលនៅសល់ឡើយ (ចោទិយកថា ១៥:១‑១១)។

សូមនឹកចាំអំពីនំម៉ាណា? យើងដឹងថា ព្រះទ្រង់បានប្រទាននំម៉ាណាលើសពីធម្មតានៅថ្ងៃសុក្រដើម្បីត្រៀមសម្រាប់ថ្ងៃទី៧។ ធ្វើដូច្នេះ រាស្ត្ររបស់ព្រះពុំចាំបាច់រើសនំម៉ាណានៅថ្ងៃទី៧ឡើយ។ ដូចគ្នា​នេះដែរ ព្រះទ្រង់បានប្រាប់រាស្ត្ររបស់ព្រះមិនឲ្យដាំដំណាំនៅឆ្នាំទី៧ឡើយ។ ព្រះជាម្ចាស់សន្យាប្រទានអាហារលើសពីធម្មតានៅឆ្នាំទី៦ដើម្បីជួយពួកគេបម្រុងទុកសម្រាប់ឆ្នាំទី៧។ ជនជាតិអ៊ីស្រាអែលបានបង្ហាញការជឿទុកចិត្តរបស់ពួកគេទៅលើព្រះដោយពុំបានធ្វើស្រែចម្ការនៅឆ្នាំទី៧ឡើយ។ ព្រះជាម្ចាស់ក៏បានសូមឲ្យរាស្ត្ររបស់ព្រះអង្គមានចិត្តសប្បុរសចំពោះបាវបម្រើនៅឆ្នាំទី៧ដែរ។ ហេតុនោះហើយបានជាព្រះជាម្ចាស់បង្គាប់ដល់រាស្ត្ររបស់ព្រះអង្គឲ្យដោះលែងពួកបាវបម្រើឲ្យទៅវិញ ដោយមិនតម្រូវឲ្យបង់សងប្រាក់ដែលជំពាក់វិញឡើយ។ ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គប្រព្រឹត្តសប្បុរសដើម្បីបង្ហាញថា ពួកគេបានជឿទុកចិត្តលើព្រះចេស្តារបស់ព្រះ។ ព្រះអង្គចង់ឲ្យពួកគេជឿទុកចិត្តព្រះអង្គថានឹងប្រទានអ្វីៗគ្រប់យ៉ាងតាមសេចក្តីត្រូវការរបស់ពួកគេ។ ព្រះអង្គបង្គាប់ដល់អ៊ីស្រាអែលមិនឲ្យបង្ខំមនុស្សទ័លក្រឲ្យធ្វើជាទាសករដើម្បីកាត់កងសងប្រាក់ដែលជំពាក់ពួកគេឡើយ។

របៀបដែលយើងរក្សាថ្ងៃសប្បាតហ៍គួរតែផ្លាស់ប្តូររបៀបរបបរស់នៅរបស់យើងក្នុង៦ថ្ងៃផ្សេងទៀតនៃសប្តាហ៍។ សូមយកនគរព្រះទុកជាទីមួយ។ ព្រះទ្រង់ជ្រាបពីសេចក្តីត្រូវការរបស់លោកអ្នក។ នោះ «ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត» (ម៉ាថាយ ៦:៣៣)។

ថ្ងៃសុក្រ ទី១៩ កក្កដា ឆ្នាំ២០១៩

សិក្សាបន្ធែម

សូមអាន Ellen G. White, “From the Red Sea to Sinai,”pages 295-297, in Patriarchs and Prophets; “The Sabbath,”pages 281-289; in The Desire of Ages.

«ព្រះយេស៊ូវបានមានបន្ទូលថា កាលណាយើងជួយមនុស្សដទៃនៅថ្ងៃសប្បាតហ៍ យើងពុំបាន រំលងក្រឹត្យវិន័យទេ។ វាជាការល្អក្នុងការជួយមនុស្សនៅថ្ងៃសប្បាតហ៍។ យើងធ្វើការជាមួយគ្នានឹងពួកទេវតារបស់ព្រះកាលណាយើងជួយដល់មនុស្សដែលកំពុងរងទុក្ខលំបាកនៅថ្ងៃសប្បាតហ៍។ ពួកទេវតារបស់ព្រះហោះច្រវាត់ទៅវិញទៅមកពីឋានសួគ៌និងផែនដីគ្រប់ពេលវេលា។ ពួកគេបានមកជួយដល់មនុស្សដែលកំពុងជួបការលំបាក...

«មនុស្សលោកក៏ត្រូវមានកិច្ចការពិសេសដែលត្រូវធ្វើនៅថ្ងៃសប្បាតហ៍ដែរ។ យើងតោងតែផ្តោតអារម្មណ៍យកចិត្តទុកដាក់ទៅលើរឿងមួយចំនួន។ យើងតោងតែយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។ យើងតោងតែយកចិត្តទុកដាក់ដល់សេចក្តីត្រូវការរបស់មនុស្សទ័លក្រ។ ព្រះទ្រង់នឹងជំនុំជំរះយើងថាមានទោសប្រសិនបើយើងពុំបានជួយដល់មនុស្សដែលកំពុងជួបទុក្ខវេទនានៅថ្ងៃសប្បាតហ៍ទេនោះ... ព្រះទ្រង់បានបង្កើតថ្ងៃឈប់សម្រាករបស់ព្រះអង្គទុកឲ្យមនុស្សលោក។ អំពើសប្បុរស និងការប្រព្រឹត្តដោយចិត្តមេត្តារបស់យើងនៅថ្ងៃសប្បាតហ៍បង្ហាញថា យើងរក្សាថ្ងៃសប្បាតហ៍បរិសុទ្ធ។ ព្រះទ្រង់ពុំចង់ឲ្យនរណាម្នាក់ ឬអ្វីមួយដែលព្រះអង្គបង្កើតមករងទុក្ខវេទនានៅក្នុងអំឡុងពេលនៃថ្ងៃសប្បាតហ៍ ឬថ្ងៃផ្សេងទៀតឡើយ។ ហេតុនោះ យើងតោងតែធ្វើអ្វីក៏ដោយដែលយើងអាចធ្វើបាននៅថ្ងៃសប្បាតហ៍ដើម្បីជួយដល់មនុស្សដទៃទៀត និងសត្វទាំងឡាយ។ យើងតោងតែជួយបញ្ចប់ទុក្ខវេទនារបស់ពួកគេ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, pages 206, 207, adapted។

សំនួរពិភាក្សា៖
  1. តើបទពិសោធន៍របស់លោកអ្នកនឹងថ្ងៃសប្បាតហ៍បានធ្វើឲ្យការជឿទុកចិត្តរបស់លោកអ្នកលើព្រះលូតលាស់ឡើងយ៉ាងដូចម្តេចដែរ? តើលោកអ្នកមានបទពិសោធន៍ណាមួយក្នុងជីវិតដែលព្រះជាម្ចាស់បានប្រទានអ្វីមួយដែលលោកអ្នកត្រូវការដោយសារតែលោកអ្នកបានជឿទុកចិត្តលើព្រះអង្គដែរឬទេ? ប្រសិនបើមាន ចូរចែកចាយរឿងរបស់លោកអ្នកដល់ថ្នាក់សប្បាតហ៍ស្គូល។ តើបទពិសោធន៍របស់លោកអ្នកបង្រៀនអ្វីខ្លះដល់លោកអ្នក?

  2. យើងបានអានអំពីបញ្ញតិ្តថ្ងៃសប្បាតហ៍ក្នុងខគម្ពីរនិក្ខមនំ ២០៖៨‑១១ និងចោទិយកថា ៥៖១២‑​១៥។ តើលោកអ្នកចូលចិត្តបំផុតលើចំណុចណាខ្លះអំពីថ្ងៃសប្បាតហ៍?

  3. តើថ្នាក់សប្បាតហ៍ស្គូលរបស់លោកអ្នកអាចចែកចាយព្រះពរនៃថ្ងៃសប្បាតហ៍ដល់សហគមន៍របស់លោកអ្នកតាមរយៈសកម្មភាពអ្វីខ្លះ?

  4. តើថ្ងៃសប្បាតហ៍បានផ្លាស់ប្តូរជីវិតរបស់លោកអ្នកលើចំណុចអ្វីខ្លះ? តើនៅមានចំណុចណាខ្លះទៀតដែលថ្ងៃសប្បាតហ៍ត្រូវជួយឲ្យផ្លាស់ប្តូរដែរឬទេ? ប្រសិនបើមាន តើផ្នែកណាខ្លះនៃជីវិតរបស់លោកអ្នកដែលត្រូវការការផ្លាស់ប្តូរនោះ?
Powered by CAM