ថ្ងៃសៅរ៍ ទី១២ តុលា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អែសរ៉ា ៧:១០, ដានីយ៉ែល ៩:២៤‑២៧, ដានីយ៉ែល ៨:១៤, ២៦, ២៧, រ៉ូម ៨:២៨, ២៩, និក្ខមនំ ៣, ៤។
ខចងចាំ៖ «សូមសរសើរតម្កើងដល់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោយើងរាល់គ្នា ដែលទ្រង់បានបណ្តាលព្រះទ័យស្តេច ឲ្យសម្រេចនឹងតាក់តែងព្រះវិហារនៃព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិមឲ្យល្អឡើងដូច្នេះ » (អែសរ៉ា ៧:២៧)។
តើព្រះជាម្ចាស់បានជ្រើសរើស មនុស្សម្នាក់ៗឲ្យធ្វើកិច្ចការពិសេសណាមួយឬ? តើអ្វីទៅដែលធ្វើឲ្យបុគ្គលណាម្នាក់ធ្វើការបានប្រសើរជាងបុគ្គលម្នាក់ផ្សេងទៀត? តើយើងមើលឃើញ និងវិនិច្ឆ័យរឿងទាំងនេះខុសគ្នាពីព្រះមែនទេ? ពួកយើងភាគច្រើននឹងឆ្លើយថា ពិតមែនហើយ ទៅកាន់សំណួរទាំងនេះ។ យើងជឿថា មានពេលគ្រប់ទាំងអស់ពេលណាព្រះទ្រង់ត្រៀមយើងរួចរាល់សម្រាប់ការងារដ៏សំខាន់ណាមួយហើយនោះ។ ព្រះទ្រង់បានប្រទាននូវបទពិសោធន៍ ឬការអប់រំដ៏ពិសេសណាមួយដល់យើងដើម្បីជួយយើង។ ពេលខ្លះទៀត ព្រះទ្រង់បានជ្រើសរើសយើងឲ្យធ្វើកិច្ចការសាមញ្ញដោយសារតែយើងមានចិត្តមិនអំនួត។ វាមិនមែនជាការងាយស្រួលនឹងដឹងថាអ្វីទៅជាផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើងឡើយ មែនទេ? បើទោះជាយ៉ាងដូច្នោះក្តី ព្រះគម្ពីរគឺមានពោរពេញដោយរឿងរ៉ាវជាច្រើនអំពីមនុស្សដែលព្រះទ្រង់បានជ្រើសរើសឲ្យធ្វើកិច្ចការពិសេសណាមួយ។
ព្រះជាម្ចាស់បានជ្រើសរើសលោកអែសរ៉ា និងលោកនេហេមាឲ្យធ្វើកិច្ចការពិសេសតែរៀងខ្លួន។ ព្រះទ្រង់ចង់ឲ្យលោកទាំងពីររូបនេះកសាងក្រុង និងព្រះវិហារបាក់បែកឡើងវិញ។ នោះគឺជាការងារដ៏ធំមួយ! ប៉ុន្តែការងាររបស់ពួកលោកចងក្រងឡើងពីការងារតូចតាចទាំងឡាយ។ ព្រះទ្រង់បានប្រាប់លោកអែសរ៉ា និងលោកនេហេមាឲ្យដឹកនាំបណ្តាជននៃសាសន៍អ៊ីស្រាអែលត្រឡប់ទៅឯយេរូសាឡិមវិញ។ ពិតមែនហើយ ព្រះទ្រង់ចង់ឲ្យលោកអែសរ៉ា និងលោកនេហេមាកសាងព្រះវិហារឡើងវិញ។ ទន្ទឹមគ្នានោះ ព្រះទ្រង់ក៏ចង់ឲ្យលោកទាំងពីរបង្រៀនមនុស្សទាំងឡាយអំពីព្រះជាម្ចាស់ដែរ។ ព្រះទ្រង់ចង់ឲ្យលោកអែសរ៉ា និងលោកនេហេមាជួយរាស្ត្ររបស់ព្រះអង្គឲ្យមានទំនាក់ទំនងជិតស្និទ្ធនឹងព្រះអង្គកាន់តែខ្លាំងឡើងម្តងទៀត។ អស្ចារ្យណាស់! ព្រះទ្រង់បានប្រទានកិច្ចការដ៏សំខាន់យ៉ាងច្រើនដល់លោកអែសរ៉ា និងលោកនេហេមា!
ថ្ងៃអាទិត្យ ទី១៣ តុលា ឆ្នាំ២០១៩
ព្រះទ្រង់បានរើសយកលោកអែសរ៉ា និងលោកនេហេមា
យើងឃើញថា ព្រះបានជ្រើសរើសលោកអែសរ៉ាឲ្យបម្រើព្រះអង្គដោយសារហេតុផលជាច្រើន។ ១) លោកអែសរ៉ាចង់ធ្វើតាមគ្រប់យ៉ាងដែលព្រះទ្រង់បង្គាប់មក។ ២) លោកអែសរ៉ាគឺជាមេដឹកនាំមួយរូប។ ៣) លោកមានជំនាញច្បាស់លាស់ច្រើន។ លោកគឺជាគ្រូ និងជាស្មៀន ឬបណ្ឌិតច្បាប់ (គខប) ដែលបានសិក្សាច្បាប់ និងចម្លងច្បាប់។ ប៉ុន្តែមានខគម្ពីរមួយដែលបង្ហាញកាន់តែច្បាស់អំពីមូលហេតុដែលព្រះបានប្រទានកិច្ចការដ៏ពិសេសនេះដល់លោកអែសរ៉ា។
តើខគម្ពីរអែសរ៉ា ៧:១០ ប្រាប់យើងអ្វីខ្លះអំពីលោកអែសរ៉ា? ព្រះគម្ពីរបានចែងថា លោក «បានតាំងចិត្ត» ស្វែងរកក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម។ តើលោកអ្នកគិតថា លោកអែសរ៉ាធ្វើអ្វីខ្លះដើម្បីត្រៀមចិត្តស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ?
ពាក្យថា «បានតាំងចិត្ត» ឬ «ខិតខំរៀនសូត្រ» (គខប) ក្នុងខគម្ពីរខាងលើ មកពីពាក្យហេព្រើរថា «ឃូន» ដែលមានន័យថា «ត្រៀមខ្លួនជាស្រេច»។ រឿងនេះជួយឲ្យយល់អំពីអត្ថន័យពិតនៃខនេះបាន។ គឺលោកអែសរ៉ាបានត្រៀមខ្លួនជាស្រេចដើម្បីដើរតាមព្រះ។
បន្ទាប់ពីលោកអែសរ៉ាបានមកដល់ទីក្រុងយេរូសាឡិម លោកបានបង្រៀនសេចក្តីពិតនៃព្រះគម្ពីរប្រាប់ដល់រាស្ត្ររបស់ព្រះ។ លោកបានបង្រៀនពួកគេអស់រយៈពេល១៣ឆ្នាំ។ បន្ទាប់មកពួកបណ្តាជនក៏បានសាងសង់កំផែងបានរួចរាល់។ ពួកគេបានប្រកាសថា គ្រប់គ្នាគួរតែមកជួបជុំគ្នា។ ពួកគេពុំបានបង្ខិតបង្ខំនរណាម្នាក់ឡើយ។ គឺពួកគេធ្វើការនេះដោយស្ម័គ្រចិត្ត។ ពួកគេបានធ្វើការនេះដោយសារតែសេចក្តីពិតនៃព្រះគម្ពីរដែលលោកអែសរ៉ាបានបង្រៀនដល់ពួកគេ។
ហេតុអ្វីបានជាព្រះរើសលោកនេហេមា? សូមអាននេហេមា ១:១‑១១ ដើម្បីរកចម្លើយ។
លោកនេហេមាមានចិត្តបម្រើដល់ព្រះ និងបណ្តាជន។ លោកមិនសប្បាយចិត្តឡើយពេលដែលបានដឹងថា បណ្តាជនបានឈប់ធ្វើការនៅក្រុងយេរូសាឡិម។ លោកនេហេមាមានចិត្តស្រឡាញ់កិច្ចការរបស់ព្រះ។ លោកបានទូលប្រាប់ដល់ព្រះថា លោកមានចិត្តចង់ជួយបញ្ចប់កិច្ចការនោះ។ ព្រះទ្រង់បានឆ្លើយតបសេចក្តីអធិដ្ឋាន និងបំណងចិត្តរបស់លោក។ ជួនកាលយើងក៏មានគំនិតល្ងិតល្ងង់ដែរ។ យើងជឿថា ប្រសិនបើយើងចង់ធ្វើអ្វីមួយខ្លាចលោគំនិតមិនមែនមកពីព្រះ។ យើងគិតថា ព្រះនឹងប្រទានតែការងារណាដែលលំបាកៗដែលយើងមិនចង់ធ្វើតែប៉ុណ្ណោះ។ ប៉ុន្តែ រឿងនោះមិនពិតទេ! ប៉ុន្តែជាញឹកញាប់ ព្រះតែងតែប្រទានកិច្ចការដែលយើងចង់ធ្វើឲ្យដល់យើង។ ព្រះអង្គចង់ឲ្យយើងស្រឡាញ់ការងារដែលយើងធ្វើថ្វាយព្រះអង្គ!
តើព្រះជាម្ចាស់បានជ្រើសរើសលោកអ្នកឲ្យធ្វើកិច្ចការថ្វាយព្រះអង្គដែលលោកអ្នកចូលចិត្តដោយរបៀបណាដែរ?
ថ្ងៃច័ន្ទ ទី១៤ តុលា ឆ្នាំ២០១៩
ពេលវេលានៃបទទំនាយ
ក្នុងមេរៀនទី១ យើងបានរៀនអំពីការដែលព្រះបានរើសលោកសូរ៉ូបាបិល (នៅម្តុំឆ្នាំ ៥៣៨ មុនគ្រិស្តសករាជ) និងលោកអែសរ៉ា (ឆ្នាំ៤៥៧ មុនគ.ស.) ឲ្យធ្វើកិច្ចការពិសេស។ ក្នុងមេរៀនទី២ យើងបានរៀនអំពីការដែលព្រះបានរើសលោកនេហេមា (ឆ្នាំ ៤៤៤ មុនគ.ស.) ផងដែរ។ យើងត្រូវយល់ថា ព្រះទ្រង់បានជ្រើសរើសមនុស្សទាំងនេះដោយសារមូលហេតុពិសេសមួយ។ ហេតុអ្វី? ពីព្រោះដល់ពេលដែលព្រះជាម្ចាស់ត្រូវធ្វើតាមសេចក្តីសន្យាដែលព្រះអង្គសន្យាជាមួយរាស្ត្ររបស់ព្រះក្នុងគ្រាកន្លងមកយូរមកហើយ។ ហេតុនោះហើយបានជាព្រះជ្រើសរើសបុរសទាំងបីរូបឲ្យជួយព្រះអង្គ។ ចូរយើងក្រឡេកមើលគំរូរបស់លោកសូរ៉ូបាបិល។ ព្រះបានរើសលោកសូរ៉ូបាបិលឲ្យធ្វើកិច្ចការពិសេសនៅចុងឆ្នាំ៧០ ដែលរាស្ត្ររបស់ព្រះបានរស់នៅទីក្រុងបាប៊ីឡូន។ លោកយេរេមាបានមានប្រសាសន៍អំពីសេចក្តីសន្យារបស់ព្រះដែលត្រូវ រំដោះរាស្ត្ររបស់ព្រះអង្គបន្ទាប់ពីរយៈកាល៧០ឆ្នាំ។
តើព្រះបានរើសលោកអែសរ៉ាឲ្យធ្វើកិច្ចការដ៏សំខាន់នៅឆ្នាំណាដែរ? គឺចំឆ្នាំដែលស្តេចអើថាស៊ើកសេសបានចេញរាជបញ្ជាពិសេសមួយ។ ហេតុអ្វីបានជាឆ្នាំនោះមានសារៈសំខាន់ក្នុងបទទំនាយនៃ ព្រះគម្ពីរខ្លាំងម៉្លេះ? បទទំនាយគឺជាសារពិសេសពីព្រះប្រាប់ដល់រាស្ត្ររបស់ព្រះអង្គ។ ដើម្បីរកចម្លើយ សូមអានខគម្ពីរដានីយ៉ែល ៩:២៤‑២៧។
ទេវតាបានប្រាប់លោកដានីយ៉ែលថា ត្រូវឲ្យដឹងហើយយល់ថា នឹងមានប្រាំពីរ «អាទិត្យ»។ បន្ទាប់មកមាន៦២ «អាទិត្យ»។ ប្រាំពីរ «អាទិត្យ» នឹងចាប់ផ្តើមនៅពេលមានសេចក្តីបង្គាប់ឲ្យសង់ក្រុងយេរូសាឡិម និងធ្វើឲ្យវាថ្មីឡើងវិញ។ នៅចុងបញ្ចប់នៃ៦២ «អាទិត្យ» ស្តេចដែលត្រូវបានចាក់ប្រេងតាំងនឹងមកដល់ (ដានីយ៉ែល ៩:២៥)។ រីឯខ២៧ និយាយអំពីសប្តាហ៍ចុងក្រោយនៃបទទំនាយពេលវេលា ឬនៃសារពិសេសនេះ។ យើងដឹងថា ក្នុង១អាទិត្យមានប្រាំពីរថ្ងៃ។ ឥឡូវ មានក្បួនច្បាប់ពិសេសមួយក្នុង ព្រះគម្ពីរជនគណនា ១៤:៣៤ និងអេសេគាល ៤:៥, ៦។ ខទាំងនេះប្រាប់យើងថា «ថ្ងៃ» ក្នុងបទទំនាយស្តីពីពេលវេលាគឺជារូបស័ព្ទ។ មានន័យថា ១ថ្ងៃស្មើនឹង១ឆ្នាំក្នុងបទទំនាយពេលវេលាក្នុងព្រះគម្ពីរ។ ហេតុនោះ តើ១អាទិត្យក្នុងបទទំនាយពេលវេលាក្នុងព្រះគម្ពីរស្មើនឹងប៉ុន្មានឆ្នាំដែរ? គឺ១អាទិត្យ ឬ៧ថ្ងៃស្មើនឹង៧ឆ្នាំ។ តើលោកអ្នកឃើញទេថា បទទំនាយពេលវេលាក្នុងព្រះគម្ពីរដានីយ៉ែល ៩:២៥ និយាយអំពី៧០អាទិត្យ? ប្រសិនបើយើងប្រើក្បួនច្បាប់ព្រះគម្ពីរសម្រាប់បកស្រាយខនេះ យើងឃើញថា ៧០អាទិត្យនេះគឺស្មើនឹង៤៩០ឆ្នាំពិតៗ។
តើ៧០អាទិត្យ ឬ៤៩០ឆ្នាំនេះចាប់ផ្តើមឡើងនៅពេលណា? ខព្រះគម្ពីរដានីយ៉ែល ៩:២៥ បានប្រាប់ចម្លើយដល់យើង។ ៤៩០ឆ្នាំចាប់ផ្តើមពេលដែលស្តេចចេញសេចក្តីបង្គាប់ពិសេសឲ្យសាងសង់ក្រុងយេរូសាឡិមឡើងវិញ។ មានស្តេចនៃនគរពើស៊ីចំនួនបីអង្គបានចេញសេចក្តីបង្គាប់ឲ្យស្តារជាតិសាសន៍យូដាឡើងវិញ៖ គឺស្តេចស៊ីរូស, ស្តេចដារីយ៉ុស, និងស្តេចអើថាស៊ើកសេស។ ក៏ប៉ុន្តែមានតែស្តេចអើថាស៊ើកសេសមួយអង្គគត់ដែលបានបង្គាប់ឲ្យសាងសង់ទីក្រុងរបស់ពួកគេឡើងវិញ (អែសរ៉ា ៧:២៧, ២៨)។ សេចក្តីបង្គាប់របស់ព្រះអង្គបានចាប់ផ្តើមឡើងក្នុងឆ្នាំ៤៥៧មុនគ្រិស្តសករាជ ពោលគឺក្នុងឆ្នាំទី៧ក្នុងរជ្ជកាលរបស់ព្រះអង្គ (សូមអានអែសរ៉ា ៧:៧‑២៦)។
ថ្ងៃអង្គារ ទី១៥ តុលា ឆ្នាំ២០១៩
៧០អាទិត្យ និង២៣០០ព្រឹក
ចូរក្រឡេកមើលខគម្ពីរដានីយ៉ែល ៩:២៤ «គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង»។ ពាក្យថា «បានកំណត់» មានន័យពិតប្រាកដថា «បានកាត់ចេញ»។ ពាក្យនេះឃើញប្រើតែម្តងនេះគត់ក្នុងខនេះប៉ុណ្ណោះ។ ប៉ុន្តែយើងរកឃើញថា ពាក្យនេះត្រូវបានគេប្រើក្នុងសំណេរផ្សេងទៀតក្រៅពីព្រះគម្ពីររបស់សាសន៍យូដា។ វាមានន័យថា «កាត់ចេញ» អ្វីមួយពីអ្វីមួយទៀតដែលវែងជាង។ ហេតុនោះពាក្យនោះជួយយើងឲ្យយល់ថា ៧០អាទិត្យ (៤៩០ឆ្នាំ) គឺប្រាកដជាកាត់ចេញពីទំនាយពេលវេលាដែលវែងជាងនេះក្នុងព្រះគម្ពីរដដែលនោះ។ ប៉ុន្តែ តើយើងអាចរកឃើញបទទំនាយពេលវេលាដែលវែងជាងនោះនៅត្រង់ណា? គឺនៅត្រង់ដានីយ៉ែលជំពូក៨ ដែលនិយាយអំពី២៣០០ព្រឹក ដែលមានន័យថា ២៣០០ឆ្នាំពិតៗ។
សូមអានសុបិនរបស់លោកដានីយ៉ែលក្នុងបទគម្ពីរដានីយ៉ែល ៨។ តើផ្នែកមួយនៃសុបិនរបស់លោកដានីយ៉ែលគឺជាអ្វីទៅ ដែលលោកនៅមិនទាន់យល់នោះ? (ដានីយ៉ែល ៨:១៤, ២៦, ២៧)។
មានហេតុផលជាច្រើនដែលថា បទទំនាយពេលវេលា៧០អាទិត្យក្នុងដានីយ៉ែល ៩:២៤‑២៧ គឺជាផ្នែកមួយនៃបទទំនាយពេលវេលា២៣០០ព្រឹកក្នុងដានីយ៉ែល ៨:១៤។ ១) ទាំងពីរនេះគឺសុទ្ធតែជាបទទំនាយនៃពេលវេលា ដែលបង្ហាញប្រាប់អំពីអ្វីដែលនឹងកើតឡើងក្នុងគ្រាអនាគត។ ២) ទេវតាកាព្រីយ៉ែលពន្យល់អំពីអត្ថន័យនៃបទទំនាយពេលវេលាទាំងពីរនេះ។ ៣) មានតែផ្នែកមួយប៉ុណ្ណោះនៃសុបិនដែលទេវតាកាព្រីយ៉ែលពុំបានពន្យល់ក្នុងដានីយ៉ែល ៨ គឺជាផ្នែកដែលនិយាយអំពី ២៣០០ព្រឹក ក្នុងខគម្ពីរដានីយ៉ែល ៨:១៤ នេះឯង។ ៤) បទគម្ពីរដានីយ៉ែល ៨ និយាយអំពីសុបិន។ ទេវតកាព្រីយ៉ែលពន្យល់តែផ្នែកខ្លះតែប៉ុណ្ណោះ។ តើលោកអ្នកឃើញទេថា បទគម្ពីរដានីយ៉ែល ៩ ពុំបាននិយាយពីសុបិនទេ គឺមានតែសេចក្តីពន្យល់តែប៉ុណ្ណោះ? នោះគឺដោយសារជំពូកនេះពន្យល់ត្រឹមតែផ្នែកមួយនៃដានីយ៉ែល ៨ ដែលទេវតាកាព្រីយ៉ែលពុំបានពន្យល់ដល់លោកដានីយ៉ែលពីមុននោះឯង។ ផ្នែកនោះគឺជាបទទំនាយពេលវេលា ២៣០០ ព្រឹក ក្នុងដានីយ៉ែល ៨:១៤ នោះឯង។ នោះគឺជាផ្នែកតែមួយនៃសុបិនដែលលោកដានីយ៉ែលនៅមិនទាន់យល់នៅឡើយ (សូមអាន ដានីយ៉ែល ៨:២៧)។
កណ្ឌគម្ពីរអែសរ៉ាបានផ្តល់ព័ត៌មានដែលជួយយើងឲ្យយល់ពីបទទំនាយពេលវេលាក្នុងកណ្ឌគម្ពីរដានីយ៉ែល។ កណ្ឌគម្ពីរអែសរ៉ាជួយយើងឲ្យយល់ពីពេលដែល២៣០០ព្រឹក (២៣០០ឆ្នាំពិតៗ) បានចាប់ផ្តើមក្នុងប្រវត្តិសាស្ត្រ។ នៅពេលដែលយើងដឹងអំពីកាលបរិច្ឆេទត្រឹមត្រូវ នោះយើងនឹងយល់ពីកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដីនេះកាន់តែប្រសើរឡើង។
ថ្ងៃពុធ ទី១៦ តុលា ឆ្នាំ២០១៩
ពួកអ្នកដែលព្រះបានរើសតាំង
យើងជឿថា ព្រះទ្រង់បានជ្រើសរើសយើងសម្រាប់ហេតុផលពិសេស និងសម្រាប់កិច្ចការ ពិសេស។ គ្រីស្ទានជាច្រើនមានគោលគំនិតខុសៗគ្នាអំពីអត្ថន័យនៃប្រធានបទនេះ។ តើព្រះគម្ពីរបាននិយាយអ្វីខ្លះអំពីប្រធានបទនេះ?
សូមអានអំពីការដែលព្រះជាម្ចាស់បានជ្រើសរើសយើងនៅក្នុងខគម្ពីររ៉ូម ៨:២៨, ២៩។ តើអ្វីទៅដែលជាផែនការរបស់ព្រះសម្រាប់យើងរាល់គ្នា?
ខទាំងនេះប្រាប់យើងថា ព្រះទ្រង់ជ្រាបតាំងពីដំបូងទីរួចមកហើយថា នរណាខ្លះនឹងជ្រើសរើសជឿទុកចិត្តលើព្រះអង្គ។ ព្រះអង្គបានជ្រើសរើសពួកគេឲ្យបាន «ត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់» ទាំងគំនិត ទាំងអារម្មណ៍ និងទាំងអាកប្បកិរិយា (រ៉ូម ៨:២៩)។ ព្រះទ្រង់ពុំបានជ្រើសរើសថា អ្នកណាខ្លះ នឹងត្រូវបានសង្គ្រោះ ឬនឹងត្រូវបាត់បង់នោះឡើយ។ គឺយើងទេដែលជាអ្នកសម្រេចចិត្តខ្លួនឯង។ ព្រះអង្គពុំបានដកសិទ្ធិនោះចេញពីយើងឡើយ។ ជម្រើសរបស់ព្រះអង្គបានបង្ហាញឲ្យឃើញថា ព្រះអង្គបានហៅយើងឲ្យធ្វើការផ្លាស់ប្តូរ។ ព្រះទ្រង់ចង់ផ្លាស់ប្តូរចិត្តគំនិតរបស់យើង។ ព្រះអង្គចង់ឲ្យជីវិតរបស់យើងត្រាប់តាមព្រះយេស៊ូវដើម្បីឲ្យមនុស្សគ្រប់គ្នាបានឃើញ។ ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងផ្លាស់ប្តូរយើងក្នុងខគម្ពីររ៉ូម ៨:៣០។ ក្នុងខនោះ លោកប៉ុលមានប្រសាសន៍ថា ព្រះបានជ្រើសរើសយើង។ បន្ទាប់មក ព្រះអង្គក៏បានរាប់យើងជាសុចរិត និងធ្វើឲ្យយើងទៅជាមនុស្សថ្មី។ បន្ទាប់មកទៀតព្រះអង្គបានញែកយើងចេញជាបរិសុទ្ធ។ យើងមិនអាចផ្លាស់ប្តូរជីវិតរបស់យើងបានឡើយ។ ប៉ុន្តែព្រះបានសន្យាថានឹងផ្លាស់ប្តូរយើង។
សូមអានបទគម្ពីររ៉ូម ៩។ ក្នុងជំពូកនេះ តើព្រះទ្រង់កំពុងជ្រើសរើសយើងឲ្យធ្វើអ្វី?
ក្នុងបទគម្ពីររ៉ូម ៩ លោកប៉ុលមានប្រសាសន៍ថា ព្រះទ្រង់បានជ្រើសរើសយើងឲ្យធ្វើកិច្ចការពិសេសមួយ។ ព្រះទ្រង់បានជ្រើសរើសជនជាតិអ៊ីស្រាអែលឲ្យនាំយកដំណឹងល្អអំពីព្រះប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដី។ បន្ទាប់មក ស្រាប់តែយើងឃើញមានប្រយោគថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» (រ៉ូម ៩:១៣)។ មនុស្សជាច្រើនមានការពិបាកនឹងយល់ខនេះខ្លាំងណាស់។ ពួកគេយល់ថា ព្រះស្រឡាញ់តែម្នាក់ក្នុងចំណោមបងប្អូនគេទាំងពីរ។ ប៉ុន្តែការគិតបែបនេះមិនត្រឹមត្រូវឡើយ។ លោកប៉ុលមានប្រសាសន៍ថា ព្រះទ្រង់បានរើសលោកយ៉ាកុប។ ប៉ុន្តែព្រះអង្គពុំបានរើសអេសាវទេ។ តើព្រះទ្រង់បានជ្រើសរើសលោកយ៉ាកុបឲ្យធ្វើអ្វី? ព្រះទ្រង់បានរើសលោកយ៉ាកុបឲ្យធ្វើជាឪពុកលើសាសន៍អ៊ីស្រាអែល។ ហេតុនោះ យើងរកឃើញថា ព្រះបានប្រើវិធីពីរយ៉ាងសម្រាប់ការជ្រើសរើសរបស់ព្រះអង្គ។ ទីមួយ ព្រះទ្រង់បានហៅមនុស្សគ្រប់ៗគ្នាឲ្យបានសង្គ្រោះ។ ព្រះអង្គក៏ចង់ឲ្យយើងផ្លាស់ប្តូរឲ្យដូចជាព្រះរាជបុត្រាយេស៊ូវរបស់ព្រះអង្គដែរ។ ទីពីរ ព្រះទ្រង់បានជ្រើសរើសមនុស្សផ្សេងៗគ្នាឲ្យធ្វើកិច្ចការពិសេសៗសម្រាប់ព្រះអង្គ។
ហេតុដូចម្តេចបានជាយើងគួរតែសប្បាយចិត្តពេលដែលដឹងថា ព្រះទ្រង់បានហៅយើងឲ្យបានសេចក្តីសង្គ្រោះ? ទន្ទឹមគ្នានេះ ហេតុអ្វីបានជាយើងតែងតែមានសិទ្ធិមិនរើសយកអំណោយទានជាជីវិតអស់កល្បរបស់ព្រះក៏បានដែរ?
ថ្ងៃព្រហស្បតិ៍ ទី១៧ តុលា ឆ្នាំ២០១៩
តួនាទីរបស់យើង
ពិតមែនហើយ ព្រះជាម្ចាស់បានហៅយើងឲ្យមកទទួលសេចក្តីសង្គ្រោះ។ ប៉ុន្តែយើងមានសិទ្ធិសេរីភាពនឹងទទួលឬមិនទទួលអំណោយរបស់ព្រះអង្គ។ យើងក៏មានសិទ្ធិនឹងទទួលកិច្ចការដែលព្រះអង្គប្រទានឲ្យដល់យើងឬក៏មិនទទួលដែរ។ ព្រះអាចនឹងដាក់យើងនៅកន្លែងណាមួយដើម្បីឲ្យធ្វើកិច្ចការពិសេសរបស់ព្រះអង្គ។ ប៉ុន្តែយើងអាចមិនសម្រេចចិត្តមិនធ្វើកិច្ចការនោះបាន។ ពិតមែនហើយ ព្រះទ្រង់ចង់ឲ្យយើងធ្វើកិច្ចការពិសេសៗថ្វាយព្រះអង្គ តាមរបៀបដែលព្រះអង្គចង់ឲ្យយើងបានប្រែក្លាយដូចជាព្រះយេស៊ូវដែរ។ ជម្រើសរបស់ព្រះសម្រាប់យើងគឺជាផ្នែកមួយនៃផែនការរបស់ព្រះអង្គដើម្បីសង្គ្រោះយើង។ កាលណាយើងធ្វើកិច្ចការពិសេសដែលព្រះប្រទានឲ្យយើងធ្វើ យើងបង្ហាញទៅមនុស្សគ្រប់គ្នាថា ព្រះអង្គកំពុងសង្គ្រោះមនុស្សជាតិហើយ។
ព្រះទ្រង់បានតែងតាំងសុលជាស្តេចរបស់អ៊ីស្រាអែល។ ប៉ុន្តែស្តេចសុលមិនដែលថ្វាយចិត្តទាំងស្រុងចំពោះព្រះអង្គឡើយ។ ពិតមែនហើយ ព្រះទ្រង់អាចជ្រើសរើសនរណាម្នាក់ឲ្យធ្វើកិច្ចការពិសេសណាមួយថ្វាយព្រះអង្គ។ ប៉ុន្តែការនោះពុំមែនមានន័យថា បុគ្គលនោះនឹងស្តាប់បង្គាប់ព្រះនោះឡើយ។ ព្រះអង្គបានប្រទានសិទ្ធិសេរីភាពដល់យើង។ ប៉ុន្តែប្រសិនបើយើងមិនដើរតាមការដឹកនាំរបស់ព្រះ យើងក៏អាចនឹងបាត់បង់អ្វីៗទាំងអស់ដែរ។
សូមអានបទគម្ពីរនិក្ខមនំ ៣ និង៤។ តើជំពូកទាំងពីរនេះបង្រៀនយើងអ្វីខ្លះអំពីអ្វីៗដែលបានកើតឡើងពេលដែលព្រះអម្ចាស់ជ្រើសរើសនរណាម្នាក់ឲ្យធ្វើកិច្ចការពិសេសណាមួយ?
យើងអាចឆ្លើយតបចំពោះព្រះតាមរបៀបដែលលោកអែសរ៉ា និងលោកនេហេមាបានធ្វើ។ ពួកលោកបានស្តាប់បង្គាប់ព្រះ។ ពួកលោកពុំបានសង្ស័យលើព្រះអង្គឡើយ។ ម្យ៉ាងទៀត យើងក៏អាចឆ្លើយតបដល់ព្រះតាមរបៀបលោកម៉ូសេដែរ។ លោកម៉ូសេមានការភ័យខ្លាចខ្លះៗអំពីកិច្ចការដែលព្រះបានសូមឲ្យលោកធ្វើ។ ទីបំផុត លោកម៉ូសេបានស្តាប់បង្គាប់ព្រះអង្គ។ ប៉ុន្តែដំបូងឡើយលោកបានទូលប្រាប់ដល់ព្រះថា លោកគិតថារូបលោកពុំមានសមត្ថភាពគ្រប់គ្រាន់នឹងធ្វើការងារនោះឡើយ។ ហេតុអ្វីបានជាស្តេចអេស៊ីព្ទត្រូវស្តាប់តាមលោកម៉ូសេ? ចំណុចបន្ទាប់គឺលោកម៉ូសេបារម្ភថា ពួកអ៊ីស្រាអែលនឹងមិនជឿលើលោក ឬធ្វើតាមអ្វីដែលលោកមានប្រសាសន៍ប្រាប់ទេ។ បន្ទាប់មកទៀត លោកម៉ូសេមានអារម្មណ៍ថា លោកពុំមានជំនាញគ្រប់គ្រាន់នឹងធ្វើកិច្ចការនោះឡើយ។ «ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានព្រះបន្ទូលនឹងទូលបង្គំជាអ្នកបម្រើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង» (និក្ខមនំ ៤:១០)។ ទីបំផុត លោកម៉ូសេទូលប្រាប់ព្រះឲ្យចាត់នរណាម្នាក់ផ្សេងវិញ។ ប៉ុន្តែលោកម៉ូសេបានក្លាយជាអ្នកដឹកនាំដ៏មានអំណាចមួយរូប។ លោកមិនគ្រប់លក្ខណ៍ទេ។ ប៉ុន្តែលោកមានពេញដោយសេចក្តីជំនឿ។ លោកបានបំពេញការងារដែលព្រះបានប្រទានឲ្យលោកធ្វើ។
ជាញឹកញាប់ តើយើងលើកហេតុផលអ្វីខ្លះយកមកដោះសាដើម្បីមិនធ្វើកិច្ចការដែលយើងដឹងថា យើងគួរធ្វើនោះ?
ថ្ងៃសុក្រ ទី១៨ តុលា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Prophets and Kings, pages 697-699, about the 70-week prophecy and when it happened in history ដោយប្រុងប្រយ័ត្ន។
«ព្រះគម្ពីរបានប្រាប់រឿងរ៉ាវជាច្រើនមុនដែលរឿងទាំងនោះកើតឡើង។ ព្រះគម្ពីរបានប្រាប់យើងអំពីការយាងមកលើកទី១របស់ព្រះយេស៊ូវ និងពេលវេលាដែលព្រះមានផែនការនឹងចាក់ព្រះវិញ្ញាណបរិសុទ្ធមកលើព្រះអង្គ។ ព្រះគម្ពីរក៏បានប្រាប់យើងផងដែរអំពីសេចក្តីសុគតរបស់ព្រះយេស៊ូវមុនពេលដែលរឿងនោះកើតឡើង។ ព្រះទ្រង់បានប្រទានបទទំនាយពិសេសទាំងនេះដល់ពួកអ៊ីស្រាអែល។ ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គយល់អំពីអ្វីដែលនឹងកើតឡើងក្នុងគ្រាអនាគត។ អ្វីៗគ្រប់យ៉ាងដែលព្រះទ្រង់បានសន្យានឹងរាស្ត្ររបស់ព្រះអង្គបានកើតឡើងពិតមែនពេលដែលព្រះយេស៊ូវបានយាងមកកាន់ផែនដីនេះ។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គថា ការសិក្សាបទទំនាយក្នុងព្រះគម្ពីរមានសារៈសំខាន់ខ្លាំងណាស់។ ក្នុងខគម្ពីរម៉ាថាយ ២៤:១៥ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គឲ្យអានអំពីបទទំនាយនៃពេលវេលាក្នុងកណ្ឌគម្ពីរដានីយ៉ែល។ នោះហើយជាមូលហេតុដែលព្រះអង្គមានបន្ទូលថា ‘អ្នកណាដែលអានមើលឲ្យយល់ចុះ’ (ម៉ាថាយ ២៤:១៥)។ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះអង្គបានពន្យល់ប្រាប់ពួកសិស្សអំពី ‘សេចក្ដីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេរហូតដល់គម្ពីរព្យាការីទាំងអស់’ (លូកា ២៤:២៧, គខប)។ ព្រះអង្គសង្គ្រោះបាន ប្រទានសារជាច្រើនដល់ហោរារបស់ព្រះអង្គ។ ‘ព្រះវិញ្ញាណនៃព្រះគ្រីស្ទក៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មានដែលត្រូវមកតាមក្រោយ’ (ពេត្រុសទី១ ១:១១)»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 234, adapted។
សំនួរពិភាក្សា៖
- ចូរគិតថែមទៀតអំពីគោលគំនិតមួយនេះ៖ ព្រះទ្រង់ហៅលោកអ្នកឲ្យធ្វើកិច្ចការដែលលោកអ្នកចូលចិត្តធ្វើ។ តើមានក្បួនច្បាប់សំខាន់ៗអ្វីខ្លះដែលលោកអ្នកអាចអនុវត្តតាមដើម្បីជួយលោកអ្នកឲ្យដឹងថា លោកអ្នកកំពុងតែធ្វើអ្វីដែលព្រះទ្រង់សព្វព្រះទ័យ?
- សូមអានអំពីរឿងរបស់លោកយ៉ូណាស។ តើលោកយ៉ូណាសបានឆ្លើយតបទៅនឹងផែនការរបស់ព្រះសម្រាប់ជីវិតរបស់លោកដូចម្តេចដែរ? តើយើងអាចរៀនអ្វីបានខ្លះពីបទពិសោធន៍របស់លោកយ៉ូណាស? ឥឡូវនេះ ចូរក្រឡេកមើលគំរូរបស់លោកប៉ុល។ តើលោកប៉ុលបានធ្វើអ្វីខ្លះនៅពេលដែលព្រះអម្ចាស់បានសូមឲ្យលោកបម្រើព្រះអង្គ? (សូមអានកិច្ចការ ៩:១‑២០)។ ចូរប្រៀបធៀបបទពិសោធន៍របស់លោកយ៉ូណាស និងរបស់លោកប៉ុល? តើមានលក្ខណៈខុសប្លែកគ្នាត្រង់ណាខ្លះ?
- ចូរគិតអំពីរឿងរបស់យូដាសអ៊ីស្ការីយ៉ុត។ សូមអាន The Desire of Ages, page 716។ តើព្រះបាន «ជ្រើសរើស» លោកយូដាសឲ្យប្រឆាំងនឹងព្រះយេស៊ូវឬ? ប្រសិនបើដូច្នោះមែន តើយុត្តិធម៌សម្រាប់យូដាសនៅឯណា? ព្រះទ្រង់បានប្រទានឱកាសជាច្រើនដល់យូដាសឲ្យធ្វើរឿងដែលត្រឹមត្រូវ។ ប៉ុន្តែទីបំផុតយូដាសបានសម្រេចចិត្តខុស។ តើរឿងរបស់គាត់បង្រៀនយើងអ្វីខ្លះអំពីអំណាចនៃសិទ្ធិសេរីភាពក្នុងជីវិតរបស់យើង?