ថ្ងៃសៅរ៍ ទី១៩ មករា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ជំពូក៤ និងជំពូក៥។
ខចងចាំ៖ «រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន» (វិវរណៈ ៥:៥)។
កាលពីសប្ដាហ៍មុន យើងបានមើលសាររបស់ព្រះយេស៊ូវទៅកាន់រាស្ត្ររបស់ព្រះអង្គនៅលើផែនដី។ ពេលនេះសាររបស់ព្រះទៅកាន់លោកយ៉ូហានប្ដូរពីផែនដីទៅកាន់ស្ថានសួគ៌។ ពេលនោះហើយ ដែលលោកយ៉ូហានឃើញសេចក្ដីដែល «ការ ដែលត្រូវមកខាងក្រោយទៀត» (វិវរណៈ ៤:១)។ តើលោកយ៉ូហានបានឃើញអ្វី? គឺលោកបានឃើញអនាគតកាល។
នៅក្នុងវិវរណៈ ៤-៥ ព្រះយេស៊ូវបង្ហាញលោកយ៉ូហានឲ្យឃើញទិដ្ឋភាពខ្លីមួយតែជាប្រវត្តិដ៏ពេញលេញអំពីសង្គ្រាមទូទាំងពិភពលោករវាងព្រះនិងសាតាំង។ លោកយ៉ូហានប្រើប្រាស់រូបស័ព្ទឬនិមិត្តរូបនៅក្នុងវិវរណៈ ៤-៥ ដើម្បីបង្ហាញយើងពីផែនការរបស់ព្រះដើម្បីសង្គ្រោះយើង។ លោកយ៉ូហានក៏បានបង្ហាញយើងថាព្រះជាអ្នកគ្រប់គ្រងប្រវត្តិសាស្ត្រ។ ប៉ុន្តែមុនដែលលោកយ៉ូហានបង្ហាញយើងពីអនាគតកាល លោកបង្ហាញយើងពីព្រះយេស៊ូវផ្ដើមព្រះរាជកិច្ចរបស់ទ្រង់សម្រាប់យើងនៅស្ថានសួគ៌។ ព្រះរាជកិច្ចនេះមានសារសំខាន់ណាស់សម្រាប់យើងនៅផែនដីនេះ។
តើលោកអ្នកសម្គាល់ឃើញថាលោកយ៉ូហានប្រើពាក្យសាមញ្ញនិងពាក្យពេចន៍ច្បាស់ៗដើម្បីសរសេរសាររបស់ព្រះទៅកាន់ពួកជំនុំទាំងប្រាំពីរដែរឬទេ? បន្តិចទៀតភាសារបស់គាត់នឹងប្ដូរ។ ចាប់ពីនេះទៅ លោកយ៉ូហាននឹងប្រើរូបស័ព្ទដែលកាន់តែពិបាកយល់ជាងមុន។ លោកយ៉ូហានខ្ចីរូបស័ព្ទជាច្រើនមកពីគម្ពីរសញ្ញាចាស់មកប្រើ។ ដូច្នេះយើងត្រូវយល់អត្ថន័យរបស់រូបស័ព្ទដែលគេប្រើនៅក្នុងគម្ពីរសញ្ញាចាស់ជាមុនសិន។ បែបនោះទើបយើងយល់អត្ថន័យត្រឹមត្រូវរបស់រូបស័ព្ទដែលលោកយ៉ូហានប្រើនៅក្នុងគម្ពីរវិវរណៈ។
ថ្ងៃអាទិត្យ ទី២០ មករា ឆ្នាំ២០១៩
នៅក្នុងបន្ទប់បល្ល័ង្កនៃស្ថានសួគ៌
ព្រះយេស៊ូវហៅលោកយ៉ូហានទៅស្ថានសួគ៌ដើម្បីឲ្យបានដឹងថានឹងមានរឿងអ្វីកើតឡើងនៅថ្ងៃអនាគត។ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យលោកយ៉ូហានឃើញសេចក្ដីដែលកើតឡើងនៅទីនោះ។ ចាប់ពីវិវរណៈ ៤:១ ព្រះយេស៊ូវបង្ហាញខ្សែទិដ្ឋភាពវែងអន្លាយឲ្យលោកយ៉ូហានឃើញ។ ទិដ្ឋភាពដែល ព្រះយេស៊ូវបង្ហាញលោកយ៉ូហានគឺខ្លីតែជាទិដ្ឋភាពប្រវត្តិសាស្ត្រពេញលេញអំពីសង្គ្រាមរវាងព្រះនិងសាតាំង។ ទិដ្ឋភាពនៃប្រវត្តិសាស្ត្រនោះផ្ដើមពីសម័យលោកយ៉ូហានហើយបញ្ចប់ទៅវិញនៅត្រង់ការយាងមកជាលើកទីពីរ។
វិវរណៈ ៤:១-៨ អេសេគាល ១:២៦-២៨ និងវិវរណៈ ៥:១១-១៤ បង្ហាញយើងពីបន្ទប់បល្ល័ង្កនៃស្ថានសួគ៌។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសិរីល្អនៃបល្ល័ង្ករបស់ព្រះ?
លោកយ៉ូហានមើលឃើញទ្វារមួយទៅកាន់ស្ថានសួគ៌បើកចំហ។ គាត់ក្រឡេកមើលទៅក្នុងហើយ ក៏ឃើញបល្ល័ង្កនៃព្រះ។ បល្ល័ង្ករបស់ព្រះគឺជារូបស័ព្ទតំណាងឲ្យអំណាចព្រះចេស្ដាលើអ្វីៗទាំងអស់ដែល ទ្រង់បង្កើត។ ឥន្ទធនូដែលហ៊ុំព័ទ្ធបល្ល័ង្ករបស់ព្រះក៏ជារូបស័ព្ទបញ្ជាក់ថាព្រះជាម្ចាស់រក្សាសេចក្ដីសន្យារបស់ទ្រង់។ ប៉ុន្តែសាតាំងបានច្បាំងទាស់នឹងអំណាចរបស់ព្រះហើយក៏បំផ្លាញសេចក្ដីសុខសាន្តដ៏ឥតខ្ចោះនៅនគរស្ថានសួគ៌។ សាតាំងគឺជាខ្មាំងរបស់ព្រះ។ សាតាំងព្យាយាមលួចយកអំណាចព្រះ ចេស្ដារបស់ព្រះ។ សំណួរសំខាន់ជាងគេនៅក្នុងមហាវិវាទរវាងល្អនិងអាក្រក់គឺ៖ តើនរណាជាអ្នកមានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង? ចាស់ទុំឬអ្នកដឹកនាំមួយក្រុមបានជួបប្រជុំគ្នានៅក្នុងបន្ទប់ដែលមាន បល្ល័ង្កនៅឯនគរស្ថានសួគ៌ដើម្បីប្រកាសសេចក្ដីពិត៖ មានតែព្រះប៉ុណ្ណោះដែលមានសិទ្ធិស្របច្បាប់ ដើម្បីគ្រប់គ្រងអ្វីៗសព្វសារពើ។
តើវិវរណៈ ៤:៨-១១ និងវិវរណៈ ៥:៩-១៤ បង្រៀនយើងយ៉ាងណាខ្លះអំពីការថ្វាយបង្គំពិតប្រាកដ? ហេតុដូចម្ដេចបានជាវិវរណៈ ៤:៨-១១ ចែងថាយើងត្រូវថ្វាយបង្គំព្រះ? ហេតុដូចម្ដេចបាន ជាវិវរណៈ ៥:៩-១៤ ចែងថាយើងត្រូវថ្វាយបង្គំកូនចៀម? ហេតុអ្វីព្រះជាម្ចាស់ស័ក្ដិសមនឹងឲ្យយើងថ្វាយបង្គំទ្រង់?
វិវរណៈជំពូក៤ បង្ហាញទិដ្ឋភាពបន្ទប់បល្ល័ង្ករបស់ព្រះនៅឯនគរស្ថានសួគ៌ឲ្យយើងឃើញ។ ជំពូកនេះក៏បានបង្ហាញយើងពីការថ្វាយបង្គំដែលប្រព្រឹត្តទៅនៅទីនោះគ្រប់ពេលវេលាទៀតផង។ គេថ្វាយបង្គំព្រះនៅទីនោះគ្រប់ពេលគ្រប់វេលា។ វិវរណៈជំពូក៤លើកសរសើរពីអំណាចព្រះចេស្ដារបស់ព្រះដែលបង្កើតអ្វីៗឡើង។ វិវរណៈជំពូកប្រាំអបអរសាទរផែនការរបស់ព្រះដើម្បីសង្គ្រោះយើងពីបាប។ វិវរណៈជំពូក៤និង៥ បង្ហាញយើងថាការថ្វាយបង្គំពិត មានរួមចញ្ចូលទាំងការអបអរសាទរព្រះរាជកិច្ចរបស់ព្រះក្នុងនាមជាអ្នកបង្កើតហើយសង្គ្រោះយើងរាល់គ្នា។ អំណាចព្រះចេស្ដារបស់ព្រះអាចបំផ្លាស់បំប្រែអ្វីៗគ្រប់យ៉ាងឲ្យទៅជាថ្មី។ ព្រះអង្គសន្យាថានឹងធ្វើយ៉ាងដូច្នោះ។
ព្រះដ៏ជាអ្នកបង្កើតយើងក៏ជាកូនចៀមដែលត្រូវគេធ្វើគុតជំនួសបាបយើងដែរ។ តើចំណុចនេះផ្ដល់ក្ដីសង្ឃឹមអ្វីដល់យើង?
ថ្ងៃច័ន្ទ ទី២១ មករា ឆ្នាំ២០១៩
ការប្រជុំនៅបល្ល័ង្កនៃស្ថានសួគ៌
វិវរណៈ ៤:៤ ប្រាប់យើងពីចាស់ទុំ២៤នាក់នៅក្នុងបរិវេណបល្ល័ង្ករបស់ព្រះនៅស្ថានសួគ៌។ ចាស់ទុំ ទាំងនេះពុំមែនជាទេវតាទេ។ គម្ពីរវិវរណៈតែងបង្ហាញថាទេវតារបស់ព្រះឈរជាប់នឹងព្រះ។ ប៉ុន្តែចាស់ទុំទាំង២៤អង្គុយលើបល្ល័ង្ក។ ចាស់ទុំទាំង២៤ក៏ពាក់សម្លៀកបំពាក់ពណ៌សដែរ។ រាស្ត្ររបស់ព្រះសុទ្ធតែពាក់ សម្លៀកបំពាក់ពណ៌សនៅក្នុងការជាក់ស្ដែងរបស់លោកយ៉ូហាន (វិវរណៈ ៣:៤,៥)។ ការពាក់ពណ៌សរបស់ គេនោះគឺជារូបស័ព្ទ។ គឺបង្ហាញថាព្រះជន្មបរិសុទ្ធរបស់ព្រះយេស៊ូវគ្របដណ្ដប់រាស្ត្ររបស់ទ្រង់ដូចជាសម្លៀកបំពាក់ដែរ។ ចាស់ទុំទាំង២៤ក៏ពាក់មកុដនៅលើក្បាលគេដែរ។ ពាក្យថា «មកុដ» បានមកពីពាក្យក្រិកថា «ស្តេហ្វិនណូស» (stephanos)។ មកុដគឺជាសញ្ញាបញ្ជាក់ថាអស់អ្នកណាដែលពាក់វាគឺជាអ្នកឈ្នះហើយបានរង្វាន់។ មានតែរាស្ត្ររបស់ព្រះដែលបានយកជ័យជម្នះលើបាបប៉ុណ្ណោះដែលអាចពាក់មកុដនេះបាន (យ៉ាកុប ១:១២)។ ដូច្នេះ គន្លឹះទាំងនេះជួយឲ្យយើងដឹងថាចាស់ទុំទាំង២៤អាចជាពួកអ្នកជឿដែលព្រះប្រោសឲ្យរស់ពីស្លាប់។
ពួកចាស់ទុំទាំង២៤ពុំដែលមាននរណាលើកយកមកនិយាយនៅក្នុងគម្ពីរមុនលោកយ៉ូហានឡើយ។ ពួកគេអាចជាមនុស្សដែលព្រះយេស៊ូវបានប្រោសឲ្យរស់ពីស្លាប់កាលពីព្រះអង្គសុគត (ម៉ាថាយ ២៧:៥១-៥៣)។ អេភេសូរ ៤:៨ ចែងថាកាលព្រះយេស៊ូវយាងឡើងទៅលើមេឃ ព្រះអង្គនាំយកមនុស្សមួយចំនួនទៅជាមួយនឹងទ្រង់។ អាចថាក្រុមនោះមានទាំងអ្នក២៤នេះផង។
ប្រសិនបើដូច្នោះមែន ចាស់ទុំទាំង២៤នាក់ដែលបានឡើងទៅស្ថានសួគ៌ជាមួយព្រះយេស៊ូវនឹងក្លាយ មកជាស្មរបន្ទាល់ពីកិច្ចការរបស់ព្រះនៅក្នុងផែនការសង្គ្រោះមនុស្ស។ ពួកគេមើលឃើញថាទ្រង់យុត្តិធម៌នៅក្នុងគ្រប់ទាំងការដែលទ្រង់ធ្វើដើម្បីសង្គ្រោះមនុស្សលោកយើង។ នៅក្នុងវិវរណៈ ៤ ចាស់ទុំទាំង២៤នាក់ អង្គុយលើបល្ល័ង្កនៅក្នុងតំណាក់បល្ល័ង្ករបស់ព្រះ។ ពួកគេក្រាបនៅចំពោះព្រះយេស៊ូវហើយថ្វាយបង្គំទ្រង់ដោយព្រោះទ្រង់បានសុគតនៅលើឈើឆ្កាង (វិវរណៈ ៥:៨)។
វិវរណៈ ៤:៦-៨ ក៏បានចែងដែរថាមាន «តួមានជីវិត៤» (ខ៦)។ ប្រៀបធៀបតួមានជីវិតទាំងបួននេះទៅនឹងតួមានជីវិត៤នៅក្នុងគម្ពីរអេសេគាល ១:៥-១៤ និង អេសេគាល ១០:២០-២៥ ហើយព្រមទាំងទេវតានៅក្នុងគម្ពីរអេសាយ ៦:២, ៣។ តើពួកវាមានលក្ខណៈដូចគ្នាម្ដេចខ្លះ?
តួមានជីវិតទាំងបួនសុទ្ធតែបរិសុទ្ធហើយមានមហិទ្ធិឫទ្ធិ។ ពួកគេបម្រើព្រះហើយថែទាំបល្ល័ង្ករបស់ព្រះ (ទំនុកតម្កើង ៩៩:១)។ ស្លាបទាំង៦របស់គេបង្ហាញឲ្យឃើញថាពួកគេរហ័សនឹងធ្វើតាមការត្រាស់បង្គាប់ របស់ព្រះប៉ុនណា។ ភ្នែកជាច្រើនរបស់គេបង្ហាញថាគេឆ្លាតវាងវៃណាស់។ តួមានជីវិតមួយមានសណ្ឋានដូចជាសត្វសិង្ហ។ តួមានជីវិតទី២មានសណ្ឋានដូចជាសត្វគោ តួមានជីវិតទី៣មានសណ្ឋានដូចជាមនុស្ស ហើយតួមានជីវិតទី៤មានសណ្ឋានប្រៀបបានទៅនឹងសត្វឥន្ទ្រី។ សរុបទាំងបួនមក ទេវតាជាច្រើនដែលនៅជុំវិញបល្ល័ង្ករបស់ព្រះ ព្រមទាំងចាស់ទុំទាំង២៤នាក់បង្ហាញយើងឲ្យឃើញថាទាំងមនុស្សពីស្ថានសួគ៌និងពីផែនដីសុទ្ធតែនៅក្នុងដំណាក់បល្ល័ង្ករបស់ព្រះ។
ថ្ងៃអង្គារ ទី២២ មករា ឆ្នាំ២០១៩
ក្រាំងដែលត្រូវបិទ
នៅវិវរណៈ ៥:១-៤ លោកយ៉ូហានប្រាប់យើងថាគាត់បានឃើញក្រាំងមួយ។ ក្រាំងគឺជា ក្រដាសដែលគេសរសេរ។ ឥឡូវនេះសូមអានក្រាំងដែលហោរាអេសាយបានពណ៌នានៅក្នុងគម្ពីរអេសាយ ២៩:១១, ១២។ តើក្រាំងដែលបានបិទនៅក្នុងគម្ពីរអេសាយជួយឲ្យយើងយល់ពីអត្ថន័យនៃក្រាំងដែលបានបិទនៅក្នុងគម្ពីរវិវរណៈដូចម្ដេចខ្លះ?
ភាសាក្រិកដែលលោកយ៉ូហានប្រើបង្ហាញយើងថាក្រាំងនោះគឺនៅជាប់នឹងព្រះហស្ដស្ដាំរបស់ព្រះដ៏ជាព្រះវរបិតា។ ក្រាំងនោះរង់ចាំអ្នកស័ក្ដិសមម្្នាក់ដើម្បីនឹងទៅបើក។
អ្នកស្រីអែល្លិនជីវ៉ៃត៍ប្រាប់យើងពីសំណេរនៅលើក្រាំងនោះថា៖ «វាជាប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រនេះបង្ហាញថាព្រះយកព្រះទ័យទុកដាក់និងដឹកនាំរាស្ត្ររបស់ព្រះអង្គប៉ុនណា។ ក្រាំងនោះក៏បង្ហាញយើងពីហេតុការណ៍ដែលនឹងកើតឡើងនាថ្ងៃអនាគតនៅក្នុងប្រទេសផ្សេងៗនិងនៅក្នុងពួកជំនុំ។ មានសេចក្ដីជាច្រើនទៀតដែលបានសរសេរនៅលើក្រាំងនោះដូចជា៖ ព្រះបន្ទូលរបស់ព្រះ អំណាចព្រះចេស្ដារបស់ទ្រង់ ក្រឹត្យវិន័យដប់ប្រការ និងបញ្ញត្តិផ្សេងៗ។ ក្រាំងនោះក៏មានដំបូន្មាន ល្អៗរបស់ព្រះ សរសេរជារូបស័ព្ទ ឬនិមិត្តសញ្ញា ព្រមទាំងប្រវត្តិនៃគ្រប់ទាំងរដ្ឋាភិបាលនៅលើផែនដីនេះ។ ក្រាំងនោះប្រាប់យើងតាមរូបស័ព្ទនិងនិមិត្តសញ្ញាថាសាច់រឿងនៃអំណាចនៃជាតិសាសន៍នីមួយៗព្រមទាំងមនុស្សចាប់តាំងពីដើមដំបូងនៃពិភពលោករហូតដល់គ្រាចុងបំផុតនៃផែនដី» ដកស្រង់ពីសៀវភៅ Manuscript Releases, Volume 9, page 7 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។
ក្រាំងរបស់ព្រះមានផែនការរបស់ព្រះសម្រាប់ដោះស្រាយបញ្ហាអំពើបាបនិងសម្រាប់សង្គ្រោះមនុស្សលោក។ ផែនការនេះគឺជាអាថ៌កំបាំង។ ពេលនេះយើងមិនអាចយល់ពីផែនការនេះទាំងស្រុងបានទេ។ ប៉ុន្តែយើងនឹងយល់ពីសេចក្ដីនេះបាននៅឯការយាងមកជាលើកទីពីរ (វិវរណៈ ១០:៧)។
វិវរណៈ ៥:៥-៧ ប្រាប់យើងថាព្រះយេស៊ូវជាអ្នកយកក្រាំងនោះ។ ហេតុដូចម្ដេចបានជាព្រះយេស៊ូវមួយអង្គគត់នៅទូទាំងស្ថានសួគ៌ទាំងមូលដែលស័ក្ដិសមនឹងយកក្រាំងនោះ?
ដំបូងឡើយ ការរង់ចាំយ៉ាងខ្លីតែអាក្រក់មួយកើតឡើងនៅស្ថានសួគ៌។ គឺពីដំបូងឡើយមើលទៅគ្មាននរណាម្នាក់អាចយកក្រាំងនោះបានទេ។ ពេលវេលានៃការរង់ចាំនេះគឺជារូបស័ព្ទ។ វាបង្ហាញឲ្យ ឃើញថាចម្បាំងរបស់សាតាំងទាស់នឹងព្រះគឺជាមូលហេតុដែលធ្វើឲ្យគ្មាននរណាម្នាក់អាចបើកក្រាំងនោះបាន។ សាតាំងលួចយកតំណែងគ្រប់គ្រងផែនដីនេះពីព្រះហើយតាំងខ្លួនជាស្ដេច។ លោកយ៉ូហានយំនៅពេលដែលគ្មាននរណាម្នាក់អាចបើកក្រាំងនោះបាន។ ទឹកភ្នែករបស់លោកយ៉ូហានក៏ជារូបស័ព្ទដែរ។ វាតំណាងឲ្យអារម្មណ៍សោកសៅរបស់រាស្ត្ររបស់ព្រះដែលបានយំចាប់តាំងពីសម័យលោកអ័ដាមមកដើម្បីឲ្យព្រះសង្គ្រោះពួកគេពីអំពើបាប។ ក្រាំងដែលបិទគឺជាផែនការរបស់ព្រះដើម្បីដោះស្រាយបញ្ហាអំពើបាប។ ព្រះយេស៊ូវតែមួយអង្គគត់ដែលមានអំណាចចេស្ដាក្នុងការបើកក្រាំងនោះ ពីព្រោះព្រះអង្គបានឈ្នះសង្គ្រាមលើអំពើបាបសម្រាប់យើង។
ថ្ងៃពុធ ទី២៣ មករា ឆ្នាំ២០១៩
កូនចៀមស័ក្ដិសមនឹងបើកក្រាំង
អានវិវរណៈ ៥:៨-១៤ ជាមួយនិងអេភេសូរ ១:២០-២៣ ព្រមទាំងហេព្រើរ ១០:១២។ ខទាំងនេះនិយាយអំពីសេចក្ដីមួយចំនួនដែលផ្ដល់ក្ដីសង្ឃឹមនិងការក្សាន្តចិត្តដល់ជីវិតដែលស្ទើរតែគ្មានក្ដីសង្ឃឹមរបស់យើង។ តើខនេះចែងយ៉ាងដូចម្ដេចខ្លះដែលផ្ដល់ជាក្ដីសង្ឃឹមដល់យើង?
ព្រះយេស៊ូវគឺជាកូនចៀម។ ព្រះអង្គយាងមកឯបល្ល័ង្កហើយក៏យកក្រាំងដែលបិទនោះ។ កាលពីម្សិលយើងបានរៀនរួចមកហើយថាក្រាំងគឺជាក្រដាសដែលមានគេសរសេរអក្សរពីលើ។ ពេលព្រះយេស៊ូវយកក្រាំងនោះ គឺបង្ហាញឲ្យឃើញថាព្រះអង្គមានគ្រប់ព្រះចេស្ដាទាំងនៅលើស្ថានសួគ៌និងផែនដី (អានម៉ាថាយ ២៨:១៨ អេភេសូរ ១:២០-២២)។ នៅវេលានោះ តួមានជីវិតទាំងប៉ុន្មានដែលនៅលើស្ថានសួគ៌និងនៅលើភពដទៃទៀតយល់ស្របទៅលើសេចក្ដីមួយដូចគ្នា។ ពួកគេយល់ស្របថាព្រះយេស៊ូវគឺជាស្ដេចពិតប្រាកដនៃផែនដីនេះ។ មានតែព្រះយេស៊ូវមួយអង្គគត់ដែល មានសិទ្ធិស្របច្បាប់ដើម្បីគ្រប់គ្រងផែនដី។ លោកអ័ដាមបាត់បង់សិទ្ធិអំណាចនោះ។ ប៉ន្តែព្រះយេស៊ូវបានដណ្ដើមយកអំណាចដែលលោកអ័ដាមធ្វើឲ្យបាត់ទៅសាតាំងនោះមកវិញ។
នៅពេលដែលព្រះយេស៊ូវយកក្រាំងនោះៗគឺជាសក្ខីកម្មបញ្ជាក់ថាព្រះអង្គមានអំណាចក្នុងការគ្រប់គ្រងអនាគតរបស់មនុស្សគ្រប់គ្នានៅក្នុងព្រះហស្ដរបស់ទ្រង់។ ហេតុនេះហើយបានជាតួមានជីវិតទាំង៤ព្រមទាំងចាស់ទុំទាំង២៤នាក់ក្រាបចុះនៅចំពោះព្រះភ័ក្ត្រព្រះយេស៊ូវហើយថ្វាយបង្គំទ្រង់ម្ដងទៀត។ ពួកគេក៏ធ្វើរឿងដដែលនេះនៅក្នុងវិវរណៈ ៥:៩ នៅពេលដែលពួកគេច្រៀងចម្រៀងនេះថ្វាយព្រះយេស៊ូវ៖ «ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត»។ ទេវតាច្រៀងបទនេះរួមជាមួយនឹងចាស់ទុំទាំង២៤នាក់ ដែលទំនងជាគំរូនៃអំណាចព្រះយេស៊ូវដែលអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ចម្រៀងនេះបង្ហាញថាពួកគេជឿលើអំណាចព្រះេយស៊ូវថាអាចសង្គ្រោះមនុស្ស។ ព្រះយេស៊ូវបានលោះមនុស្សមានបាបដោយព្រះលោហិតរបស់ទ្រង់។ ព្រះអង្គសន្យាថានឹងសង្គ្រោះយើងហើយសន្យាប្រទានអនាគតដ៏បវររុងរឿងជាមួយនឹងទ្រង់ដល់យើង។ មែនហើយជីវិតរបស់យើងជាមួយនឹងព្រះយេស៊ូវនឹងស្រស់បំព្រង។ ប៉ុន្តែយើងមិនអាចស្រមៃពីសម្រស់ជីវិតនៅស្ថានសួគ៌ក្នុងគំនិតយើងដោយជីវិតយើងបច្ចុប្បន្ននេះបានឡើយ។
ឥឡូវនេះទេវតាដែលនៅជុំវិញបល្ល័ង្ករបស់ព្រះក៏ចូលរួមជាមួយតួមានជីវិតទាំង៤ព្រមទាំងចាស់ទុំទាំង២៤នាក់ដែរ។ ពួកគេទាំងអស់គ្នាច្រៀងសរសើរតម្កើងទាំងព្រះវរបិតានិងស្ដេចរបស់ពួកគេ គឺព្រះយេស៊ូវ (វិវរណៈ ៥:១២)។ នៅវេលានេះ គ្រប់ទាំងជីវិតដែលនៅលើស្ថានសួគ៌និងផែនដីថ្វាយការសរសើរតម្កើងដល់ទាំងព្រះវរបិតានិងព្រះយេស៊ូវ (វិវរណៈ ៥:១២)។ នៅពេលដែលគ្រប់គ្នាបានសរសើរតម្កើងព្រះចប់ហើយ នោះតួមានជីវិតទាំងបួនក៏និយាយឡើងថា «អាមែន» (វិវរណៈ ៥:១៤)។ រួចចាស់ទុំទាំង២៤នាក់ក៏ក្រាបថ្វាយបង្គំព្រះ។
អ្នកវិទ្យាសាស្ត្រខ្លះថាថ្ងៃណាមួយពិភពខាងក្រៅនឹងឆេះឬផ្ទុះបែកខ្ញែកគ្នា។ អនាគតនោះខុសគ្នាស្រឡះពីសេចក្ដីសន្យានៅក្នុងព្រះគម្ពីរទាក់ទិនទៅនឹងថ្ងៃអនាគត។ ធ្វើបែបណាទើបយើងអាចចាប់ផ្ដើមអរសប្បាយអំពីជីវិតអនាគតរបស់យើងនៅឯនគរស្ថានសួគ៌ពីឥឡូវនេះ?
ថ្ងៃព្រហស្បតិ៍ ទី២៤ មករា ឆ្នាំ២០១៩
អត្ថន័យនៃអំណោយទានជាវិញ្ញាណរបស់ព្រះប្រទានមកឲ្យយើង
កិច្ចការ ២:១-៤ បង្ហាញយើងពីគ្រាដ៏មានសារៈសំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃផែនការរបស់ព្រះក្នុងការសង្គ្រោះយើង។ គឺជាវេលាដែលព្រះយេស៊ូវចាប់ផ្ដើមបំពេញព្រះរាជកិច្ចធ្វើជាស្ដេចនិងសម្ដេចសង្ឃរបស់យើង។ ពេលនេះព្រះអង្គកំពុងតែបំពេញភារកិច្ចសម្រាប់យើងនៅឯរោងឧបោសថនៃស្ថានសួគ៌។ បល្ល័ង្ករបស់ព្រះស្ថិតនៅក្នុងរោងឧបោសថនេះហើយ។ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មពីសុគតវិញ ព្រះអង្គក៏យាងត្រឡប់ទៅស្ថានសួគ៌វិញហើយប្រថាប់នៅនឹងបល្ល័ង្កជាប់ខាងស្ដាំព្រះហស្ដរបស់ព្រះ (ហេព្រើរ ១២:២ ហើយអានវិវរណៈ ៣:២១ផងដែរ)។ ពេលនេះព្រះយេស៊ូវត្រៀមតែនឹងបញ្ចប់ផែនការសង្គ្រោះមនុស្សរបស់ព្រះ។ ព្រះអង្គអាចធ្វើកិច្ចការសព្វគ្រប់បែបយ៉ាងដែលចាំបាច់។ ព្រះយេស៊ូវក៏ជាចៅក្រមរបស់យើងនៅក្នុងរោងឧបោសថនៃស្ថានសួគ៌ដែរ។ ព្រះយេស៊ូវអនុញ្ញាតឲ្យមនុស្សមានបាបមកឯព្រះវរបិតាហើយទទួលបានការអត់ឱនទោស។
កិច្ចការ ២:៣២-៣៦ និងយ៉ូហាន ៧:៣៩ ចែងអំពីសេចក្ដីសន្យារបស់ព្រះដែលថានឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកកាន់អ្នកដើរតាមព្រះយេស៊ូវ។ ហេតុដូចម្ដេចបានជាត្រូវមានការលើកតម្កើងព្រះយេស៊ូវនៅស្ថានសួគ៌ជាមុនសិនទើបព្រះនឹងចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើអ្នកដើរតាមព្រះយេស៊ូវនៅលើផែនដី?
ព្រះយេស៊ូវទទួលបានសិរីល្អនិងការសរសើរនៅនគរស្ថានសួគ៌។ រួចព្រះវរបិតាក៏ចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើអ្នកដើរតាមព្រះយេស៊ូវនៅលើផែនដី។ វិវរណៈ ៥:៦ ប្រាប់យើងអំពី «វិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី»។ វិញ្ញាណទាំង៧គឺជារូបស័ព្ទសំដៅលើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅលើផែនដី។ នៅពេលដែលព្រះយេស៊ូវប្រថាប់នៅលើល្ល័ង្ករបស់ព្រះវរបិតា ព្រះវរបិតាក៏ចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកជំនុំ។ រឿងដំបូងគេមួយដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងក្នុងនាមជាសម្ដេចសង្ឃរបស់យើងគឺទ្រង់បានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកឲ្យយើង។ ព្រះវរបិតាចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកជំនុំដើម្បីបង្ហាញយើងថាព្រះអង្គទទួលយកការសុគតរបស់ព្រះយេស៊ូវសម្រាប់បាបរបស់យើង។
ការដែលព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញគឺជាសញ្ញា។ ជាសញ្ញាបង្ហាញដល់អ្នកដើរតាមព្រះអង្គថាព្រះវរបិតានឹងចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើគេជាឆាប់... ព្រះយេស៊ូវយាងក្នុងទ្វាររបងស្ថានសួគ៌។ រួចព្រះអង្គក៏ប្រថាប់នៅលើបល្ល័ង្ករបស់ទ្រង់។ ទេវតាដែលនៅហែហមព័ទ្ធជុំវិញបល្ល័ង្កទ្រង់ថ្វាយសិរីល្អដល់ទ្រង់។ គ្រាន់តែការអបអរនោះចប់ភ្លាម ព្រះវរបិតាក៏ចាក់បង្អុរព្រះវិញ្ញាណរបស់ទ្រង់មកលើអ្នកដើរតាមព្រះយេស៊ូវ។ សកម្មភាពនេះប្រទានសិរីល្អបន្ថែមពីលើសិរីល្អដែលព្រះយេស៊ូវមានជាមួយនឹងព្រះវរបិតាទ្រង់ទៀត។ នៅពេលដែលព្រះចាក់បង្អុរព្រះវិញ្ញាណរបស់ទ្រង់មកលើពួកជំនុំ ព្រះអង្គបង្ហាញមនុស្សគ្រប់គ្នានៅលើផែនដីនេះថាព្រះអង្គទទួលស្គាល់ថាព្រះេយស៊ូវគឺជាស្ដេចនិងជាសម្ដេចសង្ឃនៃមនុស្សលោក។ ព្រះយេស៊ូវបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកពីស្ថានសួគ៌មកកាន់អ្នកដើរតាមព្រះអង្គដើម្បីបង្ហាញពួកគេថាពេលនេះព្រះអង្គមានគ្រប់ទាំងព្រះចេស្ដាទាំងនៅស្ថានសួគ៌និងនៅផែនដីហើយ។ ដកស្រង់ពីសៀវភៅ The Acts of the Apostles, pages 38, 39 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។
ថ្ងៃសុក្រ ទី២៥ មករា ឆ្នាំ២០១៩
សិក្សាបន្ថែម
សារនៅក្នុងគម្ពីរវិវរណៈ ៤-៥ មានសារៈសំខាន់ជាខ្លាំងសម្រាប់រាស្ត្ររបស់ព្រះដែលរស់នៅក្នុងគ្រា ចុងក្រោយ។ អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធមកពីព្រះបង្ហាញយើងពីពេលវេលាដែលពួកជំនុំចាប់ផ្ដើមផ្សាយដំណឹងល្អ។ ប្រធានបទចម្បងនៅក្នុងវិវរណៈ ៤-៥ គឺស្ដីអំពីព្រះយេស៊ូវ។ ព្រះវរបិតាតាំងព្រះយេស៊ូវឲ្យធ្វើជាស្ដេចនិងជាសម្ដេចសង្ឃរបស់យើង។ ព្រះអង្គបំពេញកិច្ចការដើម្បីសង្គ្រោះរាស្ត្ររបស់ទ្រង់ នៅក្នុងរោងឧបោសថនៃនគរស្ថានសួគ៌។ រោងឧបោសថនៃនគរស្ថានសួគ៌គឺជាដំណាក់មួយនៅនគរស្ថានសួគ៌ដែលព្រះយេស៊ូវបំពេញព្រះរាជកិច្ចដើម្បីសង្គ្រោះរាស្ត្ររបស់ទ្រង់។ ព្រះយេស៊ូវគង់នៅលើបល្ល័ង្កស្ថានសួគ៌។ ការបង្រៀននេះហើយជាប្រធានបទចម្បងនៅក្នុងជំនឿរបស់គ្រីស្ទាននៅសម័យសញ្ញាថ្មី (ហេព្រើរ ៨:១)។ ហើយក៏ជាប្រធានបទចម្បងដែលគ្រីស្ទានបង្រៀនឬអធិប្បាយដែរ (កិច្ចការ ២:៣២-៣៦ កិច្ចការ ៥:៣០, ៣១)។ សេចក្ដីពិតនេះធ្វើឲ្យគ្រីស្ទានដំបូងចង់ធ្វើការថ្វាយព្រះយេស៊ូវ ក៏ជាមូលហេតុដែលក្ដីជំនឿនិងទឹកចិត្តគេនៅតែខ្លាំងក្លា បើទោះបីជាមានមនុស្សធ្វើបាបពួកគេហើយជីវិតកាន់តែលំបាកក្ដី (កិច្ចការ ៧:៥៥, ៥៦ រ៉ូម ៨:៣៤)។ ដោយព្រោះអ្នកដើរតាមព្រះយេស៊ូវជឿថាព្រះអង្គគឺជាស្ដេចនិងជាសម្ដេចសង្ឃរបស់ពួកគេ មានមនុស្សជាច្រើនបានទទួលយកដំណឹងល្អ។ នគររបស់ព្រះចេះតែបន្តបង្ហាញខ្លួនឲ្យមនុស្សគ្រប់ទិសទីឃើញនៅសព្វថ្ងៃនេះ។ ព្រះយេស៊ូវបន្តធ្វើការជាមួយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដើម្បីជួយរាស្ត្ររបស់ទ្រង់។
យើងមិនត្រូវភ្លេចសេចក្ដីមួយដែលថា៖ មានតែដំណឹងល្អអំពីព្រះយេស៊ូវប៉ុណ្ណោះដែលអាចប៉ះពាល់ ចិត្តមនុស្សហើយកែប្រែពួកគេ។ មានតែដំណឹងល្អប៉ុណ្ណោះដែលអាចនាំមនុស្សឲ្យស្រឡាញ់និងស្ដាប់បង្គាប់ព្រះ។ មានតែដំណឹងល្អប៉ុណ្ណោះដែលអាចនាំមនុស្សឲ្យថ្វាយសិរីល្អនិងថ្វាយបង្គំទ្រង់ (វិវរណៈ ១៤:៧)។ ក្ដីសង្ឃឹមរបស់យើងតែមួយគត់គឺនៅលើព្រះអង្គសង្គ្រោះរបស់យើង។ ព្រះអង្គគឺជាស្ដេចនិងសម្ដេចសង្ឃរបស់យើងនៅក្នុងរោងឧបោសថនៃស្ថានសួគ៌។ សព្វថ្ងៃនេះព្រះអង្គគង់ជាមួយរាស្ត្ររបស់ទ្រង់។ ព្រះអង្គក៏នឹងនៅជាមួយជាដរាបដល់ចុងបំផុត (ម៉ាថាយ ២៨:២០)។ ព្រះយេស៊ូវគ្រប់គ្រងអនាគតកាលនៅក្នុងព្រះហស្ដដ៏ពោរពេញដោយក្ដីស្រឡាញ់របស់ទ្រង់។ដូច្នេះយើងត្រូវតែទុកដំណឹងល្អជាចំណុចសំខាន់នៅក្នុងគ្រប់ទាំងការដែលយើងធ្វើ។ អំណាចនៃដំណឹងល្អនឹងនាំមកនូវជោគជ័យដ៏ពេញលេញនៅក្នុងការបង្រៀនរបស់យើង។ យើងត្រូវតែបង្រៀនពីសារចុងក្រោយស្ដីអំពីសេចក្ដីមេត្តាករុណាពីព្រះយេស៊ូវមកកាន់មនុស្សដែលវេទនានិងអ្នកដែលមិនបានសង្គ្រោះ។ គ្មានសេចក្ដីអធិប្បាយឬការបង្រៀនណាដែលសំខាន់ជាងឈើឆ្កាងនិងសេចក្ដីពិតដែល បង្រៀនយើងពីព្រះឡើយ។
សំនួរពិភាក្សា៖
- ថ្ងៃមួយយើងនឹងសរសើរតម្កើងព្រះនៅឯស្ថានសួគ៌។ ប៉ុន្តែយើងមានវិធីណាខ្លះដើម្បីសរសើរទ្រង់សព្វថ្ងៃនេះទៅលើការដែលទ្រង់បានធ្វើ?
- នៅក្នុងវិវរណៈ ៤:១១ និងវិវរណៈ ៥:៩ យើងឃើញថាព្រះយេស៊ូវកំពុងធ្វើកិច្ចការពីរយ៉ាង។ តើកិច្ចការអ្វីខ្លះ? ហេតុអ្វីបានជាកិច្ចការពីរយ៉ាងនេះសំខាន់ចំពោះផែនការរបស់ព្រះក្នុងការសង្គ្រោះយើង? ហេតុអ្វីបានជាព្រះយេស៊ូវស័ក្ដិសមនឹងទទួលបានការថ្វាយបង្គំពីយើង?