ថ្ងៃសៅរ៍ ទី២០ មេសា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ សាស្ដា ៤:៩-១២ កូរិនថូសទី១ ៧:២៥-៣៤ ម៉ាឡាគី ២:១៦ ហូសេ ២:១៩, ២០។
ខចងចាំ៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា» (លោកុប្បត្តិ ២:១៨)។
មនុស្សជាច្រើនមានអារម្មណ៍ឯកា។ ពួកគេរស់នៅម្នាក់ឯង មិនសូវមានមិត្តសម្លាញ់ច្រើននោះទេ។ ពួកគេមិនបានរៀបការ ហើយក៏គ្មានកូន។ ក្រុមគ្រួសាររបស់ពួកគេមិនរស់នៅជិត ឬគ្មានក្រុមគ្រួុសារសាច់ញាតិតែម្ដង។ ដូច្នេះពួកគេភាគច្រើននៅតែម្នាក់ឯង។ មូលហេតុនេះហើយដែលធ្វើឲ្យគេសោកសៅ។
នៅឆ្នាំ២០១៦ ទស្សនាវដ្ដីឌឺញូយ៉កថែមស៍បាននិពន្ធរឿងមួយអំពីមនុស្សឯកា។ របាយការណ៍នោះថ្លែងថាមនុស្សជាច្រើនមានអារម្មណ៍ឯកាក្នុងជីវិត។ គួរឲ្យសោកស្ដាយ បញ្ហានេះជាបញ្ហាទូទាំងពិភព លោក ហើយក៏ជារឿងពិតផងដែរ។
តើព្រះមានផែនការឲ្យមនុស្សលោកមានអារម្មណ៍ឯកាបែបនេះមែនទេ? មិនមែនទេ។ ចាប់តាំងពី ដំបូងមក ព្រះចង់ឲ្យយើងមានអារម្មណ៍ស្និទ្ធស្នាលជាមួយមនុស្សដទៃ។ ព្រះអង្គចង់ឲ្យយើងស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ប្ដីឬប្រពន្ធ កូនៗ ក៏ដូចជាមិត្តភក្ដិផងដែរ។ ព្រះជាម្ចាស់រៀបចំបែបនេះតាំងពីសួនអេដែនមក។ ប៉ុន្តែក្រោយមកបាបក៏ចូលមកដល់។ តាំងពីពេលនោះមកអ្វីៗលែងប្រក្រតីដូចមុនអស់។
មនុស្សយើងភាគច្រើនសុទ្ធតែធ្លាប់មានអារម្មណ៍ឯកានៅវេលាណាមួយក្នុងជីវិត។ ក្នុងគ្រានោះយើងប្រាថ្នាចង់មានមនុស្សណាម្នាក់ដែលអាចនិយាយជាមួយបាន។ សប្ដាហ៍នេះយើងនឹងក្រឡេកមើលសំណួរដែលថា៖ តើការមានអារម្មណ៍ឯកាមានអត្ថន័យបែបណា? ហេតុអ្វីបានជាយើងឯកានៅគ្រាផ្សេងៗនៅក្នុងជីវិតរបស់យើង? ព្រមទាំងហេតុអ្វីបានជាការមានមិត្តភក្ដិល្អជារឿងសំខាន់?
ថ្ងៃអាទិត្យ ទី២១ មេសា ឆ្នាំ២០១៩
មិត្តភាព
តើគម្ពីរសាស្ដា ៤:៩-១២ ចង់និយាយអំពីអ្វី? តើខទាំងនេះបង្រៀននូវរូបមន្តសំខាន់ៗអំពីជីវិតអ្វីខ្លះដល់យើង?
មានមនុស្សតិចណាស់ដែលអាចរស់នៅដោយគ្មានមិត្តភក្ដិ។ ប៉ុន្តែចុះមនុស្សដែលចូលចិតនៅតែឯងៗវិញ? សូម្បីតែពួកគេក៏ត្រូវការមនុស្សដែរ។ មិនយូរមិនឆាប់យើងនឹងចង់ចំណាយពេលជាមួយនរណាម្នាក់។ យើងត្រូវការមិត្តមកធ្វើអ្វីមួយដែលទាំងពីរនាក់ចូលចិត្តដូចគ្នា។ អ្នកណាដែលមានភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារគឺតែអរសប្បាយហើយ។ ក្រុមគ្រួសារអាចផ្ដល់ការគាំពារនិងក្ដីស្រឡាញ់ដល់គេក្នុងគ្រាដែលគេត្រូវការបំផុត។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានក្រុមគ្រួសារឬមានភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារនោះទេ។
គួរឲ្យសោកស្ដាយដែរដែលមានមនុស្សខ្លះគ្មាននរណាម្នាក់ដែលគេអាចពឹងពាក់បានពេលត្រូវការជំនួយ។ គេគ្មានអ្នកដែលអាចនិយាយជាមួយបាន។ អ្នកអាចនឹងភ្ញាក់ផ្អើលដែរប្រសិនបើដឹងថាមនុស្សបែបនេះមាននៅជុំវិញខ្លួនអ្នក។ នៅព្រះវិហារក៏មានពួកគេ។ នៅកន្លែងការងារក៏មានពួកគេ។ អ្នកភូមិផងរបងជាមួយក៏មានបែបនោះ។ យើងតែងជួបមនុស្សប្រភេទនេះជារឿយៗ។ យើងអាចមានអារម្មណ៍ឯកាគ្រប់ពេលទាំងអស់។ បុរសម្នាក់ដែលមិនទាន់រៀបការប្រាប់ថាគាត់មានអារម្មណ៍ឯកានៅថ្ងៃអាទិត្យជាងគេបង្អស់។ ព្រោះថារៀងរាល់ថ្ងៃធ្វើការមានមនុស្សម្នានៅជុំវិញគាត់នៅកន្លែងការងារ។ ហើយនៅថ្ងៃសៅរ៍គាត់ជួបមនុស្សម្នានៅឯព្រះវិហារ។ ហើយគាត់ថា «ប៉ុន្តែថ្ងៃអាទិត្យខ្ញុំនៅម្នាក់ឯង»។
តើយើងទទួលបានដំបូន្មានសំខាន់ៗអ្វីពីគម្ពីរយ៉ូហាន ១៦:៣២, ៣៣ និងភីលីព ៤:១១-១៣? តើដំបូន្មានទាំងនេះជួយយើងដូចម្ដេចខ្លះពេលដែលយើងមានអារម្មណ៍ឯកាខ្លាំង?
ក្នុងនាមជាគ្រីស្ទាន យើងដឹងថាពិតជាមានព្រះមែន។ ព្រះអង្គក៏ជាមិត្តសម្លាញ់យើងដែរ។ ដូច្នេះយើងអាចមានអារម្មណ៍សប្បាយរីករាយដោយបានដឹងថាព្រះចង់ឲ្យយើងមានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងទ្រង់។ ប៉ុន្តែយើងត្រូវចងចាំសេចក្ដីមួយថា។ មែនហើយលោកអ័ដាមមានភាពស្និទ្ធស្នាលជាមួយនឹងព្រះនៅឯសួនអេដែន។ ទោះបើបែបនោះក្្ដីក៏ព្រះនៅតែបង្កើតប្រពន្ធមួយឲ្យលោកអ័រដាម។ ព្រះអង្គមានបន្ទូលថា «ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ» (លោកុប្បត្តិ ២:១៨)។ ព្រះអង្គឈ្វេងយល់ថាលោកអ័ដាមត្រូវការមនុស្សដូចគ្នាមកស្និទ្ធស្នាល។ រឿងនេះពិតនៅសម័យសួន អេដែន ហើយក៏រឹតតែពិតសម្រាប់យើងនាពេលបច្ចុប្បន្ននេះដែរ។ មូលហេតុអ្វី? ពីព្រោះយើងរស់នៅលើផែនដីដែលរងខ្ទេចខ្ទាំដោយអំពើបាប។
ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្ន។ កុំឲ្យយល់ខុសថាមនុស្សមិនឯកាដោយព្រោះតែមានមនុស្សនៅជុំវិញពួកគេ។ មនុស្សដែលឯកាបំផុតខ្លះរស់នៅក្នុងទីក្រុងធំៗ។ ពួកគេជួបមនុស្សម្នាជាច្រើនទៀតគ្រប់ពេល។ ប៉ុន្តែពួកគេនៅតែមានអារម្មណ៍ឯកាព្រោះពួកគេពុំទទួលបានអារម្មណ៍ស្និទ្ធស្នាលជាមួយ នរណាសោះ។
យើងពុំចេះតែអាចដឹងថានរណាម្នាក់កំពុងមានអារម្មណ៍ឯកានោះទេ។ តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីធ្វើជាមិត្តរបស់មនុស្សឯកាដែលនៅជុំវិញខ្លួនអ្នក?
ថ្ងៃច័ន្ទ ទី២២ មេសា ឆ្នាំ២០១៩
អ្នកនៅលីវ
មិនមែនមនុស្សគ្រប់រូបចង់រៀបការនោះទេ។ នារីវ័យក្មេងម្នាក់ឲ្យហេតុផលដែលនាងនៅលីវថា «ខ្ញុំបម្រើ ព្រះនៅក្នុងប្រទេសដទៃពីរដងក្នុងជីវិតខ្ញុំ។ គេស្នើខ្ញុំពីរដង ហើយខ្ញុំទៅភ្លាម»។ អ្នករៀបការហើយអាចនឹងមិនអាចធ្វើបែបនេះបានទេ។ អ្នករៀបការច្បាស់ជាត្រូវសួរខ្លួនឯងជាមុនថា៖ តើការសម្រេចចិត្តរបស់ខ្ញុំផ្លាស់ប្ដូរជីវិតក្រុមគ្រួសារខ្ញុំដូចម្ដេចខ្លះ?
តើលោកប៉ុលផ្ដល់មូលហេតុល្អអ្វីសម្រាប់ការនៅលីវរហូត? អានកូរិនថូសទី១ ៧:២៥-៣៤ ដើម្បីរកចម្លើយ។
ព្រះជាម្ចាស់មានបន្ទូលថា «ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ» (លោកុប្បត្តិ ២:១៨)។ ដូច្នេះមនុស្សភាគច្រើនយល់ថាអាពាហ៍ពិពាហ៍គឺជាផែនការរបស់ព្រះសម្រាប់ជីវិតពួកគេ។ ប៉ុន្តែព្រះគម្ពីរបង្ហាញពីតួអង្គជាច្រើនដែលមិនបានរៀបការ។ ព្រះយេស៊ូវមិនដែលរៀបការដែរ។
ព្រះបង្គាប់លោកយេរេមាមិនឲ្យរៀបការ (យេរេមា ១៦:១-៣)។ លោកយេរេមាជាហោរារបស់ព្រះ។ ព្រះបង្គាប់លោកយេរេមាមិនឲ្យរៀបការដោយមានហេតុផលពិសេស។ ព្រះអង្គចង់ឲ្យលោកយេរេមាធ្វើជារូបស័ព្ទរស់។ ជីវិតរបស់លោកយេរេមាគឺដើម្បីបង្ហាញរាស្ត្រអ៊ីស្រាអែលពីការដែលព្រះនឹងដាក់ទោសអំពើបាបរបស់ពួកគេ។ រាស្ត្រអ៊ីស្រាអែលល្មើសនឹងបញ្ញត្តិរបស់ព្រះ។ ដូច្នេះព្រះជាម្ចាស់បង្គាប់មិនឲ្យលោកយេរេមារៀបការឬមានកូនឡើយ។ មិនយូរមិនឆាប់រាស្ត្ររបស់ព្រះក៏នឹងអត់មានកូនដែរ។ កូនប្រុសកូនស្រីរបស់គេនឹងធ្លាក់ខ្លួនឈឺហើយស្លាប់ទៅ (យេរេមា ១៦:៤)។
អេសេគាលគឺជាហោរាម្នាក់ទៀតរបស់ព្រះ។ ប្រពន្ធរបស់លោកអេសេគាលស្លាប់ដោយគ្មានសញ្ញាជាមុន។ ព្រះមិនអនុញ្ញាតឲ្យលោកអេសេគាលកើតទុក្ខឬយំនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គបង្គាប់ឲ្យលោកទៅបំពេញកិច្ចការដែលព្រះអង្គបង្គាប់ឲ្យធ្វើ (អេសេគាល ២៤:១៥-១៨)។ លោកហូសេក៏ជាហោរារបស់ព្រះម្នាក់ទៀត។ ព្រះបង្គាប់ឲ្យលោកហូសេទៅរៀបការនឹងស្រីខូច (ហូសេ ១-៣)។ សាច់រឿងរបស់លោកហូសេហាក់មានលក្ខណៈចម្លែកណាស់សម្រាប់យើង។ ប្រពន្ធរបស់គាត់រត់ចេញពីផ្ទះជាច្រើនលើកច្រើនសា។ គាត់ចេះតែបន្តទៅតាមរកនាងមកវិញ។ ពិតណាស់ លោកហូសេច្បាស់ជាពិបាកក្នុងធ្វើជារូបស័ព្ទរស់សម្រាប់ក្ដីស្រឡាញ់របស់ព្រះណាស់។ ប៉ុន្តែព្រះជាម្ចាស់យកចំណងអាពាហ៍ពិពាហ៍ប្រេះឆារបស់លោកហូសេដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់ទ្រង់ចំពោះរាស្ត្រអ៊ីស្រាអែល។ រាស្ត្រអ៊ីស្រាអែលបែរពីព្រះទៅថ្វាយ បង្គំព្រះដទៃជាច្រើនលើកច្រើនសា។ ប៉ុន្តែព្រះតែងតែតាមរកពួកគេហើយនាំពួកគេមកវិញ។
តួអង្គទាំងនេះខ្លះមិនចាំបាច់រៀបការ ខ្លះទៀតមានចំណងអាពាហ៍ពិពាហ៍ដែលមិនល្អហ្មត់ហ្មង។ តែព្រះនៅតែប្រើពួកគាត់ដដែល។ មនុស្សជាច្រើនច្បាស់ជាប្រាប់យើងថាយើងត្រូវរៀបការ ពុំនោះទេយើងមិនទាន់ពេញលេញនៅឡើយទេ។ ប៉ុន្តែតើលោកប៉ុលមានប្រសាសន៍យ៉ាងដូចម្ដេច? «កុំឲ្យត្រាប់តាមសម័យនេះឡើយ» (រ៉ូម ១២:២)។ ហើយ «ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ» (រ៉ូម ១២:១)។
ថ្ងៃអង្គារ ទី២៣ មេសា ឆ្នាំ២០១៩
ពេលដែលចំណងអាពាហ៍ពិពាហ៍ត្រូវបញ្ចប់
សូមគិតពីផ្លូវអាក្រក់ទាំងប៉ុន្មានដែលបាបនាំមកលើមនុស្សលោក។ ប្រាកដណាស់ អំពើបាបធ្វើឲ្យក្រុមគ្រួសាររងទុក្ខជាងគេបង្អស់។
នៅពេលមនុស្សម្នាក់ស្លាប់ វាអាចធ្វើឲ្យក្រុមគ្រួសាររងទុក្ខជាខ្លាំង។ ការលែងលះក៏អាចធ្វើឲ្យយើង និងក្រុមគ្រួសារយើងឈឺចាប់ខ្លាំងណាស់ដែរ។ ភាគីដែលបានលែងលះឆ្លងកាត់អារម្មណ៍ជាច្រើន ជាពិសេសអារម្មណ៍សោកសៅ។ ចំពោះអ្នកខ្លះអារម្មណ៍នេះអាចនៅរហូតដល់រាប់ខែ។ ឯអ្នកខ្លះទៀតមានអារម្មណ៍បែបនេះរាប់ឆ្នាំបន្ទាប់ពីលែងលះហើយ។ អ្នកខ្លះនឹងមានអារម្មណ៍ភ័យខ្លាច។ ពួកគេភ័យខ្លាចរឿងអនាគត។ ហើយពួកគេក៏អាចបារម្ភពីរឿងថវិកាដែរ។ ពួកគេអាចនឹងមិនដឹងវិធីធ្វើខ្លួនឲ្យរឹងមាំពេលកំពុងឈឺចាប់ខ្លាំងបែបនោះ។ មនុស្សខ្លះនឹងមានអារម្មណ៍សោកសៅ ខឹងសម្បា និងឯកាអស់រយៈកាលជាយូរ។
តើព្រះគម្ពីរបង្រៀនយើងបែបណាខ្លះអំពីការលែងលះ? អានគម្ពីរម៉ាឡាគី ២:១៦ ម៉ាថាយ ៥:៣១, ៣២ ម៉ាថាយ ១៩:៨ និងកូរិនថូសទី១ ៧:១១-១៣ ដើម្បីបានចម្លើយ។
«ព្រះជាម្ចាស់ប្រើពួកជំនុំឲ្យសង្គ្រោះមនុស្សនិងបំផ្លាស់បំប្រែគេឲ្យក្លាយមកជាមនុស្សថ្មី។ ក្នុងនាមជាពួកជំនុំ យើងត្រូវតែអនុញ្ញាតឲ្យព្រះធ្វើការនៅក្នុងជីវិតយើង។ ពេលនោះទើបយើងអាចជួយសមាជីកក្រុមជំនុំដទៃទៀតបាន។ យើងអាចផ្ដល់នូវអ្វីដែលពួកគេត្រូវការ។ យើងអាចបង្ហាញគេបានថាយើងយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក។ តាមវិធីនេះ ពួកជំនុំអាចជួយជ្រោងគ្នាក្នុងក្ដីស្រឡាញ់របស់ព្រះ។ ជំនឿខាងសាសនាគ្រីស្ទរបស់យើងក៏នឹងរឹតតែលូតលាស់ខ្លាំងឡើងដែរ។ ពួកជំនុំត្រូវការសមាជិកជំនុំដទៃទៀតជួយគាំពារនៅពេលដែលពួកគេលែងលះប្ដីប្រពន្ធ។ តើពួកជំនុំត្រូវធ្វើអ្វីនៅពេលដែលចំណងអាពាហ៍ពិពាហ៍របស់ពួកជំនុំណាមួយហៀបនឹងបញ្ចប់? ពួកជំនុំត្រូវប្រឹងប្រែងជួយតាមព្រះគម្ពីរឲ្យអស់ពីលទ្ធភាពដើម្បីរក្សាគេកុំឲ្យបែកបាក់គ្នា (ហូសេ ៣:១-៣ កូរិនថូសទី១ ៧:១០, ១១ កូរិនថូសទី១ ១៣:៤-៧ កាឡាទី ៦:១)។
«មានថ្នាក់ពិសេសនិងព័ត៌មានល្អៗជាច្រើននាពេលបច្ចុប្បន្ននេះដែលបង្រៀនយើងឲ្យចេះកសាងចំណងអាពាហ៍ពិពាហ៍ឲ្យរឹងមាំ។ លោកអ្នកអាចរកព័ត៌មាននេះបានពីព្រះវិហាររបស់លោកអ្នក។ តើថ្នាក់រៀននិងព័ត៌មានពិសេសទាំងនេះមានអ្វីខ្លះ? រួមមាន៖ (១) មេរៀនពិសេសៗសម្រាប់គូស្រករដែលហៀបនឹងរៀបការ។ (២) មេរៀនពិសេសសម្រាប់គូស្រកររៀនធ្វើជាឪពុកម្ដាយល្អ។ (៣) ក្រុមគាំពារដែលជួយជនរងគ្រោះពីការលែងលះ»។ ដកស្រង់ពីសៀវភៅ The Seventh-day Adventist Church Manual, 19th edition, page 161, adapted.
តើអ្នកមានវិធីណាខ្លះដើម្បីជួយព្យាបាលផ្លូវអារម្មណ៍របស់នរណាម្នាក់ដែលទើបតែលែងលះហើយ? តើលោកអ្នកអាចបង្ហាញគាត់ឬនាងពីក្ដីស្រឡាញ់របស់ព្រះដោយវិធីណា? យើងមិនត្រូវធ្វើឲ្យជននោះទទួលបានអារម្មណ៍ថាយើងមាក់ងាយគេនោះទេ មូលហេតុអ្វីបានជាការធ្វើបែបនេះជារឿងសំខាន់?
ថ្ងៃពុធ ទី២៤ មេសា ឆ្នាំ២០១៩
សេចក្ដីស្លាប់និងភាពឯកា
មិនយូរមិនឆាប់ រាល់មិត្តភាពនិងទំនាក់ទំនងជិតស្និទ្ធរបស់យើងទាំងប៉ុន្មាននឹងរលាយបាត់ទៅ។ សេចក្ដីស្លាប់នឹងឆក់យកមនុស្សជាទីស្រឡាញ់របស់យើងទៅ។ សេចក្ដីស្លាប់គឺជាសត្រូវដែលធំធេងបង្អស់របស់យើង។ ទោះបីជាចំណងស្នេហាប្ដីប្រពន្ធយើងរឹងមាំម្ដេចក្ដីក៏គង់នឹងត្រូវបញ្ចប់នៅត្រឹមសេចក្ដីស្លាប់នេះឯង។ មិត្តភាពដ៏សែនស្និទ្ធស្នាលរបស់យើងក៏ត្រូវបញ្ចប់ដែរ។ រាល់វេលាដែលយើងចំណាយពេលជាមួយគ្នានឹងត្រូវបញ្ចប់ទៅ។ គ្មានអ្វីអាចកែប្រែរឿងដ៏សែនសោកសង្រេងនេះបានឡើយ រហូតដល់ព្រះយេស៊ូវយាងមកវិញ។
ព្រះគម្ពីរមិនបានប្រាប់យើងថានរណាស្លាប់មុននោះទេ រវាងលោកអ័ដាមនិងនាងអេវ៉ា។ ប៉ុន្តែអ្នកដែលនៅរស់ច្បាស់ជាគ្រាំចិត្តខ្លាំងណាស់។ សេចក្ដីស្លាប់ពីដើមឡើយពុំមែនជាផ្នែកមួយនៃជីវិតនោះទេ។ អ័ដាមនិងនាងអេវ៉ាសោកស្ដាយជាពន់ពេកនៅពេលដែលពួកគេឃើញស្លឹកឈើទីមួយស្រពោនងាប់។ ពួកគាត់យំយែកដោយព្រោះរឿងនេះប្រៀបបាននឹងយើងទួញយំនៅពេលដែលមានមនុស្សជាទីស្រឡាញ់ណាម្នាក់ស្លាប់ជាយ៉ាងដូច្នោះដែរ។ ដូច្នេះយើងមិនទាំងអាចប៉ាន់ស្មានបានផងថាពួកគាត់ឈឺចាប់ប៉ុនណានៅពេលដែលអ័ដាមឬនាងអេវ៉ាត្រូវបែកគ្នាដោយសេចក្ដីស្លាប់នោះ។
បញ្ហានោះគឺថាយើងស៊ាំនឹងសេចក្ដីស្លាប់។ ដូច្នេះយើងក៏ទទួលយកវាទុកជារឿងធម្មតា។ ប៉ុន្តែសេចក្ដីស្លាប់គឺជាការឈឺចាប់ដែលព្រះមិនដែលចង់ឲ្យយើងឆ្លងកាត់នោះទេ។ យើងព្យាយាមស្វែងយល់ពីសេចក្ដីស្លាប់ តែមិនអាចយល់បានឡើយ។
តើព្រះគម្ពីរបង្រៀនយើងយ៉ាងដូចម្ដេចខ្លះអំពីសេចក្ដីស្លាប់? មូលហេតុអ្វីបានជាមនុស្សពិបាកយល់អំពីសេចក្ដីស្លាប់ដល់ម៉្លេះ? ដើម្បីរកចម្លើយឃើញ សូមអាន អេសាយ ៥៧:១ វិវរណៈ ២១:៤ ថែសាឡូនីចទី១ ៤:១៧, ១៨ ម៉ាថាយ ៥:៤ សាំយូអែលទី២ ១៨:៣៣ លោកុប្បត្តិ ៣៧:៣៤។
ពិតណាស់យើងម្នាក់ៗនឹងត្រូវស្លាប់នាពេលណាមួយមិនខាន។ យើងក៏នឹងសោកសង្រេងពេលមនុស្សជាទីស្រឡាញ់របស់យើងណាម្នាក់ស្លាប់ដែរ។ មិនយូរមិនឆាប់យើងនឹងជួបគ្រាមួយដែលយើងនឹងត្រូវមានអារម្មណ៍ឯកោដោយព្រោះតែសេចក្ដីស្លាប់។ សេចក្ដីស្លាប់នាំមកនូវការឈឺចាប់។ យើងពិបាកនឹងយល់ពីវាណាស់។ នៅគ្រាទាំងនេះ រឿងដែលល្អបំផុតគឺយើងត្រូវទុកចិត្តលើសេចក្ដីសន្យារបស់ព្រះ។ នៅក្នុងជីវិតដែលពោរពេញដោយអំពើបាបនិងសេចក្ដីស្លាប់នេះ តើយើងមានអ្វីជាទីពឹងទៀតក្រៅពីព្រះ?
តើពួកជំនុំរបស់អ្នកអាចជួយអ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ដោយវិធីណា? តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីជួយកុំឲ្យគេមានអារម្មណ៍សោកសៅនិងឯកាកាន់តែខ្លាំង?
ថ្ងៃព្រហស្បតិ៍ ទី២៥ មេសា ឆ្នាំ២០១៩
នៅពេលដែលអ្នករៀបការតែមានអារម្មណ៍ឯកា
មូលហេតុអ្វីបានជាអ្នករៀបការខ្លះបែរជាមានអារម្មណ៍តែឯងឯកា? នារីវ័យក្មេងម្នាក់ឈ្មោះណាត់ ថែលីមានអារម្មណ៍បែបនេះឯង។ ណាត់ថែលីរៀបការ៧ឆ្នាំមកហើយ។ រួចមិត្តរបស់នាងម្នាក់បបួលនាងទៅព្រះវិហារ។ ហើយព្រះវិហារនោះគឺពួកជំនុំសេវេនដេយអាត់វេនទីស្ទ។ នាងណាត់ថែលីស្រឡាញ់ពេញចិត្តនឹងសេចក្ដីពិតដែលនាងបានរៀនពីទីនោះ។ នាងថ្វាយចិត្តទៅឯព្រះយេស៊ូវហើយចូលរួមជាមួយ ពួកជំនុំ។ ប៉ុន្តែក្រុមគ្រួុសាររបស់នាងហាមនាងមិនឲ្យចូលរួមទេ។ ប្ដីនិងឪពុកម្ដាយនាងប្រឆាំងនឹងការសម្រេចចិត្តរបស់នាងណាត់ថែលី។ សូម្បីតែអ្នកភូមិផងរបងជាមួយរបស់នាងក៏ប្រាប់នាងមិនឲ្យចូលរួមជាមួយពួកជំនុំសេវេនដេយអាត់វេនទីស្ទដែរ! ប៉ុន្តែនាងនៅតែបន្តចូលរួមជាមួយគេ។ នាងបានកើតជាថ្មី។ ជំនឿរបស់នាងបានកែប្រែជីវិតរបស់នាង។ ហើយនាងផ្លាស់ប្ដូរជីវិតរបស់នាងដើម្បីស្ដាប់តាមជំនឿរបស់ នាង។
លោកអ្នកអាចទាយត្រូវស្រាប់ហើយថា ការសម្រេចចិត្តរបស់នាងណាត់ថែលីមិនបានធ្វើឲ្យជីវិតរបស់នាងងាយស្រួលនោះទេ។ ប្ដីរបស់នាងខឹងនឹងនាងខ្លាំងណាស់ រហូតគាត់ថា «ឯងមិនមែនជាប្រពន្ធដែលខ្ញុំបានការជាមួយទេ។ ខ្ញុំចង់បានឯងកាលពីមុនមកវិញ!»។
មកទល់ពេលនេះ៤ឆ្នាំហើយដែលនាងព្យាយាមរស់នៅដោយក្ដីជំនឿ។ នាងបានរៀបការពិតមែន តែនាងទទួលអារម្មណ៍កណ្ដោចកណ្ដែងហាក់មានតែម្នាក់ឯង។
តើព្រះគម្ពីរមានពាក្យពេចន៍ជាក្ដីសង្ឃឹមអ្វីដល់អស់អ្នកដែលរៀបការហើយតែមានអារម្មណ៍ឯកា? ដើម្បីបានចម្លើយ សូមអានគម្ពីរហូសេ ២:១៩, ២០ អេសាយ ៥៤:៥ និងទំនុកតម្កើង ៧២:១២។
មានមនុស្សដូច «ណាត់ថែលី» គ្រប់ទិសទីនៅក្នុងពួកជំនុំរបស់យើង។ អ្នកទាំងនោះគឺជាប្ដីនិងប្រពន្ធទាំងឡាយ។ ប៉ុន្តែពួកគេទៅព្រះវិហារតែម្នាក់ឯង។ ឬពួកគេទៅតែជាមួយកូនៗ។ ពួកគេអាចនឹងរៀបការជាមួយប្ដីឬប្រពន្ធដែលកាន់សាសនាដទៃទៀត។ ឬពេលគេប្ដូរមកជឿព្រះ ប្ដីប្រពន្ធរបស់ពួកគាត់មិនទទួលជឿ។ អាចថាពួកគេទាំងពីរជាសមាជិកព្រះវិហារដូចគ្នា ប៉ុន្តែក្រោយមកនរណាម្នាក់ក្នុងចំណោមពួកគេឈប់មកព្រះវិហារហើយស្អប់ព្រះវិហារទៀតផង។ តួអង្គ «ណាត់ថែលី» នៅក្នុងពួកជំនុំរបស់យើងគឺជាបុរសស្ត្រីណាដែលទៅចូលរួមកម្មវិធីអធិដ្ឋានឬប្រកបអាហារតែម្នាក់ឯង។ ពួកគាត់ទៅថ្វាយបង្គំព្រះតែម្នាក់ឯង។ ពួកគាត់ក្រៀមក្រំព្រោះមិនអាចផ្ដល់ថវិកាថែមទៀតសម្រាប់ព្រះវិហារ។ ពួកគាត់ចង់ថ្វាយថែម ទៀត ប៉ុន្តែប្ដីឬប្រពន្ធរបស់គាត់មិនព្រម។ ពិតមែនហើយពួកគេបានរៀបការហើយ ប៉ុន្តែពួកគេមានអារម្មណ៍ថាខ្លួនជាស្ត្រីម៉េម៉ាយឬពោះម៉ាយទៅវិញ។
ជួនកាលយើងជួបមនុស្សបែបនេះនៅក្នុងពួកជំនុំរបស់យើង។ ពួកគេត្រូវការក្ដីស្រឡាញ់និងការគាំពារពីយើងខ្លាំងបំផុត។
តើក្នុងនាមយើងជាគ្រួសារនៃពួកជំនុំអាចធ្វើអ្វីបានខ្លះដើម្បីជួយអ្នកដែលរៀបការហើយតែមានអារម្មណ៍ឯកា?
ថ្ងៃសុក្រ ទី២៦ មេសា ឆ្នាំ២០១៩
សិក្សាបន្ថែម
«អេណុករស់នៅក្នុងជីវិតមួយយ៉ាងមមាញឹក។ គាត់ខិតខំប្រឹងប្រែងធ្វើការងារ។ ប៉ុន្តែគាត់តែងញែកពេលវេលាដើម្បីទូលទៅកាន់ព្រះ។ ទោះបើគាត់មានកិច្ចការជាច្រើនដែលត្រូវធ្វើក្ដី តែគាត់តែងលៃរកពេលដើម្បីអធិដ្ឋានជានិច្ច។ មានពេលខ្លះដែលលោកអេណុកទៅឆ្ងាយដាច់ដោយឡែក ពីមនុស្សដទៃ។ គាត់សម្រេចចិត្តទៅរកកន្លែងស្ងាត់តែម្នាក់ឯងបន្ទាប់ពីគាត់បានជួយនិងបង្រៀនសេចក្ដីពិតរបស់ព្រះដល់មនុស្សឯទៀតហើយ។ នៅវេលាសំខាន់ៗនេះ លោកអេណុកចង់នៅតែម្នាក់ឯងជាមួយនឹងព្រះ។ លោកអេណុកស្រេកឃ្លានចំណេះដឹងពីព្រះ។ មានតែព្រះប៉ុណ្ណោះទើបអាចផ្ដល់ ចំណេះដឹងបែបនេះដល់មនុស្ស។ កាលអេណុកចេះតែចំណាយពេលជាមួយនឹងព្រះកាន់តែច្រើននោះ គាត់ក៏ចេះតែផ្លាស់ប្ដូរ។ ជីវិតរបស់អេណុកផ្ទាល់ចាប់ផ្ដើមស្ដែងឲ្យឃើញពីព្រះជន្មដ៏បរិសុទ្ធរបស់ព្រះកាន់តែខ្លាំងឡើងៗ។ មុខរបស់គាត់ចែងចាំង។ គឺចែងចាំងដោយពន្លឺបរិសុទ្ធ។ ពន្លឺនេះបានមកពីព្រះភក្ត្ររបស់ព្រះយេស៊ូវ។ រួចអេណុកក៏វិលទៅឯអ្នកភូមិវិញ។ សូម្បីតែអ្នកមិនជឿព្រះក៏មើលឃើញពន្លឺនៃព្រះនៅលើផ្ទៃមុខរបស់អេណុកដែរ។ រឿងនោះបានធ្វើឲ្យគេអស្ចារ្យក្នុងចិត្តជាខ្លាំង» ដកស្រង់ពី សៀវភៅ Gospel Workers, page 52 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។ សាច់រឿងរបស់លោកអេណុក ផ្ដល់ក្ដីសង្ឃឹមដល់យើង។ សាច់រឿងនេះផ្ដល់មូលហេតុសំខាន់ពីការដែលយើងត្រូវចំណាយពេលជា មួយព្រះម្នាក់ឯង។ ប៉ុន្តែមនុស្សដែលឯកាមិនដែលចង់ឲ្យខ្លួននៅឯកានោះទេ។ មែនហើយយើងអាចមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះពេលដែលយើងនៅតែម្នាក់ឯង។ ប៉ុន្តែជួនកាលយើងត្រូវការមិត្តដែលជាមនុស្សដូចគ្នា។ មូលហេតុនេះហើយបានជាពួកជំនុំរបស់យើងត្រូវជួយដល់អស់អ្នកដែលមានអារម្មណ៍ឯកា។ យើងត្រូវត្រៀមខ្លួនដើម្បីជួយពួកគាត់ឲ្យរួចជាស្រេច។ ជួនកាលមនុស្សឯកាកំពុងអង្គុយកៅអីជាប់នឹងអ្នកក៏ថាបាន។ ប្រសិនបើលោកអ្នកមានអារម្មណ៍ឯកាសូមប្រាប់ក្រុមជំនុំណាម្នាក់ឲ្យគេដឹងផង។ ភាគច្រើនយើងមិនអាចមើលដឹងថានរណាម្នាក់មានអារម្មណ៍បែបណាដោយគ្រាន់តែ មើលពីសម្បកក្រៅនោះទេ។ មនុស្សខ្លះពូកែលាក់បាំងអារម្មណ៍ពិតណាស់។ ជួនកាលពីខាងក្រៅគេញញឹមតែពីខាងក្នុងវិញកំពុងមានទុក្ខនិងឯកាជាខ្លាំង។ យើងត្រូវតែធ្វើដោយអស់ពីចិត្ត។ យើងអាចបង្ហាញពីការយកចិត្តទុកដាក់របស់យើងដោយគ្រាន់តែត្រៀមខ្លួននឹងរង់ចាំស្ដាប់ការរៀបរាប់របស់ពួកគាត់។ យើងក៏អាចផ្ដល់ការគាំពារដល់ពួកគាត់ដែរ។
សំនួរពិភាក្សា៖
- តើពួកជំនុំនៃព្រះវិហាររបស់អ្នកអាចធ្វើអ្វីខ្លះថែមទៀតដើម្បីជួយអ្នកដែលមានអារម្មណ៍ឯកា?
- សាវកប៉ុលបានសរសេរថា «ដ្បិតខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង» (ភីលីព ៤:១១) តើប្រសាសន៍លោកប៉ុលផ្ដល់ជាមេរៀនអ្វីដល់ជីវិតរបស់យើង? តើខនេះអាចជួលអ្នកមានអារម្មណ៍ឯកានិងឈឺចាប់យ៉ាងដូចម្ដេចខ្លះ? មូលហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្នមិនត្រូវប្រើខនេះក្នុងផ្លូវខុស?
- ចូររៀបរាប់ពីពេលណាមួយដែលអ្នកមានអារម្មណ៍ឯកាខ្លាំង។ តើមានអ្វីបានជួយអ្នក? តើលោកអ្នកបានរៀនអ្វីខ្លះដែលអាចយកទៅជួយអ្នកដទៃបាន?