មេរៀនទី៤​៖ ២០‑២៦ កក្កដា ២០១៩

សេចក្តីមេត្តាក្នុងទំនុកតម្កើង និងសុភាសិត

Jeans
ថ្ងៃសៅរ៍ ទី២០ កក្កដា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ទំនុកតម្កើង ៩:៧‑ ១៣:២០, ទំនុកតម្កើង ៨២, ទំនុកតម្កើង ១០១, ទំនុកតម្កើង ១៤៦, សុភាសិត ១០:៤, សុភាសិត ១៣:២៣, ២៥។

ខចងចាំ៖ «ចូរ​ការ‌ពារ​ដល់​មនុស្ស​ក្រីក្រ និង​មនុស្ស​កំព្រា ហើយ​កាត់​ក្តី​ដល់​មនុស្ស​វេទនា និង​មនុស្ស​កំសត់ដោយ​យុត្តិ‌ធម៌​ចុះ ចូរ​ជួយ​សង្គ្រោះ​មនុស្ស​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត​ដែរ ត្រូវ​ជួយ​គេ​ឲ្យ​រួច​ពី​​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់» (ទំនុកតម្កើង ៨២:៣, ៤)។

ទំនុកតម្កើង និងសុភាសិត បង្ហាញប្រាប់យើងអំពីបទពិសោធន៍ប្រចាំថ្ងៃនៃការរស់នៅជាមួយនឹងព្រះ។ កណ្ឌគម្ពីរសុភាសិតមានពោរពេញដោយគតិបណ្ឌិត ដែលបានផ្តល់ឱវាទដល់គ្រួសារ មិត្តភាព មុខ​ជំនួញ និងរដ្ឋាភិបាល។ ទំនុកតម្កើងគឺជាចម្រៀង ដែលមានពោរពេញដោយបទពិសោធន៍ខាងសេចក្តីជំនឿ និងអារម្មណ៍សោកសៅយ៉ាងជ្រាលជ្រៅ និងអារម្មណ៍សរសើរតម្កើងព្រះដោយក្តីអំណរ។ កណ្ឌគម្ពីរទាំងពីរបង្ហាញប្រាប់យើងថា សេចក្តីជំនឿរបស់យើងគួរតែធ្វើឲ្យគ្រប់ផ្នែកនៃបទពិសោធន៍នៃជីវិតរបស់យើងបានផ្លាស់ប្តូរ។ ហេតុអ្វី? ពីព្រោះព្រះជាម្ចាស់បានយកព្រះទ័យទុកដាក់លើគ្រប់ផ្នែកនៃជីវិតរបស់យើង។ ព្រះអង្គយកព្រះទ័យទុកដាក់អំពីរបៀបដែលយើងប្រព្រឹត្តនឹងអ្នកដទៃ។ ព្រះអង្គចង់ឲ្យយើងមានសេចក្តីយុត្តិធម៌ និងរស់នៅដោយស្មើភាពគ្នា។

យើងរស់នៅលើផែនដីដែលពោរពេញដោយសេចក្តីអយុត្តិធម៌។ ព្រះគម្ពីរបង្ហាញប្រាប់យើងម្តងហើយម្តងទៀតថា ព្រះទ្រង់យកព្រះទ័យទុកដាក់លើរឿងអយុត្តិធម៌ទាំងឡាយ។ ព្រះអង្គបានប្រឆាំងនឹងរឿងទាំងនេះ។ គឺមានតែព្រះអង្គហើយដែលផ្តល់ក្តីសង្ឃឹមដល់មនុស្សទាំងឡាយដែលកំពុងអស់សង្ឃឹម។

យើងមិនអាចសិក្សាអ្វីៗទាំងអស់នៅក្នុងមេរៀននេះអំពីអ្វីដែលទំនុកតម្កើង និងសុភាសិតបង្រៀនអំពីការសម្តែងចេញនូវសេចក្តីមេត្តា និងសេចក្តីយុត្តិធម៌បានទេ។ ប៉ុន្តែយើងសង្ឃឹមថា មេរៀននេះនឹងបណ្តាលឲ្យយើងជួយដល់មនុស្សទ័លក្រ និងខ្វះខាតដែលនៅជុំវិញយើងកាន់តែច្រើនឡើងថែមទៀត។ កិច្ចការរបស់យើងគឺត្រូវជួយដល់ពួកគេនោះឯង។

ថ្ងៃអាទិត្យ ទី២១ កក្កដា ឆ្នាំ២០១៩

ទំនុកបទក្តីសង្ឃឹមរបស់ជនរងគ្រោះដោយព្រោះមេដឹកនាំ

ដូចដែលយើងបានរៀនរួចមកហើយថា ព្រះទ្រង់ជ្រាបពេលណាមនុស្សលោកជួបបញ្ហា។ ជា​ញឹកញាប់ ទំនុកតម្កើងប្រាប់យើងអំពីមនុស្សដែលស្រែកដង្ហោយរកព្រះ។ ពួកគេបានជឿទុកចិត្តព្រះ។ ប៉ុន្តែ ពួកគេពុំបានឃើញព្រះចាត់វិធានការដើម្បីបពា្ឈប់មនុស្សទាំងនោះកុំឲ្យប្រព្រឹត្តអយុត្តិធម៌ឡើយ។ ជួនកាលរឿងអាក្រក់ដែលបានកើតឡើងក្នុងជីវិតអាក្រក់ខ្លាំងណាស់។ ម៉្លេាះហើយបានជាកវីនិពន្ធក៍ទំនុកតម្កើងមិនអាចមើលឃើញព្រះចេស្តា និងសេចក្តីស្រឡាញ់បានឡើយ។

តើកវីនិពន្ធក៍នៃទំនុកតម្កើងធ្វើអ្វីខ្លះកាលណារឿងនោះកើតឡើង? តើពួកគេឈប់ច្រៀង​សរសើរ​ព្រះមែនទេ? អត់ទេ។ ពួកលោកនៅតែច្រៀងសរសើរព្រះ។ សេចក្តីជំនឿ និងជីវិតរបស់ពួកលោកមានភាពរឹងមាំខ្លាំងណាស់។ ពួកលោកនៅតែមានក្តីសង្ឃឹមជានិច្ច។ ពួកលោកបានសូមឲ្យព្រះចាត់វិធានការណាមួយកុំឲ្យយឺតពេលទាន់។ ពួកលោកបានតឿនព្រះឲ្យលឿនឡើង។ ពួកលោកបានសូមឲ្យព្រះអង្គធ្វើអន្តរាគមន៍និងសង្គ្រោះមនុស្សទន់ខ្សោយ។ ពួកលោកបានសូមឲ្យព្រះអង្គជួយជនរងគ្រោះទាំងឡាយឲ្យបានទាន់ពេល។

សូមអានទំនុកតម្កើង ៩:៧‑៩, ១៣‑២០។ ស្តេចដាវីឌបាននិពន្ធបទនេះ។ ចូរគិតអំពីរឿងអាក្រក់ទាំងអស់ដែលស្តេចដាវីឌបានឆ្លងកាត់។ ស្តេចដាវីឌបានជឿលើសេចក្តីស្រឡាញ់ និងការថែ​រក្សា​របស់ព្រះ។ ទន្ទឹមគ្នានេះ ស្តេចដាវីឌបានស្គាល់សេចក្តីវេទនាទាំងអស់ដែរ។ តើលោកអ្នកមានបទពិសោធន៍ដែលសាកល្បងលើសេចក្តីជំនឿរបស់លោកអ្នកដូចគ្នានឹងករណីស្តេចដាវីឌនេះដែរឬទេ? តើលោកអ្នកធ្វើដូចម្តេចខ្លះដើម្បីឲ្យសេចក្តីជំនឿរឹងមាំក្នុងអំឡុងគ្រាលំបាកទាំងនោះ?

ទំនុកតម្កើងបង្ហាញប្រាប់យើងម្តងហើយម្តងទៀតអំពីរបៀបធ្វើឲ្យសេចក្តីសង្ឃឹមរបស់យើងរឹងមាំក្នុងអំឡុងគ្រាលំបាក។ យើងតោងតែបន្តជឿថា ព្រះទ្រង់គឺជាចៅក្រមលើមនុស្សគ្រប់គ្នានៅលើផែនដីនេះ។ មនុស្សអាក្រក់មើលទៅហាក់ដូចជាឈ្នះនៅគ្រាឥឡូវនេះ។ ប៉ុន្តែ ព្រះទ្រង់នឹងជំនុំជំរះពួកគេ។ ព្រះអង្គនឹងជំនុំជំរះមនុស្សដែលអយុត្តិធម៌។ ព្រះអង្គនឹងដាក់ទោសពួកគេ។ ប៉ុន្តែ ព្រះទ្រង់នឹងប្រទានពរ និងផ្តល់ជីវិតថ្មីដល់មនុស្សដែលរងគ្រោះដោយមនុស្សអាក្រក់ទាំងនោះវិញ។

លោកស៊ី អែស លូវិសបានសរសេរអំពីបំណងដ៏ជ្រាលជ្រៅរបស់លោកដែលចង់ឃើញគ្រាដែលព្រះជាម្ចាស់​ទ្រង់នឹងធ្វើជាចៅក្រមនាពេលអនាគតខាងមុខនេះ។ គ្រីស្ទានជាច្រើនខ្លាចមិនចង់ជួប​គ្រានោះទេ។ ប៉ុន្តែ លោកស៊ី អែស លូវិសបានមើលឃើញថា នោះគឺជាគ្រាដែលយើងគួរតែប្រាថ្នាចង់ជួប។ លោកមាន​ប្រសាសន៍ថា វាគឺជាគ្រា «ដែលព្រះទ្រង់នឹងស្តាប់សម្រែកដង្ហោយហៅរបស់មនុស្សទាំងឡាយចុងក្រោយបង្អស់។ មនុស្សទាំងនេះបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ។ ហេតុអ្វី? ដោយសារតែពួកអ្នកមានអំណាចបានប្លន់យកពីពួកគេ។ ប៉ុន្តែឥឡូវនេះព្រះទ្រង់នៅខាងរាស្ត្ររបស់ព្រះអង្គ។ ពួកគេពុំមានអ្វីត្រូវខ្លាចការជំនុំជំរះរបស់ព្រះឡើយ។ ប្រសិនបើរាស្ត្ររបស់ព្រះអាចឈរនៅចំពោះព្រះ និង​ទូលប្រាប់បញ្ហារបស់ពួកគេ ពួកគេដឹងថា ព្រះទ្រង់នឹងជួយពួកគេ។ មិនយូរទេ ព្រះជាម្ចាស់នឹងយាងមកធ្វើជាចៅក្រម។ នោះយើងនឹងមានឱកាសនឹងទូលរៀបរាប់ប្រាប់រឿងទាំងអស់ដល់ព្រះអង្គ»។ ដក​ស្រង់ ពី C. S. Lewis. Reflections on the Psalms [New York, Harcourt, Brace and Company, 1958], page 11, adapted​ ។

ថ្ងៃច័ន្ទ ទី២២ កក្កដា ឆ្នាំ២០១៩

«ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ឈរ​ឡើង​ជំនុំ‌ជម្រះ»

សូមអានបទទំនុកតម្កើង ៨២។ តើជំពូកនេះផ្តល់សារអ្វីដល់យើងរាល់គ្នា?

ព្រះអម្ចាស់បានប្រទានច្បាប់ជាច្រើនដល់រាស្ត្ររបស់ព្រះអង្គ។ ច្បាប់ទាំងនេះបានជួយដល់រាស្ត្ររបស់ព្រះឲ្យរស់នៅមានភាពប្រសើរជាងមុន។ វាជួយពួកគេឲ្យធ្វើជាគំរូអំពីសេចក្តីស្រឡាញ់​របស់​ព្រះប្រាប់ដល់មនុស្សដទៃទៀត។ ប៉ុន្តែជាការគួរសោកស្តាយ រាស្ត្ររបស់ព្រះខកខានមិនបានធ្វើតាម​ផែនការរបស់ព្រះអង្គឡើយ។ ពួកគេបានប្រែក្លាយដូចជាមនុស្សធម្មតាដែលនៅជុំវិញពួកគេទៅវិញ។ មេដឹកនាំនៃប្រទេសដទៃទៀតពុំបានផ្តល់យុត្តិធម៌ដល់ពលរដ្ឋរបស់ខ្លួនឡើយ។ ពួកគេបានលួចប្លន់ និង​ធ្វើបាបរាស្ត្ររបស់ខ្លួន។ រាស្ត្ររបស់ព្រះក៏បានធ្វើតាមមេដឹកនាំទាំងនោះ។ ពួកមេដឹកនាំ និងចៅក្រមរបស់ព្រះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សអាក្រក់បានសូកប៉ាន់ដល់ចៅក្រមឲ្យកាត់ក្តីតាមចិត្តរបស់ពួកគេ។ តុលាការពុំបានការពារដល់បណ្តាជនឡើយ។ មិនយូរប៉ុន្មាន ពួកអ្នកមានចាប់ផ្តើមប្រើអ្នកក្រឲ្យធ្វើការឲ្យពួកគេដើម្បីឲ្យពួកគេកាន់តែមានឡើងថែមទៀត។ ប៉ុន្តែពួកអ្នកមានទាំងនោះពុំបានផ្តល់ប្រាក់ឈ្នួលដល់អ្នកក្រឲ្យបានត្រឹមត្រូវឡើយ។

បទទំនុកតម្កើង ៨២ ក៏បានលើកឡើងអំពីគ្រាអាក្រក់ដែលរឿងទាំងនេះកើតឡើងដែរ។ ជំពូក​ នេះបង្ហាញប្រាប់ថា ព្រះទ្រង់គឺជាចៅក្រមលើមនុស្សទាំងអស់នៅលើផែនដីនេះ។ បទទំនុកតម្កើងនេះក៏បង្ហាញប្រាប់អំពីគ្រាដែលព្រះទ្រង់ជំនុំជំរះលើមេដឹកនាំ និងចៅក្រមដែលអយុត្តិធម៌ផងដែរ។ អ្នកនិពន្ធនៃទំនុកតម្កើងនេះប្រាប់យើងអំពីកាតព្វកិច្ចមួយចំនួនរបស់អ្នកដែលមានតួនាទីជាចៅក្រមគួរធ្វើ។ តាម​ទស្សនៈ​របស់អ្នកនិពន្ធរូបនេះ កិច្ចការជាចៅក្រមរបស់ព្រះគឺជាគំរូមួយដែលចៅក្រមទាំងឡាយគួរយកគំរូតាម។ កិច្ចការជាចៅក្រមរបស់ព្រះក៏បង្ហាញប្រាប់យើងអំពីក្បួនច្បាប់ដែលយើងត្រូវរស់នៅតាមដែរ។ ព្រះទ្រង់ នឹងប្រើក្បួនច្បាប់ទាំងនេះជំនុំជំរះមនុស្សគ្រប់គ្នាដែលបានរស់នៅលើផែនដីនេះ។ «ព្រះជាម្ចាស់បានប្រទានអំណាចដល់ពួកគេ និងបានជ្រើសរើសពួកគេឲ្យមានតួនាទីជាចៅក្រមរបស់ព្រះអង្គ»។ ដក​​ស្រង់ពី Ellen G. White, Prophets and Kings, page 198, adapted។

កវីនិពន្ធក៍បានបញ្ចប់បទទំនុកតម្កើងនេះដោយទូលសូមឲ្យព្រះទ្រង់ឈរ​ឡើង​ជំនុំ‌ជម្រះ (ទំនុក​តម្កើង ៨២:៨)។ លោកក៏បានទូលសូមឲ្យព្រះធ្វើអន្តរាគមន៍ និងបពា្ឈប់រាល់អំពើអាក្រក់ដែលកើតឡើងគ្រប់ទីកន្លែងក្នុងប្រទេសរបស់លោក។ បទទំនុកតម្កើងនេះតំណាងឲ្យមនុស្សទាំងអស់ដែលរងគ្រោះដោយមេដឹកនាំរបស់ពួកគេ។ អ្នកនិពន្ធបានសូមឲ្យព្រះជួយ។ ព្រះទ្រង់គឺជាចៅក្រម និងជាអ្នកគ្រប់គ្រងលើមនុស្សគ្រប់គ្នា និងលើរបស់សព្វសារពើទាំងនៅស្ថានសួគ៌ និងផែនដី។ ព្រះអង្គបានសន្យា។ ពិត​មែន​ហើយ នឹងមានគ្រាមកដល់ដែលតុលាការទាំងឡាយនៅលើផែនដីនឹងលែងជួយដល់អ្នកក្រ។ ពួកគេនឹងមិនស្តាប់តាមសំណូមពរដែលយើងសូមឲ្យជួយឡើយ។ ប៉ុន្តែ យើងអាចសូមឲ្យព្រះជួយបានជានិច្ច។

ជួនកាល យើងក៏រងគ្រោះដោយសារមេដឹកនាំដែរ។ ជួនកាល យើងក៏ពុំបានប្រព្រឹត្តដោយយុត្តិធម៌ទៅកាន់មនុស្សដទៃដែរ។ បទទំនុកតម្កើង ៨២ ជួយយើងឲ្យរកជំនួយ និងប្រាជ្ញាដើម្បីដោះស្រាយបញ្ហាទាំងពីរនេះ។ ព្រះទ្រង់ក៏យកព្រះទ័យទុកដាក់នឹងចៅក្រមអាក្រក់ដែរ ពីព្រោះពួកគេក៏ជារាស្ត្ររបស់ព្រះអង្គដែរ។ ព្រះអង្គចង់ឲ្យពួកគេជ្រើសរើសយកជីវិតដែលប្រសើរមួយ។ ហេតុនោះ យើងទាំងអស់គ្នានៅតែមានសង្ឃឹមជានិច្ចប្រសិនបើយើងព្រមឲ្យព្រះកែប្រែជីវិតរបស់យើងនោះ។

ថ្ងៃអង្គារ ទី២៣ កក្កដា ឆ្នាំ២០១៩

សេចក្តីសន្យារបស់ស្តេច

សូមអានទំនុកតម្កើង ១០១។ អ្នកនិពន្ធបទនេះបានសរសេរវាឡើងមកសម្រាប់មេដឹកនាំទាំងឡាយ។ តើយើងអាចរៀនដំបូន្មានសំខាន់ៗអ្វីខ្លះពីបទនេះសម្រាប់ជីវិតរបស់យើងផ្ទាល់?

មនុស្សជាច្រើនជឿថា ស្តេចដាវីឌជាអ្នកនិពន្ធបទទំនុកតម្កើង ១០១ នេះក្នុងឆ្នាំដំបូងៗដែលព្រះអង្គបានឡើងគ្រងរាជ្យជាស្តេចលើសាសន៍អ៊ីស្រាអែល។ ស្តេចដាវីឌមានបទពិសោធន៍លំបាកៗជាច្រើនមុនពេលដែលព្រះអង្គបានក្លាយជាស្តេច។ លោកគឺជាទាហានរបស់ស្តេចសុល។ បន្ទាប់មកលោកបានរត់គេចពីស្តេចដែលព្យាយាមសម្លាប់លោកចោលជាច្រើនដង។ ដាវីឌយល់ឃើញថា សុលគឺជាស្តេច​ដ៏អាក្រក់មួយអង្គ។ លោកបានឃើញអ្វីដែលបានកើតឡើងពេលដែលស្តេចបំផ្លាញមនុស្ស និងក្រុម​គ្រួសារ​របស់លោកផ្ទាល់។ ហេតុនោះហើយបានជាស្តេចដាវីឌសម្រេចចិត្តធ្វើជាមេដឹកនាំដែលល្អជាងសុល។

ពួកយើងតិចនាក់ណាស់ដែលជាមេដឹកនាំនៃប្រទេសទាំងឡាយ។ ប៉ុន្តែ យើងទាំងអស់គ្នាសុទ្ធតែមានឱកាសធ្វើឲ្យជីវិតរបស់មនុស្សដទៃផ្លាស់ប្តូរបាន។ យើងអាចលើកទឹកចិត្តដល់មនុស្សទាំងឡាយដែលនៅក្នុងគ្រួសារ សហគមន៍ កន្លែងធ្វើការ និងព្រះវិហាររបស់យើង។ អ្នកស្រីអែល្លិន ជី វ៉ៃត៍ ក៏បានមានប្រសាសន៍អំពីស្តេចដាវីឌថាជាមេដឹកនាំមួយរូបដែរ។ «ស្តេចដាវីឌបានសន្យាច្រើនចំណុច។ យើងអាចអានសេចក្តីសន្យាទាំងនោះនៅក្នុងទំនុកតម្កើង ១០១។ គ្រប់គ្នាដែលមានគ្រួសារគួរតែសន្យាតាមរបៀបនេះដែរ។ ពួកគេគួរសន្យាថានឹងប្រឆាំងអ្វីៗគ្រប់យ៉ាងដែលអាចបង្កគ្រោះថ្នាក់ដល់គ្រួសាររបស់ខ្លួន។ ដកស្រង់ពី Counsels to Parents, Teachers, and Students, page 119, adapted។

យើងគួរតែធ្វើតាមក្បួនច្បាប់ទាំងឡាយដែលមានក្នុងទំនុកតម្កើង ១០១ ក្នុងជីវិតរបស់យើង។ កាលណាយើងមានឱកាស យើងគួរតែសូមឲ្យមេដឹកនាំរបស់យើងធ្វើតាមក្បួនច្បាប់ទាំងនេះដែរ។ យើងម្នាក់ៗសុទ្ធតែមានឱកាសអនុវត្តតាមក្បួនច្បាប់ទាំងនេះរបស់ស្តេចដាវីឌ។ នោះយើងនឹងក្លាយជាមេដឹកនាំដ៏ល្អមិនខាន។ ជីវិតរបស់យើងនឹងក្លាយជាព្រះពរដល់មនុស្សដទៃទៀតផងដែរ។

ដើម្បីធ្វើជាមេដឹកនាំដ៏ល្អម្នាក់បានតើត្រូវចាប់ផ្តើមពីកន្លែងណា? សម្រាប់លោកដានីយ៉ែល វាចាប់ផ្តើមជាមួយនឹងការសរសើរតម្កើងព្រះសម្រាប់សេចក្តីមេត្តា និងសេចក្តីយុត្តិធម៌របស់ព្រះអង្គ (ទំនុក​​តម្កើង ១០១:១)។ សេចក្តីទាំងពីរនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់អ្វីៗគ្រប់យ៉ាងដែលស្តេចដាវីឌចង់ធ្វើក្នុងនាមជាមេដឹកនាំដ៏ល្អមួយរូប។ លោកបានព្យាយាមរក្សាសេចក្តីយុត្តិធម៌ និងសម្តែងសេចក្តីមេត្តាក្នុងជីវិត និងកិច្ចការរបស់លោក។ មេដឹកនាំល្អតោងតែមិនប្រព្រឹត្តបាប មិនកុហក និងមិនប្រព្រឹត្តខុស។ អំពើបាបទាំងនេះគឺជាអន្ទាក់យ៉ាងពិសេសសម្រាប់ទាក់មេដឹកនាំ និងអ្នកគ្រប់គ្រងឲ្យដួលចុះ។

ស្តេចដាវីឌជ្រាបថា ការស្តាប់តាមដំបូន្មានគឺជាកិច្ចដ៏សំខាន់ខ្លាំងណាស់។ ហេតុនោះហើយ​បាន​ជាលោកស្វែងរកមេដឹកនាំដែលស្មោះត្រង់ឲ្យជួយលោកធ្វើកិច្ចការដែលត្រឹមត្រូវ។ ស្តេចដាវីឌចង់ឲ្យប្រជារាស្ត្រនិយាយថា លោកគឺជាស្តេចដ៏យុត្តិធម៌ ដែលមានសេចក្តីមេត្តាដល់មនុស្សគ្រប់គ្នា។ សេចក្តីទាំងនេះសំខាន់ណាស់សម្រាប់លោក។ នោះហើយបានជាលោកស្វែងរកមេដឹកនាំដែលមានសេចក្តីយុត្តិធម៌ និងសេចក្តីមេត្តាឲ្យជួយដល់លោក។

ប្រហែលជាលោកអ្នកពុំមែនជាមេដឹកនាំទេ។ ប៉ុន្តែតើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីឲ្យមានយុត្តិធម៌ និងសេចក្តីមេត្តាដល់មនុស្សទាំងឡាយដែលកំពុងត្រូវការសេចក្តីទាំងនេះ?

ថ្ងៃពុធ ទី២៤ កក្កដា ឆ្នាំ២០១៩

ការដើរជាមួយនឹងព្រះអម្ចាស់

ខណៈដែលយើងអានជិតចប់កណ្ឌគម្ពីរទំនុកតម្កើង យើងឃើញថា ភាគច្រើនសុទ្ធតែជា​បទ​សរសើរតម្កើង។ ប្រាំជំពូកចុងក្រោយចាប់ផ្តើមឡើងដោយប្រយោគថា «ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា» (ទំនុកតម្កើង ១៤៦‑១៥០)។ ទំនុកតម្កើង ១៤៦ សរសើរព្រះដោយសារហេតុផលពិសេសមួយ គឺដោយសារព្រះអង្គសប្បុរសចំពោះមនុស្សទ័លក្រ និងមានសេចក្តីមេត្តាដល់ពួកគេ។

សូមអានបទគម្ពីរទំនុកតម្កើង ១៤៦។ តើជំពូកនេះប្រាប់សារអ្វីខ្លះ? តើខគម្ពីរទំនុកតម្កើង ១៤៦:៥‑៩ អ្នកនិពន្ធចង់និយាយអំពីអ្វីខ្លះ?

ព្រះទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី (ទំនុកតម្កើង ១៤៦:៦)។ ជំពូកនេះក៏បង្ហាញប្រាប់យើងអំពីកិច្ចការរបស់ព្រះអង្គនៅលើផែនដីនេះក្នុងនាមជាចៅក្រមដែរ។ ជំពូកនេះបង្ហាញប្រាប់ថា ព្រះអង្គ ប្រទានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការសម្រាប់ជីវិតដល់យើង។ ព្រះអង្គបានរំដោះយើងឲ្យរួចពីបាប។ ព្រះអង្គរំដោះយើងឲ្យរួចពីមនុស្សដែលធ្វើបាបយើង។ ព្រះអង្គបានព្យាបាលយើង។ ព្រះអង្គបានជួយ​យើង និងការពារមនុស្សទន់ខ្សោយ។

ហេតុអ្វីបានជាយើងគួរយកចិត្តទុកដាក់នឹងមនុស្សដែលខ្វះខាត? ពិតមែនហើយ គឺដោយសារតែព្រះជាម្ចាស់មានបន្ទូលថា យើងគួរតែធ្វើដូច្នោះ។ ព្រះទ្រង់បានសូមឲ្យយើងធ្វើកិច្ចការនេះដោយសារតែព្រះអង្គក៏បានធ្វើកិច្ចការនេះដែរ។ ព្រះអង្គពុំមែនសូមឲ្យយើងធ្វើវាសម្រាប់ព្រះអង្គទេ។ ព្រះអង្គកំពុងតែអញ្ជើញយើងឲ្យធ្វើកិច្ចការនេះជាមួយព្រះអង្គវិញទេតើ។ កាលណាយើងធ្វើកិច្ចការដែលលុប​បំបាត់​ជំងឺ​ដំកាត់ ភាពស្រេកឃ្លាន និងសេចក្តីអាក្រក់ចេញពីផែនដីនេះ មានន័យថាយើងកំពុងតែធ្វើការ​ជាមួយ​ព្រះ​ហើយ។ យើងសហការជាមួយព្រះអង្គក្នុងកិច្ចការនៃសេចក្តីមេត្តារបស់ព្រះអង្គ។

គ្រីស្ទានជាច្រើនចង់បានខិតជិតនឹងព្រះជាងមុន។ ខគម្ពីរទំនុកតម្កើង ១៤៦:៧‑៩ បង្ហាញប្រាប់យើងអំពីវិធីម្យ៉ាងដើម្បីបានខិតជិតនឹងព្រះអង្គខ្លាំងឡើង។ កាលណាយើងធ្វើកិច្ចការនៃសេចក្តីមេត្តា​រួម​ជាមួយនឹងព្រះអង្គ នោះហើយដែលយើងបាននៅជិតព្រះអង្គនោះ។ ព្រះជាម្ចាស់លើកស្ទួយអ្នកក្រឡើង។ ព្រះអង្គបានព្យាបាលអ្នកជំងឺ។ ព្រះអង្គសម្តែងសេចក្តីមេត្តាដល់មនុស្សដែលកំពុងរងទុក្ខវេទនា។ ព្រះអង្គបានជួយដល់មនុស្សដែលត្រូវមេដឹកនាំធ្វើបាប។ ហេតុនោះ យើងគួរតែធ្វើការជាមួយនឹងព្រះដើម្បីជួយព្រះអង្គធ្វើកិច្ចការនេះផងដែរ។ «ព្រះយេស៊ូវបានយាងមកកាន់ផែនដីនេះ។ ព្រះអង្គបានធ្វើការជាមួយ​អ្នកក្រ និងមនុស្សដែលលំបាកវេទនា។ ព្រះអង្គបានយកចិត្តទុកដាក់នឹងពួកគេជាងមនុស្សផ្សេងទៀត។ សព្វថ្ងៃនេះ ព្រះយេស៊ូវកំពុងគង់ព្រះជន្មនៅក្នុងដួងចិត្តកូនៗរបស់ព្រះអង្គ។ កាលណាកូនៗរបស់​ព្រះអង្គ​ទៅសួរសុខទុក្ខដល់មនុស្សដែលខ្វះខាត ព្រះយេស៊ូវក៏យាងទៅជាមួយនឹងពួកគេដែរ។ ព្រះអង្គបានជួយពួកគេមើលថែដល់អ្នកក្រ។

«ទុក្ខលំបាករបស់មនុស្សដទៃជួយយើងឲ្យយល់ពីសេចក្តីមេត្តា និងសេចក្តីស្រឡាញ់របស់ព្រះ។ ប្រសិនបើយើងពុំបានជួយដល់មនុស្សទាំងឡាយទេ យើងនឹងពុំអាចយល់ពីសេចក្តីស្រឡាញ់ និងសេចក្តី​​េមត្តារបស់ព្រះឡើយ។ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ព្រះជួយយើងឲ្យដឹងថា យើងមានព្រះវរបិតាដ៏ប្រកបដោយសេចក្តីស្រឡាញ់មួយអង្គនៅនគរស្ថានសួគ៌។ ដំណឹងល្អស្តីអំពីព្រះយេស៊ូវនឹងកាន់តែល្អបំផុតកាលណាយើងចែកចាយប្រាប់ដល់មនុស្សដែលកំពុងរស់នៅក្នុងប្រទេសក្រីក្រទាំងឡាយ»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 7, page 226, adapted។

តើការបម្រើដល់អ្នកដទៃជួយយើងឲ្យខិតជិតនឹងព្រះបានយ៉ាងដូចម្តេច? តើលោកអ្នកមាន បទពិសោធន៍អ្វីខ្លះ?

ថ្ងៃព្រហស្បតិ៍ ទី២៥ កក្កដា ឆ្នាំ២០១៩

សេចក្តីមេត្តាដល់មនុស្សដែលខ្វះខាត

សុភាសិតគឺជាពាក្យពំនោលដែលបង្កប់ដោយប្រាជ្ញា។ កណ្ឌគម្ពីរសុភាសិតគឺពោរពេញដោយពាក្យពំនោលដែលបង្កប់ដោយប្រាជ្ញាយ៉ាងច្រើន។ កណ្ឌគម្ពីរនេះរៀបរាប់អំពីគោលគំនិតផ្សេងៗ និងបទ​ពិសោធន៍ជីវិតយ៉ាងច្រើន។ សុភាសិតខ្លះនិយាយអំពីការមាន ឬក្រ ការមានសេចក្តីសុខ និងការសម្តែង​សេចក្តីមេត្តា។ សុភាសិតបង្ហាញប្រាប់យើងថា ជីវិតរបស់មនុស្សមិនមែនចេះតែនៅសាមញ្ញធម្មតារហូតទេ។ ជម្រើសរបស់យើងអាចផ្លាស់ប្តូរជីវិតរបស់យើងបាន។

សូមអានខគម្ពីរសុភាសិត ១០:៤, ១៣:២៣, ១៤:៣១, ១៥:១៥, ១៦, ១៩:១៥, ១៧ និង ៣០:៧‑៩។ តើសុភាសិតទាំងនេះដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ? តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីការមានទ្រព្យ ការក្រខ្សត់ និងការជួយដល់មនុស្សដែលទ័លក្រ?

សុភាសិតបង្ហាញប្រាប់យើងថា ព្រះទ្រង់យកព្រះទ័យទុកដាក់នឹងមនុស្សទ័លក្រ និងមនុស្ស ទន់ខ្សោយ។ ជួនកាល មនុស្សខ្លះក្លាយជាអ្នកក្រដោយសាររឿងអាក្រក់បានកើតឡើងក្នុងជីវិតរបស់ពួកគេ។ ជួនកាលពួកគេក្រដោយសារតែសម្រេចចិត្តខុស ឬត្រូវចាញ់បោកគេ។ មិនថាពួកគេខុសដោយសារមូលហេតុអ្វីទេ សុភាសិតប្រាប់យើងថា ព្រះអម្ចាស់គឺជាព្រះអាទិកររបស់ពួកគេ។ មនុស្សទាំងឡាយមិនគួរណាធ្វើបាបអ្នកក្រ ឬបោកប្រាស់ពួកគេដោយសារតែពួកគេបានសម្រេចចិត្តខុសនោះឡើយ។

កណ្ឌគម្ពីរសុភាសិតបង្ហាញប្រាប់យើងអំពីជីវិតដ៏ប្រសើរមួយបែប។ គន្លឹះដើម្បីឲ្យបានជីវិតដ៏ប្រសើរនោះត្រូវបានបង្ហាញយ៉ាងច្បាស់។ យើងតោងតែជ្រើសរើសយកប្រាជ្ញា និងស្តាប់បង្គាប់ព្រះ។ ជួនកាលយើងមានទ្រព្យ និងលុយកាក់ច្រើនក្នុងជីវិតនេះ។ ប៉ុន្តែ របស់ទាំងនេះមិនមែនចេះតែបានមកពីព្រះរហូតទេ។ កិច្ចដ៏សំខាន់បំផុតក្នុងជីវិតគឺភាពស្មោះត្រង់ចំពោះ និងច្បាប់របស់ព្រះអង្គឯណោះ​វិញ​ទេ។ កិច្ចនេះសំខាន់ជាងប្រាក់កាស និងទ្រព្យសម្បត្តិទៅទៀត។ «បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្ដី​សុចរិត នោះ​វិសេស​ជាង​មាន​កម្រៃ​ច្រើន តែ​មាន​សេចក្ដី​ទុច្ចរិត​វិញ» (សុភាសិត ១៦:៨)។

កណ្ឌគម្ពីរសុភាសិតតែងតែលើកឡើងអំពីការស្មោះត្រង់ និងយុត្តិធម៌ក្នុងមុខជំនួញ។ មេដឹក​នាំ និងចៅក្រមទាំងឡាយក៏ត្រូវមានសេចក្តីយុត្តិធម៌ដែរ (សុភាសិត ១៤:៥, ២៥, ១៦:១១‑១៣, ១៧:​១៥, ២០:២៣, ២១:២៨, និង ២៨:១៤‑១៦)។ កណ្ឌគម្ពីរសុភាសិតនាំមកនូវប្រាជ្ញា និងដំបូន្មានអំពី​របៀបដែលមនុស្សប្រុសស្រីទាំងឡាយគួររស់នៅរបៀបណា។ សុភាសិតក៏ផ្តល់ដំបូន្មានសម្រាប់សហគមន៍ផងដែរ។ សុភាសិតបង្ហាញអំពីរបៀបដែលសហគមន៍អាចបម្រើ និងការពារមនុស្សដែលកំពុងត្រូវការជំនួយបំផុត។ សុភាសិតសូមឲ្យយើងចងចាំថា មេដឹកនាំដែលល្អបំផុតគឺជាមនុស្សដែលសូមជំនួយពីព្រះ (សុភាសិត ៨:១៥, ១៦)។ យើងគួរតែរស់នៅធ្វើជាអ្នកជំនួយរបស់ព្រះ។ យើងគួរតែបង្ហាញសេចក្តីសន្តោសប្រណីដល់មនុស្សដែលកំពុងខ្វះខាត។

ការដែលមានអារម្មណ៍អាណិតអាសូរដល់មនុស្សដែលរងទុក្ខវេទនាវាជាការងាយស្រួលទេ។ ប៉ុន្តែ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីជួយដល់ពួកគេ?

ថ្ងៃសុក្រ ទី២៦ កក្កដា ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “The Last Years of David,” pages 746-755, in Patriarchs and Prophets; C. S. Lewis,” ‘Judgment’ in Psalms,” pages 15-22, in Reflections on the Psalms ។

«ស្តេចដាវីឌបាននិពន្ធបទចម្រៀងជាច្រើននៅក្នុងទំនុកតម្កើង។ បទចម្រៀងរបស់ស្តេចដាវីឌរៀបរាប់អំពីរឿងរ៉ាវគ្រប់យ៉ាងចាប់តាំងពីអារម្មណ៍ថាមានវិប្បដិសារីដោយសារអំពើបាបរបស់ព្រះអង្គរហូតដល់ការបន្ទោសខ្លួនឯង។ បទចម្រៀងរបស់ព្រះអង្គក៏មានរៀបរាប់អំពីសេចក្តីជំនឿ និងការដើរជាមួយ ព្រះដែរ។​ ព្រះជន្មរបស់ស្តេចដាវីឌបង្ហាញប្រាប់យើងថា អំពើបាបធ្វើឲ្យយើងមានអារម្មណ៍អាម៉ាស និង ទុក្ខព្រួយ។ ប៉ុន្តែសេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ព្រះអាចឈោងចុះទៅទីជម្រៅនៃភាពងងឹត និងសង្គ្រោះយើង។ សេចក្តីជំនឿនឹងលើកមនុស្សដែលសោកស្តាយដែលបានធ្វើបាបឡើង។ បន្ទាប់មក​យើងនឹងក្លាយជាកូនៗរបស់ព្រះ«។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 754, adapted។

អ្នកស្រីអែល្លិន ជី វ៉ៃត៍បានកត់ត្រាអំពីប្រាជ្ញានៅក្នុងកណ្ឌគម្ពីរសុភាសិតយ៉ាងដូច្នេះថា៖ «កណ្ឌ​គម្ពីរសុភាសិតបង្ហាញប្រាប់យើងនូវក្បួនច្បាប់យ៉ាងច្រើន។ កាលណាយើងស្តាប់បង្គាប់តាមក្បួន​​ច្បាប់​ទាំងនោះ វានឹងធ្វើឲ្យសហគមន៍របស់យើងកាន់តែរឹងមាំឡើង។ ក្បួនច្បាប់ទាំងនេះក៏ធ្វើឲ្យសាសនា និង​រដ្ឋាភិបាលរបស់យើងរឹងមាំ និងមានភាពរលូនដែរ។ ក្បួនច្បាប់ទាំងនេះជួយយើងឲ្យមានសេចក្តីសុខសាន្ត។ ​ អ្វីក៏ដោយដែលធ្វើឲ្យសហគមន៍របស់យើងមានសេចក្តីសុខសាន្តគឺបានមកតែពីច្បាប់របស់ព្រះប៉ុណ្ណោះ»។ ដកស្រង់ពី Ellen G. White, Education, page 137, adapted។

សំនួរពិភាក្សា៖
  1. តើលោកអ្នកបានធ្វើជាមេដឹកនាំក្នុងការងារ ឬសហគមន៍របស់លោកអ្នកតាមរបៀបណាខ្លះ?​ ក្នុង នាមជាអ្នកដឹកនាំ តើលោកអ្នកអាចជួយមេដឹកនាំទាំងឡាយក្នុងសហគមន៍របស់លោកអ្នកបង្ហាញសេចក្តីមេត្តាឲ្យកាន់តែច្រើនឡើងដល់មនុស្សទ័លក្រ និងខ្វះខាតដោយរបៀបដូចម្តេចដែរ? តើលោកអ្នកអាចជួយឲ្យអ្វីៗដែលនៅជុំវិញលោកអ្នកមានសេចក្តីយុត្តិធម៌ដល់មនុស្សដទៃដោយរបៀបណាដែរ?​​​​​

  2. ចូរនឹកគិតអំពីច្បាប់ទាំងឡាយដែលមាននៅក្នុងប្រទេសរបស់លោកអ្នក។ តើលោកអ្នកអាចធ្វើដូច​​ ម្តេចខ្លះដើម្បីឲ្យច្បាប់ទាំងនេះកាន់តែប្រសើរឡើងដើម្បីជួយដល់មនុស្សក្រីក្រនៅក្នុងសហគមន៍របស់​​លោកអ្នក?

  3. ហេតុដូចម្តេចបានជាក្បួនច្បាប់របស់ព្រះគម្ពីរស្តីអំពីការស្មើភាពគ្នា និងសេចក្តីយុត្តិធម៌សំខាន់ម៉្លេះសម្រាប់ធ្វើឲ្យសហគមន៍របស់យើងកាន់តែរឹងមាំឡើង?

  4. កណ្ឌគម្ពីរសុភាសិតភាគច្រើននិយាយអំពីប្រាជ្ញា។ វាបានផ្តល់ប្រាជ្ញាដ៏ល្អដល់ការរស់នៅ។ តើកណ្ឌគម្ពីរសុភាសិតប្រាប់យើងអ្វីខ្លះថា ព្រះជាម្ចាស់មានព្រះទ័យដូចម្តេច និងព្រះអង្គជាអ្នកណា?
Powered by CAM