ថ្ងៃសៅរ៍ ទី១៩ តុលា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អែសរ៉ា ៤, ៥, និង នេហេមា ៤, ៦។
ខចងចាំ៖ «ប៉ុន្តែ ព្រះនេត្រនៃព្រះបានទតមកលើពួកចាស់ទុំសាសន៍យូដា ហើយលោកចៅហ្វាយមិនបានបពា្ឈប់ការដែលកំពុងតែធ្វើនោះទេ ចាំទំរាំបញ្ជូនរឿងនោះទៅដល់ដារីយុស ហើយមានព្រះរាជសាសន៍តបមកកាត់សេចក្ដី» (អែសរ៉ា ៥:៥)។
ពួកសាសន៍យូដា ដែលជារាស្ត្ររបស់ព្រះ បានកសាងព្រះវិហារឡើងវិញ។ ពួកមេដឹកនាំមកពីប្រទេសជិតខាងបានព្យាយាមរារាំងពួកគេ។ យើងអាចអានអំពីដំណើររឿងទាំងនេះក្នុងបទគម្ពីរអែសរ៉ា ៣-៦។ ជំពូកទាំងបួននេះបង្ហាញប្រាប់យើងអំពីគោលគំនិតដ៏សំខាន់មួយ។ យើងរៀនអំពីរបៀបដែលបណ្តាជនធ្វើការប្រឆាំងនឹងព្រះ។ គោលគំនិតសំខាន់សម្រាប់ឲ្យយើងយល់ដឹង។ វាក៏ជួយយើងឲ្យយល់អំពីសាររបស់លោកអែសរ៉ានៅក្នុងជំពូកទាំងនេះកាន់តែប្រសើរឡើងដែរ។
យើងបានរៀនអំពីលោកអែសរ៉ាជាលើកដំបូងនៅក្នុងអែសរ៉ា ៧:១។ លោកបានមកដល់ទីក្រុងយេរូសាឡិមក្នុងឆ្នាំ៤៥៧មុនគ្រិស្តសករាជ។ បន្ទាប់ពីលោកមកដល់ អ្វីៗក៏បានផ្លាស់ប្តូរ។ បណ្តាជនបានចាប់ផ្តើមកសាងទីក្រុង និងកំផែង។ ប៉ុន្តែការធ្វើការមានការយឺតយ៉ាវណាស់។ បណ្តាជនបានឈប់ផ្អាកជាច្រើនដង។ ១៣ឆ្នាំក្រោយមក លោកនេហេមាក៏បានមកដល់។ ស្តេចអើថាស៊ើកសេសបានចាត់លោកនេហេមាឲ្យមកកាន់ទីក្រុងយេរូសាឡិមក្នុងឆ្នាំ៤៤៤ មុនគ.ស.។ បណ្តាជនក៏បានចាប់ផ្តើមសាងសង់ទីក្រុង និងកំផែងម្តងទៀត។ មានមនុស្សជាច្រើនបានព្យាយាមរារាំងពួកយូដា។ ប៉ុន្តែរាស្ត្ររបស់ព្រះបានបញ្ចប់ការងារត្រឹមតែ៥២ថ្ងៃប៉ុណ្ណោះ (នេហេមា ៦:១៥)។
ដូចដែលយើងបានរៀនពីមុនរួចមកហើយថា កណ្ឌគម្ពីរអែសរ៉ារៀបរាប់អំពីរបៀបដែលបណ្តាជនប្រឆាំងនឹងកិច្ចការរបស់ព្រះ។ យើងក៏ឃើញគោលគំនិតដូចគ្នានេះនៅក្នុងកណ្ឌគម្ពីរនេហេមាដែរ។ យើងគ្មានអ្វីត្រូវភ្ញាក់ផ្អើលទេពេលណារឿងដដែលនេះកើតឡើងក្នុងពេលសព្វថ្ងៃនេះនោះ។ សាតាំងបានធ្វើការយ៉ាងខ្លាំងដើម្បីរារាំងយើងមិនឲ្យផ្សាយដំណឹងល្អ។ តើកណ្ឌគម្ពីរអែសរ៉ា និងនេហេមាអាចបង្រៀនអ្វីខ្លះដល់យើងអំពីអ្វីដែលយើងគួរធ្វើកាលណាបណ្តាជនប្រឆាំងនឹងកិច្ចការរបស់ព្រះ?
ថ្ងៃអាទិត្យ ទី២០ តុលា ឆ្នាំ២០១៩
ការប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះ
សូមអានខគម្ពីរអែសរ៉ា ៤:១-៥។ ក្នុងខទាំងនេះ យើងអានអំពីមេដឹកនាំមួយចំនួនដែលចង់ជួយដល់ពួកសាសន៍យូដាកសាងព្រះវិហាររបស់ពួកគេឡើងវិញ។ តើលោកអ្នកយល់ឃើញដូចម្តេចអំពីមូលហេតុដែលពួកយូដាមួយចំនួនតូចមិនព្រមចូលរួមជួយ?
ពួកមេដឹកនាំបានសួរទៅពួកយូដាថា តើពួកគេអាចជួយកសាងទីក្រុងឡើងវិញបានដែរឬទេ។ ទឹកចិត្តចង់ជួយរបស់ពួកគេល្អណាស់ មែនទេ? ប៉ុន្តែ ខគម្ពីរអែសរ៉ា ៤:១-៥ បានផ្តល់តម្រុយមួយដល់ យើងដែលប្រាប់អំពីរឿងពិតប្រាកដដែលកំពុងកើតឡើង។ តើលោកអ្នកឃើញទេថា ខគម្ពីរអែសរ៉ា ៤:២ បានកត់ត្រាថា «នោះពួកគេ... ជម្រាបថា៖ ‘ពួកយើងចង់សាងសង់ជាមួយអស់លោក’»? ពួកសត្រូវ! ពាក្យមួយម៉ាត់នោះបានផ្តល់តម្រុយយ៉ាងច្បាស់លាស់មួយអំពីមូលហេតុដែលរាស្ត្ររបស់ព្រះបានបដិសេធទៅកាន់ពួកមេដឹកនាំទាំងនោះ។
ហេតុដូចម្តេចបានជាព្រះគម្ពីរហៅមនុស្សទាំងនេះថាជា «ពួកសត្រូវ»? ខគម្ពីរពង្សាវតារក្សត្រ ទី២ ១៧:២៤-៤១ បានពន្យល់ប្រាប់អំពីរឿងនេះ។ មនុស្សទាំងនេះរស់នៅក្នុងស្រុកសាម៉ារី និងដែនដី ជុំវិញនោះ។ ប៉ុន្តែ ពួកគេពុំមែនកើតនៅក្នុងស្រុកសាម៉ារីទេ។ ហេតុនោះ ពួកគេពុំមែនជាសាសន៍យូដា ទេ។ ពួកគេមកពីប្រទេសផ្សេងៗ។ ពួកគេបានចូលមករស់នៅក្នុងស្រុកសាម៉ារីបន្ទាប់ពីពួកអាសស៊ើរចាប់យកប្រទេសអ៊ីស្រាអែល។ បន្ទាប់មកស្តេចអាសស៊ើរបានចាត់ពួកសង្ឃឲ្យទៅកាន់ស្រុកសាម៉ារី។ ពួកសង្ឃបានបង្ហាត់បង្រៀនបណ្តាជនដែលបានចូលមករស់នៅទីនោះអំពីព្រះនៃសាសន៍អ៊ីស្រាអែល។ ប៉ុន្តែបណ្តាជនក៏ថ្វាយបង្គំព្រះរបស់សាសន៍កាណានដែរ។ ហេតុនោះហើយបានជាសាសន៍យូដាមួយក្រុមដែលបានមកដល់ទីក្រុងយេរូសាឡិមមានការព្រួយបារម្ភ។ ពួកគេពុំចង់បានសាសនាក្លែងក្លាយក្នុងស្រុកសាម៉ារីមានចំណែកក្នុងការថ្វាយបង្គំក្នុងព្រះវិហាររបស់ព្រះឡើយ។ ហេតុនោះ រាស្ត្ររបស់ព្រះបានខិត ខំធ្វើការយ៉ាងអស់ពីសមត្ថភាព។ នៅពេលដែលបណ្តាជនពីស្រុកសាម៉ារីចង់ជួយពួកគេ ពួកយូដាក៏បាន ឆ្លើយថា មិនចាំបាច់ទេ អរគុណហើយ។
តើខគម្ពីរអែសរ៉ា ៤:៤, ៥ បង្ហាញប្រាប់យើងអ្វីខ្លះទៀតអំពីមូលហេតុដែលរាស្ត្ររបស់ព្រះបានធ្វើរឿងត្រឹមត្រូវ?
ចូរគិតអំពីមូលហេតុមួយចំនួនដែលរាស្ត្ររបស់ព្រះមានសម្រាប់ទទួលយកជំនួយពីសត្រូវរបស់ពួកគេ។ ប៉ុន្តែពួកគេពុំបានទទួលយកជំនួយឡើយ។ តើខគម្ពីរកូរិនថូសទី២ ៦:១៤ ជួយយើងយ៉ាងដូច ម្តេចខ្លះឲ្យយល់ថា រាស្ត្ររបស់ព្រះបានសម្រេចចិត្តត្រឹមត្រូវ?
ថ្ងៃច័ន្ទ ទី២១ តុលា ឆ្នាំ២០១៩
ហោរារបស់ព្រះលើកទឹកចិត្តដល់រាស្ត្ររបស់ព្រះអង្គ
មេដឹកនាំពីប្រទេសនៅជុំវិញក្រុងយេរូសាឡិមបានប្រឆាំងទាស់នឹងកិច្ចការសង់ព្រះវិហារឡើងវិញ។ រាស្ត្ររបស់ព្រះក៏ចាប់ផ្តើមមានការភិតភ័យកាន់តែខ្លាំងឡើង។ ពួកគេក៏បានឈប់ផ្អាកការសាងសង់ព្រះវិហារឡើងវិញ។ យើងអាចអានរឿងទាំងនេះនៅក្នុងបទគម្ពីរអែសរ៉ា ៤-៦។
ដូចដែលយើងបានរៀនក្នុងមេរៀនទី១រួចមកហើយថា រឿងរ៉ាវក្នុងខគម្ពីរអែសរ៉ា ៤:៦-២៤ បានកើតឡើងក្រោយរឿងរ៉ាវក្នុងជំពូកទី៥ និងទី៦ បើទោះបីជាជំពូក៤លេចចេញមកមុនក្តី។ ប្រសិនបើ លោកអ្នកនឹកចាំអំពីរឿងនេះ ពេលដែលលោកអ្នកអាន វានឹងជួយលោកអ្នកមិនឲ្យយល់ច្រឡំឡើយ។ ហេតុនោះ យើងនឹងក្រឡេកមើលជំពូក៥ មុនពេលដែលយើងក្រឡេកមើលជំពូក៤។
ខគម្ពីរអែសរ៉ា ៥:១-៥ ប្រាប់យើងថា ព្រះទ្រង់បានចាត់លោកហាកាយ និងសាការីឲ្យទៅកាន់ពួកសាសន៍យូដា។ បុរសទាំងនេះគឺជាហោរារបស់ព្រះ។ ហេតុដូចម្តេចបានជាព្រះចាត់លោកទាំងពីរឲ្យទៅកាន់រាស្ត្ររបស់ព្រះអង្គ? តើមានអ្វីកើតឡើងនៅពេលដែលពួកលោកបានផ្តល់សារពិសេសដល់រាស្ត្ររបស់ព្រះ? តើរាស្ត្ររបស់ព្រះមានប្រតិកម្មយ៉ាងដូចម្តេចដែរ?
ពួកសាសន៍យូដាឈប់សាងសង់ដោយសារតែពួកគេមានការភ័យខ្លាច។ ប៉ុន្តែព្រះទ្រង់បានចាត់ពួកលោកឲ្យទៅកាន់ពួកយូដាដើម្បីកសាងព្រះវិហារ និងទីក្រុងឡើងវិញ។ ឥឡូវនេះព្រះទ្រង់មានផែនការមួយទៀត។ ព្រះអង្គចង់ធ្វើអ្វីមួយដើម្បីលើកទឹកចិត្តដល់រាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គចង់ជួយពួកគេកុំឲ្យមានការភ័យខ្លាចតទៅទៀត។ ហេតុនោះហើយបានជាព្រះជាម្ចាស់ចាត់ហោរាពីររូបឲ្យទៅកាន់រាស្ត្ររបស់ព្រះអង្គ។ សត្រូវរបស់យើងអាចរារាំងយើងបានមែន ប៉ុន្តែពួកគេមិនអាចរារាំងព្រះជាម្ចាស់បានឡើយ។ ពិតមែន ពួកយូដាបានធ្វើឲ្យរឿងកាន់តែអាក្រក់ខ្លាំងឡើង។ ប៉ុន្តែ ព្រះទ្រង់ពុំបានបោះបង់ពួកគេចោលឡើយ។ ព្រះអង្គបានធ្វើការជាមួយនឹងហោរារបស់ព្រះអង្គដើម្បីជួយដល់បណ្តាជនឲ្យធ្វើការសាងសង់ឡើងវិញ។
សូមអានសាររបស់ហោរាហាកាយនៅក្នុងបទគម្ពីរហាកាយ ១។ តើលោកហាកាយបានមានប្រសាសន៍អ្វីខ្លះទៅកាន់រាស្ត្ររបស់ព្រះ? តើយើងអាចរៀនអ្វីបានខ្លះពីសារនោះដែរ?
«លោកហាកាយ និងលោកសាការីគឺជាហោរា។ ព្រះទ្រង់បានចាត់លោកទាំងពីរឲ្យទៅកាន់រាស្ត្ររបស់ព្រះអង្គដើម្បីជួយដោះស្រាយបញ្ហាដ៏ធំមួយ។ លោកហាកាយ និងលោកសាការីបានផ្តល់សារដ៏មានអានុភាពពីព្រះជាម្ចាស់។ សារទាំងនោះបង្ហាញប្រាប់បណ្តាជនអំពីមូលហេតុនៃបញ្ហារបស់ពួកគេ។ បណ្តាជនប្រកបមុខរបររបស់ខ្លួនមិនបានជោគជ័យឡើយ ដោយសារតែពួកគេពុំបានយកព្រះជាទីមួយ។ ពួកសាសន៍អ៊ីស្រាអែលពុំបានលើកតម្កើងព្រះជាម្ចាស់ឡើយ។ ពួកគេពុំបានសម្តែងការគោរពឲ្យបានសមល្មមដល់ព្រះអង្គឡើយ។ បណ្តាជនពុំបានចាត់ទុកការសាងសង់ដំណាក់របស់ព្រះជាកិច្ចការទីមួយក្នុងជីវិតរបស់ពួកគេឡើយ។ ហេតុនោះហើយបានជាព្រះទ្រង់ពុំគង់នៅជាមួយនឹងរាស្ត្ររបស់ព្រះអង្គ។ ពួកគេពុំបានទទួលព្រះពរពីព្រះឡើយ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, pages 573, 574, adapted។
ថ្ងៃអង្គារ ទី២២ តុលា ឆ្នាំ២០១៩
ការងារត្រូវបានផ្អាក
តើ «ពួកសត្រូវ» បានធ្វើអ្វីខ្លះនៅក្នុងខគម្ពីរអែសរ៉ា ៤:៦-២៤ ដើម្បីព្យាយាមរារាំងកិច្ចការនៅក្នុងក្រុងយេរូសាឡិម?
ពួកមេដឹកនាំពីដែនដីនៅជុំវិញយេរូសាឡិមបានសរសេរសំបុត្រជាច្រើនច្បាប់។ ដំបូង ពួកគេបានសរសេរទៅកាន់ស្តេចដារីយ៉ុស (អែសរ៉ា ៥, ៦)។ បន្ទាប់មក ពួកគេបានសរសេរទៅកាន់ស្តេចស៊ើកសេស (ព្រះនាមមួយទៀតរបស់ស្តេចអ័ហាស៊ើរូស)។ ទីបំផុត ពួកគេក៏បានសរសេរទៅកាន់ស្តេចអើថាស៊ើកសេស។ សំបុត្រទាំងនោះបានចោទប្រកាន់ពួកយូដាថា បានបង្កបញ្ហាក្នុងនគរពើស៊ី។ សត្រូវរបស់ព្រះបានធ្វើអ្វីៗគ្រប់យ៉ាងតាមអំណាចដែលពួកគេមានដើម្បីរារាំងកិច្ចការនៅក្នុងយេរូសាឡិម។
ពួកសត្រូវបានព្រមានថា រឿងអាក្រក់ៗនឹងកើតឡើងប្រសិនបើពួកយូដានៅតែបន្តសាងសង់ទីក្រុងរបស់ពួកគេ។ ស្តេចនគរពើស៊ីនឹងចាត់ការមកលើទីក្រុងនេះ។ ពួកសត្រូវបានស្នើសូមឲ្យស្តេចនគរពើស៊ីនឹកចាំអំពីបញ្ហាទាំងអស់ដែលពួកយូដាបានបង្កឡើងក្នុងអតីតកាល។ ពួកសត្រូវបានទូលកុហកអំពីមូលហេតុដែលពួកយូដាចង់សង់ទីក្រុងរបស់ពួកគេឡើងវិញ គឺដោយសារពួកយូដាចង់ប្រឆាំងបះបោរទាមទារសេរីភាពពីនគរពើស៊ី។ ជាអកុសល ស្តេចស៊ើកសេសក៏បានជឿលើការកុហកទាំងនេះ។ ព្រះអង្គក៏បានចេញរាជបញ្ជាឲ្យផ្អាកកិច្ចការនៅទីក្រុងយេរូសាឡិម។ ពួកសត្រូវក៏បានបញ្ជូនទាហានឲ្យមកកាន់យេរូសាឡិម។ ពួកទាហានទាំងនេះមកយាមកាមមិនឲ្យមានការសាងសង់ទីក្រុងឡើយ។ កិច្ចការរបស់ព្រះក៏ត្រូវបានផ្អាក។
ហេតុអ្វីបានជាពួកយូដាឈប់សាងសង់? ពួកគេដឹងថា ព្រះទ្រង់ចង់ឲ្យពួកគេសាងសង់ទីក្រុងឡើងវិញមែនទេ? ហេតុនោះ តើអ្វីខ្លះទៅដែលជាឧបសគ្គរបស់ពួកគេ? សូមអានអែសរ៉ា ៤:២៣, ២៤។
ពួកយូដាបានជឿយ៉ាងច្បាស់ថា ព្រះទ្រង់បានចាត់ពួកគេឲ្យមកសាងសង់ក្រុង និងព្រះវិហារ ឡើងវិញ។ ប៉ុន្តែ ពួកគេចាប់ផ្តើមភ័យខ្លាចពេលដែលពួកខ្មាំងសត្រូវព្យាយាមរារាំងកិច្ចការរបស់ពួកគេ។ ប្រហែលជាពួកយូដាអាចរកលេសផ្សេងៗដើម្បីដោះសាអំពីមូលហេតុដែលពួកគេគួរផ្អាកបាន។ ពួកគេ ប្រហែលជានិយាយថា «ឥឡូវនេះពុំមែនជាពេលល្អនៅឡើយទេ» ឬ «តើនេះពិតជាអ្វីដែលព្រះទ្រង់ចង់ឲ្យយើងធ្វើមែនឬ? ប្រសិនបើមែន ហេតុអ្វីបានជារឿងអាក្រក់ៗទាំងនេះកើតឡើង?» ឬមួយក៏ថា «ព្រះជាម្ចាស់មិនចង់ឲ្យពួកយើងវិលមកស្រុកវិញឡើយ» ជាដើម។ តើលោកអ្នកធ្លាប់មានអារម្មណ៍បែបនេះទេ? ពេលណាដែលមានរឿងអាក្រក់ៗកើតឡើងវាងាយណាស់នឹងធ្វើឲ្យយើងមានអារម្មណ៍បែបដូចគ្នានេះ។ យើងចាប់ផ្តើមសង្ស័យការដឹកនាំរបស់ព្រះលើជីវិតរបស់យើង។ វាងាយស្រួលណាស់នឹងធ្វើយើងឲ្យជឿថាយើង បានធ្វើខុសអ្វីមួយ។ ការភ័យខ្លាចអាចធ្វើឲ្យយើងបែរចេញពីការធ្វើការ។ គំនិតរបស់យើងប្រែជាមានទុក្ខព្រួយ។ យើងមានអារម្មណ៍ថាតែលតោល។ ប៉ុន្តែគឺគ្រានោះហើយដែលយើងត្រូវនឹកចាំអំពីអំណាចចេស្តារបស់ព្រះ។
តើលោកអ្នកធ្លាប់មានអារម្មណ៍ថា ព្រះជាម្ចាស់បានជ្រើសរើសលោកអ្នកឲ្យធ្វើកិច្ចការពិសេសណាមួយដែរឬទេ? ប៉ុន្តែ តើលោកអ្នកធ្លាប់បានសង្ស័យលើព្រះអង្គទេពេលជួបការលំបាក? តើលោកអ្នករៀនបានអ្វីខ្លះពីបទពិសោធន៍នោះ?
ថ្ងៃពុធ ទី២៣ តុលា ឆ្នាំ២០១៩
លោកនេហេមាធ្វើអន្តរាគមន៍
សូមអានបទគម្ពីរនេហេមា ៤។ ក្នុងជំពូកនេះ តើលោកនេហេមាប្រាប់ឲ្យពួកយូដាធ្វើអ្វីខ្លះ? តើពួកគេជឿថា ពួកគេមិនត្រូវធ្វើអ្វីសោះដោយសារតែព្រះទ្រង់នឹងការពារពួកគេមែនទេ? ប្រសិនបើមិនមែនទេ ដូច្នេះតើរាស្ត្ររបស់ព្រះត្រូវប្រឆាំងតតាំងនឹងការវាយប្រហារយ៉ាងដូចម្តេចដែរ? ហេតុអ្វីបានជាការត្រៀមជាស្រេចសម្រាប់ប្រយុទ្ធគឺជាការសំខាន់សម្រាប់ពួកគេ? ហេតុអ្វីបានជាការធ្វើបែបនោះល្អជាងមិនធ្វើអ្វីសោះ?
បន្ទាប់ពីផ្អាកសាងសង់ជាច្រើនលើករួចមក ឥឡូវនេះដល់ពេលចាប់ផ្តើមកិច្ចការឡើងវិញម្តង។ ពួកយូដាបានអធិដ្ឋាន។ បន្ទាប់មក លោកនេហេមាក៏បានរើសមនុស្សឲ្យការពារពួកបណ្តាជន។ ឆ្មាំយាមទាំងនេះត្រូវដាក់វេនគ្នាការពាររាស្ត្ររបស់ព្រះទាំងថ្ងៃទាំងយប់។ ឆ្មាំយាមទាំងនេះត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា។ លោកនេហេមាក៏បានបំពាក់អាវុធដល់បណ្តាជនដែលនៅជុំវិញកំផែងដែរ។ ឥឡូវនេះគ្រប់គ្រួសារដែលនៅក្រុងយេរូសាឡិមក៏ត្រៀមខ្លួនជាស្រេចសម្រាប់ច្បាំងដែរ។ បន្ទាប់មកទៀត លោកនេហេមាបានបែងចែកពួកអ្នកបម្រើរបស់លោកជាពីរក្រុម។ មួយក្រុមសម្រាប់ធ្វើការសាងសង់។ រីឯមួយក្រុមទៀតសម្រាប់កាន់អាវុធការពារ។ លោកនេហេមាបានរៀបចំប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកធ្វើការសាងសង់ទាំងឡាយ។ ពួកគេត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ហេតុនោះ ជាងសាងសង់គ្រប់រូបត្រូវកាន់ដាវនៅក្នុងដៃ។ រីឯដៃម្ខាងទៀតត្រូវកាន់ឥដ្ឋ ឬថ្មដើម្បីកសាងកំផែង។ ធ្វើបែបនេះ ជាងសំណង់ទាំងឡាយត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារ។ បណ្តាជនក៏បានបំពេញកិច្ចការតែរៀងៗខ្លួន។ រីឯព្រះក៏បំពេញកិច្ចការរបស់ព្រះអង្គដែរ។ សេចក្តីជំនឿរបស់លោកនេហេមាលើព្រះជាម្ចាស់នាគ្រានេះបានធ្វើឲ្យរាស្ត្ររបស់ព្រះមានសេចក្តីក្លាហានឡើង។ តើលោកអ្នកឃើញទេថា លោកនេហេមាពុំបានអង្គុយមួយកន្លែង ហើយរង់ចាំឲ្យព្រះធ្វើអ្វីៗគ្រប់យ៉ាងនោះ? លោកបានឲ្យបណ្តាជនត្រៀមខ្លួនជាស្រេចតាមលទ្ធភាពដែលលោកអាចធ្វើបាន។
មានខគម្ពីរចំនួនពីរកន្លែងនៅក្នុងកណ្ឌគម្ពីរនេហេមាដែលធ្វើឲ្យយើងមានសេចក្តីក្លាហាន និងសេចក្តីសង្ឃឹម។ «កុំឲ្យខ្លាចគេឡើយ ចូរនឹករឭកដល់ព្រះអម្ចាស់ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាចវិញ រួចតស៊ូការពារពួកបងប្អូន កូនប្រុសកូនស្រី ហើយប្រពន្ធ និងផ្ទះសំបែងរបស់អ្នករាល់គ្នាចុះ» (នេហេមា ៤:១៤) និង «ព្រះនៃយើងរាល់គ្នា ទ្រង់នឹងតស៊ូជំនួសយើង» (នេហេមា ៤:២០)។ ខទាំងនេះឋិតក្នុងចំណោមខគម្ពីរដ៏មានអំណាចដទៃទៀតក្នុងព្រះគម្ពីរ។
ពិតមែនហើយ ពួកយូដាអាចសម្រេចចិត្តថា ឈប់សាងសង់តទៅទៀតដើម្បីកុំឲ្យប្រឈមនឹងការវាយប្រហារ។ ប៉ុន្តែ ពួកគេលែងភ័យខ្លាចទៀតហើយ។ ឥឡូវនេះពួកគេបានជឿទុកចិត្តលើសេចក្តីសន្យាដែលថា ព្រះទ្រង់នឹងច្បាំងជំនួសពួកគេ។ ចូរនឹកចាំសេចក្តីសន្យានេះកាលណាលោកអ្នករងការវាយប្រហារមកលើសេចក្តីជំនឿ ឬកិច្ចការថ្វាយព្រះរបស់លោកអ្នក។ ព្រះទ្រង់នឹងច្បាំងជំនួសលោកអ្នក។
ទីបំផុត ពួកយូដាក៏បានជឿថា ព្រះអម្ចាស់គង់នៅជាមួយនឹងពួកគេ។ សេចក្តីជំនឿរបស់ពួកគេផ្តល់សេចក្តីក្លាហានឲ្យពួកគេបន្តធ្វើកិច្ចការតទៅទៀត។
ហេតុដូចម្តេចបានជាការដែលដឹងថាយើងកំពុងដើរតាមផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើងជាការសំខាន់ខ្លាំងម៉្លេះ? តើយើងអាចដឹងបានតាមរបៀបណាដែរ?
ថ្ងៃព្រហស្បតិ៍ ទី២៤ តុលា ឆ្នាំ២០១៩
កិច្ចការមួយយ៉ាងធំ
សូមអានខគម្ពីរនេហេមា ៦:១-១៣។ ហេតុដូចម្តេចបានជាលោកនេហេមាយល់ឃើញថា កិច្ចការដែលលោកធ្វើនៅក្រុងយេរូសាឡិមគឺជា «កិច្ចការមួយយ៉ាងធំ (កិច្ចការដ៏សំខាន់)» (នេហេមា ៦:៣)? តើសត្រូវរបស់ព្រះធ្វើអ្វីខ្លះដើម្បីរារាំងដល់លោក?
បទគម្ពីរនេហេមាជំពូកទី៦ ប្រាប់យើងថា សត្រូវរបស់ព្រះបានព្យាយាមសម្លាប់លោកនេហេមាជាច្រើនដង។ សានបាឡាត និងកេសែម ដែលជាសត្រូវរបស់ព្រះ បានផ្ញើសំបុត្រទៅកាន់លោកនេហេមា ជាច្រើនច្បាប់។ ពួកគេនិយាយថា ពួកគេចង់ជួបឲ្យលោកនេហេមាទៅជួបពួកគេ។ ប៉ុន្តែ ពួកគេកុហកទេ។ ហេតុដូចម្តេចបានជាយើងដឹង? ពីព្រោះពួកគេជួបលោកនេហេមានៅឯវាលអូណូ។ នោះគឺជាដែនដីរបស់ពួកសត្រូវ។ ហេតុនោះឈុតឆាកដែលពួកគេបានរៀបចំនេះបង្ហាញប្រាប់លោកនេហេមាយ៉ាងច្បាស់អំពីគម្រោងដែលពួកគេចង់ធ្វើ។ ពួកគេអញ្ជើញលោកឲ្យទៅទីនោះគឺដើម្បីសម្លាប់លោក។ សានបាឡាត ថូប៊ីយ៉ា និងកេសែម មានអារម្មណ៍ថា ពួកគេត្រូវតែចាត់ការរឿងនោះឲ្យបានលឿនបំផុត។ ដ្បិតអី ពួកយូដានឹងបញ្ចប់ការសាងសង់កំផែងក្នុងពេលឆាប់ៗនេះមិនខាន។ ដូច្នេះ ក្លោងទ្វារនឹងត្រូវបិទ។ នោះសត្រូវរបស់ ព្រះនឹងពុំមានឱកាសរារាំងពួកយូដាបានទៀតហើយបន្ទាប់ពីរឿងនោះកើតឡើង។ ហើយស្តេចនៃនគរពើស៊ីក៏ការពារពួកយូដាថែមទៀត។ ហេតុនោះសត្រូវរបស់ព្រះមិនអាចវាយប្រហារពួកយូដាដោយបើកចំហបានឡើយ។ ប៉ុន្តែ ប្រសិនបើពួកគេអាចយកឈ្នះលើលោកនេហេមា ដែលជាមេដឹកនាមរាស្ត្ររបស់ព្រះបាន នោះប្រហែលជាពួកសត្រូវរបស់ព្រះអាចនឹងបពា្ឈប់ពួកយូដាមិនឲ្យធ្វើកិច្ចការនោះបានជារៀងរហូត។ ពួកសត្រូវរបស់ព្រះពុំឈប់ត្រឹមហ្នឹងឡើយ។ បើទោះបីជាលោកនេហេមាពុំបានឆ្លើយតបសំបុត្រពួកគេក្តី ពួកគេនៅតែបន្តសរសេរមកកាន់លោកដដែល។ លោកនេហេមាបានឆ្លើយតបទៅគ្រប់សំបុត្រដោយសេចក្តីថា «ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន និងឲ្យខ្ញុំលះចោលការនេះឲ្យឈប់នៅ ដើម្បីនឹងចុះទៅឯអ្នកធ្វើអី» (នេហេមា ៦:៣)។
ក្នុងក្រសែភ្នែករបស់មនុស្ស លោកនេហេមាបានធ្វើកិច្ចការដ៏ធំសម្រាប់ស្តេចរួចទៅហើយ។ លោកអ្នកប្រហែលនៅចាំបានថា លោកនេហេមាគឺជាអ្នកថ្វាយពែងរបស់ស្តេច។ អ្នកថ្វាយពែងមានតួនាទីពិនិត្យ និងភ្លក់គ្រឿងផឹករបស់ស្តេចដើម្បីធានាបាននូវសុវត្ថិភាពដល់ស្តេច។ កិច្ចការនេះគឺជាកិច្ចការដ៏សំខាន់បំផុតក្នុងនគរ។ លោកនេហេមាក៏ជាអ្នកផ្តល់ការប្រឹក្សាដល់ស្តេចដែរ។ នោះគឺជាកិច្ចការដ៏សំខាន់ខ្លាំងណាស់! ប៉ុន្តែចុះការសាងសង់ទីក្រុងដែលខូចបង់ឡើងវិញ? តើកិច្ចការនោះអាចនឹងសំខាន់យ៉ាងដូចម្តេចដែរ? លោកនេហេមាពុំបានគិតដូចដែលអ្នកដទៃបានគិតឡើយ។ លោកមានអារម្មណ៍ថា កិច្ចការដែលលោកធ្វើថ្វាយព្រះគឺសំខាន់ជាងអ្វីៗទាំងអស់ដែលលោកអាចធ្វើបានទៅទៀត។
ក្នុងអំឡុងគ្រាដែលលោកនេហេមាធ្វើការថ្វាយព្រះ មានបុរសម្នាក់ឈ្មោះសេម៉ាយ៉ាចង់ជួបលោកនេហេមា។ លោកសេម៉ាយ៉ាបានប្រាប់លោកនេហេមាឲ្យទៅជួបគាត់នៅក្នុងព្រះវិហាររបស់ព្រះ ពោលគឺនៅក្នុងទីបរិសុទ្ធតែម្តង។ មានតែសង្ឃប៉ុណ្ណោះទើបអាចចូលទៅក្នុងទីនោះបាន។ ហេតុនោះ សេម៉ាយ៉ាបង្ហាញឲ្យឃើញថា រូបគាត់គឺជាហោរារបស់ព្រះក្លែងក្លាយ។ ព្រះជាម្ចាស់ពុំធ្លាប់ដែលចាត់ហោរាឲ្យទៅប្រាប់រាស្ត្ររបស់ព្រះអង្គឲ្យបំពាននឹងអ្វីដែលព្រះអង្គបានហាមប្រាមឡើយ។ លោកសេម៉ាយ៉ាបង្ហាញឲ្យឃើញចិត្តរបស់គាត់អាក្រក់ណាស់។
ថ្ងៃសុក្រ ទី២៥ តុលា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Builders on the Wall,” “A Rebuke Against Extortion,” and “Heathen Plots,” pages 635–660, in Prophets and Kings.
«ពួកអ្នកសាងសង់ក្នុងជំនាន់លោកនេហេមាប្រឈមមុខនឹងការវាយប្រហារពីសំណាក់ពួកខ្មាំងសត្រូវផង និងពីពួកបណ្តាជនដែលនិយាយថាខ្លួនជាមិត្តផង។ ពួកអ្នកសាងសង់ទាំងនោះក៏បាក់ទឹកចិត្ត ហើយក៏លែងធ្វើកិច្ចការនោះទៀត។ សព្វថ្ងៃនេះ យើងរាល់គ្នាដែលធ្វើការថ្វាយព្រះក៏កំពុងតែប្រឈមនឹងបញ្ហាដូចគ្នានេះដែរ។ ព្រះជាម្ចាស់កំពុងសាកល្បងគ្រីស្ទានទាំងឡាយ។ ព្រះអង្គកំពុងសាកល្បងតាមរយៈកំហឹង សម្អប់ និងវិញ្ញាណកំណាចឃោរឃៅរបស់ពួកខ្មាំងសត្រូវរបស់យើង។ ប៉ុន្តែព្រះទ្រង់ក៏កំពុងសាកល្បងយើងដែរដោយសារមនុស្សមួយចំនួនដែលនិយាយថា ពួកគេជាមិត្តរបស់យើង ប៉ុន្តែធាតុពិតគឺមិនមែនទេ។ មិត្តទាំងនេះមានភាពខ្ជិលច្រអូស។ ពួកគេមិនបានធ្វើតាមអ្វីដែលពួកគេនិយាយថានឹងធ្វើ ឡើយ។ ពួកគេពុំបានខ្វល់ខ្វាយនឹងជួយដល់រាស្ត្ររបស់ព្រះឡើយ។ និយាយរួម ពួកគេមិនអាចឲ្យយើងទុកចិត្តបានឡើយ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 644, adapted។
«ហេតុដូចម្តេចបានជាពួកខ្មាំងសត្រូវមិនអាចយកឈ្នះលើលោកនេហេមាបាន? លោកនេហេមាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើព្រះជាម្ចាស់។ លោកនេហេមាបានជឿទុកចិត្តព្រះទាំងស្រុង។ មនុស្សកំជិលងាយនឹងដួលចុះក្នុងអំពើបាបយ៉ាងស្រួល។ ប៉ុន្តែ មនុស្សដែលរស់នៅតម្កើងព្រះជាម្ចាស់នឹងពុំងាយដួលចុះឡើយ។ អារក្សនឹងពុំងាយមានអំណាចទៅលើលោកឡើយ។ អ្នកណាដែលធ្វើឲ្យសេចក្តីជំនឿរបស់ខ្លួនចម្រើនឡើងជារៀងរាល់ថ្ងៃមិនងាយនឹងធ្លាក់ចុះខ្សោយវិញឡើយ។ អ្នកនោះនឹងមើលឃើញសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ព្រះកំពុងធ្វើការលើគ្រប់ករណីទាំងអស់។ អ្នកបម្រើព្រះពិតប្រាកដធ្វើការដោយទឹកចិត្តអង់អាចក្លាហាន។ ពួកគេនឹងមិនបរាជ័យឡើយ។ ពួកគេតែងតែទៅឯបល្ល័ង្ករបស់ព្រះដើម្បីសូមជំនួយ។ ពួកគេបានពឹងពាក់លើព្រះគុណរបស់ព្រះទាំងស្រុង»។ ដកស្រង់ពីប្រភពខាងលើទំព័រ ៦៦០។
សំនួរពិភាក្សា៖
- យើងបានរៀនរួចមកហើយថា លោកសេរ៉ូបាបិល លោកយេសួរ និងមេដឹកនាំដទៃទៀតបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ។ ពួកលោកពុំបានទទួលយកជំនួយពីពួកខ្មាំងសត្រូវឡើយ។ ក្នុងនាមជាអ្នកអាត់វេនទីស្ទ តើយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យដឹងថា ពេលណាយើងគួរ ឬមិនគួរធ្វើការជាមួយនឹងមនុស្សដែលពុំមែនជាពួកជំនុំរបស់យើង ឬពុំមានជំនឿដូចយើង? តើយើងធ្វើដូចម្តេចទើបដឹងថា យើងបានសម្រេចចិត្តត្រឹមត្រូវ? តើមានក្បួនច្បាប់នៃព្រះគម្ពីរសំខាន់ៗអ្វីសម្រាប់យកមកដឹកនាំយើងរាល់គ្នា?
- ការសិក្សាប្រវត្តិសាស្ត្រនៃព្រះគម្ពីរបង្ហាញប្រាប់យើងអំពីគ្រោះថ្នាក់ដែលយើងនឹងជួបពេលណាយើងបោះបង់គោលជំនឿរបស់យើង។ ជាញឹកញាប់ មនុស្សទាំងឡាយតែងតែឈប់ធ្វើតាមអ្វីដែលត្រឹមត្រូវដើម្បីឲ្យពួកគេមានទ្រព្យសម្បត្តិ មានអំណាច ឬកិត្តិយស។ ជាអកុសល ប្រវត្តិសាស្ត្រទាំងមូលរបស់ អ៊ីស្រាអែលបង្ហាញប្រាប់យើងថារឿងនេះគឺជារឿងពិតប្រាកដ។ តើការពិតអ្វីខ្លះពីព្រះគម្ពីរដែលយើងអាចយកមកអនុវត្តតាមដើម្បីជួយយើងកុំឲ្យប្រព្រឹត្តកំហុសដូចពួកអ៊ីស្រាអែលដែរ? តើមានអ្វីខ្លះដែលអាចជួយយើងឲ្យរក្សាគោលជំនឿរបស់យើងកាន់តែរឹងមាំឡើងបាន?