មេរៀនទី៥​៖ ២៦ មករា-១ កុម្ភៈ ២០១៩

ត្រាទាំងប្រាំពីរ

Jeans
ថ្ងៃសៅរ៍ ទី២៦ មករា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ៦:១‑៨, ម៉ាថាយ ២៤:១‑១៤, វិវរណៈ ៦:៩, ១០, ថែស្សាឡូនីចទី២ ១:៧‑១០។

ខចងចាំ៖ «ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ» (វិវរណៈ ៥:៩)។

កាលពីសប្តាហ៍មុន យើងឃើញព្រះយេស៊ូវបានចាប់យកក្រាំងមួយដែលមានបិទត្រា។ ពេលដែល ព្រះយេស៊ូវចាប់យកក្រាំង វាគឺជាទីសំគាល់មួយ។ វាបង្ហាញប្រាប់យើងថា ព្រះយេស៊ូវប្រទានអ្វីៗគ្រប់យ៉ាងដែលលោកអ័ដាមបានបាត់បង់ដោយសារលោកធ្វើបាប ឲ្យដល់មនុស្សលោកវិញ។ សេចក្តីសុគតរបស់ ព្រះយេស៊ូវសំរាប់យើងធ្វើឲ្យព្រះអង្គអាចបកត្រានៅលើក្រាំងនោះបាន។ ពេលដែលព្រះយេស៊ូវទ្រង់បក​ត្រាទី១ យើងឃើញថា ព្រះអង្គត្រៀមស្រេចហើយនឹងបញ្ចប់កិច្ចការរបស់ព្រះដើម្បីសង្គ្រោះមនុស្សលោក។ ការបកត្រាទី១ក៏បង្ហាញប្រាប់យើងថា ពួកអ្នកដើរតាមព្រះយេស៊ូវត្រូវចាប់ផ្តើមផ្សព្វផ្សាយដំណឹងល្អ។ ពួកគេ​ នឹងបន្តផ្សព្វផ្សាយដំណឹងល្អរហូតទាល់តែព្រះយេស៊ូវបកត្រាទី៧ ដែលជាត្រាចុងក្រោយនៅ​លើ​ក្រាំង។ បន្ទាប់ពីព្រះយេស៊ូវបកត្រាទី៧ ប្រវត្តិសាស្ត្រនៅលើផែនដីក៏ដល់ទីបញ្ចប់។

ខគម្ពីរវិវរណៈ ៣:២១ ជួយយើងឲ្យយល់អំពីអត្ថន័យនៃត្រាទាំងប្រាំពីរ។ ត្រាទាំងនេះបង្ហាញប្រាប់យើងអំពីជោគជ័យ និងអំណាចដែលព្រះយេស៊ូវប្រទានដល់យើងឲ្យយកឈ្នះលើអំពើបាប។ បទ​គម្ពីរវិវរណៈជំពូក៤ និង៥ ប្រាប់យើងថា ព្រះយេស៊ូវបានយកឈ្នះលើសង្គ្រាមប្រឆាំងនឹងអំពើបាបសំរាប់យើងហើយ។ បន្ទាប់មក ព្រះយេស៊ូវបានមកឯមុខបល្ល័ង្ករបស់ព្រះវរបិតារបស់ព្រះអង្គ។ ខចុងក្រោយនៃ​ជំពូកទី៧ ក៏មានកត់ត្រាអំពីរាស្ត្ររបស់ព្រះស្ថិតនៅខាងមុខបល្ល័ង្ករបស់ព្រះយេស៊ូវបន្ទាប់ពីពួកគេឈ្នះ សង្គ្រាមទាស់នឹងអំពើបាប និងសត្រូវរបស់ព្រះផងដែរ។ ជំពូកទី៦ រៀបរាប់អំពីរាស្ត្ររបស់ព្រះមុនពេលដែលពួកគេឈ្នះសង្គ្រាម។ ជំពូកទី៦ក៏បង្ហាញប្រាប់យើងអំពីអ្វីៗដែលរាស្ត្ររបស់ព្រះត្រូវប្រយុទ្ធតតាំងដើម្បីឲ្យពួកគេអាចយកឈ្នះលើសង្គ្រាម និងអាចអង្គុយលើបល្ល័ង្កជាមួយព្រះយេស៊ូវដែរ។

ថ្ងៃអាទិត្យ ទី២៧ មករា ឆ្នាំ២០១៩

ព្រះយេស៊ូវបកត្រាទី១

ក្នុងខគម្ពីរវិវរណៈ ៦:១‑៨ បង្ហាញប្រាប់យើងអំពីព្រះយេស៊ូវដែលទ្រង់បកត្រាទី១ ទី២ ទី៣ និងទី៤ នៅលើក្រាំង។ ក្រាំងគឺជាក្រដាសសំណេរដែលគេមូរទុកមួយដុំ។ កាលពីបូរាណ គេនិយមប្រើ «ត្រា» ឬក្រមួន ដើម្បីបិទត្រាក្រាំង។ ឥឡូវនេះ សូមលោកអ្នកក្រឡេកមើលសំណេររបស់លោកម៉ូសេដែលកត់ត្រាទុកក្នុងលេវីវិន័យ ២៦:២១‑២៦ និងអ្វីដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងម៉ាថាយ ២៤: ១‑១៤។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីត្រា និងអត្ថន័យរបស់វានៅក្នុងគម្ពីរវិវរណៈ?

ប្រសិនបើយើងចង់យល់ដឹងអំពីត្រាទាំងប្រាំពីរ យើងតោងយល់ដឹងអំពីបណ្តាសានៅក្នុងសេចក្តី សញ្ញានៃគម្ពីរសញ្ញាចាស់ជាមុនសិន។ សេចក្តីសញ្ញាគឺជាកិច្ចព្រមព្រៀងពិសេសរបស់ព្រះជាមួយនឹងរាស្ត្រ របស់ព្រះអង្គ។ សេចក្តីព្រមព្រៀងរបស់ព្រះដាស់តឿនប្រាប់យើងថា កាលណារាស្ត្ររបស់ព្រះអង្គធ្វើខុស ព្រះអង្គនឹងប្រើប្រាស់ការជំនុំជំរះចំនួនបួនដើម្បីដាក់ទោសដល់ពួកគេ ដោយសារ៖ ១) សត្វព្រៃ ២) សង្គ្រាម ៣) ជំងឺ និង ៤) ទុរភិក្ស (អំណត់)។ ព្រះទ្រង់ប្រើទណ្ឌកម្មទាំងបួននេះដើម្បីជួយរាស្ត្ររបស់ព្រះអង្គឲ្យយល់ថាតើពួកគេត្រូវការព្រះអង្គខ្លាំងប៉ុនណា។ ការដាក់ទោសទាំងនេះក៏ជួយយើងឲ្យយល់អំពីអ្នកជិះសេះ​ទាំងបួននៅក្នុងបទគម្ពីរវិវរណៈជំពូក ៦ ដែរ។ ព្រះទ្រង់ប្រើអ្នកជិះសេះទាំងបួនដើម្បីជួយឲ្យរាស្ត្ររបស់ព្រះអង្គចេះ «ប្រុងប្រយ័ត្ន» ខណៈដែលពួកគេកំពុងរង់ចាំព្រះយេស៊ូវយាងត្រឡប់មកវិញ។ ក្នុងខគម្ពីរ​ម៉ាថាយ ២៤:៤‑១៤ ព្រះយេស៊ូវទ្រង់ពន្យល់អំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងមុនពេលព្រះអង្គយាងមកវិញ។ ត្រាទី១ ទី២ ទី៣ និងទី៤ បង្ហាញប្រាប់យើងនូវចំណុចជាច្រើនដូចគ្នានឹងអ្វីដែលព្រះយេស៊ូវបានប្រាប់រួចហើយ។ ព្រះទ្រង់ប្រើអ្នកជិះសេះទាំងបួនដើម្បីជួយរាស្ត្ររបស់ព្រះអង្គឲ្យនឹកចាំថា ផែនដីនេះមិនមែនជាលំនៅឋានពិតប្រាកដរបស់ពួកគេទេ។

អ្នកជិះសេះទី១ក្នុងវិវរណៈ ៦:១, ២ កាន់ធ្នូនៅក្នុងដៃ។ លោកក៏មានពាក់មកុដដែរ។ ពាក្យ​ក្រេកសំរាប់មកុដនៅទីនេះគឺ «ស្តេហ្វាណស់»។ វាគឺជាមកុដដែលព្រះទ្រង់ប្រទានដល់រាស្ត្ររបស់​ព្រះអង្គ​ដែល​ឈ្នះសង្គ្រាមប្រឆាំងនឹងអំពើបាប (វិវរណៈ ២:១០, ៣:១១)។ អ្នកជិះសេះក្នុងវិវរណៈ ៦:២ គឺជាអ្នកធ្វើសង្គ្រាមដែលមិនចេះចាញ់។ កាលណាលោកជិះសេះចូលច្បាំង លោកតែងយកឈ្នះលើពួក​សត្រូវជានិច្ច។ ត្រាទី១ បង្ហាញប្រាប់យើងអំពីពេលវេលាក្នុងប្រវត្តិសាស្ត្រដែលរាស្ត្ររបស់ព្រះចាប់ផ្តើមផ្សព្វផ្សាយដំណឹងល្អជាលើកដំបូង។ នគររបស់ព្រះយេស៊ូវក៏រីកចម្រើនឡើង។ សព្វថ្ងៃនេះ រាស្ត្ររបស់​ព្រះ​តោងតែចែកចាយដំណឹងល្អទៅកាន់កន្លែងផ្សេងៗទៀតឲ្យបានច្រើនមុនពេលព្រះយេស៊ូវយាងមកវិញ។

ព្រឹត្តិការណ៍ដែលបានកើតឡើងនៅពេលបកត្រាទី១ មានលក្ខណៈដូចគ្នាទៅនឹងសាររបស់ព្រះទៅកាន់ពួកជំនុំនៅទីក្រុងអេភេសូរ និងអ្វីៗដែលបានកើតឡើងក្នុងអំឡុងពេលនោះដែរ។ សូមនឹកចាំ​ថា អេភេសូរគឺជាពួកជំនុំពិតប្រាកដតាមន័យត្រង់។ ប៉ុន្តែ វាក៏ជារូបស័ព្ទមួយតំណាងឲ្យពេលវេលានៅក្នុង​ប្រវត្តិសាស្ត្រ ពេលដែលរាស្ត្ររបស់ព្រះបានចែកចាយដំណឹងល្អជាមួយមនុស្សលោកទាំងឡាយនៅលើ ផែនដីនៅក្នុងរយៈពេលដ៏ខ្លី (កូល៉ុស ១:២៣)។

ក្នុងសង្គ្រាមប្រឆាំងនឹងអំពើអាក្រក់ កាលណាយើងនៅខាងព្រះយេស៊ូវ មានន័យថាយើង​នៅ​ខាង​ឈ្នះជានិច្ច។ ពេលណាគ្រាលំបាកចូលមកដល់ ហេតុអ្វីបានជាការនឹកចាំអំពីសេចក្តីពិតនេះសំខាន់ម៉្លេះ?

ថ្ងៃច័ន្ទ ទី២៨ មករា ឆ្នាំ២០១៩

ព្រះយេស៊ូវទ្រង់បកត្រាទី២ និងទី៣

ខគម្ពីរវិវរណៈ ៦:៣, ៤ បង្ហាញប្រាប់យើងអំពីសេះសម្បុរក្រហម និងអ្នកជិះវា និងកិច្ចការដែលព្រះប្រទានដល់អ្នកជិះឲ្យទៅធ្វើ។ សូមនឹកចាំថា សេះទាំងបួន និងអ្នកជិះទាំងបួនគឺជារូបស័ព្ទ។ រូបស័ព្ទទាំងនេះប្រាប់យើងអំពីប្រវត្តិសាស្ត្រគ្រីស្ទានពីគ្រាដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញរហូតដល់គ្រាដែលព្រះអង្គយាងមកវិញលើកទីពីរ។ តើរូបស័ព្ទស្តីអំពីសេះក្រហម និងអ្នកជិះវា ប្រាប់យើងអ្វីខ្លះ​ អំពីពួកអ្នកដើរតាមព្រះយេស៊ូវ និងកិច្ចការរបស់ពួកគេដែលត្រូវចែកចាយដំណឹងល្អនោះ?

សូមក្រឡេកមើលព្រឹត្តិការណ៍ដែលកើតឡើងពេលព្រះយេស៊ូវបកត្រាទី២: អ្នកជិះនៅលើសេះ ក្រហមបានដកយកសេចក្តីសុខសាន្ត (សន្តិភាព) នៅលើផែនដី។ ដោយសារតែគ្មានសន្តិភាព មនុស្សលោកព្យាយាមកាប់សម្លាប់គ្នាទៅវិញទៅមក។ តើអ្វីទៅដែលបណ្តាលឲ្យសន្តិភាពដល់ទីបញ្ចប់? នោះ​គឺសង្គ្រាម។ សេះក្រហម និងអ្នកជិះលើវា បង្ហាញប្រាប់យើងអំពីសង្គ្រាមដែលព្រះយេស៊ូវប្រយុទ្ធប្រឆាំងនឹងសាតាំង។ អ្នកជិះពុំបានសម្លាប់នរណាម្នាក់ឡើយ។ ប៉ុន្តែ «ដាវ» ដ៏ធំដែលព្រះយេស៊ូវប្រើដើម្បីប្រយុទ្ធនឹងសាតាំងនោះគឺជាដំណឹងល្អ។ ឯសាតាំងវិញ ក៏បានប្រយុទ្ធប្រឆាំងវិញដែរ (សូមអានម៉ាថាយ ១០:​៣៤)។ វាវាយប្រហារមកលើព្រះយេស៊ូវតាមរយៈការធ្វើបាបរាស្ត្ររបស់ព្រះ។ ហេតុនោះហើយបានជាសេះទី២នេះមានសម្បុរក្រហម ដែលជាពណ៌ដូចឈាម។

សូមអានខគម្ពីរវិវរណៈ ៦:៥, ៦ អំពីសេះខ្មៅ និងអ្នកជិះលើវាវិញម្តង។ តើរូបស័ព្ទនេះប្រាប់យើងអ្វីខ្លះអំពីរាស្ត្ររបស់ព្រះ និងអ្វីៗដែលបានកើតឡើងនៅពេលដែលពួកគេផ្សព្វផ្សាយដំណឹងល្អ? (សូមអានលេវីវិន័យ ២៦:២៨ និងអេសេគាល ៤:១៦ ដើម្បីជាតម្រុយ)។

អ្នកជិះលើសេះសម្បុរខ្មៅមានកាន់ជញ្ជីងនៅនឹងដៃ។ ជញ្ជីងនេះគេប្រើសំរាប់ថ្លឹងទំនិញ។ មាន​សំឡេងមួយបានប្រកាសឡើងថា៖ «អង្ករ​ស្រូវ‌សាលី​១​នាលិ ថ្លៃ​២​កាក់ ហើយ​អង្ករ​ស្រូវ​ឱក​៣​នាលិ ថ្លៃ​២​កាក់» (វិវរណៈ ៦:៦)។ សេចក្តីប្រកាសថា មនុស្សលោកត្រូវថ្លឹងអាហារ ចង់បង្ហាញប្រាប់អំពីពេលមួយដែលខ្វះអាហារ។ នៅជំនាន់លោកយ៉ូហាន «២កាក់» គឺស្មើនឹងប្រាក់ឈ្នួលមួយថ្ងៃ ដែលមានតម្លៃសមល្មមសំរាប់ទិញអាហារផ្គត់ផ្គង់មួយគ្រួសារបានមួយថ្ងៃ។ ប៉ុន្តែ នៅពេលដែលមានគ្រាអំណត់មកដល់ ប្រាក់២កាក់នេះអាចទិញអាហារបានសំរាប់តែមនុស្សម្នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ហេតុនោះ តើត្រូវធ្វើ ដូចម្តេចដើម្បីឲ្យពួកគេអាចចិញ្ចឹមមួយគ្រួសារបាន? ពួកគេត្រូវទិញស្រូវឱកវិញ។ អ្នកក្របរិភោគអាហារពីស្រូវឱកដោយសារតែវាមានតម្លៃថោកជាងស្រូវសាលីច្រើន។

ត្រាទី៣ ក៏បង្ហាញប្រាប់យើងអំពីអ្វីៗដែលកើតឡើងពេលដែលមនុស្សលោកមិនទទួលយកដំណឹងល្អ។ យើងឃើញថា សេះសបង្ហាញប្រាប់យើងអំពីរាស្ត្ររបស់ព្រះដែលកំពុងផ្សព្វផ្សាយដំណឹងល្អ។ សេះខ្មៅគឺជារូបស័ព្ទដែលបង្ហាញប្រាប់យើងអំពីគ្រាមួយដែលគ្មាននរណាម្នាក់ផ្សព្វផ្សាយដំណឹងល្អទៀតឡើយ។ គ្រាប់ស្រូវ ទាំងស្រូវសាលី និងស្រូវឱក គឺជារូបស័ព្ទមួយតំណាងឲ្យសេចក្តីពិតរបស់ព្រះ (លូកា ៨:១១)។​ កាលណាមនុស្សលោកបដិសេធសេចក្តីពិតរបស់ព្រះ ពួកគេនឹងពុំមានអាហារខាង ព្រលឹងវិញ្ញាណគ្រប់គ្រាន់នៅលើផែនដីនេះឡើយ។ មនុស្សលោកជាច្រើននឹង «ស្រេកឃ្លាន»។

ថ្ងៃអង្គារ ទី២៩ មករា ឆ្នាំ២០១៩

ព្រះយេស៊ូវបកត្រាទី៤

សូមអានខគម្ពីរវិវរណៈ ៦:៧, ៨។ តើមានអ្វីកំពុងកើតឡើងនៅទីនេះក្នុងខទាំងនេះ? តើអំពើនេះមានជាប់ទាក់ទិននឹងអ្វីដែលកើតឡើងពេលព្រះយេស៊ូវបកត្រាទី៣យ៉ាងដូចម្តេចខ្លះ?

សូមយើងក្រឡេកមើលពាក្យជាភាសាក្រេកសំរាប់ពណ៌របស់សេះនៅក្នុងត្រាទី៤ទាំងអស់គ្នា។ ពាក្យនេះគឺ «ខ្លរ៉ស់»។ ខ្លរ៉ស់ គឺជាពណ៌ប្រផេះនៃសាកសពដែលរលួយ។ ឈ្មោះរបស់អ្នកជិះលើសេះ​មានឈ្មោះថា សេចក្តីស្លាប់។ សេចក្តីស្លាប់មានមិត្តសំឡាញ់ម្នាក់ដែលមានឈ្មោះថា ឋានឃុំព្រលឹង​មនុស្សស្លាប់។ ពាក្យក្រេកសំរាប់ «ឋានឃុំព្រលឹងមនុស្សស្លាប់» គឺ «ហេដេស» ដែលមានន័យថា «ផ្នូរ»។ ហេតុនោះ តាមរយៈការជាក់ស្តែងនេះលោកយ៉ូហានចង់បង្ហាញប្រាប់យើងថា សេចក្តីស្លាប់ និងផ្នូរខ្មោចកំពុងដើរតួជាមនុស្ស។ ព្រះទ្រង់អនុញ្ញាតឲ្យសេចក្តីស្លាប់ និងផ្នូរខ្មោចបំផ្លាញមនុស្សលោកដោយសារសង្គ្រាម អំណត់ សេចក្តីស្លាប់ និងសត្វព្រៃ (ម៉ាថាយ ២៤:៧, ៨)។

ត្រាទី៤ គឺជាគ្រានៃជម្ងឺ និងសេចក្តីស្លាប់។ រូបស័ព្ទដ៏អាក្រក់ទាំងនេះដាស់តឿនប្រាប់យើងអំពីអ្វីដែលកើតឡើងនៅពេលដែលមនុស្សលោកបោះបង់ដំណឹងល្អចោល។ ដំណឹងល្អគឺជាអាហារខាងឯវិញ្ញាណរបស់ព្រះ។ មនុស្សលោកនឹង «ស្រេកឃ្លាន» សំរាប់សេចក្តីពិតខាងឯវិញ្ញាណពីព្រោះតែពួកគេបដិសេធមិនបរិភោគ «អាហារ» ដែលព្រះចង់ឲ្យដល់ពួកគេ។ នៅទីបំផុត ពួកគេនឹង «ឃ្លានដាច់ពោះ» ស្លាប់។ ប៉ុន្តែមានដំណឹងល្អសំរាប់ពួកយើងទៅវិញ។ ព្រះយេស៊ូវមានបន្ទូលថា «អញ​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ» (វិវរណៈ ១:១៨)។ ព្រះទ្រង់អាចបញ្ជាសេចក្តីស្លាប់ និងឋានព្រលឹងមនុស្សស្លាប់មិនឲ្យមានអំណាចលើមនុស្សបាន។ ព្រះទ្រង់អនុញ្ញាតឲ្យសេចក្តីស្លាប់ និងឋានឃុំព្រលឹងមនុស្សស្លាប់មានអំណាចលើមនុស្សលោកតែ១ភាគ៤ ប៉ុណ្ណោះ។

សូមអានអំពីសាររបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំនៅទីក្រុងអេភេសូរ ទីក្រុងស្មឺន៉ា ទីក្រុង​ពើកាម៉ុស ទីក្រុងធាទេរ៉ាម្តងទៀត (វិវរណៈជំពូក២)។ សូមក្រឡេកមើលថា តើមានអ្វីខ្លះកើតឡើងក្នុងពួកជំនុំទាំងបួន។ តើសារទាំងនេះបង្ហាញប្រាប់យើងអំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងត្រាទី១ ទី២ ទី៣ និងទីបួន​ ដោយរបៀបណា?

យើងឃើញថា ពួកជំនុំនីមួយៗពីក្នុងចំណោមពួកជំនុំទាំងប្រាំពីរបង្ហាញប្រាប់យើងអំពីអ្វីដែលកើតឡើងក្នុងអំឡុងសម័យកាលផ្សេងគ្នានៃប្រវត្តិសាស្ត្រគ្រីស្ទាន។ រីឯត្រាទាំងប្រាំពីរក៏ពន្យល់ផងដែរអំពីអ្វីៗដែលកើតឡើងក្នុងសម័យកាលខុសគ្នាក្នុងប្រវត្តិសាស្ត្រគ្រីស្ទាន។ ក្នុងអំឡុងពេលនៃពួកជំនុំគម្ពីរសញ្ញាថ្មី ពួកអ្នកជឿព្រះយេស៊ូវបានចែកចាយដំណឹងល្អទៅគ្រប់ទីកន្លែងត្រឹមតែរយៈពេលខ្លី។ បន្ទាប់ពី​នោះមក អាណាចក្ររ៉ូមក៏បានវាយប្រហារមកលើពួកគ្រីស្ទាន។ ត្រាទី២បង្ហាញប្រាប់យើងថា ព្រះទ្រង់បានឃាត់ឃាំងរ៉ូមមិនឲ្យវាយប្រហារមកលើពួកជំនុំរបស់ព្រះអង្គតទៅទៀត។ ការវាយប្រហាររបស់រ៉ូម​បានអូសបន្លាយពីចុងឆ្នាំ១០០នៃគ្រិស្តសករាជរហូតដល់ដើមឆ្នាំ៣០០នៃគ្រិស្តសករាជ។ ត្រាទី៣បង្ហាញ​ ប្រាប់យើងអំពីអ្វីដែលកើតឡើងពីឆ្នាំ៣០០ ដល់ឆ្នាំ៤០០នៃគ្រិស្តសករាជ។ នៅជំនាន់នោះ ពុំមានអាហារ ខាងឯវិញ្ញាណ ឬសេចក្តីពិតរបស់ព្រះគម្ពីរគ្រប់គ្រាន់ក្នុងពួកជំនុំឡើយ។ ពេលនោះហើយដែលគេស្គាល់​ថា​ជា «យុគខ្មៅងងឹត» ក្នុងប្រវត្តិសាស្ត្រ។ ត្រាទី៤ ពន្យល់ប្រាប់អំពីសេចក្តីស្លាប់ខាងឯវិញ្ញាណ ដែលបានកើតឡើងក្នុងពួកជំនុំគ្រីស្ទានក្នុងអំឡុងយុគខ្មៅងងឹត។

ថ្ងៃពុធ ទី៣០ មករា ឆ្នាំ២០១៩

ព្រះយេស៊ូវបកត្រាទី៥

តើមានអ្វីកំពុងកើតឡើងខ្លះនៅក្នុងខគម្ពីរវិវរណៈ ៦:៩, ១០ នេះ?

តើពាក្យថា «ព្រលឹង» មានអត្ថន័យដូចម្តេចនៅក្នុងព្រះគម្ពីរ (វិវរណៈ ៦:៩)? ព្រលឹងគឺជា​តួអង្គ​មនុស្សទាំងមូល (លោកុប្បត្តិ ២:៧)។ ខគម្ពីរវិវរណៈ ៦:៩, ១០ បង្ហាញប្រាប់យើងអំពីរាស្ត្រដ៏ស្មោះត្រង់របស់ព្រះ ឬ «ព្រលឹង» ដែលបានស្លាប់ដោយសារសេចក្តីជំនឿរបស់ខ្លួន។ នៅក្នុងការជាក់ស្តែងនោះ លោកយ៉ូហានបានឃើញមនុស្សទាំងនេះ «នៅក្រោមអាសនា» (វិវរណៈ ៦:៩) នៅឯរោងឧបោសថ​នៃ​ឋានសួគ៌។ រោងឧបោសថនៅឋានសួគ៌គឺជាកន្លែងដែលព្រះយេស៊ូវធ្វើការដើម្បីសង្គ្រោះរាស្ត្ររបស់ព្រះអង្គ។ នៅក្នុងរោងឧបោសថនៅលើផែនដី ពួកសង្ឃបានយកឈាមពីសត្វដែលគេយកមកថ្វាយដល់ព្រះ។ បន្ទាប់មក ពួកសង្ឃក៏បានចាក់ឈាមនៅខាងក្រោមអាសនា។ ព្រះទ្រង់ចង់បង្ហាញលោកយ៉ូហានថា រាស្ត្ររបស់ព្រះសម្រាកនៅក្រោមអាសនាពីព្រោះពួកគេបានលះបង់ជីវិតរបស់ខ្លួនសំរាប់សេចក្តីពិត (និក្ខមនំ ២៩:១២,​ លេវីវិន័យ ៤:៧)។ នៅក្នុងការជាក់ស្តែងរបស់លោកយ៉ូហាន រាស្ត្ររបស់ព្រះដែលនៅ​ក្រោម​អាសនាស្រែកយំសុំឲ្យព្រះផ្តល់នូវសេចក្តីយុត្តិធម៌។ ពួកគេសូមឲ្យព្រះបង្ហាញថា ពួកគេជាមនុស្សសុចរិត។

ឥឡូវនេះចូរយើងសិក្សាឲ្យបានកាន់តែច្បាស់ឡើងថែមទៀត។ ព្រះគម្ពីរបង្រៀនថា សេចក្តីស្លាប់គឺប្រៀបដូចជាការដេកលក់។ មនុស្សលោកមិនអាចនិយាយ ឬទាក់ទងជាមួយនឹងមនុស្សដែលស្លាប់ហើយបានឡើយ។ ហេតុនោះ ខទាំងនេះក្នុងគម្ពីរវិវរណៈគ្រាន់តែជារូបស័ព្ទប៉ុណ្ណោះ។ រូបស័ព្ទទាំងនេះពន្យល់អំពីរឿងរ៉ាវដ៏អយុត្តិធម៌មួយចំនួនដែលកើតឡើងនៅលើផែនដីនេះ។ ខទាំងនេះពុំបានពន្យល់អំពីអ្វីដែលកើតឡើងក្រោយពីមនុស្សស្លាប់នោះឡើយ។

សូមអានខគម្ពីរវិវរណៈ ៦:១១, ចោទិយកថា ៣២:៤៣, និងទំនុកតម្កើង ៧៩:១០។ តើព្រះទ្រង់ឆ្លើយតបទៅនឹងសេចក្តីអធិដ្ឋានរបស់ពួកអ្នកជឿព្រះអង្គដែលបានស្លាប់ដោយសារសេចក្តីជំនឿរបស់ខ្លួន និង «សម្រែក» ទាមទាររកយុត្តិធម៌ពីព្រះអង្គដោយរបៀបណា?

ព្រះទ្រង់ប្រទានអាវសដល់រាស្ត្ររបស់ព្រះអង្គ ដែលត្រូវបានសម្លាប់ដោយសារសេចក្តីជំនឿ របស់ពួកគេ។ អាវសទាំងនេះគឺជារូបស័ព្ទតំណាងឲ្យព្រះជន្មដ៏ស្តាប់បង្គាប់ និងបរិសុទ្ធរបស់ព្រះយេស៊ូវ។ ព្រះទ្រង់ប្រទានអំណោយទានជាអាវសនេះដល់អស់អ្នកណាដែលទទួលយកសេចក្តីមេត្តាករុណា សេចក្តី អត់ទោស និងអំណាចឈ្នះលើអំពើបាប (វិវរណៈ ៧:៩, ១០)។ រាស្ត្ររបស់ព្រះដែលបានស្លាប់ដោយ​សេចក្តី​ជំនឿរបស់ពួកគេ នឹងមិនរស់ឡើងវិញឡើយរហូតទាល់តែដល់គ្រានៃការយាងមកវិញលើកទីពីរ ដែលចាប់ផ្តើមរយៈកាល១០០០ឆ្នាំនៅឋានសួគ៌ជាមួយនឹងព្រះយេស៊ូវ (វិវរណៈ ២០:៤)។

ត្រាទី៥បង្ហាញប្រាប់យើងអំពីគ្រាមួយដែលពួកជំនុំគ្រីស្ទាននាំគ្នាកែទម្រង់ឡើង។ សម័យកាលកែទម្រង់គឺជាគ្រាមួយដែលមនុស្សនៅទូទាំងអឺរ៉ុបភ្ញាក់រឭកងាកបែរមករកសេចក្តីពិតរបស់ព្រះគម្ពីរ និងចាប់ផ្តើមធ្វើការផ្លាស់ប្តូរយ៉ាងធំ។ ការផ្លាស់ប្តូរយ៉ាងធំធេងទាំងនេះបាននាំមកនូវការចាប់ផ្តើមនៃពួកជំនុំ​ប្រូតេស្តង់ត៍។ នៅគ្រាមុននោះ មានមនុស្សរាប់លាននាក់ត្រូវគេសម្លាប់ដោយសារតែពួកគេបានជឿលើ​សេចក្តី​ពិតនៃព្រះគម្ពីរ។

ថ្ងៃព្រហស្បតិ៍ ទី៣១ មករា ឆ្នាំ២០១៩

ព្រះយេស៊ូវបកត្រាទី ៦

នៅពេលដែលព្រះយេស៊ូវបកត្រាទី ៥ យើងឃើញថា រាស្ត្ររបស់ព្រះអង្គដែលបានស្លាប់ដោយសារសេចក្តីជំនឿរបស់ខ្លួនបានស្រែករកយុត្តិធម៌ពីព្រះ។ ពេលវេលាក៏មកដល់ ព្រះទ្រង់ក៏បានជួយដល់រាស្ត្ររបស់ព្រះអង្គ និងឆ្លើយតបសេចក្តីអធិដ្ឋានរបស់ពួកគេ។

លោកយ៉ូហានប្រាប់យើងអំពីទីសំគាល់ជាច្រើននៅលើមេឃពេលដែលព្រះយេស៊ូវបកត្រាទី​៦។ ក្នុងខគម្ពីរម៉ាថាយ ២៤:២៩, ៣០ ព្រះយេស៊ូវក៏មានបន្ទូលអំពីទីសំគាល់របស់ត្រាទី៦ ផងដែរ។ ទីសំគាល់ពិសេសទាំងនេះលេចឡើងនៅលើមេឃនៅចុងបញ្ចប់នៃ «គ្រាវេទនាដ៏ធំ» (វិវរណៈ ៧:១៤) ដែលបានកើតឡើងនៅយុគកណ្តាលរួចហើយ។ ទីសំគាល់ទាំងនោះដាស់តឿនប្រាប់យើងថា ការយាងមកលើកទីពីររបស់ព្រះយេស៊ូវនឹងកើតឡើងឆាប់ៗ។ ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយធ្លាក់ និងផ្ទៃមេឃប្រែពណ៌ គឺជារឿងពិតៗ ពុំមែនជារូបស័ព្ទឡើយ។ នៅគ្រាដដែលនោះ លោកយ៉ូហានមានប្រសាសន៍ថា ព្រះអាទិត្យ ប្រែពណ៌ដូចជាសំពត់ខ្មៅ។ លោកយ៉ូហានប្រើរូបស័ព្ទនេះដើម្បីបង្ហាញប្រាប់យើងថា ព្រះអាទិត្យនឹងប្រែក្លាយជាខ្មៅពិតមែន។ លោកយ៉ូហានក៏មានប្រសាសន៍ថា ព្រះច័ន្ទក៏នឹងប្រែជាក្រហមដូចឈាមដែរ។ រឿងនោះបង្ហាញប្រាប់យើងថា ព្រះច័ន្ទប្រែពណ៌ជាក្រហមពិតមែន។ លោកយ៉ូហានមានប្រសាសន៍ថា ផ្កាយជាច្រើនដែលធ្លាក់មកលើផែនដីគឺប្រៀបដូចជាផ្លែល្វាដែលត្រូវខ្យល់បក់ទម្លាក់ពីដើម។ ពួកគ្រីស្ទាន​​ ជឿថា ទីសំគាល់ទាំងនេះបានកើតឡើងរួចហើយ៖ ១) នៅឆ្នាំ ១៧៥៥ មានកក្រើកដីដ៏ធំមួយនៅទី​ក្រុង​លិសបូន ប្រទេសព័រទុយហ្គាល់។ ២) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៧៨០ មនុស្សទាំងឡាយនៅទីក្រុង​ញូវយ៉ក និងទីក្រុងញូវអ៊ិងឡែនដ៍បានឃើញព្រះអាទិត្យប្រែក្លាយជាខ្មៅងងឹតទាំងស្រុង។ ៣) ហើយនៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៨៣៣ មានផ្កាយជាច្រើនបានធ្លាក់មកលើមហាសមុទ្រអាត្លង់ទិក យ៉ាងភ្លឺចិញ្ចាចប្រៀបដូចពន្លឺព្រះអាទិត្យនៅពេលថ្ងៃយ៉ាងដូច្នោះដែរ។ នៅពេលដែលមនុស្សទាំងឡាយបានឃើញផ្កាយទាំងឡាយធ្លាក់ ពួកគេក៏ចាប់ផ្តើមភ្ញាក់រឭកបែរមករកសេចក្តីពិតនៃព្រះគម្ពីរ។ គ្រីស្ទានទាំងឡាយសព្វថ្ងៃនេះយល់ឃើញថា ទីសំគាល់ទាំងនេះបានសម្រេចទៅតាមអ្វីដែលលោកយ៉ូហានបានទាយប្រាប់ថា ត្រូវតែកើតឡើងមុនពេលដែលព្រះយេស៊ូវយាងមកវិញលើកទីពីរ។

កាលណាព្រះយេស៊ូវយាងមកវិញ ព្រះអង្គនឹងប្រទានយុត្តិធម៌ដល់មនុស្សលោកគ្រប់គ្នានៅលើផែនដីនេះ។ បន្ទាប់មក មនុស្សអាក្រក់គ្រប់ទីកន្លែងនឹងមានអារម្មណ៍ភ័យតក់ស្លុត (វិវរណៈ ៦:១៥‑​ ១៧)។ ពួកគេនឹងសូមឲ្យភ្នំធ្លាក់​មក​លើពួកគេ​ ដើម្បី​បំបាំងពួកគេពីសេចក្ដី​ក្រោធ​របស់​កូន​ចៀម​ចេញ (ខ១៦)។ ពួកគេនឹងនិយាយគ្នាថា «ដ្បិត​ថ្ងៃ​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន» (ខ១៧)។ លោកយ៉ូហានឆ្លើយតបសំណួរនេះដល់យើងក្នុងខគម្ពីរវិវរណៈ ៧:៤ ថា៖ មនុស្សលោកដែលអាចឈរនៅបានក្នុងអំឡុងគ្រានៃការយាងមកលើកទីពីរគឺសុទ្ធតែមានត្រារបស់ព្រះនៅលើថ្ងាសរបស់ពួកគេ។ ត្រានេះមានន័យថា រាស្ត្ររបស់ព្រះគឺមានពេញទៅដោយព្រះវិញ្ញាណ​បរិសុទ្ធ។ ពួកគេមានព្រះវិញ្ញាណរបស់ព្រះគង់ជាមួយពួកគេ។

ថ្ងៃសុក្រ ទី១ កុម្ភៈ ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអានពីប្រភពឯកសារទាំងនេះ Ellen G. White, “The World’s Need,” pages 457-460, in Testimonies to Ministers and Gospel Workers.

នៅក្នុងការជាក់ស្តែងមួយ លោកយ៉ូហានគន់មើលព្រះយេស៊ូវបកត្រាទាំងប្រាំពីរនៅលើក្រាំងមួយ។ ការជាក់ស្តែងរបស់លោកយ៉ូហានអំពីព្រះយេស៊ូវ និងត្រាទាំងប្រាំពីរបង្ហាញប្រាប់យើងអំពីការយកព្រះទ័យទុកដាក់របស់ព្រះដល់រាស្ត្ររបស់ព្រះអង្គនៅលើផែនដី។ អ្នកនិពន្ធឈ្មោះ Kenneth A. Strand ប្រាប់យើងយ៉ាងដូច្នេះថា៖

«ព្រះគម្ពីរបង្ហាញប្រាប់យើងថា ព្រះទ្រង់តែងតែយកព្រះទ័យទុកដាក់ដល់រាស្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរក៏បង្ហាញប្រាប់យើងថា គ្រប់ដំណាក់កាលនីមួយៗក្នុងប្រវត្តិសាស្ត្រ ព្រះទ្រង់តែងមានវត្តមាននៅទីនោះដើម្បីជួយឲ្យរាស្ត្ររបស់ព្រះអង្គរឹងមាំឡើង។ ព្រះគម្ពីរសន្យាដល់យើងថា នៅគ្រាចុងក្រោយ ព្រះទ្រង់នឹងបើកបង្ហាញឲ្យឃើញថា រាស្ត្ររបស់ព្រះអង្គគឺជាមនុស្សសុចរិតពុំបានធ្វើអ្វីទាស់ខុសឡើយ។ បន្ទាប់មក ព្រះទ្រង់នឹងផ្តល់រង្វាន់ជាជីវិតអស់កល្បដល់រាស្ត្ររបស់ព្រះអង្គ។ ឱអំណោយទានអ្វីក៏វិសេសខ្លាំងម៉្លេះ! យើងអាចយល់ត្រឹមតែបន្តិចបន្តួចអំពីភាពអស្ចារ្យនៃរង្វាន់នេះប៉ុណ្ណោះ។ ក្នុងគម្ពីរវិវរណៈ លោកយ៉ូហានរៀបរាប់អំពីទំហំនៃការយកព្រះទ័យទុកដាក់របស់ព្រះចំពោះរាស្ត្ររបស់ព្រះអង្គ និងទំហំនៃសេចក្តីស្រឡាញ់របស់ព្រះដល់យើងរាល់គ្នាផងដែរ។ ហេតុនោះ គម្ពីរវិវរណៈមានសារដ៏ពិសេសមួយសំរាប់យើងរាល់គ្នា។ សារដ៏ពិសេសនោះគឺ៖ ព្រះយេស៊ូវគឺជា «ព្រះដ៏រស់»។ ព្រះយេស៊ូវបានយកឈ្នះលើសង្គ្រាមប្រឆាំងនឹងសេចក្តីស្លាប់ និងឋានឃុំព្រលឹងមនុស្សស្លាប់ (វិវរណៈ ១:៨)។ ព្រះយេស៊ូវទ្រង់នឹងមិនបោះបង់ពួកអ្នកដើរតាមព្រះអង្គដ៏ស្មោះត្រង់ឡើយ។ បើទោះបីជារាស្ត្ររបស់ព្រះពេលខ្លះត្រូវស្លាប់ដោយសារសេចក្តីជំនឿរបស់ខ្លួនក្តី ក៏មានន័យថា ពួកគេឈ្នះលើសង្គ្រាមប្រឆាំងនឹងអំពើបាបដែរ (វិវរណៈ ១២:​១១)។ «មកុដជីវិត» កំពុងទន្ទឹងរង់ចាំពួកគេហើយ (សូមអានវិវរណៈ ២:១០, ២១:១‑៤, ២២:៤)»។ ដកស្រង់ ពី Kenneth A. Strand, “The Seven Heads: Do They Represent the Roman Emperors” in Symposium on Revelation--Book 2, Daniel and Revelation Committee Series, volume 7, page 206, adapted ។

សំនួរពិភាក្សា៖
  1. តើមានមេរៀនសំខាន់ៗអ្វីខ្លះដែលលោកអ្នកបានរៀនពីការសិក្សារបស់យើងអំពីព្រះយេស៊ូវ និងត្រា​​ទាំង​៧? តើការបកត្រារបស់ព្រះយេស៊ូវបង្ហាញប្រាប់លោកអ្នកយ៉ាងដូចម្តេចដែរដែលថា ព្រះទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងទាំងអស់ បើទោះបីជារឿងរ៉ាវអាក្រក់ៗដែលកើតឡើងលើផែនដីនេះក្តី? តើការបកត្រារបស់ព្រះយេស៊ូវបង្ហាញប្រាប់យើងយ៉ាងដូចម្តេចទៀតអំពីសេចក្តីសន្យាដ៏អស្ចារ្យទាំងអស់របស់ព្រះចំពោះយើងនឹងសម្រេចឡើងនោះ?

  2. តើពួកជំនុំរបស់លោកអ្នកអាចធ្វើយ៉ាងណាខ្លះ ដើម្បីនាំគ្នាចែកចាយដំណឹងល្អអំពីព្រះយេស៊ូវដល់មនុស្សដទៃៗទៀតឲ្យកាន់តែផុលផុសខ្លាំងឡើងនោះ? ​
Powered by CAM