មេរៀនទី៥​៖ ២៧ មេសា-៣ឧសភា ២០១៩

ដំបូន្មានល្អសម្រាប់ក្រុមគ្រួសារ

Jeans
ថ្ងៃសៅរ៍ ទី២៧​ មេសា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ សុភាសិត ៥:៣-១៤ សុភាសិត ១៤:២៦ សុភាសិត ១៣:២៤ សុភាសិត ២១:៩, ១៩ សុភាសិត ៣១:១០-៣១។

ខចងចាំ៖ «ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ៦ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង» (សុភាសិត ៣:៥, ៦)។

គម្ពីរសុភាសិតមានសុទ្ធតែដំបូន្មានល្អៗសម្រាប់ក្រុមគ្រួសារ។ តើអ្នកជាម្ដាយឬឪពុកមែនទេ? ឬតើអ្នករៀបការហើយតែមិនទាន់មានកូន? ឬអ្នកនៅលីវ? ទោះអ្នកស្ថិតនៅក្នុងស្ថានភាពណាមួយនេះក្ដី អ្នកបានកើតមកលើផែនដីនេះដោយព្រោះតែអ្នកមានម្ដាយនិងឪពុក។ អ្នកខ្លះសម្រេចចិត្តមិនរៀបការបន្តពូជពង្សនោះទេ។ អ្នកខ្លះទៀតមិនដែលបានរៀបការ។ ក្រុមគ្រួសារតែមួយគត់ដែលគេស្គាល់គឺជាក្រុមគ្រួសារដែលគេបានកើតមកជាមួយ។

អាចថាយើងមិនទាន់ចាប់ផ្ដើមបង្កើតគ្រួសារដោយខ្លួនឯង។ តែទោះជាយ៉ាងនោះក្ដីក៏យើងគួរអានគម្ពីរសុភាសិតនេះដែរ។ សុភាសិតមានដំបូន្មានល្អជាច្រើនសម្រាប់គ្រួសារ។ គម្ពីរនេះមានព័ត៌មាន កំណាព្យ សំណួរ និងដំបូន្មានសម្រាប់ជីវិតល្អបរិសុទ្ធ។ សាកសញ្ជឹងគិតថាគម្ពីរសុភាសិតនេះជាសៀវ ភៅដែលឪពុកសរសេរទុកឲ្យកូនថា «នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះបង់​ចោល​សេចក្តី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ» (សុភាសិត ១:៨)។ គម្ពីរចោទិយកថាប្រាប់ឲ្យឪពុកម្ដាយបង្រៀនកូនពីជំនឿរបស់ខ្លួន។ គម្ពីរសុភាសិតក៏ដូច្នោះដែរ។ ប្រសាសន៍របស់លោកឪពុកនៅក្នុងគម្ពីរសុភាសិតបង្ហាញយើងពីចិត្ត(ព្រះហឫទ័យ) របស់ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌។ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈគម្ពីរសុភាសិត។ ព្រះអង្គចង់ឲ្យយើងអានគម្ពីរនេះដើម្បីឲ្យបានដឹងថាព្រះអង្គទ្រង់ស្រឡាញ់យើងប៉ុនណា។

ថ្ងៃអាទិត្យ ទី២៨ មេសា ឆ្នាំ២០១៩

ស្រឡាញ់ឲ្យចំនារីល្អ

សុភាសិត ៥:៣-១៤ ព្រមានពីគ្រប់ទាំងបញ្ហាដែលនឹងកើតមានឡើងដល់អ្នកណាដែលសេពកាមជាមួយប្រពន្ធរបស់គេ។ តើខទាំងនេះព្រមានយើងពីបញ្ហាអ្វីខ្លះ? តើមានរឿងអាក្រក់អ្វីកើតឡើងចំពោះជនណាដែលទៅរួមរក្សជាមួយប្ដីឬប្រពន្ធគេ?

អ្នកដើរតាមព្រះពិតប្រាកដនឹងរង់ចាំរហូតបានរៀបការហើយទើបរួមភេទ។ ពួកគេនឹងខិតខំថែរក្សាទាំងអារម្មណ៍និងរាងកាយគេរហូតដល់បានរៀបការហើយ។ គម្ពីរសុភាសិតព្រមានបុរសៗអំពីគ្រោះថ្នាក់ដែលបណ្ដាលពីការដែលពួកគេទៅរួមភេទជាមួយស្ត្រីដែលពុំមែនជាប្រពន្ធរបស់គេ។ ប៉ុន្តែដំបូន្មាននៅក្នុងគម្ពីរសុភាសិតក៏សម្រាប់ស្ត្រីដែរ។ បទចម្រៀងសាឡូម៉ូនប្រាប់ពីមូលហេតុដែលនារីៗត្រូវរក្សាខ្លួនទុករហូតដល់រៀបការ (បទចម្រៀងសាឡូម៉ូន ៤:១២-១៥)។ ស្នេហាដែលខុសឆ្គងអាចមានសន្ទុះនិងអានុភាពខ្លាំង។ អំពើបាបធ្វើឲ្យយើងមានអារម្មណ៍ល្អនៅពេលនោះ។ ប៉ុន្តែយើងត្រូវចាំថាអារម្មណ៍នេះគឺជាការបោកបញ្ឆោតប៉ុណ្ណោះ។ ក្រោយតែពីអារម្មណ៍ស្រើបស្រាលក្រើករំពើកមកគឺបញ្ហានឹងមកតាមក្រោយ។ ការរួមភេទរវាងមនុស្សពីរនាក់ដែលមិនបានរៀបការនឹងគ្នាជារឿងមិនត្រឹម ត្រូវ។ ការរួមភេទបែបនេះគ្មានភាពស្មោះស្ម័គ្រឬក្ដីស្រឡាញ់អ្វីឡើយ។ ទីបំផុត អំពើបាបបណ្ដាលឲ្យយើងបង់ខាតពេលវេលា លុយកាក់និងថាមពល។ បន្ទាប់មកយើងត្រូវប្រឈរមុខឆ្លើយនឹងព្រះអំពីជម្រើសខុសឆ្គងដែលយើងបានធ្វើ។

ការរួមភេទគឺជាអំណោយដ៏វិសេសមួយរបស់ព្រះ។ ប៉ុន្តែព្រះគម្ពីរបញ្ជាក់ច្បាស់ណាស់ថា ការរួមភេទជារឿងត្រឹមត្រូវល្គឹកណាវាកើតឡើងរវាងមនុស្ស២នាក់ដែលរៀបការនឹងគ្នា (ម៉ាថាយ ១៩:៥ កូនរិនថូសទី១ ៧:៣, ៤ ហេព្រើរ ១៣:៤)។ នៅក្នុងគម្ពីរសុភាសិត ពាក្យថា «ទឹក» គឺជារូបស័ព្ទតំណាងឲ្យអារម្មណ៍នៃក្ដីស្រឡាញ់និងអំណរដែលប្ដីប្រពន្ធរៀបការហើយត្រូវទទួលបាន។ ប៉ុន្តែទឹកកខ្វក់គឺជារូបស័ព្ទតំណាងឲ្យលទ្ធផលដែលកើតឡើងពីការដែលអ្នកដែលរៀបការហើយទៅរួមភេទជាមួយនរណាម្នាក់ផ្សេងទៀត។ គម្ពីរសុភាសិត ៥:១៨ ចែងថា៖ «សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីករាយ​ចំពោះ​ប្រពន្ធ ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ»។ ដំបូន្មាននេះល្អណាស់។ ខនេះប្រាប់យើងថាអ្នកដែលរៀបការហើយត្រូវស្រឡាញ់គ្នាកាន់តែខ្លាំងឡើងៗពេលដែលគេចេះតែចម្រើនវ័យទៅ។ «ហើយ​ត្រូវ​ឲ្យ​ឯង​ឈ្លក់​ចិត្ត​នឹង​សេចក្តី​ស្រឡាញ់​របស់​នាង​ជានិច្ច​ផង» (សុភាសិត ៥:១៩)។

ក្នុងនាមជាមនុស្សមានបាប ជួនកាលសេចក្ដីប៉ងប្រាថ្នាចង់រួមភេទរបស់យើងអាចនាំយើងឲ្យឃ្លាតចាកពីផែនការរបស់ព្រះ។ ដូច្នេះយើងត្រូវធ្វើការសម្រេចចិត្តថានឹងធ្វើតាមតែផែនការរបស់ព្រះប៉ុណ្ណោះចំពោះរឿងរួមភេទនេះ។ បែបនោះទើបយើងនឹងមានក្ដីសុខដុមពិតប្រាកដ។

តើលោកអ្នកមានស្គាល់នរណាម្នាក់ដែលពិបាកក្នុងការកាន់តាមផែនការរបស់ព្រះទាក់ទិនទៅនឹងការរួមភេទតែក្នុងចំណងប្ដីប្រពន្ធដែរឬទេ? ប្រសិនបើស្គាល់ តើលោកអ្នកនឹងផ្ដល់ដំបូន្មានបែបណាទៅកាន់គាត់/នាង?

ថ្ងៃច័ន្ទ ទី២៩ មេសា ឆ្នាំ២០១៩

តើកត្តាអ្វីខ្លះដែលកំណត់បានថានរណាម្នាក់ជាឪពុកល្អ?

ខមួយចំនួនខាងក្រោមនេះផ្ដល់ជាដំបូន្មានល្អៗសម្រាប់ឪពុកទាំងឡាយ។ តើមានដំបូន្មានអ្វីខ្លះ?

សុភាសិត ១៣:២២ សុភាសិត ២៧:២៣, ២៤ -----------------

សុភាសិត ១៤:២៦------------------------------------------------

សុភាសិត ១៥:១, ១៨ សុភាសិត ១៦:៣២----------------------

សុភាសិត ១៥:២៧------------------------------------------------

សុភាសិត ២៩:១៧------------------------------------------------

ចរិយាមាយាទរបស់ឪពុកអាចមានឥទ្ធិពលដល់ជីវិតកូនៗរបស់គេ។ កូនៗត្រូវការៗចិញ្ចឹមបីបាច់ពីឪពុក។ កូនៗក៏ត្រូវការក្ដីស្រឡាញ់ក៏ដូចជាការដឹកនាំជីវិតពីឪពុករបស់ពួកគេដែរ។ គម្ពីរសុភាសិតលើកសរសើរឪពុកណាដែលចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារខ្លួនបានល្អ។ ហើយគម្ពីរដដែលនេះក៏លើកសរសើរពីឪពុកណាដែលរៀបចំចាត់ចែងអ្វីៗគ្រប់យ៉ាងដែលព្រះប្រទានឲ្យគេបានល្អ។ «អ្នក​ណា​ដែល​លោភ​ចង់​បាន​កំរៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ» (សុភាសិត ១៥:២៧)។ ឪពុកត្រូវទុកក្រុមគ្រួសារជាអាទិភាពទី១។ ក្រុមគ្រួសារត្រូវតែមានសារៈសំខាន់សម្រាប់ពួកគេជាងការងារ។ ឪពុកដែលពោរពេញដោយក្ដីស្រឡាញ់តែងព្យាយាមអត់ធ្មត់សព្វគ្រប់បែបយ៉ាង។ ពួកគេនឹងយល់ថាកូនៗរបស់គេត្រូវការពួកគេប៉ុនណា។ ឪពុកនឹងពិន័យកូនៗពេលដែលចាំបាច់។ ប៉ុន្តែពេលដែលពួកគេដាក់ពិន័យនោះគឺមិនត្រូវធ្វើដោយកំហឹងឡើយ។ ឪពុកទាំងឡាយណាដែលស្រឡាញ់ព្រះនឹងបានឃុំគ្រងដោយក្ដីស្រឡាញ់របស់ព្រះ។ ពួកគេនឹងមានចិត្តចង់ធ្វើតាមការបង្រៀនរបស់ព្រះ។ ហើយពួកគេក៏នឹងបង្រៀនកូនៗរបស់គេឲ្យដើរតាមព្រះដែរ។ រឿងសំខាន់បំផុតដែលឪពុកអាចធ្វើសម្រាប់កូនៗបាននោះគឺស្រឡាញ់ម្ដាយរបស់ពួកគេ (ប្រពន្ធ)។ កូនៗនឹងឃើញក្ដីស្រឡាញ់នេះ។ ហើយក្ដីស្រឡាញ់នោះឯងនឹងជួយឲ្យពួកគេក្លាយទៅជាពលរដ្ឋល្អនាថ្ងៃអនាគត។

តើអត្តចរិតរបស់អ្នកកែប្រែជីវិតរបស់អ្នកដទៃបែបណាខ្លះ? តើវាបានកែប្រែជីវិតរបស់កូនៗបែបណាដែរ? តើការកែប្រែនោះជាការកែប្រែល្អឬអាក្រក់? តើធ្វើបែបណាទើបអាចកែលម្អអត្តចរិតរបស់អ្នក?

ថ្ងៃអង្គារ ទី៣០​ មេសា ឆ្នាំ២០១៩

វិធីប្រដៅឬដាក់ទោសកូនដែលត្រឹមត្រូវ

តើគម្ពីរសុភាសិតចែងយ៉ាងដូចម្ដេចខ្លះពីការដាក់ទោសឬប្រដៅកូន? អានសុភាសិត ១០:១៧ ២៣:១៣, ១៤ ២៩:១ ២៩:១៥ ដើម្បីរកចម្លើយ។

មូលហេតុអ្វីបានជាឪពុកម្ដាយស្ដីបន្ទោសកូនៗរបស់ពួកគេ? មកពីឪពុកម្ដាយចង់បង្រៀនកូនៗឲ្យរៀបចំឥរិយាបទឲ្យបានត្រឹមត្រូវនិងចេះស្ដាប់បង្គាប់។ ប៉ុន្តែចុះមូលហេតុរបស់ព្រះវិញយ៉ាងណាដែរ? សុភាសិតអាចជួយយើងឲ្យឆ្លើយនឹងសំណួរនេះបាន។ សុភាសិត ១៩:១៨ ចែងថា៖ «ចូរ​វាយផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន​សង្ឃឹម​ឲ្យ​វា​រាងចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ»។ ឪពុកម្ដាយដែលជឿព្រះដឹងថាកូនពួកគេកើតមកមានបំណងប្រាថ្នាខាងឯសេចក្ដីបាបស្រេច។ មានតែអំណាច១គត់ដែលអាចជួយឲ្យកូនៗរបស់ពួកគេយកឈ្នះបាបបាន។ ហើយអំណាចនោះឯង គឺព្រះយេស៊ូវ។ ការប្រដៅកូនត្រូវធ្វើឡើងដើម្បីនាំគេឲ្យទៅឯព្រះមិនមែននាំឲ្យគេរវាតចេញពីព្រះឡើយ។

ផែនការរបស់ព្រះគឺចង់ឲ្យឪពុកម្ដាយដឹកនាំកូនៗរបស់គេឲ្យទៅឯព្រះយេស៊ូវ។ ឪពុកម្ដាយត្រូវប្រៀនប្រដៅកូនដោយក្ដីស្រឡាញ់និងពាក្យស្រទន់។ ពួកគេត្រូវបង្វឹកកូនៗឲ្យដើរផ្លូវត្រូវតាំងពីគេនៅក្មេងខ្ចី។ ឪពុកម្ដាយត្រូវជួយណែនាំកូនមិនឲ្យធ្វើខុស។ ពេលនោះកូនក្មេងៗនឹងរៀនទប់ចិត្ត។ ពួកគេ នឹងរៀនទុកចិត្តលើព្រះ។ រួចពួកគេនឹងដើរតាមព្រះព្រមទាំងទទួលយកផែនការរបស់ទ្រង់ក្នុងការសង្គ្រោះគេផង។

តើសុភាសិត ១៣:២៤ និងសុភាសិត ២៣:១៣, ១៤ ផ្ដល់ដំបូន្មានអ្វីខ្លះដល់ឪពុកម្ដាយ?

មានតែខគម្ពីរមួយចំនួនតិចប៉ុណ្ណោះដែលលើកឡើងអំពីការ «វាយ» កូន។ ឪពុកម្ដាយត្រូវប្រើការវាយផ្ចាលឲ្យដូចទៅនឹងអ្នកឃ្វាលចៀមប្រើដំបងដើម្បីនាំហ្វូងចៀមរបស់គេដែរ (ទំនុកតម្កើង ២៣:៤)។ ព្រះគម្ពីរក៏បានចែងថាឲ្យឪពុកម្ដាយអត់ធ្មត់ចំពោះកូនៗដែរ។ ឪពុកម្ដាយត្រូវតែជាគំរូល្អដល់កូនៗ។ ពួកគេត្រូវមានភាពជិតស្និទ្ធជាមួយនឹងកូនៗ។ សេចក្ដីទាំងនេះនឹងធ្វើឲ្យកូនៗរបស់គេក្លាយជាមនុស្សល្អ (ចោទិយកថា ១១:១៨, ១៩)។ ជារឿងប្រពៃបំផុតដែលកូនៗទទួលបានអារម្មណ៍ ថា ឪពុកម្ដាយរបស់ពួកគេស្រឡាញ់គេ។ បែបនោះពេលគេធ្វើអ្វីខុសគេនឹងព្រមទទួលការដាក់ទោសពីឪពុកម្ដាយរបស់គេ។ ការនេះនឹងបង្ហាញដល់កូនថា ឪពុកម្ដាយរបស់ពួកគេស្រឡាញ់ពួកគេខ្លាំងណាស់ (សុភាសិត ១៣:២៤)។ ហើយគេក៏នឹងចង់កែប្រែដែរ។

ជួនកាលឪពុកម្ដាយខ្លះវាយប្រដៅកូនដោយកំហឹងកាចសាហាវ។ តើឪពុកម្ដាយទាំងអស់អាចធ្វើអ្វីដើម្បីឲ្យបានជានានឹងកូនៗរបស់គេវិញ?

ថ្ងៃពុធ ទី១ ឧសភា ឆ្នាំ២០១៩

តើការរស់នៅលើដំបូលផ្ទះពិតជាល្អប្រសើរមែនឬ?

ជួនកាលអ្នកនិពន្ធគម្ពីរសុភាសិតបរិយាយពីសេចក្ដីខ្លះដែលកំប្លែងពន់ពេក។ ឧទាហរណ៍មានដូចជា សុភាសិត ២១:៩, ១៩ និង សុភាសិត ២៧:១៥, ១៦។ នៅក្នុងខទាំងនេះ អ្នកនិពន្ធលើកឡើងអំពីបញ្ហាប្រចាំថ្ងៃដែលប្ដីប្រពន្ធជួបប្រទះ។ តើអ្នកនិពន្ធប្រើការកំប្លែងដើម្បីជួយឲ្យយើងយល់ពីគោលបំណងរបស់គាត់យ៉ាងដូចម្ដេចខ្លះ?

ជួនកាលមនុស្សដែលស្រឡាញ់គ្នាអាចនឹងធ្វើរឿងត្រឹមត្រូវតែខុសកាលៈទេសៈ។ ចុះអ្នកចម្រៀងនៅក្នុងសុភាសិត ២៥:២០ ដែលមិនដឹងពេលត្រូវស្ងាត់? «អ្នក​ណា​ដែល​ច្រៀង​ចំរៀង ជូន​ដល់​មនុស្ស​ដែល​មាន​ចិត្ត​កើត​ទុក្ខ ឲ្យ​គេ​ស្តាប់ នោះ​ធៀប​ដូច​ជា​គេ​ដោះ​អាវ​នៅ​រដូវ​ងារ ឬ​ដូច​ជា​ចាក់​ទឹកខ្មេះ​ទៅ​លើ​អំបិល​ក្បុង»។ ឬចុះបុរសមាត់ធំ[មាត់ឮៗ]នៅក្នុងសុភាសិត ២៧:១៤ ដែល «ឲ្យពរ» ដល់អ្នកជិតខាងដោយការស្រែកឮៗទៅកាន់គេទាំងព្រលឹមវិញយ៉ាងណាដែរ? «បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង និង​ឲ្យ​ពរ​ដល់​មិត្រ​សំឡាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ»។

ចិត្តរីករាយជួយឲ្យយើងត្រូវរូវគ្នាជាមួយនឹងក្រុមគ្រួសាររបស់យើង។ «ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ» (សុភាសិត ១៧:២២)។ ជារឿងប្រពៃណាស់ប្រសិនបើយើងអាចសើចឬញញឹមពេលយើងធ្វើអ្វីមួយខុស។ កំប្លែងជួយឲ្យយើងមានចិត្តរីករាយឡើង។ ចិត្តដែលរីករាយជួយឲ្យយើងហ៊ាននិយាយពីសេចក្ដីណាដែលរំខានយាយីដល់អារម្មណ៍របស់យើង។ ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នផងដែរ។ យើងមិនត្រូវសើចចំពោះសេចក្ដីណាដែលយើងត្រូវកែប្រែហើយតែមិនព្រមកែប្រែនោះទេ។

អាការៈគ្រុនក្ដៅតិចៗអាចជាសញ្ញាថាយើងកំពុងរកកល់នឹងឈឺ។ ដូច្នេះតើការឈ្លោះប្រកែកគ្នាឬភាពរញាំុរញ៉ូវជាមួយសមាជិកគ្រួសាររបស់យើងជាសញ្ញាអ្វីដែរ? ការឈ្លោះប្រកែកគ្នាឬភាពរញាំុរញ៉ូវ អាចជាសញ្ញានៃបញ្ហាធំជាច្រើនទៀត។ អាចថាយើងខឹងជាមួយសមាជិកគ្រួសារជាខ្លាំង។ ប៉ុន្តែយើងមិនដឹងត្រូវប្រាប់អ្នកនោះដោយវិធីណា។ តើយើងមានដំណោះស្រាយអ្វីសម្រាប់បញ្ហានេះ? ទីមួយ គឺយើងមិនត្រូវធ្វើដូចជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ។ ការធ្វើបែបនោះនឹងមិនអាចនាំឲ្យបញ្ហារលត់ ទៅវិញឡើយ។ បន្ទាប់មកយើងត្រូវចងចាំពីក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងចំពោះអ្នកដទៃ។ ក្ដីស្រឡាញ់ជួយឲ្យយើងហ៊ានលាតត្រដាងពីអ្វីដែលមាននៅក្នុងចិត្តរបស់យើង។ ពេលនោះយើងនឹងអាចដោះស្រាយបញ្ហាបាន។

មូលហេតុអ្វីបានជាសំណើចមានសារៈសំខាន់ម្លេ៉ះសម្រាប់ក្រុមគ្រួសារ? តើគេអាចប្រើប្រាស់សំណើចដើម្បីនាំឲ្យមានផលល្អដោយវិធីណា? ឬតើគេអាចប្រើវាដើម្បីឲ្យមានផលអាក្រក់ដោយវិធីណាដែរ? សូមរិះរកចម្លើយហើយយកមកឆ្លើយក្នុងថ្នាក់។

ថ្ងៃព្រហស្បតិ៍ ទី២ ឧសភា ឆ្នាំ២០១៩

ប្រពន្ធដ៏ប្រពៃ

សុភាសិតបញ្ចប់ដោយការលើកសរសើរពីប្រពន្ធ។ តើគេលើកសរសើរស្ត្រីនៅក្នុងសុភាសិត ៣១:១០-៣១ ពីចំណុចអ្វី?

នារីដែលនៅក្នុងខទាំងនេះមានលក្ខណៈពិសេសជាខ្លាំង។ ខទាំងនេះគឺជាកំណាព្យដ៏ពីរោះរណ្ដំ។ ខនីមួយៗផ្ដើមដោយតួអក្សរនីមួយៗនៃព្យញ្ជនៈទាំង២២របស់ភាសាហេព្រើរ។ លោកអ្នកប្រហែលជាអាចស្មានបានហើយថាអ្នកនិពន្ធរូបនេះមានយោបល់ល្អៗពីនារីម្នាក់នេះជាច្រើនទៀត។ ប៉ុន្តែគាត់ត្រូវឈប់សរសេរត្រឹមសេចក្ដីល្អៗតែ២២យ៉ាង។ មូលហេតុអ្វី? គឺមកពីគាត់អស់ព្យញ្ជនៈដើម្បីផ្ដើមខថ្មីទៀត!

សុភាសិតចែងថាយើងគួររៀបការជាមួយដៃគូជីវិតដែលល្អ។ គ្រូបង្រៀនសាសន៍យូដា(ជ្វីស) ក៏ បង្រៀនដូចគ្នាដែរថា៖ «ផ្ទះរបស់បុរសគឺប្រពន្ធរបស់គេនោះហើយ»។ គម្ពីរសុភាសិតក៏មានទស្សនៈស្របគ្នាដែរថា «ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្តី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ខ្មាស នោះ​ប្រៀប​ដូច​ជា​សេចក្តី​ពុករលួយ​នៅ​ក្នុង​ឆ្អឹង​របស់​ប្តី​វិញ» (សុភាសិត ១២:៤)។ ស្ត្រីនៅក្នុងសុភាសិត ជំពូក៣១ គឺពិតជា «មកុដ​ដល់​ប្តី» របស់នាងមែន។ ចំណុច១នោះគឺថានាងមានទេពកោសល្យច្រើន។ នាងអាចដេរ ខោអាវ ទិញដី ដាំដំណាំ ហើយពូកែរៀបចំផ្ទះនិងចេះចាត់ចែងថវិកាបានល្អ។

មនុស្សស្រីទាំងអស់ពុំមែនសុទ្ធតែមានទេពកោសល្យទាំងអស់នេះទេ។ បុរសជាប្ដីក៏មិនត្រូវរំពឹងឲ្យប្រពន្ធខ្លួនពូកែនិងប៉ិនប្រសប់ដូចស្ត្រីនៅក្នុងជំពូក៣១នេះដែរ។ គម្ពីរសុភាសិតបង្ហាញយើងហើយថាចំណុចសំខាន់បំផុតមិនមែនផ្អែកទៅលើទេពកោសល្យរបស់មនុស្សស្រីនោះទេ ផ្ទុយទៅវិញគឺផ្អែកទៅលើចរិតចរិយារបស់នាងទៅវិញ។ ជំនាញផ្សេងៗរបស់នាងបង្ហាញយើងថានាងជាមនុស្សម្នាក់ដែលគេឯងអាចទុកចិត្តបាន។ នាងសុភាពហើយមានក្ដីស្រឡាញ់ច្រើន។ នាងផ្ដល់នូវក្ដីមេត្តាដល់អ្នកផង។ នាងខំ ប្រឹងប្រែងធ្វើការ។ នាងស្មោះត្រង់។ តើអ្វីជាអាថ៌កំបាំងទៅរកភាពជោគជ័យរបស់នាង? សុភាសិត ៣១:៣០ ប្រាប់យើងថាគឺមកពីនាង «កោតខ្លាច​ដល់​ព្រះយេហូវ៉ា»។

សុភាសិត ៣១:១០ ចែងថា «ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មានតម្លៃ ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត»។ ពាក្យថាគ្រប់លក្ខណ៍នេះត្រូវជំនួសដោយពាក្យ «ទ្រព្យ​សម្បត្តិ​» វិញនៅ ក្នុងគម្ពីរទំនុកតម្កើង ៦២:១០។ លោកបូអូសប្រើពាក្យនេះដូចគ្នាពេលដែលលោកមានប្រសាសន៍ថា នាងរស់ «នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ» (នាងរស់ ៣:១១)។ ខទាំងនេះបង្ហាញយើងថាទ្រព្យសម្បត្តិពិតប្រាកដគឺជារូបស័ព្ទតំណាងឲ្យនរណាម្នាក់ដែលស្រឡាញ់ហើយស្ដាប់បង្គាប់ដល់ព្រះយេហូវ៉ា។ មូលហេតុនេះហើយបានជាព្រះគម្ពីរចែងថាស្ត្រីនៅក្នុងសុភាសិតជំពូក៣១មានតម្លៃលើសជាងពពួកត្បូងទទឹមទៅទៀត។

សូមសញ្ជឹងគិតពីស្ត្រីល្អម្នាក់ដែលបានជួយកែប្រែជីវិតអ្នក។ តើអ្នកអាចបន្ថែមជំនាញអ្វីខ្លះទៀតទៅក្នុងបញ្ជីជំនាញដែលនារីល្អត្រូវមាន? តើនាងត្រូវតែជាមនុស្សបែបណាហើយចេះធ្វើអ្វីខ្លះទៀត?

ថ្ងៃសុក្រ ទី៣ ឧសភា ឆ្នាំ២០១៩

សិក្សាបន្ថែម

ចូររក្សាចិត្តអ្នកនៅឯនគរស្ថានសួគ៌។ «គ្រីស្ទានត្រូវតែប្រុងប្រយ័ត្នដោយការពារចិត្តរបស់គេគ្រប់ពេលវេលាទាំងអស់។ ពួកគេត្រូវចំណាយពេលដើម្បីសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះមកកាន់យើងតាមរយៈព្រះគម្ពីរ។ គេត្រូវថ្វាយខ្លួនទាំងស្រុងទៅឯព្រះជាម្ចាស់។ គ្រីស្ទានជាច្រើនប្រព្រឹត្តបែបដូចជាការសញ្ជឹងគិតអំពីព្រះ អានព្រះគម្ពីរ និងអធិដ្ឋានគឺជាការចំណាយពេលវេលាឥតប្រយោជន៍ទៅវិញ។ ខ្ញុំប្រាថ្នាចង់ឲ្យអ្នករាល់គ្នាបានឃើញពីសេចក្ដីនេះតាមបែបដែលព្រះចង់ឲ្យអ្នកឃើញ។ ពេលនោះអ្នករាល់គ្នានឹងស្វែងរកនគរព្រះជាមុន។ អ្នករាល់គ្នាត្រូវរក្សាចិត្តឲ្យនៅឯនគរស្ថានសួគ៌។ ការធ្វើបែបនោះនឹងផ្ដល់កម្លាំងថាមពលដល់អ្នក។ ហើយក៏នឹងផ្ដល់ភាពស្រស់ស្រាយដល់កិច្ចការរបស់អ្នកដែរ។ បង្ហាត់ចិត្តគំនិតរបស់អ្នកឲ្យសញ្ជឹងគិតពីអ្វីៗដែលនៅឯនគរស្ថានសួគ៌។ ពេលនោះភាពស្រស់ត្រកាលក៏ដូចជាទឹកចិត្តដែលចង់ធ្វើតែសេចក្ដីណាដែលត្រឹមត្រូវនឹងគ្របដណ្ដប់គ្រប់ទាំងការដែលអ្នកធ្វើ......សេចក្ដីជំនឿរបស់យើងទន់ខ្សោយជាខ្លាំង។ យើងមិនខ្លាំងហើយក៏គ្មានសេចក្ដីជំនឿរឹងមាំតាមដែលយើងគួរមាននោះទេ [អេភេសូរ ៤:១៣]»។ ដកស្រង់ពីសៀវភៅ The SDA Bible Commentary, volume 3, page 1157 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

សំនួរពិភាក្សា៖
  1. គ្រីស្ទានជាច្រើននាក់លើកឡើងថាការមានមិត្តល្អដើម្បីជួយគាំទ្រពេលមានទុក្ខលំបាកពិតជាមានប្រយោជន៍ច្រើន។ តើមិត្តល្អអាចជួយយើងឲ្យរក្សាចិត្តឲ្យនៅជាប់ឯនគរស្ថានសួគ៌បានដូចម្ដេចខ្លះ? មនុស្សជាច្រើនព្យាយាមតតាំងជាមួយបំណងអាក្រក់និងបាបដែលមាននៅក្នុងចិត្តពួកគេដែលតែងតែទាញឲ្យពួកគេធ្វើអ្វីដែលខុស។ ប៉ុន្តែពួកគេហាក់មិនអាចយកឈ្នះឬបពា្ឈប់ទម្លាប់អាក្រក់ទាំងនោះបានឡើយ។ ពួកគេត្រូវការជំនួយពិសេស។ តើលោកគ្រូគង្វាលឬអ្នកជំនាញអាចជួយអ្នកទាំងនោះបានដោយវិធីណា?

  2. ផ្ដល់ចម្លើយរបស់នាក់ចំពោះសំណួរចុងក្រោយនៃថ្ងៃពុធ។ កំប្លែងគឺជាអំណោយទាន។ ហើយសំណើចក៏យ៉ាងនោះដែរ។ ប៉ុន្តែតើអំណោចទាំងនេះអាចត្រឡប់ទៅជារឿងអាក្រក់ដែលអាចធ្វើទុក្ខយើងដោយវិធីណា? ​

  3. សុភាសិតជំពូក៣១បង្ហាញយើងពីស្ត្រីដ៏ល្អម្នាក់។ នាងធ្វើកិច្ចការជាច្រើនដែលនាំឲ្យយើងគោរព នាង។ ចូរប្រៀបធៀបស្ត្រីនៅក្នុងសុភាសិតជំពូក៣១នោះទៅនឹងស្ត្រីដែលគេបង្ហាញនៅក្នុងទស្សនាវដ្ដីល្បីៗ តាមកញ្ចក់ទូរទស្សន៍ ឬនៅក្នុងសហគមន៍របស់អ្នក។ ធ្វើបែបណាទើបយើងអាចការពារចិត្តរបស់យើងពីការបង្ហាញលក្ខណៈស្ត្រីដែលមិនត្រឹមត្រូវទាំងនេះ? ​

  4. តើប្រជាពលរដ្ឋដែលមិនមែនជាក្រុមជំនុំនៅក្នុងទីក្រុងឬនៅក្នុងសហគមន៍របស់អ្នកយល់ឃើញបែបណាទាក់ទិនទៅហ្នឹងក្រុមគ្រួសារ? តើពួកគេឲ្យតម្លៃប៉ុនណាទៅលើក្រុមគ្រួសារ? តើទស្សនៈរបស់ពួកគេខ្លះដូចគ្នាទៅនឹងការបង្រៀនរបស់ព្រះគម្ពីរដែរឬទេ? ប្រសិនបើមាន តើដូចគ្នាត្រង់ណាខ្លះ? ធ្វើបែបណាទើបទស្សនៈដែលដូចគ្នាទាំងនោះអាចជួយឲ្យក្រុមគ្រួសាររបស់យើងកាន់តែមានទំនាក់ទំនងរឹងមាំឡើង? ​
Powered by CAM