មេរៀនទី៥​៖ ២៧ កក្កដា‑២ សីហា ២០១៩

សេចក្តីដាស់តឿនពីហោរារបស់ព្រះ

Jeans
ថ្ងៃសៅរ៍ ទី២៧ កក្កដា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ សាំយូអែលទី១ ៨:១០‑១៨, អេម៉ុស ៣:៩‑១១, មីកា ២:៨‑១១, អេសេគាល ៣៤:២‑៤, ៧‑១៦, អេសាយ ១:១៥‑២៣។

ខចងចាំ៖ «ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប‌ទាបប៉ុណ្ណោះ» (មីកា ៦:៨)។

មនុស្សខ្លះដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺជាហោរាក្នុងគម្ពីរសញ្ញាចាស់។ ហោរាគឺជាអ្នកនាំសារពិសេសរបស់ព្រះ។ ពួកលោកប្រាប់សេចក្តីពិត។ ហោរារបស់ព្រះមិនសប្បាយចិត្តនឹងអំពើអាក្រក់ដែលពួកអ៊ីស្រាអែលបានធ្វើទេ។ ពួកលោកព្រួយចិត្តខ្លាំងណាស់ពេលដែលរាស្ត្ររបស់ព្រះបែរពីព្រះអង្គម្តងហើយម្តងទៀតនោះ។ ហោរាក្នុងគម្ពីរសញ្ញាចាស់មានភាពក្លាហាន។ ពួកលោកពុំខ្លាចនឹងលាតត្រដាងអំពើបាបដែលរាស្ត្ររបស់ព្រះបានប្រព្រឹត្តឡើយ។

ភាគច្រើន ព្រះបានចាត់ហោរារបស់ព្រះអង្គទៅកាន់ទឹកដីអ៊ីស្រាអែល និងយូដា។ ព្រះទ្រង់ប្រទានការងារពិសេសដល់ហោរារបស់ព្រះអង្គ។ ព្រះអម្ចាស់ចង់ឲ្យហោរារបស់ព្រះអង្គប្រាប់រាស្ត្ររបស់ព្រះអង្គឲ្យត្រឡប់មកព្រះអង្គវិញ។ បណ្តាជន និងពួកមេដឹកនាំបានថ្វាយបង្គំព្រះក្លែងក្លាយកាន់តែច្រើនឡើងៗ។ ពួកគេអនុវត្តតាមរបៀបដែលមនុស្សនៅជុំវិញពួកគេរស់នៅ។ ហេតុនោះ ពួកហោរាបានប្រាប់រាស្ត្ររបស់ព្រះឲ្យបែរចេញពីអំពើបាបវិញ។ ហោរាបានជួយអ៊ីស្រាអែលឲ្យនឹកចាំអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះពួក​គេ។

ហោរាក៏បានដាស់តឿនដល់រាស្ត្ររបស់ព្រះអំពីគំនិតអាក្រក់ទាំងឡាយដែលនឹងកើតឡើងប្រសិនបើពួកគេបន្តដើរចេញពីព្រះ។ ពួកហោរាបានដាស់តឿនអ៊ីស្រាអែលអំពីអំពើបាបដ៏ធំបំផុតមួយ។ តើអំពើ​បាបនោះគឺជាអ្វី? ហោរាបានប្រាប់អ៊ីស្រាអែលឲ្យមានយុត្តិធម៌ជាមួយមនុស្សទ័លក្រ និងមនុស្សទន់ខ្សោយដែលនៅជុំវិញពួកគេ។ ព្រះក្លែងក្លាយ និងសាសនាក្លែងក្លាយមិនល្អឡើយ។ ប៉ុន្តែ ការកេងប្រវ័ញ្ច​លើមនុស្ស​ទ័លក្រក៏មិនល្អដែរ។

ថ្ងៃអាទិត្យ ទី២៨ កក្កដា ឆ្នាំ២០១៩

ព្រះទ្រង់ប្រាប់រាស្ត្ររបស់ព្រះអង្គឲ្យមានភាពស្មើគ្នា

ព្រះទ្រង់បានប្រទានផែនការរបស់ព្រះអង្គអំពីរបៀបដែលព្រះអង្គចង់ឲ្យពួកគេរស់នៅ។ ប៉ុន្តែ អ៊ីស្រាអែលពុំបានអនុវត្តតាមបានត្រឹមត្រូវឡើយ។ មិនយូរប៉ុន្មានក្រោយពេលដែលរាស្ត្របស់ព្រះបានចាប់ផ្តើមរស់នៅលើទឹកដីសន្យា ពួកគេក៏បានទាមទារឲ្យលោកសាំយូអែលតែងតាំងស្តេចមួយអង្គឲ្យគ្រប់គ្រងលើពួកគេ។ លោកសាំយូអែលគឺជាចៅក្រម និងជាហោរា។ ហេតុអ្វីបានជាពួកអ៊ីស្រាអែលសូមឲ្យលោកសាំយូអែលតែងតាំងស្តេចដល់ពួកគេក្នុងពេលដែលពួកគេមានព្រះជាស្តេចរបស់ពួកគេទៅហើយនោះ? ពីព្រោះបណ្តាជនចង់បាន «ដូច​ជា​សាសន៍​ឯ​ទៀតដែរ» (សាំយូអែលទី១ ៨:៥)។

លោកសាំយូអែលបានប្រាប់បណ្តាជនអំពីអ្វីដែលនឹងកើតឡើងកាលណាពួកគេមានស្តេច។ តើលោកសាំយូអែលបានដាស់តឿនដល់ពួកគេអំពីរឿងអ្វីខ្លះ?​ សម្រាប់ចម្លើយ សូមអានសាំយូអែល​ទី១ ៨:១០‑១៨។

លោកសាំយូអែលបានមើលឃើញថា អ៊ីស្រាអែលនឹងប្រែក្លាយទៅជាដូចគ្នានឹងប្រទេសទាំងឡាយដែលនៅជុំវិញពួកគេប្រសិនបើពួកគេមានស្តេច។ លោកសាំយូអែលបានព្យាយាមផ្តល់ឱវាទល្អៗដល់ស្តេចដំបូងរបស់អ៊ីស្រាអែល។ ប៉ុន្តែមិនយូរប៉ុន្មាន អ្វីៗដែលព្រះបានដាស់តឿនចំពោះអ៊ីស្រាអែលក៏បានប្រែក្លាយជាពិត សូម្បីតែក្នុងពេលដែលអ៊ីស្រាអែលក្លាយជាអាណាចក្រដ៏រឹងមាំក្រោមការគ្រប់គ្រងរបស់ស្តេចដាវីឌ និងសាឡូម៉ូនក្តី។ ស្តេចទាំងនេះក៏បានប្រព្រឹត្តអំពើបាប និងប្រព្រឹត្តអំពើអាក្រក់ដែរ។ ពួកគេក៏បានលួចរបស់ទ្រព្យដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ឬលោភលន់ចង់មានចង់បានខ្លាំងពេកដែរ។

ហេតុនោះ ព្រះទ្រង់ក៏បានចាត់ហោរារបស់ព្រះអង្គឲ្យទៅកាន់ស្តេចអ៊ីស្រាអែល និងយូដា។ ព្រះអង្គបានប្រាប់ហោរារបស់ព្រះអង្គឲ្យជួយដល់រាស្ត្ររបស់ព្រះអង្គនឹកចាំថា ពួកគេត្រូវទទួលខុសត្រូវចំពោះមនុស្សទ័លក្រ និងទន់ខ្សោយក្នុងដែនដីរបស់ពួកគេ។ ជាញឹកញាប់ ហោរាហេព្រើរក៏និយាយអំពីសេចក្តីយុត្តិធម៌ដែរ។ ហោរាបានបង្ហាញប្រាប់មេដឹកនាំ និងបណ្តាជនជាញឹកញាប់ថា ពួកគេពុំមានសេចក្តី​យុត្តិធម៌ និងពុំបានស្មោះត្រង់នឹងព្រះទេ។ ហោរាគឺជា «សំឡេង» សម្រាប់បណ្តាជនដែលរស់នៅក្នុងដែនដីដែលមានអំណាចតិចតួច ឬគ្មានសោះតែម្តង។ ហោរាបានជួយការពារបណ្តាជនដែលរងគ្រោះដោយសារមេដឹកនាំអ៊ីស្រាអែលដែលមិនយុត្តិធម៌។

លោកអ័ប្រាហាំ យូ៉ស្វេ ហេសឆេល មានប្រសាសន៍ថា «ហោរាមិនសប្បាយចិត្តនឹងអំពើអាក្រក់ទាំងឡាយដូចដែលកំពុងកើតឡើងរៀងរាល់ថ្ងៃនៅផែនដីនេះ... យើងប្រហែលជាគិតថា ពួកហោរាមិនសប្បាយចិត្តបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ តើពិតមែនទេ? យើងឃើញមនុស្សទាំងឡាយកំពុងតែប្រព្រឹត្តដោយអយុត្តិធម៌។ ពួកគេកុហក។ ពួកគេប្រព្រឹត្តអាក្រក់ទៅលើមនុស្សដទៃទៀត។ ប៉ុន្តែនៅពេលរឿង​ទាំង​នោះកើតឡើង តើយើងឈឺឆ្អាល ឬមិនសប្បាយចិត្តដូចពួកហោរាឬទេ? ​ពួកហោរាបានយល់ឃើញ​​​ថា រាល់អំពើអាក្រក់តូចៗនីមួយៗសុទ្ធតែអាចបង្កឲ្យមានរឿងអាក្រក់ៗកាន់តែរីករាលដាលធំឡើង»។ ដក​ស្រង់ពីសៀវភៅ The Prophets (New York: Jewish Publiscation society of America, 1962), pages 3, 4, adapted។ ពួកហោរាបានបង្ហាញយើងឲ្យយល់អំពីព្រះហឫទ័យរបស់ព្រះ។ ហោរាជួយយើងឲ្យយល់អំពីរឿងរ៉ាវនៅផែនដីតាមរបៀបដែលព្រះយល់ឃើញដែរ។ ព្រះនេត្ររបស់ព្រះពោរពេញដោយជលនេត្រដោយសារតែអំពើអាក្រក់ដែលបានកើតឡើងនៅលើផែនដីនេះ។ ប៉ុន្តែព្រះទ្រង់សូមឲ្យយើងធ្វើការជាមួយព្រះអង្គដើម្បីបញ្ចប់សេចក្តីវេទនា និងការឈឺចាប់ដែលនៅជុំវិញយើង។

ថ្ងៃច័ន្ទ ទី២៩ កក្កដា ឆ្នាំ២០១៩

ហោរាអេម៉ុស

អេម៉ុស​បានទូលប្រាប់ដល់ស្តេច​អ័ម៉ាស៊ា​ថា «ខ្ញុំ​ពី​ដើម​មិន​មែន​ជា​ហោរា​ទេ ក៏​មិន​មែន​ជា​កូន​របស់​ហោរា​ដែរ គឺ​ជា​អ្នក​គង្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ​វិញ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម ក៏​បាន​បង្គាប់​ខ្ញុំ​ថា ចូរ​ទៅ​ទាយ​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ចុះ» (អេម៉ុស ៧:១៤, ១៥)។

លោកអេម៉ុសពុំបានព្យាយាមលាក់ប្រវត្តិរបស់លោកឡើយ។ លោកពុំមែនជាមនុស្សពិសេស​ឡើយ។ បើទោះជាយ៉ាងនោះក្តី ព្រះទ្រង់បានប្រទានជំនាញមួយដល់លោកឲ្យអាចទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាជនឲ្យងាកមកស្តាប់សាររបស់លោក។

លោកអេម៉ុសបានចាប់ផ្តើមសាររបស់លោកដោយការរៀបរាប់ពីប្រទេសទាំងអស់ដែលនៅជុំវិញប្រទេសអ៊ីស្រាអែលដូចជា៖ ស៊ីរី ភីលីស្ទីន ភេនីស អេដំម អាំម៉ូន និងម៉ូអាប់។ បន្ទាប់មកលោកអេម៉ុសរៀបរាប់អំពីអំពើបាបរបស់សាសន៍ទាំងនោះ។ លោកអេម៉ុសព្រមានថា ព្រះទ្រង់នឹងដាក់ទោសមនុស្សទាំងនេះដោយសារតែអំពើឧក្រឹដ្ឋរបស់ពួកគេ (អេម៉ុស ១:៣‑២:៣)។ ពួកអ៊ីស្រាអែលទំនងជាសប្បាយចិត្តណាស់ដែលឮថា ព្រះទ្រង់នឹងដាក់ទោសសាសន៍ទាំងនេះ។​ បទឧក្រឹដ្ឋជាច្រើនដែលប្រទេសទាំងនេះបានប្រព្រឹត្តគឺទាស់នឹងសាសន៍អ៊ីស្រាអែលនេះឯង។

បន្ទាប់មកទៀត លោកអេម៉ុសបានប្រកាសអំពីអំពើបាបរបស់ពួកយូដាវិញម្តង។ យូដាគឺជា​អាណាចក្រនៅប៉ែកខាងត្បូង។ អ៊ីស្រាអែលគឺជាអាណាចក្រខាងជើង។ លោកអេម៉ុសមានប្រសាសន៍​ថា ស្រុកយូដាមានទោសដោយសារតែបានបែរចេញពីព្រះ។ បន្ទាប់មកលោកអេម៉ុសប្រកាសពីការដាក់ទោសដែលព្រះទ្រង់នឹងប្រទានដល់ពួកយូដា (អេម៉ុស ២:៤, ៥)។ ម្តងនេះ ពួកអ៊ីស្រាអែលក៏ប្រហែលជាសប្បាយចិត្តដែរដែលលោកអេម៉ុសបានបង្ហាញឲ្យឃើញអំពើបាបរបស់ពួកអាណាចក្រខាងត្បូង។

ប៉ុន្តែស្រាប់តែលោកអេម៉ុសបែរមកនិយាយអំពីអំពើបាបរបស់បណ្តាជនដែលនៅអ៊ីស្រាអែល ដែលជាអាណាចក្រខាងជើងវិញម្តង។ លោកអេម៉ុសប្រាប់ពួកអ៊ីស្រាអែលថា ពួកគេកំពុងតែប្រព្រឹត្តអំពើគ្រប់យ៉ាងដែលព្រះទ្រង់ស្អប់ខ្ពើម។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់។ ពួកគេពុំយុត្តិធម៌។​ ពួកគេពុំ​បាន​សម្តែងសេចក្តីមេត្តា។ ពួកអ៊ីស្រាអែលខកខានពុំបានរស់នៅតាមផែនការរបស់ព្រះជាច្រើនលើកច្រើន​សា។

តើលោកអេម៉ុសព្រមានអ៊ីស្រាអែលឲ្យបែរចេញពីអំពើបាបអ្វីខ្លះ? ដើម្បីរកចម្លើយសូមអាន អេម៉ុស ៣:៩‑១១, ៤:១, ២, ៥:១០‑១៥ និង ៨:៤‑៦។

សាររបស់លោកអេម៉ុសព្រមានអ៊ីស្រាអែលអំពីទីបញ្ចប់របស់ពួកគេ។ ប៉ុន្តែ លោកបានប្រាប់ឲ្យរាស្ត្ររបស់ព្រះបែរមករកព្រះជាម្ចាស់ឡើងវិញ។ តើពួកគេគួរធ្វើរឿងនោះយ៉ាងដូចម្តេចទៅ? គឺដោយ​សារការបង្ហាញថា ពួកគេយកចិត្តទុកដាក់ដល់មនុស្សទ័លក្រ។ «តែ​ត្រូវ​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​ហូរ​ដូច​ជា​ទឹក ហើយសេចក្ដី​សុចរិត​ដូច​ជា​ទន្លេ​ធំ​វិញ» (អេម៉ុស ៥:២៤)។ សូមអានខគម្ពីរចុងក្រោយបង្អស់របស់លោកអេម៉ុសបន្ថែម (អេម៉ុស ៩:១១‑១៥)។ ខទាំងនេះគឺជាសេចក្តីសន្យាមួយដែលអាចឲ្យពួកគេមានសង្ឃឹមក្នុងគ្រាដែលអំពើបាបរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើង។ សាររបស់លោកអេម៉ុសបង្ហាញថា ព្រះទ្រង់នឹងអត់ទោសដល់រាស្ត្ររបស់ព្រះអង្គ និងលើកស្ទួយពួកគេឡើងវិញ។

ថ្ងៃអង្គារ ទី៣០ កក្កដា ឆ្នាំ២០១៩

ហោរាមីកា

«ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប‌ទាបប៉ុណ្ណោះ» (មីកា ៦:៨)។ តើវិធីណាខ្លះដែលលោកអ្នកអាចអនុវត្តតាមក្បួនច្បាប់នេះនាពេលឥឡូវនេះ?

ខគម្ពីរខាងលើនេះគឺជាខដ៏ល្បីបំផុតមួយនៅក្នុងព្រះគម្ពីរ។ បើទោះជាយ៉ាងនេះក្តី យើងអាចនឹងមិនយល់អំពីអត្ថន័យពិតប្រាកដនៃខនេះក៏ថាបាន។

សូមអានខគម្ពីរមីកា ២:៨‑១១ និង ៣:៨‑១២។ តើបណ្តាជនកំពុងធ្វើអ្វីខ្លះបានជាលោកមីកាមានប្រសាសន៍ថាពួកគេបានធ្វើខុសនោះ?

ស្តេចអ័ហាសគឺជាស្តេចដ៏អាក្រក់បំផុត។ រាស្ត្ររបស់ព្រះបានធ្វើបាបយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនេះ។ ពួកគេបានថ្វាយបង្គំព្រះក្លែងក្លាយ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន។ រាស្ត្ររបស់​ព្រះពុំបានយកចិត្តទុកដាក់នឹងអ្នកក្រទេ។ ពួកគេបានកេងចំណេញលើអ្នកក្រ និងប្រើអ្នកក្រដើម្បីឲ្យខ្លួនគេបានមានឡើង។

លោកមីកាបានព្រមានរាស្ត្ររបស់ព្រះអំពីរឿងអាក្រក់ទាំងឡាយដែលនឹងកើតឡើងពីព្រោះតែអំពើបាបរបស់ពួកគេ។ នៅក្នុងជំពូកទាំងបីដំបូងនៅក្នុងកណ្ឌគម្ពីររបស់លោក លោកមីកាបានប្រាប់រាស្ត្ររបស់ព្រះថា ព្រះទ្រង់មានព្រះទ័យព្រួយខ្លាំងណាស់។ ព្រះទ្រង់ក្រោធនឹងអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ លោកមីកាព្រមានបណ្តាជនអំពីគ្រោះថ្នាក់ដែលពួកគេនឹងជួបប្រទះ។ លោកក៏បានព្រមានពួកគេផងដែរអំពីការដាក់ទោសដែលព្រះនឹងធ្វើលើផ្លូវរបស់ពួកគេឆាប់ៗខាងមុខ។

ប៉ុន្តែ ព្រះទ្រង់មិនបោះបង់រាស្ត្ររបស់ព្រះអង្គចោលឡើយ។ សេចក្តីព្រមានពីហោរារបស់ព្រះបង្ហាញប្រាប់យើងថា ព្រះទ្រង់មិនដែលនឹងឈប់ខ្វល់ខ្វាយអំពីរាស្ត្ររបស់ព្រះអង្គឡើយ។ ព្រះអង្គព្រមានដល់ពួកគេដោយសារតែព្រះអង្គស្រឡាញ់ និងខ្វល់អំពីពួកគេ។ ព្រះអង្គចង់អត់ឱនទោសដល់រាស្ត្ររបស់ព្រះអង្គខ្លាំងណាស់។ ព្រះអង្គចង់កែប្រែពួកគេជាថ្មីឡើងវិញ។ ព្រះអង្គមិនមែនចេះតែក្រោធខឹងជារៀងរហូតឡើយ (មីកា ៧:១៨‑២០)។

ព័ត៌មាននេះជួយយើងឲ្យយល់ពាក្យពេចន៍សំខាន់ៗនៅក្នុងខគម្ពីរមីកា ៦:៨។ ឥឡូវនេះ​យើង​កាន់តែច្បាស់ថា ហេតុអ្វីបានជាព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គមានសេចក្តីយុត្តិធម៌ មានសេចក្តីមេត្តា និងរស់នៅដោយគ្មានសេចក្តីអំនួតក្នុងចិត្តរបស់ពួកគេ។ ក្បួនច្បាប់ទាំងនេះហាក់ដូចជាសាមញ្ញ។ ប៉ុន្តែការរស់នៅតាមក្បួនច្បាប់ទាំងនេះគឺពុំមែនជាការងាយស្រួលដូចយើងគិតឡើយ។ ហេតុអ្វី? ពីព្រោះមនុស្សភាគច្រើននៅលើផែនដីនេះពុំបានធ្វើតាមក្បួនច្បាប់ទាំងនេះឡើយ។ ពួកគេរវល់នឹងប្រមូលលុយកាក់ដោយប្រាសចាកសេចក្តីយុត្តិធម៌។ ហេតុនោះ ពួកគេបានសើចចំអកដាក់មនុស្សដែលមានសេចក្តីមេត្តា។ ពិតមែនហើយ យើងអាចនិយាយថា ពិបាករកមនុស្សដែលមានសេចក្តីមេត្តា ហើយពុំមានចិត្ត​អំនួតផងបានណាស់។ មែនហើយ ការរស់នៅរបៀបនេះពិបាកណាស់។ ប៉ុន្តែ សូមនឹកចាំថា យើងមាន​ជំនួយពីព្រះ។ កាលណាយើងរស់នៅរបៀបនេះ បង្ហាញថាយើងមានព្រះគង់ជាមួយ។​

តើការមានសេចក្តីមេត្តា មានសេចក្តីយុត្តិធម៌ និងគ្មានចិត្តអំនួតមានទំនាក់ទំនងអ្វីនឹងគ្នា?

ថ្ងៃពុធ ទី៣១ កក្កដា ឆ្នាំ២០១៩

ហោរាអេសេគាល

តើលោកអ្នកគិតថាអំពើបាបដ៏អាក្រក់បំផុតរបស់ក្រុងសូដុំមមានអ្វីខ្លះ?​ មនុស្សភាគច្រើននឹង​ឆ្លើយថា គឺជាអំពើបាបខាងផ្លូវភេទ។ លោកុប្បត្តិ ១៩ បង្ហាញប្រាប់យើងអំពីរឿងរ៉ាវមួយចំនួនដែលមនុស្សនៅក្រុងសូដុំមបានប្រព្រឹត្តរហូតដល់ថ្នាក់ព្រះបំផ្លាញពួកគេចោល។

ប៉ុន្តែចម្លើយទៅនឹងសំណួរនេះគឺលើសពីអំពើបាបខាងផ្លូវភេទទៅទៀត។ សូមក្រឡេកមើលអ្វីដែលលោកអេសេគាលមានប្រសាសន៍អំពីអំពើបាបរបស់ក្រុងសូដុំមម្តងមើល៍៖ «មើល ឯ​អំពើ​ទុច្ចរិត​របស់​សូដុំម ជា​ប្អូន​ស្រី​ឯង ព្រម​ទាំង​កូន​ផង​នោះ​គឺ​មាន​សេចក្ដី​អំនួត មាន​អាហារ​បរិភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចម្រើន ឥត​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កំសត់​​ទុគ៌ត​ឡើយ» (អេសេគាល ១៦:៤៩)។ ចូរយើងពិនិត្យឲ្យច្បាស់បន្តិចសិន។ ខនេះពុំមែនមានន័យថា ព្រះទ្រង់មិនមែនមិនខ្វល់អំពីអំពើបាបខាងផ្លូវភេទនៅក្រុងសូដុំមទេ។ ប៉ុន្តែ លោកអេសេគាលចង់ឲ្យយើងដឹងអំពីអំពើបាបផ្សេងទៀតក្នុងក្រុងសូដុំមដែរ។ បណ្តាជននៅក្រុងសូដុំមពុំបានយកចិត្តទុកដាក់ដល់មនុស្សកំសត់ទុគ៌តឡើយ។ ពួកគេបានបោកបញ្ឆោតអ្នកក្រ។ ក្នុងព្រះនេត្ររបស់ព្រះ តើអំពើបាបទាំងនេះក៏អាក្រក់ដូចអំពើបាបខាងផ្លូវភេទរបស់ពួកគេដែរឬទេ?

លោកអេសេគាលបានសរសេរកណ្ឌគម្ពីររបស់លោកនៅបន្ទាប់ពីគ្រារបស់លោកអេម៉ុស លោក​មីកា និងលោកអេសាយ។ ប៉ុន្តែ ពាក្យពេចន៍របស់លោកក៏បានផ្តល់នូវសេចក្តីដាស់តឿនដូចគ្នាទៅកាន់​អ៊ីស្រាអែល។ ព្រះទ្រង់នឹងបំផ្លាញប្រទេសរបស់ពួកគេដោយសារតែអំពើបាបរបស់ពួកគេ។ បន្ទាប់ពីពួកបាប៊ីឡូនចាប់យកទីក្រុងយេរូសាឡិមទាំងបង្ខំ សាររបស់លោកអេសេគាលទៅកាន់រាស្ត្ររបស់ព្រះ​ក៏បាន​ផ្លាស់ប្តូរដែរ។ ឥឡូវនេះលោកអេសេគាលចាប់ផ្តើមមានប្រសាសន៍អំពីសេចក្តីសន្យារបស់ព្រះចំពោះបណ្តាជនវិញ។ ព្រះអង្គនឹងធ្វើឲ្យពួកគេកែប្រែឡើង និងនាំពួកគេត្រឡប់មកប្រទេសរបស់ពួកគេវិញ។

សូមអានអេសេគាល ៣៤:២‑៤, ៧‑១៦។ តើព្រះទ្រង់មានព្រះតម្រិះអ្វីខ្លះអំពីមេដឹកនាំអាក្រក់ក្នុងប្រទេសអ៊ីស្រាអែល? តើព្រះជាម្ចាស់ទ្រង់ដឹកនាំរាស្ត្ររបស់ព្រះអង្គដោយរបៀបណា? តើ របៀបដែលព្រះទ្រង់ដឹកនាំខុសគ្នាពីអ្នកដឹកនាំរបស់បណ្តាជនត្រង់ចំណុចណាខ្លះ? តើពួកមេដឹកនាំបានធ្វើអ្វីខ្លះចំពោះមនុស្សទ័លក្រ? តើអាកប្បកិរិយានេះខុសគ្នាពីអ្វីដែលព្រះទ្រង់បានធ្វើត្រង់ណាខ្លះ?

រាស្ត្ររបស់ព្រះអាក្រក់ខ្លាំងណាស់បានជាព្រះទ្រង់ប្រៀបធៀបពួកគេទៅនឹងមនុស្សរបស់ទីក្រុងសូដុំម។ ប៉ុន្តែ តើព្រះទ្រង់ឈប់ព្យាយាមសង្គ្រោះរាស្ត្ររបស់ព្រះអង្គហើយមែនទេ? អត់ទេ។ ព្រះអង្គនៅតែព្យាយាមនាំពួកគេឲ្យបែរចេញពីផ្លូវអាក្រក់របស់ពួកគេជានិច្ច។ ព្រះជាម្ចាស់មានផែនការថ្មីមួយសម្រាប់រាស្ត្ររបស់ព្រះអង្គ។​ នៅក្នុងផែនការថ្មីនេះ ព្រះទ្រង់នឹងនាំរាស្ត្ររបស់ព្រះអង្គត្រឡប់មកស្រុករបស់ពួកគេវិញ។ ព្រះទ្រង់នឹងជួយពួកគេឲ្យកសាងទីក្រុងយេរូសាឡិម និងព្រះវិហារឡើងវិញ។​បន្ទាប់មក បណ្តាជននឹងប្រារព្ធបុណ្យទាំងឡាយដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ។ មនុស្សគ្រប់គ្នានឹងមានដីធ្លីសម្រាប់រស់នៅ (អេសេគាល ៤៧:១៣‑៤៨:២៩)។ ព្រះទ្រង់ប្រទានផែនការដូចគ្នានេះឲ្យទៅលោកម៉ូសេបន្ទាប់ពីព្រះអង្គបាននាំពួកគេចេញពីអេស៊ីព្ទដែរ។ ព្រះទ្រង់មានគំរោងចាប់ផ្តើមផែនការនេះម្តងទៀតភ្លាមៗបន្ទាប់ពីពួកគេចេញពីស្រុកបាប៊ីឡូនវិញ។ ផែនការរបស់ព្រះសម្រាប់រាស្ត្ររបស់ព្រះអង្គក៏រាប់បញ្ចូលទាំងការយកចិត្តទុកដាក់ដល់មនុស្សទ័លក្រ និងអ្នកប្រទេសក្រៅផងដែរ។

ថ្ងៃព្រហស្បតិ៍ ទី១ សីហា ឆ្នាំ២០១៩

ហោរាអេសាយ

សូមអានខគម្ពីរអេសាយ ១:១៥‑២៣, ៣:១៣‑១៥, និង ៥:៧, ៨។ តើលោកអេសាយមានអារម្មណ៍ដូចម្តេចដែរអំពីអ្វីដែលលោកបានឃើញកំពុងកើតឡើងនៅជុំវិញលោក?

លោកអេសាយចាប់ផ្តើមកណ្ឌគម្ពីររបស់លោកដោយបទអធិប្បាយមួយ។ បទអធិប្បាយរបស់លោកអេសាយអូសបន្លាយពីជំពូកទី១រហូតដល់ជំពូកទី៥ទើបចប់។ លោកអេសាយបានបន្ទោសដល់រាស្ត្ររបស់ព្រះ។ លោកប្រាប់ពួកគេអំពីអ្វីដែលពួកគេកំពុងធ្វើខុស។ បន្ទាប់មកលោកបានព្រមានពួកគេអំពីបញ្ហាដែលនឹងកើតឡើងឆាប់ៗ។ បណ្តាជនបានបែរចេញពីព្រះ។ ពួកគេនៅតែបន្តធ្វើរឿងមិនត្រឹមត្រូវ។ ឥឡូវនេះព្រះទ្រង់នឹងជំនុំជំរះរាស្ត្ររបស់ព្រះអង្គ។ ប៉ុន្តែលោកអេសាយបានស្នើផ្តល់ក្តីសង្ឃឹមដល់រាស្ត្ររបស់ព្រះប្រសិនបើពួកគេព្រមវិលត្រឡប់មកព្រះជាម្ចាស់វិញ។ ពួកគេតោងតែផ្លាស់ប្តូរជីវិតរបស់ពួកគេ។ ពួកគេតោងតែផ្លាស់ប្តូររបៀបប្រកបមុខរបររបស់ពួកគេ។ លោកអេសាយព្រួយចិត្តណាស់។ ហេតុអ្វី? ព្រោះលោកស្គាល់ព្រះច្បាស់ណាស់។ លោកដឹងថាព្រះចង់បានអ្វីពីរាស្ត្ររបស់ព្រះអង្គ។ លោកអេសាយបានស្រែកយំដោយសារអ្វីដែលរាស្ត្ររបស់ព្រះបានបាត់បង់។ លោកក៏មិនសប្បាយចិត្តនឹងឃើញមនុស្សជាច្រើនដែលត្រូវរាស្ត្ររបស់ព្រះធ្វើបាប និងបោកបញ្ឆោតជារៀងរាល់ថ្ងៃ។ លោកស្រែកយំដោយសារតែព្រះទ្រង់នឹងដាក់ទោសរាស្ត្ររបស់ព្រះសម្រាប់អំពើបាបរបស់ពួកគេ។

លោកអេសាយបន្តផ្តល់សារដដែលនេះក្នុងអំឡុងពេលលោកមានជីវិតរស់នៅ។ លោកសូមឲ្យបណ្តាជននឹកចាំពីអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើសម្រាប់ពួកគេ។ លោកអេសាយក៏បានផ្តល់ក្តីសង្ឃឹមដល់បណ្តាជនដែរ។ លោកប្រាប់ពួកគេអំពីអ្វីដែលព្រះចង់ធ្វើសម្រាប់ពួកគេនៅគ្រាអនាគត។ នោះហើយជាមូលហេតុដែលលោកអេសាយប្រាប់ពួកគេថា ពួកគេគួរតែត្រឡប់មករកព្រះវិញនាគ្រាឥឡូវនេះតែម្តងទៅ។ មិត្តភាពថ្មីរបស់ពួកគេជាមួយនឹងព្រះមានពីរចំណុច។ ១)ពួកគេតោងតែមានអារម្មណ៍សោកស្តាយសម្រាប់អំពើបាបរបស់ខ្លួន។ ២) ពួកគេតោងតែផ្លាស់ប្តូររបៀបដែលពួកគេប្រព្រឹត្តនឹងមនុស្សដទៃទៀត។ ពួកគេតោងតែមានចិត្តសប្បុរស និងសេចក្តីយុត្តិធម៌។ ពួកគេតោងតែបង្ហាញទៅកាន់​អ្នកក្រ​ថា ពួកគេយកចិត្តទុកដាក់នឹងពួកអ្នកក្រទាំងនោះ។

ក្នុងបទគម្ពីរអេសាយ ៥៨ និង ៥៩ លោកអេសាយបានមានប្រសាសន៍ម្តងទៀតអំពីសេចក្តីយុត្តិធម៌។ លោកបានប្រាប់អំពីអំពើអាក្រក់ដែលកើតមានក្នុងស្រុករបស់លោក។ «ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​​ត្រឡប់​ថយ​ចេញ​ទៅ ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្ដាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន។» (អេសាយ ៥៩:១៤)។ ប៉ុន្តែ លោកអេសាយក៏មាន​ប្រសាសន៍​ផងដែរថា ព្រះទ្រង់ពីជ្រាបអ្វីៗគ្រប់យ៉ាងដែលកើតឡើង។ ព្រះទ្រង់នឹងយាងមកសង្គ្រោះរាស្ត្ររបស់ព្រះអង្គ។ «នឹង​មាន​អ្នក​ជួយ​ប្រោស​លោះ​មក» (អេសាយ ៥៩:២០)។ លោកអេសាយមានប្រសាសន៍អំពីព្រះអង្គសង្គ្រោះដែលត្រូវយាងមកជាច្រើនដងក្នុងកណ្ឌគម្ពីរអេសាយ។ ព្រះអង្គសង្គ្រោះនឹងធ្វើអ្វីៗដែលយុត្តិធម៌ និងល្អត្រឹមត្រូវ។ ព្រះអង្គនឹងនាំមកនូវសេចក្តីមេត្តា និងការព្យាបាលដល់មនុស្សទាំងឡាយនៅលើផែនដី។

សូមអានអេសាយ ៩:៦, ៧, ១១:១‑៥, ៤២:១‑៧ និង ៥៣:៤‑៦។ តើសារទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះជន្ម កិច្ចការ និងសេចក្តីសុគតរបស់ព្រះយេស៊ូវ? តើខទាំងនេះបង្ហាញប្រាប់យើងអ្វីខ្លះអំពីមូលហេតុដែលព្រះយេស៊ូវបានយាងមកកាន់ផែនដីនេះ?

ថ្ងៃសុក្រ ទី២ សីហា ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “The Assyrian Captivity,” pages 279-292; “The Call of Isaiah,” pages 303-310; in Prophets and Kings.

«ហោរាទាំងឡាយបានបន្ទោសរាស្ត្ររបស់ព្រះដែលពុំមានសេចក្តីយុត្តិធម៌។ ពួកលោកបានបន្ទោសពួកគេដែលខ្ជះខ្ជាយប្រាក់កាស ពេលវេលា និងទិញរបស់របរថ្លៃៗ។ ពួកហោរាក៏បានបន្ទោសរាស្ត្ររបស់ព្រះអំពីអំពើបាបខាងផ្លូវភេទដែរ។ ប៉ុន្តែបណ្តាជនគេមិនស្តាប់ទេ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 282, adapted។

លោកអេសាយជឿថា «អនគតហាក់មិនល្អសម្រាប់រាស្ត្ររបស់ព្រះឡើយ។ ពួកគេចង់មានទ្រព្យ​ សម្បត្តិច្រើន។ ពួកគេសាងសង់ផ្ទះមួយហើយមួយទៀត យ៉ាងច្រើន។ ពួកគេបានទិញដីធ្លីកាន់តែច្រើនឡើងៗ... រាស្ត្ររបស់ព្រះពុំមានសេចក្តីយុត្តិធម៌។ ពួកគេពុំបានសម្តែងសេចក្តីមេត្តាដល់មនុស្សទ័ល​ក្រ​ឡើយ... ព្រះទ្រង់បានប្រាប់ពួកចៅក្រមឲ្យយកចិត្តទុកដាក់ដល់អ្នកក្រ។ ប៉ុន្តែពួកចៅក្រមពុំបានស្តាប់តាមសម្រែកដង្ហោយហៅរកយុត្តិធម៌របស់អ្នកក្រ និងមនុស្សកំសត់ទុគ៌ត ស្ត្រីមេម៉ាយ និងកុមារកំព្រាឡើយ...

«នៅក្នុងឆ្នាំចុងក្រោយនៃរាជ្យស្តេចយ៉ូសៀស ព្រះទ្រង់បានចាត់ហោរាអេសាយឲ្យផ្តល់សេចក្តីដាស់តឿនដល់រាស្ត្ររបស់ព្រះអង្គ។ វាមិនចម្លែកទេដែលលោកអេសាយមិនចង់ធ្វើកិច្ចការនេះ។ លោក​ដឹងថា បណ្តាជនរឹងចចេសខ្លាំងណាស់។ លោកដឹងថា ពួកគេនឹងមិនយកចិត្តទុកដាក់នឹងសេចក្តីដាស់តឿនរបស់លោកឡើយ។ ពួកគេនឹងបែរត្រចៀកមិនព្រមស្តាប់តាមឡើយ» (ដកស្រង់ពីប្រភពដដែលទំព័រ ៣០៦, ៣០៧)។

សព្វថ្ងៃនេះ យើងគួរទទួលយកសាររបស់ពួកហោរាថាជាព្រះបន្ទូលរបស់ព្រះដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ យើងមិនគួរខ្ជះខ្ជាយឱកាសដោយពុំបានសម្តែងសេចក្តីមេត្តាឡើយ។ យើងគួរ​តែបង្ហាញទៅមនុស្សទាំងឡាយថា តើយើងខ្វល់ខ្វាយពីពួកគេខ្លាំងប៉ុនណា។ យើងគួរគិតអំពីសេចក្តីត្រូវការរបស់ពួកគេ និងព្យាយាមមើលថែពួកគេ។ យើងគួរតែបង្ហាញសេចក្តីស្រឡាញ់បែបគ្រីស្ទាន។ យើង​គួរតែសុភាព និងសប្បុរស។ យើងគួរធ្វើរឿងទាំងអស់នេះដល់មនុស្សទ័លក្រ និងមនុស្សកំសត់ទុគ៌ត និងជនរងគ្រោះដោយមេដឹកនាំរបស់ពួកគេ» (ដកស្រង់ពីប្រភពដដែលទំព័រ ៣២៧)។

សំនួរពិភាក្សា៖
  1. ជាញឹកញាប់យើងតែងគិតថា ហោរាទាំងឡាយគ្រាន់តែជាអ្នកប្រាប់អំពីអនាគតប៉ុណ្ណោះ។ ប៉ុន្តែ ហោរានៃគម្ពីរសញ្ញាចាស់បានធ្វើលើសពីនោះច្រើនណាស់។ តើការខ្វល់ខ្វាយរបស់ពួកលោកចំពោះអ្នកក្របានធ្វើឲ្យគំនិតរបស់លោកអ្នកអំពីតួនាទីរបស់ហោរាប្រែប្រួលយ៉ាងដូចម្តេចដែរ?

  2. ហោរាទាំងឡាយបង្ហាញប្រាប់យើងថា វាជាការលំបាកណាស់ក្នុងការឈរការពារសេចក្តីពិត។ ហេតុអ្វីបានជាដូច្នោះ?

  3. សំណេររបស់ហោរាទាំងឡាយបង្ហាញប្រាប់យើងទាំងសេចក្តីស្រឡាញ់របស់ព្រះចំពោះរាស្ត្ររបស់ព្រះអង្គ និងទាំងសេចក្តីក្រោធរបស់ព្រះអង្គចំពោះអំពើបាបរបស់ពួកគេ។ តើសេចក្តីខុសប្លែកគ្នាទាំងពីរយ៉ាងនេះបង្ហាញប្រាប់យើងអ្វីខ្លះអំពីព្រះជាអ្នកណា?
Powered by CAM