ថ្ងៃសៅរ៍ ទី២៦ តុលា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ នេហេមា ៥:១‑៥, នេហេមា ៥:៦‑៨, នេហេមា៥:៧‑១២, នេហេមា ៥:១២, ១៣, នេហេមា ៥:១៤‑១៩។
ខចងចាំ៖ «សូមប្រគល់ស្រែចម្ការ ដំណាំ និងផ្ទះគេទៅគេវិញ នៅថ្ងៃនេះឯង ព្រមទាំង១ភាគក្នុង១០០នៃប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអ្នករាល់គ្នាបានយកការពីគេផង»(នេហេមា ៥:១១)។
ក្នុងនាមជាគ្រីស្ទាន យើងសួរខ្លួនឯងថាតើយើងអាចធ្វើអ្វីបានខ្លះដើម្បីជួយដល់មនុស្សក្រីក្រ។ ព្រះយេស៊ូវមានបន្ទូលថា «អ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប» (ម៉ាថាយ ២៦:១១)។ ពិតមែនហើយ រឿងនោះគឺជាការពិត។ ប៉ុន្តែរឿងនោះពុំមែនជាលេសដែលរារាំងយើងមិនឲ្យធ្វើអ្វីសោះនោះឡើយ។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើសកម្មភាពដើម្បីជួយដល់មនុស្សក្រីក្រ។ ព្រះគម្ពីរក៏បានប្រាប់យើងផងដែរថា យើងត្រូវតែធ្វើចំណែករបស់យើងដើម្បីជួយដល់ពួកគេ។ ប្រសិនបើយើងមិនជួយដល់មនុស្សក្រីក្រទេ យើងក៏មិនអាចនិយាយថា យើងជាគ្រីស្ទានបានដែរ។
យើងឃើញបញ្ហាមនុស្សក្រីក្រនេះនៅក្នុងសាច់រឿងក្នុងកណ្ឌគម្ពីរនេហេមា។ ពួកយូដាបានត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនដើម្បីកសាងក្រុងយេរូសាឡិមឡើងវិញ។ ពិតមែនហើយ ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គកសាងឡើងវិញ។ ប៉ុន្តែព្រះជាម្ចាស់ក៏ចង់ឲ្យរាស្ត្ររបស់ព្រះអង្គនឹកចាំពីមនុស្សក្រីក្រដែរ។ រាស្ត្ររបស់ព្រះ ដែលជាជាតិសាសន៍យូដា ក៏តោងតែដោះស្រាយបញ្ហាចោទមួយទៀតដែរ។ ពួកអ្នកមានក្នុងដែនដីរបស់ពួកគេពុំមានចិត្តយុត្តិធម៌ចំពោះមនុស្សក្រីក្រទេ។ បញ្ហានេះធ្លាប់បានកើតឡើងមុនពេលដែលពួកបាប៊ីឡូនចាប់ខ្លួនពួកយូដាចេញពីទីក្រុងយេរូសាឡិមម្តងហើយ។ ហើយបញ្ហានេះក៏បានបន្តកើតឡើងនៅលើដែនដីនេះបន្ទាប់ពីពួកយូដាត្រឡប់មកវិញដដែល។
សប្តាហ៍នេះ យើងនឹងក្រឡេកមើលអ្វីដែលលោកនេហេមាបានដោះស្រាយបញ្ហានេះនៅក្នុងប្រទេសមួយនេះ។ តើលោកនេហេមាបានជួយដល់មនុស្សក្រីក្រយ៉ាងដូចម្តេចដែរ?
ថ្ងៃអាទិត្យ ទី២៧ តុលា ឆ្នាំ២០១៩
ការរអ៊ូរទាំរបស់បណ្តាជន
សូមអានខគម្ពីរនេហេមា ៥:១‑៥។ តើមានអ្វីខ្លះបានកើតឡើងនៅក្នុងខទាំងនេះ? តើពួក បណ្តាជនបានស្រែកទាស់នឹងអ្វីខ្លះ?
លោកនេហេមាបានបង្រួបបង្រួមសហគមន៍យូដាឲ្យរួមគ្នាឡើងវិញ។ លោកបានលើកទឹកចិត្តឲ្យពួកគេបន្តកសាងក្រុងឡើងវិញ។ ប៉ុន្តែ គ្រប់យ៉ាងមិនទាន់ល្អទាំងស្រុងនៅឡើយ។ ពិតមែនហើយ លោកនេហេមាបានជួយពួកយូដាឲ្យបានរឹងមាំប្រឆាំងនឹងពួកសត្រូវរបស់ពួកគេ។ ប៉ុន្តែ សហគមន៍យូដាមានបញ្ហាមួយចំនួន។ ពួកស្តេចនិងមេដឹកនាំយូដាបានកេងយកចំណេញលើកម្លាំងមនុស្សក្រីក្រ។ រឿងរ៉ាវកាន់តែអាក្រក់ឡើងបានជាគ្រួសារក្រីក្រជាច្រើនបានក្រោកឡើងតវ៉ាសុំជំនួយ។ គ្រួសារខ្លះរអ៊ូថា ពួកគេពុំមានអាហារគ្រប់គ្រាន់ដើម្បីនឹងចិញ្ចឹមកូនចៅរបស់ខ្លួនឡើយ។ ខ្លះរអ៊ូរទាំអំពីគ្រោះទុរភិក្ស ឬកង្វះស្បៀងអាហារនៅក្នុងប្រទេសជាដើម។ គ្រួសារទាំងនេះបានលក់ដីធ្លីស្រែចម្ការរបស់ខ្លួនដោយសារកង្វះអាហារ។ ឥឡូវនេះពួកគេគ្មានសេសសល់អ្វីទៀតទេ។ គ្រួសារដទៃទៀតបានតវ៉ាដោយសារតែពួកគេត្រូវខ្ចីលុយគេយកមកបង់ពន្ធជូនដល់នគរពើស៊ី។ ពួកគេក៏បានលក់កូនចៅរបស់ខ្លួនឲ្យធ្វើជាទាសករដើម្បីបានលុយយកមកដោះស្រាយបញ្ហា។
តើអ្វីជាមូលហេតុនៃបញ្ហានេះ? គឺដោយសារតែគ្រោះទុរភិក្ស និងការបង់ពន្ធមានកម្រិតខ្ពស់។ កត្តាទាំងពីរយ៉ាងនេះបណ្តាលឲ្យគ្រួសារក្រីក្រទាំងឡាយបានស្រែកតវ៉ារកជំនួយ។ រាជរដ្ឋាភិបាលនៃនគរពើស៊ីបានកំណត់ថា ស្រុកយូដាទាំងមូលត្រូវបង់ពន្ធគិតជាប្រាក់សុទ្ធប្រមាណ៣៥០តាឡិន្ត ឬប្រហែល២លាន១សែនដុល្លារអាមេរិកបច្ចុប្បន្ន (note on Nehemiah 5:1-5 in the Andrews Study Bible, page 598)។ តើមានអ្វីកើតឡើងប្រសិនបើមេគ្រួសារនីមួយៗពុំអាចបង់ចំណែកពន្ធរបស់ខ្លួនបាន? ក្នុងករណីនេះគាត់ត្រូវខ្ចីលុយគេដើម្បីយកមកបង់ ឬក៏ត្រូវយកប្លង់ដីទៅបញ្ចាំ។ បន្ទាប់មកទៀតគាត់ត្រូវប្រគល់ដីធ្លីនោះទៅម្ចាស់បំណុលក្នុងករណីដែលមិនអាចរកលុយបង់សងបានទាន់ក្នុងរយៈពេលមួយឆ្នាំ។ ចុះប្រសិនបើក្នុងរយៈពេលមួយឆ្នាំគាត់មិនអាចរកលុយយកមកសងបាន? នោះគាត់ត្រូវតែលក់សមាជិកគ្រួសារខ្លះរបស់គាត់ឲ្យធ្វើជាទាសករ។ ជាញឹកញាប់គ្រួសារជាច្រើនបានលក់កូនចៅរបស់ខ្លួនដល់ម្ចាស់បំណុល។ កូនចៅទាំងនេះត្រូវធ្វើការដើម្បីដោះបំណុល។
ក្នុងជីវិតរបស់យើងម្នាក់ៗ មានច្រើនដងណាស់ដែលយើងបានសម្រេចចិត្តមិនត្រឹមត្រូវ។ ពេលខ្លះទៀតយើងត្រូវប្រឈមនឹងជម្ងឺ ឬបាត់បង់ការងារ។ ការដែលយើងពុំមានលទ្ធភាពនឹងបង់ប្រាក់ពុំមែនជាកំហុសរបស់យើងទេ។ សាច់រឿងនៅក្នុងកណ្ឌគម្ពីរនេហេមាបានប្រាប់យើងអំពីគ្រាមួយដែលច្បាប់របស់រដ្ឋាភិបាលមានភាពអយុត្តិធម៌។ ច្បាប់ទាំងនេះធ្វើឲ្យបណ្តាជនក្រីក្រ។ ពួកគេកាន់តែក្រទៅៗ ហើយមិនអាចរកច្រកចេញបានឡើយ។
ក្នុងជំនាន់លោកនេហេមា និងជំនាន់របស់យើង រដ្ឋាភិបាលមិនប្រាកដថាផ្តល់យុត្តិធម៌ដល់ពលរដ្ឋរហូតនោះទេ។ ពួកគេបង្កើតច្បាប់ជាច្រើនដែលបណ្តាលឲ្យពលរដ្ឋជាប់បំណុលហើយមិនមានលទ្ធភាពសងវិញ។ ព្រះគម្ពីរបានប្រាប់អំពីបញ្ហានេះ។ តើរឿងនោះបានផ្តល់សារអ្វីខ្លះដល់យើងអំពីព្រះ?
ថ្ងៃច័ន្ទ ទី២៨ តុលា ឆ្នាំ២០១៩
វិញ្ញាណនៃក្រឹត្យវិន័យ
សូមអានខគម្ពីរនេហេមា ៥:៦‑៨ (សូមអានខគម្ពីរនិក្ខមនំ ២១:២‑៧)។ តាមដែលខទាំងនេះបង្ហាញប្រាប់ តើហេតុអ្វីបានជាលោកនេហេមាមិនសប្បាយចិត្ត?
សព្វថ្ងៃនេះ យើងដឹងថាករណីទាសករគឺជារឿងមិនស្របច្បាប់ទេ។ ប៉ុន្តែនៅជំនាន់ព្រះគម្ពីរ ទាសភាពគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ឪពុកម្តាយខ្លះអាចក្លាយជាទាសករ ឬមួយក៏គាត់អាចនឹងលក់កូនណាមួយឲ្យធ្វើជាទាសករក៏មាន។ ច្បាប់ជំនាន់នោះអនុញ្ញាតឲ្យឪពុកម្តាយអាចលក់កូនប្រុស ឬកូនស្រីរបស់ខ្លួនបាន។ ប៉ុន្តែព្រះទ្រង់សព្វព្រះទ័យឲ្យមនុស្សលោកមានសេរីភាពខ្លាំងណាស់។ ហេតុនោះហើយបានជាព្រះអង្គបានបង្កើតច្បាប់ស្តីអំពីទាសករ។ នៅរៀងរាល់៧ឆ្នាំ្តម្តង ម្ចាស់ទាសករ ត្រូវតែដោះលែងទាសកររបស់ខ្លួនឲ្យមានសេរីភាពឡើងវិញ។ ព្រះទ្រង់ការពាររាស្ត្ររបស់ព្រះអង្គដោយសារច្បាប់នេះឯង។ ព្រះអង្គពុំសព្វព្រះទ័យឲ្យពួកគេក្លាយជាទាសករជារៀងរហូតឡើយ។ ក្រឹត្យវិន័យរបស់ព្រះក៏បង្ហាញប្រាប់យើងផងដែរថា ព្រះអង្គចង់ឲ្យរាស្ត្ររបស់ព្រះអង្គមានសេរីភាព។
ក្នុងច្បាប់របស់ព្រះអង្គ ព្រះជាម្ចាស់អនុញ្ញាតឲ្យរាស្ត្ររបស់ព្រះអង្គឲ្យលុយដល់មនុស្សដែលកំពុងខ្វះខាតខ្ចីបាន។ ប៉ុន្តែព្រះអង្គពុំអនុញ្ញាតឲ្យម្ចាស់ប្រាក់កម្ចីគិតការប្រាក់ពីអ្នកខ្ចីឡើយ។ (សូមអានក្រឹត្យវិន័យរបស់ព្រះស្តីអំពីប្រាក់កម្ចីនៅក្នុងខគម្ពីរនិក្ខមនំ ២២:២៥‑២៧, លេវីវិន័យ ២៥:៣៦, ៣៧, ចោទិយកថា ២៣:១៩, ២០)។ ពួកមេដឹកនាំសាសន៍យូដាពុំបានគិតការប្រាក់ច្រើនដូចម្ចាស់បំណុលក្នុងបណ្តាប្រទេសជុំវិញទេ។ ពួកលោកគិតត្រឹមតែមួយភាគរយក្នុងមួយខែប៉ុណ្ណោះ ដែលស្មើនឹង១២ភាគរយក្នុងមួយឆ្នាំ។ ប៉ុន្តែពួកមេដឹកនាំពីបណ្តាប្រទេសជិតខាងគិតការប្រាក់៥០ភាគរយក្នុងករណីខ្ចីប្រាក់ និង១០០ភាគរយក្នុងករណីខ្ចីស្រូវសម្រាប់រយៈពេលមួយឆ្នាំ! ការប្រាក់នេះច្រើនខ្លាំងណាស់។ ម៉្លោះហើយបានជាមនុស្សខ្លះត្រូវលក់កូនរបស់ខ្លួនឲ្យធ្វើជាទាសករដើម្បីយកលុយទៅសងបំណុលនោះ! ហេតុនោះ ក្រឹត្យវិន័យបានបង្ហាញប្រាប់យើងថា ម្ចាស់បំណុលដែលជាសាសន៍យូដាមានកំហុសតែម្យ៉ាងប៉ុណ្ណោះ គឺត្រង់ពួកគេគិតការប្រាក់ពីអ្នកខ្ចី (នេហេមា ៥:១០)។ ដូចបានជម្រាបជូនមកហើយថា ការប្រាក់ដែលពួកលោកគិតនោះគឺ១ភាគរយ។ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលថា រាស្ត្ររបស់ព្រះមិនគួរគិតការប្រាក់សោះឡើយ។ ក្នុងបទគម្ពីរនេហេមាជំពូក៥ បណ្តាជនពុំបានរអ៊ូរឿងការប្រាក់ទាល់តែសោះ។ ប៉ុន្តែ ហេតុអ្វីបានជាលោកនេហេមាខឹងខ្លាំងម៉្លេះ?
តើលោកអ្នកឃើញទេថា លោកនេហេមាពុំបានដោះស្រាយបញ្ហានេះភ្លាមៗឬទេ? លោកត្រូវការពេលវេលាដើម្បីគិតអំពីរឿងនេះ។ បន្ទាប់មកលោកក៏ចាប់ផ្តើមដោះស្រាយ។ ពិតមែនហើយ ពួកមេដឹកនាំសាសន៍យូដាពុំបានគិតការប្រាក់ច្រើនដូចពួកមេដឹកនាំដែលនៅប្រទេសជិតខាងឡើយ។ ប៉ុន្តែលោកនេហេមាមានប្រសាសន៍ថា ពួកមេដឹកនាំសាសន៍យូដានៅតែធ្វើខុស។ ពួកលោកបានរំលងច្បាប់របស់ព្រះ។ ពួកលោកបានបំពានវិញ្ញាណ ឬសេចក្តីពិតនៃក្រឹត្យវិន័យ។ ក្នុងគ្រាលំបាកៗ យើងមានកាតព្វកិច្ចត្រូវជួយគ្នាទៅវិញទៅមក។ ព្រះតែងតែនៅខាងមនុស្សក្រីក្រ និងកំសត់ទុរគតជានិច្ច។ ហេតុនោះហើយបានជាព្រះចាត់ពួកហោរារបស់ព្រះអង្គឲ្យការពារមនុស្សក្រីក្រ។
ក្នុងពេលដែលយើងគិតថា យើងពិតជាកំពុងធ្វើតាមក្រឹត្យវិន័យរបស់ព្រះ តើអាចមានចំណុចខ្វះខាតត្រង់ណាខ្លះទៀតដែរឬទេ?
ថ្ងៃអង្គារ ទី២៩ តុលា ឆ្នាំ២០១៩
លោកនេហេមាដោះស្រាយបញ្ហា
ដូចដែលយើងបានសិក្សាពីម្សិលមិញរួចហើយ ពួកមេដឹកនាំ និងមនុស្សស្មោះត្រង់សាសន៍យូដាបានឲ្យមនុស្សក្រីក្រខ្ចីប្រាក់ក្នុងស្រុករបស់ពួកគេ។ ប៉ុន្តែពួកអ្នកមានទាំងនេះបានគិតការប្រាក់ពីអ្នកខ្ចី។ ប៉ុន្តែ លោកនេហេមាមានប្រសាសន៍ថា ការប្រព្រឹត្តបែបនេះគឺមិនត្រឹមត្រូវទេ។ «អស់លោកគ្រប់គ្នា ទារយកការពីពួកបងប្អូនរបស់ខ្លួន... ដូច្នេះ សូមឈប់យកការពីពួកគេទៅ» (នេហេមា ៥:៧, ១០)។ ប៉ុន្តែ ពុំមាននរណាម្នាក់យកចិត្តទុកដាក់ស្តាប់តាមលោកនេហេមាឡើយ។ ប៉ុន្តែ ការនោះធ្វើឲ្យលោកនេហេមាបពា្ឈប់ត្រឹមនោះឬ? អត់ទេ លោកបន្តតស៊ូការពារសម្រាប់មនុស្សក្រីក្រតទៅទៀត។ លោកនេហេមាបានតតាំងនឹងពួកអ្នកមាន និងអ្នកមានអំណាចក្នុងដែនដី។ ប៉ុន្តែតើការនោះធ្វើឲ្យលោកចុះញ៉មមែនទេ? មិនសោះឡើយ។ លោកអាចនឹងប្រឈមនឹងសត្រូវដ៏ខ្លាំងក្លាខណៈដែលលោកធ្វើកិច្ចការដ៏ប្រពៃនេះ។ ប៉ុន្តែលោកនេហេមាមិនបានបោះបង់ការតស៊ូនេះឡើយរហូតទាល់តែបញ្ហាត្រូវបានដោះស្រាយចប់សព្វគ្រប់។
សូមអានប្រសាសន៍របស់លោកនេហេមាទៅកាន់បណ្តាជននៅក្នុងខគម្ពីរនេហេមា ៥:៧‑១២។ ហេតុអ្វីបានជាលោកនេហេមាមិនសប្បាយចិត្តនឹងអ្វីដែលកំពុងកើតឡើង? តើមានហេតុផលអ្វីខ្លះដែលលោកបានលើកឡើងទាស់នឹងពួកគេ? តើលោកបានយកអ្វីមកប្រើដើម្បីបង្វែរចិត្តបណ្តាជនឲ្យបែរមកធ្វើរឿងដែលត្រឹមត្រូវឡើងវិញ?
លោកនេហេមាបានកោះប្រជុំខ្នាតធំមួយ។ ប្រជារាស្ត្រសាសន៍អ៊ីស្រាអែលទាំងអស់បានចូលមកពិភាក្សាបញ្ហាជាមួយគ្នា។ ច្បាស់ណាស់ លោកនេហេមាបានសង្ឃឹមថា អង្គប្រជុំដ៏ធំនេះនឹងធ្វើឲ្យពួកមេដឹកនាំរងភាពអាម៉ាសដោយសារអាកប្បកិរិយារបស់ពួកលោក។
ដំបូងឡើយ លោកនេហេមាបានផ្តើមមានប្រសាសន៍អំពីទាសភាព។ មានសាសន៍យូដាជាច្រើនបានទិញលោះទាសករយូដាដទៃទៀតពីពួកបរទេស។ លោកនេហេមាខ្លួនឯងក៏បានទិញលោះពួកគេខ្លះដែរ។ ឥឡូវនេះលោកបានចោទសួរទៅកាន់ពួកមនុស្សស្មោះត្រង់មួយសំណួរ។ តើពួកលោកគិតថាត្រឹមត្រូវទេក្នុងការទិញសាសន៍យូដាពីប្រទេសក្រៅយកមកធ្វើជាទាសករក្នុងប្រទេសជាតិរបស់ខ្លួននោះ?
ពួកមេដឹកនាំពុំអាចនឹងរកពាក្យណាមកឆ្លើយបានឡើយ។ ពួកលោកទាំងនោះយល់ឃើញថា លោកនេហេមាត្រឹមត្រូវ។ លោកនេហេមាបន្តថា «តើអស់លោកមិនគួរប្រព្រឹត្ត ដោយគោរពកោតខ្លាចដល់ព្រះនៃយើង ដើម្បីកុំឲ្យសាសន៍ដទៃដែលជាខ្មាំងសត្រូវរបស់យើង ត្មះតិះដៀលយើងទេឬ?» (នេហេមា ៥:៩)។ បន្ទាប់មកលោកនេហេមាបានសារភាពថា រូបលោកផ្ទាល់ក៏បានឲ្យគេខ្ចីលុយ និងខ្ចីស្រូវដែរ។ ហេតុនោះ លោកមានប្រសាសន៍ថា «ដូច្នេះ សូមឈប់យកការពីពួកគេទៅ!» (នេហេមា ៥:១០)។ ពាក្យពេចន៍របស់លោកនេហេមាបង្ហាញឲ្យឃើញថា ក្រឹត្យវិន័យពុំអនុញ្ញាតឲ្យរាស្ត្ររបស់ព្រះគិតការប្រាក់ពីសាសន៍យូដាឡើយ។ លោកនេហេមាចង់ឲ្យពួកមេដឹកនាំមានសន្តានចិត្តល្អ និងយុត្តិធម៌ចំពោះមនុស្សក្រីក្រ។ ពួកមេដឹកនាំក៏បានយល់ព្រមប្រគល់សងអ្វីៗគ្រប់យ៉ាងដល់បណ្តាជនវិញ។
ថ្ងៃពុធ ទី៣០ តុលា ឆ្នាំ២០១៩
ពាក្យសម្បថ
សូមអានអំពីការព្រមព្រៀងគ្នារវាងពួកមេដឹកនាំ និងមនុស្សក្រីក្រ នៅក្នុងខគម្ពីរនេហេមា ៥:១២, ១៣។ ហេតុអ្វីបានជាលោកនេហេមាដាក់បណ្តាសាទៅលើអស់អ្នកណាដែលមិនរក្សាពាក្យសន្យានៅក្នុងការព្រមព្រៀងរបស់ពួកគេ?
ពិតមែនហើយ ពួកមេដឹកនាំបានយល់ព្រមថានឹងប្រគល់សងដីធ្លីដែលពួកគេបានយកពីមនុស្ស ក្រីក្រ។ ប៉ុន្តែ លោកនេហេមាពុំសប្បាយចិត្តត្រឹមតែឮពាក្យសម្តីរបស់ពួកគេតែប៉ុណ្ណឹងទេ។ លោកចង់ឲ្យ ឃើញការពិតជាក់ស្តែងថា ពួកមេដឹកនាំនឹងធ្វើតាមពាក្យសន្យារបស់ពួកគេ។ ហេតុនោះហើយបានជាលោកនេហេមាឲ្យពួកមេដឹកនាំធ្វើពិធីស្បថស្បែនៅចំពោះមុនពួកសង្ឃ។ ការធ្វើដូច្នេះធ្វើឲ្យការសន្យា របស់ពួកគេក្លាយជាផ្លូវការបាន។ បន្ទាប់មកលោកនេហេមាអាចនឹងចាប់ពួកមេដឹកនាំទៅកាន់តុលាការបានប្រសិនបើពួកគេមិនគោរពតាមពាក្យសន្យា។
ប៉ុន្តែហេតុអ្វីបានជាលោកនេហេមាដាក់បណ្តាសាលើអស់អ្នកណាដែលរំលងកិច្ចព្រមព្រៀងនេះ? វាគឺជាការប្រព្រឹត្តធម្មតានៅជំនាន់លោកនេហេមា។ មនុស្សទាំងឡាយតែងតែរាប់បញ្ចូលបណ្តាសាក្នុងកិច្ចព្រមព្រៀងដើម្បីជួយឲ្យគ្រប់គ្នាយល់ថា ពួកគេមិនត្រូវបំពានកិច្ចព្រមព្រៀងនោះទេ។ បណ្តាសាជួយឲ្យពួកគេរក្សាកិច្ចព្រមព្រៀង។ លោកនេហេមាមានអារម្មណ៍ថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់។ ហេតុនោះលោកត្រូវធ្វើអ្វីមួយដើម្បីឲ្យបណ្តាជនរក្សាពាក្យសន្យារបស់ខ្លួន។ តើលោកអ្នកឃើញលោកនេហេមារលាស់ហោប៉ៅអាវធំរបស់លោកដែរឬទេ (នេហេមា ៥:១៣, គខប)? សកម្មភាពនេះ គឺជារូបស័ព្ទមួយ។ លោកនេហេមាបង្ហាញប្រាប់បណ្តាជនថា អស់អ្នកណាដែលបំពានពាក្យសម្បថនេះនឹងបាត់បង់អ្វីៗទាំងអស់។ ព្រះទ្រង់នឹង «រលាស់» មនុស្សទាំងនេះចេញពីផ្ទះរបស់ពួកគេ និងដែនដីរបស់ ពួកគេ (នេហេមា ៥:១៣)។
សូមអានខគម្ពីរជនគណនា ៣០:២, ចោទិយកថា ២៣:២១‑២៣, សាស្តា ៥:៤, ៥, លេវីវិន័យ ១៩:១២, លោកុប្បត្តិ ២៦:៣១។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីពាក្យសម្បថ? តើពាក្យសម្បថទាំងនោះបរិសុទ្ធខ្លាំងប៉ុនណាដែរ?
ពាក្យសម្តីរបស់យើងមានអំណាចដល់កម្រិតស្លាប់រស់។ ហេតុនោះ យើងត្រូវតែប្រុងប្រយ័ត្ននូវអ្វីដែលយើងនិយាយ និងសន្យាថានឹងធ្វើអ្វីមួយ។ អាកប្បកិរិយារបស់យើងដែលស្របគ្នានឹងពាក្យសម្តីរបស់យើងក៏សំខាន់ផងដែរ។ តើមានមនុស្សប៉ុន្មាននាក់ដែលបានរវាតចិត្តចេញទៅវិញដោយសារតែគ្រីស្ទានមួយចំនួនដែលអធិប្បាយសេចក្តីពិត ប៉ុន្តែខ្លួនឯងមិនប្រព្រឹត្តតាមសេចក្តីនោះសោះ?
ចូរនឹកគិតអំពីអំណាចដែលមានក្នុងពាក្យសម្តីរបស់យើង។ ហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្នលើពាក្យសម្តីរបស់យើងពេលដែលយើងត្រូវនិយាយ និងរបៀបដែលយើងនិយាយវាចេញមក?
ថ្ងៃព្រហស្បតិ៍ ទី៣១ តុលា ឆ្នាំ២០១៩
គំរូរបស់លោកនេហេមា
សូមអានសាច់រឿងក្នុងខគម្ពីរនេហេមា ៥:១៤‑១៩ ហើយបន្ទាប់មកសឹមឆ្លើយនឹងសំណួរ។ ច្បាប់នៃនគរបានចែងថា បណ្តាជនត្រូវបង់ពន្ធជូនដល់លោកនេហេមាដើម្បីជួយផ្គត់ផ្គង់ជាស្បៀងអាហារដល់លោក។ បណ្តាជនជំពាក់ប្រាក់នេះចំពោះលោកនេហេមាពីព្រោះលោកគឺជាអ្នកគ្រប់គ្រងលើស្រុកយូដា។ ប៉ុន្តែលោកនេហេមាពុំដែលបង្ខិតបង្ខំបណ្តាជនឲ្យបង់ពន្ធសម្រាប់ស្បៀងអាហាររបស់លោកក្នុងនាមជាអ្នកដឹកនាំឡើយ។ តើមានមូលហេតុអ្វីបានជាលោកនេហេមាពុំបានបង្ខិតបង្ខំឲ្យពួកគេបង់ពន្ធលើរឿងនេះ?
តើលោកនេហេមាបានសរសេរខគម្ពីរនេហេមា ៥:១៤‑១៩ នេះនៅពេលណា? យើងគិតថា លោកបានសរសេររឿងទាំងនេះបន្ទាប់ពីលោកបានវិលត្រឡប់ទៅរាជវាំងរបស់ស្តេចអើថាស៊ើកសេសវិញ។ លោកនេហេមាបានធ្វើជាចៅហ្វាយលើស្រុកយូដាអស់រយៈពេល១២ឆ្នាំ។ ក្នុងអំឡុងពេលនេះ លោកមានសិទ្ធិនឹងប្រមូលប្រាក់ពីប្រជាជនយូដាដើម្បីយកមកផ្គត់ផ្គង់អាហាររបស់លោក។ ប៉ុន្តែ លោកនេហេមាពុំបានធ្វើបែបនោះឡើយ។ លោកបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់លោកវិញ។ លោកថែម‑ ទាំងបានទទួលបន្ទុកលើសេចក្តីត្រូវការរបស់គ្រួសាររបស់លោក និងគ្រប់ស្ថាប័នទាំងអស់ក្នុងស្រុកយូដាទាំងមូលទៀតផង។ ហេតុនោះ នៅគ្រាដែលលោកនេហេមាបានបញ្ចប់កិច្ចបម្រើជាចៅហ្វាយស្រុក ច្បាស់ណាស់គឺលោកបានចំណាយប្រាក់ផ្ទាល់ខ្លួនរបស់លោកអស់ច្រើនណាស់។ ប៉ុន្តែ លោកនេហេមាពុំមែនមកធ្វើការនៅស្រុកយូដាដើម្បីធ្វើជាអ្នកមាននោះឡើយ។ ផ្ទុយទៅវិញលោកនេហេមាគឺជាអ្នកមានស្រាប់ហើយ។ ហេតុនោះហើយបានជាលោកអាចឧបត្ថម្ភដល់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃដល់មនុស្សជាច្រើនបាន។ លោកក៏បានផ្តល់អាហារយ៉ាងច្រើនដល់មនុស្សដទៃទៀតក្នុងអំឡុងគ្រានោះដែរ (នេ‑ហេមា ៥:១៧, ១៨)។
តើលោកនេហេមាមានប្រសាសន៍អ្វីខ្លះនៅក្នុងខគម្ពីរនេហេមា ៥:១៩? តើគោលគំនិតនេះបង្ហាញប្រាប់សេចក្តីពិតស្តីអំពីដំណឹងល្អអ្វីខ្លះដល់យើង?
លោកនេហេមាបានបង្ហាញគំរូដ៏ល្អរបស់លោកដែលបានយកព្រះអម្ចាស់ និងការបម្រើព្រះជាទីមួយ។ គំរូរបស់លោកនេហេមាគឺជាមេរៀនដ៏ល្អសម្រាប់យើងទាំងអស់គ្នា។ ការបម្រើព្រះដោយមិនត្រូវចំណាយច្រើនវាជាការងាយស្រួលទេ។ ប៉ុន្តែតើមានគ្នាយើងប៉ុន្មាននាក់ដែលនឹងហ៊ានធ្វើដូចជាលោកនេហេមាដែលយកព្រះជាទីមួយធំជាងមុខរបរផ្ទាល់ខ្លួនរបស់លោកនោះ?
សូមអានខគម្ពីរភីលីព ២:៣‑៨។ តើមានក្បួនច្បាប់អ្វីខ្លះដែលបានបង្ហាញនៅក្នុងខទាំងនេះ? តើលោកអ្នកអាចធ្វើយ៉ាងដូចម្តេចខ្លះដើម្បីឲ្យក្បួនច្បាប់ទាំងនេះរះឡើងក្នុងជីវិតរបស់លោកអ្នកនាពេលឥឡូវនេះ?
ថ្ងៃសុក្រ ទី១ វិច្ឆិកា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “A Rebuke Against Exortion,” pages 646-652, in Prophets and Kings.
«លោកនេហេមាបានរៀនសូត្រអំពីអ្វីដែលកំពុងកើតឡើង។ ពួកអ្នកមានពុំបានផ្តល់យុត្តិធម៌ដល់អ្នកក្រឡើយ។ ចិត្តរបស់លោកបានប្រែជាខឹងសម្បាយ៉ាងខ្លាំងនឹងអ្វីដែលកំពុងកើតឡើងចំពោះអ្នកក្រ។ លោកមានប្រសាសន៍ថា លោកមានការខឹងសម្បាខ្លាំងណាស់ពេលដែលលោកបានឮការតវ៉ារបស់ពួកគេ។ លោកនេហេមាយល់ឃើញថា លោកត្រូវតែក្រោកឈរឡើងដើម្បីភាពយុត្តិធម៌ និងភាពត្រឹម ត្រូវ និងដើម្បីបពា្ឈប់កុំឲ្យមានការប្រព្រឹត្តខុសបែបនេះកើតឡើងក្នុងស្រុកនេះតទៅទៀត។ ហេតុនោះ លោកក៏បានធ្វើកិច្ចការមួយដើម្បីជួយដល់ប្រជាជនរបស់លោក»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 648, adapted។
«ព្រះយេស៊ូវបានប្រទានក្បួនច្បាប់ដ៏សំខាន់មួយដល់យើង។ ប្រសិនបើអនុវត្តតាមក្បួនច្បាប់នេះ យើងនឹងមិនត្រូវធ្វើពិធីស្បថស្បែទៀតឡើយ។ ព្រះយេស៊ូវបានបង្រៀនយើងថា យើងគួរតែនិយាយតែសេចក្តីពិតប្រាកដតែប៉ុណ្ណោះ។ ‘ត្រូវឲ្យចេញសំដីថាតែមែនៗ ឬ ទេៗប៉ុណ្ណោះ សេចក្ដីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ’»។ ដកស្រង់ពី Ellen G. White, Thoughts From the Mount of Blessings, page 67, adapted។
«ក្បួនច្បាប់របស់ព្រះយេស៊ូវក្នុងខគម្ពីរម៉ាថាយ ៥:៣៧ ដាស់តឿនយើងកុំឲ្យយើងនិយាយពាក្យមិនពិតឥតបានការ។ ក្បួនច្បាប់នេះក៏ដាស់តឿនយើងកុំឲ្យប្រើពាក្យពេចន៍ ដែលគ្រោតគ្រាត ឬ អសុរោះដែរ។ ក្បួនច្បាប់របស់ព្រះអង្គក៏ដាស់តឿនយើងកុំឲ្យនិយាយបញ្ចើចបញ្ចើដល់មនុស្សទាំងឡាយដែរ។ ក្បួនច្បាប់របស់ព្រះអង្គព្រមានយើងកុំឲ្យនិយាយកុហក ឬមួលបង្កាច់សេចក្តីពិត។ ក្បួនច្បាប់របស់ព្រះអង្គបង្រៀនយើងកុំឲ្យនិយាយកុហកគេពេលយើងប្រកបមុខរបរអ្វីមួយ។ មានតែមនុស្សលោកិយ ទេដែលចូលចិត្តកុហកបោកប្រាស់គ្នា។ ក្បួនច្បាប់របស់ព្រះយេស៊ូវបង្រៀនយើងថា យើងមិនគប្បីនិយាយបន្ថែមបន្ថយឲ្យខុសពីការពិតសោះឡើយ។ ពាក្យសម្តីរបស់យើងត្រូវតែនិយាយការពិតដែលចិត្តរបស់ យើងដឹងជានិច្ច។ មានតែធ្វើបែបនេះទេទើបពាក្យសម្តីរបស់យើងអាចពិតត្រង់ជានិច្ចបាន»។ ដកស្រង់ពីប្រភពដដែល ទំព័រ ៦៨។
សំនួរពិភាក្សា៖
- តើអ្វីខ្លះទៅដែលជាហេតុផលចំបងៗនៃបញ្ហាដែលយើងមានពាក់ព័ន្ធនឹងរឿងលុយកាក់ មិត្តភាព និងគ្រួសារ? ហេតុអ្វីបានជាភាពអាត្មានិយមជាចម្លើយទៅនឹងសំណួរនេះ? តើយើងអាចធ្វើអ្វីបានខ្លះដើម្បីការពារចិត្តរបស់យើងកុំឲ្យដួលចុះតាមភាពអាត្មានិយមនេះ?
- តើរាស្ត្ររបស់ព្រះអាចរៀនជៀសវាងភាពលោភលន់ដោយរបៀបដូចម្តេចដែរ? តើព្រះទ្រង់ប្រទានឱវាទអ្វីខ្លះដល់យើងដើម្បីឲ្យអាចយកឈ្នះលើភាពលោភលន់ក្នុងចិត្តរបស់យើង? សូមសិក្សាខគម្ពីរទាំងនេះដើម្បីរកចម្លើយ៖ អេសាយ ៥៨:៣‑១២ និង មីកា ៦:៦‑៨។