ថ្ងៃសៅរ៍ ទី៤ ឧសភា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ២:៧, បទចម្រៀងសាឡូម៉ូន ១:២, ១៣, កូរិនថូសទី១ ៧:៣‑៥, បទចម្រៀងសាឡូម៉ូន ៤:៨‑៥:១។
ខចងចាំ៖ «សូមផ្តិតខ្ញុំម្ចាស់និត្យនៅព្រះទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិត សេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់ ហើយចំហួលនៃសេចក្តីនោះក៏ជាចំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ» (បទចម្រៀងសាឡូម៉ូន ៨:៦)។
អាពាហ៍ពិពាហ៍ គឺជាដំណាក់កាលផ្លាស់ប្តូរដ៏ធំបំផុតមួយក្នុងជីវិត។ វានាំមកនូវបញ្ហាផង និងព្រះពរផង។ ព្រះពរមួយនោះគឺជាអំណោយទានខាងផ្លូវភេទ។ ការរួមភេទគឺជាវិធីដ៏អស្ចារ្យមួយដើម្បីបង្ហាញឲ្យឃើញនូវសេចក្តីស្រឡាញ់។ ប៉ុន្តែការរួមភេទតោងធ្វើឡើងនៅកន្លែង និងពេលវេលាដ៏ត្រឹមត្រូវ ពោលគឺ៖ ក្នុងរង្វង់អាពាហ៍ពិពាហ៍។ មនុស្សជាច្រើនសព្វថ្ងៃនេះគិតថា ព្រះគម្ពីរប្រឆាំងនឹងរឿងរួមភេទ។ ទេ មិនពិតទេ! ព្រះជាម្ចាស់ទ្រង់ពុំបានប្រឆាំងនឹងការរួមភេទឡើយ។ ព្រះអង្គជាអ្នកបង្កើតវាទៅវិញទេ។ ប៉ុន្តែ ព្រះទ្រង់ ចង់ឲ្យលោកអ្នកមានអំណរនឹងអំណោយទាននេះជាមួយនឹងមនុស្សដែលលោកអ្នករៀបការជាមួយតែប៉ុណ្ណោះ។
បទចំរៀងសាឡូម៉ូនបង្ហាញប្រាប់យើងថា សេចក្តីស្រឡាញ់ និងការរួមភេទក្នុងរង្វង់អាពាហ៍ពិពាហ៍អាចជារឿងដ៏ប្រពៃណាស់។ ពិតមែនហើយ បទចំរៀងសាឡូម៉ូនគឺជាផ្នែកមួយនៃព្រះគម្ពីរដែរ។ ប៉ុន្តែ វាបានប្រាប់យើងអំពីចំណុចសំខាន់ៗជាច្រើនស្តីអំពីស្នេហា។ វាគឺជាសាច់រឿងរបស់ស្រីក្រមុំម្នាក់ដែលជាសាសន៍ស៊ូឡាម។ មនុស្សជាច្រើនជឿថា ស្វាមីរបស់នាងគឺជាស្តេចសាឡូម៉ូន។ ពួកគេគិតថា បទចំរៀងសាឡូម៉ូនគឺជារូបស័ព្ទដ៏វែងអន្លាយមួយ។ ពួកគេជឿថា កណ្ឌគម្ពីរនេះគឺជានិមិត្តរូបនៃសេចក្តី ស្រឡាញ់របស់ព្រះដែលមានចំពោះពួកជំនុំរបស់ព្រះអង្គ។ ប៉ុន្តែ ដំបូងឡើយយើងតោងនឹកចាំថា បទចំរៀងសាឡូម៉ូនគឺជាកំណាព្យស្នេហាជាមុនសិន។ វាគឺជាការរៀបរាប់អំពីសេចក្តីស្រឡាញ់ដ៏ពិតប្រាកដមួយរវាងបុរសម្នាក់ និងស្ត្រីម្នាក់។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលអាពាហ៍ពិពាហ៍នៅក្នុងបទចំរៀងសាឡូម៉ូន។
ថ្ងៃអាទិត្យ ទី៥ ឧសភា ឆ្នាំ២០១៩
អំណោយទានជីវិត និងការរួមភេទ
តើព្រះគម្ពីរបង្រៀនយើងអ្វីខ្លះអំពីរូបកាយរបស់មនុស្ស? សូមអានខគម្ពីរ លោកុប្បត្តិ ២:៧, ទំនុកតម្កើង ៦៣:១, ៨៤:២, កូរិនថូសទី១ ៦:១៩, ២០, ថែស្សាឡូនីចទី១ ៥:២៣ សំរាប់ចម្លើយ។
សាសនាខ្លះជឿថា រូបកាយមនុស្សលោកគឺអាក្រក់ណាស់។ ប៉ុន្តែ ពួកគេនិយាយថា «វិញ្ញាណ» នៅខាងក្នុងរូបកាយ គឺល្អ។ ប៉ុន្តែ ព្រះគម្ពីរពុំបានចែងយ៉ាងនោះឡើយ។ ព្រះគម្ពីរបង្រៀនថា មនុស្សគ្រប់រូបមាន «រូបកាយ» និង «វិញ្ញាណ» (លោកុប្បត្តិ ២:៧)។ ព្រះទ្រង់បង្កើតយើងមកតាមរបៀបនេះឯង។ ហេតុនោះហើយបានជាអ្នកនិពន្ធនៃទំនុកតម្កើង ៦៣:១ និង ៨៤:២ ថ្វាយបង្គំព្រះដោយរូបកាយ និងវិញ្ញាណរបស់លោក។ លោកថ្វាយបង្គំព្រះដោយតួអង្គទាំងមូលរបស់គាត់តែម្តង។
តើបទចំរៀងសាឡូម៉ូនបង្រៀនយើងអ្វីខ្លះអំពីរូបកាយមនុស្ស និងការរួមភេទ? សំរាប់ចម្លើយ សូមអានសាឡូម៉ូន ១:២, ១៣, ២:៦, ៥:១០‑១៦, និង ៧:១‑៩។ តើខគម្ពីរទាំងនេះបង្ហាញប្រាប់យើងយ៉ាងដូចម្តេចអំពីព្រះគម្ពីរដែលបង្រៀនថា រូបកាយមនុស្ស និងការរួមភេទគឺជាអំណោយទានមកពីព្រះ?
បទចំរៀងសាឡូម៉ូនបង្ហាញប្រាប់យើងថា រូបកាយមនុស្សគឺមានភាពស្រស់ស្អាតខ្លាំងណាស់។ បទនេះក៏បង្រៀនផងដែរថា យើងមិនគួរមានអារម្មណ៍ថា អៀនខ្មាស ឬមានទោសពៃរ៍ដោយសារតែការរួមភេទជាមួយប្តី ឬប្រពន្ធរបស់យើងនោះឡើយ។ ការរួមភេទរវាងស្វាមីភរិយាដែលស្រឡាញ់គ្នាពុំមែនជារឿងអាក្រក់ ឬ «ស្មោកគ្រោក» ឡើយ។
នៅតាមប្រទេសខ្លះ និងសាសនាខ្លះ គេមិនអនុញ្ញាតឲ្យនិយាយអំពីរឿងរួមភេទឡើយ។ ហេតុនោះ ការនិយាយគ្នាអំពីការរួមភេទសំរាប់ស្វាមីភរិយាគឺជារឿងដ៏ពិបាកណាស់។ ព្រះគម្ពីរបានលើកយកប្រធានបទនេះមកនិយាយយ៉ាងទូលំទូលាយ។ ហេតុនោះ យើងគួរមានអារម្មណ៍ល្អក្នុងការនិយាយអំពី ប្រធានបទនេះជាមួយគូស្វាមីភរិយារបស់យើងដែរ។ ព្រះគម្ពីរបង្រៀនយើងឲ្យចេះគោរពឲ្យតម្លៃដល់អំណោយទាននៃការរួមភេទ។ វាគឺជាអំណោយទានដ៏វិសេសថ្លៃថ្លាបំផុតមកពីព្រះ។
មនុស្សខ្លះ និងសាសនាខ្លះបង្រៀនថា ការរួមភេទគឺជារឿងស្មោកគ្រោក និងខុសឆ្គង។ រីឯ មនុស្សខ្លះទៀត និងសាសនាខ្លះទៀតជឿថា យើងមិនគួរនិយាយអំពីការរួមភេទសោះឡើយ។ តើព្រះគម្ពីរបង្ហាញប្រាប់យើងយ៉ាងដូចម្តេចខ្លះថា គោលគំនិតទាំងពីរមិនត្រឹមត្រូវ?
ថ្ងៃច័ន្ទ ទី៦ ឧសភា ឆ្នាំ២០១៩
សេចក្តីស្នេហាក្នុងបទចំរៀងសាឡូម៉ូន
បទចំរៀងសាឡូម៉ូនបង្ហាញប្រាប់យើងអំពីលក្ខណៈខុសគ្នាជាច្រើននៃសេចក្តីស្នេហា។ តើលក្ខណៈទាំងនោះមានអ្វីខ្លះ? សំរាប់ចម្លើយ សូមអានខគម្ពីរ ចំរៀងសាឡូម៉ូន ១:២, ១៣, ២:១០‑១៣, ១៦, ៣:១១, ៤:១‑៧, ៥:១៦, ៦:៦, ៧:១‑៩, ៨:៦, ៧។
បទចំរៀងសាឡូម៉ូនបង្ហាញប្រាប់យើងថា មិត្តសំឡាញ់តែងចំណាយពេលជាមួយគ្នា។ មិត្តសំឡាញ់ក៏ប្រាស្រ័យទាក់ទងគ្នា ហើយក៏យកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមកដែរ។ នៅក្នុងបទចំរៀងសាឡូម៉ូន យើងឃើញមិត្តសំឡាញ់ពីរនាក់បានរៀបការនឹងគ្នា។ ភរិយាលើកឡើងអំពីស្វាមីរបស់នាងថាជា «ស្ងួនសំឡាញ់» (បទចំរៀងសាឡូម៉ូន ៥:១៦)។ មានពរហើយមនុស្សណាដែលបានរៀបការជាមួយនឹងមិត្តដ៏ពិសេសរបស់ខ្លួន។
នៅក្នុងបទចំរៀងសាឡូម៉ូន គូស្នេហ៍នេះបានបង្ហាញសេចក្តីស្នេហារបស់ពួកគេតាមរូបារម្មណ៍ជាច្រើន។ ពួកគេពោលសរសើរសម្រស់គ្នាទៅវិញទៅមក។ ពួកគេពណ៌នាពីគ្នាទៅវិញទៅមកផងដែរ។ ឥរិយាបថដែលពួកគេសំដែងចេញមកសុទ្ធតែបង្ហាញឲ្យឃើញថា ពួកគេស្រឡាញ់គ្នាខ្លាំងណាស់។ ព្រះទ្រង់បានប្រទានអំណោយនៃការរួមភេទដល់ពួកគេដើម្បីឲ្យពួកគេមានការស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំងឡើងថែមទៀត។ ប៉ុន្តែ គូស្វាមីភរិយាទាំងឡាយតោងតែអនុញ្ញាតឲ្យសេចក្តីស្រឡាញ់របស់ព្រះជ្រួតជ្រាបចូលដល់ទីជម្រៅនៃដួងចិត្តរបស់ពួកគេជាមុនសិន។
មនុស្សលោកបានបាត់បង់និស្ស័យនៃសេចក្តីស្រឡាញ់ពីធម្មជាតិទៅហើយ ដោយសារតែពួកយើងមានបាបនោះឯង។ ចិត្តថ្លើមរបស់យើងមានដិតដាមដោយភាពអាត្មានិយម។ រីឯសេចក្តីស្រឡាញ់ដ៏ពិតប្រាកដវិញគឺបានមកពីព្រះវិញ្ញាណបរិសុទ្ធឯណោះទេ (រ៉ូម ៥:៥)។ សេចក្តីស្រឡាញ់នេះហើយដែលភ្ជាប់ស្វាមី និងភរិយាឲ្យរួមរស់ជាមួយគ្នា។ សេចក្តីស្រឡាញ់នេះមិនអាត្មានិយមឡើយ។ វាក៏ជួយភ្ជាប់ពួកអ្នកជឿឲ្យចូលរួមជាមួយនឹងពួកជំនុំដែរ។ បទចំរៀងសាឡូម៉ូនក៏លើកទឹកចិត្តដល់យើងឲ្យចេះ ស្រឡាញ់ស្វាមីភរិយារបស់ខ្លួនដោយសេចក្តីស្រឡាញ់បែបនេះឯង។
តើអាពាហ៍ពិពាហ៍បង្ហាញប្រាប់យើងថា ព្រះទ្រង់ចង់ស្និទ្ធស្នាលនឹងយើងយ៉ាងដូចម្តេចដែរ? តើលោកអ្នកមានកាតព្វកិច្ចអ្វីខ្លះដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍មានភាពស្រស់បំព្រងឡើង? តើគួរចំណាយពេលជាមួយគ្នាទេ? តើមិនត្រូវមានភាពអាត្មានិយមទេមែនទេ? ហេតុអ្វីបានកិច្ចទាំងនេះសំខាន់ម៉្លេះប្រសិនបើយើងចង់មានភាពស្និទ្ធស្នាលនឹងព្រះ?
ថ្ងៃអង្គារ ទី៧ ឧសភា ឆ្នាំ២០១៩
ចំណេះដឹងដែលបានមកពីសេចក្តីស្រឡាញ់
តើអ្វីទៅដែលជាផែនការដំបូងរបស់ព្រះសំរាប់ស្វាមី និងភរិយានៅក្នុងសួនអេដែន? ព្រះទ្រង់ សព្វព្រះទ័យឲ្យពួកគេ «ក្លាយជាសាច់តែមួយ (ចិត្ត គំនិត វិញ្ញាណ និងរូបកាយ)» (លោកុប្បត្តិ ២:២៤, ២៥)។ អ្នកខ្លះគិតថា គោលបំណងនៃបទចំរៀងសាឡូម៉ូនគឺចង់នាំគូស្វាមីភរិយាត្រឡប់ទៅរកផែនការដើមសំរាប់អាពាហ៍ពិពាហ៍ក្នុងសួនអេដែនឡើងវិញ។ រឿងនោះប្រហែលជាពិតមែនហើយ។ បទចំរៀង នេះបានប្រើពាក្យពេចន៍ និងរូបារម្មណ៍យ៉ាងពីរោះ ដែលបង្ហាញប្រាប់យើងអំពីផែនការរបស់ព្រះសំរាប់គូស្វាមីភរិយាឲ្យក្លាយមកជា «សាច់តែមួួយ»។
តើបទចំរៀងសាឡូម៉ូនបង្ហាញប្រាប់យើងអំពីសេចក្តីស្រឡាញ់រវាងស្វាមីនិងភរិយាយ៉ាងដូចម្តេចខ្លះ? សូមអានបទចំរៀងសាឡូម៉ូន ៤:៧‑៥:១។ តើខគម្ពីរកូរិនថូសទី១ ៧:៣‑៥ ជួយយើងឲ្យយល់អ្វីខ្លះអំពីខគម្ពីរបទចំេរៀងសាឡូម៉ូនទាំងនេះ ឲ្យកាន់តែប្រសើរឡើងនោះ?
ស្តេចសាឡូម៉ូនបានមានបន្ទូលទៅកាន់មហេសីថ្មោងថ្មីថា « ចូរ ទៅជាមួយនឹងបង» (បទចំរៀងសាឡូម៉ូន ៤:៨, គខប)។ មហេសីរបស់ព្រះអង្គក៏បានឆ្លើយតប។ ក្រោយមក ព្រះនាងបានស្នើឲ្យព្រះអង្គ យាង «ចូលក្នុងសួនឧទ្យាន» របស់ព្រះអង្គ ដើម្បីជួបនឹងព្រះនាង (បទចំរៀងសាឡូម៉ូន ៤:១៦, គខប)។ ស្តេចសាឡូម៉ូនក៏បានឆ្លើយតបវិញ (បទចំរៀងសាឡូម៉ូន ៥:១)។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសេចក្តីស្រឡាញ់? ខទាំងនេះបង្រៀនយើងថា សេចក្តីស្រឡាញ់ពុំបានបង្ខំនរណាម្នាក់ឲ្យធ្វើអ្វីមួយឡើយ។ ទាំងស្តេចសាឡូម៉ូន និងមហេសីរបស់ព្រះអង្គស្រឡាញ់គ្នាដោយសុទ្ធចិត្ត។ ស្តេចសាឡូម៉ូនពុំបានបង្ខិតបង្ខំមហេសីរបស់ព្រះអង្គឲ្យស្រឡាញ់ព្រះអង្គឡើយ។ ព្រះនាងក៏ពុំបានបង្ខំព្រះអង្គឲ្យស្រឡាញ់ព្រះនាងវិញដែរ។
នាមឈ្មោះ «សាឡូម៉ូន» និង «ស៊ូឡាម» (បទចំរៀងសាឡូម៉ូន ៦:១៣) មានប្រភពចេញពីពាក្យហេព្រើរថា «សាឡូម» ដែលមានន័យថា «សេចក្តីសុខសាន្ត» ឬការរួមគ្នា «ជាធ្លុងតែមួយ ឬទាំងស្រុង»។ ទាំងស្តេចសាឡូម៉ូន និងព្រះនាងស៊ូឡាមសុទ្ធទទួលអារម្មណ៍ថាមានសេចក្តីសុខពីព្រោះពួកគេបានចែករំលែកសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក (បទចំរៀងសាឡូម៉ូន ៤:១‑៥, ៥:១០‑១៦)។ ព្រះនាងស៊ូឡាមបន្លឺឡើងថា៖ «ស្ងួនសំឡាញ់ខ្ញុំជារបស់ផងខ្ញុំ ខ្ញុំក៏ជារបស់ផងទ្រង់ដែរ» (បទចំរៀងសាឡូម៉ូន ២:១៦)។ ពាក្យពេចន៍របស់ព្រះនាងក៏ដូចជាពាក្យពេចន៍របស់លោកអ័ដាមក្នុងពេលដែលព្រះទ្រង់បាននាំនាងអេវ៉ាមកឯលោកក្នុងសួនអេដែនដែរ៖ នេះហើយជាឆ្អឹងពីឆ្អឹងខ្ញុំ ជាសាច់ពីសាច់ខ្ញុំ និងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក (លោកុប្បត្តិ ២:២៣)។
ព្រះគម្ពីរបានប្រើពាក្យ «ស្គាល់» ឬ «រួមរស់ជាមួយ» ដើម្បីពន្យល់អំពីសេចក្តីស្រឡាញ់ និងការរួមភេទរវាងបុរស និងស្ត្រីដែលបានរៀបការជាមួយគ្នា។ សូមមើលការប្រើពាក្យនេះនៅក្នុងខគម្ពីរផ្សេងទៀត៖ លោកុប្បត្តិ ៤:២៥, សាំយ៉ូអែលទី១ ១:១៩, លូកា ១:៣៤, យ៉ូហាន ១៧:៣, កូរិន‑ថូសទី១ ៨:៣។ តើខទាំងនេះជួយយើងឲ្យយល់កាន់តែប្រសើរឡើងអំពីផែនការរបស់ព្រះលើប្រធានបទសេចក្តីស្រឡាញ់ និងការរួមភេទក្នុងអាពាហ៍ពិពាហ៍យ៉ាងដូចម្តេចដែរ?
ថ្ងៃពុធ ទី៨ ឧសភា ឆ្នាំ២០១៩
សេចក្តីស្រឡាញ់តាមពេលវេលាត្រឹមត្រូវ
សូមអានខគម្ពីរ បទចំរៀងសាឡូម៉ូន ៤:៨‑៥:១។
បទចំរៀងសាឡូម៉ូនគឺជាបទកំណាព្យស្នេហ៍ដ៏ស្រស់បំព្រង។ ខ១៦នៃជំពូក៤ និង ខ១នៃជំពូក៥ គឺជាចំណុចសំខាន់នៃបទចំរៀងនេះ។ ខទាំងនេះបង្ហាញប្រាប់យើងអំពីអ្វីដែលកើតឡើងពេលដែលស្តេចសាឡូម៉ូន និងព្រះនាងស៊ូឡាមនៅទីបំផុតក៏បានរៀបការនឹងគ្នា។
សូមអានបទចំរៀងសាឡូម៉ូន ៤:១២, ១៦, ៥:១, និង ៨:៨‑១០។ តើស្តេចសាឡូម៉ូនកំពុងមានបន្ទូលអំពីអ្វីខ្លះនៅក្នុងខទាំងនេះ?
បទចំរៀងសាឡូម៉ូនបង្ហាញប្រាប់យើងអំពីផែនការរបស់ព្រះសំរាប់ការរួមភេទ។ ព្រះទ្រង់ពុំសព្វព្រះទ័យឲ្យមនុស្សលោករួមភេទជាមួយគ្នាមុនពួកគេរៀបការឡើយ។ យើងឃើញសេចក្តីពិតនេះនៅក្នុងសាច់រឿងអំពីព្រះនាងស៊ូឡាមក្នុងកាលដែលព្រះនាងនៅវ័យជំទង់នៅឡើយ។ ពួកបងប្រុសរបស់ព្រះនាងលើកជាចម្ងល់ថា តើព្រះនាងនឹងធំឡើងជា «កំផែង» ឬជា «ក្របទ្វារ» យ៉ាងដូចម្តេចបាន (បទចំរៀងសាឡូម៉ូន ៨:៨, ៩)។ នៅទីនេះ កំផែងគឺជារូបស័ព្ទតំណាងឲ្យស្ត្រីដែលពុំទាន់រួមភេទមុនដែលនាងរៀបការ។ ក្របទ្វារគឺជារូបស័ព្ទតំណាងឲ្យស្ត្រីដែលរួមភេទមុនពេលរៀបការ។ មុនពេលរៀបការ ព្រះនាងស៊ូឡាមអះអាងថា «ខ្ញុំជាកំផែងពិត» (បទចំរៀងសាឡូម៉ូន ៨:១០)។ ពាក្យពេចន៍របស់ព្រះនាងគឺជាតម្រុយមួយប្រាប់ថា ព្រះនាងពុំទាន់បានរួមភេទជាមួយនរណាម្នាក់នៅឡើយ។ នៅរាត្រីទឹកឃ្មុំ ស្តេចសាឡូម៉ូនប្រាប់យើងថា ព្រះនាងស៊ូឡាមគឺជា «សួនច្បារ» ដែលមានរបងការពារ។ សួនច្បារដែលមានរបងការពារគឺជារូបស័ព្ទមួយ ដែលមានន័យថា ព្រះនាងស៊ូឡាមពុំធ្លាប់រួមភេទមុនដែលព្រះនាងរៀបការឡើយ (បទចំរៀងសាឡូម៉ូន ៤:១២)។ ហេតុនោះហើយបានជាព្រះនាងស៊ូឡាមអាចប្រាប់ទៅមិត្តភក្តិរបស់ព្រះនាងឲ្យយកគំរូតាមព្រះនាង។ ពួកគេតោងតែគិតអំពីអាពាហ៍ពិពាហ៍ឲ្យបានហ្មត់ចត់។ ព្រះនាងស៊ូឡាមបានមានបន្ទូលទៅកាន់ក្រុមស្ត្រីមួយក្រុមដែលមានឈ្មោះថា «កូនស្រីនៃក្រុងយេរូសាឡិម» ចំនួនបីដង។ ព្រះនាងបានដាស់តឿនពួកគេកុំឲ្យរួមភេទមុនពេលរៀបការឲ្យសោះ (បទចំរៀងសាឡូម៉ូន ២:៧, ៣:៥, ៨:៤)។ គឺពេលរៀបការនោះហើយដែលជាពេលត្រឹមត្រូវ និងមានសុវត្ថិភាព។
បន្ទាប់មក ស្តេចសាឡូម៉ូនក៏សូមយាងមហេសីឲ្យចេញមកជាមួយព្រះអង្គ (បទចំរៀងសាឡូម៉ូន ២:១០, ៤:៨)។ មុនពេលរៀបការ ព្រះនាងស៊ូឡាមមិនអាចឆ្្លើយតបថាយល់ព្រមបានទេ។ ប៉ុន្តែ បន្ទាប់ពីរៀបការ ព្រះនាងគឺជាអ្នកដែលយាងព្រះអង្គទៅកាន់សួនឧទ្យានរបស់ព្រះនាង (បទចំរៀងសាឡូម៉ូន ៤:១៦)។ ព្រះអង្គក៏ឆ្លើយតបថាយល់ព្រម (បទចំរៀងសាឡូម៉ូន ៥:១)។ ស្តេចសាឡូម៉ូនពុំមែនស្រឡាញ់ព្រះនាងស៊ូឡាមដោយសារតែសម្រស់ដ៏ស្រស់សោភារបស់ព្រះនាងតែមួយមុខនោះឡើយ។ គឺព្រះអង្គបានស្រឡាញ់ព្រះនាងដោយអស់ពីដួងចិត្តតែម្តង (បទចំរៀងសាឡូម៉ូន ៤:១០)។ ព្រះអង្គទ្រង់សប្បាយព្រះទ័យ និងមានក្តីរំភើបណាស់ដែលព្រះនាងព្រមធ្វើជាមហេសីនាពេលនេះតរៀងទៅ។ ព្រះនាងគឺជារបស់ព្រះអង្គតែមួយប៉ុណ្ណោះ (បទចំរៀងសាឡូម៉ូន ៤:១២)។ ឥឡូវនេះ ព្រះអង្គបានរួមរស់ជាមួយនឹងស្ត្រីដ៏គ្រប់លក្ខណ៍មួយរូប។ រឿងនេះប្រៀបដូចស្តេចសាឡូម៉ូនធ្វើដំណើរចូលទៅកាន់ទឹកដីសន្យាយ៉ាងដូច្នោះដែរ (បទចំរៀងសាឡូម៉ូន ៤:១១)។
ថ្ងៃព្រហស្បតិ៍ ទី៩ ឧសភា ឆ្នាំ២០១៩
ត្រូវការពារអំណោយទានរបស់ព្រះ
ព្រះជាម្ចាស់ទ្រង់បានបង្កើតមនុស្សលោកមកជាប្រុសជាស្រីសំរាប់មូលហេតុពិសេសមួយ (លោកុប្បត្តិ ១:២៦‑២៨)។ មនុស្សលោកទាំងប្រុសទាំងស្រីបង្ហាញប្រាប់យើងអំពី «រូបអង្គ» នៃព្រះ និង «ភាពដូចគ្នា» នៃព្រះ (លោកុប្បត្តិ ១:២៦)។ ប៉ុន្តែពេលដែលបុរសបានរួមរស់ជាមួយនឹងស្រ្តីដែលគាត់រៀបការ ពួកគេក៏ក្លាយជា «សាច់តែមួយ» (លោកុប្បត្តិ ២:២៤)។ អាពាហ៍ពិពាហ៍បង្ហាញប្រាប់យើងអំពីរបៀបដែលព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធរួមគ្នាមកជាព្រះតែមួយ។ នោះហើយគឺជាផែនការរបស់ព្រះដែលអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍។ ព្រះអង្គចង់យកអាពាហ៍ពិពាហ៍មកបង្ហាញប្រាប់យើងថា ព្រះអង្គគឺជាអ្នកណា។ ពេលណាស្វាមី និងភរិយាមានកូន ពួកគេបង្ហាញឲ្យឃើញអំពីព្រះចេស្តារបស់ព្រះដែលអាចបង្កើតជីវិតថ្មីបាន។
តើការរួមភេទណាខ្លះដែលព្រះគម្ពីរចែងថា មិនមែនជាផែនការរបស់ព្រះទេនោះ? សូមអាន លេវីវិន័យ ២០:៧‑២១, រ៉ូម ១:២៤‑២៧ និង កូរិនថូសទី១ ៦:៩‑២០ ដើម្បីរកចម្លើយ។
ព្រះគម្ពីរបង្ហាញប្រាប់យើងថា ការរួមភេទទាំងឡាយណាដែលរំលងច្បាប់របស់ព្រះគឺមិនត្រឹមត្រូវទេ។ វាគឺជាអំពើបាប។ អំពើបាបខាងផ្លូវភេទបំផ្លាញរូបអង្គរបស់ព្រះក្នុងជីវិតមនុស្សលោក។ ព្រះទ្រង់ដឹកនាំរាស្ត្ររបស់ព្រះឲ្យមានការរួមភេទដែលអនុលោមតាមច្បាប់របស់ព្រះអង្គ។ ក្រឹត្យវិន័យរបស់ព្រះបង្ហាញប្រាប់យើងអំពីបាបរបស់យើង។
តើព្រះគម្ពីរផ្តល់ឱវាទអ្វីខ្លះដល់គ្រីស្ទានស្តីអំពីការរួមភេទ? សូមអាន រ៉ូម ៨:១‑១៤, កូរិន‑ ថូសទី១ ៦:១៥‑២០, កូរិនថូសទី២ ១០:៥, កាឡាទី ៥:២៤, កូល៉ុស ៣:៣‑១០, ថែស្សាឡូនីចទី១ ៥:២៣,២៤ ដើម្បីរកចម្លើយ។
ក្នុងនាមជាគ្រីស្ទាន យើងកំពុងទន្ទឹងរង់ចាំឲ្យព្រះយេស៊ូវសំអាតយើងចេញពីអំពើបាបពេលដែលព្រះអង្គយាងមកវិញ។ យើងរង់ចាំដោយសេចក្តីជំនឿ។ យើងជឿថា ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងធ្វើឲ្យ «ស្លាប់» ខាងឯអំពើបាប។ យើងរស់ក្នុងព្រះយេស៊ូវដោយសារតែព្រះអង្គមាន ព្រះជន្មរស់ឡើងវិញ។ តើយើងត្រូវយកឈ្នះលើសង្គ្រាមប្រឆាំងនឹងអំពើបាបដោយរបៀបណា? យើងមិនត្រូវឈប់ខាននឹងអធិដ្ឋានទេ។ យើងត្រូវឃ្លាំមើលសញ្ញាណាមួយដែលកើតឡើងលើរូបយើង ដែលបង្ហាញថាអំពើបាបកំពុងតែព្យាយាមគ្រប់គ្រងលើជីវិតរបស់យើង។ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យយកឈ្នះលើសង្គ្រាមប្រឆាំងនឹងអំពើបាបបាន។ យើងជឿថា «ជីវិតចាស់» របស់យើងត្រូវបានឆ្កាងនៅលើឈើឆ្កាងហើយ រីឯរូបកាយចាស់របស់យើងក៏ស្លាប់ហើយដែរ។ ឥឡូវនេះយើងស្តាប់បង្គាប់តាមព្រះយេស៊ូវចេញពីចិត្តគំនិតរបស់យើងតែម្តង។ យើងយល់ស្របថា ព្រះទ្រង់គឺជាម្ចាស់លើរូបកាយរបស់យើង។ ហេតុនោះ យើងមិនត្រូវធ្វើអ្វីៗដែលប្រឆាំងទាស់នឹងផែនការរបស់ព្រះឡើយ។
ព្រះទ្រង់នឹងអត់ទោសបាបដល់យើងកាលណាយើងសោកស្តាយនូវអំពើបាបដែលយើងបានប្រព្រឹត្ត ហើយបែរចេញពីវា។ ដំណឹងល្អអំពីព្រះយេស៊ូវផ្តល់អំណាចដល់យើងឲ្យយកឈ្នះលើអំពើបាបខាងផ្លូវភេទបាន។ អំពើបាបបានធ្វើឲ្យយើងឈឺចាប់ច្រើនណាស់។ ហេតុនោះ យើងត្រូវការអំណាចរបស់ព្រះមកព្យាបាលយើង និងធ្វើឲ្យជីវិតផ្លូវភេទរបស់យើងស្រស់បំព្រងឡើង។
ក្នុងនាមជាពួកជំនុំរបស់ព្រះ តើយើងគួរមានអារម្មណ៍បែបណាចំពោះគូស្នេហ៍ដែលមានភេទដូចគ្នា?
ថ្ងៃសុក្រ ទី១០ ឧសភា ឆ្នាំ២០១៩
សិក្សាបន្ថែម
«ព្រះយេស៊ូវប្រទានពរដល់អាពាហ៍ពិពាហ៍។ ហេតុនោះ យើងគួរជឿថា អាពាហ៍ពិពាហ៍គឺ បរិសុទ្ធខ្លាំងណាស់។ សាសនាដ៏ពិតមិនទាស់ទទឹងនឹងផែនការរបស់ព្រះអម្ចាស់ឡើយ។ ផែនការរបស់ព្រះគឺដើម្បីឲ្យបុរស និងស្ត្រីបានរួមរស់ជាមួយគ្នាក្នុងអាពាហ៍ពិពាហ៍បរិសុទ្ធ។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេកសាងគ្រួសារឡើង។ គ្រួសារទាំងនេះគឺជារូបស័ព្ទដ៏រស់តំណាងឲ្យគ្រួសារក្នុងឋានសួគ៌។ នៅពេលដែលព្រះយេស៊ូវបានចាប់ផ្តើមកិច្ចការដំបូងរបស់ព្រះអង្គនៅលើផែនដី ព្រះអង្គបានប្រទានពរអាពាហ៍ពិពាហ៍ ដូចដែលព្រះអង្គបានប្រទានពរអាពាហ៍ពិពាហ៍ក្នុងសួនអេដែន។ ដោយហេតុផលនេះ ព្រះយេស៊ូវបង្ហាញប្រាប់យើងថា ព្រះអង្គនឹងជាផ្នែកមួយនៃអាពាហ៍ពិពាហ៍។ អាពាហ៍ពិពាហ៍គឺជាព្រះពរដ៏អស្ចារ្យបំផុតមួយដែលព្រះទ្រង់បានប្រទានដល់គ្រួសារមនុស្សជាតិ។ ប៉ុន្តែ អាពាហ៍ពិពាហ៍តោងតែបរិសុទ្ធ។ វាតោងតែកើតចេញពីសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះ»។ ដកស្រង់ពី (Ellen G. White, Daughters of God, pages 180, 181, adapted)។
បទចំរៀងសាឡូម៉ូនបង្ហាញប្រាប់ថា ការរួមភេទអាចជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងអាពាហ៍ពិពាហ៍។ ប៉ុន្តែ អាពាហ៍ពិពាហ៍ដ៏ល្អតោងតែគិតអំពីអ្វីៗដែលធំជាងសម្រស់ និងការរួមភេទទៅទៀត។ រូបរាងកាយរបស់យើងតែងតែចាស់ទៅៗ មែនទេ? គ្មានអាហារណា គ្មានការហាត់ប្រាណណា ឬក៏គ្រូកែសម្ផស្សណាអាចរក្សាសម្រស់របស់យើងឲ្យមើលទៅក្មេងរហូតឡើយ។ អាពាហ៍ពិពាហ៍របស់ស្តេចសាឡូម៉ូន និងព្រះនាងស៊ូឡាមគឺធំធេងជាងរបស់ដែលតែងតែប្រែប្រួល និងស្លាប់នោះទៅទៀត។ សេចក្តី ស្នេហារបស់ពួកគេគឺជារៀងរហូត។ ពួកគេបានអះអាងថា ពួកគេនឹងជាម្ចាស់កម្មសិទ្ធិដល់គ្នាទៅវិញទៅមកចំនួនបីដង (បទចំរៀងសាឡូម៉ូន ២:១៦, ៦:៣, ៧:១០)។ សេចក្តីស្រឡាញ់នេះមិនយកអ្វីមកផ្តាច់ចេញបានឡើយ (បទចំរៀងសាឡូម៉ូន ៨:៧) ហើយក៏គ្មានអ្វីអាចមកបំបែកបំបាក់បានដែរ (បទចំរៀងសាឡូម៉ូន ៨:៦)។
សំនួរពិភាក្សា៖
- ស្តេចសាឡូម៉ូនមានបន្ទូលថា មហេសីរបស់ព្រះអង្គល្អគ្រប់លក្ខណ៍ (បទចំរៀងសាឡូម៉ូន ៤:១‑៥, ៦:៨, ៧:១‑៩)។ សូមប្រៀបធៀបបន្ទូលរបស់ស្តេចសាឡូម៉ូនទៅនឹងពាក្យពេចន៍របស់លោកអ័ដាមកាលដែលលោកបានឃើញនាងអេវ៉ាជាលើកដំបូង (លោកុប្បត្តិ ២:២៣)។ តើស្វាមីទាំងឡាយគួរមានអារម្មណ៍ និងគិតយ៉ាងដូចម្តេចខ្លះអំពីភរិយារបស់ពួកគេ (អេភេសូរ ៥:២៨, ២៩)។
- អ្នកខ្លះជឿថា បទចំរៀងសាឡូម៉ូនបង្ហាញប្រាប់យើងអំពីសេចក្តីស្រឡាញ់រវាងព្រះយេស៊ូវនិងពួកជំនុំរបស់ព្រះអង្គ។ សេចក្តីស្រឡាញ់របស់ស្តេចសាឡូម៉ូន និងព្រះនាងស៊ូឡាមបង្ហាញប្រាប់យើងអំពីសេចក្តីស្រឡាញ់របស់ព្រះដល់យើងរាល់គ្នាយ៉ាងដូចម្តេចខ្លះ? សូមអាន អេសាយ ៥៤:៤, ៥, យេរេមា ៣:១៤, និងកូរិនថូសទី២ ១១:២ ដើម្បីជួយលោកអ្នកឆ្លើយទៅនឹងសំណួរនេះ។
- សូមអានសុភាសិត ៣១:២៦, បទចំរៀងសាឡូម៉ូន ៥:១៦, និងសុភាសិត ២៥:១១។ ខទាំងនេះបង្ហាញប្រាប់យើងថា ពាក្យសម្តីរបស់យើងមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះ។ តើពាក្យសម្តីរបស់យើងអាច «បញ្ឈឺចិត្ត» ឬ «ស្អាងចិត្ត» ដល់ស្វាមី ឬភរិយារបស់យើងបានដោយរបៀបណា? តើពាក្យសម្តីរបស់យើងអាចធ្វើឲ្យអាពាហ៍ពិពាហ៍របស់យើង «ខ្សោយចុះ» ឬក៏ «រឹងមាំឡើង» បានយ៉ាងដូចម្តេចខ្លះ? សូមអាន យ៉ាកុប ១:២៦, និង ៣:៥‑១១ ដើម្បីឆ្លើយនឹងសំណួរទាំងនេះ។