មេរៀនទី៦៖ ៣‑៩ សីហា ២០១៩
ថ្វាយបង្គំព្រះអាទិករ
ថ្ងៃសៅរ៍ ទី៣ សីហា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ: ទំនុកតម្កើង ១១៥:១‑៨, ចោទិយកថា ១០:១៧‑២២, អេសាយ ១:១០‑១៧, អេសាយ ៥៨, ម៉ាកុស ១២:៣៨‑៤០។
ខចងចាំ៖ «តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសម្លៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី» (អេសាយ ៥៨:៦, ៧)។
តើលោកអ្នកមើលឃើញអ្វីខ្លះ ពេលដែលលោកអ្នកអានកណ្ឌគម្ពីរដែលសរសេរដោយហោរាគម្ពីរសញ្ញាចាស់? ហោារាគឺជាអ្នកនាំសារពិសេសរបស់ព្រះ។ ពេលដែលលោកអ្នកអានកណ្ឌគម្ពីររបស់ពួកលោក លោកអ្នកមើលឃើញថា ហោរាទាំងឡាយបានយកចិត្តទុកដាក់នឹងមនុស្សទ័លក្រយ៉ាងខ្លាំង។ ពួកលោកមិនសប្បាយឡើយពេលដែលមានការធ្វើបាបមកលើមនុស្សទ័លក្រពីសំណាក់ប្រទេសជិតខាង (សូមអានអេម៉ុស ១ និង២)។ ប៉ុន្តែពួកលោករឹតតែមិនសប្បាយចិត្តខ្លាំងឡើងពេលដែលរាស្ត្ររបស់ព្រះខ្លួនឯងបានធ្វើអាក្រក់ដាក់មនុស្សទ័លក្រ និងមនុស្សកំសត់ទុគ៌ត។ ព្រះទ្រង់បានប្រទានពរ និងអំណោយទានជាច្រើនដល់ពួកគេ។ ហេតុនោះ រាស្ត្ររបស់ព្រះដឹងច្បាស់ហើយថាពួកគេគួរតែមានចិត្តសប្បុរសចំពោះមនុស្សទ័លក្រ។ ប៉ុន្តែពួកគេពុំបានធ្វើដូច្នោះឡើយ។ ហោរាទាំងឡាយក៏បានស្តីបន្ទោសពួកគេអំពីរឿងទាំងនោះ។
វាជាការគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងដែលឃើញថា ហោរារបស់ព្រះក៏បានលើកឡើងយ៉ាងច្រើនអំពីការថ្វាយបង្គំ។ កាលណាពួកលោកមានប្រសាសន៍អំពីការថ្វាយបង្គំ ជាញឹកញាប់ពួកលោកតែងតែមានប្រសាសន៍អំពីយុត្តិធម៌ និងសេចក្តីសប្បុរសចំពោះអ្នកក្រ។ ដូចដែលយើងឃើញ ការថ្វាយបង្គំពិតប្រាកដគឺពុំមែនគ្រាន់តែជាអ្វីដែលកើតឡើងនៅក្នុងព្រះវិហារនោះឡើយ។ ការថ្វាយបង្គំពិតប្រាកដគឺជាការបង្ហាញទង្វើរបស់យើងប្រាប់ទៅមនុស្សដទៃថា ព្រះទ្រង់ខ្វល់ខ្វាយចំពោះពួកគេ។ ការថ្វាយបង្គំដ៏ពិតក៏រាប់បញ្ចូលទាំងការលើកស្ទួយបុរស ស្ត្រី និងក្មេងៗទាំងឡាយដែលរងការធ្វើបាបពីមនុស្សដទៃ ឬត្រូវគេមិនអើពើផងដែរ។
ថ្ងៃអាទិត្យ ទី៤ សីហា ឆ្នាំ២០១៩
ការថ្វាយបង្គំព្រះក្លែងក្លាយ និងការមិនមានភាពយុត្តិធម៌ចំពោះបណ្តាជន
ព្រះជាម្ចាស់បានដឹកនាំរាស្ត្ររបស់ទ្រង់ចេញពីស្រុកអេស៊ីព្ទ។ បន្ទាប់មកព្រះអង្គបានជួបពួកគេនៅភ្នំស៊ីណាយ។ នៅទីនោះព្រះជាម្ចាស់បានប្រទានបញ្ញត្តិ១០ប្រការដល់ពួកគេ។ បញ្ញត្តិពីរដំបូងគឺហាមប្រាមមិនឲ្យថ្វាយបង្គំព្រះក្លែងក្លាយ និងមិនឲ្យធ្វើរូបព្រះក្លែងក្លាយ (សូមអាននិក្ខមនំ ២០:២‑៦)។ បណ្តាជនបានសន្យានឹងព្រះថា ពួកគេនឹងស្តាប់បង្គាប់តាមអ្វីៗគ្រប់យ៉ាងដែលព្រះអង្គប្រាប់ពួកគេ។ ពួកគេសន្យាថានឹងរស់នៅធ្វើជារាស្ត្ររបស់ព្រះ (សូមអាននិក្ខមនំ ២៤:១‑៣)។
បន្ទាប់មកទៀត លោកម៉ូសេក៏បានឡើងទៅលើភ្នំដើម្បីជួបព្រះជាម្ចាស់។ លោកបានឡើងទៅ ជិតប្រាំមួយសប្តាហ៍។ បណ្តាជនចាប់ផ្តើមសង្ស័យថាមានអ្វីកើតឡើងដល់លោកម៉ូសេ។ តើលោកបាន ស្លាប់ នៅលើភ្នំឬ? ហេតុនោះ បណ្តាជនក៏បានប្រាប់លោកអើរ៉ុនឲ្យធ្វើរូបព្រះពីមាសឲ្យពួកគេ។ លោកអើរ៉ុនក៏បានធ្វើរូបគោមាសឲ្យគេថ្វាយបង្គំ។ បណ្តាជនបានសម្លាប់សត្វ និងថ្វាយជាយញ្ញបូជាដល់ «ព្រះ» ថ្មីរបស់ពួកគេ។ តមកទៀត បណ្តាជន «ក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» (និក្ខមនំ ៣២:៦)។ ទាំងព្រះអម្ចាស់ និងទាំងលោកម៉ូសេក្រេវក្រោធយ៉ាងខ្លាំងដែលឃើញបណ្តាជនបែរចេញពីព្រះទៅថ្វាយបង្គំព្រះក្លែងក្លាយដែលធ្វើពីមាសយ៉ាងឆាប់រហ័សបែបនេះ។ លោកម៉ូសេបានសូមព្រះឲ្យអភ័យទោសដល់បណ្តាជន។ សេចក្តីអធិដ្ឋានរបស់លោកម៉ូសេបានជួយសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីការដាក់ទោស (សូមអាននិក្ខមនំ ៣២:៣០‑៣៤)។
នោះពុំមែនជាគ្រាតែម្តងដែលអ៊ីស្រាអែលបានថ្វាយបង្គំព្រះក្លែងក្លាយឡើយ។ ប្រវត្តិសាស្ត្រអ៊ីស្រាអែលបង្ហាញប្រាប់យើងថា រាស្ត្ររបស់ព្រះបានថ្វាយបង្គំព្រះក្លែងក្លាយម្តងហើយម្តងទៀត។ ស្តេច របស់អ៊ីស្រាអែល និងយូដាខ្លះបានដឹកនាំរាស្ត្ររបស់ព្រះឲ្យប្រព្រឹត្តអំពើអាក្រក់យ៉ាងខ្លាំង។ ហេតុនោះ ព្រះទ្រង់បានចាត់ហោរារបស់ព្រះអង្គឲ្យប្រាប់ទៅរាស្ត្ររបស់ព្រះអង្គឲ្យបែរមកព្រះអង្គវិញ។ ក្នុងអំឡុងពេលទាំងនេះ ហោរាទាំងឡាយក៏បានសូមឲ្យរាស្ត្ររបស់ព្រះយកចិត្តទុកដាក់ចំពោះមនុស្សទ័លក្រ និងមនុស្សកំសត់ទុគ៌តផងដែរ។
សូមអានទំនុកតម្កើង ១១៥:១‑៨។ តើខទាំងនេះបង្រៀនមេរៀនដ៏សំខាន់អ្វីខ្លះដល់យើង?
ក្នុងនាមជាមនុស្ស យើងនឹងប្រែក្លាយដូចជាវត្ថុ ឬបុគ្គលដែលយើងថ្វាយបង្គំ។ ហេតុនោះ រាស្ត្ររបស់ព្រះក៏បានឈប់ខ្វល់ខ្វាយអំពីមនុស្សដទៃទៀតពេលដែលពួកគេបែរចេញពីព្រះអង្គ។ ពួកគេបានឈប់ខ្វល់អំពីសេចក្តីយុត្តិធម៌ទៀតហើយ។ ពេលដែលរាស្ត្ររបស់ព្រះសម្រេចចិត្តថ្វាយបង្គំព្រះដទៃទៀត ពួកគេបានផ្លាស់ប្តូរចិត្តគំនិត និងអារម្មណ៍ស្ទើរតែទាំងស្រុង។ រឿងមួយនោះគឺការខ្វល់ខ្វាយអំពីអ្នកដទៃ។ តើមានអ្វីកើតឡើងពេលណារាស្ត្ររបស់ព្រះនៅតែស្មោះត្រង់ចំពោះព្រះអម្ចាស់? នោះពួកគេនឹងចែកចាយសេចក្តីស្រឡាញ់របស់ព្រះអង្គដល់មនុស្សដែលកំសត់ទុគ៌តទាំងឡាយ។
តើយើងប្រែក្លាយដូចជាអ្វីៗដែលយើងថ្វាយបង្គំយ៉ាងដូចម្តេចដែរ?
ថ្ងៃច័ន្ទ ទី៥ សីហា ឆ្នាំ២០១៩
ហេតុផលសម្រាប់ការថ្វាយបង្គំ
ព្រះគម្ពីរបានប្រាប់រាស្ត្ររបស់ព្រះឲ្យថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរក៏បានប្រាប់ពីហេតុផលដែលយើងគួរថ្វាយបង្គំព្រះអង្គដែរ។ យើងគួរថ្វាយបង្គំព្រះអង្គពីព្រោះព្រះអង្គគឺជាព្រះ និងបានធ្វើការអស្ចារ្យយ៉ាងច្រើនសម្រាប់យើងរាល់គ្នា។ ព្រះអង្គទ្រង់មានសេចក្តីសប្បុរស មានសេចក្តីស្រឡាញ់ និងមានសេចក្តីយុត្តិធម៌។ ព្រះអង្គបានសម្តែងសេចក្តីមេត្តាដល់រាស្ត្ររបស់ព្រះអង្គ។ ឈើឆ្កាងបង្ហាញប្រាប់យើងពីសេចក្តីស្រឡាញ់របស់ព្រះ។ កាលណាយើងគិតអំពីសេចក្តីល្អទាំងអស់ដែលព្រះទ្រង់បានធ្វើ យើងតែងតែនឹងមានហេតុផលមួយសម្រាប់ឲ្យយើងថ្វាយបង្គំ និងសរសើរតម្កើងដល់ព្រះ។
សូមអានចោទិយកថា ១០:១៧‑២២, ទំនុកតម្កើង ១០១:១, ១៤៦:៥‑១០, អេសាយ ៥:១៦, និងអេសាយ ៦១:១១។ តើខគម្ពីរទាំងនេះផ្តល់ហេតុផលអ្វីខ្លះដល់យើងសម្រាប់ការថ្វាយបង្គំ និងការសរសើរតម្កើងព្រះ?
ហេតុផលទាំងនេះមិនមែនថ្មីឡើយ។ រាស្ត្ររបស់ព្រះដឹងអំពីហេតុផលទាំងនេះរួចទៅហើយ។ អ៊ីស្រាអែលមានបទពិសោធន៍ក្នុងការថ្វាយបង្គំដ៏អស្ចារ្យយ៉ាងច្រើនបន្ទាប់ពីព្រះទ្រង់បានរំដោះពួកគេចេញពីស្រុកអេស៊ីព្ទ។ បណ្តាជនបានឆ្លងសមុទ្រក្រហម។ បន្ទាប់មក លោកម៉ូសេ និងម៉ារាមបានដឹកនាំបណ្តាជនច្រៀងសរសើរព្រះ។ ពួកគេបានសរសើរព្រះសម្រាប់អ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានធ្វើដើម្បីសង្គ្រោះពួកគេ (សូមអាននិក្ខមនំ ១៥)។
ព្រះជាម្ចាស់គឺជាព្រះដែលមានសេចក្តីមេត្តា។ ព្រះអង្គទ្រង់យុត្តិធម៌ និងទៀងត្រង់។ ព្រះអង្គចង់ឲ្យរាស្ត្ររបស់ព្រះអង្គនឹកចាំពីលក្ខណៈសម្បត្តិទាំងនេះរបស់ព្រះអង្គ។ ហេតុនោះ រាស្ត្ររបស់ព្រះក៏រំឭករឿងដ៏អស្ចារ្យជាច្រើនអំពីព្រះអង្គម្តងហើយម្តងទៀត។ យើងអាចអានអំពីគ្រាមួយក្នុងខគម្ពីរចោទិយកថា ១០:១៧‑២២ ពេលដែលរាស្ត្ររបស់ព្រះថ្វាយបង្គំព្រះអង្គ។ ពួកគេបានរំឭកប្រាប់គ្នាអំពីរឿងដ៏អស្ចារ្យទាំងឡាយដែលព្រះជាម្ចាស់បានធ្វើ។
ដូចដែលយើងដឹងហើយថា ព្រះទ្រង់យុត្តិធម៌។ នេះគឺជាលក្ខណៈសម្បត្តិមួយរបស់ព្រះអង្គ។ «អើ ពិតប្រាកដជាព្រះទ្រង់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់នឹងមិនបង្វែរសេចក្ដីយុត្តិធម៌ដែរ» (យ៉ូប ៣៤:១២)។ ព្រះទ្រង់ក៏ទៀងត្រង់ដែរ។ ព្រះអង្គខ្វល់ខ្វាយអំពីអ្វីដែលល្អត្រឹមត្រូវ។ នោះហើយគឺជាហេតុផលដែលត្រូវថ្វាយបង្គំ និងសរសើរតម្កើង។
យើងអាចមើលឃើញសេចក្តីស្រឡាញ់របស់ព្រះសម្រាប់អ្វីដែលល្អត្រឹមត្រូវ។ យើងឃើញសេចក្តីស្រឡាញ់របស់ព្រះតាមរបៀបដែលព្រះអង្គយកព្រះទ័យទុកដាក់នឹងមនុស្សទ័លក្រ និងកំសត់ទុគ៌ត។ ព្រះគម្ពីរបង្ហាញប្រាប់យើងថា «ដំងូររបស់មនុស្សក្រីក្រ បានឮទៅដល់ទ្រង់» (យ៉ូប ៣៤:២៨)។ ព្រះជាម្ចាស់ចង់សារ៉េរឿងរ៉ាវដែលខុសឆ្គងនៅលើផែនដីនេះឲ្យត្រឹមត្រូវឡើងវិញ។ តើកាលណាទើបរឿងនេះកើតឡើងទាំងស្រុងទៅ? គឺនៅពេលដែលព្រះទ្រង់ជំនុំជំរះមនុស្សគ្រប់គ្នានៅលើផែននេះរួច ហើយបន្ទាប់មកព្រះអង្គនឹងធ្វើឲ្យទាំងអស់ត្រឡប់ជាថ្មីឡើងវិញ។
រាស្ត្ររបស់ព្រះក្នុងគម្ពីរសញ្ញាចាស់មានហេតុផលជាច្រើនសម្រាប់សរសើរតម្កើងព្រះអម្ចាស់។ យើងមានហេតុផលច្រើនជាងពួកគេទៅទៀត។ តើឈើឆ្កាងផ្តល់ហេតុផលអ្វីខ្លះឲ្យយើងសរសើរព្រះ?
ថ្ងៃអង្គារ ទី៦ សីហា ឆ្នាំ២០១៩
មនុស្សដែលប្រើសាសនាធ្វើបាបលើអ្នកដទៃ
មានគ្រាខ្លះក្នុងគម្ពីរសញ្ញាចាស់ រាស្ត្ររបស់ព្រះបានបែរចេញពីការថ្វាយបង្គំព្រះក្លែងក្លាយ។ ពួកគេបានបែរមករកព្រះជាម្ចាស់វិញ។ ប៉ុន្តែការថ្វាយបង្គំរបស់ពួកគេពុំត្រឹមត្រូវតាមអ្វីដែលព្រះជាម្ចាស់ចង់បានឡើយ។ បណ្តាជនបានលាយការថ្វាយបង្គំព្រះជាមួយនឹងសាសនារបស់មនុស្សទាំងឡាយដែលនៅជុំវិញពួកគេ។ ហេតុនោះ ការថ្វាយបង្គំរបស់ពួកគេមិនសុទ្ធឡើយ។ គ្រាន់តែបែរចេញពីការធ្វើអាក្រក់ក្នុងជីវិតប្រចាំថ្ងៃនៅមិនទាន់គ្រប់គ្រាន់ទេ។ មនុស្សទាំងឡាយខំប្រឹងធ្វើតាមការបង្រៀនរបស់សាសនាខ្លាំងណាស់។ ប៉ុន្តែ ការច្រៀងចំរៀងសរសើរតម្កើងរបស់ពួកគេមិនអាចបិទបាំងសម្រែកយំសោករបស់មនុស្សទ័លក្រ និងមនុស្សកំសត់ទុគ៌តបានឡើយ។
លោកអេម៉ុសបានបង្ហាញបណ្តាជនឲ្យឃើញសេចក្តីអាក្រក់នៅក្នុងចិត្តរបស់ពួកគេក្នុងជំនាន់នោះ។ លោកមានប្រសាសន៍ប្រាប់ពួកគេថា អ្នករាល់គ្នា «ចេះតែជិះជាន់អ្នកក្រីក្រ ហើយធ្វើឲ្យជនទុគ៌តត្រូវវិនាស» (អេម៉ុស ៨:៤, គខប)។ លោកអេម៉ុសបានមើលឃើញថា រាស្ត្ររបស់ព្រះបន់ឲ្យតែការថ្វាយបង្គំឆាប់ចប់ ន្អាលនឹងបានទៅធ្វើការរកប្រាក់តទៅទៀត។ ពួកគេប្រកបរបរដោយការកេងប្រវ័ញ្ចលើមនុស្សដទៃ និងរកស៊ីតាមផ្លូវទុច្ចរិត។ មនុស្សទាំងនេះនិយាយគ្នាថា ពួកអ្នកមិនអាចដោះបំណុលខ្លួនរួចឡើយ ហេតុនោះយើងនឹងទិញពួកគេធ្វើជាទាសករ យើងនឹងទិញមនុស្សកម្សត់ទុគ៌ត ដោយស្បែកជើងមួយគូព្រមទាំងលក់ស្រូវដែលកំពប់នៅនឹងដីដែរ (អេម៉ុស ៨:៦)។
សូមអានអេសាយ ១:១០‑១៧, អេម៉ុស ៥:២១‑២៤, និងមីកា ៦:៦‑៨។ តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះទៅកាន់មនុស្សកាន់សាសនាទាំងនេះអំពីរបៀបថ្វាយបង្គំរបស់ពួកគេ?
ព្រះទ្រង់បានប្រើហោរារបស់ព្រះអង្គឲ្យប្រាប់ដល់រាស្ត្ររបស់ព្រះអង្គ។ ព្រះជាម្ចាស់បានសើចចំអកដល់ការថ្វាយបង្គំរបស់ពួកគេ។ ហេតុអ្វី? ពីព្រោះដូចដែលយើងបានដឹងមកហើយ គឺថារាស្ត្ររបស់ព្រះពុំបានយកចិត្តទុកដាក់ដល់អ្នកក្រឡើយ។ មនុស្សទាំងឡាយកំពុងខ្វះខាតនៅជុំវិញពួកគេ។ ប៉ុន្តែរាស្ត្ររបស់ព្រះពុំបានអើពើនឹងនរណាម្នាក់ឡើយ។ ក្នុងខគម្ពីរអេម៉ុស ៥:២១‑២៤ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា ព្រះអង្គ «ស្អប់» បុណ្យដែលរាស្ត្ររបស់ព្រះប្រារព្ធធ្វើ។ ព្រះអង្គស្អប់របៀបដែលពួកគេថ្វាយបង្គំព្រះអង្គ។ ព្រះអង្គមានបន្ទូលថា ការប្រជុំបែបសាសនារបស់ពួកគេមានក្លិនមិនល្អចំពោះព្រះអង្គ។ ព្រះអង្គមិនសព្វព្រះទ័យនឹងការទាំងនោះទេ។ ព្រះជាម្ចាស់មានបន្ទូលថា រាស្ត្ររបស់ព្រះបានថ្វាយដង្វាយ និងបទចំរៀងដែលគ្មានតម្លៃ។ លោកមីកាបានចោទសួរថា «តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួលចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ ដើម្បីសុំព្រះអង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គដើម្បីសុំរំដោះបាបឬ?» (មីកា ៦:៧, គខប)។ ពិតជាមិនមែនឡើយ! លោកមីកាគ្រាន់តែលើកយកពាក្យពេចន៍ទាំងនេះមកពញ្ញាក់អារម្មណ៍របស់ពួកគេតែប៉ុណ្ណោះ។ ទីបំផុត ព្រះជាម្ចាស់ពិតជាចង់ឲ្យរាស្ត្ររបស់ព្រះអង្គ «ប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ានៃព្រះរបស់អ្នក» (មីកា ៦:៨, គខប)។
ថ្ងៃពុធ ទី៧ សីហា ឆ្នាំ២០១៩
របៀបថ្វាយបង្គំ
ហោរារបស់ព្រះបង្រៀនថា ការថ្វាយបង្គំមានជាប់ទាក់ទិននឹងការមានសេចក្តីយុត្តិធម៌។ ពួកលោកក៏បង្រៀនថា ការយកចិត្តទុកដាក់ដល់មនុស្សដែលកំសត់ទុគ៌តក៏ជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំដែរ។ បទគម្ពីរអេសាយ ៥៨ បង្ហាញប្រាប់យើងអំពីសេចក្តីពិតនេះ។
សូមអានអេសាយ ៥៨។ តើជំពូកនេះបង្ហាញប្រាប់យើងដូចម្តេចអំពីកំហុសឆ្គងដែលរាស្ត្ររបស់ព្រះបានប្រព្រឹត្ត?
តើលោកអេសាយមានប្រសាសន៍សំដៅទៅអ្នកណានៅក្នុងជំពូកនេះ? ពួកដែលកាន់សាសនា។ ពួកគេចង់ថ្វាយបង្គំព្រះ។ ប៉ុន្តែការថ្វាយបង្គំរបស់ពួកគេមិនត្រឹមត្រូវឡើយ។ ហេតុនោះ ព្រះទ្រង់មានបន្ទូលថា ពួកគេគួរតែផ្លាស់ប្តូរការថ្វាយបង្គំរបស់ពួកគេ។ ពួកគេគួរផ្លាស់ប្តូររបៀបនៃការបម្រើដល់ព្រះ។ ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គថ្វាយបង្គំព្រះអង្គដោយ «ដោះច្រវាក់ដែលអ្នកដាក់គេដោយអំពើអាក្រក់ឲ្យស្រាយចំណងដែលអ្នកបានចងគេហើយឲ្យអ្នកដែលអ្នកបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង» (អេសាយ ៥៨:៦)។ ព្រះទ្រង់ក៏ចង់ឲ្យរាស្ត្ររបស់ព្រះអង្គផ្តល់អាហារដល់មនុស្សស្រេកឃ្លាន និងជួយមនុស្សដែលគ្មានផ្ទះសម្បែង និងសម្លៀកបំពាក់។ ទាំងនេះគឺជារបៀបដែលព្រះចង់ឲ្យរាស្ត្ររបស់ព្រះអង្គថ្វាយបង្គំព្រះអង្គ។
ការថ្វាយបង្គំមិនមែនមានតែប៉ុណ្ណឹងទេ។ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលថា អំពើសប្បុរសទាំងនេះធ្វើឲ្យព្រះអង្គសព្វព្រះទ័យជាងវិធីផ្សេងទៀតដែលរាស្ត្ររបស់ព្រះថ្វាយបង្គំព្រះអង្គ។ តើអំពើសប្បុរសទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការថ្វាយបង្គំ? អំពើសប្បុរសទាំងនេះបង្រៀនយើងថា ការថ្វាយបង្គំពុំមែន ជាការខ្វល់ខ្វាយអំពីខ្លួនយើងទេ។ ការថ្វាយបង្គំគឺជាការខ្វល់ខ្វាយអំពីអ្នកដទៃ។ យើងថ្វាយបង្គំព្រះតាមរយៈការជួយដល់អ្នកដទៃ។ នោះទើបមានន័យថា យើងផ្សាយព្រះពរដល់មនុស្សគ្រប់គ្នាដែលនៅជុំវិញយើង។ «សាសនាតោងតែរំដោះមនុស្សឲ្យរួចពីអំណាចនៃអំពើបាប។ សាសនាផ្លាស់ប្តូរចិត្តគំនិតរបស់ យើងឲ្យលែងស្អប់ខ្ពើមគ្នា និងជួយយើងឲ្យមានសេចក្តីយុត្តិធម៌។ សាសនាក៏បណ្តាលឲ្យយើងស្រឡាញ់សេរីភាព និងសេចក្តីសុខសាន្តដែរ» (ដកស្រង់ពី The SDA Bible Commentary, volume 4, page 306, adapted)។
ក្នុងខគម្ពីរអេសាយ ៥៨:៨‑១២ ព្រះទ្រង់សន្យាថានឹងប្រទានពរដល់រាស្ត្ររបស់ព្រះអង្គកាលណាពួកគេថ្វាយបង្គំព្រះអង្គតាមរបៀបនេះ។ ហេតុនោះ រាស្ត្ររបស់ព្រះអង្គគួរតែខ្វល់ខ្វាយអំពីមនុស្ស ដទៃឲ្យបានច្រើនឡើងថែមទៀត។ នោះព្រះនឹងធ្វើការជាមួយពួកគេ។ ព្រះអង្គនឹងព្យាបាលពួកគេ។ ព្រះអង្គនឹងធ្វើឲ្យជីវិតរបស់ពួកគេថ្មីឡើងវិញ។ បទគម្ពីរអេសាយ ៥៨ ក៏បង្ហាញប្រាប់យើងផងដែរថា ការថ្វាយបង្គំក៏មានជាប់ទាក់ទងនឹងថ្ងៃសប្បាតហ៍ដែរ។ ជំពូកនេះបង្ហាញប្រាប់ថា ការរក្សាថ្ងៃឈប់សម្រាកមាន ទំនាក់ទំនងគ្នានឹងការធ្វើការថ្វាយព្រះដែរ។ អ្នកស្រីអែល្លិន ជី វៃ៉ត៍ បានសរសេរអំពីខទាំងនេះថា: «ព្រះទ្រង់ចង់ឲ្យពួកអ្នករក្សាថ្ងៃសប្បាតហ៍ទាំងឡាយសម្តែងសេចក្តីមេត្តាដល់មនុស្សទាំងឡាយ។ ព្រះអង្គចង់ឲ្យយើងខ្វល់ខ្វាយអំពីពួកគេ» (ដកស្រង់ពី Welfare Ministry, page 121, adapted)។
ថ្ងៃព្រហស្បតិ៍ ទី៨ សីហា ឆ្នាំ២០១៩
សេចក្តីមេត្តា និងភាពស្មោះត្រង់
មេដឹកនាំខ្លះក្នុងជំនាន់ព្រះយេស៊ូវបានបន្ទោសព្រះអង្គដែលបានបរិភោគជាមួយនឹង «មនុស្សមានបាប»។ ព្រះយេស៊ូវបានឆ្លើយតបទៅពួកគេវិញដោយប្រើព្រះបន្ទូលចេញពីកណ្ឌគម្ពីរហូសេ។ ព្រះយេស៊ូវបានប្រាប់ពួកមេដឹកនាំឲ្យត្រឡប់ទៅអានគម្ពីរសាសនារបស់ពួកគេឡើងវិញ និងរៀនអំពីអត្ថន័យពិតប្រាកដនៅពេលដែលព្រះអង្គមានបន្ទូលថា «យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ» (ម៉ាថាយ ៩:១៣, គខប, ដកស្រង់ពីហូសេ ៦:៦)។
ដូចដែលឃើញមកនេះ ព្រះយេស៊ូវបង្ហាញថា ព្រះអង្គខ្វល់អំពីមនុស្សដទៃ។ ព្រះអង្គបានបម្រើបណ្តាជនអស់ពីព្រះជន្មទ្រង់តែម្តង។ បាដិហារ្យ និងរឿងប្រៀបធៀបរបស់ព្រះអង្គសុទ្ធតែបានបង្ហាញអំពីសេចក្តីពិតនេះ។ ព្រះយេស៊ូវបង្រៀនថា ការបម្រើដល់មនុស្សដទៃគឺជាវិធីដ៏ប្រសើរបំផុតដើម្បីបង្ហាញសេចក្តីជំនឿ និងភាពស្មោះត្រង់ចំពោះព្រះ។ មេដឹកនាំសាសនាក្នុងជំនាន់ព្រះយេស៊ូវមិនខុសគ្នាពីពួកមេដឹកនាំសាសនាជំនាន់លោកអេសាយឡើយ។ ពួកគេជឿថា កិច្ចការ និងការថ្វាយបង្គំរបស់ពួកគេអាចសង្គ្រោះពួកគេបាន។ ទន្ទឹមគ្នានោះ ពួកគេក៏កេងប្រវ័ញ្ចអ្នកក្រ និងប្រើប្រាស់ពួកអ្នកទាំងនោះផង។ ពួកគេមិនខ្វល់អំពីមនុស្សកំសត់ទុគ៌តឡើយ។ ការថ្វាយបង្គំរបស់ពួកគេគឺជាការកុហកបោកប្រាស់។ ទង្វើបែបនោះហើយដែលធ្វើឲ្យព្រះយេស៊ូវមិនសព្វព្រះទ័យ។ ព្រះអង្គពុំបានបិទបាំងព្រះទ័យស្អប់ខ្ពើមរបស់ព្រះអង្គចំពោះចិត្តអាត្មានិយម និងផ្លូវអាក្រក់ជួជាតិរបស់ពួកគេឡើយ។
សូមអានម៉ាកុស ១២:៣៨‑៤០។ ក្នុងខទាំងនេះ ព្រះយេស៊ូវបានព្រមានថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ... គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិ (និងផ្ទះសម្បែង)របស់ស្ត្រីមេម៉ាយ» (គខប)។ តើលោកអ្នកគិតថា ហេតុដូចម្តេចបានជាព្រះយេស៊ូវមានបន្ទូលអំពីរឿងទាំងនេះ? ម្យ៉ាងទៀត តើព្រះយេស៊ូវចង់មានន័យដូចម្តេចពេលដែលព្រះអង្គមានបន្ទូលថា «អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»?
ព្រះយេស៊ូវបានសម្តែងសេចក្តីអធិប្បាយដ៏មានអំណាចមួយក្នុងបទគម្ពីរម៉ាថាយ ២៣។ ព្រះអង្គបានលើកឡើងអំពីមេដឹកនាំ និងគ្រូសាសនាទាំងឡាយ។ ព្រះអង្គមានបន្ទូលថា សាសនារបស់ពួកគេមិនអាចធ្វើឲ្យពួកគេក្លាយជាមនុស្សដែលល្អបានឡើយ។ ពួកគេពុំបានជួយដល់អ្នកក្រ និងមនុស្សកំសត់ទុគ៌ត។ ពួកមេដឹកនាំ និងគ្រូសាសនាទាំងនេះបង្ហាញឲ្យឃើញថា ពួកគេពុំបានអើពើនឹងជួយដល់នរណាម្នាក់ឡើយ។ ព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកគេថា «អ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅមុខមនុស្ស» (ម៉ាថាយ ២៣:១៣)។
ព្រះយេស៊ូវបានព្រមានពួកគេថា «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ និងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រឹត្យវិន័យវិញ ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា និងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង» (ម៉ាថាយ ២៣:២៣)។ ព្រះយេស៊ូវមានបន្ទូលផងដែរថា ពួកមេដឹកនាំ និងគ្រូសាសនាមិនខុសទេក្នុងការថ្វាយដង្វាយ១០ហូត១។ ប៉ុន្តែ ពួកគេក៏គួរតែជួយដល់មនុស្សទ័លក្រផងដែរ។
ថ្ងៃសុក្រ ទី៩ សីហា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “Isaiah 58‑A Divine Prescription,” pages 29-34, in Welfare Ministry; “Woes on the Pharisees,” pages 610-620, in The Desire of Ages.
«ព្រះបានបើកសម្តែងឲ្យខ្ញុំដឹងថា ខ្ញុំត្រូវតែប្រាប់ទៅមនុស្សរបស់យើងឲ្យអានបទគម្ពីរអេសាយ ជំពូក៥៨។ សូមអានជំពូកនេះដោយប្រុងប្រយ័ត្ន ពីព្រោះជំពូកនេះបានប្រាប់អំពីកិច្ចការដែលយើងត្រូវធ្វើថ្វាយព្រះ។ កិច្ចការថ្វាយព្រះនេះនឹងបណ្តាលឲ្យពួកជំនុំមានជីវិតថ្មី។ យើងតោងតែចែកចាយដំណឹង ល្អ។ យើងក៏ត្រូវតែប្រើប្រាក់ដង្វាយរបស់យើងក្នុងការផ្សាយដំណឹងល្អដែរ។ កាលណាលោកអ្នកជួបនឹង មនុស្សដែលត្រូវការជំនួយ ចូរជួយពួកគេចុះ។ ពេលដែលលោកអ្នកជួបមនុស្សដែលកំពុងស្រេកឃ្លាន ចូរឲ្យអាហារទៅពួកគេចុះ។ កាលណាលោកអ្នកធ្វើកិច្ចការនេះ មានន័យថា លោកអ្នកបានធ្វើកិច្ចការដូចគ្នានឹងកិច្ចការដែលព្រះយេស៊ូវបានធ្វើនៅលើផែនដីនេះដែរ។ កិច្ចការរបស់ព្រះយេស៊ូវគឺបរិសុទ្ធ។ ព្រះអង្គបានធ្វើល្អចំពោះមនុស្សដទៃ។ ចូរឲ្យមនុស្សរបស់យើងទាំងឡាយគ្រប់ទីកន្លែងមានសេចក្តីក្លាហានក្នុងការចូលរួមចំណែករបស់ខ្លួនក្នុងកិច្ចការរបស់ព្រះយេស៊ូវចុះ»។ ដកស្រង់ពី Ellen G. White, Welfare Ministry, page 29, adapted។
សំនួរពិភាក្សា៖
- តើលោកអ្នកធ្លាប់គិតឬទេថា ការមានសេចក្តីយុត្តិធម៌ និងការសម្តែងសេចក្តីមេត្តាដល់មនុស្សទាំងឡាយគឺជាសកម្មភាពនៃការថ្វាយបង្គំ? តើលោកអ្នកគិតដូចម្តេចថា គំនិតនេះអាចផ្លាស់ប្តូររបៀបដែលលោកអ្នកខ្វល់ខ្វាយអំពីអ្នកដទៃ? តើលោកអ្នកគិតដូចម្តេចថា គំនិតនេះអាចផ្លាស់ប្តូររបៀបដែលលោកអ្នកថ្វាយបង្គំ?
- ព្រះយេស៊ូវបានចោទប្រកាន់មេដឹកនាំសាសនាដែលបានចោលសេចក្តីដែលសំខាន់ជាង ដែលមាននៅក្នុងក្រឹត្យវិន័យ «ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា និងសេចក្ដីជំនឿ» (ម៉ាថាយ ២៣:២៣)។ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីឲ្យយើងមានសេចក្តីយុត្តិធម៌ និងសេចក្តីមេត្តាចំពោះមនុស្សទាំងឡាយក្នុងជីវិតរបស់យើង ក្នុងផ្ទះរបស់យើង ក្នុងពួកជំនុំរបស់យើង និងក្នុងសហគមន៍របស់យើងនោះ? តើលោកអ្នកមាននឹកចាំពីគ្រាណាមួយដែលលោកអ្នកបានធ្វើរឿងណាមួយដែលមិនសំខាន់ក្នុងជីវិតរបស់លោកអ្នកដែរឬទេ?
- ហេតុដូចម្តេចបានជាការដែលយើងជឿថាគួរធ្វើអ្វីមួយហើយ ប៉ុន្តែបែរជាមិនបានធ្វើវិញ ជាទង្វើមិនត្រឹមត្រូវ? ទង្វើនោះគឺប្រៀបដូចពាក់ «មុខក្លែងក្លាយ» មែនទេ? ហេតុដូចម្តេចបានជាការអួតខ្លួនលើសពីការពិតរបស់យើងជាការមិនត្រឹមត្រូវ?
- ព្រះជាម្ចាស់បានយកព្រះទ័យទុកដាក់ចំពោះមនុស្សទ័លក្រ និងមនុស្សកំសត់ទុគ៌តយ៉ាងខ្លាំង។ តើសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេផ្លាស់ប្តូរចិត្តរបស់លោកអ្នកយ៉ាងដូចម្តេចដែរ?