ថ្ងៃសៅរ៍ ទី២ វិច្ឆិកា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ នេហេមា ៨:១, ២, នេហេមា ៨:៣, នេហេមា៨:៤‑៨, នេហេមា ៨:៩‑១២, និងនេហេមា ៨:១៣‑១៨។
ខចងចាំ៖ «ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្ដីឲ្យគេបានយល់បទដែលអានមើលនោះ» (នេហេមា ៨:៨)។
ពួកយូដាក៏បានសង់ កំផែងក្រុងរួចជាស្រេច។ លោកនេហេមាគឺជាមេដឹកនាំរបស់ពួកគេ។ លោកបានជួយពួកជាងដាក់ទ្វារទៅតាមកំផែង។ បន្ទាប់មកកិច្ចការបានដល់ទីបញ្ចប់។ នៅពេលដែលពួកយូដាបញ្ចប់ការសាងសង់កំផែង មនុស្សទាំងឡាយដែលនៅជុំវិញក្រុងយេរូសាឡិមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មនុស្សទាំងនោះគឺជាសត្រូវរបស់អ៊ីស្រាអែល។ បន្ទាប់មក លោកនេហេមាមានប្រសាសន៍ថា ពួកខ្មាំងសត្រូវគេយល់ថា «ការនោះកើតឡើងអំពីព្រះនៃយើងទេ» (នេហេមា ៦:១៦)។ ពួកសត្រូវក៏យល់ផងដែរថា ព្រះជាម្ចាស់គឺជាព្រះពិត។ ពួកសត្រូវមានចិត្តស្អប់ខ្ពើមទៅសាសន៍យូដា។ ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីរារាំងពួកយូដាកុំឲ្យសាងសង់អគារបាន។ ប៉ុន្តែពួកយូដានៅតែអាចធ្វើឲ្យកិច្ចការដែលព្រះជាម្ចាស់ប្រទានដល់ពួកគេបានចប់សព្វគ្រប់ដដែល។
បន្ទាប់ពីពួកយូដាបញ្ចប់ការសាងសង់កំផែង លោកនេហេមាបានតែងតាំងហាណានី ដែលជាប្អូនប្រុសរបស់លោកឲ្យឡើងធ្វើជាអភិបាលក្រុងយេរូសាឡិម។ លោកក៏បានតែងតាំងហាណានាជាមេបន្ទាយដែរ។ លោកនេហេមាបានជ្រើសរើសមនុស្សទាំងពីររូបនេះដោយសារពួកលោកជឿទុកចិត្ត និងលើកតម្កើង ព្រះជាម្ចាស់ (នេហេមា ៧:២)។ ពួកយូដាបានបញ្ចប់ការសាងសង់កំផែងក្នុងអំឡុងខែភទ្របទ (នេហេមា ៦:១៥)។
ហេតុនោះ តើពួកយូដាគួរធ្វើអ្វីបន្តទៀត? បទគម្ពីរនេហេមា ៨‑១០ បង្ហាញប្រាប់យើងអំពីរឿងរ៉ាវដែលកើតឡើងជាបន្តបន្ទាប់។ ជំពូកទាំងនេះបង្ហាញប្រាប់យើងថា ពួកយូដាមានចិត្តចង់ស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះយ៉ាងអស់ពីចិត្តរបស់ពួកគេតែម្តង។ ក្រឹត្យវិន័យរបស់ព្រះបានដក់ជាប់ក្នុងដួងចិត្តរបស់ពួកគេ និងបណ្តាលឲ្យមានអំណរឡើង។ រឿងដ៏អស្ចារ្យទាំងនេះកើតឡើងក្នុងអំឡុងខែអស្សុជ (នេហេមា ៨:២)។ ដូចដែលបានរៀបរាប់មកនេះ នេះគឺជាគ្រាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់សាសន៍អ៊ីស្រាអែល។
ថ្ងៃអាទិត្យ ទី៣ វិច្ឆិកា ឆ្នាំ២០១៩
រាស្ត្ររបស់ព្រះបានជួបប្រជុំគ្នា
សូមអានខគម្ពីរនេហេមា ៨:១, ២។ ខទាំងនេះប្រាប់យើងអំពីមូលហេតុដែលក្រឹត្យវិន័យរបស់ព្រះមានសារៈសំខាន់ចំពោះរាស្ត្ររបស់ព្រះអង្គ។ ហេតុអ្វីបានជាសំខាន់?
ទីបំផុតពួកយូដាបានសាងសង់កំផែងក្រុងរួចជាស្រេច។ ពួកគេក៏បានផ្លាស់ទីចូលទៅរស់នៅ ក្នុងទីក្រុង។ បន្ទាប់មក ពួកគេទាំងអស់គ្នាក៏បានជួបប្រជុំគ្នានៅត្រង់ចំណុចកណ្តាល ឬទីលានសាធារណៈរបស់ក្រុងយេរូសាឡិម។ កិច្ចប្រជុំនេះកើតឡើងក្នុងខែអស្សុជ ដែលជាខែដ៏សំខាន់មួយនៃឆ្នាំរបស់សាសន៍អ៊ីស្រាអែល។ ក្នុងអំឡុងខែនេះ ពួកយូដាអបអរនឹងពិធីបុណ្យផ្លុំត្រែនៅថ្ងៃទី១។ ពិធីបុណ្យផ្លុំត្រែគឺជាថ្ងៃបរិសុទ្ធមួយដែលជួយឲ្យពួកយូដាត្រៀមខ្លួនជាស្រេចសម្រាប់ការជំនុំជំរះរបស់ព្រះ ឬបុណ្យធួននឹងបាបដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១០។ បន្ទាប់មកទៀត ពួកយូដាអបអរនឹងពិធីបុណ្យមួយទៀតគឺបុណ្យបារាំ ឬបុណ្យជំរំ (អគត) នៅថ្ងៃទី១៥នៃខែដដែល។ ថ្ងៃបរិសុទ្ធនេះជួយពួកយូដាឲ្យនឹកចាំអំពីអ្វីៗគ្រប់យ៉ាងដែលព្រះទ្រង់បានធ្វើចំពោះសាសន៍ខ្លួនកាលនៅប្រទេសអេស៊ីព្ទ។ ព្រះអង្គបានរំដោះពួកគេឲ្យរួចពីទាសភាព។ ហើយព្រះអង្គបានថែរក្សាពួកគេនៅវាលរហោឋានអស់រយៈកាល៤០ឆ្នាំ។
បន្ទាប់ពីសាងសង់កំផែងរួច ពួកគេបានជួបប្រជុំគ្នានៅថ្ងៃទី១នៃខែនោះ។ នៅថ្ងៃនេះ ពួកយូដាក៏បានអបអរនឹងពិធីបុណ្យផ្លុំត្រែផងដែរ។ ពួកមេដឹកនាំបានអញ្ជើញគ្រប់គ្នាឲ្យជួបប្រជុំគ្នានៅទីលានសាធារណៈក្នុងក្រុងយេរូសាឡិម។ បុរសស្ត្រីគ្រប់រូបក៏បានមកចូលរួមក្នុងអង្គប្រជុំពិសេសនេះ។ ពួកមេដឹកនាំសាសន៍យូដាមានចិត្តចង់អានក្រឹត្យវិន័យឲ្យបណ្តាជនបានស្តាប់។ ពួកលោកចង់ឲ្យបណ្តាជនមានឱកាសរៀនអំពីព្រះ និងប្រវត្តិសាស្ត្រជាតិសាសន៍របស់ពួកគេផ្ទាល់ផងដែរ។
បណ្តាជនបានអញ្ជើញលោកអែសរ៉ា ឲ្យអានក្រឹត្យវិន័យរបស់លោកម៉ូសេ ឲ្យពួកគេស្តាប់។ បន្ទាប់មក ពួកបណ្តាជនក៏បានរៀបចំវេទិកាពិសេសមួយ។ ពួកគេបានសូមឲ្យលោកអែសរ៉ាឈរនៅលើវេទិកានោះដើម្បីគ្រប់គ្នាអាចមើលលោកឃើញ។ បន្ទាប់មកទៀត ពួកគេបានសូមឲ្យលោកអាន។ ពួកមេដឹកនាំពុំបានបង្ខិតបង្ខំបណ្តាជនឲ្យមកចូលរួមអង្គប្រជុំនេះឡើយ។ បណ្តាជនបានសូមឲ្យលោកអែសរ៉ានាំយកគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេមកជាមួយនឹងលោក។ ពួកគេចង់ឲ្យលោកអានព្រះបន្ទូលរបស់ព្រះឲ្យពួកគេបានស្តាប់។ តើលោកអែសរ៉ាបានអានត្រង់កន្លែងណាដែរ? យើងគិតថា លោកអែសរ៉ាអានពីកណ្ឌគម្ពីរទាំងប្រាំរបស់លោកម៉ូសេ។ កណ្ឌគម្ពីរទាំងនេះមានរាប់បញ្ចូលទាំងក្រឹត្យវិន័យដែលព្រះទ្រង់បានប្រទានដល់លោកម៉ូសេកាលនៅលើភ្នំស៊ីណាយផងដែរ។
សូមអានខគម្ពីរចោទិយកថា ៣១:៩‑១៣។ ក្នុងខទាំងនេះ តើព្រះអម្ចាស់ទ្រង់ប្រាប់អ្វីខ្លះដល់ បណ្តាជន? តើយើងអាចរៀនអ្វីបានខ្លះចេញពីព្រះបន្ទូលរបស់ព្រះសម្រាប់រូបយើងផ្ទាល់?
ក្នុងខគម្ពីរចោទិយកថា ៣១:៩‑១៣ លោកម៉ូសេបានប្រាប់សាសន៍អ៊ីស្រាអែលឲ្យជួបប្រជុំគ្នា និងអានក្រឹត្យវិន័យរបស់ព្រះ។ លោកបានប្រាប់ពួកគេឲ្យអានក្រឹត្យវិន័យក្នុងអំឡុងបុណ្យបារាំ។ លោក ម៉ូសេមានប្រសាសន៍ថា មេដឹកនាំបរិសុទ្ធទាំងឡាយរបស់សាសន៍អ៊ីស្រាអែលគួរតែអានក្រឹត្យវិន័យរបស់ព្រះឲ្យមនុស្សទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ និងទាំងជនបរទេសដែលស្នាក់នៅក្នុងស្រុកជាមួយផង។
ថ្ងៃច័ន្ទ ទី៤ វិច្ឆិកា ឆ្នាំ២០១៩
អានហើយស្តាប់បង្គាប់ក្រឹត្យវិន័យ
លោកអែសរ៉ាបានយកក្រឹត្យវិន័យមកអានឲ្យបណ្តាជនស្តាប់។ ម្សិលមិញ យើងនឹកឆ្ងល់ថាតើលោកអែសរ៉ាអានក្រឹត្យវិន័យត្រង់ចំណុចណាខ្លះ។ តើលោកអែសរ៉ាអានតែបញ្ញត្តិ១០ប្រការដដែលៗតាំងពីព្រឹកដល់ថ្ងៃត្រង់មែនទេ? ដើម្បីជួយយើងឲ្យឆ្លើយសំណួរនេះ យើងតោងតែយល់អំពីអត្ថន័យនៃពាក្យថា «ក្រឹត្យវិន័យ» ជាមុនសិន។ ក្រឹត្យវិន័យរួមមានកណ្ឌគម្ពីរទាំង៥ដែលលោកម៉ូសេបានសរសេរ ដូចជា៖ លោកុប្បត្តិ និក្ខមនំ លេវីវិន័យ ជនគណនា និងចោទិយកថា។ សៀវភៅទាំងប្រាំនេះគេឲ្យឈ្មោះថា តូរ៉ា (បញ្ចកណ្ឌ)។ តូរ៉ាក៏រាប់បញ្ចូលបញ្ញត្តិ១០ប្រការក្នុងនោះដែរ។ ប៉ុន្តែតូរ៉ាគឺមានលើសពីនោះច្រើនទៀត។ តូរ៉ារាប់បញ្ចូលទាំងប្រវត្តិសាស្ត្រសាសន៍អ៊ីស្រាអែល។ តូរ៉ាបានបង្ហាញឲ្យឃើញការដឹកនាំរបស់ព្រះ។ ក្រឹត្យវិន័យបានជួយបង្ហាញបណ្តាជនទាំងឡាយឲ្យដឹងថាពួកគេជាអ្នកណា និងមកពីណា។ ពាក្យថា «ក្រឹត្យវិន័យ» ក៏រាប់បញ្ចូលសេចក្តីបង្គាប់ទាំងអស់របស់ព្រះដល់រាស្ត្ររបស់ព្រះអង្គផងដែរ។ សេចក្តីបង្គាប់របស់ព្រះជួយយើងឲ្យស្គាល់ផ្លូវខាងឯវិញ្ញាណដែលយើងគួរដើរ។ នៅពេលដែលលោកអែសរ៉ាបានអាន បណ្តាជនក៏បានរៀនពីប្រវត្តិសាស្ត្ររបស់ពួកគេ។ ប្រវត្តិសាស្ត្រក៏មានរាប់បញ្ចូលសប្តាហ៍ដំបូងដែលព្រះទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី និងរឿងរបស់លោកយ៉ូស្វេផងដែរ។ លោកអែសរ៉ាបានអានអំពីរឿង ទាំងឡាយ បទចំរៀង កំណាព្យ ព្រះពរ និងក្បួនច្បាប់ក្នុងគម្ពីរក្រឹត្យវិន័យ។
សូមអានខគម្ពីរនេហេមា ៨:៣, ចោទិយកថា ៤:១, ចោទិយកថា ៦:៣, ៤, យ៉ូស្វេ ១:៩, ទំនុកតម្កើង ១:២, សុភាសិត ១៩:២០, អេសេគាល ៣៧:៤, និងម៉ាថាយ ១៧:៥។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការសិក្សាព្រះគម្ពីរ? តើយើងគួរធ្វើអ្វីខ្លះដើម្បីបានយល់កាន់តែប្រសើរឡើងថែមទៀត?
បណ្តាជនចង់ដឹងអំពីក្រឹត្យវិន័យរបស់ព្រះកាន់តែខ្លាំងឡើង។ ហេតុអ្វីបានជាបណ្តាជនមានអារម្មណ៍បែបនេះ? សូមនឹកចាំថា លោកអែសរ៉ាធ្លាប់បានអានក្រឹត្យវិន័យឲ្យបណ្តាជនស្តាប់កាលពី១៣ឆ្នាំមុន។ លោកអែសរ៉ាធ្លាប់បង្រៀនពួកគេដោយសារតែពួកគេចង់បម្រើព្រះឲ្យបានពេញលេញ។ លោកក៏ចង់ធ្វើឲ្យជីវិតរបស់បណ្តាជនប្រសើរឡើងដែរ។ ខណៈដែលលោកអែសរ៉ាអានក្រឹត្យវិន័យពីមួយឆ្នាំទៅមួយឆ្នាំ ស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យបានកើតឡើង។ ព្រះបន្ទូលរបស់ព្រះបានប្រែក្លាយជាមានអត្ថន័យពិតប្រាកដចំពោះបណ្តាជន។ ហេតុនោះហើយបានជាពួកបណ្តាជនបានសូមឲ្យលោកអែសរ៉ាអានក្រឹត្យវិន័យឲ្យពួកគេស្តាប់បន្ទាប់ពីពួកគេបានបញ្ចប់ការសាងសង់កំផែង។ ពួកគេមានការ ចង់ដឹងអំពីព្រះកាន់តែខ្លាំងឡើង។ ចិត្តរបស់ពួកគេមានការគោរពកោតខ្លាចដល់ព្រះយ៉ាងខ្លាំង។ ពួកគេមានគោលបំណងយ៉ាងមោះមុតចង់រៀនអំពីព្រះអង្គថែមទៀត។ ដូចគ្នានេះដែរ យើងរាល់គ្នាក៏គួរតែផ្តោតចិត្តគំនិតរបស់យើងទៅលើព្រះគម្ពីរដែរ។ កាលណាធ្វើដូច្នេះ នោះយើងនឹងចង់ឲ្យព្រះទ្រង់បំពេញជីវិតរបស់យើងឲ្យពេញលេញគ្រប់លក្ខណ៍បាន។
ថ្ងៃអង្គារ ទី៥ វិច្ឆិកា ឆ្នាំ២០១៩
របៀបអាន និងសិក្សាស្វែងយល់អំពីក្រឹត្យវិន័យ
សូមអានខគម្ពីរនេហេមា ៨:៤‑៨។ ដូចដែលយើងឃើញក្នុងខទាំងនេះ តើអ្នកណាជួយលោកអែសរ៉ាអានក្រឹត្យវិន័យឲ្យបណ្តាជនស្តាប់?
មានមនុស្សចំនួនពីរក្រុម ដែលក្នុងមួយក្រុមៗមានគ្នា១៣នាក់ បានជួយលោកអែសរ៉ាក្នុងអំឡុងពេលអានជាសាធារណៈ។ ក្រុមទីមួយមានបុរស១៣នាក់ (នេហេមា ៨:៤) ជួយលោកអែសរ៉ាអានក្រឹត្យវិន័យ។ ក្រុមទីពីរមានគ្នា១៣នាក់ (នេហេមា ៨:៧) បានជួយពន្យល់បណ្តាជនឲ្យយល់ខព្រះគម្ពីរកាន់តែប្រសើរឡើង។ យើងពុំមានព័ត៌មានលំអិតអំពីរបៀបដែលផែនការនេះដំណើរយ៉ាងណាឲ្យប្រាកដនៅទីលានប្រជុំនោះទេ។ បុរសដែលជួយលោកអែសរ៉ាអានក៏ជាអ្នកដែលកាន់តាមគម្ពីរក្រឹត្យវិន័យដែរ។ ដូចដែលយើងជ្រាបហើយថា គម្ពីរក្រឹត្យវិន័យគឺសំដៅដល់កណ្ឌគម្ពីរទាំងប្រាំដែលលោកម៉ូសេបានសរសេរនៅលើក្រាំង។ ក្រាំងគឺជាប្រភេទក្រដាសម្យ៉ាងដែលអាចរមូរចូលគ្នាបាន។ ក្រាំងហេព្រើរមានទម្ងន់ធ្ងន់។ គេត្រូវការគ្នាច្រើននាក់ដើម្បីជួយបើកវាអានម្តងៗ។ ហេតុនោះ ប្រហែលជាក្រុមទីពីរដែលមានគ្នា១៣នាក់ជួយទប់និងបើកក្រាំងសម្រាប់ឲ្យគេអាន។ ក្រុមទាំង១៣នាក់ក៏អាចនឹងដាក់វេនគ្នាដើម្បីអានក្រាំងនោះផងដែរ។ សូមនឹកចាំថា ពួកគេបានអានតាំងពីព្រឹករហូតដល់ថ្ងៃត្រង់តែម្តង។ ហេតុនោះ ពួកគេត្រូវរកមធ្យោបាយដើម្បីធ្វើយ៉ាងណាឲ្យមនុស្សគ្រប់គ្នានៅទីលានប្រជុំនោះបានឮ។
តើបុរសទាំងនេះធ្វើអ្វីខ្លះទៀតដើម្បីជួយលោកអែសរ៉ាអានក្រឹត្យវិន័យ? «ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្ដីឲ្យគេបានយល់បទដែលអានមើលនោះ» (នេហេមា ៨:៨)។ តើខនេះមានន័យពិតប្រាកដយ៉ាងដូចម្តេចដែរ? បុរសទាំងនោះអាចនឹងពន្យល់អំពីអត្ថន័យរបស់ក្រឹត្យវិន័យ។ ឬមួយក៏ពួកគេអាចនឹងសម្រួលន័យទៅជាពាក្យពេចន៍ដែលបណ្តាជនអាចយល់បាន។ លោកអែសរ៉ាបានអានវាជាភាសាហេព្រើរ។ ប៉ុន្តែ ពួកសាសន៍យូដាភាគច្រើនក៏ពិបាកយល់ភាសាហេព្រើរដែរ។ សូមនឹកចាំថា ពួកបណ្តាជនបានរស់នៅក្នុងចក្រភពបាប៊ីឡូនជាច្រើនឆ្នាំកន្លងមកហើយ។ ពួកបាប៊ីឡូននិយាយភាសាអារ៉ាម។ ហេតុនោះ ពួកយូដាអាចនឹងមិនសូវចាំភាសាផ្ទាល់ខ្លួនបានល្អឡើយ។ ក្នុងពេលដំណាលគ្នានេះ ខគម្ពីរនេហេមា ៨:៨ ក៏អាចមានន័យថា បុរសទាំង១៣នាក់ជួយពន្យល់អត្ថន័យនៃខគម្ពីរទាំងឡាយផងដែរ។ ដូចដែលខទាំងនេះបង្ហាញ ជួនកាលការជួយពន្យល់បកស្រាយព្រះគម្ពីរឲ្យយើងបានយល់មានប្រយោជន៍ខ្លាំងណាស់។ ការជួយពន្យល់ទាំងនោះអាចជួយធ្វើឲ្យព្រះគម្ពីរមានជីវិតរស់រវើក។ ការនោះក៏ជួយយើងឲ្យយល់ព្រះបន្ទូលរបស់ព្រះកាន់តែប្រសើរឡើងផងដែរ។
សូមអានខគម្ពីរកិច្ចការ ៨:២៦‑៣៨។ តើមានអ្វីកើតឡើងខ្លះនៅក្នុងខទាំងនេះដែលដូចគ្នាទៅនឹងអ្វីដែលបានកើតឡើងក្នុងក្រុងយេរូសាឡិមក្នុងខគម្ពីរនេហេមា ៨:៤‑៨? តើយើងអាចរៀនអ្វីបានខ្លះពីការប្រៀបធៀបរឿងទាំងពីរនេះ?
ក្នុងនាមជាអ្នកប្រូតេស្តង់ត៍ យើងជឿថា មនុស្សម្នាក់ៗត្រូវតែចេះដឹងព្រះគម្ពីរដោយខ្លួនឯង។ យើងមិនត្រូវទទួលជឿទាំងងងឹតងងល់ទៅលើអ្វីមួយដែលនរណាម្នាក់អះអាងថាជាសេចក្តីពិតតាមបែបព្រះគម្ពីរឡើយ។ យើងតោងតែពិនិត្យមើលដោយខ្លួនឯងថាតើសេចក្តីនោះពិតប្រាកដមែនដែរឬទេ។ ទន្ទឹមគ្នានេះ យើងក៏បានពរតាមរយៈការបង្ហាត់បង្រៀនពីមនុស្សដទៃផ្សេងទៀតដែរ។
ថ្ងៃពុធ ទី៦ វិច្ឆិកា ឆ្នាំ២០១៩
ពួកបណ្តាជនទទួលឆ្លើយថា «អាម៉ែន»
តើមានអ្វីខ្លះកើតឡើងពេលដែលលោកអែសរ៉ាបើកគម្ពីរក្រឹត្យវិន័យអាន? ពួកបណ្តាជនបានក្រោកឈរឡើង។ មុនពេលដែលលោកអាន លោកបានថ្វាយព្រះពរដល់ព្រះជាម្ចាស់។ បន្ទាប់ពីលោកអាន មនុស្សទាំងអស់គ្នាទទួលឆ្លើយថា «អាម៉ែន អាម៉ែន» (នេហេមា ៨:៥, ៦)។ ពួកគេបានលើកដៃឡើង ទៅលើមេឃ។ បន្ទាប់មកពួកគេបានឱនក្បាលចុះថ្វាយបង្គំព្រះ។ ពួកគេបានឱនក្រាបផ្កាប់មុខនឹងដី។
សូមអានអំពីអ្វីដែលបានកើតឡើងបន្ទាប់មកទៀតនៅក្នុងខគម្ពីរនេហេមា ៨:៩‑១២។ ហេតុអ្វីបានជាពួកមេដឹកនាំហាមប្រាមបណ្តាជនកុំឲ្យយំស្រែក ឬកើតទុក្ខព្រួយ?
«នៅពេលដែលពួកយូដាបានត្រឡប់មកពីបាប៊ីឡូនវិញ លោកអែសរ៉ាក៏បានអានក្រឹត្យវិន័យ។ ពួកបណ្តាជនបានយំសោកដោយសារតែអំពើបាបរបស់ពួកគេ។ បន្ទាប់មក លោកនេហេមា លោកអែសរ៉ា និងពួកលេវី (ពួកបុរសដែលបានជួយលោកអែសរ៉ាបង្រៀនក្រឹត្យវិន័យ) បានឡើងថ្លែងសុន្ទរកថាជូនដល់ បណ្តាជន។ ‘កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រឹត្យ‑វិន័យនោះ លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ និងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកម្លាំងនៃអ្នករាល់គ្នា’ (នេហេមា ៨:៩, ១០)»។ ដកស្រង់ពី Ellen G. White, The Ministry of Healing, page 281, adapted។
ដូចដែលយើងបានយល់រួចមកហើយ ក្រឹត្យវិន័យជួយឲ្យបណ្តាជនមើលឃើញថា ពួកគេគឺជាមនុស្សមានបាប។ បន្ទាប់មកពួកគេក៏ចាប់ផ្តើមយំសោក។ រឿងដដែលនេះក៏នឹងកើតឡើងដែរពេលណាព្រះទ្រង់បង្ហាញអង្គទ្រង់ដល់យើងរាល់គ្នា។ យើងនឹងចាប់ផ្តើមយល់ថា ព្រះទ្រង់ពោរពេញដោយសេចក្តីស្រឡាញ់ និងសេចក្តីមេត្តា។ ព្រះអង្គទ្រង់ល្អ និងពិតត្រង់។ យើងមើលឃើញភាពកម្សោយរបស់យើង។ យើងមើលឃើញកំហុសរបស់យើង។ យើងយល់ថា យើងមិនអាចសង្គ្រោះខ្លួនឯងបានឡើយ។ ព្រះគម្ពីរជួយយើងឲ្យមើលឃើញថា ព្រះទ្រង់បរិសុទ្ធ។ កាលណាយើងមើលឃើញថា ព្រះទ្រង់បរិសុទ្ធ យើងនឹងមើលឃើញថាអំពើបាបរបស់យើងកាន់តែអាក្រក់ឡើង។ ហេតុនោះហើយបានជាពួកបណ្តាជននៅទីក្រុងយេរូសាឡិមចាប់ផ្តើមស្រែកយំ។ ប៉ុន្តែ ព្រះទ្រង់ពុំចង់ឲ្យពួកគេសោកសៅឡើយ។ លោកនេហេមា លោកអែសរ៉ា និងពួកលេវីបានប្រាប់ទៅបណ្តាជនថា «កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកម្លាំងនៃអ្នករាល់គ្នា» (នេហេមា ៨:១០)។ ពិតមែនហើយ ពួកបណ្តាជនបានបរាជ័យក្នុងអតីតកាល។ ប៉ុន្តែ ពួកគេអាចជឿទុកចិត្តលើព្រះចេស្តារបស់ព្រះដែលសង្គ្រោះពួកគេ និងធ្វើឲ្យពួកគេមានជីវិតថ្មីបាន។
សូមនឹកចាំថា លោកអែសរ៉ាបានអានជូនបណ្តាជននៅចំពិធីបុណ្យផ្លុំត្រែ។ ថ្ងៃនោះគឺជាថ្ងៃបរិសុទ្ធ។ នៅថ្ងៃនោះ ត្រែត្រូវបានផ្លុំបន្លឺឡើង។ ត្រែជួយរំឭកប្រាប់បណ្តាជនឲ្យត្រៀមខ្លួនសម្រាប់បុណ្យធួននឹងបាប ដែលនឹងមកដល់១០ថ្ងៃទៀត។ ហេតុនោះ ពួកបណ្តាជនត្រូវត្រៀមចិត្តពីឥឡូវនេះទៅ។ ហេតុនោះហើយបានជាពួកគេយំសោក។ ពួកមេដឹកនាំបានប្រាប់ពួកគេថា ព្រះទ្រង់បានឮការយំសោករបស់ពួកគេហើយ។ ហេតុនោះពួកគេក៏បានឈប់យំ។ ព្រះទ្រង់បានអភ័យទោសបាបរបស់ពួកគេ។ ឥឡូវនេះដល់ពេលដែលត្រូវសប្បាយចិត្តវិញម្តង។
ថ្ងៃព្រហស្បតិ៍ ទី៧ វិច្ឆិកា ឆ្នាំ២០១៩
សេចក្តីអំណរនៃព្រះអម្ចាស់
«សេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកម្លាំងនៃអ្នករាល់គ្នា» (នេហេមា ៨:១០)។ ខនេះជួយយើងឲ្យនឹកចាំថា ព្រះទ្រង់ចង់ឲ្យយើងមានការសប្បាយចិត្ត។ នោះគឺជាផ្នែកមួយនៃផែនការរបស់ព្រះអង្គសម្រាប់ជីវិតរបស់យើង។ ការដែលយើងមានអារម្មណ៍អំណរកើតចេញមកពីការស្គាល់ព្រះ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ យើងគួរតែសប្បាយចិត្តដោយសារតែអ្វីៗគ្រប់យ៉ាងដែលព្រះទ្រង់ប្រទានដល់យើង។ យើងគួរតែមានអំណរដោយសារតែព្រះទ្រង់ល្អ។ គំនិតទាំងនេះគួរតែផ្តល់អំណរដល់យើងជារៀងរាល់ថ្ងៃ។ កាលណាយើងរកឃើញអំណរក្នុងព្រះជាម្ចាស់ នោះសេចក្តីអំណររបស់យើងនឹងធ្វើឲ្យយើងកាន់តែរឹងមាំឡើង។ ហើយយើងក៏អាចនឹងទ្រាំទ្រនឹងបញ្ហាគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិតរបស់យើងបាន។
សូមអានខគម្ពីរនេហេមា ៨:១៣‑១៨។ តើមានអ្វីកើតឡើងក្នុងខទាំងនេះ? តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីពួកបណ្តាជន និងពួកមេដឹកនាំនៅគ្រានោះ?
នៅថ្ងៃបន្ទាប់ ពួកមេដឹកនាំក៏បានមកជួបលោកអែសរ៉ា។ ពួកគេចង់រៀនថែមទៀតអំពីព្រះគម្ពីរ។ ពួកមេដឹកនាំបានបង្ហាញឲ្យឃើញថា ពួកគេចង់ដឹកនាំសហគមន៍របស់ពួកគេឲ្យដើរតាមព្រះ។ ពួកមេដឹក នាំយល់ថា ពួកគេត្រូវតែយកព្រះជាទីមួយក្នុងជីវិតរបស់ពួកគេ។ បន្ទាប់មកទៀត ពួកគេនឹងមានជោគជ័យពេលដែលពួកគេដឹកនាំពួកបណ្តាជន។ ហេតុនោះហើយបានជាពួកមេដឹកនាំចង់ឲ្យលោកអែសរ៉ាបង្រៀនពួកគេថែមទៀតអំពីព្រះ។
សូមអានលេវីវិន័យ ២៣:៣៩‑៤៣។ តើព្រះទ្រង់បានប្រាប់ឲ្យពួកអ៊ីស្រាអែលធ្វើអ្វីខ្លះ? ហេតុអ្វីបានជាព្រះជាម្ចាស់ប្រទានសេចក្តីបង្គាប់នេះដល់ពួកគេ?
តើលោកអ្នកឃើញទេថា ខគម្ពីរនេហេមា ៨:១៥ កត់ត្រាថា ពួកបណ្តាជនបានធ្វើតាមអ្វីដែលបានកត់ត្រាទុក «ក្នុងក្រឹត្យវិន័យ»? ពួកគេបានស្តាប់បង្គាប់តាមសេចក្តីបង្រៀនដែលព្រះបានប្រទានដល់ពួកគេតាមរយៈលោកម៉ូសេ។ ហេតុនោះ យើងឃើញថា ពួកបណ្តាជនមានចិត្តចង់ស្តាប់បង្គាប់តាមព្រះ‑ជាម្ចាស់ខ្លាំងណាស់។ បន្ទាប់ពីធ្លាក់ខ្លួនក្លាយជាទាសករអស់រយៈពេល៧០ឆ្នាំ ទីបំផុតរាស្ត្ររបស់ព្រះក៏បានរៀនមេរៀនរបស់ពួកគេស្តីអំពីការស្តាប់បង្គាប់។
នៅក្នុងខមួយចំនួនក្នុងកណ្ឌគម្ពីរលេវីវិន័យ ព្រះទ្រង់បានប្រាប់បណ្តាជនឲ្យប្រារព្ធពិធីបុណ្យដោយអំណរ។ ព្រះជាម្ចាស់បានបង្គាប់ដល់ពួកគេថា ត្រូវ «ឲ្យអរសប្បាយឡើងអស់៧ថ្ងៃ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង» (លេវីវិន័យ ២៣:៤០)។ ព្រះទ្រង់ចង់ឲ្យបណ្តាជននឹកចាំអំពីសេចក្តីមេត្តា និងសេចក្តីអត់ឱនទោសរបស់ព្រះអង្គ។ នោះពួកគេនឹងមានអំណរនឹងរឿងគ្រប់យ៉ាងដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេ។
ហេតុដូចម្តេចបានជាការមានអំណរក្នុងព្រះអម្ចាស់ក្នុងគ្រាលំបាកសំខាន់ម៉្លេះ?
ថ្ងៃសុក្រ ទី៨ វិច្ឆិកា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “Instructed in the Law of God,” pages 661-668, in Prophets and Kings.
«ឥឡូវនេះបណ្តាជនទាំងឡាយត្រូវតែបង្ហាញសេចក្តីជំនឿលើសេចក្តីសន្យារបស់ព្រះ។ ព្រះទ្រង់បានទទួលយកការសោកសៅចំពោះអំពើបាបរបស់ពួកគេ។ ឥឡូវនេះ ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ ព្រះអង្គមានអំណរដោយសារព្រះអង្គបានអត់ទោសដល់ពួកគេ។ ព្រះទ្រង់បានប្រទានព្រះគុណដល់ពួកគេម្តងទៀត...
«នៅវេលាណាដែលបាបជនវិលបែរមករកព្រះអម្ចាស់វិញ រមែងមានការល្អកើតឡើងជានិច្ច។ ជីវិតរបស់បាបជនក៏ពោរពេញដោយសេចក្តីអំណរ។ បាបជនបើកចិត្តរបស់ខ្លួនទទួលយកព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់មកបាបជនក៏មើលឃើញទោសកំហុសផ្ទាល់ខ្លួនរបស់គេ។ ប្រៀបធៀបទៅនឹងព្រះហឫទ័យព្រះ គេមើលឃើញចិត្តរបស់ខ្លួនស្មោកគ្រោកខ្លាំងណាស់។ ព្រះទ្រង់ជ្រាបច្បាស់ណាស់អំពីចិត្តរបស់មនុស្សលោក។ ព្រះអង្គទ្រង់បរិសុទ្ធ។ ដោយសារប្រៀបធៀបខ្លួនឯងទៅនឹងព្រះដ៏បរិសុទ្ធ ធ្វើឲ្យមនុស្សដែលសោកស្តាយនឹងអំពើបាបមើលឃើញខ្លួនឯងកាន់តែច្បាស់ឡើង។ គេគឺជាបាបជនដែលមានទោសដោយសារការរំលងក្រឹត្យវិន័យ ដែលត្រូវមានទោសដល់ស្លាប់។ ប៉ុន្តែបាបជនមិនត្រូវមានទុក្ខព្រួយ ហើយដេកចាំសេចក្តីស្លាប់ឡើយ។ ព្រះទ្រង់បានអភ័យទោសបាបដល់គេហើយ។ ហេតុនោះ បាបជនត្រូវមានអំណរឡើងដោយសារព្រះទ្រង់បានអត់ទោសដល់អំពើបាបរបស់ខ្លួនហើយ។ បាបជនក៏រកឃើញសេចក្តីអំណរក្នុងសេចក្តីស្រឡាញ់របស់ព្រះបិតានៃស្ថានសួគ៌។ សេចក្តីអំណរនេះបានថ្វាយសិរីល្អដល់ព្រះដែលធ្វើឲ្យព្រះអង្គសព្វព្រះទ័យនឹងបាបជនដែលងាកបែរចេញពីអំពើបាប។ ព្រះអង្គបានទទួលយកពួកគេមកដាក់ក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គបានព្យាបាលរបួសដែលបណ្តាលឡើយដោយសារអំពើបាបរបស់ពួកគេ។ ព្រះអង្គបានសម្អាតពួកគេឡើង។ ព្រះអង្គបានគ្របបាំងពួកគេដោយព្រះគុណដែលប្រៀបដូចជាអាវនៃសេចក្តីសុចរិត»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 668, adapted ។
សំនួរពិភាក្សា៖
- «សេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកម្លាំងនៃអ្នករាល់គ្នា» (នេហេមា ៨:១០)។ តើមានកិច្ចការអ្វីខ្លះដែលយើងត្រូវធ្វើដើម្បីឲ្យមានបទពិសោធន៍នៃសេចក្តីអំណរនេះក្នុងជីវិតរបស់យើងដែរឬទេ? ប្រសិនបើមាន តើយើងត្រូវធ្វើអ្វីខ្លះ?
- យើងត្រូវតែមានការសោកស្តាយចំពោះអំពើបាបរបស់ខ្លួន។ ជាមួយគ្នានេះដែរ យើងក៏ត្រូវតែមានអំណរក្នុងព្រះអម្ចាស់ដែរ។ តើយើងអាចធ្វើអារម្មណ៍បែបទាំងនេះយ៉ាងដូចម្តេចដែរពីព្រោះទាំងពីរយ៉ាងនេះមិនដូចគ្នាសោះឡើយនោះ? តើក្រឹត្យវិន័យរបស់ព្រះ និងដំណឹងល្អជួយយើងឲ្យធ្វើអារម្មណ៍បែបទាំងនេះបានយ៉ាងដូចម្តេចដែរ? ដើម្បីរកចម្លើយ សូមអានខគម្ពីររ៉ូម ៣:១៩, ២៤។
- សូមអានខគម្ពីរនេហេមា ៨:១០, «ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ និងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកម្លាំងនៃអ្នករាល់គ្នា»។ តើខនេះបង្រៀនយើងអំពីវិធីផ្សេងៗទៀតដែលអាចឲ្យយើងមានអំណរក្នុងព្រះអម្ចាស់យ៉ាងដូចម្តេចខ្លះដែរ?