ថ្ងៃសៅរ៍ ទី៩ កុម្ភៈ ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ៨:៥, អេសេគាល ១០:២, វិវរណៈ ១០:១‑៤, ដានីយ៉ែល ១២:៦, ៧, វិវរណៈ ១១:១, ២។
ខចងចាំ៖ «តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្ដីអាថ៌កំបាំង នៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ» (វិវរណៈ ១០:៧)។
នៅពេលដែលព្រះយេស៊ូវទ្រង់បកត្រាទី៥ យើងឃើញថា សម្រែករបស់ពួកអ្នកជឿព្រះដែលរងទុក្ខវេទនាគឺជារូបស័ព្ទដែលតំណាងឲ្យពួកអ្នកដើរតាមព្រះដ៏ស្មោះត្រង់ទាំងឡាយដែលធ្លាប់រងទុក្ខនៅលើផែនដីនេះ។ លោកយ៉ូហានបានបង្ហាញប្រាប់យើងថា ក្រុមមនុស្សទាំងនេះគឺជាព្រលឹងនៅក្រោមអាសនាក្នុងរៀងឧបោសថនៅឋានសួគ៌។ រោងឧបោសថនៅឋានសួគ៌គឺជាកន្លែងដែលព្រះទ្រង់ធ្វើការដើម្បីសង្គ្រោះរាស្ត្ររបស់ព្រះអង្គ។ ព្រលឹងដែលឋិតនៅក្រោមអាសនាបានស្រែកទៅរកព្រះ។ ពួកគេបានសួរថា តើដល់ពេលណាទើបព្រះទ្រង់ផ្តល់សេចក្តីយុត្តិធម៌ដល់ពួកគេ (វិវរណៈ ៦:១០)។ សម្លេងពីឋានសួគ៌បានប្រាប់ ព្រលឹងទាំងនោះឲ្យរង់ចាំសិន ពីព្រោះព្រះទ្រង់នឹងជំនុំជំរះដល់ពួកអ្នកដែលធ្វើបាបពួកគេឆាប់ៗនេះហើយ។ ខគម្ពីរវិវរណៈ ៦:១៥‑១៧ បង្ហាញប្រាប់យើងអំពីព្រះយេស៊ូវពេលដែលព្រះអង្គយាងត្រឡប់មកផែនដីនេះ វិញ។ គ្រានោះ ព្រះយេស៊ូវនឹងជំនុំជំរះមនុស្សគ្រប់គ្នាដែលបានធ្វើបាបដល់រាស្ត្រដ៏ស្មោះត្រង់របស់ព្រះអង្គ។
ទុក្ខវេទនារបស់ពួកអ្នកព្រះ ដែលបានបង្ហាញនៅក្នុងត្រាទី៥ គឺជារូបស័ព្ទតំណាងឲ្យទុក្ខវេទនារបស់រាស្ត្រទាំងអស់របស់ព្រះ ចាប់តាំងពីអេបិលរហូតដល់គ្រាដែលព្រះទ្រង់នឹងជំនុំជំរះពួកមនុស្សដែល កំចាយ «ឈាមពួកបាវបំរើរបស់ទ្រង់» (វិវរណៈ ១៩:២)។ ដូច្នោះហើយ រាស្ត្រទាំងឡាយរបស់ព្រះដែលរងទុក្ខលំបាកត្រូវជឿថា ព្រះទ្រង់បានស្តាប់ឮសេចក្តីអធិដ្ឋានរបស់ពួកគេហើយ។ ត្រែចុងក្រោយទាំងប្រាំពីរ បង្ហាញប្រាប់យើងថា ព្រះទ្រង់ជំនុំជំរះមនុស្សដែលធ្វើបាបពួកអ្នកដើរតាមព្រះអង្គ ហើយព្រះនៃឋានសួគ៌ក៏យកព្រះទ័យទុកដាក់នឹងទុក្ខលំបាករបស់រាស្ត្ររបស់ព្រះអង្គដែរ។
ថ្ងៃអាទិត្យ ទី១០ កុម្ភៈ ឆ្នាំ២០១៩
សេចក្តីអធិដ្ឋានរបស់ពួកអ្នកជឿព្រះ
បទគម្ពីរវិវរណៈជំពូកទី៨ ចាប់ផ្តើមពីទេវតាទាំងប្រាំពីរដែលឈរនៅពីមុខព្រះជាម្ចាស់។ ទេវតាទាំងប្រាំពីរត្រៀមខ្លួនស្រេចហើយដើម្បីផ្លុំត្រែរបស់ពួកគេ។ ប៉ុន្តែ មុនពេលដែលទេវតាទាំងប្រាំពីរផ្លុំត្រែរបស់ខ្លួន មានរឿងមួយបានកើតឡើង។ រឿងដែលកើតឡើងនេះជួយយើងឲ្យយល់អំពីអត្ថន័យនៃត្រែទាំងប្រាំពីរនោះ។
សូមអានខគម្ពីរវិវរណៈ ៨:៣, ៤។ បន្ទាប់មកសូមអានអំពីការពណ៌នាអំពីអ្វីដែលបានកើតឡើងរៀងរាល់ថ្ងៃនៅក្នុងព្រះវិហារយេរូសាឡិម៖ រៀងរាល់ល្ងាច មេដឹកនាំបរិសុទ្ធមួយរូប ឬសង្ឃមួយអង្គ បានដាក់ចៀមទៅលើអាសនាសំរាប់ធ្វើជាយញ្ញបូជា។ ដំបូង សង្ឃបានចាក់ឈាមរបស់ចៀមទៅ ក្រោមអាសនា។ បន្ទាប់មក សង្ឃបានបោះពានមាសទៅក្នុងព្រះវិហារ និងថ្វាយគ្រឿងក្រអូបនៅលើអាសនាមាសក្នុងបន្ទប់បរិសុទ្ធ។ នៅពេលសង្ឃចេញមកក្រៅវិញ លោកបោះពានមាសទៅលើទីក្រាលថ្ម ហើយ វាក៏បង្កើតជាសូរសំឡេងឡើងពេលដែលពានប៉ះនឹងទីក្រាលថ្មនោះ។ នៅពេលដែលរឿងនេះកើតឡើង សង្ឃប្រាំពីរអង្គផ្សេងទៀតត្រូវផ្លុំត្រែរបស់ខ្លួនឡើងដើម្បីបង្ហាញប្រាប់ជាសញ្ញាថា កិច្ចការពិសេសដែលពួកគេបានធ្វើនៅក្នុងព្រះវិហារនៅថ្ងៃនោះបានចប់រួចរាល់ហើយ។
ក្នុងខគម្ពីរវិវរណៈ ៨:៣‑៥ យើងឃើញថា លោកយ៉ូហានបានប្រើពាក្យពេចន៍ដូចគ្នានេះជាច្រើនដែលយើងទើបតែបានអានអំពីអ្វីដែលបានកើតឡើងរៀងរាល់ល្ងាចនៅក្នុងព្រះវិហារ។ តើទេវតាបានគ្រឿងក្រអូបពីណាយកមកដាក់នៅលើពានមាសរបស់លោក? លោកបានវាពី «អាសនាមាសដែល នៅមុខបល្ល័ង្ក» (វិវរណៈ ៨:៣)។ គ្រឿងក្រអូបពិសេសនេះគឺជារូបស័ព្ទតំណាងឲ្យសេចក្តីអធិដ្ឋាននៃ រាស្ត្ររបស់ព្រះ (វិវរណៈ ៥:៨)។ ហេតុនោះ សេចក្តីអធិដ្ឋានដែលទេវតាបានថ្វាយនៅចំពោះព្រះគឺជាសេចក្តីអធិដ្ឋានពីរាស្ត្រដែលរងទុក្ខលំបាករបស់ព្រះនោះឯង។ ឥឡូវនេះ ព្រះទ្រង់ត្រៀមស្រេចហើយដើម្បីនឹងឆ្លើយតបចំពោះសេចក្តីអធិដ្ឋានរបស់ពួកគេ។
ខគម្ពីរវិវរណៈ ៨:៣‑៥ បានផ្តល់ព័ត៌មានដ៏សំខាន់ស្តីអំពីត្រែទាំងប្រាំពីរនៅក្នុងកណ្ឌគម្ពីរ វិវរណៈដល់យើងរាល់គ្នា៖
១) ត្រែទាំងប្រាំពីរគឺជាការដាក់ទោសរបស់ព្រះដល់មនុស្សដែលបានធ្វើរំលងក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះទ្រង់ដាក់ទោសមនុស្សអាក្រក់ដោយសារតែពួកគេបានធ្វើឲ្យរាស្ត្ររបស់ព្រះអង្គរងការឈឺ ចាប់ ម៉្លោះហើយបានជាពួកគេបានអធិដ្ឋានទៅព្រះដើម្បីសូមឲ្យព្រះអង្គផ្តល់សេចក្តីយុត្តិធម៌ដល់ពួកគេ។
២) ទេវតាទី១ បានផ្លុំត្រែរបស់ខ្លួននៅបន្ទាប់ពីពេលដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងប្រៀបដូចជាកូនចៀម។ ត្រែនីមួយៗ បង្ហាញប្រាប់យើងពីដំណាក់កាលផ្សេងៗគ្នាក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីព្រះយេស៊ូវសុគត រហូតដល់ព្រះអង្គយាងមកវិញលើកទីពីរ (វិវរណៈ១១:១៥‑១៨)។
សូមអានខគម្ពីរវិវរណៈ ៨:៥ និងអេសេគាល ១០:២។ តើភ្លើងដែលត្រូវបោះទម្លាក់ទៅលើ សត្រូវរបស់ពួកអ្នកជឿព្រះបានមកពីណា? តើការជាក់ស្តែងរបស់ហោរាអេសេគាលអំពីការបោះភ្លើងទៅយេរូសាឡិមជួយយើងឲ្យយល់ពីត្រែទាំងប្រាំពីរនៅក្នុងគម្ពីរវិវរណៈកាន់តែប្រសើរឡើងបានយ៉ាង ដូចម្តេចដែរ?
ថ្ងៃច័ន្ទ ទី១១ កុម្ភៈ ឆ្នាំ២០១៩
តើត្រែមានអត្ថន័យយ៉ាងដូចម្តេចខ្លះ?
កកណ្ឌគម្ពីរវិវរណៈបានប្រើត្រែធ្វើជារូបស័ព្ទដើម្បីបង្ហាញប្រាប់យើងអំពីរបៀបដែលព្រះទ្រង់ធ្វើការដើម្បីសង្គ្រោះរាស្ត្ររបស់ព្រះអង្គ។ ត្រែបានដើរតួយ៉ាងសំខាន់ក្នុងសាសន៍អ៊ីស្រាអែលក្នុងជំនាន់ព្រះគម្ពីរសញ្ញាចាស់ (ជនគណនា ១០:៨‑១០ និង របាក្សត្រទី២ ១៣:១៤, ១៥)។ សំឡេងត្រែជួយ ប្រាប់ឲ្យពួកគេគិតដល់ការថ្វាយបង្គំក្នុងព្រះវិហារ។ ត្រែក៏ត្រូវបានគេប្រើក្នុងពេលមានសង្គ្រាម ក្នុងផលដំណាំក្នុងស្រែចម្ការទុំល្មមប្រមូលផល និងក្នុងអំឡុងពេលបុណ្យទានផ្សេងៗផងដែរ។ ក្នុងអំឡុងពេលថ្វាយបង្គំនៅក្នុងព្រះវិហារ ឬអំឡុងពេលបុណ្យណាមួយ សំឡេងត្រែបានជួយរំឭកពួកគេឲ្យនឹកគិតទៅដល់ព្រះជាម្ចាស់ និងសេចក្តីសញ្ញារបស់ព្រះអង្គជាមួយនឹងរាស្ត្ររបស់ព្រះអង្គ។ សំឡេងត្រែជួយពួកគេឲ្យត្រៀមខ្លួនជាស្រេចសម្រាប់ «ថ្ងៃនៃព្រះអម្ចាស់» (យ៉ូអែល ២:១)។ ក្នុងអំឡុងពេលសង្គ្រាម រាស្ត្ររបស់ព្រះគេបានអធិដ្ឋាន។ បន្ទាប់មកមាននរណាម្នាក់ផ្លុំត្រែឡើង។ នោះគឺជារបៀបដែលរាស្ត្ររបស់ព្រះទូលសូមឲ្យទ្រង់ជួយសង្គ្រោះពួកគេ។ ព័ត៌មានទាំងអស់នេះបានជួយយើងឲ្យយល់កាន់តែប្រសើរឡើង អំពីមូលហេតុដែលព្រះទ្រង់ប្រើត្រែទាំងនោះនៅក្នុងកណ្ឌគម្ពីរវិវរណៈ។
ត្រែនៅក្នុងខគម្ពីរវិវរណៈ ៨:១៣ និងវិវរណៈ ៩:៤, ២០, ២១ បង្ហាញប្រាប់យើ់ងអំពីការដាក់ទោសរបស់ព្រះ។ តើព្រះទ្រង់ដាក់ទោសលើអ្នកណាខ្លះ?
ត្រែទាំងប្រាំពីរបង្ហាញប្រាប់យើងអំពីការដាក់ទោសរបស់ព្រះប្រឆាំងទាស់នឹងសត្រូវដែលធ្វើឲ្យរាស្ត្ររបស់ព្រះអង្គឈឺចាប់ (វិវរណៈ ៨:១៣)។ នៅក្នុងពេលជាមួយគ្នានោះដែរ ត្រែទាំងប្រាំពីរក៏ជាការដាស់តឿនផងដែរ។ ត្រែទាំងនោះបានដាស់តឿនមនុស្សលោកនៅលើផែនដីនេះឲ្យងាកបែរត្រឡប់ទៅព្រះជាម្ចាស់វិញមុនពេលដែលមិនទាន់យឺតពេលនៅឡើយ។ ត្រែក៏បង្ហាញប្រាប់យើងថាអ្វីនឹងកើតឡើងនៅក្នុងគ្រាអនាគតចាប់ពីជំនាន់លោកយ៉ូហានរហូតដល់គ្រាចុងបំផុត (វិវរណៈ ១១:១៥‑១៨)។ ការដាក់ទោសដែលត្រែបង្ហាញប្រាប់យើងពុំបានកើតឡើងគ្រប់ទីកន្លែងនៅលើផែនដីនេះឡើយ។ មានតែមនុស្ស ១ភាគ៣ នៅលើផែនដីនេះប៉ុណ្ណោះដែលនឹងទទួល។
១) ត្រែទី១ និងទី២ បង្ហាញប្រាប់យើងអំពីការដាក់ទោសរបស់ព្រះមកលើពួកយូដានៅក្រុងយេរូសាឡិម និងអាណាចក្ររ៉ូម។ មនុស្សទាំងនេះបានធ្វើគុតព្រះយេស៊ូវនៅលើឈើឆ្កាង និងបានវាយ ប្រហារមកលើពួកជំនុំគម្ពីរសញ្ញាថ្មី។
២) ត្រែទី៣ និងទី៤ បង្ហាញប្រាប់យើងអំពីអ្វីដែលព្រះទ្រង់បានធ្វើនៅពេលដែលពួកជំនុំបានបែរចេញពីព្រះអង្គក្នុងអំឡុងយុគងងឹត និងក្រោយមកទៀត នៅពេលដែលមនុស្សទាំងឡាយក្នុងទ្វីបអឺរ៉ុបចាប់ផ្តើមភ្ញាក់រឭកបែរទៅរកសេចក្តីពិតរបស់ព្រះគម្ពីរនៅម្តុំសតវត្សទី១៦។
៣) ត្រែទី៥ និងទី៦ បង្ហាញប្រាប់យើងថា បន្ទាប់ពីសតវត្សទី១៦មក មនុស្សលោកនឹងច្បាំងគ្នាដោយសារតែរឿងសាសនា។ ក្នុងអំឡុងពេលនេះ អារក្សនឹងធ្វើការកាន់តែខ្លាំងឡើងដើម្បីបង្វែរមនុស្ស ទាំងឡាយឲ្យបែរមកប្រឆាំងទាស់នឹងពួកអ្នកដើរតាមព្រះមុនពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។
ពិតមែនហើយ ប្រវត្តិសាស្ត្រមានពេញដោយលោហិត ការឈឺចាប់ និងទុក្ខសោក។ តើការពិតដ៏សោកសៅនេះជួយយើងឲ្យដឹងថា សេចក្តីសន្យារបស់ព្រះយេស៊ូវចំពោះយើងរាល់គ្នាពិតជាអស្ចារ្យយ៉ាងដូចម្តេចដែរ?
ថ្ងៃអង្គារ ទី១២ កុម្ភៈ ឆ្នាំ២០១៩
ទេវតាដែលមានក្រាំងមួយបើកនៅនឹងដៃ
ត្រែទី៦នាំយើងឲ្យមកដល់គ្រាចុងក្រោយ។ តើព្រះទ្រង់បានសូមឲ្យរាស្ត្ររបស់ព្រះអង្គធ្វើអ្វីខ្លះក្នុងអំឡុងពេលនេះ? មុនពេលដែលទេវតាទី៧ ផ្លុំត្រែរបស់លោក លោកយ៉ូហានបានកត់ត្រាអំពីគ្រាមួយ ដែល ពន្យល់ប្រាប់អំពីកិច្ចការពិសេសដែលរាស្ត្ររបស់ព្រះធ្វើ និងអ្វីដែលពួកគេត្រូវឆ្លងកាត់ក្នុងគ្រាចុងក្រោយ។
សូមអានខគម្ពីរវិវរណៈ ១០:១‑៤។ តើមានអ្វីខ្លះកើតឡើងនៅទីនេះ?
នៅទីនេះ យើងឃើញទេវតាមួយអង្គដែលដូចជាព្រះយេស៊ូវ។ លោកកាន់ក្រាំងមួយបើកនៅនឹងដៃ។ ជើងរបស់លោកម្ខាងនៅលើសមុទ្រ រីឯម្ខាងទៀតនៅលើដីគោក ដើម្បីបង្ហាញប្រាប់យើងថា លោកគឺជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដីនេះ។ ហើយរបៀបដែលលោកឈរក៏បង្ហាញប្រាប់យើងថា បន្ទូលដែលលោកប្រុងនឹងថ្លែង មានសារៈសំខាន់ដល់មនុស្សគ្រប់គ្នាដែលរស់នៅលើផែនដីនេះ។ សម្រែករបស់លោកប្រៀបដូចជាសម្រែករបស់សត្វសិង្ហ។ សម្រែករបស់សត្វសិង្ហគឺជារូបស័ព្ទ តំណាងឲ្យព្រះសូរសៀងរបស់ព្រះ (សូមអានហូសេ ១១:១០)។
ចូរប្រៀបធៀបខគម្ពីរវិវរណៈ ១០:៥‑៧ និង ដានីយ៉ែល ១២:៦, ៧។ តើលោកអ្នកឃើញមានពាក្យអ្វីខ្លះដែលដូចគ្នានៅក្នុងខគម្ពីរទាំងនេះ?
ទេវតាបានប្រកាសថា «គ្មានពេលបង្អង់ទៀតឡើយ» (វិវរណៈ ១០:៦)។ ពាក្យថា «គ្មានពេលបង្អង់ទៀតឡើយ» មកពីពាក្យភាសាក្រេកថា ខ្រូណស់ (chronos)។ «ខ្រូណស់» បង្ហាញប្រាប់ យើងថា ទេវតាកំពុងមានបន្ទូលអំពីពេលវេលាពិសេសមួួយក្នុងប្រវត្តិសាស្ត្រនៃរាស្ត្ររបស់ព្រះ។ គ្រានេះ គឺជាគ្រាតែមួយដែលលោកដានីយ៉ែលមានប្រសាសន៍ក្នុងខគម្ពីរដានីយ៉ែល ១២:៦, ៧។ នៅក្នុងខទាំង នោះ ទេវតាបានប្រាប់លោកដានីយ៉ែលថា សត្រូវរបស់ព្រះនឹងវាយប្រហារមកលើរាស្ត្ររបស់ព្រះ។ ការវាយប្រហារនេះនឹងបន្តអស់រយៈកាល «មួយខួប ពីរខួប និងកន្លះខួប (បីឆ្នាំកន្លះ)» (ដានីយ៉ែល ១២:៧)។ ៣ឆ្នាំកន្លះ គឺជារូបស័ព្ទតំណាងរយៈកាល ១២៦០០ឆ្នាំ (ពីឆ្នាំ ៥៣៨ ដល់ ឆ្នាំ១៧៩៨ នៃគ្រិស្តសករាជ)។ បន្ទាប់ពីរយៈកាលនេះទៅ ប្រវត្តិសាស្ត្រនៃផែនដីនេះនឹងដល់ទីបញ្ចប់នៅថ្ងៃណាមួយមិនខាន។
ហេតុនោះ នៅពេលដែលទេវតាមានបន្ទូលថា «គ្មានពេលបង្អង់ទៀតឡើយ» លោកចង់សំដៅ ទៅលើពេលវេលាដែលលោកដានីយ៉ែលបានកត់ត្រាទុកនោះថាបានសម្រេចហើយ។ ពេលេវេលាទាំង នោះក៏រាប់បញ្ចូលទាំង ២៣០០ព្រឹក ដែលស្រាយថា ២៣០០ឆ្នាំ ដែលចាប់ផ្តើមពីឆ្នាំទី៤៥៧មុនគ្រិស្តសករាជរហូតដល់ឆ្នាំ១៨៤៤នៃគ្រិស្តសករាជនោះដែរ។ ព្រះគម្ពីរពុំបានថ្លែងប្រាប់អំពីសារដែលមានពេលវេលាជាក់លាក់ស្តីអំពីរឿងរ៉ាវដែលនឹងកើតឡើងដល់រាស្ត្ររបស់ព្រះបន្ទាប់ពីឆ្នាំ១៨៤៤នោះទៀតឡើយ។ «បន្ទាប់ពីគ្រានេះនៅក្នុងប្រវត្តិសាស្ត្រនៃរាស្ត្ររបស់ព្រះ ដែលបានបញ្ចប់នៅឆ្នាំ១៨៤៤ ព្រះគម្ពីរពុំបានផ្តល់ដល់យើងនូវសារដែលភ្ជាប់នូវពេលពិសេសៗអំពីអនាគតទៀតទេ» (ដកស្រង់ពី Ellen G. White, The SDA Bible Commentary, volume 7, adapted)។
ថ្ងៃពុធ ទី១៣ កុម្ភៈ ឆ្នាំ២០១៩
លោកយ៉ូហានវាស់ព្រះវិហារ
ព្រះគម្ពីរបានប្រើពាក្យថា «បរិភោគ» ជារូបស័ព្ទដើម្បីបង្ហាញប្រាប់យើងអំពីអ្វីដែលកើតឡើងនៅពេលនរណាម្នាក់ទទួលយកសារពីព្រះ និងចែកចាយសារនោះទៅមនុស្សដទៃទៀត (សូមអានអេសេគាល ២:៨‑៣:១១, យេរេមា ១៥:១៦)។ នៅពេលនរណាម្នាក់ទទួលយកសាររបស់ព្រះ មានន័យថាសារនោះគឺជាដំណឹងល្អ។ ប៉ុន្តែ នៅពេលដែលនរណាម្នាក់ប្រកាសផ្សាយសារណាមួយ វាអាចបណ្តាលឲ្យមានអារម្មណ៍ថា «ល្វីង» កាលណាមនុស្សដទៃទៀតប្រឆាំងនឹងសារនោះ ឬបដិសេធមិនទទួលវានោះ។
ក្នុងខគម្ពីរវិវរណៈ ១០:៩, ១០ លោកយ៉ូហានបានឆ្លងកាត់គ្រាមួយដែលមានទាំងផ្អែម និងល្វីងផងដែរក្នុងពេលដែលលោកបរិភោគក្រាំងមួយនោះ។ ក្រាំងដែលលោកយ៉ូហានបរិភោគគឺជារូបស័ព្ទតំណាងឲ្យគ្រាដែលព្រះទ្រង់នឹងបង្ហាញប្រាប់រាស្ត្ររបស់ព្រះអង្គអំពីអត្ថន័យនៃសារគ្រាចុងក្រោយរបស់លោកដានីយ៉ែល។ លោកយ៉ូហានផ្ទាល់ក៏ជារូបស័ព្ទតំណាងឲ្យពួកជំនុំរបស់ព្រះ ដែលត្រូវផ្សព្វផ្សាយ ដំណឹងល្អនៅក្រោយ ៣ឆ្នាំកន្លះ (១២៦០ឆ្នាំ) ក្នុងដានីយ៉ែល ៧:២៥ ដែរ។
បទពិសោធន៍របស់លោកយ៉ូហានក៏ចង្អុលប្រាប់យើងអំពីគ្រាដែលជាចុងបញ្ចប់នៃរយៈកាល២៣០០ឆ្នាំដែរ។ នៅគ្រានោះ មានក្រុមមនុស្សមួយក្រុមដែលឈ្មោះថាក្រុមលោកមិល្លើរបានជឿថា ព្រះយេស៊ូវនឹងយាងមកត្រឡប់មកវិញនៅឆ្នាំ១៨៤៤។ សារនោះមានរសជាតិផ្អែមដូចជាទឹកឃ្មុំសំរាប់ពួកគេ។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវពុំបានយាងត្រឡប់មកវិញ ពួកអ្នកជឿតាមលោកមិល្លើរមានអារម្មណ៍ថាហាក់ដូចល្វីងទៅវិញ។
បន្ទាប់មកទេវតាអង្គនោះ (ដែលជាព្រះយេស៊ូវ) ប្រាប់លោកយ៉ូហានថា «ត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត» (វិវរណៈ ១០:១១, គខប) ទៅកាន់មនុស្សទាំងអស់នៅលើផែនដីនេះ។ នៅត្រង់នេះ លោកយ៉ូហានផ្ទាល់គឺជារូបស័ព្ទដែលតំណាងឲ្យពួកអ្នកអាត់វេនទីស្ទដែលរក្សាថ្ងៃសប្បាតហ៍វិញ។ ព្រះ ទ្រង់បានជ្រើសរើសពួកអ្នកអាត់វេនទីស្ទដែលរក្សាថ្ងៃឈប់សម្រាកឲ្យថ្លែងប្រាប់មនុស្សគ្រប់គ្នានៅលើផែនដីអំពីការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ និងការព្រមានរបស់លោកដានីយ៉ែលអំពីអ្វីដែលនឹងកើតឡើងនៅគ្រាអនាគតនាគ្រាចុងក្រោយ។
សូមអានខគម្ពីរវិវរណៈ ១១:១, ២។ តើលោកយ៉ូហានទទួលបញ្ជាឲ្យទៅធ្វើអ្វី?
ខគម្ពីរទាំងនេះលេចឡើងត្រង់កន្លែងដែលយើងឈប់ស្លេះត្រង់បទគម្ពីរវិវរណៈជំពូកទី១០។ ព្រះទ្រង់បានប្រាប់លោកយ៉ូហានឲ្យទៅវាស់ព្រះវិហារ អាសនា និងរាប់ចំនួនពួកអ្នកថ្វាយបង្គំ។ ព្រះគម្ពីរបានប្រើសកម្មភាពនៃការវាស់វែងជារូបស័ព្ទមួយដើម្បីបង្ហាញប្រាប់អំពីកិច្ចការរបស់ព្រះដែលដើរតួជាចៅក្រមរបស់យើង (សូមអានម៉ាថាយ ៧:២)។ ព្រះវិហារដែលលោកយ៉ូហានត្រូវតែវាស់នោះគឺជាព្រះ វិហារនៅឋានសួគ៌ដែលជាកន្លែងដែលព្រះយេស៊ូវទ្រង់ធ្វើការជាសម្តេចសង្ឃរបស់យើង។ សម្តេចសង្ឃគឺជាមេដឹកនាំដ៏បរិសុទ្ធមួយអង្គដែលធ្វើការដើម្បីសង្គ្រោះរាស្ត្ររបស់ព្រះអង្គឲ្យបានរួចពីបាប។ ព្រះវិហារ អាសនា និងពួកអ្នកថ្វាយបង្គំ ទាំងអស់នេះសុទ្ធតែចង្អុលប្រាប់យើងអំពីថ្ងៃដែលព្រះទ្រង់នឹងជំនុំជំរះផែនដី។ នៅថ្ងៃនោះ ព្រះទ្រង់នឹង «វាស់» កិច្ចការរបស់រាស្ត្ររបស់ព្រះអង្គ និងជំនុំជំរះអំពើបាបរបស់ពួកគេ។ ខគម្ពីរវិវរណៈ ១១:១ ចង្អុលប្រាប់យើងអំពីគ្រាដែលព្រះទ្រង់នឹងជំនុំជំរះរាស្ត្ររបស់ព្រះអង្គភ្លាមៗមុនពេលដែលព្រះយេស៊ូវយាងមកវិញលើកទីពីរ។ ក្នុងអំឡុងពេលនោះ ព្រះទ្រង់នឹងជំនុំជំរះតែរាស្ត្ររបស់ព្រះ ដែលនៅក្នុងព្រះវិហារប៉ុណ្ណោះ។
ថ្ងៃព្រហស្បតិ៍ ទី១៤ កុម្ភៈ ឆ្នាំ២០១៩
ស្មរបន្ទាល់ទាំងពីរ
សូមអានអំពីស្មរបន្ទាល់ទាំងពីរនាក់ក្នុងខគម្ពីរវិវរណៈ ១១:៣‑៦។ តើស្មរបន្ទាល់ទាំងពីររូប ប្រព្រឹត្តដូចជាលោកសូរ៉ូបាបិល និងយេសួរក្នុងខគម្ពីរសាការី ៤:២, ៣, ១១‑១៤ យ៉ាងដូចម្តេចខ្លះ? តើស្មរបន្ទាល់ទាំងពីរមានលក្ខណៈដូចជាបួកស្តេច និងសង្ឃ ឬ មេដឹកនាំដ៏បរិសុទ្ធយ៉ាងណាខ្លះ?
គោលគំនិតស្តីអំពីស្មរបន្ទាល់ទាំងពីរឃើញមាននៅក្នុងក្បួនច្បាប់របស់ពួកសាសន៍យូដា។ ច្បាប់យូដាបានចែងថា យ៉ាងហោចណាស់ត្រូវមានស្មរបន្ទាល់ពីរនាក់ព្រមព្រៀងគ្នាថាសម្រេចចិត្តនឹងធ្វើអ្វីមួយដើម្បីឲ្យអាចទទួលស្គាល់ថារឿងនោះមានលក្ខណៈពិតប្រាកដមែន (យ៉ូហាន ៨:១៧)។ ស្មរបន្ទាល់ទាំងពីរនាក់គឺជារូបស័ព្ទតំណាងឲ្យគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ ស្មរបន្ទាល់ទាំងពីរក៏អាចជារូបស័ព្ទតំណាងឲ្យរាស្ត្ររបស់ព្រះដែលបង្ហាញសេចក្តីពិតរបស់ព្រះគម្ពីរប្រាប់ទៅមនុស្សដទៃទៀតដែរ។ គោលគំនិតទាំងពីរនេះមិនអាចបំបែកចេញពីគ្នាបានឡើយ ពីព្រោះព្រះទ្រង់បានបង្គាប់រាស្ត្ររបស់ព្រះអង្គឲ្យ ប្រកាសផ្សាយសេចក្តីពិតនៃព្រះគម្ពីរដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។
យោងតាមកណ្ឌគម្ពីរវិវរណៈ ស្មរបន្ទាល់ទាំងពីរ (គម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី) បានប្រកាសប្រាប់អំពីអ្វីដែលនឹងកើតឡើងក្នុងរយៈកាល ១២៦០ឆ្នាំ (៥៣៨គស ដល់ ១៧៩៨គស)។ ស្មរបន្ទាល់ទាំងពីរស្លៀកពាក់សំពត់ធ្មៃ (និមិត្តរូបកាន់ទុក្ខ) ក្នុងអំឡុង១២៦០ឆ្នាំ ខណៈដែលពួកគេផ្សព្វផ្សាយសារស្តីអំពីអនាគត។ រូបស័ព្ទនេះជួយយើងឲ្យនឹកចាំអំពីខគម្ពីរវិវរណៈ ១០:១១ ត្រង់ដែលព្រះទ្រង់ប្រាប់លោកយ៉ូហានថា លោកត្រូវតែប្រាប់មនុស្សដទៃទៀតអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគតផងដែរ។ សេចក្តីបង្គាប់របស់ព្រះទៅកាន់លោកយ៉ូហានក៏ជារូបស័ព្ទដែលជួយយើងឲ្យយល់ថា ព្រះទ្រង់បានបង្គាប់ពួកជំនុំរបស់ព្រះអង្គឲ្យប្រកាសផ្សាយសារនៃគ្រាចុងក្រោយទៅកាន់មនុស្សគ្រប់គ្នានៅលើផែនដីនេះផងដែរ។ ប៉ុន្តែតើពាក្យថាសំពត់ធ្មៃមានន័យដូចម្តេច? នៅប្រទេសជាច្រើន គេតែងស្លៀកពាក់ខ្មៅពេលចូលរួមក្នុងពិធីបុណ្យសព (លោកុប្បត្តិ ៣៧:៣៤)។ ហេតុនោះ សំលៀកបំពាក់ពណ៌ខ្មៅបង្ហាញប្រាប់យើងអំពីទុក្ខលំបាកដែលរាស្ត្ររបស់ព្រះត្រូវឆ្លងកាត់នៅលើផែនដីខណៈដែលពួកគេចែកចាយសារនៃគ្រាចុងក្រោយរបស់ព្រះ។
សូមអានអំពីស្មរបន្ទាល់ទាំងពីរនៅក្នុងខគម្ពីរវិវរណៈ ១១:៧‑១៣។ សូមរៀបរាប់អំពីអ្វីដែលបានកើតឡើងដល់ពួកគេនៅចុងបញ្ចប់នៃរយៈកាល១២៦០ឆ្នាំ។
អំណាចព្រៃផ្សៃនៃសត្វសាហាវដែលឡើងពីសមុទ្រមកបាន «សម្លាប់» ស្មរបន្ទាល់ទាំងពីរ (គម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី)។ ការសម្លាប់នេះគឺជារូបស័ព្ទតំណាងឲ្យហេតុការណ៍ដែលបានកើតឡើង ចំពោះព្រះគម្ពីរក្នុងអំឡុងបដិវត្តន៍បារាំង។ នៅគ្រានោះ រដ្ឋាភិបាលបារាំងបានវាយប្រហារមកលើព្រះគម្ពីរ ព្រមទាំងបានបង្កើតច្បាប់ទាស់នឹងសាសនាផង។ ប៉ុន្តែ ស្មរបន្ទាល់ទាំងពីរបានត្រឡប់ជារស់ឡើងវិញ។ ការរស់ឡើងវិញរបស់ពួកគេបង្ហាញប្រាប់យើងថា មនុស្សទាំងឡាយចាប់ផ្តើមអានព្រះគម្ពីរឡើងវិញ។ នៅមុនពេលដល់គ្រាចុងក្រោយ រាស្ត្ររបស់ព្រះនឹងអធិប្បាយព្រះគម្ពីរតាមមធ្យោបាយថ្មី និងមានប្រសិទ្ធ ភាពយ៉ាងខ្លាំង។ ការប្រកាសផ្សព្វផ្សាយសេចក្តីពិតនៃព្រះគម្ពីរចុងក្រោយបង្អស់ក៏នឹងត្រឡប់ជាផ្អែម ដល់រាស្ត្ររបស់ព្រះ ក៏ប៉ុន្តែវាក៏ល្វីងផងដែរ។ ហេតុអ្វី? ពីព្រោះមនុស្សលោកដែលមិនស្រឡាញ់ព្រះគេនឹងវាយប្រហារពួកអ្នកដើរតាមព្រះដែលផ្សព្វផ្សាយសេចក្តីពិតក្នុងព្រះគម្ពីរ។
ថ្ងៃសុក្រ ទី១៥ កុម្ភៈ ឆ្នាំ២០១៩
សិក្សាបន្ថែម
ត្រែទី៧ (វិវរណៈ ១១:១៥‑១៨) ប្រាប់យើងអំពីគ្រាដែលប្រវត្តិសាស្ត្រនៃផែនដីនេះដល់ទី បញ្ចប់។ នៅគ្រានោះ ព្រះទ្រង់នឹងបង្ហាញអំណាចរបស់ព្រះអង្គក្នុងនាមជាស្តេច។ មនុស្សលោកនៅលើ ផែនដីនេះបានធ្វើសង្គ្រាមជាមួយនឹងព្រះអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ មនុស្សលោកបានឋិតនៅក្រោមការគ្រប់គ្រងរបស់សាតាំងអស់រយៈកាលយ៉ាងយូរ។ ប៉ុន្តែព្រះទ្រង់នឹងគ្រប់គ្រងផែនដីនេះឡើងវិញ។ បន្ទាប់ពីព្រះយេស៊ូវសុគតនៅលើឈើឆ្កាង និងយាងត្រឡប់ទៅឋានសួគ៌វិញ ព្រះទ្រង់បានប្រកាសប្រាប់ថា ព្រះយេស៊ូវគឺជាអ្នកដឹកនាំដ៏ពិតប្រាកដរបស់ភពផែនដី (វិវរណៈ ១២:១០, ១១)។ ពិតមែនហើយ សាតាំងនៅតែបន្តបង្កើតបញ្ហានៅលើផែនដីនេះ។ សាតាំងដឹងថា ពេលវេលារបស់វានៅ លើផែនដីនេះជិតអស់ហើយ (វិវរណៈ ១២:១២)។ ត្រែទី៧ បង្ហាញប្រាប់យើងថា ព្រះទ្រង់នឹងបញ្ចប់ការវាយប្រហារមកលើការគ្រប់គ្រងរបស់ព្រះអង្គ។ បន្ទាប់មកព្រះអង្គនឹងឡើងគ្រប់គ្រងលើផែនដីនេះ។
បន្ទាប់ពីខគម្ពីរខាងលើរហូតដល់ចប់កណ្ឌគម្ពីរវិវរណៈគឺសុទ្ធតែជាការពណ៌នាអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅគ្រាចុងក្រោយ។ ត្រាទី៧ បង្ហាញប្រាប់យើងអំពីហេតុការណ៍នៃគ្រាចុងក្រោយទាំងនោះ៖ ១) ប្រទេសជាច្រើននៅលើផែនដីនេះមានការខឹងសម្បា។ បទគម្ពីរវិវរណៈ ១២ ដល់ ១៤ បង្ហាញប្រាប់យើងថា សាតាំងក៏ខឹងខ្លាំងណាស់ដែរ (វិវរណៈ ១២:១៧)។ សាតាំងធ្វើការជាមួយនឹងអំណាចព្រៃផ្សៃរបស់សត្វសាហាវដែលឡើងពីសមុទ្រ និងអំណាចព្រៃផ្សៃរបស់សត្វដែលឡើងពីដីគោក ដើម្បីប្រមូលមនុស្សលោកនៅផែនដីឲ្យត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងរាស្ត្ររបស់ព្រះ។ ២) ពេលវេលាសំរាប់សេចក្តីក្រោធរបស់ព្រះទាស់នឹងសេចក្តីអាក្រក់បានមកដល់ហើយ។ តើព្រះមានចម្លើយអ្វីឆ្លើយតបទៅនឹងកំហឹងរបស់មនុស្សនៅលើផែនដីដែលប្រឆាំងទាស់នឹងព្រះអង្គ? ចម្លើយរបស់ព្រះគឺជាសេចក្តីវេទនាចុងក្រោយទាំងប្រាំពីរនោះឯង។ ទាំងនេះគឺជា «សេចក្ដីវេទនាទាំង៧ក្រោយបង្អស់ ដ្បិតសេចក្ដីឃោរឃៅរបស់ព្រះបានសំរេច ដោយសេចក្ដីវេទនាទាំងនោះ។» (វិវរណៈ ១៥:១)។ ៣) ព្រះទ្រង់នឹងជំនុំជំរះមនុស្សដែលស្លាប់ (វិវរណៈ ២០:១១‑១៥)។ ៤) ព្រះទ្រង់នឹងផ្តល់រង្វាន់ដល់ពួកអ្នកបម្រើព្រះអង្គ (វិវរណៈ ២១‑២២)។ ៥) ព្រះទ្រង់នឹងបំផ្លាញពួកអ្នកដែលបានបំផ្លាញផែនដី។ ខគម្ពីរវិវរណៈ ១៩:២ ប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងចំពោះបាប៊ីឡូននៅគ្រាចុងក្រោយ។ បាប៊ីឡូននៅគ្រាចុងក្រោយគឺជារូបស័ព្ទមួយតំណាងឲ្យបីក្រុម៖ ១) ពួកជំនុំរ៉ូមុាំងកាតូលិក (វិវរណៈ ១៧), ២) ពួកជំនុំប្រូតេស្តង់ត៍ដែលបានបែរចេញពីសេចក្តីពិតរបស់ព្រះ (វិវរណៈ ១៤:៨) និង ៣) សាសនាក្លែងក្លាយទាំងអស់នៅគ្រប់ទី កន្លែង។ ព្រះទ្រង់ជំនុំជំរះបាប៊ីឡូនដោយសារបានបំផ្លាញផែនដី។ ព្រះទ្រង់នឹងបំផ្លាញសាតាំង បរិវារ របស់វា និងអំណាចអាក្រក់ទាំងពីរដែលបានជួយដល់វាផងដែរ។ នៅពេលដែលព្រះទ្រង់ធ្វើការនោះ នោះសង្គ្រាមដ៏ធំរវាងសេចក្តីល្អនិងសេចក្តីអាក្រក់នឹងដល់ទីបញ្ចប់ (វិវរណៈ ១៩:១១‑២០:១៥)។
សំនួរពិភាក្សា៖
- យើងឃើញមានមនុស្សជាច្រើនបានសើចចំអកឡកឡឺយដល់ដំណឹងល្អរបស់ព្រះយេស៊ូវ។ ពួកគេបានបែរចេញពីអ្វីដែលយើងផ្សាយប្រាប់ទៅពួកគេ។ ពួកគេក៏សើចចំអកដាក់យើងដែរ។ រឿងនោះអាចធ្វើឲ្យយើងមានអារម្មណ៍ថា «ល្វីង» នៅក្នុងក្រពះរបស់យើង (វិវរណៈ ១០:១០)។ តើលោកអ្នកអាចនឹកចាំពីនរណាខ្លះនៅក្នុងព្រះគម្ពីរដែលបានឆ្លងកាត់បទពិសោធន៍ដូចគ្នានេះ? តើយើងអាចរៀនបានអ្វីខ្លះពីទុក្ខលំបាក និងសេចក្តីជំនឿរបស់ពួកគេ?