មេរៀនទី៧​៖ ១១‑១៧ ឧសភា ២០១៩

គន្លឹះដែលនាំឲ្យមានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នាក្នុងគ្រួសារ

Jeans
ថ្ងៃសៅរ៍ ទី១១ ឧសភា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេភេសូរ ២:១១‑២២, យ៉ូហាន ១៧:២២, ភីលីព ២:៣‑៥, អេភេសូរ ៥:២១, លោកុប្បត្តិ ៣៣:១២‑១៤។

ខចងចាំ៖ «ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូលបង្គំ ហើយ​ទូលបង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​​ឲ្យ​មក​មែន» (យ៉ូហាន ១៧:២១)។

គ្រួសារទាំងឡាយ សុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍ និងកាលៈទេសៈផ្សេងៗពីគ្នាក្នុងជីវិត។ បទពិសោធន៍ទាំងនេះគឺកើតឡើងនៅពេលដែលមានការផ្លាស់ប្តូរធំៗសំរាប់សមាជិកគ្រួសារនីមួយៗ។ ការ​ផ្លាស់ប្តូរដ៏ធំបំផុតមួយសំរាប់គ្រួសារនោះគឺពេលមានទារក។ កុមារទាំងឡាយក៏ត្រូវឆ្លងកាត់បទពិសោធន៍សំខាន់ៗដែរខណៈដែលពួកគេមានវ័យកាន់តែធំឡើងនោះ។ ពួកគេអាចនឹងសំរេចចិត្តចាប់ផ្តើមកសាងគ្រួសាររបស់ពួកគេ ហើយនិងមានកូននៅគ្រាអនាគតដែរ។

ប៉ុន្តែ ទាំងមាតាបិតា និងកូនៗ ទាំងអស់គ្នាសុទ្ធតែមានបញ្ហាដូចគ្នា។ ពួកយើងម្នាក់ៗ កើតមកសុទ្ធតែជាមនុស្សមានបាបរួចទៅហើយ។ អំពើបាបគឺជាឧបសគ្គធ្វើឲ្យយើងពិបាកមានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នាក្នុងគ្រួសាររបស់ពួកយើង។

ពិតមែនហើយ ព្រះយេស៊ូវទ្រង់បានធ្វើឲ្យបានរួមគ្នាមកតែមួយជាមួយព្រះ និងជាមួយគ្នានិងគ្នា។ សេចក្តីសុគតរបស់ព្រះអង្គនៅលើឈើឆ្កាងធ្វើឲ្យសេចក្តីសុខសាន្តកើតឡើង (អេភេសូរ ២:១៣‑១៦, កូល៉ុស ១:២១‑២៣)។ តើលោកអ្នកមិនចង់បានសេចក្តីសុខសាន្តក្នុងគ្រួសារទេឬ? ពិតណាស់ ប្រាកដជាត្រូវការ! ហេតុនោះ លោកអ្នកតោងតែសូមឲ្យព្រះយេស៊ូវប្រទានព្រះគុណដល់លោកអ្នកជារៀងរាល់ថ្ងៃ។ ព្រះគុណរបស់ព្រះយេស៊ូវគឺជាអំណោយទាននៃសេចក្តីមេត្តា ការអត់ទោស និងអំណាចយកឈ្នះលើអំពើបាប។ អំណោយទានដ៏វិសេសនេះជួយយើងឲ្យអាចរស់នៅជាមួយគ្នាដោយសុខសាន្ត និងត្រូវរ៉ូវគ្នាជាមួយនឹងសមាជិកគ្រួសារទាំងឡាយរបស់ពួកយើង។ យើងតោងតែសូមឲ្យព្រះយេស៊ូវប្រទានអំណោយទានពិសេស​នេះរាល់ថ្ងៃ។ យើងក៏ត្រូវតែមានសេចក្តីជំនឿថា ព្រះអង្គនឹងប្រទានវាដល់យើងដែរ។

ថ្ងៃអាទិត្យ ទី១២ ឧសភា ឆ្នាំ២០១៩

ព្រះយេស៊ូវជាអ្នកចាប់ផ្តើមឲ្យមានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នា

តើលោកប៉ុលប្រើរូបស័ព្ទអ្វីក្នុងខគម្ពីរអេភេសូរ ២:១១‑២២? តើរូបស័ព្ទនេះជួយយើងឲ្យ​យល់​ថា ព្រះយេស៊ូវបង្រួបបង្រួមរាស្ត្ររបស់ព្រះអង្គឲ្យមានសេចក្តីសុខសាន្តនឹងគ្នាដោយរបៀបណា? តើ​ព្រះយេស៊ូវបង្រួម «ពីរក្រុម» ឲ្យក្លាយមកជា «មួយក្រុម» តាមរបៀបយ៉ាងដូចម្តេច? (សូមអាន កាឡាទី ៣:២៨ ផងដែរ)។

ក្នុងខគម្ពីរអេភេសូរ ២:១១‑២២ លោកប៉ុលមានប្រសាសន៍អំពីជញ្ជាំងនៅក្នុងព្រះវិហារសាសន៍យូដា។ ជញ្ជាំងទាំងនេះបានខ័ណ្ឌចែកពួកអ្នកថ្វាយបង្គំព្រះជាពីរផ្នែក។ ជញ្ជាំងខ្លះញែកមនុស្សប្រុស និងមនុស្សស្រីចេញពីគ្នា។ ឯជញ្ជាំងខ្លះទៀតញែកសាសន៍យូដា និងសាសន៍ដទៃចេញពីគ្នា។ ជញ្ជាំងទាំងនេះគឺជារូបស័ព្ទតំណាងឲ្យគំនិត អារម្មណ៍ និងគោលគំនិតដែលបែងចែកមនុស្សចេញពីគ្នា។ ប៉ុន្តែ ឈើឆ្កាងរបស់ព្រះយេស៊ូវបានដកយក «ជញ្ជាំង»​ ទាំងនេះចោលចេញទៅវិញ។ ព្រះយេស៊ូវទ្រង់មាន​ផែនការ «​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ» (អេភេសូរ ២:១៥)។ ផែនការនេះគឺជាដំណឹងល្អ! វាក៏ជួយឲ្យគូស្វាមីភរិយាមានចិត្តតែមួយ គំនិតតែមួយ វិញ្ញាណ​តែមួយ និងរូបកាយតែមួយក្នុងអាពាហ៍ពិពាហ៍ដែរ។ ប៉ុន្តែ ចុះគ្រួសារដែលបានបែកបាក់គ្នាជាយូរឆ្នាំមកហើយនោះ យ៉ាងដូចម្តេចដែរ? នោះក៏ជាដំណឹងល្អសំរាប់ពួកគាត់ដែរ! គ្រួសារបែកបាក់ទាំងឡាយក៏អាចរួបរួមគ្នាដោយសុខសាន្តឡើងវិញដែរ។

ប្រាកដណាស់ វាជាការប្រពៃណាស់កាលបើបានអានអំពីសេចក្តីសុខសាន្តដែលយើងអាចមានក្នុងអង្គព្រះយេស៊ូវ។ ប៉ុន្តែ តើពាក្យថា ការមានសេចក្តីសុខសាន្តក្នុងជីវិតរបស់យើងនោះ មានអត្ថន័យ​ពិតប្រាកដដូចម្តេចវិញ? សូមអាន រ៉ូម ៦:៤‑៧, កូរិនថូសទី២ ៥:១៧ និងអេភេសូរ ៤:២៤‑៣២ ដើម្បីរកចម្លើយ។

«សូមនឹកគិតអំពីរូបភាពជារង្វង់ធំមួយក្នុងគំនិតរបស់លោកអ្នក។ សូមគូសបន្ទាត់មួយចំនួនពីចំណុចក្របរង្វង់ទៅកាន់ចំណុចកណ្តាលនៃរង្វង់។ ខ្សែបន្ទាត់នឹងកាន់តែកៀកជិតចូលគ្នាពេលដែលវាកាន់តែជិតដល់ចំណុចកណ្តាល... ដូចគ្នានេះដែរ យើងកាន់តែខិតជិតចូលគ្នាកាលណាយើងមកឯ ព្រះយេស៊ូវកាន់តែជិតដែរនោះ»។ ដកស្រង់ពី (Ellen G. White, The Adventist Home, page 179, adapted)។

«ព្រះយេស៊ូវទ្រង់ឈរនៅកណ្តាលរវាងឪពុក និងកូនទាំងឡាយ និងរវាងស្វាមី និងភរិយា ផងដែរ។ ព្រះអង្គបានធ្វើការដើម្បីពួកគេបើទោះបីជាពួកគេមិនដឹងថាព្រះអង្គបានធ្វើក៏ដោយ។ តាម ពិតទៅ យើងមិនអាចធ្វើឲ្យមានទំនាក់ទំនងល្អដល់គ្នាទៅវិញទៅមកដោយខ្លួនយើងបានឡើយ។ យើងម្នាក់ៗត្រូវការជំនួយរបស់ព្រះយេស៊ូវ។ ការសិក្សាព្រះគម្ពីរ និងការស្តាប់បង្គាប់ព្រះនឹងជួយយើងឲ្យមានទំនាក់ទំនងនឹងគ្នាផងដែរ»។ ដកស្រង់ពី (Dietrich Bonhoeffer, The Cost of Discipleship. New York: The MacMillan Publishing Company, 1979, page 108, adapted)។

តើយើងអាចធ្វើអ្វីបានខ្លះដើម្បីធ្វើឲ្យមិត្តភាព និងទំនាក់ទំនងរបស់យើងជាមួយមនុស្សដទៃទៀតកាន់តែប្រសើរឡើង និងរឹងមាំឡើង?

ថ្ងៃច័ន្ទ ទី១៣ ឧសភា ឆ្នាំ២០១៩

សេចក្តីស្រឡាញ់របស់ព្រះធ្វើឲ្យយើងរួមគ្នាមកតែមួយ

«សូម​ឲ្យ​ព្រះ‌អម្ចាស់​ចំរើន​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​ពេញ‌ពោរ​ហូរ‌ហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក» (ថែស្សាឡូនីចទី១ ៣:១២)។

ព្រះយេស៊ូវទ្រង់បានអធិដ្ឋាន។ ព្រះអង្គបានទូលសូមឲ្យព្រះវរបិតារបស់ទ្រង់ធ្វើឲ្យពួកសិស្សរបស់ព្រះអង្គរួមគ្នាមកតែមួយ ដូចដែលព្រះវរបិតា និងព្រះបុត្រារួមគ្នាតែមួយដែរ (យ៉ូហាន ១៧:២២)។ តើព្រះយេស៊ូវចង់មានន័យថាដូចម្តេច? ហេតុអ្វីបានជាពួកសិស្សរបស់ព្រះយេស៊ូវត្រូវការសេចក្តីស្រឡាញ់ក្នុងចិត្តរបស់ពួកគេសិន មុននឹងអាចរួបរួមគ្នាជាមួយនឹងអ្នកដទៃទៀតនោះ? តើសេចក្តីស្រឡាញ់ជួយយើងឲ្យរួមគ្នាមកតែមួយជាមួយនឹងព្រះ និងអ្នកដទៃទៀតដោយរបៀបណា?

ព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកអ្នកដើរតាមព្រះអង្គមានចិត្ត និងគំនិតតែមួយ។ ប៉ុន្តែជាដំបូង ពួកគេត្រូវការឲ្យមានសេចក្តីស្រឡាញ់ «អាហ្គាប៉េ» ជាមុនសិន (យ៉ូហាន ១៧:២៦)។ សេចក្តីស្រឡាញ់ «អាហ្គាប៉េ» គឺជាវាក្យស័ព្ទព្រះគម្ពីរសំរាប់ពណ៌នាសេចក្តីស្រឡាញ់របស់ព្រះ។ ព្រះយេស៊ូវបានប្រើពាក្យនេះនៅក្នុងសេចក្តីអធិដ្ឋានរបស់ព្រះអង្គក្នុងយ៉ូហានជំពូកទី១៧។ សេចក្តីស្រឡាញ់ «អាហ្គាប៉េ» ក៏ត្រូវបានគេប្រើនៅច្រើនកន្លែងផ្សេងទៀតក្នុងគម្ពីរសញ្ញាថ្មីដែរ។ តើពាក្យថា សេចក្តីស្រឡាញ់ «អាហ្គាប៉េ» មានអត្ថន័យពិតប្រាកដដូចម្តេចទៅ? វាគឺជាសេចក្តីស្រឡាញ់ដែលមិនអាត្មានិយម ដែលបង្ហាញឲ្យឃើញពីចរិតលក្ខណៈរបស់ព្រះ (យ៉ូហានទី១ ៤:៨)។ សេចក្តីស្រឡាញ់បែបមិនអាត្មានិយមនេះក៏បង្ហាញប្រាប់មនុស្សគ្រប់ៗគ្នាថា ពួកអ្នកដើរតាមព្រះយេស៊ូវគឺជាអ្នកណាផងដែរ (យ៉ូហាន ១៣:៣៥)។ ចិត្តថ្លើមរបស់មនុស្សមានបាបមិនអាចមានអារម្មណ៍ពាល់ប៉ះសេចក្តីស្រឡាញ់ «អាហ្គាប៉េ» ដោយខ្លួនឯងបានឡើយ។ ហេតុនោះយើងត្រូវតែសូមយាងព្រះយេស៊ូវគង់ក្នុងចិត្តរបស់យើង។ នោះទើប «សេចក្តីស្រឡាញ់» របស់ព្រះអង្គនឹងរស់រានក្នុងយើងរាល់គ្នាដោយសារព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ (រ៉ូម ៥:៥, ៨:៩, ១១)។

ចូរ «ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ» (យ៉ូហាន ១៥:១២)។ ពិតមែនហើយ លោកយ៉ូហានគឺជាអ្នកសរសេរពាក្យពេចន៍ទាំងនេះ។ ប៉ុន្តែ លោក ពុំមែនជាមនុស្សដែលមានសេចក្តីស្រឡាញ់ជាប់លាប់ជារៀងរហូតមកឡើយ។ កាលដែលលោក​យ៉ូហាន​ជួបព្រះយេស៊ូវដំបូងៗ លោកពោរពេញដោយសេចក្តីអំនួត។ លោកចង់បានអំណាច។ លោកឆាប់ខឹង​ខ្លាំងណាស់។ លោកនិយាយអាក្រក់អំពីមនុស្សខ្លះដែលបានធ្វើអ្វីមួយ។ (សូមអានអំពីឥរិយាបថរបស់លោកយ៉ូហាននៅក្នុងខគម្ពីរម៉ាកុស ៣:១៧, លូកា ៩:៥៤, ៥៥, និង Desire of Ages, page 295។ ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបានផ្លាស់ប្តូរលោកយ៉ូហាន។ ក្រោយមកទៀត លោកយ៉ូហាន​បាននឹកចាំថា ព្រះយេស៊ូវបានបន្តស្រឡាញ់រូបលោកបើទោះបីជាក្នុងកាលដែលលោកធ្វើរឿងមិនល្អក្តី។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវមិនមែនផ្លាស់ប្តូរត្រឹមតែលោកយ៉ូហានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយលោកយ៉ូហានឲ្យចេះស្រឡាញ់ដល់មនុស្សដទៃទៀតថែមទៀតផង។ «យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន» (យ៉ូហានទី១ ៤:១៩)។ «ពួក​ស្ងួនភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ» (យ៉ូហានទី១ ៤:១១)។

សូមអានកូរិនថូសទី១ ១៣:៤‑៨។ រាល់ពេលដែលលោកអ្នកអានចំពាក្យថា «សេចក្តីស្រឡាញ់» សូមដាក់ឈ្មោះរបស់លោកអ្នកនៅកន្លែងនោះ ហើយពិនិត្យមើលថា តើឈ្មោះនោះអាចជំនួសសេចក្តីស្រឡាញ់បានហើយឬនៅ? សូមទូលសូមឲ្យព្រះយេស៊ូវជួយបំពេញចំណុចខ្វះខាតតាមរយៈព្រះវិញ្ញាណបរិសុទ្ធចុះ។ តើលោកអ្នកគិតថា ព្រះវិញ្ញាណនឹងប្រាប់ឲ្យលោកអ្នកផ្លាស់ប្តូរចំណុចណាខ្លះ?

ថ្ងៃអង្គារ ទី១៤ ឧសភា ឆ្នាំ២០១៩

ចិត្តដែលអាត្មានិយមបំផ្លាញគ្រួសារ

«ប្រសិនបើយើងឈប់អាត្មានិយមវិញយ៉ាងដូចម្តេចដែរ? ប្រសិនបើចិត្តរបស់យើងលែងមានអំនួតវិញយ៉ាងម៉េចដែរ? បើដូច្នោះមែន នោះយើងនឹងអាចដោះស្រាយបញ្ហារបស់យើងបានយ៉ាងលឿនបំផុត!»។ ដកស្រង់ពី (Ellen G. White, Early Writings, page 119, adapted)។

យើងរាល់គ្នាគឺជាមនុស្សមានបាប។ តើអ្វីមួយដែលបង្ហាញប្រាប់ថា យើងពោរពេញដោយអំពើបាបខ្លាំងជាងអ្វីផ្សេងទៅទៀតនោះ? គឺចិត្តដ៏អាត្មានិយមរបស់យើងនោះឯង។ យើងកើតមកមានភាពអាត្មានិយមនេះតែម្តង។ ចូរក្រឡេកមើលជីវិតក្មេងតូចៗចុះ។ យើងឃើញតែពួកវាចង់បានអ្វីៗសំរាប់តែខ្លួនឯង។ នៅពេលដែលយើងធំឡើងពេញវ័យ យើងអាត្មានិយមកាន់តែខ្លាំងឡើង។ ជាញឹកញាប់ កន្លែងដែលយើងបង្ហាញភាពអាត្មានិយមរបស់យើងច្រើនបំផុតគឺនៅក្នុងផ្ទះរបស់យើងនេះឯង។

ប៉ុន្តែ ព្រះយេស៊ូវបានយាងមកបំផ្លាស់បំប្រែចិត្តអាត្មានិយមរបស់យើង (អេភេសូរ ៤:២៤)។ ព្រះគម្ពីរសន្យានឹងយើងថា មិនត្រូវឲ្យភាពអាត្មានិយមគ្រប់គ្រងលើជីវិតរបស់យើងឡើយ។ ព្រះជន្មទាំងមូលរបស់ព្រះយេស៊ូវគឺជាគំរូដ៏គ្រប់លក្ខណ៍សំរាប់យើងហើយ។ គំរូនេះបង្ហាញប្រាប់យើងអំពីអត្ថន័យនៃការរស់នៅដោយគ្មានភាពអាត្មានិយម។ តទៅនេះគឺជាសេចក្តីសន្យាដ៏អស្ចារ្យ៖ យើងរស់នៅតាមគំរូរបស់ព្រះយេស៊ូវកាន់តែច្រើន យើងនឹងមានភាពអាត្មានិយមកាន់តែតិចទៅៗ (យ៉ូហានទី១ ២:៦)។

សូមអានខគម្ពីរខាងក្រោម។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីជីវិតដែលមិនអាត្មានិយម?

ភីលីព ២:៣‑៥-------------------------------------------------

យ៉ូហានទី១ ៣:១៦‑១៨--------------------------------------

សូមអានសំណេររបស់អ្នកស្រីអែល្លិន ជី វ៉ៃត៍ ដែលសរសេរអំពីចិត្តអាត្មានិយម។ តើអ្នកស្រី មានប្រសាសន៍ថានឹងមានអ្វីកើតឡើងប្រសិនបើយើងឈប់អាត្មានិយម និងលែងមានអំនួតនោះ? យើងអាចដោះស្រាយបញ្ហាភាគច្រើនបំផុតរបស់យើងបានយ៉ាងឆាប់រហ័ស។ រឿងនោះសំខាន់ណាស់។ តើមានអ្វីកើតឡើងប្រសិនបើយើងមិនព្រមដោះស្រាយបញ្ហារបស់យើង? វានឹងធ្វើឲ្យចិត្តរបស់យើងកាច​សាហាវ និងអាក្រក់ខ្លាំងឡើង។ ហេតុនោះ យើងតោងតែលះបង់ចោលនូវភាពអាត្មានិយមរបស់យើង (សុភាសិត ១៦:៦)។ ប៉ុន្តែ យើងមិនអាចធ្វើវាបានដោយខ្លួនឯងឡើយ។ យើងត្រូវការជំនួយពីព្រះយេស៊ូវ។ ព្រះអង្គអញ្ជើញយើងឲ្យមកខាងមុខឈើឆ្កាង។ នៅទីនោះ យើងតោងតែលុតជង្គង់ចុះអធិដ្ឋានដោយសេចក្តីជំនឿ ទាំងទឹកភ្នែកផង។ បន្ទាប់មក យើងតោងតែថ្វាយចិត្តរបស់យើងទាំងស្រុងទៅព្រះយេស៊ូវ។ យើងត្រូវទូលសូមឲ្យព្រះអង្គលាងសំអាតអំពើបាបរបស់យើងចេញ។

តើលោកអ្នកចំណាយពេលច្រើនប៉ុនណានៅត្រង់ឈើឆ្កាងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើបាបក្នុងជីវិតរបស់លោកអ្នក? តើខគម្ពីរម៉ាថាយ ៧:១៦ ជួយលោកអ្នកឲ្យដឹងថាត្រូវចំណាយពេលច្រើនប៉ុនណាទៀត?

ថ្ងៃពុធ ទី១៥ ឧសភា ឆ្នាំ២០១៩

ត្រូវមានចិត្តចង់បម្រើអ្នកដទៃ

តើលោកប៉ុលបានផ្តល់ឱវាទអ្វីដល់យើងក្នុងខគម្ពីរអេភេសូរ ៥:២១? តើការបម្រើអ្នកដទៃ របស់យើងជួយយើងឲ្យមានសេចក្តីសុខសាន្តនៅក្នុងពួកជំនុំយ៉ាងដូចម្តេចខ្លះ? ហេតុដូចម្តេចបានជាការដែលយើងត្រូវបម្រើគ្នានៅតាមផ្ទះសំខាន់ម៉្លេះ? សូមអានខគម្ពីរអេភេសូរ ៥:២២‑៦:៩ ដើម្បីរក​ចម្លើយ។

តើពាក្យថា «ត្រូវមានចិត្តចង់បម្រើអ្នកដទៃ» (អេភេសូរ ៥:២១, បកប្រែថ្មី) មានអត្ថន័យដូច​ម្តេច? ពាក្យទាំងនេះមានន័យថា «អាចសម្រេចចិត្តជួយ ឬយកចិត្តទុកដាក់ដល់នរណាម្នាក់ដោយសេរី»។ ព្រះយេស៊ូវតែងតែបង្ហាញប្រាប់អំពីក្បួនច្បាប់សំខាន់នេះនៅក្នុងព្រះជន្មរបស់ព្រះអង្គ (ម៉ាថាយ ២០:​២៦‑២៨, យ៉ូហាន ១៣:៤, ៥, ភីលីព ២:៥‑៨)។ ពួកអ្នកដើរតាមព្រះយេស៊ូវទាំងអស់នឹងបង្ហាញឲ្យឃើញក្បួនច្បាប់ដ៏សំខាន់នេះក្នុងជីវិតរបស់ពួកគេផងដែរ (អេភេសូរ ៥:១៨)។ ការបម្រើអ្នកដទៃរបស់​យើង​បង្ហាញថា ពួកគេបានពេញដោយព្រះវិញ្ញាណរបស់ព្រះ (អេភេសូរ ៥:១៨)។ តើអ្វីទៅដែលនាំយើងឲ្យបម្រើអ្នកដទៃ? ​ចម្លើយគឺ «សេចក្តីកោតខ្លាចដល់ព្រះគ្រិស្ត» (អេភេសូរ ៥:២១)។ ការបម្រើដល់​អ្នកដទៃរបស់យើងបង្ហាញឲ្យឃើញនូវសេចក្តីពិតដ៏សំខាន់មួយ។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវធ្វើ​ឲ្យមនុស្សលោកទាំងអស់មានភាពស្មើគ្នា។ គ្មាននរណាវិសេសជាងគេ ឬអន់ជាងនរណាម្នាក់ទៀតឡើយ។

ក្បួនច្បាប់សំរាប់នៅក្នុងគ្រួសារ។ ជីវិតគ្រួសាររបស់យើងបង្ហាញយ៉ាងច្បាស់ឲ្យឃើញថា តើយើងរស់នៅតាមសេចក្តីពិតដែលយើងអធិប្បាយបានច្រើនប៉ុនណា។ កាលណាយើងរស់នៅតាមសេចក្តី ពិត យើងនឹងបង្ហាញដល់គ្រួសាររបស់យើងថា យើងស្រឡាញ់ពួកគេ។ សមាជិកគ្រួសារតោងតែមានចិត្តចង់បម្រើដល់គ្នាផងដែរ។ ឥរិយាបថនៅផ្ទះបែបនេះនឹងធ្វើឲ្យមានការខុសប្លែកគ្នាយ៉ាងធំនៅក្នុងពួកជំនុំ។

ក្នុងខគម្ពីរអេភេសូរ ៥:២២‑៦:៩ លោកប៉ុលបានលើកឡើងអំពីទំនាក់ទំនងបីបែបផ្សេងគ្នារវាងមនុស្សលោក។ បើតាមក្រសែភ្នែករបស់សហគមន៍ មនុស្សដែលឋិតនៅក្នុងទំនាក់ទំនងទាំងនេះមិនស្មើគ្នាទេ។ លោកប៉ុលមិនចង់បង្ហាញប្រាប់ថា ទស្សនៈរបស់សហគមន៍អំពីមនុស្សមិនត្រឹមត្រូវនោះឡើយ។ លោកប៉ុលចង់បង្ហាញថា ទំនាក់ទំនងទាំងនេះនឹងផ្លាស់ប្តូរកាលណាគ្រីស្ទានអាចជ្រើសរើសបម្រើ និងយកចិត្តទុកដាក់ដល់អ្នកដទៃដោយសេរី។

ហេតុដូចម្តេចបានជាលោកអ្នកគិតថា លោកប៉ុលតែងតែមានប្រសាសន៍ទៅកាន់ពួកជំនុំដែលមានអំណាចតិចតួចក្នុងសហគមន៍មុនគេ? ក្រុមនេះរួមមានប្រពន្ធៗ កូនៗ និងពួកបាវបម្រើ។ ហេតុដូចម្តេចបានជាលោកប៉ុលប្រាប់ក្រុមនីមួយៗថា ពួកគេត្រូវមានចិត្តបម្រើអ្នកដទៃ? សូមអានអេភេសូរ ៥:​២២, ៦:១ និង ៦:៥ ដើម្បីរកចម្លើយ។

បន្ទាប់មក ទើបលោកប៉ុលមានប្រសាសន៍ទៅកាន់បុរសៗជាប្តី ជាឪពុក និងជាចៅហ្វាយវិញ ម្តង។ ក្រុមទីពីរនេះមានអំណាចបំផុតនៅក្នុងសហគមន៍។​ លោកប៉ុលបានប្រាប់ទៅក្រុមទាំងពីរនេះឲ្យ ប្រព្រឹត្តឲ្យបានល្អលើសពីការរំពឹងចង់បានពីសហគមន៍។ ឱវាទរបស់លោកប៉ុលសុទ្ធតែបានធ្វើឲ្យពួកជំនុំមានការភ្ញាក់ផ្អើលនៅជំនាន់នោះ។ ឱវាទរបស់លោកបានបើកផ្លូវឲ្យមានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នានៅក្នុងពួកជំនុំ។

ថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ឆ្នាំ២០១៩

ជីវិតដែលពេញដោយសេចក្តីស្រឡាញ់

ទីបំផុត សេចក្តីសុខសាន្តក្នុងគ្រួសារកើតឡើងបានអាស្រ័យលើសមាជិកគ្រួសារទាំងនេះឯង។ គ្រួសារចាប់ផ្តើមឡើងពីស្វាមី និងភរិយា។ ពួកគេតោងតែមានចិត្តចង់បង្ហាញថា ពួកគេយកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមក។ ប្រវត្តិសាស្រ្តព្រះគម្ពីរមានពោរពេញដោយរឿងទុក្ខសោកយ៉ាងច្រើន។ រឿងទាំងនេះបង្ហាញប្រាប់មនុស្សលោកថា នរណាជាអ្នកបំពានសេចក្តីសន្យាចំពោះអ្នកដទៃ។ ព្រះគម្ពីរក៏បង្ហាញប្រាប់យើងផងដែរអំពីរឿងរ៉ាវដ៏អស្ចារ្យជាច្រើនស្តីអំពីមនុស្សដែលមានសេចក្តីស្រឡាញ់ និង​យក ចិត្តទុកដាក់ដល់អ្នកដទៃ។ ដោយមានជំនួយពីព្រះ មនុស្សទាំងនេះបានរក្សាសេចក្តីសន្យារបស់ខ្លួនចំពោះ គ្រួសារ និងមិត្តភក្តិរបស់ពួកគេ។

សូមក្រឡេកមើលរឿងរ៉ាវមួយចំនួនស្តីអំពីគ្រួសារក្នុងខគម្ពីរនៅខាងក្រោមនេះ។ តើលោក​អ្នក​គិតថា តួអង្គណាខ្លះបានធ្វើអ្វីខុសខ្លះ? ហេតុដូចម្តេចបានជាមនុស្សខ្លះក្នុងរឿងទាំងនេះបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្រួសាររបស់ពួកគេ?

សេចក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះកូន (លោកុប្បត្តិ ៣៣:១២‑១៤, និក្ខមនំ ២:១‑១០)------------------------------------

សេចក្តីស្រឡាញ់រវាងបងប្អូន (លោកុប្បត្តិ ៣៧:១៧‑២៨)------

សេចក្តីស្រឡាញ់រវាងសមាជិកគ្រួសារ (នាងរស់ ១:១៦‑១៨, ២:១១, ១២, ២០, ៣:៩‑១៣, ៤:១០, ១៣)------------------------

សេចក្តីស្រឡាញ់ក្នុងអាពាហ៍ពិពាហ៍ (ហូសេ ១:២, ៣, ៦, ៨, ៣:១‑៣)---------------------------------------------------------------

សេចក្តីស្រឡាញ់គឺជាសេចក្តីសន្យាមួយដែលយើងបានផ្តល់ដល់មនុស្សម្នាក់ទៀត។ ពេល​ដែលយើងរៀបការយើងបានសន្យា។ យើងសន្យាថា នឹងស្រឡាញ់ស្វាមី និងភរិយារបស់យើង​ជាង​នរណាៗទាំងអស់។ កាលណាយើងសម្រចចិត្តជ្រើសរើសយកក្មេងណាមួយមកចិញ្ចឹមយើងក៏បាន​សន្យា​ដែរ។ យើងសន្យាថា នឹងស្រឡាញ់ក្មេងនោះជារៀងរហូត។​ កាលណាយើងមានសេចក្តីស្រឡាញ់ យើង​តោងតែមានចិត្តចង់បម្រើ និងបង្ហាញនូវការយកចិត្តទុកដាក់របស់យើង។ យើងតោងតែមានចិត្តរក្សាសេចក្តីសន្យារបស់យើងចំពោះមនុស្សជាទីស្រឡាញ់របស់យើងផងដែរ។ អាពាហ៍ពិពាហ៍ និងគ្រួសារ​សុទ្ធតែត្រូវការសេចក្តីស្រឡាញ់ដើម្បីឲ្យអាចរីកចម្រើន និងជោគជ័យបាន។

តើសេចក្តីសន្យារបស់ព្រះយេស៊ូវនៅក្នុងហេព្រើរ ១៣:៥ មានអត្ថន័យដូចម្តេចខ្លះសំរាប់លោកអ្នក? តើសេចក្តីនេះផ្លាស់ប្តូររបៀបដែលលោកអ្នកស្រឡាញ់ និងបម្រើព្រះ ស្វាមីឬភរិយា​របស់​លោកអ្នក កូនៗ​របស់លោកអ្នក និងពួកជំនុំរបស់លោកអ្នកយ៉ាងដូចម្តេចខ្លះ?

ថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “A Sacred Circle,” pages 177-180, in the Adventist Home; Testimonies for the Church, volume 6, pages 216-218 ។

សេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នាគឺជាកិច្ចការដ៏សំខាន់បំផុតរបស់យើង។ «តើអ្វីទៅជាកិច្ចការដ៏សំខាន់បំផុតសំរាប់គ្រីស្ទានត្រូវធ្វើ? ពួកគេត្រូវបង្ហាញឲ្យឃើញថា មានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នានៅក្នុងគ្រួសាររបស់ពួកគេ...... គ្រួសារទាំងឡាយគួរតែសហការគ្នាឲ្យបានជិតស្និទ្ធ។ ពួកគេគួរតែចេះធ្វើការរួមគ្នាជាធ្លុងមួយក្នុងផ្ទះរបស់ពួកគេ។ នោះទើបសមាជិកគ្រួសារទាំងអស់ ទាំងឪពុក ម្តាយ កូនប្រុស និងកូនស្រីអាចជួយដល់អ្នកដទៃទៀតនៅតាមផ្ទះរបស់ពួកគេបាន»។ ដកស្រង់ពី Ellen G. White, The Adventist Home, page 37, adapted ។

«តើអ្វីទៅដែលបណ្តាលឲ្យមានការមិនត្រូវរ៉ូវគ្នានៅក្នុងគ្រួសារ និងពួកជំនុំ? ចម្លើយគឺការដាច់ ចេញពីព្រះយេស៊ូវ។ កាលណាយើងមកជិតព្រះយេស៊ូវ យើងនឹងមកជិតគ្នាកាន់តែខ្លាំងឡើងដែរ។ តើអ្វីទៅដែលជួយយើងឲ្យមានសេចក្តីសុខសាន្តនិងការត្រូវរ៉ូវគ្នាដ៏ពិតប្រាកដនៅក្នុងពួកជំនុំ និងគ្រួសារ របស់យើង? វាពុំមែនជាអំណាច ឬជំនាញរបស់យើងដើម្បីដោះស្រាយបញ្ហានោះទេ។ វាក៏ពុំមែនជា របៀបគ្រប់គ្រងដ៏ឆ្លាតវៃរបស់យើងដែរ។​ ពិតមែនហើយ យើងដឹងថាជំនាញទាំងនោះមានសារៈសំខាន់។ យើងត្រូវការជំនាញទាំងនោះដើម្បីដោះស្រាយបញ្ហាជាច្រើននៅក្នុងគ្រួសារ និងពួកជំនុំ។ ប៉ុន្តែអ្វីដែលយើងត្រូវការបំផុតនោះគឺ ការរួបរួមគ្នារបស់យើងជាមួយព្រះយេស៊ូវ។ យើងត្រូវតែរួមគ្នាជាមួយព្រះអង្គ។ នោះទើបយើងអាចមានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នានៅក្នុងពួកជំនុំបាន»។ ដកស្រង់ពីប្រភពខាង លើ Page 179, adapted ។

សំនួរពិភាក្សា៖
  1. ចូរពិភាក្សាអំពីរឿងរ៉ាវមួយចំនួននៅក្នុងសហគមន៍របស់លោកអ្នកដែលនាំឲ្យមានការបាត់បង់សេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នានៅក្នុងគ្រួសាររបស់លោកអ្នក។ តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីការពារគ្រួសារកុំឲ្យជួបរឿងអាក្រក់ទាំងនេះ?

  2. តើឥឡូវនេះមានគ្រួសារណាមួយនៅក្នុងពួកជំនុំរបស់លោកអ្នកបែកបាក់គ្នាដែរឬទេ? តើក្នុងនាមជាពួកអ្នកសិក្សាថ្នាក់សប្បាតហ៍ស្គូល តើលោកអ្នកអាចរួមគ្នាជួយដោះស្រាយបានអ្វីខ្លះ? ​

  3. សប្តាហ៍នេះ យើងបានសិក្សាអំពីការបម្រើអ្នកដទៃ។ តើព្រះគម្ពីរចង់បង្រៀនយើងអ្វីខ្លះ ពេលដែលយើងអានដល់ត្រង់ចំណុចមួយដែលថា យើងគួរតែមានចិត្តចង់បម្រើអ្នកដទៃ? តើមានវិធីខុសឆ្គងក្នុងការបម្រើអ្នកដទៃដែរឬទេ? ប្រសិនបើមាន តើអ្វីខ្លះ? តើយើងអាចមានការសោកស្តាយយ៉ាងដូចម្តេចដែរប្រសិនបើបម្រើអ្នកដទៃតាមរបៀបខុសឆ្គង? តើយើងអាចធ្វើអ្វីខ្លះដើម្បីជៀសវាងកំហុសដដែលនេះនាពេលអនាគត? ​

  4. តើមានមធ្យោបាយអ្វីខ្លះដែលយើងអាចបង្កឲ្យមានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នាក្នុងគ្រួសាររបស់យើង? តើយើងអាចពាំនាំយកគោលគំនិតទាំងនេះជួយឲ្យមានសេចក្តីសុខសាន្តក្នុងពួកជំនុំដោយរបៀបណាដែរ? ​
Powered by CAM