ថ្ងៃសៅរ៍ ទី១០ សីហា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លូកា ១:៤៦‑៥៥, លូកា ៤:១៦‑២១, ម៉ាថាយ ១២:១៥‑២១, ម៉ាថាយ ២១:១២‑១៦, លោកុប្បត្តិ ៣៣:១២‑១៤។
ខចងចាំ៖ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំឲ្យប្រកាស ដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយនិងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិនឲ្យរួច ព្រមទាំង ប្រកាសពីឆ្នាំដែលព្រះអម្ចាស់គាប់ព្រះហឫទ័យ» (លូកា ៤:១៨, ១៩)។
ព្រះយេស៊ូវ បានយាងមកដើម្បីបង្ហាញប្រាប់យើងថា ព្រះជាម្ចាស់គឺជាអ្នកណា។ សេចក្តីបង្រៀនរបស់ព្រះយេស៊ូវបង្ហាញណែនាំយើងរាល់គ្នាឲ្យស្គាល់ព្រះ។ សេចក្តីសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង បានបង្ហាញឲ្យឃើញការនេះឯង។ ព្រះអង្គបានបង្ហាញប្រាប់យើងអំពីព្រះតាមរបៀបនៃការរស់នៅរបស់ ព្រះអង្គ។ កិច្ចការជាច្រើនដែលព្រះយេស៊ូវបានធ្វើនាំមកនូវការផ្លាស់ប្តូរយ៉ាងពិតប្រាកដដល់ជីវិតរបស់មនុស្សជាច្រើន។
ហោរាជាច្រើនរូបរបស់ព្រះជាម្ចាស់បានកត់ត្រាអំពីព្រះជន្ម និងកិច្ចការរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវផ្ទាល់ក៏បានថ្លែងប្រាប់អំពីកិច្ចការដែលព្រះអង្គត្រូវធ្វើដែរ (លូកា ៤)។ ព្រះយេស៊ូវទ្រង់បានយកព្រះទ័យទុកដាក់ដល់មនុស្សក្រីក្រ។ ព្រះអង្គបានជួយដល់ជនរងគ្រោះដែលបង្កដោយមេដឹកនាំរបស់ពួកគេ។ ព្រះយេស៊ូវបានបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សម្នាទាំងឡាយ។ ពួកហោរាក្នុងគម្ពីរសញ្ញាចាស់ក៏បានធ្វើកិច្ចការបែបដូចគ្នានេះដែរ។
ប៉ុន្តែពួកមេដឹកនាំសាសនាក្នុងជំនាន់ព្រះយេស៊ូវពុំមានចិត្តថ្លើមអាណិតអាសូរដល់អ្នកក្រដូចព្រះយេស៊ូវទេ។ ពួកគេមានការភ័យខ្លាចព្រះយេស៊ូវ។ ពួកគេខ្លាចព្រះអង្គដណ្តើមអំណាចរបស់ពួកគេ។ ហេតុនោះហើយបានជាពួកគេចាប់ព្រះយេស៊ូវ និងបានធ្វើគុតព្រះអង្គ។ សេចក្តីសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបង្ហាញប្រាប់យើងថា អំពើបាបអាក្រក់ខ្លាំងណាស់។ ប៉ុន្តែ ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គបានឈ្នះសង្គ្រាមទាស់នឹងអំពើបាប។ ព្រះអង្គបានសង្គ្រោះយើងរាល់គ្នា។ សេចក្តីរស់ឡើងវិញរបស់ព្រះអង្គនាំមកនូវជីវិតអស់កល្បដល់យើងរាល់គ្នា។
ថ្ងៃអាទិត្យ ទី១១ សីហា ឆ្នាំ២០១៩
ចំរៀងរបស់នាងម៉ារា
ចូរសាកស្រមៃគិតអំពីរូបភាពនៃសាច់រឿងនេះនៅក្នុងចិត្តរបស់លោកអ្នកលមើល៖ ទេវតាកាព្រីយ៉ែលមកជួបនាងម៉ារា។ លោកបានប្រាប់នាងថា នាងនឹងក្លាយជាម្តាយរបស់ព្រះយេស៊ូវ ដែលជា ព្រះរាជបុត្រានៃព្រះ! នាងម៉ារាពុំបានប្រាប់អ្នកណាទេ។ នាងចេញទៅសួរសុខទុក្ខបងស្រីជីដូនមួយរបស់ នាងគឺអ្នកស្រីអេលីសាបិត។ អ្នកស្រីអេលីសាបិតក៏នឹងត្រូវសម្រាលកូនឆាប់ៗដែរ។ កូននេះគឺជាបាដិហារ្យមួយពីព្រោះអេលីសាបិតមានវ័យចំណាស់ណាស់ទៅហើយ។ ព្រះវិញ្ញាណបរិសុទ្ធប្រាប់អេលីសាបិតអំពីកូនរបស់ម៉ារាមុនពេលដែលនាងម៉ារាថ្លែងប្រាប់អំពីដំណើររឿងនោះដល់នាងទៅទៀត។ ស្ត្រីទាំងពីរក៏បានថ្លែងអបអរសាទរនឹងសេចក្តីសន្យារបស់ព្រះចំពោះពួកគេ។
សូមអានខគម្ពីរលូកា ១:៤៦‑៥៥។ តើលោកអ្នកឃើញថា នាងម៉ារាសរសើរតម្កើងព្រះនៅក្នុងខទាំងនេះឬទេ? នាងបានមានប្រសាសន៍ថា «ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្ដីយ៉ាងល្អវិសេសដល់ខ្ញុំ» (លូកា ១:៤៩)។ ហេតុដូចម្តេចបានជាការថ្វាយបង្គំព្រះរបស់យើងរាប់បញ្ចូលការសរសើរតម្កើងព្រះអង្គដែរ? ហេតុអ្វីបានជាយើងត្រូវអរគុណព្រះអង្គសំរាប់គ្រប់រឿងតូចធំទាំងអស់?
បទចំរៀងរបស់នាងម៉ារាមានអត្ថន័យល្អណាស់។ នាងម៉ារាពោរពេញដោយសេចក្តីថ្លែងអំណរព្រះគុណដល់ព្រះ។ នាងបានឃើញព្រះទ្រង់ធ្វើការក្នុងជីវិតរបស់នាង។ ប៉ុន្តែ នាងក៏មានការយល់ដឹងអំពីផែនការដ៏ធំរបស់ព្រះសម្រាប់សាសន៍របស់នាង និងមនុស្សគ្រប់សាសន៍ផងដែរ។
នាងម៉ារាយល់ថា ព្រះទ្រង់សព្វព្រះទ័យសំដែងសេចក្តីមេត្តាករុណាដល់រាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គយកព្រះទ័យទុកដាក់នឹងមនុស្សក្រីក្រ។ ព្រះជាម្ចាស់ក៏យកព្រះទ័យទុកដាក់អំពីមនុស្សដែលត្រូវគេមើលងាយមើលថោកផងដែរ។ ក្រោយពីទេវតាបានប្រាប់ដំណឹងល្អអំពីព្រះយេស៊ូវដល់នាងភ្លាម នាងក៏បានថ្លែងសរសើរតម្កើងដល់ព្រះភ្លាមដែរ។ នាងបានបន្លឺទំនុកចម្រៀងឡើងថា ព្រះអង្គ «ទម្លាក់ស្តេចពីបល្ល័ង្កចេញ ហើយលើកមនុស្សរាបសាឡើងវិញ ឯមនុស្សឃ្លាន ទ្រង់បានចម្អែតដោយរបស់ល្អ តែពួកអ្នកមាន ទ្រង់បានបណ្តេញឲ្យទៅទទេវិញ»(លូកា ១:៥២, ៥៣)។
ខគម្ពីរលូកា ១:៤៣ ប្រាប់យើងថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់។ ប៉ុន្តែ ព្រះយេស៊ូវពុំមែនដូចជាមេដឹកនាំដទៃទេ។ អាណាចក្ររបស់ព្រះយេស៊ូវក៏ខុសអំពីអាណាចក្រទាំងឡាយនៅផែនដីនេះដែរ។ នៅក្នុងអាណាចក្ររបស់ព្រះយេស៊ូវ អ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចពុំមែនជាបុគ្គលដែលសំខាន់បំផុតឡើយ។ ក្នុងអាណាចក្ររបស់ព្រះយេស៊ូវ ព្រះទ្រង់លើកតម្កើងអ្នកក្រ និងអ្នកខ្សត់ខ្សោយ។ ព្រះអង្គចាក់បំពេញដល់ពួកគេនូវ «របស់ល្អ» (លូកា ១:៥៣)។
ព្រះវិហាររបស់យើងបានបង្រៀនយើងឲ្យស្គាល់ព្រះ និងសេចក្តីស្រឡាញ់នៅក្នុងព្រះទ័យ របស់ព្រះអង្គ។ យើងក៏អាចរៀនអំពីអាណាចក្ររបស់ព្រះចេញពីចំរៀងរបស់នាងម៉ារាដែរ។ តើព្រះវិហាររបស់យើងបានបង្រៀនយើងអំពីអាណាចក្រដែលនាងម៉ារាពណ៌នាបានល្អប៉ុនណាដែរ?
ថ្ងៃច័ន្ទ ទី១២ សីហា ឆ្នាំ២០១៩
ព្រះយេស៊ូវប្រកាសប្រាប់អំពីកិច្ចការដែលព្រះអង្គត្រូវធ្វើ
ព្រះយេស៊ូវបានដកស្រង់ខគម្ពីរអេសាយ ៦១:១, ២ យកមកធ្វើជាសេចក្តីអធិប្បាយដំបូងជា សាធារណៈរបស់ព្រះអង្គ (លូកា ៤:១៦‑២១)។ សេចក្តីអធិប្បាយរបស់ព្រះយេស៊ូវខ្លីបន្តិច។ នៅពេលព្រះយេស៊ូវថ្លែងបញ្ចប់សេចក្តីអធិប្បាយ ព្រះអង្គមានបន្ទូលថា «នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ» (លូកា ៤:២១)។
ព្រះយេស៊ូវបានលើកយកខគម្ពីរអេសាយ ៦១:១, ២ នេះមកដាក់ក្នុងសេចក្តីអធិប្បាយរបស់ព្រះអង្គគឺដើម្បីឲ្យពួកសាសន៍យូដាងាយយល់អំពីកិច្ចការរបស់ទ្រង់។ សេចក្តីអធិប្បាយរបស់ព្រះយេស៊ូវគឺជារបៀបពន្យល់មួយបែបទៀតអំពីអ្វីដែលនាងម៉ារាបានលើកឡើងក្នុងបទចំរៀងរបស់នាងកាលពីជាង៣០ឆ្នាំមុន។ សេចក្តីអធិប្បាយរបស់ព្រះយេស៊ូវបានបង្ហាញឲ្យឃើញថា ទាំងអ្នកក្រ និងជនរងគ្រោះសុទ្ធតែសំខាន់ចំពោះព្រះយេស៊ូវ។ ព្រះអង្គបាននាំយកដំណឹងល្អប្រាប់ដល់ពួកគេ។
សេចក្តីអធិប្បាយរបស់ព្រះយេស៊ូវដែលបានដកស្រង់ពីបទគម្ពីរអេសាយ ៦១ នេះក៏ជួយពន្យល់អំពីកិច្ចការពិសេសរបស់ទ្រង់នៅលើផែនដីនេះដែរ។ ពិតមែនហើយ កិច្ចការរបស់ព្រះយេស៊ូវសំរាប់ព្រះជាម្ចាស់គឺផ្នែកវិញ្ញាណ។ ប៉ុន្តែកិច្ចការរបស់ព្រះអង្គក៏រាប់បញ្ចូលទាំងការដែលធ្វើឲ្យជីវិតរបស់មនុស្សទាំងឡាយមានភាពប្រសើរឡើងដែរ។ ព្រះយេស៊ូវចង់បង្ហាញប្រាប់ថា ជីវិតខាងឯវិញ្ញាណ និងជីវិតប្រចាំថ្ងៃរបស់យើងគឺមិនអាចញែកចេញពីគ្នាបានដូចដែលមនុស្សជាច្រើនគិតនោះឡើយ។ តាមផែនការរបស់ទ្រង់ ព្រះយេស៊ូវចង់ឲ្យជំនួយរបស់យើងបានដើរតួទៅសង្គ្រោះមនុស្សទាំងឡាយ។ ព្រះអង្គសព្វព្រះទ័យឲ្យជួយព្រះអង្គតាមរយៈការមើលថែដល់មនុស្សទាំងឡាយ។
សូមប្រៀបធៀបខគម្ពីរលូកា ៤:២៦‑២១ ជាមួយនឹង លូកា ៧:១៨‑២៣។ នៅក្នុងខទាំងនេះ ហេតុអ្វីបានជាព្រះយេស៊ូវឆ្លើយតបទៅនឹងសិស្សរបស់លោកយ៉ូហានបាទីស្ទជាសកម្មភាពដែលព្រះអង្គបានធ្វើទៅវិញ? ប្រសិនបើមាននរណាម្នាក់មកប្រាប់លោកអ្នកអំពីមូលហេតុដែលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ តើលោកអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេចដែរ? តើលោកអ្នកនឹងឆ្លើយតបថាយ៉ាងដូចម្តេច ប្រសិនបើគេ សួរថា ហេតុអ្វីបានជាលោកអ្នកជឿថា ព្រះយេស៊ូវគឺជាព្រះ?
ព្រះយេស៊ូវបានចាត់ឲ្យសិស្សរបស់ព្រះអង្គទៅធ្វើកិច្ចការរបស់ព្រះអង្គនៅលើផែនដី។ ព្រះអង្គបានប្រាប់ពួកគេឲ្យប្រកាសថា «នគរស្ថានសួគ៌ជិតដល់ហើយ» (ម៉ាថាយ ១០:៧)។ ព្រះយេស៊ូវក៏បានប្រាប់ពួកសិស្សរបស់ព្រះអង្គឲ្យ «ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ» (ម៉ាថាយ ១០:៨)។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យមនុស្សទាំងឡាយបានឃើញអំពីក្បួនច្បាប់ដ៏សំខាន់នៃនគររបស់ព្រះអង្គតាមរយៈកិច្ចការដែលពួកសិស្សបានធ្វើ។ ពួកសិស្សរបស់ព្រះយេស៊ូវបានធ្វើការជាមួយព្រះយេស៊ូវដើម្បីអញ្ជើញមនុស្សដទៃទៀតឲ្យចូលរួមក្នុងនគររបស់ព្រះអង្គ។ ពួកសិស្ស របស់ព្រះយេស៊ូវបានលើកស្ទួយមនុស្សដែលមិនសំខាន់ទាំងឡាយនៅចំពោះក្រសែភ្នែករបស់មនុស្សទាំងពួង។ ពួកគេក៏បានលើកស្ទួយដល់មនុស្សក្រីក្រ និងមនុស្សបាត់បង់ផងដែរ។
យើងតោងតែផ្សព្វផ្សាយអំពីសាររបស់ទេវតាទាំងបីដល់មនុស្សទាំងឡាយនៅលើផែនដីនេះ។ ហេតុអ្វីបានជាយើងត្រូវនឹកចាំអំពីកាតព្វកិច្ចដ៏សំខាន់នេះក្នុងខណៈដែលយើងត្រូវយកចិត្តទុកដាក់អំពីសេចក្តីត្រូវការរបស់អ្នកក្រដែរនោះ?
ថ្ងៃអង្គារ ទី១៣ សីហា ឆ្នាំ២០១៩
ព្រះយេស៊ូវព្យាបាលអ្នកជម្ងឺ
មានរឿងជាច្រើនក្នុងព្រះគម្ពីរស្តីអំពីបាដិហារ្យរបស់ព្រះយេស៊ូវ។ ហោរាអេសាយបានប្រាប់យើងអំពីបាដិហារ្យទាំងនេះរាប់រយឆ្នាំមុនដែលរឿងទាំងនេះបានកើតឡើងទៅទៀត។ ព្រះយេស៊ូវបាន ធ្វើឲ្យមនុស្សខ្វាក់បានមើលឃើញឡើងវិញ។ ព្រះអង្គបានព្យាបាលអ្នកជម្ងឺឲ្យបានជា។ ជួនកាលអ្នកជម្ងឺទាំងនេះធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំមុនពេលដែលព្រះយេស៊ូវបានព្យាបាលពួកគេ (សូមអានម៉ាកុស ៥:២៤‑៣៤, យ៉ូហាន ៥:១‑១៥)។ ព្រះយេស៊ូវទ្រង់ធ្វើឲ្យមនុស្សខ្វិនអាចដើរបាន។ ព្រះអង្គបានព្យាបាលមនុស្សឃ្លង់។ មនុស្សទាំងឡាយនៅជំនាន់ព្រះយេស៊ូវបានមើលងាយមនុស្សឃ្លង់ ដោយហៅពួកគេថា «មិនស្អាត»។ មនុស្សទាំងឡាយភ័យខ្លាចមិនហ៊ានចូលទៅជិត ឬប៉ះពាល់ដល់មនុស្សឃ្លង់ឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានព្យាបាលពួកគេតាមរយៈការប៉ះដោយផ្ទាល់។ ព្រះយេស៊ូវបានដេញអារក្សចេញពីមនុស្សមួយចំនួនដែរ។ អារក្សគ្រប់គ្រងចិត្តគំនិត និងរូបកាយរបស់មនុស្សទាំងឡាយ។ ព្រះយេស៊ូវក៏បានប្រោសមនុស្សដែលស្លាប់ហើយឲ្យរស់ឡើងវិញផងដែរ។
ជាញឹកញាប់ ព្រះយេស៊ូវបានប្រាប់ទៅមនុស្សដែលព្រះអង្គបានព្យាបាលកុំឲ្យប្រាប់គេថាទ្រង់ បានព្យាបាលពួកគេ។ មនុស្សជាច្រើនពុំបានធ្វើតាមអ្វីដែលព្រះអង្គប្រាប់ទេ។ ហេតុអ្វីបានជាព្រះយេស៊ូវពុំចង់ឲ្យគេដឹង? បាដិហារ្យរបស់ព្រះយេស៊ូវពុំមែនសម្រាប់បង្អួតអំពីអំណាចរបស់ព្រះអង្គទេ។ ព្រះអង្គក៏ជ្រាបផងដែរថា អំណាចរបស់ទ្រង់បានធ្វើឲ្យពួកមេដឹកនាំសាសនាច្រណែន។ ព្រះយេស៊ូវបានព្យាបាលអ្នកជម្ងឺទាំងឡាយពីព្រោះព្រះអង្គចង់ឲ្យពួកគេបានទទួលអំណោយទានជាជីវិតអស់កល្បរបស់ទ្រង់។
ព្រះយេស៊ូវបានព្យាបាលអ្នកជម្ងឺក៏ដោយសារតែព្រះអង្គចង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គដល់មនុស្សជាតិដែរ។ ព្រះយេស៊ូវបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គដល់មនុស្សលោកក្នុងពេលដែលព្រះអង្គបានចំអែតមនុស្សចំនួន៥០០០នាក់។ លោកម៉ាថាយប្រាប់យើងថា «លុះទ្រង់យាងឡើងពីទូកវិញ ស្រាប់តែឃើញមានមនុស្សមីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេឲ្យបានជា» (ម៉ាថាយ ១៤:១៤)។ ព្រះយេស៊ូវទ្រង់យល់អំពីការឈឺចាប់របស់ពួកគេទាំងនោះពីព្រោះពួកគេមានជំងឺ និងកំពុងជួបការលំបាក។ ព្រះយេស៊ូវតែងតែព្យាយាមជួយដល់មនុស្សគ្រប់គ្នាដែលព្រះអង្គបានជួប និងបានលើកស្ទួយពួកគេឡើង។
សូមអានខគម្ពីរម៉ាថាយ ១២:១៥‑២១។ បាដិហារ្យនៃការព្យាបាលរបស់ព្រះយេស៊ូវគឺមាន គោលបំណងលើសពីការព្យាបាលជំងឺទៅទៀត តើអ្វីទៅជាគោលបំណងនោះ?
«បាដិហារ្យនៃការព្យាបាលរបស់ព្រះយេស៊ូវគឺចង់បង្ហាញប្រាប់ថា ព្រះអង្គគឺជាព្រះ។ ព្រះអង្គ បានធ្វើកិច្ចការដែលហោរារបស់ព្រះបានទាយទុកពីមុនមក។ ប៉ុន្តែ កិច្ចការដែលប្រកបដោយសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវបានធ្វើឲ្យពួកមេដឹកនាំសាសនាខឹងសម្បាទៅវិញ។ ពួកគេពុំមានអារម្មណ៍ អាណិតអាសូរដល់មនុស្សដែលកំពុងរងការឈឺចាប់ទាល់តែសោះ។ ភាគច្រើន ពួកមេដឹកនាំសាសនាទាំងនោះឯងជាអ្នកដែលបង្កការឈឺចាប់ដល់ជនរងគ្រោះ ដែលព្រះយេស៊ូវបានចូលទៅជួយនោះ។ ហេតុនោះហើយបានជាមេដឹកនាំសាសនាទាំងនោះមិនចូលចិត្តបាដិហារ្យរបស់ព្រះយេស៊ូវ»។ ដកស្រង់ ពី (Ellen G. White, The Desire of Ages, page 406, adapted)។
បាដិហារ្យនៃការព្យាបាលរបស់ព្រះយេស៊ូវបានបង្ហាញឲ្យឃើញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ និងបានបង្ហាញថា ទ្រង់យុត្តិធម៌ និងសប្បុរស។ ប៉ុន្តែរឿងនោះក៏បង្ហាញថា ព្រះយេស៊ូវបានយាងមកដើម្បីសង្គ្រោះអ្នកជម្ងឺទាំងនោះដែរ។ អ្វីៗដែលព្រះអង្គបានធ្វើគឺដើម្បីនាំមនុស្សលោកឲ្យបានទទួលជីវិតអស់កល្បនោះឯង (សូមអាន យ៉ូហាន ១៧:៣)។
ថ្ងៃពុធ ទី១៤ សីហា ឆ្នាំ២០១៩
ព្រះយេស៊ូវបពា្ឈប់ការលក់ដូរនៅក្នុងព្រះវិហារ
តើមានរឿងណាខ្លះក្នុងព្រះគម្ពីរស្តីអំពីព្រះយេស៊ូវដែលលោកអ្នកចូលចិត្ត? តើរឿងព្រះយេស៊ូវព្យាបាលអ្នកជម្ងឺណាខ្លះដែលលោកអ្នកចូលចិត្តបំផុត? តើលោកអ្នកចូលចិត្តរឿងដែលព្រះយេស៊ូវស្រឡាញ់ក្មេងៗដែរឬទេ? ឬមួយក៏ លោកអ្នកចូលចិត្តអានសេចក្តីអធិប្បាយរបស់ព្រះយេស៊ូវបំផុតទេ? ឬមួយក៏ ប្រហែលជាលោកអ្នកចូលចិត្តនឹងបន្ទូលរបស់ព្រះយេស៊ូវអំពីការសង្គ្រោះមនុស្ស និងនគររបស់ព្រះហើយមើលទៅ? រឿងទាំងនេះសុទ្ធសឹងនិយាយអំពីភាពទន់ភ្លន់ និងការយកព្រះទ័យទុកដាក់របស់ព្រះយេស៊ូវ។ ប៉ុន្តែ រឿងខ្លះព្រះយេស៊ូវក៏ចាត់វិធានការកម្ចាត់ការប្រព្រឹត្តខុសឆ្គងដែរ។ ឧទាហរណ៍មួយនោះគឺ គ្រាដែលព្រះយេស៊ូវបពា្ឈប់ការលក់ដូរនៅក្នុងព្រះវិហារ។
សូមអានសាច់រឿងស្តីអំពីព្រះយេស៊ូវសំអាតព្រះវិហារនៅក្នុងខគម្ពីរម៉ាថាយ ២១:១២‑១៦, ម៉ាកុស ១១:១៥‑១៩, លូកា ១៩:៤៥‑៤៩ និង យ៉ូហាន ២:១៣‑១៧។ តើលោកអ្នកឃើញទេថា អ្នកសរសេរដំណឹងល្អទាំងបួនរូបសុទ្ធតែបានកត់ត្រាអំពីរឿងនេះក្នុងកណ្ឌគម្ពីររបស់ខ្លួន? តើការនេះប្រាប់យើងអ្វីខ្លះអំពីរឿងនេះ? តើរឿងនេះសំខាន់ប៉ុនណាដែរ?
រឿងនេះមានអំណាចខ្លាំងក្លាណាស់។ ច្បាស់ណាស់ ព្រះយេស៊ូវទ្រង់យកព្រះទ័យទុកដាក់អំពីរឿងព្រះវិហារ និងការថ្វាយបង្គំណាស់។ ព្រះអង្គមានព្រះទ័យព្រួយពេលដែលរាស្ត្ររបស់ព្រះផ្លាស់ប្តូរការថ្វាយបង្គំដ៏ពិតទៅជាការលក់ដូរសត្វទៅវិញនោះ។ សត្វទាំងនោះគឺជារូបស័ព្ទតំណាងឲ្យសេចក្តីសុគតផ្ទាល់របស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ប៉ុន្តែពួកអ្នកលក់ដូរទាំងនោះគេពុំបានយល់ពីរឿងនោះឡើយ។ ពួកគេគិតតែពីរឿងរកលុយឲ្យបានច្រើនតែប៉ុណ្ណោះ។
ព្រះយេស៊ូវបានធ្វើកិច្ចការនៅក្នុងរឿងនេះដូចគ្នានឹងពួកហោរារបស់ព្រះបានធ្វើនៅក្នុងគម្ពីរសញ្ញាចាស់ដែរ។ ព្រះយេស៊ូវកំពុងតែព្យាយាមធ្វើឲ្យអ្វីៗប្រសើរឡើងវិញ។ ព្រះអង្គចង់ឲ្យមនុស្សទាំងឡាយបែរមករកព្រះ និងការថ្វាយបង្គំដ៏ពិតប្រាកដវិញ។ តើលោកអ្នកឃើញលោកម៉ាថាយ លោកម៉ាកុស លោកលូកា និងលោកយ៉ូហានបានដកស្រង់ពាក្យពេចន៍ពីកណ្ឌគម្ពីរអេសាយ យេរេមា ឬទំនុកដំកើង ក្នុងរឿងរបស់ពួកគេស្តីអំពីព្រះយេស៊ូវសំអាតព្រះវិហារដែរឬទេ? មូលហេតុនោះគឺដោយសារតែលោកម៉ាថាយ លោកម៉ាកុស លោកលូកា និងលោកយ៉ូហានចង់បង្ហាញទៅមនុស្សទាំងឡាយថា ព្រះយេស៊ូវកំពុងធ្វើកិច្ចការរបស់ហោរាព្រះមួយរូប។ មនុស្សទាំងឡាយនៅក្នុងព្រះវិហារយល់ឃើញថា ព្រះយេស៊ូវគឺជាហោរាមួយរូប (ម៉ាថាយ ២១:១១)។ ពួកគេបានមកឯព្រះយេស៊ូវបន្ទាប់ពីទ្រង់បានបណ្តេញពួកអ្នកលក់ដូរចេញអស់ពីព្រះវិហារ។ តើព្រះយេស៊ូវបានធ្វើអ្វីទៀតបន្ទាប់ពីបណ្តេញពួកគេចេញអស់ហើយ? ព្រះអង្គបានព្យាបាលអ្នកជម្ងឺ និងបង្រៀនបណ្តាជន។ ពួកគេចាប់ផ្តើមមានសង្ឃឹមក្នុងចិត្តរបស់ពួកគេឡើងវិញពេលដែលព្រះយេស៊ូវបង្រៀនដល់ពួកគេ។ ពួកមេដឹកនាំសាសនាក៏យល់ថា ព្រះយេស៊ូវជាហោរាដែរ។ ប៉ុន្តែ មេដឹកនាំទាំងនោះភ័យខ្លាចព្រះយេស៊ូវធ្វើឲ្យពួកគេបាត់បង់អំណាចទៅវិញ។ ហេតុនោះ ពួកគេក៏ចាប់ផ្តើមចង់សម្លាប់ព្រះយេស៊ូវ។ ពួកមេដឹកនាំក្នុងជំនាន់គម្ពីរសញ្ញាចាស់ក៏បានធ្វើរឿងបែបដូចគ្នានោះដាក់ពួកហោរាក្នុងជំនាន់របស់ពួកគេដែរ។
ថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ឆ្នាំ២០១៩
ឈើឆ្កាងរបស់ព្រះយេស៊ូវ
ព្រះទ្រង់យកព្រះទ័យទុកដាក់នឹងអ្នកក្រ។ ព្រះអង្គទ្រង់ឮសម្រែករបស់ពួកគេ។ ហើយព្រះអង្គ ក៏បានកំសាន្តចិត្តដល់ពួកគេ។ ម្យ៉ាងទៀត ព្រះវរបិតាក៏យល់អំពីសេចក្តីអាក្រក់បំផុតដែលមនុស្សលោកប្រព្រឹត្តដាក់គ្នាដែរ។ ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ជ្រាបអំពីការឈឺចាប់របស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ហេតុនោះ ព្រះអង្គទ្រង់ជ្រាបថា ផែនដីនេះគឺជាកន្លែងដែលមានសេចក្តីអាក្រក់ និងអយុត្តិធម៌ខ្លាំងណាស់។ សូមក្រឡេកមើលអ្វីដែលបានកើតឡើងចំពោះព្រះយេស៊ូវ។ ព្រះអង្គរស់នៅក្នុងភាពបរិសុទ្ធ។ ព្រះអង្គបានធ្វើល្អ និងសំដែងសេចក្តីស្រឡាញ់ដល់មនុស្សទាំងឡាយ។ ប៉ុន្តែ មនុស្សអាក្រក់ស្អប់ព្រះអង្គ និងបានធ្វើគុតព្រះអង្គ ដោយសារតែពួកគេច្រណែននឹងព្រះអង្គ។
ចូរសាកស្រមៃអំពីរូបភាពដែលព្រះយេស៊ូវកំពុងអធិដ្ឋាននៅក្នុងសួនច្បារគេតសេម៉ានី។ រឿងនោះកើតឡើងនៅពេលរាត្រី។ មិនយូរប៉ុន្មាន មនុស្សអាក្រក់បានមកចាប់ព្រះអង្គ។ បន្ទាប់មកគេចាប់យកព្រះអង្គទៅកាត់ទោស ហើយមនុស្សកំណាចក៏បានកាត់ទោសព្រះអង្គ។ បន្ទាប់មកគេក៏វាយដំព្រះអង្គ។ ពួកទាហានក៏បានចំអកឡកឡឺយដាក់ព្រះអង្គ។ លោកប៉ុលបានប្រាប់យើងថា «គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបម្រើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ ទទួលសុគតជាប់ឈើឆ្កាងផង» (ភីលីព ២:៧, ៨)។ សាច់រឿងស្តីអំពីផែនការរបស់ព្រះសង្គ្រោះយើងរាល់គ្នាគឺល្អខ្លាំងណាស់។ ប៉ុន្តែ យើងតោងតែនឹកចាំថា វាក៏មានផ្នែកដែលអាក្រក់ខ្លះដែរ។ មនុស្សទាំងឡាយមានចរិតកាចឃោរឃៅ និងស្អប់ខ្ពើមគ្នា។ ពួកគេបានធ្វើបាបព្រះយេស៊ូវ ក៏ពុំបានកោតខ្លាចដល់ព្រះអង្គផង។
សូមអានខគម្ពីរអេសាយ ៥៣:៣‑៦។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីអ្វីដែលបានកើតឡើងចំពោះព្រះយេស៊ូវ? ព្រះយេស៊ូវទ្រង់សុចរិត។ ប៉ុន្តែព្រះអង្គបានសុគតដើម្បីមនុស្សដែលមានទោស។ តើគោលគំនិតនេះជួយយើងឲ្យយល់អំពីអ្វីដែលព្រះអង្គបានធ្វើសំរាប់យើងនៅលើឈើឆ្កាងកាន់តែប្រសើរឡើងយ៉ាងដូចម្តេចខ្លះ?
តាមរយៈព្រះយេស៊ូវ ព្រះទ្រង់ជ្រាបអំពីការឈឺចាប់របស់រាស្ត្ររបស់ព្រះអង្គដែលរងគ្រោះដោយអំពើអយុត្តិធម៌ពីសំណាក់មនុស្សអាក្រក់។ កាលណាមានមនុស្សសុចរិតណាម្នាក់ត្រូវគេសម្លាប់ដោយអយុត្តិធម៌ មនុស្សទាំងឡាយមិនសប្បាយចិត្តឡើយ។ ប៉ុន្តែ តើយើងមានអារម្មណ៍ដូចម្តេចដែរពេលដែលយើងនឹកគិតអំពីអ្វីដែលបានកើតឡើងចំពោះព្រះយេស៊ូវ? ព្រះយេស៊ូវសុគតដើម្បីឲ្យយើងបានរួបរួមគ្នាជាមួយនឹងព្រះឡើងវិញ។ សេចក្តីសុគតរបស់ព្រះយេស៊ូវអាចឲ្យព្រះរួបរួមជាមួយយើងក្នុងភាពកម្សោយរបស់យើងបាន។ ហេតុនោះហើយបានជាព្រះអង្គអាចយល់អំពីសេចក្តីកម្សោយរបស់យើង និងអាចជួយយើងបាន។ ហេតុនោះ យើងមិនអាចសង្ស័យអំពីព្រះទ័យអាណិតអាសូរ សេចក្តីស្រឡាញ់ សេចក្តីមេត្តារបស់ព្រះអង្គចំពោះយើងឡើយ។ «ដ្បិតសម្ដេចសង្ឃនៃយើងទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ» ហេព្រើរ ៤:១៥)។ អូ! មើលចុះ អ្វីៗដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងរាល់គ្នាអស្ចារ្យខ្លាំងណាស់! ពិតមែនហើយ ព្រះអង្គបានបង្ហាញប្រាប់យើងថា ព្រះអង្គ ស្រឡាញ់យើងខ្លាំងណាស់។
ថ្ងៃសុក្រ ទី១៦ សីហា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “In the Footsteps of the Master,”pages 117-124, in Welfare Ministry; “Days of Ministry,” pages 29-50, in The Ministry of Healing; “The Temple Cleansed Again,” pages 589-600; “In Pilate’s Judgment Hall,”pages 723-740, in The Desire of Ages.
«ព្រះទ្រង់បង្ហាញប្រាប់យើងយ៉ាងច្បាស់ក្នុងព្រះគម្ពីរថា ព្រះអង្គនឹងដាក់ទោសលើមនុស្សទាំងឡាយណាដែលរំលងច្បាប់របស់ព្រះអង្គ។ មនុស្សខ្លះមិនបានជឿជាក់លើសេចក្តីពិតរបស់ព្រះគម្ពីរត្រង់ចំណុចនេះឲ្យបានពិតប្រាកដនោះទេ។ ពួកគេគិតថា ព្រះទ្រង់ពេញដោយសេចក្តីមេត្តាខ្លាំងណាស់ មិនអាចឲ្យព្រះអង្គដាក់ទោសបាបជនបានឡើយ។ ប៉ុន្តែ មនុស្សទាំងនេះត្រូវតែក្រឡេកមើលទៅឯឈើឆ្កាងនៃកាល់វ៉ារី។ សេចក្តីសុគតរបស់ព្រះបុត្រាដ៏សុចរិតនៃព្រះបង្ហាញប្រាប់យើងថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់» (រ៉ូម ៦:២៣)។ ពេលណាដែលយើងរំលងច្បាប់របស់ព្រះ យើងត្រូវតែទទួលបាននូវសេចក្តីស្លាប់។ ប៉ុន្តែ ព្រះយេស៊ូវដែលពុំបានធ្វើបាបសោះបានក្លាយជាតួបាបជំនួសយើង។ ព្រះអង្គបានទទួលទោសកំហុសនៃអំពើបាបរបស់យើងដាក់លើអង្គទ្រង់។ ព្រះវរបិតារបស់ព្រះអង្គបានបែរព្រះភក្ត្រចេញពីព្រះបុត្រានៅពេលដែលព្រឹត្តិការណ៍កើតឡើង។ រឿងនោះធ្វើឲ្យព្រះយេស៊ូវខ្ទេចខ្ទាំព្រះទ័យ។ វាបានធ្វើឲ្យព្រះជន្មរបស់ព្រះអង្គរងការប៉ះទង្គិច។ ព្រះយេស៊ូវបានថ្វាយអង្គទ្រង់ជាដង្វាយសំរាប់បាបរបស់យើងដើម្បីសង្គ្រោះយើង។ ពុំមានវិធីណាផ្សេងទៀតដើម្បីរំដោះយើងចេញពីការដាក់ទោសទៅលើការរំលងច្បាប់របស់ព្រះឡើយ។ អស់អ្នកណាដែលបដិសេធមិនព្រមទទួលយកការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ពួកគេត្រូវតែស្លាប់ដោយសារអំពើបាបផ្ទាល់របស់ខ្លួន»។ ដកស្រង់ពី Ellen G. White, The Great Controversy, pages 539, 540, adapted ។
សំនួរពិភាក្សា៖
- សូមអានប្រសាសន៍របស់អ្នកស្រីអែល្លិន ជី វ៉ៃត៍ខាងលើ។ ចូរពិភាក្សាគ្នាក្នុងថ្នាក់អំពីសេចក្តីអយុត្តិធម៌ដែលបានកើតឡើងនៅលើផែនដីនេះ។ សូមគិតអំពីព្រះយេស៊ូវដែលសុចរិត និងបានបង់ថ្លៃសំរាប់ទោសកំហុសរបស់យើង! ហេតុដូចម្តេចបានជាយើងត្រូវតែនឹកចាំអំពីសេចក្តីពិតនេះជានិច្ច?
- ចូរនឹកគិតអំពីវិធីទាំងឡាយដែលព្រះវរបិតាបានធ្វើដើម្បីសង្គ្រោះយើងរាល់គ្នា។ ព្រះអង្គបានចាត់ព្រះយេស៊ូវឲ្យមកកាន់ផែនដីនេះដើម្បីសុគតជួសយើងរាល់គ្នា។ ព្រះយេស៊ូវទ្រង់សុចរិត។ ប៉ុន្តែ ព្រះអង្គសុខចិត្តសុគតជំនួសបាបជនទាំងឡាយ។ មានន័យថា ព្រះអង្គបានសុគតជំនួសយើងម្នាក់ៗ។ ហេតុដូចម្តេចបានជាសេចក្តីសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងគួរតែបានធ្វើឲ្យយើងក្លាយជាមនុស្សថ្មី? តើព្រះអង្គបានធ្វើឲ្យយើងក្លាយជាមនុស្សថ្មីដោយរបៀបណា?