មេរៀនទី៧​៖ ៩‑១៥ វិច្ឆិកា ២០១៩

ព្រះទ្រង់អភ័យទោសបាបដល់យើង

Jeans
ថ្ងៃសៅរ៍ ទី៩ វិច្ឆិកា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ នេហេមា ៩:១‑៣, កិច្ចការ ១០:១‑២៣, នេហេមា ៩:៩‑២២, នេហេមា ៩:២៣‑៣១, នេហេមា ៩:៣២‑៣៨។

ខចងចាំ៖ «អ្នក​ណា​ដែល​គ្រប​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចម្រើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់‌តួ ហើយ​លះ‌បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ» (សុភាសិត ២៨:១៣)។

ពិធីបុណ្យបារាំក៏បានដល់ទីបញ្ចប់។ ពិធីបុណ្យបារាំគឺជាពិធីបរិសុទ្ធរបស់សាសន៍យូដា។ ដូច​ដែល​យើងបានឃើញ ថ្ងៃបរិសុទ្ធនេះគឺជាថ្ងៃដ៏មានសេចក្តីអំណរ។ ថ្ងៃនេះជួយរំឭកពួកយូដាអំពីអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើសម្រាប់ពួកគេកាលនៅក្នុងស្រុកអេស៊ីព្ទ។ ព្រះអង្គបានរំដោះពួកគេឲ្យរួចផុតពីទាសភាព។ បន្ទាប់មកព្រះអង្គបានថែរក្សាពួកគេក្នុងវាលរហោឋានអស់រយៈកាល៤០ឆ្នាំទៀត។ ដូចដែលយើងបានសិក្សាកាលពីសប្តាហ៍មុន ពួកយូដាបានប្រារព្ធពិធីបុណ្យនេះដោយសេចក្តីអំណរណាស់។ ឥឡូវ នេះពួកមេដឹកនាំបានសូមឲ្យបណ្តាជនជួបជុំគ្នាម្តងទៀត។ ម្តងនេះគឺជាពេលដែលបណ្តាជនត្រូវលន់តួអំពើបាបរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងបែរចេញពីសេចក្តីអាក្រក់។

លើកមុន យើងបានដឹងថា ពួកមេដឹកនាំបានប្រាប់ពួកបណ្តាជនឲ្យឈប់យំ។ ពួកលោកទាំងនោះបានប្រាប់ពួកគេឲ្យឈប់កើតទុក្ខព្រួយអំពីអំពើបាបរបស់ពួកគេតទៅទៀត។ រឿងនោះពុំមែនមាន​ន័យថា អារម្មណ៍ទុក្ខព្រួយអំពីបាបរបស់យើងមិនសំខាន់នោះឡើយ។ ប៉ុន្តែ ព្រះទ្រង់ចង់ឲ្យបណ្តាជនអបអរនឹងពិធីបុណ្យបារាំដោយអំណរជាមុនសិន។ ហេតុនោះ បណ្តាជនក៏បានស្តាប់បង្គាប់តាមព្រះអង្គ។ ឥឡូវនេះដល់ពេលដែលបណ្តាជនត្រូវសារភាពលន់តួបាបវិញម្តងហើយ។

ជួនកាល យើងត្រូវមានអារម្មណ៍អំណរក្នុងព្រះអម្ចាស់ជាមុនសិន។ បន្ទាប់មក យើងលន់តួ​បាប​​របស់យើង។ ក្នុងករណីខ្លះទៀត យើងត្រូវលន់តួបាបជាមុនក៏មានដែរ។ បន្ទាប់មកទើបយើងមានសេចក្តីអំណរក្នុងព្រះអម្ចាស់។ ខគម្ពីររ៉ូម ២:៤ បានចែងថា «ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច្នេះ ដើម្បី​​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត​ទេ​ឬ?» (គខប)។ សេចក្តីស្រឡាញ់របស់ព្រះបណ្តាលយើងឲ្យមានសេចក្តី អំណរ។ វាក៏បណ្តាលឲ្យយើងកែប្រែចិត្ត ឬបែរចេញពីអំពើបាបដែរ។ ហេតុនោះ យើងគួរតែសរសើរតម្កើងដល់ព្រះសម្រាប់សេចក្តីស្រឡាញ់ និងសេចក្តីអំណរដែលយើងមាន។ ដំណាលគ្នានេះ យើងក៏ត្រូវ​នឹកចាំថា យើងត្រូវការឲ្យព្រះអត់ទោសបាបដល់យើង។ យើងត្រូវការឲ្យព្រះសម្អាតយើង និងធ្វើឲ្យយើង​ក្លាយជាថ្មីឡើងវិញ។

ថ្ងៃអាទិត្យ ទី១០ វិច្ឆិកា ឆ្នាំ២០១៩

ការថ្វាយបង្គំ និងការតមអត់

ក្នុងខគម្ពីរនេហេមា ៩:១‑៣, យើងឃើញថា រាស្ត្ររបស់ព្រះបានញែកខ្លួនគេចេញពីពួកក្រៅសាសន៍ ឬសាសន៍ដទៃ។ ហេតុដូចម្តេចបានជារាស្ត្ររបស់ព្រះធ្វើយ៉ាងដូច្នោះ?

លោកនេហេមាចង់ឲ្យពួកបណ្តាជនមានសេចក្តីអំណរ។ បន្ទាប់មកលោកនេហេមាបានដឹកនាំរាស្ត្ររបស់ព្រះឲ្យតមអត់។ តាមដែលយើងឃើញ ការតមអត់អាហារគឺជាគ្រាមួយដែលនរណាម្នាក់​សម្រេច​​ចិត្ត​ផ្អាកការបរិភោគអាហារមួយរយៈពេលខ្លី។ ជាញឹកញាប់ បណ្តាជនទាំងឡាយតមអត់ដោយសារហេតុផលខាងព្រលឹងវិញ្ញាណ។ ហេតុនោះ ផ្នែកមួយនៃពិធីតមអត់របស់ពួកគេគឺទូលសូមឲ្យព្រះដកយកសេចក្តីអំនួតចេញពីចិត្តរបស់ពួកគេ។ ពួកគេបានបាចធូលីទៅលើក្បាលរបស់ពួកគេ។ ពួកគេបានស្លៀក​ពាក់​សំពត់ធ្មៃ ដែលជាខោអាវសម្រាប់កាន់ទុក្ខ។ ពួកបណ្តាជនក៏ញែកខ្លួនឯងចេញពីពួកក្រៅសាសន៍ផងដែរ។ ហេតុអ្វី? ពីព្រោះពួកយូដាដឹងថា ព្រះត្រូវការអត់ទោសដល់អំពើបាបរបស់ពួកគេ។ ពួកក្រៅសាសន៍ពុំមានទោសដោយសារអំពើបាបដែលរាស្ត្ររបស់ព្រះបានប្រព្រឹត្តឡើយ។ រាស្ត្ររបស់ព្រះបាន​លន់តួបាបដែលពួកគេបានប្រព្រឹត្តទូទាំងប្រទេសដែលបានបណ្តាលឲ្យព្រះដាក់ទោសពួកគេកាលពី៧០ឆ្នាំមុន។ នោះគឺជាគ្រាដែលពួកបាប៊ីឡូនចូលមកបំផ្លាញទីក្រុងយេរូសាឡិមនោះឯង។ បន្ទាប់មកពួកនោះក៏បាននាំយកពួកយូដាឲ្យធ្វើជាទាសករនៅប្រទេសបាប៊ីឡូន។

រាស្ត្ររបស់ព្រះបានអធិដ្ឋាន និងលន់តួ។ សេចក្តីអធិដ្ឋានរបស់ពួកគេបានបង្ហាញថា ពួកគេបានយល់ដឹងយ៉ាងច្បាស់ហើយថាអំពើបាបគឺជាអ្វី។ ពួកគេយល់ថា អំពើបាបគឺអាក្រក់ខ្លាំងណាស់។ តើរាស្ត្ររបស់ព្រះមានអារម្មណ៍ខឹងសម្បានឹងបុព្វបុរសដែលបានធ្វើបាប និងបណ្តាលឲ្យព្រះដាក់ទោសពួកគាត់ឬទេ? តើពួកគេបានចំណាយពេលរអ៊ូរទាំអំពីមេដឹកនាំ និងការសម្រេចចិត្តមិនត្រឹមត្រូវក្នុងអតីតកាលឬទេ? តើពួកគេបានបន្ទោសគ្នាដែលមិនទាន់បានធ្វើខ្លួនឲ្យបរិសុទ្ធឬ? ឬមួយក៏ពួកគេបានបន្ទោសខ្លួនឯងដោយសារតែអំពើបាបរបស់ពួកខ្លួនទើបបានជាមានលទ្ធផលបន្សល់ទុកដល់ឥឡូវនេះ? ពិតមែន​​ហើយ ពួកគេគ្រាន់តែជាក្រុមតូចមួយប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេពុំមានការខឹងសម្បានឹងអំពើបាបដែលពួកគេបានប្រព្រឹត្តក្នុងអតីតកាលដែលធ្វើឲ្យពួកគេសេសសល់គ្នាតិចឡើយ។ ពួកគេក៏ពុំបានស្អប់ពួកខ្លួនដែលបានធ្លាក់ខ្លួនជាទាសករដែរ។ ពួកគេបានបែរមករកព្រះ។ ពួកគេបណ្តោយឲ្យសេចក្តីអំនួតចេញពីជីវិតរបស់ពួកគេ។ ពួកគេបានលន់តួអំពើបាបរបស់ខ្លួន។

ខគម្ពីរនេហេមា ៩:៣ ចែងថា ពួកបណ្តាជនបានអានគម្ពីរក្រឹត្យវិន័យ (គម្ពីរតូរ៉ា) ប្រហែលជា​បួនម៉ោង។ បន្ទាប់មក ពួកគេបានចំណាយពេលបួនម៉ោងទៀតសម្រាប់លន់តួបាប និងថ្វាយបង្គំព្រះ។ តើលោកអ្នកឃើញទេថា ការអានព្រះគម្ពីរសំខាន់យ៉ាងខ្លាំងនោះ? កាលណាយើងអានព្រះគម្ពីរ ព្រះទ្រង់នឹងយាងមកជិតយើងរាល់គ្នា។ ព្រះវិញ្ញាណបរិសុទ្ធនិយាយមកកាន់យើង និងបង្រៀនយើង។ សេចក្តីពិតនៃព្រះគម្ពីរផ្លាស់ប្តូរគំនិតរបស់យើង។ វាធ្វើឲ្យកាន់តែមានប្រាជ្ញាឡើង ព្រមទាំងលើកទឹកចិត្តយើង និងលើកយើងឡើងផង។ ពួកយូដាបានយំសោក។ ហេតុអ្វី? ពីព្រោះកាលណាយើងចំណាយពេលជាមួយព្រះ យើងមើលឃើញព្រះអង្គកាន់តែល្អ និងអស្ចារ្យខ្លាំងណាស់។ យើងមានការនឹកស្ងើចខ្លាំងណាស់ដែលព្រះអាទិករចង់គង់នៅជាមួយនឹងយើង បើទោះបីជាយើងបានធ្វើខុសក្តី។

ថ្ងៃច័ន្ទ ទី១១ វិច្ឆិកា ឆ្នាំ២០១៩

ការចាប់ផ្តើមនៃសេចក្តីអធិដ្ឋាន

ពួកមេដឹកនាំបានអានគម្ពីរក្រឹត្យវិន័យឲ្យបណ្តាជនស្តាប់។ បន្ទាប់មក ពួកបណ្តាជនបាន​អធិដ្ឋាន​យ៉ាងយូរ។ តើពួកគេបានអធិដ្ឋានអំពីអ្វីខ្លះ? ពួកគេបានអធិដ្ឋានអំពីសេចក្តីស្រឡាញ់របស់ព្រះ។ ពួកគេបានសរសើរព្រះអង្គថាល្អចំពោះរាស្ត្ររបស់ព្រះអង្គ បើទោះបីជាពួកគេមិនបានស្តាប់បង្គាប់តាមព្រះអង្គក៏ដោយ។ សេចក្តីអធិដ្ឋានរបស់ពួកគេគឺហាក់ដូចជាសេចក្តីអធិប្បាយជាជាងគ្រាន់តែជាសេចក្តីអធិដ្ឋាន។

សូមអានសេចក្តីអធិដ្ឋានរបស់ពួកគេនៅក្នុងខគម្ពីរនេហេមា ៩:៤‑៨។ តើមានគោលគំនិត​សំខាន់ៗអ្វីខ្លះដែលយើងឃើញនៅក្នុងខទាំងនេះ? ហេតុអ្វីបានជាគោលគំនិតទាំងនេះលេចឡើងមុនគេ?

ក្នុងផ្នែកដំបូងនៃសេចក្តីអធិដ្ឋាន ពួកបណ្តាជនបានថ្វាយព្រះពរដល់ព្រះជាម្ចាស់ និងព្រះនាម​ព្រះអង្គ។ ជាញឹកញាប់ក្នុងព្រះគម្ពីរ ឈ្មោះហេព្រើរមានសារៈសំខាន់ខ្លាំងណាស់។ ឈ្មោះទាំងនោះសំខាន់ជាងគ្រាន់តែសម្រាប់ហៅនរណាម្នាក់នោះទៅទៀត។ ឈ្មោះបង្ហាញប្រាប់ថា ម្ចាស់ឈ្មោះនោះ​មានចិត្តគំនិត​យ៉ាងដូចម្តេចខ្លះ។ ព្រះនាមរបស់ព្រះក៏បង្ហាញប្រាប់ថា ព្រះទ្រង់ជានរណាដែរ។ នោះហើយជាមូលហេតុដែលរាស្ត្ររបស់ព្រះត្រូវសរសើរព្រះនាមរបស់ព្រះអង្គ។ ឈ្មោះរបស់ព្រះអង្គបង្ហាញប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះថា ព្រះជាម្ចាស់ស័ក្តិសមនឹងទទួលការសរសើរតម្កើងពិតប្រាកដមែន។ នោះគឺជាព្រះនាមរបស់ព្រះអាទិករដែលបានបង្កើតរបស់សព្វសារពើនៅស្ថានសួគ៌ និងផែនដី។ ហេតុនោះ សេចក្តីអធិដ្ឋានចាប់ផ្តើមជាមួយនឹងការថ្វាយបង្គំព្រះអាទិករ។ ព្រះអង្គគឺជាព្រះដែល «​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ» (នេហេមា ៩:៦, សូមអានកូល៉ុស ១:១៦, ១៧)។ ពាក្យថា «ប្រទាន» មកពី​ពាក្យហេព្រើរដែលមានន័យថា «ទ្រទ្រង់ឲ្យមានជីវិត»។ ហេតុនោះ ព្រះជាម្ចាស់គឺជាព្រះដែលទ្រទ្រង់ជីវិតទាំងអស់។

ព្រះដដែលនេះបានជ្រើសរើសលោកអ័ប្រាហាំ។ តើអ្វីទៅដែលធ្វើឲ្យលោកអ័ប្រាហាំពិសេសយ៉ាងនេះ? ព្រះទ្រង់បានជ្រើសរើសអ័ប្រាហាំពីព្រោះលោកមានចិត្តពោរពេញដោយសេចក្តីជំនឿ។ ពិត​មែនហើយ មានច្រើនគ្រាណាស់ក្នុងអតីតកាលរបស់លោក ដែលបានបង្ហាញថា លោកពុំសូវមាន​ជំនឿ​ច្រើនទេ។ ប៉ុន្តែ សូមនឹកចាំអំពីអ្វីដែលបានកើតឡើងពេលដែលព្រះជាម្ចាស់បានសូមឲ្យលោកថ្វាយអ៊ីសាក់ ដែលជាកូនតែមួយ ទៅព្រះអង្គ។ លោកអ័ប្រាហាំម្តងនេះបានធ្វើតាមព្រះជាម្ចាស់ (សូមអាន​លោកុប្បត្តិ ២២)។ លោកអ័ប្រាហាំបានរៀនរស់ដោយសេចក្តីជំនឿ។ លោកពុំមែនរៀនមេរៀននេះមួយយប់ចេះចប់នោះឡើយ។ លោកបានរៀនពេញមួយជីវិតរបស់លោកតែម្តងដើម្បីឲ្យចិត្តរបស់លោកពេញដោយក្តីជំនឿ។ ក្នុងការគិតបែបហេព្រើរ ពាក្យថា «ចិត្ត» គឺជារូបស័ព្ទតំណាងឲ្យគំនិត។ ហេតុនោះ លោកអ័ប្រាហាំក៏បានរៀនអំពីរបៀបមានសេចក្តីជំនឿក្នុងគំនិតរបស់លោក។ លោករស់តាមសេចក្តី​ជំនឿនេះឯង។ ព្រះទ្រង់បានទទួលយកលោកអ័ប្រាហាំដោយសារតែសេចក្តីជំនឿរបស់លោក។

បណ្តាជនបានចាប់ផ្តើមសេចក្តីអធិដ្ឋានរបស់ពួកគេដោយទូលរៀបរាប់ថា ព្រះទ្រង់គឺជា ១)ព្រះអាទិករដែលបានបង្កើតយើងមក, ២)ព្រះដែលទ្រទ្រង់ជីវិតរបស់យើង​, និង ៣)ព្រះដែលរក្សាសេចក្តីជំនឿរបស់ព្រះអង្គ។ យើងតោងតែនឹកចាំអំពីចំណុចទាំងបីយ៉ាងនេះផងដែរ ដែលនឹងបង្រៀនយើងឲ្យរៀនជឿទុកចិត្តលើព្រះអង្គក្នុងគ្រាលំបាកៗ ពេលដែលមើលទៅហាក់ដូចជាព្រះអង្គគង់នៅឆ្ងាយពីយើងរាល់គ្នា។

ហេតុអ្វីបានជាការនឹកចាំថា ព្រះជាម្ចាស់ទ្រង់បានបង្កើតយើងរាល់គ្នា ជាការសំខាន់ម៉្លេះ?

ថ្ងៃអង្គារ ទី១២ វិច្ឆិកា ឆ្នាំ២០១៩

ព្រះយេស៊ូវព្យាបាលអ្នកជម្ងឺ

សូមអានខគម្ពីរម៉ាថាយ ១២:១៥‑២១។ បាដិហារ្យនៃការព្យាបាលរបស់ព្រះយេស៊ូវគឺមាន គោលបំណងលើសពីការព្យាបាលជំងឺទៅទៀត តើអ្វីទៅជាគោលបំណងនោះ?

សេចក្តីអធិដ្ឋាននាំមកនូវការផ្លាស់ប្តូរ។ ដំបូងឡើយ បណ្តាជនបានចាប់ផ្តើមដោយសារសរសើរព្រះសម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គ។ បន្ទាប់មកទៀត បណ្តាជនទូលរៀបរាប់ថា ពួកអ៊ីស្រាអែលបានប្រព្រឹត្តសេចក្តីអាក្រក់ខ្លាំងណាស់បន្ទាប់ពីបានចេញពីស្រុកអេស៊ីព្ទមក។ បណ្តាជនបានរៀបរាប់អំពីរបៀបដែលពួកអ៊ីស្រាអែលពុំបានស្តាប់បង្គាប់ព្រះអង្គក្នុងវាលរហោឋានអស់រយៈកាល៤០ឆ្នាំ។ ពួកបណ្តាជនក៏លើកឡើងអំពីការអស្ចារ្យដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ៊ីស្រាអែលអំឡុងគ្រានោះផងដែរ។ ប៉ុន្តែ តើពួកបុព្វបុរសបានធ្វើអ្វីខ្លះ? ចិត្តគំនិតរបស់ពួកគាត់ពោរពេញដោយសេចក្តីអំនួត។ ពួកគាត់ជាមនុស្សរឹងចចេស។ ពួកគាត់ពុំបានយកចិត្តទុកដាក់នឹងអំពើល្អសប្បុរសដែលព្រះជាម្ចាស់បានធ្វើសម្រាប់ពួកគេឡើយ។

កាលណាយើងបែរត្រឡប់មកព្រះជាម្ចាស់ យើងតោងតែទូលប្រាប់ព្រះអង្គអំពីរបៀបដែលយើងបោះបង់ព្រះអង្គ។ យើងតោងតែទទួលយកសេចក្តីពិតអំពីអំពើបាបរបស់យើង។ យើងតោងតែ​យល់ថា យើងមិនបានស្មោះត្រង់ចំពោះព្រះអង្គកាលពីអតីតកាលពិតមែន។ ទាំងនេះសុទ្ធសឹងជា​ចំណុចសំខាន់ៗដែលយើងត្រូវធ្វើកាលណាយើងលន់តួបាបរបស់យើង និងកែប្រែចិត្តចេញពីអំពើទាំងនោះ។

មែនហើយ យើងតោងតែលន់តួបាបរបស់យើង។ ប៉ុន្តែ សូមនឹកចាំថា ការលន់តួបាបរបស់យើងមិនអាចសង្គ្រោះយើងបានឡើយ។ មានតែសេចក្តីជំនឿលើសេចក្តីសុគតរបស់ព្រះយេស៊ូវនៅលើ​ឈើឆ្កាងប៉ុណ្ណោះទើបអាចសង្គ្រោះយើងបាន។ តើអ្វីទៅដែលធ្វើឲ្យយើងបានជាមេត្រីនឹងព្រះបាន? គឺ​សេចក្តីជំនឿរបស់យើងដែលថា យើងបានជាមេត្រីជាមួយនឹងព្រះដោយសារសេចក្តីជំនឿរបស់យើងលើអង្គព្រះយេស៊ូវតែប៉ុណ្ណោះ។ «យើងទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ រឿងនោះកើតឡើង​កាល​ណាយើងនិយាយថា យើងសោកស្តាយសម្រាប់អំពើបាបរបស់យើង និងបែរចេញពីអំពើទាំងនោះ។ បន្ទាប់មកព្រះអម្ចាស់អត់ទោសដល់យើង។ ព្រះអង្គដកយកការដាក់ទោសចេញពីយើងដែលបានបំពានច្បាប់របស់ព្រះ។ បន្ទាប់មក បាបជនទាំងឡាយអាចឈរនៅចំពោះព្រះជាម្ចាស់ក្នុងនាមជាមនុស្សដែល​ត្រូវបានសម្អាតចេញពីអំពើបាបហើយ។ ឥឡូវនេះ គេក៏ទទួលការសន្តោសពីព្រះជាម្ចាស់ ហើយព្រះវិញ្ញាណបរិសុទ្ធក៏ភ្ជាប់គេទៅនឹងទំនាក់ទំនងជាមួយនឹងព្រះវរបិតា និងព្រះបុត្រា»។ ដកស្រង់ពី Ellen G. White, Selected Messages, book 3, page 191, adapted ។

ពិតមែនហើយ សេចក្តីស្រឡាញ់របស់ព្រះបណ្តាលឲ្យយើងលន់តួបាប និងបែរចេញពីអំពើ​បាប​ទាំងនោះ។ ហេតុនោះ យើងត្រូវលះបង់ចោលអំពើបាបរបស់ខ្លួនដោយពឹងលើព្រះចេស្តារបស់ព្រះ។

សេចក្តីអធិដ្ឋានរបស់ពួកបណ្តាជនបង្ហាញថា ពួកគេបានយល់អំពីអ្វីដែលបានកើតឡើងក្នុងអតីតកាល។ ពួកអ៊ីស្រាអែលមានការរឹងរូសណាស់កាលពីអតីតកាល។ ប៉ុន្តែព្រះនៅតែស្រឡាញ់ពួក​គេ។ បណ្តាជនបានក្រឡេកមើលទៅប្រវត្តិសាស្ត្រអំពីអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់សាសន៍របស់ពួកគេក្នុងអតីតកាល។ តើពួកគេបានឃើញអ្វីខ្លះ? ពួកគេបានមើលឃើញថា ព្រះទ្រង់នឹងបន្តថែរក្សាពួកគេទាំងគ្រាឥឡូវនេះ និងគ្រាអនាគត។ ហេតុនោះហើយបានជាវាសំខាន់ណាស់សម្រាប់ឲ្យពួកគេត្រូវនឹកចាំជានិច្ចអំពីរបៀបដែលព្រះបានធ្វើក្នុងអតីតកាល។ កាលណាពួកគេភ្លេច បញ្ហាក៏បានកើតឡើងដែរ។

ជួនកាលយើងបាក់ទឹកចិត្ត ឬភ័យខ្លាចនឹងអនាគត។ ប៉ុន្តែ តើហេតុអ្វីបានជាលោកនៅតែត្រូវតែជឿលើព្រះ?

ថ្ងៃពុធ ទី១៣ វិច្ឆិកា ឆ្នាំ២០១៩

ក្រឹត្យវិន័យ និងហោរា

សូមអានខគម្ពីរនេហេមា ៩:២៣‑៣១។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសាសន៍អ៊ីស្រាអែល។ តើពួកគេខុសគ្នាអំពីព្រះត្រង់ចំណុចណាខ្លះ?

ផ្នែកបន្ទាប់នៃសេចក្តីអធិដ្ឋាននឹងក្រឡេកមើលប្រវត្តិសាស្ត្រអ៊ីស្រាអែលក្នុងទឹកដីកាណាន ឬ​ទឹកដីសន្យា។ ព្រះទ្រង់បានប្រទានទឹកដី ទីក្រុងទាំងឡាយ និងចម្ការទំពាំងបាយជូរជាច្រើន និងស្រែចម្ការ​​មានស្រាប់ផង។ ប៉ុន្តែពួកបណ្តាជននៅតែមិនពេញចិត្តអំណោយទានរបស់ព្រះ។ នៅចុងខគម្ពីរ ៩:២៥ បានកត់ត្រាថា ពួកអ៊ីស្រាអែល «បាន​បរិភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់» ពាក្យថា «ឆ្អែត ហើយ​ ​មាន​សាច់​ធាត់» មានអត្ថន័យពិសេសក្នុងព្រះគម្ពីរ។ ពាក្យទាំងនេះកម្រឃើញប្រើក្នុងព្រះគម្ពីរណាស់ (សូមអានចោទិយកថា ៣២:១៥ និងយេរេមា ៥:២៨)។ គ្រប់ពេលដែលពាក្យទាំងនេះត្រូវបានប្រើ គឺតែងតែសំដៅទៅរឿងមិនល្អអំពីនរណាម្នាក់។

ពិតមែនហើយ ពួកបណ្តាជន «មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ​របស់​ទ្រង់» (នេហេមា ៩:២៥)។ ប៉ុន្តែ ពួកបណ្តាជនគេខ្វល់ខ្វាយតែអំពីអ្វីដែលព្រះបានប្រទានដល់ពួកគេដោយមិនខ្វល់ខ្វាយអំពីព្រះជាម្ចាស់ឡើយ។ ការដែលយើងមានរបស់របរ ឬទ្រព្យសម្បត្តិច្រើនពុំបានជួយឲ្យយើងខិតជិតទៅរកព្រះជានិច្ចឡើយ មែនទេ? ជាញឹកញាប់ យើងអាចនឹងគិតថា «ឱ ប្រសិនបើខ្ញុំមាន​របស់នេះ ឬរបស់នោះទៅអេះ នោះខ្ញុំនឹងសប្បាយចិត្ត»។ ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងដល់ពួកអ៊ីស្រាអែលដែលពួកគេត្រូវការ។ ប៉ុន្តែ «ការសប្បាយចិត្ត» របស់ពួកគេនឹងរបស់ទាំងអស់នោះពុំបានធ្វើឲ្យពួកគេស្រឡាញ់ព្រះកាន់តែច្រើនឡើយ។ ជាញឹកញាប់ណាស់ យើងងាយនឹងនឹកឃើញអំពីអំណោយទានដែលព្រះប្រទានដល់យើង។ ប៉ុន្តែយើងបែរជាមិនចាំអំពីព្រះដែលប្រទានរបស់ទាំងនោះសោះ។ នោះហើយជាកំហុសមួយរបស់យើង។

ពិតណាស់ ព្រះទ្រង់ចង់ឲ្យយើងសប្បាយចិត្តជាមួយនឹងអ្វីៗដែលព្រះអង្គប្រទានដល់យើង។ ព្រះអង្គចង់ឲ្យយើងមានសេចក្តីអំណរនឹងអំណោយទានដែលបានប្រទានមក។ ប៉ុន្តែសេចក្តីអំណររបស់យើងនឹងរបស់ដែលព្រះអង្គប្រទានដល់យើងពុំបានជួយឲ្យយើងខិតជិតទៅព្រះជាម្ចាស់ឡើយ។ ប្រសិន​បើយើងមិនប្រុងប្រយ័ត្នទេ របស់របរទាំងនេះអាចនឹងទាញយើងឲ្យចេញពីព្រះអង្គបាន។

តើមានអ្វីខ្លះទៀតដែលយើងបានរៀនបទគម្ពីរនេហេមាជំពូក៩? យើងឃើញថា ពួកមេដឹកនាំឥឡូវនេះបាននាំគ្នាលន់តួរាល់អំពើបាបទាំងអស់ដែលពួកគេពុំបានដើរតាមព្រះក្នុងអតីតកាល។ ពួកមេ​ដឹកនាំបានក្រឡេកមើលទៅប្រវត្តិសាស្ត្រប្រទេសរបស់ខ្លួន។ ពួកគេមើលឃើញអំពើបាបដែលបណ្តាជនទាំងមូលបានប្រព្រឹត្ត។ តើអំពើបាបដ៏ធំបំផុតទាំងពីរមានអ្វីខ្លះ? ១) ពួកអ៊ីស្រាអែលបោះបង់ក្រឹត្យវិន័យរបស់ព្រះចោល និង ២) ពួកគេបានវាយប្រហារមកលើហោរារបស់ព្រះ។ ពួកមេដឹកនាំបានលន់តួអំពើបាបទាំងនេះនៅចំពោះព្រះជាម្ចាស់។

ពួកមេដឹកនាំយល់ឃើញថា ក្រឹត្យវិន័យរបស់ព្រះ និងហោរារបស់ព្រះអង្គសំខាន់ណាស់។ ទាំង​ពីរយ៉ាងនេះជួយពួកយូដាឲ្យប្រែក្លាយជាសាសន៍បរិសុទ្ធឡើងវិញ។ សេចក្តីអធិដ្ឋានរបស់ពួកគេបង្ហាញឲ្យឃើញគោលគំនិតនេះពេលដែលពួកមេដឹកនាំមានប្រសាសន៍ថា «អ្នក​ណា​ប្រព្រឹត្ត​តាមច្បាប់របស់​ព្រះ នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង» (នេហេមា ៩:២៩)។ នៅទីនេះ ពួកមេដឹកនាំបានរំឭកពាក្យពេចន៍របស់លោកម៉ូសេម្តងទៀតក្នុងខគម្ពីរលេវីវិន័យ ១៨:៥ ដែលថា ព្រះទ្រង់ប្រទានច្បាប់របស់ព្រះអង្គដើម្បីប្រទានពរដល់ជីវិតរបស់យើង។

ថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា ឆ្នាំ២០១៩

ការសរសើរតម្កើង និងការទូលសូម

សូមអានអំពីសេចក្តីបញ្ចប់នៃសេចក្តីអធិដ្ឋានក្នុងខគម្ពីរនេហេមា ៩:៣២‑៣៨។ តើសេចក្តីអធិដ្ឋានបញ្ចប់ដោយរបៀបណា? តើអ្វីទៅដែលជាគោលគំនិតដ៏សំខាន់បំផុតនោះ?

ពួកបណ្តាជនក៏បានសរសើរតម្កើងព្រះសម្រាប់លក្ខណៈសម្បត្តិគ្រប់យ៉ាងដែលព្រះអង្គមានម្តងទៀត។ ព្រះអង្គទ្រង់ខ្លាំងពូកែ និងអស្ចារ្យ។ ព្រះអង្គរក្សាសេចក្តីសញ្ញារបស់ព្រះអង្គជាមួយនឹងរាស្ត្រទ្រង់។ ព្រះអង្គបង្ហាញសេចក្តីមេត្តាដល់ពួកគេ។

ពួកបណ្តាជនក៏បានទូលសូមសំណូមពរខ្លះនៅក្នុងសេចក្តីអធិដ្ឋានរបស់ពួកគេដែរ។ តើពួកគេ​ត្រូវការអ្វីខ្លះ? ចូរយើងអានអំពីរឿងនេះទាំងអស់គ្នា៖

«ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឥទ្ធា‌នុភាព ដែល​គួរ​ស្ញែង​ខ្លាច​ដល់​ទ្រង់ ជា​ព្រះ​ ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​អើយ ឯ​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា ពួក​អយ្យកោ​យើង​ខ្ញុំ និង​ពួក​រាស្ត្រ​របស់​ទ្រង់ ចាប់​តាំង​ពី​គ្រា​ពួក​ស្តេច​នៃ​ស្រុក​អាសស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​សូម​ទ្រង់​កុំ​រាប់​ថា ជា​ការ​តិច‌តួច​ឡើយ» (នេហេមា ៩:៣២)។

សហគមន៍យូដាក្នុងក្រុងយេរូសាឡិមត្រូវបង់ពន្ធថ្វាយស្តេចនគរពើស៊ីដែលគ្រប់គ្រងលើពួកគេ។ លើសពីនោះទៀត ពួកគេក៏រងការវាយប្រហារពីសំណាក់ពួកខ្មាំងសត្រូវរបស់ពួកគេជាបន្តបន្ទាប់ដែរ។ ពួកយូដាមានការហត់នឿយនឹងការបង់ពន្ធ និងការរងគ្រោះពីការវាយប្រហារទាំងនេះខ្លាំងណាស់។ ពួកគេបានទូលសូមព្រះជាម្ចាស់ឲ្យបពា្ឈប់បញ្ហាទាំងអស់នេះ។

នៅក្នុងខគម្ពីរនេហេមា ៩:៣៦ រាស្ត្ររបស់ព្រះនិយាយថា ពួកគេគឺជា «បាវបម្រើ» (ពគប) ឬ «ទាសករ» (គខប)។ ពាក្យនេះបង្ហាញថា ពួកបណ្តាជនយល់ថា ពួកគេត្រូវការស្តាប់បង្គាប់តាមព្រះអម្ចាស់ទាំងស្រុង។ ពួកអ៊ីស្រាអែលជំនាន់មុនៗពុំបានស្តាប់បង្គាប់ព្រះអង្គឡើយ។ ពាក្យថា «បាវបម្រើ» ឬ «ទាសករ» ក៏បង្ហាញផងដែរថា ពួកបណ្តាជនចង់មានភាពស្មោះត្រង់យ៉ាងអស់ពីចិត្តចំពោះព្រះជាម្ចាស់។ ពួកគេចង់ស្តាប់បង្គាប់តាមក្រឹត្យវិន័យ។ ក្នុងនាមជាបាវបម្រើរបស់ព្រះ ពួកគេបានទូលសូមឲ្យព្រះជួយដល់ពួកគេ។

តើបាវបម្រើរបស់ព្រះបានលើកឡើងអំពីបទពិសោធន៍របស់ពួកគេដូចម្តេចដែរនៅពេលនេះ? ពួកគេរៀបរាប់ថា «យើង​ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង» (នេហេមា ៩:៣៧)។ ពួកគេបានប្រៀបធៀបបញ្ហារបស់ពួកគេឥឡូវនេះទៅនឹងបញ្ហាដែលពួកអ៊ីស្រាអែលមានក្នុងស្រុកអេស៊ីព្ទ (នេហេមា ៩:៩)។ ពួកគេនិយាយថា បញ្ហារបស់ពួកគេគឺដូចគ្នា។ ឥឡូវនេះ រាស្ត្ររបស់ព្រះបានទូលសូមឲ្យព្រះជួយ​សង្គ្រោះ​ពួកគេ​ដូចដែលព្រះអង្គធ្លាប់បានសង្គ្រោះរាស្ត្ររបស់ព្រះអង្គក្នុងអតីតកាលដែរ។ ពួកគេដឹងថា ពួកគេពុំបានដឹងធ្វើអ្វីល្អឲ្យសមនឹងបានទទួលជំនួយរបស់ព្រះឡើយ។ ក្នុងអតីតកាល គ្មាននរណាម្នាក់​ស្មោះត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ សូម្បីតែពួកស្តេច ពួកសង្ឃ ពួកហោរា និងឪពុកទាំងឡាយនៅផែនដីក៏គ្មានដែរ។ គ្មានទាល់តែសោះ។ ហេតុនោះហើយបានជាពួកយូដាទូលសូមឲ្យព្រះសម្តែងសេចក្តីមេត្តា ដល់ពួកគេ បើទោះបីជាពួកគេមិនស័ក្តិសមនឹងបានទទួលក្តី។

សូមអានខគម្ពីររ៉ូម ៥:៦‑៨។ តើខព្រះគម្ពីរទាំងនេះបង្ហាញយើងយ៉ាងដូចម្តេចខ្លះអំពីអ្វីដែលពួកយូដាជំនាន់លោកនេហេមាចង់ឲ្យព្រះប្រទានដល់ពួកគេ? តើខទាំងនេះបានផ្តល់ការកំសាន្តចិត្ត និងក្តីសង្ឃឹមអ្វីខ្លះដល់យើងរាល់គ្នា?

ថ្ងៃសុក្រ ទី១៥ វិច្ឆិកា ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “Confession,” pages 37-41, in Steps to Christ.

ក្នុងខគម្ពីរនេហេមា ៩:២៥ ពួកយូដាបានលើកឡើងអំពីរបៀបដែលបណ្តាជនរបស់ពួកគេមានអំណរនឹងសេចក្តីល្អៗដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេក្នុងអតីតកាល។ ពាក្យថា «មានអំណរ» ក៏អាចមានន័យថា «ពេញចិត្ត» ដែរ។ ពាក្យថា «មានអំណរ» ឬ «ពេញចិត្ត» មកពីពាក្យហេព្រើរដែលបានដាក់ឈ្មោះដល់សួនអេដែន (លោកុប្បត្តិ ២:១៥)។ ពាក្យថា «អេដែន» មានន័យថា ពេញចិត្ត។ ហេតុ​នោះ សួនអេដែនគឺពិតជា «សួនសំណព្វចិត្ត» ពិតៗ។

អេដែនគឺជារូបស័ព្ទដ៏អស្ចារ្យមួយ សម្រាប់ផែនការរបស់ព្រះដើម្បីធ្វើឲ្យអ្វីៗទាំងអស់ថ្មីឡើងវិញ។ ពួកសាសន៍ហេព្រើរក៏ជាផ្នែកមួយនៃផែនការរបស់ព្រះដែរ។ ព្រះជាម្ចាស់បានជ្រើសរើសសាសន៍ហេព្រើរឲ្យធ្វើជារាស្ត្រពិសេសរបស់ព្រះ។ ប៉ុន្តែ ពួកបណ្តាជនពុំបានស្តាប់បង្គាប់តាមព្រះជាម្ចាស់ឡើយ។ ពួកគេក៏បានក្លាយជាទាសករនៅប្រទេសបាប៊ីឡូន។ តើព្រះជាម្ចាស់ត្រូវបញ្ចប់ផែនការសម្រាប់រាស្ត្ររបស់ព្រះត្រឹមនេះឬ? អត់ទេ។ យើងឃើញថា ព្រះទ្រង់បានបន្តធ្វើឲ្យផែនការរបស់ព្រះអង្គសម្រាប់រាស្ត្ររបស់ព្រះដំណើរការតទៅទៀត។ ព្រះអង្គសន្យាថា «មែន​ហើយ! ព្រះ‌អម្ចាស់​សម្រាល​ទុក្ខប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សម្រាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះបាន​ដូច​ជា​សួន​អេដែន» (អេសាយ ៥១:៣, គខប)។

ពិតមែនហើយ សាសន៍អ៊ីស្រាអែលពីបូរាណមានសេចក្តីអំណរនឹងព្រះពរ និងអំណោយទានដែលព្រះទ្រង់ប្រទានដល់ពួកគេ។ ព្រះពរ និងអំណោយទានទាំងនេះបានបង្ហាញដល់ពួកគេ និងមនុស្សដែលនៅជុំវិញពួកគេអំពីផ្នែកតូចមួយនៃសួនអេដែន។ ព្រះជាម្ចាស់បានប្រទានអំណោយទានទាំងនេះដល់រាស្ត្ររបស់ព្រះដោយសារតែព្រះអង្គចង់ឲ្យពួកគេមានសេចក្តីអំណរ។ ពួកអ៊ីស្រាអែលពីបូរាណក៏មានសេចក្តីអំណរពិតមែន។ អំពើបាបរបស់ពួកគេពុំមែនកើតចេញពីសេចក្តីអំណរនេះឡើយ។ អំពើបាបរបស់ពួកគេគឺកើតឡើងដោយសារតែពួកគេមិនបាននឹកចាំអំពីព្រះជាម្ចាស់ (អេសេគាល ២៣:៣៥)។ ដូច្នេះហើយបានជាព្រះពររបស់ព្រះដល់ទីបញ្ចប់។ ព្រះជាម្ចាស់ទ្រង់បានប្រទានអំណោយទានដល់រាស្ត្ររបស់ព្រះអង្គគឺមិនមែនដើម្បីឲ្យពួកគេសប្បាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីឲ្យពួកគេប្រើអំណោយទានទាំងនេះដើម្បីបង្ហាញប្រាប់អំពីសេចក្តីស្រឡាញ់របស់ព្រះដល់មនុស្សទាំងឡាយ ដែលនៅជុំវិញពួកគេ​ផងដែរ។

សំនួរពិភាក្សា៖
  1. សូមអានព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរ ម៉ាថាយ ១៣:២២។ តើព្រះយេស៊ូវបានដាស់តឿនអ្វីខ្លះដល់ពួកសិស្សរបស់ព្រះអង្គក្នុងខទាំងនេះ? ហេតុអ្វីបានជា «ការស្រឡាញ់ប្រាក់» មានគ្រោះ​ថ្នាក់ខ្លាំងម៉្លេះ?

  2. ក្នុងបទគម្ពីរនេហេមាជំពូក៩ បណ្តាជនបានលើកឡើងអំពីព្រះអម្ចាស់ថាជាព្រះអាទិករ និងជាព្រះដែលទ្រទ្រង់អ្វីៗទាំងអស់ឲ្យមានជីវិតរស់។ ហេតុអ្វីបានជាសេចក្តីពិតនេះសំខាន់ម៉្លេះចំពោះសេចក្តីជំនឿរបស់យើង? ​

  3. យើងដឹងថា យើងគឺជាបាបជន។ ទន្ទឹមគ្នានេះ យើងក៏មិនត្រូវបណ្តោយឲ្យរឿងនេះធ្វើឲ្យយើងបាត់បង់សេចក្តីសង្ឃឹម ដែលថាព្រះជាម្ចាស់អាចសង្គ្រោះយើងនោះឡើយ។ តើយើងអាចធ្វើដូចម្តេចខ្លះ ដើម្បីរក្សាសេចក្តីជំនឿរបស់យើងឲ្យរឹងមាំក្នុងព្រះចេស្តារបស់ព្រះដើម្បីឲ្យយើងបានសង្គ្រោះនោះ? ​
Powered by CAM