មេរៀនទី៨​៖ ១៨-២៤ ឧសភា ២០១៩

ឪពុកម្តាយ និងកូនៗ

Jeans
ថ្ងៃសៅរ៍ ទី១៨ ឧសភា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ១៨:១១, យេរេមា ៣១:២៥, ទំនុកតម្កើង ១២៧, លោកុប្បត្តិ ១៨:១៩, សុភាសិត ២២:៦។

ខចងចាំ៖ «មើល កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ» (ទំនុកតម្កើង ១២៧:៣)។

ទារករាល់រូបដែលបានកើតមក សុទ្ធតែជារឿងដ៏អស្ចារ្យ។ ពិតណាស់ យើងដឹងថាមានទារកជាច្រើនកំពុងតែកើតឡើងនៅលើលោកនេះ។ ហេតុនោះ ជួនកាលយើងភ្លេចគិតថា ទារកនីមួយៗគឺជា អំណោយទានមកពីព្រះ។ ប៉ុន្តែគំនិតមួយនេះប្រហែលជាអាចជួយបានខ្លះ៖ ចូរសាកស្រមៃគិតអំពីពេល ដែលនាងអេវ៉ាបីកូនដំបូងរបស់នាងជាលើកដំបូងក្នុងដៃរបស់នាង។ តើលោកអ្នកគិតយ៉ាងដូចម្តេចនៅពេលដែលនាងបីកាអ៊ីនជាលើកដំបូង? តើនាងមានអារម្មណ៍យ៉ាងដូចម្តេចខ្លះនៅពេលដែលទារកកំពុងតែវិវត្តក្នុងផ្ទៃរបស់នាង? រួចចុះតើលោកអ្នកគិតថា នាងមានការឈឺចាប់យ៉ាងដូចម្តេចខ្លះនៅពេលកំពុង​ប្រសូតកូនដំបូងរបស់នាង? តើនាងមានគំនិតបែបណាពេលដែលនាងឃើញមុខកូនជាលើកដំបូង? កូន​នោះមើលទៅដូចជាលោកអ័ដាម និងនាងដែរ។ ប៉ុន្តែ កូននោះនៅតូចខ្ចី និងខ្សោយខ្លាំងណាស់! ចុះនាង​ សារ៉ាវិញយ៉ាងដូចម្តេចដែរ?​ នាងមានបុត្រក្នុងវ័យ៩០ឆ្នាំទៅហើយ! តើនាងមានអារម្មណ៍យ៉ាងដូចម្តេចពេលដែលនាងឃើញមុខអ៊ីសាក់ ជាកូនជាលើកដំបូង? អ៊ីសាក់មានន័យថាសំណើច។ ប្រាកដជានាង​សើចហើយពេលដែលនាងហៅឈ្មោះកូនរបស់នាងម្តងៗ! នាងហាន់ណាបានអធិដ្ឋានអស់រយៈពេល​យ៉ាងយូរ​ដើម្បីសូមឲ្យព្រះប្រទានកូនដល់នាង។ បន្ទាប់មក ព្រះទ្រង់ក៏បានប្រទានសាំយូអែលដល់នាង។ នាងបានថ្លែងថា «គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​សំរេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន» (សាំយូអែលទី១ ១:២៧)។ បន្ទាប់មក ដល់វេននាងម៉ារាវិញម្តង។ នាងបានក្លាយជាម្តាយម្នាក់ទាំងនៅក្រមុំព្រហ្មចារី។ នាងប្រាកដជាមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ​ខណៈដែលនាងបីព្រះបុត្រារបស់ព្រះនៅក្នុងដៃរបស់នាង។

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបានក្លាយជាឪពុក ឬម្តាយទេ។ ប៉ុន្តែពួកយើងភាគច្រើនបានក្លាយជាឪពុកម្តាយរួចទៅហើយ។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលបទពិសោធន៍របស់ឪពុកម្តាយទាំងឡាយអំពីសេចក្តីអំណរ សេចក្តីភ័យខ្លាច និងបញ្ហាពិសេសៗដែលពួកគេបានជួបប្រទះខណៈពេលដែលពួកគេ ចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនថ្វាយព្រះជាម្ចាស់។

ថ្ងៃអាទិត្យ ទី១៩ ឧសភា ឆ្នាំ២០១៩

បំណងប្រាថ្នាដ៏ធំគឺចង់បានកូន

សូមអានខគម្ពីរលោកុប្បត្តិ ១៨:១១, ៣០:១, សាំយូអែលទី១ ១:១‑៨, និងលូកា ១:៧។ តើខទាំងនេះមានលក្ខណៈដូចគ្នានឹងមនុស្សទាំងឡាយត្រង់ណាខ្លះ? តើព្រះទ្រង់បានឆ្លើយតបដល់សេចក្តីអធិដ្ឋានរបស់ពួកគេយ៉ាងដូចម្តេចដែរ?

កូនចៅគឺជាព្រះពរមួយបែប។ ប៉ុន្តែ ព្រះទ្រង់ពុំមែនសុទ្ធតែប្រទានពរជាកូននេះដល់ស្វាមីភរិយាគ្រប់គូនោះឡើយ។ មានមនុស្សជាច្រើនបានអធិដ្ឋានសូមឲ្យព្រះប្រទានពរដល់គ្រួសាររបស់ពួកគេ។ ហើយព្រះទ្រង់ក៏បានប្រទានពរជាកូនជាចៅដល់ពួកគេ។ ជួនកាលកំណើតកូនៗខ្លះមានការអស្ចារ្យខ្លាំងណាស់។ សូមមើលករណីលោកយាយសារ៉ាចុះ! មនុស្សខ្លះទៀតក៏បានអធិដ្ឋានសូមកូនដែរ ប៉ុន្តែព្រះទ្រង់​ ពុំបានប្រទានទេ។ គូទាំងនេះមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់នៅពេលដែលពួកគេឃើញមិត្តភក្តិរបស់ខ្លួនមានកូន។ ជួនកាលក៏មានអ្នកខ្លះមកសួរថា «តើអ្នកមានកូនប៉ុន្មានហើយ?» សំណួរនេះរឹតតែធ្វើឲ្យពួកគាត់ចាក់ដោតក្នុងចិត្តថែមទៀត។

លោកអ្នកតោងតែយល់ថា ព្រះទ្រង់យល់ពីទំហំទុក្ខព្រួយរបស់លោកអ្នក។ កវីនិពន្ធនៃទំនុកតម្កើងមួយរូបបានលើកឡើងថា៖ «ព្រះអង្គ​ជ្រាប​ច្បាស់​ថា ទូលបង្គំ​រង​ទុក្ខ​យ៉ាង​ណា សូម​ត្រង​ទឹក​ភ្នែក​​ ទូល​បង្គំ​ទុក ព្រះអង្គ​បាន​រាប់​តំណក់​ទឹក​ភ្នែកទាំង​នោះ​ក្នុង​បញ្ជី​ស្រាប់​ហើយ» (ទំនុកតម្កើង ៥៦:៨, គខប)។ មានពេលខ្លះ ព្រះហាក់ដូចជាស្ងាត់ស្ងៀមមិនឆ្លើយតបសេចក្តីអធិដ្ឋានរបស់យើងសោះ។ មើលទៅហាក់ដូចជាព្រះអង្គពុំយកព្រះទ័យទុកដាក់នឹងសេចក្តីអធិដ្ឋានរបស់យើងឡើយ។ ប៉ុន្តែ យើងតោងតែនឹកចាំ​ថា៖ «ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​ដល់​អស់​អ្នកដែល​កោត‌ខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​​ចិត្ត​​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ» (ទំនុកតម្កើង ១០៣:១៣)។

មានអ្នកខ្លះក៏បានសម្រេចចិត្តថា មិនយកកូនទេ។ យើងកំពុងរស់នៅលើភពផែនដីដែលពោរពេញដោយអំពើបាប ភាពឈឺចាប់ និងសេចក្តីអាក្រក់។ ហេតុនោះ វាជាការងាយយល់អំពីមូលហេតុ​ ដែល​អ្នកខ្លះមិនចង់មានកូន។ រីឯអ្នកខ្លះទៀតក៏បានសម្រេចចិត្តទទួលយកកូនអ្នកដទៃមកចិញ្ចឹម។ ពួកគាត់ចង់ជួយក្មេងៗដែលបានកើតមកហើយមានឱកាសក្នុងជីវិតកាន់តែប្រសើរឡើងជាងមុន។ លោកអ្នកអាចនឹងជួបមនុស្សជាច្រើនដែលមានលក្ខណៈខុសពីគ្នា។ អ្នកខ្លះក៏សម្រេចចិត្តមានកូន។ អ្នកខ្លះទៀតដែលយើងស្គាល់ក៏មិនចង់មានកូនទេ។ ជួនកាលយើងមិនអាចដឹងពីមូលហេតុពិតប្រាកដថាហេតុអ្វីបានជាពួកគាត់មិនចង់យកកូននោះទេ។ ប៉ុន្តែមានហេតុផលដែលច្បាស់ប្រាកដ៖ យើងទាំងអស់គ្នាសុទ្ធតែជាកូនរបស់ព្រះ។ សេចក្តីស្រឡាញ់របស់ព្រះសំរាប់កូនៗរបស់ព្រះអង្គមិនដែលរសាយឡើយ។ រួមសេចក្តីមក ព្រះអង្គសព្វព្រះទ័យឲ្យយើងរាល់គ្នាបានទទួលនូវអ្វីៗដែលប្រសើរបំផុត។ ជា​មួយ​គ្នានេះ ដែរ ចូរយើងនឹកចាំជានិច្ចថា យើងត្រូវមានចិត្តល្អដល់មនុស្សដែលពុំមានកូនឲ្យបានខ្លាំងបំផុត។

ព្រះយេស៊ូវពុំធ្លាប់មានកូនផ្ទាល់របស់ព្រះអង្គឡើយ។ តើលោកអ្នកគិតថា ហេតុអ្វីបានជាព្រះអង្គជ្រើសរើសមិនយកកូន? តើជំរើសរបស់ព្រះអង្គនេះអាចជួយកំសាន្តចិត្តដល់គូស្រករដែលពុំមានកូនបានដែរឬទេ? តើជំរើសរបស់ព្រះអង្គអាចបង្រៀនមេរៀនអ្វីខ្លះដល់យើង?

ថ្ងៃច័ន្ទ ទី២០ ឧសភា ឆ្នាំ២០១៩

ឪពុកម្តាយទោល

សព្វថ្ងៃនេះ មានឪពុក ឬម្តាយជាច្រើនដែលត្រូវចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនតែម្នាក់ឯង។ ពួក គេពុំមានភរិយា ឬស្វាមីជួយគេឡើយ។ ភាគច្រើន ឃើញមានស្ត្រីជាម្តាយត្រូវរងភារៈមើលថែកូនតែម្នាក់ឯង។ ប៉ុន្តែ ជួនកាលក៏មានបុរសជាឪពុកខ្លះត្រូវចិញ្ចឹមកូនតែម្នាក់ឯងផងដែរ។

ជាញឹកញាប់យើងគិតថា ឪពុកម្តាយទោលពុំបានរៀបការត្រឹមត្រូវនឹងគេទេពេលដែលពួកគេមានកូននោះ។ ប៉ុន្តែរឿងនោះមិនមែនដូច្នោះជានិច្ចទេ។​ សូមមើលឧទាហរណ៍នាងហាកា។ នាងត្រូវ បានគេបង្ខំ ឲ្យមានកូនជាមួយអ័ប្រាហាំ។ ក្រោយមកទៀត នាងក៏ត្រូវគេបង្ខំឲ្យចាកចេញទៅជាមួយនឹង កូនរបស់នាង (លោកុប្បត្តិ ១៦:៣, ៤, ២១:១៧)។ ឧទាហរណ៍មួយទៀតគឺរឿងស្តេចដាវីឌ។ ស្តេចអង្គនេះបានរួមភេទជាមួយនាងបាតសេបា។ បន្ទាប់មក ស្តេចនេះបានសម្លាប់ប្តីរបស់នាង ហើយបាន យកនាងជាមហេសី។ ក្រោយមក នាងបាតសេបាក៏សម្រាលបានបុត្ររបស់ស្តេចដាវីឌ (សាំយូអែលទី២ ១១:៤, ៥)។ ចុះរឿង លោក អេលីយ៉ាវិញ? ព្រះទ្រង់បានចាត់លោកអេលីយ៉ាឲ្យទៅជួយស្ត្រីជាម្តាយទោលម្នាក់ នាងក៏ជាស្ត្រីមេម៉ាយម្នាក់ដែរ (ពង្សាវតារក្សត្រទី១ ១៧:៩)។ ឧទាហរណ៍ចុងក្រោយគឺលោក យ៉ូសែប។ លោកបានទទួលចិញ្ចឹមបីបាច់ព្រះយេស៊ូវ។ ប៉ុន្តែក្រោយមកទៀតលោកយ៉ូសែបក៏បានស្លាប់ទៅ ធ្វើឲ្យនាងម៉ារាក្លាយជាស្ត្រីមេម៉ាយ និងជាម្តាយទោលម្នាក់។ «លោកយ៉ូសែបបានដឹងអំពីអាថ៌កំបាំងអំពីកំណើតរបស់ព្រះយេស៊ូវ។ ឥឡូវនេះម៉ារាពុំមាននរណាម្នាក់ថ្លែងប្រាប់អំពីអារម្មណ៍ភ័យខ្លាច និង សង្ឃឹមរបស់នាងទៀតហើយ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 145, adapted ។

សូមក្រឡេកមើលសេចក្តីសន្យានៅក្នុងខគម្ពីរទាំងនេះ យេរេមា ៣១:២៥, ម៉ាថាយ ១១:២៨, យេរេមា ២៩:១១, ៣២:២៧, សុភាសិត ៣:៥,​៦, អេសាយ ៤៣:១, ២។ តើសេចក្តីសន្យាទាំងនេះ ផ្តល់ក្តីសង្ឃឹមអ្វីខ្លះដល់ឪពុកម្តាយទោល? តើទាំងនេះផ្តល់ក្តីសង្ឃឹមអ្វីខ្លះដល់យើងរាល់គ្នាដែរ?

ពួកជំនុំមានភារកិច្ចត្រូវជួយដល់ឪពុកម្តាយទោល។ សូមអាន យ៉ាកុប ១:២៧។ លោកយ៉ាកុបកំពុងមានប្រសាសន៍អំពីកូនកំព្រា និងស្ត្រីមេម៉ាយ។ ប៉ុន្តែ យើងក៏អាចបន្ថែមពាក្យ ឪពុកម្តាយទោល ចូលក្នុងខនេះបានដែរ។ យើងអាចជួយឪពុកម្តាយទោលតាមមធ្យោបាយជាច្រើន។ ការជួយឧបត្ថម្ភជា​ប្រាក់កាសតែម្យ៉ាងពុំទាន់គ្រប់គ្រាន់នៅឡើយទេ។ ឪពុកម្តាយទោលភាគច្រើនក៏ត្រូវការពេលវេលាដែរ។ ប្រហែលជាយើងអាចជួយមើលថែកូនៗរបស់ពួកគាត់បីបួនម៉ោង ដើម្បីឲ្យពួកគាត់ដកខ្លួនទៅធ្វើកិច្ចការអ្វីផ្សេងទៀតបានខ្លះ។ ជួនកាលពួកគាត់អាចដកខ្លួនទៅសម្រាក អធិដ្ឋាន និងអានព្រះគម្ពីរជាដើម។ ពួកយើងក៏អាចជួយបង្រៀនកូនៗរបស់ពួកគាត់ផងដែរ។ ម្យ៉ាងទៀត ពួកយើងក៏អាចជួយជួសជុលផ្ទះសម្បែងរបស់ពួកគាត់ដែរ។ និយាយរួម ពួកយើងអាចធ្វើជាព្រះហស្តរបស់ព្រះសំរាប់ជួយពួកគេតាមមធ្យោបាយច្រើនយ៉ាង។

តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្ត និងជួយដល់ឪពុកម្តាយទោល?

ថ្ងៃអង្គារ ទី២១ ឧសភា ឆ្នាំ២០១៩

សេចក្តីអំណររបស់ឪពុកម្តាយ

សូមអានទំនុកតម្កើង ១២៧។ តើអ្វីជាខ្លឹមសារនៃបទទំនុកតម្កើងដ៏ខ្លីមួយនេះ? តើបទនេះ បង្រៀនក្បួនច្បាប់ដ៏សំខាន់អ្វីខ្លះដល់យើងអំពីរបៀបដែលយើងគួររស់នៅ?

តើមានលោកអ្នកណាខ្លះដែលមានអំណរនឹងការដាំស្ល? ប្រហែលជាលោកអ្នកមានវិធីធ្វើម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ហើយមើលទៅ។ ហេតុនោះ លោកអ្នកដឹងហើយថា វិធីធ្វើម្ហូបមានសារៈសំខាន់ខ្លាំង​ ណាស់។ ដំបូង លោកអ្នកត្រូវការគ្រឿងគ្រៅគ្រប់មុខ។ បន្ទាប់មកទៀត លោកអ្នកត្រូវដឹងថា ត្រូវដាក់​មួយ​ណាមុន មួយណាក្រោយ។ ប្រសិនបើលោកអ្នកអនុវត្តតាមដំណាក់កាលទាំងពីរនេះហើយ គឺប្រាកដ​ជាត្រឹមត្រូវហើយ។ ប៉ុន្តែការធ្វើជាឪពុកម្តាយទោលពុំមែនស្រួលដូចធ្វើម្ហូបនោះឡើយ ពីព្រោះពុំមានវិធីសាស្ត្រណាមួយសំរាប់ធ្វើជាឪពុកម្តាយទោលដ៏ល្អម្នាក់ឡើយ! កូនពីរនាក់ពេលដែលធំឡើងមិនមែនដូចគ្នានោះទេ។ បើទោះបីជាលោកអ្នកខំប្រឹងចិញ្ចឹមកូនៗទាំងអស់តាមរបៀបដូចគ្នាក្តី នៅតែពួកគេមាន និស្ស័យខុសប្លែកពីគ្នាតែរៀងៗខ្លួនបាន។ ប៉ុន្តែ តើព្រះទ្រង់មានផែនការអ្វីខ្លះសំរាប់កូនៗរបស់យើងតាំងពីការចាប់ផ្តើមដំបូងៗរបស់ជីវិតពួកគេ? គឺព្រះអង្គចង់ឲ្យឪពុកម្តាយបង្រៀនកូនៗរបស់ខ្លួនឲ្យចេះស្រឡាញ់ និងស្តាប់បង្គាប់ព្រះអង្គ (ចោទិយកថា ៦:៤‑៩, ទំនុកតម្កើង ៧៨:៥‑៧)។ ព្រះជាម្ចាស់ទ្រង់បង្គាប់ថា៖ «ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់» (សុភាសិត ២២:៦)។ សេចក្តីបង្គាប់នេះពុំមែនមានន័យថា ឪពុកម្តាយគួរនៅក្បែរកូនៗរបស់ខ្លួនរហូតទើបធានាបានថាពួកគេមិនធ្វើខុសនោះឡើយ!

យើងចង់ឃើញកូនៗរបស់យើងប្រែក្លាយពីទារកដ៏តូចខ្ចីរបស់យើងទៅជាមនុស្សពេញវ័យដែលចេះដឹង ចេះស្រឡាញ់ និងចេះបម្រើព្រះយេស៊ូវ។ ក្នុងនាមយើងជាឪពុកម្តាយ យើងអាចធ្វើតាមផែនការពិសេសរបស់ព្រះសម្រាប់អប់រំកូនចៅរបស់យើងតាមបទគម្ពីរចោទិយកថាជំពូក៦នេះបាន។ ផែនការនេះនឹងជួយកូនៗរបស់យើងឲ្យលូតលាស់ក្លាយជាមនុស្សពេញវ័យដែលរឹងមាំខាងវិញ្ញាណបាន។ មានកាតព្វកិច្ចបួនយ៉ាងដែលយើងត្រូវធ្វើមុននឹងអនុវត្តតាមផែនការនេះបាន៖ ១) យើងតោងតែទទួល​យកព្រះយេស៊ូវជា «ព្រះអម្ចាស់ដ៏ជាព្រះរបស់យើង» (ចោទិយកថា ៦:៤)។ ២) យើងត្រូវតែស្រឡាញ់ព្រះយេស៊ូវឲ្យអស់ពីចិត្តទាំងស្រុង (ចោទិយកថា ៦:៥)។ ៣) យើងតោងតែទទួលយកព្រះគម្ពីរថាជាព្រះបន្ទូលរបស់ព្រះ (ចោទិយកថា ៦:៦)។ និង ៤) យើងត្រូវចែកចាយចំណេះដឹងអំពីព្រះអង្គប្រាប់ដល់ កូនៗរបស់យើង (ចោទិយកថា ៦:២០‑២៣)។

បទគម្ពីរចោទិយកថា ៦ ផ្តល់ដល់យើងនូវក្បួនច្បាប់ដ៏មានសារៈសំខាន់ចំនួនពីរសំរាប់អនុវត្ត។ ទីមួយ មានក្បួន «ប្រិតប្រៀន» ឬ «និយាយ​ឲ្យ​...ស្ដាប់» (ចោទិយកថា ៦:៧, គខប)។ ការបង្រៀនកើត​ ឡើង​ក្នុងអំឡុងពេលថ្វាយបង្គំជាគ្រួសារ ដែលយើងសិក្សាព្រះគម្ពីរជាមួយនឹងកូនៗរបស់យើង។ ការប្រិតប្រៀនកើតឡើងនៅក្នុងជីវិតពីមួយថ្ងៃទៅមួយថ្ងៃដែរ។ យើងតែងដំណាលប្រាប់កូនៗរបស់យើងអំពីរឿងរ៉ាវដែលយើងឃើញជារៀងរាល់ថ្ងៃ។ យើងប្រើឧទាហរណ៍ទាំងនេះដើម្បីបង្រៀនកូនៗរបស់យើងអំពីសេចក្តីពិតនៃព្រះគម្ពីរ (លោកុប្បត្តិ ១៨:១៩)។ ក្បួនច្បាប់ទីពីរគឺ «កត់‑ចង» (ចោទិយកថា ៦:៨, ៩)។ សេចក្តីពិតខាងឯវិញ្ញាណត្រូវតែយកមក «ចង» ទុក ដើម្បីរំឭកយើងឲ្យគិតនិងប្រព្រឹត្តតាម។ សេចក្តីពិត​ក៏ត្រូវតែបាន «កត់ត្រា» ទុកនៅ «ក្របទ្វារ» នៃជីវិតរបស់យើងម្នាក់ៗដើម្បីឲ្យមនុស្សគ្រប់គ្នាបានឃើញ​ផងដែរ។

ថ្ងៃពុធ ទី២២ ឧសភា ឆ្នាំ២០១៩

ចូរបង្រៀនកូនចៅរបស់លោកអ្នកឲ្យស្តាប់បង្គាប់ព្រះយេស៊ូវ

សូមអានអំពីតួនាទីរបស់ឪពុកក្នុងខគម្ពីរលោកុប្បត្តិ ១៨:១៨, ១៩ និងសាំយូអែលទី១ ៣: ១០‑១៤។ តើឪពុកម្នាក់ៗបីបាច់រក្សាកូនៗរបស់ខ្លួនយ៉ាងដូចម្តេចដែរ?

ព្រះជាម្ចាស់ទ្រង់បង្គាប់ឪពុកម្តាយទាំងឡាយឲ្យបង្ហាត់បង្រៀនកូនចៅរបស់ខ្លួនឲ្យស្តាប់បង្គាប់ព្រះអង្គ។ ឪពុកម្តាយជាច្រើនរូបជឿថា វិធីដែលប្រសើរបំផុតក្នុងការអប់រំ និងកែលំអកូនៗរបស់ខ្លួនគឺ ត្រូវចេះវាយប្រដៅពួកគេ (សុភាសិត ២២:១៥, ២៣:១៣, ២៩:១៥)។ ជាញឹកញាប់ ពួកគេបានលើកយកខទាំងនេះពីកណ្ឌគម្ពីរសុភាសិតមកប្រើក្នុងផ្លូវខុស។ ឪពុកម្តាយខ្លះវាយដំកូនៗរបស់ខ្លួនដើម្បីបង្ខំពួកគេឲ្យស្តាប់បង្គាប់។ ប៉ុន្តែជាញឹកញាប់ កូនៗរបស់ពួកគេបានបែរមកប្រឆាំងនឹងឪពុកម្តាយ និងព្រះ​របស់ពួកគេទៅវិញ។

ព្រះគម្ពីរបង្រៀនមាតាបិតាឲ្យមានចិត្តសប្បុរសចំពោះកូនចៅរបស់ខ្លួន (អេភេសូរ ៦:៤, កូល៉ុស ៣:២១)។ មាតាបិតាតោងតែបង្ហាត់បង្រៀនកូនចៅរបស់ខ្លួនឲ្យដើរក្នុងផ្លូវបរិសុទ្ធ (ទំនុកតម្កើង ២២:៦, អេសាយ ៣៦:១៩, យ៉ូអែល ១:៣)។ ក្នុងនាមជាឪពុកម្តាយ យើងតោងតែយកចិត្តទុកដាក់ដល់សេចក្តីត្រូវការរបស់កូនចៅរបស់យើង (កូរិនថូសទី២ ១២:១៤)។ យើងតោងតែធ្វើល្អដាក់ពួកគេដើម្បីឲ្យពួកគេយកគំរូតាម (លោកុប្បត្តិ ១៨:១៩, និក្ខមនំ ១៣:៨, ទីតុស ២:២)។ ព្រះគម្ពីរបង្រៀនយើងឲ្យចេះគ្រប់គ្រងគ្រួសាររបស់យើងក្នុងផ្លូវដែលត្រឹមត្រូវ (ធីម៉ូថេទី១ ៣:៤, ៥, ១២)។ យើងក៏ត្រូវតែកែតម្រង់កូនចៅរបស់យើងពេលដែលពួកគេធ្វើខុសផងដែរ (សុភាសិត ១៩:១៥​, ១៧)។ យើងតោងតែបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះ ដល់កូនចៅរបស់យើងក្នុងគ្រប់ទាំងសកម្មភាពដែលយើងធ្វើ (អេសាយ ៦៦:១៣, ទំនុកតម្កើង ១០៣:១៣, លូកា ១១:១១)។

ព្រះគម្ពីរក៏បានបង្ហាញឲ្យឃើញអំពីឪពុកម្តាយដែលបានជ្រើសរើសធ្វើរឿងមិនល្អដែរ។ លោក​អ៊ីសាក់ និងនាងរេបិកាមានកូនប្រុសពីរនាក់គឺ អេសាវ និងយ៉ាកុប។ លោកអ៊ីសាក់ស្រឡាញ់អេសាវជាងយ៉ាកុប។ រីឯនាងរេបិកាវិញស្រឡាញ់យ៉ាកុបជាងអេសាវ (លោកុប្បត្តិ ២៥:១៨)។ ក្រោយមក​ទៀត យ៉ាកុបក៏បានធ្វើតាមគំរូរបស់ឪពុកយ៉ាងដូច្នោះដែរ។ គាត់ស្រឡាញ់យ៉ូសែបជាងកូនផ្សេងៗទៀត (លោកុប្បត្តិ ៣៧:៣)។ លោកអេលីគឺជាសង្ឃមួយអង្គ។ ប៉ុន្តែលោកពុំបានកែតម្រង់កូនៗរបស់លោកពេលដែលពួកគេបានធ្វើខុសទេ (សាំយូអែលទី១ ៣:១០‑១៤)។ លោកអេលីគឺជាអ្នកដែលចិញ្ចឹមបីបាច់សាំយ៉ូអែល។ ដល់ពេលដែលសាំយ៉ូអែលធំឡើង ក៏ពុំបានបំពេញតួនាទីជាឪពុកដ៏ល្អម្នាក់នឹងគេដែរ។ ស្តេចដាវីឌបានរួមភេទជាមួយនឹងប្រពន្ធរបស់គេ ហើយក្រោយមកក៏បានសម្លាប់ប្តីគេចោលទៀត។ ស្តេចដាវីឌគឺជាគំរូដ៏អាក្រក់ម្នាក់។ កូនប្រុសខ្លះរបស់ស្តេចអង្គនេះបានប្រព្រឹត្តបាបអាក្រក់ជាងឪពុករបស់ខ្លួនទៅទៀត។ ស្តេចម៉ាន៉ាសេបានថ្វាយបង្គំអារក្ស។ ស្តេចអង្គនេះបានសម្លាប់កូនប្រុសរបស់ខ្លួនធ្វើយញ្ញបូជាថ្វាយអារក្ស (ពង្សាវតារក្សត្រទី២ ២១:១‑៩)។ ស្តេចអ័ហាសក៏បានប្រព្រឹត្តរឿងដូចគ្នានេះដែរ (ពង្សាវតារក្សត្រទី២ ១៦:២‑៤)។

ព្រះគម្ពីរក៏បង្ហាញដល់យើងអំពីគំរូល្អរបស់ឪពុកម្តាយដែរ។ លោកម៉ាដេកាយគឺជាឪពុកចិញ្ចឹមដ៏ល្អដល់នាងហាដាសា ដែលបានក្លាយជាព្រះនាងអេសធើរ (អេសធើរ ២:៧)។ លោកយ៉ូបបានអធិដ្ឋានឲ្យកូនៗរបស់លោកជារៀងរាល់ថ្ងៃ (យ៉ូប ១:៤,​ ៥)។ យើងរាល់គ្នាអាចរៀនមេរៀនជាច្រើនចេញពីគំរូទាំងនេះអំពីអ្វីដែលយើងគួរធ្វើ និងអ្វីដែលមិនគួរធ្វើក្នុងនាមជាឪពុកម្តាយ។

តើយើងអាចរៀនអ្វីខ្លះពីព្រះគម្ពីរអំពីការធ្វើជាឪពុកម្តាយដ៏ល្អ?

ថ្ងៃព្រហស្បតិ៍ ទី២៣ ឧសភា ឆ្នាំ២០១៩

នៅពេលដែលកូនចៅរបស់លោកអ្នកបែរចេញពីព្រះ

សូមអានខគម្ពីរសុភាសិត ២២:៦។ តើខនេះមានន័យដូចម្តេចដែរ? តើខនេះគឺជាសេចក្តីសន្យាដែលមិនចេះខកខានមែនទេ? សូមជួយបញ្ចេញមតិយោបល់របស់លោកអ្នក។

ជួនកាលក្នុងនាមជាមាតាបិតាលោកអ្នកបានបំពេញកិច្ចគ្រប់យ៉ាងត្រឹមត្រូវអស់ហើយ។ លោក អ្នកបានចំណាយពេលជាមួយកូនចៅរបស់ខ្លួន។ លោកអ្នកបានបង្រៀនពួកគេឲ្យចេះធ្វើរឿងត្រឹមត្រូវ។ លោកអ្នកបានរស់នៅជាគំរូល្អ។ លោកអ្នកបានបញ្ចូនកូនៗរបស់ខ្លួនទៅសាលារៀនដ៏ល្អៗ។ លោកអ្នកបាននាំពួកគេមកព្រះវិហារជារៀងរាល់ថ្ងៃសប្បាតហ៍។ លោកអ្នកបានធ្វើកិច្ចការពិសេសៗថ្វាយព្រះជាមួយពួកគេ។ ប៉ុណ្ណឹងហើយតើមានអ្វីកើតឡើង? នៅពេលដែលពួកគេធំឡើង ពួកគេនៅតែចាកចេញ​ពី​ព្រះវិហារ។ លោកអ្នកប្រាកដជាឈឺចាប់ខ្លាំងណាស់ពេលដែលរឿងនេះកើតឡើង។​ លោកអ្នកមានអារម្មណ៍តានតឹងក្នុងចិត្តខ្លាំងណាស់។ លោកអ្នកបារម្ភអំពីកូនៗគ្រប់ពេលវេលា។ តើពួកគេនឹងបាន​សង្គ្រោះទេ? ប៉ុន្តែ អ្វីៗដែលបានកើតឡើងពុំមែនសុទ្ធតែជាកំហុសរបស់ឪពុកម្តាយជានិច្ចនោះទេ។ ពួក​កូនៗ គេមានចិត្តគំនិតរបស់ពួកគេផ្ទាល់ដែរ។ ទីបំផុត ពួកគេត្រូវទទួលខុសត្រូវសំរាប់ជម្រើស និងឥរិយាបថរបស់ពួកគេនៅចំពោះព្រះជាម្ចាស់។

គ្រីស្ទានខ្លះគិតថា សេចក្តីសន្យានៅក្នុងសុភាសិត ២២:៦ គឺជាសេចក្តីសន្យាដែលមិនអាចខកខានបានឡើយ។ ពួកគេគិតថា ព្រះទ្រង់នឹងសង្គ្រោះកូនៗរបស់ពួកគេ ពីព្រោះពួកគេបានចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនក្នុងផ្លូវល្អត្រឹមត្រូវហើយ។ ប៉ុន្តែជាញឹកញាប់កណ្ឌគម្ពីរសុភាសិតបានផ្តល់ក្បួនច្បាប់ដ៏មានសារៈសំខាន់ជាច្រើនដល់យើង។ ក្បួនច្បាប់ទាំងនេះមិនដូចគ្នានឹងសេចក្តីសន្យាដែលមិនចេះខកខាននោះទេ។ សុភាសិត ២២:៦ ប្រាប់យើងថា មេរៀនទាំងឡាយដែលយើងបង្រៀនកូនចៅរបស់យើងនឹងធ្វើឲ្យពួកគេចងចាំអស់មួយជីវិត។​ កូនចៅរបស់យើងតោងតែសម្រេចថា តើពួកគេកំពុងជឿលើអ្វី។ តើពួកគេនឹងទទួលសេចក្តីជំនឿ និងសាសនារបស់ឪពុកម្តាយរបស់ពួកគេទេ? បើពុំដូច្នោះទេ តើពួក​គេ​នឹងបែរចេញឬ? គ្មានឪពុកម្តាយណាអាចធ្វើការសម្រេចចិត្តជំនួសកូនចៅរបស់ខ្លួនបានឡើយ។ ព្រះទ្រង់សន្យាជាមួយនឹងឪពុកម្តាយថា អ្វីដែលពួកគេបង្រៀនដល់កូនចៅរបស់ខ្លួន ធ្វើឲ្យពួកគេចងចាំ​ជារៀង​រហូត។ ចុះប្រសិនបើពួកគេបែរចេញពីព្រះវិញ យ៉ាងដូចម្តេចដែរ? បើទោះជាយ៉ាងដូច្នោះក៏គ្រាប់ពូជ​នៃសេចក្តីពិតដែលឪពុកម្តាយបានដាំក្នុងចិត្តរបស់ពួកគេក៏នៅជាមួយពួកគេជានិច្ច។ ព្រះទ្រង់នឹងជួយកូនចៅរបស់យើងឲ្យនឹកចាំអំពីគ្រាប់ពូជនៃសេចក្តីពិតទាំងនេះ។ ព្រះអង្គនឹងមិនឈប់ខានអញ្ជើញកូនចៅរបស់យើងឲ្យត្រឡប់មករកសេចក្តីពិតវិញឡើយ។ លោកអ្នកអាចសម្រេចចិត្តធ្វើជាឪពុកម្តាយដ៏ល្អបាន។ ប៉ុន្តែអ្វីដែលកូនចៅរបស់លោកអ្នកជ្រើសរើសជឿវាគឺជាជម្រើសរបស់ពួកគេ។​

តើលោកអ្នកគួរធ្វើយ៉ាងដូចម្តេចនៅពេលដែលកូនចៅរបស់លោកអ្នកបែរចេញពីព្រះ? សូមអធិដ្ឋានថ្វាយករណីរបស់កូនចៅរបស់លោកអ្នកដល់ព្រះឲ្យអស់ពីចិត្ត។ គ្មាននរណាម្នាក់យល់ពីការ​ឈឺចាប់របស់លោកអ្នកជាងព្រះជាម្ចាស់ឡើយ។ កូនៗរបស់ព្រះអង្គនៅលើផែនដីនេះបានបែរខ្នងដាក់ព្រះអង្គ។ ហើយព្រះអង្គនៅតែជាឪពុកម្តាយដ៏គ្រប់លក្ខណ៍ដដែល! លោកអ្នកអាចអធិដ្ឋានឲ្យកូនចៅ​របស់លោកអ្នក។ លោកអ្នកអាចផ្តល់ក្តីស្រឡាញ់ និងការឧបត្ថម្ភគាំទ្រដល់ពួកគេ។ នៅពេលដែលពួកគេកំពុងពុះពារព្យាយាមបែរត្រឡប់មករកព្រះជាម្ចាស់វិញ លោកអ្នកនៅចាំជួយជានិច្ច។ សូមកុំខ្លាចនឹង​ស្នើ​សូមឲ្យសមាជិកពួកជំនុំជួយគាំទ្រ ឬអធិដ្ឋានឡើយ។ ហើយក៏សូមកុំបន្ទោសខ្លួនឯងដែរ។ សូមកុំ​ភ្លេច​អ្នកផ្ទះ ឬសមាជិកគ្រួសាររបស់លោកអ្នកដែរ។ ចូរនឹកចាំថា ព្រះទ្រង់ស្រឡាញ់កូនរបស់លោកអ្នកជាងលោកអ្នកស្រឡាញ់គាត់ទៅទៀត។

ថ្ងៃសុក្រ ទី២៤ ឧសភា ឆ្នាំ២០១៩

សិក្សាបន្ថែម

«សូមចំណាយពេលនិយាយគ្នា និងអធិដ្ឋានជាមួយកូនតូចៗរបស់លោកអ្នក។ សូមកុំឲ្យមានអ្វីរំខានពេលដ៏ពិសេសនេះឡើយ។ សូមប្រាប់ទៅមិត្តភក្តិរបស់លោកអ្នកថា ‘ព្រះទ្រង់បានប្រទានកិច្ចការឲ្យខ្ញុំធ្វើ ខ្ញុំគ្មានពេលឯណាមកអង្គុយស្តាប់រឿងអាក្រក់របស់នរណាម្នាក់ឡើយ’។ លោក​អ្នក គួរមានអារម្មណ៍ថា កិច្ចការរបស់លោកអ្នកក្នុងនាមជាឪពុកម្តាយគឺមានសារៈសំខាន់ណាស់។ កាតព្វកិច្ចដំបូងបង្អស់របស់លោកអ្នកគឺត្រូវអប់រំកូនចៅរបស់ខ្លួនឲ្យត្រៀមខ្លួនសម្រាប់នគរឋានសួគ៌»។ ដកស្រង់ពី Ellen G. White, The Adventist Home, pages 266, 267, adapted។

«ឪពុកម្តាយទាំងឡាយ លោកអ្នកគួរតែចាប់ផ្តើមបង្រៀនកូនចៅរបស់លោកអ្នកឲ្យចេះស្តាប់បង្គាប់លោកអ្នកកាលដែលពួកគេនៅវ័យក្មេង។ បង្រៀនពួកគេឲ្យគោរពបំណងរបស់លោកអ្នក។ នេះ គឺជារបៀបដែលលោកអ្នកធ្វើ។ ចូរឲ្យមានភាពខ្ជាប់ខ្ជួនឡើង។ ចូរគ្រប់គ្រងលើវិញ្ញាណរបស់លោកអ្នកឲ្យបានគ្រប់លក្ខណ៍ឡើង។ ចូរឲ្យមានចិត្តសុភាព។ ប៉ុន្តែលោកអ្នកក៏ត្រូវតែបង្រៀនកូនចៅរបស់លោកអ្នកឲ្យធ្វើអ្វីដែលលោកអ្នកចង់បានដែរ។ បន្ទាប់មក ពួកគេនឹងរៀនស្តាប់បង្គាប់តាមគោលបំណងរបស់លោកអ្នក។ ឪពុកម្តាយជាច្រើនពុំបានចាប់ផ្តើមអប់រំកូនៗរបស់ខ្លួនឲ្យបានទាន់ពេលវេលាទេ។ ឪពុកម្តាយជាច្រើនពេលដែលឃើញសញ្ញានៃកំហឹងអាក្រក់ដំបូងរបស់កូន ពួកគាត់ពុំបានបពា្ឈប់វាទេ។ ហេតុនោះ កូនចៅជាច្រើនក៏ប្រែជារឹងចចេស។ ពួកគេកាន់តែរឹងរូសខ្លាំងឡើងថែមទៀតពេលដែលពួកគេធំឡើង»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 1, page 118, adapted។

សំនួរពិភាក្សា៖
  1. តើពាក្យថា «កូន» របស់ព្រះ មានអត្ថន័យដូចម្តេចខ្លះ? ចូរពន្យល់អំពីរូបស័ព្ទនេះ។ តើរូបស័ព្ទនេះផ្តល់នូវការលើកទឹកចិត្តដល់លោកអ្នកអ្វីខ្លះ?

  2. តើពេលណាទៅទើបជាពេលដែលប្រសើរបំផុតសំរាប់ឪពុកម្តាយចាប់ផ្តើមបង្រៀនកូនៗរបស់ខ្លួនឲ្យចេះស្តាប់បង្គាប់? តើឪពុកម្តាយគួរប្រើវិធីសាស្ត្រអ្វីទើបប្រសើរបំផុតសំរាប់យកមកបង្រៀនកូនៗរបស់ខ្លួន? ហេតុដូចម្តេចបានជាឪពុកម្តាយត្រូវអនុវត្តតាមផែនការរបស់ព្រះសំរាប់ជីវិតរបស់ពួកលោកសិន មុននឹងពួកលោកអាចរំពឹងឲ្យកូនរបស់ខ្លួនស្តាប់បង្គាប់តាមពួកគេនោះ? ​

  3. សូមគិតបន្ថែមទៀតអំពីអត្ថន័យនៃពាក្យថា ឪពុកម្តាយទោល។ តើពួកជំនុំរបស់លោកអ្នកអាចមានមធ្យោបាយអ្វីខ្លះដើម្បីជួយរំលែកទុក្ខលំបាករបស់ឪពុកម្តាយទោលនិងកូនៗរបស់ពួកគេ? ​

  4. តើមានមធ្យោបាយអ្វីខ្លះដែលយើងអាចលើកទឹកចិត្តឪពុកម្តាយដែលមានកូនបែរចេញពីព្រះ? ​
Powered by CAM