ថ្ងៃសៅរ៍ ទី១៧ សីហា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាថាយ ៥:២‑១៦, ម៉ាថាយ ៥:៣៨‑៤៨, លូកា ១០:២៥‑២៧, លូកា ១៦:១៩‑៣១, ម៉ាថាយ ២៥:៣១‑៤៦។
ខចងចាំ៖ «នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ» (ទំនុក តម្កើង ១២៧:៣)។
ព្រះយេស៊ូវទ្រង់ បានបង្ហាញថា ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងមនុស្សដទៃទាំងឡាយពេញមួយព្រះជន្មរបស់ព្រះអង្គ។ ជាពិសេស ព្រះអង្គយកព្រះទ័យទុកដាក់ខ្លាំងណាស់នឹងមនុស្សដែលត្រូវគេធ្វើបាប។ ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងពួកអ្នកដែលពុំទាន់បានស្គាល់ព្រះនៅឡើយ។ ហេតុនោះ យើងគួរតែរំពឹងថា ព្រះយេស៊ូវមានសេចក្តីជាច្រើនដែលត្រូវមានបន្ទូលអំពីមូលហេតុដែលយើងគួរតែយកចិត្តទុកដាក់នឹងអ្នកដទៃឲ្យបានច្រើន។
សេចក្តីបង្រៀនរបស់ព្រះយេស៊ូវបង្ហាញប្រាប់យើងអំពីរបៀបដែលយើងគួរតែរស់នៅក្នុងនាមជាអ្នកដើរតាមព្រះជាម្ចាស់។ ព្រះយេស៊ូវចង់ឲ្យយើងកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងមានចិត្តសប្បុរសចំពោះមនុស្សលោក។ ព្រះយេស៊ូវចង់ឲ្យយើងសំដែងសេចក្តីមេត្តាដល់មនុស្សទាំងឡាយ។ កាលព្រះអង្គគង់នៅលើផែនដីនេះ ព្រះអង្គបានធ្វើរឿងទាំងនោះឯង។ យើងតោងតែធ្វើតាមគំរូរបស់ព្រះយេស៊ូវ។ បន្ទាប់មក យើងនឹងជួយអ្នកដទៃទៀតឲ្យអាចធ្វើតាមព្រះយេស៊ូវដែរ។
ព្រះយេស៊ូវក៏បានមានបន្ទូលអំពីនគរស្ថានសួគ៌ដែរ។ ព្រះយេស៊ូវមានបន្ទូលថា នគរឋានសួគ៌គឺមានពិតប្រាកដមែន។ យើងម្នាក់អាចចូលរួមចំណែកជាមួយនឹងនគរឋានសួគ៌ចាប់ពីពេលឥឡូវនេះទៅបាន។ នគរឋានសួគ៌គឺជារបៀបរស់នៅមួយបែប។ នគរស្ថានសួគ៌មានក្បួនច្បាប់ខុសប្លែកពីក្បួនច្បាប់ដែលយើងឃើញក្នុងអាណាចក្រនៅលើផែនដីនេះ។ សេចក្តីបង្រៀនរបស់ព្រះយេស៊ូវបង្ហាញប្រាប់យើងអំពីផែនការរបស់ព្រះសម្រាប់នគរស្ថានសួគ៌។ ផែនការរបស់ព្រះបង្ហាញប្រាប់យើងថា ការបម្រើព្រះរបស់យើងមានសារៈសំខាន់ខ្លាំងណាស់។ ផែនការរបស់ព្រះអង្គក៏បង្ហាញប្រាប់យើងថា យើងតោងតែមានចិត្តសប្បុរសចំពោះមនុស្សដទៃទៀត និងជួយពួកគេផងដែរ។ យើងតោងតែមើលថែដល់មនុស្សដទៃ។ នេះហើយគឺជាអ្វីដែលយើងអាចបម្រើព្រះនាពេលឥឡូវនេះ។
ថ្ងៃអាទិត្យ ទី១៨ សីហា ឆ្នាំ២០១៩
សេចក្តីអធិប្បាយនៅលើភ្នំ
សេចក្តីអធិប្បាយដ៏វែងបំផុតរបស់ព្រះយេស៊ូវគឺជាសេចក្តីអធិប្បាយនៅលើភ្នំ។ សេចក្តីអធិប្បាយនេះមានប្រវែង៣ជំពូកឯណោះ។ ប្រធានបទស្តីអំពីនគររបស់ព្រះត្រូវបានព្រះយេស៊ូវយកមកបរិយាយនៅក្នុងសេចក្តីអធិប្បាយនេះ។ ព្រះអង្គចាប់ផ្តើមឡើងដោយការលើកឡើងអំពីសេចក្តីបង្រៀនដ៏វិសេសណាស់អំពីនគរព្រះ។ សេចក្តីបង្រៀនដ៏វិសេសវិសាលនេះត្រូវបានគេឲ្យឈ្មោះថា ព្រះពរ។
សូមអានអំពីសេចក្តីបង្រៀនដ៏វិសេសទាំង៩យ៉ាងនៅក្នុងខគម្ពីរម៉ាថាយ ៥:២‑១៦។ តើក្នុងសេចក្តីបង្រៀនទាំង៩នេះ មានអ្វីដែលដូចគ្នាខ្លះ?
សេចក្តីបង្រៀនទាំង៩នេះគឺជាសេចក្តីពិតខាងឯវិញ្ញាណយ៉ាងជ្រាលជ្រៅ។ សេចក្តីទាំងនេះនឹងបំផ្លាស់បំប្រែរបៀបរស់នៅរបស់យើង។ ព្រះយេស៊ូវមានបន្ទូលថា យើងតោងតែយល់ថា យើងនៅកម្សត់ក្រ។ ហេតុនោះហើយបានជាយើងត្រូវការឲ្យព្រះប្រោសប្រទានមកលើចំណុចខ្វះខាតរបស់យើងបន្ថែមទៀត។ ព្រះយេស៊ូវក៏បានមានបន្ទូលអំពីការស្តាប់បង្គាប់ព្រះ និងការស្មើភាពគ្នាចំពោះអ្នកដទៃដែរ។ ព្រះអង្គក៏បានប្រាប់យើងថា យើងមិនគួរមានចិត្តអំនួតឡើយ។ យើងគួរតែសំដែងសេចក្តីមេត្តាដល់មនុស្សលោកទាំងឡាយ។ យើងគួរតែព្យាយាមរស់ដោយសេចក្តីសុខសាន្តជាមួយគ្នា។ យើងគួរតែមានចិត្តគំនិតស្អាតបរិសុទ្ធ។ កាលណាយើងអនុវត្តសេចក្តីទាំងនេះបាន នោះយើងនឹងធ្វើឲ្យជីវិតរបស់មនុស្សដទៃទៀតផ្លាស់ប្រែដែរ។ ព្រះយេស៊ូវក៏បានប្រាប់ឲ្យពួកអ្នកដើរតាមព្រះអង្គមានជីវិតប្រៀបដូចជាអំបិល និងពន្លឺផងដែរ (ម៉ាថាយ ៥:១៣‑១៦)។ បន្ទាប់មកជីវិតរបស់យើងក៏អាចដើរតួជាព្រះពរដល់មនុស្សលោកទាំងឡាយដែរ។
អំបិល និងពន្លឺអាចនឹងធ្វើឲ្យមានភាពប្រែប្រួលកាលណាបើវាត្រូវបានគេយកទៅប្រើ។ អំបិលនឹងធ្វើឲ្យអាហារមានរសជាតិល្អ និងជួយរក្សាអាហារឲ្យទុកបានយូរដែរ។ អំបិលគឺជារូបស័ព្ទតំណាងឲ្យសេចក្តីល្អដែលយើងគួរធ្វើ និងរស់នៅសំរាប់មនុស្សដែលនៅជុំវិញយើង។ រីឯវិញក៏ជារូបស័ព្ទដូចគ្នាដែរ។ ពន្លឺសំរាប់បំភ្លឺចូលទៅក្នុងភាពងងឹត។ វាជួយបង្ហាញប្រាប់យើងអំពីគ្រោះថ្នាក់ដែលបង្កប់នៅក្នុងភាពងងឹត។ ពន្លឺជួយឲ្យផ្ទះ ឬទីក្រុងមានសុវត្ថិភាព។ វាក៏ជួយយើងឲ្យរកផ្លូវត្រឡប់មកផ្ទះឃើញនៅពេលរាត្រីដែរ។ ព្រះយេស៊ូវបានប្រាប់យើងឲ្យធ្វើខ្លួនប្រៀបដូចជាពន្លឺបំភ្លឺនាពេលរាត្រី។ ព្រះអង្គមានបន្ទូលថា «ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌» (ម៉ាថាយ ៥:៦)។
ទាំងអំបិល និងទាំងពន្លឺសុទ្ធតែបង្ហាញប្រាប់យើងអំពីអ្វីដែលយើងត្រូវធ្វើក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវ។ យើងតោងតែជួយធ្វើឲ្យជីវិតរបស់មនុស្សដែលនៅជុំវិញយើងមានភាពប្រសើរឡើង។ យើងអាចក្លាយជាអំបិល និងពន្លឺបានលុះត្រាតែយើងចេះសោកស្តាយនូវអំពើបាបដែលយើងបានប្រព្រឹត្ត។ យើងអាចក្លាយជាអំបិលនិងពន្លឺបានលុះត្រាតែយើងមានចិត្តស្អាតបរិសុទ្ធ ដែលពុំមានឡូកឡំនឹងសេចក្តី អំនួត។ យើងអាចក្លាយជាអំបិល និងពន្លឺបានលុះត្រាតែយើងសំដែងសេចក្តីមេត្តា ផ្សះផ្សាគេ និងស៊ូទ្រាំលំបាកដើម្បីព្រះយេស៊ូវ។
តើពួកជំនុំរបស់លោកអ្នកមានលក្ខណៈដូចជាអំបិល និងពន្លឺដល់សហគមន៍របស់លោកអ្នកត្រង់ណាខ្លះ? ប្រសិនបើពួកជំនុំរបស់លោកអ្នកបានបំពេញកិច្ចជាអំបិល និងពន្លឺមែន តើសហគមន៍របស់លោកអ្នកនឹងកាន់តែប្រសើរឡើងដូចម្តេចដែរ?
ថ្ងៃច័ន្ទ ទី១៩ សីហា ឆ្នាំ២០១៩
ការធ្វើល្អដើម្បីយកឈ្នះលើអំពើអាក្រក់
កាលណាយើងសិក្សាអំពីសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ យើងតោងតែនឹកចាំអំពីចំណុចសំខាន់ៗដែលមានក្នុងនោះ។ វាជាការសំខាន់ណាស់ក្នុងការយល់ដឹងអំពីមនុស្សដែលព្រះយេស៊ូវមានបន្ទូលជាមួយ និងអំពីរបៀបដែលពួកគេរស់នៅ។ មនុស្សយ៉ាងច្រើនបានមកស្តាប់ព្រះយេស៊ូវអធិប្បាយ (ម៉ាថាយ ៤:២៥, ៥:១)។ អ្នកខ្លះគឺជាមន្ត្រី និងគ្រូអាចារ្យ។ ប៉ុន្តែ ភាគច្រើនអ្នកដែលមករកព្រះយេស៊ូវពុំមែនជាមនុស្សល្បីឈ្មោះ មានទ្រព្យច្រើន ឬជាអ្នកមានអំណាចឡើយ។ ជីវិតរបស់ពួកគេកំពុងជួបនឹងការលំបាក។ ពួកគេពុំមានជម្រើសច្រើនសំរាប់ធ្វើឲ្យជីវិតប្រសើរឡើងឡើយ។ ពួកគេត្រូវបង់ពន្ធយ៉ាងធ្ងន់ធ្ងរ។ ពួកមេដឹកនាំសាសនារបស់ពួកគេបានប្រាប់ឲ្យពួកគេធ្វើកិច្ចការដ៏លំបាកជាច្រើនដើម្បីឲ្យបានសង្គ្រោះ។
ព្រះយេស៊ូវបានបង្រៀនមនុស្សទាំងឡាយអំពីវិធីដែលល្អជាងមុនដើម្បីធ្វើឲ្យជីវិតប្រសើរឡើង។ ព្រះអង្គចង់ឲ្យពួកគេរស់ដោយមានសេចក្តីក្លាហាន និងសេចក្តីសង្ឃឹម បើទោះបីជាកំពុងឋិតក្នុងដំណាក់កាលដ៏អាក្រក់យ៉ាងណាក្តី។ យើងអាចអានសេចក្តីបង្រៀនរបស់ព្រះយេស៊ូវខ្លះនៅក្នុងខគម្ពីរម៉ាថាយ ៥:៣៨‑៤៨។ ព្រះយេស៊ូវមានបន្ទូលថា លោកអ្នកគួរតែ «បែរកំផ្លៀងម្ខាងទៅឲ្យទៀត» (ម៉ាថាយ ៥:៣៩)។ ព្រះអង្គក៏បានប្រាប់យើងទៀតថា «បើអ្នកណាប្តឹងចង់យកអាវខ្លីរបស់អ្នក នោះត្រូវបើកឲ្យគេយកទាំងអាវវែងផង» (ម៉ាថាយ ៥:៤០)។ ព្រះអង្គក៏មានបន្ទូលផងដែរថា «បើអ្នកណាបង្ខំឲ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង» (ម៉ាថាយ ៥:៤១)។ យើងចេះចាំព្រះបន្ទូលទាំងនេះយ៉ាងច្បាស់។ ព្រះយេស៊ូវបង្រៀនយើងអំពីមេរៀនដ៏សំខាន់ៗមួយចំនួនចេញពីព្រះបន្ទូលទាំងនេះ។
ព្រះយេស៊ូវបានអធិប្បាយប្រាប់ដល់មនុស្សទាំងឡាយដែលត្រូវចៅហ្វាយរបស់ពួកគេធ្វើបាប។ ពួកគេខ្លះជំពាក់ប្រាក់គេយ៉ាងច្រើន។ ពួកគេបានបាត់ដីធ្លី និងផ្ទះសម្បែងដោយសារតែម្ចាស់បំណុលរឹបអូស។ ជាញឹកញាប់ពួកទាហានរ៉ូមតែងតែបង្ខំអ្នកក្រទាំងនេះឲ្យធ្វើការឲ្យពួកគេ។ ព្រះយេស៊ូវបានបង្រៀនពួកគេឲ្យមានសន្តានចិត្តល្អដល់អ្នកដែលធ្វើបាបពួកគេ។ យើងមិនអាចគ្រប់គ្រងលើអ្វីដែលអ្នកមានអំណាចធ្វើមកលើយើងបានទេ។ ប៉ុន្តែ យើងអាចគ្រប់គ្រងអំពីរបៀបទប់ទល់របស់យើងពេលដែលគេធ្វើបាបយើង។ ព្រះយេស៊ូវបានបង្រៀនបណ្តាជនថា ពួកគេតែងមានសេរីភាពក្នុងការជ្រើសរើសថា តើត្រូវនិយាយអ្វី និងត្រូវធ្វើអ្វី។ នៅពេលដែលពួកគេជ្រើសរើសយកសន្តានចិត្តល្អ នោះចិត្តសប្បុរសរបស់ពួកគេនឹងជួយដល់មនុស្សដទៃទៀតឲ្យស្វែងយល់ពីសេចក្តីស្រឡាញ់របស់ព្រះបាន។
សូមអានអំពីក្បួនច្បាប់សំខាន់ៗនៅក្នុងខគម្ពីរម៉ាថាយ ៥:៣៨‑៤៨ ជាមួយនឹងរ៉ូម ១២:២០, ២១។ តើយើងអាចយកក្បួនច្បាប់ដ៏សំខាន់ទាំងនេះមកអនុវត្តក្នុងជីវិតរបស់យើងដោយរបៀបដូចម្តេចខ្លះ?
ព្រះយេស៊ូវទ្រង់បានមានបន្ទូលអំពីក្បួនច្បាប់ដ៏សំខាន់មួយដែលគេហៅថា ក្បួនច្បាប់មាស។ ព្រះអង្គបានមានបន្ទូលថា ក្បួនច្បាប់មាសបង្ហាញឲ្យឃើញអំពីអត្ថន័យនៃក្រឹត្យវិន័យរបស់លោកម៉ូសេ និង សេចក្តីបង្រៀនរបស់ពួកហោរា។ ក្បួនច្បាប់មាសនេះគឺ៖ «អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ» (ម៉ាថាយ ៧:១២) ។ ឥឡូវនេះ តើលោកអ្នកត្រូវធ្វើដូចម្តេចខ្លះទើបអាចអនុវត្តតាមក្បួនច្បាប់មាសរបស់ព្រះយេស៊ូវបាន?
ថ្ងៃអង្គារ ទី២០ សីហា ឆ្នាំ២០១៩
សាសន៍សាម៉ារីដ៏ល្អ
សូមអានខគម្ពីរលូកា ១០:២៥‑២៧។ គ្រូបង្រៀនច្បាប់មួយរូបបានសួរព្រះយេស៊ូវថា៖ តើខ្ញុំត្រូវធ្វើអ្វីខ្លះទើបអាចទទួលបានជីវិតអស់កល្ប? ព្រះយេស៊ូវបានតបឡើងថា៖ «ក្នុងក្រឹត្យវិន័យ តើមាន កត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច» (លូកា ១០:២៦)។ ព្រះយេស៊ូវមានបន្ទូលថា ច្បាប់បង្គាប់ឲ្យយើងចេះស្រឡាញ់ព្រះ និងស្រឡាញ់ដល់មនុស្សដទៃទៀត។ តើបញ្ញត្តិទាំងពីរមានទំនាក់ទំនងនឹងគ្នាដូចម្តេចខ្លះ?
បណ្តាជនទាំងឡាយតែងតែសួរទៅកាន់ព្រះយេស៊ូវ។ ប៉ុន្តែ ចម្លើយរបស់ព្រះអង្គពុំស្របតាមអ្វីដែលពួកគេរំពឹងចង់បានទេ។ ខគម្ពីរលូកា ១០:២៥‑២៧ បង្ហាញប្រាប់យើងថា មេដឹកនាំសាសនាក្នុងជំនាន់ព្រះយេស៊ូវបានចំណាយពេលយ៉ាងច្រើនដើម្បីជជែកគ្នាអំពីខគម្ពីរលេវីវិន័យ ១៩:១៨។ ខនេះមានសេចក្តីថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ»។ ពួកមេដឹកនាំសាសនាជជែកគ្នាតើអ្នកណាជាអ្នកជិតខាងរបស់ពួកគេ និងតើព្រះទ្រង់ចង់ឲ្យពួកគេស្រឡាញ់ដល់អ្នកជិតខាងនោះច្រើនប៉ុនណា?
ព្រះយេស៊ូវចង់ឲ្យពួកអ្នកដើរតាមព្រះអង្គស្រឡាញ់ដល់អ្នកជិតខាងរបស់ខ្លួន។ ព្រះអង្គក៏ចង់ឲ្យរាស្ត្ររបស់ព្រះអង្គធ្វើល្អដល់មនុស្សគ្រប់គ្នាដែរ។ ហេតុនោះហើយបានជាព្រះយេស៊ូវចង់ឲ្យពួកសិស្សរបស់ព្រះអង្គយល់អំពីអត្ថន័យនៃពាក្យថា «អ្នកជិតខាង»។ «ប៉ុន្តែ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតផង» (ម៉ាថាយ ៥:៤៤, ៤៥)។
ហេតុដូចម្តេចបានជាគ្រូច្បាប់រូបនេះសួរសំណួរនេះដល់ព្រះយេស៊ូវ? គាត់ចង់ល្បងលមើលព្រះយេស៊ូវ។ គាត់ចង់ដឹងថា តើព្រះយេស៊ូវចេះច្បាប់បានកម្រិតណា? ហេតុនោះ គាត់ក៏បានចោទសួរព្រះយេស៊ូវមួយសំណួរទៀតថា៖ «តើអ្នកណាជាអ្នកជិតខាងខ្ញុំ?» (លូកា ១០:២៩)។ ព្រះយេស៊ូវបានឆ្លើយសំណួរនេះតាមរយៈការនិទានរឿង។ រឿងរបស់ព្រះយេស៊ូវស្តីអំពីសាសន៍សាម៉ារីដ៏ល្អបានបង្ហាញចម្លើយទៅនឹងសំណួរដែលគ្រូរូបនោះបានសួរ។ ព្រះយេស៊ូវមានបន្ទូលថា អ្នកជិតខាងរបស់យើងគឺជាមនុស្សណាដែលត្រូវការជំនួយពីយើង (សូមអានលូកា ១០:៣៦, ៣៧)។
សូមអានរឿងនិទានរបស់ព្រះយេស៊ូវស្តីអំពីសាសន៍សាម៉ារីដ៏ល្អនៅក្នុងលូកា ១០:៣០‑៣៧។ ព្រះយេស៊ូវមានបន្ទូលអំពីមនុស្សបីនាក់ ដែលឃើញជនរងគ្រោះម្នាក់នៅតាមផ្លូវ។ តើម្នាក់ៗបានធ្វើអ្វីខ្លះពេលដែលបានឃើញជនរងគ្រោះកំពុងត្រូវការជំនួយរបស់ពួកគេ? តើព្រះយេស៊ូវកំពុងបង្រៀនអំពីអ្វីខ្លះដល់យើង ដើម្បីឲ្យយើងអាចយកទៅអនុវត្តកាលណាជួបនរណាម្នាក់ដែលត្រូវការជំនួយពីយើងនោះ?
«នៅក្នុងរឿងសាសន៍សាម៉ារីដ៏ល្អនេះ ព្រះយេស៊ូវបង្ហាញប្រាប់យើងអំពីសាសនាដ៏ពិត... នោះគឺជាការសំដែងចេញជាសកម្មភាពនៃសេចក្តីស្រឡាញ់។ វាគឺជាការធ្វើល្អយ៉ាងអស់ពីចិត្ត និងពីលទ្ធភាពដែលយើងមានសម្រាប់មនុស្សដទៃ»។ ដកស្រង់ពី The Desire of Ages, page 497, adapted ។
ថ្ងៃពុធ ទី២១ សីហា ឆ្នាំ២០១៩
អ្នកមាន និងឡាសារ
ព្រះយេស៊ូវបាននិទានរឿងប្រៀបធៀបមួយស្តីអំពីអ្នកមាន និងឡាសារ (សូមអានលូកា ១៦:១៩‑៣១)។ ព្រះយេស៊ូវប្រៀបធៀបជីវិតមនុស្សពីរប្រភេទ។ ព្រះអង្គបានបង្ហាញប្រាប់យើងថា ជីវិតរបស់ពួកគេមានភាពខុសគ្នាខ្លាំងណាស់។ ម្នាក់គឺជាអ្នកមាន រីឯម្នាក់ទៀតជាអ្នកក្រ មានឈ្មោះថា ឡាសារ។ នៅជំនាន់ព្រះយេស៊ូវ អ្នកក្របានដើរសុំទាននៅខាងក្រៅផ្ទះរបស់អ្នកមាន។ មនុស្សជំនាន់នោះគេរំពឹងថា អ្នកមានត្រូវជួយដល់អ្នកក្រ។ ប៉ុន្តែនៅក្នុងរឿងនេះ អ្នកមានបែរជា «កំណាញ់ស្វិត ហើយមិនយកចិត្តទុកដាក់អំពីការខ្វះខាតរបស់ឡាសារឡើយ» (ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 261, adapted)។ ចំណេរកាលតមក បុរសទាំងពីរនេះក៏បានស្លាប់ទៅ។ បន្ទាប់មកព្រះទ្រង់ក៏បានជំនុំជំរះពួកគេ។ តើព្រះទ្រង់វិនិច្ឆ័យយ៉ាងដូចម្តេច? ព្រះអង្គទ្រង់បានផ្លាស់ប្តូរអ្វីៗទាំងអស់ដែលមិនយុត្តិធម៌នៅលើផែនដីនេះរវាងអ្នកទាំងពីរ។ ព្រះទ្រង់បានសម្រេចថា អ្នកមាននឹងត្រូវបាត់បង់អ្វីៗទាំងអស់វិញ ហើយឡាសារនឹងត្រូវទទួលបានជីវិតអស់កល្ប។
សូមប្រៀបធៀបរឿងក្នុងខគម្ពីរលូកា ១៦:១៩‑៣១ ជាមួយនឹងរឿងក្នុងលូកា១២:១៣‑២១។ តើមានអ្វីខ្លះដែលដូចគ្នា និងខុសគ្នានៅក្នុងរឿងទាំងពីរ? តើរឿងទាំងពីរបង្រៀនយើងអ្វីខ្លះ?
ពុំមានតម្រុយណាមួយក្នុងរឿងទាំងពីរដែលប្រាប់ថា បុរសទាំងពីរបានក្លាយជាអ្នកមានដោយសារមុខរបរទុច្ចរិតឡើយ។ ប្រហែលជាបុរសទាំងពីរខិតខំធ្វើការណាស់ ហើយក៏ជាអ្នកចាត់ចែងដ៏ល្អដែរ។ ហើយព្រះទ្រង់ក៏បានប្រទានពរដល់ពួកគាត់ទាំងពីរដែរ។ ប៉ុន្តែមានរឿងដែលមិនត្រឹមត្រូវកើតឡើង។ ពួកគេមានគំនិត និងជំនឿខុសឆ្គងលើប្រធានបទ ជីវិត ព្រះ លុយកាក់ និងអ្នកជិតខាង។ ដោយសារកំហុសទាំងនេះនាំឲ្យពួកគាត់ត្រូវបាត់បង់ជីវិតអស់កល្ប។
រឿងប្រៀបធៀបស្តីអំពីអ្នកមាន និងឡាសារបង្រៀនយើងអំពីមេរៀនដ៏សំខាន់មួយ។ ជម្រើសដែលយើងសម្រេចចិត្តធ្វើអ្វីមួយក្នុងជីវិតនេះមានផលប៉ះពាល់ដល់ការជំនុំជំរះរបស់ព្រះថា ជីវិតបន្ទាប់ របស់យើងនឹងទៅជាយ៉ាងដូចម្តេច។ តើយើងបង្ហាញប្រាប់អំពីអ្វីដែលសំខាន់ចំពោះយើងក្នុងជីវិតនេះដោយរបៀបណា? គឺតាមរយៈជម្រើសរបស់យើងនេះឯង។ ជម្រើសរបស់យើងបង្ហាញប្រាប់ថាអ្វីខ្លះដែលសំខាន់ចំពោះយើង។
ព្រះយេស៊ូវបង្រៀនថា ទ្រព្យសម្បត្តិអាចទាញនាំយើងចេញពីនគររបស់ព្រះអង្គបាន។ ការស្រឡាញ់ប្រាក់របស់យើងអាចនាំឲ្យយើងក្លាយជាកំណាញ់។ រឹតតែអាក្រក់ជាងនោះ វាអាចធ្វើឲ្យយើងមានអារម្មណ៍ថា យើងមិនត្រូវការជំនួយមកពីព្រះឡើយ។ ព្រះយេស៊ូវបានសូមឲ្យយើងយកនគររបស់ព្រះអង្គទុកជាទីមួយ។ ព្រះអង្គបានសូមឲ្យយើងចែកចាយព្រះពរដែលព្រះអង្គប្រទានដល់យើងចែកដល់មនុស្សដែលនៅជុំវិញយើង។ ព្រះអង្គបានសូមឲ្យយើងជួយមនុស្សដែលកំពុងខ្វះខាត។
ទោះជាលោកអ្នកជាអ្នកមាន ឬអ្នកក្រក្តី តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីកុំឲ្យការស្រឡាញ់ប្រាក់គ្រប់គ្រងលើជីវិតរបស់លោកអ្នកបាន?
ថ្ងៃព្រហស្បតិ៍ ទី២២ សីហា ឆ្នាំ២០១៩
មនុស្សដែលត្រូវគេមិនអើពើ
ព្រះយេស៊ូវបានធ្វើសេចក្តីអធិប្បាយមួយនៅក្នុងបទគម្ពីរម៉ាថាយជំពូកទី២៤ និងទី២៥។ សេចក្តីអធិប្បាយនេះគឺជាចម្លើយរបស់ព្រះយេស៊ូវទៅនឹងសំណួរមួយ។ នៅគ្រានេះ ពួកសិស្សរបស់ ព្រះយេស៊ូវបានទូលសួរព្រះអង្គមួយសំណួរ។ ព្រះយេស៊ូវបានឆ្លើយតបទៅពួកគេដែលខុសពីអ្វីដែលពួកគេរំពឹងចង់បាន។ តទៅនេះគឺជាដំណើររឿងនោះ។ គ្រានោះពួកសិស្សបានមកឯព្រះអង្គ។ ពួកគេបានសួរព្រះអង្គថា កាលណាទើបព្រះវិហារយេរូសាឡិមនឹងត្រូវបំផ្លាញ និងពេលណាទើបព្រះអង្គយាងត្រឡប់មកវិញ (សូមអាន ម៉ាថាយ ២៤:១‑៣)។ ចម្លើយរបស់ព្រះយេស៊ូវគឺជាសេចក្តីអធិប្បាយមួយនៅក្នុងជំពូកទី២៤ និងជារឿងប្រៀបធៀបនៅក្នុងជំពូកទី២៥ នៃកណ្ឌគម្ពីរម៉ាថាយ។ បន្ទាប់ពីសេចក្តីអធិប្បាយរបស់ព្រះអង្គ ព្រះយេស៊ូវបានមានបន្ទូលអំពីការផ្តល់ចំណីអាហារដល់មនុស្សដែលស្រេកឃ្លាន។ ព្រះអង្គក៏មានបន្ទូលផងដែរថា យើងគួរស្វាគមន៍មនុស្សប្លែកមុខទុកជាភ្ញៀវ។ តើព្រះយេស៊ូវមានបន្ទូលថា យើងគួរធ្វើអ្វីខ្លះទៀត? ព្រះអង្គមានបន្ទូលថា យើងគួរផ្តល់សម្លៀកបំពាក់ដល់មនុស្សអាក្រាត។ យើងគួរមើលថែអ្នកជម្ងឺ។ យើងគួរចុះទៅសួរសុខទុក្ខដល់អ្នកជាប់គុក។ បន្ទាប់មកព្រះយេស៊ូវមានបន្ទូលប្រាប់សិស្សរបស់ព្រះអង្គថា «ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ» (ម៉ាថាយ ២៥:៤០, សូមអានម៉ាថាយ ២៥:៤៥ផងដែរ)។
នៅទីនេះ ព្រះបន្ទូលរបស់ព្រះយេស៊ូវជួយយើងឲ្យយល់អំពីកិច្ចការចុងក្រោយរបស់ព្រះអង្គក្នុងនាមជាចៅក្រម។ ក្នុងម៉ាថាយ២៤ ព្រះយេស៊ូវបានឆ្លើយសំណួររបស់ពួកសិស្សអំពីគ្រាចុងក្រោយ។ ព្រះអង្គបានប្រាប់ពួកគេអំពីទីសំគាល់ទាំងឡាយដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយ។ ព្រះអង្គបានព្រមានប្រាប់ពួកគេថា ព្រះវិហារយេរូសាឡិមនឹងត្រូវបំផ្លាញ។ ព្រះយេស៊ូវបានប្រាប់ពួកគេថា ពួកគេត្រូវតែចេះប្រុងប្រយ័ត្ន។ ពួកគេមិនត្រូវចាញ់បោកគេអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងមុនព្រះអង្គយាងមកវិញឡើយ។ នៅក្នុងផ្នែកទី១នៃម៉ាថាយ២៥ ព្រះយេស៊ូវបានប្រាប់ពួកសិស្សអំពីរឿងប្រៀបធៀបអំពីស្រ្តីឆ្លាត និងស្រ្តីល្ងង់។ ព្រះយេស៊ូវបានប្រើរឿងនេះដើម្បីបង្ហាញពួកសិស្សថា ពួកគេតោងតែត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកវិញរបស់ព្រះអង្គ។ ព្រះយេស៊ូវក៏អាចនឹងមិនយាងមកតាមការរំពឹងចង់បានរបស់ពួកគេដែរ។ ហេតុនោះ ពួកគេក៏តោងតែត្រៀមខ្លួនជាស្រេចសម្រាប់ការពន្យារពេលដែរ។ រឿងប្រៀបធៀបស្តីអំពីអ្នកចាត់ចែងបីនាក់បង្ហាញប្រាប់យើងអំពីរបៀបដែលយើងគួររស់នៅខណៈដែលរង់ចាំព្រះយេស៊ូវយាងត្រឡប់មកវិញ។ រឿងប្រៀបធៀបអំពីចៀមនិងពពែបង្ហាញប្រាប់យើងអំពីកិច្ចការដែលយើងគួរតែកំពុងធ្វើក្នុងនាមជារាស្ត្ររបស់ព្រះ។
សូមអានខគម្ពីរម៉ាថាយ ២៥:៣១‑៤៦។ តើព្រះយេស៊ូវកំពុងប្រាប់យើងអំពីរឿងអ្វីខ្លះនៅក្នុងខទាំងនេះ? តើព្រះបន្ទូលរបស់ព្រះអង្គបង្រៀនយើងអ្វីខ្លះអំពីអត្ថន័យនៃពាក្យថា បានសង្គ្រោះដោយសារសេចក្តីជំនឿ?
ព្រះយេស៊ូវមានបន្ទូលថា កិច្ចការទាំងឡាយដែលយើងធ្វើសម្រាប់អ្នកដទៃ ក៏ដូចជាបានធ្វើសម្រាប់ព្រះអង្គដែរ។ សេចក្តីពិតនេះគួរណាស់តែបានផ្លាស់ប្តូរទំនាក់ទំនងគ្រួសារ និងមិត្តភាពទាំងអស់របស់យើង។ វាក៏គួរតែបានផ្លាស់ប្តូរគំនិត និងអារម្មណ៍ទាំងអស់របស់យើងផងដែរ។ និយាយរួមគឺគួរតែផ្លាស់ប្តូរពីការគិតខុសមកជាការគិតបែបត្រឹមត្រូវតាមព្រះបន្ទូលរបស់ព្រះអង្គវិញ។
ថ្ងៃសុក្រ ទី២៣ សីហា ឆ្នាំ២០១៩
សិក្សាបន្ថែម
Ellen G. White, “The Good Samaritan,” pages 497-505, and “ ‘The Least of These My Brethren,’ ” pages 637-641, in The Desire of Ages; “ ‘A Great Gult Fixed,’ ” pages 260-271, “ ‘Who Is My Neighbor?’ “ pages 376-389, in Christ’s Object Lessons.
«ព្រះយេស៊ូវទ្រង់បានបំបែកជញ្ជាំងដែលញែកមនុស្សលោកចេញពីព្រះជាម្ចាស់។ ជញ្ជាំងនេះកកើតឡើងពីភាពអាត្មានិយម។ វាកើតឡើងពីអំនួតក្លែងក្លាយដែលយើងមានអារម្មណ៍ថាយើងជាកម្មសិទ្ធិ របស់ប្រទេសជាតិរបស់យើង។ ព្រះយេស៊ូវបង្រៀនយើងអំពីសេចក្តីស្រឡាញ់មួយបែបសំរាប់គ្រួសារមនុស្សជាតិទាំងមូល។ ព្រះអង្គបានលើកមនុស្សជាតិចេញពីភាពអាត្មានិយម។ ព្រះអង្គបានបញ្ចប់ការបែងចែកវណ្ណៈរវាងអ្នកមាន និងអ្នកក្រ និងរវាងពូជសាសន៍ផ្សេងៗពីគ្នា។ នៅក្នុងក្រសែព្រះនេត្ររបស់ ព្រះយេស៊ូវ អ្នកជិតខាង និងមនុស្សប្លែកមុខគឺមានតម្លៃស្មើគ្នា។ យ៉ាងណាមិញ មិត្តភក្តិ និងសត្រូវក៏មាន តម្លៃដូចគ្នាដែរ។ ព្រះយេស៊ូវបង្រៀនយើងឲ្យចេះក្រឡេកមើលទៅកាន់សេចក្តីត្រូវការរបស់មនុស្សម្នាក់ៗក្នុងនាមជាអ្នកជិតខាងរបស់យើង (បើទោះបីជាពួកគេពុំបានរស់នៅជិតយើងក្តី)»។ ដកស្រង់ពី Ellen G. White, Thoughts From The Mount of Blessings, page 42, adapted ។
«ក្បួនច្បាប់មាសគឺជាក្បួនច្បាប់ដ៏ពិតប្រាកដនៃសាសនាគ្រិស្ត។ អ្វីក៏ដោយដែលបណ្តាលឲ្យយើងមិនត្រូវការអនុវត្តតាមក្បួនច្បាប់នេះសុទ្ធតែជាសេចក្តីកុហក។ ព្រះយេស៊ូវបានលះបង់អង្គទ្រង់ដើម្បីមនុស្សលោក។ ហេតុនោះ មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃខ្លាំងណាស់។ សាសនាក្លែងក្លាយបណ្តាលឲ្យ មនុស្សទាំងឡាយគិតថា មនុស្សលោកពុំសូវមានតម្លៃទេ។ សាសនាក្លែងក្លាយបណ្តាលឲ្យយើងមិនយក ចិត្តទុកដាក់ដល់សេចក្តីត្រូវការ ឬទុក្ខវេទនារបស់មនុស្សលោកឡើយ។ កាលណាយើងមិនខ្វល់នឹងសេចក្តី ត្រូវការរបស់អ្នកក្រ អ្នករងទុក្ខលំបាក និងបាបជន នោះបង្ហាញថា យើងពុំមែនជាអ្នកដើរតាមព្រះយេស៊ូវឡើយ។ មនុស្សជាច្រើននិយាយថា ពួកគេជាគ្រីស្ទាន។ ប៉ុន្តែ ពួកគេពុំបានសំដែងចេញនូវសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបានធ្វើជាគំរូឡើយ។ ហេតុនោះហើយបានជាសាសនាគ្រិស្តមានអំណាចតិចតួចណាស់នៅលើផែនដីនេះ»។ ដកស្រង់ពី Ellen G. White, Thoughts From the Mount of Blessings, pages 136, 137, adapted ។
សំនួរពិភាក្សា៖
- តើមានខគម្ពីរណាខ្លះដែលយើងបានសិក្សាក្នុងសប្តាហ៍នេះ ដែលយើងចូលចិត្តបំផុត? ហេតុអ្វី?
- អ្នកស្រី អែល្លិន ជី វ៉ៃត៍បានសរសេរថា «សាសនាក្លែងក្លាយបណ្តាលឲ្យយើងមិនយកចិត្តទុកដាក់អំពីសេចក្តីត្រូវការ ឬទុក្ខលំបាករបស់មនុស្សលោក» (ដកស្រង់ពី Ellen G. White, Thoughts From the Mount of Blessings, pages 136, 137, adapted)។ ពិតមែនហើយ សេចក្តីពិតសំខាន់ខ្លាំងណាស់។ ប៉ុន្តែ ហេតុដូចម្តេចបានជាការនឹកចាំថា យើងត្រូវតែរស់នៅតាមសេចក្តីពិតក៏សំខាន់ផងដែរ?
- សូមអានខគម្ពីរនៅក្នុងមេរៀនថ្ងៃព្រហស្បតិ៍ម្តងទៀត។ តើការដែលយើងមានសេចក្តីពិតមានអត្ថន័យពិតប្រាកដដូចម្តេចដែរ?