ថ្ងៃសៅរ៍ ទី១៦ វិច្ឆិកា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ នេហេមា ១០:១‑២៩, លោកុប្បត្តិ ៩:១៦, យ៉ូស្វេ ២៤, នេហេមា ១០:៣០‑៣៩។
ខចងចាំ៖ «ជនជាតិអ៊ីស្រាអែល និងក្រុមលេវី ត្រូវយកតង្វាយដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមបូជាចារ្យដែលត្រូវវេនបម្រើការងារក្រុមយាមទ្វារ និងក្រុមចម្រៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ» (នេហេមា ១០:៣៩, គខប)។
តើពាក្យថា «សេចក្តីសញ្ញា» ក្នុងព្រះគម្ពីរ មានន័យដូចម្តេចដែរ? សេចក្តីពន្យល់ដ៏ប្រសើរបំផុតសម្រាប់សេចក្តីសញ្ញាក្នុងព្រះគម្ពីរគឺជាការព្រមព្រៀងគ្នាស្របច្បាប់រវាងព្រះ និងរាស្ត្ររបស់ព្រះអង្គ។ ក្នុងកិច្ចព្រមព្រៀងគ្នានេះ ព្រះជាម្ចាស់មានបន្ទូលថា «ឯងរាល់គ្នាជារាស្ត្ររបស់អញ ហើយអញជាព្រះរបស់ឯង»។ ក្នុងជំនាន់ព្រះគម្ពីរ យើងឃើញមានសេចក្តីសញ្ញាជាច្រើន។ ជាញឹកញាប់ សេចក្តីសញ្ញាទាំងនេះគឺធ្វើឡើងរវាងពួកមេដឹកនាំ និងបណ្តាជនដែលបម្រើពួកគេ។
សេចក្តីសញ្ញាសំខាន់ខ្លាំងណាស់។ សេចក្តីសញ្ញាទាំងនោះបង្ហាញអំពីអ្វីដែលមេដឹកនាំសន្យាថានឹងធ្វើអ្វីមួយសម្រាប់ប្រជាជនរបស់លោក។ សេចក្តីសញ្ញាក៏បង្ហាញផងដែរអំពីអ្វីដែលមេដឹកនាំរំពឹងចង់ឲ្យប្រជាជនរបស់លោកធ្វើ។ ប៉ុន្តែ នៅពេលដែលព្រះតាំងសេចក្តីសញ្ញា មានលក្ខណៈខុសប្លែកពីនេះ។ ព្រះជាម្ចាស់ពុំបានអ្វីពីសេចក្តីសញ្ញានេះឡើយ។ ព្រះអង្គសន្យាថានឹងធ្វើតាមសេចក្តីសញ្ញា បើទោះបីជាភាគីខាងរាស្ត្ររបស់ព្រះអង្គបំពានវាក្តី។ តើមានអ្វីកើតឡើងកាលណារាស្ត្ររបស់ព្រះបំពានសេចក្តីសញ្ញារបស់ព្រះ? ព្រះបានដាក់ទោសពួកគេដោយបណ្តាសាដែលបានចែងក្នុងកិច្ចព្រមព្រៀងនោះ។ ហេតុនោះរាស្ត្ររបស់ព្រះនឹងដឹងថា ពួកគេបានបំពានសេចក្តីសញ្ញាហើយ។ សេចក្តីអាក្រក់ក៏ចាប់ផ្តើមឡើង។
សប្តាហ៍នេះ យើងនឹងក្រឡេកមើលសេចក្តីសញ្ញាដែលពួកយូដាបានធ្វើឡើងជាមួយនឹងព្រះជាម្ចាស់ក្នុងបទគម្ពីរនេហេមាជំពូក១០។ វាពុំមែនជាសេចក្តីសញ្ញាថ្មីពិតប្រាកដទេ។ ប៉ុន្តែវាគឺជាសេចក្តីសញ្ញាដែលព្រះធ្លាប់បានតាំងនឹងរាស្ត្ររបស់ព្រះអង្គជាយូរយារណាស់មកហើយ។
ថ្ងៃអាទិត្យ ទី១៧ វិច្ឆិកា ឆ្នាំ២០១៩
សេចក្តីបង្រៀនអំពីសេចក្តីសញ្ញាក្នុងព្រះគម្ពីរ
សូមអានអំពីសេចក្តីសញ្ញាក្នុងខគម្ពីរនេហេមា ១០:១‑២៩។ បន្ទាប់មក អានខគម្ពីរនេហេមា ៩:៣៦‑៣៨ ម្តងទៀត។ តើនរណាជាអ្នកតាំងសេចក្តីសញ្ញានេះឡើង? ហេតុអ្វីបានជាគេតាំងវាឡើង?
ពិតមែនហើយ មានតែពួកមេដឹកនាំប៉ុណ្ណោះបានចុះឈ្មោះបោះត្រា (ចុះហត្ថលេខា) នៅលើសេចក្តីសញ្ញានេះ។ រឿងនោះមានន័យថា ពួកគេយល់ព្រមធ្វើតាមកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ថា «ឯពួកបណ្តាជនឯទៀត... ចូលខាងក្រឹត្យវិន័យរបស់ព្រះវិញ» (នេហេមា ១០:២៨)។ តើលោកអ្នកឃើញទេថា មនុស្សទាំងអស់សុទ្ធតែចង់ចូលរួមក្នុងសេចក្តីសញ្ញានេះ? ហេតុអ្វីបានជាមនុស្សទាំងអស់ចង់ធ្វើយ៉ាងដូច្នោះ? តើសេចក្តីសញ្ញានេះមានអានុភាពខ្លាំងអ្វីម៉្លេះបានជាធ្វើឲ្យគ្រប់គ្នាចូលរួមតាំងវាឡើង? ដើម្បីបានចម្លើយ យើងតោងតែសិក្សាអំពីគោលគំនិតនៃព្រះគម្ពីរស្តីអំពីសេចក្តីសញ្ញាជាមុនសិន។
សេចក្តីសញ្ញាមានសារៈសំខាន់ខ្លាំងណាស់។ វាគឺជាផ្នែកមួយនៃដំណើររឿងរបស់ព្រះ ដែលបង្ហាញអំពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះបាបជន។ សេចក្តីសញ្ញាក៏បង្ហាញផងដែរថា ព្រះទ្រង់ចង់គង់នៅជិតស្និទ្ធនឹងរាស្ត្ររបស់ព្រះអង្គ។ សេចក្តីសញ្ញាអនុញ្ញាតឲ្យរាស្ត្ររបស់ព្រះបង្ហាញទៅព្រះអង្គវិញថា តើពួកគេចង់បម្រើព្រះអង្គច្រើនប៉ុនណាដែរ។
បទគម្ពីរលោកុប្បត្តិជំពូកទី១ និងទី២ បង្ហាញយើងថា ព្រះជាម្ចាស់ទ្រង់បានបង្កើតមនុស្សលោក។ ជំពូកទាំងនេះបង្ហាញប្រាប់យើងផងដែរថា ព្រះជាម្ចាស់ទ្រង់គង់នៅជិតស្និទ្ធនឹងមនុស្សលោក។ យើងក៏ឃើញទំនាក់ទំនងជិតស្និទ្ធរវាងលោកអ័ដាម និងនាងអេវ៉ាដែរ។ ប៉ុន្តែ អំពើបាបបានផ្លាស់ប្តូរអ្វីៗទាំងអស់។ អំពើបាបបាននាំមកនូវសេចក្តីស្លាប់ផងដែរ។
កូនប្រុសទាំងឡាយរបស់លោកអ័ដាមបានជ្រើសរើសរវាងព្រះ និងអំពើបាប។ កាអ៊ីនបានជ្រើសយកសេចក្តីអាក្រក់ (លោកុប្បត្តិ ៤:៨‑១៩)។ សេតបានជ្រើសរើសដើរតាមព្រះ (លោកុប្បត្តិ ៥:៣‑២៤)។ ឡាមេកបានចាប់ផ្តើមពហុពន្ធភាព (ការមានប្រពន្ធលើសពីមួយ)។ អនាគតកូនចៅរបស់កាអ៊ីនបានប្រើអំពើហិង្សាធ្វើបាបមនុស្សទាំងឡាយ និងចាប់យកអ្វីៗពីអ្នកដទៃតាមចិត្តចង់។ អនាគតកូនចៅរបស់សេត ដែលរួមទាំងលោកហេណុកផង សុទ្ធតែបាន «ដើរតាមព្រះ» (លោកុប្បត្តិ ៥:២៤)។ ហេតុនោះ ព្រះជាម្ចាស់ក៏បានលើកលោកហេណុកឡើងទៅលើ។
ជាការគួរឲ្យព្រួយបារម្ភខ្លាំងណាស់ គ្រួសារមនុស្សជាតិភាគច្រើនបានជ្រើសរើសយកសេចក្តីអាក្រក់ជាជាងរើសយកព្រះ។ មានគ្រាមួយនោះ មនុស្សភាគច្រើនបំផុតបានបោះបង់ព្រះចោល។ មិនយូរប៉ុន្មាន សល់តែមនុស្សមួយគ្រួសារគត់ដែលនៅស្មោះត្រង់ចំពោះព្រះអង្គនៅលើផែនដីនេះ។ ព្រះ‑ជាម្ចាស់ទ្រង់ក៏បានសង្គ្រោះគ្រួសារមួយនេះ។ បន្ទាប់មក ព្រះជាម្ចាស់អាចរក្សាសេចក្តីសន្យារបស់ព្រះអង្គដើម្បីនឹងចាត់បុត្រាពិសេសមួយអង្គមកកាន់ផែនដីនេះ។ បុត្រានេះនឹងកើតឡើងក្នុងគ្រួសារដែលស្មោះត្រង់នេះ។ បុត្រាពិសេសនេះនឹងសង្គ្រោះមនុស្សជាតិចេញពីអំពើបាប។ ហេតុនោះ ព្រះជាម្ចាស់បានសង្គ្រោះលោកណូអេ និងគ្រួសាររបស់លោក។ រួចហើយ ព្រះជាម្ចាស់ក៏បានចាត់ទឹកជំនន់ឲ្យជន់លិចផែនដី។ ទឹកជំនន់គឺជាមធ្យោបាយតែមួយគត់សម្រាប់ព្រះដើម្បីជួយសង្គ្រោះមនុស្សលោកឲ្យរួចផុតពីការបំផ្លិចបំផ្លាញដោយសារអំពើបាប (លោកុប្បត្តិ ៦:១១‑១៣)។
ថ្ងៃច័ន្ទ ទី១៥ វិច្ឆិកា ឆ្នាំ២០១៩
សេចក្តីសញ្ញាពិសេសក្នុងប្រវត្តិសាស្ត្រ
ព្រះជាម្ចាស់បានចាត់ឲ្យមានទឹកជំនន់ឡើង។ បន្ទាប់មក ព្រះអង្គបានចាប់ផ្តើមផែនការសង្គ្រោះមនុស្សលោកចេញពីអំពើបាបម្តងទៀត។ ឥឡូវនេះព្រះទ្រង់ធ្វើការជាមួយណូអេ និងមនុស្សដែលកើតក្រោយគាត់។ ព្រះទ្រង់ចង់គង់នៅជិតស្និទ្ធនឹងរាស្ត្ររបស់ព្រះអង្គ។ សេចក្តីសញ្ញារបស់ព្រះគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះអង្គដើម្បីបានគង់នៅជិតស្និទ្ធនឹងគ្រួសារមនុស្សជាតិជាថ្មីឡើងវិញ។ ព្រះគម្ពីរបានបង្ហាញប្រាប់យើងអំពីសេចក្តីសញ្ញាដ៏សំខាន់ចំនួន៧ ដែលព្រះជាម្ចាស់បានតាំងឡើងជាមួយនឹងរាស្ត្ររបស់ព្រះអង្គ៖
១) សេចក្តីសញ្ញាជាមួយនឹងលោកអ័ដាម (លោកុប្បត្តិ ១‑៣)
២) សេចក្តីសញ្ញាជាមួយនឹងលោកណូអេ (លោកុប្បត្តិ ៦‑៩)
៣) សេចក្តីសញ្ញាជាមួយនឹងលោកអ័ប្រាហាំ (លោកុប្បត្តិ ១២:១‑៣)
៤) សេចក្តីសញ្ញាជាមួយនឹងលោកម៉ូសេ និងសាសន៍អ៊ីស្រាអែល។ សេចក្តីសញ្ញានេះត្រូវបានគេហៅថា «សេចក្តីសញ្ញាពីភ្នំស៊ីណាយ» ឬ «សេចក្តីសញ្ញារបស់លោកម៉ូសេ»(និក្ខមនំ ១៩‑២៤)
៥) សេចក្តីសញ្ញាជាមួយនឹងលោកភីនេហាស (ជនគណនា ២៥:១០‑១៣)
៦) សេចក្តីសញ្ញាជាមួយនឹងស្តេចដាវីឌ (សាំយូអែលទី២ ៧:៥‑១៦)
៧) សេចក្តីសញ្ញាថ្មី (យេរេមា ៣១:៣១‑៣៤)
សូមអានខគម្ពីរទាំងនេះ៖ លោកុប្បត្តិ ៩:១៦, លោកុប្បត្តិ ១៧:៧, អេសាយ ៥៥:៣, ហេព្រើរ ១៣:២០។ តើពាក្យថា «សញ្ញាដ៏នៅអស់កល្បជានិច្ច» មានន័យដូចម្តេចដែរ (ហេព្រើរ ១៣:២១)?
ព្រះគម្ពីរបានប្រើពាក្យថា «សញ្ញាដ៏នៅអស់កល្បជានិច្ច» ចំនួន១៦ដង។ ១៣ដងពាក់ព័ន្ធនឹងសេចក្តីសញ្ញាជាមួយលោកអ័ប្រាហាំ អ៊ីស្រាអែលនៅភ្នំស៊ីណាយ និងស្តេចដាវីឌ។ សេចក្តីសញ្ញានីមួយៗខាងលើមានភាពខុសប្លែកគ្នាច្រើនយ៉ាងណាស់។ ប៉ុន្តែមានចំណុចមួយដែលដូចគ្នា។ សេចក្តីសញ្ញាទាំងអស់នេះសុទ្ធតែស្ថិតស្ថេរដ៏នៅអស់កល្បជានិច្ច។ សេចក្តីសញ្ញាដំបូងដែលព្រះទ្រង់តាំងឡើងជាមួយនឹងលោកអ័ដាមបង្ហាញពីសេចក្តីស្រឡាញ់សម្រាប់បាបជនទាំងឡាយ។ រីឯសេចក្តីសញ្ញាក្រោយៗមកទៀតបង្ហាញប្រាប់យើងបន្ថែមទៀតអំពីគោលគំនិតនៃសេចក្តីស្រឡាញ់របស់ព្រះ ដែលធ្វើឲ្យយើងកាន់តែយល់ដឹងអំពីសេចក្តីសញ្ញាដំបូងកាន់តែច្បាស់ឡើងៗ។
សេចក្តីសញ្ញាចាស់ និងសេចក្តីសញ្ញាថ្មីបែងចែកជាបួនផ្នែក៖
១) ព្រះទ្រង់ធ្វើឲ្យយើងបរិសុទ្ធ។ «អញនឹងដាក់ក្រឹត្យវិន័យរបស់អញនៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ» (យេរេមា ៣១:៣៣, សូមអានហេព្រើរ ៨:១០)។
២) ព្រះទ្រង់ធ្វើឲ្យយើងបានជិតស្និទ្ធនឹងព្រះអង្គឡើងវិញ៖ «អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ» (យេរេមា ៣១:៣៣)។
៣) ព្រះទ្រង់ប្រាប់យើងអំពីផែនការរបស់ព្រះអង្គ៖ (យេរេមា ៣១:៣៤, ហេព្រើរ ៨:១១)។
៤) ព្រះទ្រង់អភ័យទោសបាបដល់យើង និងធ្វើឲ្យយើងក្លាយជាមនុស្សថ្មី (យេរេមា ៣១:៣៤, ហេព្រើរ ៨:១២)។
ថ្ងៃអង្គារ ទី១៩ វិច្ឆិកា ឆ្នាំ២០១៩
ផ្នែកផ្សេងៗនៃសេចក្តីសញ្ញា
សេចក្តីសញ្ញាគឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតសម្រាប់មនុស្សជំនាន់គម្ពីរសញ្ញាចាស់។ ពួកអ្នកសិក្សាខាងព្រះគម្ពីរបង្រៀនថា សេចក្តីសញ្ញាក្នុងព្រះគម្ពីរភាគច្រើនមានផ្នែកចំបងៗដូចគ្នា។ យើងឃើញផ្នែកចំបងៗទាំងនេះនៅក្នុងសេចក្តីសញ្ញាដែលតាំងឡើងដោយសាសន៍ហេតក្នុងជំនាន់ព្រះគម្ពីរផងដែរ។ តើព័ត៌មាននេះប្រាប់យើងអ្វីខ្លះ? វាប្រាប់យើងថា ព្រះជាម្ចាស់បានជ្រើសរើសទាក់ទងជាមួយនឹងរាស្ត្រ របស់ព្រះអង្គតាមរបៀបដែលពួកគេយល់ដឹងបំផុតក្នុងជំនាន់របស់ពួកគេ។
សេចក្តីសញ្ញាក្នុងជំនាន់គម្ពីរសញ្ញាចាស់មាន៦ផ្នែកធំៗ៖ ១) ការចាប់ផ្តើម។ ផ្នែកនេះបញ្ជាក់ថាព្រះជាម្ចាស់ជានរណា។ ២) កំណត់ហេតុនៃប្រវត្តិសាស្ត្រ។ ផ្នែកនេះបង្ហាញប្រាប់អំពីរឿងរ៉ាវដែលបានកើតឡើងក្នុងអតីតកាលរវាងព្រះ និងរាស្ត្ររបស់ព្រះអង្គ។ ៣) ក្រឹត្យវិន័យ ឬ ក្បួនច្បាប់តម្រាផ្សេងៗ។ ៤) ព្រះពរ និងបណ្តាសា។ ៥) សាក្សី ឬស្មរបន្ទាល់។ ៦) ទីបន្ទាល់ដែលបញ្ជាក់ថា ព្រះទ្រង់នឹងរក្សាសេចក្តីសន្យារបស់ព្រះអង្គ។ ផ្នែកនេះក៏អាចរាប់បញ្ចូលនូវកាតព្វកិច្ចមួយចំនួនដែលព្រះសូមឲ្យរាស្ត្ររបស់ព្រះធ្វើផងដែរ។
ឥឡូវនេះ ពេលដែលយើងដឹងអំពីផ្នែកទាំងនេះហើយ កាន់តែធ្វើឲ្យយើងយល់ដឹងអំពីព្រះគម្ពីរកាន់តែប្រសើរឡើងថែមទៀត។ វាជាការងាយនឹងយល់ថា កណ្ឌគម្ពីរចោទិយកថាមាន៦ផ្នែកធំៗ។កណ្ឌគម្ពីរនេះ ចាប់ផ្តើមពីលោកម៉ូសេអញ្ជើញរាស្ត្ររបស់ព្រះឲ្យទទួលយកសេចក្តីសញ្ញារបស់ព្រះ។ បន្ទាប់មកយើងឃើញមានចំណុចជាបន្តបន្ទាប់៖ ១) ការចាប់ផ្តើមនៃសេចក្តីសញ្ញារបស់អ៊ីស្រាអែលជាមួយព្រះ (ចោទិយកថា ១:១‑៥), ២) កំណត់ហេតុនៃប្រវត្តិសាស្ត្រអ៊ីស្រាអែល (ចោទិយកថា ១:៦‑៤:៤៣), ៣) ក្រឹត្យវិន័យរបស់ព្រះសម្រាប់រាស្ត្ររបស់ព្រះ (ចោទិយកថា ៤:៤៤‑២៦:១៩), ៤) ព្រះពរ និងបណ្តាសា (ចោទិយកថា ២៧‑៣០), ៥) សាក្សី ឬស្មរបន្ទាល់ (ចោទិយកថា ៣០:១៩), និង ៦) យើងឃើញសេចក្តីបង្គាប់ពិសេសដែលព្រះបានប្រទានដល់រាស្ត្ររបស់ព្រះ (ចោទិយកថា ៣១:៩‑១៣)។
សូមអានយូ៉ស្វេ ២៤។ ជំពូកនេះក៏បង្ហាញប្រាប់យើងផងដែរអំពីផ្នែកទាំង៦នៃសេចក្តីសញ្ញា។ តើផ្នែកទាំងនោះមានអ្វីខ្លះ?
សេចក្តីសញ្ញារបស់ព្រះជាមួយនឹងលោកយ៉ូស្វេក្នុងយ៉ូស្វេ ២៤ ក៏មានចែងអំពីផ្នែកទាំង៦នេះដែរ។ នៅក្នុងផ្នែកទី១ សេចក្តីសញ្ញាចាប់ផ្តើមពីព្រះជាម្ចាស់ជានរណា។ ព្រះអង្គបានប្រាប់លោកយ៉ូស្វេថា ព្រះអង្គគឺជា «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល» (យ៉ូស្វេ ២៤:២)។ ក្នុងផ្នែកទី២ លោកយ៉ូស្វេបានប្រាប់បណ្តាជនឲ្យនឹកចាំអំពីអ្វីៗដែលព្រះទ្រង់បានធ្វើសម្រាប់ពួកគេក្នុងអតីតកាល (យ៉ូស្វេ ២៤:២‑១៣)។ ក្នុងផ្នែកទី៣ លោកយ៉ូស្វេបានប្រកាសអំពីក្រឹត្យវិន័យរបស់ព្រះ (យ៉ូស្វេ ២៤:១៤, ១៥, ២៣)។ បន្ទាប់មកនៅក្នុងផ្នែកទី៤ លោកយ៉ូស្វេបានប្រកាសអំពីព្រះពរ និងបណ្តាសា (យ៉ូស្វេ ២៤:១៩, ២០)។ នៅក្នុងផ្នែកទី៥ លោកយ៉ូស្វេបានកត់ឈ្មោះសាក្សីនៃសេចក្តីសញ្ញា (យ៉ូស្វេ ២៤:២២, ២៧)។ ទីបំផុត នៅក្នុងផ្នែកទី៦ លោកយ៉ូស្វេបានដាក់ថ្មយ៉ាងធំនៅពីក្រោមដើមឈើ។ ដុំថ្មនេះគឺជាទីបន្ទាល់ថា ព្រះទ្រង់នឹងរក្សាសេចក្តីសញ្ញារបស់ព្រះអង្គ ជាមួយនឹងរាស្ត្ររបស់ព្រះអង្គ (យ៉ូស្វេ ២៤:២៥, ២៦)។ ព្រះជាម្ចាស់បានប្រើសេចក្តីសញ្ញានេះដើម្បីជួយដល់រាស្ត្ររបស់ព្រះអង្គឲ្យនឹកចាំថា ព្រះអង្គបានដឹកនាំពួកគេក្នុងអតីតកាល។ ព្រះជាម្ចាស់ក៏បានបង្ហាញដល់រាស្ត្ររបស់ព្រះអង្គអំពីផ្នែករបស់ពួកគេក្នុងសេចក្តីសញ្ញាដែរ។
ថ្ងៃពុធ ទី២០ វិច្ឆិកា ឆ្នាំ២០១៩
សេចក្តីសន្យា
តើចំណុច៤យ៉ាងដែលសាសន៍អ៊ីស្រាអែលបានសន្យាថានឹងធ្វើក្នុងផ្នែកមួយនៃសេចក្តីសញ្ញាជាមួយនឹងព្រះមានអ្វីខ្លះ? ដើម្បីរកចម្លើយ សូមអានខគម្ពីរនេហេមា ១០:៣០‑៣៩។
ពួកបណ្តាជនបានសន្យាថានឹងអនុវត្តកាតព្វកិច្ចចំនួន៤ ប្រការ៖
១) ពួកគេសន្យាថា នឹងមិនរៀបការជាមួយនឹងមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយឡើយ។
២) ពួកគេសន្យាថា នឹងរក្សាថ្ងៃសប្បាតហ៍ឲ្យបានបរិសុទ្ធ។ ពួកគេនឹងមិនប្រកបរបរទទួលទាននៅថ្ងៃសប្បាតហ៍ឡើយ។
៣) ពួកគេសន្យាថា នឹងថែរក្សាមនុស្សក្រីក្រ។ ពួកគេយល់ព្រមថានឹងដោះលែងពួកទាសករទាំងអស់នៅរៀងរាល់៧ឆ្នាំម្តង។ នៅគ្រានោះ ពួកយូដាក៏បានសន្យាថា នឹងមិនតម្រូវឲ្យអតីតទាសករបង់សងប្រាក់ដែលបានជំពាក់ពីមុនទេ។
៤) ពួកគេសន្យាថា នឹងឧបត្ថម្ភគាំទ្រដល់ព្រះវិហាររបស់ព្រះដោយដង្វាយសទ្ធារបស់ពួកគេ។
សេចក្តីសន្យាបីប្រការដំបូងបង្ហាញប្រាប់យើងអំពីរបៀបដែលពួកយូដាចង់ឲ្យភាពយុត្តិធម៌ដល់គ្នាទៅវិញទៅមក។ សេចក្តីសន្យាចុងក្រោយបង្ហាញថា ពួកគេចង់លើកតម្កើងព្រះជាម្ចាស់។
ពួកយូដាចង់បង្ហាញថា ពួកគេគាំទ្រសេចក្តីសញ្ញា។ ការសន្យារបស់ពួកគេបង្ហាញថា ពួកគេចង់ចងសម្ព័ន្ធជាមួយនឹងព្រះ និងក្នុងចំណោមគ្នីគ្នារបស់ពួកគេដែរ។ ពួកគេមិនមែនចេះតែគ្រប់លក្ខណ៍គ្រប់ពេលជានិច្ចទេ។ ប៉ុន្តែ ពួកគេយល់ថា កិច្ចការដែលពួកគេធ្វើឥឡូវនេះអាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងអស្ចារ្យក្នុងគ្រាអនាគត។ ហេតុនោះ បានជាពួកគេចង់ធ្វើរឿងដែលត្រឹមត្រូវ។ ប្រសិនបើពួកគេធ្វើកិច្ចការទាំងនេះ នោះព្រះជាម្ចាស់ទ្រង់នឹងប្រទានពរដល់ពួកគេ។ ពួកគេមានអារម្មណ៍ថា ការរក្សាថ្ងៃសប្បាតហ៍ឲ្យបានបរិសុទ្ធ និងការថែរក្សាព្រះវិហារនឹងជួយពួកគេឲ្យដើរក្នុងផ្លូវដែលត្រឹមត្រូវបាន។
គួរឲ្យបារម្ភណាស់ ពួកបណ្តាជនបែរជាមិនរក្សាពាក្យសន្យារបស់ពួកគេឲ្យបានល្អឡើយ។ សូមអានបន្ថែមនៅបណ្តាជំពូកចុងក្រោយនៃកណ្ឌគម្ពីរនេហេមា។ ពិតមែនហើយ មានអ្នកខ្លះមិនបានរក្សាពាក្យសន្យារបស់ខ្លួនឡើយ។ ប៉ុន្តែ មនុស្សភាគច្រើនបានរក្សាវិញ។ យើងអាចបង្កើតទម្លាប់ល្អៗបានដោយពឹងលើជំនួយរបស់ព្រះ។ ព្រះអង្គអាចប្រទានកម្លាំងដល់យើងឲ្យធ្វើរឿងត្រឹមត្រូវបាន។
«យើងត្រូវតែជ្រើសរើសធ្វើអ្វីមួយដែលត្រឹមត្រូវ។ ព្រះជាម្ចាស់អាចផ្លាស់ប្តូរជីវិតទាំងស្រុងរបស់យើងប្រសិនបើយើងសូមឲ្យព្រះអង្គធ្វើ។ ហេតុនោះ សូមថ្វាយចិត្តរបស់លោកអ្នកដល់ព្រះយេស៊ូវចុះ។ ចូរជ្រើសរើសបម្រើព្រះអង្គចុះ។ បន្ទាប់មកព្រះអង្គនឹងក្លាយជាមិត្តសម្លាញ់ និងជាអ្នកជំនួយរបស់លោកអ្នក។ ព្រះអង្គមានអំណាចជាងអាណាចក្រទាំងអស់ដែលគ្រប់គ្រងលើផែនដីនេះ។ ព្រះយេស៊ូវទ្រង់នឹងជួយលោកអ្នកឲ្យឈររឹងមាំ។ ព្រះអង្គនឹងជួយលោកអ្នកឲ្យថ្វាយខ្លួនដល់ព្រះអង្គគ្រប់វិនាទីនៃជីវិតរបស់លោកអ្នក។ នោះទើបលោកអ្នកនឹងមានអំណាចរបស់ព្រះអង្គសម្រាប់រស់ជាជីវិតថ្មី។ នោះហើយជាជីវិតនៃសេចក្តីជំនឿ»។ ដកស្រង់ពី Ellen G. White, Steps to Christ, page 48, adapted។ តើលោកអ្នកអាចមានបទពិសោធន៍ដូចគ្នានឹងអ្វីដែលបានអាននេះយ៉ាងដូចម្តេចដែរ? តើលោកអ្នកមានឧបសគ្គអ្វីខ្លះ?
ថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ឆ្នាំ២០១៩
ព្រះវិហារ
សូមអានខគម្ពីរនេហេមា ១០:៣២‑៣៩ ម្តងទៀត។ ដូចដែលខគម្ពីរទាំងនេះបានបង្ហាញប្រាប់ តើហេតុអ្វីបានជាព្រះវិហារមានសារៈសំខាន់សម្រាប់សេចក្តីជំនឿរបស់ពួកយូដាខ្លាំងម៉្លេះ?
ពួកយូដាបានសន្យាថានឹងថែរក្សាព្រះវិហារ។ ពិតមែនហើយ ពួកគេគឺជាក្រុមតូចមួយ។ ពួកគេពុំសូវមានប្រាក់កាសច្រើនទេ។ ស្តេចនៃនគរពើស៊ីតម្រូវឲ្យពួកគេបង់ពន្ធក៏ច្រើនណាស់ដែរ។ ប៉ុន្តែ ពួកបណ្តាជនបានសម្រេចចិត្តថ្វាយនូវអ្វីដែលពួកគេអាចនឹងជួយដល់ព្រះវិហារបាន។ ច្បាប់បង្គាប់ឲ្យ ពួកយូដាម្នាក់ៗត្រូវបង់ប្រាក់ចំនួន ១ភាគ៣ ក្នុងមួយរៀល (ពគប) ឬ ប្រាក់សុទ្ធ១ជីដល់ព្រះវិហារ។ ប្រាក់១ជីជំនាន់នោះត្រូវបានធ្វើជាកាក់ប្រាក់។ ច្បាប់បានចែងថា បណ្តាជនត្រូវបង់ពន្ធជាកាក់ប្រាក់នេះតែក្នុងអំឡុងពេលជំរឿនប៉ុណ្ណោះ។ ការធ្វើជំរឿនគឺជាគ្រាដែលពួកមេដឹកនាំរាប់ចំនួនមនុស្សក្នុងក្រុម គ្រួសារផ្សេងៗក្នុងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែ ពួកយូដាបានសម្រេចចិត្តមិនរង់ចាំទាល់តែពេលធ្វើជំរឿនមកដល់ទេ។ ពួកគេសម្រេចចិត្តថ្វាយប្រាក់១ជីដល់ព្រះវិហារជារៀងរាល់ឆ្នាំវិញ។ ហេតុអ្វី? ពីព្រោះបណ្តាជនមើលឃើញសេចក្តីត្រូវការជាក់ស្តែងរបស់ព្រះវិហារជាងច្បាប់តម្រូវទៅទៀត។ គ្រួសារជាច្រើនក៏មានទំនួលខុសត្រូវក្នុងការឧបត្ថម្ភឧសដល់ព្រះវិហារដែរ។ ឧសសម្រាប់ប្រើប្រាស់នៅលើអាសនា។ បណ្តាជន យល់ឃើញថា ត្រូវមាននរណាម្នាក់ទទួលខុសត្រូវលើគ្រួសារដែលឧបត្ថម្ភឧសទាំងនោះ និងឧសសម្រាប់ទុកប្រើប្រាស់។ ប្រសិនបើពុំមានទេ គ្រួសារទាំងនោះនឹងលែងឧបត្ថម្ភតទៅទៀត ហើយនឹងធ្វើឲ្យខ្វះឧសប្រើប្រាស់បាន។
ពួកបណ្តាជនក៏ថ្វាយដង្វាយ១០ហូត១ដល់ព្រះដើម្បីឧបត្ថម្ភដល់ពួកលេវីដែរ។ បន្ទាប់មកពួកលេវីក៏ត្រូវថ្វាយដង្វាយ១០ហូត១សម្រាប់ឧបត្ថម្ភដល់ពួកសង្ឃដែរ។
យើងឃើញថា ព្រះវិហារគឺជាផ្នែកដ៏សំខាន់បំផុតនៃជីវិតរាស្ត្ររបស់ព្រះ។ ការដែលស្តេចនេប៊ូក្នេសាដែលយាងមកពីបាប៊ីឡូនវាយកម្ទេចព្រះវិហារ និងរឹបអូសយករបស់បរិសុទ្ធ គឺជារឿងអាក្រក់ ខ្លាំងណាស់។ រឿងនោះគឺជារឿងដ៏ក្រៀមក្រំសម្រាប់ពួកយូដា។
យើងក៏ឃើញផងដែរថា ព្រះវិហារជួយផ្តល់នូវកម្លាំងថាមពលដល់ជីវិតព្រលឹងវិញ្ញាណនៃរាស្ត្ររបស់ព្រះ។ ព្រះវិហារក៏បង្ហាញឲ្យពួកគេឃើញផែនការចុងក្រោយរបស់ព្រះសម្រាប់ដោះស្រាយបញ្ហាអំពើបាបដែរ៖ ពោលគឺនិមិត្តរូបនៃការស្លាប់របស់កូនចៀម។ នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ព្រះទ្រង់បានបង្ហាញប្រាប់យើងនូវចម្លើយរបស់ព្រះអង្គចំពោះបញ្ហានៃអំពើបាប (រ៉ូម ៥:៥‑១០)។ ហេតុ នោះ ព្រះវិហារបង្ហាញប្រាប់ដល់រាស្ត្ររបស់ព្រះអំពីផែនការរបស់ព្រះអង្គដើម្បីបញ្ចប់អំពើអាក្រក់ និង អំពើបាប ហើយនាំមកនូវសេចក្តីល្អវិញ។ នោះហើយគឺជាផែនការសង្គ្រោះមនុស្សលោកទាំងស្រុងរបស់ ព្រះ។ យើងអាចរៀនមេរៀនជាច្រើនចេញពីការសិក្សាលើព្រះវិហាររបស់ព្រះ។ ការសិក្សានេះអាចជួយ យើងឲ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះ និងអ្វីដែលព្រះបានធ្វើនាពេលឥឡូវនេះដើម្បីសង្គ្រោះយើងរាល់គ្នា។
«ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ» (ធីម៉ូថេទី១ ១: ១៥)។ តើអ្វីទៅដែលជាក្តីសង្ឃឹមរបស់លោកប៉ុល? តើយើងត្រូវធ្វើដូចម្តេចដើម្បីក្តីសង្ឃឹមនោះក្លាយជារបស់យើងដែរ?
ថ្ងៃសុក្រ ទី១៥ វិច្ឆិកា ឆ្នាំ២០១៩
សិក្សាបន្ថែម
សូមអាន Ellen G. White, “Consecration,” pages 43-48, in Steps to Christ.
«កិច្ចការក្នុងដំណាក់របស់ព្រះមានពីរផ្នែក។ ពួកសង្ឃធ្វើការជារៀងរាល់ថ្ងៃនៅក្នុងទីបរិសុទ្ធ។ បន្ទាប់មករៀងរាល់មួយឆ្នាំម្តង សម្តេចសង្ឃត្រូវធ្វើកិច្ចការពិសេសមួយក្នុងទីបរិសុទ្ធបំផុត។ នៅថ្ងៃនោះ លោកសម្អាតអំពើបាបទាំងអស់ចេញពីដំណាក់របស់ព្រះ។ ពីមួយថ្ងៃទៅមួយថ្ងៃ បាបជនត្រូវនាំយកសត្វដែលនៅមានជីវិតទៅកាន់មាត់ទ្វារនៃដំណាក់របស់ព្រះ។ បាបជនត្រូវបង្ហាញប្រាប់ថា ខ្លួនមានការសោកស្តាយនឹងអំពើបាបរបស់ខ្លួន។ សកម្មភាពនេះគឺជារូបស័ព្ទមួយ។ វាបង្ហាញយើងថា មនុស្សត្រូវផ្ទេរអំពើបាបរបស់ខ្លួនទៅលើសត្វដែលឥតមានទោស។ បន្ទាប់មកសត្វនោះត្រូវបានសម្លាប់។ លោកប៉ុលប្រាប់យើងថា៖ ‘តាមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ’ (ហេព្រើរ ៩:២២), ‘ដ្បិតជីវិតនៃរូបសាច់នោះនៅក្នុងឈាម’ (លេវីវិន័យ ១៧:១១)។ មនុស្សលោកបានរំលងក្រឹត្យវិន័យរបស់ព្រះ។ ក្រឹត្យវិន័យចែងថា អស់អ្នកណាដែលរំលងក្រឹត្យវិន័យត្រូវតែស្លាប់។ ឈាមបង្ហាញប្រាប់យើងអំពីជីវិតរបស់បាបជន។ ទោសកំហុសរបស់បាបជនត្រូវបានផ្ទេរមកលើសត្វដែលឥតមានទោស។ បន្ទាប់មក សង្ឃត្រូវនាំយកឈាមរបស់សត្វទៅក្នុងទីបរិសុទ្ធ។ នៅទីនោះ លោកត្រូវប្រោះឈាមខ្លះនៅមុខវាំងនន។ វាំងនននេះមានតួនាទីខ័ណ្ឌញែកទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត។ ហិបរបស់ព្រះស្ថិតនៅខាងក្រោយវាំងនននេះ។ នៅក្នុងហឹបមានក្រឹត្យវិន័យដែលបាបជនបានប្រព្រឹត្តរំលង។ រូបស័ព្ទនេះបង្ហាញប្រាប់យើងអំពីរបៀបដែលសង្ឃផ្ទេរអំពើបាបពីបាបជនទៅកាន់ដំណាក់របស់ព្រះដោយសារឈាមសត្វដែលឥតមានទោស។ ជួនកាល សង្ឃពុំបាននាំឈាមចូលទៅកាន់ទីបរិសុទ្ធឡើយ។ សង្ឃមានសិទ្ធិនឹងបរិភោគសាច់ពីសត្វនោះបាន។ លោកម៉ូសេបានប្រាប់កូនប្រុសៗរបស់សម្តេចសង្ឃអើរ៉ុន ឲ្យបរិភោគសាច់សត្វនោះ។ លោកមានប្រសាសន៍ថា ‘ដែលឃើញថា តង្វាយលោះបាបនេះ ជារបស់បរិសុទ្ធបំផុត ហើយថា ទ្រង់បានប្រទានមកឯងរាល់គ្នាផង ចុះម្តេចក៏ឯងមិនបានយកទៅបរិភោគក្នុងទីបរិសុទ្ធវិញ ដើម្បីនឹងទទួលសេចក្ដីទុច្ចរិតរបស់ពួកជំនុំ ប្រយោជន៍ឲ្យបានធួននឹងគេនៅចំពោះព្រះយេហូវ៉ា’ (លេវីវិន័យ ១០:១៧)។ ហេតុនោះ សង្ឃទាំងឡាយមានសិទ្ធិនឹងបរិភោគសាច់សត្វ ឬនាំយកឈាមចូលទៅកាន់ដំណាក់របស់ព្រះបាន។ សកម្មភាពទាំងពីរនេះក៏ជារូប‑ស័ព្ទដែរ។ វាបង្ហាញប្រាប់យើងអំពីរបៀបដែលសម្តេចសង្ឃផ្ទេរអំពើបាបពីបាបជនចូលទៅកាន់ដំណាក់របស់ព្រះ»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 418, adapted។
សំនួរពិភាក្សា៖
- តើការយល់ដឹងអំពីសេចក្តីស្រឡាញ់របស់ព្រះធ្វើឲ្យយើងខិតទៅជិតព្រះអង្គបានយ៉ាងដូចម្តេចខ្លះ?តើការនេះជួយយើងឲ្យដើរតាមរបៀបដែលយើងគួររស់នៅយ៉ាងដូចម្តេចដែរ?
- ហេតុអ្វីបានជាយើងត្រូវការឈាមរបស់ព្រះយេស៊ូវដើម្បីសង្គ្រោះយើងរាល់គ្នា?