ថ្ងៃសៅរ៍ ទី២៥ ឧសភា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាកុស ៥:២២‑២៤, ពេត្រុសទី១ ៥:៦, ៧, លោកុប្បត្តិ ៣៧:១៧‑២៨, លូកា ១៦:១៣, កូរិនថូសទី១ ១៥:២៦។
ខចងចាំ៖ «ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ» (ភីលីព ៣:៨)។
តើមានអ្វីកើតឡើងនៅពេលដែលលោកអ័ដាម និងនាងអេវ៉ា បានបរិភោគផ្លែដឹងខុសត្រូវ? ពួកគេបានបាត់បង់ជីវិតដ៏គ្រប់លក្ខណ៍របស់ខ្លួន។ ពួកគេចាប់ផ្តើមអាត្មានិយម។ ពួកគេបានបន្ទោសគ្នាទៅវិញទៅមក។ ពួកគេបានវាយប្រហារគ្នា។ ពួកគេចង់គ្រប់គ្រងគ្នាទៅវិញទៅមក។
ក្រោយពេលដែលពួកគេបានធ្លាក់ចុះ លោកអ័ដាម និងនាងអេវ៉ាបានឃើញសេចក្តីស្លាប់ជាលើកដំបូង។ ពួកគេបានឃើញផ្កាដ៏ស្រស់បំព្រងប្រែជាស្រពោន។ បន្ទាប់មក ព្រះទ្រង់បានសម្លាប់សត្វមួយក្បាល។ ព្រះអង្គបានយកស្បែកមកធ្វើជាសំលៀកបំពាក់ឲ្យលោកអ័ដាម និងនាងអេវ៉ា។ ព្រះទ្រង់មានបន្ទូលហាមមិនឲ្យលោកអ័ដាមនិងនាងអេវ៉ាបរិភោគផ្លែពីដើមជីវិតជារៀងរហូត។ លោកអ័ដាម និងនាងអេវ៉ាក៏បានបាត់បង់លំនៅឋានដែលជាសួនដ៏គ្រប់លក្ខណ៍ផងដែរ។ ប៉ុន្មានឆ្នាំក្រោយមក ពួកគេបានបាត់បង់កូនប្រុសម្នាក់ឈ្មោះអេបិល។ កូនប្រុសច្បងរបស់ពួកគេឈ្មោះកាអ៊ីនបានសម្លាប់ប្អូនរបស់ខ្លួន។ លោកអ័ដាម និងនាងអេវ៉ាកាន់តែទុក្ខព្រួយយ៉ាងជ្រាលជ្រៅថែមទៀត។ ទីបំផុត ជាច្រើនរយឆ្នាំក្រោយមក មានម្នាក់ក្នុងចំណោមពួកគេទាំងពីរបានស្លាប់។ តើលោកអ័ដាមស្លាប់មុន ឬក៏នាងអេវ៉ាស្លាប់មុន? ព្រះគម្ពីរពុំបានកត់ត្រាអំពីរឿងនេះទេ។ ប៉ុន្តែប្រហែលជាមានម្នាក់ស្លាប់មុនម្នាក់ទៀតហើយ។ ឃើញទេ ការបាត់បង់ទាំងអស់នេះកើតឡើងដោយសារតែការជ្រើសរើសខុសតែម្តងនោះឯង!
ពិតមែនហើយ យើងទាំងអស់គ្នាដឹងថា ការបាត់បង់បានធ្វើឲ្យយើងរាល់គ្នាឈឺចាប់។ ការបាត់បង់ពិតជាមានពិតមែន។ ពួកយើងភាគច្រើនឈឺចាប់បំផុតពេលដែលយើងបាត់បង់នរណាម្នាក់ក្នុងគ្រួសាររបស់យើង។
សប្តាហ៍នេះ យើងនឹងក្រឡេកមើលជីវិតគ្រួសារបន្តទៀត។ យើងនឹងក្រឡេកមើលការបាត់បង់ក្នុងគ្រួសារតាមសម័យកាលផ្សេងៗពីគ្នា។
ថ្ងៃអាទិត្យ ទី២៦ ឧសភា ឆ្នាំ២០១៩
ការបាត់បង់សុខភាព
ចាប់តាំងពីលោកអ័ដាម និងនាងអេវ៉ាបរិភោគផ្លែពីដើមដឹងខុសត្រូវមកមានរយៈពេលយូរលង់ណាស់មកហើយ។ ជំងឺ និងរូបកាយប្រែជាចុះខ្សោយបង្ហាញឲ្យឃើញថា វាយូរប៉ុនណាហើយ! មិនយូរមិនឆាប់ យើងទាំងអស់គ្នានឹងចាស់ជរា ហើយស្លាប់។ ពួកយើងភាគច្រើនក៏បាត់បង់សុខភាពជាបណ្តើរៗទៅតាមពេលវេលាដែរ។
ការបាត់បង់សុខភាពនាំមកនូវការឈឺចាប់ណាស់។ ប៉ុន្តែវារឹតតែឈឺចាប់ថែមទៀតពេលដែលយើងឃើញនរណាម្នាក់កំពុងរងទុក្ខវេទនានឹងជំងឺដ៏ធ្ងន់ណាមួយ។ តើលោកអ្នកដែលជាឪពុកម្តាយមិនធ្លាប់មានកូនឈឺទេឬអី? ជួនកាលលោកអ្នកប្រហែលជាបន់សូមឲ្យជំងឺនោះធ្លាក់មកលើខ្លួនឯងជាជាងដែលធ្លាក់ទៅលើកូនទៀតផង។ ប៉ុន្តែ យើងគ្មានសិទ្ធិនឹងជ្រើសរើសឈឺចាប់ជំនួសកូនបានឡើយ។
សូមអានសាច់រឿងនៅក្នុងម៉ាកុស ៥:២២‑២៤, ៣៥‑៤៣, ម៉ាថាយ ១៥:២២‑២៨, លូកា ៤:៤៦‑៥៤។ តើមានចំណុចដូចគ្នាត្រង់ណាខ្លះក្នុងរឿងទាំងអស់នេះ?
ក្នុងរឿងនីមួយៗ យើងឃើញសមាជិកគ្រួសារម្នាក់សូមឲ្យព្រះយេស៊ូវជួយនរណាម្នាក់ទៀតក្នុងគ្រួសាររបស់ពួកគេ។ ពិតមែនហើយ យើងមានអារម្មណ៍រងការឈឺចាប់ដោយសារតែអំពើបាប។ អំពើបាបនាំមកនូវសេចក្តីស្លាប់។ ប៉ុន្តែអំពើបាបក៏បាននាំមកនូវការឈឺចាប់ និងជំងឺដំកាត់ផងដែរ។ ជួនកាលយើងមានអារម្មណ៍ខឹងសម្បា។ ជួនកាលយើងថែមទាំងចង់ស្រែកថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជា ទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្ដីដំងូររបស់ទូលបង្គំ ដូច្នេះ» (ទំនុក តម្កើង ២២:១)។ ស្តេចដាវីឌបាននាំយកសំណួរ កំហឹង និងការឈឺចាប់ថ្វាយទៅព្រះ។ យើង ក៏គួរធ្វើយ៉ាង ដូច្នោះដែរ។
យើងនឹងមិនយល់ឲ្យប្រាកដអំពីជំងឺដំកាត់ឡើយរហូតទាល់តែព្រះយេស៊ូវបានយកឈ្នះលើសេចក្តីស្លាប់នៅពេលដែលព្រះអង្គយាងមកវិញលើកទីពីរ។ ប៉ុន្តែ ខណៈដែលយើងកំពុងរង់ចាំព្រឹត្តិការណ៍មកដល់ យើងអាចរៀនអំពីការពិតដ៏សំខាន់មួយចំនួនស្តីអំពីការឈឺចាប់ និងជំងឺដំកាត់ពីព្រះគម្ពីរ។ សេចក្តីឈឺចាប់របស់លោកយ៉ូបគឺអាក្រក់ក្រៃណាស់។ ប៉ុន្តែវាបានជួយគាត់ឲ្យចូលកៀកទៅនឹងព្រះកាន់តែជិតស្និទ្ធឡើងថែមទៀត។ លោកយ៉ូបបានថ្លែងថា៖ «កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ» (យ៉ូប ៤២:៥)។ លោកប៉ុលក៏បានរងទ្រាំនឹងការឈឺចាប់អស់ពេលដ៏យូរណាស់ដែរ។ ឥរិយាបថរបស់លោកបង្ហាញឲ្យឃើញថា ការឈឺចាប់របស់យើងអាចជួយឲ្យយើងក្លាយជាមនុស្សដែលប្រសើរជាងមុន។ ការឈឺចាប់របស់យើងអាចជួយយើងរៀនពីរបៀបកំសាន្តចិត្តដល់មនុស្សដទៃទៀតដែលរងការឈឺចាប់ផងដែរ។ ការឈឺចាប់ក៏អាចបង្រៀនយើងអំពីរបៀបដែលត្រូវស្រឡាញ់មនុស្សដទៃទៀតដែលកំពុងរងការឈឺចាប់ឲ្យបានកាន់តែច្រើនឡើងថែមទៀត។ ការឈឺចាប់ក៏អាចជួយយើងឲ្យក្លាយជាអ្នកបម្រើដ៏ប្រសើរសំរាប់ព្រះជាម្ចាស់ផងដែរ (កូរិនថូសទី២ ១:៣‑៥)។ ប៉ុន្តែ យើងតោងតែប្រុងប្រយ័ត្ន។ យើងមិនត្រូវបណ្តោយឲ្យការឈឺចាប់របស់យើងបំបែក យើងចេញពីព្រះឡើយ។
តើមានសេចក្តីសន្យាណាខ្លះដែលយើងអាចយកជាទីពឹងអាងពេលដែលយើង ឬមនុស្សដទៃទៀតរងទុក្ខវេទនា? ហេតុអ្វីបានជាការឈឺចាប់របស់ព្រះយេស៊ូវនៅលើឈើឆ្កាងសំខាន់សំរាប់យើងម៉្លេះក្នុងកាលៈទេសៈបែបនេះនោះ? តើឈើឆ្កាងបង្រៀនយើងអ្វីខ្លះអំពីសេចក្តីស្រឡាញ់របស់ព្រះ? ហេតុដូចម្តេចបានជាសេចក្តីស្រឡាញ់របស់ព្រះអង្គមិនដែលធ្វើឲ្យយើងខកចិត្ត បើទោះបីជាពេលដែលយើងឈឺក្តី?
ថ្ងៃច័ន្ទ ទី២៧ ឧសភា ឆ្នាំ២០១៩
ការបាត់បង់ការជឿទុកចិត្ត (ភាគទី១)
តើលោកអ្នកធ្លាប់ធ្វើឲ្យនរណាម្នាក់បាត់បង់ការជឿទុកចិត្តលើលោកអ្នកដែរឬទេ? តើមាននរណាម្នាក់ធ្លាប់ក្បត់ពាក្យសន្យានឹងលោកអ្នកដែរឬទេ? យើងពិបាកនឹងជឿជាក់លើនរណាម្នាក់ដែលធ្លាប់កុហក ឬក្បត់ពាក្យសន្យានឹងយើងណាស់។ វាធ្វើឲ្យយើងឈឺចាប់កាលណាយើងមានអារម្មណ៍ថា យើងមិនអាចជឿទុកចិត្តអ្នកនោះតទៅទៀត។ វាអាក្រក់ល្មមហើយកាលណាមិត្តភក្តិណាម្នាក់ធ្វើឲ្យលែងជឿទុកចិត្តលើគេបានតទៅទៀត។ ហើយវារឹតតែអាក្រក់ថែមទៀតប្រសិនបើបុគ្គលដែលធ្វើឲ្យយើងឈឺចាប់ជាសមាជិកគ្រួសារនោះ។
ជួនកាល ការដែលរត់ចេញពីបុគ្គលដែលធ្វើឲ្យយើងឈឺចាប់គឺងាយស្រួលធ្វើបំផុត។ យើងប្រហែលជាគិតថា ការដែលត្រូវខំជឿទុកចិត្តលើបុគ្គលនោះជាថ្មីទៀតគឺជារឿងលំបាកនឹងធ្វើបានណាស់។ តើមានអ្វីកើតឡើងប្រសិនបើបុគ្គលដែលធ្វើឲ្យលោកអ្នកឈឺចាប់គឺជាសមាជិកគ្រួសាររបស់លោកអ្នក វិញនោះ? ជួនកាលអាចជាប្តី ឬប្រពន្ធលោកអ្នកផ្ទាល់ក៏ថាបាន។ វាកាន់តែពិបាកអត់ទោស និងជឿទុកចិត្តលើអ្នកនោះថែមទៀត មែនទេ? ប៉ុន្តែអាពាហ៍ពិពាហ៍អាចបង្រៀនយើងអំពីមេរៀនដ៏សំខាន់មួយ។ វាអាចបង្រៀនយើងអំពីរបៀបសាងការជឿទុកចិត្តជាថ្មីម្តងទៀត។
កាលណាលោកអ្នកបាត់បង់ការជឿទុកចិត្ត តើលោកអ្នកអាចសង្គ្រោះមិត្តភាព ឬអាពាហ៍ ពិពាហ៍របស់លោកអ្នកដោយរបៀបណា? តើលោកអ្នកអាចព្យាបាល និងរៀនសាងទំនុកចិត្តជាថ្មីដោយរបៀបណា? ដើម្បីរកចម្លើយ សូមអាន ពេត្រុសទី១ ៥:៦, ៧, យ៉ូហានទី១ ៤:១៨, យ៉ាកុប ៥:១៦, ម៉ាថាយ ៦:១៤, ១៥។
ការរៀនជឿទុកចិត្តជាថ្មីគឺប្រៀបដូចការធ្វើដំណើរដ៏វែងឆ្ងាយរបស់លោកអ្នកដែរ។ គឺលោកអ្នកចាប់ផ្តើមម្តងមួយជំហាន។ ការធ្វើដំណើរចាប់ផ្តើមឡើងជាមួយនឹងសេចក្តីពិត។ លោកអ្នកតោងតែស្មោះត្រង់អំពីអ្វីដែលលោកអ្នកបានធ្វើឲ្យនរណាម្នាក់ឈឺចាប់ ឬក៏អ្វីដែលនរណាម្នាក់បានធ្វើឲ្យលោកអ្នកឈឺចាប់។
កាលណានរណាម្នាក់បានធ្វើខុសមកលើអ្នក តើជំហានដំបូងលោកអ្នកត្រូវធ្វើដូចម្តេចដើម្បីព្យាបាលរឿងនោះ? អ្នកដែលបានធ្វើខុសនឹងលោកអ្នកត្រូវតែលន់តួនូវអ្វីដែលគេបានធ្វើខុស។ បន្ទាប់មក បុគ្គលនោះតោងតែមានឆន្ទៈស្មោះត្រង់ និងបើកចិត្តទទួលយកអ្វីដែលបានកើតឡើង។ គេមិនត្រូវនិយាយកុហកអំពីអ្វីមួយ ឬក៏លាក់បាំងសេចក្តីពិតឡើយ។ ប្រសិនបើរកឃើញថានៅមានការកុហក វាធ្វើឲ្យលោកអ្នកពិបាកនឹងជឿទុកចិត្តគេនោះបានណាស់។ លើកនេះ វាធ្វើឲ្យការជឿទុកចិត្តរបស់លោកអ្នកកាន់តែប៉ះទង្គិចធ្ងន់ធ្ងរជាងមុន។
ការកសាងជំនឿទុកចិត្តត្រូវការចំណាយពេលវេលា។ លោកអ្នកតោងតែអត់ធ្មត់។ អំពើបាបកាន់តែអាក្រក់ វាក៏ត្រូវការពេលកាន់តែយូរដើម្បីព្យាបាលវាឲ្យបានជ្រះស្រឡះពីក្នុងចិត្តរបស់លោកអ្នក ដែរ។ ជួនកាល លោកអ្នកមានអារម្មណ៍ថា លែងចង់ព្យាបាលវាទៀតហើយ! ថ្ងៃខ្លះ លោកអ្នកគិតថាដូចជានៅមានសង្ឃឹម។ ប៉ុន្តែថ្ងៃខ្លះ លោកអ្នកគិតថា ដូចជាទៅមិនរួចទេ។ ប៉ុន្តែ មានមនុស្សជាច្រើននៅតែអាចកែប្រែអាពាហ៍ពិពាហ៍ដែលប្រេះស្រាំឲ្យប្រសើរឡើងវិញបាន ដោយពឹងអាងលើជំនួយមកពីព្រះជាម្ចាស់។
តើលោកអ្នកអាចប្រើបទពិសោធន៍នៃការព្យាបាលអាពាហ៍ពិពាហ៍របស់លោកអ្នកយកទៅជួយព្យាបាលទំនាក់ទំនងប្រេះស្រាំរបស់លោកអ្នកជាមួយនឹងមនុស្សដទៃទៀតបានដោយរបៀបណា?
ថ្ងៃអង្គារ ទី២៨ ឧសភា ឆ្នាំ២០១៩
ការបាត់បង់ការជឿទុកចិត្ត (ភាគទី២)
តើអ្វីទៅដែលធ្វើឲ្យប៉ះទង្គិចដល់ការជឿទុកចិត្តក្នុងគ្រួសាររបស់យើង? ការជឿទុកចិត្តរបស់យើងរងការប៉ះទង្គិចកាលណាសមាជិកណាមួយធ្វើបាបមកលើរាងកាយរបស់យើង។ ជាធម្មតាកាលណាមានការប៉ះពាល់ វាយដំ ឬនិយាយស្តីតាមបែបមិនត្រឹមត្រូវក្នុងផ្ទះណាហើយ វានាំឲ្យរូបកាយឈឺចាប់មិនខាន។ ដូច្នេះ អ្នកដែលរងការឈឺចាប់ក៏មានអារម្មណ៍ថា លែងមានសេចក្តីសុខនៅក្នុងផ្ទះរបស់ខ្លួនទៀតហើយ។ ពួកអ្នកវិទ្យាសាស្ត្របានថ្លែងថា ផ្ទះគឺជាកន្លែងដែលមានគ្រោះថ្នាក់បំផុតនៅលើផែនដី! ជាការគួរសោកស្តាយ គ្រីស្ទានភាគច្រើនក៏បានបណ្តោយឲ្យរឿងនោះកើតឡើងយ៉ាងដូច្នោះដែរ។
ព្រះគម្ពីរបានរៀបរាប់រឿងរ៉ាវជាច្រើនស្តីអំពីគ្រួសារជាច្រើន ដែលបានធ្វើបាបទៅលើគ្រួសារផ្សេងទៀត។ តើលោកអ្នកគិតដូចម្តេចអំពីរឿងក្នុងខគម្ពីរដូចខាងក្រោមនេះ? តើលោកអ្នកអាចទប់អារម្មណ៍បានដោយរបៀបណា? តើលោកអ្នកគិតថា ហេតុដូចម្តេចបានជាព្រះដាក់រឿងទាំងនេះនៅក្នុងព្រះគម្ពីរ?
លោកុប្បត្តិ ៣៧:១៧‑២៨--------------------------------------
សាំយ៉ូអែលទី២ ១៣:១‑២២ ----------------------------------
ពង្សារតារក្សត្រទី២ ១៦:៣, ១៧:១៧, ២១:៦---------------
ហេតុអ្វីបានជាមនុស្សខ្លះវាយធ្វើបាបលើមនុស្សផ្សេងទៀត? ពួកគេធ្វើដូច្នោះដោយសារពួកគេចង់គ្រប់គ្រងលើអ្នកទាំងនោះ។ ឥរិយាបថនេះមិនល្អទេ។ គ្មានហេតុផលណាដើម្បីលើកយកមកដោះសាឡើយ។ ការផឹក វិបត្តិផ្លូវចិត្ត ការរួមភេទ ឬកំហឹងក៏មិនមែនជាលេសសំរាប់ដោះសាឥរិយាបថអាក្រក់ដែរ។ សូមកុំបន្ទោសអ្នកដែលត្រូវគេវាយដំធ្វើបាបដែរ។ ជនរងគ្រោះដែលត្រូវគេធ្វើបាបមិនអាចធ្វើឲ្យអ្នកវាយគេឈឺចាប់ឡើយ។ មនុស្សដែលធ្វើបាបលើអ្នកដទៃគេបំភ្លៃសេចក្តីស្រឡាញ់។ នោះមិនត្រឹមត្រូវទេ។ «សេចក្តីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ» (រ៉ូម ១៣:១០)។ អ្នកណាដែលវាយធ្វើបាបអ្នកដទៃមានន័យថាអ្នកនោះមានជំងឺក្នុងខ្លួនហើយ។ ពួកគេត្រូវការជំនួយហើយ។ ប៉ុន្តែ ពួកគេមិនអាចផ្លាស់ប្តូរបានឡើយលុុះត្រាតែពួកគេទទួលបានជំនួយ។ ដំបូងឡើយ ពួកគេតោងតែទទួលស្គាល់ថាខ្លួនមានបញ្ហា។ បន្ទាប់មក ពួកគេត្រូវបើកចិត្តរបស់ខ្លួនដល់ព្រះ។ ព្រះជាម្ចាស់អាចជួយពួកគេឲ្យឈប់ធ្វើបាបទៅលើអ្នកដទៃបាន។ ព្រះអង្គអាចជួយឲ្យអ្នកដែលវាយធ្វើបាបគេឲ្យបោះបង់ឥរិយាបថមិនល្អ របស់ពួកគេ។ ព្រះទ្រង់នឹងជួយមនុស្សទាំងនេះឲ្យបានជានាជាមួយនឹងមនុស្សដែលរងគ្រោះដែលពួកគេបានធ្វើបាប។ សេចក្តីស្រឡាញ់របស់ព្រះនឹងព្យាបាលចិត្តដ៏អាក្រក់របស់ពួកគេបាន។ បន្ទាប់មក ព្រះទ្រង់នឹងជួយពួកគេឲ្យចេះស្រឡាញ់ដល់មនុស្សដទៃទៀតតាមផ្លូវដែលត្រឹមត្រូវ (អេភេសូរ ៣:២០)។
តើលោកអ្នកមានពាក្យពេចន៍សំរាប់កំសាន្តចិត្ត និងផ្តល់ក្តីសង្ឃឹមអ្វីខ្លះដែលលោកអ្នកអាចចែករំលែកដល់អ្នកខ្លះដែលរងការវាយធ្វើបាប? ហេតុដូចម្តេចបានជាការជួយដល់ជនរងគ្រោះឲ្យមានអារម្មណ៍ល្អ និងការយកចិត្តទុកដាក់ដល់គាត់មានសារៈសំខាន់ខ្លាំងម៉្លេះ?
ថ្ងៃពុធ ទី២៩ ឧសភា ឆ្នាំ២០១៩
នៅពេលដែលយើងបាត់បង់សេរីភាពរបស់យើង
មានតែព្រះជាម្ចាស់មួយអង្គគត់ដែលទ្រង់ជ្រាបថា មានមនុស្សជាច្រើនកំពុងប្រយុទ្ធប្រឆាំងនឹងទម្លាប់អាក្រក់។ តើលោកអ្នកមិនដឹងទេឬអីថា ពួកអ្នកវិទ្យាសាស្ត្រអាចមើលឃើញផ្នែកនៃខួរក្បាលរបស់យើងត្រង់កន្លែងដែលទម្លាប់អាក្រក់របស់យើងវាបោះទីតាំងឬទេ? ប៉ុន្តែពួកអ្នកវិទ្យាសាស្ត្រពុំបានដឹងឲ្យប្រាកដថា មូលហេតុអ្វីបានជាបណ្តាលឲ្យមានទម្លាប់អាក្រក់នោះឡើយ។ ការដែលដឹងអំពីទីតាំងដែលទម្លាប់អាក្រក់មាននៅក្នុងខួរក្បាល មិនដូចគ្នានឹងការរំដោះខ្លួនយើងចេញពីទម្លាប់ទាំងនោះឡើយ។
ទម្លាប់អាក្រក់មានផលរំខានដល់មនុស្សគ្រប់គ្នា រួមទាំងអ្នកដែលមានទម្លាប់អាក្រក់នោះផងដែរ។ ទម្លាប់អាក្រក់របស់យើងធ្វើឲ្យសមាជិកគ្រួសាររបស់យើងឈឺចាប់។ វាក៏បានធ្វើឲ្យឪពុកម្តាយ ប្តីឬប្រពន្ធ និងកូនចៅរបស់យើងឈឺចាប់ផងដែរ។ សមាជិកម្នាក់ៗក្នុងគ្រួសារសុទ្ធតែរងផលប៉ះពាល់កាលណាមាននរណាម្នាក់ក្នុងគ្រួសារមានទម្លាប់អាក្រក់។
តើទម្លាប់អាក្រក់មួយចំនួននោះមានអ្វីខ្លះ? គ្រឿងញៀន ស្រា បារី ការរួមភេទ និងអាហារជាដើម។ ប៉ុន្តែតើអ្វីទៅដែលធ្វើឲ្យទម្លាប់ទាំងនេះប្រែជាអាក្រក់? ចម្លើយគឺថា មនុស្សដែលបានសេពរបស់ទាំងនេះហើយមិនអាចឈប់បាន។ ពួកគេដឹងថា ឥរិយាបថរបស់ពួកគេកំពុងតែធ្វើបាបរូបគេ។ ប៉ូន្តែ ពួកគេចេះតែបន្តធ្វើវាតទៅទៀត។ បន្ទាប់មកពួកគេក៏បានក្លាយជាទាសកររបស់ទម្លាប់អាក្រក់។ ទីបំផុត ពួកគេក៏បាត់បង់សេរីភាពរបស់ខ្លួន។ លោកពេត្រុសបានពន្យល់អំពីទម្លាប់ទាំងនេះ។ ទម្លាប់អាក្រក់ក៏មានគ្រោះថ្នាក់ដូចជាគ្រូក្លែងក្លាយដែល «សន្យាថានឹងផ្ដល់សេរីភាពឲ្យអ្នកទាំងនោះ (អ្នកជឿថ្មីៗ)» (ពេត្រុសទី២ ២:១៩, គខប)។ ប៉ុន្តែ ពួកគ្រូទាំងនេះគឺជាទាសកររបស់អំពើបាប។ លោកពេត្រុសក៏បានព្រមានដល់យើងថា «ម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន» (ពេត្រុសទី២ ២:១៩)។
តើអ្វីខ្លះដែលអាចបណ្តាលឲ្យមនុស្សលោកចាប់ផ្តើមមានទម្លាប់អាក្រក់? ដើម្បីរកចម្លើយ សូមអានលូកា ១៦:១៣, រ៉ូម ៦:១៦, យ៉ាកុប ១:១៣‑១៥, យ៉ូហានទី១ ២:១៦។
អំពើបាប និងទម្លាប់អាក្រក់មិនមែនសុទ្ធដូចគ្នានោះទេ។ អំពើបាបខ្លះពុំមែនជាទម្លាប់អាក្រក់នោះឡើយ។ ពិតមែនហើយ ប្រសិនបើលោកអ្នកប្រព្រឹត្តអំពើបាបម្តងហើយម្តងទៀតជាច្រើនដង អំពើបាបនោះអាចក្លាយជាទម្លាប់អាក្រក់បាន។ ហេតុនោះបានជាយើងគួរតែទូលសូមទៅព្រះជួយយើងឲ្យឈប់ធ្វើបាប មុនពេលដែលវានាំឲ្យក្លាយជាទម្លាប់អាក្រក់ទាន់។ ការចាត់វិធានការយ៉ាងពិតប្រាកដតបតនឹងអំពើបាប និងទម្លាប់អាក្រក់នាំមកនូវចិត្តថ្មី។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបអាចធ្វើរឿងនោះបាន។ «ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្តីរំជួល និងសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានផង» (កាឡាទី ៥:២៤)។ តើពាក្យថា ឆ្កាងរូបកាយ និងទម្លាប់ចាស់មានន័យដូចម្តេចដែរ? លោកប៉ុលពន្យល់ថា «គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ» (រ៉ូម ១៣:១៤)។ ហេតុនោះ យើងតោងតែស្តាប់បង្គាប់តាមលោកប៉ុល។ យើងត្រូវឆ្កាងទម្លាប់អាក្រក់របស់យើងចោល។ នោះទើបយើងអាចរស់នៅដើម្បីព្រះយេស៊ូវបាន (រ៉ូម ៦:៨‑១៣)។
ថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ឆ្នាំ២០១៩
ការបាត់បង់ជីវិត
ក្នុងនាមជាមនុស្សលោក យើងដឹងប្រាកដថា មានសេចក្តីស្លាប់ពិតប្រាកដមែន។ យើងធ្លាប់បានអានអំពីសេចក្តីស្លាប់។ យើងបានឃើញសេចក្តីស្លាប់។ ប្រហែលជាយើងធ្លាប់ប៊ិះតែនឹងស្លាប់ផងក៏មាន។
សូមអានរបាក្សត្រទី១ ១៥:២៦។ តើខគម្ពីរនេះពន្យល់ថាសេចក្តីស្លាប់គឺជាអ្វីដែរ? ហេតុដូចម្តេចបានជាខទាំងនេះរៀបរាប់អំពីសេចក្តីស្លាប់តាមរបៀបនេះទៅវិញ?
សេចក្តីស្លាប់គឺជាសត្រូវមួយ។ យើងបានរៀនអំពីសេចក្តីពិតដ៏ពិបាកមួយនេះដោយខ្លួនឯងកាលណាមនុស្សជាទីស្រឡាញ់របស់យើងណាម្នាក់បានស្លាប់។ ប៉ុន្តែតាមធម្មតា អស់អ្នកដែលបានស្លាប់ទាំងដែលកំពុងជឿលើព្រះយេស៊ូវមានលក្ខណៈខុសប្លែកពីអ្នកដែលមិនជឿ។ ហេតុអ្វី? ពីព្រោះពួកគេពុំមានអារម្មណ៍ភ័យព្រួយ ឬមានអារម្មណ៍ឈឺចាប់ឡើយ។ ពេលណាព្រះជាម្ចាស់ដាស់ពួកគេឲ្យរស់ឡើងវិញ រឿងបន្ទាប់មកទៀតគឺពួកគេនឹងបានឃើញព្រះយេស៊ូវ។ «សេចក្តីស្លាប់ពុំមែនជាបញ្ហាសំរាប់អ្នកជឿឡើយ...... សេចក្តីស្លាប់គឺប្រៀបដូចជាការដេកលក់យ៉ាងអ៊ីចឹង។ វាគឺជាពេលវេលាដ៏ស្ងប់ស្ងាត់ និង ងងឹតមួយរយៈពេលខ្លី។ ក្នុងខណៈកំពុងរស់នៅ ព្រះយេស៊ូវបង្រួមយើងមកតែមួយជាមួយនឹងព្រះ។ ឥឡូវនេះ ‘កាលណាព្រះគ្រីស្ទដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមកក្នុងសិរីល្អ ជាមួយនឹងទ្រង់ដែរ’ (កូល៉ុស ៣:៤)«។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 787, adapted។
សម្រាប់មនុស្សដែលស្លាប់ទៅហើយ ជីវិតដែលធ្លាប់ជួបការឈឺចាប់និងទុក្ខសោកនេះបានដល់ទីបញ្ចប់ហើយ។ ប៉ុន្តែសម្រាប់មនុស្សដែលកំពុងរស់វិញនៅតែមានអារម្មណ៍ទុក្ខព្រួយដោយសារតែសេចក្តីស្លាប់។
វាជាការធម្មតាទេកាលណាមនុស្សជាទីស្រឡាញ់របស់យើងណាម្នាក់ស្លាប់ យើងតែងមានអារម្មណ៍ទុក្ខព្រួយ។ ប៉ុន្តែអារម្មណ៍ទុក្ខព្រួយនេះមិនមែនសំដែងចេញមកដូចៗគ្នារហូតទេ។ រឿងដំបូងដែលមនុស្សភាគច្រើនសំដែងចេញគឺមានអារម្មណ៍ថា ស្លុតចិត្ត។ ពួកគេប្រហែលជាពិបាកនឹងទទួលស្គាល់សេចក្តីស្លាប់នេះ។ ការស្លុតចិត្តគឺជាដំណើរផ្លូវចិត្តរបស់លោកអ្នកដែលព្យាយាមការពារលោកអ្នកពីគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ការស្លុតចិត្តអាចមានរយៈពេលពីរទៅបីខែ។ បន្ទាប់ពីស្លុតចិត្តចប់ហើយ លោកអ្នកអាចនឹងនៅនឹកអាឡោះអាល័យដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនជាបន្តបន្ទាប់។ លើកនេះវាអាចអូសបន្លាយពីប្រាំមួយខែដល់មួយឆ្នាំ។
បន្ទាប់មកទៀត លោកអ្នកនឹងព្រួយចិត្តយ៉ាងខ្លាំង។ ការព្រួយចិត្តនេះអាចចំណាយពេលយូរណាស់។ វាគឺជាពេលដ៏ឈឺចាប់បំផុត។ ក្នុងអំឡុងពេលនេះ លោកអ្នកចាប់ផ្តើមរៀនទទួលយកការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួនយ៉ាងសន្សឹមៗ។ នៅគ្រានេះលោកអ្នកអាចនឹងមានអារម្មណ៍ច្របូកច្របល់លាយឡំគ្នាដូចជា៖ ខឹង បន្ទោសខ្លួនឯង សោកសៅ ទុក្ខព្រួយ និងបារម្ភ។ សូមកុំព្យាយាមបំបាត់ការឈឺចាប់ ឬលែងនឹកនាអំពីវាឡើយ។ នោះពុំមែនជាគោលដៅឬគោលបំណងរបស់លោកអ្នកទេ។ ទីបំផុត ក្រោយពីចប់ដំណាក់នេះហើយ លោកអ្នកនឹងចង់ចាប់ផ្តើមធ្វើអ្វីៗសាជាថ្មីម្តងទៀតតាមទម្លាប់ធម្មតារបស់លោកអ្នកវិញម្តង។
សូមអាន រ៉ូម ៨:៣១‑៣៩, វិវរណៈ ២១:៤, កូរិនថូសទី១ ១៥:៥២‑៥៧។ តើខទាំងនេះ បានផ្តល់ក្តីសង្ឃឹម និងពាក្យពេចន៍កំសាន្តចិត្តអ្វីខ្លះដល់លោកអ្នក?
ថ្ងៃសុក្រ ទី៣១ ឧសភា ឆ្នាំ២០១៩
សិក្សាបន្ថែម
មានមនុស្សជាច្រើនបានរងទុក្ខយ៉ាងជ្រាលជ្រៅដោយសារតែទម្លាប់អាក្រក់ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេបានក្លាយជាទាសកររបស់អំពើបាប។ ពួកគេបាត់បង់លុយកាក់ ការងារ សុខភាព និងសេរីភាព។ ប៉ុន្តែ ព្រះយេស៊ូវបានយាងមករំដោះពួកគេចេញពីអំពើបាប។ ព្រះអង្គបានយាងមករំដោះយើងចេញពីទម្លាប់អាក្រក់ទាំងឡាយដែលធ្វើឲ្យយើងក្លាយជាទាសកររបស់វា។ «បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត» (យ៉ូហាន ៨:៣៦)។ ព្រះយេស៊ូវក៏បានសន្យានឹងយើងថា ព្រះអង្គនឹងគង់ជាមួយយើងជានិច្ចដែរ (ម៉ាថាយ ២៨:២០, អេសាយ ៤៣:២)។ ហេតុនោះ យើងមិនមែនត្រូវច្បាំងនឹងអំពើបាបតែម្នាក់ឯងទេ។ យើងតោងតែនឹកចាំថា ព្រះយេស៊ូវទ្រង់នឹងច្បាំងជំនួសយើង (សាំយូអែលទី១ ១៧:៤៧)។ ព្រះយេស៊ូវបានសន្យាប្រទានជ័យជំនះដល់យើង (ពេត្រុសទី១ ១:៣‑៩)។ សព្វថ្ងៃនេះ លោកអ្នកអាចចាប់ផ្តើមយកឈ្នះលើសង្គ្រាមតតាំងនឹងអំពើបាបបាន។ ព្រះយេស៊ូវនឹងជួយលោកអ្នកឲ្យយកឈ្នះលើទម្លាប់អាក្រក់ណាមួយបាន។ ព្រះទ្រង់ចង់ឲ្យលោកអ្នកមានសេរីភាពឡើងវិញ។ រឿងនោះពុំមែនមានន័យថា លោកអ្នកមិនបាច់ខំប្រឹងច្បាំងនោះឡើយ។ ជួនកាលលោកអ្នកអាចនឹងបរាជ័យច្រើនដងផងក៏មាន។ ប៉ុន្តែមានដំណឹងល្អ។ សូមកុំបោះបង់ព្រះជាម្ចាស់ចោល នោះព្រះអង្គក៏នឹងមិនបោះបង់លោកអ្នកដែរ។ ការសូមឲ្យអ្នកដែលមានសមត្ថភាពជួយដល់លោកអ្នកពុំមែនជាកំហុសឡើយ។ លោកអ្នកទៅជួបលោកគ្រូពេទ្យពេលណាលោកអ្នកឈឺ។ ព្រះជាម្ចាស់ទ្រង់ធ្វើការតាមរយៈគ្រូពេទ្យដើម្បីព្យាបាលលោកអ្នក។ ដូចគ្នានេះដែរ មានគ្រូពេទ្យជាច្រើនដែលជួយព្យាបាលមនុស្សឲ្យរួចពីឥរិយាបថមិនល្អ។ ព្រះទ្រង់អាចធ្វើការជាមួយនឹងគ្រូពេទ្យផ្លូវចិត្តដើម្បីរំដោះលោកអ្នកឲ្យរួចពីទម្លាប់មិនល្អផងដែរ។
ជីវិតរបស់យើងម្នាក់ៗរមែងជួបនឹងគ្រាលំបាកជាច្រើន។ ក្នុងអំឡុងគ្រាទាំងនោះ យើងគួរតែរត់ទៅរកព្រះ។ យើងគួរតែជឿថា ព្រះអង្គនឹងជួយយើង។ ព្រះជាម្ចាស់ទ្រង់មានឫទ្ធានុភាព និងខ្លាំង ពូកែណាស់។ ព្រះអង្គអាចសង្គ្រោះយើង និងរំដោះយើងបាន។ តើលោកអ្នកពិតជាចង់បានព្រះពររបស់ព្រះអង្គមែនទេ? បើដូច្នោះមែន លោកអ្នកតោងតែទូលសូមវាពីព្រះអង្គចុះ។ ព្រះអង្គទ្រង់នឹងប្រទានដល់លោកអ្នកជាមិនខាន។ យើងមានកាតព្វកិច្ចត្រូវអធិដ្ឋានទូលទៅព្រះអង្គ។ ពិតមែនហើយ យើងត្រូវតែ អធិដ្ឋាន។ ប៉ុន្តែ យើងក៏មិនត្រូវភ្លេចសរសើរតម្កើងព្រះដែរ។ យើងគួរតែគិតអំពីសេចក្តីមេត្តាដែលព្រះទ្រង់បង្ហាញដល់យើងឲ្យបានញឹកញាប់។ យើងគួរតែសរសើរដល់នាមដ៏បរិសុទ្ធឲ្យបានច្រើនដែរ សូម្បីតែក្នុងអំឡុងពេលដែលពិបាកៗដែលយើងកំពុងមានទុក្ខព្រួយក្តី»។ ដកស្រង់ពី Ellen G. White, Selected Messages, book 2, page 268, adapted។
សំនួរពិភាក្សា៖
- ខគម្ពីរកូរិនថូសទី១ ១៣:៥ ជួយយើងឲ្យយល់អំពីអត្ថន័យនៃពាក្យថា ការអត់ទោស៖ «មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស»។ ហេតុដូចម្តេចបានជាការអត់ឱនទោសសំខាន់ម៉្លេះក្នុងពេលដែលយើងកំពុងព្យាយាមព្យាបាលមិត្តភាពនិងអាពាហ៍ពិពាហ៍ប្រេះស្រាំនោះ?
- តើការនឹកគិតអំពីសេចក្តីមេត្តារបស់ព្រះជួយព្យាបាលយើងយ៉ាងដូចម្តេចខ្លះក្នុងអំឡុងពេលដែលមានទុក្ខព្រួយ ឬគ្រាលំបាកក្នុងជីវិតនោះ?
- ប្រហែលជាមាននរណាម្នាក់ដែលលោកអ្នកស្គាល់ទើបតែនឹងបាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ហើយ។ ឬមួយក៏លោកអ្នកបានដឹងថា មាននរណាម្នាក់កំពុងតែខូចចិត្ត។ តើពួកជំនុំរបស់លោកអ្នកធ្វើអ្វីខ្លះដើម្បីជួយបុគ្គលនោះ?